គម្រោងខួងបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតពីបាក់ខែងមកភ្នំពេញ ចាប់ផ្តើមបើកការដ្ឋានហើយ

ដោយៈ សុផារី

ភ្នំពេញៈ  រដ្ឋាករទឹកស្វយ័តភ្នំពេញ បានចាប់ផ្តើមការដ្ឋានខួងបាតទន្លេរ​សាប ដើម្បីដាក់បំពង់មេនាំទឹកស្អាតទំហំ២០០០មម ក្រោមបាតទន្លេសាបចេញពីរោងចក្រផលិតទឹកស្អាតបាក់ខែង មកកាន់រាជធានីភ្នំពេញ ដែលជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមក។

នេះបើតាមយោងតាមប្រសាសន៍របស់លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ គម្រោងនៅការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងការដ្ឋានខួងឆ្លងកាត់ក្រោមបាតទន្លេសាប ដាក់បំពង់មេនាំទឹកស្អាត។

គម្រោងមួយនេះ ទទួលការងារដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង Vinci Construction Grands Projets និងក្រុមការងារទីប្រឹក្សាបច្ចេកទេស Safege Consulting Engineers។

លោក ឡុង ណារ៉ូ បានឱ្យដឹងថា ពេលនេះក្រុមការងារសាងសង់រោងចក្រ ផលិតទឹកស្អាតបានង្រីកបំពង់មេនាំទឹក  ដែលមានមុខកាត់២ម៉ែត្រ ចុះទៅក្រោម៣០ម៉ែត្រ ជីករូងឆ្លងបាតទន្លេសាប ដើម្បីនាំទឹកពីរោងចក្រទៅចែកចាយក្នុងរាជធានីភ្នំពេញ។

លោកបន្ថែមថា “សកម្មភាពជីករូងទៅក្រោមទន្លេរ កំពុងចាប់ផ្ដើម និងបានបញ្ជូនមនុស្សមុជទឹក ចុះបិទសំណង់កុំឱ្យមានទឹកជ្រាបពីទន្លេចូល និងបានទិញម៉ាស៊ីនជីករូងដីពីប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមតភ្ជាប់ពីត្រើយខាងកើតទន្លេរទៅខាងលិច”។លោកបញ្ជាក់ថា “យើងសង្ឃឹមថាកម្មវិធីត្រូវបានធ្វើតាមការគ្រោងទុកហើយ យើងសង្ឃឹមថានឹងបានភ្ជាប់បំពង់ទឹក ពីត្រើយខាងលិច ទៅភ្ជាប់នឹងបំពង់ក្នុងរាជធានីភ្នំពេញទាំងអស់”។

ជាមួយគ្នានេះ លោក Cedric Roude នាយកគ្រប់គ្រងក្រុមហ៊ុនម៉ៅការសាងសង់ Vinci Construction Grands Projets បានមានប្រសាសន៍ថា “ចាត់ទុកថាជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺការខួងជម្រៅ៣០ម៉ែត្រ ក្រោមទន្លេសាប ដើម្បីនាំទឹកស្អាតតាមបំពង់មុខកាត់២ម៉ែត្រពីត្រើយខាងកើត មកកាន់ស្ពានព្រែកព្នៅ។ នេះជាបច្ចេកវិទ្យា និងជាបច្ចេក​ទេសថ្មីមួយ សម្រាប់គម្រោងនេះ”។

លោកឡុង ណារ៉ូ បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦ភាគរយ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ខណៈដែលជំហានទី២សម្រេចបាន៤២ភាគរយផងដែរ។

លោកបន្ថែមថា បន្ទាប់សាងសង់រួចរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងមានសមត្ថភាព ផលិតទឹកបាន៣៩០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ជំហានទី១ផលិតបាន១៩៥.០០០ម៉ែត្រគូប និងជំហានទី២ ផលិតបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យបានគ្រប់គ្រាន់នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ៕

មហាយក្សចិននឹងសាងសង់ផ្លូវដែក តភ្ជាប់បណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាលដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន

ដោយៈ សុខុម

ប៉េកាំង: បន្ទាប់ពីចរចាគ្នារយៈពេលរហូតដល់ទៅ២០ឆ្នាំ នៅទីបំផុតការសាងសង់ផ្លូវដែកចិន -កៀហ្ស៊ីស៊ីស្ថាន-អ៊ូបេគីស្ថាន (China-Kyrgyzstan-Uzbekistan (CKU)) ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន The Diplomat ចុះផ្សាយកាលពីសប្ដាហ៍មុន។

កិច្ចប្រជុំតាមអនឡាញមួយ ត្រូវបានធ្វើឡើងរវាងប្រទេសចិន ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូបេគីស្ថាន កាលពីពេលថ្មីៗនេះ ហើយយោងតាមការប្រកាសរបស់ប្រទេសទាំងនេះបានឱ្យដឹងថា ការសិក្សាសមិទ្ធលទ្ធភាពនឹងត្រូវបញ្ចប់នៅឆ្នាំនេះ។

ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov បានបញ្ជាក់ថា “ការសាងសង់ផ្លូវដែកនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៣”។

ចំពេលសង្រ្គាមរុស្ស៊ី- អ៊ុយក្រែន ផ្លូវដែកCKU បង្ហាញពីឱកាសជាយុទ្ធសាស្ត្រ និងឱកាសសេដ្ឋកិច្ចក្រាស់ក្រែលមួយ សម្រាប់មហាយក្សចិន ជាពិសេសក្នុងបរិបទនៃទំនាក់ទំនងពាណិជ្ជកម្ម តាមផ្លូវគោកជាមួយសហភាពអឺរ៉ុប។

និយាយពីឱកាសជាយុទ្ធសាស្ត្រ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះទី១ ការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលសហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌ​ក​ម្មកាន់តែច្រើនឡើងៗលើប្រទេសរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានផ្ទុះមក បណ្ដាក្រុមហ៊ុនអន្តរជាតិបានសម្រេចចិត្តឈប់ប្រើប្រាស់ទឹកដីរុស្ស៊ី ជាប្រទេសឆ្លងកាត់ ដោយក្រុមហ៊ុនខ្លះធ្វើបែបនេះ ជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ី ហើយក្រុមហ៊ុនខ្លះទៀតធ្វើបែបនេះ ដោយសារតែបរិយាកាសពាណិជ្ជកម្ម កាន់តែយ៉ា​ប់​យ៉ឺនទៅនៅក្នុងប្រទេសរុស្ស៊ី។

ផ្លូវដែកCKU ផ្តល់ឱកាសឱ្យប្រទេសចិន អាចធ្វើពិពិធកម្មផ្លូវពាណិជ្ជកម្មរបស់ខ្លួន កាត់បន្ថយការពឹងផ្អែកលើផ្លូវដឹកជញ្ជូនរបស់រុស្ស៊ី និងរក្សាពាណិជ្ជ​កម្មផ្លូវដែក ប្រកបដោយនិរន្តរភាព ជាមួយបណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងរយៈពេលវែង។

ទី២ ផ្លូវដែកថ្មីនេះ នឹងបង្កើតឱកាសមួយសម្រាប់រដ្ឋាភិបាល ក្រុងប៉េកាំង មិនត្រឹមតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើទឹកដីរុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយ ការពឹងផ្អែកលើប្រទេសកាហ្សាក់ស្ថាន ជាប្រទេសឆ្លងកាត់ផងដែរ។

កត្តានេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារភាពចលាចលកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសកាហ្សាក់ស្ថាន បានបង្ហាញថា ការពឹងផ្អែកលើប្រទេសតែមួយ នៅតំបន់អាស៊ីកណ្តាល សម្រាប់ពាណិជ្ជកម្មតាមផ្លូវដែក គឺមានហានិភ័យខ្ពស់ណាស់។

នៅក្នុងបរិបទនេះ ផ្លូវដែក CKU អាចជួយប្រទេសចិន ធ្វើពិពិធកម្មផ្លូវដែករបស់ខ្លួន និងផ្លាស់ប្តូរទំនិញពីផ្លូវមួយទៅផ្លូវមួយទៀត យ៉ាងងាយស្រួ​លអំឡុងពេលមានវិបត្តិនាពេលអនាគត។

ជាចុងក្រោយ បន្ថែមពីលើការធ្វើពិពិធកម្មផ្លូវដឹកជញ្ជូន ផ្លូវដែកថ្មីនេះអាចរួមចំណែកដល់សេដ្ឋកិច្ច របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូបេគីស្ថាន។ ប្រទេសទាំងនេះមិនត្រឹមតែរីករាយ នឹងការទទួលបានថ្លៃសេវាដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែផ្លូវដែកនេះ ថែមទាំងជួយបង្កើតការងារថ្មីៗទៀតផង។

ឱកាសអាជីវកម្មថ្មីៗ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសអ៊ូបេគីស្ថាន មានសារៈសំខាន់សម្រាប់ប្រទេសចិន ព្រោះវាជួយប្រទេសអាស៊ីក ណ្តាលទាំង២នេះ ជាពិសេសប្រទេសកៀហ្ស៊ីស៊ីស្ថាន រក្សាភាពធន់ទ្រាំ និងកាត់បន្ថយហានិភ័យនៃចលាចលស៊ីវិល ហើយធ្វើដូច្នេះវានឹងជួយប្រទេសចិន រក្សាស្ថិរភាពព្រំដែនខាងលិចរបស់ខ្លួន។

ផ្លូវដែក CKU ក៏នឹងបង្កើតឱកាសសេដ្ឋកិច្ច សម្រាប់ប្រទេសចិនផងដែរ​ដោយផ្អែកលើកត្តាជាយុទ្ឋសាស្រ្តមួយចំនួន ដូចជា ទី១ រដ្ឋាភិបាលក្រុងប៉េកាំង អាចបញ្ជូនផលិតផលរបស់ខ្លួន ទៅកាន់ទាំងទីផ្សារតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប តាមរយៈផ្លូវថ្មីនេះ។

យោងតាមផែនការ ផ្លូវដែក CKU នឹងក្លាយជាផ្លូវខ្លីបំផុតមួយ នៅក្នុងការបញ្ជូនទំនិញទៅកាន់តំបន់ទាំងពីរ ព្រោះវានឹងកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរដឹកទំនិញ បានដល់ទៅ៩០០គីឡូម៉ែត្រ និងកាត់បន្ថយរយៈពេលដឹកជញ្ជូនមកនៅត្រឹម៧ ទៅ៨ថ្ងៃ។

ទី២ ផ្លូវដែក CKU ក៏អាចជួយរដ្ឋាភិបាលក្រុងប៉េកាំង ឱ្យដឹងច្បាស់ពីផែនការកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងតំបន់ភាគកណ្តាល និងភាគខាងលិចនៃប្រទេសចិនផងដែរ។

តំបន់អាស៊ីកណ្ដាល (Central Asia) មាន៥ប្រទេស រួមមាន ប្រទេសកាហ្សាក់ស្ថាន ប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសតាហ្ស៊ីគីស្ថាន ប្រទេសតួកមេនីស្ថាន និងប្រទេសអ៊ូបេគីស្ថាន៕  The Diplomat៕

រដ្ឋាភិបាលសហការជាមួយក្រុមហ៊ុនYCHលើគំរោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ឋធំៗចំនួន៥

ដោយៈជេស៊ីកា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងសហការជាមួយក្រុមហ៊ុនYCH ដើម្បីសិក្សាលើគំរោងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥។

ព៌តមាននេះ ត្រូវបានលើកឡើងដោយ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ ថុល ​រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ។

លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន YCH លើគម្រោង សិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញនិងណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេ អន្តរកាលដែលបានអនុម័ត ជាផ្លូវការដោ​យក្រុមប្រឹក្សាជាតិភ័ស្តុភាកម្មកាលពីខែមករា ២០២០។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ដែលផ្តោតជាសំខាន់លើ ការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលការងារ អាទិភាពទាំងនោះរួមមានទី ១ ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទី២ ការអភិវឌ្ឍធនធានមនុស្សល្អ ទី៣ ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន និងទី៤ ការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕​

 

រដ្ឋាភិបាលចិនបញ្ចេញទុន៥០ពាន់លានដុល្លារ លើគំរោងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ សុខុម

សៀងហៃ: មហាយក្សចិន បានសម្រុកអនុម័តគម្រោងសាងសង់នានា ដែលមានតម្លៃសរុបដល់ទៅ៥៦,២២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីប្រទេសនេះ បន្ធូរបន្ថយច្បាប់បរិស្ថានរបស់ខ្លួនកាលពីខែមុន។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលចិននឹងនៅតែ “មិនអត់ឱនដាច់ខាត” ចំពោះក្រុមហ៊ុនដែលបំពានច្បាប់។ នេះបើយោងតាមមន្ត្រីមួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា។

ក្រសួងបរិស្ថានចិន បានប្រកាសកាលពីចុងខែមិថុនាកន្លងមកថា ខ្លួនបានកែសម្រួល ប្រព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) របស់ប្រទេសចិន ដើម្បីពន្លឿនដំណើរការអនុម័ត សម្រាប់គម្រោងធំៗក្នុងវិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនជាដើម។

ក្រសួងនេះបានសន្យា “ខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាព” ដើម្បីជួយគាំទ្រដល់គម្រោងសាងសង់ធំៗ រួមទាំងគម្រោងជំរុញការផ្គត់ផ្គង់ធ្យូងថ្ម និងការផ្គត់ផ្គង់ទឹកផងដែរ។

លោក Liu Zhiquan ដែលជាមន្ត្រីក្រសួងបរិស្ថានបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដាកន្លងមកថា ចំណាត់ការនេះមានគោលបំណង “ជំរុញភាពរឹងមាំនៃទីផ្សារ” ហើយគម្រោងធំៗចំនួន១៦ ត្រូវបានអនុម័តរួចហើយក្រោមប្រព័ន្ធថ្មីនេះ។

សេចក្តីប្រកាសគោលនយោបាយ កាលពីខែមុនបញ្ជាក់ថា ការសាងសង់ថ្មីៗក្នុងវិស័យសំខាន់ៗ ដូចជា វិស័យថាមពល និងដឹកជញ្ជូននឹងមិនត្រូវបានវិនិច្ឆ័យលើបរិមាណនៃការបំពុល ដែលគម្រោងទាំងនោះនឹងមិនបញ្ចេញដូចមុនឡើយ ហើយគម្រោងមួយចំនួន អាចត្រូវបានលើកលែងពីដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទាំងស្រុង។

ចំណាត់ការនេះបាននាំឱ្យមានការព្រួយបារម្ភថា ប្រទេសចិន កំពុងដើរត្រលប់ក្រោយ ហើយងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនផ្នែកបរិស្ថាន ប៉ុន្តែលោក Liu Zhiquan និយាយថា ក្រុមហ៊ុនដែលបំពានច្បាប់បរិស្ថានតាមរយៈការដាក់ជូនព័ត៌មានបរិស្ថានក្លែងបន្លំ នឹងនៅតែត្រូវទទួលការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ៕ Reuters៕

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យថៃCPNគ្រោងនឹងដាក់ចេញគម្រោង៥០ជាមួយទំហំទុនជាង១ពាន់លានដុល្លារ

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនលក់រាយ និងអភិវឌ្ឍន៍អចលនទ្រព្យ Central Pattana Plc (CPN) កំពុងរៀបចំពង្រីកការអភិវឌ្ឍលំនៅដ្ឋាន ដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំក្រោមគម្រោងចំនួន៥០បន្ថែមទៀត។

គម្រោងទាំងនោះមានតម្លៃ៤០ពាន់លានបាត (ជាង១ពាន់លានដុល្លារ) ដែលមានគោលបំណង ដើម្បីសម្រេចបាននូវភាពស៊ីសង្វាក់គ្នាជាមួយនឹងក្រុមហ៊ុន Central Group ។

លោកស្រី Wallaya Chirathivat ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនCPNបាននិយាយថា ក្រុមហ៊ុនលោកស្រី កំពុងពង្រីកអាជីវកម្មលំនៅដ្ឋានរបស់ខ្លួន តាមរយៈវិធីសាស្រ្តអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះ។

ក្រុមហ៊ុន CPN គ្រោងនឹងដាក់ចេញនូវគម្រោងចំនួន៥០ នៅក្នុងខេត្តចំនួន២៧ ដែលគម្រោងភាគច្រើនស្ថិតក្នុងគោលដៅដែល ក្រុមហ៊ុនCPN រឺ Central Group បានពង្រីកការអភិវឌ្ឍរួចហើយ រឺគ្រោងនឹងសាងសង់ផ្សារទំនើប ការិយាល័យ និងសណ្ឋាគារ។

លោកស្រី Wallaya chirathivat បាននិយាយថា ផែនការប្រាំឆ្នាំបច្ចុប្បន្ន(២០២២-២០២៦) តំណាងឱ្យការផ្លាស់ប្តូរដ៏ធំបំផុត ដែលអាចពន្លឿនការរួមចំណែកផ្តល់ប្រាក់ចំណូល ពីការអភិវឌ្ឍន៍លំនៅដ្ឋានដល់១៥ភាគរយនៃចំនួនសរុប កើនឡើងពី៧ភាគរយនាពេលបច្ចុប្បន្ន។

លោកស្រី Wallaya បានបន្តថា គម្រោងថ្មីនេះនឹងបង្កើនផលប័ត្រលំនៅឋានសរុបរបស់ក្រុមហ៊ុនCPN ដល់៧០គម្រោងទូទាំងប្រទេស ដែលរួមមានផ្ទះ និងខុនដូ៕

រដ្ឋាភិបាលជប៉ុនចាប់ផ្តើមអនុវត្តន៍គម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប

ដោយៈ សុផារី

សៀមរាបៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចអនុវត្តគម្រោង ”ការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ” ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដែលគំរោងនេះមានរយៈពេល៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ឆ្នាំ២០២៥។

គម្រោងសាកល្បងទីក្រុងវៃឆ្លាត (Smart City in Siem Reap) ជាគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងនានា នៅក្នុងតំបន់ និងសាកលលោក។

លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប និងលោក Kal KURIMOTO សមាជិកក្រុមទីប្រឹក្សា JICA និងជាអ្នកជំនាញរៀបចំផែនការគម្រោងសាកល្បង និងការអនុវត្ត បានប្រជុំនិងពិភាក្សាស្តីពីការពិនិត្យ និងផ្តល់យោបល់លើគម្រោងសាកល្បង នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ជាលទ្ធផល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចអនុវត្តគម្រោង ”ការអនុវត្តន៍វិធីសាស្ត្រ ទីក្រុងឆ្លាតវៃ” ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៥។

គម្រោងខាងលើនេះ មានគោលបំណងចំនួន៣ចម្បងៗ រួមមាន ទី១-វិធីសាស្ត្រទីក្រុងឆ្លាតវៃ ត្រូវបានបង្កើតឡើង និងសហប្រតិបត្តិការរវាងអង្គភាពដែលពាក់ព័ន្ធត្រូវបានបង្កើតឡើង ទី២-ដំណើរការនៃការអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ គឺត្រូវបានបង្កើតឡើង តាមរយៈការអនុវត្តសាកល្បងនៃវិធានការដើម្បីដោះស្រាយបញ្ហាទីក្រុង និងទី៣- បង្កើតប្រព័ន្ធសម្រាប់ត្រួតពិនិត្យ និងវាយ តម្លៃ និងវិធីសាស្ត្រទីក្រុងឆ្លាតវៃ។

ដើម្បីឱ្យការអនុវត្តគម្រោងសាកល្បងនៃវិធានការ ដើម្បីដោះស្រាយបញ្ហាទីក្រុងរបស់គម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការអភិវឌ្ឍនូវការប្រើប្រាស់បច្ចេកវិទ្យាឆ្លាត ស្របតាមគោលដៅរបស់គម្រោង និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លោក Kal KURIMOTO បានធ្វើបទបង្ហាញអំពីគម្រោងសាកល្បង នៃគម្រោងទីក្រុងឆ្លាតវៃ ក្រុងសៀមរាប ដែលបានគ្រោង និងផ្ដួចផ្ដើមឡើងដោយក្រុមការងារជំនាញ JICA៕

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន៥,៣ភាគរយនៅឆ្នាំនេះ

ដោយ:លាងហួរ

ភ្នំពេញ: លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង៥,៣ភាគរយ នៅឆ្នាំ២០២២នេះ។

លោកបានថ្លែងបែបនេះនៅក្នុងសុន្ទរកថា បិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារជាតិថា កំណើនសេដ្ឋកិច្ចនេះ នឹងត្រូវបានគាំទ្រជាចម្បងដោយការកើនឡើង នៃការនាំចេញផ្នែកផលិតកម្ម ការកើនឡើងនៃសំណង់ និងអចលនទ្រព្យ ព្រមទាំងវិស័យកសិកម្ម និងការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាប្រពៃណី ពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ សំណង់ និងអចលនទ្រព្យ កសិកម្ម និងទេសចរណ៍។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និង FTA កម្ពុជា-ចិន (CCFTA) ដែលចូលជាធរមាននៅថ្ងៃទី១ខែមករា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀង RCEP និង CCFTA  យើងមានទំនុកចិត្តថា ទំហំនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ដទៃផ្សេងទៀតនឹងកាន់តែធំ ជាពិសេសការនាំចេញកសិផល ដែលមានសក្តានុពលដូចជាអង្ករ ដំឡូងមី ចេក និងស្វាយ ផលិតផលឧស្សាហកម្ម និងទំនិញកែច្នៃរបស់កម្ពុជាទៅកាន់ទីផ្សារ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏ធំនេះ (RCEP)នឹងលើកលែងពន្ធរហូតដល់៩០ភាគរយ លើទំនិញដែលត្រូវបាននាំចេញ ទៅក្នុងចំណោមប្រទេស ដែលជាហត្ថលេខីរបស់ខ្លួន ក្នុងរយៈពេល២០ឆ្នាំខាងមុខ៕

ឥណ្ឌាគ្រោងរៀបចំBusiness Excellence Awards 2022នៅកម្ពុជា

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបាន និងកំពុងស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំកម្មវិធី Business Excellence Awards 2022។

       ព៌តមាននេះត្រូវបានលើកឡើងដោយ លោកKarthik Tallam កុងស៊ុលកិត្តិយស កម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា ក្នុងជំនួបជាមួយលោកឈួន ដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ កក្កដាកន្លងមកនេះ។

ក្នុងជំនួបនោះ លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូឥណ្ឌា មកកាន់ប្រទេសកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្ម ព្រមទាំងបានថ្លែងថា កម្ពុជា-ឥណ្ឌា មានទំនាក់ទំនងជាមួយគ្នា ជាប្រវត្តិសាស្រ្តជាយូរណាស់មកហើយ ជាពិសេសឆ្នាំ២០២២នេះ ជាខួបគម្រប់៧០ឆ្នាំនៃ ចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា នឹងសាធារណរដ្ឋឥណ្ឌាផងដែរ។

លោកបានបន្តថា ក្រសួងពាណិជ្ជកម្មគាំទ្រ និងផ្តល់កិច្ចសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នានា ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត។

ជាការឆ្លើយតប លោកKarthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bangalore នៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងការទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូឥណ្ឌានាពេលនេះ។

ទន្ទឹមនឹងនេះ លោកKarthik Tallam បានជម្រាបជូន លោករដ្ឋលេខាធិការ អំពីគោលបំណងនៃគណៈប្រតិភូឥណ្ឌា មកកាន់ក្រសួងពាណិ​ជ្ជកម្មថា គឺដើម្បីស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីក្រសួងពាណិ​ជ្ជ​កម្មក្នុងការរៀបចំកម្មវិធី Business Excellence Awards 2022 ដែលរៀបចំ ដោយសភាពពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងអបអរសាទរខួបគម្រប់៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ឥណ្ឌា ដែលព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានការ ចូលរួមពីស្ថាប័នរដ្ឋរបស់កម្ពុជា ព្រមទាំងវិស័យឯកជនឥណ្ឌាជាង២០០ក្រុមហ៊ុនផងដែរ។

កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌាមានទំហំទឹកប្រាក់ជាង៣១១លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌា ក្នុងទំហំទឹកប្រាក់ជាង១២៦លានដុល្លារអាមេរិក និងឥណ្ឌានាំចេញមកកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង១៨៥លានដុល្លារអាមេរិក៕

 

China approves projects worth US$50 billion after easing environment rules

SHANGHAI: China has fast-tracked the approval of construction projects worth more than 380 billion yuan (US$56.22 billion) after relaxing its environmental rules last month, but will still show “zero tolerance” to law-breaking firms, an official said on Thursday (Jul 21).

The Ministry of Ecology and Environment (MEE) announced in late June that it had simplified China’s environmental impact assessment (EIA) system in order to speed up the approval process for major projects in sectors like infrastructure and transportation.

It promised to “make every effort” to support major construction projects, including those aimed at boosting coal and water supplies.

MEE official Liu Zhiquan told reporters at a regular briefing on Thursday that the move was aimed at “stimulating market vitality”, and 16 major projects had already been approved under the new system.

Last month’s policy announcement said new construction in key sectors like energy and transportation would no longer be judged on how much pollution they emit, and some projects could be exempt from the EIA process entirely.

The move led to concerns China was backsliding on its environmental commitments, but Liu said companies violating environmental rules by submitting fraudulent environmental information would still be severely punished.

“Environmental departments at all levels have always adopted an attitude of ‘zero tolerance’ towards EIA fraud,” he said, adding that 265 firms and 217 individuals had been put on a blacklist since 2021, with some facing criminal penalties.

China’s environmental and decarbonisation plans have come under scrutiny as the government tries to guarantee energy supplies following a wave of power outages last September and revive an economy hit by punishing COVID-19 lockdowns.

It has continued to promote an ambitious renewable energy rollout, with new solar installations more than doubling in the first half of this year, but new coal-fired power plant approvals have also soared.

 

 

ក្រសួងទេសចរណ៍ពង្រឹងធនធានមនុស្សនៅតាមបណ្តាខេត្តភាគ ពាយ័ព្យនិងឧត្តរ

ដោយៈ គង់ សូរិយា

       ភូមិភាគពាយ័ព្យៈ ក្រសួងទេសចរណ៍ និងអង្គការ SwissContact ពង្រីកការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់។

ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិរួមមាន ទី១. ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោង ឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់។ ទី២. ពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅខ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បីនិរន្តរភាពនៃការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចនៅពេលអនាគត។

ទី៣. លើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនា​ញឆុងកាហ្វេ។

នាឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ ក្រោមធិបតីភាពលោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង និងលោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact បានបញ្ជាក់ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជំនាញ និងទិសដៅបន្តរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយនឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅតាមបណ្តាខេត្178Fខាងលើនេះ៕