ក្រសួងពាណិជ្ជកម្មកំពុងជួយអ្នកនៅក្នុងSMEដើម្បីជួបវិនិយោគិនមូលធនដើម្បីអាចរកប្រភពទុនបន្ថែម

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ីនៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា”។

គំរោងនេះជាផ្នែកមួយ នៃគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM)។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ប្រព័ន្ធអេកូឡូស៊ី នៃវិនិយោគិនមូលធននៅក្នុងប្រទេសកម្ពុជា” គម្រោង Go4eCAM ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងតំណាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍នៃការសិក្សា អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ី វិនិយោគិនមូលធននៅកម្ពុជា ក៏ដូចជា ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការចាប់យកឱកាស ក្នុងការទទួលបានហិរញ្ញប្បទានពីប្រភពទុនទាំងក្នុងស្រុក និងបរទេស ដើម្បីសហគ្រាសធុនតូចនិងមធ្យមកម្ពុជាមានសមត្ថភាព អាចនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។

សមាសភាគនេះ របស់គម្រោងGo4eCAM គឺផ្តោតសំខាន់ទៅលើការនាំសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជួបជាមួយនឹងវិនិយោគិនមូលធន ដើម្បីផ្តល់ឱកាសដល់សគ្រាសធុនតូច និងមធ្យមកម្ពុជាស្វែងរកទុនបន្ថែម ក្នុងការពង្រីកអាជីវកម្ម និងគាំទ្រដល់ការឈានឆ្ពោះ ទៅរកសេដ្ឋកិច្ចឌីជីថល តាមរយៈការផ្តោតលើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការច្នៃប្រឌិតបែបឌីជីថល។

លោកជំទាវតឹករ៉េក កំរ៉ង បានលើកឡើងអំពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង ផ្នែកការវិនិយោគមូលធន និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការទទួលបានហិរញ្ញប្បទាន ដែលជាសកម្មភាពការងារអាទិភាពមួយ របស់ក្រសួងពាណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញនៅក្នុង “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣” និង “យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”។

លោកជំទាវរដ្ឋលេខាធិការ សូមលើកទឹកចិត្តឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមកសាង និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី នៃការវិនិយោគមូលធន ដែលមានសារៈសំខាន់ ក្នុងការបង្កើនការទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕

លោកJason Himអ្នកជំនួញអចលនទ្រព្យលាក់មុខបន្តវិនិយោគដីឡូត៏ដោយសុទិដ្ឋិនិយម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បោះបង់ចោលការងារ ដែលមានប្រាក់ខែខ្ទង់ពាន់ដុល្លារទៅហើយ ដើម្បីមកប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យ លោកJason Him ហៅ “លោក ដង្ខៅដី”បានបន្តជម្នះវិបត្តិសេដ្ឋកិច្ច ដោយបន្តវិនិយោគលើដីធ្លី ទទួលបានជោគជ័​យតាមផែនការរបស់ខ្លួនជាបន្តបន្ទាប់។

មានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺ លោកJasonបានឈានជើងមកកាន់រាជធានីភ្នំពេញ អស់រយៈពេលជាង២០ឆ្នាំមកហើយ និងបានឆ្លងកាត់ការងារជាច្រើនរហូតទទួលបានជោគជ័យក្នុងការងារនិងប្រាក់ខែខ្ទង់ពាន់ដុល្លារទៅហើយ​ ប៉ុន្តែដោយ​សារក្តីស្រលាញ់លើវិស័យជំនួញដីធ្លី​និងមើលឃើញការរីកចម្រើនសេដ្ឋកិច្ច ពិសេសអចលនទ្រព្យ លោកបានចាប់ផ្តើមការងារជាអ្នកទិញលក់អចលនទ្រព្យផងធ្វើការងារជាមួយក្រុមហ៊ុនអន្តរជាតិផងដើម្បីអោយមានចំណេះដឹងលើវិស័យនេះកាន់តែស៊ីជំរៅលោកបានសិក្សាស្រាវជ្រាវនិងរាប់អានមិត្តភ័ក្រជាច្រើនក្នុងប្រទេសកម្ពុជាដែលភាគច្រើនជាជើងចាស់ជំនាញលើវិស័យអចលនទ្រព្យនេះតែម្តងរហូតដល់ខ្លួនទទួលបានបទពិសោធន៏គ្រប់គ្រាន់ និងមានជំនាញលក់យ៉ាងស្ទាត់ជំនាញព្រមទាំងចំណូលដែលបានមកពីការលក់និងវិនិយោគទទួលបានប្រាក់ចំណេញជាច្រើនផងនោះ ទើបលោក សំរេចចិត្តលាឈប់ពីការងារប្រាក់ខែខ្ទង់ពាន់មកធ្វើការវិនិយោគ១០០%ទាំងកំលាំងកាយចិត្តបេះដូង​លើគំរោងដីឡូត៍ដ៏ធំមួយនៅក្នុងស្រុកពញាឭ ខេត្តកណ្តាល ជាគំរោងទី១​របស់លោកផ្ទាល់ ដែលទទួលបានជោគជ័យមកទល់សព្វថ្ងៃនេះ។

គំរោងនេះត្រូវបានដាក់ឈ្មោះដីឡូត៍វិមានអចលនទ្រព្យដែលស្ថិតនៅជើងភ្នំឧដុង្គជាតំបន់កំពុងមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ននេះដែលកាលលោកចាប់ផ្តើមដំបូងតំបន់នេះគ្មានការអភិវឌ្ឍន៏នៅទ្បើយ។

បទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យរយៈពេលជាង១០ឆ្នាំ បានធ្វើ ឲ្យ​លោកJasonទទួលបានជោគជ័យ និងឆ្លងកាត់បទពិសោធន៍ជាច្រើន ដោ​យលោកបានពង្រីកគំរោងជាបន្តបន្ទាប់ទៀត គឺគំំរោងទី២ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយដាក់ឈ្មោះ “ភូមិធម្មជាតិលោកសង្ខៅដី” ដែលគំរោងនេះ ក៏ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។

បន្ថែមពីលើទស្សនវិស័យរយៈពេលវែង គួបផ្សំនឹងចំណូលចិត្ត និងការពង្រីកឱកាសក្នុងទីផ្សារ លោកJason Him ហៅដង្ខៅដីបានពង្រីកគំរោង​វិនិយោគទី៣របស់ខ្លួន ស្ថិតនៅតំបន់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម លើផ្លូវជាតិលេខ៤៤ស្ថិតនៅក្នុងតបន់សេដ្ឋកិច្ចក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាគំរោងធំមួយ និងទទួលបានជោគជ័យក្នុងទីផ្សារផងដែរ។

ជាមួយទស្សនវិស័យ និងរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែង លោកJason Himបានមានប្រសាសន៍ថា “ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ និងវិបត្តិ​សង្រ្គាមរុស្ស៊ី អ៊ុយក្រែនក្តី ប៉ុន្តែខ្ញុំនិងក្រុមការងារនៅតែជម្នះ នឹងឧបសគ្គរហូតទទួលបានជោគជ័យតាមផែនការ”។

ដោយផ្តោតលើផែនការចំពោះមុខ និងអភិវឌ្ឍន៍គំរោងរបស់លោកដោយនិរន្តរភាព និងការទទួលខុសត្រូវសង្គម លោកJason Himបាននិងកំពុងគិតគូរពីការអភិវឌ្ឍន៍រយៈពេលវែង ដោយលោកនឹងរៀបចំផែនការសា​ងសង់ផ្ទះតម្លៃមធ្យម និងក្រោមមធ្យមនៅដី ស្ថិតក្នុងស្រុកពញា­ឭ ខេត្តកណ្តាលព្រោះគំរោងដីនេះបានតបណ្តាញទឹកស្អាត និងខ្សែបណ្តាញអគ្គិសនីចូលរួចហើយ ផ្សារ​ សាលារៀន មន្ទីពេទ្យ រោងចក្រ បុរី និងជាទីប្រជំជនមនុស្សរស់នៅច្រើនកុះករ ។

ជាមួយគ្នានេះ គំរោងទី២ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងគំរោងនៅលើផ្លូវជាតិលេខ៤៤ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តកំពង់ស្ពឺក៏បាននិងកំពុងរៀបចំទស្សនទាន អភិវឌ្ឍន៍រយៈពេលវែងផងដែរ។

លោកសង្ខៅដីបានមានប្រសាសន៍ឲ្យដឹងថា “សម្រាប់ទស្សនវិស័យ   ​រយៈពេលវែង ខ្ញុំចង់កសាងតំបន់ដីឡូត៍របស់ខ្ញូំ ជាសហគមន៍មួយមានភាព​រសរវើក ជាសហគមន៍មួយអ៊ូរអរ ដែលមានមនុស្សរស់នៅច្រើន និងអាចប្រកបអាជីវកម្មបាន”។ លោកបន្តថា ចំពោះការចេញប្លង់វិញ ក្រុមហ៊ុនរបស់លោក ចេញជូនអតិថិជនទាន់ពេលវេលា​ស្ទើតែ​១០០% ដែលធ្វើអោយក្រុមការងារលក់ ភ្នាក់ងារលក់ អតិថិជនទុកចិត្តនិងគាំទ្រជាខ្លាំង​។

លោកបន្តថា “គំនិតរបស់ខ្ញុំ ចង់ធ្វើតំបន់អភិវឌ្ឍន៍​របស់យើងក្លាយជាទីប្រជុំជនមួយ ព្រោះយើងលក់ដីរួច មិនដើរចោលអតិថិជននោះទេ គឺយើងរៀបចំផែនការអភិវឌ្ឍន៍នៅនឹងកន្លែងគ្រាន់តែយើងដើរតាមផែនការ Step By Step ” ៕

    

 

 

 

ការសិក្សាថ្មីៈ ក្រសួបបរិស្ថានបែកចែកផ្ទៃដីនៅកម្ពុជាមាន ចំនួន២១ប្រភេទ

  ដោយៈ​គង់ សូរិយា

       ភ្នំពេញៈ ជាមួយគោលដៅប្រើប្រាស់ដីឲ្យបានជាក់លាក់ ក្រសួងបរិ ស្ថាន បានសិក្សាទិន្នន័យបឋម នៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សា និងស្រាវជ្រាវចងក្រងបានរកឃើញថា ផ្ទៃដីកម្ពុជាត្រូវបានបែងចែកជា២១ប្រភេទ។

ទិន្នន័យបឋមនេះ ត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណង ដើម្បីជម្រាបជូនពីទិន្នន័យលម្អិត នៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជា ដោយចែកចេញជា២១ប្រភេទ ដូចជា ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការសិក្សា លើទិន្នន័យនៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លា​ស់ ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជា ដែលនឹងមានសារៈប្រយោជន៍ លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។

លោកបន្តថា ក្រសួងនឹងប្រកាស ផ្តល់ទិន្នន័យស្រាវជ្រាវបាននេះ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើជាឧត្តមប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា៕

រដ្ឋាភិបាលកំពុងដោះស្រាយផលប៉ះពាល់ផ្នែកខាងចុងផ្លូវក្រវាត់ក្រុងទី៣ ដើម្បីសាងសង់បានតាមរង្វង់ជុំ

ដោយៈ សុផារី

ភ្នំពេញៈ ក្រវាត់ក្រុងទី៣ជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយ សម្រួលការដឹកទំនិញ និងតភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ ដែលជាផ្នែកមួយ​នៃការលើកកំពស់សេដ្ឋកិច្ច សង្គម។

បច្ចុប្បន្នកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងសាងសង់កំពុងបន្តដំណើរការល្អប្រសើរ ខណៈមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា កំពុងដោះស្រាយផលប៉ះពាល់ផ្នែលខាងចុងផ្លូវ ដើម្បីធ្វើយ៉ាងណាឱ្យសាងសង់បានពេញមួយរង្វង់ជុំពេញលេញ។

លោកគង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកាថា រហូតមកទល់នឹងពេលនេះ ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានវឌ្ឍនភាពការសាងសង់បានចំនួនជាង៦០ភាគរយហើយ ហើយក្រុមការងារកំពុងដោះស្រាយផលប៉ះពាល់ ដែលកើតមាននៅផ្នែកខាងចុងផ្លូវ។

លោកបន្តថា ដោយសារនៅក្នុងរដូវវស្សា មានការលំបាកក្នុងការសាងសង់ផ្លូវ ជាហេតុឱ្យដំណើរការសាងសង់នាពេលកន្លងមក មានការផ្អាកមួយរយៈ ប៉ុន្តែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមការងារកំពុងតែចាប់ផ្តើមដំណើរការបន្តទៀតហើយ។

លោកគង់ វិមានបានបញ្ជាក់ថា ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ធ្វើឡើងជាដំណាក់ៗ ដោយដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តទៅតាមផែនការមេជាក់លាក់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានស្រាប់ និងត្រូវបានដាក់ចេញ។

លោកថា “ការអនុវត្តគម្រោងមានដំណាក់កាលមានជំហានៗ អាស្រ័​យ​លើថវិកាដែលមាន”។

លោកបញ្ជាក់ថា “ចាប់ពីខែ១១នេះតទៅ ក្រុមការងារចាប់ផ្តើមសាងសង់បន្តហើយ។ យើងនៅរង់ចាំយូរនៅត្រង់ចុងទីបន្តិច ព្រោះពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់។ យើងដឹងហើយថា (ការដោះស្រាយផលប៉ះពាល់) នៅក្នុងក្រុង មិនមែនមានភាពងាយស្រួល ដូចនៅជនបទនោះទេ។ ប៉ុន្តែនេះមិនមែនជាបញ្ហានោះទេ ព្រោះគម្រោងដំណើរការទៅមុខហើយ”។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប៥៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ ក្នុងទំហំទឹកប្រាក់ប្រមាណ២៦៨លានដុល្លារអាមេរិក៕

គម្រោងសំណង់ជាច្រើនដែលផ្អាកដំណើរការចាប់ផ្ដើមឡើងក្នុងឆ្នាំនេះបង្ហាញជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំក្រោយឬ?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ជាច្រើន ត្រូវបានផ្អាកដំណើរការនៅក្នុងវិបត្តិកូវីដ១៩ឆ្នាំ ២០២០និងឆ្នាំ២០២១ ប៉ុន្តែចូលដល់ឆ្នាំ២០២២នេះ ទោះ​​បីជាស្ថានភាពសេដ្ឋកិច្ច និងវិបត្តិមិនទាន់បានធូរស្រាល និងកំពុងមានបញ្ហាប្រឈម ក៏មានគម្រោងមួយចំនួ នបានបន្តដំណើរការសាងសង់ឡើងវិញ  និងបានបង្ហាញពីសញ្ញាវិជ្ជមាន សម្រាប់វិស័យនេះក្នុងឆ្នាំ ២០២៣ខាងមុខ។

លោកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍នៅពេលថ្មីៗនេះថា ចាប់តាំងពីដើមឆ្នាំ២០២២មក ឃើញថាអតិថិជន ដែលចង់ទិញអចលនទ្រព្យ មានអាទិភាពខ្ពស់ ហើយការទិញលក់ក៏ឃើញថា ចាប់ផ្ដើមមានសកម្មភាពកើនឡើងជាឆ្នាំ ២០២០និងឆ្នាំ ២០២១ ។

លោកស្រីបន្តថា “នៅពេលមានការទិញលក់ច្រើន ធ្វើឱ្យតម្រូវការនិងតម្លៃអចលនទ្រព្យ ក៏បានកើនឡើងជាងពីរឆ្នាំមុន”។លោកស្រីបន្ថែមថា “ហេតុនេះហើយ ក៏បានជំរុញឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសម្ចាស់គម្រោងដែលផ្អាកការសាងសង់ កាលពី២ឆ្នាំមុននោះ បានចាប់ផ្ដើមដំណើរការគម្រោងរបស់ខ្លួនឡើងវិញ”។

ជុំវិញការដំណើរការគម្រោងអភិវឌ្ឍន៍ឡើងវិញ គឺជាសញ្ញាដ៏ល្អមួយសម្រា​ប់ទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២៣ និង២០២៤ ខាងមុខនេះ ។

លោកស្រីGrace Rachnyបានបន្ថែមថា ការបន្តគម្រោងអភិវឌ្ឍន៍ទាំងនេះ ក៏បានធ្វើឱ្យគម្រោងជាច្រើន បានបន្តដាក់លក់នៅលើទីផ្សារជាពិសេសនោះ នៅតំបន់ទួលគោកឃើញថា គម្រោងជាច្រើនបាននិងកំពុងជិតបញ្ចប់គម្រោងខ្លះបញ្ចប់ និងខ្លះទៀតបានចាប់ផ្ដើម នៅក្នុងឆ្នាំ២០២២នេះ ។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងហាក់ប្រុងប្រយ័ត្នថា យោងតាមការសិក្សា និងវាយតម្លៃរបស់ក្រុមហ៊ុនCBRE បានបង្ហាញឱ្យឃើញថា មានគម្រោងមួយចំនួន បានចាប់ផ្ដើមដំណើរការសាងសង់ ក្នុងឆ្នាំ២០២២នេះ តែមិនសូវមានគម្រោងថ្មីៗ ចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំនេះទេ ។

អ្នកនាងបន្តថា “សម្រាប់ទស្សនខ្ញុំ នៅក្នុងពេលអនាគតឆាប់ៗនេះ ក៏មិនទាន់អាចនិយាយបានទេ លុះត្រាតែស្ថានភាព សេដ្ឋកិច្ចសកល ជាពិសេសសេដ្ឋកិច្ចរបស់ចិន បានងើបនិងប្រសើរឡើងវិញ”។ អ្នកនាងបាន​បន្តថា “ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែពឹងផ្អែកលើការវិនិយោគពីបរទេ​ស ខណៈអ្នកវិនិយោគក្នុងស្រុកក៏ឃើញថា បានវិនិយោគច្រើនលើអចលនទ្រព្យក្នុងអំឡុងនៃវិបត្តិកូវីដ១៩នេះ”។

ចំណែកលោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងថា តាមរយៈសកម្មភាពនៃការទិញលក់ក្នុងឆ្នាំ ២០២២នេះ លោ​ករំពឹងថាឆ្នាំ ២០២៣និង២០២៤ខាងមុខ វិស័យអចលនទ្រព្យទាំងទីផ្សារ និងតម្លៃ អាចនឹងប្រសើរជាងឆ្នាំ២០២០  ២០២១ក៏ដូចជាឆ្នាំ ២០២២នេះផងដែរ៕

ក្រុមហ៊ុនធំមួយរបស់អូទ្រីសគ្រោងវិនិយោគលើកន្រ្តកខ្សែរ៉តនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍

ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ ក្រុមហ៊ុនធំមួយរបស់ប្រទេសអូទ្រីស Doppelmayr Group ដែលមានបទពិសោធន៍វិនិយោគលើកន្រ្តកខ្សែរ៉ត បានចាប់អារម្ម​ណ៍​វិនិយោគនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។

ព៌តមាននេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងជំនួបរវាង លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស។

លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនអ្នកគ្រប់​គ្រងក្រុមហ៊ុនស្តីពី គម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្តព្រះសីហនុដែលមានសក្តានុពល កន្លងមកនៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន១៩៩ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេស​ចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មាន៣៣ក្រុមហ៊ុន គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២។

ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ (ខ្នាតតូចទំហំក្រោម ១០ហិកតា) ដែលទទួលបានគោលកាណ៍វិនិយោគ ពីក្រសួងបរិស្ថានចំនួន៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សា តាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្ត ចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ។

លោកអភិបាលរងខេត្ត បានធ្វើការណែនាំឱ្យក្រុមហ៊ុន ធ្វើការវិនិយោគកន្ត្រកខ្សែរ៉កនៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

លោកMartin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានថ្លែងអំណគុណរដ្ឋបាលខេត្ត ដែលបានឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Doppelmayr Group ចូលជួបពិភាក្សានាពេលនេះ ដោយលោកបានឲ្យដឹងថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនវិនិយោគបរទេស ទើបចូលប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគ លើការរៀបចំសកម្មភាពកម្សាន្ត មានទោងយោលខ្សែរ៉ក និងសកម្មភាពកម្សាន្តទេសចរណ៍ផ្សេងៗជាច្រើនទៀត ដែលអាចរៀបចំនៅខេត្តព្រះសីហនុ។

លោកបានបន្តថា “ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេ នៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ក្រុមហ៊ុនមានទស្សនវិស័យ ធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ក ដែលមានការពាក់ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូនផងដែរ”។ លោកបន្តថា “ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉ក នៅលើប្រទេសចំនួន៥០ ក្នុងនោះមានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉ក ដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដែលជាការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុ”៕

ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាចូលរួមបើកការដ្ឋានខសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានអញ្ជើញជាអធិបតីបើកការដ្ឋានបុកគ្រឹះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់សាលាជាតិ វិជ្ជាជីវៈទេស​ចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំង ដោយគម្រោងសាងសង់សាលាទាំងពីរ នេះគ្រោងចំណា​យថវិកាសរុបចំនួន១១លានអឺរ៉ូ(ប្រហែល១២លានដុល្លា) ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ(AFD)។

លោកហ្សាក់ ប៉ីឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានអបអរសាទរចំពោះកម្ពុជា ដែលបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងពោពេញដោយសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ និងឆ្ពោះទៅរកការស្តារឡើងវិញ ពេញលេញលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

លោកបន្តថា “កម្ពុជាគឺជាប្រទេសដំបូងគេនៅអាស៊ី ដែលបានបើកវិស័យទេសចរណ៍ សម្រាប់អ្នកធ្វើដំណើរចាក់វ៉ាក់សាំង និងសារទរចំពោះការអនុវត្តដ៏មានប្រសិទ្ធភាព នៃផែនទីចង្អុលផ្លូវក្នុងការស្តារ វិស័យទេសចរណ៍ ក្នុង និងក្រោយ វិបត្តិជំងឺឆ្លងកូវីដ-១៩របស់កម្ពុជា”។

លាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់អគារ២អាគារ ខាងមុខមានកំពស់២ជាន់ ខាងក្រោយកំពស់៤ជាន់ ក្នុងនោះរួមមាន៖ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៤ផ្នែក សំខាន់ៗរួមមាន ទី១ ផ្នែកសេវាកម្មសណ្ឋា​គារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ទី២ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទី៣ ផ្នែកសេវាកម្មធ្វើ ដំណើរ និងទី៤ ផ្នែកសេវាកម្មទេសចរណ៍។

សាលាជាតិនេះ នឹងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈ ចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្ចី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ។

ជាមួយគ្នានេះ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីតួរនាទី និងភារកិច្ចសំខាន់ៗរបស់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ដូចជា ទី១ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងផ្តល់ឱកាសដល់សិស្ស (ចាប់ពីថ្នាក់ទី៩ ឡើង) ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារកម្រិតមធ្យមអាចចូលរៀនបានក្នុងតម្លៃសមរម្យ។ ទី២ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភា​ពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រោ​យវិបត្តិជំងឺកូវីដ-១៩។

ទី៣ ជាមជ្ឈមណ្ឌល Center of Excellence សម្រាប់បញ្ជាក់សមត្ថភាពវិជ្ជាជីវៈដល់បុគ្គលិក បម្រើការក្នុងវិស័យទេសចរណ៍ ដោយប្រើប្រាស់​ស្តង់ដាជាតិ និងអន្តរជាតិ។ ទី៤ ចូលរួមជំរុញអនុវត្តស្មារតីនៃ “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន” (ASEAN MRA-TP)។ ទី៥ ជាក្បាលម៉ាស៊ីនក្នុងការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងបំផុសឱ្យមានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេស​ចរណ៍ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ទាំងនៅតាមគ្រឹះស្ថានរដ្ឋ អង្គការក្រៅ រដ្ឋាភិបាល និងវិស័យឯកជន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា ក៏បានផ្តល់ជាអនុសាសន៍គ្លឺះមួយចំនួន ដល់គណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដូចជា ទី១ ស្នើឱ្យម្ចាស់គម្រោង ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យការសាងសង់ ជំរុញជាប់ជាប្រចាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ ខិតខំប្រឹងប្រែងដើម្បីឱ្យការសាងសង់អគារទាំងពីរ នៃសាលាជាតិវិជ្ជាជីវៈទេសចរណ៍ សម្រេចបានតាមកាលបរិច្ឆេទគ្រោងទុក ឈានទៅចាប់ផ្តើម​ទទួលសិស្សជំនាន់ទី១ នៅឆ្នាំ២០២៤ ខាងមុខ។

ទី២. ក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការ

ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសាលាជាតិទាំងពីរ ទីតាំងនេះឱ្យបានសមស្រប។ ទន្ទឹមនេះ សាលាជាតិត្រូវសហការជាមួយផ្នែកឯកជន ដើម្បីរៀបចំកម្មវិធីសិក្សា ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលរបស់សាលាឱ្យបានច្បាស់លាស់ សំដៅធានាដល់ដំណើរការរបស់សាលា ឱ្យទទួលបានជោគ​ជ័យ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

ទី៣. សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការ ឱ្យមានឱកាសបានចូលរៀន ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ ក្នុងតម្លៃសិក្សាសមរម្យ ក្នុងនោះក្រសួងទេសចរណ៍ និងសាលាជាតិ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវរៀបចំយន្តការទ្រទ្រង់ ដូចជាកម្មវិធីកម្ចីសិស្សសម្រាប់ជំនាញទេសចរណ៍ (Study Loan for Tourism Skills) និងការផ្តល់អាហារូបករណ៍ ជាដើម។

ទី៤  ស្នើសុំលោកឯកអគ្គរដ្ឋទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្តល់កិច្ចសហការ និងសម្របសម្រួល ឱ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បារាំង ធ្វើជាដៃគូជាមួយសាលាជាតិវិជ្ជាជីវៈទេសចរណ៍របស់កម្ពុជា ដើម្បីបន្តគាំទ្រសាលាជាតិក្នុងការ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី និងគ្រូបង្រៀន។ ទី ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ ត្រូវខិតខំសម្រេចឱ្យបាន តាមផែនការបណ្តុះបណ្តាល​ធនធានមនុស្ស ដូចដែលបានកំណត់ក្នុង “ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩” ដើម្បីឆ្លើយតបនឹងកំណើន នៃការមកដល់របស់ទេសចរអន្តរជាតិ និងចលនាទេសចរផ្ទៃក្នុង។

អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមា​ណ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលា ត្រូវបានសាងសង់រួចរាល់ សា​លាគ្រោងនឹងទទួលសិស្សចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀត នៅឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ៕

The $300 million AEON mall 3 set to open in December

PHNOM PENH: The construction of AEON Mall 3, located on Samdech Techo Hun Sen Boulevard or 60m Road in the ING City Satellite City Development Area, is well underway and set to open in December 2022.

The first phase of this project, Cambodia’s third AEON, will begin operations on December 15, 2022. The project will cost nearly $300 million and take up more than 18 hectares of land.

The AEON3 project, a mixed-use shopping center with a total sales area of 170,000 square meters, is the largest of Cambodia’s three AEON supermarkets.There is plenty of outdoor parking at the market project. The project will take 24 months to complete since the breaking ground, with an official launch date of 2023.

Samdech Techo Boulevard, also known as the 60-meter road, is developing into a high-potential area that has attracted significant investment from both domestic and foreign investors.

Currently, the area contains many international shopping malls, luxury residential buildings, commercial buildings, shopping malls, and entertainment and international standard schools.

Source: Estatedia

 

រដ្ឋមន្រ្តីបរិស្ថានៈ ការកំណត់ទស្សនវិស័យច្បាស់លាស់ដើម្បីអភិវឌ្ឍន៍ស្រុកវាលវែងជាកត្តាចាំបាច់

ដោយៈ គង់ សូរិយា

       ពោធិសាត់ៈ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។

ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញ ចូលរួមពីលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះលោក ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិ​បាលខេត្តពោធិ៍សាត់ ក៏ដូចជា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។

ដោយឡែក ក្រសួងបរិស្ថាន បានត្រៀមលក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។

ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជាសេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារផ្សេងៗ គ្រប់កាលៈទេសៈ ដូចជា៖ ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ជាដើម។

លោកសាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុកវាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅនឹងវិស័យបរិស្ថាន ជាពិសេសយកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាប ដល់មូលដ្ឋាន ក៏ដូចជា មន្ត្រីដែលកំពុងអនុវត្តការងារនៅមូលដ្ឋានតែម្តង។

លោក​បានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូល  ដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំ នូវចំណុចសំខាន់ៗមួយចំនួន រួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម៕

 

រដ្ឋមន្រ្តីក្រសួងព៌តមានៈការប្រកួតប្រជែងម៉ូតផ្ទះនៅភូមិរុនតាឯកនឹងក្លាយជាគម្រូសំរាប់តំបន់ផ្សេងៗទៀត

 ដោយៈ សហការី    

ភ្នំពេញៈ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រ​សា​សន៍ថា ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះ ប្រជាជនរុនតាឯក នឹងជំរុញឱ្យប្រជាជននៅតំបន់រុនតាឯក ដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព តាមរយៈគំនិតច្នៃប្រឌិតរបស់និស្សិត ទៅលើការរចនាម៉ូដផ្ទះមានតម្លៃសមរម្យ ដែលនឹងក្លាយជាគម្រូមួយសម្រាប់តំបន់ផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួតស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូរុនតាឯក ដែលបានរៀបចំឡើងដោយសាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុនឯកជន ដើម្បីប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃ និងទាក់ទាញភ្ញៀវទេសចរក្នុងពេលបច្ចុ​ប្បន្ន និងអនាគត។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យរៀបចំ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យ និងមានផាសុខភាពដល់ប្រជាជននោះ សាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុនAGENT21 Global បានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងស្នា​ដៃរចនាម៉ូដផ្ទះ ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដ៏មានសារៈសំខា​ន់ ក្នុងការប្រែក្លាយតំបន់រុនតាឯក ទៅជាកូនក្រុងឆ្លាតវៃស៊ីវីល័យមួយ ក្នុងពេលអនាគត។

ក្នុងការប្រកួតប្រជែងស្នាដៃនេះ តម្រូវឱ្យនិស្សិតក្នុងមួយក្រុមរចនាម៉ូដផ្ទះគម្រូចំនួន៣ម៉ូដផ្សេងគ្នា ហើយការចំណាយលើការសាងសង់ ត្រូវមានតម្លៃសមរម្យ ដែលសមស្របទៅនឹងលទ្ធភាព របស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ។

អ្នកម្នាងបណ្ឌិត ម៉ែន ច័ន្ទទេវី សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈបានថ្លែងថា នេះជាលើកទីមួយ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុនAGENT21 Global រៀបចំកម្មវិធីនេះឡើង ដោយមាននិស្សិតមកពីឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥នៃមហាវិទ្យាល័យស្ថាបត្យកម្ម និងនគររូបនីយវិទ្យាចូលរួមប្រកួតប្រជែង។

អ្នកម្នាងកត់កត់សម្គាល់ឃើញថា “និស្សិតដែលមានចូលរួមប្រកួតនេះ មានស្នាដៃខុសប្លែកៗពីគ្នា និងសំបូរបែប ទាក់ទងនឹងគំនិតស្ថាប្យកម្ម” ។ អ្នកម្នាងបន្តថា “ក្នុងការប្រកួតនេះ និសិត្សត្រូវរចនាម៉ូដផ្ទះឆ្លើយទៅនឹងការបែបបទ នៃការរស់នៅក្នុងសង្គមបច្ចុប្បន្ន និងពេលអនាគត ងាយស្រួលក្នុងការស់នៅប្រកបដោយផាសុកភាព មាននិរន្តភាពក្នុងការរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនអាចប្រកបអាជីវកម្មផ្សេងៗបាន និងការទាក់ទាញភ្ញៀវទេសចរផងដែរ”។

ជាមួយគ្នានេះ លោកស្រីលី ចន្រ្ទ័លក្ស្មី អគ្គនាយិកាក្រុមហ៊ុន AGENT21 Global ដែលបានសហការ ក្នុងការរៀបចំកម្មវិធីប្រកួតនេះបានលើកឡើងថា កម្មវិធីប្រកួតប្រជែង ស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូនៅតំបន់រុនតាឯក បានបង្ហាញពីសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរ និងយុជនជំនាន់ក្រោយ ដែលជាធនធានមនុស្សរបស់កម្ពុជាមានទេពកោសល្យអាចរចនាម៉ូដផ្ទះដ៏ល្អ និងជាគំរូសម្រាប់យកជាត្រីវិស័យ ដើម្បីសង់ផ្ទះដ៏ប្រណិត ជូនប្រជាជននៅក្នុងតំបន់តែម្តង។

លោកស្រីបន្តថា “យើងអាចជឿជាក់បានថាម៉ូតផ្ទះ ដែលបានទទួលជ័យលាភី ពិតជាស័ក្តិសមនៅតំបន់រុនតាឯក យ៉ាងពិតប្រកដ។ ក្នុងនោះដែរក្រុមហ៊ុន Agent21 Global នឹងឧបត្ថមផ្ទះជាក់ស្តែង ទៅដល់ទីតាំងចំនួន៣ ដែលនឹងយកគម្រូតាមម៉ូតផ្ទះរបស់ជ័យលាភី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោរពតាមអនុសាសន៌របស់ សម្តេចតេជោ ហ៊ុន សែន ហើយយើងក៏រួមគ្នាកសាងតំបន់នេះ ឱ្យលេចជារូបរាងពិតប្រា​កដ”៕