រដ្ឋាភិបាលចេញអាជ្ញាបណ្ណសាងសង់លំនៅឋានច្រើនជាងគេក្នុង គម្រោងសំណង់សរុប

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ គម្រោងលំនៅឋាន ត្រូវបានក្រសួងចេញអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ច្រើនជាងគេ ក្នុងចំណោមគម្រោងសាងសង់ទាំងអស់ ដែលមានជាង៣ពាន់៤០០គម្រោង ជាពិសេសក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។

តាមរយៈការសាងសង់នៃលំនៅឋាន ក្នុងឆ្នាំ២០២២នេះបានបង្ហាញពីតម្រូវការនៃលំនៅឋាននៅតែបន្តមានខ្ពស់ ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២នេះ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ សំណង់សរុបចំនួន៣.៤០៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាធ្លាក់ចុះ១៩១គម្រោង ក្នុងនោះសំណង់លំនៅឋានត្រូវបានលិខិតអនុញ្ញាត ឱ្យសាងសង់ចំនួន៣.០១៨គម្រោង ស្មើនឹងប្រមាណ៨៨,៥៨ភាគរយនៃសំណើរសុំសាងសង់សរុប។ គម្រោងសាងសង់នេះ បើធៀបនឹងឆ្នាំមុន ក៏មានការធ្លាក់ចុះប្រមាណ៩១ភាគរយ ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២២នេះឥណទាន ដែលផ្ដល់ទៅអតិថិជនសម្រាប់ទិញផ្ទះ ក៏មានទំហំទឹកប្រាក់ច្រើនជាងគេដែរ ក្នុងចំណោមឥណទានតាមវិស័យផ្សេងៗ

តាមរយៈតួលេខនេះ បានបង្ហាញពីតម្រូវការនិងការទិញ លក់លំនៅឋានក្នុងប្រទេសកម្ពុជានៅតែមានភាពប្រសើរ ។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងផងដែរថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានពីព្រោះបើធ្វើការប្រៀបធៀបជាមួយ នឹងកំណើនប្រជាពលរដ្ឋ និងលំនៅឋានមិនទាន់មានភាពស៊ីមេទ្រីគ្នានៅឡើយ។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ កំណើនប្រជាពលរដ្ឋ បានកើនឡើងរៀងរាល់ឆ្នាំ ហើយកំណើននៃប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនេះដែរ នឹងជំរុញឱ្យតម្រូវការនៃលំនៅឋានមានកំណើនផងដែរ។

របាយការណ៍របស់CBRE Cambodia បានបង្ហាញផងដែរថា ក្នុងចំណោមបណ្ដាខណ្ឌ នៅជាយរាជធានីភ្នំពេញឃើញថា មានខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ មានការអភិវឌ្ឍលំនៅឋានច្រើន ក្នុងនោះដែរតំបន់ប៉ែកខាងត្បូងភ្នំពេញ មានទាំងការអភិវឌ្ឍលំនៅឋានតម្លៃសរម្យនិងលំនៅឋាន ដែលមានតម្លៃខ្ពស់រាប់សិបម៉ឺនដុល្លារផងដែរ៕

សារព៌តមានអន្តរជាតិបង្អុលបង្ហាញ ប្រទេសកម្ពុជាជាប្រទេសទី១គួរមកវិនិយោគធៀបជាមួយប្រទេសក្នុងតំបន់នៅឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ គេហទំព័រអន្តរជាតិល្បីល្បាញមួយគឺ Invest Asian បានអះអាងថា ប្រទេសកម្ពុជាជាប្រទេស ដែលអ្នកវិនិយោគបរទេសគួរមកចាប់យកឱកាស ក្នុងការសាងផលចំណេញពីការវិនិយោគនៅក្នុងឆ្នាំ២០២៣។

យោងតាមការចុះផ្សាយរបស់គេហទំព័រនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ បានឱ្យដឹងថា ឆ្លងកាត់បញ្ហាប្រឈម ក្នុងរយៈពេលប៉ុន្មា​នឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងតែប្រឈមនឹងការផ្លាស់ប្តូរ។

ពិចារណាពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន ដែលមានឥទ្ធិពលក្នុងការសម្រេចចិត្តវិនិយោគ សារព៌តមាននេះបានសរសររថា យើងឃើញថាការកើនឡើងអត្រាការប្រាក់ គឺកើតមានស្ទើនៅទូទាំងពិភពលោក ហើយកម្ចីប្រាក់នឹងបន្តកើនឡើងយ៉ាងខ្លាំងដល់ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ អតិផរណានឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេស ដែលអ្នកអាចវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

ដោយផ្អែកលើកំណើនសេដ្ឋកិច្ច និងស្ថិរភាព គេហទំព័រខាងលើបានណែនាំប្រទេសកម្ពុជា “ជាប្រទេសទី១” សម្រាប់អ្នកវិនិយោគិនទាំងឡាយណា ដែលមានបំណងចង់មកវិនិយោគ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយជាប់ចំណាត់ថ្នាក់ជាប្រទេស ដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលទទួលបានការវិនិយោគពីបរទេ​សច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

យ៉ាងណាក្តី ខណៈដែលប្រទេសកម្ពុជា ស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ បើធៀបនឹងអាស៊ីអាគ្នេយ៍ទាំងមូល ទីផ្សារកម្ពុជាជាទីផ្សារកំពុងស្ទុះងើបខ្លាំង (frontier market) ដ៏ល្អបំផុតមួយក្នុងការវិនិយោគ ដោយកម្ពុជាកំពុងធ្វើការផ្លាស់ប្តូរយ៉ាងរហ័ស ទៅកាន់សេដ្ឋកិច្ចឧស្សាហូបនីយកម្ម។

ជាក់ស្តែង នៅពេលដែលប្រទេសមួយផ្លាស់ប្តូរ ពីពីទីផ្សារកំពុងស្ទុះងើបខ្លាំង (frontier market) ទៅជាទីផ្សារកំពុងអភិវឌ្ឍន៍ខ្លាំង (emerging market) ហើយដោយក្តីសង្ឃឹមក៏មុតមាំថា កម្ពុជានឹងក្លាយទៅជាប្រទេស ដែលមានការអភិវឌ្ឍពេញលេញ ទាមទារឱ្យមានកាតាលីករ ដើម្បីចាប់ផ្តើមជំរុញដំណើរការ នៃកំណើនសេដ្ឋកិច្ចជាមុនសិន៕

ភាពប៉ិនប្រសព្វផ្នែកកាទូត បានធ្វើឲ្យសម្តេចតេជោលេចធ្លោ នៅក្នុងទ្វីបអឺរ៉ុប

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្នុងភាពជាអ្នកដឹកនាំផ្នែកកាទូត និងជាតារាជើងចាស់ម្នាក់ក្នុងឆាកនយោបាយ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងលេចធ្លោនៅអឺរ៉ុប ក្នុងនាមជាប្រធានអាស៊ាន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្លាយជារដ្ឋមន្រ្តីកាបរទេសវ័យក្មេងជាងគេនៅកម្ពុជា និងពិភពលោក​ក្នុងវ័យ២៧ឆ្នាំាំ សម្តេចតេជោបានដឹកនាំប្រទេសកម្ពុជា ឆ្លងកាត់សម័យកាលជាច្រើន ហើយបាននាំនាវាកម្ពុជាទៅកាន់ពិភពលោក តាមរយៈការស​មាហរណកម្មខ្លួនឯងក្នុងកម្រិតតំបន់ អន្តរជាតិ និងពិភពលោក។

ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍អឺរ៉ុប ក្នុងសប្តាហ៍នេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ជួបជាមួយប្រធានាធិបតីបារាំង ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម ឡាវ ប្រធានាធិបតីហូឡង់ និងមេដឹកនាំអឺរ៉ុបដ៏មានសក្តានុពលផ្សេងៗទៀត ពិសេសបានចូលរួមចេញសេចក្តី ថ្លែងការណ៍ជាមួយមេដឹកនាំបារាំង លោកអេម៉ានូអែល ម៉ាក្រុង ដើម្បីអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការបាញ់ម៉ីស៊ីល នៅក្នុងប្រទេសអ៊ុយ ក្រែន ដែលបានបង្កទុក្ខវេទនាដល់ប្រជាជនស៊ីវិលអ៊ុយ ក្រែនយ៉ាងរន្ឋត់។

ធ្លាប់ជាមេដឹកនាំដែលឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ចូលរួមប្រយុទ្ឋក្នុងសង្រ្គាម និងបានដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គា​មស៊ីវិលដ៏រ៉ាំរ៉ៃ នៅកម្ពុជានៅឆ្នាំ១៩៩៨ សម្តេចបានក្លាយជាមេដឹកនាំលេចធ្លោ លើឆាកអន្តរជាតិ និងបានក្លាយជាតួអង្គនៃមេដឹកនាំខ្លាំងមួយរូបនៅលើពិភពលោក ដែលបានកាន់អំណាចយូរ ក្នុងចំណោមមេដឹកនាំកាន់អំណាចជាងគេនៅលើពិភពលោក៕

 

ស្ថានភាពវិនិយោគឯកជនក្នុងប្រទេសក្នុងឆ្នាំ២០២២បង្ហាញកំណើនខ្ពស់ធៀបនឹងឆ្នាំមុន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ធៀបនឹងឆ្នាំ២០២១កន្លងទៅ ស្ថានភាពវិនិយោគនៅក្នុងប្រទេសកម្ពុជារយៈពេលជិត១ឆ្នាំ២០២២មកនេះ បានបង្ហាញពីកំណើនខ្ពស់ និងមានភាពល្អប្រសើរ។ យោងតាមរបាយការណ៍ស្ថិតិពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការវិនិយោគមានកំណើនរហូតដល់ជាង១៣០ភាគរយធៀបនឹងឆ្នាំ២០២១កន្លងទៅ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងរយៈពេលជិត១ឆ្នាំនៃឆ្នាំ២០២២នេះ គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១៦គម្រោង មានការកើនឡើង២៤គម្រោង ដែលមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារអាមេរិក។

ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២២នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន៣.៤០៧គម្រោង ធៀបនឹងឆ្នាំ២០២១ គឺមានការថមថយប្រមាណ១៩០គម្រោង និងមានតម្លៃវិនិយោគប្រមាណ២.១៩០លានដុល្លារអាមេរិក ធ្លាក់ចុះជាងពាក់កណ្ដាល។ ក្នុងនោះ ប្រភេទសំណង់លំនៅឋានមានចំនួនជាង៣ពាន់គម្រោង ស្មើនឹងប្រមាណជាង៨៨,៥៨ភាគរយ នៃសំណើរសុំសាងសង់សរុប  ធៀបនឹងឆ្នាំមុនថមយប្រមាណ៩០គម្រោង។

អ្នកជំនាញអចលនទ្រព្យកម្ពុជាបានមើលឃើញថា ការវិនិយោគនៅក្នុងឆ្នាំ២០២២នេះ ភាគច្រើនបានមកពីការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ខណៈការវិនិយោគពីបរទេសនៅមិនទាន់មានភាពល្អប្រសើរឡើងនៅឡើយទេ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងនាពេលថ្មីៗនេះថា ក្នុងអំឡុងពេល ដែលវិនិយោគិនបរទេសមិនមានទាន់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏មានវិនិយោគិនក្នុងស្រុកបានបណ្ដាក់ច្រើនទៅវិញ ហើយការវិនិយោគរបស់វិនិយោគិនក្នុងស្រុកនេះដែរ ក៏បានធ្វើឱ្យសកម្មភាពវិនិយោគនៅតែបន្តដំណើរការ។

លោកបន្តថា ស្ថានភាពវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងមានភាពល្អ ដូចនឹងឆ្នាំ២០១៩ ឬមុនពេលកូវីដ១៩ លុះត្រាតែមានការវិនិយោគពីក្រៅប្រទេសច្រើន ពីព្រោះវិស័យនេះនៅពឹងលើការវិនិយោគពីបរទេស ទោះបីជាមានការវិនិយោគពីក្នុងស្រុកច្រើនក៏ដោយ៕

ក្រុមមហាសេដ្ឋីចិន ជ្រើសរើសប្រទេសសិង្ហបុរីជាគោលដៅចំណាកស្រុក ស្របពេលមានភាពវឹកវរក្នុងប្រទេសចិន

ដោយ: លាងហួរ
ហុងកុង: គិតចាប់តាំងពីឆ្នាំ២០១៥មក លោកស្រី Kristine Zhang បានចំណាយពេលជាច្រើនខែក្នុងមួយឆ្នាំៗនៅក្នុងប្រទេសសិង្ហបុរីជាកន្លែង  ដែលកូនប្រុសរបស់លោកស្រីកំពុងសិក្សា។

ចំណែកស្វាមីរបស់លោកស្រី ជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនបរទេសមួយ ដែលបាននឹងកំពុងគ្រប់គ្រងអាជីវកម្មបាញ់ថ្នាំពណ៌រថយន្តនៅក្នុងទីក្រុងក្វាងទុងនៃប្រទេសចិន។

ស្វាមីរបស់លោកស្រី Zhang មានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរទីលំនៅរបស់គ្រួសារទៅកាន់ប្រទេសសិង្ហបុរី ឬប្រទេសផ្សេងទៀត ដោយសារតែលោកមានសុទិដ្ឋិនិយមនៅលើទីផ្សារប្រទេសចិន ប៉ុន្តែនាពេលថ្មីៗនេះលោកក៏បានផ្លាស់ប្តូរគំនិតវិញ។

លោកស្រី Zhang បានមានប្រសាសន៍ថា យើង​នឹង​បាន​ជួបជុំ​គ្រួសារឡើងវិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ  ប៉ុន្តែ​មិន​ដូច​កាល​ពី​ដំបូង​ឡើយ ព្រោះសិង្ហបុរី​មិន​មែន​ជា​ប្រទេស​ឆ្លង​កាត់​សម្រាប់​កូន​ប្រុស​យើង​ទៀតនោះទេ ប៉ុន្តែ​វាជា​ផ្ទះ​អចិន្ត្រៃយ៍របស់ពួកយើង។

ប្តីប្រពន្ធទាំង២គឺជាផ្នែកមួយនៃរលកថ្មីនៃការអន្តោប្រវេសន៍ និងការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសសិង្ហបុរី  ដែលប្រទេសនេះកំពុងក្លាយជាមេដែកស្រូបទាញអ្នកជំនាញ និងអ្នកមានទ្រព្យស្តុកស្តម្ភ ស្របពេលប្រទេសចិនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច  និងសង្គម។ នេះបើយោងតាមបទសម្ភាសន៍ជាមួយអ្នកប្រឹក្សា អ្នកវិនិយោគ និងជនអន្តោប្រវេសន៍។

ទីផ្សារក្នុងស្រុកដ៏យឺតយ៉ាវ ការកើនឡើងនៃការបិទខ្ទប់ជំងឺឆ្លង ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងភាពខ្សោយរបស់ប្រាក់យ័ន កំពុងបំផ្លាញអស់ទ្រព្យសម្បត្តិរបស់យើងបន្តិចម្តងៗ រួមទាំងការត្រួតពិនិត្យពន្ធកាន់តែតឹងរ៉ឹងនៅពេលខាងមុខ ហើយចំណុច​ ដែលសំខាន់​នោះគឺ​យើង​មិន​ដឹង​ថា​ រឿងនេះនឹង​អូសបន្លាយពេល​យូរ​ប៉ុណ្ណា​ទៀតនោះទេ។

គ្រួសារនេះ គ្រោងនឹងលក់អចលនទ្រព្យចំនួន៣នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣  ដែលមានតម្លៃប្រហែល២,១លានដុល្លារអាមេរិក ដើម្បីផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសសិង្ហបុរី ដោយពួកគេសង្ឃឹមថានឹងក្លាយជាពលរដ្ឋ និងចាប់ផ្តើមអាជីវកម្មថ្មីមួយនៅទីនោះ។

ភាពទាក់ទាញរបស់​ប្រទេសសិង្ហបុរី​មាន​លក្ខណៈ​ចម្រុះ​សម្រាប់​ជនអន្តោប្រវេសន៍​ចិនដីគោក ដោយជនជាតិចិនគឺជាក្រុមជនជាតិភាគតិចដ៏ធំបំផុតនៅក្នុងប្រទេស សិង្ហបុរី ហើយភាសាចិនកុកងឺត្រូវបាននិយាយយ៉ាងទូលំទូលាយ។

ប្រទេសសិង្ហបុរីក៏​បាន​រក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង​ ផងដែរ ទោះបីជាភាព​តានតឹង​រវាង​ប្រទេសចិន និង​អាមេរិក​កំពុងតែ​ឡើងកំដៅយ៉ាងណាក្តី។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Henley Global Citizens Report  ដែលបានចេញផ្សាយកាលពីខែមិថុនាបានឱ្យដឹងថា ទីក្រុងសាំងហ្គាពួរ គឺជាគោលដៅមួយក្នុងចំណោមគោលដៅកំពូលទាំង៥ សម្រាប់អ្នកមានទ្រព្យស្តុកស្តម្ភ ដែលប្រាថ្នាចង់ធ្វើចំណាកស្រុក រួមជាមួយនឹងប្រទេសអារ៉ាប់រួម អូស្ត្រាលី អ៊ីស្រាអែល និងប្រទេសស្វីស៕

  

ក្រុមហ៊ុនរបស់សិង្ហបុរី Tanncam បោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនអចលនទ្រព្យ DCG

ដោយ: លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Tanncam Investment Pte Ltd បានបណ្តាក់ទុនវិនិយោគនៅក្នុងទំហំទឹកប្រាក់ដ៏ច្រើនគួរឱ្យកត់សម្គាល់ទៅក្នុងក្រុមហ៊ុនDigital Classified Group (DCG)។

Digital Classified Group (DCG)  គឺជាក្រុមហ៊ុនអចលនទ្រព្យអូស្ត្រាលី និងប្រតិបត្តិករអចលនទ្រព្យតាមអុីនធឺណិត និងក្រុមហ៊ុនចាត់ថ្នាក់ទូទៅនៅក្នុងទីផ្សារដែលកំពុងស្ទុះងើបខ្លាំង  និងទីផ្សារដែលកំពុងរីកចម្រើន។

លោក Anthony Galliano នាយកក្រុមហ៊ុន Tanncam និងជានាយកប្រតិបត្តិនៃការគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) បានមានប្រសាសន៍ថា ក្រុមហ៊ុន DCG បានបង្ហាញពីសមត្ថភាពដ៏ពិសេសមួយក្នុងការចូលទៅកាន់ទីផ្សារ ដែលកំពុងរីកចម្រើន និងស្ទុះងើបខ្លាំង ព្រមទាំងបានបង្កើតភាពលេចធ្លោមួយផងដែរ។

លោក Galliano បានមានប្រសាសន៍បន្តថា យើងកំពុងវិនិយោគលើអ្វី  ដែលយើងជឿជាក់ថាជាអនាគតដ៏ជោគជ័យមួយ ជាក្រុមគ្រប់គ្រងដ៏រឹងមាំ និងជាផលប័ត្រដ៏ជោគជ័យ។

លោកបានបន្ថែមថា ក្រុមហ៊ុន DCG ស្ថិតនៅលើចំណុចកំពូលនៃដំណើរដ៏មិនគួរឱ្យជឿរបស់ខ្លួន ហើយយើងរីករាយក្នុងការរួមចំណែកក្នុងការធ្វើការងារនេះ។

ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ និងធុរកិច្ចសាជីវកម្ម CIM បានដើរតួជាអ្នកទំនាក់ទំនង និងទីប្រឹក្សាហិរញ្ញវត្ថុលើប្រតិបត្តិការសម្រាប់ក្រុមហ៊ុន Tanncam ហើយលោក Anthony នឹងបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន DCG ក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។

ក្រុមហ៊ុន និងម៉ាកយីហោ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន DCG រួមមានដូចជា ក្រុមហ៊ុន realestate.com.kh និង FazWaz ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន hausples.com.pg និង marketmeri នៅ Papua New Guinea ក្រុមហ៊ុន yula.la ក្នុងប្រទេសឡាវ និងក្រុមហ៊ុនproperty.com.fj។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន DCG បានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ពីការផ្សាយពាណិជ្ជកម្មទៅជាសេវាកម្មប្រតិបត្តិការ ដើម្បីពន្លឿនកំណើនរបស់ខ្លួន។

លោក Mathew Care នាយកប្រតិបត្តិនៃក្រុមហ៊ុន DCG បានមានប្រសាសន៍ថា នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបសម្រាប់ក្រុមរបស់យើង ខណៈអាជីវកម្មមានភាពទាក់ទាញឡើងវិញ ហើយយើងកំពុងជួបប្រទះនូវកំណើនដ៏រុឹងមាំ និងការកែលម្អយ៉ាងច្រើន នៅក្នុងមូលដ្ឋានគ្រឹះនៃផលប័ត្ររបស់យើង ។

លោក Mathew Care បានទទួលស្វាគមន៍ក្រុមហ៊ុន Tanncam ក្នុងនាមជាម្ចាស់ភាគហ៊ុនថ្មី និងជាវិនិយោគិនដ៏ល្បីល្បាញ ដោយលោករំពឹងថា ក្រុមហ៊ុននេះនឹងក្លាយជាចំណែកដ៏ជោគជ័យមួយ ជាមួយនឹងគោលបំណងយុទ្ធសាស្រ្តនាពេលអនាគតរបស់យើង៕

មន្រ្តីកម្ពុជា ជប៉ុនពិភាក្សាលើគោលនយោបាយសំខាន់ៗជាច្រើនដើម្បីលើកកំពស់ប្រព័ន្ឋភស្តុភារកម្ម

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គោលនយោបាយសំខាន់ៗនៃប្រព័ន្ធភស្ដុភារកម្មកម្ពុជា ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពិនិត្យលើកទី២ របស់គណៈកម្មការរួមសម្របសម្រួល គម្រោងរបស់អន្តរក្រសួង លើដំណើរការនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មប្រទេសកម្ពុជាជំហានទី២។

កិច្ចប្រជុំនេះត្រូវបានដឹកនាំលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មនៃប្រទេសកម្ពុជា ជំហានទី២ (PMU) និងលោកស្រី MIYAHARA Ai តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យលើកទី២ របស់គណៈកម្មការរួមសម្របសម្រួលគម្រោងរបស់អន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើដំណើរការនៃការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្ម នៃប្រទេសកម្ពុជា ជំហានទី២ (PMU) ។

អង្គប្រជុំបានផ្តោតការពិភាក្សា លើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងការវិវឌ្ឍថ្មីៗទាក់ទងនឹងច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងវៀតណាម ព្រមទាំងបង្ហាញពីវឌ្ឍនភាព ក្នុងការរៀបចំបង្កើតឡើងគោលនយោបាយ ផែនការសកម្មភា​ពនានា ដែលក្រុមការងារកំពុងរៀបចំរួមមាន ទី១ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) ទី២ គោលនយោបាយរក្សាទំនិញត្រជាក់ (Cold Chain Policy) និងទី៣ គោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) គោលការណ៍ណែនាំរៀបចំមជ្ឈមណ្ឌលភស្តុភារកម្ម ក៏ដូចជា ការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោងផែនការមេ ប្រព័ន្ធភស្តុភារកម្មកម្ពុជា ការបង្កើតឡើង ប្រព័ន្ធទិន្នន័យប្រព័ន្ធទំនាក់ទំនង និងការសិក្សាទីផ្សារភស្តុភារកម្ម និងបទបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំ សាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនសម្រាប់សម្រួល និងធ្វើឱ្យប្រសើរឡើងចរាចរណ៍ ឆ្លងកាត់នៅច្រកទ្វារព្រំដែនបាវិត និងប៉ោយប៉ែត និងការជួយសម្របសម្រួលការងារបើកប្រតិបត្តិការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនជាបណ្តោះអាសន្ន ច្រកទ្វារស្ទឹងបត់-បានណងអៀន (កម្ពុជា-ថៃ)។

អង្គប្រជុំក៏បានស្តាប់បទបង្ហាញ និងជជែកពិភាក្សាគ្នាផងដែរលើការសិក្សា និងអនុសាសន័របស់ទីភ្នាក់ងារ JICA ទៅលើគំហើញកត្តាមួយចំនួនដែលកើតឡើង និងសំណើស្វែងរកដំណោះស្រាយ ការកកស្ទះនៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការជប៉ុន ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃគណៈកម្មការគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងសមា​ជិកគណៈកម្មការរួមសម្របសម្រួលគម្រោង ដែលបានខិតខំប្រឹងប្រែងបំពេ​ញការងារយ៉ាងសកម្ម និងការចូលរួមពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទទួលលទ្ធផលបានល្អប្រសើរ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានសំណូមពរផងដែរ ឱ្យក្រុមការងារទាំងអស់បន្តសហការបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងអាចបញ្ចប់គម្រោងដោយជោគជ័យ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕

ការស្ទង់មតិ: មជ្ឈដ្ឋានទូទៅទូទាំងអាស៊ី-ប៉ាស៊ីហ្វិកនៅតែមាសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាន

ដោយៈ សុខុម

ហុងកុង: កូវីដ-១៩មិនត្រឹមតែកែប្រែទម្លាប់យើងធ្វើការ និងទិញអីវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញឱ្យមនុស្សកាន់តែច្រើន គិតចង់រើផ្ទះផងដែរ តាមរយ:ការទិញផ្ទះថ្មី នៅទីតាំងកណ្តាលក្រុង ដែលពួកគេអាចទទួលបានស្តង់ដាររស់នៅកាន់តែប្រសើរ និងចំណាយពេលតិចក្នុងការធ្វើដំណើរ។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឱ្យដឹងថា ការសង្កេតនេះ គឺធ្វើឡើងដោយផ្អែកលើការស្ទង់មតិថ្មី ដោយក្រុមហ៊ុនអចលនទ្រព្យអាមេរិកCBRE ទៅលើមនុស្សជាង២០.០០០នាក់ នៅទូទាំងពិភពលោក ដើម្បីស្វែងយល់ពីរបៀបដែលពួកគេរស់នៅ រៀបធ្វើការ និងទិញទំនិញនាពេលអនាគត។

ទន្ទឹមនេះ អ្នកឆ្លើយសំណួរចំនួន៩.០០០នាក់ ដែលមកពីទូទាំងអាស៊ី-ប៉ាស៊ីហ្វិក ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងការស្ទង់មតិនេះផងដែរ។

គ្រួសារពលរដ្ឋអាស៊ី ជាទូទៅជំពាក់បំណុលតិចជាង និងមានជំហរហិរញ្ញវត្ថុរឹងមាំជាងគ្រួសារពលរដ្ឋលោកខាងលិច។

លោក Henry Chin នាយកផ្នែកស្រាវជ្រាវទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក នៅក្រុមហ៊ុន CBRE លើកឡើងថា ជាទូទៅពលរដ្ឋអាស៊ី យល់ឃើញថា អចលនទ្រព្យជាការវិនិយោគរយៈពេលវែង។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា “ខណៈទីផ្សារអចលនទ្រព្យក្នុងទីផ្សារមួយចំនួននៅអាស៊ី ពេលនេះកំពុងធ្វើការកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងការដំឡើង អត្រាការប្រាក់កាលពីពេលថ្មីៗនេះ អ្នកទិញកំពុងសញ្ជឹងរង់ចាំមើលស្ថានភាពទីផ្សារ ដើម្បីក្ដាប់ឱកាសទិញ នៅពេលឱកាសល្អហុចឱ្យ”។

ការសិក្សាបានរកឃើញថា មនុស្ស៦៦%នៅពេលនេះ ចាត់ទុកសុខភាព និងសុវត្ថិភាពសំខាន់ជាងតម្លៃ នៅពេលជ្រើសរើសទិញផ្ទះថ្មី។ នេះមានន័យថា ពួកគេមិនសូវសូញសាញ រឿងតម្លៃប៉ុន្មានឡើយ ឱ្យតែផ្ទះថ្មីដែលពួកគេទិញផ្ដល់ផាសុកភាព និងសុវត្ថិភាពខ្ពស់។

លោកស្រី Ada Choi ប្រធានផ្នែកស្រាវជ្រាវ និងគ្រប់គ្រងទិន្នន័យសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅក្រុមហ៊ុនCBRE លើកឡើងថា “ចំនួនអ្នកទិញផ្ទះដែលចង់បានលក្ខខណ្ឌបែបនេះ កើនឡើងកាន់តែច្រើន ជាពិសេសក្នុងចំណោមជនជាតិចិនដីគោក”៕ South China Morning Post៕

រដ្ឋាភិបាលកម្ពុជា-ចិនកំពុងពន្លឿនផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

 ដោយៈ សុផារី

ក្រុងព្រះសីហនុ: កម្ពុជា និងវិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌី​សាញ​សិន​ជិន (UPDIS) បាននិងកំពុងពិនិត្យ​ធ្វើ​បច្ចុប្បន្នភាព និង​ពិភាក្សា​លើ​ខ្លឹម​សារសំខាន់ៗ​ជា​យុទ្ធសាស្ត្រ និង​កំណត់​ទិសដៅ គោលនយោបាយ​អាទិភាព នៃ​សេចក្តីព្រាង​របាយការណ៍​ផែនការមេ និង​សេចក្តីព្រាង​របាយការណ៍​ផ្នែក​ពាក់ព័ន្ធ​ទាំង​១២ នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។​

តាមរយៈ​ការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ​ជា​ប៉ូល​នៃ​ការអភិវឌ្ឍ​ថ្មី​មួយ និង​ជាទី​ក្រុង​ឆ្លាត​វៃ មានការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប និង​ជាទី​ក្រុង​បៃតង ព្រមទាំង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សេវាកម្ម និង​ឡូ​ជី​ស្ទីក​ដ៏​រស់​រវើក ក្នុង​តំបន់​អាស៊ាន ដើម្បី​ភ្ជាប់​ខេត្ត​ព្រះសីហនុ ​ទៅនឹង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​ការផ្គត់ផ្គង់​ក្នុង​តំបន់ និង​ពិភពលោក​។​

ក្នុងងកិច្ចប្រជុំ​ពិគ្រោះ​យោបល់ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០២២ លោក វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា របាយកាណ៍​ផែនការមេ និង​របាយការណ៍​ផ្នែក​ពាក់ព័ន្ធ​ទាំង​១២​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ផែនការ​សកម្មភាព​ ក្នុងការ​អភិវឌ្ឍ​ររយៈពេលខ្លី មធ្យម និង​វែង​ បន្ស៊ី​គ្នា​ទៅនឹង​ផែនការ យុទ្ធសាស្ត្រ និង​ផែនការ​អភិវឌ្ឍ​ថ្នាក់ជាតិ និង​មាន​ភាព​ប្រទាក់ក្រឡា​នៃ​ផែនការ​អភិវឌ្ឍ​តាម​វិស័យ​។​

លោក​បាន​បន្តថា ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និន្នាការ​និង​ការផ្លាស់ប្តូរ​សកល​ ការអភិវឌ្ឍ​ឧឧស្សាហកម្ម ទីផ្សារ​កម្លាំង​ពលកម្ម​ គំរូ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​សារ​វ័​ន្ត​ សម្រា​ប់​ទីក្រុង (public utilities) មធ្យោបាយ​ដឹកជញ្ជូន​ ទេសចរណ៍ និង​ជីវចម្រុះ​ ការរស់នៅ និង​សុខុមាលភាព​ ការ​រចនា​ទទីក្រុង ការគ្រប់គ្រង​កការប្រើប្រាស់ដី ការគ្រប់គ្រង​ខ្សែក្រវាត់​បបៃតង និង​ក្របខ័ណ្ឌ​ស្ថាប័ន នឹង​ជួយ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​រឹងមាំ ​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។

លោក ឆេង គឹម​ឡុង នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច និង​ប្រជាធិបតេយ្យ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បាន​យល់ឃើញថា ខេត្ត​ព្រះសីហនុ គឺជា​ប៉ូល​សេដ្ឋកិច្ច​ពិសេស និង​ជា​គោលដៅ​ច្រកចេញចូល​របស់​កម្ពុជា​នាពេល​អនាគត​ដ៏​មាន​សក្តានុពល​។

លោក​បាន​ប្រាប់ថា “ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​អភិវឌ្ឍន៍​ទីក្រុង​នៃ​មួយ​នេះ​ឱ្យ​ទំនើប​ជាង​ទីក្រុង​ភ្នំពេញ ជាពិសេស​ការ​ព​ង្រើ​ក​តំបន់​សេដ្ឋកិច្ច​ពិសេ​ស និង​កំពង់ផែ​ទឹក​ជ្ជ្រៅ”។​

លោកឆេង គឹម​ឡុងបានមានប្រសាសន៍ឲ្យដឹងទៀតថា ការរៀបចំ​ផែនការមេ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង គឺមាន​សារៈសំខាន់ ខណៈ​កម្ពុជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយនឹង​កូរ៉េខាងត្បូង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ា (EAEU) បូករួម​ជាមួយ​ការអនុគ្រោះ​ពន្ធ​ការនាំចេញ​របស់​កម្ពុជា ​ពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេ​ស និង EBA របស់​សហគមន៍​អឺរ៉ុប​ផង នោះ​ចរាចរណ៍​ទំនិញ និង​ការដឹកជញ្ជូន​ក៏​កាន់តែច្រើន​៕

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ស្នើសាងសង់អាកាស យានដ្ឋានថ្មីៗរហូតដល់ទៅ៩ទីតាំង

ដោយៈ សុខុម

ហាណូយ: អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានស្នើឱ្យក្រសួ​ងដឹកជញ្ជូនដាក់បញ្ចូលបន្ថែម នូវអាកាសយានដ្ឋានថ្មីៗចំនួន៩ទៀត ទៅក្នុងផែនការអាកាសយានដ្ឋានជាតិ សម្រាប់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូឱ្យដឹងថា គម្រោងអាកាសយានដ្ឋាន ដែលត្រូវបានស្នើឡើងទាំងនេះមាននៅដូចជាខេត្ត Ha Giang ខេត្ត Yen Bai ខេត្ត Tuyen Quang ខេត្ត Ha Tinh ខេត្ត Kon Tum ខេត្ត Quang Ngai ខេត្ត Khanh Hoa ខេត្ត Dak Nong និងខេត្ត Tay Ninh។

សំណើនេះត្រូវបានលើកឡើង បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានចំណាយពេលមួយខែ ធ្វើការដោយផ្ទាល់ជាមួយខេត្តទាំង១០ខាងលើ ជុំវិញសំណើសុំអភិវឌ្ឍអាកាសយានដ្ឋាន នៅក្នុងខេត្តទាំងនេះ។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានជំរុញឱ្យតំបន់រដ្ឋបាលខេត្តទាំងរៀបចំរបាយការណ៍សមិទ្ធលទ្ធភាព និងផែនការកៀរគរប្រមែប្រមូ​លមូលធន សម្រាប់ការសាងសង់អាកាសយានដ្ឋានទាំងនេះ។

ទន្ទឹមនេះ អាជ្ញាធរនេះបានបញ្ជាក់ថា ថវិការដ្ឋនឹងមិនផ្តល់មូលធនសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានទាំងនេះឡើយ។

យោងតាមផែនការអាកាសយានដ្ឋាន ដែលក្រសួងដឹកជញ្ជូនដាក់ជូនរដ្ឋាភិបាលបង្ហាញថា វៀតណាម នឹងមានអាកាសយានដ្ឋាន សរុបរហូតដល់ទៅ២៨ នៅត្រឹមឆ្នាំ២០៣០ និងចំនួន៣១នៅត្រឹមឆ្នាំ២០៥០។

ក្រសួងដឹកជញ្ជូនវៀតណាម បានដំឡើងស្តង់ដារចំនួន៦ សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋាន រួមមាន តម្រូវការដឹកជញ្ជូនទំនិញ តម្រូវការអភិ​វឌ្ឍន៍សេដ្ឋកិច្ចសង្គម ការការពារជាតិ & សន្តិសុខ ការឆ្លើយតបគ្រាអាសន្ន & សង្គ្រោះ ស្ថានភាពធម្មជាតិ និងចម្ងាយផ្លូវជាដើម។

បច្ចុប្បន្ន វៀតណាម មានអាកាសយានដ្ឋានចំនួន២២ រួមទាំងអាកាសយានដ្ឋានអន្តរជាតិចំនួន១២ និងអាកាសយានដ្ឋានក្នុងស្រុកចំនួន១០ផងដែរ។ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយគឺ Long Thanh International Airport កំពុងស្ថិតក្រោមការសាងសង់នៅឡើយ៕ Vietnam News៕