ដំណឹងល្អ តម្លៃសាំងធម្មតាធ្លាក់ចុះដល់៤.៧៥០រៀល និងម៉ាស៊ូតតម្លៃ៥.១៥០រៀល ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា

ដោយ៖ សុផារី
ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយសាំងធម្មតាលក់ក្នុងតម្លៃ៤.៧៥០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥.១៥០រៀល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.០១៦រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៤១៦រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

តម្លៃផ្ទះនៅក្នុងប្រទេសចិនដាំក្បាលចុះ ខណៈអ្នកទិញខ្វះទំនុកចិត្តលើក្រុមហ៊ុនអភិវឌ្ឍន៍

ដោយ: លាងហួរ

ប៉េកាំង: ការស្ទង់មតិឯកជនមួយបានបង្ហាញនៅថ្ងៃចន្ទនេះថា ក្នុងខែកក្កដា ឆ្នាំ២០២២នេះ តម្លៃផ្ទះថ្មី និងបរិមាណលក់ នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ប្រៀបធៀបនឹងកាលខែមុន។

តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះក្នុងអត្រា០,០១ភាគរយ ពីខែមិថុនា។ នេះបើយោងតាមការស្ទង់មតិពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន។

ក្នុងចំណោមទីក្រុងទាំង១០០ មានទីក្រុងចំនួន៤៧បានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី។

យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ពីក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថា ផ្ទៃដីសរុបនៃផ្ទះ ដែលត្រូវបានលក់នៅក្នុងទីក្រុងចំនួន១៧ ដែលតាមដានដោយ China Index Academy បានធ្លាក់ចុះ៣៣,៤ភាគរយ ពីមួយខែមុន។

សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា តម្លៃផ្ទះនៅទីក្រុង Guangzhou ភាគខាងត្បូងបានធ្លាក់ចុះ៤៨ភាគរយ និងទីក្រុងប៉េកាំងបានធ្លាក់ចុះ៣៤ភាគរយ។

ចំណែកទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងតែប្រឈមមុខនឹងវិបត្តិបំណុលរួចស្រាប់ទៅហើយ ក្នុងចំណោមអ្នកអភិវឌ្ឍន៍ ស្របពេលអារម្មណ៍របស់អ្នកទិញផ្ទះធ្លាក់ចុះ និងត្រូវបានអង្រួនបន្ថែមទៀតដោយសារការធ្វើកូដកម្មមិនបង់ថ្លៃផ្ទះ ក្នុងប៉ុន្មានខែថ្មីៗនេះ។

ច្បាប់តឹងរ៉ឹងលើការខ្ចីប្រាក់ថ្មីបានកាត់បន្ថយយ៉ាងខ្លាំង នូវលទ្ធភាពទទួលបានដើមទុនថ្មី សម្រាប់អ្នកអភិវឌ្ឍន៍ ដែលនាំឱ្យមានការបញ្ឈប់ការសាងសង់ សម្រាប់គម្រោងរាប់រយនៅទូទាំងប្រទេសចិន៕

អ្នកជំនាញ៖ ចំណេះដឹងហិរញ្ញវត្ថុជួយបញ្ចៀសហានិភ័យខ្ពស់ក្នុងការបង់រំលោះរយៈពេលវែង

ដោយ៖ សុផារី

 

ភ្នំពេញ៖ ការបង់រំលោះអចលនទ្រព្យជាគោលការណ៍ពេញនិយមបំផុត នាពេលបច្ចុប្បន្ន ប៉ុន្តែគេសង្គេតឃើញមានអត្រា​បញ្ចប់​កិច្ចសន្យា​បង់រំលោះ​ជាមួយ​បុរីច្រើន ​ដោយសារអតិថិជនគ្មា​នលទ្ធភាព​បង់​បន្ត ដែលធ្វើឱ្យមានការខាតបង់ទាំងប្រាក់កាស ពេលវេលា និងទ្រព្យសម្បត្តិ។

 

អ្នកជំនាញលើកឡើងថា ក្នុងករណីមានបំណងចង់បង់រំលោះ អតិថិជនត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងគួរសិក្សាគោលការណ៍ការបង់រំលោះជាមួយក្រុមហ៊ុនឱ្យបានច្បាស់លាស់សិន ដើម្បីជៀសវៀងហានិភ័យនៅពេលក្រោយ។

 

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានមានប្រសាសន៍នៅសប្តាហ៍កន្លងមកថា ការទិញបង់រំលោះបែងចែកចេញជាពីរប្រភេទ រួមមាន​ ការបង់រំលោះដោយគ្មានការប្រាក់ និងការបង់រំលោះដោយមានការប្រាក់។ នៅក្នុងទីផ្សារអចលនទ្រព្យ ភាគច្រើនការបង់រំលោះជាប្រភេទមានការប្រាក់។

 

លោកបានមានប្រសាសន៍ថា បញ្ហាដែលសង្គេតឃើញកើតមានឡើងជាញឹកញាប់ គឺអតិថិជនបានបញ្ចប់​កិច្ចសន្យា​បង់រំលោះ​ជាមួយ​បុរី ​ព្រោះគ្មា​នលទ្ធភាព​បង់​បន្ត ហើយក្នុងករណីនេះ អតិថិជនមិន​អាចទទួល​បាន​ប្រាក់​ដើម​ខ្លះ​ត្រឡប់​មក​វិញឡើយ។

អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះមានប្រសាសន៍ថា មុនសម្រេចចិត្តបង់រំលោះផ្ទះជាមួយក្រុមហ៊ុនពលរដ្ឋត្រូវមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្បាស់ និងស្វែងយល់ឱ្យលម្អិតពីគោលការណ៍របស់ក្រុមហ៊ុន ក្នុងករណីជួបឧបសគ្គគ្មានប្រាក់រំលោះបន្ត តើអ្វីទៅជាដំណោះស្រាយសមស្របទទួលយកបានសម្រាប់ភាគីទាំងពីរ។

 

លោកបានលើកឡើងថា “ជួនកាលការបង់រំលោះតម្លៃ២ ឬ៣ម៉ឺន ចំណាយទៅលើការប្រាក់ច្រើន បង់ប្រាក់ដើមបានតិចបំផុត។ ចំណេះដឹងហិរញ្ញវត្ថុរបស់អ្នកទិញ ដោយគាត់បានប្រឹក្សា ឬមិនបានប្រឹក្សា អាស្រ័យលើពួកគាត់បានទិញពីដំបូង”។

 

លោកបន្តថា “ប្រសិនបើពួកគាត់ទិញហើយ ពេលបង់រំលោះដោយមានការប្រាក់រយៈពេលយូរពេក ការបង់ដំបូងនឹងសឹងតែបានតែការប្រាក់ទេ ប្រាក់ដើមបានតិចមែនទែន។ ដូច្នេះហើយជាផលប៉ះពាល់ធ្វើឱ្យអតិថិជនបានបង់២ឬ៣ឆ្នាំដំបូង រំលោះប្រាក់ដើមបានតិច ជាពិសេស ការបង់រំលោះរយៈពេលវែង១០ទៅ១៥ឆ្នាំជាដើម”៕

មានប្រាក់ជាង១០ម៉ឺនដុល្លារចង់ទិញផ្ទះស្ថិតក្នុងទីប្រជុំជន គួររកនៅឯណាបានហើយមិនខកបំណង?

ដោយ៖ សហការី

រាជធានីភ្នំពេញ៖ ទន្ទឹមនឹងការអភិវឌ្ឍគេហដ្ឋានបែបប្រណីតៗ ស្កឹមស្កៃលំដាប់ខ្ពស់ គេហដ្ឋានដែលមានតម្លៃសមរម្យ និងទំហំតូចល្មមនៅតែជាតម្រូវការដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញពីកំណើននៃតម្រូវការគេហដ្ឋានប្រភេទនេះ ទើបបុរី ប៉េង ហួត ​បានអភិវឌ្ឍជាប្រភេទផ្ទះតម្លៃត្រឹមតែជាងដប់ម៉ឺនដុល្លារ ហើយស្ថិតក្នុងទីតាំង ដែលមានសក្ដានុពលខ្ពស់ទៀតផង។

សូមណែនាំប្រភេទវីឡាកូនកាត់របស់បុរី ប៉េង ហួត ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ហើយនឹងបញ្ចប់ការសាងសង់ អាចចូលរស់នៅបានក្នុងពេលឆាប់ៗនេះ គឺវីឡាកូនកាត់ LV ដែលមានលក្ខណៈពិសេសដូចតទៅ៖

  • មានកម្ពស់ ៣ជាន់
  • ទំហំផ្ទះ ៤,២ម x ១០ម
  • បន្ទប់គេង ៤ និងបន្ទប់ទឹក ៥
  • ចំណតរថយន្ត ១
  • បន្ទប់ទទួលភ្ញៀវ ១
  • បរិវេណទទួលទានអាហារ និងចម្អិនអាហារធំទូលាយ ស្រឡះល្អ

វីឡាកូនកាត់ពោរពេញដោយក្ដីស្រលាញ់មួយនេះស្ថិតនៅក្នុងគម្រោង ដែលមានសក្ដានុពលចំនួន២ គឺគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ ក្នុងខណ្ឌច្បារអំពៅ និងគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ)។

សូមអញ្ជើញសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីជ្រាបព័ត៌មានលម្អិត ឬអញ្ជើញទស្សនាការដ្ឋានសំណង់ផ្ទាល់​។

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំតាមរយៈទូរសព្ទលេខ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

​រដ្ឋាភិបាលរៀបចំអនុក្រិតលើការបង្កើតសួនវិទ្យាសាស្រ្តជាមួយផែនការពង្រីកលើរាជធានី ខេត្តចំនួន៣

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សេចក្តីព្រាងអនុក្រិតនេះ មានគោលដៅសំខាន់គឺដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា​ឱ្យមកវិនិយោគនៅកម្ពុជា ដែលវិស័យនេះនៅមានកម្រិតនៅឡើយ ហើយទាមទារឲ្យមានការវិនិយោគកាន់តែច្រើន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងខាងលើបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំកម្រិត បច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបន្តថា “ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមបណ្តាក់ទុន និងសិក្សាស្រាវជ្រាវនៅកម្ពុជា”។

លោកបន្តថា តាមរយៈការចូលមកវិនិយោគ ក្នុងសួននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានរំពឹងថា នឹងអាចផ្ទេរបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុងស្រុក។

សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតសំខាន់ទៅលើ ការធ្វើ Research and Development, Prototype រៀបចំសម្រាប់ការលើកទឹកចិត្តសម្រាប់អ្នកមានគំនិតនវានុវត្តន៍ ដូចជា Science Museum និងគិតគូដល់ការធ្វើ Artificial Intelligence Big Data ឬក៏ Robotics”។​

រាជរដ្ឋាភិបាល គ្រោងនឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានយ៉ាងតិច៣កន្លែងត្រឹមឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបស់ចិន ត្រូវបានតុលាការបង្គាប់ឱ្យផ្ដល់សំណង១,១ពាន់លានដុល្លារទៅអ្នកធានា

ដោយៈ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ China Evergrande Group បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ថា បុត្រសម្ព័ន្ធមួយរបស់ខ្លួន ដែលមានឈ្មោះថា Evergrande Group (Nanchang) Co, Ltd ត្រូវបានតុលាការបង្គាប់ ឱ្យផ្ដល់សំណង១,០៨ពាន់លានដុល្លារ ទៅអ្នកធានាម្នាក់ចំពោះការមិនគោរពកាតព្វកិច្ចបំណុលរបស់ខ្លួន។

ក្រុមហ៊ុន Evergrande បានចេញសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់ផ្សារហ៊ុនក្រុងហុងកុង ថា នៅខែកក្កដា ឆ្នាំ២០២១ អ្នកធានានោះបានផ្តល់ការធានា សម្រាប់ការខ្ចីប្រាក់របស់ក្រុមហ៊ុនមួយចំនួន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Evergrande។

ក្រុមហ៊ុន Evergrande Group (Nanchang) Co, Ltd បានឱ្យអ្នកធានាដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានផ្ដល់ការធានាលើភាគហ៊ុនចំនួន១,៣ពាន់លានភាគហ៊ុន ដែលខ្លួនកាន់កាប់ក្នុង Shengjing Bank Co., Ltd។

ក្រុមហ៊ុន Evergrande បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍ថា “ដោយសារអ្នកខ្ចី មិនបានទូទាត់សងប្រាក់កម្ចី ដើមបណ្ដឹង (អ្នកធានា) បានអនុវត្តន៍ កាតព្វកិច្ចរបស់ខ្លួនក្រោមការធានា ហើយបានទាមទារឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធនោះចេញសង”។

តុលាការបានចេញសាលក្រមសម្រេចថា “អ្នកធានាមានអទិភាពក្នុងការទទួលបានសំណង ពីការលក់ភាគហ៊ុនទាំងនោះ” ហើយ “វិសាលភាពនេះគ្របដណ្តប់លើចំនួនទឹកប្រាក់ ដែលដើមបណ្ដឹងបានបង់ (១,០៨ពាន់លានដុល្លារ)”។

ប្រភពមួយដែលដឹងរឿងនេះច្បាស់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា ក្រុមហ៊ុន Evergrande បាននិយាយថា ខ្លួនកំពុងប្រកាសលក់ ទីស្នាក់ការកណ្តាលរបស់ខ្លួននៅហុងកុង តាមរយៈដំណើរការដេញថ្លៃ៕ Reuters៕

ហានិភ័យៈ គយរកឃើញផលិតផលចំណីអាហារមកពីប្រទេសចំនួន៣មានផ្ទុកសារធាតុបង្កជំងឺមហារីក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​បានកំណត់​អត្តសញ្ញាណ​មី​កញ្ចប់ និង​ការ៉េម៣ ​ប្រភេទ​ ដែលមាន​ប្រភព​ ដើមពី​ប្រទេស​ថៃ វៀតណាម ​និង​បារាំង ដោយ​ដាក់​ការសង្ស័យថា ផ្ទុក​សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត ដែល​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក ចំពោះ​អ្នកប្រើប្រាស់។

ស្ថាប័ននេះ ​បានប្រកាស​ដាក់ចេញ​វិធានការ​ បណ្តោះអាសន្ន​ភ្លាមៗកាលពីចុងសប្តាហ៍មុន។​

យោងតាមលិខិត​របស់​អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​ដែល​បាន​ជម្រាបជូន​ប្រធាន​នាយកដ្ឋាន ​សាខា ​និង​ការិយា​ល័យ​​គយ ​និង​រដ្ឋាករ​ពាក់​ព័ន្ធ ចុះ​ថ្ងៃទី ២៩​ ខែ កក្កដា ​ឆ្នាំ​ ២០២២ ​បាន​លើកឡើងថា​ ថ្មីៗ​នេះ ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​ របស់​ប្រ​ទស​នៅ​សហគមន៍​អឺរ៉ុប​មួយចំនួន បាន​រកឃើញ​ផលិតផល​មី​កញ្ចប់ និង​ការ៉េម​មួយចំនួន​ មាន​ផ្ទុក​សំណល់​សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត​ (Ethylene Oxide) ដែល​សហភាព​អឺរ៉ុប អាមេរិក ​និង​អង្គការ​សុខភាព​ពិភពលោក​ ចាត់ទុកជា​សារធាតុ​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក​ចំពោះ​អ្នកប្រើប្រាស់។

លិខិត​បន្តថា ​ក្នុងន័យនេះ ​ដើម្បី​ចូលរួម​ការពារ​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ​សុខុមាលភាព​អ្នកប្រើប្រាស់​ ស្ថាប័នគយ​ សូម​ធ្វើ​ការណែនាំ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន​។ វិធានការ​ទាំងនោះ ​គឺ​ត្រូវ​កំណត់ ​ចាប់ពី​ថ្ងៃទី​១ ខែ សីហា ឆ្នាំ​ ២០២២ ​តទៅ រាល់​ការនាំចូល​ទំនិញ​ជា​មី​កញ្ចប់​ម៉ាក ​”Lucky Me!” ផលិត​នៅ​ប្រទេស​ថៃ មី​កញ្ចប់​ម៉ាក ​”Hao Hao” ផលិត​នៅ​ប្រទេស​វៀតណាម និង​ការ៉េម​ម៉ាក​ “Haagen-Dazs” (Vanilla) ផលិត​នៅ​ប្រទេស​បារាំង ត្រូវមាន​អម​មកជា​មួយ​នូវ​វិញ្ញាបនបត្រ​បញ្ជាក់ ​ការវិភាគ​សារធាតុ Ethylene Oxide ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ ​សុវត្ថិភាព​ម្ហូបអាហារ​នៃ​ប្រទេស​នាំចេញ។

ជាមួយគ្នានេះ ទំនិញ​ដែល​មកដល់​ដែន​គយ មុន​ថ្ងៃ​ទី១ ​ខែ សីហា ​ឆ្នាំ​ ២០២២ ​អ្នក​នាំចូល​ត្រូវ​ដក​សំណាក​ ទំនិញ​ធ្វើការ​វិភាគ​សារធាតុ អេ​ទី​ឡែ​ន​អុកស៊ីត​ នៅ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម ​មុន​អនុញ្ញាតឱ្យ​បញ្ចេញ​ទំនិញពី​គយ។​

លិខិត​ដដែល​បន្តថា​ នាយកដ្ឋាន​សវនកម្ម ​ត្រូវធ្វើ​ការតាមដាន​ និង​វាយតម្លៃ​ហានិភ័យ ​លើ​ផលិតផល​ទាំងនេះ​ជាប្រចាំ ​ដើម្បី​លើក​វិធានការ​អនុវត្ត​ឱ្យបាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។ មន្ដ្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច ត្រូវ​យកចិត្ត​ទុកដាក់​ផ្ទៀងផ្ទាត់​ព័ត៌មាន ​និង​ទិន្នន័យ ដែល​ប្រកាស​ក្នុង​ឯកសារ​ជាមួយនឹង​ទំនិញ​ជាក់ស្តែង​ ដើម្បី​ចៀសវាង​ការបន្លំ​ដោយ​គេចវេះ​ពី​វិធានការ​ជាយថាហេតុ

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​(​ក​.​ប​.​ប​.) លោកផាន អូនបានប្រាប់សារព៌តមានមួយ​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ ផលិតផល​មី​កញ្ចប់​ដែល​ផ្ទុក​សា​រ​ធាតុ អេ​ទី​ឡែ​ន​អុកស៊ីត លោក​បានចាត់​មន្ត្រី​សាខា​ ក.ប.ប. ចុះ​ពិនិត្យ​នៅតាម​ទីតាំង​ផ្សារ​ទំនើប ផ្សារ​មិន​រៀបរយ និង​អ្នកលក់​នៅតាម​ផ្ទះ​នៅ​ទូទាំង​ប្រទេស។

លោក​បានឲ្យដឹងថា ​បន្ទាប់ពី​ចុះ​ស្រាវជ្រាវ​ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ ជា​លទ្ធផល​បឋម ពុំបាន​រកឃើញ​ផលិតផល​មី និង​ការ៉េម ដូច​មាននៅ​ក្នុង​សេចក្តីជូនដំណឹង​ចរាចរ​ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ”។

ទោះ​យ៉ាងណា​ លោក​បាន​បញ្ជាក់ថា ​ក្នុងករណី​រកឃើញ​ផលិតផល​ទាំងនោះ​ក្នុង​ទីផ្សារ​កម្ពុជា ​នឹង​ចាត់វិធានការ​ប្រមូលយក​ទាំងអស់ ​ចេញពី​ទីផ្សារ​ផងដែរ។ លោក​ថា ​ក្នុង​កិច្ចការ​នេះ ​លោក​បាន​ដាក់ចេញ​វិធានការ​ចំនួន​២ ជាបន្ទាន់​ដូចជា ធ្វើលិខិត​ស្នើសុំ​កិច្ចសហការ​ ពី​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា មាន​វិធានការ ​ដើម្បី​ណែនាំ​ដល់​ក្រុមហ៊ុន​នាំចូល​នានា ​ដែលមាន​ការពាក់ព័ន្ធ ​នឹង​ការ​នាំចូល​ផលិតផល ​ដូច​បាន​រៀបរាប់​ខាងលើ ​ដោយ​តម្រូវឱ្យ​ភ្ជាប់​វិញ្ញាបនបត្រ​បញ្ជាក់ ​ការវិភាគ​អវត្តមាន​ នៃ​សារធាតុ​អេ​ទី​ឡែន អុកស៊ីត ​(Ethylene Oxide) ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​នៃ​ប្រទេស​នាំចេញ។​

ជាមួយ​គ្នានេះ ​លោក​បាន​បញ្ជា​កម្លាំង ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទឱ្យ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ឃ្លាំង​ស្តុក បណ្តា​ផ្សារ​មិន​រៀបរយ ផ្សារ​ទំនើប ​និង​ផ្ទះ​លក់ទំនិញ នៅ​គ្រប់​រាជធានី-​ខេត្ត ដើម្បី​ស្វែងរក​ផលិតផល​ទាំង​៣​ប្រភេទ​នោះ​ ប៉ុន្តែ​ពុំទាន់​រកឃើញ​នៅឡើយ​ទេ៕

អ្នកជំនាញរំពឹងវិស័យទេសចរណ៍នឹងហុចផលដល់អចលនទ្រព្យនៅខេត្តសៀមរាប

ដោយៈ សុផារី

សៀមរាបៈ ខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍ ដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំមកនូវផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យអចលនទ្រព្យផងដែរ។

ក្នុងឆមាសទី១ឆ្នាំ២០២២ កំណើនទេសចរបានមកកាន់ទឹកដីខេត្តមួយនេះ បានបង្ហាញសញ្ញាវិជ្ជមានដល់ការងើបឡើងវិញ នៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្នុងឆមាសទី២ឆ្នាំ២០២២។

នាយកប្រតិបត្តិក្រុមហ៊ុន KW Siem Reap បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ខេត្តសៀមរាបនៅតែជាទីតាំងមួយ ដែលមានសក្កានុពលខ្ពស់ នៅក្នុងការវិនិយោគ លើអចលនទ្រព្យក្នុងឆមាសទី២ នៃឆ្នាំ២០២២នេះ ព្រោះដោយសារសញ្ញាត្រលប់មកវិញ នៃទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិ បានផ្តល់ក្តីសង្ឃឹម ដល់ការងើបស្ទុះឡើងវិញនៃវិស័យមួយនេះ។

បើយោងតាមទិន្នន័យចុងក្រោយរបស់គ្រឹស្ថានអង្គរ ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២២ ឧទ្យានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត៤,៦ម៉ឺននាក់ កើនឡើងខ្ពស់រហូតដល់៨៥៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងងទទួលបានចំណូលប្រមាណ១,៨៥លានដុល្លារអាមេរិក ពីការលក់ប័ណ្ណ បានចូលទស្សនារមណីយដ្ឋានអង្គរ ស្មើនឹងកំណើន៨៤១ភាគរយផងដែរ។

តាមរយៈកំណើនភ្ញៀវយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញថា ខេត្តសៀមរាប នឹងបន្តក្លាយជាគោលដៅទេសចរណ៍សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងស្ថានភាពក្រោយវិបត្តិជំងឺកូវីដ១៩។

លោកកែវ សុធារ៉ាបានសម្តែងសុទិដ្ឋិនិយមថា តាមរយៈកំណើនភ្ញៀវទេសចរណ៍ចូលមកកាន់ខេត្តសៀមរាប នឹងនាំវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដែលនឹងជំរុញតម្រូវការការប្រើប្រាស់ដីធ្លីក្នុងមូលដ្ឋាន និងតម្រូវការអចលនទ្រព្យផងដែរ។

លោកបានបន្តថា “នៅពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឬអ្នកវិនិយោគ តម្រូវការផ្សេងៗនៅក្នុងតំបន់ ប្រាកដជាកើតមាន ហើយតម្រូវការដីធ្លី ប្រាកដជាមានការកើនឡើងខ្ពស់។ ដូច្នេះខេត្តសៀមរាបជាខេត្តមួយ ដែលមិនគួរចន្លោះ”។

យ៉ាងណាក្តី លោកបានបញ្ជាក់ថា សម្រាប់ការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីខេត្តសៀមរាប អ្នកវិនិយោគទាំងឡាយ គួរតែពឹងពាក់ទៅលើក្រុមហ៊ុនអចលនទ្រព្យជំនាញ ឬអ្នកជំនាញអចលនទ្រព្យ ដែលមានព័ត៌មា​នក្នុងដែលច្បាស់លាស់ ទាក់ទងនឹងតម្លៃ ការអភិវឌ្ឍគម្រោងរដ្ឋ និងឯកជន ។ល។ ទើបការវិនិយោគអាចទទួលបានផលចំណេញខ្ពស់៕

លោកជំទាវគង់ សំណាងៈ ការវិនិយោគបុរីវិមានសំណាងមិនផ្តោតលើប្រាក់ចំណេញលេខរៀងទី១ទេ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ថា ការវិនិយោគបុរីវិមានសំណាង និងបុរីKS Residence មិនផ្តោតលើប្រាក់ចំណេញនៅលេខរៀងទី១ទេ។

លោកជំទាវបានមានប្រសាសន៍ក្នុងពិធីបើក សម្ភោធការិយាលយ័លក់បុរីវិមាន សំណាងកាលពីព្រឹកថ្ងៃទី៣១ កក្កដាថា ការសាងសង់បុរីគ្រប់ទីតាំងរបស់យើងខ្ញុំ ទាំងបុរី​ខេអេស និងវិមានសំណាង គឺមិនមែនផ្តោតលើប្រាក់ចំណេញ នៅលេខរៀងទី១ទេ ដោយប្រាក់ចំណេញទុកនៅលំដាប់ចុងក្រោយគេ។

លោកជំទាវបញ្ជាក់ថា “លំដាប់ទី១ គឺនាងខ្ញុំផ្តោតលើការសាងសង់សំណ​ង់ដ៏មានគុណភាពរឹងមាំ បញ្ជៀសពីការជ្រាបទឹក ដោយគ្រប់ជាន់សុទ្ធតែចាក់ប្លង់សេ​ សូម្បីជាន់តំបូលគ្បឿងក៏ចាក់ប្លង់សេដែរ”។

លំដាប់ទី២ គឺការផ្តោតទៅលើសោភណ្ឌ័ភាព និងផាសុខភាព ដោយការរចនាម៉ូតផ្ទះបែបក្លាសិក ស្អាតៗសមស្របទៅ និងទំនោរចិត្តអតិថិជនបច្ចុប្បន្ន ព្រមទាំងផ្តល់នូវបរិយាកាសរស់នៅល្អ ដោយមានសួនច្បារធំៗ ក្លិបហាត់ប្រាណ អាងហែលទឹក និងជាពិសេសមានទេស ភាពមាត់ព្រែកធម្មជាតិ ដែលអាចជិះកង់ ហាត់ប្រាណ និងស្ទួចត្រីកំសាន្តបាន បូករួមទាំងការរក្សារសន្តិសុខល្អ និងផ្តល់សុវត្ថិភាពដល់អ្នករស់នៅ។

លោកជំទាវបន្តថា “ការកសាងកេរ្ត៍ឈ្មោះ បុរីវិមានសំណា​ង អោយឈរលើទីផ្សារទៅថ្ងៃខាងមុខ អោយរឹតតែមានភាពល្បីល្បាញ”។

នាឱកាសសម្ភោធការិយាលយ័លក់នាថ្ងៃនេះ យើងខ្ញុំមានការផ្តល់ជូនពិសេស សំរាប់តែថ្ងៃនេះ១ថ្ងៃប៉ុណ្ណោះ គឺសំរាប់ភ្ញៀវដែលកក់ក្នុងថ្ងៃនេះ និងបញ្ចុះជូនរហូតដល់១៥,០០០ដុល្លារ ការបង់ប្រាក់២០% រយ:ពេល២០ខែ ស្មើរ១%ក្នុង១ខែ និងការចាប់រង្វាន់ជូនទូរសព្ទ័,IPAD និងទូរទស្សន៍ជាដើម។

លោកជំទាវបានពន្យល់ពីការដាក់ឈ្មោះបុរីនេះថា មានបងប្អូន​មិត្តភក្រ្ត័ជាច្រើនបានសួរថា ហេតុអ្វីដាក់ឈ្មោះថា បុរីវិមានសំណាង នាងខ្ញុំសូមបញ្ជាក់ថា “ខ្ញុំស្រលាញ់ឈ្មោះនេះពិរោះ និងមានអត្តនយ័ល្អ គឺមាននយ័ថាផ្ទះស្អាតប្រណិត​ៗ និងផ្តល់នូវសំណាងល្អ”។

លោកជំទាវគង់ សំណាងបានបន្តទៀតថា ដោយសារស្រលាញ់អាជីពជាអ្នកសាងសង់បុរី ចាប់តាំងពីឆ្នាំ២០១៥មក នាងខ្ញុំបានចាប់ផ្តើមដើរមើល ស្វែងរកទិញដី សិក្សាពីបច្ចេកទេសសំណង់ អំពីទីផ្សារនិងទំនោរចិត្តអតិថិជនជាដើម។​ ដូច្នេះនៅឆ្នាំ២០១៩ នាងខ្ញុំចាប់ផ្តើមសាងសង់បុរី១ កន្លែងនៅផ្លូវជាតិលេខ១​តំបន់គៀនស្វាយ ដែលមានចំនួនជាង៣០០ផ្ទះ ដែលផ្តោតលើអតិថិជនគោលដៅ ជាអ្នកមានជីវភាពមធ្យមចុះក្រោម ដោយតំលៃផ្ទះចាប់ពី៤៧,០០០ដុល្លារ ដល់១០ម៉ឺនដុល្លារអាមេរិក៕

មន្រ្តីជាន់ខ្ពស់ៈ ការវិនិយោគផ្សារហ៊ុនរយៈពេលវែង មានផលចំណេញប្រហាក់ប្រហែលគ្នានឹងវិស័យអចលនទ្រព្យ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃផ្សារហ៊ុនកម្ពុជាបានលើកឡើងថា ការវិនិ​យោ​គលើផ្សារហ៊ុនរយៈពេលវែង មានផលចំណេញប្រហាក់​ប្រហែលគ្នានឹងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជា លោ​កហុង សុហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុ​នថា ការវិនិយោគភាគហ៊ុនឬទិញមូលបត្រ នឹងអាចធ្វើឲ្យអ្នក​វិនិយោគទទួលភាពមានបាន ដូចជាការវិនិយោគដីធ្លីផងដែរ។

លោកបន្តទៀតថា “របៀបវិនិយោគដីធ្លី មានការពេញនិយមច្រើននៅកម្ពុជាយើង ដែលមនុស្សមានធនធានស្ទើរគ្រប់គ្នា បានវិនិយោគលើដីធ្លី ប៉ុន្តែការវិនិយោគលើវិស័យមូលបត្រ នៅមានកម្រិតនៅឡើយ”។ លោកបន្តថា “បើផ្អែកលើតួលេខអ្នកវិនិយោគទិញភាគហ៊ុន ឬមូលបត្រ គឺមានចំនួនតិចជាងអ្នកវិនិយោគដីធ្លី ប៉ុន្តែការពិតផលចំណេញពីវិស័យទាំងពីរនេះ មានភាពត្រដំត្រសងគ្នា”។

លោកហុង សុហួរបានបន្តដោយពន្យល់ថា ការវិនិយោគលើភាគហ៊ុនក្នុងរយៈពេលវែង គឺមានការកើនឡើងថ្លៃដល់កម្រិត១គុណ នឹងជាងបីដង និងភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន បានកើនឡើងជាង២ដងដែរ។ អញ្ចឹងមានន័យថា ការវិនិយោគភាគហ៊ុន បានឡើងថ្លៃដូចអចលនទ្រព្យដែរ។

លោកលើកជាអំណះអំណាងថា ទី១ ការវិនិយោគភាគហ៊ុនលើរយៈពេលវែង វាក៏មានការឡើងថ្លៃគ្រាន់បើដែរ ប៉ុន្តែកន្លងមកមានអ្នកវិនិយោគខ្លះបានវិនិយោគរយៈពេលខ្លី ក៏ពោលថាមិនចំណេញ ប៉ុន្តែបើយើងសង្កេតមើលវិស័យអចលនទ្រព្យ ក៏វាមានពេលមិនកើនឡើង ធ្លាក់ចុះដូចគ្នានឹងផ្សារហ៊ុនផងដែរ ទី២ ផ្សាររបស់យើងនៅក្មេងខ្ចី ទំហំជួញដូរនៅតិច អ្នកវិនិយោគនៅតិច ដែលធ្វើឲ្យថ្លៃភាគហ៊ុនមួយចំនួនមានតម្លៃទាប បើធៀបនឹង​ផ្សារមូលបត្រនៅប្រទេសដទៃ ប៉ុន្តែនៅពេលអនាគត ទំហំជួញដូររបស់យើងនឹងកើនឡើង និងមានអ្នកវិនិយោគកើនកាន់តែច្រើន ពេលនោះថ្លៃភាគហ៊ុនរបស់យើង នឹងមានភាពល្អជាងពេលបច្ចុប្បន្ន។

លោកហុង សុហួរបានបន្តថា “អញ្ចឹងពេលបច្ចុប្បន្ននេះ ថ្លៃហ៊ុននៅមានតម្លៃទាប ក៏ជាឱកាសល្អសំរាប់ការវិនិយោគ”។ លោកបន្ថែមថា “ដូចការវិនិយោគដីធ្លីដែរ កន្លែងណាដែលមិនទាន់មានសភាពឈូឆរ ក៏មានឱ​កាសកើនឡើងតម្លៃខ្ពស់នាពេលអនាគត”។

លោកបន្តថា បើយើងមើលប្រទេសមានការរីកចម្រើនមធ្យម និងខ្លាំង វិស័យអចលនទ្រព្យ និងវិស័យមូលបត្រមានភាពត្រដំត្រសងគ្នាទេ មានពេលខ្លះវិស័យមូកបត្រ ទទួលបានផលចំណេញល្អជាង វិស័យអចលនទ្រព្យ និងពេលខ្លះក៏វិស័យអចលនទ្រព្យ មានផលចំណេញជាងវិស័យមូលបត្រ។

លោកបន្ថែមថា “អញ្ចឹងបានខ្ញុំហ៊ានអះអាងថា វិស័យទាំងពីរនេះអាចរកបានផលចំណេញត្រដំត្រសងគ្នា គឺវាមានពេលរបស់វា”។ លោកបន្តថា “អ្វីខ្ញុំចង់លើកទឹកចិត្ត គឺសាធារណៈជន អាចសាកល្បងរៀនសូត្រវិនិយោគបណ្តើរៗ ព្រោះអីការវិនិយោគលើវិស័យមូលបត្រ ទាមទារឲ្យមានការស្វែងយល់ច្រើន ព្រោះវិស័យនេះ មិនអាចត្រឹមអានសៀវភៅ អាចយល់ដឹងបានស៊ីជម្រៅនោះទេ”៕