តើសម្បទានដីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផ្តល់ឱ្យរយៈពេលប៉ុន្មានឆ្នាំ?

ដោយ៖ សហការី

ភ្នំពេញ៖ សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទានមួយ យ៉ាងជាក់លាក់ទៅឱ្យសម្បទានិក (អ្នកទទួលបានសម្បទាន) ដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម។

សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យ ដើម្បីសម្រេចគោលបំណងដូចខាងក្រោម៖
១. អភិវឌ្ឍន៍សកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិ-ឧស្សាហកម្ម ដែលតម្រូវឱ្យមានការវិនិយោគដើមទុនដំបូង ក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប។
២. សម្រេចបាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ពីអ្នកវិនិយោគ សម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណៈសមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់នៃតំបន់នោះ។
៣. បង្កើតភាពមានការងារធ្វើនៅជនបទ ក្នុងក្របខ័ណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឱ្យមានកាលានុវត្តភាពនៃការ រកស៊ី។ចិញ្ចឹមជិវិតមានលក្ខណៈសម្បូ រណ៍បែប និងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិតាមប្រព័ន្ធអេកូឡូស៊ីសមស្រប។
៤. លើកទឹកចិត្តរាល់ការវិនិយោគក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ច។
៥. បង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ/សង្កាត់ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។

ដីសម្បទានសេដ្ឋកិច្ចអាចផ្ដល់ចំពោះតែដី ដែលមានលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យទាំង៥ដូចខាងក្រោម៖
១. ដីដែលបានចុះបញ្ជី និងបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
២. ដីដែលមានផែនការប្រើប្រាស់ដែល អនុម័តដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តក្រុង ហើយប្រើប្រាស់មានលក្ខណៈស្របទៅតាមផែនការនោះ។
៣. ដីដែលបានធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះកាប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោង សម្បទាន។
៤. ដីដែលមានដំណោះស្រាយចំពោះបញ្ហាតាំងទីលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន។ អាជ្ញាមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានា មិនមានការបង្ខំឱ្យធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស័្មគ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន។
៥. ដីដែលមានការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងតំបន់។

យោងតាមមាត្រា៥៣ នៃច្បាប់ស្ដីការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ បានបញ្ញត្តិថាសម្បទានដីសេដ្ឋកិច្ចមិនត្រូវមានរយៈពេលលើសពី៥០ឆ្នាំ មានទំហំច្រើនបំផុតមិនលើសពី១០.០០០ហិកតា។ បុគ្គលម្នាក់អាចទទួលបានសម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំដីសម្បទានសរុបមិនត្រូវលើសពី១០.០០០ហិកតាឡើយ។ ត្រូវហាមឃាត់ការផ្ដល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ ឬឱ្យនីតិបុគ្គលច្រើន ប៉ុន្តែគ្រប់គ្រងដោយរូបវន្តបុគ្គល ឬនីតិបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់។

សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដីជូនដល់សម្បទានិកបានទ្បើយ លើកលែងសម្បទានដីសង្គមកិច្ច ប៉ុន្តែអាចបង្កើតសិទ្ធិលើការប្រើប្រាស់ និងអាស្រ័យផលលើដី ព្រមទាំងទទួលបានវិញ្ញាបនបត្រសំគាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។ សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។

ករណីមានការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ សម្បទានិកត្រូវចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនក្នុងពេល១២ខែ បន្ទាប់ពីទទួលបានសម្បទានដី បើមិនដូច្នោះទេនឹងត្រូវទុកជាមោឃៈ។

សរុបមក សម្បទានដីសេដ្ឋកិច្ច គឺជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាសម្បទាន ជាក់លាក់ ក្នងគោលបំណងធ្វើអាជីវកម្ម និងកសិ-ឧស្សាហកម្ម និងបង្កើតចំណូលរដ្ឋ តាមរយៈការប្រមូលថ្លៃប្រើប្រាស់ដី ពន្ធ និងកម្រៃសេវាពាក់ព័ន្ធ។ សម្បទានិក ត្រូវធានាការគោរពកាតព្វកិច្ចឱ្យបានខ្ជាប់ខ្ជួនតាមកិច្ចសន្យាសម្បទាន ដើម្បីជៀសវាងការកើតមានកំហុសធ្ងន់ធ្ងរ ដែលអាចនឹងឈានដល់ដកហូតសម្បទានដីសេដ្ឋកិច្ចមកវិញ៕

អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ៖នៅចុងឆ្នាំ២០២៣ រាជធានីភ្នំពេញនឹងលែងខ្វះទឹកប្រើប្រាស់ទៀតហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ខណៈគិតមកត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២នេះ ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦ភាគរយហើយ តាមផែនការគ្រោងទុកនឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈជំហានទី២សម្រេចបាន ៤២ភាគរយផងដែរ។

ក្នុងឱកាសចុះទៅពិនិត្យពីវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានឱ្យដឹងថា ជំហានទី១ អាចផលិតទឹកស្អាត បាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦៦ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ហើយជំហានទី២ អាចផលិតបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក ឡុង ណារ៉ូ បានបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

លោករំពឹងថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ រាជធានីភ្នំពេញ នឹងលែងខ្វះទឹកប្រើប្រាស់តទៅទៀតហើយ ពីព្រោះពេលនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក បានពង្រីកបំពង់មេនាំទឹក ដែលដាក់បំពង់រហូតទៅដល់២ម៉ែត្រ ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាបតែម្តង។

លោក Cedric ROUDE នាយកគ្រប់គ្រងក្រុមហ៊ុនបារាំង VINCI ដែលទទួលសាងសង់រោងចក្រទឹកស្អាតបាក់ខែងនេះបានដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការជាមួយប្រទេសកម្ពុជា ជាពិសេសជាមួយរដ្ឋាករទឹកស្វយ័តភ្នំពេញតាំងពីឆ្នាំ២០១៣មកម្ល៉េះ។

រោងចក្រផលិតទឹកស្អាយបាក់ខែងនេះ បានបើកការដ្ឋានការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ពោលគឺចំពេល ដែលកម្ពុជាកំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ មិនមែនជាឧបសគ្គក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតរបស់កម្ពុជាឡើយ៕

តម្លៃផ្ទះឯកជនរបស់សឹង្ហបុរីកើនឡើង៣,៥ភាគរយនៅក្នុងត្រីមាសទី២

ដោយ: លាងហួរ

សឹង្ហបុរី: តម្លៃ ផ្ទះ ឯកជន ក្នុង ប្រទេស សឹង្ហ បុរី បាន កើនឡើង ក្នុង ល្បឿន លឿន ជាង មុន ៣,៥ភាគរយ ក្នុង ត្រីមាស ទី២ឆ្នាំ នេះ ដែល កើនឡើង៥ដង បើធៀប នឹង ការ កើនឡើង ០,៧ភាគរយ ក្នុង ត្រីមាស មុន។

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជន បានកើនឡើងដល់១៨០,៩ក្នុងត្រីមាសទីពីរ កើនឡើងពី១៧៤,៨ ក្នុងរយៈពេលបីខែមុន នេះបើយោងតាមស្ថិតិអចលនទ្រព្យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)នៅថ្ងៃសុក្រនេះ។

តម្លៃខុនដូបានកើនឡើង៣,៦ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងការថយចុះ០,៣ភាគរយនៅក្នុងត្រីមាសទីមួយ។

តម្លៃអចលនទ្រព្យ នៅតំបន់កណ្តាលទីក្រុង បានកើនឡើង១,៩ភាគរយ ខណៈតំបន់ផ្សេងទៀតនៃតំបន់កណ្តាល បានកើនឡើង៦,៤ភាគរយ។ ចំណែកតម្លៃខុនដូ នៅក្រៅតំបន់កណ្តាលបានកើនឡើង២,១ភាគរយនៅក្នុងត្រីមាសទីពីរ។

តម្លៃលំនៅឋានផ្ទាល់ដី(landed-home) បានកើនឡើង២,៩ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ធៀបនឹងការកើនឡើង៤,២ភាគរយក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២។

ប្រតិបត្តិការលក់បន្តមានចំនួនប្រហែល៦២,២ភាគរយ នៃប្រតិបត្តិការលក់ទាំងអស់នៅក្នុងត្រីមាសទីពីរ។ មានប្រតិបត្តិការលក់បន្តចំនួន៤២៣៦យូនីត នៅក្នុងត្រីមាសចុងក្រោយនេះ បើធៀបនឹងប្រតិបត្តិការលក់ចំនួន៣៣៣៧យូនីតក្នុងរយៈពេលបីខែមុន៕

សម្តេចតេជោជម្រុញការកសាងផ្លូវកំពង់ធំ តភ្ជាប់កំពង់ឆ្នាំង បាត់ដំបងនិងខេត្តសៀមរាប

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រុញការកសាងផ្លូវកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

លោកបានមានប្រសាសន៍បែបនេះព៌តមាននេះ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ ដែលមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ និងថ្នាក់ដឹកនាំក្រុមហ៊ុន YCH។

កន្លងមកការសាងសង់ស្ពាន តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ដោយភ្ជាប់ទៅកាន់តំបន់កំពង់ថ្ម ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានជម្រុញ និងសិក្សាដោយក្រុមហ៊ុនចិន ប៉ុន្តែដោយសារបញ្ហាវិបត្តិកូវីដ១៩ បានធ្វើឲ្យគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើន ត្រូវពន្យាពេល។

ជាមួយគ្នានេះ ការសិក្សាលើការសាងសង់ផ្លូវតភ្ជាប់ រវាងខេត្តសៀម​រាប ទៅកាន់ក្រុងបាត់ដំបង ឆ្លងកាត់ទន្លេសាបក៏បាននិងកំពុងសិក្សាបញ្ចប់ផងដែរ។ នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសា​សន៍ឲ្យដឹងនាពេលកន្លងមកថា គំថរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ដែលមិនមានភាពចាំបាច់ត្រូវបានលើកពេល ដើម្បីទុកប្រាក់សម្រាប់​ការប្រយុទ្ឋនឹងជំងឺកូវីដ១៩។

សម្តេចធ្លាប់បានមានប្រសាសន៍ថា “តំបន់ណាដែលអាចឆ្លងសាឡាងបាន ត្រូវបន្តឆ្លងសាឡាងបន្ត ព្រោះគំរោងសាងសង់ស្ពានមួយចំនួនអាចត្រូវលើកពេល”៕

ធនាគារពិភពលោក៖ បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជានឹងកើនឡើង៤ដងនៅត្រឹមឆ្នាំ២០៣០

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារពិភពលោកបានព្យាករណ៍ថា បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជានឹងកើនឡើង៤ដងនៅត្រឹមឆ្នាំ២០៣០។

នេះបើយោងតាមរបាយការណ៍មួយ របស់ធនាគារពិភពលោកប្រចាំកម្ពុជា ដែលបានបញ្ចេញនៅក្នុងសប្តាហ៍នេះ ឱ្យដឹងថា ត្រឹមឆ្នាំ២០៣០ បណ្តាក្រុមហ៊ុននៅកម្ពុជានឹងចលនាទំនិញរបស់ខ្លួនឆ្លងកាត់ផ្លូវហាយវ៉េ កំពុងផែ ព្រលានយន្តហោះ និងឃ្លាំងស្តុក កើនទំហំរហូតដល់ទៅបួនដង លើសពីទំហំក្នុងពេលបច្ចុប្បន្ននេះ។

របាយការណ៍នេះឱ្យដឹងទៀតថា ផ្ទុយទៅវិញ ចំណាយថ្លៃដើមទៅលើឡូហ្ស៊ីស្ទិកធៀបទៅនឹងផ.ស.ស នៅតែខ្ពស់ជាងគេខ្លាំងធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ដោយតាមការប៉ាន់ប្រមាណ មានប្រហែល២៦,៤៣ភាគរយនៃផ.ស.ស នៅក្នុងឆ្នាំ២០២០។

បន្ថែមលើសនេះ ធនាគារពីភពលោកបានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈធ្វើឲ្យប៉ះពាល់ខ្លាំងដល់ផ្នែកនាំចេញ និងទំនិញកសិផល។

សម្រាប់ប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅខ្វះការអភិវឌ្ឍនៅឡើយ ហើយសមត្ថភាពបំពេញមុខងាររបស់​ផ្នែកឡូហ្ស៊ីស្ទិក (logistics) នៅក្នុងប្រទេសនេះក៏នៅមានកម្រិតទាប ធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់ ដែលជា​ហេតុ​ញ៉ាំងឲ្យការចំណាយកាន់តែខ្ពស់។

របាយការណ៍បន្ថែមថា “ការបង្កើនភាពពឹងពាក់បានរបស់ខ្សែច្រវាក់ផ្គត់ផ្គង់ និង​សេវាកម្មមានគុណភាព ជាគន្លឹះសម្រាប់​លើកកម្ពស់​សមត្ថភាពបំពេញមុខងាររបស់ផ្នែកឡូហ្ស៊ីស្ទិកកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះថា ពេលវេលា និង​តម្លៃ​មិនមែនជាធាតុផ្សំរបស់​ភាព​ទស្សទាយបានតែមួយមុខនោះទេ ប៉ុន្តែគុណភាពនៃការដឹកជញ្ជូនទំនិញ​ក៏​ជាសមាសភាគសំខាន់មួយដែរ”៕

តើការរៀបចំក្រុងព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណងមានគោលដៅសំខាន់ៗអ្វីខ្លះ?

ដោយៈ ស៊ីវ ម៉េង

ព្រះសីហនុៈ រដ្ឋាភិបាលបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចពហុបំណង។

តើអ្វីជាគោលដៅចម្បងនេះ យោងតាមកិច្ចប្រជុំរបស់គណកម្មាធិការអន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណកម្មាធិការអភិ​វឌ្ឍន៍តំបន់ឆ្នេរបានបង្ហាញថា ក្រុមមន្រ្តីបានរៀបចំនិងដាក់ចេញផែនការ ដើម្បីសម្រេចគោលដៅ បន្តជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសម្រេចបានចក្ខុវិស័យដល់ឆ្នាំ២០៣៨។

ចក្ខុវិស័យនេះ គឺប្រែក្លាយដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រង ប្រើប្រាស់ បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើប។

កិ​ច្ចប្រជុំខាងលើនេះ មានការចូលរួមពីបណ្តារដ្ឋមន្រ្តី មកពីក្រសួងពាក់ព័ន្ឋជា​ច្រើនរួមមាន លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេស អន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានគ.ប.ដ. លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គ.ប.ដ. និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។

ក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលបាននិងកំពុងទាក់ទាញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើន ដែលបច្ចុប្បន្ន​ខេត្តនេះ មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា និងកំពុងពង្រីកការសាងសង់ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ខេត្តនេះ ក៏ជាខេត្តដំបូងគេ ដែលនឹងមានការតភ្ជាប់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មានព្រលានយន្តហោះលំដាប់អន្តរជាតិផងដែរ និងបច្ចុប្បន្ននេះក្រុមហ៊ុនChina Railways កំពុងសិក្សាលទ្ឋភាព ប្រែក្លាយផ្លូវរថភ្លើងមានស្រាប់ ទៅជាផ្លូវរថភ្លើងល្បឿន​លឿនផងដែរ៕

ក្រសួងសាធារណៈការ សហការជាមួយក្រុមហ៊ុន YCH សិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ ទៅកាន់សមុទ្រ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា ក្រសួងបាននិងកំពុងសហការគ្នាជាមួយក្រុមហ៊ុនYCH លើការសិក្សាអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ ដែលភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រក្នុងខេត្តកែប។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយលោក ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ។

ទោះជាយ៉ាងណាការសិក្សាមិនទាន់បានបញ្ចប់នៅឡើយ ហើ់យការសាងសង់នាពេលណា មិនទាន់មានភាពប្រាកដប្រជាផងដែរ។

លោកឧកញ៉ាស៊ិ​ន ​ច​ន្ធី ប្រធាន​សមាគម​ភស្ដុ​ភារ​កម្ម​កម្ពុជាបាន​បង្ហា​ញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ​ចំពោះ​គម្រោង​ត​ភ្ជាប់​ផ្លូវទឹក​ពី​ទន្លេបាសាក់ ​ទៅ​សមុទ្រ​កែប របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​បាន​អះអាង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក មាន​ភាព​ងាយស្រួល និង​ចំណាយ​តិច​ជា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវអាកាស​។

អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​រូប​នេះ បច្ចុប្បន្ន នៅ​កម្ពុជា​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ហាក់​នៅ​មាន​កម្រិត​នៅឡើយ។ ដូច្នេះគម្រោង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​វិស័យ​ដឹក​ជញ្ជូន ពិសេស​ចូលរួម ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​៕

China-Kyrgyzstan-Uzbekistan Railway: Opportunities and Challenges for China

By Yunis Sharifli

After 20 years of negotiations, the construction of the China-Kyrgyzstan-Uzbekistan (CKU) railway is hoped to finally begin next year. An online meeting took place between China, Kyrgyzstan, and Uzbekistan recently and, according to their announcement, feasibility studies will be finished this year. Kyrgyz President Sadyr Japarov said construction will begin in 2023.

Amid the Russia-Ukraine war, the CKU railway presents a number of strategic and economic opportunities for China, especially in the context of land-based trade relations with the European Union. In terms of strategic opportunities, it’s not surprising, first, that the announcement came at a time of increased international sanctions on Russia. Since the war started, different international companies have decided to stop using Russian territory as a transit country, some in response to Russian aggression and others due to the deteriorating business environment in the country. The CKU railway gives China the chance to diversify its trade routes, reduce its dependence on Russian routes, and maintain sustainable rail trade with EU countries in the long term.

Second, the new route will create an opportunity for Beijing not just to reduce its dependency on Russian territory but also to decrease its reliance on Kazakhstan as a transit country. This factor is particularly important because recent domestic turmoil in Kazakhstan showed that reliance on any one country in Central Asia for railway trade may be risky. In this context, the CKU railway can help China diversify its rail routes and switch cargoes from one route to another during future crises.

Finally, in addition to diversifying the route, the new railway can contribute to Kyrgyzstan and Uzbekistan’s economies. They would not only enjoy transit fees but also the railway routes may create new jobs.

New business opportunities in Kyrgyzstan and Uzbekistan are important for China because they help the two Central Asian countries, particularly Kyrgyzstan, maintain resilience and reduce the risk of civil unrest, and thus help China stabilize its Western borders.

Source: DIPLOMAT

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគលើទឹកប្រាក់ជិត៣០០០លានដុល្លារ ក្នុងឆមាសទី១

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគចំនួន៩៨ និងមានទុនវិនិយោគសរុបចំនួន២៩៩៨លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលវិនិយោគនៅកម្ពុជា ខណៈរយៈពេល៦ខែ ឆ្នាំ២០២២នេះ ការវិនិយោគមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៩៨គម្រោង ដែលមានទុនវិនិយោគសរុបជាង២៩៩៨លានដុល្លារ បង្កើតការងារបាន៧២,៣២៩កន្លែង។

លោកសុខ ចិន្តាសោភាបានបន្តថា ការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានវិធានការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានដល់អត្រាខ្ពស់បំផុត ដែលធ្វើឲ្យមានភាពសុំាសហគមន៍។

លោកបន្តថា “អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលកម្ពុជា ខ្ញុំបានធ្វើការសរុបតួលេខ សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ បានឲ្យឃើញថា បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២១ មានភាពល្អប្រសើរ និងមានការកើនឡើង”។ លោកបន្ថែមថា “ការកើនឡើងនៃការវិនិ​យោគ គឺដោយសារតែមានវិធានការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ប៉ុន្ដែការកើនឡើងនេះ បើប្រៀបធៀបនឹងឆ្នាំ ដែលមិនទាន់មានកូវីដ-១៩ គឺវានៅទាបនៅឡើយ”។

ទោះជាការវិនិយោគមានការកើនឡើងក្តី ប៉ុន្តែលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ការវិនិយោគចាប់ផ្ដើមងើបហើយ ប៉ុន្តែទម្រាំទៅដល់តួលេខ ដូចពេលអត់កូវីដ១៩ ត្រូវរង់ចាំរយពេលបនិ្ដច ប៉ុន្ដែមានក្ដីសង្ឃឹមនិងមានសញ្ញា​ល្អច្រើន។

លោកបានបញ្ជាក់ថា ចំពោះវិបត្ដិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មិនមែនតែកម្ពុជានោះទេ គ្រប់ប្រទេសទាំងអស់ គឺសុទ្ធតែមានក្ដីកង្វល់ ហើយក្ដីកង្វល់នោះ គឺការឡើងថ្លៃប្រេងធ្វើឲ្យឡើងថ្លៃថាមពល ឡើងថ្លៃដឹកជញ្ជូន និងឡើងថ្លៃស្បៀងជាដើម ។ អ្នកវិនិយោគលើពិភពលោក តែងតែមិនមានសកម្មភាពនោះទេ នៅពេលដែលមានវិបត្ដិសង្គ្រាម ព្រោះថាវាមិនអាចប៉ាន់ប្រមាណ និងអត់មានអ្នកណាហ៊ាននិយាយ ចំពោះរយៈពេលវេលាណាមួយ លើសេដ្ឋកិច្ចយ៉ាងម្ដេចនោះទេ ហើយនេះជាអ្វីដែលអ្នកវិនិយោគខ្លាចបំផុត។

លោកសង្ឃឹមថា “វិបត្តិនេះនឹងមានការដោះស្រាយ ហើយបើប្រសិ​នជាមានការធូរស្រាល ពីវិបត្តិពីផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចពិភពលោកនេះ កម្ពុជាបានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលអ្នកវិនិយោគ”៕

មន្រ្តីកុងស៊ុលកម្ពុជាៈ អ្នកធុរកិច្ចជប៉ុនកាន់តែច្រើននឹងមកវិនិយោគនៅ កម្ពុជានាពេលខាងមុខ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំទីក្រុងសេនដាយ ប្រទេ​សជប៉ុន លោកថៃ ស៊ុស៊ុមុ បាននិងកំពុងដើរតួនាទី ដើម្បីបើកផ្លូវឱ្យអ្នកវិនិយោគជប៉ុន ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្នុងបទសម្ភាសន៍ជាមួយសារព៌តមានក្នុងស្រុកល្បីមួយ លោក ថៃ ស៊ុស៊ុមុ បានបង្ហាញការកត់សម្គាល់របស់លោកថា ចាប់តាំងពីកម្ពុជាបើកស្ថា​នកុងស៊ុលនៅទីក្រុងសេនដាយ ក្នុងឆ្នាំ២០១៩ គឺមានអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជាច្រើនណាស់។

លោកបានគូសបញ្ជាក់ថា “បើប្រៀបធៀបរយៈពេលថ្មីៗនេះ នៅពេលប្រទេសកម្ពុជា និងជប៉ុន បានបើកប្រទេសឡើងវិញរៀងខ្លួន ក៏មានអ្នកវិនិយោគជប៉ុនថ្មីៗ បានមកទំនាក់ទំនងខ្ញុំ ដើម្បីសួរយោបល់ពីឱកាសវិនិយោគនៅកម្ពុជា

លោកបានអះអាងថា ក្រុមហ៊ុនដែលបានទាក់ទងរូបលោក ដើម្បីវិនិយោគនៅកម្ពុជានោះ មានដូចជាក្រុមហ៊ុនផ្នែកកសិកម្ម សុខាភិបាល និងការនាំពលករទៅបម្រើការងារនៅប្រទេសជប៉ុនជាដើម។ ពេលនេះកម្ពុជាកំពុងរៀបចំបង្កើតសាខា សភាពាណិជ្ជកម្មនៅទីក្រុងសេនដាយ ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងព័ត៌មានផ្សេងៗពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។

លោកថៃ ស៊ុស៊ុមុ រំពឹងថា តាមរយៈសាខាសភាពាំណិជ្ជកម្មនេះ នឹងរួមចំណែកទាក់ទងអ្នកវិនិយោគជប៉ុន កាន់តែច្រើនថែមទៀតមកកាន់ប្រទេសកម្ពុជា។

លោកថៃ ស៊ុស៊ុមុ បានបញ្ជាក់ថា ឥឡូវនេះមានច្រើនណាស់ គេកំពុងតែចាប់អារម្មណ៍ ចាំឱកាសដែលយើងបើកសម្ពោធជាផ្លូវការ នោះគេនឹងមកចូលរួមជាសមាជិក របស់តំណាងសាខាសភាពាណិជ្ជកម្មរបស់យើង នៅប្រទេសជប៉ុន។ យើងរំពឹងថា នឹងមានអ្នកវិនិយោគជប៉ុនកាន់តែច្រើនឡើង តាមរយៈការបើកការិយាល័យ តំណាងសាខាសភាពាណិជ្ជកម្មរបស់យើងនៅប្រទេសជប៉ុន។

ពាក់ព័ន្ធមូលហេតុ និងកត្តាដែលនាំឱ្យអ្នកវិនិយោគជប៉ុន កាន់តែច្រើនចាប់អារម្មណ៍វិនិយោគនៅកម្ពុជា បុរសជនជាតិជប៉ុនរូបនេះ បានបង្ហាញនូវកត្តាចំនួន៤។ កត្តាទាំង៤នោះរួមមាន៖ សុខសន្តិភាព និងស្ថេរភាពនយោ​បាយ, ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មីនៅអាស៊ាន, មានកម្លាំងពលកម្មវ័យក្មេងច្រើន និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកថៃ ស៊ុស៊ុមុ បានបញ្ជាក់ឲ្យដឹងថា ចំណុចទី១ ដោយសារមានការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចតេជោ ដែលលោកបង្កើតស្ថេរភាព សុវត្ថិភាពដល់ប្រជាជនកម្ពុជា។ មួយវិញទៀត យើងមានស្ថេរភាពនយោបាយល្អ ចំណុចនេះហើយ ដែលទាក់ទាញឱ្យវិនិយោគិន ក្រឡេកមើលឱកាសវិនិយោគនៅកម្ពុជា ដោយសារប្រទេសយើងមានសន្តិភាព ហើយយើងអត់មានសង្គ្រាមដូចប្រទេសគេទេ។

ដូច្នេះចំណុចទី១ ដែលសំខាន់ហ្នឹង គឹយើងមានសន្តិភាពល្អ យើងរក្សាសុវត្ថិភាពឱ្យអ្នកវិនិយោគ គេសម្លឹងឃើញឱកាសនេះ។ អ៊ីចឹងចំណុចនេះ ខ្ញុំគិតថា សំខាន់ជាងគេ។

ចំណុចទី២ ប្រទេសយើង ជាប្រទេសដែលសេដ្ឋកិច្ចកំពុងលូតលាស់នៅក្នុងអាស៊ាន។ ជាប្រទេសចាប់ផ្តើមលូតលាស់ថ្មី ផ្នែកសេដ្ឋកិច្ចលេចធ្លោជាងគេក្នុងអាស៊ាន។ អាចថាកំណើនសេដ្ឋកិច្ចរបស់យើង លូតលាស់ខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងអាស៊ាន។

ចំណុចទី៣ ប្រទេសកម្ពុជាយើងពោរពេញ ដោយយុវជនវ័យក្មេង មានកម្លាំងពលំ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ ជាពិសេសយុវជនរបស់យើង បានដើរទាន់យុគ្គសម័យបច្ចេកវិទ្យាថ្មី ដូចជាសម័យ AI ឬតិចណូឡូជីជាដើម។ ចំណេះដឹងក៏មាន កម្លាំងពលំក៏មានទៀត ដូច្នេះជាចំណុចទាក់ទាញអ្នកវិនិយោគជប៉ុនដែរ។

ចំណុចទី៤ ខ្ញុំគិតថា ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ។ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរនេះហើយ ដែលធ្វើឱ្យប្រជាជនប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អដែរ។ ជាពិសេសយើងឃើញហើយថា ប្រជាជនជប៉ុន និងប្រជាជនកម្ពុជា មិនដែលមានទំនាស់អ្វីនឹងគ្នាទេ គឺយើងស្រឡា​ញ់គ្នា រាប់អានគ្នា ជាមិត្តភាពនឹងគ្នាយូរអង្វែងជាំងប្រទេសណាៗទាំងអស់។

យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២១ កន្លងទៅ កម្ពុជា និងជប៉ុន មានទំហំពាណិជ្ជកម្មសរុបជាង១,៧០០លានដុល្លារអាមេរិក។ កម្ពុជា នាំទៅជប៉ុនមានជាង១ពាន់លានដុល្លារ ហើយកម្ពុជា នាំពីជប៉ុនវិញមានជាង៦០០លានដុល្លារ។ Freshnews៕