លោកអ៉ី ពិសិដ្ឋៈ យើងកំពុងកសាងសហគមន៍ស៊ីវិល័យមួយនៅបុរីបុស្បា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីចំណាយពេលសាងសង់ជាច្រើនខែ នៅទីបំផុតផ្ទះគំរូនៃបុរីបុប្បាបានបង្ហាញរូបរាងហើយ ដែលវីឡាប្រភេទនេះបានកសាងឡើងដោយឈរលើគុណតម្លៃបរិស្ថាន សោភ័ណភាព និងប្រណីតភាព។

បុរីបុស្បាស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាទីតាំងដែលកំពុងមានភាពរីកចម្រើនខ្លាំង ជាមួយនឹងវត្តមានហាងកាហ្វេ ផ្សារសហគមន៍ ផ្សារទំនើបលំដាប់អន្តរជាតិAEON Mall3 ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ លេខ២ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការសាងសង់លំនៅដ្ឋានក្នុងបុរីបុស្បា យើងគិតដល់ផាសុខភាព និងសុភមង្គលក្នុងការរស់នៅ ព្រោះលំនៅដ្ឋានមានសារៈសំខាន់ណាស់ សម្រាប់សុភមង្គលគ្រួសារនិមួយៗឲ្យពួកគាត់មានអារម្មណ៍ត្រជាក់ត្រជុំ និងមានផាសុខភាពខ្ពស់។

លោកបន្តថា “អ្វីកាន់តែពិសេស អ្នកទិញលំនៅដ្ឋានក្នុងបុរីបុស្បាទទួ​លបានផលចំណេញចន្លោះពី២០ ទៅ៣០ភាគរយ ដោយសារផ្ទះក្នុងបុរីនេះមានតម្លៃទាបជាងទីផ្សារ និងទាបជាងបុរីដទៃ បើធៀបនឹងប្រភេទផ្ទះបែបវីឡាដូចគ្នា”។

លោកអ៉ី ពិសិដ្ឋបានបន្តឲ្យដឹងទៀតថា យើងបាននិងកំពុងគិតពីផែន​ការពង្រីកបុរីបន្ថែមទៀត បន្ទាប់ពីការសាងសង់ដំណាក់កាលទី១ ព្រោះ​បច្ចុប្បន្នការលក់របស់យើង កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រ​សើរ បើទោះជាកម្ពុជានិងពិភពលោក ប្រឈមនឹងវិបត្តិមួយចំនួនក្តី ប៉ុន្តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជា កំពុងមានភាពប្រសើរ​ ជាមួយនឹងការសម្រេចបានកំនើនក្នុងរង្វង់៥ភាគរយនៅឆ្នាំនេះ។

លោកបន្តថា បុរីបុស្បាបាននិងកំពុងពន្លឿន និងកំពុងកសាងសហគមន៍ស៊ីវិល័យមួយ ជាមួយហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដើមឈើព៌ណបៃតងខៀវស្រងាត់ សួនច្បារដ៏ស្រស់បំព្រង ម៉ូតផ្ទះនិមួយៗបានគិតគូដល់បរិស្ថាន និងខ្យល់អាកាសចេញចូល ដែលអាចឲ្យអ្នករស់នៅមានអារម្មណ៍ត្រតជាក់មនោរម្យ ពិសេសអាចសន្សំសំចៃអគ្គិសនីបានផងដែរ៕

 

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបរាជ័យក្នុងការទាក់ទាញវិនិ យោគិនមូលបត្របំណុល

ដោយ: លាងហួរ

ប៉េកាំង: មូលបត្របំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងបង្ហាញសញ្ញាមិនច្បាស់លាស់ នៃការស្ទុះងើបឡើងវិញ  បន្ទាប់ពីទីក្រុងប៉េកាំង បានចាត់វិធានការគាំទ្រដល់វិស័យ  ដែលមានវិបត្តិសាច់ប្រាក់។

មូលបត្របំណុលជាប្រាក់ដុល្លារ  ដែលផ្តល់អត្រាការប្រាក់ខ្ពស់របស់ក្រុមហ៊ុនដូចជា Powerlong Real Estate Holdings និងCountry Garden Holdings  បានកើនឡើងចាប់តាំងពីដំណាច់ខែវិច្ឆិកា ដោយធនាគារកណ្តាលចិន និងនិយតករធនាគារ បានចេញវិធានការចំនួន១៦ជំហាន ដើម្បីគាំទ្រដល់វិស័យដែលកំពុងជួបវិបត្តិ។

លោកAlessandro Zhu អ្នកគ្រប់គ្រងផលប័ត្រចំណូលថេរប្រចាំអាស៊ីនៅក្រុមហ៊ុន CSOP Asset Management បានមានប្រសាសន៍ថាវានៅតែមានបញ្ហាប្រឈម សម្រាប់អ្នកបោះផ្សាយមូលបត្របំណុលអចលនទ្រព្យរបស់ចិន ក្នុងការទាក់ទាញលំហូរវិនិយោគិន។

តម្លៃមូលបត្របំណុលប្រាក់ដុល្លាររបស់ក្រុមហ៊ុន Powerlong Real Estate Holdings បានកើនឡើងក្នុងប៉ុន្មានថ្ងៃ បន្ទាប់ពីវិធានការជាជំហានៗ  ត្រូវបានប្រកាស ជាពិសេសបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិនគ្រោងផ្តល់ប្រាក់កម្ចីថោកៗ ដល់ក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍន៍។

ក្រុមហ៊ុនPowerlong  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារ Shanghai Rural Commercial Bank សម្រាប់ឥណទានចំនួន៥ពាន់លានយ័ន(៧១៦,៦៩លានដុល្លារអាមេរិក)៕

នាវាមុជទឹកខ្នាតយក្សតម្លៃ២ពាន់លានដុល្លាររបស់អាមេរិក ផុសងើបឡើងគួរឲ្យភ្ញាក់ផ្អើលនៅតំបន់អាក់ទិក

ដោយៈ សុខុម

អន្តរជាតិ: នាវាមុជទឹកខ្នាតយក្សតម្លៃ២ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា USS Hartford បានផុសងើបឡើងជ្រែកបំបែកផ្ទាំងទឹកកកយ៉ាងក្រាស់ កក្រើកប្រថពីនៅមហាសមុទ្រអាក់ទិក (Arctic Ocean) កាលពីពេលថ្មីៗនេះ។

យោងតាមវីដេអូបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Supercar Blondie របស់ស្ត្រីអ្នក Review កំពូលរថយន្តដ៏ល្បីល្បាញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បង្ហាញថា នាវាមុជទឹកនេះខ្នាតយក្សនេះ មានប្រវែងប្រមាណ១១០ម៉ែត្រ និងមានទម្ងន់ប្រមាណ១៦.៥០០តោន ដែលស្មើនឹងទម្ងន់ត្រីបាឡែនខៀវ (Blue Whale) រហូតដល់ទៅ១១០ក្បាល។

នៅពេលខ្នងនាវាមុជទឹកនេះ ងើបផុតពីផ្ទៃទឹកកក ខណៈតួខ្លួនរបស់ទាំងមូលស្ថិតនៅក្រោមផ្ទៃទឹកកក ទាហានមួយក្រុមតូចបាននាំគ្នាចេញមក ដោយយកចបរុញផ្ទាំងទឹកកកចេញពីលើខ្នងនាវា។

តាមពិតនេះជាប្រតិបត្តិការមួយ ដែលត្រូវបានដឹកនាំដោយ ICEX ក្នុងឆ្នាំ២០២២។ ICEX គឺជាសមយុទ្ធយោធាជើងទឹកអាមេរិក ដែលធ្វើឡើងក្នុងគោលបំណងអនុវត្តន៍ បាញ់សព្វាវុធចម្ងាយឆ្ងាយ នៅមហាសមុទ្រអាក់ទិក ព្រមទាំងអនុវត្តគេចខ្លួនពីនាវាមុជទឹករបស់សត្រូវ នៅក្នុងសមុទ្រដែលកកទៅជាទឹកកកផងដែរ។

ពួកទាហានបានប្រើរណារយន្តកាត់ផ្ទាំងទឹកកកយ៉ាងក្រាស់ ដើម្បីឱ្យទាហានដទៃផ្សេងទៀត អាចបើកទា្វរចេញមកក្រៅ។វគ្គបន្ទាប់នៃបេសកកម្មនេះ គឺតម្រូវឱ្យអ្នកមុជទឹកហែលក្រោមផ្ទាំងទឹកកក ចូលទៅក្នុងទឹកដ៏សែនត្រជាក់។

គោលបំណងរបស់ពួកគេ គឺដើម្បីស្វែងរកសព្វាវុធដែលបាញ់ចេញពីនាវាមុជទឹករបស់សត្រូវ។ សព្វាវុធសត្រូវដែលត្រូវបានរកឃើញ ផ្ទុកនូវទិន្ន​ន័យដ៏មានសារៈប្រយោជន៍សម្រាប់កងទ័ពជើងទឹក៕ Supercar Blondie៕

រដ្ឋបាលខេត្តក្រចេះជំរុញឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីនានា ចូលមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ

ដោយ: លាងហួរ

ក្រចេះ: នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា លោកវ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើសុំដល់ក្រុមហ៊ុនឥណ្ឌូណេស៊ីនានា មកបណ្តាក់ទុនលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា ជាពិសេសក្នុងខេត្តក្រចេះ ។

លោកអភិបាលខេត្តក្រចេះ បានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Sudirman Haseng កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ  និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូថ្នាក់ខេត្តក្នុងខេត្តក្រចេះ។

លោក វ៉ា ថន បានមានប្រសាសន៍ថា ផ្អែកលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងបន្ថែមទៀត។

លោកបានបន្តថា យើងសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ជាមួយនឹងភាពជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាន។

លោកឯកអគ្គរាជទូត Haseng បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានសហការ និងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ រាល់ឧក្រិដ្ឋកម្មឆ្លងដែន ហើយជារៀងរាល់ឆ្នាំ ឥណ្ឌូណេស៊ីបានផ្តល់អាហារូបករណ៍ជាច្រើន ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕

មាសបំរ៉ុងរបស់ប្រទេសចិនហក់ឡើងជាលើកដំបូងគិតចាប់ តាំងពីឆ្នាំ២០១៩

ដោយ: លាងហួរ

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ថា ខ្លួនបានបន្ថែមមាសចំនួន៣២តោន ដែលមានតម្លៃប្រហែ​ល១,៨ពាន់លានដុល្លារអាមេរិក ទៅក្នុងទុនបំរុងរបស់ខ្លួន។ នេះជាលើកទី១ហើយនៃការកើនឡើង បើគិតចាប់តាំងពីឆ្នាំ២០១៩មក។

ការបូកបន្ថែមនេះ នាំឱ្យការកាន់កាប់មាសរបស់ប្រទេសចិន នៅដំណា​ច់ខែវិច្ឆិកា កើនឡើងរហូតដល់១.៩៨០តោន  ដែលមានតម្លៃប្រហែល១១២ពាន់លានដុល្លារអាមេរិក។

ចិនគឺជាប្រទេស មានទុនបំរុងមាសផ្លូវការធំជាងគេទី៦ លើពិភពលោ​ក បន្ទាប់ពីប្រទេសមួយចំនួនដូចជា ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកជាដើម។

ក្រុមប្រឹក្សាមាសពិភពលោក(WGC) បានរាយការណ៍ឱ្យដឹងកាលពីខែមុននេះថា ធនាគារកណ្តាលទូទាំងពិភពលោក បានទិញមាសចំនួន៣៩៩តោនក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ។

ក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា មាសភាគច្រើនត្រូវបានទិញដោយធនាគារកណ្តាលនានា ប៉ុន្តែធនាគារទាំងនោះមិនបានរាយការ​ណ៍ជាសាធារណៈឡើយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ  តម្លៃមាសបានធ្លាក់ចុះ ដោយសារការកើនឡើងអត្រាការប្រាក់ និងការកើនឡើងផលចំណូលលើមូលបត្របំណុ​ល  ដែលបានធ្វើឱ្យលោហៈធាតុមាស មិនសូវមានភាពទាក់ទាញដល់វិនិយោគិនហិរញ្ញវត្ថុនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។

ការកើនឡើងនៃទុនបំរុងមាស របស់ប្រទេសចិនគឺជាទិន្នន័យ ដែលចេញផ្សាយ ដោយធនាគារប្រជាជននៃប្រទេសចិន ដើម្បីបង្ហាញថាប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ចិន បានកើនឡើងច្រើនជាងការព្យាករណ៍នៅក្នុងខែវិច្ឆិកា៕

ក្រសួងសាធារណៈការនិងក្រុមហ៊ុនផ្លូវល្បឿនលឿនរៀបចំសម្រួល ការបង់ប្រាក់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរបុណ្យសមុទ្រ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការនូវគន្លង៣ប្រភេទ សម្រាប់ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរចេញ-ចូលផ្លូវល្បឿនលឿន៖

* គន្លង MTC () តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។

** គន្លងETCជាច្រកអាទិភាព​ មានរបាំងបើកចេញចូលដោយស្វ័យ​ប្រវត្តិ​ នៅខាងឆ្វេងបង្អស់ដែលមានសញ្ញាETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍OBUនៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូលសមតុល្យតាមផ្លាកលេខ មុននឹងប្រើប្រាស់។

*** គន្លង ANPR ថ្មី ជាច្រក អាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យ តាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញាANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។

បងប្អូនអាចបញ្ចូលសមតុល្យ ទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) និងធនាគារវឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank) និងលីហួរវេរលុយ (LyHour PayPro)។

សូមចូលទៅកាន់វែបសាយដែលភ្ជាប់ទៅកាន់ ធនាគារដែលអាចបញ្ជូលប្រាក់តាមផ្លាកលេខ សម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវ ល្បឿនលឿនបានតាម https://ew.mpwt.gov.kh

លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូលឬនៅសល់ ដោយការស្គែនQR Code នៅលើលតាបត្រត្រួត ពិនិត្យលក្ខណៈបច្ចេ​កទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

ទំនាក់ទំនង៖

⁃ ព័ត៌មានពីសេវាកម្ម៖ 1399

⁃ ព័ត៌មានទូទៅ៖ 1275៕

 

 

ខេត្តកោះកុងបានពិនិត្យការចុះបញ្ជីដីធ្លីជិត១ម៉ឺនហិកតាដល់ប្រជាពលរដ្ឋដែលចាកចេញពីតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនធំមួយ

 ដោយៈគង់ សិរីជេស៊ីកា

       កោះកុងៈ ទីបំផុតប្រជាពលរដ្ឋរាប់រយគ្រួសារ និងក្បាលដីរាប់ពាន់បានត្រូវបានអាជ្ញាធរខេត្តកោះកុង រៀបចំពិនិត្យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ឋរួចហើយ។

ការពិនិត្យលើការងារសំខាន់នេះ ត្រូវបានដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេតកោះកុង បានអញ្ជើញជាអធិបតីដឹក​នាំកិច្ចប្រជុំ ពិនិត្យរបាយការណ៍ស្តីពី លទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើទីតាំងដីទំហំ៩៣០៦ហិកតា ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន ចាកចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development Co.,ltd ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកគិរីសាគរ ខេត្តកោះកុង។

កិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួម អាជ្ញាធរមូលដ្ឋាន តំណាងទីចាត់ការអន្តរវិស័យ និងមន្ទីរជំនាញពាក់ព័ន្ធ បន្ទាប់ពីសមាជិកអង្គប្រជុំពិនិត្យ និងចូលរួមផ្តល់យោបល់ពាក់ព័ន្ធរបាយការណ៍ខាងលើ។

តាមរយៈកិច្ចប្រជុំនេះ ក្រុមមន្រ្តីបានរួចមកអង្គប្រជុំបានឯកភាពលើចំ ណុចមួយចំនួនដូចជា ទី ១-ឃុំភ្ញីមាស ភូមិកៀនក្រឡាញ់ ក្បាលដីសរុបចំ​នួន៧៦០ក្បាលដី មានផ្ទៃដីទំហំ១៤២៧.៤៦ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន៦៦២ក្បាលដី មានផ្ទៃដីទំហំ១២១៧.៨៣ហិកតា ស្មើនឹង៣៩៨គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន៨៨ក្បាលដី ​មានទំហំ៤១៥.១៥ហិកតា និងភូមិតានី ក្បាលដីសរុបចំនួន៤៨៣ក្បាលដី មានផ្ទៃដីទំហំ៤១៥.១៩ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន៣៦៦ក្បាលដី មានទំហំ ៣៣៥.៨៧ហិកតា ស្មើនឹង២៤៨គ្រួសារ ក្នុងនោះក្បាលដីមានទិន្នន័យមានចំនួន១១៧ក្បាលដី មានផ្ទៃដីទំហំ៨០.១០ហិកតា។

២-ឃុំកោះស្តេច ភូមិពាមកាយ ក្បាលដីសរុបចំនួន៧៧ក្បាល់ដី មានផ្ទៃដីទំហំ៤៨៤.៩៦ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន២២៤ក្បា​លដី មានទំហំ២៣៧.៣៥ហិកតា ស្មើនឹង១៧៤គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន១៥៣ក្បាលដី មានផ្ទៃដីទំហំ២៤៧.៦២ហិកតា និងភូមិព្រែក​ស្មាច់ ក្បាលដីសរុបចំនួន៦២៧ក្បាលដី មានផ្ទៃដីទំហំ៩២០.៥០ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន៤០១ក្បាលដី មានទំហំជាង៦៥១ហិកតា ស្មើនឹង២៥៣គ្រួសារ ក្នុងនោះក្បាលដីមានទិន្នន័យមានចំនួន២២៦ក្បាលដី មានផ្ទៃដីទំហំ២៦៩.៣៥ហិកតា៕

ប្រតិភូអន្តរជាតិមកពីប្រទេសចំនួន២១នឹងចូលរូមពិធីបុណ្យសមុទ្រ នាចុងសប្តាហ៍នេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រតិភូអន្តរជាតិជាង១៣០នាក់ មកពីប្រទេសចំនួន២១ជុំ​វិញពិភពលោក នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ។

ពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សា​ អំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗទាំង២ខាងលើ ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (តាមវីដេអូzoom) លោក​ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ (ផ្ទាល់) ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ ប្រតិភូអន្តរជាតិដែលបញ្ជាក់ (Confirmed) ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។

លោកបានបន្តថា ប្រតិភូអន្តរជាតិទាំងនោះ គឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។

ក្រៅពីនេះក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

លោកជុក ជំនោរ បានបន្តទៀតថា “ការណ៍ដែលមានប្រតិភូអន្តរជាតិចូលរួមច្រើនយ៉ាងដូច្នេះ ដោយសារថ្នាក់ដឹកនាំនិងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះ មើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល និងគ្រប់គ្រងបានយ៉ាងច្បាស់លាស់”។

កម្ពុជាក៏គ្រោងរៀបចំទស្សនកិច្ច ជូនប្រតិភូអន្តរជាតិខាងលើទៅកាន់គោលដៅទីក្រុងនៅភ្នំពេញ និងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បីៗ សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ព្រមទាំងសកម្មភាពជាច្រើនទៀត។​

ជាមួយគ្នានោះ លោកថោង ខុន បានបញ្ជាក់ថា នៅខេត្តតំបន់ឆ្នេរ គឺជាគោលដៅស័ក្តិសមបំផុត សម្រាប់ទទួលវត្តមានភ្ញៀវទេសចរ​​ នៅរដូវក្ដៅនេះ ខណៈកម្ពុជាក៏បានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ កោះ ហេដ្ឋារចនាសម្ពន្ធក្នុងក្រុង ផ្លូវល្បឿនលឿន និងសេវាកម្មទេសចរណ៍នានារួចជាស្រេចក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរទាំងនោះ។

លោកបញ្ជាក់ថា “ការផ្សារភ្ជាប់សន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក​​ ​ជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តព្រះសីហនុនេះ គឺរឹតតែពិសេសសម្រាប់ការបង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយ ទៅកាន់ទីផ្សារទេសចរក្រៅស្រុក ឱ្យបានឃើញពីផលិតផលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ”។

លោកថោង ខុន កាលណាកម្ពុជារៀបចំទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរ​ ណ៍កម្ពុជា ទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក និងប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរ បានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនា ប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់​ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការដែលពាក់ព័ន្ធ គឺបានបង្ហាពីការសហការរៀបចំកិច្ចការងារទាំងឡាយក្នុងការប្រារព្ធពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក។

លោកបញ្ជាក់ថា ការងារទាំងឡាយភាគច្រើន គឺរៀបចំបានច្រើនណាស់ហើយ នៅសល់តែកិច្ចការតិចតួចប៉ុណ្ណោះ ដែលត្រូវបន្តរៀបចំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ពង្រឹងសន្តិសុខ សណ្ដា​ប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួម​ក្នុងព្រឹត្តិការណ៍ធំៗទាំង២នេះ៕

រដ្ឋមន្រ្តីបរិស្ថានៈ កម្ពុជាបានឈានមកដល់បរិបទ រក្សាឈើឈរដើម្បីបង្កើនចំណូល

ដោយៈ សូនីតា

       ព្រះវិហារ ប្រទេសដែលមានសិទ្ធិទទួលផលពីគម្រោងរេដបូក (REDD+) គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព” ។នេះជាការលើកឡើងរបស់ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

នៅក្នុងឱកាសអញ្ជើញ ចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើ នៅក្នុងឡូត៍គំរូ ដើម្បីវាស់BIOMASS ដើម្បីគណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃសម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបានឈានមកដល់បរិបទ រក្សា​ឈើឈរដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន” តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិតាម រយៈការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារសម្រាប់ការល្បាតព្រៃជាដើម។

លោកបន្តថា កម្ពុជាបាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) ដែលជាយន្តការអន្តរជាតិមួយ សម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោ​ងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់)៕

 

កំណើនដីធ្លីនិងលំនៅឋានត្រូវបានរំពឹងថាមានភាពរឹងមាំនៅឆ្នាំ២០២៣

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពស្រពេចស្រពិលនៅឡើយ ពោលគឺចាប់តាំងពីជួបវិបត្តិក្នុងឆ្នាំ២០២០ ដោយសារតែកូវីដ១៩។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យអចលនទ្រព្យ កម្ពុជាជាច្រើននៅតែបង្ហាញពីក្ដីសង្ឃឹមឡើងវិញ ចំពោះផ្នែកខ្លះនៃអចលនទ្រព្យដូចជាផ្នែកដីធ្លីនិងលំនៅឋាន នៅតែជាផ្នែកមួយដែលអ្នកជំនាញរំពឹងថា បន្តមានភាពរឹងមាំនៅឆ្នាំក្រោយ។

អ្នកនាងអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា ដីធ្លីនិងលំនៅឋាននៅតែជាផ្នែកសំខាន់ ក្នុងការអភិវឌ្ឍនិងរំពឹងថាមានកំណើនរឹងមាំ នៅឆ្នាំ២០២៣ខាងមុខនេះ ។

អ្នកនាងបន្តថា “ស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមានភាពល្អប្រសើរ ជាងបណ្ដាប្រទេសមួយចំនួន បើទោះបីជាការវិនិយោគក្នុងរយៈពេលចុងក្រោយនេះ ផ្ដោតលើអ្នកក្នុងស្រុកក៏ពិតមែន”។ អ្នកនាង​បន្តថា “បើនិយាយជារួម បើនិយាយពីសេដ្ឋកិច្ចក៏ឃើញថា ប្រទេសកម្ពុជាឈរនៅចំណុចល្អជាង បណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ទាំងការស្ដារសេដ្ឋកិច្ច និងអាជីវកម្មដែលរងផប៉ះពាល់ដោយសារតែកូវីដ១៩”។

អត្រាអតិផរណាក៏ឃើញថា កម្ពុជាបានរក្សាក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបានផងដែរ ស្របនឹងបណ្ដាប្រទេសមួយចំនួន បានកើនឡើងខ្ពស់ ។អ្នកនាងអាន សុធីតាបញ្ជាក់ឲ្យដឹងបន្ថែម។

អ្នកនាងបន្ថែមថា នៅឆ្នាំ២០២៣ខាងមុខនេះ វិស័យទេសចរណ៍អាចនឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាងឆ្នាំ២០២២ ដោយនឹងមានកំណើនខ្ពស់ដែលជួយខាងផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច ហើយចំពោះវិស័យដីធ្លីវានឹងមានកំណើនក្នុងអត្រា៥ ទៅ១០ភាគរយ ។ សម្រាប់ផ្នែកលំនៅឋានវិញក៏នឹងមានកំណើដូចគ្នា។

អ្នកតាមដានព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia បានលើកឡើងដោយប្រុងប្រយ័ត្នថា នៅឆ្នាំ២០២៣ ប្រសិនបើនិយាយថាអ្វីៗនឹងល្អប្រសើរ វាដូចជាការវិនិច្ឆ័យឆាប់ពេក សម្រាប់ទីផ្សារនេះ ប៉ុន្តែនៅកម្ពុជាមានសញ្ញាវិជ្ជមានច្រើន ដែលទី១ អ្នកវិនិយោគចិននឹងត្រលប់មកវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំរបស់ពួកគេ ទី២ អត្រាលំហូរពាណិជ្ជកម្មកម្ពុជា នឹងសម្រេចបានកំនើនប្រសើរ ដោយសារកិច្ចព្រមព្រៀងចំនួនបីជាមួយចិន ជាមួយកូរ៉េ និង

កិច្ចព្រមព្រៀងRCEPបានចូលជាធរមាន។

លោកបន្តថា “ប្រសិនជាស្ថានភាពលំហូរFDIល្អមកកាន់កម្ពុជា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យអចលនទ្រព្យនឹងងើបឡើងវិញប្រសើរ ផ្ទុយទៅវិញប្រសិនជាវិបត្តិសេដ្ឋកិច្ចសកលកើនមាន ស្ថានភាពវិស័យនេះនឹងបន្តរងផលប៉ះពាល់បន្តទៀត”។ លោកបន្តថា “សញ្ញានៃការបញ្ចប់សង្រ្គាមរវាង    រុស្ស៊ី និងអ៊ុយក្រែន ក៏មានសភាពមិនច្បាស់លាស់ផងដែរ ខណៈសង្រ្គាមនេះបាននិងកំពុងក្លាយជាផ្នែកមួយ នៃវិបត្តិសេដ្ឋកិច្ចសកលរួចទៅហើយ”។

ជាមួយគ្នានេះ លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២នេះ បណ្ដុំលំនៅឋានមានលក្ខណៈជាបុរី  មានការអនុញ្ញាតឱ្យសាងសង់ថ្មីប្រមា​ណ២០គម្រោង ដែលធ្វើឱ្យសកម្មភាពនៃការសាងសង់ លំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែបន្ត ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងទីផ្សារលំនៅឋាននៅក្នុងប្រទេស នៅមិនទាន់ឆ្លើយតប នឹងតម្រូវការកំណើនប្រជាសាស្ត្រនៅឡើយទេ ដូច្នេះទាមទារឱ្យមានវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិលើលំនៅឋាន ជាពិសេសនោះនៅពេលអនាគតឆាប់ៗនេះ ទីផ្សារមួយនេះនឹងមានតម្រូវការខ្ពស់៕