និន្នាការទីផ្សារកាន់តែមានភាពប្រែប្រួល បានធ្វើឲ្យចំនួនអ្នកលក់ដីធ្លីកើនឡើង តែខ្សត់អ្នកទិញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងឆ្នាំ២០២២នេះ អ្នកជំនាញជាច្រើនបានរំពឹងទុកថាសកម្មភាពនៃការទិញលក់ដីធ្លី នឹងចាប់ផ្ដើមកក្រើកឡើងវិញ ដោយសារតែសញ្ញាវិជ្ជមាន នៃស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសចាប់ផ្ដើមប្រសើរឡើងវិញជាបន្តបន្ទាប់។

ប៉ុន្តែអ្វីៗមិនទាន់មានសភាពរលូននៅឡើយទេ ដោយនៅតាមបណ្ដាខេត្តមួយចំនួន សំបូរទៅដោយអ្នកលក់ដី តែមិនសូវមានអ្នកស្វែងរកទិញដីនោះទេ។

លោកមាឃ រឹទ្ធីជ័យ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីបានឱ្យដឹងកាលពី​ចុង​សប្តាហ៍មុនថា កាលពីមុននៅក្នុងខេត្តមណ្ឌលគីរី មានអ្នកស្វែងរកទិញដីច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីបានហក់ឡើងជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ប៉ុន្តែចូលដល់ឆ្នាំ២០២២ សកម្មភាពនៃការទិញលក់ដីធ្លីមិនសូវមានទេ នៅក្នុងខេត្តមួយនេះ ។

លោកបន្តថា “បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគីរី សំបូរទៅដោយអ្នកលក់ដី ដោយឃើញដីជាច្រើនបានដាក់ផ្លាកលក់ មិនថាដីនៅក្នុងក្រុង ឬដីនៅតាមស្រុកឡើយ”។លោកបន្តថា “សម្បូរអ្នកលក់ ប៉ុន្តែសម្រាប់អ្នកទិញវិញមិនសូវមានច្រើនទេ ដូច្នេះហើយទើបធ្វើឱ្យចរន្ត នៃការដោះដូរដីនៅក្នុងខេត្តមណ្ឌលគីរីមានតិចតួច”។

លោកមាឃ រឹទ្ធីជ័យបានបន្តថា ថ្វីត្បិតតែ មានអ្នកលក់ដីច្រើនជាងអ្នកទិញបែបនេះក្ដី តែមិនបានធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តនេះ ធ្លាក់ចុះនោះឡើយ តម្លៃនៅតែរក្សាស្ថិរភាពដដែល គ្រាន់តែមិនមានការព្រមព្រៀងឬដោះដូរ។
លោកបន្តថា ពីមុនមានអ្នកវិនិយោគ មកពីខេត្តផ្សេងទៀតស្វែងរកទិញដីនៅមណ្ឌលគីរីច្រើនណាស់។ ខ្លះទិញសម្រាប់អភិវឌ្ឍន៍ជារីសត ផ្ទះសំណាក់ ឬបង្កើតជារមណីយដ្ឋាននានា ដូចជាមកពីខេត្តសៀមរាប បាត់ដំបង ពីភ្នំពេញ ក្រុងព្រះសីហនុជាដើម តែក្រោយមកក៏ស្ងាត់ទៅវិញ ។

សម្រាប់ពេលនេះ បើសិនជាវិនិយោគិនមានទុនគ្រប់គ្រាន់ ក្នុងការបណ្ដាក់ទុនវិនិយោគលើដីធ្លី អាចមានឱកាសក្នុងការរកប្រាក់ចំណេញនៅពេលអនាគត និងអាចជ្រើសរើសទីតាំង ដែលមានសក្ដានុពលបានផងដែរ ។

នៅពេលមានការប្រកាសលក់ច្រើនដូចពេលនេះ អ្នកទិញអាចមានឥទ្ធិពលក្នុងការចរចាជាមួយអ្នកលក់ ។

ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តឧត្តរមានជ័យលោក រ៉ៃ ឬទ្ធី ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ បើអ្នកមានលុយក្នុងការប្រមូលទិញដី នៅក្នុងខេត្តឧត្តរមានជ័យ នឹងក្លាយជាអ្នកមាននៅពេលអនាគត ពីព្រោះថាឧត្តរមានជ័យ ជាខេត្តជាប់ព្រំដែនថៃ ហើយវានឹងមានសក្ដានុពល កាន់តែខ្លាំងនៅពេលរដ្ឋាភិបាលអភិវឌ្ឍន៍ច្រកព្រំដែនអន្តរជាតិបន្ថែម។

ភ្នាក់ងាររូបនេះបានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខេត្តឧត្តរមានជ័យនាពេលនេះ នៅមានកម្រិតតិចតួចនៅឡើយតែនៅពេលអនាគត តម្លៃដីធ្លីនឹងមានសន្ទុះ ។ ដោយឃើញបែបនេះ អ្នកមានលុយក្នុងខេត្តផ្ទាល់បានប្រមូលទិញទុកយកចំណេញ ឬអាចទុកអភិវឌ្ឍន៍ដោយខ្លួនឯងនៅពេលខាងមុខ ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានផ្ដល់ជាយោបល់ថា ដីធ្លីនៅតែមានឱកាស ក្នុងការរកប្រាក់ចំណេញនៅពេលអនាគត ។ ក្នុងស្ថានភាពបែបនេះ អ្នកមានចំណូលល្មមៗ មិនគួរវិនិយោគទៅលើផ្ទះខុនដូនោះទេ តែអាចទិញដីតម្លៃសមរម្យ ទុកយកចំណេញនៅពេលខាងមុខបាន៕

ក្រុមហ៊ុនអាមេរិក បោះទុនវិនិយោគ១៣ពាន់លានដុល្លារ បង្កើតស្ថានីយអគ្គិសនីដើរដោយកង្ការខ្យល់

ដោយសុខុម

ហាណូយ: ក្រុមហ៊ុនថាមពលអគ្គិសនី AES Corp ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គ្រោងនឹងអភិវឌ្ឍស្ថានីយថាមពលអគ្គិសនីដើរដោយកង្ហារខ្យល់ក្នុងទឹកសមុទ្រ (Offshore Wind Farm) ដ៏ធំមួយនៅប្រទេសវៀតណាម។

វៀតណាម បាននិយាយកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ថា គម្រោងស្ថានីយអគ្គិសនីនេះនឹងអាចបង្កើនសមត្ថភាពថាមពលកង្ហារខ្យល់របស់ខ្លួនបានដល់ទៅទ្វេដង។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានីយអគ្គិសនីដើរដោយកង្ហារខ្យល់ក្រោមទុនវិនិយោគដល់ទៅប្រមាណ១៣ពាន់លានដុល្លារ និងដែលមានសមត្ថភាពផលិតអគ្គិសនីបាន៤.០០០មេហ្គាវ៉ាត់ (MW) នេះនឹងត្រូវសាងសង់ឡើងនៅក្នុងខេត្ត Binh Thuan ភាគកណ្តាលនៃប្រទេសវៀតណាម។

ទោះជាយ៉ាងណា ក្រុមហ៊ុន AES Corp ភ្លាមៗមិនបានឆ្លើយបំភ្លឺទេជុំវិញដំណឹងនេះ នៅពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋឱ្យដឹងថា បច្ចុប្បន្នប្រទេសវៀតណាម មានសមត្ថភាពផលិតអគ្គិសនីដើរដោយកង្ហារខ្យល់សរុបបានប្រមាណ៤.០០០មេហ្គាវ៉ាត់ (MW) ហើយចង់ដំឡើងស្ថានីយកង្ហារខ្យល់ដើម្បីផលិតអគ្គិសនីឱ្យបាន១១.០០០មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៣០ និង៦៦.០០០មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០៤៥។

ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុន AES Corp បានដាក់លិខិតបញ្ជាក់ពីគោលបំណងអភិវឌ្ឍគម្រោងនេះជូនទៅគណៈប្រតិភូថាមពលវៀតណាម រួចហើយអំឡុងកិច្ចសន្ទនាអំពីសន្តិសុខថាមពលវៀតណាម-អាមេរិក ប្រចាំឆ្នាំនៅវ៉ាស៊ីនតោន កាលពីដើមសប្ដាហ៍នេះ៕ Reuters៕

ប្រទេសចិនបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមតំបន់ជនបទ

ដោយ៖ លាងហួរ

ប៉េកាំង៖ ប្រទេសចិនបានបង្កើនការវិនិយោគលើផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀត នៅតំបន់ជនបទ ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍតំបន់ជនបទ។

លោក Gu zhifeng មន្ត្រីក្រសួងដឹកជញ្ជូន បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានបញ្ចប់ការវិនិយោគទ្រព្យសកម្មថេរ ដែលមានតម្លៃ១៨៣,៥ពាន់លានយ័ន (ប្រហែល២៧,២៤ពាន់លានដុល្លារអាមេរិក) នៅផ្លូវជនបទ ក្នុងអំឡុងខែមករាដល់ខែមិថុនា កើនឡើង១៥,៩ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ។

ផ្លូវជនបទប្រមាណ៦ម៉ឺនគីឡូម៉ែត្រ និងស្ពានគ្មានសុវត្ថិភាពចំនួន៣២៨៣ត្រូវបានសាងសង់ឡើងវិញ កើនឡើង១៧,៧ភាគរយ និង៩,២ភាគរយរៀងធៀបនឹងឆ្នាំមុន។

យោងតាមលោក Gu zhifeng បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជនបទឡើងវិញបានបង្កើតការងារបណ្តោះអាសន្នដល់ប្រជាជននៅតាមជនបទប្រមាណ៤៩.០០០នាក់។

ប្រជាជននៅតាមជនបទកាន់តែច្រើននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងបែបនេះ ខណៈ ដែលប្រទេសចិនគ្រោងនឹងសាងសង់ឡើងវិញ នូវផ្លូវជនបទប្រវែង១៥ម៉ឺនគីឡូម៉ែត្រ និងស្ពានគ្មានសុវត្ថិភាពចំនួន៨ពាន់ នៅតាមតំបន់ជនបទ នៅឆ្នាំ២០២២នេះ៕

វិស័យអចលនទ្រព្យកូរ៉េខាងត្បូងដាំក្បាលចុះខ្លាំង ខណៈអត្រាការប្រាក់ត្រូវបានដំឡើងលឿនបំផុតមិនធ្លាប់មាន

ដោយ សុខុម

សេអ៊ូល: ទីផ្សារអចលនទ្រព្យនៃប្រទេសកូរ៉េខាងត្បូង បានដាំក្បាលចុះខ្លាំង ខណៈវិស័យនេះទទួលរងផលប៉ះពាល់ខ្លាំងពីការដំឡើងអត្រាការប្រាក់ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ហើយស្ថានភាពនេះបានដាក់សម្ពាធកាន់តែខ្លាំងលើពលរដ្ឋមួយកូរ៉េ ដែលស្ថិតក្នុងចំណោមអតិថិជនប្រើប្រាស់ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឱ្យដឹងថា តម្លៃអាផាតម៉ិននៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុនបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល២៦ខែមកនេះ ខណៈចំនួនប្រតិបត្តិការទិញលក់ក្នុងរដ្ឋធានីបានធ្លាក់ចុះរហូតដល់ទៅ៧៣%ក្នុងខែមិថុនា បើធៀបទៅនឹងឆ្នាំមុន។

បំណុលរហូតដល់ទៅ១,៩៧ទ្រីលានដុល្លារអាមេរិក ទាក់ទិននឹងទីផ្សារអចលនទ្រព្យនេះប្រឈមនឹងតេស្តសាកល្បងដ៏សំខាន់មួយ ខណៈអត្រាការប្រាក់កើនឡើងខ្ពស់ ដោយការកើនឡើងខ្ពស់នូវចំនួនទឹកប្រាក់ទូទាត់កម្ចីទិញផ្ទះទំនងជាបានធ្វើឱ្យតម្រូវការអចលនទ្រព្យធ្លាក់ចុះ។

ដោយជិត៣ភាគ៤នៃទ្រព្យសម្បត្តិគ្រួសារពលរដ្ឋកូរ៉េខាងត្បូង ជាប់ទាក់ទិននឹងអចលនទ្រព្យ ក្រុមអ្នកបង្កើតគោលនយោបាយព្រួយបារម្ភថា ការកើនឡើងកាន់តែខ្ពស់នូវអត្រាការប្រាក់លើកម្ចីទិញផ្ទះអាចធ្វើឱ្យការខកខានទូទាត់បំណុលកើនឡើង ហើយធ្វើឱ្យសេដ្ឋកិច្ចនេះកាន់តែឈានជិតទៅរកវិបត្តិហិរញ្ញវត្ថុ។

និយ័តករហិរញ្ញវត្ថុរំពឹងថា ចំនួនអ្នកដែលអាចខកខានទូទាត់ប្រាក់កម្ចីរបស់ខ្លួននឹងកើនឡើងពីកន្លះលានដល់១,៩លាននាក់ នៅពេលអត្រាប្រាក់លើកម្ចីទិញផ្ទះជាមធ្យមឈានដល់៧%ពីអត្រា៥-៦%នាពេលបច្ចុប្បន្ន៕

លំហូរទុនវិនិយោគបរទេសរបស់ប្រទេសវៀតណាមធ្លាក់ចុះខ្លាំងក្នុងរយៈពេល៧ខែនេះ

ដោយ: លាងហួរ

ហាណូយ: ក្រសួងផែនការ និងការវិនិយោគ បានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញលំហូរវិនិយោគបរទេសប្រមាណជាង១៥,៤១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២នេះ ធ្លាក់ចុះ៧,១ភាគរយ ធៀបនឹងឆ្នាំមុន។

ប្រទេសវៀតណាមបានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន៩២៧ ដែលមានទុនវិនិយោគសរុបជាង៥,៧២ពាន់លានដុល្លារ ធ្លាក់ចុះ៧,៩ភាគរយគិតជាបរិមាណ និង៤៣,៥ភាគរយគិតជាដើមទុន។

ប្រទេសវៀតណាមក៏បានអនុម័តគម្រោង FDI ប្រតិបត្តិការចំនួន៥៧៩ ដែលបង្កើនដើមទុនវិនិយោគសរុបចំនួន៧,២៤ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ដោយកើនឡើង៥៩,៣ភាគរយ។

ចាប់ពីខែមករាដល់ខែកក្កដា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដែលបានហូរចូលទៅក្នុងប្រទេសវៀតណាមមានចំនួនសរុបជិត១១,៥៧ពាន់លានដុល្លារ កើនឡើង១០,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

កម្ពុជាហាមឃាត់ការនាំចូលមីកញ្ចប់វៀតណាម និងការ៉េមល្បីឈ្មោះបារាំង ក្រោយរកឃើញមាន​ផ្ទុក​សារធាតុប៉ះពាល់សុខភាព

ដោយ៖ សហការី

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ណែនាំ​ទៅ​ដល់​ប្រធាន​នាយក​ដា្ឋ​ន សាខា និង​ការិយាល័យ​គយ និង​រដ្ឋ​ករ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​បណ្តោះអាសន្ន លើ​ការ​នាំ​ចូល​ផលិតផល​មី​កញ្ចប់ និង​កា​រ៉េ​ម សង្ស័យ​ថា មាន​ផ្ទុក​សារធាតុ អេ​មី​ឡែ​ន​អុកស៊ីត (Ethylene Oxide) ដែល​អាច​បង្ក​ហានិភ័យ​ផ្នែក​សុខភាព​ដល់​អ្នក​ប្រើប្រាស់។

អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​របស់​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​មួយ​ចំនួន បាន​រក​ឃើញ​លើ​ផលិតផល​មី​កញ្ចប់ និង​កា​រ៉េ​ម​មួយ​ចំនួន មាន​ផ្ទុក​សំណល់​សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត ដែល​សហភាព​អឺរ៉ុប អា​មេ​រិ​ក និង​អង្គការ​សុខភាព​ពិភពលោក ចាត់​ទុក​ថា​ជា​សារធាតុ​បង្ក​ហានិភ័យ ជា​ជំងឺមហារីក ចំពោះ​អ្នក​ប្រើប្រាស់ ។

ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ការពារ​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ​សុខុមាលភាព​អ្នក​ប្រើប្រាស់ សូម​ធ្វើការ​ណែនាំ​បណ្តោះអាសន្ន​មួយ​ចំនួន ដូច​ខាងក្រោម ៖

១. ចាប់ពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ តទៅ រាល់​ការ​នាំ​ចូល​ទំនិញ​ជា​មី​កញ្ចប់​ម៉ាក “Lucky Me!” ផលិត​នៅ​ប្រទេស​ថៃ​, មី​កញ្ចប់​ម៉ាក “Háo Háo” ផលិត​នៅ​ប្រទេស​វៀតណាម និង​កា​រ៉េ​ម​ម៉ាក “Häagen-Dazs”(Vanilla) ផលិត​នៅ​ប្រទេស​បារាំង ដូច​មាន​បរិយាយ​លម្អិត ក្នុង​បញ្ជី​ភ្ជាប់​មក​ជាមួយ​លិខិត​នេះ ត្រូវ​មាន​អម​មក​ជាមួយ​នូវ​វិញ្ញាបនបត្រ បញ្ជាក់​ការ​វិភាគ​សារធាតុ Ethylene Oxide ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ត​ត​ពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ នៃ​ប្រទេស​នាំ​ចេញ។

ដោយឡែក ចំពោះ​ទំនិញ​ដែល​មក​ដល់​ដែន​គយ មុន​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ អ្នក​នាំ​ចូល​ត្រូវ​ដក​សំណាក​ទំនិញ ធ្វើការ​វិភាគ​សារធាតុ Ethylene Oxide នៅ​អគ្គនាយកដ្ឋានការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម មុន​ពេល​អនុញ្ញាត​ឱ្យ​បញ្ចេញ​ទំនិញ​ពី​គយ។

២. នាយកដ្ឋាន​សវន​កម្ម​គយ ត្រូវ​ធ្វើការ​តាមដាន និង​វាយតម្លៃ​ហានិភ័យ​លើ​ផលិតផល​ទាំងនេះ ជា​ប្រចាំ​ដើម្បី​លើក​វិធានការ​អនុវត្ត​ឲ្យ​បាន​ទាល់​ពេល និង​មាន​ប្រសិទ្ធភាព ។

៣. មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​ទិន្នន័យ​ដែល​ប្រកាស​ក្នុង​ឯកសារ​ជាមួយនឹង​ទំនិញ​ជាក់ស្ដែង ដើម្បី​ជៀសវាង​ការ​បន្លំ​នាំ​ចូល​ងាយ​គេចវេស​ពី​វិធានការ​ខាងលើ​ជាយថាហេតុ ។

៤. ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ធុរជន​ពាក់ព័ន្ធ ឲ្យ​បាន​ទូលំទូលាយ​នៅ​តាម​ភូមិសាស្ត្រ នៃ​អង្គភាព​រៀង​ៗ​ខ្លួន​អំពី​វិធានការ​នេះ៕

 

ខេត្តកំពតបន្តទទួលបានការវិនិយោគលើវិស័យសំណង់ក្រោមទុនជាង១៨លានដុល្លារអាមេរិក ក្នុងឆមាសទី១ឆ្នាំនេះ

ដោយ៖ វឌ្ឍនៈ

កំពត៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ វិស័យសំណង់នៅក្នុងខេត្តកំពតនៅតែទទួលបានការវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់។

គិតមកដល់ពេលនេះ ក្នុងខេត្តកំពតទាំងមូលមានអគារសរុបមានចំនួន១៦១គម្រោង ដែលមានផ្ទៃក្រឡាសរុបស្មើនឹង៥២.៦៥៨ម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង១៨លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ សំណង់មានលិខិតអនុញ្ញាតសាងសង់ចំនួន១៤២គម្រោង និងគ្មានលិខិតអនុញ្ញាតចំនួន១៩គម្រោង។

លោក ស៊ឹម សុខជា អនុប្រធានមន្ទីរបានបានប្រសាសន៍ថា ខេត្តកំពតនៅមានសំណង់គ្មានលិខិតអនុញ្ញាតិ សរុបចំនួន១៩គម្រោង ដែលមានផ្ទៃក្រឡាសរុបចំនួន៣.២៦០ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹងជិត១លាន២សែនដុល្លារ ក្នុងនោះក្រុងបូកគោមាន១០គម្រោង ស្រុកឈូកមាន៩គម្រោង។

មន្ត្រីជំនាញទទួលបន្ទុកផ្នែកសំណង់រូបនេះ បានបញ្ជាក់ថា តាមការសង្កេតពិនិត្យ ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសំណង់នៅមានកម្រិត។ សំណង់មួយចំនួននៅតាមបណ្តាក្រុង/ស្រុក នៅតែសាងសង់លើសជាន់ លើសទំហំ ដែលបានចេញលិខិតអនុញ្ញាតដោយរដ្ឋបាលក្រុង/ស្រុក ហើយនៅតាមការដ្ឋានមួយចំនួនតូច មិនបានធ្វើរបាំងសុវត្ថិភាព ឬឧបករណ៍សុវត្ថិភាពដល់កម្មករ និងជាងឡើយ។ ក្រុមជាងសាងសង់មួយចំនួនមិនមានស្ថាបត្យករ ឬវិស្វករប្រចាំការនៅការដ្ឋាន ធ្វើតែតាមម្ចាស់សំណង់បង្គាប់ និងគ្មានលិខិតអនុញ្ញាតិជាដើម ទោះជាមន្ត្រីជំនាញចុះផ្សព្វផ្សាយពន្យល់លក្ខណៈបច្ចេកទេសញឹកញាប់ហើយក៏ដោយ។

ក្នុងឆ្នាំ២០២១ វិស័យសំណង់ខេត្តកំពត មាន៣១៩គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង១០៦.៩៥៩ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹងជាង៣៨លានដុល្លារ ក្នុងនោះសំណង់គ្មានលិខិតអនុញ្ញាតសាងសង់សរុបចំនួន២៨គម្រោង ផ្ទៃក្រឡាសរុបស្មើ៧.៨៧០ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មាន ស្មើនឹងជិត៣លានដុល្លារ។

លោកជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុន Sunshine Realty បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពតក៏មានការអភិវឌ្ឍ ទៅលើផ្ទះលំហែកាយច្រើនផងដែរ ជាពិសេសនៅតំបន់ជិតៗតំបន់រមណីយដ្ឋាន ដោយសារតែខេត្តនេះជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍលើផ្ទះប្រភេទនេះ៕

ADB: ឡាវស្ថិតក្នុងចំណោមប្រទេសមានអតិផរណាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០២២

ដោយ៖ សុខុម

បាងកក: របាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បង្ហាញថា ការព្យាករអតិផរណាសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២២ ត្រូវបានដំឡើងយ៉ាងខ្លាំងពី៣,៧%ដល់៤,៧%។

នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែកក្កដា នេះ។

របាយការណ៍ដែលមានឈ្មោះថា “ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី ប្រចាំឆ្នាំ២០២២” (Asian Development Outlook (ADO) 2022) របស់ធនាគារ ADB បង្ហាញថា ប្រទេសឡាវ ស្ថិតក្នុងចំណោមបណ្ដាប្រទេសដែលមានអត្រាអតិផរណាខ្ពស់បំផុតនៅក្នុងតំបន់ ខណៈទំនិញបានហក់ឡើងថ្លៃរហូតដល់ទៅ២៣,៦%ក្នុងខែមិថុនា។

ទន្ទឹមនឹងនេះ អត្រាអតិផរណាដែលបានកត់ការណ៍ក្នុងបណ្ដាប្រទេសអាស៊ាន ផ្សេងទៀតសម្រាប់ខែដដែលនេះរួមមានប្រទេសថៃ (៧,៧%) វៀតណាម (៣,៤%) ហ្វីលីពីន (៦,១%) និងឥណ្ឌូនេស៊ី (៤,៣%)។

ធនាគារ ADB ក៏បានកែប្រែអតិផរណាសម្រាប់ឆ្នាំក្រោយពី៣,១%ទៅ៣,៤%ផងដែរ។ អត្រាអតិផរណាកាន់តែខ្ពស់សម្រាប់ទាំង២ឆ្នាំនេះ គឺដោយសារតែថាមពល និងចំណីអាហារហក់ឡើងថ្លៃខ្លាំង និងការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់។ ការព្យាករអតិផរណាសម្រាប់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២២ ត្រូវបានដំឡើងពី៣,៦%ទៅ៤%។

ទន្ទឹមនឹងនេះ ការព្យាករអតិផរណាសម្រាប់ប្រទេសថៃ ត្រូវបានដំឡើងពី៣,៣%ទៅ៦,៣%សម្រាប់ឆ្នាំ២០២២ និងពី២,២%ទៅ២,៧%សម្រាប់ឆ្នាំ២០២៣៕

រាជរដ្ឋាភិបាលគ្រោងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទំនើបបំផុតក្នុងខេត្តក្រុងចំនួន៣ត្រឹមឆ្នាំ២០២៥

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យា​ឱ្យមកវិនិយោគ ហើយគ្រោងនឹងបង្កើតឱ្យបានយ៉ាងតិច៣កន្លែង ត្រឹមឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។

ក្រសួងបានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដានេះថា ការបង្កើត និងគ្រប់គ្រងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិតបង្កើតថ្មី និងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមបណ្តាក់ទុន និងសិក្សាស្រាវជ្រាវនៅកម្ពុជា។

លោកបានលើកឡើងថា តាមរយៈការចូលមកវិនិយោគក្នុងសួននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ត្រូវបានរំពឹងថានឹងអាចផ្ទេរបច្ចេកវិទ្យា និងវិទ្យាសាស្រ្តក្នុងស្រុក។

លោកបន្តថា “សួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតសំខាន់ទៅលើ ការធ្វើ Research and Development, Prototype រៀបចំសម្រាប់ការលើកទឹកចិត្តសម្រាប់អ្នកមានគំនិតនវានុវត្តន៍ ដូចជា Science Museum និងគិតគូដល់ការធ្វើ Artificial Intelligence Big Data ឬក៏ Robotics”។​

តាមផែនការ រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានយ៉ាងតិច៣កន្លែងត្រឹមឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ៕

តើស្ត្រីជួបបញ្ហាប្រឈមអ្វីខ្លះក្នុងការប្រឡូកក្នុងវិស័យអចលនទ្រព្យ?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិស័យអចលនទ្រព្យបាននិងកំពុងធ្វើឱ្យបុគ្គលជាច្រើន ទទួលបានជោគជ័យ ហើយកាលពីមុន អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ភាគច្រើនគឺជាបុរស តែមកដល់បច្ចុប្បន្ននេះ មានស្ត្រីកាន់តែច្រើនក៏បានចូលប្រឡូក ក្នុងវិស័យនេះ និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តផងដែរ។

យ៉ាងណាក្ដី ក្នុងការប្រឡូកក្នុងវិស័យនេះ ស្ត្រីក៏មានបញ្ហាប្រឈម និងផលលំបាកមួយចំនួន។ តើផលលំបាក និងបញ្ហាប្រឈមនោះមានអ្វីខ្លះ?

លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកានៃក្រុមហ៊ុន Khmer Real Estate និងជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុរី វិមានសំណាង បានមានប្រសាសន៍ថា ស្ត្រីក្នុងមុខជំនួញអចលនទ្រព្យ គឺពិតជាមានផលលំបាក តែសម្រាប់លោកជំទាវ ផលលំបាកមានតិចជាងភាពងាយស្រួល។

លោកជំទាវឧកញ៉ាបានមានប្រសាសន៍ សម្រាប់លោកជំទាវ ផលល្អមានច្រើនជាងផលលំបាក ហើយផលលំបាកមានតែមួយទេ គឺនៅពេលចុះទៅជួបភ្ញៀវ និងពេលជិះស្វែងរកទ្រព្យ ដូចជា ដីធ្លីមកដាក់លក់។ ការចុះទៅជួបភ្ញៀវ និងរកទ្រព្យនេះដែរ គឺត្រូវការគ្នាច្រើន ពីព្រោះនៅពេលស្ត្រីចុះទៅជួបភ្ញៀវ តែម្នាក់ឯង ឬស្វែងរកអចលនទ្រព្យ តែម្នាក់ឯង ពិតជាប្រឈមនឹងបញ្ហាច្រើន។

លោកជំទាវឧកញ៉ា មានប្រសាសន៍ថា “សម្រាប់ផលល្អវិញ គឺស្ត្រីមានអាទិភាពក្នុងការចរចាជាមួយភ្ញៀវ ព្រោះអីស្ត្រីមានភាពទន់ភ្លន់ មានភាពបត់បែនចេះនិយាយពីចំណុចល្អ មិនល្អជាមួយភ្ញៀវ និងអាចជំរុញឱ្យភ្ញៀវ រវាងអ្នកទិញ និងអ្នកលក់ឆាប់ត្រូវរ៉ូវគ្នា”។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ស្ត្រីគឺមានភាពពិបាកមែន នៅពេលចុះទៅជួបភ្ញៀវ ជាពិសេសភ្ញៀវបុរសៗ។ ភ្ញៀវខ្លះគាត់ចង់ជួប និងពិសាបាយជាមួយ ពេលខ្លះមានទទួលគ្រឿងស្រវឹងខ្លះៗ ដើម្បីឱ្យការចរចាបានរលូន។

អ្នកស្រីបន្តថា នៅពេលចុះទៅខេត្តម្ដងៗ ស្ត្រីក៏ពិបាកក្នុងការធ្វើដំណើរតែម្នាក់ឯង ដូចជាបុរសដែរ ដូច្នេះពេលចុះខេត្ត គឺត្រូវការមានគ្នាច្រើន ដើម្បីជួយដោះស្រាយ នៅពេលជួបបញ្ហា ហើយស្ត្រីក៏មានបន្ទុកមួយទៀត គឺមើលថែគ្រួសារនិងកូនៗ ដែលជាបន្ទុកបន្ថែម។

អ្នកស្រីបន្តថា យ៉ាងណាក្ដី ពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីកាន់តែច្រើនបានចូលប្រឡូកក្នុងវិស័យនេះ ពីព្រោះថាវិស័យនេះបានផ្ដល់ប្រយោជន៍ជាច្រើន ដល់ស្ត្រីក៏ដូចជាបុរស ក្នុងការរកប្រាក់ចំណូល៕