សម្តេចតេជោអបអរសាទរខួប៣០ឆ្នាំ ដែលប្រាសាទអង្គរវត្តបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយៈ វិវឌ្ឈន៍

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញ​សារអបអរសាទរខួប៣០ឆ្នាំាំ នៃការដាក់បញ្ជូលប្រាសាទអង្គរវត្តជាបេតិកភ័ណ្ឌមនុស្សជាតិពិភពលោកនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២។

សម្តេចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៤ ធ្នូនេះថា “អង្គរវត្ត” ជាប្រាសាទមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ប្រាសាទ និងសិល្បៈរបស់យើងជាច្រើនទៀត បានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ លោ្ខនខោល ជាដើម។

សម្តេចបន្តថា “ការបញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក រាល់កេរដំណែលរបស់យើង បានបង្ហាញឱ្យអន្តរជាតិបានស្គាល់នូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលមានតំាងពីអតីតកាលមក”។ សម្តេចបន្ថែមថា “យើងមានមោទកភាពជាទីបំផុត ចំពោះបុព្វបុរសយើង ដែលបានបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយនេះ”។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរនេះឡើងដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាតិ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរយើង ដែលលោកបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្ប​ត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

សម្តេចបានបន្តដោយអំពាវនាវ បងប្អូនជនរួមជាតិបន្តចូលរួមថែរក្សា ការពារប្រាសាទបូរាណ វប្បធម៌សិល្បៈរបស់យើង ទំាងអស់ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ៕

លោកស៊ុន ចាន់ថុលៈការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ស្ថិតក្នុងទម្រង់PPP

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលសេចក្តីព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract – PPP) បានរៀបចំចប់សព្វគ្រប់ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ហើយឈានទៅរកការចុះហត្ថលេខា នាដើមឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពប្រមុខថ្នាក់ដឹកនាំ។​

លោកបានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី១៣ ធ្នូ ក្នុងជំនួបជំរាបលារបស់លោកPablo Kangឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ​របស់លោកនាពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានសង្កត់ធ្ងន់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺពិតជាស្ថិតក្រោមទម្រង់នៃការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ប្រាកដមែន ដោយហេតុថាភាគីរដ្ឋទទួលបន្ទុកលើហិរញ្ញប្បទាន ក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយភាគីក្រុមហ៊ុនឯកជន ទទួលបន្ទុកក្នុងការវិយោគសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធនានា។

លោកបន្តថា “រដ្ឋាភិបាលកម្ពុជា ជ្រើសយកវិធីវិនិយោគបែបនេះ គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ តាមរយៈស្ពានដែលមាន៤គន្លង ដោយមិនចាំបាច់មានការចំណាយបន្ថែម”។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយនានា ពាក់ព័ន្ធនឹងការងាររៀបចំស្តង់ដារបច្ចេកទេសផ្លូវថ្នល់ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ និងការរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រងសំណល់រាវ ដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មកកម្ពុជាជាហូរហែរតាមរយៈ កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)។ កម្មវិធីនេះក៏ផ្តល់ជំនួយ ទៅដល់ការបង្កើតភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ។

លោកបញ្ជាក់ថថា កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) របស់រដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃកញ្ចប់ជំនួយរួម លើការជំរុញឱ្យមានការស្តារឡើងវិញ នៅក្នុងតំបន់ពីជំងឺកូវីដ១៩ តាមរយៈការអភិឌ្ឍប្រកប​ដោយបរិយាបន្ន និងនិរន្តរភាព ហើយគំនិតផ្តួច P4I នេះ នឹងពង្រឹងបន្ថែម លើទំនាក់ទំនងរយៈពេល៧០ឆ្នាំកម្ពុជា-អូស្ត្រាលី និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់នៅកម្ពុជាផងដែរ។

តាមរយៈកម្មវិធីP4I នេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុ​ងអនុវត្តការធ្វើបច្ចុប្បន្នភាពស្តង់ដាផ្លូវថ្នល់ និងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រងសំណល់រាវនៅទូទាំងប្រទេស៕

តំបន់តាមបណ្ដោយផ្លូវជាសុផារ៉ា នឹងមានសន្ទុះវិនិយោគកំពុងបង្ហាញសក្តានុពលនៃការវិនិយោគ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ផ្លូវ598 ឬផ្លូវជាសុផារ៉ាជាតំបន់ ដែលមើលឃើញថាមានការអភិវឌ្ឍខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយវត្តមានផ្សារទំនើប ហាងល្បីៗ និងលំនៅដ្ឋានបែបអភិជនកំពុងបង្ហាញខ្លួននៅតំបន់នេះ។

អ្នកអភិវឌ្ឍន៍លំនៅឋានមួយចំនួនមើលឃើញថា តំបន់នេះនឹងមានសន្ទុះកាន់តែខ្លាំង និងមានការទាក់ទាញបន្ថែមទៀត នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ ។

លោកសែម ផេ នាយកផ្នែកប្រតិបត្តិការនៃបុរី Dragon Land 598 បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា លោកមើលឃើញថាតំបន់នៅតាមបណ្ដោយផ្លូវ៥៩៨ ឬផ្លូវជាសុផារ៉ា ជាតំបន់អភិវឌ្ឍន៍ដែលមានសក្ដានុពលមួយ នៅពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសនៅ    រយៈពេល៣ទៅ៥ឆ្នាំខាងមុខនេះ តំបន់តាមបណ្ដោយផ្លូវនេះនឹងកាន់តែមានសក្ដានុពលនិងមានការវិនិយោគកាន់តែច្រើន។

លោកបន្តថា ជាការកត់សម្គាល់នៅពេលនេះ មានគម្រោងរដ្ឋធំៗមួយចំនួន ដូចជា អគ្គស្នងការនគរបាលជាតិ ទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន និងស្ថាប័នរដ្ឋមួយចំនួនទៀត ។ ក្រៅពីនេះក៏មានគម្រោងអភិវឌ្ឍន៍ដោយឯកជនជាច្រើន បានអភិវឌ្ឍន៍នៅតំបន់ផ្លូវ598 នៅតាមបណ្ដោយផ្លូវជាសុផារ៉ា និងមានគម្រោងមួយចំនួន កំពុងសម្លឹងរកការវិនិយោគជាបន្តបន្ទាប់នៅពេលអនាគតខាងមុខនេះ ។

លោករំពឹងថា “នៅឆ្នាំក្រោយនេះ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នឹងមានកំណើនល្អប្រសើរឡើងវិញ ហើយក៏ជាពេលវេលាដែលអ្នកអភិវឌ្ឍន៍លំនៅឋាន ត្រូវចាប់ផ្ដើមអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារផងដែរ”។

ជាមួយគ្នានេះ លោកឧកញ៉ាខេង អគ្គនាយកនាយកក្រុមហ៊ុនCPL បានមានប្រសាន៍ផងដែរថា តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ឃើញថាមានសក្ដានុពលគួរឱ្យកត់សម្គាល់ ក្នុងនោះយើងបានឃើញមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ត្រូវបានអភិវឌ្ឍន៍ឡើង និងជាសក្ដានុពលបន្ថែមទៀត សម្រាប់ទាក់ទាញឱ្យមានការវិនិយោគនៅតំបន់នោះ។

លោកឧកញ៉ាបន្តថា “តំបន់ណាដែលមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឲ្យតំបន់នោះនឹងមានការទាក់ទាញការវិនិយោគបន្ថែម ហើយក៏កាន់តែធ្វើឱ្យតំបន់នោះ មានភាពអ៊ូអរជាងបច្ចុប្បន្នផងដែរ”៕

ADBបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍  អាចនឹងងើបឡើងក្នុងកម្រិតខ្សោយជាងការរំពឹងទុកពីមុន ដែលបានបង្ហាញនៅឆ្នាំ២០២២នេះ  និងនៅឆ្នាំ២០២៣ខាងមុខ។

យោងតាមរបាយការណ៍ របស់ធនាគារដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានឱ្យដឹងក្នុងរបាយការណ៍ចេញផ្សាយ នៅថ្ងៃទី១៤ ធ្នូនេះថា សេដ្ឋកិច្ចរបស់តំបន់អាស៊ី ត្រូវបានគេមើលឃើញថា នឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ មុនពេលហក់ឡើងដល់៤,៦ភាគរយ ក្នុងឆ្នាំ២០២៣។

ការ​ព្យាករ​ណ៍ថ្មីរបស់ADB បានបង្ហាញពីសញ្ញានៃការធ្លាក់​ចុះ​ពី​កំណើ​ន ដែល​បាន​ព្យាករ​ណ៍ពី​មុន​ គឺ៤,៣ភាគរយ និង៤,៩ភាគរយរៀង​ៗគ្នា។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន  ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅអាស៊ី  ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់៣ភាគរយ ធៀបនឹងកំណើន៣,៣ភាគរយ  ដែលត្រូវបានព្យាករណ៍កាលពីខែកញ្ញា។

ការព្យាករណ៍ដដែលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់តំបន់អាស៊ីអាគ្នេយ៍  នឹងកើនឡើង៥,៥ភាគរយ នៅឆ្នាំ២០២២នេះ  ធៀបនឹងការព្យាករណ៍ចំនួន៥,១ភាគរយ កាលពីលើកមុន  ដែលកំណើននេះត្រូវបានជំរុញដោយការប្រើប្រាស់ដ៏រ៉ឺងមាំ និងការងើបឡើងវិញនៃវិស័យទេស​ចរណ៍។

ចំណែកការព្យាករណ៍ពីអតិផរណានៅឆ្នាំ២០២២ សម្រាប់បណ្តាប្រទេ​សកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី ត្រូវបានបន្ទាបចុះបន្តិចមកនៅត្រឹម៤,៤ភាគរយ ពី៤,៥ភាគរយ ប៉ុន្តែអតិផរណានឹងកើនឡើងដល់៤,២ភាគរយ ពី៤ភាគរយសម្រាប់ឆ្នាំ២០២៣៕

ប្រទេសថៃគ្រោងបោះទុនវិនិយោគបន្ថែមជិត៩ពាន់លានដុល្លារដើម្បីសាងសង់គម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនដំណាក់កាលទី២

ដោយ: លាងហួរ

បាងកក: ប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT) គ្រោងបោះទុនវិនិយោគប្រហែល៨,៦៦ពាន់លានដុល្លារ បន្ថែមទៀត  សម្រាប់សាងសង់ដំណាក់កាលទី២ នៃគម្រោងផ្លូវដែកល្បឿនលឿនថៃ-ចិន។

យោងតាមប្រភព SRT ដដែលបានឱ្យដឹងថា ប្លង់ផ្លូវដែកប្រវែង៣៥៦គីឡូម៉ែត្រ នៃដំណាក់កាលទី២  ដែលលាតសន្ធឹងពីខេត្ត Nakhon Ratchasima ទៅកាន់ខេត្តព្រំដែន Nong Khai ត្រូវបានបញ្ចប់រួចរាល់ហើយ។

ចំណែកការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA)  នឹងត្រូវបានដាក់ជូនការិយាល័យគោលនយោបាយ និងផែនការធនធានធម្មជាតិ និងបរិស្ថាន (ONEP) ក្នុងពេលឆាប់ៗនេះ។

ប្រភពដដែលបានឱ្យដឹងថា សំណើថវិកាចំនួន៣០០ពាន់លានបាត នឹងត្រូវដាក់ជូនក្រុមប្រឹក្សាភិបាលរបស់ SRT ដើម្បីពិចារណា ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលប្រគល់ទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីអនុម័តនៅពេលក្រោយ។

ប្រភពបានបន្ថែមថា ការដេញថ្លៃដើម្បីស្វែងរកអ្នកឈ្នះ នឹងធ្វើឡើងនៅចុងឆ្នាំក្រោយ ប្រសិនបើសំណើនេះត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីក្នុងខែឧសភា ឆ្នាំ២០២៣។

ការ​សាងសង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ២០២៤ ដោយ​មាន​កិច្ច​សន្យា​សរុប​ចំនួន១៣ ដែល​កិច្ចសន្យាចំនួន១២ ទាក់ទង​នឹង​ការ​សាងសង់ និង​មួយ​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ផ្លូវដែក ហើយគម្រោ​ងនេះអាចនឹងបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ។

ដំណាក់​កាល​ទី​២​នៃ​គម្រោង​នេះ នឹង​ត្រូវ​សាង​សង់​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​ចំនួន​រួម​មាន ខេត្តនគររាជសីមា ខេត្តខនខេន ខេត្តអ៊ូដនថានី និង​ខេត្តណងខៃ។

ប្រតិបត្តិការផ្លូវដែករដ្ឋ (SRT) មានទំនុកចិត្តថា គម្រោងដំណាក់កាលទី២ នឹងមិនត្រូវបានពន្យារពេល ដូចដំណាក់កាលទី១ ដែលតភ្ជាប់ ពីក្រុងបាងកក ទៅដល់ ខេត្តនគររាជសីមានោះទេ ។

គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ចែកចេញជា៣ដំណាក់កាល ដោយផ្នែកចុងក្រោយតភ្ជាប់ ពីទីក្រុងណងខៃទៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រួចបន្តទៅទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន៕

Cambodia’s public debt stands at 9.47 bln USD as of September: official report

PHNOM PENH, Dec. 13 (Xinhua) — The Cambodian government had a total public debt stock of 9.47 billion U.S. dollars as of September 2022, according to the Cambodia Public Debt Statistical Bulletin published by the Ministry of Economy and Finance on Tuesday.

The public debt comprised 68 percent from bilateral Developing Partners (DPs) and 32 percent from multilateral DPs, the bulletin said.

The composition of the public debt stock is comprised of foreign currencies, of which 43 percent is USD (U.S. dollar), 20 percent is SDR (Special Drawing Rights), 12 percent is CNY (Chinese yuan), 10 percent is JPY (Japanese yen), six percent is EUR (euro) and the rest is local and other currencies,” the bulletin said.

During the January-September period this year, the government had signed new concessional loans with DPs in total amount of 1.21 billion U.S. dollars, which accounted for 59 percent of the ceiling permitted by law, it said.Overall, all the loans are highly concessional with an average grant element of around 42 percent,” the bulletin said. “The purpose of these new signed loan is to finance public investment projects in the priority sectors that support long-term sustainable economic growth and increase economic productivity.”According to the bulletin, during the first nine months of this year, the government had paid debt services to DPs in the amount of 404.5 million dollars, in which 311.6 million dollars was bilateral DPs and 92.9 million dollars was multilateral DPs.

It said the Southeast Asian country’s public debt situation remained “sustainable” and “low-risk” of debt distress despite being impacted by the COVID-19 pandemic and other external factors.All the key debt indicators in 2022 are well below the thresholds, of which the main debt indicator, the present value of public and publicly guaranteed external debt to GDP, is at 24.9 percent compared to the 40 percent threshold,” the bulletin said. Source:Xinhua

Balactanផលិតផលទឹកដោះគោបានបន្ថែមសារធាតុDHAជួយដល់ខួរក្បាលរបស់ទារក កុមារ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោBalactan បាននិងកំពុងផ្តល់ជម្រើសដ៏ប្រសើ​រ សំរាប់មាតា បិតាគ្រប់រូប ដើម្បីឲ្យខួរក្បាលទារក និងកុមារមានលការលូតលាស់បានល្អ​ប្រសើរ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នផលិតផលម្សៅទឹកដោះគោ Balactan បានបន្ថែមសារធាតុDHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះជួយដល់ ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយួរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះចាំលឿន ពិសេសពេលពួកគាត់មានវ័យចាស់ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុDHAផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុDHAនៅមានកម្រិត បើធៀបនឹងផលិតផលរបស់យើង”។

ផលិតផលទឹកដោះគោBalactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង  សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវបានសម្រេចសំរេចជ្រើសរើសផលិតផលម្សៅទឹកដោះគោ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះ មុនសម្រេចចិត្តជ្រើសរើសផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ISO ដូចជា Balactan”។លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើសBalactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

បំណុលសាធារណៈរបស់កម្ពុជាមានចំនួន៩,៤៧ពាន់លានដុល្លារ គិតត្រឹមខែកញ្ញាឆ្នាំ២០២២នេះ

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមព្រឹត្តិបត្រស្ថិតិ បំណុលសាធារណៈរបស់កម្ពុជា  ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ បានឱ្យដឹងថា បំណុលសាធារណៈសរុប របស់កម្ពុជាមានចំនួន៩,៤៧ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។

ក្នុងចំណោមបំណុលសាធារណៈសរុប មាន៦៨ភាគរយ ទទួលបានពីដៃគូអភិវឌ្ឍន៍ទ្វេរភាគី (DPs) និង៣២ភាគរយទៀតពី DPs ពហុភាគី។

សមាសភាពនៃបំណុលសាធារណៈ រួមមាន រូបិយប័ណ្ណបរទេស  ដែលក្នុងនោះ៤៣ភាគរយ ជាប្រាក់ដុល្លារអាមេរិក ២០ភាគរយគឺជាSDR (សិទ្ធិដកប្រាក់ពិសេស)  ១២ភាគរយគឺជាCNY (ប្រាក់យ័នចិន) ១០ភាគរយគឺជា JPY (ប្រាក់យ៉េនជប៉ុន រីឯ៦ភាគរយគឺជាប្រាក់អឺរ៉ូ ហើយចំនួនដែលនៅសល់ គឺជារូបិយប័ណ្ណក្នុងស្រុក  និងរូបិយប័ណ្ណផ្សេងទៀត។

នៅក្នុងអំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខា លើប្រាក់កម្ចីសម្បទានថ្មីជាមួយ DPs ក្នុងទំហំទឹកប្រាក់សរុបចំនួន១,២១ពាន់លានដុល្លារអាមេរិក ។

គោលបំណងនៃប្រាក់កម្ចី  ដែលបានចុះហត្ថលេខាថ្មីទាំងនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងវិនិយោគសាធារណៈ នៅក្នុងវិស័យអាទិភាព  ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពរយៈពេលវែង  និងបង្កើនផលិតភាពសេដ្ឋកិច្ច។

យោងតាមព្រឹត្តិបត្ររបស់ក្រសួងខាងលើនេះបានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ  រដ្ឋាភិបាលបានបង់សេវាបំណុលដល់ DPs ចំនួន៤០៤,៥លានដុល្លារ  ដែលក្នុងនោះ៣១១,៦លានដុល្លារជា DPs ទ្វេរភាគី និង៩២,៩លានដុល្លារជា DPs ពហុភាគី។

របាយការណ៍ខាងលើបានអះអាងថា ស្ថានភាពបំណុលសាធារណៈ របស់ប្រទេសកម្ពុជា នៅតែមាននិរន្តរភាព  និងហានិភ័យទាប  នៃវិបត្តិបំណុ​ល ទោះបីជាប្រទេសនេះបានរងផលប៉ះពាល់ ដោយជំងឺរាតត្បាត និងកត្តាខាងក្រៅផ្សេងទៀតក៏ដោយ៕

អគ្គនាយកដ្ឋានពន្ឋដារកលុយបានជាង៣២១៤លានដុល្លារក្នុង រយៈពេល១១ខែ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ឋដាសម្រេចបាននូវចំណូលប្រសើរ ដោយ​ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន៣ ២១៤.០៦ លានដុល្លារ ស្មើនឹង១១៣.៩៩% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

ការបញ្ជាក់ពីកំណើននៃការប្រមូលចំណូលពន្ធនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោកបានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការងារដោយស្មារីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុស នូវគំនិតផ្តួចផ្តើមថ្មីៗ ដោយតែងតែ គោរពប្រតិបត្តិតាមអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំងអភិក្រមការងារ៤ប្រការ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១.អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ២.អនុវត្តការងារជាក្រុម ៣.អនុវត្តការងារដោយ ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា និង៤.មិនត្រូវមើលរំលងកំហុសខ្លួនឯង។

លោកគង់ វិបុលបានលើកឡើងថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាន និងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ។

អគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយពិនិត្យមើលនូវលទ្ធភាព និងសក្តានុពលនៃប្រភពចំណូល ហើយទន្ទឹមនឹងគ្នានោះត្រូវពិនិត្យលទ្ធភាព ក្នុងការកាត់បន្ថយរាល់ចំណាយ ដែលមិនចាំបាច់ និងអាចគ្រប់គ្រងបាន និងជំរុញការអនុវត្តការងារ តាមរយៈការប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបន្តកែប្រែរដ្ឋបាលសារពើពន្ធទៅជា E-Administration។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន៣៥៧១.៧០លានដុល្លារ កើនឡើង២៦.៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩.៥៥លានដុល្លារ)៕

ការផ្តោតលើទីធ្លាសាធារណៈ និងតំបន់បៃតងកំពុងទាក់ទាញចំណាប់អារម្មណ៍ក្រុមអភិជន

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការវិនិយោគលើទីធ្លាសាធារណៈ តំបន់បៃតង ការលំហែរអារម្មណ៍ នឹងធ្វើឲ្យអ្នករស់នៅមានភាពស្រស់ស្រាយ និងមនោរម្យ ដែលកាន់តែធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងកសាងមូលដ្ឋានសុភមង្គលក្នុងក្រុមគ្រួសារ។

អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងរសនិយម និងនិន្នាការរស់នៅសម័យថ្មីរបស់ប្រជាពលរដ្ឋ ដែលចូលចិត្តធម្មជាតិ និង​និយមការហាត់ប្រាណ ដើម្បីថែររក្សាសុខភាព ទើបបុរីវិមានសំណាងបាន និងកំពុងកសាហហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានសួនច្បារដ៏ធំមួយសំរាប់​ការដើរហាត់ប្រាណ មានកន្លែងធ្វើអាជីវកម្ម ពិសេសមានដងព្រែកធម្មជាតិ ដែលផ្តល់ឲ្យបរិយាកាសរស់នៅ ពោរពេញដោយផាសុខភាព។

លោកជំទាវបន្តថា “អ្វីដែលយើងផ្តោតសំខាន់ពេលនេះ គឺផ្តល់ឲ្យអតិ​ថិជននូវតម្លៃពិសេសមួយ ព្រោះយើងកំពុងកសាងគុណតម្លៃ ជាជាងប្រាក់ចំណេញតែមួយមុខ”។ លោកជំទាវបានបន្តថា “ដោយសារយើងផ្តោតលើម៉ូតផ្ទះធំទូលាយ មានរចនាបទរសរវើក បានធ្វើឲ្យទំហំចំណាយរបស់​យើងមានលើសពី២០ ទៅ៣០ភាគរយ បើធៀបនឹងម៉ូតផ្ទះសាមញ្ញៗ”។

បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកជំទាវគង់ សំណាងបានបន្តថា ជាមួយនឹងការសិក្សាពីរសនិយ​ម និងចំណង់ចំណូលចិត្តរបស់អតិថិជន មុនពេលយើងវិនិយោគបុរីនេះ បានធ្វើឲឲ្យល្បឿននៃការលក់របស់យើង សម្រេចបានលើសផែនការ ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះអស់ជាង២០ភាគរយហើយ លើគំរោងដំណាក់កាលទី១។

លោកជំទាវបន្តថា “ការសម្រេចចិត្តវិនិយោគបុរី ដែលផ្តោតលើអ្នកមានប្រាក់ច្រើននេះ ដោយយសារជីវភាពរបស់ប្រជាពលរដ្ឋយើងកើនឡើង ពិសេសចំនួនអ្នកមានជីវភាពធូរធារ នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋានប្រភេទនេះ មានចំនួនកើនឡើងជាស្វ័យប្រវត្តិ៕