តំបន់ប៉ែកខាងជើងភ្នំពេញនៅមានសក្តានុពលច្រើនលើការអភិវឌ្ឍ តំបន់ពាណិជ្ជកម្មចម្រុះ

ដោយៈ សុផារី

ភ្នំពេញៈ តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ កាន់តែបង្ហាញសក្តានុពលខ្ពស់ លើគម្រោងអភិវឌ្ឍលំនៅឋានបែបបុរី វីឡា និងខុនដូឬក្លាយជាតំបន់CBDរួចទៅហើយ។

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញអចលនទ្រព្យមើលឃើញថា នេះជាឱកាសសម្រាប់អ្នកវិនិយោគ លើវិស័យដីធ្លីនៅក្នុងតំបន់នេះ ដើម្បីទទួលបានផលចំណេញនៅពេលក្រោយ។

លោក Jackey Tang CEO គម្រោងបុរីDragon land 598 បានមានប្រសាសន៍កាលពីចុងសប្តាហ៍មុនថា តំបនភាគខាងជើងមានសក្តានុពលខ្ពស់ខ្លាំង លើការវិនិយោគអភិវឌ្ឍន៍ លើគម្រោងលំនៅឋានប្រភេទបុរី វីឡា និងខុនដូ។

អគ្គនាយកក្រុមហ៊ុនចិននេះថា “ការអភិវឌ្ឍលំនៅឋានបែបបុរី វីឡា និងខុនដូ នៅមានសក្តានុពលច្រើន នៅតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដោយសារទីតាំងនេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយថែមទាំងជិតនឹងតំបន់អភិវឌ្ឍថ្មី ដែលក្បែរនឹងស្តាតមរកតតេជោ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ គឺកីឡាស៊ីហ្គេម២០២៣”។

លោកបញ្ជាក់ថា តំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ នៅតែមានឱកាសច្រើន សម្រាប់ការវិនិយោគ ខណៈពេលដែលតម្រូវការជួល និងទិញខុនដូហាក់មានសន្ទុះឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល។

ជាមួយគ្នានេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បើទោះបីមានបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសលក្តី ក៏នៅតំបន់ភាគខាងជើងនៃទីក្រុងភ្នំពេញ នៅតែបន្តទាក់ទាញវិនិយោគិន ដើរស្វែងរកទិញដីធ្លីដដែ​ល ខណៈតម្លៃក៏មិនធ្លាក់ដែរ ម៉្យាងវិញទៀត គម្រោងបុរីនៅតែបន្តរីកសាយភាយ។

បច្ចុប្បន្ននេះ គម្រោងបុរីលំនៅឋានជាច្រើនកំពុងមានវត្តមាន ជាអាទិ៍ បុរីជីបម៉ុង បុរិវិមានភ្នំពេញ បុរី Morgan បុរីឡេងណាវ៉ាត់ត្រា និងគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ា លីយ៉ុងផាត់ និងគម្រោងធំៗផងដែរ។

លោកមានប្រសាសន៍ថា គម្រោងអភិវឌ្ឍទាំងនេះ បានធ្វើឱ្យតំបន់នេះបន្តសាយភាយ និងជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋ ដែលមានធនធានអាចវិនិយោគលើវិស័យដីធ្លីនៅក្នុងតំបន់នេះ ដើម្បីទទួលបានផលចំណេញនៅពេលក្រោយ។ លោកបញ្ជាក់ថា តម្លៃដីធ្លីនៅតំបន់នេះនៅមានតម្លៃធូរថ្លៃនៅឡើយ បើធៀបជាមួយនឹងតំបន់ផ្សេងទៀត ដោយទីតាំងខ្លះមានតម្លៃចំនួន៣០ ទៅ៣៥ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េ។

លោក គាម សៀកឡុង បន្តទៀតថា “នៅពេលដែលមានគម្រោងបុរីទៅច្រើនត្រឹម២ ឬ៥គីឡូម៉ែត្រពីគម្រោងនោះ គឺមានឱកាសចំណេញច្រើនណាស់ ព្រោះមិនយូរមិនឆាប់គម្រោងបុរីនឹងទៅដល់ទីនោះ វាធ្វើឱ្យតម្លៃកើនឡើង។ ធម្មតាគម្រោងបុរី វានឹងបន្តរីកបន្តទៀត”៕

ផ្កាលឿងរាជជាង២០០០ដើមនឹងត្រូវដាំនៅក្នុងគំរោងឋានសួគ៌លំហែរ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយនឹងផែនការកសាងនូវគំរោងមួយ ដែលមានភាពទាក់ទាញ និងក្លាយជាទីលំហែរពិតប្រាកដមួយ ក្រុមហ៊ុនYoungsia Real Estateនឹងដាំផ្កាលឿងរាជជាង២០០០ដើម នៅក្នុងគំរោងឋានសួគ៌លំហែរនាពេលខាងមុខនេះ។

ស្ថិតនៅទីតាំងមួយក្បែររមណីយដ្ឋានកែច្នៃ និងធម្មជាតិជាច្រើនគំរោងដីលំហែរ “ឋានសួគ៌លំហែរ” បាននិងកំពុងទទួលបានការចាប់ពអារម្មណ៍ខ្លាំងពីអតិថិជន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ឋ ក្លោងទ្វារ ផ្លូវបាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការរីកចម្រើនសេដ្ឋកិច្ច និងជីវភាព​របស់ប្រជាពលរដ្ឋ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរការ​គិត ដោយពីមុនគិតតែហូបឆ្អែត និងមានផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគេមានហូបឆ្អែត មានផ្ទះស្នាក់នៅរួចហើយ ពួកគេត្រូវការទីតាំងលំហែរបន្តទៀត។

លោកបន្តថា “ហេតុនេះទើបខ្ញុំសម្រេចចិត្តវិនិយោគ គំរោងជាច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់បានដីលំហែរ ពិសេ​សអ្នកទិញដីគំរោងថ្មីនេះ គឺបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។​លោកបន្តថា ជាទីតាំងស្ថិតនៅចន្លោះរមណីយដ្ឋានត្រីមាស និងកំពូលពេជ្រ គំរោងឋានសួគ៌លំហែរ នឹងផ្តល់នូវទស្សនទានអភិវឌ្ឍន៍ថ្មី ដែលមានភាពទាក់ទាញជាមួយទេសភាពជាប់ជើងភ្នំ មានការដាំដើមក្ងោក៤០០ដើម មានសួនទឹកកំសាន្ត និងហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញជាច្រើនទៀត”។

បច្ចុប្បន្នការសាងសង់ក្លោងទ្វារ ក្នុងគំរោងនេះសម្រេចបានប្រមាណ៦០ភាគរយហើយ ខណៈផ្លូវចូលក្នុងគំរោងនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរផងដែរ។

លោកCooler Tanបានបន្តថា យើងរៀបចំផែនការអភិវឌ្ឍន៍តាមស្តង់ដាបុរី និងស្តង់ដារមណីយដ្ឋាន ដើម្បីឲ្យអ្នកទិញគំរោងនេះ មានសុវត្ថិភាព១០០ភាគរយ ដោយក្រុមហ៊ុននឹងផ្តល់ជូននូវសេវាសន្តិសុខ២៤ម៉ោង មានសេវាកម្ម និងការរៀបចំផ្សារភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំព្រង ដែលអាចឲ្យអ្នកទិញដីក្នុងគំរោងនេះ ទទួលអារម្មណ៍ស្រស់ស្រាយ និងរីករាយជាមួយធម្មជាតិនៅជុំវិញខ្លួន៕

លោកឧកញ៉ាម៉ន សុខាត្រូវបានគាំទ្រឲ្យកាន់តំណែងជាប្រធានសមាគមអភិវឌ្ឍន៍ដីឡូត៍បន្តអាណត្តិទី២

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ត្រូវបានក្រុមប្រឹក្សាភិបាលសមាគម សម្រេចបោះឆ្នោតគាំទ្រឲ្យដឹក​នាំសមាគមនេះក្នុងអាណត្តិទី២បន្តទៀត។

ការសម្រេចបែបនេះ របស់សមាជិកក្រុមប្រឹក្សាភិបាល ដោយសារពួកគាត់មើលឃើញពីភាពជាអ្នកដឹកនាំ សមត្ថភាព និងកម្រិតប្រជាប្រិយភាពរបស់លោកឧកញ៉ាមានភាពល្អប្រសើរ។

លោកឧកញ៉ាម៉ន សុខាប្រធានសមាគមបានមានប្រសាសន៍ក្នុងសន្និ​បាតប្រចាំឆ្នាំរបស់សមាគម ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងសមាជិកសមាគម ដែលបានគាំទ្រនិងជ្រោមជ្រែងទាំង ស្មារតី សម្ភារៈ ថវិកាដល់សមាគមនាពេលកន្លងមក។

លោកឧកញ៉ាបានបន្តថា ក្នុងអាណត្តិទី១ ក្នុងពេលលោកបំពេញការងារបានមួយរយៈ យើងបានប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែសមាគម​នៅតែបន្តប្រឹងប្រែង និងធ្វើសកម្មភាពជាច្រើនទាំងការផ្សព្វផ្សាយច្បាប់ ធ្វើ​សកម្មភាពសម្បុរសធ៌ម ការបណ្តុះបណ្តាលពង្រឹង សមត្ថភាពសមាជិកជាដើម។

លោកឧកញ៉ាម៉ន សុខាបានបន្តថា “អ្វីដែលយើងផ្តោតសំខាន់ផងដែរ គឺធ្វើយ៉ាងណាឲ្យសមាជិកសមាគម រៀបចំគំរោងអភិវឌ្ឍន៍ឲ្យមានចីរភាព និងការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវផ្នែកសង្គម”។ លោកបន្តថា “ជាមួយគ្នានេះ យើងក៏ជម្រុញឲ្យសមាជិក សមាជិកាសមាគមគោរពច្បាប់ និងអនុវត្តន៍នូវអ្វី ជាការណែនាំរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ”៕

ការសាងសង់ទីក្រុងនៃសតវត្សរ៍ទី២១ទំនើបជាងគេក្នុងប្រវត្តិសាស្រ្តពិភពលោកគ្មានឧបសគ្គឡើយ

ដោយៈ សុខុម

រីយ៉ាដ: មន្ត្រីថ្នាក់កំពូលអះអាងថា NEOM មិនកំពុងប្រឈមការលំបាក ឬឧបសគ្គរារាំងគម្រោងទីក្រុងឆ្លាតវៃដ៏មហស្ចារ្យ The Line មិនឱ្យដំណើរការទៅមុខឡើយ ខណៈអារ៉ាប៊ីសាអូឌីត ប្តេជ្ញាសម្រេចវាឱ្យក្លាយជាការពិត។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Arab News នៅខាងក្រៅកិច្ចប្រជុំកំពូល នៃក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) កាលពី២សប្ដាហ៍មុននៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក Peter Fitzhardinge ប្រធានទីផ្សារទេសចរណ៍នៃគម្រោង NEOM បញ្ជាក់ថា ការងារសាងសង់ក្នុងគម្រោង NEOM កំពុងតែបន្តដំណើរការទៅមុខជាលំដាប់ ហើយគម្រោងThe Line ដែលមានតម្លៃ៥០០ពាន់លានដុល្លារ នឹងក្លាយជាការពិតយ៉ាងប្រាកដ។

ប្រធានទីផ្សាររូបនេះបន្តថា “ការអភិវឌ្ឍកំពុងតែដំណើរការ ហើយ NEOM នឹងក្លាយជាការពិត។ ខ្ញុំរស់នៅក្នុងគម្រោង NEOM ហើយខ្ញុំឃើញការវិវឌ្ឍជារៀងរាល់ថ្ងៃ។ អ្នកត្រូវតែមកកាន់ NEOM ដើម្បីមើលរបៀបរស់នៅបែបថ្ងៃអនាគត”។

គាត់បន្ថែមទៀតថា “ខ្ញុំបានធ្វើដំណើរទៅកាន់គម្រោង The Line។ ខ្ញុំយល់ថា មិនមានឧបសគ្គរាំងស្ទះដល់គម្រោង The Line ឡើយ ព្រោះយើងមានចក្ខុវិស័យ ឆន្ទៈ និងការតាំងចិត្តយ៉ាងមោះមុត។ The Line នឹងក្លាយជាចំណុចស្នូល នៃគម្រោងដែលលាតសន្ធឹង លើផ្ទៃដី២៦.០០០គីឡូម៉ែត្រការ៉េនេះ”។

ក្នុងប្រជុំកំពូលខាងលើ លោក Nadhmi Al-Nasr នាយកប្រតិបត្តិរបស់ NEOM លើកឡើងថា “ក្នុងគម្រោង The Line យើងចង់ឱ្យមនុស្សម្នាមកមើលពីរបៀប ដែលគេសាងសង់ពហុកីឡដ្ឋាន និងកន្លែងដែលគេសាងសង់វា។ ពហុកីឡដ្ឋានកីឡាក្នុងទីក្រុង NEOM នឹងមានកម្ពស់៣០០ម៉ែត្រ”។

ទីក្រុងឆ្លាតវៃThe Line នឹងត្រូវបានសាងសង់ឡើង ជាទម្រង់ខ្សែបន្ទា​ត់មួយ ដែលគ្របដណ្ដប់ដោយកញ្ចក់ជុំវិញ។ អគារនេះនឹងកម្ពស់៥០០ម៉ែត្រ ទទឹង២០០ម៉ែត្រ និងប្រវែង១៧០គីឡូម៉ែត្រ ហើយអាចឱ្យមនុស្សស្នាក់នៅបានរហូតដល់ទៅ៩លាននាក់៕ Arab News៕

ធនាគារលំនៅដ្ឋានរដ្ឋថៃរកចំណូលបានជិត១០១លានដុល្លារពីការ ដាក់ដេញថ្លៃអចលនទ្រព្យដែលបានរឹបអូស

ដោយ: លាងហួរ

បាងកក: ធនាគារលំនៅដ្ឋានរដ្ឋ(GHB) របស់ប្រទេសថៃរកប្រាក់បានជាង ៣,៥ពាន់លានបាត (ប្រហែល១០០,៨លានដុល្លារ) ពីការលក់ដេញថ្លៃអចលនទ្រព្យ ដែលត្រូវបានរឹបអូសក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២២នេះ។

លោក Saksit Jittanoon នាយករងគ្រប់គ្រងរបស់ធនាគារ GHB បានមានប្រសាសន៍ថា ធនាគារនេះរកប្រាក់បាន៥៥០លានបាត(ប្រហែល១៥,៨៤លានដុល្លារ) ពីការដេញថ្លៃអចលនទ្រព្យចំនួន៤៩៥ កាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូ។

លោកបានបន្តថា ក្នុងចំណោមអចលទ្រព្យសរុប ក្នុងនោះអចលនទ្រព្យចំនួន១១៩មានតម្លៃ១២៦លានបាត មានទីតាំងនៅតំបន់ Greater Bangkok ហើយអចលទ្រព្យចំនួន៣៧៦ផ្សេងទៀត មានតម្លៃ៤២៤លានបាត ដែលមានទីតាំងនៅតំបន់ផ្សេងទៀតនៃប្រទេសថៃ។

ធនាគារGHBរំពឹងថា នឹងទទួលបានចំណូលយ៉ាងហោចណាស់៤ពាន់លានបាតនៅឆ្នាំនេះ និង៤,៥ពាន់លានបាតនៅឆ្នាំ២០២៣ ពីការដេញថ្លៃអចលនទ្រព្យទាំងនោះ។

លោក Saksit បានបន្ថែមថា ធនាគារ GHB គ្រោងបង្កើតកម្មវិធីស្មាតហ្វូនមួយ ដើម្បីសម្រួលដល់ការទិញអចលនទ្រព្យ ឱ្យបានកាន់តែងាយស្រួល។

ធនាគារ GHB ក៏គ្រោងដាក់លក់ដេញថ្លៃលើអចលនទ្រព្យមួយចំនួនទៀត ដែលត្រូវបានរឹបអូសនៅទីក្រុងបាងកកក្នុងឆ្នាំនេះ ដើម្បីរក្សាសាច់ប្រាក់ងាយស្រួលរបស់ធនាគារ និងត្រៀមរៀបចំខ្លួនសម្រាប់វិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ខាងមុខ៕

តើឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាធ្លាប់លើកឡើងពីសក្តានុពលអ្វីខ្លះ នៅខេត្តកំពង់ស្ពឺ?

  ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ កត្តាភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋតភភ្ជាប់ទៅកាន់តំបន់នានាប្រៀបដូចជាសសៃឈាម បានធ្វើឲ្យខេត្តកំពង់ស្ពឺទាក់ទាញការវិនិយោគកាន់តែច្រើន ពិសេសរោងចក្រ ឧស្សាហកម្មនានា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មានជីវភាពល្អប្រសើរមួយកម្រិត។​

លោកបានបន្តថា “សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ ដោយមានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា “ជាឧទាហរណ៍ ពីមុន ស្រូវមួយតោនលក់បាន៣២០ដុល្លារ អីឡូវនេះមួយហិចតា ក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋាន ភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះ ជាការរីកចម្រើន ដែលយើងបាន តាមរយៈគោលនយោបាយសេដ្ឋកិច្ច មិនមែនថាយើងគិតតាំងពីកីឡាទេ បានកីឡាហើយថែមរឿងនេះផង”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និងរាជធានីដោយបានបើកចំហ     ឱ្យមាន ការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សម្រា​ប់ធ្វើការអភិវឌ្ឍវិស័យរោងចក្រ និងកសិកម្ម៕

អ្នកជំនាញលើកឡើងពីពេលវេលាដែលទីផ្សារដីឡូត៍នឹងមានស្ថានភាពល្អប្រសើរឡើងវិញ

ដោយ: សុផារី

ភ្នំពេញ: ទោះបីជាស្ថានភាពទីផ្សារដីឡូត៍ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះប្រឈមនឹងការលក់ធ្លាក់ចុះក្តី តែទីផ្សារមួយនេះនៅតែអាចបន្តសកម្មភាពយូរឆ្នាំទៅមុខទៀត ហើយក្នុងពេលឆាប់ៗនេះ នឹងមានភាពល្អប្រសើរឡើងវិញ។

លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសា សន៍ នៅថ្ងៃទី៣ ខែធ្នូថា អាជីវកម្មដីឡូត៍ នឹងនៅតែបន្តដំណើរការ១០ ទៅ២០ឆ្នាំទៀត។ អតិថិជនដែលទិញដីឡូត៍នៅកម្ពុជា គឺប្រជាជនវ័យក្មេង ដែលមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះ ឬខុនដូ។

អ្នកជំនាញអចលនទ្រព្យរូបនេះ បង្ហាញសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារដីឡូត៍ ដោយលើកឡើងថា ដីឡូត៍នឹងដំណើរការល្អឡើងវិញ នៅពេលដែលសេដ្ឋកិច្ចជាតិមានលំនឹង ជាពិសេសទីផ្សារឧស្សាហកម្ម និងសេវាកម្ម ក្នុងប្រទេសដំណើរការល្អប្រសើរឡើងវិញ ដោយសារតែអតិថិជនដែលទិញដីឡូត៍ ភាគច្រើនជាក្រុមអ្នកធ្វើការនៅក្នុងទីផ្សារទាំងនេះ។

លោកបណ្ឌិតគូសបញ្ជាក់ថា “នៅពេលសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដំណើរការល្អ មនុស្សដែលធ្វើការនៅក្នុងវិស័យទាំងនេះមានការងារធ្វើ មានចំណូលថេរ ស្ថានភាពសេដ្ឋកិច្ចគាត់ដើរ នោះគាត់មានលុយ នឹងទិញដីឡូត៍ទៀតហើយ”។

យ៉ាងណាក្តី លោកបណ្ឌិតមើលឃើញថា នាពេលបច្ចុប្បន្ននេះស្ថានភាពដីឡូត៍នៅមានភាពតានតឹងបន្តិច ដោយសារស្ថានភាពទីផ្សារសេវាកម្មទើបតែបើកដំណើរការដោយការប្រុងប្រយ័ត្នខ្ពស់ ហើយអ្នកធ្វើការក្នុងវិស័យនេះ មិនទាន់អាចមានស្ថិរភាពចំណូល ដែលធ្វើឱ្យគាត់សម្រេចចិត្តទិញដីឡូត៍នៅឡើយទេ៕

អ្នកជំនាញបង្ហើបវិធីសាស្រ្តវិនិយោគ៤យ៉ាងដើម្បីឆាប់សំរេចបាន នូវសេរីភាពហិរញ្ញវត្ថុ

ដោយៈ សុផារី

ភ្នំពេញៈ អ្នកវិនិយោគ មិនថា វិនិយោគលើចំណេះដឹង អចលនទ្រព្យ អាជីវកម្ម ។ល។ តែងតែមានគោលដៅទទួលបានចំណូល ហើយអាចរស់នៅដោយសុខស្រួល នៅពេលខ្លួនមានវ័យចាស់។

អ្នកជំនាញសេដ្ឋកិច្ច និងវិនិយោគបានចែករំលែកយុទ្ធសាស្ត្រវិនិយោគចំនួន៤យ៉ាង  ដើម្បីឆាប់សំរេចបាននូវសេរីភាពហិរញ្ញវត្ថុ។

លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកជំនាញហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណៈមួយនៅក្នុងរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពីយុទ្ធសាស្ត្រវិនិយោគ៤យ៉ាង ដើម្បីឆាប់សំរេចបាននូវសេរីភាពហិរញ្ញវត្ថុ។

យុទ្ធសាស្ត្រទី១ លោក ង៉ែត ជូ លើកទឹកចិត្តឱ្យចាប់ផ្តើមវិនិយោគពីវ័យក្មេង ជាពិសេសនៅពេលចាប់ផ្តើម មានប្រាក់ខែនៅពេលណា ត្រូវចាប់  ផ្តើមសន្សំ ដើម្បីវិនិយោគក្នុងពេលនោះតែម្តង។

យុទ្ធសាស្ត្រទី២ លោកលើកឡើងថា យើងត្រូវវិនិយោគលើអ្វី ដែលយើងមានចំណេះដឹងលើផ្នែកនោះ ហើយស្របពេលកំពុងតែវិនិយោគផង យើងត្រូវរៀនសូត្របន្ថែមជាប់ជាប្រចាំផង ដើម្បីបង្កើនចំណេះដឹង។

យុទ្ធសាស្ត្រទី៣ អ្នកវិនិយោគត្រូវពិចារណាជ្រើសរើសវិនិយោគលើអ្វី ដែលផ្តល់ផលចំណេញ ឬកំណើនតម្លៃ (Capital Gain) ឬទាំងចំណេញនិងកំណើនតម្លៃ ចាប់ពី២០ក្នុង១ឆ្នាំឡើងទៅ។

លោកបញ្ជាក់ថា “ពេលនៅក្មេង ពោលគឺអាយុក្រោម៤៥ឆ្នាំ កុំទាន់គិតពីចំណូលអកម្ម ព្រោះចំណូលអកម្ម គឺសមស្របសម្រាប់មនុស្សចូលនិវត្តន៍ប៉ុណ្ណោះ។ ពោលគឺគួរផ្តោតឱ្យខ្លាំងលើការវិនិយោគ ដើម្បីបង្កើនទ្រព្យ”។

យុទ្ធសាស្ត្រទី៤ អ្នកវិនិយោគត្រូវបន្ថែមលើការសន្សំ ដើម្បីវិនិយោគ គឺគួរចេះប្រើដើមទុនពីប្រភពដទៃ ដែលមានថ្លៃដើមទាប ដើម្បីបង្កើនលទ្ធភាពនៃផលចំណេញ។ លោកណែនាំថា គួរប្រើយ៉ាងហោចណាស់៥០% នៃចំណូលដែលរកបាន ដើម្បីវិនិយោគ ហើយបន្តវិនិយោគរៀងរាល់ឆ្នាំឱ្យបានជាប់ជាប្រចាំ៕

បុស្បា ប្រផឹធី បើកសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសអស្ចារ្យ

ភ្នំពេញ៖ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងរៀបចំបើកកម្មវិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងប្រភេទផ្ទះដ៏ស្រស់ស្អាតរួមមាន វីឡាអេនជែល និងវីឡាស៊ុបពើធ្វីន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅទីតាំងគម្រោង បុស្បា អប្សរមេរា។

ប្រណីតភាព ភាពស៊ីវិល័យ និងផាសុកភាព របស់វីឡាទោល អេនជែល និងវីឡាភ្លោះ ស៊ុបពើធ្វីន ស្ថិតនៅក្នុងគម្រោង បុស្បា អប្សរមេរា គឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់ស្តង់ដារ រចនាបថ ខាងក្រៅ ផ្តល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទះ ពណ៌ផ្ទះ និងការតុបតែង ដែលរំលេចនូវភាពឆើតឆាយ និងភាពថ្លៃថ្នូរសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។

រីឯរចនាបថខាងក្នុងវិញ មានភាពធំទូលាយ ផ្តល់ជូនពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ អមជាមួយនឹងសួនច្បារបៃតងជុំវិញផ្ទះ និងចំណតយានយន្តធំទូលាយ ដែលផ្តល់អោយក្រុមគ្រួសារនូវបទពិសោធន៍រស់នៅថ្មី រស់រវើក និងសម្បូរបែប ជាមួយធម្មជាតិថែមទៀតផង។

បន្ទប់ទទួលភ្ញៀវមានទំហំស្រឡះ សម្រាប់ការស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ មានបរិវេណសម្រាប់ការពិភាក្សាការងារផ្សេងៗ។ បន្ទប់ញុំាអាហារ ធំទូលាយ ប្រណិត ឥតខ្ចោះ ដែលលោកអ្នកអាចបំពាក់នូវសម្ភារៈទំនើបទាន់សម័យ និងគុណភាពខ្ពស់។

រឹតតែមិនអាចមើលរំលងពីវីឡាទោល អេនជែល គឺមានវេរ៉ង់ដា​ធំទូលាយ ដែលអាចទទួលអារម្មណ៍ស្រស់ស្រាយទទួលថាមពលពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម អាចជួបជុំគ្រួសារនាពេលល្ងាចក្នុងផ្ទះ ផ្តល់នូវភាពងាយស្រួលសាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន។

សម្រាប់ វីឡាភ្លោះ ស៊ុបពើធ្វីន ក៏មានលក្ខណៈពិសេសរបស់ខ្លួន ដែលជាប្រភេទផ្ទះ មានកន្លែងកម្សាន្តលើអាកាសធំទូលាយ និងអាងហែលទឹកនៅចំហៀងផ្ទះ ផ្តល់ជូននូវការជួបជុំដ៏រីករាយ សម្រាប់គ្រួសារសម័យថ្មី។

អ្វីដែលពិសេស រាល់ការទិញផ្ទះគ្រប់ប្រភេទ ក្នុងកម្មពិធីដ៏ពិសេសរបស់បុរីបុស្បា អតិថិជននឹងទទួលបានការចាប់រង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនគាប់ចិត្ត ដូចជា ៖

ទូរស័ព្ទ IPHONE 14 Pro Max

  • ដំណើរកម្សាន្ត ទៅកាន់ ទីក្រុងឌូបៃ
  • ជិះកប៉ាល់ទេសចរណ៍កម្សាន្តនៅក្នុងតំបន់អាស៊ី
  • ឈ្នះទឹកប្រាក់ភ្លាម $1,000, $2,000, $3,000
  • ទូរទឹកកក
  • ម៉ាស៊នបោកខោអាវ

បុរី បុស្បា ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដែ​លមានទស្សនវិស័យរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានភាពលេចធ្លោរ ដោយការអភិវឌ្ឍលើគម្រោងអចលនទ្រព្យដ៏ល្អៗនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។

បច្ចុប្បន្ននេះ បុរីបុស្បា កំពុងអភិវឌ្ឍលើគម្រោងលំនៅដ្ឋានពិសេសមួយ ដែលមានឈ្មោះថា “បុស្បា អប្សរមេរា” ស្ថិតលើផ្លូវ 40ម៉ែត្រ លើផ្ទៃដីទំហំ 10ហិចតា ក្នុងខណ្ឌដង្កោ  ដោយសាងសង់ប្រភេទផ្ទះវីឡាបែបទំនើប ដែលស័ក្តិសមជាមួយសម័យកាល។

បុរី បុស្បា នឹងពង្រីកគម្រោងបន្តបន្ទាប់ជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ព្រមទាំងជួយបង្កើតការងារបន្ថែមជូនប្រជាជនកម្ពុជា និងជម្រុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

គម្រោង បុស្បា អប្សរមេរា មានផ្ទះប្រណិតៗ ចំនួន៧ប្រភេទដូចជា៖ វីឡាហេរ៉ូ វីឡាអេនជែល វីឡាស៊ុបពើធ្វីន វីឡាម៉ូឌឺនធ្វីន ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse, ផ្ទះអាជីវកម្មខ្នាតមធ្យម Shophouse A និង B ៕

ក្រុមហ៊ុនEvergrandeប្តេជ្ញាសម្រេចឱ្យបានគោលដៅផ្ទេរអចលន ទ្រព្យចំនួន៣០ម៉ឺនយូនីតទៅកាន់អតិថិជនរបស់ខ្លួន

ដោយ: លាងហួរ

ហុងកុង: លោក Hui Ka Yan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group បានមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្ទៃក្នុងកាលពីថ្ងៃសុក្រ ទី០២ ខែធ្នូថា ក្រុមហ៊ុននឹងសម្រេចបាននូវគោលដៅផ្ទេរអចលនទ្រព្យ ទៅឱ្យអតិថិជនរបស់ខ្លួនសម្រាប់ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលដកស្រង់សម្តីរបស់លោក Hui KaYan  បានបង្ហាញថាក្រុមហ៊ុនEvergrande គ្រោងផ្ទេរលំនៅដ្ឋានចំនួន៣០០.០០០យូនីតនៅឆ្នាំនេះ ក្រោយពីក្រុមហ៊ុននេះ បានផ្ទេរលំនៅដ្ឋានចំនួន២៥៦.០០០យូនីត ទៅកាន់អតិថិជនរបស់ខ្លួនកាលពីចន្លោះខែមករាដល់ខែវិច្ឆិកា។

លោក Hui Ka Yan បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងត្រូវផ្ទេរលំនៅដ្ឋាន ចំនួន៤៤.០០០យូនីតបន្ថែមទៀត ទៅកាន់អតិថិជននៅក្នុងខែធ្នូនេះ ដោយពេលវេលានៅសេសសល់ ត្រឹមតែ២៩ថ្ងៃទៀតប៉ុណ្ណោះ​។

យ៉ាងណាមិញក្រុមហ៊ុន Evergrande បាន​នឹងកំពុង​រៃអង្គាស​ប្រាក់​ដែល​ខ្លួន​ត្រូវ​ការ ​ដើម្បី​ទូទាត់សងឱ្យ​ម្ចាស់បំណុល និង​អ្នក​ផ្គត់ផ្គង់​ជា​ច្រើន​របស់​ខ្លួន។

ក្រុមម្ចាស់មូលបត្របំណុលរបស់ Hengda Real Estate ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុកមួយរបស់ Evergrande បានយល់ព្រមលើការពន្យារពេលសងបំណុល និងការបង់អត្រាការប្រាក់ លើមូលបត្របំណុលមួយ ក្នុងចំណោមមូលបត្របំណុលសរុបក្នុងស្រុករបស់ខ្លួន។

ចំណែកកាលបរិច្ឆេទនៃការទូទាត់សងប្រាក់វិញ នឹងត្រូវបានពន្យារពេលពីថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ៕