ធនាគារ ហត្ថា ផ្ដល់ជូនបទពិសោធនៃការទូទាត់ទំនិញអនឡាញកាន់តែងាយស្រួល និងសុវត្ថិភាពថែមមួយកម្រិតទៀត តាមរយៈ HatthaPay

ភ្នំពេញ, ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ​ប្រព័ន្ធទូទាត់អនឡាញរបស់ខ្លួន ដែលហៅកាត់ថា «HatthaPay» ក្នុងគោលដៅផ្ដល់ជូនបទពិសោធនៃការទូទាត់ទំនិញអនឡាញកាន់តែងាយស្រួល និងសុវត្ថិភាពថែមមួយកម្រិតទៀត សម្រាប់អតិថិជនមានស្រាប់  និងអតិថិជនថ្មីរបស់ខ្លួន។

ប្រព័ន្ធ HatthaPay នឹងត្រូវសមាហរណកម្មជាមួយនឹងបណ្ដាកម្មវិធី E-commerce (កម្មវិធីទិញទំនិញឬសេវាកម្មតាមអនឡាញ​) ពេញនិយមទាំងអស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដែលអាចឱ្យអតិថិជនធ្វើការបង់ប្រាក់ភ្លាមៗ និងរហ័សទាន់ចិត្ត តាមរយៈជំហានងាយៗខ្លីៗ នៅលើកម្មវិធី E-commerce របស់ពួកគេដោយផ្ទាល់​ ដោយមិនចាំបាច់ធ្វើការកំណត់វិធីបង់ប្រាក់ បញ្ចូលចំនួនទឹកប្រាក់ ឬប្តូរទៅកាន់កម្មវិធីធនាគារចល័តរបស់ពួកគេដើម្បីទូទាត់ប្រាក់ឡើយ។

លោក យឹម ទិត្យា អគ្គនាយកនៃអគ្គនាយកដ្ឋានឌីជីថល របស់ ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «បទពិសោធនៃការប្រើប្រាស់របស់អតិថិជន គឺជាអាទិភាពទី១នៃការអភិវឌ្ឍផលិតផលធនាគារឌីជីថលរបស់យើង។ ពួកយើងបង្កើតប្រព័ន្ធ HatthaPay នេះ​ឡើង​ ក្នុងគោលបំណងផ្ដល់ជូនអតិថិជននូវបទពិសោធនៃការទូទាត់ទំនិញអនឡាញ​ ដែលមានលក្ខណៈសាមញ្ញ រហ័ស និងសុវត្ថិភាពតាមដែលអាចធ្វើបាន តាមរយៈការសម្រួលជំហាននៃការបង់ប្រាក់ឱ្យខ្លីជាងមុន និងការកាត់បន្ថយតម្រូវការនៃការវាយបញ្ចូលព័ត៌មានដោយផ្ទាល់ពីសំណាក់អតិថិជនឱ្យស្ថិតក្នុងកម្រិតទាបបំផុត។» លោកបានបន្តទៀតថា៖ «ដើម្បីទទួលបានបទពិសោធនៃទូទាត់តាមអនឡាញនេះ អតិថិជនគ្រាន់តែមានគណនីជាមួយ Hattha Mobile ជាការស្រេច។»

សម្រាប់ការដាក់ដំណើរការ HatthaPay ដំណាក់កាលដំបូងនេះ អតិថិជនអាចធ្វើប្រតិបត្តិការនៅលើកម្មវិធីដឹកជញ្ជូនអាហារ និងគ្រឿងទេសអនឡាញធំបំផុតរបស់កម្ពុជា «Nham24» បានភ្លាមៗតាមរយៈ HatthaPay។ ដើម្បីអបអរសាទរដល់ការដាក់ដំណើរការដ៏ជោគជ័យនេះ ធនាគារ ហត្ថា មានក្ដីសោមនស្សរីករាយក្នុងការដាក់ចេញនូវកម្មវិធីប្រូម៉ូសិនផ្ដាច់មុខរយៈពេល ៣ខែ​ ជាមួយនឹងកម្មវិធី Nham24 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១​ ខែសីហា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ (ឬអស់កញ្ចប់ថវិកា)។ ក្នុងកំឡុងកម្មវិធីប្រូម៉ូសិននេះ ទាំងអតិថិជនថ្មី និងអតិថិជនមានស្រាប់របស់ ធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារក្នុងមួយប្រតិបត្តិការ (ឥតដែនកំណត់) នៅលើកម្មវិធី Nham24 សម្រាប់រាល់ការចំណាយចាប់ពី ៥ដុល្លារឡើងទៅ ក្នុងការកុម្ម៉ង់់ប្រភេទអាហារ និងភេសជ្ជៈ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ​ លោកអ្នកគ្រាន់តែជ្រើសរើសការទូទាត់តាមរយៈ HatthaPay នៅផ្ទាំងទូទាត់ប្រាក់ ហើយលោកអ្នកនឹងចំណេញបាន ២ដុល្លារភ្លាមៗសម្រាប់ការកុម្ម៉ង់បន្ទាប់របស់អ្នក។

ពួកយើងប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលរបស់យើងឱ្យកាន់តែធំទូលាយជាងមុន និងផ្ដល់ជូនដំណោះស្រាយនៃការទូទាត់តាមឌីជីថល​ដើម្បីបម្រើដល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ ធនាគារ ហត្ថា បាននិងកំពុងធ្វើការជាមួយដៃគូ E-commerce ជាច្រើនទៀតដើម្បីរួមបញ្ចូលជាមួយប្រព័ន្ធ HatthaPay ដូច្នេះ​សូមរង់ចាំការប្រកាសជាផ្លូវការរបស់យើង។

ដើម្បីទាញយក Hattha Mobile សូមស្កេនទីនេះ។

ដើមខែសីហានេះ ប្រេងសាំងតម្លើងថ្លៃ ៤០០រៀល ក្នុងមួយលីត្រ

ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់១០ ខែសីហា ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នានៅចុងខែកក្កដាកន្លងទៅ មើលឃើញថា ប្រេងសាំងធម្មតាត្រូវបានតម្លើងថ្លៃចំនួន ៤០០រៀល ក្នុង១លីត្រ។ រីឯប្រេងម៉ាស៊ូតក៏ត្រូវបានតម្លើងថ្លៃដូចគ្នា គឺចំនួន ៤៥០រៀល នៅក្នុង១លីត្រ។

នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១ ខែសីហានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សម្រាប់ប្រេងសាំងធម្មតាបានកើនពី ៤ ១៥០រៀល ទៅ ៤ ៥៥០រៀល។ ដោយឡែក ប្រេងម៉ាស៊ូត បានកើនពី ៤ ០០០រៀល ទៅ ៤ ៤៥០រៀល ក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ក្នុងលិខិតនេះទៀតថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ។
សូមជម្រាបជូនទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា៕

BPH – All Shop Houses (Main and Sub)

ទីក្រុងធំៗបំផុតរបស់ប្រទេសចិន ប្ដេជ្ញាដាក់ចេញវិធានការនានា ដើម្បីជំរុញវិស័យអចលនទ្រព្យ

ដោយៈ តែម សុខុម

ប៉េកាំង: ទីក្រុងធំៗបំផុតនៃប្រទេសចិន រួមមានរដ្ឋធានីប៉េកាំង និងក្រុងស៊ឹនជិន (Shenzhen) ផងបានបញ្ជាក់កាលពីចុងសប្តាហ៍កន្ល​ងទៅថា ពួកគេនឹងអនុវត្តវិធានការនានា ដើម្បីបំពេញតម្រូវការរបស់អ្នកទិញផ្ទះ ឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញវិស័យអចលនទ្រព្យ ដែលកំពុងឃើញសញ្ញាងើបឡើងវិញតិចតួច។

ការប្ដេជ្ញានេះធ្វើឡើង បន្ទាប់ពីមេដឹកនាំកំពូលៗ នៅឯកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានប្ដេជ្ញាក្នុងខែនេះថា នឹងធ្វើការកែសម្រួល និងបង្កើនប្រសិទ្ធភាព គោលនយោបាយអចលនទ្រព្យឱ្យបានទាន់ពេលវេលា ហើយរដ្ឋមន្ត្រីទទួលបន្ទុកលំនៅឋានបានសន្យាថា នឹងចាត់វិធានការអនុវត្តន៍កាន់តែមានប្រសិទ្ធភាព។

ទីផ្សារនានារំពឹងថា ក្រុមអ្នកបង្កើតគោលនយោបាយ នឹងបង្ហា​ញវិធានការបន្ថែមទៀត ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យ មានស្ថិរភាពឡើងវិញ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន។វិស័យអចលនទ្រព្យនៃប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន យ៉ាងច្រើនបានជួបវិបត្តិសាច់ប្រាក់បានខកខាន ទូទាត់បំណុលជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត របស់ពិភពលោក China Evergrande Group បានស្ថិតនៅចំចំណុចកណ្តាលនៃវិបត្តិនេះ។

មន្ទីរលំនៅឋានក្រុងប៉េកាំង កាលពីយប់ថ្ងៃសៅរ៍ សប្ដាហ៍មុននិយាយថា ខ្លួននឹងគិតគូរពីស្ថានភាព អចលនទ្រព្យរបស់ទីក្រុងនេះដោយយកចិត្តទុកដាក់ និងធ្វើការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីអនុវត្តន៍ការសន្យារបស់ក្រុមអ្នកបង្កើតគោលនយោបាយ។

ទន្ទឹមនេះទីក្រុងស៊ឹនជិន ក៏បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។កាសែតផ្លូវការ Guangzhou Daily ក៏បានរាយការណ៍កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដែរថា មន្ទីរលំនៅឋានក្រុងគ័ងចូវ (Guangzhou​) បានប្តេជ្ញាចាប់ផ្តើមវិធានការណ៍ គោលនយោបាយពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ Reuters៕

Thailand should explore new markets for exports and tourism: TDRI

The Chinese economy is recovering slower than expected, raising concerns about its impact on Thai tourism, prompting Tourism Authority of Thailand to take a closer look at trends and figures in the second half of the year following the TDRI’s recommendation to reduce dependency on the Chinese tourism market.

The Chinese economy is recovering slower than expected, raising concerns about its impact on Thai tourism and leading the Tourism Authority of Thailand (TAT) to take a closer look at trends and figures in the second half of the year following the Thailand Development Research Institute (TDRI)’s recommendation to reduce dependency on the Chinese tourism market.According to Danucha Pichayanan, secretary-general of the National Economic and Social Development Council (NESDC), China’s economic expansion in the past two quarters of this year has increased but is still falling short of analysts’ expectations.

The Chinese economy is currently in a phase of adjustment as it strives to deal with internal issues, especially in the real estate sector. At the same time, the manufacturing sector has just begun to recover from the impacts of zero-Covid, leading the Chinese government not to rush or set ambitious targets for the economy’s rapid expansion to ensure internal stability.

As for the impacts on Thailand, apart from the export sector, which will be affected by China’s economic slowdown, the number of Chinese tourists is significantly lower than pre-Covid, with only a projected 4 million out of 28 million foreign tourists visiting Thailand this year.

The NESDC forecasts that China’s economy will expand by 4.9% in 2023, an increase from the 3% growth last year.

However, it still faces risks from the industrial production sector and exports, which have been reduced amidst the impact of the USA’s trade policy designed to boost US competitiveness. Investment meanwhile is facing constraints due to liquidity problems and the burden of debt in the real estate sector. In addition, unemployment rates in the young age group remain high.Source: The nation

ប្រទេសថៃបង្កើនការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Krabiដើម្បីទាក់ទាញទេសចរណ៍និងវិនិយោគ

ដោយៈ តែម សុខុម

បាងកក: ការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Krabi របស់ថៃ ដើម្បីបង្កើនសមត្ថភាពទទួល អ្នកដំណើរបានរហូតដល់៨លាននាក់ក្នុងមួយឆ្នាំៗត្រូវបានរំពឹងថា នឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២៤ ហើយបើកដំណើរការនៅក្នុងឆ្នាំ២០២៥។

គម្រោងនេះ រួមមាន ការសាងសង់ស្ថានីយអ្នកដំណើរទី៣ និងការជួសជុលកែលម្អស្ថានីយ៍ ដែលមានស្រាប់ចំនួន២ និងអគារចំណតរថយន្តផងដែរ ក្នុងទំហំចំណាយប្រមាណ៨៦លានដុល្លារអាមេរិក។

នាយកដ្ឋានអាកាសយានដ្ឋាននៃប្រទេសថៃ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី៣១ កក្កដា ថា ពេលនេះ ការងារពង្រីកអាកាសយានដ្ឋាននេះ សម្រេចបាន៨៧,៥២%ហើយ ខណៈការស្ថាបនាផ្លូវតាក់ស៊ីរត់ និងការជួសជុលកែលម្អប្រព័ន្ធអគ្គិសនី អាកាសយានដ្ឋានសម្រេចបាន៥៨,២០%។តាមការរំពឹងទុក គម្រោងទាំងមូលនេះ នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៤ ហើយបើកដំណើរការនៅក្នុងឆ្នាំ២០២៥។បន្ទាប់ពីការពង្រីកនេះបញ្ចប់ជាស្ថាពរ ស្ថានីយអ្នកដំណើរទាំង៣នៃអាកាសយានដ្ឋានខាងលើនេះ នឹងត្រូវតភ្ជាប់គ្នា និងបង្កើតសមត្ថភាព ទទួលអ្នកដំណើរពី១.៥០០នាក់ក្នុងមួយម៉ោង ឬ៤លាននាក់ក្នុងមួយម៉ោង ឈានដល់៣.០០០នាក់ក្នុងមួយម៉ោង ឬ៨លាននាក់ក្នុងមួយឆ្នាំ ខណៈអគារចំណតរថយន្ត អាចទទួលរថយន្តបានរហូតដល់២.០០០គ្រឿង៕ Bangkok Post៕

ការចុះបញ្ជីវិនិយោគតាមរយៈប្រព័ន្ធចុះបញ្ជីអនឡាញកើនឡើងដល់៨ពាន់លានដុល្លារ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ អាជីវកម្ម​ជាង​ចំនួន២​៧,​៥​១​១​ក្រុមហ៊ុន ដែលមានតម្លៃទុន​វិនិយោគ​៨​,​០​៩​​លាន​ដុល្លារ​ ត្រូវ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ ​នៅ​ក្នុង​ដំណា​ក់កាល​ទី​​១​ ​នៃ​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អន​ឡាញ​។ប្រព័ន្ឋចុះបញ្ជីរ ​ដែលគេ​ស្គាល់​ថា​ជា​ “Single​ ​Port​a​l​” ស្ថិត​ក្រោម​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​គិត​ត្រឹម​ខែ​កក្កដា​ឆ្នាំនេះ​។​

​ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺក្រុមហ៊ុនដែលបាន​វិនិយោគ​ក្នុងវិស័យ​សំណង់​បាន​នាំមុខ​គេ ដោយមានទុន​ប្រហែល​​១000 ​លាន​ដុល្លារ​ ​បន្ទាប់មក​អចល​ន​ទ្រព្យ​មាន​ចំនួន​៩​២​១​លាន​ដុល្លារ​។​ ​

របាយការណ៍​​បានបង្ហាញ​ថា​ វិ​ស័​យ​ផ្សេង​ទៀត ​គឺ​ទីប្រឹក្សា​គ្រប់​គ្រង​ ​ការ​ផលិត​ ​សកម្មភាព​ហិរញ្ញវត្ថុ​ ​និង​ធានា​រ៉ាប់រង​ជាដើម​។ ​ក្នុង​នោះ​អាជីវកម្ម​ ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​អាជីវកម្ម​ជា​បុរស ​មាន​ចំនួន​ ​៦​២​ ​ភាគរយ ​នៃ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​សរុប​។​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា​លឹម​ ​ហេងបាន​មាន​ប្រសាសន៍​ថា​ ​ប្រ​ព័ន្ឋ​នេះ​ បាន​ជួយ​ដំណើរការ​បើក​អាជីវកម្ម​ ​និង​កាត់​បន្ថយ​តម្លៃ​សម្រាប់​ម្ចាស់​អាជីវកម្ម​ ​និង​វិនិ​យោគិន​។​លោក​​បញ្ជាក់ថា “​ការ​ចុះបញ្ជី​អាជីវកម្ម​ តាមរយៈ​អន​ឡា​ញ​ចូល​រួម​ចំណែក​ ក្នុង​ការ​កាត់​បន្ថយ​ពេល​វេលា​ ​និង​ប្រាក់​ ​និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ផង​ដែរ​”​។​លោក​​​បន្ថែម​ថា​ “​វា​គឺជា​ជំហាន​មួយ​ទៀត​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​លូតលាស់​នៅកម្ពុជា”​​។​កា​របើក​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម ​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ជំហាន​ទី​១​ ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ ​កាលពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ។ ចំណែក​ជំហាន​ទី​២​ ​បាន​អនុវត្ត​នៅ​ថ្ងៃ​ទី​ ​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ប្រព័ន្ធ​នេះ ​បាន​ពង្រីក​វិសាលភាព​ដល់​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​តាម​អន​ឡា​ញ​ ​ទៅតាម​សកម្មភាព​អាជីវកម្ម​ ​ពី​ក្រសួង​-​ស្ថាប័ន​ជំនាញ​រួម​មាន​៖​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យា​សា​ស្រ្ត ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍, ​ក្រសួង​ទេសចរណ៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​និយ័ត​ករ​អាជី​វកម្ម​អចលនវត្ថុ​ ​និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​៕​

Elite Estate កំពុងរៀបចំផែនទីសម្រាប់ម្ចាស់គំរោងអភិវឌ្ឍន៍អចលនទ្រព្យឆាប់រហ័ស និងសន្សំសំចៃ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដោយមើលឃើញបញ្ហាប្រឈម និងមានគោលដៅដោះស្រាយបញ្ហានេះ ក្រុមហ៊ុនElites Estate Co, Ltdបាននិងកំពុង​ផ្តល់សេវាកម្មពិគ្រោះយោបល់ ប្រឹក្សារៀបចំគំរោងអភិវឌ្ឍន៍ សាងសង់ និងគូសប្លង់ដល់អ្នកវិនិយោគជាតិ អន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃទី៣១ កក្កដាថា ការរីកចម្រើននៃវិស័យសំណង់ ស្ថាបត្យ​កម្ម និងនគរូ​បនីយកម្មទាមទារ ឲ្យមានក្រុមការងារជំនាញ ដែលអាចផ្តល់សេវាកម្មប្រឹក្សាយោបល់ ប្រក​បដោយភាពជាក់លាក់ សុក្រិត និងសន្សំសំចៃដល់អតិថិជន ឬអ្នកវិនិយោគជាតិ អន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្តធ្វើការវិនិយោគ។ អគ្គនាយកក្រុមហ៊ុនElites Estate Co, Ltd លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងថា ការវិវត្ត​នៃវិស័យអចលនទ្រព្យ និងវិបត្តិ ដែលបាននិងកំពុងកើតមាន ទាមទារឲ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្ន និងសន្សំសំចៃជាងមុន ដើម្បីចាប់យកឱកាសចេញពី​វិបត្តិនេះ តាមរយៈការប្រើប្រាស់វិស្វករ និងស្ថាបត្យករដែលមានជំនាញច្បាស់លាស់ និងមានវិធីសាស្រ្តកាត់បន្ថយការចំណាយ និងសន្សំសំចៃពេលវេលារបស់អតិថិជន ឬអ្នកវិនិយោគ។

លោកបន្តថា “យើងមានក្រុមការងារដែលមានជំនាញ បទពិសោ​ធន៍ត្រឹមត្រូវ និងរយៈពេលវែងនៅក្នុងវិស័យនេះ ដើម្បីជួយដល់អ្នកវិនិយោគជាតិ អន្តរជាតិ ក្នុងការសាងសង់ ឬវិនិយោគគំរោងអចលនទ្រព្យ និងសំណង់របស់ខ្លួន”។ លោកបន្ថែមថា “ក្រុមការងាររបស់យើងបាននិងកំពុងអនុវត្តន៍ និងបំពេញការងារនៅគ្រប់រាជធានី ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា”។

លោកយិន លាងគង់បានបន្តថា ផ្អែកលើបទពិសោធន៍ ក្នុងនាមជាអ្នកវិភាគ និងចែករំលែកព័ត៌មានដល់សាធារណៈជន អ្នកវិនិយោគជាតិ អន្តរជាតិ យើងយល់និងដឹងពីបញ្ហាប្រឈម របស់អ្នកវិនិយោគ មួយចំនួន ដែលប្រើប្រាស់ជាងបំពេញ ការងារតាមទម្លាប់របស់ពួកគេ ជាជាងប្រើប្រាស់អ្នកជំនាញត្រឹមត្រូវ ដែលអាចវិភាគពីគុណភាពសំណង់ សម្ភារៈគួរប្រើប្រាស់ ប្លង់ស្ថាបត្យកម្ម គ្រឹះសំណង់ដែលចំណាយតិច និងការកំណត់ពេលវេលាសាងសង់ និងបញ្ចប់តាមពេលវេលាជាក់លាក់។

លោកបន្តថា “ការមានដៃគូ ដែលមានភាពច្បាស់លាស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ សិក្សាគំរោងប្លង់ និងការសាងសង់ត្រឹមត្រូវ និងមានជំនាញពិតប្រាកដ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យគំរោងរបស់ខ្លួនដើរតាមផែនការ បញ្ចប់តាមផែនការ និងកាត់បន្ថ​យ​ការចំណាយ ដែលមិនមានភាពចាំបាច់។
អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ និងបណ្តាញតេឡេក្រាមលេខ 086 48 55 66, 078 95 95 67៕

វិភាគៈ ប្រសិនបើអ្នកធុរកិច្ចចិនមិនត្រលប់មកកម្ពុជា តើគួរធ្វើបែបណា?

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន វិបត្តិភូមិសាស្រ្តនយោបាយ ឬសង្រ្គាមត្រជាក់ បាននិងកំពុងក្លាយជាចំណោទសេដ្ឋកិច្ច នៅគ្រប់បណ្តាប្រទេសនានានៅលើសកលលោក។

ងាកមកមើកម្ពុជាវិញ វិបត្តិសេដ្ឋកិច្ច​មិនបានកើតឡើងឡើយ បំណុលអន្តរជាតិ ធៀបនឹងផលទុនជាតិសរុប ក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែអាជីវកម្មជាច្រើន ពិសេសអាជីវកម្មអចលនវត្ថុបាននិងកំពុងមានដំណើរទៅមុខយឺតៗ ដែលមានក្រុមហ៊ុនមួយចំនួនបានបិទទ្វារ និងរងការក្ស័យទុនផងដែរ។

ទីផ្សារពឹងផ្អែកលើអ្នកធុរកិច្ចចិន
ទីផ្សារអចលនវត្ថុនៅប្រទេសកម្ពុជា បានពឹងផ្អែកយ៉ាងខ្លាំងលើអ្នកវិនិយោគចិន កូរ៉េ ជប៉ុន សឹង្ហបុរី និងប្រទេសថៃជាដើម ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៥មក អ្នកធុរកិច្ចចិន បាននាំមុខប្រទេសកូរ៉េក្នុងការបោះទុនវិនិយោគច្រើនជាងគេ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង។

ប៉ុន្តែវិបត្តិអចលនវត្ថុនៅប្រទេសចិន គោលនយោបាយគាំពារនិយមរបស់ចិន ដោយមិនឲ្យអ្នកវិនិយោគ ក្នុងស្រុកបោះទុនច្រើននៅទីផ្សារបរទេស ក៏ដូចជា ការបង្កើតគោលនយោបាយ ដើម្បីសង្គមចិន មានភាពសុខដុម បានធ្វើឲ្យវិបត្តិសេដ្ឋកិច្ចចិន។

វិបត្តិអចលនទ្រព្យផ្ទៃក្នុងរបស់ចិន បានធ្វើឲ្យលំហូរវិនិយោគិនចិន មកកាន់បណ្តាប្រទេសនានាថមថយល្បឿន ប៉ុន្តែមិនមែនប្រទេ​សទាំងអស់សុទ្ឋតែ មិនទទួលបានការវិនិយោគ ពីប្រទេសចិននោះទេ ជាក់ស្តែងប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅតែទទួ​លបានការវិនិយោគ ពីអ្នកធុរកិច្ចពីប្រទេសចិនផងដែរ។កម្ពុជាបានឈរលើទីតាំងមួយអាទិភាព ប្រសិនជាធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែកម្ពុជាមានសក្តានុពលនៅមានកំរិតនៅឡើយ បើធផៀបជាមួយប្រទេសក្នុងតំបន់ លើមូលដ្ឋានទំហំសេដ្ឋកិច្ច ចំនួនប្រជាពលរដ្ឋ ច្បាប់បទដ្ឋានគតិយុត្តិ និងការិយាធិបតេយ្យនៅតែជាបញ្ហាប្រឈមនៅឡើយ។

ការយល់ច្រឡំមួយចំនួន

        អ្នកជំនាញកម្ពុជាបានមួយចំនួនបានយល់ច្រឡំថា កម្ពុជាមានសក្តានុពលខ្ពស់ ដោយសារកម្ពុជាមិនមែនជាកម្ពុជាម្នាក់ឯងទៀតទេ គឺកម្ពុជា ជាសមាជិកសហគមន៍សេដ្ឋកិច្ច សង្គមអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណ៦៥០លាននាក់។

ប៉ុន្តែចំណុចសំខាន់នៅត្រង់ថា បើសិនជាអ្នកមានទុនវិនិយោគ១០០លានដុល្លារ ដើម្បីផលិតទឹកដោះគោ នៅប្រទេសមួយដែលមានប្រជាពលរដ្ឋចំនួន១០០លាននាក់ និងប្រទេសមួយទៀតមានប្រជាពលរដ្ឋតែ១៧លាននាក់ តើពួកគេនឹងទៅវិនិយោគនៅប្រទេសណា? ច្បាស់លាស់ណាស់អ្នកវិនិយោគឆ្លាតវៃ នឹងជ្រើសរើសវិនិយោ គនៅប្រទេស ដែលមានប្រជាពលរដ្ឋ១០០លាននាក់ មានទំហំសេដ្ឋកិច្ចធំ អំណាចនៃការទិញខ្ពស់ និងសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសតូចមិនខាន។  ប្រសិនជាអ្នកធុរកិច្ច មានទុនវិនិយោគ១០០លានដុល្លារ សាងសង់ខុនដូលក់នៅប្រទេសមួយ ដែលមានប្រជាពលរដ្ឋចំនួន១០០លាននាក់ មានអំណាចនៃការទិញខ្ពស់ និងប្រទេសមួយដែលមានប្រជាជនត្រឹម១៧លាននាក់ តើពួកគេនឹងជ្រើសរើសយកប្រទេសណា? ប៉ុន្តែអ្វីៗក៏អាចទៅរួចដែរ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ប្រព័ន្ឋនៃការអនុវត្តច្បាប់ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ ទំនាក់ទំនងជិតស្និទ្ឋរវាងរដ្ឋាភិបាលប្រទេសទាំងពីរជាដើម។

ជាក់ស្តែងប្រទេសសឹង្ហបុរី ដែលមានមនុស្សត្រឹមជាង៥លាននាក់ ពួកគេទាក់ទាញការវិនិយោគច្រើនពីអន្តរជាតិ។ សម្រាប់ប្រទេសនេះ យើងត្រូវមើលលើទិដ្ឋភាពមួយចំនួន ទី១ ស្ថេ​រភាពនយោបាយ ទី២ ការអនុវត្តន៍ច្បាប់បានល្អប្រសើរ ទី៣ ប្រព័ន្ឋសុខមាលភាពសង្គមមានភាពប្រសើរ ជាប្រទេសដែលពិភពលោកទទួល​ស្គាល់ថា មានភាពស៊ីវិល័យ ធៀបនឹងបណ្តាប្រទេសទាំងអស់នៅអាស៊ី និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។

តើវិស័យអចលនវត្ថុកម្ពុជា នឹងវិវត្តន៍បែបណាប្រសិនជាគ្មានអ្នកធុរកិច្ចចិនមកកម្ពុជា?

        ផ្អែកលើសូចនាករសំខាន់ៗជាច្រើន បាននិងកំពុងបង្ហាញថា អ្នកវិនិយោគចិនមានភាពស្ទាក់ស្ទើរ ក្នុងការមកវិនិយោគនៅប្រទេសនេះ លើទីផ្សារអចលនវត្ថុ ដោយសារកត្តាខាងក្នុងនិងខាងក្រៅមួយចំនួន។

កត្តាខាងក្នុង

        កត្តាលើកឡើងខាងលើ ជាបញ្ហាឬចំណោទមួយ ដែលបាននិងកំពុងធ្វើឲ្យគំរោងធំៗជាច្រើន បាននិងកំពុងជាប់គាំង ឬដំណើរការទៅមុខយឺតៗ ដូចជា គំរោងThe Mesong នាទីក្រុងកោះពេជ្រ គំរោងSUNWAG នៅជាប់នឹងសណ្ឋាគារ និងកាស៊ីណូNaga1បានពន្យាពេលសាងសង់ គំរោងសណ្ឋាគារ និងកាស៊ីណូណាហ្កា៣ បានពន្យាពេលបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២៩ និងគំរោងជាច្រើនទៀត បានពន្យាពេលចាប់ផ្តើមបើកការដ្ឋាន និងគំរោងខ្លះសាងសង់យឺតៗផងដែរ។

កត្តាខាងក្រៅ  

        វិបត្តិកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ជួបកលយុគរួចទៅហើយ ប៉ុន្តែសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនផ្ទះឡើង និងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ព្រមទាំងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចចិន ដែលបណ្តាលមកពីវិបត្តិអចលនទ្រព្យ និងការហូរចេញរបស់ក្រុមហ៊ុន​បរទេស បានធ្វើឲ្យពិភពលោកជួបកលយុគកាន់តែខ្លាំង។

ហេតុនេះ ការរំពឹងការហូរចូលរបស់អ្នកវិនិយោគចិន គឺត្រូវការពេលវេលា និងកំលាំងជម្រុញបន្ថែមទៀត ទាំងទិដ្ឋភាពនយោបាយ ក៏ដូចជា សេដ្ឋកិច្ចចិន។

បើទោះជាកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើន​សេដ្ឋកិច្ចកើនឡើងវិញបណ្តើរៗក្តី ប៉ុន្តែមូលដ្ឋាននៃការវិលត្រលប់របស់ចិន ត្រូវវិភាគទៅលើអំណាចនៃការទិញ អំណាចសេដ្ឋកិច្ច និងផលចំណូលរបស់របស់មនុស្សម្នាក់ៗ។

ការអន្តរាគមន៍ពីរដ្ឋាភិបាលគួរធ្វើឡើង

ការមានសេដ្ឋកិច្ចដែលមានលំនឹង ជារឿងគួរឲ្យអបអរសាទរមួយ ប៉ុន្តែការអន្តរាគមន៍ពីរដ្ឋាភិបាល បន្ថែមទៀតជារឿងចាំបាច់ដែ​ល​អ្នកវិនិយោគក្នុងស្រុក បានស្នើរដ្ឋាភិបាលគួរពិចារណា។

ក្រុមអ្នកជំនាញបានជម្រុញឲ្យរដ្ឋាភិបាល ទំលាក់កញ្ចប់ឥណទានពិសេស និងគោល​នយោបាយជាច្រើនទៀត ដើម្បីស្រោចស្រង់​វិស័យនេះ ដែលគោលនយោបាយទាំងនោះរួមមាន ការផ្តល់សញ្ជាតិដល់អ្នកវិនិយោគ ក្នុងទំហំទឹកប្រាក់ប៉ុណ្ណា និងក្នុងចំនួនជាក់លាក់ ទី២ ការអនុញ្ញាត្តឲ្យជនបរទេសទិញដីបាននៅកម្ពុជា ទី៣ ការលើកទឹកចិត្តបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលរដ្ឋាភិបាលគួរវិនិយោគឡើង ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគ ដែលរដ្ឋាភិបាលគួរមានគោលនយោបាយមិនយកថ្លៃទឹក និងអគ្គិសនីនៅតំបន់នោះ។

​       ទី៤ រដ្ឋាភិបាលគួរមានយន្តការលើកទឹកចិត្ត ឲ្យអនិកជនខ្មែររស់នៅក្រៅប្រទេសចូលមកវិនិយោគក្នុងងស្រុកឲ្យបានច្រើន ទី៥ រដ្ឋាភិបាលគួរផ្តល់ប័ណ្ណស្នាក់នៅរយៈពេលវែង ដល់ជនបរទេសណាដែលបានទិញខុនដូ ក្នុងទំហំចាប់ពី២០ ទៅ៣០ម៉ឺនដុល្លារអាមេរិកឡើងទៅជាដើម។

រាជរដ្ឋាភិបាលថ្មី              

        រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកបណ្ឌិតហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ សីហាខាងមុខនេះ ជារដ្ឋាភិបាលមួយ ដឹកនាំដោយឈាមថ្មី ដែលបទពិសោធន៍នៅមានកម្រិតនៅឡើយ។ ហេតុនេះទាំងអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពូងរង់ចាំមើល ហេតុនេះ ទំនុកចិត្តពិតជាមានសារៈសំខាន់ណាស់ ដើម្បីជនបរទេស វិលត្រលប់មកកាន់កម្ពុជាជាថ្មី។

ការកំណត់នូវគោលនយោបាយថ្មីៗ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិបន្តទៀត គួរធ្វើឡើងជាអាទិភាពមុនគេ ដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ពិសេសជម្រុញការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាកំលាំងចលករដ៏សំខាន់មួយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕

ខេបាលី កំពុងរួមចំណែកលើកកំពស់សក្តានុពលអចលនទ្រព្យ និងក្លាយជាផលិតផលទេសចរណ៍ថ្មីនៅខេត្តកោះកុង

ដោយៈ ជេស៊ីកា
កោះកុងៈ កំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងជម្រុញទីផ្សារអចលនទ្រព្យ និងការវិនិយោគពីសំណាក់វិនិយោគិន ក្នុងស្រុក និងបរទេសទៅកាន់ទឹកដីខេត្តកោះកុង។

ជាទឹកដីធ្លាប់ស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តកោះកុងបាននិងកំពុង មានភាពរីកចម្រើនលើវិស័យជាច្រើន រួមមានវិស័យបដិសណ្ឋារកិច្ច វិស័យទេសចរណ៍ វិស័យអចលនទ្រព្យ និងសក្តានុពលជាច្រើនទៀត។

លោកវិបុល បញ្ញាបុត្រនាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Krud Power ដែលកំពុងគ្រប់គ្រង និងប្រឹក្សាការលក់បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេស កាលពីចុងសប្តាហ៍មុនថា ខេត្តកោះកុង បាននិងកំពុងស្ថិតក្នុងនិន្នាការ រីកចម្រើនស្របតាមមូលដ្ឋាន និងសក្តា​នុពលរបស់ខេត្តដែលមានស្រាប់។ លោកបន្តថា ខេត្តនេះសម្បូរដោយសក្តានុពល ធនធានទេសចរណ៍បែបធម្មជាតិ បាននិងកំពុងទាក់ទាញអ្នកវិនិយោគជាច្រើន មកបោះទុនវិនិយោគ នៅក្នុងខេត្តនេះជាបន្តបន្ទាប់ ដើម្បីឆ្លើយតប និងបំពេញតម្រូវការ របស់ភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិ។

លោកបន្តថា ជាមួយនឹងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍ និងលើកកំពស់សក្តានុពលខេត្តកោះកុង ក្រៅតែអំពីការអភិវឌ្ឍគំរោងអចលនទ្រព្យ ដែលអតិថិជនអាចទិញដី ដែលមានឆ្នេរសមុទ្រឯកជនដ៏ប្រណិត ខេបាលី(K-Bali) បាននឹងកំពុងរៀបចំនូវគំរោងរីសត ដើម្បីផ្តល់សេវាកម្មបដិសណ្ឋារកិច្ច ស្តង់ដាអន្តរជាតិមួយ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងផ្តល់ឱកាសដល់អ្នកវិនិយោគជាតិ អន្តរជាតិចូលរួមវិនិយោគរួមគ្នា ដើម្បីបំពេញតម្រូវការកន្លែងស្នាក់លំហែរថ្មីមួយ សម្រាប់ខេត្តកោះកុង ដែលសេវាកម្មបដិសណ្ឋារកិច្ច នៅមានកម្រិតនៅឡើយ។

ទោះជាគំរោងខេបាលី (K-Bali) ទើបតែនឹងចាប់ផ្តើមថ្មីៗនេះ ប៉ុន្តែការរៀបចំអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៃគំរោង មានល្បឿនលឿន ឆ្លុះបញ្ចាំងពីភាពមោះមុតរបស់អ្នកអភិវឌ្ឍន៍ ដែលឈរលើវត្ថុបំណងដ៏មោះមុត ដូចបានលើកឡើងខាងលើ។

តួយ៉ាង តំបន់កំសាន្តដ៏គួរអោយទាក់ទាញមួយ ដែលជាផ្នែកមួយនៃគំរោងខេបាលី (K-Bali) បាននឹងកំពុងលេចរូបរាងឡើង ត្រៀមសម្រាប់ទទួលស្វាគមន៍ប្រជាជនក្នុងតំបន់ អ្នកទេសចរជាតិ និងអន្តរជាតិ គឺនេសាទផាប់ (Nesad Pub)។

លោកវិបុល បញ្ញាបុត្របានលើកឡើងថា សាកស្រម័យមើលប្រសិនបើ លោក អ្នកមានផ្ទះលំហែរ ដែលសាងសង់តាមការស្រម៉ៃ របស់ខ្លួន អាចឲ្យកូនៗរត់លេង រីករាយជាមួយនឹងខ្សល់សមុទ្រដ៏ត្រជាក់មនោរម្យ ជាមួយសួនច្បារ ឆ្នេរខ្សាច់សក្បុរ ស្ទូចត្រី អុំទូកកាយ៉ាក់ ជិះយ៉ាតកំសាន្ត នៅថ្ងៃចុងសប្តាហ៍ ពិតជាធ្វើឲ្យជីវិតមានភាពស្រស់ស្រាយ និងប្រកបដោយភាពមនោរម្យបំផុត។លោកបន្តថា គំរោងនេះបាននិងកំពុងអភិវឌ្ឍន៍ឡើង ស្របតាមទស្សនទានរបស់មនុស្សជំនាន់ថ្មី ដោយពាក្យK- Baliមកពីពាក្យកោះបាលី ដែលជាទីតាំងដ៏ល្បីល្បាញមួយ នៅប្រទេសឥណ្ឌូនេស៊ី ពាក្យK ក៏សំដៅដល់កោងកាង កោះកុង កោះស្នេហ៍ និងពាក្យK ក៏សំដៅដល់តំបន់ K4 នៃខេត្តទាំងបួន ដែលជាតារារះនាទិសនារតីផងដែរ។ K4 ត្រូវបានរៀបចំ និងប្រសិទ្ឋនាមឡើង ដោយប្រតិបត្តិករទេសចរណ៍ ដែលហៅតំបន់ឆ្នេរជាK4 ដែលសំដៅដល់ខេត្តកែប កំពត កំពង់សោម និងខេត្តកោះកុង ដែលសុទ្ឋតែផ្តើមឡើងដោយអក្សរK។

លោកវិបុល បញ្ញាបុត្របានបន្តទៀតថា ការសាងសង់និងលើកកំពស់ផ្លូវជាតិលេខ៤៨ ការត្រៀមបើកដំណើរការព្រលានយន្តហោះតារាសាគរ ការបញ្ចប់សាងសង់កំពង់ផែទឹកជ្រៅ និងការសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្ត តភ្ជាប់ពីបណ្តាខេត្តនៅភូមិភាគពាយ័ព្យ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកំពស់សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍខេត្តកោះកុង ឲ្យមានភាពរីកចម្រើ​នកាន់តែលឿនថែមទៀតនាពេលអនាគត។

លោកបន្តថា អ្វីដែលជាចំណុចកាន់តែពិសេស គឺក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរកម្ពុជាទាំងបួន គឺមានតែខេ៤ត្តកោះកុងប៉ុណ្ណោះ ដែលមានព្រំដែនគោក ជាប់ជាមួយប្រទេសថៃ ដែលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពិសេសអ្នកមានបំណងពិនិត្យសុខភាព អាចធ្វើដំណើរតាមផ្លូវនេះ នៅខេត្តត្រាត និងខេត្តឈុន បុរី ដែលមន្ទីរពេទ្យធំៗពីក្រុងបាងកក សុទ្ឋតែមានសាខា នៅតាមបណ្តាខេត្តទាំងនេះ ក្នុងតម្លៃសមរម្យ និងមិនបាច់ចំណាយពេលវេលាយូរ និងប្រាក់ច្រើនផងដែរ។ គំរោងខេបាលី (K-Bali) អភិវឌ្ឍលើដីទំហំ២១ហិកតា ស្ថិតនៅក្នុងទីក្រុងខេមរៈភូមិន្ទ ជាទីតាំងពិសេសមួយ ដែលមានទឹកសមុទ្រព័ទ្ឋជុំវិញ និងអាចអនុញ្ញាត្តឲ្យអតិថិជន សាងសង់ផ្ទះតាមការស្រម៉ៃរបស់ខ្លួន ជាមួយទំហំផ្ទៃដី ដែលពួកគាត់អាចជ្រើសរើសបាន ក្នុងតម្លៃចាប់ពី៤០,០០០ដុល្លារអាមេរិកឡើងទៅ ជាមួយលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែន៕

វិភាគលើបញ្ហាមួយចំនួន ដែលធ្វើឲ្យអ្នកវិនិយោគដីធ្លី ជួបបញ្ហាប្រឈម

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ រាប់ចាប់តាំងពីដីធ្លី លំនៅដ្ឋាន ខុនដូបែបសហកម្មសិទ្ឋ បាននិងកំពុងមានបញ្ហាប្រឈមនៅឡើយ ប៉ុ​ន្តៃមនុស្សជាច្រើនបានរំពឹងថា អ្វីៗនឹងប្រសើរឡើងក្រោយការបោះឆ្នោតបញ្ចប់។

សុទិដ្ឋិនិយមបាននិងកំពុងលេចឡើង ប៉ុន្តែនៅពេលយើងសម្លឹងឲ្យបានស៊ីជម្រៅបន្ថែមទៀត ទីផ្សារ​នេះនៅតែត្រូវការពេលវេលា និងមូលដ្ឋានគាំទ្រជាច្រើន ដើម្បីឲ្យ​វាងើបឡើងវិញ។

ការកើនឡើងនូវវិនិយោគិន

        ការកើនឡើងនូវចំនួន អ្នកវិនិយោគឬវិនិយោគិន បានធ្វើឲ្យចរន្តទីផ្សារមិនពុះកញ្រ្ជោល ដូចមុនវិបត្តិឆ្នាំ២០០៨នោះឡើយ និងមិនដូចមុនវិបត្តិកូវីដ១៩ផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិ​វឌ្ឍន៍បុរីវិមានសំណាង និងKS Residence បានមានប្រសាសន៍ថា ការវិនិយោគដីធ្លី ទទួលបានផលចំណេញតិចជាងមុន ដោយលោកប្រៀ​បប្រដូចបឹងមួយ មានត្រី១០០០ក្បាល មានអ្នកនេសាទតែ១០នាក់ ប៉ុន្តែបច្ចុប្បន្នចំនួនត្រីនៅដដែល តែចំនួនអ្នកចាប់ត្រីបានកើនឡើងដល់១០០ឬ២០០នាក់។

ការបំប៉ោងទីផ្សារ
ទាំងអ្នកអភិវឌ្ឍន៍ ភ្នាក់ងារអចលនវត្ថុ បានបំប៉ោងទីផ្សារ ដែលធ្វើឲ្យតម្លៃដីកើនឡើង មិនស្របតាមចរន្តនៃការអភិវឌ្ឍពិតប្រាកដ។ ឧទាហរណ៍ តំបន់ជាយរាជធានីភ្នំពេញ ឬតំបន់ឆ្ងាយៗ ពួកអ្នកវិនិយោគ បានលើកឡើងនូវគំរោងខ្យល់មួយចំនួន ដែលធ្វើឲ្យដីឡើងថ្លៃ ដែលសកម្មភាពនេះ ត្រូវបានអ្នកជំនាញហៅថា​ ”ការឆារដី” ហេតុនេះ អ្នកទិញដីទុកចំណេញគួរមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានភាពជាប់គាំងលំហូរសាច់ប្រាក់។

សកម្មភាពឆារដីនេះ បានកើតមានច្រើនមុនវិបត្តិឆ្នាំ២០០៨  ដែលវិនិយោគគិតតូចៗ ទិញដីយកចំណេញបានប្រឈមហានិភ័យនៃភាពជាប់គាំង។

ការវិនិយោគពីរដ្ឋាភិបាល
គំរោងវិនិយោគរបស់រដ្ឋាភិបាល មានគោលដៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលវាជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រទេសជាតិ។

គម្រោងវិនិយោគរបស់រដ្ឋាភិបាល ឬវិស័យឯកជនក៏បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងផងដែរ ប៉ុន្តែលុបចោលឬពន្យាពេលគំរោងណាមួយ ពិតជាគ្រោះថ្នាក់ដល់អ្នកវិនិយោគដី ដូ​ចជា គំរោងវិនិយោគព្រលានយន្តហោះខេត្តមណ្ឌលគិរី ប៉ោយប៉ែត និងគំរោងមួយចំនួនទៀតត្រូវបានពន្យាពេល គឺបានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគជាច្រើន។

ហេតុនេះ ការសម្រេចចិត្តត្រូវតែឈរលើមូលដ្ឋាន ឲ្យច្បាស់លា​ស់ និងតាមដានព៌តមានឲ្យបានម៉ត់ចត់ ជាជាងសម្រេចចិត្តលឿន។

ការប្រកាសគំរោង

        ជាទូទៅ ក្រុមមន្រ្តីរដ្ឋាភិបាល តែងតែដឹងពីផែនការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល មុនប្រជាពលរដ្ឋឬអ្នក​វិនិយោគធម្មតា ហេតុនេះពួកគេតែងតែប្រមូលដីទុក ហើយលក់នៅពេលគំរោងត្រូវបានប្រកាសជាផ្លូវការ។

នៅពេលគំរោងប្រកាសផ្លូវការ មានន័យថា ក្រុមមន្រ្តីទាំងនោះបានទិញដីទាំងនោះទុករួចទៅហើយ និងបានលក់យកផលចំណេញនៅពេលគំរោងត្រូវបាន​ប្រកាសឡើងជាផ្លូវការ។

ហេតុនេះ អ្នកវិនិយោគយកផលចំណេញពីដីធ្លី ក៏គួរមានការប្រុងប្រយយ័ត្នផងដែរ ដោយសារដីធ្លីនៅតំបន់ ដែលរដ្ឋាភិបាលប្រកា​សគំរោងនានា បានកើនឡើងដល់កម្រិតខ្ពស់រួចទៅហើយ ដែលធ្វើឲ្យអ្នកវិនិយោគដីរកផលចំណេញ ពិបាកនឹងចំណេញ ហើយគាំងសាច់ប្រាក់ផងដែរ។

ជាក់ស្តែងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ជុំវិញព្រលាន្តយន្តហោះ តេជោ ដីនៅតំបន់ជុំវិញនោះបានគាំង និងមិនទទួលបានផលចំណេ​ញច្រើននោះឡើយ ដោយសារសេដ្ឋកិច្ច លំហូរប្រជាសាស្រ្ត និងតម្លៃដីធ្លី គឺខ្ពស់ជាងសេដ្ឋកិច្ចនៅមូលដ្ឋានរួចទៅហើយ៕