ខេត្តកោះកុងបានពិនិត្យការចុះបញ្ជីដីធ្លីជិត១ម៉ឺនហិកតាដល់ប្រជាពលរដ្ឋដែលចាកចេញពីតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនធំមួយ

 ដោយៈគង់ សិរីជេស៊ីកា

       កោះកុងៈ ទីបំផុតប្រជាពលរដ្ឋរាប់រយគ្រួសារ និងក្បាលដីរាប់ពាន់បានត្រូវបានអាជ្ញាធរខេត្តកោះកុង រៀបចំពិនិត្យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ឋរួចហើយ។

ការពិនិត្យលើការងារសំខាន់នេះ ត្រូវបានដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេតកោះកុង បានអញ្ជើញជាអធិបតីដឹក​នាំកិច្ចប្រជុំ ពិនិត្យរបាយការណ៍ស្តីពី លទ្ធផលការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើទីតាំងដីទំហំ៩៣០៦ហិកតា ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន ចាកចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Union Development Co.,ltd ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកគិរីសាគរ ខេត្តកោះកុង។

កិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួម អាជ្ញាធរមូលដ្ឋាន តំណាងទីចាត់ការអន្តរវិស័យ និងមន្ទីរជំនាញពាក់ព័ន្ធ បន្ទាប់ពីសមាជិកអង្គប្រជុំពិនិត្យ និងចូលរួមផ្តល់យោបល់ពាក់ព័ន្ធរបាយការណ៍ខាងលើ។

តាមរយៈកិច្ចប្រជុំនេះ ក្រុមមន្រ្តីបានរួចមកអង្គប្រជុំបានឯកភាពលើចំ ណុចមួយចំនួនដូចជា ទី ១-ឃុំភ្ញីមាស ភូមិកៀនក្រឡាញ់ ក្បាលដីសរុបចំ​នួន៧៦០ក្បាលដី មានផ្ទៃដីទំហំ១៤២៧.៤៦ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន៦៦២ក្បាលដី មានផ្ទៃដីទំហំ១២១៧.៨៣ហិកតា ស្មើនឹង៣៩៨គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន៨៨ក្បាលដី ​មានទំហំ៤១៥.១៥ហិកតា និងភូមិតានី ក្បាលដីសរុបចំនួន៤៨៣ក្បាលដី មានផ្ទៃដីទំហំ៤១៥.១៩ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន៣៦៦ក្បាលដី មានទំហំ ៣៣៥.៨៧ហិកតា ស្មើនឹង២៤៨គ្រួសារ ក្នុងនោះក្បាលដីមានទិន្នន័យមានចំនួន១១៧ក្បាលដី មានផ្ទៃដីទំហំ៨០.១០ហិកតា។

២-ឃុំកោះស្តេច ភូមិពាមកាយ ក្បាលដីសរុបចំនួន៧៧ក្បាល់ដី មានផ្ទៃដីទំហំ៤៨៤.៩៦ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន២២៤ក្បា​លដី មានទំហំ២៣៧.៣៥ហិកតា ស្មើនឹង១៧៤គ្រួសារ ក្បាលដីគ្មានទិន្នន័យចំនួន១៥៣ក្បាលដី មានផ្ទៃដីទំហំ២៤៧.៦២ហិកតា និងភូមិព្រែក​ស្មាច់ ក្បាលដីសរុបចំនួន៦២៧ក្បាលដី មានផ្ទៃដីទំហំ៩២០.៥០ ហិកតា ក្នុងនោះក្បាលដីមានទិន្នន័យចំនួន៤០១ក្បាលដី មានទំហំជាង៦៥១ហិកតា ស្មើនឹង២៥៣គ្រួសារ ក្នុងនោះក្បាលដីមានទិន្នន័យមានចំនួន២២៦ក្បាលដី មានផ្ទៃដីទំហំ២៦៩.៣៥ហិកតា៕

ប្រតិភូអន្តរជាតិមកពីប្រទេសចំនួន២១នឹងចូលរូមពិធីបុណ្យសមុទ្រ នាចុងសប្តាហ៍នេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រតិភូអន្តរជាតិជាង១៣០នាក់ មកពីប្រទេសចំនួន២១ជុំ​វិញពិភពលោក នឹងចូលរួមបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រស្អាតជាងគេនាខែធ្នូនេះ។

ពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សា​ អំពីការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗទាំង២ខាងលើ ដែលធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (តាមវីដេអូzoom) លោក​ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ (ផ្ទាល់) ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ ប្រតិភូអន្តរជាតិដែលបញ្ជាក់ (Confirmed) ពីការធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍នេះ គឺកើនឡើងរហូតដល់ជាង១៣០នាក់ហើយ។

លោកបានបន្តថា ប្រតិភូអន្តរជាតិទាំងនោះ គឺតំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក ក្នុងនោះរួមមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក(នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា រួមទាំងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះផងដែរ។

ក្រៅពីនេះក៏មានប្រតិភូតំណាង ឱ្យឆ្នេរសង្កេតការណ៍៣ទៀត រួមមានមកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

លោកជុក ជំនោរ បានបន្តទៀតថា “ការណ៍ដែលមានប្រតិភូអន្តរជាតិចូលរួមច្រើនយ៉ាងដូច្នេះ ដោយសារថ្នាក់ដឹកនាំនិងប្រតិភូតំណាងឆ្នេរសមុទ្រទាំងនោះ មើលឃើញពីការខិតខំរៀបចំរបស់កម្ពុជា បូករួមទាំងស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល និងគ្រប់គ្រងបានយ៉ាងច្បាស់លាស់”។

កម្ពុជាក៏គ្រោងរៀបចំទស្សនកិច្ច ជូនប្រតិភូអន្តរជាតិខាងលើទៅកាន់គោលដៅទីក្រុងនៅភ្នំពេញ និងព្រះសីហនុ គោលដៅឆ្នេរសមុទ្រ បណ្ដាកោះល្បីៗ សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ព្រមទាំងសកម្មភាពជាច្រើនទៀត។​

ជាមួយគ្នានោះ លោកថោង ខុន បានបញ្ជាក់ថា នៅខេត្តតំបន់ឆ្នេរ គឺជាគោលដៅស័ក្តិសមបំផុត សម្រាប់ទទួលវត្តមានភ្ញៀវទេសចរ​​ នៅរដូវក្ដៅនេះ ខណៈកម្ពុជាក៏បានរៀបចំសោភ័ណភាពទីក្រុង ឆ្នេរសមុទ្រ កោះ ហេដ្ឋារចនាសម្ពន្ធក្នុងក្រុង ផ្លូវល្បឿនលឿន និងសេវាកម្មទេសចរណ៍នានារួចជាស្រេចក្នុងការស្វាគមន៍វត្តមានភ្ញៀវទេសចរទាំងនោះ។

លោកបញ្ជាក់ថា “ការផ្សារភ្ជាប់សន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក​​ ​ជាមួយព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តព្រះសីហនុនេះ គឺរឹតតែពិសេសសម្រាប់ការបង្ហាញទៅកាន់ភ្ញៀវអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយ ទៅកាន់ទីផ្សារទេសចរក្រៅស្រុក ឱ្យបានឃើញពីផលិតផលទេសចរណ៍នៅខេត្តតំបន់ឆ្នេរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ”។

លោកថោង ខុន កាលណាកម្ពុជារៀបចំទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរ​ ណ៍កម្ពុជា ទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក និងប្រព័ន្ធផ្សព្វផ្សាយច្រើនណាស់ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរ បានមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លិបឆ្នេរនេះផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ នោះនឹងជួយបង្កើនការចូលមកទស្សនា ប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់​ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការដែលពាក់ព័ន្ធ គឺបានបង្ហាពីការសហការរៀបចំកិច្ចការងារទាំងឡាយក្នុងការប្រារព្ធពិធីបុណ្យសមុទ្រ និងសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក។

លោកបញ្ជាក់ថា ការងារទាំងឡាយភាគច្រើន គឺរៀបចំបានច្រើនណាស់ហើយ នៅសល់តែកិច្ចការតិចតួចប៉ុណ្ណោះ ដែលត្រូវបន្តរៀបចំបន្ថែមទៀត សំដៅធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ ពង្រឹងសន្តិសុខ សណ្ដា​ប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលរួម​ក្នុងព្រឹត្តិការណ៍ធំៗទាំង២នេះ៕

រដ្ឋមន្រ្តីបរិស្ថានៈ កម្ពុជាបានឈានមកដល់បរិបទ រក្សាឈើឈរដើម្បីបង្កើនចំណូល

ដោយៈ សូនីតា

       ព្រះវិហារ “ប្រទេសដែលមានសិទ្ធិទទួលផលពីគម្រោងរេដបូក (REDD+) គឺជាប្រទេសដែលប្រើប្រាស់ព្រៃឈើរបស់ខ្លួនប្រកបដោយនិរន្តរភាព” ។នេះជាការលើកឡើងរបស់ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

នៅក្នុងឱកាសអញ្ជើញ ចុះពិនិត្យការធ្វើសារពើភណ្ឌព្រៃឈើ នៅក្នុងឡូត៍គំរូ ដើម្បីវាស់BIOMASS ដើម្បីគណនាបរិមាណកាបូនស្តុក នៅក្នុងព្រៃសម្រាប់ការធ្វើរេដបូក ស្ថិតក្នុងភូមិក្រឡាសពាស ឃុំព្រីងទុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបានឈានមកដល់បរិបទ រក្សា​ឈើឈរដើម្បីបង្កើនចំណូល សម្រាប់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន” តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) បានផ្តល់ផលប្រយោជន៍ជូនប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិតាម រយៈការកសាងផ្លូវ ការបំពាក់ប្រព័ន្ធទឹកស្អាត ការដាំដំណាំកសិកម្ម ការផ្តល់ពូជសត្វ មធ្យោបាយ និង សម្ភារសម្រាប់ការល្បាតព្រៃជាដើម។

លោកបន្តថា កម្ពុជាបាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) ដែលជាយន្តការអន្តរជាតិមួយ សម្រាប់ជួយទប់ស្កាត់ការបាត់បង់ និងរេចរិលព្រៃឈើ និងចូលរួមកាត់បន្ថយឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០០៧ តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត ស្ថិតក្នុងខេត្តមណ្ឌលគីរី ខេត្តក្រចេះ (គម្រោងរេដបូកកែវសីមា) ខេត្តកោះកុង និងពោធិ៍សាត់ (គម្រោ​ងរេដបូកក្រវាញខាងត្បូង) ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ (គម្រោងរេដបូកព្រៃទ្បង់)៕

 

កំណើនដីធ្លីនិងលំនៅឋានត្រូវបានរំពឹងថាមានភាពរឹងមាំនៅឆ្នាំ២០២៣

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពស្រពេចស្រពិលនៅឡើយ ពោលគឺចាប់តាំងពីជួបវិបត្តិក្នុងឆ្នាំ២០២០ ដោយសារតែកូវីដ១៩។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យអចលនទ្រព្យ កម្ពុជាជាច្រើននៅតែបង្ហាញពីក្ដីសង្ឃឹមឡើងវិញ ចំពោះផ្នែកខ្លះនៃអចលនទ្រព្យដូចជាផ្នែកដីធ្លីនិងលំនៅឋាន នៅតែជាផ្នែកមួយដែលអ្នកជំនាញរំពឹងថា បន្តមានភាពរឹងមាំនៅឆ្នាំក្រោយ។

អ្នកនាងអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា ដីធ្លីនិងលំនៅឋាននៅតែជាផ្នែកសំខាន់ ក្នុងការអភិវឌ្ឍនិងរំពឹងថាមានកំណើនរឹងមាំ នៅឆ្នាំ២០២៣ខាងមុខនេះ ។

អ្នកនាងបន្តថា “ស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមានភាពល្អប្រសើរ ជាងបណ្ដាប្រទេសមួយចំនួន បើទោះបីជាការវិនិយោគក្នុងរយៈពេលចុងក្រោយនេះ ផ្ដោតលើអ្នកក្នុងស្រុកក៏ពិតមែន”។ អ្នកនាង​បន្តថា “បើនិយាយជារួម បើនិយាយពីសេដ្ឋកិច្ចក៏ឃើញថា ប្រទេសកម្ពុជាឈរនៅចំណុចល្អជាង បណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ទាំងការស្ដារសេដ្ឋកិច្ច និងអាជីវកម្មដែលរងផប៉ះពាល់ដោយសារតែកូវីដ១៩”។

អត្រាអតិផរណាក៏ឃើញថា កម្ពុជាបានរក្សាក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបានផងដែរ ស្របនឹងបណ្ដាប្រទេសមួយចំនួន បានកើនឡើងខ្ពស់ ។អ្នកនាងអាន សុធីតាបញ្ជាក់ឲ្យដឹងបន្ថែម។

អ្នកនាងបន្ថែមថា នៅឆ្នាំ២០២៣ខាងមុខនេះ វិស័យទេសចរណ៍អាចនឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាងឆ្នាំ២០២២ ដោយនឹងមានកំណើនខ្ពស់ដែលជួយខាងផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច ហើយចំពោះវិស័យដីធ្លីវានឹងមានកំណើនក្នុងអត្រា៥ ទៅ១០ភាគរយ ។ សម្រាប់ផ្នែកលំនៅឋានវិញក៏នឹងមានកំណើដូចគ្នា។

អ្នកតាមដានព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia បានលើកឡើងដោយប្រុងប្រយ័ត្នថា នៅឆ្នាំ២០២៣ ប្រសិនបើនិយាយថាអ្វីៗនឹងល្អប្រសើរ វាដូចជាការវិនិច្ឆ័យឆាប់ពេក សម្រាប់ទីផ្សារនេះ ប៉ុន្តែនៅកម្ពុជាមានសញ្ញាវិជ្ជមានច្រើន ដែលទី១ អ្នកវិនិយោគចិននឹងត្រលប់មកវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំរបស់ពួកគេ ទី២ អត្រាលំហូរពាណិជ្ជកម្មកម្ពុជា នឹងសម្រេចបានកំនើនប្រសើរ ដោយសារកិច្ចព្រមព្រៀងចំនួនបីជាមួយចិន ជាមួយកូរ៉េ និង

កិច្ចព្រមព្រៀងRCEPបានចូលជាធរមាន។

លោកបន្តថា “ប្រសិនជាស្ថានភាពលំហូរFDIល្អមកកាន់កម្ពុជា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យអចលនទ្រព្យនឹងងើបឡើងវិញប្រសើរ ផ្ទុយទៅវិញប្រសិនជាវិបត្តិសេដ្ឋកិច្ចសកលកើនមាន ស្ថានភាពវិស័យនេះនឹងបន្តរងផលប៉ះពាល់បន្តទៀត”។ លោកបន្តថា “សញ្ញានៃការបញ្ចប់សង្រ្គាមរវាង    រុស្ស៊ី និងអ៊ុយក្រែន ក៏មានសភាពមិនច្បាស់លាស់ផងដែរ ខណៈសង្រ្គាមនេះបាននិងកំពុងក្លាយជាផ្នែកមួយ នៃវិបត្តិសេដ្ឋកិច្ចសកលរួចទៅហើយ”។

ជាមួយគ្នានេះ លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២នេះ បណ្ដុំលំនៅឋានមានលក្ខណៈជាបុរី  មានការអនុញ្ញាតឱ្យសាងសង់ថ្មីប្រមា​ណ២០គម្រោង ដែលធ្វើឱ្យសកម្មភាពនៃការសាងសង់ លំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែបន្ត ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងទីផ្សារលំនៅឋាននៅក្នុងប្រទេស នៅមិនទាន់ឆ្លើយតប នឹងតម្រូវការកំណើនប្រជាសាស្ត្រនៅឡើយទេ ដូច្នេះទាមទារឱ្យមានវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិលើលំនៅឋាន ជាពិសេសនោះនៅពេលអនាគតឆាប់ៗនេះ ទីផ្សារមួយនេះនឹងមានតម្រូវការខ្ពស់៕

លោកជំទាវឧកញ៉ាគង់ សំណាងៈចំនួនអ្នកមាននៅកម្ពុជាបានកើនឡើង ជាមូលហេតុធ្វើឲ្យមានការវិនិយោគបុរីលំដាប់អភិជន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ថា ចំនួនអ្នកមាននៅកម្ពុជាបានកើនឡើងច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាហេតុធ្វើឲ្យលោកជំទាវ សម្រេចចិត្តវិនិយោគបុរីវិមានសំណាង ដើម្បីឆ្លើយតបនឹង​តម្រូវការអតិថិជន។

លោកជំទាវគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រ​សាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនអ្នកមាននៅកម្ពុជាពិតជាបានកើនឡើងខ្ពស់ ដោយសារការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ​របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកជំទាវបានបន្តថា “ខ្ញុំសង្កេតឃើញថា ចំនួនអ្នកមានកើនឡើងច្រើន ដោយអ្នកមានជីវភាពក្រីក្របានកើនឡើងដល់ជីវភាពមធ្យម អ្នកមានជីវភាពមធ្យម បានឡើ្ងដល់អ្នកមានចំណូលកម្រិតខ្ពស់ ហើយអ្នកមានចំណូ​លកម្រិតខ្ពស់បានក្លាយជាអ្នកមាន”។

លោកជំទាវបន្តថា ដោយសារមើលឃើញនិន្នាការនេះ ទើបលោកជំទាវបានសម្រេចចិត្តវិនិយោគបុរីលំដាប់អភិជន ដែលយើងបានផ្តោតលើ​ការអភិវឌ្ឍលំនៅដ្ឋានតម្លៃខ្ពស់ ប៉ុន្តែយើងបានរៀបចំឌីសាញប្រកបដោយភាពក្លាសិក យើងផ្តោតលើគុណភាព បរិស្ថាន រៀបចំការអភិវឌ្ឍន៍ផ្សារភ្ជាប់ជាមួយធម្មជាតិ និងការរៀបចំលំនៅដ្ឋានប្រកបដោយផាសុខភាព ដើម្បីឲ្យអ្នកស្នាក់នៅបុរីនេះមានភាពត្រជាក់ត្រជុំ និងមនោរម្យ។

ទាក់ទងវឌ្ឍនភាពនៃការសាងសង់ លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងថា យើងកំពុងមមាញឹក ក្នុងការរៀបចំ ដើម្បី

បញ្ចប់ផ្ទះវីឡា ម៉ូដែលQueen និងPrince របស់យើង។ ហេតុនេះអតិថិជនសូមទាក់ទងមកយើងខ្ញុំ សម្រាប់ការមកទស្សនាទីតាំងផ្ទាល់ និងស្វែងយល់បន្ថែ​មអំពីមូលហេតុ ដែលមនុស្សជាច្រើនកំពុងសាងសង់ផ្ទះ នាពេលអនា​គតរបស់ពួកគេនៅបុរីវិមានសំណាង៕

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបរាជ័យក្នុងការទាក់ទាញវិនិយោគិនមូលបត្របំណុល

ដោយ: លាងហួរ

ប៉េកាំង: មូលបត្របំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនកំពុងបង្ហាញសញ្ញាមិនច្បាស់លាស់នៃការស្ទុះងើបឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានចាត់វិធានការគាំទ្រដល់វិស័យ ដែលមានវិបត្តិសាច់ប្រាក់។

មូលបត្របំណុលជាប្រាក់ដុល្លារ ដែលផ្តល់អត្រាការប្រាក់ខ្ពស់របស់ក្រុមហ៊ុន ដូចជា Powerlong Real Estate Holdings និង Country Garden Holdings បានកើនឡើង ចាប់តាំងពីដំណាច់ខែវិច្ឆិកា ដោយធនាគារកណ្តាលចិន និងនិយតករធនាគារ បានចេញវិធានការចំនួន១៦ជំហាន ដើម្បីគាំទ្រដល់វិស័យ ដែលជួបវិបត្តិ។

លោក Alessandro Zhu អ្នកគ្រប់គ្រងផលប័ត្រចំណូលថេរប្រចាំអាស៊ីនៅក្រុមហ៊ុន CSOP Asset Management បានមានប្រសាសន៍ថា វានៅតែមានបញ្ហាប្រឈមសម្រាប់អ្នកបោះផ្សាយមូលបត្របំណុលអចលនទ្រព្យរបស់ចិន ក្នុងការទាក់ទាញលំហូរវិនិយោគិន។

តម្លៃមូលបត្របំណុលប្រាក់ដុល្លាររបស់ក្រុមហ៊ុន Powerlong Real Estate Holdings បានកើនឡើងក្នុងប៉ុន្មានថ្ងៃ បន្ទាប់ពីវិធានការជាជំហានៗត្រូវបានប្រកាស ជាពិសេសបន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសចិនគ្រោងផ្តល់ប្រាក់កម្ចីក្នុងតម្លៃទាប ដល់ក្រុមហ៊ុនហិរញ្ញវត្ថុ ដើម្បីទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍន៍។

ក្រុមហ៊ុន Powerlong  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារ Shanghai Rural Commercial Bank សម្រាប់ឥណទានចំនួន៥ពាន់លានយ័ន (៧១៦,៦៩លានដុល្លារអាមេរិក)៕

អាគារពាណិជ្ជកម្មកប់ពពកដំបូងគេនៅក្រុងកំពតបន្ថែមកំពស់ រហូតដល់៤៧ជាន់

ដោយៈ ជេស៊ីកា

       កំពតៈ អាគារពាណិជ្ជកម្មដំបូងគេរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ងនៅកណ្តាលក្រុងកំពត បាននិងកំពុងពន្លឿនការសាងសង់ បន្ទាប់ពីផ្អាកមួយរយៈ ដើម្បីបញ្ចប់តាមផែនការរបស់ខ្លួន។

លោកសាស្រ្តាចារ្យទួស សាភឿនអ្នកគ្រប់គ្រងគំរោងនេះបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បន្ទាប់ពីផ្អាកមួយរយៈខ្លី យើងបាន​ចាប់ផ្តើមសាងសង់ឡើងវិញហើយ ដោយរហូតមកទល់ពេលនេះ ការសាងសង់បានសម្រេចដល់ជាន់ទី៨ហើយ។ លោកបន្តថា អ្វីដែលយឺតយ៉ាវគឺការ​សាងសង់គ្រឹះអាគារ ដែលត្រូវបានចំណាយពេលរហូតដល់១ឆ្នាំ។

លោកបន្តថា “គំរោងនេះអាចបញ្ចប់គ្រោងតួអាគារទាំងមូល នៅចុងឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការចុងឆ្នាំ២០២៤ខាងមុខ ប្រសិនជាមិនមានការប្រែប្រួលទេនោះ”។ លោកបន្តថា “មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ​មានសណ្ឋាគារ អាផាតម៉ិនទំនើប ភោជនីយដ្ឋាន ការិយាល័យ Sky Bar ផ្សារទំនើប ហាងស្ទីម សោណា កន្លែងហាត់ប្រាណជាដើម”។

អាគារពាណិជ្ជកម្មភ្លោះនេះ មានចំនួនពីរអាគារ ដោយអាគារទី១មានកំពស់៤៣ជាន់ និងអាគារទី២មានកំពស់រហូតដល់៤៧ជាន់។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា អាគារពាណិជ្ជកម្មនេះ សាងសង់រួចមិនលក់បន្តនោះទេ គឺក្រុមហ៊ុនរក្សាទុកសម្រាប់ប្រើប្រាស់ជាសេវាកម្មពាណិជ្ជកម្ម សម្រាប់ខេត្តកំពតតែម្តង៕

 

ស្ថានភាពអចលនទ្រព្យក្នុងខេត្តសៀមរាបអាចត្រូវការពេល២ទៅ៣ឆ្នាំដើម្បីឱ្យដូចមុនវិបត្តិ

 ដោយៈវឌ្ឍនៈ

សៀមរាបៈ នៅចុងឆ្នាំ២០២២នេះ  ស្ថានភាពអចលនទ្រព្យហាក់មានភាពប្រសើរជាងកាលពីដើមឆ្នាំ និង២ឆ្នាំមុន ក្នុងនោះដែរខេត្តសៀមរាបក៏ត្រូវបានមើលឃើញថា មានភាពប្រសើរជាងកាលពីដើមឆ្នាំ និង២ឆ្នាំមុនដូចគ្នា។

ប៉ុន្តែយ៉ាងណាក្ដី អ្នកជំនាញអចលនទ្រព្យប្រចាំខេត្តមួយនេះបានអះអាងថា ដើម្បីស្ដារស្ថានភាពឱ្យបានដូចមុនកូវីដ១៩ គឺត្រូវការពេលវេលាប្រមាណពី២ទៅ៣ឆ្នាំទៀត។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងនាព្រឹក ថ្ងៃទី៧ ​ធ្នូនេះថា នៅចុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ត្រូវបានមើលឃើញថា ហាក់មានភាពប្រសើរជាងកាលពីដើមឆ្នាំនិងរយៈពេល២ឆ្នាំមុនពោលគឺ នៅក្នុងវិបត្តិកូវីដ១៩ ។

លោកបន្តថា “កត្តាដែលជំរុញឱ្យសកម្មភាព នៃអចលនទ្រព្យក្នុងខេត្តនេះមានភាពប្រសើរឡើងនោះ ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាប មានកំណើនឡើងជាងរយៈពេលជិត៣ឆ្នាំកន្លង ដែលធ្វើឱ្យតម្រូវការអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏មានកំណើនជាងមុនបន្តិចដែរ និងជាសញ្ញាណល្អសម្រាប់ឆ្នាំក្រោយ”។

លោកបន្ថែមថា ម្យ៉ាងទៀតនៅក្នុងខេត្តសៀមរាប ក៏មាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីៗជាច្រើនខ្សែ ស្រួលក្នុងការធ្វើដំណើររបស់ទេសចរជាតិនិងអន្តរជាតិ និងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយ កំពុងដំណើរការសាងសង់ផងដែរ ។

លោកបន្ថែមថា កត្តាទាំងនេះគឺជាសក្ដានុពល ក្នុងការជំរុញឱ្យស្ថានភាពអចលនទ្រព្យ នៅក្នុងខេត្តនៃតំបន់វប្បធម៌ បានប្រសើរបន្តិចវិញនៅចុងឆ្នាំ២០២២នេះ និងអាចល្អប្រសើរនៅចុងឆ្នាំ ២០២៣ខាងមុខនេះ។

លោកសំ សីហាបានបន្ថែមទៀតថា ដើម្បីឱ្យស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាបល្អដូចមុនកូវីដ១៩ ពោលគឺនៅក្នុងអំឡុងឆ្នាំ២០១៨ ឬ២០១៩ យើងត្រូវការប្រើពេលវេលាចន្លោះពី២ ទៅ៣ឆ្នាំទៀត ព្រោះក្នុង   រយៈពេលជិត៣ឆ្នាំមកនេះ វិស័យនេះបានរងផលប៉ះពាល់ច្រើន។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើង វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺពឹងទៅលើការវិនិយោគពីវិនិយោគិនបរទេស ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។ ដូច្នេះនៅពេលអវត្តមានជនបរទេស ឬមិនមានការវិនិ​យោគពីវិនិយោគិនបរទេសនោះ នឹងធ្វើឱ្យស្ថានភាពមិនទាន់វិលត្រលប់ទៅដូចនឹងមុនកូវីដ១៩បានទេ បើទោះបីជាមានការវិនិយោគពីអ្នកក្នុងស្រុក ។

អ្នកនាងបន្តថា យ៉ាងណាក្ដីក្នុងអំឡុងពេលពីរ បីឆ្នាំមកនេះយើងសង្កេតឃើញថា អចលនទ្រព្យកម្ពុជាមានការវិនិយោគ ពីវិនិយោគិនក្នុងស្រុកច្រើនជាងមុន ដែលការវិនិយោគរបស់វិនិយោគិន ក្នុងស្រុកនេះដែរបានជួយឱ្យសកម្មភាពក្នុងវិស័យនេះនៅតែបន្ត”៕

ទីផ្សារអចលនទ្រព្យកំពតត្រូវការពេលវេលាបន្ថែមដើម្បីងើបឡើងវិញ ខណៈទីផ្សារដីលំហែមានស្ថានភាពល្អប្រសើរ

ដោយៈ សុផារី

កំពតៈ ទោះមានក្តីរំពឹងលើការងើបឡើងវិញ នៃស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តកំពត នៅចុងឆ្នាំ២០២២នេះក្តី ប៉ុន្តែរហូតមកដល់ចុងត្រីមាសទី៤នេះ អ្នកជំនាញមូលដ្ឋានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តកំពត នៅបន្តទាមទារពេលវេលាមួយរយៈទៀត ដើម្បីងើបឡើងវិញ ទាំងការលក់ដូរនិងការអភិវឌ្ឍ។

ប្រធានក្រុមហ៊ុន KW ប្រចាំខេត្តកំពត លោក កែវ សុជាតិបានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះថា ដោយសារផលប៉ះពាល់ពីវិបត្តិសង្រ្គាម និងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធការគ្រប់គ្រងនៅក្នុងខេត្តកំពត បានធ្វើឱ្យមួយរយៈនេះ ចរន្តទិញលក់អចលនទ្រព្យមានការធា្លក់ចុះបន្តិច។

លោកមានប្រសាសន៍ថា “ខេត្តកំពតត្រូវការពេលវេលាបន្តិចទៀត ក្នុងការរៀបចំឡើងវិញ។ នៅពេលសង្គ្រាមរុស្សី អ៊ុនគ្រែនបានស្ងប់ស្ងាត់ ហើយនៅពេលថ្នាក់ដឹកនាំខេត្ត រៀបចំបានល្អប្រសើរហើយ អចលនទ្រព្យនឹងល្អប្រសើរឡើងវិញ”។

អ្នកជំនាញរូបនេះលើកឡើងថា មួយរយៈចុងក្រោយនេះ តំបន់មួយចំនួនមានការធ្លាក់តម្លៃ ដោយសារមិនសូវជាមានតម្រូវការច្រើនដូចមុន។ ការធ្លាក់តម្លៃចន្លោះ១០ ទៅ១៥ភាគរយ ក្នុងតំបន់ដីធ្លីកសិកម្ម និងទីតាំងឆ្ងាយៗ។ ចំណែកដីធ្លីនៅក្នុងខេត្តហាក់នៅទ្រឹង ហើយនៅមានសកម្មភាពទិញលក់ជាហូរហែ គ្រាន់តែមិនសូវមានចំនួនច្រើនដូចមុន។

យ៉ាងណាក្តី លោកសុជាតិបានលើកឡើងថា ទីផ្សារទេសចរណ៍នៅក្នុងខេត្តនៅមានសកម្មភាពល្អប្រសើរជាធម្មតា។ ក្នុងមួយរយៈនេះ គម្រោងឆ្នេរ ប្រវែងជាង២គីឡូម៉ែត្រ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្ត និងគម្រោងទេសចរណ៍ជាច្រើនកន្លែង បាននាំមកនូវអ្នកចំណូលថ្មីជាច្រើន ដែលបានបង្ហាញចំណាប់អារម្មណ៍ វិនិយោគលើដីធ្លី និងការអភិវឌ្ឍ ហើយនេះជាក្តីសង្ឃឹមមួយដែរសម្រាប់អចលនទ្រព្យក្នុងខេត្តកំពត។

លោកបានបន្តថា តម្រូវការនៃដីធ្លីទេសចរណ៍មានភាពល្អប្រសើរជាងទីផ្សារពាណិជ្ជកម្មផ្សេងៗ ដោយសារកំពតជាខេត្ត ដែលមានសក្តានុពលស្រាប់លើផ្នែកនេះ ហើយមានតម្រូវការជាបន្តបន្ទាប់ លើតំបន់ដែលមានទីតាំងនៅជាប់មាត់សមុទ្រ ជាប់ឆ្នេរ ឬនៅជាប់នឹងជើងភ្នំ។

លោកបន្តថា “មួយរយៈចុងក្រោយនេះ ឃើញមានអ្នកវិនិយោគជាច្រើន បានមកអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍អេកូទេសចរណ៍ ជាច្រើន ដូចជា រីសត បឹងកាឡូ ។ល។”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក​ សុខនីមបានមានប្រសាសន៍ថា កំពតមានសក្តានុពលសម្រាប់ការរីកចម្រើនក្នុងវិស័យនេះ ដោយសារសក្តានុពលហេដ្ឋារចនាសម្ព័ន្ឋ ទីតាំងមាន​ចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញ កំណើនភ្ញៀវទេសចរណ៍ និងវិស័យកសិកម្មមានភាពល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាច្រើន។

លោកបន្តថា “ខេត្តកំពតមានការរីកចម្រើនលឿននាពេលអនាគត ខណៈខេត្តនេះបានក្លាយជាប៉ូលមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ច និងទេសចរ​ណ៍សម្រាប់តំបន់ឆ្នេរកម្ពុជា”៕

ក្រុមហ៊ុនថៃនិងចិនគ្រោងចំណាយ១,៥ពាន់លានដុល្លារសាងសង់រោងចក្រថាមពលដើរដោយខ្យល់ធំបំផុតរបស់អាស៊ីក្នុងប្រទេសឡាវជាប់ព្រំដែនប្រទេសកម្ពុជា

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញ BCPG Plc  ដែលជាបុត្រសម្ព័ន្ធរបស់ Bangchak Corporation Plc សហការជាមួយក្រុមហ៊ុន Power China International Group គ្រោងសាងសង់រោងចក្រថាមពលខ្យល់ដ៏ធំបំផុតរបស់អាស៊ី នៅក្នុងប្រទេសឡាវ។

លោក Niwat Adirek ប្រធានក្រុមហ៊ុន BCPG និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន Impact Energy Asia Development (IEAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិស្វកម្មលទ្ធកម្ម និងសំណង់ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន PowerChina International ដើម្បីសាងសង់រោងចក្រថាមពលដើរដោយខ្យល់ថ្មីមួយ ដែលមានឈ្មោះថា “Monsoon” និងមានសមត្ថភាពផលិតអគ្គិសនី៦០០មេហ្គាវ៉ាត់។

ពិធីចុះហត្ថលេខានេះបានរៀបចំធ្វើឡើង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BCPG ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារទី០៦ ខែធ្នូ ឆ្នាំ២០២២។

ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន BCPG និងរដ្ឋាភិបាលឡាវដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន រោងចក្រដើរដោយខ្យល់នេះគ្រោងសាងសង់លើផ្ទៃដីទំហំ៦៤.០០០ហិកតា នៅភាគខាងត្បូងប្រទេសឡាវ។

រោងចក្រនេះមានទីតាំងនៅជិតទន្លេមេគង្គកាត់ពីខេត្ត Ubon Ratchathani ភាគឦសានរបស់ប្រទេសថៃ និងស្ថិតនៅភាគខាងជើងនៃខេត្តព្រះវិហារ ប្រទេសកម្ពុជា ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសរុបប្រមាណ១,៥ពាន់លានដុល្លារអាមេរិក។

យោងតាមគេហទំព័ររបស់សមាគមថាមពលខ្យល់អាស៊ី បានឱ្យដឹងថា រដ្ឋាភិបាលឡាវបានផ្តល់សម្បទានដីរយៈពេល២៥ឆ្នាំ ដល់រោងចក្រថាមពល ដែលលាតសន្ធឹងលើស្រុកចំនួន២គឺស្រុក Dak Cheung ក្នុងខេត្ត Sekong និង ស្រុក Sanxay ក្នុងខេត្ត Attapeu៕