បណ្តាផ្សារហ៊ុនអចលនទ្រព្យក្នុងប្រទេសចិនហក់ឡើងក្រោយពីធនាគារធំៗសន្យាផ្តល់ការគាំទ្រផ្នែកឥណទាន

ដោយ: លាងហួរ

ប៉េកាំង: ផ្សារហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន បានហក់ឡើងនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបណ្តាធនាគារពាណិជ្ជ ដ៏ធំបំផុតរបស់ប្រទេសនេះ បានយល់ព្រមផ្តល់ឥណទាន៣៨ពាន់លានដុល្លារ ដល់អ្នកអភិវឌ្ឍន៍ដែលមិនមានសាច់ប្រាក់។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន China Vanke ក្រុមហ៊ុន Country Garden ក្រុមហ៊ុនChina Overseas Land ក្រុមហ៊ុនChina Resources Land ក្រុមហ៊ុនCIFI Holdings និង Greentown China បានហក់ឡើងចន្លោះពី៣,៤ភាគរយ ទៅ១១,១ភាគរយ នៅក្នុងទីក្រុងហុងកុង។

យោងតាមរង្វាស់​តាមដាន​វិស័យ​នេះឱ្យដឹងថា សន្ទស្សន៍​អចលនទ្រព្យ​Hang Sengបានហក់ឡើង៥,៣ភាគរយ។

ធនាគារធំៗចំនួន៤របស់ប្រទេសចិន បានយល់ព្រមផ្តល់ការគាំទ្រឥណទាន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ រួមទាំងក្រុមហ៊ុនយក្សឧស្សាហកម្ម Vanke និង Country Garden ក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលមួយ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ។

លោកស្រី Shujin Chen អ្នកវិភាគប្រចាំក្រុមហ៊ុន Jefferiesបានឱ្យដឹងនៅក្នុងកំណត់ត្រាមួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ធនាគារនានាកំពុងខិតខំប្រឹងប្រែង ដើម្បីអនុវត្តតាមបទប្បញ្ញត្តិ ដើម្បីជំរុញវិស័យនេះ ប៉ុន្តែភាគច្រើននៃប្រាក់កម្ចីថ្មី នឹងទៅដល់អ្នកអភិវឌ្ឍន៍ដែលគាំទ្រដោយរដ្ឋ។

លោកស្រី​បាន​បន្ត​ថា​ “ក្រុមអ្នក​អភិវឌ្ឍន៍​ឯកជន ​ដែល​បាន​ខកខានសងបំណុល​សាធារណៈ​រួច​ហើយ ​នឹង​នៅ​តែ​ជួប​ការ​លំបាក”។

ទីក្រុងប៉េកាំងបាននឹងកំពុងបង្កើនវិធានការ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដែលរងផលប៉ះពាល់ដោយវិបត្តិបំណុល៕

 

ដំណឹងរីករាយៈ ប្រទេសចិនចាប់ផ្តើមឲ្យកម្ពុជានាំចូលម្រេចនិងត្រីប្រាទៅកាន់ទីផ្សាររបស់ខ្លួនហើយ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីរង់ចាំនិតិវិធីយ៉ាងយូរ ទីបំផុតរដ្ឋាភិបាល​ចិន​បាន​ចាប់ផ្តើម​អនុញ្ញាត​ឱ្យ​កម្ពុជា​ធ្វើការ​នាំចេញ​ម្រេច និង​ត្រីប្រាទៅ​ទីផ្សារ​របស់ខ្លួន​ហើយកាលពី​ថ្ងៃទី​ ២១ វិច្ឆិកាកន្លងមក។

ការចាប់ផ្តើម​នាំចូល​ផលិតផលទាំងនេះ ទៅកាន់ប្រទេសចិន​ធ្វើ​ឡើង​ បន្ទាប់ពី​ប្រទេស​ទាំង២​បាន​ចូលក្នុង “​ពិធីសារ​នៃ​តម្រូវការ​ភូតគាម​អនាម័យ​ សម្រាប់​ការនាំចេញ​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន” ត្រូវបាន​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ទី​​ ៩ ខែវិច្ឆិកា ដោយ​លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក អ៊ី ចៀនហួរ រដ្ឋមន្ត្រី​នៃ​អគ្គរដ្ឋបាល​គយ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (GACC) ក្នុង​ពិធី​មួយ​ក្រោម​អធិបតីភាព​ សម្តេចតេជោហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក លី កេឈាង នាយករដ្ឋមន្ត្រី​ចិន​។

យោងតាម​ការប្រកាស​របស់ GACC នៅ​ថ្ងៃទី​ ២១ ខែវិច្ឆិកា ដែល​ចេញ​ផ្សាយ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឱ្យ​ដឹងថា យោង​តាមច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ចិន និង​បទប្បញ្ញត្តិ​រវាង​រដ្ឋបាល​គយ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កម្ពុជា ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ​ក្នុង​ការនាំចូល​ម្រេច​ពី​កម្ពុជា ​ទៅ​ប្រទេស​ចិន​បាន​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​ ទៅ​ការ​នាំចូល​ម្រេច​កម្ពុជា​គឺ​អនុញ្ញាត​ តែ​ម្រេច​ដែល​បំពេញ​តម្រូវការ​ប៉ុណ្ណោះ​។

លោកងួន ឡាយប្រធាន​សមាគម​ម្រេច​កំពត ​(KPPA) ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (GI) បានមានប្រសាសន៍ឲ្យចដឹងថា ទោះបី​គុណភាព​ម្រេច​កំពត​ត្រូវបាន​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទទួលស្គាល់ និង​គោរព​តាម​លក្ខខណ្ឌ​ តម្រូវ​ភូតគាម​អនាម័យ​ ដែន​សមត្ថកិច្ច​ជាច្រើន​ហើយក៏​ដោយ ក៏​លោក​នៅតែ​រីករាយ​ចំពោះ​អ្វី ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយនឹង​អាជ្ញាធរ​ចិន​ ដើម្បី​នាំ​ម្រេច​កម្ពុជា​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន​។

លោក​លើកឡើង​ថា​ “​ម្រេច​កម្ពុជា​នឹងមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​នៅពេល​ដែល​ប្រទេស​ចិន ​អនុញ្ញាត​ឱ្យ​មានការ​នាំចេញ​ជា​ផ្លូវការ”​។

ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ម្រេច​ ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ចំនួនជាង៧៧០៤​តោន ថយចុះ ៧២,១២ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ ២៧ ៦៣៣,៧៧​ តោន​។

យោងតាមព៌តមានរបស់​ស្ថានទូត​ចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី​ ២១ វិច្ឆិកា រដ្ឋបាល​គយ​ប្រទេស​ចិន ​ក៏បាន​ចេញ​សេចក្តី​ប្រកាស​មួយទៀត​ស្តីពី​ លក្ខខណ្ឌ​តម្រូវការ​ភូតគាម​អនាម័យ ​សម្រាប់​ការនាំ​ចូល​ជលផល​ធម្មជាតិ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។

យោងតាម​ច្បាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ចិន និង​បទប្បញ្ញត្តិ​រវាង​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​ស្តីពី​ លក្ខខណ្ឌ​តម្រូវការ​ភូតគាម​អនាម័យ​ សម្រាប់​ការនាំ​ចូល​ជលផល​ធម្មជាតិ​កម្ពុជា​ទៅ​ប្រទេស​ចិន និង​ព្រមទាំង​លក្ខខណ្ឌ​តម្រូវការ​អនាម័យ​កំណត់​ដោយ​ពេទ្យ​សត្វ គឺ​ចាប់​ពីថ្ងៃ​នៃ​ប្រកាស​នេះ​តទៅ អនុ​ញ្ញាត​នាំចូល​តែ​ជលផល​ធម្មជាតិ​ ក្នុង​ប្រទេស​កម្ពុជា​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​តម្រូវការ​៕

សម្ដេចតេជោ ហ៊ុន សែនជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យមានការតភ្ជាប់ តាមរយៈជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដោយផ្ទាល់ ដើម្បីអាចជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិតPUAN MAHARANI ប្រធានរដ្ឋសភានៃសាធារ ណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បន្តថា ការតភ្ជាប់តាមរយៈជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភានិងសភា ប្រជាជននិងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

លោកស្រីបណ្ឌិត ពាន់ ម៉ាហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទំនាក់ទំនងជាប្រវត្តិសាស្ត្រ ហើយនៅមានសក្ដានុពល ពង្រីកទំនាក់ទំនងនេះបន្ថែមទៀត ដោ​យឈរលើមូលដ្ឋានដែលមានស្រាប់ តាមរយៈជំរុញទំនាក់ទំនងរវាងសភា និងសភា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាមួយនឹងកិច្ចសហប្រតិ​បត្តិការលើវិស័យកសិកម្ម និងវិស័យដ៏ទៃទៀតដែលប្រទេសទាំងពីរអាចធ្វើទៅបាន។

សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រីប្រធានរដ្ឋសភាឥណ្ឌូនេស៊ី សម្តេចបានជំរុញការតភ្ជាប់ តាមរយៈជើងហោះហើររវាងប្រទេសទាំងពីរ អាចជំរុញទំនាក់ទំនងរវាងសភា និងសភា ប្រជាជននិងប្រជាជន រួមទាំងការជំរុញវិស័យទេសចរណ៍ផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មវិញ សម្ដេចតេជោបានស្នើឱ្យឥណ្ឌូនេស៊ី ពិនិត្យមើលលទ្ធភាព ក្នុងការជំរុញអ្នកវិនិយោគពីប្រទេសឥណ្ឌូនេស៊ីមកដាក់ទុនវិនិយោគនៅកម្ពុជា ដូចជា ការសាងសង់ឃ្លាំង សង់រោងម៉ាស៊ីនសម្ងួត និងម៉ាស៊ីនកិនស្រូវ ការប្រមូលទិញស្រូវពីប្រជាកសិករ ដើម្បីធ្វើការសម្ងួតកិន និងនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុននៃប្រទេសឥណ្ឌូនេស៊ី អាចសហការជាមួយកសិករកម្ពុជា ឱ្យដាំដំណាំស្រូវដែលក្រុមហ៊ុនត្រូវការ៕

ដំណឹងល្អៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបង្ហើបពីចំណុចចេញដំណើរនៃផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត កំពុងតែត្រូវបានជជែកពិភាក្សា និងឈានទៅកាន់ការបើកការដ្ឋានការសាងសង់ តាមការគ្រោងទុក ដោយគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនចិន បានកំណត់ទីតាំងនៃចំណុចចាប់ផ្តើម នៃផ្លូវល្បឿនលឿនមួយនេះរួចរាល់ហើយ។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា ចំណុចចាប់ផ្តើមនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ត្រូវបានកំណត់រួចរាល់ហើយ ដោយចាប់ផ្តើមនៅលើបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤ និង២៥ ហើយនឹងត្រូវឆ្លងកាត់ តាមរយៈស្ពានដ៏វែងមួយឆ្លងទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយម្ខាងទៀត។

ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ លោកអនុរដ្ឋលេខា​ធិការ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនចិនបាន និងកំពុងជជែកគ្នាលើបញ្ហាបច្ចេកទេស នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ហើយគ្រោងនឹងដំណើរការតាមផែនការ ដែលបានត្រៀមទុក ប្រសិនបើមិនមានការប្រែប្រួលនោះទេ។

លោកបញ្ជាក់ថា “ក្រសួង និងក្រុមហ៊ុន កំពុងតែជជែកគ្នាលើបញ្ហាបច្ចេកទេស។ ជារួមគម្រោងត្រូវបានឯកភាពគ្នាហើយថានឹងមានការសាងសង់តាមការគ្រោងទុក”។ លោកបន្តថា “បើមិនមានអ្វីប្រែប្រួលទេ ដែលនឹងចាប់ផ្តើមយូរបំផុតមុន ឬក្រោយចូលឆ្នាំខ្មែរ យើងអាចរៀបចំពិធីបើកការដ្ឋា​នសាងសង់ ប្រសិនបើក្រុមការងារអន្តរក្រសួង និងក្រុមហ៊ុនបានជជែកគ្នាលើបញ្ហាបច្ចេកទេសរួចរាល់”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ បាវិត នឹងបើកការរដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន១.៦៣៨លានដុល្លារ។

ផ្លូវល្បឿនលឿននេះ មានប្រវែង១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ផ្លូវនេះ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីក ពី២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិនរហូតដល់វៀតណាម អាចឆ្លងកាត់បាន។៕

ផ្សារទំនើបAEON Mall3 គ្រោងបើកដំណើរការនៅក្នុងខែធ្នូ ខាងមុខនេះហើយ

ដោយ: លាងហួរ
ភ្នំពេញ: គម្រោងសាងសង់ផ្សារទំនើប AEON Mall 3 ដែលស្ថិតនៅលើមហាវិថីសម្តេចតេជោ ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City បានសម្រេចវឌ្ឍនភាព នៃការសាងសង់យ៉ាងល្អប្រសើរតាមផែនការ និងគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះហើយ។
ដំណាក់កាលទី១ នៃគម្រោងផ្សារទំនើប AEON Mall 3 របស់កម្ពុជានេះ នឹងត្រូវចំណាយថវិកាជិត៣០០លានដុល្លារ ដែលផ្សារនេះស្ថិតលើផ្ទៃដីជាង១៨ហិកតា។

គម្រោង AEON Mall 3 ដែលជាមជ្ឈមណ្ឌលលក់ទំនិញចម្រុះ មានទំហំផ្ទៃក្រឡាលក់រាយ សរុបចំនួន១៧០.០០០ម៉ែត្រការ៉េ និងជាផ្សារទំនើបដ៏ធំបំផុត ក្នុងចំណោមផ្សារទំនើប AEON ចំនួន៣ក្នុងប្រទេសកម្ពុជានិងធំជាងគេបំផុតក្នុងតំបន់អាស៊ី។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ប្រាប់ឲ្យដឹងកាលពីពេលថ្មីៗនេះ។
ផ្សារទំនើបថ្មីនេះ មានចំណតរថយន្តខាងក្រៅរាប់រយ ខណៈគម្រោងនេះ បានចំណាយពេល២៤ខែដើម្បីបញ្ចប់ការសាងសង់។

គម្រោងផ្សារទំនើបនេះ មានទីតាំងនៅលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ជាតំបន់កំពុងអភិវឌ្ឍទៅជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើន ពីក្រុមវិនិយោគិនក្នុងស្រុក និងបរទេស។
បច្ចុប្បន្ននេះ តំបន់នេះមានផ្សារទំនើបអន្តរជាតិជាច្រើន ជាបណ្តុំដោយលំនៅដ្ឋានដ្ឋានប្រណីត អគារពាណិជ្ជកម្ម ផ្សារទំនើប និងការកម្សាន្ត និងសាលារៀនស្តង់ដារអន្តរជាតិ៕

អ្នកជំនាញៈ គម្រោងខ្សែក្រវាត់និងផ្លូវចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: លោក សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន បានចូលរួមចំណែកយ៉ាងសម្បើមដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ថ្លែងក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជាលើកទី២ កាលពីថ្ងៃពុធម្សិលមិញនេះ លោក សុខ ស៊ីផាណា បានមានប្រសាសន៍ថា កម្ពុជាបានកសាងកិច្ចសហប្រតិបត្តិការល្អជាមួយចិន​ តាមរយៈគម្រោង ដែលបានជួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ  រោងចក្រថាមពលធ្យូងថ្មខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ។

លោកបានបន្ថែមថា “ទាក់ទងនឹងការពង្រឹងខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្រុងព្រះសីហនុ ពិតជានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅក្នុងសមត្ថភាពផលិតកម្ម និងជួយពន្លឿនការអភិវឌ្ឍទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា​។

លោក សុខ ស៊ីផាន់ណា បានបន្តថា ប្រទេសកម្ពុជា និងចិនបានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាយ៉ាងរឹងមាំក្នុងកាលៈទេសៈដ៏ល្អ និងលំបាកជាមួយគ្នា អស់ជាច្រើនទសវត្សរ៍មកហើយ។ លោកថា “រយៈពេល៣ឆ្នាំចុងក្រោយនៃជំងឺកូវីដ-១៩ គឺពិតជាពេលវេលាសាកល្បងដ៏ពិតប្រាកដ នៃទំនាក់ទំនងរបស់យើង ហើយលោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់យើងនឹងបន្តរីកចម្រើន និងបង្កើតអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀត ទាក់ទងនឹងសន្តិភាពយូរអង្វែងស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល”។

លោកបានបន្ថែមថា “ឱកាសអាជីវកម្មគឺគ្មានដែនកំណត់ ផ្តល់ឱ្យក្រុមហ៊ុនកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីយន្តការនាំចេញរបស់ចិនជាច្រើន ដូចជា ពិព័រណ៍នាំចូលអន្តរជាតិរបស់ប្រទេសចិន ពិព័រណ៍នាំចូល និងនាំចេញរបស់ចិន និងពិព័រណ៍អាស៊ាន-ចិន”។

 

ជាមួយគ្នានេះ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមហត្ថលេខាពីរចុងក្រោយរបស់ចិន គឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI)៕

រដ្ឋាភិបាលចាប់អារម្មណ៍ប្រើប្រាស់កន្រ្តកខ្សែកាបក្នុងការធ្វើទំនើបកម្មវិស័យដឹកជញ្ចូនសាធារណៈកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីអំពីការជ្រើសយកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group បានធ្វើបទបង្ហាញពីសាវតា ក៏ដូចជា សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ចាប់តាំងពីពេលកកើតរហូតមកដល់បច្ចុប្បន្ន និងគម្រោងនានា ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប ហើយចំណុចសំខាន់ដែលបានលើកយកមកបង្ហាញនៅក្នុងជំនួបនេះគឺគុណសម្បត្តិនៃការជ្រើស យកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) មកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

បន្ថែមពីលើនេះ តំណាងក្រុមហ៊ុន ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព(Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។

លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និងស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។

លោកបានបន្ថែមថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹងពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។

លោកបញ្ជាក់ទៀតថា ក្រសួងបានធ្វើការសិក្សា លើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់។

ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុងរៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប (Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូនអ្នកដំណើរប្រកបដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់៕

  

អ្នកជំនាញបង្ហាញ៥ចំនុចដែលគួរគិតគូរមុននឹងទិញផ្ទះក្នុងបុរី

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ទីផ្សារលំនៅឋានក្នុងប្រទេសនៅតែជាទីផ្សារអាទិភាពមួយ នៃវិស័យអចលនទ្រព្យ ដោយនៅតែមានតម្រូវការ និងការទិញលក់ជាហូរហែ ទាំងផ្ទះតម្លៃខ្ពស់ៗ និងតម្លៃសមរម្យ។ ប៉ុន្តែក្នុងពេលដែលការអភិវឌ្ឍលំនៅឋានមានកាន់តែច្រើន នាពេលបច្ចុប្បន្ននេះ អ្នកទិញលំនៅឋានក៏គួរតែគិតគូរពីចំនុចមួយចំនួនផងដែរ មុននឹងសម្រេចចិត្តទិញ ជាពិសេសលំនៅឋានក្នុងបុរី។

អ្នកនាង ចន្ទី ទិវា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ឱ្យដឹងថា ចំនុចដែលគួរគិតមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី មានដូចជា ១. ស៊ើបពីប្រវត្តិអ្នកអភិវឌ្ឍន៍លំនៅឋាននោះជាអ្នកណា ហើយគាត់មានប្រវត្តិបែបណា កេរ្តិ៍ឈ្មោះបែបណា និងធ្លាប់បានសាងស្នាដៃអ្វីខ្លះ ជាដើម។ ២. ប្លង់កម្មសិទ្ធិ អ្នកទិញផ្ទះក្នុងបុរីមុននឹងសម្រេចចិត្តបង់លុយទិញផ្ទះ ក៏គួរគិតគូរនិងសួររកប្លង់កម្មសិទិ្ធដែរ។ ត្រូវសួរថាតើប្លង់កម្មសិទិ្ធប្រភេទយ៉ាងម៉េច ជាប្លង់រឹង ប្លង់ទន់ ពីព្រោះថាការទិញផ្ទះ មិនមែនគ្រាន់តែបានផ្ទះទេ តែក៏ត្រូវមានប្លង់បញ្ជាក់ពីកម្មសិទិ្ធនៃផ្ទះនោះដែរ។

អ្នកនាងបន្តថា “ក្រៅពីនេះក៏ត្រូវសិក្សាពីទីតាំងនៃលំនៅឋាន ដែលយើងបម្រុងនឹងទិញផងដែរ។ ត្រូវសិក្សាពីទីតាំងនោះមានសុវត្ថិភាពដែរទេ តំបន់នោះមានសក្ដានុពលកម្រិតណា ជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ឬតំបន់លំនៅឋាន សម្រាប់តែរស់នៅទេ។ ទី៤ ទាក់ទងនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវតែគិតគូរដែរ ដូចជាប្រព័ន្ធ ផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូ ជាដើម”។

អ្នកនាងថា “ចំណែកកត្តាសំខាន់មួយទៀត ដែលគួរសួរនាំដែរនោះ គឺលក្ខខណ្ឌបង់ប្រាក់។ ទោះបីជាអ្នកមានលុយ១០០ភាគរយទៅបង់ ក៏គួរពិចារណាដែរ បើសិនជាម្ចាស់អភិវឌ្ឍន៍បុរីនោះមានលក្ខខណ្ឌ ក្នុងការសម្រួលដល់អ្នកទិញ”។

អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងពាក់ព័ន្ធនឹងការទិញផ្ទះ ដោយបង់រំលស់ដោយមិនគួរបង់ឱ្យលើស៣០ភាគរយ នៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួនឡើយ។

លោកលើកឧទាហរណ៍ថា ចំណូលទាំងប្តី ប្រពន្ធ មានត្រឹម១០០០ដុល្លារ ការទិញផ្ទះបង់រំលស់គួរបង់យ៉ាងច្រើន៣០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ដោយទុកចំណែកផ្សេងទៀត សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ៗ និងការចំណាយប្រចាំថ្ងៃ ដូចជា ថ្លៃសិក្សារបស់កូន ចំណាយអាហារសម្លៀកបំពាក់ និងថ្លៃសម្រាប់ទុកព្យាបាល ពេលមានជំងឺ ជាដើម៕

អាជីវកម្មចំនួនជាង១៩.៣០០ត្រូវបានចុះបញ្ជីក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ: លាងហួរ

ភ្នំពេញ: អាជីវកម្មជាង១៩.៣០០ ដែលមានទំហំទុនវិនិយោគចំនួន៥,៥១ពាន់លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីជាមួយវេទិការបស់រដ្ឋាភិបាលពោលគឺប្រព័ន្ធ ចុះបញ្ជីពាណិជ្ជកម្មតាមអ៊ីនធឺណិត រហូតដល់ខែវិច្ឆិកា។

គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា អាជីវកម្មចំនួន ១៩.៣២៨ត្រូវបានអនុម័តក្រោមទំហំទឹកប្រាក់វិនិយោគ សរុបចំនួន៥,៥១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម តាមអ៊ីនធឺណិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានបង្ហាញថា ឈ្មោះអាជីវកម្មជាង១២.០០០របស់បណ្តាក្រុមហ៊ុននានា កំពុងស្ថិតក្នុងដំណាក់កាល នៃការត្រួតពិនិត្យសម្រាប់អនុម័ត។

ទំហំនៃការវិនិយោគ ក្នុងវិស័យសំណង់មាន១៧ភាគរយ ស្មើនឹង៩៦៣លានដុល្លារ បន្ទាប់មកទៀតគឺវិស័យអចលនទ្រព្យមាន១២ភាគរយស្មើនឹង៦៤៣លានដុល្លារ១២ភាគរយ សកម្មភាពទីប្រឹក្សាគ្រប់គ្រងមាន៥ភាគរយ ស្មើនឹង២៨៩លានដុល្លារ ការផលិតមាន៥ភាគរយ ស្មើនឹង២៦៩លានដុល្លារ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមាន៥ភាគរយស្មើនឹង២៥០លានដុល្លារនិងផ្សេងទៀត មាន៥៦ភាគរយស្មើនឹង៣,១លានដុល្លារ។

របាយការណ៍នេះបានចង្អុលបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយបុរសមានចំនួន៦២ភាគរយ នៃអាជីវកម្មដែលបានចុះបញ្ជីសរុប។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកោតសរសើរ ចំពោះកំណែទម្រង់របស់រដ្ឋាភិបាល ក្នុងការសម្រួលដល់អាជីវកម្ម និងការវិនិយោគ ជាពិសេសការចុះបញ្ជីពាណិជ្ជកម្ម៕

ធនាគារធំៗបំផុតរបស់ចិនព្រមព្រៀងជួយគាំទ្រផ្នែកឥណទានដ៏ច្រើន សន្ឋឹកសន្ឋាប់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

ដោយៈ សុខុម

ប៉េកាំងៈ ធនាគារពាណិជ្ជធំៗបំផុតចំនួន៣របស់ប្រទេសចិន បានយល់ព្រមប្រមូលដើមទុន ដើម្បីជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរួមទាំងក្រុមហ៊ុនខ្នាតយក្ស Vankeផងដែរ ដើម្បីរួមចំណែកជួយស្ដារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះខ្លាំងរបស់ប្រទេសនេះ។

នេះបង្ហាញពីចំណាត់ការចុងក្រោយបំផុតមួយ របស់បណ្ដាធនាគាររដ្ឋ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលសុំឱ្យជួយបន្ធូរបន្ថយសម្ពាធ លើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលរុំកោះ និងស្ដារទីផ្សារលំនៅដ្ឋានដែលកំពុងដាំក្បាលចុះខ្លាំង។

វិស័យអចលនទ្រព្យពិតជាធំធេង និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ព្រោះវាគ្របដណ្ដប់រហូតដល់ ទៅប្រមាណ១ភាគ៤នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះ។

តួយ៉ាងធនាគារ Bank of Communications (BoCom) ទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ថា ខ្លួនបានយល់ព្រមផ្តល់ឥណទានអតិបរមារហូតដល់ ប្រមាណ១៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Vanke និង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Midea Real Estate Holding។

កាលពីថ្ងៃពុធ ដដែលធនាគារ Agricultural Bank of China (AgBank) និយាយថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាយុទ្ធសាស្រ្ត ដើម្បីប្រមូលដើមទុន ជួយគាំទ្រដល់ក្រុមហ៊ុនអចលនទ្រព្យចំនួន៥ រួមមានក្រុមហ៊ុន Vanke ក្រុមហ៊ុន Longfor Group Holdings និងក្រុមហ៊ុន China Resources Land។ ទោះជាយ៉ាងណា ធនាគារនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីទំហំនៃការគាំទ្រនេះទេ។

ធនាគាររដ្ឋចិន Bank of China ក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួនបានយល់ព្រមផ្តល់ឥណទាន អតិរមារហូតដល់ទៅប្រមាណ១៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Vanke។

Vanke គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំទី២ របស់ប្រទេសចិន បើគិតពីទំហំនៃការលក់៕ Reuters៕