តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃពុធនេះ ខណៈក្តីបារម្ភអំពីការផ្គត់ផ្គង់នៅតែបន្តកើតមាន បន្ទាប់ពីព្យុះរដូវរងាបានជះផលប៉ះពាល់ដល់ទិន្នផល និងការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិក។

ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា ក្រុមហ៊ុនផលិតប្រេងរបស់សហរដ្ឋអាមេរិកបានខាតបង់ទិន្នផលប្រេងឆៅចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើចំនួន១៥ភាគរយនៃទិន្នផលសរុបទូទាំងប្រទេសកាលពីចុងសប្តាហ៍ ខណៈព្យុះរដូវរងាបានជះផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាញអគ្គិសនី។

តម្លៃប្រេងឆៅ Brent future បានកើនឡើង១១សេនដល់៦៧,៦៨ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0725 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង១៩សេនដល់៦២,៥៨ដុល្លារក្នុងមួយបារ៉ែល៕

តើតម្លៃលក់ និងជួលអាផាតមុិននៅរាជធានីភ្នំពេញមានទំហំទឹកប្រាក់ចំនួនប៉ុន្មាននៅដើមឆ្នាំនេះ?

ដោយ: សហសេវិក
ភ្នំពេញ: តម្លៃលក់ និងជួលអាផាតមុិននៅរាជធានីភ្នំពេញរបស់កម្ពុជាមានភាពខុសៗគ្នា អាស្រ័យលើទំហំយូនីត និងទីតាំងអគារអាផាតមុិនទាំងនោះ។ ខាងក្រោមនេះជាតម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងភ្នំពេញ ដែលក្រុមហ៊ុន Global Property Guide បានធ្វើបច្ចុប្បន្នភាពត្រឹមតែខែមករា ឆ្នាំ២០២៦។

តួយ៉ាង តម្លៃអាផាតមុិនដែលមានបន្ទប់គេងទោល មានទំហំទឹកប្រាក់ជាមធ្យមចំនួន១០០.០០០ដុល្លារអាមេរិក និងមានតម្លៃជួលជាមធ្យមចំនួន៥៥០ដុល្លារក្នុងមួយខែ ហើយផលចំណេញពីការវិនិយោគមានអត្រា៦,៦ភាគរយ។

តម្លៃអាផាតមុិនដែលមានបន្ទប់គេងចំនួន២ មានទំហំទឹកប្រាក់ជាមធ្យមចំនួន២៣០.០០០ដុល្លារអាមេរិក និងមានតម្លៃជួលជាមធ្យមចំនួន១.០០០ដុល្លារក្នុងមួយខែ ហើយផលចំណេញពីការវិនិយោគមានអត្រា៥,២២ភាគរយ។

តម្លៃអាផាតមុិនដែលមានបន្ទប់គេងចំនួន៣ មានទំហំទឹកប្រាក់ជាមធ្យមចំនួន៣៥៤.០០០ដុល្លារអាមេរិក និងមានតម្លៃជួលជាមធ្យមចំនួន២.០០០ដុល្លារក្នុងមួយខែ ហើយផលចំណេញពីការវិនិយោគមានអត្រា៦,៧៨ភាគរយ។

ចំណែក តម្លៃអាផាតមុិនដែលមានបន្ទប់គេងចំនួន៤ មានទំហំទឹកប្រាក់ជាមធ្យមចំនួន៧៣០.០០០ដុល្លារអាមេរិក និងមានតម្លៃជួលជាមធ្យមចំនួន៤.៥០០ដុល្លារក្នុងមួយខែ ហើយផលចំណេញពីការវិនិយោគមានអត្រា៧,៤ភាគរយ។

ក្នុងនោះ គេសង្កេតឃើញថា តម្លៃអាផាតមុិនដែលមានបន្ទប់គេងទោល នៅតំបន់ជ្រោយចង្វារមានទំហំទឹកប្រាក់ជាមធ្យមចំនួន៨០.០០០ដុល្លារអាមេរិក និងមានតម្លៃជួលជាមធ្យមចំនួន៤៥០ដុល្លារក្នុងមួយខែ ហើយផលចំណេញពីការវិនិយោគមានអត្រា៦,៧៥ភាគរយ។

ទន្ទឹមនឹងនេះ តម្លៃអាផាតមុិនដែលមានបន្ទប់គេងចំនួន២ នៅតំបន់ជ្រោយចង្វារមានទំហំទឹកប្រាក់ជាមធ្យមចំនួន១៨៣.៦០០ដុល្លារអាមេរិក និងមានតម្លៃជួលជាមធ្យមចំនួន៧៥០ដុល្លារក្នុងមួយខែ ហើយផលចំណេញពីការវិនិយោគមានអត្រា៤,៩ភាគរយ៕ប្រភព: Global Property Guide៕

ក្រុមហ៊ុនមួយរបស់ឥណ្ឌូនេស៊ីរៀបចំពានរង្វាន់ច្នៃប្រឌិត និងនវានុវត្តន៍នៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកហួត ហាក់ បានគាំទ្រលើការរៀបចំព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិ “ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិICIA (International Creativity and Innovation Award)» របស់ក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី)នៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Antonius Malem Barus សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) ដឹកនាំដៃគូវិនិយោគពីសឹង្ហបូរី និងកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងគម្រោងរៀបចំកម្មវិធីទេសចរណ៍អប់រំ នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ ក្នុងការបើកចំហទីផ្សារបន្ថែមទៀត លោកនាយកប្រតិបត្តិ និងដៃគូសហការអន្តរជាតិ បាន ជម្រាបអំពីសកម្មភាពក្រុមហ៊ុនកន្លងមក នៅបណ្តាប្រទេសអាស៊ានប្រកបដោយលទ្ធផលគួរជាទីមោទនៈ ដោយមានអ្នកចូលរួមជិត១ពាន់នាក់ក្នុងមួយលើកៗ។

ដោយមើលឃើញពីការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា កត្តាសុខសន្តិភាព សុវត្ថិភាព ពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងទីកន្លែងរៀបចំកម្មវិធីធំៗ និងប្រណីតភាព លោកនាយក និងដៃគូសហការចម្រុះជាតិសាសន៍ បានសម្រេចចិត្តរៀបចំព្រឹត្តការណ៍បែបទេស​ចរណ៍អប់រំ លំដាប់អន្តរជាតិនេះឡើងនៅកម្ពុជា ដោយរំពឹងថាអ្នកចូលរួមពីបណ្តាប្រទេសនៅតំបន់អាស៊ាន និងប្រទេសដទៃទៀតដែលលើសពី៧០០នាក់។​ ក្នុងឱកាសនោះ លោកនាយក ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាគណៈអធិបតី ក្នុងព្រឹត្តការណ៍បែបទេសចរណ៍អន្តរជាតិដ៏ធំ ដែលគ្រោងរៀបចំនៅកម្ពុជា នាពេលខែមេសាខាងមុខផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុន ដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។

ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ ឯកឧត្តមរដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍អប់រំដ៏ធំនេះ សម្រេចបានជោគជ័យដែលពិតជាបង្កើនលំហូរភ្ញៀវឥណ្ឌូណេស៊ី និងពីបណ្តាប្រទេសអាស៊ានកាន់តែច្រើនមកកាន់កម្ពុជា៕

កម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាតិ អន្តរជាតិកើនឡើងរហូតដល់២៤៤ស្ថាប័ន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិចំនួន២៤៤ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

គ្រឹះស្ថានទាំងនោះរួមមាន ធនាគារពាណិជ្ជចំនួន៥៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៩ គ្រឹះស្ថានឥណទានជនបទចំនួន៨៩ និងធនាគារឯកទេសចំនួន៧។ ជារួមរបាយការណ៍បានសន្និដ្ឋានថា ប្រព័ន្ធនេះឥឡូវនេះផ្តល់សេវាកម្មដល់គណនីប្រាក់បញ្ញើចំនួន៣០,៦លាន និងគណនីឥណទានចំនួន៤,៥លាន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា វិស័យ​ធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា បានកត់ត្រាកំណើនប្រាក់កម្ចីតិចតួចក្នុងឆ្នាំ ២០២៥ ទោះបីជាមានឧបសគ្គសេដ្ឋកិច្ចក្នុងស្រុក និងសកលក៏ដោយ។

ប្រាក់កម្ចីមិនទាន់បានទូទាត់បានកើនឡើង៤,១% ធៀបនឹងរយៈពេលមួយឆ្នាំ ដល់៦៣ពាន់លានដុល្លារនៅចុងឆ្នាំ២០២៥ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើងយ៉ាងខ្លាំងចំនួន១៤,៧ភាគរយ ស្មើនឹង៦៥,៧ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានចង្អុលបង្ហាញពីការកើនឡើងនៃហានិភ័យឥណទានផងដែរ ដោយកត់សម្គាល់ថា អនុបាតឥណទានមិនដំណើរការ (NPL) នៅទូទាំងប្រព័ន្ធធនាគារបានកើនដល់៨,៩% នៅចុងឆ្នាំ២០២៥ កើនឡើងពី៧,៤% កាលពីឆ្នាំមុន។

ទ្រព្យសកម្មសរុបនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ នៅកម្ពុជាបានកើនឡើងដល់៩៨,៧ពាន់លានដុល្លារ ដែលបង្ហាញពីការកើនឡើង៩,៧% ធៀបនឹងរយៈពេលមួយឆ្នាំ។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ថា វិស័យធនាគារនៅតែជាសសរស្តម្ភ ដ៏សំខាន់នៃសេដ្ឋកិច្ច ចំពេលមានបរិយាកាសដ៏លំបាកមួយ។

លោកស្រីបញ្ជាក់ថា កំណើនឥណទាន៤,១% ក្នុងឆ្នាំ២០២៥ បានលើសពីលទ្ធផលនៃឆ្នាំ២០២៤។ ការផ្តល់ប្រាក់កម្ចីកាលពីឆ្នាំមុន ត្រូវបានគាំទ្រជាចម្បង ដោយតម្រូវការដើមទុនកើនឡើង ពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកំពុងស្វែងរកការពង្រីកប្រតិបត្តិការរបស់ពួកគេ៕

កំណើនសេដ្ឋកិច្ច និងនគរូបនីយកម្មកំពុងជំរុញសន្ទុះទីផ្សារអចលនទ្រព្យលំនៅឋានក្នុងប្រទេសឥណ្ឌូនេសុី

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីកំពុងប្រែប្រួលគួរឱ្យកត់សម្គាល់ ស្របពេលមានការកើនឡើងនៃចំណាប់អារម្មណ៍ពីជនបរទេស នគរូបនីយកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាល។

ជនបរទេសកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតរបស់ឥណ្ឌូនេសុី ជាពិសេសនៅក្នុងមជ្ឈមណ្ឌលទីក្រុងធំៗដូចជាទីក្រុងហ្សាការតា និងកោះបាលី។

តម្រូវការ​អចលនទ្រព្យ​លំដាប់​ខ្ពស់​កំពុង​កើនឡើង​យ៉ាង​គំហុក ដោយជនបរទេស​គ្របដណ្តប់ចំណែក៦០ភាគរយនៃ​ការទិញ​អចលនទ្រព្យ​ប្រណីត ជាពិសេស​មកពីប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក និងប្រទេស​អូស្ត្រាលី។

​ការផ្តល់ប្រាក់កម្ចី​ទិញ​ផ្ទះ​នៅ​ឥណ្ឌូនេស៊ីក៏អាចនឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយ​ប្រាក់កម្ចី​ទិញ​ផ្ទះ​សរុប​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ពី៤៦ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២៤ ដល់​ចំនួន៧០ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០៣០ខាងមុខ។

តម្រូវការលំនៅឋាននៅប្រទេសឥណ្ឌូនេស៊ីត្រូវបានជំរុញដោយការកើនឡើងនៃប្រាក់ចំណូល កម្លាំងពលកម្មដែលមានតម្លៃសមរម្យ និងចំនួនប្រជាជនវ័យក្មេង ដែលភាគច្រើនជាប្រជាជនក្នុងស្រុក។

ចំនួនប្រជាជន ដែលមានការងារធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងពីចំនួន១៣០លាននាក់ ដល់ចំនួន១៤៥លាននាក់ ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។ ជាមួយគ្នានេះ ការដំឡើងប្រាក់ឈ្នួលមានអត្រាប្រហែល៨ភាគរយរៀងរាល់១៨ខែម្តង។

ចំណែក ផលទុនជាតិសរុប (GDP) របស់ប្រទេសនេះបានកើនឡើងពីទំហំទឹកប្រាក់ជាង១ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដល់ជាង១,៤ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២៥។

ចំនួនប្រជាជនឥណ្ឌូនេស៊ីបានកើនឡើងដល់ចំនួន២៨២លាននាក់ ខណៈនគរូបនីយកម្មមានអត្រា៦០ភាគរយកាលពីឆ្នាំ២០២៤កន្លងមក។ ចំនួនជិត៤៨ភាគរយនៃប្រជាជនឥណ្ឌូនេសុីសរុបមានអាយុក្រោម៣០ឆ្នាំ៕ប្រភព: Ken Research៕

តើគួរវិនិយោគអចលនទ្រព្យនៅទិសណាមួយនៃទីក្រុងភ្នំពេញ?

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ផ្នែកល្អបំផុតមួយចំនួន នៃទីក្រុងភ្នំពេញដែលត្រូវពិចា​រណា សម្រាប់ការវិនិយោគលើអចលនទ្រព្យ មានសក្តានុពលខុសៗគ្នា។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងថា តំបន់ដែលមានចម្ងាយចន្លោះពី១០ ទៅ៣០គីឡូម៉ែត្រនៃរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពល ជាមួយ​នឹងល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

តើស្ថានភាពបច្ចុប្បន្ននេះ គួរវិនិយោគនៅទីណា ស្របពេលស្ថានភាពទីផ្សារស្ថិតក្នុងសភាពមិនច្បាស់លាស់។

១. ខ័ណ្ឌបឹងកេងកង

សង្កាត់មួយក្នុងចំណោមសង្កាត់ ដែលមានតម្រូវការច្រើនបំផុតរបស់ទីក្រុងភ្នំពេញ ដែលមានប្រជាប្រិយភាពជាមួយជនបរទេស និងអ្នកជំនាញ។

តំបន់នេះ តម្រូវការជួលខ្លាំង សាលារៀនអន្តរជាតិ ហាងកាហ្វេ និងគ្រឿងបរិក្ខារ។

ជាមួយនឹងតម្លៃដើមទុនខ្ពស់ និងសក្តានុពលកំណើនរយៈពេលវែងរឹងមាំ ទោះបីជាតម្លៃខ្ពស់ក៏ដោយ។

២.ខ័ណ្ឌចំការមន (តំបន់កណ្តាលទីក្រុង)

តំបន់នេះ ជាតំបន់ការអភិវឌ្ឍតាមមាត់ទន្លេ និងការប្រើប្រាស់ចម្រុះ ដែលជាមជ្ឈមណ្ឌលរីកចម្រើន សម្រាប់ខុនដូប្រណីត និងគម្រោងពាណិជ្ជកម្ម។

អ្នកជំនាញបានលើកឡើងថា តំបន់នពល្អសម្រាប់ទាំងការកើនឡើងដើមទុន និងតម្រូវការជួលពីអ្នកជួលសាជីវកម្ម។

៣.ខ័ណ្ឌដូនពេញ

តំបន់មួយចំនួននៅក្នុងខ័ណ្ឌនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍បែបប្រពៃណីរបស់ទីក្រុងភ្នំពេញ (នៅជិតច្រាំងទន្លេស៊ីសុវត្ថិ និងវត្តភ្នំ)។

អចលនទ្រព្យនៅតំបន់នេះ មានតម្លៃខ្ពស់ខ្លាំង និងចំណេញរយៈពេលវែងខ្លាំង ប៉ុន្តែមានដីមានកំណត់ និងតម្លៃខ្ពស់ជាង។

៤. ខ័ណ្ឌទួលគោក

ខ័ណ្ឌមួយនេះ ក្រៅពីជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មដ៏លឿន ក៏ជាតំបន់លំនៅដ្ឋាន ដែលពេញនិយមសម្រាប់គ្រួសារ និងអ្នកស្រុក ជាមួយនឹងតម្លៃសមរម្យជាងកណ្តាលទីក្រុង។

មានតុល្យភាពល្អនៃការចូលប្រើប្រាស់ និងទំហំធំទូលាយ និងកំណើនប្រជាជនខ្លាំង។

៥. ខ័ណ្ឌចំការមក (ទួលទំពូង)

តំបន់មួយនេះ មានភាពលាយឡំគ្នានៃរបៀបរស់នៅ ហាងកាហ្វេ និងខុនដូ ដែលទាក់ទាញដល់អ្នកជំនាញវ័យក្មេង និងជនបរទេស។

វាជាតំបន់ល្អ សម្រាប់ការជួលរយៈពេលខ្លី (Airbnb) ស្រុក និងជាយក្រុងជាយក្រុង ដែលមានសក្តានុពលកំណើន។

៦. ខ័ណ្ឌជ្រោយចង្វារ

ប្រៀបដូចជាឧបទ្វីបមួយ នៃរាជធានីដ៏ចំណាស់ តំបន់នេះកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សរវាងទន្លេមេគង្គ និងទន្លេសាបជាមួយនឹងអាគារខុនដូ និងលំនៅដ្ឋានប្រណីតៗ។

មានបណ្តុំដោយសហគមន៍បុរី ខុនដូ និងគម្រោងទីក្រុងរណបដ៏រឹងមាំ កំណើនដើមទុនរយៈពេលវែង ដែលមានសក្តានុពលល្អ។

៧. ខ័ណ្ឌសែនសុខ

ខ័ណ្ឌមួយនេះ ក៏មានការរីកចម្រើនដ៏លឿនផងដែរ ប៉ុន្តែវាជាច្រកចំណុចចូល ដែលមានតម្លៃសមរម្យជាងមុន ជាមួយនឹងនគរូបនីយកម្មលំនៅដ្ឋានយ៉ាងឆាប់រហ័ស និងចំណុចកណ្តាលពាណិជ្ជកម្មសំខាន់ៗដូចជាផ្សារទំនើបអ៊ីអន។

ខ័ណ្ឌមួយនេះ ជម្រើសល្អសម្រាប់ប្រាក់ចំណូលជួលស្ថិរភាព និងប្រាក់ចំណេញពីការកើនឡើងនាពេលអនាគត៕

កំពង់ផែអន្តរជាតិខេត្តកំពតនិងតំបន់សេដ្ឋកិច្ចពិសេសត្រៀមផ្តល់ សេវាកម្មច្រកចេញចូលតែមួយ

ដោយៈ ចំណាន

    កំពតៈ កំពង់ផែអន្តរជាតិកំពត និងតំបន់សេដ្ឋកិច្ចពិសេសកំពត (កំពង់ផែកំពត) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាកម្មច្រកចេញចូលតែមួយ សម្រាប់ប្រតិបត្តិការពាណិជ្ជកម្ម ដោយគូសបញ្ជាក់ពីតួនាទីកាន់តែសំខាន់ ក្នុងការពង្រឹងការតភ្ជាប់ភស្តុភារកម្ម និងកិច្ចសម្របសម្រួលពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយ លោកស្រី អាត់ សំភី ប្រធានទំនាក់ទំនងអតិថិជន នៃកំពង់ផែពហុបំណង និងសួនឧស្សាហកម្មកំពត បាននិយាយថា កំពង់ផែកំពតបានក្លាយជាកំពង់ផែសមុទ្រជ្រៅអន្តរជាតិទីបីរបស់កម្ពុជា ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងវិធីសាស្រ្តរបស់ប្រទេសចំពោះពាណិជ្ជកម្ម និងភស្តុភារកម្ម។

លោកស្រី សំភី បានពន្យល់ថា ទាំងតំបន់សេដ្ឋកិច្ចពិសេសកំពត (KSEZ) និងកំពង់ផែពហុបំណងកំពត (KMP) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែអន្តរជាតិខេត្តកំពត ដែលកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃភស្តុភារកម្មយ៉ាងច្រើន សម្រាប់អាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។

ដោយដំណើរការដោយកំពង់ផែពហុបំណង និងសួនឧស្សាហកម្មខេត្តកំពត ប្រធានទំនាក់ទំនងអតិថិជនបានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការលើកទឹកចិត្តជាច្រើន រួមទាំងវិធានការគាំទ្របរិស្ថាន ការលើកលែងពន្ធ និងអត្ថប្រយោជន៍ពន្ធ។

លោកស្រីបានបញ្ជាក់ថា “កំពង់ផែខេត្តកំពត បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនថ្មី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សេវាកម្មច្រកចេញចូលតែមួយ និងការលើកទឹកចិត្តដែលគាំទ្រដោយរដ្ឋាភិបាល”។លោកស្រីបន្ថែមថា “គម្រោងជាច្រើនកំពុងដំណើ​រការនៅក្នុងកំពង់ផែខេត្តកំពត រួមមានរោងចក្រដែកថែប រោងចក្រជី និងរោងចក្រក្តារបន្ទះ ដែលឆ្លុះបញ្ចាំងពីសកម្មភាពឧស្សាហកម្ម ដែលកំពុងកើនឡើងនៅក្នុងតំបន់”។

លោកស្រី សំភី បានកត់សម្គាល់ថា KSEZ គឺជាទីតាំងយុទ្ធសាស្ត្រ ដែលផ្តល់នូវការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស រួមមានការសម្រួលដំណើរការបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរឡើង និងគោលនយោបាយអំណោយផលដល់វិនិយោគិន។

លោកស្រីបន្ថែមថា កំពង់ផែពហុបំណងខេត្តកំពត (KMP) ដែ​លជាកំពង់ផែឈានមុខគេ មានគោលដៅគាំទ្រអាជីវកម្ម ក្នុងការកសាងដំណោះស្រាយភស្តុភារកម្ម ប្រកបដោយប្រសិទ្ធភាពតាមរយៈប្រតិបត្តិការកំពង់ផែប្រកបដោយវិជ្ជាជីវៈ និងតំបន់សេដ្ឋកិច្ចពិសេសរួមបញ្ចូលគ្នា ដែលរួមចំណែកដល់កំណើនពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរបស់ប្រទេសកម្ពុជា៕

អាជ្ញាធរប្តេជ្ញាចិត្តមិនឲ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

ដោយៈ ចំណាន

    សៀមរាបៈ រដ្ឋបាលខេត្ត​ សមត្ថកិច្ចជំនាញ​ និងវិស័យឯកជនប្តេជ្ញាចិត្តមិនអនុញ្ញាតឱ្យមានបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ការបង្ហាញឆន្ទៈដ៏ប្រសើរនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តសៀមរាប ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ក្រោមអធិបតីភាពលោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីអ្នកពាក់ព័ន្ធចំនួន​ ៤០០នាក់។

លោកបានមានប្រសាសន៍ថា ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅ និងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ ជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ០៣អនក្រ.បក។​

លោកបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តសៀមរាប។​

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យមានការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams  សូមរាយការណ៍ជូនកងកម្លាំង មានសមត្ថកិច្ច ដោយនិងរក្សាការសម្ងាត់ជូន​ ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវចលនាប្រជាពលរដ្ឋ ធ្វើជាភ្នែក ជាច្រមុះរបស់យើង បើមានការសង្ស័យអោយគាត់រាយការណ៍មកយើង ហើយត្រូវរក្សាការសំងាត់អោយគាត់ ដើម្បីមានវិធានការចាត់ការតាមច្បាប់បានទាន់ពេលវេលា ចំពោះការប្រមូលផ្ដុំរបស់ជនបរទេស ដោយខុសច្បាប់។

លោកប្រាក់ សោភ័ណបានបញ្ជាក់ទៀតថា “យើងទាំងអស់គ្នា ត្រូវរួមគ្នាដោះស្រាយបញ្ហាបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឱ្យបានដើម្បីមុខមាត់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍របស់កម្ពុជា”៕

តម្លៃខុនដូនៅទីក្រុងតូក្យូរបស់ជប៉ុនរំពឹងបន្តកើនឡើងនៅឆ្នាំ២០២៦នេះ ស្របពេលមានអតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូថ្មីៗនៅទីក្រុងតូក្យូនៃប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងនៅតែមានកម្រិតខ្ពស់កប់ពពកនៅឆ្នាំ២០២៦នេះ ខណៈភាពរឹងមាំនៃតម្រូវការ និងការធ្លាក់ចុះនៃការផ្គត់ផ្គង់នឹងជំរុញសន្ទុះទីផ្សារ។

វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (Real Estate Economic Institute) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបានលើកឡើងថា ចំណាប់អារម្មណ៍របស់អ្នកទិញនឹងនៅតែមានកម្រិតខ្ពស់។

ទោះជាយ៉ាងណា ការផ្គត់ផ្គង់ខុនដូថ្មីនៅក្នុងសង្កាត់ទាំង២៣ នៃទីក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹមប្រហែល៨.០០០យូនីតនៅឆ្នាំនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំ។

កាលពីឆ្នាំមុន បណ្តាអ្នកអភិវឌ្ឍន៍បានបើកដំណើរការអគារខុនដូខ្ពស់ៗប្រណីតជាច្រើននៅជិតស្ថានីយ៍រថភ្លើងនានានៅទីក្រុងតូក្យូ។ កំណើននៃថ្លៃដើមសំណង់ និងកម្លាំងពលកម្មបានដាក់បន្ទុកលើអ្នកអភិវឌ្ឍន៍ និងធ្វើឱ្យតម្លៃខុនដូកើនឡើង។

កត្តាទាំងនោះបានជួយជំរុញឱ្យតម្លៃខុនដូហក់ឡើងជិត២០ភាគរយក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ទាំងមូល។ តម្លៃខុនដូជាមធ្យមមានទំហំទឹកប្រាក់លើសពី១៣៣លានយ៉េន ឬជាង៨៥០.០០០ដុល្លារក្នុងមួយយូនីត។

ជាមួយគ្នានេះ ក្រុមអ្នកវិភាគជាច្រើនរំពឹងថាតម្លៃខុនដូនៅទីក្រុងតូក្យូនឹងនៅតែបន្តកើនឡើងនៅឆ្នាំ២០២៦។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK World។

លោក Takahashi Masayuki អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ Tokyo Kantei វាយតម្លៃថា ថ្លៃដើមអាចនឹងបន្តកើនឡើង ដែលបង្ខំឱ្យបណ្តាអ្នកអភិវឌ្ឍន៍ដំឡើងថ្លៃខុនដូ ហើយអ្នកលក់ខុនដូថ្មីនឹងបន្តកំណត់គោលដៅលើអ្នកទិញ ដែលមានលទ្ធភាពទិញខុនដូក្នុងតម្លៃខ្ពស់ៗ៕ប្រភព: NHK World៕

ដំណឹងល្អៈ ទុនបម្រុងជាតិរបស់កម្ពុជាបានកើនឡើងដល់ជាង ២៧ពាន់លានដុល្លារ

ដោយៈ ចំណាន

    ភ្នំពេញៈ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានកើនឡើងដល់ជាង ២៧ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ដោយគ្របដណ្តប់ប្រហែល៨ខែនៃការនាំចូលទំនិញ និងសេវាកម្មក្នុងរយៈពេលបន្ទាប់ ដែលជាកម្រិតមួយ ត្រូវបានគេចាត់ទុកថាគ្រប់គ្រាន់។

នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសុក្រ។

ធនាគារជាតិបានអោយដឹងថា កម្រិតខ្ពស់នៃទុនបម្រុងដែលបន្តឆ្លុះបញ្ចាំងពីសមត្ថភាព ទូទាត់បំណុលខាងក្រៅដ៏រឹងមាំរបស់កម្ពុជា ស្ថិរភាពអត្រាប្តូរប្រាក់ និងភាពធន់នៃប្រព័ន្ធទូទាត់ជាតិ ខណៈដែលផ្តល់នូវទ្រនាប់ទុនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសន្ទនីយភាពក្នុងករណីមានវិបត្តិខាងក្រៅ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ទុនបម្រុងអន្តរជាតិបានកើនឡើង២២,៣ភាគរយ ពី២២,៥ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ដល់២៧,៥ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ស្មើនឹងប្រហែលប្រាំបីខែនៃការនាំចូលទំនិញ និងសេវាកម្ម ដែលត្រូវបានចាត់ទុកថាមានកម្រិតខ្ពស់សម្រាប់សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។

ការកើនឡើងនេះ ភាគច្រើនបណ្តាលមកពីតម្លៃមាសពិភពលោកកើនឡើង ប្រាក់ចំណូលពីការវិនិយោគបរទេស ការប្រែប្រួលអត្រាប្តូរប្រាក់ និងការកើនឡើងនៃប្រាក់បញ្ញើពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និងទុនបម្រុងចាំបាច់។

ធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ថា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ នៅតែបន្តធ្វើឡើងដោយប្រុងប្រយ័ត្ន ស្របតាមឧត្តមានុវត្តអន្តរជាតិ។ ក្របខ័ណ្ឌគ្រប់គ្រងទុនបម្រុងត្រូវបានរចនាឡើង ដើម្បីធានាសុវត្ថិភាព សន្ទនីយភាព និងប្រសិទ្ធភាព ជាមួយនឹងទិសដៅយុទ្ធសាស្ត្រ និងកម្រិតហានិភ័យដែលអាចទទួលយកបាន ដែលកំណត់ដោយក្រុមប្រឹក្សាភិបាល តាមរយៈការអនុម័តគោលនយោបាយវិនិយោគប្រចាំឆ្នាំ ឬតាមតម្រូវការ។

ការត្រួតពិនិត្យប្រតិបត្តិការ ត្រូវបានអនុវត្តតាមរយៈការត្រួតពិនិត្យប្រចាំខែ ដោយគណៈកម្មាធិការវិនិយោគទុនបម្រុង ដែលមានទេសាភិបាលធនាគារជាតិនៃកម្ពុជាជាប្រធាន។

គណៈកម្មាធិការពិនិត្យឡើងវិញ នូវការអនុវត្តវិនិយោគ វាយតម្លៃស្ថានភាពទីផ្សារ និងណែនាំការកែតម្រូវចាំបាច់ ដើម្បីធានាថាការគ្រប់គ្រងទុនបម្រុង នៅតែផ្តោតលើការអភិរក្សដើមទុន សន្ទនីយភាព និងផលចំណេញសមស្រប។

នៅឆ្នាំ២០២៥ ធនាគារជាតិបានពង្រឹងក្របខ័ណ្ឌ គ្រប់គ្រងទុនបម្រុងរបស់ខ្លួនបន្ថែមទៀត ដោយធ្វើបច្ចុប្បន្នភាពឧបករណ៍សំខាន់ៗមួយចំនួន រួមទាំងគោលការណ៍ណែនាំវិនិយោគ គោលការណ៍ណែនាំស្តីពីការជ្រើសរើស និងការគ្រប់គ្រងអ្នកគ្រប់គ្រងខាងក្រៅ និងអ្នកថែរក្សា និងបទប្បញ្ញត្តិផ្ទៃក្នុងស្តីពី ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់បុគ្គលិកគ្រប់គ្រងទុនបម្រុង។

ការកែលម្អក៏ត្រូវបានធ្វើឡើង ចំពោះប្រព័ន្ធគ្រប់គ្រងទុនបម្រុង រួមជាមួយនឹងការធ្វើពិពិធកម្ម និងការបន្ថែមអ្នកការពារ សំដៅបំណងបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ។

ក្នុងពេលជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានបន្តពង្រីកការវិនិយោគលើមូលបត្របៃតង និងមូលបត្រទាកទងនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលចេញដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប។

វិធានការនេះ ស្របទៅនឹងយុទ្ធសាស្ត្រគ្រប់គ្រងទុនបម្រុង របស់កម្ពុជា ជាមួយនឹងនិន្នាការវិនិយោគសកល ខណៈដែលគាំទ្រដល់ការអនុវត្តវិនិយោគប្រកបដោយចីរភាព មានទំនួលខុសត្រូវ និងមានហានិភ័យទាប៕