ក្រុមហ៊ុនERA Cambodia រៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៤ និងការដាក់ផែនការពង្រីកសមាជិកដល់៥០០០នាក់

ដោយៈ សហការី

       ភ្នំពេញៈ  ក្រុមហ៊ុនERA Cambodia បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការ ពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ ​

សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។​ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត២០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗ ដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាល ចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិកម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោ​យគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ​​

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានថ្លែងថា       “ យើងមានមោទកភាពដែលអាចនិយាយបានថា ERA Cambodia ជាក្រុមហ៊ុននាំមុខគេមួយ នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលតែងរៀបចំព្រឹត្តិការណ៍ធំៗដើម្បីអបអរសាទរ និងទទួលស្គាល់សមិទ្ធផលក្រុមងារ ដោយឈរលើទស្សនៈ ភាពជោគជ័យរបស់ក្រុមការងារ គឺជាជោគជ័យរបស់ក្រុមហ៊ុន”។

 

សន្និបាតធុរកិច្ចប្រចាំឆ្នាំ របស់ក្រុមហ៊ុនERA Cambodia ទទួលបានការចូលរួមសហការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ខុនដូធំៗ ដូចជា គម្រោង បុរីR&F, Wealth Mansion និងគម្រោងខុនTime Square​ ហើយម្ចាស់គម្រោងខុនដូទាំងនេះ ក៏បានប្រកាសបញ្ចុះតម្លៃពិសេស ខណៈដែលក្រុមហ៊ុនZ1 FINANCIAL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ ថ្នាលបច្ចេកវិទ្យាវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យ តាមបែបបច្ចេកវិទ្យាBlockchain​​ រួមនឹងក្រុមហ៊ុន ZILLENNIUM GROUP ក៏បានបង្ហាញវត្តមានជាអ្នកគាំទ្រដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។  ​

ERA Real Estate ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ លំដាប់ពិភពលោកមួយនេះ មានភ្នាក់ងារអាជីពប្រមាណ៤០,០០០នាក់ ជាមួយការរិយាល័យប្រតិបត្តិការដល់ទៅ ២ ២០០ការិយាល័យ នៅទូទាំង៣៧ប្រទេសលើពិភពលោក​។

ម៉ាកយីហោអចលនទ្រព្យ ERA Real Estate ត្រូវបាននាំចូលមកកម្ពុជា ហើយប្រតិបត្តិការក្រោមឈ្មោះ ERA Cambodia ចាប់តាំងពីឆ្នាំ២០១៩ ដែលដឹកនាំដោយលោក ខន គង្គា ជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិ។  ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូ ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

បច្ចុប្បន្ន​ក្រុមហ៊ុន​មានភ្នាក់ងារប្រមាណ១៧០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូនៅកម្ពុជា។

ខុនដូ គឺជាលំនៅឋានបែបសហកម្មសិទ្ធិ​ ដែលជាចំណែកទីផ្សារដ៏មានសក្តានុពលមួយ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ មានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ប្រមាណ៨ម៉ឺនយូនីតនៅឆ្នាំ២០២៥។

យ៉ាងនេះក្តី ឥទ្ធិពលនៃជំងឺកូវីដ ១៩ និងបញ្ហាសេដ្ឋកិច្ចសកល ការផ្គត់ផ្គង់ខុនដូហាក់មានកំណើនតិចតួច ចំណែកឯតម្លៃទីផ្សារខុនដូវិញ មានការប្រែប្រួលតិចតួច បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។

យោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញ ក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថាបច្ចុប្បន្ន ខុនដូមានតម្លៃជាមធ្យមចាប់ពី១៥០០ ទៅ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញជាមធ្យមចាប់ពី ៨ ទៅ១៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

យ៉ាងណាមិញ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ​បានលើកឡើងថា ទីផ្សារខុនដូគឺជាការអភិវឌ្ឍ សម្រាប់រយៈពេលវែង ហើយជាជម្រើសដ៏ ល្អសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស ដោយសារកំណើនពលរដ្ឋកម្ពុជា ដែលមានកម្រិតជីវភាពធូរធារនឹងបន្តកើនឡើង ការកើនឡើងនៃរំហូរវិនយោគពីក្រៅប្រទេស និងជនបរទេសដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម ១៥ ភាគរយ ក្នុងមួយឆ្នាំ ដែលជាអត្រានៃផលចំណេញខ្ពស់ (high capital gain) បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។

លោកបន្តថា “​ស្ថានភាពបច្ចុប្បន្នគឺជាឱកាសដ៏ល្អ សម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះថាមានគម្រោងជាច្រើន ផ្តល់លក្ខណ្ឌទូទាត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន”។ លោកបន្តថា “ដើម្បីទាញយកផលចំណេញពីការវិនិយោគ ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ យើងសូមលើកទឹកចិត្ត ដល់អ្នកវិនិយោគធ្វើការជាមួយភ្នាក់ងារជំនាញ ប្រឹក្សាយោបល់ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ”។

វត្តមានក្រុមហ៊ុន ERA Cambodia បើកដំណើរការនៅក្នុងទីផ្សារកម្ពុជារយៈពេលជាង៤ឆ្នាំ បានរួមចំណែកដ៏សំខាន់ ក្នុងទីផ្សារខុនដូនៅកម្ពុជា ដែលមានភ្នាក់ងារ ផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុននេះ ទទួលបានការសហការ ដើម្បីលក់គម្រោងខុនដូធំៗជាង៣០គម្រោង ដែលទុនវិនិយោគនៃគម្រោងទាំងនេះ បូកបញ្ចូលគ្នាមានតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិក។

មិនតែប៉ុណ្ណោះ ERA Cambodia ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារដល់យុវជនកម្ពុជា ដោយក្រុមហ៊ុនមានផែនការបង្កើនភ្នាក់ងារលក់ពី១៧០០នាក់ នាពេលបច្ចុប្បន្ន ដល់ប្រមាណ៥០០០នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ៕

អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្តល់សារដ៏កក់ក្តៅដល់កម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានអះអាងថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា។

នៅក្នុងជំនួបនោះសម្ដេចតេជោ និងលោកAntonio Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន ទី១ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទី២ ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការសហប្រជាជាតិ និងប្រធានបទ និងទី៣ ការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។

ប្រធានបទទី១ លោកបានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេ​ចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ លោកបានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។

ប្រធានបទទី២ សម្ដេចតេជោបានមានប្រសាសន៍ថា កិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ គឺល្អបំផុត។​​ ​កម្ពុជា និងអង្គការសហប្រជាជាតិ បានសហការគ្នា បង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ទទួលបាន​​​ជោគជ័យ និងអាចចាត់ទុកបានជាគំរូ។ កម្ពុជា បានបញ្ជូនកម្លាំងការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីធ្វើ​​​ការងារ​​​​មនុស្សធម៌ និងមានកិច្ចប្រជុំជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាប្រចាំ។

ពាក់ព័ន្ធនិងករណីនេះ លោកបានមាន​​​ប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះកម្លាំងការពារសន្តិភាពរបស់កម្ពុជា ពួកគាត់ធ្វើការបាន​​​ល្អជាទី​​​បំផុត”​​​​។ លោកបន្ថែមថា “រាល់ទីកន្លែងដែលពួកគាត់បានទៅធ្វើប្រតិបត្តិការ ពួកគាត់រមែងទទួលបាននូវការគោរព​​​​ស្រលាញ់ តាមរយៈកិច្ចការរបស់គាត់ ដែលបានធ្វើអស់ពីកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈ”។

ប្រធានបទទី៣ លោកAntonio បានគោរពជម្រាបជូនសម្ដេចតេជោថាអង្គការសហប្រជាជាតិ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា រួមទាំងទទួលយកនូវសំណើរបស់សម្ដេចតេជោ ស្នើសុំឲ្យបញ្ចូលបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៕

 

អ្នកជំនាញរំពឹងថាដីធ្លីនៅក្នុងខេត្តរតនៈគិរីនឹងងើបឡើងវិញក្នុងឆ្នាំ២០២៤ ឬ២០២៥

ដោយៈ សុផារី

រតនគិរីៈ ខេត្តរតនគិរី កំពុងយកចិត្តទុកដាក់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលជាគោលការណ៍នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនឹងហុចផលចំណេញ ដល់ទីផ្សារអចលនទ្រព្យនៅក្នុងមូលដ្ឋាន។

អ្នកជំនាញលើកឡើងថា គម្រោងទាំងនោះនឹងជំរុញឱ្យដីធ្លីនៅក្នុងខេត្តរតនគិរីមានកំណើនតម្លៃ ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត។

លោកយ៉ូន សុខរិន ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ក្តីរំពឹងតម្លៃដីធ្លីនៅក្នុងខេត្តរតនគិរី នឹងមានការងើបឡើងវិញបណ្តើរៗ នៅក្នុងរយៈពេល២ ឬ៣ឆ្នាំទៀត ពោលគឺក្នុងឆ្នាំ២០២៤ ឬ២០២៥។

លោកបានឱ្យដឹងថា “បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងមមាញឹកក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមស្វាគមន៍ការត្រល​ប់មកវិញនៃអ្នកចំណូលស្រុកពីបណ្តាខេត្តនានា ដែលនឹងបង្កើនតម្រូវការច្រើន និងជំរុញឱ្យតម្លៃដីធ្លី និងអចលនទ្រព្យមានកំណើនផងដែរ”។ លោកថា “នេះជាឱកាសល្អសម្រាប់អ្នក ដែលមានថវិកាហើយចង់វិនិយោគ ព្រោះនៅក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត ការវិនិយោគនេះនឹងហុចផលចំណេញត្រលប់មកវិញ”។

លោកបញ្ជាក់ថា ទោះបីបច្ចុប្បន្ននេះ តម្លៃដីធ្លីនៅទ្រឹង ឬតំបន់ខ្លះអាចនឹងមានភាពស្ងប់ស្ងាត់បន្តិច ដោយសារតែមិនទាន់សូវមានអ្នកវិនិយោគច្រើនដូចពេលមុនក្តី ប៉ុន្តែបច្ចុប្បន្ននេះ ខាងរដ្ឋបាលខេត្តកំពុងតែរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ហើយជាក្តីរំពឹងនៅក្នុងឆ្នាំ២០២៤ ឬត្រឹមឆ្នាំ២០២៥ ដីធ្លី និងវិស័យអចលនទ្រព្យរតនគិរី នឹងចាប់ផ្តើមងើបឡើង ហើយអ្នកវិនិយោគនឹងទទួលបានផលពីគម្រោងទាំងនោះ។

លោកថា កត្តាដែលសំខាន់បំផុត ដែលនឹងជំរុញសក្តានុពលតំបន់អភិវឌ្ឍន៍នៅក្នុងខេត្ត រួមមាន គម្រោងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីរួមខេត្តឱ្យមានទំហំធំជាងមុន និងនៅតាមបណ្តារមណីយដ្ឋាននានា ដើម្បីទាក់ទាញទេសចរមកទស្សនាច្រើន។ ម្យ៉ាងទៀត វិសាលភាពនៃដីធ្លីនៅក្នុងខេត្តរតនគិរីមានច្រើន ហើយតម្លៃដីធ្លីនៅមានភាពធូរថ្លៃច្រើន។

អ្នកជំនាញមូលដ្ឋានរូបនេះមើលឃើញថា នាពេលនេះជាឱកាសមាសសម្រាប់អ្នកដែលមានថវិកា ហើយចង់វិនិយោគ ព្រោះនាពេលអនាគត នោះគាត់នឹងទទួលបានផលចំណេញខ្ពស់ ក្នុងរយៈពេលមធ្យម ឬរយៈពេលវែង ដោយសារដីធ្លីនៅក្នុងទីរួមខេត្តដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍មានទំហំធំៗច្រើន ហើយនាពេលអនាគត នឹងមានតម្រូវការត្រលប់មកវិញក្នុងពេលឆាប់ៗ។

លោកបានបន្តថា “សម្រាប់អ្នកទិញទុកចំណេញ ក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត វាជាឱកាសចំណេញសម្រាប់គាត់ ហើយគាត់អាចធ្វើការអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់តម្រូវការនាពេលនោះ”៕

កាស៊ីណូម៉ាកាវគ្រោងបោះទុនវិនិយោគជាង១២ពាន់លានដុល្លារសំរាប់ផែនការវិនិយោគ១០ឆ្នាំខាងមុខ

ដោយ: លាងហួរ

ម៉ាកាវ:ក្រុមប្រតិបត្តិករកាស៊ីណូម៉ាកាវ ដែលកំពុងប្រជែងគ្នាដើម្បីទទួលបានអាជ្ញាប័ណ្ណត្រូវបានគេរំពឹងថា ពួកគេនឹងបោះទុនវិនិយោគសរុបប្រហែល១០០ពាន់លានប៉ាតាកាស(១២,៤ពាន់លានដុល្លារ) ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

បេក្ខភាពទាំង៧ ដែលកំពុងប្រកួតប្រជែងគ្នារួមមានក្រុមហ៊ុន Sands China, Wynn Macau Galaxy Entertainment, MGM China Melco Resorts និង SJM Holdings ក៏ដូចជាអ្នកចូលរួមថ្មី Genting Malaysiaផងដែរ។

ដំណើរការចរចារជាមួយរដ្ឋបាលក្រុងម៉ាកាវ គឺស្ទើរតែបញ្ចប់រួចរាល់ទៅហើយ ដោយក្រុមអ្នកដេញថ្លៃបានឈាន ដល់ការព្រមព្រៀងគ្នាលើអ្វីដែលពួកគេម្នាក់ៗ ស្នើធ្វើឡើងក្នុងអាជ្ញាប័ណ្ណ ដែលមានរយៈពេល១០ឆ្នាំដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៣។

ក្រុមហ៊ុនទាំង៦ខាងលើ បានដំណើរការនៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវ ចាប់តាំងពីឆ្នាំ២០២២ ដោយសម្បទានបច្ចុប្បន្នរបស់ពួកគេ នឹងផុតកំណត់នៅចុងឆ្នាំ២០២២នេះ។

ការដេញថ្លៃសម្រាប់អាជ្ញាប័ណ្ណថ្មី កើតឡើងស្របពេលដែលគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិន បានរារាំងប្រាក់ចំណូលកាស៊ីណូក្នុងរយៈពេល២ឆ្នាំកន្លងមក ទោះបីជាមានការបន្ថយការរឹតបន្តឹង ក្នុងការធ្វើដំណើរសម្រាប់ចិនដីគោកក៏ដោយ ប៉ុន្តែប្រាក់ចំណូលពីវិស័យល្បែងទំនង​ជាមិនហក់ឡើងវិញក្នុងរយៈពេលដ៏ខ្លីនេះទេ៕

ប្រធានាធិបតី ចូ បៃឌិន ប្ដេជ្ញាប្រកួតប្រជែងជាមួយមហាយក្សចិន ដោយសុច្ចរិតភាព និងជៀសវាងជម្លោះ

ដោយៈ សុខុម

ភ្នំពេញ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្ដេជ្ញានៅចំពោះមុខបណ្ដាមេដឹកនាំអាស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក នឹងធ្វើការប្រកួតប្រជែងជាមួយមហាយក្សចិន ដោយសុច្ចរិតភាព ហើយនឹងនៅតែព្យាយាមទប់ស្កាត់ជម្លោះមិនឱ្យកើតឡើង។

លោក ចូ បៃឌិន ថ្លែងថា សហរដ្ឋអាមេរិកនឹង “ប្រកួតប្រជែងយ៉ាងខ្លាំងក្លា” ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ខណៈ”ធានាទប់ស្កាត់មិនឱ្យការប្រកួតប្រជែងនោះធ្លាក់ចូលក្នុងជម្លោះ” ដោយលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។

មេដឹកនាំរបស់សហរដ្ឋអាមេរិក រូបនេះក៏បានអំពាវនាវឱ្យក្រុមមេដឹក​នាំយោធាមីយ៉ាន់ម៉ា គោរពតាមផែនការសន្តិភាព ដែលពួកគេបានព្រមព្រៀងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ចូ បៃឌិន ក៏បានថ្កោលទោសប្រទេសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលយ៉ាងគឃ្លើន និងថ្កោលទោសប្រទេសរុ  ស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន “យ៉ាងឃោរឃៅ និងអយុត្តិធម៌” ផងដែរ។

តំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ផងដែរ ដោយក្នុងនោះលោក ចូ បៃឌិន នឹងជួបជាមួយសមភាគីចិន គឺប្រធានាធិបតី ស៊ី ជីនភីង ជាលើកដំបូងចាប់តាំងពីចូលកាន់អំណាច។

ទំនាក់ទំនងរវាងមហាអំណាចទាំង២ ពោលគឺសហរដ្ឋអាមេរិក និងមហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕ Bangkok Post៕

វត្តមានមេដឹកនាំអាស៊ាននិងពិភពលោកនៅកម្ពុជាបង្កើនទំនុកចិត្ត ដល់វិនិយោគិនបរទេស

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភាពជោគជ័យនៃប្រធានអាស៊ានឆ្នាំ២០២២ គឺត្រូវបានចរិកទុកក្នុងចិត្តមេដឹកនាំនានា ដែលបានមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់មានវត្តមានមេដឹកនាំ អាស៊ាននិងពិភពលោកជាច្រើន អញ្ជើញចូលរួមក្នុងនោះក៏មានមេដឹកនាំប្រទេសមហាអំណាច ដូចជាប្រ ធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីចិន និងមេដឹកនាំប្រទេសអ្នកមានជាច្រើនទៀតផងដែរ។

វត្តមានមេដឹកនាំអាស៊ាន និងពិភពលោកទាំងនេះ នឹងផ្ដល់នូវទំនុកចិត្តដល់វិនិយោគិនបរទេស ក្នុងការចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យ នៅកម្ពុជាបានបង្ហាញពីសុទិដ្ឋិនិ​យមខ្ពស់ ចំពោះការងើបឡើងវិញនៃរំហូរវិនិយោគផ្ទាល់ពីបរទេស ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសង្ឃឹមថាកិត្យានុភាពរបស់កម្ពុជា នឹងល្បីខ្ទរខ្ទារបន្ថែមទៀតបន្ទាប់កម្ពុជាទទួ​លបដិសណ្ឋារកិច្ចចំពោះភ្ញៀវមេដឹកនាំពិភពលោក ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺពិតជានឹងផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា ធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្រើននិងកាន់តែច្បាស់ ហើយបើសិនជាកម្ពុជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍម្ល៉េះ មេដឹកនាំកំពូលៗពិភពលោកនឹងមិនមកកម្ពុជានោះទេ ។

លោកបន្តថា “ក្រោយកិច្ចប្រជុំនេះទៅ ខ្ញុំមានជំនឿជាក់ថាកម្ពុជានឹងទទួលបានវិនិយោគិនអន្តរជាតិ ចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញ”។លោកបន្ថែមថា “ទីផ្សារអចលនទ្រព្យ ក៏នឹងមានតម្រូវការឡើងវិញ ដូចមុនស្ថានភាពកូវីដ១៩ ក្នុងនោះទីផ្សារខុនដូទាំងការលក់ និងការជួលក៏រំពឹងថានឹងមានកំណើនបន្ថែមទៀតផងដែរ”។

អ្នកស្រីអាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ក៏បានឱ្យដឹងផងដែរថា បទពិសោធន៍កាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានបានបង្ហាញថា ក្រោយកិច្ចប្រជុំ ឃើញមានវិនិយោគិនបរទេសច្រើន ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើ​យសន្ទុះនៃការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាក៏បានរីកចម្រើនតាំងពីពេលនោះមក។

អ្នកស្រីបន្តថា “រហូតមកដល់ឆ្នាំ២០២០ ស្ថានភាពក៏បានថមថយបន្តិចដោយសារតែវិបត្តិនៃកូវីដ១៩ នៅលើពិភពលោកនិងតមកដល់ដើមឆ្នាំ២០២២នេះ ក៏មានវិបត្តិមួយទៀតសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលធ្វើឱ្យបញ្ហាប្រឈមមួយទៀតបានកើតឡើង”។

អ្នកស្រីបន្តថា យ៉ាងណាក្ដីក្រោយកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ ២០២២នេះ យើងសង្ឃឹមថាការវិនិយោគលើអចលនទ្រព្យននឹងមានសន្ទុះកំណើនឡើងវិញ ហើយទីផ្សារអចលនទ្រព្យក៏រំពឹងថានឹងមានកំណើនឡើងដូចគ្នា ។

វត្តមានមេដឹកនាំអាស៊ាន និងពិភពលោកក៏មានអ្នកសារព័ត៌មានពីបណ្ដាប្រទេសទាំងនោះ មកចូលរួមយកព័ត៌មានផងដែរ ហើយតាមរយៈសារព័ត៌មាន នៅតាមបណ្ដាប្រទេសទាំងនោះ នឹងធ្វើឱ្យពិភពលោកស្គាល់ពីកម្ពុជា ហើយនឹងមានវិនិយោគិន ទេសចរអន្តរជាតិ នឹងមកកាន់កម្ពុជាកាន់តែច្រើននៅពេលបន្ទាប់៕

ទីផ្សារអចលនទ្រព្យនៅវៀតណាមអាចប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំ២០២៣

ដោយ: លាងហួរ

ហាណូយ: លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យទីក្រុងហូជីមិញ (HoREA)បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាមជាច្រើន កំពុងកាត់បន្ថយអាជីវកម្មរបស់ពួកគេ ដូចដែលយើងអាចមើលឃើញរួមមានការផ្អាកការវិនិយោគ ឬការពន្យារពេលសាងសង់គម្រោងនានា។

លោកបានបន្ថែមថា ពួកគេក៏បានបញ្ឈប់ ការដាក់ចេញនូវគម្រោងថ្មីៗ និងការចេញភាគហ៊ុនថ្មី ហើយសកម្មភាពបែបនេះ នឹងជះឥទ្ធិពលដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាល។

លោក Chau បាន​និយាយ​ថា “បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន បាន​នឹង​កំពុង​កាត់​បន្ថយ​កម្លាំង​ពលកម្ម ​របស់​ពួកគេ​ខ្លះ​រហូត​ដល់ទៅ៥០ភាគរយ”។

ជាមួយនឹងកូតាឥណទានរបស់ធនាគារពេញលេញ និងការគ្រប់គ្រងកាន់តែតឹងរ៉ឹង លើទីផ្សារមូលបត្របំណុល ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវការដើមទុន ហើយត្រូវតែខ្ចីពីអ្នកឱ្យខ្ចីក្រៅផ្លូវការ ក្នុងអត្រាការប្រាក់ខ្ពស់ (រហូតដល់៤០ ទៅ៥០ភាគរយនៃតម្លៃកិច្ចសន្យា) ដែលមានន័យថាគម្រោ​ងនាពេលអនាគតមានហានិភ័យខ្ពស់។

លោកបានបន្ថែមថា ស្របពេលមានការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលត្រូវបានរំពឹងទុកថា អាចនឹងកើតឡើងនៅឆ្នាំក្រោយ ទីផ្សារអចលនទ្រព្យរបស់វៀតណាម អាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងនេះទៅទៀត៕

អគ្គនាយក ERA Cambodia៖ កត្តាសំខាន់ៗពីរយ៉ាងជំរុញឱ្យខុនដូក្លាយជាជម្រើសវិនិយោគរយៈពេលវែង

ដោយៈ សុផារី

ភ្នំពេញៈ ខុនដូ ជាចំណែកទីផ្សារដ៏មានសក្តានុពល ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

អ្នកជំនាញទីផ្សារខុនដូបានមានប្រសាសន៍ថា កត្តាសំខាន់ៗចំនួនពីរយ៉ាង ដែលជួយជំរុញឱ្យការវិនិយោគ លើវិស័យខុនដូទទួលបានភាពល្អប្រសើរសម្រាប់ពេលអនាគត។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia នៅក្នុងកម្មវីធីសន្និបាតធុរកិច្ចប្រចាំឆ្នាំរបស់ក្រុមហ៊ុន ERA Cambodia កាលពីចុងសប្តាហ៍កន្លងមកថា ទីផ្សារខុនដូជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ដោយ​សារជីវភាព កាន់តែធូរធាររបស់ប្រជាជនកម្ពុជា ហើយលំហូរវិនិយោគទុនបរទេសក៏មានភាពល្អប្រសើរ ដែលកត្តាទាំងនេះ នឹងធ្វើឱ្យការវិនិយោគលើវិស័យខុនដូ ទទួលបានភាពល្អប្រសើរ ហើយពេលនេះជាឱកាសសម្រាប់វិនិយោគិនក្នុងស្រុក ងាកមកវិនិយោគលើទីផ្សារខុនដូ។

លោកបានលើកឡើងថា “ទីផ្សារខុនដូ ជាការអភិវឌ្ឍសម្រាប់រយៈពេលវែង ហើយជាជម្រើសល្អ សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងវិនិយោគិនបរទេស”។លោកបន្តថា “ម្យ៉ាងដោយសារកំណើនពលរដ្ឋកម្ពុជា មានកម្រិតជីវភាពធូរធានឹងបន្តកើនឡើង រួមទាំងការកើនឡើងនៃលំហូរវិនិយោគពីក្រៅប្រទេស និងជនបរទេស ដែលមកប្រកបកិច្ចការ និងធ្វើការធុរកិច្ចនៅកម្ពុជា”។

យោងតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ បានឱ្យដឹងថា តម្លៃខុនដូនៅកម្ពុជា អាចមានអត្រាកំណើនជាមធ្យម១៥ភាគរយក្នុងមួយឆ្នាំ ហើយបើប្រៀបធៀប ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ី អត្រានេះគឺជាអត្រានៃផលចំណេញខ្ពស់។ លោកថា បច្ចុប្បន្នការផ្គត់ផ្គង់ខុនដូ នៅរាជធានីភ្នំពេញមានប្រហែល៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០អគារ ចំនួននេះត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ប្រមាណ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥។

លោកក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ ជ្រើសរើសខុនដូជាជម្រើ​សវិនិយោគក្នុងពេលបច្ចុប្បន្ននេះ ដោយធ្វើការជាមួយភ្នាក់ងារជំនាញប្រឹក្សាយោបល់ ដើម្បីសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ។

លោកបញ្ជាក់ថា “ស្ថានភាពបច្ចុប្បន្ន ជាឱកាសដ៏ល្អសម្រាប់ការជ្រើសរើសវិនិយោគលើខុនដូ ព្រោះមានគម្រោងជាច្រើនផ្តល់លក្ខខណ្ឌទូទា​ត់បត់បែន ថែមទាំងលក់បញ្ចុះតម្លៃជាច្រើន ដើម្បីទាញយកផលចំណេញពីការវិនិយោគ”៕

លោកយិន លាងគង់សូមសម្តែងការអបអរសាទរ និងគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ឋ

ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com

និងសហការី សូមសម្តែងនូវការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ។

ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ជាប្រធានអាស៊ាន បានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានា នៅលើពិភពលោក។

ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះ បានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិ ដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា ប្រកបដោយសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្តេចបានប្រកបដោយសុវត្ថិភាព ​ក្នុងការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC នៅទីក្រុងបាងកកប្រទេសថៃ៕

តើស្ថានភាពគម្រោងដីឡូត៍តូចៗប្រឈមមុខនឹងការជាប់គាំង នាពេលអនាគត?

ដោយៈ សុផារី

ភ្នំពេញ:  ទីផ្សារដីឡូត៍ ដែលជាទីផ្សារសំខាន់មួយ ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ច ដូចជាទីផ្សារផ្សេងៗ នៃវិស័យអចល​នទ្រព្យផងដែរ។

តើអ្នកជំនាញមានទស្សនៈ លើស្ថានភាពនៃទីផ្សារដីឡូត៍បច្ចុប្បន្នយ៉ាងណាខ្លះ?។

លោក រិន ច័ន្ទរិទ្ធិ អគ្គនាយកក្រុមហ៊ុន DNZ Realty បានមានប្រសា​សន៍ប្រាប់ Property Area Asia នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្ថានភាពទីផ្សារដីឡូត៍នាពេលបច្ចុប្បន្ននេះ ប្រឈមនឹងការពិបាកក្នុងការលក់ចេញបន្តិច ដោយសារតែឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា “តាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ គម្រោងដីឡូត៍ដែលមានស្រាប់ ភាគច្រើនលក់មិនសូវចេញទេ ខណៈគម្រោងដែលត្រូវបានទិញរួចរាល់ហើយ ក៏ពិបាកក្នុងការលក់ចេញផងដែរ”។លោកបញ្ជាក់ថា “ឥលូវនេះ ស្ថានភាពដីឡូតិ៍មានការពិបាកណាស់។ ដីឡូត៍ពិបាកលក់ ហើយលក់ចេញតឹងណាស់”។

ស្របពេលជាមួយគ្នានឹងទីផ្សារ កាន់តែមានភាពប្រកួតប្រជែង គំរោងដីឡូត៍ដែលគ្មានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ មានតែដាំបង្គោលចោល និងគ្មានទស្សនទាន អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ច្បាស់ណាស់ដីឡូត៍បែបនេះ ពិតជាប្រឈមមុខនឹងការជាប់គាំង និងពិបាកលក់ពិតប្រាកដ។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានអភិវឌ្ឍន៍ គម្រោងដីឡូត៍លំហែរជាច្រើននៅខេត្តកំពត កែប និងខេត្តតាកែវបានមានប្រសាសន៍ថា ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង តម្រូវការដីលំហែរ ឬដីឡូត៍បែបលំហែរ នៅតែមានតម្រូវការខ្ពស់ ប៉ុន្តែទាម​ទារឲ្យអ្នកអភិវឌ្ឍមានទស្សនវិស័យច្បាស់លាស់ មានទុនច្រើនគ្រប់គ្រាន់សំរាប់អភិវឌ្ឍន៍គំរោងណាមួយឲ្យបានជោគជ័យ។

លោកបន្តថា “អ្នកធ្វើដីឡូត៍លក់អស់ ហើយដើរចេញ មិនមែនជោគជ័យនោះទេ អ្នកជោគជ័យពិតប្រាកដគឺអ្នកដែលធ្វើឲ្យគំរោងរបស់ខ្លួនមានការអភិវឌ្ឍ មានមនុស្សរស់នៅច្រើន និងឈរលើទិដ្ឋភាពនៃការអភិវឌ្ឈ​ប្រកបដោយចីរភាព”។

អ្នកតាមដានដំណើរវិវត្តន៍នៃទីផ្សារដីឡូត៍នៅកម្ពុជា និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលជាគេហទំព័រព៌តមានអចលនទ្រព្យឈានមុខមួយនៅកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលទស្សនទាន នៃការអភិវឌ្ឈកាន់​តែធ្វើបច្ចុប្បន្នភាព ប្រជាពលរដ្ឋ​ កាន់តែមានការយល់ដឹងជាងមុន នឹងធ្វើឲ្យអ្នកអភិវឌ្ឍន៍មានទុនតិចតួច ពិបាកទទួលបានជោគជ័យដូចចន្លោះ២០១៦ ២០១៨ណាស់ ព្រោះទីផ្សារកាន់តែប្រកួតប្រជែង ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ដីឡូត៍កាន់តែត្រូវចំណាយទុនច្រើន ក្នុងការអភិវឌ្ឍ និងរៀបចំគំរោងរបស់ពួកគេឲ្យមានភាពទាក់ទាញ។

លោកបន្តថា “ទីផ្សារដីឡូត៍ទំហំ៥គុណ២០ ដែលគ្រាន់តែបោះបង្គោ​លចោល ពិតជាប្រឈមនឹងការលំបាក ដោយសារអ្នកទិញដីឡូត៍បានខកចិត្តច្រើនពីការទិញបែបនេះ ដែលពួកគេភាគច្រើនជាប់គាំង លក់មិនចេញ តំបន់ពួកគេទិញគ្មានការអភិវឌ្ឍ”។ លោកបន្ថែមថា “គំរោងដីឡូត៍លំហែរ បាននិងកំពុងរំកិលខ្លួនជំនួសដីឡូត៍តូចៗ ព្រោះអ្នកទិញដីឡូត៍លំហែរបាន​និងកំពុងកើនឡើង ដែលអ្នកទិញដីបែបនេះភាគច្រើន ជាអ្នកមានជីវភាពមធ្យមកម្រិតខ្ពស់ឡើង ដែលពួកគេមានទាំងធនធាន និងចំណេះដឹង”៕