កម្ពុជាទទួលបានហិរញ្ញប្បទានសរុបជាង៣៦១លានដុល្លារបន្ថែមទៀត ពីធនាគារ ADB

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណង សម្រាប់គម្រោងចំនួនប្រាំមួយ ដែលមានតម្លៃសរុប៣៦១,៤លានដុល្លារ នៅថ្ងៃទី២២ ធ្នូ ២០២២ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា កិច្ចព្រមព្រៀងថ្មីទាំងនេះ ប្រាក់កម្ចីនិងជំនួយឥតសំណងសរុប ដែលបានចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២២នេះ មានចំនួន៥៧៦,៣លានដុល្លារ។ ក្នុងនោះ១៦៣,៧លានដុល្លារជាសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

គម្រោងថ្មីខាងលើនឹងជួយជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM)នៅកម្ពុជា ពង្រីកសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន ពន្លឿនអន្តរកម្មថាមពលស្អាតរបស់ប្រទេស ពង្រឹងពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង និង គាំទ្រដល់ផលិតកម្មបសុសត្វ និងជលផលសមុទ្រប្រកបដោយអាកាសធាតុឆ្លាតវៃ (climate smart)។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា គម្រោង៦ ដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងគាំទ្រដល់អាទិភាពនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិ ដែលមានទឹកប្រាក់៧០ លានដុល្លារ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយខ្លួនទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា ជាមួយនិងចំណេះ ដឹងជាមូលដ្ឋាន។

គម្រោងសុខភាពតំបន់ព្រំដែននៃមហាអនុតំបន់មេគង្គ(GMS)កម្ពុជា ដែលមានទឹកប្រាក់៣២,៥លានដុល្លារ នឹងពង្រីកសេវាសុខភាព ឱ្យបានដល់ពលករចំណាកស្រុកជាច្រើនពាន់នាក់ ដែលងាយរងគ្រោះ នឹងហានិភ័យសុខភាពទូទៅ និងសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន។

កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពល ដែលមានទឹកប្រាក់៧៣លានដុល្លារមានរួមបញ្ចូល នូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនផលចំណេញ និងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគ ពីវិស័យសាធារណៈ និងឯកជនក្នុងបច្ចេកវិទ្យាថ្មីសំខាន់ៗ ដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។

កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដែលមានទឹកប្រាក់៥០លានដុល្លារនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនៅកម្ពុជា ដើម្បីធ្វើកំណែទម្រង់ការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែនក្នុងមហាអនុតំបន់មេគង្គ(GMS)ដែលមានទឹកប្រាក់៦២,៩លានដុល្លារ នឹងជួយលើកកម្ពស់ផលិតកម្មបសុសត្វប្រកបដោយអាកាសធាតុ ឆ្លាតវៃ និង កែលម្អនិរន្តរភាពខ្សែសង្វាក់តម្លៃបសុសត្វ។

គម្រោងជលផលឆ្នេរនិងសមុទ្រប្រកបដោយនិរន្តរភាពដែលមានទឹកប្រាក់៧៣លានដុល្លារសំដៅលើខេត្តជាប់មាត់សមុទ្រចំនួន៤ក្នុងប្រទេសកម្ពុជា ដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងគំហុក នៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមជលផលសមុទ្រប្រកបដោយនិរន្តរភាព និងកែលម្អទីតាំងប្រមូលទុកផល នេសាទ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពអាហារសមុទ្រ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតឡើងវិញនូវជលផលក្បែរឆ្នេរសមុទ្រប្រមាណ៤0% ទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព និងបង្កើនប្រាក់ចំណូលសម្រាប់សមាជិកសហគមន៍ឆ្នេរសមុទ្រប្រហែល២00.000 នាក់ ៕

សណ្ឋាគារលំដាប់ផ្កាយ៥រចនាបទបុរាណត្រូវបានដាក់លក់ដេញថ្លៃជាថ្មី បន្ទាប់ពីប្រកាសក្ស័យធន

ដោយ: លាងហួរ

បាងកក: សណ្ឋាគារលំដាប់ផ្កាយប្រាំ តារាវត្តី (Dhara Dhevi) នៅក្នុងខេត្តឈៀងម៉ៃ នឹងត្រូវដាក់លក់ដេញថ្លៃម្តងទៀត នៅក្នុងខែមករា ជាមួយនឹងតម្លៃធ្លាក់ចុះមកត្រឹមប្រហែល៥៧,៩៦លានដុល្លារ ពីតម្លៃដំបូងប្រហែល៦០,៨៤ពាន់លានដុល្លារ នៅក្នុងការដេញថ្លៃឆ្នាំ២០២១។

នាយកដ្ឋានផ្នែកច្បាប់នៃសណ្ឋាគារនេះ​គ្រោងនឹង​រៀបចំ​ការ​ដេញថ្លៃ​អចលនទ្រព្យ​ ចាប់ពី​ខែមករា​ដល់​ខែឧសភា​  ហើយជំហានដំបូងនៃការដេញថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យប្រតិបត្តិច្បាប់ នៃទីក្រុងឈៀងម៉ៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។

ជំហានដេញថ្លៃបន្ទាប់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ថ្ងៃទី១០ ខែមីនា ថ្ងៃទី៣១ ខែមីនា ថ្ងៃទី២១ ខែមេសា និងថ្ងៃទី១២ ខែឧសភា។

តម្លៃសណ្ឋាគារនឹងធ្លាក់ចុះ១០ភាគរយនៅវគ្គបន្តបន្ទាប់នីមួយៗ ប៉ុន្តែតម្លៃនេះមិនអាចធ្លាក់ចុះទាបជាង៣០ភាគរយ នៃតម្លៃដេញថ្លៃដំបូងឡើយ។

កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រុមហ៊ុន Inter Far East Energy Corp (IFEC) បានទិញសណ្ឋាគារនេះក្នុងតម្លៃ៤,៣ពាន់លានបាត ដែលតម្លៃនេះ រួមបញ្ចូលទាំង ភាគហ៊ុន និងបំណុល។

សណ្ឋាគារនេះមានចំនួន១២៣បន្ទប់ បានបើកដំណើរការក្នុងឆ្នាំ២០០២ និងមានស្ថាបត្យកម្មរចនាម៉ូដបែបឡានណា (Lanna) បុរាណតែមួយគត់ ហើយសណ្ឋាគារនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរថៃ និងបរទេសជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ សណ្ឋាគារនេះត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយវិបត្តិកូវីដ  និងបានបិទជាបណ្តោះអាសន្ននៅដើមឆ្នាំ២០២០។ សណ្ឋាគារបានដាក់ពាក្យស្នើសុំការស្តារអាជីវកម្មឡើងវិញ នៅខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែឯកសារនេះត្រូវបានច្រានចោល ដោយសាលាឧទ្ធរណ៍ ក្នុងខែវិច្ឆិកាឆ្នាំនោះ ដោយបង្ខំសណ្ឋាគារជួបការក្ស័យធន។

នៅក្នុងអំឡុងពេលនៃការដេញថ្លៃលើកមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ IFEC Inter Far East Thermal Power (I Thermal) បានឈ្នះ ជាមួយនឹងការដេញថ្លៃចំនួន២,០១២ពាន់លានបាត។ ក្រុមហ៊ុនបាន​បង់​ប្រាក់​កក់​ចំនួន១១០លាន​បាត ប៉ុន្តែ​មិន​បាន​បង់​ប្រាក់​ ដែល​នៅ​សល់​មុន​ពេល​ដល់​កំណត់។ នាយកដ្ឋាន​បាន​រឹបអូស​ប្រាក់​កក់​នេះ ហើយ​សម្រេច​ដាក់​លក់​ដេញថ្លៃ​សណ្ឋាគារ​នេះ​ម្ដង​ទៀត៕

គេហទំព័រPropertyareaចុះMOUជាមួយក្រុមហ៊ុនNafih Digital Marketingដើម្បីផ្តល់សេវាកម្មឌជីថលដល់ម្ចាស់អាជីវកម្មនានា

   ដោយៈគង់ សូរិយា

       ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនគេហទំព័រPropertyarea.asia លោកយិន លាងគង់ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយលោក Zafar Ali Jatoi អគ្គនាយកនៃក្រុមហ៊ុនNafih Digital Marketing Agent Co.ltd សហការគ្នាលើការ​ផ្តល់សេវាកម្មឌីជីថល ដើម្បីបំរើអតិថិជន។

កិច្ចសហការនេះ នឹងផ្តោតលើការធ្វើDigital Marketing រួមគ្នា ដោយឈរលើមូលដ្ឋានសម្រេចចិត្ត និងគោលការណ៍មួយចំនួនដូចជា ទី ១ ជួយផ្សព្វផ្សាយ ពីសេវាកម្មរបស់គ្នាទៅវិញទៅមក ដើម្បីរីកចម្រើនរួមគ្នា។ ទី២ នឹងនាំយកនូវកិច្ចសន្យា និងការផ្សាយពាណិជ្ជកម្មមកកាន់គេហទំព័រPropertyarea.asia ពីដៃគូសហការនានាក្នុងចំនួនច្រើន តាមដែលអាចធ្វើទៅបាន។

ទី៣ ភាគីទាំងពីរនឹងផ្តល់នូវផលិតផល ឬសេវាកម្មនានាជូនដល់គ្នាទៅវិញទៅមក។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ បន្ទាប់ពីការចុះហត្ថលេខានាព្រឹកថ្ងៃទី២២ ធ្នូនេះថា បដិវត្តន៍ឧស្សាហកម្ម4.០បាន និងកំពុងជម្រុញឲ្យអាជីវកម្មនានាពង្រីកខ្លួន និងសេវាកម្មលើវិស័យឌីចីថល កាន់តែសកម្ម ដើម្បីដើរស្របនឹងនិន្នាការសង្គម ក៏ដូចជា ការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេក​វិទ្យា។

លោកបន្តថា “សេវាកម្មឌីជីថលMarketingដើរតួសំខាន់ និងមិនអាចខ្វះបាន ហេតុនេះយើងបាននិងកំពុងផ្តោតធ្វើការងារនេះ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាព ប្រសិទ្ឋភាពដល់អតិថិជន”។ លោកបន្តថា “យើងយល់ពីរសនិយម និងចិត្តសាស្រ្តអតិថិជន ដែលអ្នកប្រើប្រាស់សេវាកម្មរបស់យើងនឹងទទួលបានផលប្រយោជន៍ និងជោគជ័យ”។

លោកយិន លាងគង់បានបន្តថា ទស្សនវិស័យរបស់យើងគឺឈរលើមូល​ដ្ឋានឈ្នះ ឈ្នះ និងផ្តល់អាទិភាពដល់អតិថិជនជាមុន ឲ្យពួកគេឈ្នះជាមុន ទើបយើង​សម្រេចបានជោគជ័យយូរអង្វែង និងប្រកបដោយចីរភាព”។

ជាមួយគ្នានេះ លោក Zafar Ali Jatoi អគ្គនាយកនៃក្រុមហ៊ុនNafih Digital Marketing Agent Co.ltdបានមានប្រសាសន៍ថា ពិតណាស់យើងឃើញសេវាកម្មDigital Marketingកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា ស្របពេលធនធានមនុស្ស របស់ក្រុមហ៊ុនយើងកំពុងពង្រឹង ដើម្បីផ្តល់សេវាកម្ម និងផលប្រយោជន៍ដល់អតិថិជន។

លោកបន្តថា “យើងរីករាយក្នុងការសហការ និងឈរលើមូលដ្ឋានឈ្នះ ឈ្នះសម្រាប់អតិថិជនរបស់យើង”។

ម្ចាស់ក្រុមហ៊ុន អាជីវកម្ម និងសហគ្រាសនានាអាចទាក់ទងតាមប ណ្តាញទូរស័ព្ទ និងតេឡេក្រាមលេខ 086 48 55 66៕

ផ្លូវជាតិលេខ៤១ពីកំពង់ស្ពឺទៅកាន់កំពតប្រវែងជិត១០០គីឡូម៉ែត្រនឹងត្រូវបានបើកការដ្ឋានសាងសង់នៅសប្តាហ៍ក្រោយ

ដោយ៖ សុផារី

កំពង់ស្ពឺ៖ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) នឹងធ្វើការស្តារនិងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤១ ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកំពត និងមានប្រវែងជិត១០០គីឡូម៉ែត្រ នឹងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
កម្មវិធីបើកការដ្ឋានសាងសង់ផ្លូវជាតិមួយនេះនឹងមានការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកំពត ធ្លាប់ត្រូវបានសាងសង់រួចរាល់ហើយ ប៉ុន្តែកាលនោះ ត្រូវបានសាងសង់ដោយកៅស៊ូមិនសូវមាំល្អ ហើយក៏មានរយៈពេលប្រើប្រាស់ជាង១០ឆ្នាំមកហើយ។

សម្តេចតេជោបានអះអាងថា នៅក្នុងពេលនេះ គម្រោងជុសជុលផ្លូវជាតិ៤១នេះនឹងត្រូវបានសាងសង់ដោយសម្ភារដែលមានគុណភាពល្អ ហើយអាចធានាថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅក្នុងការដឹកជញ្ជូននៅតាមផ្លូវនេះ។

ផ្លូវជាតិលេខ៤១មានប្រវែង៩៥,២៦៨គ.ម ទទឹង១០ម ជាប្រភេទកៅស៊ូ (DBST) ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ជុំគីរី ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត៕

រដ្ឋាភិបាលម៉ាឡេស៊ីបោះទុនវិនិយោគ១៧ពាន់លានដុល្លារស្ថាបនាគម្រោងផ្លូវរថភ្លើងECRL

ដោយ: លាងហួរ

អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក Datuk Seri Anwar Ibrahim បានមានប្រសាសន៍ថា គម្រោងផ្លូវរថភ្លើងEast Coast Rail Link (ECRL) ដែលមានប្រវែង៦៦៥គីឡូម៉ែត្រ នឹងបន្តដំណើរការក្រោមរដ្ឋបាលថ្មីរបស់លោក ដោយថ្លៃចំណាយសរុបលើគម្រោងនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹម ប្រមាណ១៦,៩ពាន់លានដុល្លារប៉ុណ្ណោះ។

ទំហំនៃការចំណាយសរុបថ្មីខាងលើនេះ បានថយចុះប្រមាណ២,៤៨ពាន់លានដុល្លារ បើធៀបនឹងការចំណាយ ដែលបានគ្រោងទុកពីមុនប្រហែ​ល១៩,៣៧ពាន់លានដុល្លារ។

បណ្តាញផ្លូវដែកនេះមានផ្លូវរូងក្រោមដីចំនួន៥៩ និងឆ្លងកាត់រដ្ឋចំនួន៤ រួមមាន រដ្ឋ Kelantan រដ្ឋ Terengganu  រដ្ឋ Pahang និងរដ្ឋ Selangor ផងដែរ។

ECRL ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវរថភ្លើង ដែលតភ្ជាប់ទីក្រុង Port Klang នៅលើច្រកសមុទ្រម៉ាឡាកា ទៅកាន់ទីក្រុង Kota Bharu នៅភាគឦសាននៃឧបទ្វីបម៉ាឡេស៊ី រួចតភ្ជាប់បន្តទៅកាន់រដ្ឋ Pahang រដ្ឋ Terengganu រដ្ឋ Kelantan រដ្ឋ Selangor និងតំបន់ក ណ្តាល នៃឆ្នេរសមុទ្រភាគខាងលិចរបស់ឧបទ្វីបម៉ាឡេស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ទី២១ ខែធ្នូ លោក Anwar Ibrahim បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងបន្តដំណើរការគម្រោងដ៏ធំនេះ ដោយសារវាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងចាស់។

លោក Anwar បានមានប្រសាសន៍ថា ទោះបីជាមានការកើនឡើងថ្លៃបន្តិចបន្តួច ដោយសារការកែទម្រង់ផ្លូវដែកក៏ដោយ ក៏រដ្ឋាភិបាលបានគ្រប់​គ្រងកាត់បន្ថយវា បន្ទាប់ពីក្រសួងហិរញ្ញវត្ថុ ក្រសួងដឹកជញ្ជូន និងក្រសួងការងារបានធ្វើកិច្ចចរចាគ្នា។

កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke ធ្លាប់បានបញ្ជាក់ថា ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតសកលថ្មីៗនេះក៏ដោយ ប៉ុន្តែគម្រោងECRL នឹងបន្តដំណើរការ ដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់៕

Malaysia to continue with East Coast Rail Link project at lower than original

cost: PM Anwar
December 21, 2022 by Asyraf Kamil
KUALA LUMPUR: The East Coast Rail Link (ECRL) project will continue under the current administration, Prime Minister Anwar Ibrahim said, though it will cost the government RM11.01 billion (US$2.48 billion) less than originally expected.
In a press conference following a Cabinet meeting on Wednesday (Dec 21), Mr Anwar said that the government will continue with the megaproject as it is “tied down to old agreements”.
“Although there are additional costs due to realignments, if we were to look at the overall cost of the ECRL, it is RM11.01 billion less as compared to the original cost of RM85.97 billion in 2016,” said Mr Anwar.
He added that the decision was made to continue with the project, but stressed that there will no longer be major changes to it that may delay the implementation process and complicate existing work and negotiations.
The rail network will traverse through four states – Kelantan, Terengganu, Pahang and Selangor.
Former transport minister Wee Ka Siong had previously stated last year that after some revisions, the project would cost the then-government RM50 billion.


Earlier this month, newly-appointed Transport Minister Anthony Loke said that the ECRL project was among the ongoing transportation projects that will continue despite a change in the federal government after the 15th General Election (GE15) on Nov 19.
Mr Loke was previously also the transport minister under Dr Mahathir Mohamad’s administration of the Pakatan Harapan (PH) government from May 2018 to February 2020.
The PH government halted the project briefly in 2018, though works later resumed in 2019.
On the heels of the GE15 last month, the media had reported that Mr Loke, who is also secretary-general of Democratic Action Party (DAP), a PH coalition member, had pledged that the project would not be cancelled if the coalition came into power.
Source: CNA/as(nm)

ការសិក្សាក្រុមហ៊ុនFoxconn Volkswagen និងApple ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនបរទេសធំបំផុតក្នុងប្រទេសចិន

ដោយ: លាងហួរ

ប៉េកាំង: យោងតាមវិទ្យាស្ថានស្រាវជ្រាវHurun បានឱ្យដឹងថា បណ្តាក្រុមហ៊ុនបរទេសធំៗបំផុត ចំនួន១០០នៅក្នុងប្រទេសចិន រកចំណូលបាន១ពាន់ពាន់លានដុល្លារ ក្នុងការលក់កាលពីឆ្នាំ២០២១ ដែលស្មើនឹង៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

ជាក់ស្តែង ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក របស់តៃវ៉ាន់ Hon Hai Precision ដែលគេស្គាល់យ៉ាងច្បាស់ថាជា Foxconn បានឈរនៅលើកំពូលតារាងបញ្ជី ជាក្រុមហ៊ុនបរទេសធំបំផុតទី១ សម្រាប់ឆ្នាំទី២ជាប់ៗគ្នា  តាមពីក្រោយដោយក្រុមហ៊ុន ផលិតរថយន្តអាល្លឺម៉ង់ Volkswagen និងក្រុមហ៊ុន Apple មកពីសហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំងនោះត្រូវបានជ្រើសរើស ដោយផ្អែកលើការលក់របស់ពួកគេ និងចំនួនបុគ្គលិកនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនបរទេសភាគច្រើន មានប្រភពមកពីអឺរ៉ុប និងអាមេរិក ប៉ុន្តែវាក៏រួមបញ្ចូលក្រុមហ៊ុនមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់ ផងដែរ។

ឧស្សាហកម្មធំៗចំនួន៤ ដូចជា រថយន្ត ទំនិញប្រើប្រាស់  ការថែទាំសុខភាព និងគ្រឿងអេឡិចត្រូនិក មានចំនួនជិតពាក់កណ្តាលនៃបញ្ជីក្រុមហ៊ុនបរទេសក្នុងប្រទេសចិន។

ថ្វីបើវិធានការកូវីដសូន្យ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន បានធ្វើឲ្យអារម្មណ៍របស់ក្រុមអ្នកធុរកិច្ចធ្លាក់ចុះយ៉ាងណាក្តី  ប៉ុន្តែបណ្តាក្រុមហ៊ុនបរទេសនានាក៏បានពង្រីកអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសនេះផងដែរ។

របាយការណ៍របស់វិទ្យាស្ថានHurun បានបង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅ បណ្តាក្រុមហ៊ុនបរទេសធំៗចំនួន១០០ បានជួលបុគ្គ​លិកប្រហែល២,៥លាននាក់  និងមានទំហំការលក់ចំនួន៩០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៦ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសចិន។

តួយ៉ាងដូចជា ក្រុមហ៊ុនបរទេសធំបំផុតលំដាប់ទី១ Foxconn មានទំហំការលក់ចំនួន១០០ពាន់លានដុល្លារអាមេរិក និងបុគ្គលិកចំនួន៧៥ម៉ឺននាក់។

ក្រុមហ៊ុនធំបំផុតលំដាប់ទី២ Volkswagen មានទំហំការលក់រហូតដល់៦០ពាន់លានដុល្លារ ហើយក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ ដ៏ធំមួយនេះ លក់បានរថយន្តចំនួន៣,៣លានគ្រឿង នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២១។

ចំណែកក្រុមហ៊ុន Apple ដែលបានដណ្តើមតំណែងជាក្រុមហ៊ុនបរទេសធំបំផុតលំដាប់ទី៣ របស់ក្រុមហ៊ុនGeneral Motors បង្កើតចំណូ​លបាន៧០ពាន់លានដុល្លារកាលពីឆ្នាំមុន។

លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន Appleបានកាន់កាប់២៥ភាគរយនៃទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ជាមួយនឹងម៉ាកទូរស័ព្ទដៃ iPhone កាលពីខែតុលា។

ទោះបីជាមានវិវាទពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុនអាមេរិកនៅតែជាកត្តារួមចំណែកដ៏ធំបំផុត ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយមានក្រុមហ៊ុនអាមេរិកចំនួន៣៦នៅក្នុងបញ្ជី៕

ក្រុមហ៊ុនផលិតស៊ីម៉ងត៏ធំមួយនៅកម្ពុជាបង្ហាញពីបញ្ហាប្រឈមដោយសារ កំលាំងទិញធ្លាក់ចុះ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកKE HONGWEI នាយកថ្មីនៃក្រុមហ៊ុនស៊ីម៉ង់ត៏កម្ពុជាចក្រីទីង ក្នុងខេត្តកំពតបានលើកឡើងពីបញ្ហាប្រឈម ដោយសារអំណាចនៃការទិញបានធ្លាក់ចុះ ព្រោះវបត្តិជំងឺកូវីដ និងបញ្ហាសង្រ្គាមរវាង​រុស្ស៊ី និងអ៊ុយក្រែន។

លោកលើលឡើងបែបនេះ ក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍កាលកាលពីពេលថ្មីៗនេះ។

លោកKE HONGWEI បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីថា គោលបំណងនៃជំនួបពិភាក្សា គឺទី១ -ដើម្បីធ្វើការណែនាំខ្លួន ទី២-ជម្រាបជូនពីស្ថានភាពទូទៅ និងលទ្ធផលការងារអាជីវកម្មរយៈពេលមួយឆ្នាំកន្លងទៅ រួមជាមួយលើកឡើង ពីភាពងាយស្រួលនិងបញ្ហាប្រឈម និងទី៣-គឺជាសារជូនពរនាឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៣ ខាងមុខនេះ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនស៊ីម៉ង់ត៏កម្ពុជាចក្រីទីង ដែលមានទីតាំងនៅស្រុកទឹកឈូ ខេត្តកំពត និងទទួលវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ចុះថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២០ បច្ចុប្បន្ន មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ របស់ខ្លួនចំនួន២ទៀត គឺទី១-ក្រុម ហ៊ុន Cambodian Packaging Chakrey Ting Co,Ltd ផលិតសំបកបាវ ស៊ីម៉ងត៏ និងសំបកបាវអង្ករ និងទី២-ក្រុម Cambodian Concret Chakrey Ting Co.,Ltd គឺជាក្រុម ហ៊ុនស៊ីម៉ងត៏លាយស្រេច។

ក្រៅពីនោះ ក្រុមហ៊ុន ក៏មានសួនឧស្សាហកម្មកម្ពុជាចក្រីទីង ដែលផលិតសំភារៈសំណង់ និងកែច្នៃគ្រឿងសំណង់ជាដើម ។

លោក KE HONGWEI ក៏បានលើកឡើងពីភាពប្រឈមផងដែរ គឺការធ្លាក់ចុះកំលាំងទិញ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ គឺ ដោយសារវិបត្តិកូវីដ១៩ សង្គ្រាម រវាងអ៊ុយក្រែន និង រុស្សី កំណើន អតិផរណា និងថ្លៃវត្ថុធាតុដើមជាដើម ។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមហ៊ុនក៏បានបង្ហាញនូវផែនការ សកម្មភាពសម្រាប់ឆ្នាំ២០២៣របស់ខ្លួន ដូចជា ការចំណាយទុនសម្រាប់សង្វាក់ផលិតកម្ម កែច្នៃថ្មសំណល់ ទៅជាសំភារៈសំណង់ និងការសហការជាមួយក្រុមហ៊ុន SCG ផលិតប្រភេទសម្ភារៈ សំណង់ស្មាតបត បានរាប់លានសន្លឹកផងដែរ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្វាគមន៍ និងអបអរសាទរ ដល់លោក ឃឺ ជានាយកក្រុមហ៊ុនថ្មី នឹងសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន នឹងបន្ត រីកចម្រើន និងជំនះបាននូវឧសគ្គទាំងឡាយ ។

លោកបានផ្តល់យោបល់ថា ការខ្វះវត្ថុធាតុដើម ជាថ្មកំបោរសម្រាប់ផលិតស៊ីម៉ង់ត៏ នាពេលអនាគត់ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាព មើលនៅខេត្តកំពត ដែលនៅជិតទីតាំងរបស់ក្រុមហ៊ុនស្រាប់។ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានលើកទឹកចិត្ត និងគាំទ្រ ដែលក្រុមហ៊ុន បានផលិតសំបកបាវអង្ករ សម្រាប់ផ្គត់ផ្គង់លើទីផ្សារកម្ពុជា៕

សម្តេចតេជោអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីផលចំណេញ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់​អាជីវកម្មដឹកជញ្ជូន ឱ្យ​ប្រើប្រាស់​ផ្លូវល្បឿនលឿន​ ដើម្បីផលចំណេញប្រេងឥន្ធនៈ និងសង្វាកផ្គត់ផ្គង់។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងថា “ខ្ញុំសង្កេតឃើញថា មិនទាន់មានឡានដឹកទំនិញលើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរ​តែដាស់តឿនចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់”។

សម្ដេចតេជោបានអំពាវនាវទៅកាន់ម្ចាស់អាជីវកម្ម ដែលមានរថយន្តច្រើនក្នុងការដឹកជញ្ជូន ប្រើផ្លូវល្បឿនលឿន ដើម្បីទទួលផលចំណេញខាងផ្នែកសេដ្ឋកិច្ចជាងផ្លូវធម្មតា ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ផងដែរ៕

ក្រុមហ៊ុនOCICបោះទុនប្រមាណ១៥០លានដុល្លារសាងសង់បុរីធំមួយ នៅតំបន់ជ្រោយចង្វារ

  ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្ស ក្នុងស្រុកOCICបាន និងកំពុងបោះទុនប្រមាណ១៥០លានដុល្លារ សាងសង់បុរីជ្រោយចង្វារ ហ្គាដិន នៅក្នុងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។

ប្រធានគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ នៃក្រុមហ៊ុនOCIC លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២១ ធ្នូនេះថា គំរោងនេះ ស្ថិតនៅលើផ្ទៃដីទំហំ១៣ហិកតា ស្ថិតនៅជាប់នឹងផ្លូវមេ នៃទីក្រុងរណបជ្រោយចង្វារទាំងមូ និងមានទីតាំងនៅកៀកនឹងទីស្នាក់ការកណ្តាលសហភាពសហព័ន្ឋយុវជនកម្ពុជា។

លោកបន្តថា “ប្រសិនបើគិតត្រួសៗ គំរោងនេះគ្រោងចំណាយទុន១៥០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលតម្លៃដី ក្នុងតំបន់នេះនៅឡើយទេ”។

ទីក្រុងរណបជ្រោយចង្វារ មានផ្ទៃដីទំហំជាង១០០ហិកតា បាននិងកំពុងអភិវឌ្ឍន៍តាមទស្សនទានថ្មី ជាទីក្រុងឆ្លាតវៃ និងគ្រោងបោះទុនវិនិយោគប្រមាណ៦០០០លានដុល្លារអាមេរិក។

លោកម៉េង ចំរើនបានបន្តឲ្យដឹងទៀតថា គំរោងជ្រោយចង្វារ ហ្កាដិនបានផ្តោតលើការសាងសង់ផ្ទះប្រភេទវីឡាប្រណីត ដែលបានរចនាឡើងស្របតាមបរិបទសម័យថ្មី និងរសនិយមរបស់អតិថិជន ព្រោះមុនសាងសង់គំរោងនេះ យើងបានសិក្សាទីផ្សារ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋរួចហើយ។ គំរោងនេះបានសាងសង់សួនច្បារ កន្លែងហាត់ប្រាណ និងហេ  ដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ភាពងាយស្រួល និងផាសុខភាពដល់អ្នករស់នៅផងដែរ។

លោកម៉េង ចំរើនបានបន្តទៀតថា ទីក្រុងរណបនេះ ដើរតួនាទីសំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ច និងអជលនទ្រព្យនៅរាជធានីភ្នំពេញ និងកំពុងត្រៀមដាក់ដំំណើរការស្ពានតភ្ជាប់ ពីផ្លូវជាតិលេខ៥ មកកាន់តំបន់នេះ ដែលវាជាស្ពាតតភ្ជាប់ដោយខ្សែកាបដំបូងគេ នៅរាជធានីភ្នំពេញ៕