ផ្លូវជាតិថ្នាក់ខេត្តសំខាន់ៗចំនួនពីរខ្សែទៀតនឹងបញ្ចប់ការស្ថាបនានៅឆ្នាំ២០២២ ខាងមុខនេះ

ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិថ្នាក់ខេត្តចំនួនពីរខ្សែ គឺផ្លូវលេខលេខ១៤៦បេ និងផ្លូវជាតិលេខ១៤៨ ដែលចាប់ផ្តើមសាងសង់ក្នុងកំឡុងខែមេសា ឆ្នាំ២០២០នោះ គ្រោងនឹង បញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២។

ផ្លូវលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥ រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិ លេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០)។ ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិ លេខ៤ ត្រង់គីឡូ ម៉ែត្រ ១៧៨ +១៦៥ រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វ លើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០។

លោកស្រីនិន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កាលពីថ្ងៃទី២២ខែមិថុនា បានដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨នេះ។

ការចុះត្រួតពិនិត្យនេះធ្វើឡើង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍ​នភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់ កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូអង្វែង។

នៅក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានដឹកនាំក្រុមការងារបច្ចេកទេសជំនាញ ដើម្បីធ្វើតេស្តគុណភាពស្រទាប់ផ្លូវថា តើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់ បច្ចេកទេសម៉ាស៊ីនចល័តប្រភេទ FWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេស ដែលដឹកនាំដោយរដ្ឋលេខាធិការមួយរូប អាចធ្វើតេស្តគុណភាព ប្រកបដោយឯករាជ្យភាព ក្រុមការងារនេះមានម៉ាស៊ីនជាច្រើនគ្រឿង សម្រាប់ចល័តទៅគ្រប់ការដ្ឋានទាំង អស់ដោយគ្មានការជូនដំណឹងជាមុន ដើម្បីធ្វើតេស្ត និងចេញរបាយការណ៍វាយតម្លៃប្រកបសុក្រឹត្យភាព ដោយមិនចំណុះទៅនឹងអង្គភាព ឬគម្រោងណាមួយឡើយ។

ផ្លូវលេខ១៤៦បេ សាងសង់ឡើងក្រោមកញ្ចប់ថវិកាសន្សំរបស់ជាតិ ផ្លូវនេះមាន ប្រវែងសរុប៤៣,០២គីឡូម៉ែត្រ ក្នុងនោះប្រវែង២១គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចំណែកប្រវែង២២គីឡូម៉ែត្រទៀត ជាប្រភេទផ្លូវបេតុង កម្រាស់ ២៦សង់ទីម៉ែត្រ និងទទឹងផ្លូវ សរុបជារួម១២ម៉ែត្រ៕

តំបន់នៅព័ទ្ធជុំវិញទីក្រុងភ្នំពេញកំពុងបង្ហាញសក្តានុពលទាក់ទាញការអភិវឌ្ឍ អចលនទ្រព្យនិងរោងចកឧស្សាហកម្ម

ដោយៈ ប៊ី
ភ្នំពេញៈ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ តំបន់នៅព័ទ្ធជុំវិញទីក្រុងភ្នំពេញ កំពុងបង្ហាញសក្តានុពល ទាក់ទាញការវិនិយោគពិសេសវិស័យរោងចក្រ ឧស្សាហកម្ម និងការអភិវឌ្ឍអចលនទ្រព្យ ខណៈគម្រោងវិនិយោគលើការបង្កើតរោងចក្រ ត្រូវបានអនុម័តជាបន្តបន្ទា ប់ ហើយភាគច្រើនគម្រោងទាំងបានបោះទីតាំងនៅខេត្តកណ្តាល និងកំពង់ស្ពឺ។

លោកខេន លូអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់កាសែតអន្តរជាតិថ្មីមួយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា “វិនិយោគិនកំពុងស្វែងរកទីតាំងនៅឆ្ងាយ ក្រៅពីរាជធានីភ្នំពេញ ហើយនេះជាដំណឹងល្អ ដើម្បីគាំទ្រដល់ការអភិវឌ្ឍតាមឆ្ងាយពីទីក្រុង”។

លោកមើលឃើញថា “កំពង់ស្ពឺមានទីតាំងកាន់តែកៀក នឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកាន់តែងាយស្រួល ក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ និងអាចកាត់បន្ថយការចំណាយថ្លៃដឹកជញ្ចូន ពីព្រោះវាមានទីតាំង នៅជិតអាកាសយានដ្ឋានរាជធានីភ្នំពេញ ដែលមានរយៈពេលតែមួយម៉ោង ឬមួយម៉ោងកន្លះកន្លះប៉ុណ្ណោះ”។

លោកបានបន្ថែមថា ការជួលទីតាំងនៅខេត្តនេះនៅមានកម្រិតទាប ដែលជាហេតុធ្វើឱ្យមានការទាក់ទាញការវិនិយោគកាន់តែច្រើននៅក្នុងតំបន់នេះ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ថា ដីឧស្សាហកម្មនៅតែមានតម្រូវការបន្តបន្ទាប់ ខណៈរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាច្រើន ទោះស្ថិតក្នុងស្ថិតក្នុងវិបត្តិកូវីដ១៩។

ជាមួយគ្នានេះ លោកបានបន្តថា មិនត្រឹមតែវិស័យរោងចក្រ ឧស្សាហកម្មទេ វិស័យអចលនទ្រព្យ នៅព័ទ្ធជុំវិញទីក្រុងភ្នំពេញក៏មានរីកចម្រើនផងដែរ ដោយសារបច្ចុប្បន្ន រដ្ឋាភិបាលបាន និងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនជាដើម”៕

តើក្រុមហ៊ុនអចលនទ្រព្យធំបំផុតទាំង១០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ស្ថិតនៅប្រទេសណាខ្លះ និងមានលុយច្រើនកម្រិតណា?

ដោយៈសុខុម

អន្តរជាតិៈ ក្រុមហ៊ុនអចលនទ្រព្យនានាទូទាំងពិភពលោក មានស្ថានភាពប្រសើរឡើងវិញហើយ នៅក្នុងឆ្នាំ២០២១នេះ នៅពេលដែលវិបត្តិឆ្លងរាលដាលវិបត្តិកូវីដ-១៩ ហាក់ថមថយទៅវិញបន្តិច។

ស្របពេលនេះ ទស្សនាវដ្ដី Forbes បានចុះផ្សាយអំពីក្រុមហ៊ុនអចលនទ្រព្យធំបំផុ​តទាំង១០ ក្នុងពិភពលោកប្រចាំឆ្នាំ២០២១ ដែលសុទ្ធតែទទួលបានកំណើនប្រាក់ចំណូ​លធៀបនឹងឆ្នាំកន្លងទៅ។

នេះជាឆ្នាំទី៤ ជាប់ៗគ្នាហើយដែលក្រុមហ៊ុន Brookfield Asset Management រក្សាបានដំណែង ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននៃប្រទេសកាណាដា មួយនេះមានទ្រព្យសកម្មដល់ទៅ៦០២ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរួមមានសំណង់ការិយាល័យ សំណង់លំនៅដ្ឋាន និងកន្លែងជួលបើកអាជីវកម្មសរុបជាផ្ទៃក្រឡាជាង ៣៧លានម៉ែត្រការ៉េ។

ក្រៅពីវិស័យសំណង់ ក្រុមហ៊ុនយក្សមួយនេះ ក៏វិនិយោគលើវិស័យថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Brookfield Asset Management ត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត ដោយសារក្រុមហ៊ុននេះ បានសន្យាបោះទុនចំនួន៥ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើក្រុមហ៊ុនលក់រាយនានា ដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

កាលពីខែធ្នូ ចុងឆ្នាំ២០២០ ក្រុមហ៊ុននេះ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Simon Property Group ដើម្បីជួយសង្គ្រោះក្រុមហ៊ុនផ្សារទំនើបអាមេរិក JCPenny ឱ្យរួចផុតពីការក្ស័យធន។

ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយការថ្លឹងថ្លែងលើ៤ ចំណុចស្មើគ្នារួមមាន៖ ទី១ ប្រាក់ចំណូល ទី២ ប្រាក់ចំណេញ ទី៣ ទ្រព្យសកម្ម និងទី៤ តម្លៃលើទីផ្សារ។ អញ្ចឹងតោះ! ដើម្បីកុំឱ្យខាតពេលយូរ សូមមកស្គាល់ក្រុមហ៊ុនកំពូលទាំង១០ ដូចខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន Brookfield Asset Management / ប្រទេសកាណាដា។ ទំហំសាច់ប្រាក់បានពីការលក់៖ ៦៣,៤០០ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១៧៥,៨៦លានដុល្លារ។ ទ្រព្យសកម្ម៖ ៣៤៣,៦៩៦ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ៦៩,៦៧៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ២
ក្រុមហ៊ុន American Tower Corporation / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់៖ ៦៩,៦៧៣ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៦៩,៦៧៤ពាន់លានដុល្លារ ។ទ្រព្យសកម្ម៖ ៤៧,២៣៤ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ១១០,៥៧៨ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៣
ក្រុមហ៊ុន Prologis / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់៖ ៤,៤៣៩ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,៤៨២ពាន់លានដុល្លារ។ ទ្រព្យសកម្ម៖ ៥៦,០៦៥ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៨៤,២៣៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៤
ក្រុមហ៊ុន Crown Castle International / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់មានទំហំ៥,៨៤០ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,០៥៦ពាន់លានដុល្លារ​។ ទ្រព្យសកម្ម៖ ៣៨,៧៦៨ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ៧៧,៦២៩ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៥
ក្រុមហ៊ុន Simon Property Group / សហរដ្ឋអាមេរិក ទំហំសាច់ប្រាក់ទទួលបានពីការលក់៖ ៤,៦០៨ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,២២៨ពាន់លានដុល្លារ។ ទ្រព្យសកម្ម៖ ៣៤,៧៨៧ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៣៨,៤៣៨ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៦
ក្រុមហ៊ុន Weyerhaeuser Company / សហរដ្ឋអាមេរិក។ សាច់ប្រាក់ទទួលបានពីការលក់៖ ៧,៥៣២ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៧៩៧លានដុល្លារ។ ទ្រព្យសកម្ម៖ ១៦,៣១១ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ២៩,៤៤១ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៧
ក្រុមហ៊ុន Equinix / សហរដ្ឋអាមេរិក។ សាច់ប្រាក់ទទួលបានពីការលក់៖ ៥,៩៧៦ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៣៦៩,៧៨លានដុល្លារ។ ទ្រព្យសកម្ម៖ ២៧,០០៦ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៦៣,៤៣១ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៨
ក្រុមហ៊ុន Equity Residential / សហរដ្ឋអាមេរិក ទឹកប្រាក់ទទួលបានពីការលក់៖ ២,៥៣៩ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៨៧៩,៤០លានដុល្លារ។ ទ្រព្យសកម្ម៖ ២០,២៨៧ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ២៧,០៦៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៩
ក្រុមហ៊ុន Public Storage / សហរដ្ឋអាមេរិក។ ទំហំទឹកប្រាក់ទទួលបានពីការលក់៖ ២,៩០៥ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ១,៣៥៤ពាន់លានដុល្លារ។ ទ្រព្យសកម្ម៖ ១១,៨១៧ពាន់លានដុល្លារ និងតម្លៃលើទីផ្សារ៖ ៤៦,៦៣៤ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ១០
ក្រុមហ៊ុន Alexandria Real Estate Equities / សហរដ្ឋអាមេរិក។ ទឹកប្រាក់ទទួលបានពីការលក់៖ ១,៨៧៦ពាន់លានដុល្លារ។ ប្រាក់ចំណេញ៖ ៧៥៨,៦៩លានដុល្លារ។ ទ្រព្យសកម្ម៖ ២២,៨២៨ពាន់លានដុល្លារ។ តម្លៃលើទីផ្សារ៖ ២៤,០១០ពាន់លានដុល្លារ៕

ធនាគារពិភពលោកៈការបិទខ្ទប់ទីប្រជុំជនធំជាងគេពីរនៅកម្ពុជានាពេលកន្លងមកជាការបង្អាក់សកម្មភាពសេដ្ឋកិច្ច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ត្រូវបានធនាគារពិភពលោកប្រចាំកម្ពុជាព្យាករណ៍ឡើងវិញ ក្នុងភាពមិនទាន់ច្បាស់លាស់ ដោយលើកយកសេណារីយ៉ូពីរ គឺកើនឡើងក្នុងរង្វង់៤ភាគរយ និងរង្វង់១ភាគរយ ដោយសារតែការបិទខ្ទប់ទីប្រជុំជនដ៏ធំពីរនៅកម្ពុជា គឺរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងនូវបញ្ហាប្រឈម និងហានិភ័យមួយចំនួន ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២១នេះ ក្នុងបង្ហាញថាហានិភ័យចំពោះទស្សនៈវិស័យកំណើនរបស់កម្ពុជាបានកើនឡើង ដោយសារតែរលកនៃការផ្ទុះជំងឺកូវីដ១៩ ចេះតែអូសបន្លាយពេល ។

ធនាគារពិភពលោកបានលើកឡើងថ្មីៗនេះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រូវបានបង្អាក់ដោយការដាក់ចេញជាថ្មី នូវវិធានការបិទខ្ទប់ឡើងវិញ នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២១។ ការបិទខ្ទប់តំបន់ប្រជុំជនធំជាងគេពីរនៅកម្ពុជា គឺទីក្រុងភ្នំពេញ និងក្រុងតាខ្មៅក្នុងខេត្តកណ្ដាល ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ គឺជាការចាំបាច់ និងបានសង្គ្រោះ ជីវិតជាច្រើន ទោះបីជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក៏ដោយ។

របាយការណ៍ដដែលបានអះអាងថា អត្រាឆ្លងខ្ពស់នាពេលបច្ចុប្បន្នក៏គំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល​សាធារណៈផងដែរ ស្របពេលរោងចក្រ និងអាជីវកម្មទទួលរងផលប៉ះពាល់ ខណៈតម្រូវការក្នុងស្រុកជាពិសេសតម្រូវការផលិតផលសេវា ដូចជា ការធ្វើដំណើរក្នុងស្រុក ទេសចរណ៍និងសេវាបដិសណ្ឋារកិច្ចរងផលប៉ះពាល់ជាថ្មី ដោយសារតែការរឹតត្បិតការធ្វើដំណើរ ការបញ្ចៀសការធ្វើដំណើរ និងការថយចុះប្រាក់ចំណូលជាដើម ។

ការបិទទីក្រុងធំពីរនៅកម្ពុជាកាលពីខែមេសា ២០២១នេះកន្លងទៅនេះ គឺពិតជាបានធ្វើឱ្យអាជីវកម្មសេដ្ឋកិច្ចជាច្រើនត្រូវបានផ្អាក បណ្ដាអាជីវករជាច្រើនត្រូវបានស្នាក់នៅតែក្នុងផ្ទះនិងមិនអាចចេញក្រៅបាន ព្រោះតែបំរាម ហើយអាជីវកម្មជាច្រើនក៏ត្រូវសម្រេចបិទមិនឱ្យដំណើរការតែម្ដង ជៀសវាងការប្រមូលផ្ដុំជួបជុំគ្នា ។

លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ បានឱ្យដឹងថាការបិទខ្ទប់កន្លងមក ពិតជាបានធ្វើឱ្យប៉ះពាល់ ដល់ប្រាក់ចំណូលរបស់ពលរដ្ឋពិតប្រាកដមែន និងប៉ះពាល់ធ្ងន់ធ្ងរ តែដើម្បីរក្សាអាយុជីវិតរដ្ឋាភិបាលត្រូវតែធ្វើបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លង។

លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលប្រកាសបិទបញ្ចប់ ការបិទខ្ទប់ទីក្រុងទាំងពីរនេះ សកម្មភាពអាជីវកម្មនានាក៏ចាប់ផ្ដើមកម្រើកឡើងវិញ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់រដ្ឋាភិបាល ដើម្បីជៀសវាងការបិទខ្ទប់ម្ដងទៀត ដែលនាំឱ្យមានការខាតបង់កាន់តែធំ”៕

ប្រធានCVEAចង់វិនិយោគដីធ្លីយកផលចំណេញគួរសម្លឹងតំបន់មួយចំនួន

ដោយៈស៊ីវ ម៉េង

ភ្នំពេញ: ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានផ្តល់យោបល់ដល់​អ្នក​ចង់រកស៊ីវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្តគឺទិញនៅតាមជាយក្រុងភ្នំពេញ។

លោកបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព៕

រដ្ឋាភិបាលអង់គ្លេសៈការធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសខ្លួនមកកាន់កម្ពុជានឹងផ្តោតសំខាន់លើពាណិជ្ជកម្ម…

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស Dominic Raab បានមកដល់ទីក្រុងហាណូយនៅថ្ងៃនេះ (ថ្ងៃច័ន្ទទី ២១ ខែមិថុនា) មុនដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃជាមួយនឹងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នៅប្រទេសវៀតណាម កម្ពុជា និងសឹង្ហបុរីផ្តោតលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋភិបាលចក្រភពអង់គ្លេស។

ចក្រភពអង់គ្លេស នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមការចរចាជាផ្លូវការជាមួយបណ្តាប្រទេស CPTPP (កិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងភាពជឿនលឿនសម្រា​ប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក) ដែលជួយចក្រភពអង់គ្លេស ផ្សារភ្ជាប់ជាមួយបណ្តាប្រទេសសេដ្ឋកិច្ចធំៗលើពិភពលោក។

សមាជិករបស់ CPTPP បច្ចុប្បន្នមានផលិតផលក្នុងស្រុកសរុប៩ទ្រីលានអ៊ឺរ៉ូ ដែលរំពឹងថានឹងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

នេះគឺជាដំណើរទស្សនកិច្ចលើកទី ៥ របស់លោក Dominic Raab នៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកបានក្លាយជារដ្ឋមន្រ្តីការបរទេស ដោយលោកបានលើកឡើងពីសារៈសំខាន់នៃឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចដែលបានចែងនៅក្នុងគោលនយោបាយរបស់អង់គ្លេស។

ថ្លែងមុននឹងដំណើរទស្សនកិច្ចមកកម្ពុជា របស់លោក Dominic Raab រដ្ឋមន្រ្តីក្រសួងការបរទេសបានមានប្រសាសន៍ថា ចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងមិត្តភាពរបស់យើងនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកបានថ្លែងថា “យើងកំពុងបង្ហាញនេះ តាមរយៈការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀង CPTPP បង្កើតភាពគូជាមួយអាស៊ាន និងវិនិយោគទាំងថាមពល ពេលវេលា និងការខិតខំបន្ថែមទៀត នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងនៅក្នុងតំបន់”។

លោក Dominic Raab ធ្វើដំណើរដល់មកប្រទេសកម្ពុជា នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីជួបជាមួយលោកប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបង្ហាញមហិច្ឆតារបស់យើងសម្រាប់ “ភាពជាដៃគូសន្ទនាអាស៊ាន” នៅចំពោះមុខប្រទេសកម្ពុជា ដែលធ្វើជាប្រធានអាស៊ាននាពេលខាងមុខ។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវទម្រង់ នៃទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអាស៊ាន។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេសនៅកម្ពុជា ចាប់តាំងពីស្ថានទូតអង់គ្លេស បានបើកដំណើរការឡើងវិញកាលពី៣០ឆ្នាំមុន។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគី ដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោកដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។

ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕

ស្គាល់ពីហានិភ័យៈសិក្សាលើ់មូលដ្ឋានទាំងនេះដើម្បីកុំឲ្យជាប់គាំងពេលវិនិយោគលើដីធ្លី

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគមានភាពពេញនិយមជាងគេ នៅក្នុងចំណោមផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ ព្រោះការវិនិយោគដីធ្លីទទួលបានផលចំណេ​ញខ្ពស់ពីការវិនិយោគ។

ប៉ុន្តែមិនមែនគ្រប់ប្រភេទដី សុទ្ឋតែអាចវិនិយោគទទួលបានផលចំណេញនោះទេ ព្រោះដីខ្លះមានហានិភ័យខ្ពស់ណាស់ ក្នុងការវិនិយោគឬធ្វើឲ្យជាប់គាំងសាច់ប្រាក់ ក្នុងការវិនិយោគ។

ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់បានមានប្រសា​សន៍ដោយចែករំលែកនូវចំណេះដឹងរបស់ខ្លួន មួយចំនួនប្រាប់គេហទំព័រ Propertyarea.asia នាល្ងាចថ្ងៃទី១ មិថុនាកន្លងមកថា មានដីចំនួន៧ប្រភេទ ដែលអ្នកវិនិយោគគួរមានការប្រុងប្រយ័ត្នដូចជា៖

ដីគ្មានប្លង់ច្បាស់លាស់
ដោយសារកម្ពុជាឆ្លងកាត់របបជាច្រើន បានធ្វើឲ្យប័ណ្ណកម្មសិទ្ឋដីធ្លីផ្លាស់ប្តូរជាញឹកញាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងយល់ ពិសេសគឺការចេញប្លង់កម្មសិទ្ឋដោយអាជ្ញាធរមួយចំនួន ដែលបានចេញប្លង់ដីជាន់លើគ្នា ដើម្បីបានផលប្រយោជន៍ ហើយអ្នកមានបញ្ហាជាប្រជាពលរដ្ឋ។

បញ្ហានេះបានកើតមានរួចហើយនៅតំបន់អភិវឌ្ឍន៍ថ្មីៗ ដូចជា ព្រះសីហនុ (ប៉ុន្មាន​ឆ្នាំមុន) ខេត្តមណ្ឌលគិរី ដែលបន្ទាប់ពីរដ្ឋាភិបាល ប្រកាសសាងសង់ព្រលានយន្តហោះថ្មី បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកជាច្រើន បានទៅវិនិយោគដីធ្លីនៅទីនោះ ហើយមានអ្នកវិនិយោគខ្លះក៏បាត់ដី បាត់បង់លុយ ខាតបង់ពេលវេលា ដោយសារជាប់ក្នុងជម្លោះដីធ្លី ព្រោះបញ្ហាប័ណ្ណកម្មសិទ្ឋត្រួតលើគ្នា។

ដីគ្មានផ្លូវ
មានអ្នកវិនិយោគមួយចំនួន បានប្រថុយនឹងហានិភ័យ ដោយហ៊ានវិនិយោគលើដីស្រែ ដីទំនាប និងដីព្រៃ ដែលគ្មានប្លង់ឬគ្មានផ្លូវច្បាស់លាស់ ដោយពួកគេរំពឹងថា ដីបែបនេះនឹងទទួលបានតម្លៃល្អ នៅពេលអ្នកអភិវឌ្ឍន៍ឬអ្នកវិនិយោគណាមួយ ត្រូវការទិញដីនៅក្នុងតំបន់របស់ខ្លួន។

ប៉ុន្តែការវិនិយោគបែបនេះ ប្រឈមហានិភ័យច្រើនណាស់ ដូចជា គាំងសាច់ប្រាក់ លក់មិនចេញ ត្រូវអ្នកវិនិយោគធំៗបង្អាប់តម្លៃ និងអាចត្រូវអ្នកវិនិយោគធំៗមួយចំនួនធ្វើរបងព័ទ្ឋ ប្រសិនជាម្ចាស់ដីទាមទារតម្លៃខ្ពស់ពេក។

ដីមានរាងមិនសមស្រប
រូបរាងដីមានសារៈសំខាន់ណាស់ សម្រាប់យកមកប្រើប្រាស់ធ្វើការសាងសង់ឬអភិវឌ្ឍន៍អ្វីមួយ ពិសេសប្រសិនជាអ្នកទិញ ដើម្បីរកផលចំណេញ អ្នកវិនិយោគរូបនោះប្រឈមនឹងការលក់មិនចេញ ឬពិបាកលក់ និងមិនទទួលបានផលចំណេញច្រើននោះទេ បើសិនជាដីនោះមានរូបរាងមិនសមស្រប ក្រវ៉ិចក្រវៀន មិនមានរាងរៅច្បាស់លាស់។

ដីទំនាស់
អ្នកហ៊ានវិនិយោគដីប្រភេទនេះ ទាល់តែហ៊ានទទួលយកហានិភ័យជាមុន ប៉ុន្តែអ្នកដែលមិនហ៊ានទទួលយកហានិភ័យ មិនគួរវិនិយោគលើដីប្រភេទនេះនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកជាប់ក្នុងជម្លោះ និងខាតបង់ពេលវេលានិងលុយកាក់ផងដែរ។

អ្នកហ៊ានវិនិយោគដីប្រភេទនេះ ច្រើនជាមន្រ្តីតុលាការ និងមេធាវីដែលពួកគេបានសិក្សាទិដ្ឋភាពច្បាប់បានច្បាស់លាស់រួច ទើបពួកគេហ៊ានវិនិយោគ ហើយដីបែបនេះក៏ផ្តល់ផលចំណេញខ្ពស់ផងដែរ។

ដីដែលឆ្ងាយដាច់ស្រយាល
តាមធម្មតាដីធ្លីឡើងថ្លៃខ្ពស់ មានតែនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជន និងដីដែលមានមនុស្សរស់នៅច្រើន។ ផ្ទុយទៅវិញដីនៅតំបន់ដាច់ស្រយាល ដីដែលគ្មានមនុស្សរស់នៅ ជាដីដែលមិនសូវមានតម្លៃ និងមិនងាយឡើងថ្លៃនោះទេ។

ដីនៅកៀក និងចំផ្លូវរត់របស់យន្តហោះ
នៅកៀកព្រលានយន្តហោះពេក ពិសេសដីស្ថិតនៅចំផ្លូវរត់ឡើង និងរត់ចុះរបស់យន្តហោះ ពិតជាដីដែលមិនត្រូវវិនិយោគនោះទេ ដោយសារដីប្រភេទនេះពិបាកក្នុងការលក់ចេញ ពិបាកសាងសង់ និងពិបាកក្នុងការរស់នៅ ព្រោះបើអ្នកវិនិយោគឬទិគដីប្រភេទនេះដើម្បីសាងសង់លំនៅដ្ឋាន ឬអាគារពាណិជ្ជកម្មអ្វីមួយ គឺអ្នកនឹងរងការរំខានពីសម្លេង​យន្តហោះជាប់ជាប្រចាំ។

ហេតុនេះអ្នកវិនិយោគដីធ្លី នៅក្បែរព្រលានយន្តហោះត្រូវប្រុងប្រយ័ត្ន និងសិក្សាឲ្យបានម៉ត់ចត់បំផុត លើទីតាំងដីដែលខ្លួនវិនិយោគនៅក្បែរព្រលានយន្តហោះ។

ដីឡូត៍ដែលគ្មានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ
អ្នកវិនិយោគដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម និងអ្នកមិនសូវមានចំណេះដឹងច្បាស់លាស់។ ហេតុនេះអ្នកវិនិយោគដីឡូត៍ មិនគួររំពឹងពីផលចំណេញនោះទេ ព្រោះក្រុមហ៊ុនពុះដីឡូត៍លក់ភាគច្រើន បានយកផលចំណេញពីដីធ្លីនោះស្ទើរអស់ទៅហើយ។

ជាពិសេសអ្នកទិញដីឡូត៍តូចៗ មិនគួរទិញដីដែលគ្មានផ្លូវ គ្មានប្រព័ន្ឋលូត្រឹមត្រូវ និងគ្មានបណ្តាញទឹក និងអគ្គិសនីនោះទេ៕

លោកយិន លាងគង់ និងវាគ្មិនល្បីៗជាច្រើនទៀតត្រូវបានប្រកាសជាទីប្រឹក្សាសមាគមអ្នកអភិ​វឌ្ឍន៍ដីឡូត៍កម្ពុជា

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com លោក យិន លាងគង់ និងវាគ្មិន ព្រមទាំងអ្នកជំនាញមួយចំនួនទៀត ត្រូវបានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍ ប្រកាសតែងតាំងជាទីប្រឹក្សាជាផ្លូវការ។

លិខិតតែងតាំងចុះលេខ ០43/21 ស អ ដ ក បានចេញផ្សាយកាលពីថ្ងៃទី១៦ មិថុនា ដែលចុះហត្ថលេខាដោយលោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានបង្ហាញថា សមាគមនេះ បានសម្រេចប្រកាសតែងតាំងបុគ្គលចំនួន៨រូបជាទីប្រឹក្សា រួមមាន ទី១ លោកអោម សេងបូរ៉ា ស្ថាបនិក CEO Master Club ទី២ លោកអួន សារ៉ាត់ ប្រធានសមាគមអ្នកជំនួញឆ្លាតវៃ ទី៣ លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។

ទី៤ លោកឧកញ៉ាម៉ាន់ ចន្ទឌីអគ្គនាយកក្រុមហ៊ុន Primium Housing Group និងជាប្រធាន IQI Cambodia ទី៥ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia និងគេហទំព័រ Cambodiafinancialtimes.com ទី៦ លោកអ៊ិន មាន ប្រធានក្រុមហ៊ុនគេហទំព័រ Khmerload និងមុខជំនួញជាច្រើនទៀត ទី៧ លោកខន ជឺ មន្រ្តីជាន់ខ្ពស់ និងក្រុមការងារយុវជនគណបក្សប្រជាជននៅក្រៅប្រទេស និងទី៨ លោកទូច ណារិនប្រធានសាខារបស់ធនាគារក្នុងស្រុកមួយ៕

រដ្ឋមន្ត្រីស៊ុន ចាន់ថុលៈ គម្រោងស្ថាបនាផ្លូវជាតិលេខ៣តម្លៃ២០០លានដុល្លារបញ្ចប់មុនផែនការរហូតដល់មួយឆ្នាំ

ដោយៈ ប៊ី

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះ បានធ្វើចប់រួចរាល់មុនផែនការរហូតដល់មួយឆ្នាំ ដោយគិតមកដល់ពេលនេះសម្រេចបាន៩៨% ហើយ។

ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលត្រូវបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោក និងលោកស្រីនិន សាផុនប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះ បានធ្វើចប់រួចរាល់មុនផែនការរហូតដល់មួយឆ្នាំ ដោយគិតមកដល់ពេលនេះសម្រេចបាន៩៨% ហើយមានគុណភាពល្អ និងធ្វើបានលឿនផងដែរ។ ផ្លូវជាតិលេខ៣ នឹងដាក់ជញ្ជីងថ្លឹងរថយន្តចំនួន២ ដើម្បីឱ្យរថយន្តចូលថ្លឹង ជាមួយគ្នានោះក៏បានត្រៀមដាក់ជញ្ជីងបង្កប់ក្រោមដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់រថយន្តដឹកទំនិញលើសទម្ងន់ ដែលជាមូលហេតុធ្វើឱ្យផ្លូវខូចផងដែរ។

ជាមួយគ្នានេះដែរ លោកបានបន្តថា ទោះបីជាការចុះពិនិត្យជាច្រើនលើកឃើញថា គុណភាពនៃការសាងសង់ផ្លូវជាតិលេខ៣ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក៏ដោយ តែលុះត្រាតែដាក់ឱ្យប្រើប្រាស់បានរយៈពេល១ឆ្នាំ ហើយមិនមានបញ្ហាខូចខាត ទើបអាចទទួលយកបាន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា មានក្រុមហ៊ុនមួយចំនួនចង់បានតែចំនេញ មិនគិតជួយថែទាំសម្បត្តិរបស់ជាតិនោះទេ ដោយប្រឹងដឹកទំនិញលើសទម្ងន់កំណត់ច្រើន ដោយអះអាងថា មិនមែនជាផ្លូវដែលខ្លួនចេញលុយសាងសង់នោះឡើយ។ លោកថា នៅតាមទល់ដែនពេលផ្ទេរទំនិញឃើញថា ឡានទំនិញរបស់យើងមួយ គឺត្រូវការឡានដឹកទំនិញរបស់ប្រទេសគេ២ទេីបដាក់អស់។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រុមការងាររបស់ក្រសួង តែងតែធ្វេីសកម្មភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញ នៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយគិតមកដល់ពេលនេះ បានចាប់រថយន្តទុកមួយឆ្នាំ មិនឱ្យបេីកបរ បានជាង១០០គ្រឿងហើយ ដោយមិនគិតថា ជាឡានរបស់អ្នកណា មានខ្នងធំយ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនដែលចង់បានអ្វីពីប្រជាពលរដ្ឋនោះទេ គ្រាន់តែសុំត្រឹមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចររាចរណ៍ឱ្យបានគ្រប់ៗគ្នាផងដែរ ដែលនេះគឺជាការជួយដល់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិហើយ។ បើពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចររាចរណ៍ រាជរដ្ឋាភិបាល ក៏មានកម្លាំងចិត្តក្នុងការធ្វើផ្លូវឱ្យកាន់តែល្អបន្ថែមទៀតផងដែរ។

ការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ AC) លើកំណាត់ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុបជិត១៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិនជាង២០០លានដុល្លារអាមេរិក។

គម្រោងនេះចែកចេញជាពីរកំណាត់៖ កំណាត់ទី១ ចាប់ពីភ្នំពេញ (ចោមចៅ)-បែកគូស មានប្រវែងជិត៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ដល់ក្រុងកំពត ប្រវែងជិត៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រផងដែរ៕

ក្រុមហ៊ុនយក្សចំនួន២របស់ម៉ាឡេស៊ីសហការគ្នាបង្កើតក្រុមហ៊ុនម៉ាគមនាគមន៍មួយតម្លៃ១២ពាន់លានដុល្លារ

ដោយៈ គៀតឈូ

ម៉ាឡេស៊ីៈ ក្រុមហ៊ុន Axiata Group និងក្រុមហ៊ុន Telenor របស់ប្រទេសន័រវែសបានព្រមព្រៀងរួមគ្នាលើប្រតិបត្តិការទូរស័ព្ទចល័តរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតក្រុមហ៊ុនទូរគមនាគមន៍យក្សមួយ ដែលមានតម្លៃ៥០ពាន់លានរីងហ្គីត (១២ពាន់លានដុល្លារ) នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់គេទំព័រ Forbes នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុន Axiata និង Telenor បានឱ្យដឹងថា ការការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនគមនាគមន៍ Celcom Axiata និង Digi.com create នឹងបង្កើតប្រតិបត្តិការទូរស័ព្ទចល័តធំជាងគេរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងចំនួនអតិថិជនសរុបចំនួន១៩លាននាក់ និងប្រាក់ចំណូលប្រចាំឆ្នាំចំនួន១២,៤ពាន់លានរីងហ្គីត។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនឈ្មួញជើងសារ Nomura ក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នានេះ នឹងមានចំណែកទីផ្សារប្រហែល៤៣,៧%។ នោះនឹងធ្វើឱ្យក្រុមហ៊ុនក្លាយជាអ្នកដឹកនាំទីផ្សារថ្មី ដោយវ៉ាដាច់ក្រុមហ៊ុន Maxis មហាសេដ្ឋី Ananda Krishnan។

លោក Izzaddin Idris ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Axiata មានប្រសាសន៍ថា“ដោយមានការផ្លាស់ប្តូរយ៉ាងរលូន យើងរំពឹងថានឹងមានភាពប្រសើរឡើងនៅក្នុងចំណូលមុនកាត់ពន្ធ និងកម្រិតលំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុនច្របាច់បញ្ចូលគ្នានេះ នឹងបង្កើនភាគលាភទៅឱ្យម្ចាស់ហ៊ុនរបស់យើង”។

ក្រុមហ៊ុន Axiata និង Telenor នឹងកាន់កាប់ភាគហ៊ុនចំនួន៣៣,១ភាគរយ នៃក្រុមហ៊ុនវិនិយោគទុនរួម ហើយភាគហ៊ុននៅសល់នឹងត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុន Bursa Malaysia ដោយរំពឹងថា ក្រុមហ៊ុនដែលបានបញ្ចូលគ្នានេះ នឹងបង្កើតប្រាក់សន្សំរួមបញ្ចូលគ្នាចំនួន៨ពាន់លានរីងហ្គីត និងលំហូរសាច់ប្រាក់៤ពាន់លានរីងហ្គីត៕