ខេត្តកណ្តាល​មិនទាន់​ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យធំៗនោះទេ ក្នុងអំឡុង​វិបត្តិ Covid-19

ដោយ​វុត្ថា

ភ្នំពេញៈ អភិបាលខេត្ត​កណ្តាល​លោក ​គង់ សោភ័ណ​ បាន​អះអាងថា ចាប់​តាំ​ពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 នៅក្នុង​ប្រទេស​កម្ពុជា និង​សកលលោក រហូតមកដល់​ពេលនេះ ខេត្តកណ្តាល​មិន​ទទួលបាន​គម្រោង​វិនិយោគថ្មីៗ ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​បុរី លំនៅឋាន សណ្ឋាគារ រោងចក្រ និង​សហគ្រាសធំៗនោះទេ ពោលគឺ​ស្ថិតនៅ​ក្នុងស្ថានភាព​ទ្រឹង ខណៈដែល​គម្រោង​ចាស់​នៅតែ​ដំណើរ​ការធម្មតា។

លោក ​គង់ សោភ័ណ​ ​អភិបាលខេត្ត​កណ្តាល នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “ វឌ្ឍនភាព និង​ទិសដៅ​បន្ត​របស់​ខេត្តកណ្តាល” នា​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា បច្ចុប្បន្ន​គម្រោង​វិនិយោគថ្មីៗ មិនមាន​ទេ​ពោ​ស្ថិតនៅក្នុង​ស្ថានភាព​នៅ​ទ្រឹង។ លោក​បន្តថា ហេតុផល​នេះហើយ បានធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធគយ​របស់​ខេត្ត​មានការ​ថយចុះ ក្នុង​រយៈពេល​កន្លងមក​នេះ ខណៈដែល​គម្រោង​របស់​រដ្ឋាភិបាល​នៅតែ​ដំនើរការ​ធម្មតា។

លោក​អះអាង​បន្តថា “បើទោះបី​ខេត្ត មិន​ទទួលបាន​គម្រោង​វិនិយោគថ្មីៗយ៉ាងណាក៏ដោយ ក៏​ការប្រមូល​ចំណូល​ពន្ធ​នៅតាម​បណ្តា​ស្រុក​នានា ចំពោះ​គម្រោងចាស់ៗនៅតែមាន​តួលេខ​ល្អ ហើយ​ការផ្តល់សេវា​នៅតែ​ប្រព្រឹត្តិ​ទៅជា​ធម្មតា ដោយ​ពុំមាន​ការព្រួយបារម្ភ​នោះទេ ជាពិសេស​គម្រោងថ្មីៗរបស់​ខេត្ត និង​រាជរដ្ឋាភិបាល​នៅតែ​ដាក់ជូន​បំរើ​ប្រជាពលរដ្ឋ​ទៅតាម​ផែនការ” ។

លោក​បន្ថែមទៀតថា សម្រាប់​ការវិនិយោគ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ទូទាំង​ខេត្តកណ្តាល​នៅតែមាន​សកម្មភាព​ចេញ-ចូល​ធម្មតា​នោះទេ ដោយ​ពុំ​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​ជំងឺ Covid-19 ។ លោក​ថា នេះ​ដោយសារតែ​មានការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល តាមរយៈ​ការ​ទំលាក់​ថវិកា ទៅឱ្យ​ធន​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ផ្តល់ជូន​នូវ​ប្រាក់កម្ចី​នៅក្នុង​អត្រា​ការប្រាក់​ទាប។

លោក​ថ្លែងបន្ត ខេត្តកណ្តាល​គឺជា​ខេត្ត ដែលមាន​សក្តានុពល​ខ្ពស់​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ដែល​អាច​នឹង​ប្រកួតប្រជែង ជាមួយនឹង​បណ្តា​ខេត្ត​ក្រុង​នានា​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​រាជធានី​ភ្នំពេញ ខណៈដែល​ខេត្ត​ហុំ​ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ​មួយ​នេះ មាន​ហេដ្ឋារចនាសម្ព័ន្ធធំៗល្អប្រសើរ និង​មាន​ច្រកចេញចូល​ស្ទើរ​គ្រប់​ខេត្ត ជាពិសេស​ខេត្ត​នេះ មាន​ព្រលានយន្តហោះ​អន្តរជាតិ​លំដាប់​អន្តរជាតិ​ផងដែរ។

លោក​បញ្ជាក់​បន្ថែមទៀត​ថា ដោយសារ​បញ្ហា​ជំងឺ Covid-19 បានធ្វើឱ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នានា នៅលើ​សកលលោក​មានកា​រ​ថមថយ  មិន​ដូច្នោះ​ទេ កម្ពុជា​នឹងមាន​សេដ្ឋកិច្ច​សន្ទុះ​រីក​ចំ​រើ​ង​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​សម្បូរ​សម្បាយ​ជាពិសេស​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកណ្តាល​នឹងមាន​ជីវភាព កាន់តែ​ធូ​ធា​ជាង​បច្ចុប្បន្ន​តាមរយៈ​ការទទួលបាន​នូវ​គម្រោង​វិនិយោគថ្មី។

ខេត្តកណ្តាល​ជា​ខេត្ត ដែលមាន​សក្ដានុពលរ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម  និង ទេសចរណ៍ និង​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន សម្រាប់​ត​ភ្ជាប់​ទៅកាន់​បណ្ដា​ខេត្ត​នានា ដូចជា​ផ្លូវជាតិ​លេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និង​លេខ៥១ ជាដើម ដែល​នឹង​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មា​នក​ក្កា​នុព​ល​ល្អ សម្រាប់​ក្រុមហ៊ុន នានា ចូលមក​វិនិយោគ៕

វឌ្ឍនភាព​តំបន់​ផ្លូវជាតិ​លេខ៤១ ចាប់ផ្ដើម​បង្ហាញ​ជាបណ្ដើរៗហើយ

ដោយៈ រ៉ា​ណេ​ត

កំពង់ស្ពឺៈ ងាក​ចេញពី​តំបន់​ជាយក្រុង​បន្តិច សម្រាប់​ដីធ្លី​នៅ​តំបន់​ផ្លូវជាតិ​លេខ៤១ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល ស្រដៀង​គ្នា​ទៅនឹង​ផ្លូវជាតិ​លេខ៥១ដែរ ដោយ​សកម្មភាព​នៃ​ការទិញ-លក់​យកចំណេញ ក៏ដូចជា​ការទិញ​ទុក​សម្រាប់​វិនិយោគ ក្នុង​រយៈពេល​វែង​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម  រោងចក្រ សហគ្រាស និង​ឃ្លាំង​នានា​កំពុងមាន​ភាព​ទាក់ទាញ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​មានប្រសាសន៍ប្រាប់​កាលពី​ល្ងាច​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងមក​ថា តំបន់​ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១ ចាប់ពី​ចំណុច​ផ្លូវបំបែក​ថ្នល់ទទឹង រហូតដល់​ផ្លូវជាតិ​លេខ៣ ភាគច្រើន​គឺ​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត ដែល​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម។

លោក​បន្តថា “បំបែក​ចេញពី​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ៣ ខេត្តកំពត តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១ ដែល​ធ្លាប់តែ​ជា​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ បាន​ប្រែ​រូបរាង​ជា​ដី​រាបស្មើ​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន” ។ លោក​បន្តថា “គម្រោង​បង្កើត​រោងចក្រ សិប្បកម្ម ឃ្លាំង ដែល​ស្របតាម​ការកំណត់​ទីតាំង​របស់​រដ្ឋាភិបាល ហើយ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​តម្លៃ​កម្រិត​មធ្យម និង​ក្រោម​មធ្យម​ផងដែរ​ក៏បាន​ចាប់ផ្តើម​នៅ​តំបន់​នេះ” ។

លោក​វ៉ី សំណាង​បាន​បញ្ជាក់ថា នៅ​តំបន់​ផ្លូវជាតិ​លេខ៤១ ជាពិសេស​ក្នុងស្រុក​បរសេដ្ឋ រដ្ឋបាលខេត្ត​បាន​ចុះហត្ថលេខា​អនុញ្ញាត ឱ្យ​គម្រោង​បង្កើត​រោងចក្រ​ជាច្រើន​ទៅ​តាំងនៅ ដើម្បី​ចាប់ដំណើរការ​ចាប់ពី​ដើមឆ្នាំ២០២១ខាងមុខនេះ ហើយ​ក៏មាន​គម្រោង​បង្កើតជា​សួន​ឧស្សាហកម្ម​ចំរុះ​ផងដែរ ដែល​នៅក្នុង​គម្រោង គឺមាន​រួចរាល់​អស់ហើយ។

ជាមួយនឹង​ការកំណត់​ទីតាំង​តំបន់​សួន​ឧស្សាហកម្ម និង​តំបន់​រោងចក្រផ្សេងៗ ផ្លូវជាតិ​លេខ៤១ ក៏​នឹងត្រូវ​ធ្វើការ​អភិវឌ្ឍន៍​ពង្រីក​ជា៤គន្លង ដែល​អនុគ្រោះ​និង​ផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​ដឹក​វិស័យ​ដឹកជញ្ជូន​ខ្នាត​ធំ សម្រាប់​នាំចេញ​ផលិតផល​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មាន​ប្រសា​ស​ថា នៅ​តំបន់​ផ្លូវជាតិ​លេខ៤១ បច្ចុប្បន្ន​បើ​ធ្វើការ​ប្រៀបធៀប​ពី​សក្ដានុពល និង​តម្រូវការ​ប្រើប្រាស់​ដី នៅ​ចាញ់​តំបន់​ផ្លូវជាតិ​លេខ៥១បន្តិច ដោយសារតែ​កំនើន​នៃ​ចំនួន​មនុស្ស​រស់នៅ​មាន​តិច ហើយ​វត្ត​មាននៃ​រោងចក្រ សហគ្រាស ឃ្លាំង ជាពិសេស​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នៅមាន​តិចតួច​នៅឡើយ។

លោក​បន្តទៀតថា “នៅ​តំបន់​ផ្លូវ៤១ ភាគច្រើន​គឺមាន​គម្រោង​ពុះ​ដី​ឡូ​តិ៍ ច្រើនជាង​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅដ្ឋាន ហើយ​វិសាលភាព​នៃ​ផ្ទៃដី​ក៏​នៅ​ទំនេរ​ច្រើន។ លោក​បន្ថែមថា“ជាការ​ពិត​តំបន់​នេះ ត្រូវបាន​កំណត់​ជាទី​តាំង​សម្រាប់​អនុគ្រោះ និង​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​បន្ទាប់ពី​តំបន់​ផ្លូវជាតិ​លេខ៤” ។

លោក​បន្តថា “ខ្ញុំ​គិតថា​អាច​នៅត្រឹម​ឆ្នាំ២០២១ ក្រោយ​បញ្ចប់​វិបត្តិ​នៃ​ជំងឺ Covid-19 គម្រោង​រោងចក្រ សហ​គ្រា ឃ្លាំង ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នឹង​ចាប់ផ្ដើម​លេចចេញ​ជា​រូបរាង​យ៉ាង​ប្រាកដ” ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ធ្លាប់បាន​ប្រាប់​ដឹងថា នៅ​ឆ្នាំនេះ​ឬ​ឆ្នាំក្រោយ ក្រសួង​គ្រោង​បើក​ការ​រដ្ឋា​ន​ស្ថាបនា​លើកកម្ពស់​ផ្លូវជាតិ​លេខ៤១ ត​ភ្ជាប់​ពី​ផ្លូវជាតិ លេខ៤  ទៅកាន់​ផ្លូវជាតិ​លេខ៣ ដោយ​ការចរចា​បានបញ្ចប់​សព្វគ្រប់​អស់ហើយ ហើយ​ក្រសួង​ក៏បាន​ចរចា​ប្រាក់កម្ចី​រួចរាល់​ហើយ​ដែរ នៅតែ​ការចុះហត្ថលេខា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​យកប្រាក់​នោះមក​ស្ថាបនា​តែប៉ុណ្ណោះ ដោយ​ការស្ថាបនា​ផ្លូវ​នេះ​គឺ​ចាក់​ជា​ប្រភេទ AC ៕

ចំណេះដឹង! ដូចម្ដេច​ដែល​ហៅថា​ជម្ងឺ​វិជ្ជាជីវៈ?

ដោយ​វុត្ថា

ភ្នំពេញៈ ជម្ងឺ​វិជ្ជាជីវៈ ជា​ជម្ងឺ​ដែល​បណ្ដាលមកពី​វិជ្ជាជីវៈ ក៏ត្រូវ​ចាត់ទុកជា​ហានិភ័យ​ការងារ​ដែរ។

រដ្ឋមន្ដ្រីក្រសួង ដែល​ទទួលបន្ទុក​វិស័យ​របប​សន្ដិសុខ​សង្គម និង​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ត្រូវ​ចេញប្រកាស​រួម​ស្ដីពី ការកំណត់​បញ្ជី​ជម្ងឺ​វិជ្ជាជីវៈ ដោយមាន​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជីរ នៃ​មុខរបរ​ប្រើ​កម្លាំងកាយ មុខរបរ​ដែល​ប៉ះពាល់​ដោយ​ជាតិពុល និង​មុខរបរ​ដែល​ត្រូវអនុវត្ត​នៅក្នុង​លក្ខខណ្ឌ ឬ​តំបន់​មាន​លក្ខណៈ​មិន​ប្រក្រតី ដែល​នាំ​ឲ្យ​អ្នកធ្វើ​ការកើត​ជម្ងឺផ្សេង។

បន្ទាប់ពី​ការផ្ដល់​យោបល់​ពី​ក្រុមប្រឹក្សាបច្ចេកទេស។ បញ្ជី​នេះ​ត្រូវ​សើរើ​ពិនិត្យឡើងវិញ​ជា​កាលិក ដើម្បី​កែលម្អ​បច្ចេកទេស​ឲ្យ​បាន​ជឿនលឿន និង​ជំរុញ​ការយល់ដឹង​ខាង​វេជ្ជសាស្ដ្រ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់​វិជ្ជាជីវៈ។

ជម្ងឺ​ដែល​គេ​ប្រកាសថា ជា​ហានិភ័យ​ការងារ​ក្រោយពី​បរិច្ឆេទ ដែល​កម្មករ និយោជិត​បានធ្វើការ​ងា​រហើយ​នោះ ក៏​អាច​បើក​សិទ្ធិ​ឲ្យ​ជនរងគ្រោះ ទទួល​តាវកាលិក​សម្រាប់​ហានិភ័យ​ការងារ​បានដែរ បើ​ការប្រកាស​នេះ ស្ថិតក្នុង​អំឡុង​ពេលដែល​មាន​បញ្ជាក់​ក្នុង​បញ្ជី​នៃ​ជម្ងឺ​វិជ្ជាជីវៈ៕

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ពីមូលហេតុផ្អាកទទួលយកក្រដាសប្រាក់ ១-២-៥ ដុល្លារ ពីបណ្តាគ្រឹះស្ថានហិរញ្ញាវត្ថុ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ជាមួយតំណាងធនាគារពាណិជ្ជ ធនាគារឯកទេស រួមជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការផ្អាកទទួលយកក្រដាសប្រាក់ដុល្លារ ១-២-៥ ដុល្លារ ជាលទ្ធផលត្រូវបានសម្រេចដូចខាងក្រោមនេះ។

ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។

ការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ ដោយអង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួន។

* ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា

* បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ

* ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ការពិភាក្សាក្នុងកិច្ចប្រជុំខាងលើ មានការចូលរួមមតិពីតំណាងក្នុងវិស័យលក់រាយមួយចំនួនផងដែរ។ ធនាគារជាតិនៃកម្ពុជាក៏សូមបញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ៕

អគ្គនាយកដ្ឋានពន្ធដារ ៖ ការបង់ពន្ធអចលនទ្រព្យឆ្នាំ២០២០ នឹងត្រូវបញ្ចប់ត្រឹមចុងខែកញ្ញាខាងមុខនេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ការប្រកាសបង់ពន្ធទៅលើអចលនទ្រព្យគ្រប់ប្រភេទ ក៏ដូចជាដីធ្លីនានាស្ថិតនៅក្នុងរាជធានី ក្រុង និងតាមបណ្តាខេត្តផ្សេងៗ នឹងត្រូវបញ្ចប់ឈប់ទទួលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខននេះ ។ នេះបើការសេចក្ដីជូនដំណឹងដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។

តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ដីពីការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ បានបញ្ជាក់ថាឱសានវាទនៃការប្រកាសបង់ពន្ធខាងលើនេះនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានចូលប្រកាសបង់ពន្ធ និងបំពេញកាតព្វកិច្ចនៅឡើយនោះទេ។ អាស្រ័យហេតុនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០ ឱ្យបានអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជៀសវាងនូវការកកស្ទះប្រជ្រៀតគ្នាចូលប្រកាសពន្ធនៅថ្ងៃជិតផុតកំណត់ ឬនាំឱ្យកើតមានបាតុភាពអសកម្មដោយប្រការណាមួយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់ចូលប្រកាសបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ជៀសវាងទទួលរងនូវទោសទណ្ឌជាធរមាន៕

ការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កំពុងតែមានវឌ្ឍនភាពទៅមុខដោយរលូន

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តកណ្តាលលោកគង់ សោភ័ណបានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេលនេះ ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ និងសកម្មទៅមុខឥតឈប់ឈរ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា រហូតបច្ចុប្បន្ននេះសម្រេចបាន៣៧ភាគយ។

លោកអភិបាលខេត្តកណ្តាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និង ទិសដៅបន្តរបស់ខេត្តកណ្តាលនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងា ផ្លូវក្រវ៉ាត់ក្រុងទី៣ បាននឹងកំពុងសាងសងផ្លូវ និងទស្ពានយ៉ាងសកម្ម និងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ និងបានដោះស្រាយផលប៉ះពាល់ នៅក្នុងមូលដ្ឋានខេត្តកណ្តាលបានប្រមាណ៧០ភាគរយ។

លោកបន្តថា “ការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងរបស់រដ្ឋាភិបាលនេះ ជាការចូលរួមចំណែ​កអភិវឌ្ឍប្រទេសយ៉ាងសខាន់ និងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍”។ លោ​កបន្តថា “មិនត្រឹមតែប៉ុណ្ណោះផ្លូវដ៏មានសារៈសំខាន់មួយនេះ បានឆ្លុះបញ្ចាំងនូវសោភណភាព  និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិសម្រាប់ខេត្តកណ្តាផងដែរ”។

លោកអភិបាលខេត្តថ្លែងបន្តថា សម្រាប់មូលដ្ឋានខេត្តកណ្តាល យើងធ្វើបណ្តើរ និងបានដោះស្រាយផលប៉ះពាល់បណ្តើរៗ ដែលរហូតមកដល់ពេលនេះ យើងដោះស្រា​យបានប្រមាណ៧០ភាគរយ។ មូលហេតុដែលដោះស្រាយបានលឿនបែបនេះ ដោយ​សារ តែប្រជាពលរដ្ឋបានយល់ដឹងពីគម្រោងនេះ មានសារៈសំខាន់ និងជាគម្រោងដ៏ធំរបស់ខេត្ត។

លោកបន្ថែមថា “ប្រជាលរដ្ឋដែលទទួលរងផលប៉ះពាល់ ពីគម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣  មានប្រមាណ៧៦០គ្រួសារ  យើងដោះស្រាយបានប្រមាណជិត៤០០ គ្រួសារ ដែលស្មើនឹងប្រមាណ៣៤៩ ក្បាលដី ហើយផលប៉ះពាល់ដែលនៅសល់ប្រមាណ៣០ភាគរយនេះ យើងនឹងដោះស្រាយជាបន្តបន្ទាប់ទៀតឱ្យទទួលបានជោគជ័យ”។

គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣នេះមានប្រវែង៥៣គ.ម ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញប្រវែង១៥គ.ម និងខេត្តកណ្តាលប្រវែង ៣៨គ.ម និងសាងសង់ស្ពានចំនួន៤កន្លែង។  គម្រោងនេះ មានតម្លៃចំនួន២៥៩លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩  ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៨លានដុល្លារ មកកម្ពុជាដើម្បីទប់ស្កាត់ជំងឺ Covid-19

ដោយ ហ្សូលី

ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រទេសជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ប្រមាណ ១៨លានដុល្លារ ដើម្បីចូលរួមការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ Covid-19។

ហិរញ្ញប្បទានឥតសំណងស្មើទឹកប្រាក់ប្រមាណ ២ ០០០ លានយ៉េនជប៉ុន ឬ ១៨ លានដុល្លារ អាមេរិក ជូន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺCovid-19 នៅកម្ពុជា។ នេះបើតាមឱ្យដឹងក្នុងឱកាសដែល ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ជំនួយ បច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទាន សម្បទានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជារហូតមក។ ជាពិសេស ស្ថិតក្នុងពេលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារការរាលដាលនៃជំងឺCovid-19នេះ។

ឯកឧត្តមឯកអគ្គរាជទូត លោក Masahiro MIKAMI ក៏បានជម្រាបអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

ជាក់ ស្តែងក្នុងពេលដ៏ឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ត ផ្តល់ នូវ ហិរញ្ញប្បទានឥតសំណង សម្រាប់ គម្រោង ចំនួន ពីរ មាន ទឹកប្រាក់ សរុប ប្រមាណ ២៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣ លាន ដុល្លារ អាមេរិក សម្រាប់គាំទ្រ ដល់ វិស័យ អប់រំ និងសុខាភិបាលកម្ពុជាផងដែរ ។

ក្រៅពីហិរញ្ញប្បទានទប់ស្កាត់ជំងឺ Covid-19នេះ ក៏មានវិស័យច្រើនទៀតដែលរដ្ឋាភិបាលជួយដល់កម្ពុជាដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្តផ្គត់ផ្គង់ស្អាត និងអភិវឌ្ឍសេដ្ឋកិច្ច ជាដើម៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគតម្លៃ២៥២លានដុល្លារជាមួយគំរោងចំនួន ៥

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រោយភាពស្ងប់ស្ងាត់នៃការរាតត្បាតជំងឺឆ្លង Covid-19 រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគលើគម្រោងចំនួន៥ផ្សេងគ្នា ដែលមានទុនសរុបជិត២៥២លានដុល្លារ ស្ថិតនៅតាមបណ្តាខេត្ត / ក្រុងចំនួន៥ផ្សេងគ្នា។


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៥ លើវិស័យឧស្សាហកម្មរោងចក្រ សហគ្រាស រោងចក្រផលិតសូឡា និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលក្នុងនោះមានឈ្មោះដូចខាងក្រោម

ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០០កន្លែង។


ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTDគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៣៣កន្លែង។


ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTDគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន .២១៦កន្លែង។


ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥០កន្លែង។


ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១កន្លែង។


ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិនGuangzhou R&F កំពុងជាប់ផុងក្នុងអន្ទាក់បំណុល

ដោយ ប៊ី

ភ្នំពេញៈ ភ្នាក់ងារវាយស្រាវជ្រាវសេដ្ឋកិច្ចរបស់អាមេរិក Moody’s Investors Service កាលពីពេលថ្មីៗនេះ បានដាក់ចំណាត់ថ្នាក់ក្រុមហ៊ុន Guangzhou R&F Properties Co. , Ltd និងក្រុមហ៊ុន R&F Properties (HK) Company Limited (R&F HK) ជាក្រុមហ៊ុនស្ថិតក្នុងបំណុល ដោយមានការវាយតម្លៃថា អាជីវកម្មក្រុមហ៊ុនទាំងពីរមានការធ្លាក់ចុះ។

ទស្សនវិស័យលើក្រុមហ៊ុនទាំងពីរលែងមានស្ថេរភាព។ នេះបើយោងតាមការភ្នាក់ងារ Moodys ក្រុមហ៊ុន R&F HK គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយក្រុមហ៊ុន Guangzhou R&F

តារាងចំណាត់ថ្នាក់/ កត្តាដែលអាចនាំទៅដល់ការធ្វើឱ្យមានកំណើន ឬធ្លាក់ចុះនៃការវាយតម្លៃ។

លោក Josephine Ho អនុប្រធាន និងជាអ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Moodysមានប្រសាសន៍ថា ការពិនិត្យឡើងវិញសម្រាប់ការធ្លាក់ចុះ របស់ក្រុមហ៊ុន Guangzhou R&F បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់យើង ចំពោះការបង្កើនបំណុលខ្ពស់ និងហានិភ័យនៃសាច់ប្រាក់ងាយនឹងកើនឡើង

ក្រុមហ៊ុន Guangzhou R&F ជាប់បំណុលសរុបចំនួន៦២ពាន់លានយន់ ក្នុងរយៈពេល១២ខែបន្ទាប់ រួមមាន ទាំងមូលបត្របំណុល ដែលមានទំហំទឹកប្រាក់ចំនួន២១ ពាន់លានយន់ និងប្រាក់កម្ចីធនាគារមានចំនួន២៨ពាន់លានយន់ និងប្រាក់កម្ចី១៣ពាន់លានយន់ផ្សេងទៀត។

លើសពីនេះក្រុមហ៊ុន បានប្រកាសទូទាត់ភាគលាភគឺ១.២៨យន់ ក្នុងមួយហ៊ុនឬ . ពាន់លានយន់ ដែលនឹងត្រូវទូទាត់នៅត្រីមាសទី២ ឆ្នាំ ២០២០។

ការកាន់កាប់សាច់ប្រាក់របស់ក្រុមហ៊ុន មានចំនួន៣៨ពាន់លានយន់ នៅចុងឆ្នាំ ២០១៩ រួមជាមួយប្រាក់ចំណេញពីការលក់ បន្ទាប់ពីបានដកលំហូរសាច់ប្រាក់ប្រតិបត្តិមូលដ្ឋាន មិនគ្រប់គ្រាន់សម្រាប់ទូទាត់ការចំណាយទាំងនេះទេ ហើយក្រុមហ៊ុននឹងចាំបាច់ត្រូវបង្កើនបំណុលថ្មីដើម្បីសងបំណុលចាស់របស់ខ្លួន។

ក្រុមហ៊ុន Moody’s រំពឹងថា បំណុលរបស់ក្រុមហ៊ុន Guangzhou R&F ត្រូវបានវាស់វែងដោយប្រាក់ចំណូល/ បំណុលដែលបានកែតម្រូវ នឹងនៅតែខ្សោយដល់៤៤ភាគរយ/៤៦ភាគរយ នៅរយៈពេល១២១៨ ខែបន្ទាប់ បើធៀបនឹង៤៤ភាគរយ នៅចុងឆ្នាំ ២០១៩។ អត្រានេះគឺខ្សោយ និងត្រូវកាត់បន្ថយភាពបត់បែន ផ្នែកហិរញ្ញវត្ថុ បើប្រៀបធៀបជាមួយគូរប្រជែងរបស់ខ្លួន៕

តើអ្នកណានៅពីក្រោយការអភិវឌ្ឍន៍ទីក្រុង “ឌូបៃ” ឱ្យក្លាយជាទីក្រុងលេខ ១ លើពិភពលោក?

ដោយ ប៊ី

ភ្នំពេញ៖ មុនឆ្នាំ១៩៩០ ទីក្រុងឌូបៃ គ្រាន់តែជាវាលខ្សាច់មួយបុណ្ណោះ ប៉ុន្តែអ្នកគ្រប់គ្រងទីក្រុងឌូបៃដ៏មានឥទ្ធិពល បានផ្លាស់ប្តូរមុខមាត់ទីក្រុងធ្លាប់ស្ងប់ស្ងាត់នេះ ទៅជាទីក្រុងមួយដ៏ស្រស់ស្អាត។

លោកSheikh  Mohammed bin Rashid ជាអ្នកគ្រប់គ្រងទីក្រុងឌូបៃដ៏មានឥទ្ធិពល។ លោកបានកែប្រែទីក្រុងឌូបៃ ឱ្យកា្លយជាទីក្រុងមួយបំផុតមួយនៅលើពិភពលោក។

មានសំនួរលើកឡើងថា តើលោកកំពុងព្យាយាមធ្វើអ្វីនៅទីនេះ ហើយតើលោកចង់ឱ្យកន្លែងនេះក្លាយជាអ្វី? លោក Sheikh  Mohammed bin Rashid បានឆ្លើយថា ខ្ញុំចង់ទីក្រុងនេះ ក្លាយជាទីក្រុងលេខ១ មិនត្រឹមនៅក្នុងតំបន់ប៉ុណ្ណោះទេ តែនៅលើពិភពលោកផងដែរ

តើមានន័យដូចម្តេច សម្រាប់លេខ១លើពិភពលោក? លោកបានបន្តថា លេខ១គ្រប់យ៉ាងលើការអប់រំ សុខាភិបាល និងលំនៅដ្ឋាន ដែលធ្វើឱ្យប្រជាជនរបស់ខ្ញុំទទួលបាននូវការរស់ថ្លៃថ្នូរ

ទីក្រុងឌូបៃ បានក្លាយជាទីក្រុងមួយដ៏ល្បីឈ្មោះ ដែលប្រជាជនជាច្រើនលើពិភពលោកគិតថា ទីក្រុងមួយនេះជាប្រទេសមួយ ប៉ុន្តែវាមិនមែនប្រទេសទេ។ វាគ្រាន់តែជាទីក្រុងមួយនៃប្រទេសអារ៉ាប់រួម។

ទីក្រុងមួយនេះ គឺជាវាលខ្សាច់កាលពីប៉ុន្មានឆ្នាំមុន។ មនុស្សគ្រប់គ្នាស្គាល់ហើយអគារ Burj Khalifa ប៉ុន្តែអ្នកគ្រប់គ្រងទីក្រុងឌូបៃមានអារម្មណ៍ថា ធុញនឹងអគារមួយនេះ ដូច្នេះលោកបានសាងសង់អគារDubai Creek Tower ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១ ហើយនឹងមានកម្ពស់រហូតដល់១៣០០ ម៉ែត្រ។ អគារ Burj Khalifa មានកម្ពស់ត្រឹមតែ៨៣០ម៉ែត្រ បើធៀបនឹងអគារ Dubai Creek Tower

ទីក្រុងឌីបៃ គឺជាកន្លែងដែលមានការដ្ឋានសំណង់ធំជាងបំផុត នៅលើពិភពលោក ហើយមានភាពរីកចម្រើនខ្លាំងជាងបំផុតនៅលើពិភពលោក។

មុនឆ្នាំ១៩៦០ ទីក្រុងឌូបៃ មិនមានអ្វីទាំងអស់ តែបន្ទាប់មករ៉ែប្រេងត្រូវបានរកឃើញនៅទីក្រុងឌូបៃ ហើយវាសនាទីក្រុងនេះផ្លាស់ប្តូរ។ ប៉ុន្តែបច្ចុប្បន្នទីក្រុងឌូបៃមិនពឹងផ្អែកលើលុយប្រេងទៀតទេ។ ជាក់ស្តែង ចំណូលពីប្រេងរបស់ទីក្រុងឌូបៃ គឺមានត្រឹម៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយទីក្រុងនេះ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលើពិភពលោក។

ប្រជាជន១៥ ភាគរយគឺជាជនជាតិអារ៉ាប់ ហើយ៨៥ភាគរយនៃប្រជាជនគឺជាបរទេសកំពុងធ្វើការនៅក្នុងទីក្រុងមួយនេះ។ ជាង៦៥ភាគរយនៃចំនួនប្រជាជននៅទីក្រុងនេះគឺជាជនជាតិឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដែស។

នៅឆ្នាំ១៩៩១ ទីក្រុងឌូបៃមានអគារកម្ពស់ខ្ពស់មួយប៉ុណ្ណោះ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក តែបច្ចុប្បន្ន មានអគារកប់ពពកចំនួន១៤៨ អគារ ហើយអគារកម្ពស់ខ្ពស់បានកើនដល់ចំនួន៩១៧ អគារនៅក្នុងទីក្រុងឌូបៃ៕ 

ប៉ូលីសទីក្រុងឌូបៃ ប្រើប្រាស់រថយន្តសេរីទំនើបំផុត ដូចជា Aston Martin, Audi, Bentley ហើយរថយន្តទំនើបៗជាច្រើនទៀត។ អ្នកដឹកនាំដ៏មានទេពកោលសល្យ និងឥទ្ឋិពលនេះ មិនចង់ឲ្យទីក្រុងឌូបៃជាទីក្រុងលេខ២នៅលើពិភពលោកនោះទេ។

ផ្សារទំនើបDubai Mall ជាផ្សារទំនើបធំជាងបំផុតនៅលើពិភពលោក ដែលមានហាងចំនួន១២០០ ហាង។ ទីក្រុងឌូបៃមានកោះ Palm Island ដែលជាកោះធំបំផុតលើពិភពលោក និងជាកោះដែលកសាងដោយមនុស្ស។សណ្ឋាគារលំដាប់ផ្កាយ៧តែមួយគត់ Burj Al Arab គឺមានវត្តមាននៅក្នុងទីក្រុងឌូបៃ។

អ្នកគ្រប់គ្រងទីក្រុងឌូបៃ ចង់បានកន្លែងកម្សាន្តDisneyland ធំជាងDisneylandនៅអាមេរិក ប៉ុន្តែក្រុមហ៊ុនDisneyland បានបដិសេធសំណើររបស់ទីក្រុងឌូបៃ។ ដូច្នេះ លោកបានសាងសង់សាងសង់កន្លែងកម្សាន្តDubai land ដែលទំហំធំជាងDisneyland .៥ដង។ ភ្ញៀវទេសចរជាង ២០០,០០០ នាក់មកទស្សនាទៅទីនេះ។

ទស្សនវិស័យរបស់អ្នកគ្រប់គ្រងដ៏មានឥទ្ធិពលរូបនេះ បានប្រែក្លាយទីក្រុងឌូបៃដូចសព្វថ្ងៃ ដែលកាលពីមុនគឺគ្រាន់តែជាតំបន់វាលខ្សាច់ប៉ុណ្ណោះ។ ពាក្យដ៏មានន័យរបស់លោក Sheikh  Mohammed bin Rashid ខ្ញុំចង់ឃើញ ប្រជាជនរបស់ខ្ញុំ រស់នៅជាមួយជីវិតដ៏ល្អប្រសើរ