រយៈពេល២៨ឆ្នាំ ខេត្តព្រះសីហនុទទួលបានក្រុមហ៊ុនជិត២០០ចូលទៅវិនិយោគ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សក្ដានុពលនៃខេត្តព្រះសីហនុជាខេត្តមួយបានទាក់ទាញឱ្យមានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនក្នុង និងក្រៅប្រទេស។ ក្នុងរយៈពេល២៨ឆ្នាំ មានក្រុមហ៊ុនប្រមាណជិត២០០ក្រុមហ៊ុន ចូលទៅបណ្ដាក់ទុនវិនិយោគ និងបានផ្លាស់ប្តូរមុខមាត់ខេត្តមួយនេះគួរឱ្យកត់សម្គាល់។

លោកឯក ភាព អភិបាលរងខេត្តព្រះសីហនុ បានថ្លែងប្រាប់វិនិយោគិនមកពីប្រទេសអូទ្រីស កាលពីពេលថ្មីៗនេះថា ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២នេះ ខេត្តព្រះសីហនុមានក្រុមហ៊ុនចំនួន១៩៩ក្រុមហ៊ុន បានបណ្ដាក់ទុនវិនិយោគ។ ក្នុងនោះ គម្រោងវិនិយោគលើវិស័យទេសចរណ៍មានចំនួនច្រើនជាងគេ រហូតដល់៨៤ក្រុមហ៊ុន ហើយក្នុងចំណោមនោះ មាន៨១គម្រោង ជាគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ ដែលមានទំហំដីក្រោម១០ហិចតា។

ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ត្រូវបានមើលឃើញថា ចាប់ផ្ដើមក្នុងរយៈប្រមាណ៤ទៅ៥ឆ្នាំចុងក្រោយនេះ ជាពិសេសការវិនិយោគមកពីប្រទេសចិន។ សំណង់អគារច្រូងច្រាងបានលេចរូបរាងឡើងនៅក្នុងខេត្តតំបន់សមុទ្រមួយនេះ ប៉ុន្តែគម្រោងមួយចំនួនត្រូវបានជួបប្រទះនឹងបញ្ហា ចាប់តាំងពីអំឡុងឆ្នាំ ២០១៩មក ។

រដ្ឋាភិបាលបានកំណត់យកតំបន់ឆ្នេរជាគោលដៅនៃការអភិវឌ្ឍ ដោយរដ្ឋាភិបាលបានសាងសង់ និងលើកកម្ពស់ផ្លូវតភ្ជាប់ ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តមាត់សមុទ្រទាំងនោះ និងសាងសង់ផ្លូវជាច្រើនខ្សែក្នុងតំបន់សមុទ្រ។ ជាក់ស្ដែង ក្នុងខេត្តព្រះសីហនុមានផ្លូវខ្វាត់ខ្វែងទើបសាងសង់រួច និងកំពុងមានការទាក់ទាញកាន់តែខ្លាំង ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ។ អ្វីដែលពិសេសទៀតនោះ គឺផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបើកដំណើរការ ដែលជាការរំពឹងខ្ពស់ពីការហូរចូលនៃការវិនិយោគពីបរទេសបន្ថែមទៀត ទៅកាន់ទឹកដីនៃខេត្តព្រះសីហនុ។

លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានលើកឡើងថា ខេត្តព្រះសីហនុនៅតែជាគោលដៅវិនិយោគរបស់វិនិយោគិនបរទេស ជាពិសេសចិន ហើយខេត្តនេះនឹងមានការវិនិយោគឡើងវិញនៅពេលឆាប់ៗនេះ។

 

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ដោយសារតែស្ថានភាពនៃវិបត្តិ ទើបរយៈពេលប្រមាណពីរឆ្នាំនេះ ខេត្តព្រះសីហនុ ក៏ដូចជាបណ្ដាខេត្តនៅកម្ពុជា មិនសូវមានការបណ្ដាក់ទុនវិនិយោគថ្មីៗ ហើយគម្រោងវិនិយោគ ដែលបានដាក់ទុន និងដំណើរការក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគរបស់វិនិយោគិនក្នុងស្រុក៕

ខេត្តកំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគរោងចក្រថ្មីៗចំនួន៧ ផ្តល់ការងារដល់ប្រជាពលរដ្ឋជាង១៨០០នាក់

ដោយ៖ សុផារី

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ បន្តស្រូបបានការវិនិយោគលើគម្រោងរោងចក្រឧស្សាហកម្មកាន់តែច្រើន ដោយក្នុងឆ្នាំ២០២២នេះ ខេត្តសក្តានុពលឧស្សាហកម្មមួយនេះបានទាក់ទាញគម្រោងរោងចក្រចំនួន៧បន្ថែមទៀត ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋច្រើនពាន់នាក់។

លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឱ្យដឹងថា ខេត្តកំពង់ស្ពឺនៅតែមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញគម្រោងរោងចក្រសហគ្រាសថ្មីៗ។

លោកបានមានប្រសាសន៍ឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា ដោយសារមូលដ្ឋានសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធមានភាពងាយស្រួល ក្នុងការតភ្ជាប់ការដឹកជញ្ជូនទៅកាន់កំពង់ផែ និងតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ធ្វើឱ្យខេត្តកំពង់ស្ពឺទាក់ទាញគម្រោងវិនិយោគរោងចក្រសហគ្រាសចំនួន៧ ដែលផ្តល់ការងារប្រមាណ២ពាន់នាក់ ដល់ប្រជាពលរដ្ឋ គិតចាប់ពីដើមខែមករា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្តបានសម្តែងសុទិដ្ឋិនិយមថា ខេត្តកំពង់ស្ពឺនឹងមានការអភិវឌ្ឍខ្លាំង ហើយទាក់ទាញបានគម្រោងវិនិយោគផ្សេងៗកាន់តែច្រើន នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីសេដ្ឋកិច្ចកម្ពុជាកំពុងស្ទុះងើបឡើងវិញ ហើយសេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពប្រសើរឡើង ដូច្នេះប្រទេសកម្ពុជាបាន និងកំពុងក្លាយជាទីតាំងមួយ ដែលឋិតនៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគ និងធុរជនអន្តរជាតិ។

លោកបានបន្តថា ជាពិសេស ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានរួចរាល់ហើយកាលពីដើមឆ្នាំ២០២២ បូករួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូខាងមុខ ព្រមទាំងការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)  នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ដែលមានភាពទាក់ទាញខ្លាំង សម្រាប់ការដាក់ទីតាំងរោងចក្រសហគ្រាស ដោយសារកម្លាំងពលកម្មថោក ហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពប្រសើរឡើង និងបរិយាកាសវិនិយោគកាន់តែត្រូវបានកែសម្រួលល្អប្រសើរបន្តិចម្តងៗ៕

គម្រោងវិនិយោគចំនួន៦មានតម្លៃជាង២៥៦លានដុល្លារអាមេរិកត្រូវបានអនុម័តឱ្យដំណើរការ

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោងវិនិយោគធំៗចំនួន៦ ដែលមានតម្លៃទុនវិនិយោគជាង២៥៥,៦លានដុល្លាអាមេរិក ត្រូវបានអនុម័តឱ្យដំណើរការ ដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចផ្តល់ការងារបានចំនួន៤.៥៥៤កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១៦៨លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន៩៥៥កន្លែង។

២-“GREEN VISION RISING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រឡៅ និងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ៤៤,២លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន១.៤១៤កន្លែង។

៣-“TELEMOBILE (CAMBODIA) CORPORATION (T.C.C)” គម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ២៧,៥លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន១០៦កន្លែង។

៤-“ZHUO KANG SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន២.១៤៩កន្លែង។

៥-“FANMAR AUTO PART (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន១២៧កន្លែង។

៦- “YANLING ACCESSORIES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន២០៣កន្លែង៕

ប្រទេសអូស្ត្រាលីចាប់ដៃគូធ្វើការជាមួយកម្ពុជាដើម្បីធ្វើបច្ចុប្បន្នភាពគុណភាពហេដ្ឋារចនាសម្ព័ន្ឋ

ដោយ: លាងហួរ

ភ្នំពេញ: ប្រទេសអូស្ត្រាលីបានចាប់ដៃគូសហការ ជាមួយក្រសួងសំខាន់ៗរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់ជំនាញរបស់ទីភ្នាក់ងារ រដ្ឋាភិបាលអូ  ស្ត្រាលី។

យោងតាមប្រភពស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីពេលថ្មីៗនេះថា ជំនួយនេះត្រូវបានផ្តល់ តាមរយៈកម្មវិធីភាពជាដៃគូក្នុងតំបន់ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ(P4I)ចំនួន១២០លានដុល្លាររបស់ប្រទេសអូស្ត្រាលី ។

នាពេលថ្មីៗនេះ នាយកប្រតិបត្តិ ក្រុមហ៊ុនAustroads លោក Dr. Geoff Allan បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាជាមួ​យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពស្តង់ដារ នៃការរចនាផ្លូវថ្នល់ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

ប្រភពដដែលនេះបានគូសបញ្ជាក់ថា “ស្តង់ដារទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការធានាឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដែលរួមបញ្ចូលទាំងការគិតគូរលើសមភាពយេនឌ័រ ពិការភាព និងសង្គមផងដែរ”។

យោងតាមស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា ជំនួយនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការជួយដល់អាស៊ានក្នុងការសម្រេចបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាពក្នុងវិស័យដឹកជញ្ជូន ថាមពល ឧបករណ៍ប្រើប្រាស់ និងទូរគមនាគមន៍៕

គុណភាពនៃការលូតលាស់សតិបញ្ញារបស់ទារក និងកុមារ ជាអ្វីដែលមាតាបិតា គួរគិតឲ្យបានច្រើនលើជម្រើសផលិតផលទឹកដោះគោម្សៅ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការមានកូនឆ្លាតវៃ ជាសុភមង្គលរបស់មាតា បិតា អាណាព្យាបាលទារក និងកុមារគ្រប់រូប ហេតុនេះការជ្រើសរើសផលិតផលទឹកដោះគោម្សៅ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ភាពលូតលាស់ ដល់សតិបញ្ហា និងការចងចាំរបស់ពួកគេ។

សារធាតុDHA ត្រូវបានអ្នកប្រាជ្ញរកឃើញ និងបានដាក់ក្នុងផលិត​ផលទឹកដោះគោម្សៅ BalacTan ដែលជាផលិតផលមួយផលិតនៅ​ក្នុងសហគមន៍អឺរ៉ុប និងទទួលបានការកោតសរសើរពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក លើស្តង់ដាផលិត គុណភាពផលិតផល អនាម័យ និងគុណតម្លៃ ដែលផ្តល់ជូនទារក និងកុមារនូវការលូតលាស់រាងកាយ សតិបញ្ញា ស្មារតី និងការចងចាំដ៏ល្អ។

ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltdលោកប៊ូ​ ខេមរិន្ទ្រ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍលូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេស ពេលកុមារទទួលបានសារធាតុ DHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិត ផលរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណា​ក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

ជាមួយគ្នានេះ អ្នកចិញ្ចឹមបុត្រធីតា ដែលទទួលបានបទពិសោធន៍ល្អៗ ពីការប្រើប្រាស់ផលិតផលនេះបានសម្តែងនូវសុទិដ្ឋិនិយម។

អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលីបានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសំរេចជ្រើសរើស ផលិតផលទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបានបន្តថា “ហេតុនេះមុនសម្រេចចិត្ត ជ្រើសរើសផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតារបស់ សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

 

អ្នកជំនាញបង្ហើបទីតាំងសក្តានុពលខ្ពស់លើការវិនិយោគដីធ្លីសម្រាប់អចលនទ្រព្យទេសចរណ៍

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា មានសក្តានុពលលើតំបន់ទេសចរណ៍ធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្តពាសពេញផ្ទៃប្រទេស ដែលទីផ្សារដ៏សម្បូរបែបនេះ ក៏ជំរុញឱ្យមានការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យដូចគ្នា។

អ្នកជំនាញបានបង្ហើបទីតាំងសក្តានុពល សម្រាប់អ្នកមានដើមទុន និងមានបំណងចង់វិនិយោគដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់នាពេលអនាគត។

លោក គង់ វិសា អ្នកជំនាញអចលនទ្រព្យមួយរូប បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា តំបន់ដែលមានសក្តានុពលសម្រាប់ការវិនិយោគ លើប្រភេទអចលនទ្រព្យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើន ហើយតំបន់នីមួយៗមានសក្តានុពល ក៏ខុសៗគ្នាផងដែរ។

អ្នកជំនាញរូបនេះបញ្ជាក់ថា “សម្រាប់អ្នកដែលមានគម្រោងទិញដីទុកចំណេញនៅក្នុងខេត្តមាត់សមុទ្រ គឺមិនសូវផ្តល់ផលចំណេញខ្ពស់ឡើង”។ លោកបន្តថា “ដីធ្លីនៅក្នុងបណ្ដាខេត្តជាប់មាត់សមុទ្រ គឺមានតម្លៃហើមខ្ពស់ខ្លាំង ដែលមិនអាចផ្តល់ផលចំណេញខ្ពស់ ដល់អ្នកវិនិយោគដីធ្លីនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានគម្រោងវិនិយោគ លើការអភិវឌ្ឍជាប្រភេទអចលនទ្រព្យទេសចរណ៍កែច្នៃនានា នឹងទទួលបានផលល្អប្រសើរ”។

លោកបញ្ជាក់ថា “អ្នកដែលទិញដីធ្លីជាប់មាត់សមុទ្រ ភាគច្រើនជាអ្នកមានគម្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ ជារីសត សណ្ឋាគារ ឬគម្រោងធំៗ។ តែបើទិញ រំពឹងទុកចំណេញគឺយឺតណាស់”។

យោងតាមអ្នកជំនាញរូបនេះ លោកសម្លឹងមើលសក្តានុពលនៃខេត្តភាគខាងជើង និងខាងកើត នៃប្រទេសកម្ពុជា ដើម្បីវិនិយោគលើវិស័យដីធ្លីអចលនទ្រព្យប្រភេទនេះ។ សម្រាប់អ្នកវិនិយោគដែលមានទុនច្រើន អ្នកជំនាញរូបនេះបានណែនាំថា ខេត្តមាត់សមុទ្រ ចំនួនបី រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប គួរត្រូវបានសម្លឹងមើល និងពិចារណាសម្រាប់ការវិនិយោគបាន។

យ៉ាងណាក្តី សម្រាប់អ្នកមានដើមទុនមធ្យម អ្នកវិនិយោគអាច សម្លឹងមើលលើខេត្តសៀមរាប បាត់ដំបង មណ្ឌលគីរី រតនគីរី ដោយតំបន់ទាំងនេះជាតំបន់ ដែលមានដីធ្លីនៅធំទូលាយល្អ និងមានតម្លៃសមរម្យនៅឡើយ។ ជាពិសេសតំបន់ទាំងនេះមានសក្តានុពលទេសចរណ៍ធម្មជាតិជាជម្រើសច្រើនទៀតផង។

លោកបន្តថា “នៅក្នុងខេត្តភាគខាងជើង និងខាងកើតក៏ផ្តោតលើទេសចរណ៍ដូចគ្នា។ នៅថ្ងៃអនាគតប្រទេសកម្ពុជាយើង វិស័យទេសចរណ៍នឹងរីកចម្រើនខ្លាំង។ ដីធ្លីនៅក្នុងតំបន់ខាងលើ មានឱកាសច្រើនក្នុងការទិញយកចំណេញ”។

ជាមួយគ្នានេះ លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ដីធ្លីនៅក្នុងខេត្តភាគខាងកើតនៃប្រទេសជាឱកាសវិនិយោគថ្មីមួយ ហើយនឹងផ្តល់នូវផលចំណេញខ្ពស់ សម្រាប់គម្រោងអចលនទ្រព្យទេសចរណ៍។

លោនបន្តថា “ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី មានតម្លៃសមរម្យច្រើនណាស់ បើប្រៀបធៀបនឹងខេត្តផ្សេងទៀត ជាពិសេសមានទំហំធំៗ ស័ក្តិសមសម្រាប់ការអភិវឌ្ឍប្រភេទរីសត បាំងកាឡូ ផ្ទះសំណាក់ជាដើម ហើយខេត្តទាំងនោះមានសក្តានុពលពីធម្មជាតិស្រាប់ មានភ្នំ មានទឹក និងទេសភាពស្រស់ស្អាតណាស់”៕

រដ្ឋាភិបាលប្រកាសបើកទំហំដី១៥៥ហិកតាឲ្យក្រុមហ៊ុនឯកជន វិនិយោគលើការរុករករ៉ែ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទាន ស្វែងរករ៉ែទំហំ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណា ដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។

នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងកាលពីសប្តាហ៍មុន ។ តាមរយៈការប្រកាសនេះ ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។

ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈប្រកួតប្រជែងជាសាធារណៈ ដើម្បីទទួលបានអាជ្ញាបណ្ណស្វែងរុករកពី​ក្រសួងរ៉ែ។

ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំ អាចមកដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី៣០ ធ្នូ ២០២២។

តំបន់​សម្បទានរ៉ែថ្មីនេះ ដែលមាន​ទំហំ​១៥៥ហិកតា ស្ថិតក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ក្នុងឃុំតែកែន ស្រុកឈូក ខេត្តកំពត៕

ក្រុមហ៊ុន Evergrande កំពុងចរចាជាមួយក្រុងវូហាន ដើម្បីស្នើសុំដីរាប់សែនហិកតារបស់ខ្លួនត្រលប់មកវិញ

ដោយៈ សុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលកំពុងជាប់ផុងក្នុងបំណុល China Evergrande Group កំពុងទំនាក់ទំនងសុំចរចាជាមួយសង្កាត់មួយក្នុងក្រុងវូហាន (Wuhan) ដើម្បីស្នើសុំដីទំហំ១៣៤.៥០០ហិកតា ដែលធ្លាប់កាន់កាប់ដោយបុត្រសម្ព័ន្ធមួយរបស់ខ្លួនត្រលប់មកវិញ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យផែនការ និងធនធានធម្មជាតិនៃសង្កាត់ Jiangxia បានបង្ហាញថា រដ្ឋបាលសង្កាត់ដែលស្ថិតនៅកណ្តាលក្រុងWuhanនេះ បានដកហូតសិទ្ធិប្រើប្រាស់ដី នៅលើទីតាំងដែលមិនទាន់បានអភិវឌ្ឍន៍ ក្នុងគម្រោងទីក្រុងទេសចរណ៍បច្ចេកវិទ្យា Evergrande Technology Tourism City Project របស់ក្រុមហ៊ុន Evergrande កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

ក្រុមហ៊ុន Evergrande និយាយថា ខ្លួនកំពុងទំនាក់ទំនងសុំចរចាជាមួយរដ្ឋបាលសង្កាត់Jiangxia ហើយ “នឹងដាក់សំណើសុំឱ្យរដ្ឋបាលសង្កាត់ពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន”។

ក្រុមហ៊ុនបញ្ជាក់ថា រដ្ឋបាលសង្កាត់នេះ បានដកហូតសិទ្ធិប្រើប្រាស់ដីរបស់ខ្លួន លើដីតែចំនួន១១ក្បាលដី ដែលស្ថិតក្រោមគម្រោងប៉ុណ្ណោះ ហើយមិនពាក់ក្បាលដីផ្សេងទៀត របស់គម្រោងនេះឡើយ ខណៈគម្រោងនេះ មានក្បាលដីសរុបចំនួន២៤ក្បាលដី។

ក្រុមហ៊ុន Evergrande ដែលជាប់បំណុលរហូត ដល់ទៅ៣០០ពាន់លានដុល្លារអាមេរិក ខណៈវិស័យអចលនទ្រព្យក្នុងប្រទេសចិន កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ មានបំណងចាប់ផ្តើមការចរចា រៀបចំឥណទានឡើងវិញនៅខែក្រោយ ហើយកំពុងរៀបចំប្រមែប្រមូលទ្រព្យសកម្ម ក្នុងស្រុកឱ្យស្រួ​លបួល ដើម្បីឱ្យម្ចាស់អ្នកកាន់មូលបត្របំណុលរបស់ខ្លួន មានទំនុកចិត្តជាងមុន៕ Reuters៕

វិភាគលើចំណុចដ៏ស្រួចស្រាវទាំង៦នេះ មុនសម្រេចចិត្តវិនិយោគលើដីធ្លី

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគដ៏ល្អមួយ ដែលមានផលចំណេញច្រើន ប៉ុន្តែអ្នកក៏អាចជាប់គាំងលក់មិនចេញផងដែរ ប្រសិនជាការ​ចំណាយលុយរបស់អ្នកធ្វើឡើងមិនច្បាស់លាស់ និងមិនទទួលបានព៌តមានគ្រប់ជ្រុងជ្រោយ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានវិនិយោគលើដីធ្លីមួយចំនួនទទួលបានទាំងជោគជ័យ និងបរាជ័យ ពិសេសបានតាមដានដំណើរវិវត្តន៍ និងផ្សព្វផ្សាយព៌តមានក្នុងវិស័យនេះ ជាប្រចាំបានលើកឡើងនូវមូលដ្ឋានគ្រឹះ មួយចំនួន សម្រាប់ជាចំណេះដឹង និងជាការពិចារណា។

ទិញដីនៅតំបន់មានមនុស្សរស់នៅច្រើន

       សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មតែងតែធ្វើឡើងជាមួយសហគមន៍ ដែលមានមនុស្សរស់នៅច្រើន ព្រោះគ្មានដីនៅទីណាឡើងថ្លៃនៅតំបន់ ដែ​លគ្មានមនុស្សរស់នៅនោះទេ។ ចំណុចពិសេសមួយ គឺអ្នកជំនាញនានាតែងតែលើកឡើងថា ការទិញដីនៅជាយក្រុងភ្នំពេញ ជាការវិនិយោគល្អ ព្រោះទោះ​មានវិបត្តិសេដ្ឋកិច្ច ក៏ដីនៅជាយក្រុងមិនងាយជាប់គាំងនោះដែរ។

តាមធម្មតាដីនៅតំបន់មនុស្សរស់នៅច្រើន តែងតែមានតម្លៃខ្ពស់ ប៉ុន្តែអ្នកអាចជ្រើសរើសរកចំណុចយូនីកណាមួយ ដែលអ្នកអាចរើសបាន ដូចជាដីបឹងតូចៗ ដែលគេមិនសូវចាប់អារម្មណ៍ ដីសហគមន៍មូលដ្ឋាន ដែលគេមិនសូវចាប់ពអារម្មណ៍ អាចមានតម្លៃល្អ និងមានឱកាសចំណេញខ្ពស់ បន្ទាប់ពីអ្នកចាក់ដីបំពេញ ឬបំពេញនិតិវិធីច្បាប់ចប់សព្វគ្រប់។

ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនិងចំណុចគួរពិចារណា

       រដ្ឋាភិបាល តែងតែដាក់ចេញគោលនយោបាយ និងផែនការអភិវឌ្ឈន៍ថ្មីៗរៀងរាល់៣ ទៅ៥ឆ្នាំ និង១០ឆ្នាំម្តង។

រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយរបស់ខ្លួន ដើម្បីលើកពីផែន​ការអភិវឌ្ឍន៍របស់ខ្លួន។

នាពេលថ្មីៗនេះ នៅពេលគោលនយោបាយផ្លាស់ប្តូរ បានធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យជួបបញ្ហាប្រឈមជាច្រើន ដូចជា ក្រុងព្រះសីហនុ មានអាគារប្រមាណ១២០០បានជាប់គាំង ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនបានរងគ្រោះ ប៉ុន្តែក៏មានអ្នកវិនិយោគជាច្រើនបានទទួលផលច្រើនផងដែរ។

ជាមួយគ្នានេះ ការសាងសង់ព្រមានយន្តហោះ ខេត្តមណ្ឌលគិរីក៏បានជាប់គាំងផងដែរ ដែលធ្វើឲ្យចរន្តទិញ លក់ ដីធ្លីមានការធ្លាក់ចុះ និងតម្លៃស្ថិតក្នុងសភាពទ្រឹង ហេតុនេះការបោះទុនវិនិយោគ ក្នុងស្ថានភាពបែបនេះ នឹងធ្វើឲ្យលុយរបស់អ្នកគាំងមិនដំណើរការផងដែរ។

ដើម្បីវិភាគទៅលើចំណុចនេះ និងសិក្សាពីបញ្ហានេះ លោក អ្នកគួរសិក្សាលើកត្តាគោលមួយចំនួន ដូចជា ទី១ វិបត្តិសេដ្ឋកិច្ចពិភពលោកតែងតែកើតមានរៀងរាល់១០ឆ្នាំ ឬ១២ឆ្នាំម្តង ហេតុនេះអ្នកគួរសិក្សាពីវដ្តរបស់វា ដើម្បីត្រៀមបង្ការ និងបង្អង់ល្បឿនវិនិយោគរបស់អ្នក នៅពេលឆ្នាំជិតដល់វដ្តនៃវិបត្តិមកដល់ ទី២ នៅពេលស្ថានភាពអលនទ្រព្យ ពុះកញ្រ្ជោលខ្លាំងដូចនៅក្រុងព្រះសីហនុ អ្នកអាចចាប់យកឱកាសភ្លាមៗ ជាជាងធ្វើក្រោយគេ ព្រោះឱកាសបែបនេះ មានមិនយូរនោះឡើយ ប្រសិនបើអ្វីៗវាមានសភាពដូចពពុះសាប៊ូ ហើយករណីនេះបានកើតមាននៅប្រទេសចិន និងក្រុងព្រះសីហនុ ប្រទេសថៃ និងប្រទេសមួយចំនួនទៀតរួចហើយ។

តាមដានព៌តមានពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចប្រទេសធំៗ

       មិនថាប្រទេសកម្ពុជា ឬប្រទេសដទៃទៀតនោះទេ នៅពេលមានបញ្ហាសេដ្ឋកិច្ចកើតមាន នៅតាមបណ្តាប្រទេសធំៗ និងបញ្ហាសង្រ្គាមដូចជា     សង្រ្គា​មរុស្ស៊ី អ៊ុយក្រែន គឺបញ្ហាបានកើតមានពាសពេញពិភពលោក ដោយ​សារការឡើងថ្លៃទំនិញ ឬអតិផរណា។

ការកើតមានកលយុគនានា បញ្ហាសេដ្ឋកិច្ចប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក មហាយក្សចិន ប្រទេសជប៉ុន និងសហគមន៍អឺរ៉ុបជាដើម សុទ្ឋតែមានផលប៉ះទង្គិច ដល់ការវិនិយោគលើវិស័យនានា ពិសេសវិស័យអចលនទ្រព្យកម្ពុជា ដែលនៅមានភាពក្មេងខ្ចីនៅឡើយ។

អ្នកជោគជ័យ តែងតែតាមដានព៌តមានជាប្រចាំ ព្រោះមិនមែនអ្វីៗស្ថិតនៅក្នុងដៃរបស់អ្នកទាំងអស់ ដូចបុគ្គលមួយចំនួនលើកឡើង ដោយគ្មានមូលដ្ឋានពិចារណាឡើយ។

ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល

       នៅកម្ពុជា តម្លៃដីធ្លីតែងតែហក់ឡើង នៅពេលរដ្ឋាភិបាលបង្ហើបពីប្រ​កាសពីការសាងសង់ស្ពាន សាងសង់ផ្លូវ សាងសង់ព្រលានយន្តហោះជាដើម។

ការទទួលបានព៌តមានថ្មីៗ មានភាពជាក់លាក់ អាចទុកចិត្តបាន និងឈរលើ ក្រមសីលធ៌មវិជ្ជាជីវៈដូចជា គេហទំព័រPropertyarea.asia, Cambodiafinancialtimes.com សុទ្ឋតែអាចជាមូលដ្ឋានគ្រឹះ និងត្រី​វិស័យចង្អុលបង្ហាញផ្លូវ ដែលលោកអ្នកអាចជឿជាក់ និងទុកចិត្តបាន ព្រោះការបំប៉ោងព៌តមាន នឹងធ្វើឲ្យបាត់បង់គុណតម្លៃរបស់យើង និងជាការ​សម្លាប់ស្ថាប័នរបស់ខ្លួន។

ហេតុនេះព៌តមាន មានសារៈសំខាន់ណាស់ ទាំងក្នុងអាជីវកម្ម ការវិនិ​យោគ និងក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់ខ្លួន។

សិក្សានៅតំបន់ប៉ូលអភិវឌ្ឍន៍របស់រដ្ឋាភិបាល

       រាជរដ្ឋាភិបាលបានចាត់ទុករាជធានី ខេត្តចំនួន៤ ជាប៉ូលសេដ្ឋកិច្ចរបស់ខ្លូន គឺរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងតំបន់ស្ថិតនៅភូមិភាគឥសាន្ត គឺខេត្តមណ្ឌលគិរី ដែលផែនការអភិវឌ្ឍន៍រយៈពេលវែង សម្រាប់វិស័យទេសចរណ៍ តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ឋត្រូវបានគិតគូរ និងរៀបចំជាបណ្តើរៗផងដែរ។

ប៉ុន្តែខេត្តដែលនឹងទទួលបានផលប្រយោជន៍ ពីគោលនយោបាយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក៏កំពុងលេចឡើងផងដែរ ដូចជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខេត្តកំពត ខេត្តស្វាយរៀង គឺក្រុងបាវិត ដែលផ្លូវល្បឿនលឿននឹងសាងសង់ ដើម្បីតភ្ជាប់នឹងរាជធានី និងទីក្រុងធំមួយរបស់វៀតណាម។

ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានដាក់បញ្ចូល ក្នុងគោលនយោបាយអភិវឌ្ឈន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ឆ្នាំ២០២៥ ដើម្បីរៀបចំទីក្រុងនេះជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ ហើយទីក្រុងនេះស្ថិតនៅក្នុងគោលនយោ​បាយអភិវឌ្ឍន៍ត្បូង ត្បូងរបស់អាស៊ានផងដែរ។

លើសពីនេះ ខេត្តកណ្តាល កំពង់ស្ពឺ ក៏បាននិងកំពុងទទួលឥទ្ឋិពល​និងផលប្រយោជន៍ចេញពីរាជធានីភ្នំពេញ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ​របស់រាជរដ្ឋាភិបាលផងដែរ។

ទិញដីតម្លៃទាប ងាយស្រួលលក់ឬរកអតិថិជន

       តាមធម្មតាដីមានតម្លៃទាប មានទំហំទឹកប្រាក់តិច ជាការវិនិយោគល្អមួយ ព្រោះបើតាមការអង្កេត អ្នកវិនិយោគប្រមាណ៩០ភាគរយ វិនិយោគមិនលើសពី១០ ទៅ២០ម៉ឺនដុល្លារអាមេរិកនោះឡើយ ហេតុនេះបើសិនជាអ្នកទិញដីតម្លៃត្រឹម១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េចុះក្រោម អ្នកនឹងមានអតិថិជនក្នុងដៃច្រើន ប៉ុន្តែបើដីរបស់អ្នកមានតម្លៃលើសពីនេះ អតិថិជនរបស់អ្នកមិនមានច្រើននៅក្នុងទីផ្សារឡើយ។

វាប្រៀបដូចជាត្រីនៅក្នុងបឹង គឺភាគច្រើនជាត្រីតូចៗ ដែលអ្នកមានឱកាសចាប់បានច្រើនជាងត្រីធំៗ ប៉ុន្តែការនិយាយបែបនេះ មិនមែនមានន័យថា ដីតម្លៃខ្ពស់មិនមានទីផ្សារឡើយ ប៉ុន្តែទីផ្សាររបស់អ្នកស្ថិតនៅក្នុងដៃឬអតិថិជន ដែលមានលទ្ឋភាពទិញដីរបស់អ្នក មានចំនួនតិចជាងដី ដែលមានតម្លៃចន្លោះ១០ទៅ២០ ទៅ៣០ ទៅ៥០ដុល្លារ និងទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

 

 

 

 

 

លោកស៊ុន ចាន់ថុលៈ ផ្លូវវាងក្រុងសៀមរាបនឹងត្រូវសាងសង់កាត់តំបន់ក្រុងរ៉ុនតាឯក និងពាក់ស្នែង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនបានបង្ហើបឲ្យដឹងថា​ ផ្លូវ​វាងក្រុងមួយខ្សែ​នៅខាងជើង​​ក្រុងសៀមរាប ​នឹង​សាង់សង់​កាត់​តំបន់​អភិវឌ្ឍ​រុន​តាឯក និង​ពាក់ស្នែង។

ថ្លែង​នៅ​​ក្នុង​សន្និសីទ​វឌ្ឍនភាព​រយៈពេល៥ ឆ្នាំ​របស់​ក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះបាន​បង្ហើបពី​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​សៀមរាប នឹងស្ថាបនាឆ្លងកាត់តំបន់​អភិវឌ្ឍ​​រុន​តាឯក និង​ពាក់ស្នែង ដែល​រដ្ឋាភិបាល​ទើបរៀបចំ​ជា​តំបន់​អភិវឌ្ឍសម្រាប់​ពលរដ្ឋ ​ដែលបាន​ផ្លាស់ទីចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ។

លោកបាន​បញ្ជាក់ថា ផ្លូវ​វាង​ខាង​ជើង​ក្រុង​សៀមរាប ដែលនឹង​ស្ថាបនា​កាត់​តំបន់​រុន​តាឯក និង​ពាក់ស្នែង បាន​សិក្សា​ចប់​សព្វ​គ្រប់ ដោយ​ប្រើប្រាស់​ថវិកា​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB។

​លោក ស៊ុន ចាន់ថុលបានឲ្យដឹងទៀតថា ក្រៅ​ពី​ផ្លូវ​វាង​ខាងជើង រដ្ឋាភិបាល ក៏​​បាន​គិតគូរ​​សាងសង់​ផ្លូវ​វាង​ក្រុង​សៀមរាប ​មួយ​ខ្សែ​ទៀត​នៅ​ខាង​ត្បូង​ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៦៤ ទៅ​កាន់ស្រុកពួក ​ដោយ​ប្រើប្រាស់​ថវិកា​កម្ចី​មកពី​ ACDF របស់​កូរ៉េ។

លោក​រដ្ឋមន្រ្តី​បាន​បង្ហាញ​ពី​មោទនភាព ​ក្រោយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាពិសេស​ផ្លូវ​៣៨ ខ្សែ​បាន​បញ្ចប់​សម្ពោធ​ដាក់​ដំណើរការ​ដែល​បាន​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​សៀមរាប ​មានផ្លូវស្អាតសម្រាប់ទទួលភ្ញៀវទេស​ចរណ៍ជាតិ និងបរទេសឃើញពីភាពទាក់ទាញ និងប្លែកភ្នែកនៃទីក្រុង​ទេស​ចរណ៍​ដ៏​សំខាន់មួយនេះ៕