ហេតុអ្វីទើបសំណង់លំនៅឋានបែបបុរីគួរតែភ្ជាប់មកជាមួយនឹងបរិក្ខាររស់នៅដូចជាខុនដូរ?

ភ្នំពេញៈ តើកុមារភាពរបស់អ្នកមានលក្ខណៈបែបណាទៅ? ទិដ្ឋភាពពីកុមារភាពរបស់អ្នកអាចនឹងផុស ឡើងនៅក្នុងការគិតរបស់អ្នក ហើយអ្នកនឹងចងចាំច្បាស់បំផុតនូវផ្ទះដែលអ្នកបានធំធាត់ឡើង។ ការចងចាំជាច្រើនដែលពាក់ព័ន្ធជាមួយនឹងទីកន្លែង និងពេលវេលា តើផ្ទះណាដែលអ្នកអបអរសាទរ ថ្ងៃកំណើតរបស់ខ្លួន? តើផ្ទះណាដែលអ្នកអាចរីករាយនឹងរត់លេងកម្សាន្តជាមួយនឹងក្មេងៗជិតខាង? កន្លែងដែលយើងបានធំធាត់ និងលេងកម្សាន្តមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់យើង។

ពេលនេះ តើអ្នកចង់ឲ្យកូនៗធំធាត់នៅក្នុងបរិស្ថានបែបណា? សាកស្រម៉ៃថាអ្នកអាចនាំបុត្រធីតា ទៅលេងនៅសួនសត្វដែលមានចម្ងាយត្រឹមតែ 5 នាទីពីគេហដ្ឋាននៅព្រឹកថ្ងៃអាទិត្យ ហើយរៀនហែល ទឹក ឬលេងបាល់ទាត់នៅពេលល្ងាច នេះគឺជាពេលវេលាជាមួយក្រុមគ្រួសារដែលមនុស្សគ្រប់គ្នាស្រម៉ៃ ចង់បាន។
តើអ្នកគិតថាអាចទៅរួចឬទេ? សាកគិតមើលថា បើយើងធ្វើការក្នុងថេរវេលាប្រហែល 8 ម៉ោង ក្នុងមួយថ្ងៃ ឬជាប់រវល់ មិនគួរនឹងបញ្ឈប់អ្នកពីការធ្វើនូវសកម្មភាពដែលអ្នកស្រឡាញ់ ឬផ្អាកមិនឲ្យអ្នក មានពេលវេលាផ្ទាល់ខ្លួននោះទេ។ ផ្ទះបន្ទាប់ទៀតរបស់អ្នកគួរតែស្ថិតនៅក្នុងបរិស្ថានដ៏ល្អបំផុតសម្រាប់ ឲ្យបុត្រធីតារបស់លោកអ្នក ព្រមទាំងអាចឲ្យអ្នករីករាយជាមួយនឹងសកម្មភាពផ្សេងៗផងដែរ។

គេហដ្ឋានដ៏ស្រស់ស្អាតព្រមជាមួយនឹងបរិក្ខាររស់នៅ ចម្ងាយត្រឹមតែ 5 នាទីពីកន្លែងដែល អ្នករស់នៅអាចគិតថាជារឿងដែលមិនអាចទៅរួច ក៏ប៉ុន្តែបុរី ណាឌីជឿជាក់ថានេះជារឿងដែលយើងអាច ធ្វើបាន។ បុរី ណាឌីបានជ្រើសរើសនូវទីតាំងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ការអភិវឌ្ឍគម្រោង លំនៅឋាន ដែលរួមមានទាំងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗផង និងត្រូវបានព្យាករណ៍ថានឹងក្លាយ ជាតំបន់ពាណិជ្ជកម្មដូចជាខណ្ឌបឹងកេងកងនាពេលអនាគតផង។

នៅក្នុងបុរី ណាឌី លោកអ្នកនឹងទទួលបាននូវភាពរីករាយ ជាមួយនឹងបរិក្ខាររស់នៅធម្មជាតិដ៏ សម្បូរបែបប្រកបដោយឯកជនភាពដូចជា សួនផ្កាសាគូរ៉ាបែបខ្មែរ សាលកញ្ចក់ សួនឯកជន អាគារ សិក្សា និងធ្វើការងារ ក្លឹបហោសណាឌី និងកន្លែងហាត់ប្រាណណាឌីជាមួយនឹងអាងហែលទឹកដ៏ ស្រស់ស្អាត។ លោកអ្នកអាចធ្វើការហាត់ប្រាណនាពេលព្រឹកមុនពេលទៅបំពេញការងារ ឬបណ្ដើរ សត្វចិញ្ចឹមជាមួយនឹងទេសភាពដ៏ស្រស់បំព្រង និងរចនាឡើងដើម្បីផ្សារភ្ជាប់ធម្មជាតិឲ្យក្លាយជាផ្នែក មួយនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក។

ក្លឹបហោស ណាឌីគឺជាបរិបទថ្មីដែលលោកអ្នកមិនធ្លាប់បានឃើញនៅក្នុងគម្រោងអភិវឌ្ឍបុរី ផ្សេងទៀត លោកអ្នកអាចប្រើប្រាស់នូវបរិក្ខាររស់នៅដែលធ្លាប់បានឃើញតែនៅក្នុងគម្រោងខុនដូ លំដាប់ខ្ពស់តែប៉ុណ្ណោះ។ ក្លឹបហោស ណាឌីផ្ដល់នូវទីតាំងសម្រាប់សកម្មភាពកម្សាន្តក្នុងអាគារដូចជា កន្លែងលេងហ្គេម បណ្ណាល័យ កន្លែងសិក្សា និងធ្វើការងារ និងសាលទទួលភ្ញៀវសម្រាប់អ្នកស្នាក់នៅក្នុង បុរីទាំងអស់។ សាលកញ្ចក់ គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ពិធីជប់លៀងផ្សេងៗដូចជា ពិធីមង្គលការ ពិធីខួបកំណើត ឬក៏ពិធីជួបជុំផ្សេងៗដែលអាចផ្ដល់ផាសុកភាពសម្រាប់គេហដ្ឋានរបស់អ្នក។

សួនហាត់ប្រាណ និងសួនផ្កាសាគូរ៉ាបែបខ្មែរនឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ឲ្យបុត្រធីតា របស់លោកអ្នកបង្កើតនូវ ការចងចាំដែលមិនអាចបំភ្លេចបានជាមួយនឹងសកម្មភាពខាងក្រៅជាច្រើន ជួបជាមួយនឹងមិត្តភក្ដិថ្មី ដើរកម្សាន្តជាមួយនឹងធម្មជាតិ និងចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ នៅក្នុងបរិវេណសុវត្ថិភាព នៃបុរី ណាឌី។ ខណៈពេលដែលបុរី ណាឌីផ្ដល់ជូននូវបរិក្ខាររស់នៅដ៏សម្បូរ បែបសម្រាប់អ្នកស្នាក់នៅ ក្នុងបុរី ណាឌីហើយ អ្នកក៏កំពុងតែរស់នៅក្នុងសង្កាត់ដ៏មានភាពរស់រវើកបំផុត ក្នុងទីក្រុងភ្នំពេញផងដែរ។

នៅមិនឆ្ងាយប៉ុន្មានពីបុរី ណាឌី មានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនដែលកំពុងធ្វើការអភិវឌ្ឍ និងត្រូវបានព្យាករណ៍ថានឹងបញ្ចប់នៅពេលដែលលោកអ្នកចូលទៅស្នាក់នៅក្នុងបុរី ណាឌី។ គេហដ្ឋានថ្មីរបស់អ្នកនឹងមានចម្ងាយត្រឹមតែ 10 នាទីពីទីតាំងដ៏មានប្រជាប្រិយភាពក្នុងទីក្រុងភ្នំពេញ ដូចជា ភ្នំពេញសាហ្វារី ពហុកីឡដ្ឋានមរតកតេជោ សួនទឹកហ្កាដិនស៊ីធី និងកន្លែងវាយកូនហ្គោល ហ្កាដិនស៊ីធី។

ជ្រើសរើសនូវពេលវេលាកុមារភាពដ៏ល្អបំផុតសម្រាប់បុត្រធីតារបស់លោកអ្នក ជ្រើសរើសបុរី ណាឌី។ សូមអញ្ជើញមកទទួលយកការផ្ដល់ជូនយ៉ាងពិសេសពីបុរី ណាឌីនៅក្នុងឱកាសនៃកម្មវិធី សម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
Phone Number/ Telegram: 096 606 6688
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Reside

វ៉ាក់សាំងកូវីដ-១៩ ពិតជាសំខាន់សម្រាប់ស្ដារទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តរបស់ថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍

សុខុម

បាងកក: កាសែត Bangkok Post បានចុះផ្សាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ច និងវិស័យទេសចរណ៍ដែលជំរុញដោយវ៉ាក់សាំងកូវីដ-១៩ នឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រស់រានឡើងវិញ។

លោក Vichai Viratkapan អគ្គនាយកស្ដីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (Real Estate Information Center (REIC)) បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិឆ្លងរាតត្បាតវីរសកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។

លោកបានគូសបញ្ជាក់ថា “នៅតាមគោលដៅទេសចរណ៍ដូចជា ភូកេត ហួហ៊ីន ក្នុងខេត្ត Prachuap Khiri Khan និង Cha-am ក្នុងខេត្ត Phetchaburi ជាដើមឃើញថា ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆមាសទី២ ចុងឆ្នាំ២០២០ នៅពេលដែលការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មានមកលើឧស្សាហកម្មទេសចរណ៍”។

នៅភូកេត តម្រូវការអចនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះយ៉ាងខ្លាំង ដោយលក់បានតែ៤៤៣យូនីតប៉ុណ្ណោះក្នុងឆមាសទី២ ចុងឆ្នាំ២០២០ គឺធ្លាក់ចុះខ្លាំងបើធៀបទៅនឹងចំនួនជិត៣.៨០០យូនីតដែលលក់បានក្នុងឆ្នាំ២០១៨ នៅពេលពលរដ្ឋមានអារម្មណ៍ថាការងាររបស់ខ្លួនគ្មានសុវត្ថិភាព បន្ទាប់ពីផ្ទុះការឆ្លងរាតត្បាតកូវីដ-១៩។

ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះជាបន្តបន្ទាប់ ពីចំនួន៧៤១យូនីតក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ពីចំនួន១.១១៨យូនីតក្នុងឆមាសទី២ ចុងឆ្នាំ២០១៩ ពីចំនួន២.២៩៦យូនីតក្នុងឆមាសទី១ដើមឆ្នាំ២០១៩ ពីចំនួន៣.១៤០យូនីតក្នុងឆមាសទី២ ចុងឆ្នាំ២០១៨ និងពីចំនួន៣.៧៨៨យូនីតក្នុងឆមាសទី១ ដើមឆ្នាំ២០១៨។

ការផ្គត់ផ្គង់អចលនទ្រព្យប្រភេទលំនៅដ្ឋានថ្មីៗនៅភូកេត បានប្រឈមនឹងការធ្លាក់ចុះខ្លាំងស្រដៀងគ្នា ដោយលក់បានតែ៤២៣យូនីតប៉ុណ្ណោះក្នុងឆមាសទី២ ចុងឆ្នាំ២០២០ បើធៀបទៅនឹងចំនួន៣.៩០០យូនីតដែលលក់បាននៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៨។

លោក Phattanan Phisutvimol ប្រធានសមាគមអចលនទ្រព្យនៅភូកេត (Phuket Real Estate Association) បានថ្លែងថា ការលក់អចលនទ្រព្យប្រភេទលំនៅដ្ឋាននៅភូកេត កាលពីឆ្នាំមុនក៏បានដាំក្បាលចុះខ្លាំងដែរ ជាពិសេសនៅតាមតំបន់ក្រុង ខណៈពេលដែលប្រាក់ចំណូលរបស់ពលរដ្ឋបានបាត់បង់ដោយសារតែការឆ្លងរាតត្បាតវីរុសកូវីត-១៩។

លោកបានបន្ថែមទៀតថា “ប្រាក់ចំណូលរបស់ពលរដ្ឋភាគច្រើននៅភូកេត បានធ្លាក់ចុះទាបជាងមុនខ្លាំង ស្របពេលដែលធនាគារនានាចាប់ផ្ដើមប្រយ័ត្នប្រយែងជាងមុនចំពោះការអនុម័តឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ)។ កត្តានេះបានធ្វើឱ្យអតិថិជនជួបការលំបាកយ៉ាងខ្លាំង”។

ភ្នាក់ងារអចលនទ្រព្យខ្លះបានប្រើប្រាស់បណ្ដាញដ៏រឹងមាំរបស់ខ្លួនជាមួយធនាគារនានាដើម្បីសុំឈ្មោះ និងព័ត៌មានទំនាក់ទំនងទៅអ្នកទិញ ដែលទទួលបានកម្ចីទិញផ្ទះជាមួយគម្រោងលំនៅដ្ឋានផ្សេងទៀតរួចទៅហើយ ហើយបានទាក់ទងទៅពួកគេដោយផ្ដល់លក្ខខណ្ឌទាក់ទាញដើម្បីឱ្យអ្នកទិញទាំងនោះប្ដូរចិត្តមកទិញគម្រោងរបស់ខ្លួនជំនួសវិញ។ ចុងបញ្ចប់ អ្នកទិញក៏បានផ្លាស់ប្ដូរចិត្ត ហើយងាកមកទទួលយកលក្ខខណ្ឌផ្ដល់ឱ្យថ្មីដែលល្អជាង។

លោកបានបន្ថែមទៀតថា “នៅពេលមានអ្នកទិញកាន់តែតិចទទួលបានការអនុម័តកម្ចី អ្នកទិញជាច្រើនបានប្ដូរចិត្តដោយសារតែយុទ្ធសាស្ត្រទាំងនេះ។ នៅក្នុងគម្រោងខ្លះ មានការផ្លាស់ប្ដូរអតិថិជនដល់ទៅ៣ដងក៏មាន”។

លោក Phattanan Phisutvimol បញ្ជាក់ថា ទោះជាយ៉ាងណា ការរំពឹងចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចនៅភូកេត ប្រហែលជាមិនអាចកើតឡើងឡើយដោយសារតែកត្តា២យ៉ាង។

កត្តាទី១ គឺសម្បទានដែលអាចទៅរួចសម្រាប់ពលរដ្ឋថៃ ដែលអាចមកលេងនៅភូកេត បាននៅពេលនេះ ខណៈជនបរទេសអាចមកលេងបានក្រោយការបើកព្រំដែនឡើងវិញ។

លោកបានពន្យល់ថា “នៅពេលភូកេត ចាប់ផ្ដើមស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ យើងគ្មានទំនុកចិត្តទេថា ភ្ញៀវទេសចរជនជាតិថៃ ដែលចាក់វ៉ាក់សាំងរួចនៅតែអាចឆ្លងវីរុសកូវីដ-១៩”។

លើសពីនេះទៀត ថៃ ត្រូវបានចាត់ទុកជាប្រទេសមានហានិភ័យដោយសារចំនួនករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងខ្ពស់ ដូចនេះតម្រូវការពីភ្ញៀវទេសចរបរទេស និងជើងហោះហើរអន្តរជាតិមកកាន់ភូកេត នៅតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា៕

អ្នកជំនាញៈ ការទិញលំនៅដ្ឋានតាមរយៈការបង់រំលស់មានទំាងគុណសម្បត្តិនិងគុណវិបត្តិ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ ការលក់លំនៅដ្ឋានដោយផ្ដោតលើការបង់រំលស់កាន់តែមានភាពទូលំទូលាយ និងពេញនិយម ហើយស្ទើរតែគ្រប់គម្រោងអភិវឌ្ឍន៍គឺសុទ្ធតែផ្ដោតលើការបង់រំលស់ជូនអតិថិជនដោយផ្ទាល់ ឬបង់រំលស់ជាមួយធនាគារដែលជាដៃគូរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍។

ស្របពេលការបង់រំលស់លំនៅដ្ឋាននៅកាន់តែមានភាពទូលំទូលាយ និងពេញនិយម អ្នកជំនាញបានពន្យល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង់រំលស់លំនៅដ្ឋាន ដល់អ្នកបង់រំលស់ ឬអ្នកមានបំណងចង់ទិញ តាមរយៈការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារជាដើម។

លោកង៉ែត ជូនសេដ្ឋវិទូមួយរូបបានមានប្រសាសន៍កាលពីថ្មីៗនេះថា ការទិញផ្ទះដោយបង់រំលស់វាក៏បានផ្ដល់គុណសម្បត្តិ និងគុណវិបត្តិផងដែរ ដោយគុណសម្បត្តិនោះ អ្នកទិញមិនចាំបាច់មានប្រាក់គ្រប់ចំនួននៃតម្លៃផ្ទះក៏អាចទិញផ្ទះរស់នៅបានសមរម្យ ដោយធ្វើការបង់រំលស់ជាប្រចាំខែទៅកាន់ម្ចាស់គម្រោងលំនៅដ្ឋាន ឬបង់ទៅធនាគារ ដែលជាដៃគូរបស់ម្ចាស់គម្រោងលំនៅដ្ឋាន។

លោកបានថ្លែងបន្តថា បើទោះបីជាពួកគេមានប្រាក់គ្រប់គ្រាន់ក្ដី តែពួកគេក៏អាចយកប្រាក់នោះទៅរកស៊ីឬបង្កើតជាអាជីវកម្មផ្សេង ហើយមួយចំនួនសម្រាប់បង់ផ្ទះដែលទិញបង់រំលស់។ លោកបានបន្តថា ការទិញផ្ទះដោយបង់រំលស់នេះដែរ ក៏មានគុណវិបត្តិផងដែរ បើសិនជាអ្នកទិញនោះមានប្រាក់ចំណូលមិនថេរ ឬមិនបានគិតគូរពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនមុនសម្រេចចិត្តទិញ។

លោកបានថ្លែងថា “ការទិញផ្ទះបង់រំលស់រយៈពេលយូរ មិនគួឱ្យលើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែនោះឡើយ។ ឧទាហរណ៍ថា អ្នកមានប្រាក់ចំណូល១០០០ដុល្លារក្នុងមួយខែ ដូច្នេះអ្នកទិញផ្ទះដោយបង់រំលស់ត្រឹមមួយខែ៣០០ដុល្លារបានហើយ ហើយ៧០០ដុល្លារទៀតគឺទុកសម្រាប់ចំណាយប្រចាំខែ ទៅលើចំណីអាហារ សម្លៀកបំពាក់ ថ្លៃកូនរៀន និងមស្រាប់បង្ការពេលមានការឈឺថ្កាត់ជាដើម”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បានឱ្យដឹងថា ការលក់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺភាគច្រើនផ្ដល់សេវាកម្មបង់រំលស់ដល់អតិថិជន ហើយក៏មិនបានសិក្សាលំអិតពីប្រាក់ចំណូលរបស់អតិថិជនដែរ ដូច្នេះហើយទើបយើងឃើញថាមានអតិថិជនមួយចំនួនទិញផ្ទះបានតែរយៈពេល២ឬ៣ឆ្នាំក៏ចាប់ផ្ដើមជួបបញ្ហាហិរញ្ញវត្ថុ និងលក់ផ្ទះនោះវិញទាំងខាតស្ទើរតែពាក់កណ្ដាលក៏មាន។

លោបានថ្លែងថា “ទាំងនេះហើយ ដែលយើងឃើញគម្រោងលំនៅដ្ឋានខ្លះ មានតែផ្ទះតែអត់មានមនុស្សរស់នៅ”។

លោកបន្តថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ននេះ គួរតែគិតគូរពីទីផ្សារជាក់ស្ដែង ដោយមិនមែនសង់ហើយអត់មានអ្នកនៅទេ ឬសង់ដើម្បីតែលក់ទៅអ្នកដែលមានផ្ទះរួចហើយ ដោយពួកគេទិញដើម្បីតែទុកចំណេញនៅពេលបន្ទាប់។ ការធ្វើបែបនេះក៏អាចធ្វើឱ្យមានបញ្ហាតម្លៃលំនៅដ្ឋាននៅណាមួយផងដែរ។

លោកបានឱ្យដឹងថា ជាការកត់សម្គាល់ នៅជុំវិញរាជធានីភ្នំពេញ នៅពេលនេះ ត្រូវបានមើលឃើញថា វិនិយោគិនបានសម្រុកអភិវឌ្ឍលំនៅដ្ឋាន ទាំងលំនៅដ្ឋានតម្លៃសមរម្យ លំនៅដ្ឋានតម្លៃមធ្យម និងលំនៅដ្ឋានតម្លៃខ្ពស់ជាប្រភេទវីឡាជាច្រើនគម្រោង ហើយគម្រោងខ្លះក៏ទទួលបានការគាំទ្រ គម្រោងខ្លះទៀត ក៏មានបញ្ហាក្នុងការលក់ ផងដែរ៕

តើអចលនទ្រព្យពាណិជ្ជកម្មនៅកម្ពុជាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកធ្វើការនិងអ្នករស់នៅ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ អចលនទ្រព្យពាណិជ្ជកម្ម សំដៅទៅកាអភិវឌ្ឍន៍អចលនទ្រព្យទាំងឡាយណាដែលប្រើសម្រាប់ការធ្វើអាជីវកម្ម ដែលរួមសណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំ ឬរាយ អគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។

បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។ ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានថ្លែងប្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត។

ទាក់ទងនឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះ លោកបានលើកឡើងថា ប្រទេសជិតខាង ដូចជាប្រទេសសិង្ហបុរី និងថៃជាដើមបានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើមមានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្មបែបចម្រុះជាបន្តបន្ទាប់។

លោកបានថ្លែងថា មូលហេតុដែលអ្នកអភិវឌ្ឍន៍ធ្វើការអភិវឌ្ឍពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្មនៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា។
លោកបានឱ្យដឹងទៀតថា “ឧទាហរណ៍ បើសិនជាយើងធ្វើការ ឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

លោកបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍អាគារពាណិជ្ជកម្មបែបចម្រុះគឺដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញមានវត្តមានអគារពាណិជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អាគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម៕

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅរសៀលថ្ងៃនេះ

ដោយៈ ប៊ី

ភ្នំពេញៈ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិនចំនួន១លានដូសដូសទៀត នឹងដឹកមកដល់កម្ពុជានៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។

វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៧ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ជើងទី២ មានចំនួន៥០ម៉ឺនដូសដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ជើងទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា និងជើងទី៦ ដឹកមកកម្ពុជាចំនួន១លានដូស នៅថ្ងៃទី៨ ខែមិថុនា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

គិតពីត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ២៦លានដូស។

នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

តើម៉ាកយីហោសណ្ឋាគារដ៏មានកិត្យានុភាព Rosewood មានប្រភពចេញពីណា និងចំណុចពិសេសអ្វីខ្លះ?

ដោយៈវឌ្ឈនៈ

ភ្នំពេញ: តើម៉ាកយីហោ (Brand) នៃសណ្ឋាគារ Rosewood មានប្រភពចេញពីទីណា មានប្រវត្តិបែបណា ហើយនរណាជាម្ចាស់? កុំឱ្យខាតពេកយូរ មកស្វែងយល់ទាំងអស់គ្នា។

*ប្រវត្តិ
លោកស្រី Caroline Rose Hunt ដែលជាជនជាតិអាមេរិក បានបង្កើតម៉ាកយីហោ Rosewood នៅក្រុង Dallas រដ្ឋតិចសាស សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៩ ដោយចង់បង្កើតសណ្ឋាគារប្រណីត ដើម្បីផ្ដល់សេវាកម្មពិសេស ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវ។ មួយឆ្នាំក្រោយមក លោកស្រី Caroline Rose Hunt បានប្រែក្លាយភូមិគ្រឹះរបស់លោក Sheppard King ដែលជាមហាសេដ្ឋីរកស៊ីខាងកប្បាស ទៅជាសណ្ឋាគារ Rosewood ដំបូងបង្អស់ដោយដាក់ឈ្មោះថា The Mansion on Turtle Creek មានទីតាំងស្ថិតនៅតំបន់ Turtle Creek ក្នុងរដ្ឋ Pennsylvania។

*ការទិញយកដោយក្រុមហ៊ុន Rosewood Hotel Group
ក្រុមហ៊ុនបដិសណ្ឋារកិច្ច Rosewood Hotel Group ដែលមានមូលដ្ឋាននៅក្រុងហុងកុង (កាលពីមុនមានឈ្មោះថា New World Hospitality ហើយបានប្ដូរឈ្មោះថ្មីថា Rosewood Hotel Group នៅខែឧសភា ឆ្នាំ២០១៣) គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chow Tai Fook Enterprises។

កាលពីមុន Rosewood Hotel Group គឺជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ New World China Land របស់ New World Group។ ក្រុមហ៊ុននេះបានប្រកាសនៅខែមិថុនា ឆ្នាំ២០១១ថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញលក់ ដើម្បីទិញយកក្រុមហ៊ុន Rosewood Hotels & Resorts ពីក្រុមហ៊ុន Rosewood Corp និងក្រុមហ៊ុន Maritz, Wolff & Co។

កិច្ចព្រមព្រៀងទិញលក់នោះ ត្រូវបានបញ្ចប់សព្វគ្រប់នៅខែកក្កដា ឆ្នាំ២០១១ ដោយក្រុមហ៊ុន Rosewood Hotel Group បានលើកឡើង តាមរយៈសេចក្ដីប្រកាសព័ត៌មានថា Rosewood នឹងធ្វើប្រតិបត្តិការជាម៉ាកយីហោប្រណីត នៃអាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុនកំពុងសម្លឹងចាប់ឱកាស ពង្រីកខ្លួនទ្វេដងក្នុងរយៈពេល៥ឆ្នាំ។

Rosewood Hotels & Resorts ត្រូវបានបង្កើតឡើងនៅក្រុង Dallas រដ្ឋតិចសាស ក្នុងឆ្នាំ១៩៧៩ ដោយលោកស្រី Caroline Rose Hunt ដែលជាកូនស្រីរបស់លោក H. L. Hunt ដែលជាមហាសេដ្ឋីប្រេង និងជាសកម្មជននយោបាយ មកពីគណបក្សសាធារណ រដ្ឋ។

ក្រុមហ៊ុននេះ ត្រូវបានក្រុមហ៊ុន Rosewood Corp និងក្រុមហ៊ុន Maritz, Wolff & Co លក់ក្នុងឆ្នាំ២០១១ ឱ្យទៅក្រុមហ៊ុន New World Hospitality ក្នុងតម្លៃ២២៩លានដុល្លារ រួមជាមួយសណ្ឋាគារ៥ ទីតាំងទៀតដែលលក់ក្នុងតម្លៃ៥៧០លានដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុនសណ្ឋាគារ និងរីហ្សតប្រណីតអន្តរជាតិមួយនេះ ធ្វើប្រតិបត្តិការសណ្ឋាគារចំនួន២៨ ទីតាំងនៅក្នុងប្រទេសចំនួន១៦ ដូចជា៖

*ប្រតិបត្តិការនៅទ្វីបអាមេរិក
សហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក កោះ British Virgin Islands កោះបាហាម៉ា និងប្រទេសប្រេស៊ីល។
*ប្រតិបត្តិការនៅទ្វីបអឺរ៉ុប
ប្រទេសអង់គ្លេស ប្រទេសអ៊ីតាលី ប្រទេសបារាំង
*ប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា
ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមមេរីរ៉ាត
*ប្រតិបត្តិការនៅទ្វីបអាស៊ី
ប្រទេសចិន ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
*នាយកប្រតិបត្តិបច្ចុប្បន្នរបស់ Rosewood Hotel Group
យោងតាមគេហទំព័រcnbc.com ឱ្យដឹងថា ស្ត្រីវ័យក្មេងឈ្មោះSonia Cheng ដែលជានិស្សិត បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard University ដ៏ល្បីល្បាញមកពីគ្រួសារមហាសេដ្ឋីចិនហុងកុងមួយ ដែលមានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារ។ គ្រួសារនេះ រកស៊ីខាងគ្រឿងអលង្ការ និងអចលនទ្រព្យ។

ស្ត្រីវ័យក្មេង Sonia Cheng បានគ្រប់គ្រងក្រុមហ៊ុន Rosewood Hotel Group ចាប់តាំងពីឆ្នាំ២០១១ មក ហើយបានក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុននេះនៅអាយុ៣០ឆ្នាំរហូតមកទល់បច្ចុប្បន្ន។

បង្ហាញវត្តមាននៅទីណានៃរាជធានីភ្នំពេញ
Rosewood Phnom Penh ជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដែលមានទីតាំង ស្ថិតនៅចំចំណុចបេះដូង នៃរាជធានីភ្នំពេញ។

ដោយមានកម្ពស់ផុតពីផ្ទៃដី១៨៨ម៉ែត្រ សណ្ឋាគារនេះកាន់កាប់ជាន់កំពូលចំនួន១៤ជាន់ នៃអគារកញ្ចក់ Vattanac Capital Tower ដែលជាសំណង់ស្ថាបត្យកម្មថ្មី ដ៏ល្បីល្បាញនៅក្នុងរាជធានី និងជានិមិត្តរូបនៃប្រទេសកម្ពុជានាសម័យទំនើប។

ចំណុចពិសេសដាច់គេ
សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏មានសក្តានុពលនេះ មានចំណុចពិសេសលើសគេនោះគឺ ទឹកអប់ និងសាប៊ូសម្រាប់លាងសំអាតរាងកាយ ត្រូវបានផលិតដោយយកចេញពីរុក្ខជាតិ ផ្កា និងភាពល្អឯកនៃធនធានធម្មជាតិរបស់ប្រទេស ដែលពួកគេទៅបោះទុនវិនិយោគ។

ជាក់ស្តែងសណ្ឋាគារ Rosewood ស្ថិតនៅអាគារវឌ្ឈនៈភ្នំពេញ បានជ្រើសរើសយកអ្នកផលិតទឹកអប់ល្បីឈ្មោះបំផុតពីប្រទេសបារាំង ដើម្បីមកផលិតទឹកអប់សំរាប់ប្រើប្រាស់ក្នុងសណ្ឋាគារនេះ។

អ្នកផលិតទឹកអប់ដ៏ជាញជ័យ បានជ្រើសរើសយកផ្កាព្រៃ នៅឧទ្យានជាតិកុសុមៈគិរីរម្យ និងឧទ្យានជាតិវីរៈជ័យ នៅខេត្តរតនៈគិរី ដើម្បីយកមកផលិតទឹកអប់សំរាប់ដាក់ប្រើប្រាស់ជាប្រចាំក្នុងសណ្ឋាគារនេះ៕

ប្រធាន CVEA: ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដីឡូតិ៍ត្រឹមត្រូវនឹងផ្តល់ប្រយោជន៍រយៈពេលវែងសម្រាប់ការអភិវឌ្ឍ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចវត្ថុកម្ពុជា (CVEA) អំពាវនាវដល់អ្នកអភិវឌ្ឍន៍ដីឡូតិ៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដើម្បីធ្វើឱ្យគម្រោងអភិវឌ្ឍន៍ដីឡូតិ៍បង្កើនភាពទាក់ទាញ និងផ្តល់ប្រយោជន៍ដល់អ្នកទិញប្រយោជន៍ពេលវែង។

ប្រធានសមាគមវាយតម្លៃ និងភា្នក់អចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា អ្នកអភិវឌ្ឍន៍ដីឡូតិ៍ គួររៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍ដីឡូតិ៍ ឬដីឡូតិ៍សម្រាប់សាងសង់លំនៅ ដ្ឋានបានប្រសើរ និងផ្តល់អត្ថប្រយោជន៍រយៈពេលវែងជូនអតិថិជន ឬអ្នកទិញនៅគម្រោង។

លោកបានថ្លែងថា #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងដីឡូតិ៍ត្រឹមត្រូវនឹងបង្កើនភាពទាក់ទាញអ្នកទិញបន្ថែម ខណៈគម្រោងអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន មិនសូវជា ផ្តោតការរៀបចំ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានត្រឹមត្រូវនោះទេ”។

ជាមួយគ្នានេះដែរ លោកបានបន្តថា អ្នកអភិវឌ្ឍន៍ដីឡូត៍ ក៏គួរពង្រីកការពុះដីឡូតិ៍ចន្លោះពី១០គុណ២០ម៉ែត្រ និង២០គុណ៣០ម៉ែត្រ ដើម្បីជំរុញការអភិវឌ្ឍឱ្យបានយូរអង្វែង និងការប្រើប្រាស់ដីឱ្យមានប្រសិទ្ធិភាព ក្នុងការអភិវឌ្ឍលំនៅដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ ក៏លោកច្រឹក សុខនីមថ្លែងថា ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ អ្នកអភិវឌ្ឍន៍មានការលំបាក ក្នុងទាក់ទាញអតិថិជនឱ្យជួយទិញគម្រោងរបស់គាត់។

លោកបានបន្តថា បច្ចុប្បន្ននេះ តាមការសង្កេតមើល ជាក់ស្តែងនៅតាមជាយក្រុង អ្នកអភិវឌ្ឍន៍មួយចំនួន បានផ្តោតលើការពុះដីឡូត៍ក្នុងទំហំ១០ គុណ២០ម៉ែត្ររួចហើយ​។ លោកបានលើកទឺកចិត្ត ដល់ការពុះដីឡូតិ៍ឱ្យមានទំហំ២០គុណ៣០ម៉ែត្រ ដើម្បីងាយស្រួល ការអភិវឌ្ឍន៍ និងការរស់នៅកាន់តែប្រសើរ៕

វិនិយោគិនជ្រួលច្របល់នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២នៅប្រទេសចិនខាតបង់២០ពាន់លានដុល្លារ

ដោយៈសុខុម

ប្រទេសចិនៈ ក្រោយអបអរសាទរចំពោះការគេចផុត ពីមហន្តរាយហិរញ្ញវត្ថុយ៉ាងប៉ផុតប៉ផើយបានត្រឹមតែ៨ខែ ស្រាប់តែកំពូលមហាសេដ្ឋី Hui Ka Yan ដែលជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិន China Evergrande Group បានជួបវិបត្តិហិរញ្ញវត្ថុធ្ងន់កជាថ្មី។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី១១ មិថុនា នេះ។

ការព្រួយបារម្ភជាថ្មីអំពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី Hui Ka Yan បានបណ្ដាលឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដាំក្បាលចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ពេលនេះក្រុមអ្នកទិញប័ណ្ណបំណុល (Bondholder) ពីក្រុមហ៊ុនរបស់លោក ក៏កំពុងសម្រុកដកខ្លួនចេញដែរ ដោយសារពួកគេបារម្ភខ្លាចដកប្រាក់ នៅតាមបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះមិនបាន។
ទន្ទឹមនេះក៏មានព័ត៌មានបែកធ្លាយថា ពេលនេះក្រុមនិយ័តករចិន កំពុងបើកការស៊ើបអង្កេតជុំវិញទំនាក់ទំនងរបស់ក្រុមហ៊ុន Evergrande ជាមួយធនាគារមិនច្បាស់លា​ស់មួយ ដែលអាចជាធនាគារខ្យល់នៅភាគខាងជើងប្រទេសចិន។

នេះឆ្លុះបញ្ចាំងពីស្ថានការណ៍ ក្រឡាប់ចាក់មួយទៀត សម្រាប់ពួកមហាសេដ្ឋីចិន ដែលមានយីអ៊ុនឡើងចុះមិនទៀង នៅក្នុងទីផ្សារដ៏ផុយស្រួលរបស់ប្រទេសចិន។ ក្នុងពេលដ៏ខ្លី ទ្រព្យសម្បត្តិចំនួន១៩ពាន់លានដុល្លាររបស់លោក Hui Ka Yan បានបាត់បង់រហូតដល់ទៅប្រមាណ១ភាគ៣ ចាប់តាំងពីលោកបានចុះកិច្ចព្រមព្រៀង ជាមួយបណ្ដាវិនិយោគិន ដើម្បីទប់ស្កាត់វិបត្តិសាច់ប្រាក់កាលពីខែកញ្ញា។

យោងតាមសន្ទស្សន៍កំពូលមហាសេដ្ឋី Bloomberg Billionaires Index ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Hui Ka Yan បានថយចុះជាងពាក់កណ្ដាលពីឆ្នាំ២០២០។

ស្ថានភាពចលាចលនេះ មានសក្តានុពលរីករាលដាលយ៉ាងធំធេង។ ជាមួយនឹងបំណុលរហូតដល់ ទៅ៣០៥ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនEvergrande បានជាប់ឈ្មោះជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត នៅលើពិភពលោក ហើយក៏ស្ថិតក្នុងចំណោមអ្នកខ្ចីប្រាក់ ជាលក្ខណៈប្រព័ន្ធធំៗបំផុតនៅក្នុងប្រទេសចិន ផងដែរ។

ប្រសិនបើលោក Hui Ka Yan មិនអាចស្ដារទំនុកចិត្ត ពីបណ្ដាវិនិយោគិនបានវិញទេនោះ វិបត្តិសាច់ប្រាក់អាចជះផលអាក្រក់ធ្ងន់ធ្ងរ ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។ ហានិភ័យនេះមានសភាពធ្ងន់ធ្ងរខ្លាំង ដល់ថ្នាក់ក្រុមនិយ័តករចិន កាលពីពេលថ្មីៗនេះបានណែនាំឱ្យធនាគារនានា ធ្វើការវាយតម្លៃជាថ្មីលើក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានហានិភ័យខកខានសងបំណុលតាមពេលវេលាកំណត់។

លោកស្រី Lan Deng សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ University of Michigan ដែលសិក្សាពីការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិន និងសហរដ្ឋអាមេរិក បានលើកឡើងថា “ប្រសិនបើមានបញ្ហាបែបនេះមែន ច្បាស់ណាស់ថា វានឹងជះផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចទូទៅរបស់ប្រទេសចិន”។

លោកស្រីបានបន្ថែមទៀតថា “វាមិនត្រឹមតែធ្វើឱ្យម្ចាស់បំណុលរបស់ខ្លួន ប្រឈមហានិភ័យខ្ពស់ ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជះផលប៉ះពាល់រាលដាល ទៅដល់វិស័យផ្សេងទៀត នៃសេដ្ឋកិច្ចរបស់ប្រទេសចិ ផងដែរ ព្រោះសេដ្ឋកិច្ចនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍អចលនទ្រព្យ”៕

តើកម្ពុជាគួរត្រៀមខ្លួនបែបណាក្នុងការទទួលវិនិយោគិនបរទេសពេលចប់កូវីដ១៩?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បើទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែកម្ពុជានៅតែរំពឹងថាវិបត្តិនេះ នឹងបញ្ចប់នៅពេលឆាប់ ហើយទទួលបាននូវការវិនិយោគ ពីវិនិយោគិនបរទេសលើវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យ ដែលកំពុងតែមានសកម្មភាព និងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដូច្នេះតើកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្ដេច ដើម្បីទទួលវិនិយោគិនបរទេសនឹងចូលមកស្វែងរកការបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនិងវិស័យផ្សេងទៀត?។

យោងតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏ដូចជា សេដ្ឋវិទូប្រចាំប្រទេ​ស ក៏បានផ្ដល់ជាទស្សនទានផ្សេងៗពីការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីទទួលស្វាគមន៍វិនិយោគ ដែលនឹងចូលមកកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា លោកជឿជាក់ថា វិបត្តិនៃជំងឺកូវីដ១៩ វានឹងចប់នៅពេលណាមួយ ដោយសារតែរដ្ឋាភិបាល មានផែនការច្បាស់លាស់ ក្នុងការគ្រប់គ្រងការរាលដាល ហើយក៏ជឿជាក់ថា រដ្ឋាភិបាលនឹងអាចបញ្ចប់វានៅពេលឆាប់ៗខាងមុខនេះដែរ ។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀមខ្លួន ក្នុងការទទួលយកវិនិយោគិនបរទេសចូលមកស្វែងរកការវិនិយោគនៅកម្ពុជានោះ គឺធនធានមនុស្សក្នុងវិស័យនីមួយៗ”។ លោក​បន្តថា “ជាក់ស្ដែងវិស័យអចលនទ្រព្យ គឺត្រូវតែមានធនធានមានជំនាញ ប្រកបដោយវិជ្ជាជីវៈ និងភាពស្របច្បាប់នៃអ្នកជំនាញទាំងនោះ ដូចជា មានការចុះបញ្ជីរកស៊ីត្រឹមត្រូវ នៅក្រសួង និងមានតម្លាភាព ក្នុងការប្រកបអាជីវកម្ម”។

លោកបន្ថែមថា យើងជាអ្នកវិនិយោគិនក្នុងស្រុក ក៏គួរតែធ្វើឱ្យរួចរាល់នូវបញ្ហានានា ដូចជាទំនាស់ដីធ្លី ផ្សេងៗត្រៀមតែដោះស្រាយ មុនពេលដែលវិនិយោគិនចូលមក ហើយក៏ត្រៀមខ្លួន ក្នុងការទទួលបាននូវវិនិយោគថ្មីៗជាបន្តបន្ទាប់។

លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក៏បានលើកឡើងកន្លងមកថា ដើម្បីស្វាគមន៍វិនិយោគិនបរទេសចូលមកកម្ពុជា អ្នកខាងក្នុងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ដោយត្រូវពង្រឹងសមត្ថភាពអ្នកខាងក្នុង ជំនាញវិជ្ជាជីវៈ ធ្វើយ៉ាងណាពេលដែលវិនិយោគិនចូលមក គឺមិនចាំបាច់យកធនធានពីគេមកនោះទេ ព្រោះយើងនឹងមានធនធានមនុស្សសម្រាប់ផ្គត់ផ្គង់ទីផ្សារជូនគេ៕

គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៧ចំណាយប្រាក់រាប់ពាន់លានដុល្លារកំពុងសាងសង់យ៉ាងសកម្ម

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងកសាងបណ្តាញផ្លូវជាតិ និងផ្លូវសេដ្ឋកិច្ចសំខាន់​ៗចំនួន៧ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយតបនឹងកំនើនសេដ្ឋកិច្ច និងជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនបន្ថែមទៀត។

ហេដ្ឋារចនាសម្ព័ន្ឋដែលចំណាយប្រាក់ រាប់ពាន់លានដុល្លារនេះ បាននិងកំពុងត្រូវបានអ្នកជំនាញមើលឃើញថា វានឹងក្លាយជាកំលាំងចលករស្នូល ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ។

ផ្លូវជាតិលេខ២
ផ្លូវជាតិលេខ២ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយតភ្ជាប់ពីក្រុងតាខ្មៅ ខេត្តកណ្តាល ទៅកាន់ខេត្តតាកែវ និងតភ្ជាប់ចេញពីក្រុងដូនកែវ ទៅកាន់ទីប្រជុំជនអង្គតាសោម នៃផ្លូវជាតិលេខ៣។ បច្ចុប្បន្នការស្ថាបនាពង្រីក(ពង្រីកនៅតំបន់ខ្លះ)បាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៤០ភាគរយហើយ។

ផ្លូវជាតិសំខាន់នេះ បាននិងកំពុងជម្រុញការលើកកំពស់ជីវភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវនេះ ដោយសារកំនើននៃការវិនិយោគ ដែលបានធ្វើឲ្យតម្លៃដីបានកើនឡើងយ៉ាងគំហុក។

ផ្លូវជាតិលេខ៣
គិតរហូតមកទល់ពេលនេះ ផ្លូវជាតិលេខ៣ ដែលចាកចេញពីស្ពានអាកាសចោមចៅ ដល់ក្រុងកំពត ចម្ងាយ ១៤៨គីឡូម៉ែត្រ បានបញ្ចប់ការស្ថាបនាស្ទើរ១០០ភាគរយហើយ។ ការកសាង និងពង្រីកផ្លូវជាតិលេខ៣ បាននិងកំពុងធ្វើឲ្យសកម្មភាព និងការវិនិយោគ​នៅទឹកដីខេត្តកំពតកើនឡើងយ៉ាងសកម្ម។

ផ្លូវជាតិលេខ៣​ បានពង្រីកជាពីរគន្លងរថយន្តទៅមក ដោយមានសួនច្បារចំកណ្តាល បានចាប់ផ្តើមពីតំបន់ស្ពានអាកាសចោមចៅ រហូតដល់ចំណុចថ្នល់បំបែកបាយគូស (ចំណុចផ្លូវបំបែកកំពត កែប)និងចាប់ពីចំណុចបាយគូស ដល់ក្រុងកំពតត្រូវបានពង្រីកទំហំត្រឹម១២ម៉ែត្រប៉ុណ្ណោះ។

ផ្លូវជាតិលេខ៥
ផ្លូវជាតិលេខ៥ ដែលត្រូវបានចាត់ទុកជាផ្លូវហាយវេអាស៊ាននេះ មានប្រវែងជិត៤០០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ជាង៥០០លានដុល្លារអាមេរិក ជាហិរញ្ញប្ប ទានរបស់រដ្ឋាភិបាលជប៉ុន។ ផ្លូវជាតិដ៏សំខាន់នេះ ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ផ្លូវជាតិនេះ សម្រេចលទ្ឋផលជាង៤០ភាគរយហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ ហើយនៅពេលសាងសង់បញ្ចប់ផ្លូវជាតិនេះ នឹងក្លាយជាចំណុចតភ្ជាប់ និងការដឹកជញ្ជូនទំនិញឆ្លងពីប្រទេសថៃ ឆ្លងកាត់កម្ពុជា មុនតភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ដោយរៀបចំតំបន់ជាប់ផ្លូវជាតិលេខ៥ ជាសួនឧស្សាហកម្ម ដែលអាចទទួលបានផលប្រយោជន៍ ពីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងប្រទេសថៃ និងប្រទេសវៀតណាម។

ផ្លូវជាតិលេខ១០
វាជាផ្លូវជាតិប្រវត្តិសាស្រ្តថ្មីមួយ ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង។ ផ្លូវជាតិនេះតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ មុនតភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលជាមូល ដ្ឋានកំពង់ផែទឹកជ្រៅថ្មីមួយ សម្រាប់ដឹកជញ្ជូនកសិផលទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

ផ្លូវជាតិលេខ១០ បានសម្រេចលទ្ឋផលជាង៥០ភាគរយហើយ គិតរហូតមកទល់ពេលនេះ ដែលគំរោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។

ផ្លូវក្រវ៉ាត់ក្រុងទី៣
ការកសាងផ្លូវនេះ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋានមានជីវភាពកាន់​តែប្រសើរឡើង ដោយសារការសាងសង់ផ្លូវប្រវែងជាង៥៦គីឡូម៉ែត្រនេះ បានធ្វើឲ្យតម្លៃដីធ្លីនៅអមសងខាងផ្លូវនេះឡើងថ្លៃយ៉ាងគំហុក ពិសេសវាបាននិងកំពុងទាក់ទាញគំរោង​វិនិយោគធំៗជាច្រើន។

តំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលធ្លាប់ជាបឹង ជាត្រពាំង និងជាអូរត្រូវបានចាក់បំពេ​ញ និងជំនួសមកវិញដោយគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះអន្តរជាតិ។ បច្ចុប្បន្នការស្ថាបនាផ្លូវនេះ សម្រេចបានលទ្ឋផលជាង៥០ភាគរយរួចហើយ ខណៈស្ពានធំៗជាច្រើនក៏បាននិងកំពុងជិតបញ្ចប់ផងដែរ។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ
ជាមួយគ្នានេះ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជាផ្លូវប្រវត្តិសាស្រ្តទី១កម្ពុជា មិនធ្លាប់មានពីមុនមក បាននិងកំពុងសាងសង់សម្រេចបានលទ្ឋផលជាង៥០ភាគរយ​ហើយ ដោយតំបន់ខ្លះត្រូវបានអនុញ្ញាត្តឲ្យធ្វើចរាចរណ៍រួចហើយ។

ផ្លូវជាតិដ៏សំខាន់ ដែលបាននិងកំពុងចំណាយថវិកា ប្រមាណ១៩០០លានដុល្លារអាមេរិក និងមានប្រវែងជាង១៩០គីឡូម៉ែត្រនេះ បាននិងកំពុងលើកកំពស់មុខមាត់កម្ពុជា និងជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងនាពេលអនាគត។

ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប
បន្ទាប់ពីការស្ថាបនា ពង្រីកនូវផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ សម្រចបានលទ្ឋផលស្ទើរ១០០ភាគរយ រដ្ឋាភិបាលបានឈានមួយជំហ៊ានទៀត ដោយបានចំណាយប្រាក់រាប់លានដុល្លារ ដើម្បីកសាង ពង្រីកផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ដើម្បីលើកកំពស់មុខមាត់របស់ខេត្ត លើកកំពស់សោភ័ណភាព ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិផងដែរ។

ផ្លូវទាំង៣៨ខ្សែ ដែលសម្រេចលទ្ឋផលប្រមាណ៤០ភាគរយនេះ បាននិងកំពុងបង្ហាញពីមហិច្ឆតារបស់រដ្ឋាភិបាល ក្នុងការជំរុញនិងលើកកំពស់សេដ្ឋកិច្ចជាតិ ពិសេស​បង្កើនកិត្យានុភាពជាតិ ក្នុងទឹកដីអង្គរដ៏ល្បីល្បាញរបស់កម្ពុជា៕