តើតំបន់ភាគខាងត្បូងនៅតែមានឱកាសវិនិយោគល្អសម្រាប់ការទិញ លក់ដីធ្លីយកផលចំណេញ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គំរោងអភិវឌ្ឍន៍តូច ធំជាច្រើនបានបោះជំហ៊ានទៅកាន់តំបន់ភាគខាងត្បូងរាជធានី ទាំងផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ។

វត្តមានបុរីជាច្រើន ទាំងបុរីលំដាប់អភិជន ផ្សារទំនើបAEON Mall3 , Car Center ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងគំរោងជាច្រើនទៀត បាននិងកំពុងរំលេខ្លួននៅតំបន់ ដែលអតីតសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណធ្លាប់ផ្តល់យោបល់ថា ការពង្រីកទីក្រុងភ្នំពេញគួរឆ្ពោះទៅទិសខាងត្បូង ដោយ​សារហេតុផលជាច្រើន។

អ្នកជំនាញជាច្រើន នៅតែមើលឃើញតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ មានសក្តានុពលខ្ពស់លើការវិនិយោគវិស័យដីធ្លី ខណៈតំបន់នេះមានគម្រោងអភិវឌ្ឍនធំៗរបស់រាជរដ្ឋាភិបាល និងឯកជនជាច្រើនបាននិងកំពុងលេចចេញជារូបរាងបណ្តើរៗ។

លោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ថា បើគិតពីទិសទាំង៤ នៃរាជធានីភ្នំពេញ តំបន់កំពុងមានសក្តានុពលខ្ពស់ ចំពោះការវិនិយោគដីធ្លី គឺស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

លោកបានបន្តថា “បើនិយាយពីតម្លៃដីធ្លីវិញនៅធូរថ្លៃ បើទិញទុកអា​ចលក់យកចំណេញបាន”។ លោកបន្ថែមថា “អ្នកមួយចំនួនលើកឡើងថា ដីធ្លីនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានសក្តានុពលចំពោះការវិយោគ តែ បើដីនោះមានរូបរាង ឬទ្រង់ទ្រាយមិនល្អ ក៏វាមិនមានតម្លៃថ្លៃផងដែរ”។

ជាមួយនឹងតំបន់ដែលមានសក្តានុពល សម្រាប់វិនិយោគលើវិស័យដីធ្លីនេះ លោកឃាង ពុទ្ឋីបានព្រមានផងដែរថា “អ្នកវិនិយោគត្រូវពិនិត្យមើលពីបច្ចេកទេស លក្ខណៈដីធ្លី និងទីតាំងភូមិសាស្ត្រដីធ្លីឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញ ហើយលក់ទៅវិញទើបវាលក់ទៅវិញ ទទួលបានផលចំណេ​ញ”។

លោកបន្ថែមថា “ យើងមិនអាចចេះតែនិយាយឱ្យដីធ្លី មានតម្លៃ និងសក្តានុពលនោះទេ ខណៈដីដែលនៅតំបន់ដែលមានសក្តានុពល ដូចអ៉ីអន២ ឬ ដីនៅបឹងកេងកង ឬ ទួលគោកក៏មានកន្លែងខ្លះ វាមិនល្អផងដែរ”។

រីឯលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា តម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ តម្លៃដីបានហក់ឡើងខ្ពស់លើសតម្លៃទីផ្សាររួចទៅហើយ។

លោកបន្តថា “តម្លៃដីនៅតំបន់នោះមួយចំនួនបានឡើងខ្ពស់ ធៀបនឹងសក្តានុពលតំបន់ដែលមាន ប៉ុន្តែតម្លៃដីធ្លីពិតប្រាកដ មិនអាស្រ័យលើម្ចាស់ដីចង់បានទេ ប៉ុន្តែវាអាស្រ័យលើអ្នកទិញហ៊ានទិញប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកសន សៀបប្រធានក្រុមហ៊ុនKey Real Estate បានលើកឡើងថា ទោះជាមានបញ្ហាវិបត្តិកូវីដអស់ប៉ុន្មានឆ្នាំក្តី ប៉ុន្តែតម្លៃដីនៅតំបន់មួយចំនួននៅតែបន្តកើនឡើង ពិសេសនៅតំបន់ជាយក្រុង និងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច និងគោលនយោបាយពង្រីកទីក្រុង និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់​រដ្ឋាភិបាលនៅតែបានធ្វើឲ្យតម្លៃដីធ្លី ពិសេសតំបន់ជាយក្រុង មិនថាភាគខាងណាឡើយ នៅតែបន្តឡើងថ្លៃចន្លោះ១០ភាគរយជាមធ្យមប្រចាំឆ្នាំ។

លោកបន្តថា “តំបន់ភាគខាងត្បូង កំពុងមានសក្តានុពល ដោយសារហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការពង្រីកគំរោងអភិវឌ្ឍន៍របស់វិស័យឯកជនឆ្ពោះទៅតំបន់នោះ៕

ក្រុមហ៊ុនEvergrandeដាក់ដេញថ្លៃលក់ដីក្នុងតម្លៃជាង១ពាន់លានដុល្លារ

ដោយ: លាងហួរ

ប្រទេសចិន: ក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group បានដាក់លក់ដីឡូតិ៍ សម្រាប់សាងសង់ ទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងShenzhen ក្នុងតម្លៃចាប់ផ្តើម ៧,៥ពាន់លានយ័ន(១,០៦ពាន់លានដុល្លារ)។

ផ្ទៃដីដែលមានទំហំ២,៤៧ហិកតា នឹងត្រូវបានដាក់លក់ នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ក្រោយពីការដ្ឋានសាងសង់ ត្រូវបានផ្អាកតាំងពីខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។

ដោយជំពាក់បំណុល៣៥០ពាន់លានដុល្លារ ក្រុមហ៊ុន Evergrande​បានផ្អាក​គម្រោង​ជា​ច្រើន​របស់​ខ្លួន ដោយ​សារ​ក្រុមហ៊ុនមិន​មានលទ្ធភាពអាច​បង់​ប្រាក់​ឱ្យ​អ្នក​ម៉ៅការ និង​ម្ចាស់​បំណុលបាន។

លើសពីនេះ ទ្រព្យសម្បត្តិជាច្រើនរបស់ក្រុមហ៊ុនមួយនេះ ក៏ត្រូវបានដាក់លក់ ឬរឹបអូសយកដោយម្ចាស់បំណុល និងរដ្ឋបាលក្នុងតំបន់ផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនEvergrande បានទិញដីនេះ កាលពីឆ្នាំ២០១៧ក្នុងតម្លៃ៥,៦ពាន់លាន យ័ន(ប្រហែល៧៨៧,៨៥លានដុល្លារ)។

ក្រុមហ៊ុន Evergrande បានផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួន ពីទីក្រុង Guangzhou រួចទៅជួលការិយាល័យនៅក្នុងទីក្រុងShenzhen ក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយមកទៀតក្រុមហ៊ុននេះ បានផ្លាស់ទៅទីក្រុង Guangzhou វិញកាលពីចុងឆ្នាំ២០២១ ចំពេលមានវិបត្តិបំណុល៕

 

សហភាពអឺរ៉ុបព្រមានថា សេដ្ឋកិច្ចអឺរ៉ុបអាចនឹងដាំក្បាលធ្លាក់ចូល ក្នុងវិបត្តិនៅរដូវរងារឆ្នាំនេះ

ដោយៈ សុខុម

អន្តរជាតិ: គណៈកម្មាធិការប្រតិបត្តិនៃសហភាពអឺរ៉ុប បានបន្ទាបការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយ ហើយព្រមានថា ប្រទេសចំនួន១៩ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ អាចនឹងដាំក្បាលធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងរដូវរងារឆ្នាំនេះ។

ការព្រមាននេះធ្វើឡើង ខណៈអតិផរណាខ្ពស់បំផុត មិនធ្លាប់មានបន្តអូសបន្លាយយូរជាងការរំពឹងទុក ហើយការហក់ឡើងថ្លៃប្រេងឥន្ធនៈ និងការកើនឡើង ថ្លៃចំណាយលើប្រព័ន្ធរក្សាកម្ដៅក្នុងផ្ទះ ធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំង។

គណៈកម្មាធិការអឺរ៉ុប បានធ្វើការព្យាករកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ថា ទិន្នផលសេដ្ឋកិច្ចនឹងធ្លាក់ចុះ ក្នុងរយៈពេល៣ខែចុងក្រោយ នៃឆ្នាំនេះ និងប៉ុន្មានខែដំបូងដើមឆ្នាំ២០២៣។

គណៈកម្មាការនេះនិយាយថា ការឡើងថ្លៃថាមពល ការឡើងថ្លៃជីវភា​ពប្រចាំថ្ងៃ ការដំឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃពាណិជ្ជកម្មសកល “នឹងធ្វើឱ្យសហភាពអឺរ៉ុប តំបន់ចាយប្រាក់អឺរ៉ូ និងរដ្ឋជាសមាជិកភាគច្រើនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ”។

ទន្ទឹមនឹងនេះ ការព្យាករកំណើនសម្រាប់ឆ្នាំ២០២៣ ទាំងមូលត្រូវបានបន្ទាបពី១,៤% ដែលត្រូវបានព្យាករណ៍ កាលពីខែកក្កដា មកនៅត្រឹម០,៣%។

លោក Paolo Gentiloni ឧត្ដមស្នងការអឺរ៉ុប ទទួលបន្ទុកសេដ្ឋកិច្ចលើកឡើងថា “សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប កំពុងស្ថិតនៅចំណុចរបត់មួយ”។

លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា “បន្ទាប់ពីការងើបឡើងយ៉ាងរឹងមាំ គួរឱ្យភ្ញាក់ផ្អើលក្នុងឆមាសទី១ សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បានបាត់បង់សន្ទុះក្នុងត្រីមាសទី៣ ហើយទិន្នន័យស្ទង់មតិកាលពីពេលថ្មីៗនេះ បានចង្អុលបង្ហាញថា សេដ្ឋកិច្ចនឹងដាំក្បាលចុះនៅរដូវរងារនេះ។ ហើយទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ឆ្នាំក្រោយបានធ្លាក់ចុះយ៉ាងខ្លាំង”៕ South China Morning Post៕

ស្ពានសំខាន់ៗចំនួនពីរស្ថិតនៅចំណុចប្រសព្វផ្លូវជាតិលេខ៥នឹងបញ្ចប់ ការសាងសង់ក្នុងពេលព្រមគ្នា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៥ នឹងបញ្ចប់ការសាងសង់ក្នុងពេលដំណាលគ្នា នៅដើមត្រីមាសទី២​ឆ្នាំ២០២៣ខាងមុខនេះ។

ការសាងសង់សរសរមេរបស់ស្ពានឆ្លងកាត់ទន្លេរសាប ជាច្រើនបាន និងកំពុងត្រៀ​មបញ្ចប់ការសាងសង់ហើយ នៅឡើយតែការតុបតែងលំអរ ដើម្បីបញ្ចប់តាម​ផែនការរបស់ខ្លួន ខណៈការសាងសង់ស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៥ សម្រេចបានវឌ្ឍនៈភាព៥៨ភាគរយផងដែរ។

គំរោងស្ពានយោងដោយខ្សែកាបនេះ មិនត្រឹមតែដើរតួនាទីសម្រួ​ល​ការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមចំណែកលើកកំពស់សោភ័​ណភាពរាជធានីភ្នំពេញនាពេលរាត្រីផងដែរ។

លោកនីស៊ីហារ៉ា វីរ៉ាស៊នប្រធានគ្រប់គ្រងគំរោងស្ពានយោងដោយខ្សែកាប នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១០ វិច្ឆិកាកន្លងមកថា​ ការសាងសង់របស់យើង សំរេចបាន៧៦ភាគរយហើយ ដោយបច្ចុប្បន្នខ្សែកាបទាំងអស់ ដែលនៅតាមបង្គោលនិមួយៗយើងបានទាញរួចជាស្ថាពរហើយ។

លោកបន្តថា ចំណែកធ្នឹមបេតុង នៅសល់តែប្រឡោះកណ្តាល នៃSpanនិមួយៗ ដែលគំរោងទាំងមូលនឹងគ្រោងបញ្ចប់ នៅខែមេសាឆ្នាំ២០២៣។

បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ការសាងសង់ស្ពានយោងដោយខ្សែកាបនេះ ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបានពីការជួលដីទីក្រុងរណបជ្រោយចង្វារ ដល់ក្រុមហ៊ុនOCIC។ លោកបន្តថា គម្រោងស្ពាននេះ មិនត្រឹមតែជួយរំដោះចរាចរណ៍នោះទេ តែវានឹងជួយលើកកំពស់សោភ័ណភាព និងទាក់ទាញការវិនិយោគ នៅតំបន់ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតផងដែរ។

លោកបន្តថា “ស្ពាននេះមានទទឹងធំ និងមានគន្លងរថយន្តច្រើនដោយមានខ្សែកាបនៅកណ្តាលស្ពា​នឆ្លងកាត់ទន្លេសាប ដែលមានប្រវែងប្រមាណ៥០០ម៉ែត្រនេះ”៕

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានមកដល់កម្ពុជាហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

លោកប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

 

លោកចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

វិស័យអចលនទ្រព្យថៃទទួលបានកំណើនប្រាក់ចំណូលខ្ពស់បំផុត មិនធ្លាប់មាននៅចុងឆ្នាំនេះ

ដោយៈ សុខុម

បាងកក: ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចថៃ ដែលជំរុញដោយចំនួនភ្ញៀវទេសចរបរទេស បានជំរុញឱ្យការបើកលក់ គម្រោងអចលនទ្រព្យបែបPre-saleកើនឡើង។

កំណើននេះ បានធ្វើឲ្យប្រាក់ចំណូលរបស់បណ្ដា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមកា​សែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា។

លោក Uthai Uthaisangsuk ប្រធានប្រតិបត្តិ (COO) នៃក្រុមហ៊ុន Sansiri Plc ដែលជាក្រុមហ៊ុនអភវឌ្ឍន៍ អចលនទ្រព្យធំបំផុតមួយនៅប្រទេសថៃបានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានបង្កើនគោលដៅលក់Pre-sale របស់ខ្លួនសម្រាប់ឆ្នាំ២០២២ ឲ្យដល់ទំហំទឹកប្រាក់៤៧ពាន់លានបាត (១,៣០ពាន់លានដុល្លារអាមេរិក)។

គោលដៅលក់ Pre-sale មុននេះគឺមានទំហំទឹកប្រាក់៣៥ពាន់លានបាត (៩៧០លានដុល្លារអាមេរិក) ប៉ុន្តែការលក់Pre-sale សម្រាប់រយៈពេល៩ខែដើមឆ្នាំនេះ បានកើនឡើងដល់៣៧ពាន់លានបាត (១,០២ពាន់លានដុល្លារអាមេរិក) រួចទៅហើយ។

ប្រាក់ចំណូលពីការលក់ Pre-sale ក្នុងរយៈពេល៩ខែដើមឆ្នាំរបស់ក្រុមហ៊ុន Sansiri Plc គឺខ្ពស់ជាងប្រាក់ចំណូល ពេញមួយឆ្នាំរបស់ខ្លួនក្នុងឆ្នាំ២០២១ ទៅទៀតដែលមានចំនួន៣៣,៥ពាន់លានបាត (៩៣៣លានដុល្លារអាមេរិក)។

លោក Uthai Uthaisangsukបានលើកឡើងថា កត្តាជំរុញដ៏សំខាន់ សម្រាប់កំណើន៦០% ក្នុងរយៈពេល៩ខែមកនេះ គឺដោយសារទទួលបានប្រាក់ចំណូល២៧ពាន់លានបាត (៧៥២លានដុល្លាអាមេរិក) ពីការលក់ផ្ទះកម្ពស់ទាប ដែលកើនឡើង១១០%។

លោក Thongchai Busrapan សហនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Noble Development Plc ឱ្យដឹងថា ការស្ទុះងើបឡើងវិញបន្តិចម្តងៗ នៃសេដ្ឋកិច្ចបានធ្វើឱ្យទីផ្សារអចលនទ្រព្យ មានភាពប្រសើរឡើង ក្នុងត្រីមាសទី៣ ដោយការលក់ Pre-sale របស់ក្រុមហ៊ុននេះកើនឡើង១០០% ខណៈប្រាក់ចំណូលកើនឡើង១៥០%។

ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ក្រុមហ៊ុនNoble Development Plc លក់ Pre-sale បាន១៤,៨ពាន់លានបាត (៤១១លានដុល្លារអាមេរិក) ដោយកើនឡើង១៣៦%។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ AP Thailand Plc អះអាងថា ខ្លួនលក់Pre-sale បានចំនួន៤៥,៤ពាន់លានបាត (ជាង១,២៦បាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ដែលស្មើនឹង៩០% នៃគោលដៅចំណូល៥០ពាន់លានបាត (១,៤ពាន់លានដុល្លារអាមេរិក) ដោយកើនឡើង៤៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន AP Thailand Plc ក្នុងរយៈពេល៩ខែដើមឆ្នាំនេះបានកើនឡើង២៤% ឈានដល់ទំហំទឹកប្រាក់៣៧,៥ពាន់លានបាត (១,០៤ពាន់លានដុល្លារអាមេរិក)។ ក្រុមហ៊ុននេះ កំពុងកំណត់គោលដៅ ប្រាក់ចំណូលឱ្យបាន៤៧ពាន់លានបាត (១,៣១ពាន់លានដុល្លារអាមេរិក) ត្រឹមដំណាច់ឆ្នាំ។

ទន្ទឹមនេះដែរ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Supalai Plc ក៏ទទួលបានកំណើនប្រាក់ចំណូលខ្ពស់បំផុ តមិនធ្លាប់មានផងដែរ ដោយទទួលបានចំនួន១១,៤ពាន់លានបាត (៣១៧លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៣ ចុងឆ្នាំ២០២២ ដែលជាកំណើនខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីក្រុមហ៊ុននេះបង្កើតឡើងក្នុងឆ្នាំ១៩៨៩ មក។

សម្រាប់រយៈពេល៩ខែដើមឆ្នាំនេះ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូ​លសរុបចំនួន២៥,៥ពាន់លានបាត (៧១០លានដុល្លារអាមេរិក) ដោយកើនឡើង៣៧%៕ Bangkok Post៕

រដ្ឋាភិបាលត្រូវការថវិកាជាង២៨ពាន់លានដុល្លារអាមេរិកដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ជាងមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥ និងបន្តឈានឆ្ពោះ ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។

យ៉ាងណាក្តី ហេដ្ឋារចនាសម្ព័ន្ធ ដែលជាឆ្អឹងខ្នង ដែលទ្រទ្រង់ និងជួយពង្រីកកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅតែជាបញ្ហាប្រឈមមួយ។ ដើម្បីកាត់បន្ថយគម្លាត និងធ្វើឱ្យប្រទេសកម្ពុជា ត្រៀមខ្លួនជាស្រេចនាពេលអនាគត គឺបើគិតត្រឹមឆ្នាំ២០៤០ កម្ពុជាត្រូវការការវិនិយោគដ៏ច្រើន ក្នុងទំហំប្រមាណ២៨ពាន់លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធ។

នេះបើយោងតាមការប៉ាន់ស្មាន របស់មជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធសកល (Global Infrastructure Hub) ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ធនាគារពិភពលោកនៅក្នុងរបាយការណ៍ថ្មីមួយ បាននិយាយថា ប្រ​ទេសកម្ពុជា នៅតែបន្តមានគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ ហើយនាពេលអនាគត នឹងទទួលបានអត្ថប្រយោជន៍ ពីការតភ្ជាប់កាន់តែច្រើន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងទីក្រុង។

កាលពីឆ្នាំ២០១៩ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់១០៦ ក្នុងចំណោម១៤០ប្រទេស ពាក់ព័ន្ធនឹងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមការធ្វើបច្ចុប្បន្នភាព និងទស្សនវិស័យទីផ្សារហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលរៀបចំ និងចេញផ្សាយរួមគ្នាក្នុងខែតុលា ឆ្នាំ២០២២ ដោយក្រុមហ៊ុន PwC Cambodia និង PwC Singapore រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់គម្លាតនេះ ហើយកំពុងស្ថិតក្នុងការអនុវត្តន៍កំណែទម្រង់គោលនយោបាយសំខាន់ៗ។

របាយការណ៍ PwC បានឱ្យដឹងថា រដ្ឋាភិបាលមានគោលបំណងទាក់ទាញការវិនិយោគពីវិស័យឯកជន តាមរយៈច្បាប់ស្តីពី ការវិនិយោគ ឆ្នាំ២០២១ និងច្បាប់ស្តីពីភាពជាដៃគូសាធារណៈ និងឯកជនឆ្នាំ២០២១ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាស្វាគមន៍ និងបើកទូលាយចំពោះការបណ្តាក់ទុនវិនិយោគ ពីបរទេសលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដឹកជញ្ជូន និងភស្តុភារកម្ម។

លោកគូសបញ្ជាក់ថា “វិស័យដឹកជញ្ចូន និងភស្តុភាកម្មនៅកម្ពុជាកំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ស័ក្តិសមសម្រាប់ការវិនិយោគ​ផ្ទាល់ពីបរទេស(FDI) ហើយកម្ពុជាសូមស្វាគមន៍យ៉ាងពេញទំហឹង និងបើកទូលាយចំពោះការវិនិយោគពីបរទេស”៕

ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិតជំរុញអចលនទ្រព្យក្នុងតំបន់ឱ្យកម្រើកងើបឡើងវិញ

ដោយៈសុផារី

ស្វាយរៀងៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ទើបតែបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ដែលគ្រោងចំណាយថវិកាសាងសង់ជាង១.៦០០លានដុល្លារ។

តាមរយៈគម្រោងនេះ អ្នកជំនាញអចលនទ្រព្យរពឹងថា វិស័យអចលនទ្រព្យក្នុងក្រុងបាវិត នឹងមានការកម្រើកងើបឡើងវិញ នៅតាមតំបន់មួយចំនួន ក្រោយបានថមថយចុះមួយរយៈចុងក្រោយនេះ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asiaកាលពីថ្ងៃទី១១ វិច្ឆិកាថា សម្រាប់រូបភាពជារួម គម្រោងផ្លូវល្បឿនលឿននេះ នឹងចូលរួមកាត់បន្ថយចម្ងាយ និងពេលវេលា នៃការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តក្រុងនានា ដោយសកម្មភាពសេដ្ឋកិច្ច ដែលនឹងទទួលបានផលប្រយោជន៍ធំបំផុត នោះគឺទីផ្សារភស្តុភារ និងការធ្វើដំណើរ។

អ្នកជំនាញរូបនេះលើកឡើងទៀតថា ទោះបីជាផ្លូវល្បឿនលឿនមិនអាចឱ្យមានផ្លូវឆ្លងកាត់ច្រើន ដោយវាភ្ជាប់គោលដៅនិងគោលដៅ ហើយមានច្រកចេញក៏ពិតមែន តែតំបន់ច្រកចេញចូលនឹងក្លាយជាតំបន់ទីប្រជុំជនប្រមូលផ្តុំទៅដោយផ្សារ និងសហគមន៍ នៅពេលនោះតម្លៃដីធ្លីនិងអចលនទ្រព្យនៅតាមតំបន់នោះ នឹងទទួលបានផលប្រយោជន៍ខ្ពស់។

លោកឧកញ៉ាបញ្ជាក់ថា “ទោះបីជាយ៉ាងណាក្តី វានៅតែផ្តល់សក្តានុពល និងប្រយោជន៍ខ្ពស់ ដល់តំបន់ឆ្លងកាត់ និងតំបន់ច្រកចេញ។ នៅក្នុងទីផ្សារអចលនទ្រព្យ ប្រាកដជានឹងមានកំណើនតម្លៃ នៅតាមតំបន់ច្រកចេញទាំងនោះ”។

ជាមួយគ្នានេះ លោក មាស រស្មី អ្នកជំនាញអចលនទ្រព្យនៅក្នុងមូលដ្ឋានក្រុងបាវិត បានមានប្រសាសន៍ប្រាប់ Property Area នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -បាវិត នឹងផ្តល់នូវអត្ថប្រយោជន៍ច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យដឹកជញ្ជូន ចំណែកវិស័យអចលនទ្រព្យ នៅតាមបណ្តាខេត្តជាប់ផ្លូវ ក៏ទទួលបានប្រយោជន៍ អាស្រ័យលើទីតាំងនៃតំបន់ផ្លូវច្រកចេញនីមួយៗ។

លោកបានបន្តថា “ចំណុចចេញនិងចំណុចចូលជាផ្នែក ដែលអចលនទ្រព្យមានកំណើនតម្លៃដីធ្លីខ្ពស់ ដីធ្លីត្រូវបានអភិវឌ្ឍន៍ត្រង់ណា ល្អត្រង់នោះ តែតំបន់ច្រកចេញ ចូលនឹងទទួលផលល្អជាងគេ”។

យោងតាមលោករស្មី ដំណឹងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននេះបានជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងបន្តិច ហើយចំនួនអតិថិជនស្វែងរកអចលនទ្រព្យក៏កើនឡើងផងដែរ។ ក្រៅពីនេះ គម្រោងនេះក៏កាន់តែនាំមកនូវគម្រោងរោងចក្រនានា ព្រមទាំងជំរុញសកម្មភាពពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុកបន្ថែម មកកាន់ខេត្តជាប់នឹងផ្លូវមួយនេះផងដែរ។

លោក Chen Fenjian ប្រធានក្រុមហ៊ុនមេរបស់ក្រុមហ៊ុន CRBC បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្របខ័ណ្ឌ (FA) សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត នៅថ្ងៃទី១០ ខែវិច្ឆិកាថា គម្រោងនេះតភ្ជាប់ពីភ្នំពេញ ទៅកាន់ច្រកព្រំដែនប្រទេសវៀតណាម និងតភ្ជាប់ទៅកាន់ផ្លូវល្បឿន របស់វៀតណាមឆ្ពោះទៅកាន់ទីក្រុងហូជីមិញ និងជាផ្នែកមួយនៃផ្លូវល្បឿនលឿនរបស់អាស៊ាន ដោយគម្រោងនេះ នឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តកណ្តាលខេត្តព្រៃវែង និងខេត្តស្វាយរៀង ជាពិសេសក៏នឹងជួយលើកកម្ពស់សកម្ម​ភាពពាណិជ្ជកម្ម កម្ពុជា និងវៀតណាមផងដែរ។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសា​ធារណការ និងដឹកជញ្ចូន ក៏បានមានប្រសាសន៍ថា ផ្លូវល្បឿនលឿនខ្សែទី២ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ក្រុងបាវិតនេះ នឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ហើយគម្រោងមួយនេះ នឹងប្រើប្រាស់ថវិកាសាងសង់ចំនួន១.៦៣៨លានដុល្លារ។

បើយោងតាមលោកទេសរដ្ឋមន្ត្រី ផ្លូវល្បឿនលឿនទី២នេះ មានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា ថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ (AH1)៕

ចំណុចវិជ្ជមានសំខាន់ៗទាក់ទងនឹងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាន និងជាប្រធាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កម្ពុជាបានទទួលភាពវិជ្ជមាន និងផលចំណេញជាច្រើនលើវិស័យកាទូត ពាណិជ្ជកម្ម និងកិច្ចសហប្រតិ​បត្តិការជាមួយបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួន។

ពាណិជ្ជកម្មកម្ពុជា កូរ៉េសញ្ញាវិជ្ជមាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកYoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញសុទិដ្ឋនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នៅដើមខែក្រោ​យនេះ ក្រោយការផ្តល់សច្ចាប័ន ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី។

ការបង្ហាញសុទិដ្ឋនិយមរួមគ្នា របស់មេដឹកនាំកំពូលទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និង ឯកឧត្តមប្រធានាធិបតី Yoon បានសាទរ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ហើយនិងមានសុទិ​ដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះ ក្រោយការផ្តល់សច្ចាប័ន ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី។


លោកប្រធានាធិបតីYoon បានសម្តែងនូវសុទិដ្ឋិនិយមថា “កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគ របស់កូរ៉េច្រើនថែមទៀតនៅកម្ពុជា”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA ជាគំនិតផ្តួចផ្តើមរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមកកាន់​កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ឋានៈកម្ពុជាត្រូវបានលើកកំពស់នីអង្គការសហប្រតិបត្តិការសៀងហៃ

អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គ្រោងនឹងដំឡើងឋានៈកម្ពុជាពីដៃគូសន្ទនា ទៅជាអ្នកសង្កេតការណ៍របស់ខ្លួន។ នេះជាការបញ្ជាក់របស់ លោកZhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Zhang Ming ដែលគំាទ្រការដាក់បេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍ នៃSCO និងបានគូសបញ្ជាក់ ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុស អំពីការដាក់បេក្ខភាពកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនា របស់អង្គការនេះក្នុងឆ្នាំ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងSCO ដោយបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។

លោក Zhang Ming បានកោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនង រវាងអាស៊ាន និងSCO និងបានលើកឡើង ពីដំណើរការផ្ទៃក្នុងរបស់SCO ក្នុងការដំឡើងឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់SCO និងបង្ហាញពីក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកអគ្គលេខាធិការ បានពិភាក្សា និងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO។

មេដឹកនាំអាស៊ានគាំទ្របេក្ខភាពលោកបណ្ឌិតកៅ គឹមហួន

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ានទាំងអស់ បានគាំទ្រចំពោះការតែងតាំង លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន។

លោកបានបញ្ជាក់ដូច្នេះថា “ថ្នាក់ដឹកនាំអាស៊ាន ក៏បានគាំទ្រ និងឯកភាព លើការតែងតាំងឯកឧត្តមបណ្ឌិតកៅ គឹមហួន ចំណុចនេះខ្ញុំបានបញ្ជាក់រួចហើយ ប៉ុន្តែថ្ងៃនេះថ្នាក់ដឹកនាំអាស៊ានរបស់យើង ក៏បានបង្ហាញជាថ្មីម្តងទៀតនូវការគាំទ្រ ក៏ដូចជាការសហការ ដើម្បីធ្វើយ៉ាងណាឱ្យអគ្គលេខាធិការថ្មី មានលទ្ធភាពបំពេញតួនាទីខ្លួនមានប្រសិទ្ធភាព”។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ។ ការតែងតាំងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

កម្ពុជា ចិនសម្រេចពន្លឿនផែនការកសាងសហគមន៍រួមគ្នា

ជាដំណឹងរីករាយមួយសម្រាប់កម្ពុជា គឺមេដឹកនាំកម្ពុជា-ចិន បានឯកភាពគ្នាពន្លឿន ការកសាងសហគមន៍វាសនារួម“កម្ពុជា-ចិន” ស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ។

យោងតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន ដែលបណ្ដាញព័ត៌មាននានាទទួលបាននាថ្ងៃទី១១ វិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផល ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

កម្ពុជា ចិនប្រកាសកិច្ចសហប្រតិបត្តិការស្តីពីសមុទ្រចិនខាងត្បូង

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុន សែន និងនាយរដ្ឋរដ្ឋមន្រ្តីចិន

លោកលី ខឺឈាងបានរួមគ្នាលើកឡើងថា “សេចក្តីប្រកា​សស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង” បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ឆ្នាំមកហើយ។

ការណ៍នេះ កម្ពុជា-ចិន អំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង និងឈានទៅសម្រេច នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានឆាប់ ឈរលើមូលដ្ឋានឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់ អំពីសារសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ធ្វើទំនើបកម្មប្រជាធិបតេយ្យ ទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍអភិបាលកិច្ចសកល ឆ្ពោះទៅរកយុត្តិធម៌ និងសមធម៌កាន់តែធំធេង។

ជាមួយគ្នានេះដែរ ភាគីកម្ពុជា-ចិន បានឯកភាពប្រកាន់ខ្ជាប់នូវនិយាមជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ការពារភាពមិនលម្អៀង និងយុត្តិធម៌អន្តរជាតិ ហើយប្រឆាំងរាល់ទម្រង់ នៃអនុត្តរភាពនយោបាយអំណាចឯកតោភាគីនិយម និងភាពផ្ដាច់មុខ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារពីរ។

ភាគីទាំងពីរបានគាំទ្រ និងលើកឡើងថា ប្រទេសនានាគួរធ្វើការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការ លើផ្នែកសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ជំនួសឱ្យការធ្វើនយោបាយតូបនីយ​កម្ម លើបញ្ហាសិទ្ធិមនុស្ស៕

 

អបអរសាទរៈ មេដឹកនាំកម្ពុជា ចិនសម្រេចពន្លឿនការកសាងសហគមន៍វាសនារួម “កម្ពុជា ចិន”

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ជាដំណឹងរីករាយមួយសម្រាប់កម្ពុជា គឺមេដឹកនាំកម្ពុជា-ចិន បានឯកភាពគ្នាពន្លឿន ការកសាងសហគមន៍វាសនារួម“កម្ពុជា-ចិន” ស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ។

យោងតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន ដែលបណ្ដាញព័ត៌មាននានាទទួលបាននាថ្ងៃទី១១ វិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផល ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមនេះ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញការអនុវត្ត “ផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន” ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៩ និងធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព ដូចជា (ក) ពង្រឹងការប្រាស្រ័យទាក់ទងយុទ្ធសាស្ត្រកម្រិតខ្ពស់។ ភាគីចិននឹងបន្តថ្វាយបដិសណ្ឋារកិច្ច ចំពោះព្រះរាជដំណើរទស្សនកិច្ចពិនិត្យព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេច ព្រះវរ រាជមាតាជាតិខ្មែរ នៅប្រទេសចិន។ ថ្នាក់ដឹកនាំចិន ទន្ទឹងរង់ចាំការអញ្ជើញបំពេញទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកម្ពុជាដទៃទៀត នៅពេលវេលាសមស្របរបស់ភាគីទាំងពីរ។

(ខ) ប្រើប្រាស់ឲ្យបានពេញលេញ នូវតួនាទីរបស់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការខាងលើតាមពេលវេលាសមស្រប ដើម្បីបង្កើនតួនាទីនាំមុខ និងកិច្ចសម្របសម្រួលលើវិស័យផ្សេងៗជាច្រើន។ ស្ថាប័នដឹកនាំរបស់ភាគីទាំងពីរ មានភារកិច្ចដាក់ចេញជាផែនទី និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ស្របពេលដែលក្រសួង ការបរទេស ទាំងពីរទទួលខុសត្រូវចំពោះការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី។

(គ) ប្រើប្រាស់ឲ្យអស់សក្ដានុពលនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយការបង្កើនទំនាក់ទំនង រវាងស្ថាប័នការពារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទំាងពីរ តាមរយៈកិច្ចសហប្រតិបត្តិការជា​ក់ស្តែង ដូចជា ការបណ្តុះបណ្តាល និងការហ្វឹកហ្វាត់រួមគ្នា ការផ្ដល់បរិក្ខារយោធា បច្ចេកវិទ្យា សេវាសុខាភិបាល ឡូជីស្ទីក និងសន្តិសុខពហុភាគី។

កិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់ នឹងត្រូវបានពង្រឹងបន្ថែមទៀត ដោយផ្តោតលើការបង្រ្កាបការជួញដូរមនុស្ស ល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធអ៊ីនធឺណែត និងឧក្រិដ្ឋកម្មនានា តាមរយៈការសម្របសម្រួល កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធលើកា រកសាងសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មាន។

កិច្ចប្រឹងប្រែងនឹងផ្តោតបន្ថែម ទៅលើការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រុមការងាររួមគ្នាកម្ពុជា-ចិន ស្តីពីសុវត្ថិភាព និងសន្តិសុ ខខ្សែក្រវាត់ និងផ្លូវ។

(ឃ) លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវគុណភាពខ្ពស់ តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លំាងក្លាលើយុទ្ធសាស្រ្តអភិវឌ្ឍន៍។ ដើម្បីកសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រទេសទំាងពីរ នឹងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ វិនិយោគលើសមត្ថភាពផលិតកម្ម ក្នុងគោលបំណងជួយកម្ពុជាពន្លឿន ការអភិវឌ្ឍឧស្សាហកម្មទំនើបចម្រុះ និងធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។

គម្រោងសំខាន់ៗ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប គម្រោងបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងព្រះសីហនុ-ក្រុងហុងកុង និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ឡូជីស្ទីក និងឃ្លំាងស្តុក នឹងត្រូវបានពន្លឿន។ ភាគីទាំងពីរគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើថាមពលស្អាត ដើម្បីគាំទ្រសេដ្ឋកិច្ច បៃត​ង ការសន្សំសំចៃ និងស័ក្ដិសិទ្ធិភាពនៃថាមពល ព្រមទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលនៅកម្ពុជា ។

ប្រើប្រាស់ឲ្យបានពេញលេញ នូវយន្តការគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ តំបន់ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ពង្រីកការនាំចេញផលិតផលកម្ពុជា ដែលមានគុណភាពទៅកាន់ទីផ្សារចិន តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដូចជា ពិព័រណ៍នាំចូល អន្តរជាតិចិន ពិព័រណ៍នាំចូល-នាំចេញចិន ពិព័រណ៍អាស៊ាន-ចិន និងយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិកត្រូនិកទ្វេភាគី។

ផ្ដោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការកសិកម្មគ្រប់ផ្នែក ភាគីចិនបាន បញ្ជាក់សាជាថ្មី អំពីជំហររបស់ខ្លួន ក្នុងការពង្រីកទីផ្សារចិន សម្រាប់ផលិតផល និងទំនិញកសិកម្មពីកម្ពុជា និងផ្តល់ការគាំទ្រផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងបច្ចេកទេស សម្រាប់ការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។

កសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ ឱសថបុរាណចិន កម្ពុជា-ចិន ដើម្បីគាំទ្រសេវាសុខាភិបាលសាធារណៈនៅកម្ពុជា។ ផ្គត់ផ្គង់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របតាមតម្រូវការរបស់កម្ពុជា។ ភាគីចិននឹងបន្តគាំទ្រការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈគម្រោងកែលម្អផ្លូវជនបទជំហានទី៣ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី៣ គម្រោងមន្ទីរពេទ្យបង្អែ​កខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ប្រព័ន្ឋចម្រោះទឹកកខ្វក់ នៅខេត្តព្រះសីហនុ និងគម្រោងផ្សេងៗទៀតដូចជា ផ្លូវជនបទ ការរក្សាទឹក អប់រំ សុខាភិបាល និងគម្រោងបោសសម្អាតមីន។

(ង) ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងកិច្ចសហប្រតិបត្តិកា រថ្នាក់មូលដ្ឋាន។ ចិននឹងបន្តគាំទ្រការអប់រំភាសាចិន និងប្រព័ន្ធឌីជីថល ក្នុងវិស័យអប់រំនៅកម្ពុជា និងរៀបចំការធ្វើដំណើរឡើងវិញជាបន្តបន្ទាប់ តាមជើងហោះហើរត្រង់បន្ថែមទៀត ដើម្បីសម្រួលដល់ការវិលត្រលប់ របស់និស្សិតកម្ពុជាទៅប្រទេសចិន។ ភាគីកម្ពុជានឹងបន្តគាំទ្រដំណើរ ការរបស់មជ្ឈមណ្ឌលវប្បធម៌ចិន វិទ្យាសា្ថនខុងជឺ និងសហការជាមួយភាគីចិន ដើម្បីរក្សាការផ្លាស់ប្តូរជាទៀងទាត់ រវាងអង្គការ និងស្ថាប័នយុវជន ផ្តល់តួនាទីសំខាន់ដល់សមាគមមិត្តភាព ស្ថាប័ន ក្រុមស្រាវជ្រាវវិភាគ ឃោសនាការនិងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ភាគីទំាងពីរ នឹងបន្តតាមដានកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌អរូបិយ ការចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍ទេសចរណ៍ ដែលរៀបចំឡើងដោយភាគីម្ខាងទៀត ការចាត់វិធានការរួមគ្នា ដើម្បីការពារបេតិកភណ្ឌវប្បធម៌អាស៊ី ការគាំទ្រការអភិរក្ស និងការជួសជុល បេតិកភណ្ឌអង្គរបុរាណ ប្រាសាទព្រះវិហារ និងទីតំាងបេតិកភណ្ឌនានាផ្សេងទៀតនៅកម្ពុជា ក៏ដូចជាការសហការរួមគ្នាទប់ស្កាត់ ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងការរៀបចំកិច្ចសន្ទនាយុវជន ស្តីពីបេតិកភណ្ឌវប្បធម៌។

(ច) កម្ពុជាគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ស្របជាមួយនឹងការបេ្តជ្ញាចិត្តលើការអនុវត្តរបៀបវារៈ ស្តីពី “ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០” របស់អង្គការសហប្រជាជាតិ។

កម្ពុជាគាំទ្រការស្នើដោយភាគីចិន នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងត្រៀមខ្លួនសហការជាមួយប្រទេសចិន លើអភិបាលកិច្ចសន្តិសុខសក​ល ដើម្បីសន្តិសុខ រួមគ្រប់ជ្រុងជ្រោយ ប្រកបដោយកិច្ចសហប្រតិបត្តិការ និងចីរភាព។

ភាគីទំាំងពីរ នឹងរួមគ្នាជំរុញគុណ តម្លៃរួមរបស់មនុស្សជាតិ ប្រកប​ដោយសន្តិភាព ការអភិវឌ្ឍមិនលម្អៀង យុត្តិធម៌ ប្រជាធិប តេយ្យ និងសេរីភាព ដោយការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល ដើម្បីលើកកម្ពស់បុព្វហេ តុសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕