សម្តេចតេជោ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោជាសមិទ្ធផលជំនួយធំជាងគេរបស់ប្រទេសចិន

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់ចិន នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា សមិទ្ធផលពហុកីឡដ្ឋានមរតកតេជោនេះ ពហុកីឡដ្ឋានមរតកតេជោជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ចិន នេះជាជំនួយធំជាងគេ។

សម្តេចបានមានប្រសាសន៍ថា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានជួយដល់ការពង្រឹងនូវឯករាជ្យ អធិបតីភាពរបស់កម្ពុជាផងដែរ ដោយអ្នកខ្លះអាចនិងលើកឡើងថាជាការផ្គើននឹងការប្រើប្រាស់ប្រដាប់អាវុធរបស់អាមេរិក។ បើមិនមានកូវីដ១៩ ថ្ងៃនេះនឹងមានមនុស្សលើសពី៦ម៉ឺននាក់ ប៉ុន្តែថ្ងៃនេះសម្តេចដាក់ត្រឹមតែ២ម៉ឺននាក់ប៉ុណ្ណោះ តាមការរៀបរាប់តំបន់នេះ គ្រាន់តែវិស័យកីឡា បានក្លាយជាហេដ្ឋាសម្ព័ន្ធមួយ។

សម្តេចបានថ្លែងថា សម្តេចបានមកទីនេះ៤លើក ទី១ នៅថ្ងៃទី១ ខែមេសា ទី២ ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ទី៣ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ផ្ទេរនិងប្រគល់និងទទួល ពីលោក វ៉ាង យី ហើយនៅក្នុងថ្ងៃនេះ សម្តេចបានសម្ភាធន៍ដាក់អោយប្រើប្រាស់ជាផ្លូវការ។

សម្តេចបានថ្លែងថា “ក្នុងកិច្ចប្រជុំកំពូលអាស៊ាន សូមមេត្តាយោគយល់ដល់កម្ពុជា ព្រោះកម្ពុជាត្រូវការធនធានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រធានាធិបតីឥណ្ឌូនេស៊ីបានគាំទ្រកម្ពុជាសម្រាប់ការស្តារសេដ្ឋកិច្ចសង្គមកម្ពុជា”។

សម្តេចបានបន្តថា សម្តេចបានស្វះស្វែងការងារជាមួយមិត្តចិន ដើម្បីសុំអោយសាងសង់ពហុកីឡដ្ឋានមួយនេះឡើង។ ជាការល្អដែលលោក ស៊ី ជីពីន បានជួយ១៥០លានដុល្លារ សម្រាប់ការសាងសង់ ដែលជាជំនួយធំជាងគេក្នុងចំណោមជំនួយជាច្រើនទៀត ប៉ុន្តែអ្វីដែលធំជាងនេះ គឺទឹកចិត្តរបស់ប្រជាជនចិន ដែលបានផ្តល់ជំនួយដល់កម្ពុជា។

សម្តេចកោតសរសើរដល់គណៈកម្មការសាងសង់ថា មិត្តចិនបានបង្ហាញការគោរពចំពោះកម្ពុជា ចិនបានផ្តល់ជម្រើសបីបែប ដើម្បីអោយសម្តេចបានជ្រើសរើសដោយផ្ទាល់ ដោយសម្តេចបានពិនិត្យតាមប្រវត្តិសាស្រ្តកម្ពុជា រហូតដល់ចេញជាលទ្ធផលពហុកីឡដ្ឋានមួយនេះ។

វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា លើទំហំផ្ទៃដីប្រមាណ ១៦,២២ហិកតា ទំហំសំណង់ប្រហែល ៨,២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕

អូស្ត្រាលី និងអង់គ្លេស ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំ១៣,៣ ពាន់លានដុល្លារអាមេរិក

ដោយ សុខុម

ស៊ីដនី: ប្រទេសអូស្ត្រាលី និងអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (AFT) មួយក្នុងទំហំប្រមាណ១៣,៣ពាន់លានដុល្លារអាមេរិក ដោយលុបចោលពន្ធគយ បើកឱកាសថ្មីសម្រាប់វិស័យនានាដូចជាកសិកម្មជាដើម និងអនុញ្ញាតឱ្យអ្នកជំនាញក្នុងវិស័យសេវាកម្មអាចដើរហើរកាន់តែមានសេរីភាពជាងមុន។

យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ធ្នូ ឱ្យដឹងថា ការលុបចោលពន្ធគយលើស្រាអូស្ត្រាលី និងកូតាមិនយកពន្ធគយសម្រាប់សាច់គោនឹងជួយជួយបណ្ដាក្រុមហ៊ុននាំចេញដែលរងទណ្ឌកម្មក្នុងប្រទេសចិន ងាកទៅលក់នៅប្រទេសអង់គ្លេស។ ពន្ធគយលើរថយន្តអង់គ្លេស ស្រាវីស្គី នំផ្អែមដូចជាសូកូឡាជាដើម និងគ្រឿងសម្អាងនឹងត្រូវលុបចោលជាបណ្តើរៗនៅក្នុងប្រទេសអូស្ត្រាលី។

នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Dan Tehan បានចេញសេចក្តីថ្លែងការណ៍ថា “នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានលក្ខណៈទូលំទូលាយបំផុត និងប្រកបដោយមហិច្ឆតាធំបំផុតដែលអូស្ត្រាលី សម្រេចបានក្រៅពីជាមួយប្រទេសនូវែលសេឡង់”។

ប្រទេសចិន ធ្លាប់តែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ប៉ុន្តែជម្លោះការទូតបាននាំឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើផលិតផលកសិកម្មជាច្រើនរបស់អូស្ត្រាលី កាលពីឆ្នាំមុន។ ស្ថានភាពនេះបានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី ក្រោមការដឹកនាំរបស់លោក Scott Morrison ជំរុញឱ្យបណ្ដាក្រុមហ៊ុននាំចេញកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

លោក Scott Morrison ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេស នេះនឹង “បង្កើតឱកាសថ្មីៗសម្រាប់កម្មករ យុវជន និងអាជីវកម្មនានា ព្រមទាំងពង្រឹងទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំង២ផងដែរ”។

ពន្ធគយនឹងត្រូវបានលុបចោលលើទំនិញចំនួន៩៩%របស់អូស្ត្រាលី ដែលនាំចេញទៅកាន់ប្រទេសអង់គ្លេស ដែលមានតម្លៃប្រមាណ៦,៦០ពាន់លានដុល្លារអាមេរិក ជាមួយនឹងពន្ធ៣១លានដុល្លារអាមេរិក ដែលដកចេញពីស្រាអូស្ត្រាលី។

កូតាមិនគិតពន្ធដំបូងសម្រាប់សាច់គោអូស្ត្រាលី ចំនួន៣៥.០០០តោននឹងឈានទៅដល់ការលុបចោលពន្ធបន្ទាប់ពីរយៈពេល១០ឆ្នាំ។

ហើយទន្ទឹមនេះអាជីវកម្មនានារបស់អង់គ្លេស នឹងត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការវិនិយោគក្នុងប្រទេសអូស្ត្រាលី ហើយកម្មវិធីឈប់សម្រាកដើម្បីទៅធ្វើការនឹងត្រូវពង្រីកដើម្បីអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលី ដែលមានអាយុក្រោម៣៥ឆ្នាំមានឱកាសបានទៅធ្វើការនៅប្រទេសអង់គ្លេស រយៈពេល៣ឆ្នាំ៕ Aljazeera៕

ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ាននៅក្រុងព្រះសីហនុបានបញ្ចប់

ដោយៈគង់ សូរិយា

ព្រះសីហនុៈ នៅទីបំផុតការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ។

ការប្រកួតនៅលើផ្ទៃសាគរ នាតំបន់ឆ្នេរសុខាជាលទ្ឋផល ម្ចាស់​ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប៨គ្រឿង រួមមានមេដាយមាស ១ ប្រាក់៤ និងសំរឹទ្ធ៣ ។

ព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូង នៅកម្ពុជានេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប២៧នាក់ មកពីប្រទេសចំនួន៣ រួមមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី(សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលប្រកួតលើ ៥វិញ្ញាសា រួមមានវិញ្ញាសា RS:One, ILCA6, ILCA7, Techno 293 និងវិញ្ញាសា ILCA4 តែវិញ្ញាសា ILCA4 នេះ កម្ពុជា ពុំបានបញ្ជូនអត្តពលិកចូលរួមប្រកួតនោះទេ ។

ជាលទ្ធផលនៃការប្រកួត ក្រុមកីឡាទូកក្ដោងកម្ពុជា បានឈរលេខរៀងទី២ ក្នុងចំណោម៣ប្រទេស ដែលដណ្ដើមបានមេដាយច្រើនជាងគេ រួមមានមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ៣ ។ រីឯសិង្ហបុរី ឈរលេខ១ ដោយដណ្ដើមបានមេដាយសរុប១១គ្រឿង រួមមានមេដាយមាស៥ ប្រាក់២ និងសំរឹទ្ធ ៤ និងក្រុមកីឡាទូកក្ដោងម៉ាឡេស៊ី ឈរលេខរៀងទី៣ ដណ្ដើមបានមេដាយ២គ្រឿង គឺមេដាយមាស១ និងប្រាក់ ១ ។

ជាមួយការទទួលធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ កម្ពុជាបានទទួលការកោតសរសើរ ពីជំនាញការអន្ដរជាតិ ពិសេសលោក Chan Khun Sing Joseph ប្រធានគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដែលមានធនធាន មានសមត្ថភាពគ្រប់គ្រាន់ អាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯង ទាំងគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី ស្របពេលឆ្នេរសមុទ្រកម្ពុជា មានលក្ខណៈស្ដង់ដារអាចរៀបចំការប្រកួតអន្ដរជាតិបាន។

ជំនាញការអន្ដរជាតិដដែលបានសង្កត់ធ្ងន់ថា ទោះបីកម្ពុជា ទើបទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតអន្ដរជាតិលើកដំបូង ប៉ុន្ដែកម្ពុជា បានរៀបចំ និងទទួលបដិសណ្ឋារកិច្ច ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងភ្ញៀវចូលរួមព្រឹត្តិការណ៍នេះ បានយ៉ាងល្អប្រសើរ ប្រកបដោយភាពកក់ក្ដៅ។ មិនតែប៉ុណ្ណោះ លោកបានអំពាវនាវឲ្យ​ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ បន្ទាប់ពីបានចូលរួមការប្រកួតនៅកម្ពុជា សូមប្រាប់ទៅមិត្តភ័ក្ដ្របងប្អូនវិញថា ឆ្នេរសមុទ្រនៅកម្ពុជាពិតជាស្រស់ស្អាតខ្លាំងណាស់ទៀតផង៕

ក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិត ផលិតផលរបស់ខ្លូននៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតយក្ស បានបង្ហាញគម្រោង ចង់វិនិយោគសាងសង់រោងចក្រផលិត នៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផល ពីក្រៅប្រទេសមកលក់នៅកម្ពុជា។

គម្រោងនេះ ត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ (Representative Office of Nestle(Thai) Ltd) ក្នុងជំនួបជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ខែធ្នូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនេះ លោក Chandana Fernando បានបញ្ជាក់ថា ក្រុមហ៊ុន កំពុងពិនិត្យលទ្ធភាពបង្កើតរោងចក្រ ជំនួសឱ្យការនាំចូលពីបរទេស ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីផែនការលម្អិតនៅឡើយទេ។

លោកចាន់ដាណា បានជម្រាបបន្ថែមថា ការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ បានមកបណ្តាក់ទុនជាង២៥ឆ្នាំនៅកម្ពុជា ដោយបានចូលរួមចំណែក បង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា ក៏ដូចជាបានចូលរួមផ្គត់ផ្គង់ទំនិញ ដែលមានគុណភាពខ្ពស់ រួមទាំងអាហារបំប៉នកុមារផងដែរ។

លោកបានស្នើសុំលោករដ្ឋមន្រ្តី និងមន្រ្តីជំនាញជួយគាំទ្រ និងទប់ស្កាត់ទំនិញក្លែងក្លាយផងដែរ។

ក្រុមហ៊ុន Nestle នៅប្រទេសស្វីសនឹងផ្តល់អណ្តូងទឹក នៅដើមខែមករា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួននៅកម្ពុជាផងដែរ៕

រដ្ឋមន្រ្តីសាធារណៈការចាប់ផ្តើមផ្តោតការងារកាន់តែខ្លាំងលើហេដ្ឋារចនាសម្ព័ន្ឋសម្រាប់រថយន្តអគ្គិសនី

ដោយៈ សុធារី

សៀមរាបៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន នាថ្ងៃ១៧ ធ្នូ ២០២១នេះបានចុះសិក្សាលទ្ធភាពដំឡើងទីតាំង ស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តបាត់ដំបង និងសៀ​មរាប ត្រៀមខ្លួនឆ្លើយតបទៅនឹងអគ្គិសនី ភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា ក្រោមប្រធានបទ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា”។

លោកបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែកដល់កាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្ត ដើរដោយថាមពលអគ្គិសនី(EVs) និងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូល សម្រាប់ EVs នៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយសាករថយន្តអគ្គិសនី កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ ។

កម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិ ហៅកាត់ថា UNDP គ្រោងផ្តល់ជូនស្ថានីយសម្រាប់ សាកយានយន្តដើរ ដោយថាមពលអគ្គិសនីចំនួន៥ទីតាំង នៅតាមបណ្ដារាជធានី-ខេត្ត តាមការស្នើសុំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលក្នុងនោះ២ទីតាំង នៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ជាអំណោយលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីទាក់ទាញ នូវចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ ឱ្យងាកមកចាប់អារម្មណ៍ លើការប្រើយានយន្តដើរដោយថាមពលអគ្គិសនី ក្នុងការចូលរួមចំណែក ដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន៕

ដំណឹងល្អៈផ្លូវជាតិលេខ៤៨នឹងបើកការដ្ឋានស្ថាបនានៅដើមឆ្នាំ២០២២

ដោយៈជេស៊ីកា

ភ្នំពេញៈ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុងនឹងបើកការដ្ឋានស្ថាបនាលើកកំពស់គុណភាពផ្លូវនៅថ្ងៃទី៣ មករា ឆ្នាំ២០២២ខាងមុខនេះ។

គំរោងលើកកំពស់គុណភាពផ្លូវជាតិដ៏សំខាន់នេះ ទទួលហិរញ្ញប្បទានស្បទានក្រោមកម្ចីកូរ៉េចំនួន៧៨លានដុល្លារ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានផ្លូវនេះ កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ ដែលដឹកនាំដោយលោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
គម្រោងនេះរួមមាន ផ្លូវ២គន្លងប្រវែង១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ១១ម៉ែត្រផ្លូវ និងផ្លូវ៤គន្លង ប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ។

កិច្ចសន្យាសាងសង់ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែសីហា រវាងក្រសួង និងក្រុមហ៊ុន ILSUNG HANIL Joint Venture៕

ខេត្តកំពតស្វាគមន៍សណ្ឋាគារ និងរីសតប្រណីតថ្មីមួយ

ដោយៈជេស៊ីកា

កំពតៈ ខេត្តកំពតបានស្វាគមន៍សណ្ឋាគារ និងរីសតថ្មីមួយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ។

លោកសេង សិរីបុត្រ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ភោធសណ្ឋាគារ ហ្គូដថាម រីលែករីស្សត ជាផ្លូវការ ដែលស្ថិតនៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីទំហំ ៤,៥ ហិចតា មាន៥១បន្ទប់ និងមានសេវាកម្មផ្នែកបដិសណ្ឋារកិច្ច ដូចជាបន្ទប់ស្នាក់នៅប្រណិត ភោជនីយដ្ឋាន សាលប្រជុំ អាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីមសោណា និងការជិះទូកកាយ៉ាក់កំសាន្ត តាមមាត់ព្រែកជាមួយនឹងបរិយាកាសធម្មជាតិគួរជាទីគាប់ចិត្ត។

សណ្ឋាគារ និងរីសតនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកំពត អោយកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វិស័យទេសចរណ៍ ក្នុងខេត្តកំពតមិនសូវរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩នោះទេ ខណៈខេត្តដទៃទៀតបានបាត់បង់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិច្រើន ប៉ុន្តែខេត្តកំពតបាត់​បង់ភ្ញៀវប្រមាណ៣០ភាគរយប៉ុណ្ណោះ។

លោកបន្តថា “ខេត្តកំពតនៅតែទាក់ទាញ និងស្រូវទាញការវិនិយោគផ្នែករមណីយដ្ឋានច្រើន ពិសេសធនធានធម្មជាតិ ដ៏មានសក្តានុពលរបស់ខេត្ត”៕

សម្តេចតេជោចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ពហុកីឡដ្ឋានមរតកតេជោនាព្រឹកថ្ងៃនេះ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញធ្វើជាអធិបតីភាពរួមគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់ “វិមានកីឡដ្ឋាន” ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀត សម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។

វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេ ក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុ ល្លារអាមេរិក។

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ១៦.២២ហិកតា ទំហំសំណង់ប្រហែល៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនា បានរហូតដល់៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀ​បចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។

ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ ។

វិមានកីឡដ្ឋានសមិទ្ធផល ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងចិននេះ ត្រូវបានធ្វើពិធីប្រគល់ និងទទួលរវាងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជា។

លោក វ៉ាង យី បានគូសបញ្ជាក់ថា ជំនួយរបស់ចិនសម្រាប់សាងសង់វិមានកីឡដ្ឋាននៅកម្ពុជា គឺជាជំនួយមានទឹកប្រាក់ច្រើនជាងគេ និងជាប្រវត្តិសាស្ត្រ នៃការផ្តល់ជំនួយរបស់ចិន ទៅកាន់ប្រទេសជាមិត្ត។

លោក វ៉ាង យី បានចាត់ទុកការជួយសាងសង់ វិមានកីឡដ្ឋាននេះ គឺជាជំនួយ ដ៏ពិសេសសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជាមិត្តដ៏ពិសេសរបស់ចិន។

សម្តេចតេជោ ហ៊ុន សែនក៏បានគូសរំលេចផងដែរថា វត្តមានវិមានកីឡដ្ឋាននេះ គឺជាសមិទ្ធផលលេចចេញជារូបរាង ព្រោះតែមានទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងចិន។ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកវិមានកីឡដ្ឋាននេះ គឺជាសមិទ្ធផលដើមរដូវ នៃទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។

ក្នុងព្រឹត្តិការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជានេះ ក៏មានភ្ជាប់មកនូវជាមួយ ព្រឹត្តិការណ៍មួយចំនួនទៀតមានដូចជា ពិធីរាប់ថយក្រោយ ដើម្បីឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល ៥០២ថ្ងៃទៀត។

ក្នុងពិធីយ៉ាងមហោឡារឹក ដែលមានអ្នកចូលរួមរហូតដល់១៥,០០០នាក់នេះ នឹងភ្ជាប់ជាមួយនឹងផ្ទាំងទស្សនីយភាព សិល្បៈជាច្រើនទៀត មានដូចជាការសម្តែងគុនល្បុក្កតោ និងការច្រៀងចម្រៀងបង្ហាញ ពីមិត្តភាពកម្ពុជា និងចិនជាដើម។

ជាមួយនឹងការបើកសម្ពោធនេះ នៅពេលរសៀលមានការអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនា អមជាមួយការប្រគំតន្ត្រីសម័យទំនើប និងមានការបាញ់កាំជ្រួចថែមទៀតផង៕

តើការវិនិយោគដីធ្លីទាមទារឱ្យមានលំហូរមូលធនកាន់តែច្រើនឬយ៉ាងណា?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ សកម្មភាពនៃការវិនិយោគដីធ្លីកាលពី៥ឆ្នាំនិងបច្ចុប្បន្នភាពខុសគ្នាដាច់ដោយឡែក ដោយកាលបើចង់វិនិយោគលើដីធ្លីនិងអចលនទ្រព្យ គឺមិនទាមទារឱ្យដើមទុនធំឬដើមទុនច្រើននោះទេ តែបច្ចុប្បន្នការវិនិយោគលើដីធ្លីគឺត្រូវការទាមទារឱ្យដើមទុនច្រើននិងដើមទុនធំបើចង់ចំនេញ។

លោក ខេន ឡូ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty បានឱ្យដឹងថា ការវិនិយោគដីធ្លីនៅក្នុងរយៈមួយឆ្នាំពីរឆ្នាំចុងក្រោយនេះបើប្រៀបធៀបនឹង៥ឆ្នាំមុនគឺ ការវិនិយោគពេលនេះត្រូវការដើមទុនច្រើនជាងមុន ពីព្រោះ៥ឆ្នាំមុនការអភិវឌ្ឍដីធ្លីនៅមានកម្រិតនៅឡើយទេ តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងឃើញថានៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅជុំវិញរាជធានីភ្នំពេញ មានការអភិវឌ្ឍជាខ្លាំង ដូច្នេះតម្លៃដីធ្លីក៏បានកើនឡើងជាមួយជាពីរដល់ទៅជាបី ដែលជំរុញឱ្យអ្នកវិនិយោគដីធ្លីត្រូវមានដើមទុនកាន់តែច្រើន។

លោបន្តថា បើយើងក្រលេកទៅមើលនៅជុំវិញរាជធានីភ្នំពេញ យ៉ាងហោចណាស់២០គីឡូម៉ែត្រជុំវិញ អ្នកចង់វិនិយោគលើដីធ្លីត្រូវការដើមទុនយ៉ាងតិចក៏៣០ម៉ឺនដុល្លារអាមេរិក។ មានន័យថាបើចង់វិនិយោគដីដែលមានសក្ដានុពល និងដីដែលអាចចំនេញក្នុងរយៈពេលខ្លី គឺត្រូវការដើមទុនចាប់ពី៣០ម៉ឺនដុល្លារអាមេរិកឡើងទៅទើបអាចធ្វើទៅបាន។ លោកថា”បើសិនជាយើងត្រូវការវិនិយោគដែលមានទំហំធំ យើងក៏ត្រូវការដើមទុនធំជាងនេះដែរ ដូច្នេះតម្លៃ៣០ម៉ឺនដុល្លារអាមេរិកនេះ គ្រាន់តែជាដីដែលមានទំហំតូចប៉ុណ្ណោះ មិនអាចនិយាយថាជាដីទំហំធំៗនោះឡើយ”។

លោកបន្ថែមថា សម្រាប់អ្នកដែលចង់វិនិយោគដីធ្លី តែមិនមានដើមទុនគ្រប់គ្រាន់គឺមានវិធីម្យ៉ាងដោយរួមហ៊ុនគ្នាហើយទិញដីចូលគ្នាដូចជា ជាមួយបងប្អូនមិត្តភក្ដិជិតស្និទ្ធ ហើយបើសិនជាពួកគាត់កាន់តែមានលទ្ធភាព អាចមានលទ្ធភាពទិញដីទំហំធំៗនិងមានទីតាំងសក្ដានុពលបានផងដែរ។

លោក វ៉ា វីរៈ គ្រូបង្វឹកអចលនទ្រព្យមួយរូបប្រចាំប្រទេសកម្ពុជា ក៏បានឱ្យដឹងផងដែរថា ការស្វែងរកទុនមកវិនិយោគដីធ្លីវាពិតជាពិបាក ប៉ុន្តែបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនលក់ភាគហ៊ុន ដើម្បីឱ្យពលរដ្ឋឬវិនិយោគិនដែលមានដើមទុនតិចឬដើមទុនមិនគ្រប់គ្រាន់ក្នុងការទិញដីធ្លីនៅតំបន់ដែលខ្លួនពេញចិត្តអាចទិញ ភាគហ៊ុននោះ និងក្លាយជាម្ចាស់ភាគហ៊ុននៃទ្រព្យដែលចង់បានហើយ។

ជាការកត់សម្គាល់តម្លៃដីធ្លី នៅក្នុងប្រទេសកម្ពុជាបានហក់ឡើងចាប់តាំងពីក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុងឆ្នាំ ២០០៨ ឬ២០០៩ ហើយនៅក្នុងវិបត្តិកូវីដ១៩នេះក៏តម្លៃដីធ្លីមិនមានការធ្លាក់ចុះតម្លៃខ្លាំងណាស់ដែរ ពោលតម្លៃនៅតែខ្ពស់ តែក៏មានម្ចាស់ដីខ្លះដែលត្រូវការហិរញ្ញវត្ថុបន្ទាន់ដើម្បីដោះស្រាយបញ្ហាលក់ក្នុងតម្លៃក្រោមទីផ្សារបន្តិចប៉ុណ្ណោះ៕

Small Tourism Businesses Begin to Recover

by: Sotheary

Phnom Penh: The president of the Cambodian Association of Travel Agents (CATA), Chhay Sivlin, said small businesses in the tourism sector were beginning to recover and gain confidence.

Immediately after the announcement, many national opinions, especially businessmen, investors, businessmen and traders, welcomed and were very pleased with the opening of the country by the Royal Government in the field of tourism seems to be the most enthusiastic among those in the field.

Ms. Chhay Sivlin said that the reopening of Cambodia is the only hope that will help revive the tourism sector, and it is noteworthy that after the Royal Government announced the opening of the country immediately small businesses in tourism began to operate. Immediately with confidence, big businesses are also expected to recover in the future.
Apart from tourism, the real estate business community also welcomes the government’s decision now.

Mr. Dith Channa, CEO of LUCKY Realty Co., Ltd, also said that it was very good for the economy when the government decided to open up the country and would expect the real estate sector, such as real estate, construction and housing demand to recover soon, especially in the coming 2022.
Not only the national opinion welcomed and applauded the government that decided to open the international country, also praised Cambodia for opening the country after the situation of Covid-19 has eased.

Jacques Pellet, the new French Ambassador of Cambodia, also praised Cambodia for reopening the country and said that opening up Cambodia would make Cambodian and other countries’ businesses richer. The momentum in which relations between France and France will become closer as French investors in Cambodia are also looking for more investment in Cambodia after the opening of Cambodia.