ទីក្រុង​ថ្មី​មួយ​វិនិយោគ​ដោយ​ TUDG​ កំពុង​ពង្រីក​សក្តា​នុ​ពល​ខេត្តកោះកុង​

0

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ៖​ ក្រុមហ៊ុន​ Tianjin​ Union​ Development​ Group​ ជា​ក្រុមហ៊ុន​យក្ស​មួយ​របស់​ប្រទេស​ចិន​ បាន​និង​កំពុង​ដំណើរការ​សាងសង់​ទីក្រុង​មួយ​ នៅក្នុង​ខេត្តកោះកុង​ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ បាន​និង​កំពុង​សាង​សង់​ព្រលា​ន​យន្តហោះ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាច្រើន​ទៀត​។

តាម​ប្រភព​ព៌​តមាន​ពី​ប្រភព​គួរឲ្យ​ទុកចិត្ត​មួយ​បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​ខាងលើ​នេះ​បាន​ និង​កំពុង​ប្រែក្លាយ​ទឹកដី​មួយ​ផ្នែក​នៃ​ក្រុម​បុទុមសាគរ​ និង​ស្រុក​ថ្មបាំង​ ខេត្តកោះកុង​ ជាទី​ក្រុង​ទំនើប​ខ្នាត​អន្តរជាតិ​មួយ​ ដោយ​រួមមាន​កំពង់ផែ​ទឹកជ្រៅ​ ព្រលា​នយន្តហោះ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​នឹង​សាងសង់​នៅ​លើ​ផ្ទៃសមុទ្រ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាច្រើន​ទៀត​ ដោយ​ដាក់ឈ្មោះ​ទីក្រុង​នេះ​ថា​ តារា​សាគរ​។

បច្ចុប្បន្ន​ក្រុមហ៊ុន ​Tianjin​ Union​ Development​ Group ​បាន​បញ្ចប់​ការសាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​មួយចំនួន​ហើយ​ ដូចជា​ សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ទីលាន​វា​យកូនហ្គោល​ លំនៅ​ដ្ឋាន​ប្រណីត​ នៅ​ប្រជុំកោះ​ស្តេច​ និង​ព្រលា​នយន្តហោះ​ខ្នាត​អន្តរជាតិ​របស់​ខ្លួន​នឹង​ចាប់​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

តាម​គំរោង​ក្រុមហ៊ុន​នេះ​ គ្រោង​ចំណាយ​ថវិកា ៤០០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​វិនិយោគ​លើ​ទីក្រុង​ និង​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ ខ្នាត​អន្តរជាតិ​នៅ​លើទឹក​ដី​ដ៏​ស្រស់​ស្អាត​នេះ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សិរី​វុត្ថា​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​កន្លងមក​ថា​ ការ​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​អន្តរជាតិ​របស់​ក្រុមហ៊ុន​នេះ​ បាន​ជិត​បញ្ចប់​ហើយ​ និង​គ្រោង​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ ប៉ុន្តែ​ព៌​តមាន​លំអិត​បែប​ណា​ លោក​មិន​ទទួល​បាន​ពី​គំរោង​នេះ​នៅឡើយ​ទេ​។

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​មានប្រសាសន៍​ថា​ ខេត្តកោះកុង​មាន​សក្តា​នុ​ពល​មិនចាញ់​បណ្តា​ខេ​ត្ត​ជាប់់​តំបន់ឆ្នេរ​នានា​ឡើយ​ ដោយសារ​គំរោង​អភិវឌ្ឍ​ន៍​ថ្មី​ៗជាច្រើន​និង​កំពុង​ចាប់ផ្តើម​នៅ​ខេត្ត​នេះ​ ពិសេស​ខេត្ត​នេះ​នឹង​មា​នព្រ​លាន​យន្តហោះ​ចំនួន​ពីរ​ បើសិនជា​គ្មាន​ការប្រែប្រួល​ទេ​នោះ​។ ព្រលា​នយន្តហោះ​ទាំងនោះ​មាន​ដូចជា​ ព្រលា​នតារា​សាគរ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ TUDG​ និង​ព្រលា​នយន្តហោះ​មួយទៀត​គ្រោង​នឹង​វិនិយោគ​ដោយ​លោក​ឧកញ៉ា​លី​ យ៉ុង​ផាត់​សហការ​ជាមួយ​ក្រុមហ៊ុន ​Bangkok​ Airway​។

លោក​បន្ត​ថា​ “ជាមួយនឹង​ភាព​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​ ខេត្តកោះកុង​បាន​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ជាច្រើន​ ដោយសារ​តម្លៃ​ដី​មាន​ភាពសមរម្យ​ និង​សណ្ឋានដី​ល្អ​ប្រសើរ​”។ លោក​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ GPI​ កំពុង​ចូល​ទៅ​វិនិយោគ​រមណីយដ្ឋាន​លំ​ហែរ​កាយ​ នៅ​តំបន់​ត្រពាំងរូង​ផង​ដែរ​ ដែល​តំបន់​នេះ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ជាមួយនឹង​ដងព្រែក​ និង​ព្រៃ​ព្រឹ​ក្សាព័ទ្ឋ​ជុំវិញ​”។

លោ​កហូ​ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា​ ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​នៅ​ខេត្តកោះកុង​ វា​ជា​ជម្រើស​ថ្មី​មួយទៀត​សំរាប់​វិស័យ​អាកាសចរណ៍​ និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ អាច​ភ្ជាប់​ជើង​ហោះហើរ​​ទៅ​កាន់​ព្រលា​ននេះ​ និង​អាច​តភ្ជាប់​ការហោះហើរ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផង​ដែរ​។

លោក​បន្ត​ថា​ “ការអភិវឌ្ឍន៍​ និង​ការ​មាន​ជម្រើស​ច្រើន​ នឹង​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​ ហើយ​យើង​រំពឹង​ថា​ក្រុមហ៊ុន​នេះ​ នឹង​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ មក​កាន់​ព្រលា​នយន្តហោះ​របស់​ខ្លួន​នា​ពេល​ខាងមុខ​”៕

ទីរួមខេត្ត​ត្បូងឃ្មុំ​បន្ត​ភាព​ស្ងប់ស្ងាត់​ ខណៈ​តង់​ស៊ី​តេ​ប្រជាជន​នៅ​មានកម្រិត​

0

ដោយ​ដែន​ ចែងចាំង​

ភ្នំ​ពេញៈ​ ទីរួមខេត្ត​ត្បូងឃ្មុំ​ថ្មី​ ដែល​បាន​រៀប​ចំ​ឌី​សាញ​ឡើង​ប្រកបដោយ​ស្តង់​ដា​អន្តរជាតិ​ លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​លើ​និង​ក្រោម​ដី​ ហាក់​នៅតែ​មាន​ភាព​ស្ងប់ស្ងាត់​ ដោយសារ​តង់​ស៊ី​តេ​របស់​ប្រជាពលរដ្ឋ​ ចូល​ទៅ​រស់នៅ​ទីក្រុង​នេះ​នៅ​មានកម្រិត​។

ក្រៅពី​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​របស់​ក្រុមហ៊ុន​មួយចំនួន​ ស្ថិតនៅ​ជុំវិញ​ទីក្រុង​នេះ​ និង​ក្រុមហ៊ុន​ចំនួន​ពីរ​ ដែល​បាន​លើកស្លា​កអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ក៏​មិនឃើញ​មាន​សកម្មភាព​សាងសង់​ណាមួយ​កើតមាន​នៅឡើយ​។

កាលពីដើម​ឆ្នាំនេះ​ លោក​ឧកញ៉ា​លី​ ហួរ​អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​បាន​អះអាង​ថា​ លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​បុរី​ និង​ផ្សារ​នៅក្នុង​ទីក្រុង​ថ្មីនេះ​ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ ដើម្បី​សិក្សា​ពីទី​ផ្សារ​ និង​ស្ថានភាព​ភូមិ​សាស្រ្ត​លើ​ទីក្រុង​ថ្មីនេះ​ថា​មាន​ភាព​ អំណោយផល​ និង​ទាក់ទាញ​ការ​ចូល​ទៅ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឬយ៉ាងណា​។

លោក​បន្ត​ថា​ “ខ្ញុំ​គ្រោង​នឹង​អភិវឌ្ឍន៍​នៅ​ទីក្រុង​ថ្មីនេះ​ ដោយសារ​យើង​មាន​ដី​សំរាប់​ គំរោង​រួចហើយ​ តែ​អ្វី​ៗទំនងជា​ត្រូវការ​ពេលវេលា​”។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​យ៉ាង​ល្អ​ប្រសើរ​ ទីក្រុង​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ​ថ្មី​ ស័ក្តិសម​សំរាប់​ការសាងសង់​ផ្ទះ​លំ​ហែរ​កាយ​ ដោយសារ​ទីក្រុង​ថ្មីនេះ​ស្ថិតនៅ​លើ​ខ្ពង់រាប​ មាន​ព្រៃឈើ​ ពិសេស​ដើម​ម៉ៃសាក់​ត្រឈឹងត្រឈៃ​ ។ជាមួយគ្នា​នេះ​ទីក្រុង​ថ្មីនេះ​ ស្ថិតនៅ​ចំ​ចំណុចប្រសព្វ​ស្រុក​ និង​ក្រុម​ចំនួន​បី​ គឺ​ស្រុក​ពញ្ញា​ក្រែក​ ក្រុង​សួង​ និង​ស្រុក​តំបែរ​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​ដែល​បាន​ចុះ​សិក្សា​ពី​សក្តា​នុ​ពល​នៃ​ទីក្រុង​ថ្មីនេះ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ជា​រឿង​មួយ​គួរឲ្យ​ចាប់អារម្មណ៍​ ប៉ុន្តែ​តង់​ស៊ី​តេ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ថ្មីនេះ​ពិតជា​មានកម្រិត​ខ្លាំង​ណាស់​ ហេតុនេះ​ការ​វិនិយោគ​សាងសង់​បុរី​ ឬសំណង់​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​ថ្មីនេះ​ ទាមទារ​ការ​បោះទុន​ច្រើន​ និង​ត្រូវការ​ពេលវេលា​យូរ​ ដើម្បី​ប្រមូល​ទុន​ត្រលប់​មកវិញ​ ដែល​នេះ​ជា​អ្វី​ដែល​អ្នក​វិនិយោគ​តែងតែ​ពិចារណា​។

លោក​បន្ត​ថា​ “ឧបសគ្គ​នៃ​ភាព​រីកចម្រើន​របស់​ទីក្រុង​ថ្មីនេះ​ គឺ​ដី​មានតម្លៃ​ថ្លៃ​ ដោយសារ​ដី​នៅក្នុង​ទីក្រុង​នេះ​ ត្រូវ​បាន​ទិញទុក​ដោយ​អ្នកមាន​អំណាច​ និង​ប្រាក់​ច្រើន​ ហើយ​ពួកគេ​ទុក​ដី​យកចំណេញ​ ជាជាង​អភិវឌ្ឍន៍​ជា​គំរោង​អ្វីមួយ​”។ លោក​បន្ត​ថា​ “ការ​ទាក់ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​ក្នុង​ទីក្រុង​នេះ​ ទាមទារ​ឲ្យ​មានការ​ដាក់ចេញ​គោលនយោបាយ​ច្បាស់លាស់​ពី​រដ្ឋាភិបាល​ ក្នុង​ការ​លើកទឹកចិត្ត​វិស័យ​ឯកជន​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ទីក្រុង​ថ្មីនេះ​”។

លោក​បន្ត​ថា​ អ្នក​វិនិយោគ​រោងចក្រ​ សហគ្រាស​ គំរោង​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ គួរ​ទទួល​បានការ​លើកទឹកចិត្ត​ជាពិសេស​ពី​រដ្ឋាភិបាល​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ពិសេស​ជំរុញ​ និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​ទីក្រុង​ថ្មីនេះ​។

លោក​បណ្ឌិត​បេង​ហុង​ សុ​ជាតិ​ខេ​មរ៉ូ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លំនៅ​ដ្ឋាន​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ និង​ជា​ស្ថាបត្យករ​រៀបចំ​គូរ​ប្លង់​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ថ្មីនេះ​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ នា​ពេល​អនាគត​ទីក្រុង​ថ្មីនេះ​នឹង​មាន​ភាព​រីកចម្រើន​ និង​តភ្ជាប់​ជាមួយ​ក្រុង​សួង​ និង​ស្រុក​ពញ្ញា​ក្រែក​ដែល​ស្ថិតនៅ​ក្បែរ​ទីរួមខេត្ត​ថ្មីនេះ​ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា៥ទៅ១០ឆ្នាំ​ ទើប​ការ​រីកចម្រើន​នេះ​នឹងអាច​ឆ្លើយតប​តាម​ចក្ខុវិស័យ​របស់​ប្លង់​គោល​ទីក្រុង​។

លោក​បន្ត​ថា​ “ខេត្ត​ត្បូងឃ្មុំ​អាច​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​កណ្តាល​ នៃ​កសិ​ឧស្សាហកម្ម​ ដោយសារ​បណ្តា​ខេត្ត​ជុំវិញ​នេះ​ សុទ្ឋ​តែ​ជា​ខេត្ត​មាន​លក្ខណៈ​អំណោយផល​ផ្នែក​កសិកម្ម​”។ លោក​បន្ត​ថា​ “នា​ពេល​អនាគត​ខ្សែរថ​ភ្លើង​តភ្ជាប់​អាស៊ាន​ ចិន​ភាគ​ខាងត្បូង​អាច​នឹង​តភ្ជាប់​និង​មាន​ចំណត​ឈប់​សំរាក​នៅ​ទីក្រុង​ថ្មីនេះ​ ដែល​ជំរុញ​ឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីកចម្រើន​លឿន​នា​ពេល​អនាគត​”។

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នៃ​ទីក្រុង​ថ្មីនេះ​ ត្រូវ​បាន​រៀបចំ​យ៉ាង​ពិសេស​ ដោយមាន​ការបែងចែក​គ្នា​ដាច់​រវាង​ប្រព័​ន្ឋ​ទឹក​កខ្វក់​ និង​ទឹកភ្លៀង​មិន​ឲ្យ​មាន​ភាព​ច្របល់​ចូលគ្នា​នោះ​ឡើយ​៕

ខ័ណ្ឌ​ពោធិ​សែន​ជ័យ​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​វិនិយោគ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​ និង​អចលនទ្រព្យ​ដទៃទៀត​ ដោយសារ​ខ័ណ្ឌ​នេះ​មាន​ដី​នៅសល់​ទំនេរ​ច្រើន​ និង​មានតម្លៃ​សមរម្យ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ខ័ណ្ឌ​ពោធិ​សែន​ជ័យ​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​នៅឡើយ​ ធៀប​ជាមួយ​បណ្តា​ខ័ណ្ឌ​នានា​ ដោយសារ​ខ័ណ្ឌ​នេះ​មាន​តង់​ស៊ី​តេ​ប្រជាជន​នៅ​មានកម្រិត​ មាន​ដី​ទំនេរ​ច្រើន​ ពិសេស​តម្លៃ​ដី​នៅ​មាន​ភាពសមរម្យ​ ដែល​អាច​ផ្តល់​ផល​ចំណេញ​ដល់​ការ​វិនិយោគ​។

លោក​បន្ត​ថា​ “ការដែល​ដី​នៅ​មានតម្លៃ​ទាប​ អ្នក​វិនិយោគ​អាច​ស្វែងរក​ផល​ចំណេញ​បាន​ច្រើន​ ពិសេស​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​មាន​ភាព​អំណោយផល​ សំរាប់​ការសាងសង់​បុរី​លំនៅ​ដ្ឋាន​នានា​”។លោក​បន្ត​ថា​“ការ​រីកចម្រើន​នៃ​ក្រុងភ្នំពេញ​ និង​តម្លៃ​ដី​នៅ​កម្ពុជា​នៅ​មានកម្រិត​ទាប​ ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ដែល​វា​ហុច​ផល​ដ៏​ប្រសើរ​ក្នុង​ការ​វិនិយោគ​ ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​នានា​”។

រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ មាន​ប្រជាជន​រស់នៅ​អចិន្រ្តៃ​ប្រមាណ២លាន​នាក់​ និង​មានផ្ទៃ​ក្រឡា៥៦៧គីឡូម៉ែត្រ​ការ៉េ​។

ជាមួយគ្នា​នេះ​លោ​កយិន​ លាង​គង់​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ល្អ​ប្រសើរ​ បាន​ធ្វើឲ្យ​បណ្តា​ខ័ណ្ឌ​នានា​ ពិសេស​ស្រុក​មួយចំនួន​នៃ​ខេត្តកណ្តាល​ ដែ​លព័ទ្ឋ​ជាប់​រាជធានី​ភ្នំពេញ​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ លើ​វិស័យ​អចលនទ្រព្យ​ ពិសេស​ផ្នែក​លំនៅ​ដ្ឋាន​។

លោក​បន្ត​ថា​ ដោយឡែក​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ ពិតជា​មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ដោយសារ​កត្តា​សំ​ខាន់​ៗមួយចំនួន​ ទី១​ កំនើ​នប្រ​ជា​សាស្រ្ត​នៅក្នុង​ទីក្រុង​បន្ត​កើនឡើង​ជាប្រចាំ​ ដែល​ធ្វើឲ្យ​តម្រូវការ​ដីធ្លី​ និង​លំនៅ​ដ្ឋាន​បន្ត​កើនឡើង​ ទី២​ ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ កាន់តែ​ប្រសើរ​ឆ្ពោះទៅ​តំបន់​ជាយក្រុង​នានា​ ទី៣​ ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​ ពិ​សេ​សកំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ​ ដែល​ជំរុញ​ឲ្យ​កំលាំង​ទិញ​មានការ​កើនឡើង​ជា​ស្វ័យប្រវត្តិ​៕

ក្រុមហ៊ុន​ផលិត​កង់​យក្ស​របស់​អាមេរិក​បាន​ស្វែងរក​ទីតាំង​ដំឡើង​រោងចក្រ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រធាន​ក្រុមហ៊ុន​ផលិត​កង់​ធំ​បំផុត​របស់​អាមេរិក​ Kent​ International​ បាន​មក​កម្ពុជា​ ដើម្បី​ស្វែងរក​ទី​តាំង​សម្រា​បង់​ការសាងសង់​រោងចក្រ​ ខណៈ​ក្រុមហ៊ុន​រង​ចាំ​ការវិវត្តន៍​ចុងក្រោយ​នៃ​ចាំ​ការ​ចរ​ចារ​ពាណិជ្ជកម្ម​វាង​អាមេរិក​ និង​ចិន​។

លោក ​Arnold​ Kamler​ ប្រធាន​ក្រុមហ៊ុន​កង់​អាមេរិក​ Kent​ International​ បាន​ប្រាប់​សារព័ត៌មាន​ Fox​ Business​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​កាលពី​ម្សិលមិញ​នេះ​ថា​ ក្រុមហ៊ុន​កំពុង​សម្លឹង​ទីតាំង​ ដើម្បី​រៀបចំ​រោងចក្រ​កង់​នៅ​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​ក៏​រង​ចាំ​ការចរចា​រវាង​អាមេរិក​ និង​ចិន​នា​ពេល​ខាងមុខ​។

លោក​ Arnold​ Kamler​ “យើង​ត្រៀមខ្លួន​រួចជាស្រេច​ ជាមួយនឹង​ការ​វិនិយោគ​នៅ​កម្ពុជា​ ហើយ​នេះ​គឺជា​ដី​នៅ​កម្ពុជា​ដែល​យើង​កំពុង​សម្លឹង​មើល​។ យើង​មើលទៅ​មាន​បឹង​ និង​មាន​ទឹកនាច​ និង​ទឹក​ជោ​ ហើយ​ពួកគេ​ចាក់​បំពេញ​វា​បាន​ជាមួយ​ដី​ និង​ខ្សាច់​ដែល​ជា​រឿង​ធម្មតា​ក្នុង​កម្ពុជា​ ហើយ​វា​ជា​កន្លែង​រោងចក្រ​ដែល​នឹង​ត្រូវ​សាងសង់​”។

លោក​ “ប៉ុន្តែ​យើង​នៅ​មានការ​ស្ទាក់ស្ទើរ​បន្តិច​ដើម្បី​ឱ្យ​ពួកគេ​បន្ត​គម្រោង​ទៅមុខ​ (កម្ពុជា​) ដោយសារ​ការចរចា​លោក​ Trump​ ជាមួយនឹង​ចិន​ទៅរួច​ ឬមិន​រួច​”។

កាលពី​ពេល​ថ្មី​ៗនេះ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បញ្ជា​ឱ្យ​មាន​ការ​ពន្យា​ពេល​នៃ​ការ​តំឡើង​ពន្ធគយ​ទំនិញ​ចិន​ ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់​ការរៀបចំ​ខួប​គម្រប់​ខួប​ក្រុង​ប៉េកាំង​។ ការ​តំឡើង​ពន្ធគយ​នៃ​បណ្តុំ​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០​ ពាន់​លាន​ដុល្លារ​នឹង​ចូលជាធរមាន​ ក្នុងរយៈពេល២សប្តាហ៍​បន្ទាប់ពី​ខួប​នេះ​។

ការលើកលែង​ពន្ធ​នេះ​ នឹង​រួមមាន​ផលិតផល​កង់​ដែរ​។ លោក​ Arnold​ Kamler​ បានឱ្យ​ដឹង​ថា​ ការលើកលែង​ពន្ធ​នេះ​ នឹង​សម្រាល​ដល់​ធ្វើ​ពាណិជ្ជកម្ម​របស់​លោក​យ៉ាង​ខ្លាំង​។

ប្រទេស​កម្ពុជា​ដែល​មានតម្លៃ​កម្លាំង​ពលកម្ម​ទាប​ បាន​និង​កំពុង​បង្កើន​សក្តា​នុ​ពល​របស់​ខ្លួន​ ប្រែក្លាយ​ជា​មូលដ្ឋាន​ផលិតកម្ម​ ជំនួស​មួយ​សម្រាប់​ចិន​សម្រាប់​សម្លៀកបំពាក់​ និង​ផលិតផល​ផ្សេងទៀត​។

ប្រការ​នេះ​នាំ​ឱ្យ​មានការ​កើនឡើង​ការនាំចេញ​ទៅ​អាមេរិក​ ដែល​មាន​ចំនួន​ជាង​ ២,២ពាន់​លាន​ដុល្លារ​គិត​ពី​ខែមករា​ ដល់​មិថុនា​ ដែល​កើន​ជាង ៣០ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនាម​ជា​ប្រទេស​មួយ​ ក្នុងចំណោម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ប្រទេស​កម្ពុជា​មានគុណ​ប្រយោជន៍​ លើ​ពន្ធ​ទាប​នៅពេល​នាំចេញ​ទៅ​អាមេរិក​ និង​ជប៉ុន​។

យោង​តាម​សមាគម​ឧស្សាហកម្ម​ម៉ូដ​អាមេរិក​បាន​ឲ្យដឹង​ថា​ ប្រហែលជា​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ជាស​មា​ជិ​ក កំពុង​ពិចារណា​ពង្រីក​លទ្ធកម្ម​នៅ​កម្ពុជា​ ក្នុងរយៈពេល២ឆ្នាំខាងមុខ​។

លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មានប្រសាសន៍​ថា​ មាន​លំហូរ​ផ្លាស់​ប្តូរ​ផលិតកម្ម​យ៉ាង​ច្បាស់​ ហើយ​អ្នក​ផលិត​នៅ​ទីនោះ​ចង់​ចាប់​យក​តម្រូវការ​នោះ​ ដោយធ្វើ​ឱ្យ​មានការ​រីកចម្រើន​លើ​ការ​វិនិយោគ​ដើមទុន​ និង​ការ​បណ្តុះបណ្តាល​កម្មករ​៕

វិស័យ​អចលនទ្រព្យ​កម្ពុជា​មានការ​រីកចម្រើន​ក្នុង​លំដាប់​ទី៦នៅ​លើ​ពិភពលោក​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ជាមួយនឹង​លំហូរ​ទុន​វិនិយោគ​ចូល​មក​កម្ពុជា​យ៉ាង​គំហុក​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ក្នុង​រូបភាព​វិជ្ជមាន​ និង​ប្រៀប​ដូចជា​កូនក្រមុំ​មួយ​ ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​។

លោកស្រី​ តាំង​ ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន ​AMATAK​ Property​ Service​ Co​, Ltd​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៣​ កញ្ញា​កន្លងមក​ថា​ អ្នក​វិនិយោគ​និង​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ បាន​មើល​មក​វិស័យ​អចល​ចន​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​រីក​ចម្រើន​ខ្លំា​ងក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ស្រី​បានប​ន្ត​ថា​ “សន្ទុះ​នៃ​ការ​រីក​ចំរើន​ឥត​ឈប់​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ ត្រូវ​បាន​គេ​ចាត់​ចំ​ណាច់​ថ្នាក់​លេង​រៀង​ទី៦​ ក្នុងចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ និង​នៅ​លើ​ពិភពលោក​។ លោកស្រី​ទទួល​ព័ត៌មាន​នេះ​ ខណៈ​ដែល​លោកស្រី​ទៅ​ចូលរួម​សិក្ខាសាលា​មួយ​ ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ កាលពី​កន្លងទៅ​មកនេះ​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ថែម​ថា​ អ្នក​ដែល​នៅក្នុង​ស្រុក​ហាក់​មិនបាន​ដឹង​ព័ត៌មាន​ជុំវិញ​ការ​រីកចម្រើន​ ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​នោះ​ទេ​ ហើយ​ក្នុង​នោះ​ភាគច្រើន​ អ្នក​ដែល​រស់នៅ​ខាងក្រៅ​បានប្រៀប​ធៀប​កម្ពុជា​ កាលពី៥ឆ្នាំមុន​ និង​បច្ចុប្បន្ន​នេះ​មាន​ភាព​ខុស​ឆ្ងាយ​ដូច​មេឃ​ និង​ដី​។

លោក​បញ្ជាក់​ទៀត​ថា​ “ការ​រីក​ចម្រើ​នេះ​ ដោយសារ​រដ្ឋាភិបាល​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​រដ្ឋាភិបាល​ចិន​ ដែល​បង្ក​ឱ្យ​មាន​អ្នក​វិ​និ​គិន​ចិន​កាន់តែ​ច្រើន​ចូល​មករ​កស៊ីលើ​វិ​ស័យ​ផ្សេង​ៗ ជាពិសេស​អចលនទ្រព្យ​”។

លោក​ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ជា​ការពិត​ណាស់​ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​មានសន្ទុះ​រីក​ចំរើន​ខ្ពស់​ ដោយមាន​អគារ​ខ្ពស់កប់ពពក​ជាច្រើន​ បើ​ធៀប​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ នៃ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ និង​ពិភពលោក​។

លោក​បន្ត​ថា​ “ការ​រីក​ចំរើន​យ៉ាង​លឿន​នេះ​ ដោយសារ​ប្រទេស​កម្ពុជា​ ដើរ​លើ​ផ្លូវត្រូវ​ ​ដែល​ធ្វើ​ឱ្យ​វិនិយោគិន​បរទេស​ជាច្រើន​ចូល​មករ​កស៊ី​នៅក្នុង​ប្រទេស​ ហើយ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ ដែល​ធំជាង​គេ​គឺ​មក​ពី​វិនិយោគិន​មក​ពី​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ជាដើម​”។

ជាមួយគ្នា​នេះ​ លោក​ច្រឹក​ សុ​ខនី​មបាន​ស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ពង្រឹ​កលើ​គោល​ការ​ចំនួន២​ រួមមាន​ ទី១​ ពង្រឹង​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​រឹង​មុំា​មួយ​កម្រិត​ទៀត​ និង​ទី២​ អ្នក​វិនិយោគ​ រួម​ជាមួយនឹង​អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​នេះ​ ត្រូវ​ចូលរួម​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធំ​ទាំងនោះ​ឱ្យ​បោះទុន​វិនិយោគ​ និង​ដាក់​ការិយាល័យ​ឱ្យ​ធំ​នៅក្នុង​ស្រុក​ឱ្យ​បាន​កាន់​ច្រើន​ នឹង​ធ្វើ​ឱ្យ​ស័យ​មួយ​នេះ​កាន់តែ​រីក​ចំរើន​ទៅមុខ​បន្ថែម​ទៀត​។

ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ មានសន្ទុះ​រីកចម្រើន​ខ្លាំង​ទាំង​នៅក្នុង​ទី​ក្រុង​ភ្នំ​ពេ​ ខេត្ត​ព្រះសីហនុ​ និង​នៅ​តា​មណ្តា​ខេត្ត​នានា​ ហើយ​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីក​ចំរើន​ផង​ដែរ​៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​បើក​កា​រដ្ឋា​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២ទីតាំងនៅ​ចុងឆ្នាំ​នេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា​ ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​ពីរ​ទី​តំា​ងរួម​មាន​ទីតាំង​ទី១​ ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ ខាងកើត​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​ក និង​ទីតាំង​ទី២​ ស្ថិតនៅ​លើ​មហាវិថី​ម៉ៅសេទុង​ ខាងលិច​ផ្សារ​ដើម​គ នឹង​ត្រូវ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ហើយ​ បន្ទាប់ពី​ទទួល​បានការ​គំ​ទ្រ​ពី​ពលរដ្ឋ​យ៉ាងច្រើន​ពី​គម្រោង​ទាំង២នេះ​។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ម៉េ​ត មាស​ភក្តី​បាន​ប្រាប់​គេហទំព័រ​ Propertyarea.asia​ នៅ​ថ្ងៃទី២៤​ ខែកញ្ញា​ឆ្នាំ២០១៩នេះ​ថា​ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ពី​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ កាលពី​កន្លងមក​នេះ​រដ្ឋបាល​រាជ​ភ្នំពេញ​បាន​ទទួល​ការ​គំា​ទ្រ​ និង​មតិយោបល់​ឆ្លើយតប​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ ឱ្យ​មានការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​។

លោក​បន្ត​ថា​ “ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​ទីតាំង​នេះ​ ជា​គម្រោង​ស្អាត​ និង​មា​នភ​ណភាពល្អ​ ព្រមទាំង​លើក​កេរ្តិ៍ឈ្មោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​”។ លោក​បន្ត​ថា​ “ក្រៅពី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​ទីតាំង​នេះ​ ក៏​នឹង​ឆ្លុះបញ្ចាំង​ពី​ភាព​រីក​លូតលាស់​នៃ​ទីក្រុង​ភ្នំពេញ​ក្រោយពី​បញ្ចប់​ និង​ទទួល​បាន​ជោគជ័យ​លើ​ការសាងសង់​ គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​រង្វង់​មូល​នាងគង្ហីង​”។

លោក​ម៉េ​ត មាស​ភ័ក្តី​បាន​បន្ត​ថា​ ក្រោយពី​បញ្ចប់​ដំណើរការ​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​ទីតាំង​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ទី​តាំង​ផ្សេង​ៗទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​សម្រួល​ចរាចរណ៍​របស់​ពលរដ្ឋ​។

លោក​បន្ត​ថា​ “ចំពោះ​ទំហំ​នៃ​ការ​ចំណាយ​ លើ​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​នេះ​ ខ្ញុំ​មិនទាន់​បានដឹង​នៅឡើយ​ទេ​ ព្រោះ​ខ្ញុំ​មិន​មាន​ឯកសារ​នៅក្នុង​ដៃ​ ហើយ​ការសាងសង់​ស្ពាន​ទាំងពីរ​នេះ​ នឹង​ត្រូវ​ចំណាយពេល​មិនដល់​មួយឆ្នាំ​នោះ​ទេ​ ព្រោះ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ និង​សាងសង់​នៅលើគោក​” ។

លោក​ ឃួង​ ស្រេង​ អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​ កាន់តែ​រីកចម្រើន​ ទីក្រុង​កាន់តែ​ស៊ី​វី​ល័យ​! រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​តំបន់​នោះ​ ប្រកបដោយ​សុវត្ថិភាព​៕

វិភាគ​៖ ចិន​នៅតែ​បន្ត​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ទោះបី​កំពុង​ជាប់ផុង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ត្រូវ​បាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន​ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ Mike​ Pence​ បាន​ព្យាយាម​បន្ត​ធ្វើពិធី​ជជែក​ដោយ​និយាយ​ថា​ ទីក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​គោលការណ៍​ពាណិជ្ជកម្ម​សេរី​សាកល​នៅ​ក្នុង​ទំនោរ​បស់​ខ្លួន​ និង​មិន​បើក​ទីផ្សារ​របស់​ខ្លួន​ដល់​ក្រុមហ៊ុន​អាមេរិក​ឡើយ​។

លោក​ Pence​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​វិនិយោគិន​កាលពី​សប្តាហ៍​មុន​ថា​ “ការពិត​នៃ​បញ្ហា​គឺថា​ ចិន​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ នូវ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ទេ​។ តាមពិត​ ពួកគេ​បាន​រំលោភច្បាប់​ពាណិជ្ជកម្ម​ ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​ និង​ទាញ​យក​ផលប្រយោជន៍​ពី​អាមេរិក​ និង​សេដ្ឋកិច្ច​ផ្សេងទៀត​អស់​រយៈពេល​ជាយូរមកហើយ​”។

ប៉ុន្តែ​ការពិត​នៃ​បញ្ហា​គឺថា​ ចិន​បាន​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់អន្តរជាតិ​ នៃ​ពាណិជ្ជកម្ម​ចាប់តាំងពី​ចុង​ទសវត្ស​ឆ្នាំ១៩៧០​ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ ឈាន​ដល់​ចំណុចកំពូល​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិចិន​ (NBS​) ផលិតផល​ក្នុង​ស្រុក​សរុប​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង​រហូតដល់៤៥២​,៦ដង​ បើ​ធៀប​នឹង​ឆ្នាំ១៩៥២​។ នៅ​ឆ្នាំ២០១៨​ សេដ្ឋកិច្ច​ចិន​ បាន​ចូលរួម​ចំណែក​ជិត៣០ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល​។

ការ​ចំណាយ​របស់​ចិន​ក្នុង​ការស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ ក៏​ប្រែក្លាយ​ចិន​ក្លាយជា​អ្នក​វិនិយោគ​ខាង​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ធំជាង​គេ​ទី២​ នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៨​។

អាមេរិក​បាន​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​បើក​ចំហរ​សេដ្ឋកិច្ច​ចិន​ ដល់​ក្រុមហ៊ុន​អាមេរិក​នៅ​ឆ្នាំ១៩៧៨​។ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Richard​ Nixon​ បាន​បង្កើត​ទំនាក់ទំនង​ការទូត​ ដែល​បាន​បើក​ចំហរ​ចិន​ទៅកាន់​ពិភពលោក​ និង​អនុញ្ញាត​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លួន​ ដែល​នៅតែ​បន្ត​មាន​រហូតមកដល់​សព្វថ្ងៃ​។

លោក​ Clayton​ Dube​ ប្រធាន​វិទ្យាស្ថាន​ចិន​ អាមេរិក​នៃ​សាកល​វិទ្យាល័យ​កា​លី​ហ្វ័​រញ៉ា​បាន​និយាយ​ក្នុង​បទសម្ភាសន៍​តាមវិទ្យុ​អាមេរិក​មួយ​ថា​ “ក្នុង​ឆ្នាំ១៩៧៨​ ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​ ហើយ​នោះ​គឺ​មាន​សារៈសំខាន់​ សម្រាប់​លំហូរ​មូលធន​ ជំនាញ​ និង​ការ​បើក​កន្លែង​ទីផ្សារ​អាមេរិក​”។

លោក​បាន​បន្ថែម​ថា​ “លោក​ Richard​ Nixon​ គ្មាន​ការ​បំភ័ន្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​ចិន​ទេ​។ នោះ​មិនមែន​ជា​បេសកកម្ម​របស់​លោក​ទេ​។ មនុស្ស​មួយចំនួន​ជឿ​ថា​ អាមេរិក​ចង់​បង្កើត​ប្រទេស​សេរី​ ប្រជាធិបតេយ្យ​។ ខ្ញុំ​នឹង​ធានា​ចំពោះ​អ្នក​ថា​ នោះ​មិនមែន​ជា​ករណី​ពាក់ព័ន្ធ​នោះ​ទេ​”។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​កើនឡើង​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជាង​មួយឆ្នាំ​។ ប៉ុន្តែ​ថ្មី​ៗនេះ​ភាគី​ទាំងសងខាង​ បាន​បង្ហាញ​កាយវិការ​ផ្សះផ្សា​គ្នា​ ខណៈ​ទីក្រុង​ប៉េកាំង​ ត្រៀម​រៀបចំ​សម្រាប់​ខួប​លើក​ទី៧០​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ចិន​បាន​អនុញ្ញាត​ឱ្យ​ទិញ​សណ្តែកសៀង​អាមេរិក​ ជាង៦០ម៉ឺន​តោន​ឡើងវិញ​ បន្ទាប់ពី​ហាមឃាត់​ការនាំចូល​ផលិតផល​កសិកម្ម​របស់​អាមេរិក​ នៅពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​កាន់តែ​យ៉ាប់យ៉ឺន​កាលពី​ខែមុន​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បញ្ជា​ឱ្យ​មាន​ការ​ពន្យា​ពេល​នៃ​ការ​តំឡើង​ពន្ធគយ​ ដើម្បី​កុំឱ្យ​មានការ​រំខាន​ដល់​ការរៀបចំ​ខួប​គម្រប់​ខួប​ក្រុង​ប៉េកាំង​។ ការ​តំឡើង​ពន្ធគយ​ នៃ​បណ្តុំ​ទំនិញ​ចិន​ ដែល​មានតម្លៃ២៥០ពាន់​លាន​ដុល្លារ​ នឹង​ចូលជាធរមាន​ក្នុងរយៈពេល២សប្តាហ៍​បន្ទាប់ពី​ខួប​នេះ​។

លោក​ Trump​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ “តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​ និង​ដោយសារតែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី៧០​ របស់​ពួកគេ​នៅ​ថ្ងៃទី១​ ខែ​ តុលា​ យើង​បាន​ព្រមព្រៀង​គ្នា​ក្នុង​ឆន្ទៈល្អ​ ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​កើនឡើង​ពន្ធ​ លើ​ទំនិញ ២៥០ពាន់​លាន​ដុល្លារ​ (២៥​% ទៅ​ ៣០​%) គិត​ចាប់ពី​ថ្ងៃទី១​ ដល់​ថ្ងៃទី១៥​ ខែតុលា​”៕

តើ​គួរ​បែងចែក​លំហូរ​សាច់ប្រាក់​ដូចម្តេច​ដើម្បីឲ្យ​គ្រួសារ​អាច​រីក​ចំរើន​ស្របតាម​ការ​វិវត្ត​នៃ​សេដ្ឋកិច្ច​ជាតិ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម៧​ ភាគរយ​ និង​អតិផរណា​ប្រមាណ៣ភាគរយ​។ ដូច្នេះ​គ្រួសារ​និ​មួយ​ៗគប្បី​ចាត់ចែង​ទ្រព្យសម្បត្តិ​ ដែល​ខ្លួន​មាន​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ពោល​គឺ​យក​ទៅ​វិនិយោគ​ ដើម្បី​ឱ្យ​ទទួល​បានផល​ចំណេញ​យ៉ាងតិច​ណាស់​រង្វង់១០ភាគរយ​ក្នុង១ឆ្នាំ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក​ ង៉ែត​ ជូ​ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​កម្ពុជា​។

កិច្ចប្រឹងប្រែង​ក្នុង​ការ​រកចំណូល​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ វា​គឺជា​កាតព្វកិច្ច​ចម្បង​ដែល​ត្រូវតែ​ធ្វើ​ជាប់​ជាប្រចាំ​ ប៉ុន្តែ​ការដែល​ចេះ​យក​ប្រាក់ចំណូល​ និង​ទ្រព្យធន​ដែល​រកម​កបាន​ធ្វើការ​ចាត់ចែង​ បែងចែក​ ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ទិដ្ឋភាព​សង្គម​ និង​សេដ្ឋកិច្ច​ទើប​ជា​រឿង​ដែល​ត្រូវ​គិតជា​សំខាន់​។

អ្នកជំនាញ​វិភាគ​សេដ្ឋកិច្ច​សង្គម​ និង​អចលនទ្រព្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​លើកឡើង​ថា​ តាមរយៈ​សំណេរ​នៅ​លើ​គណនី​ផ្ទាល់ខ្លួន​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ ជាទូទៅ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ តែង​មាន​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម​ ក្នុងរង្វង់​ប្រមាណ៧ភាគរយ​ ជាមួយនឹង​អតិផរណា​ប្រមាណ៣ភាគរយ​ ដែល​តម្រូវ​ឱ្យ​គ្រួសារ​នីមួយ​រកចំណូល​ និង​បង្កើន​ធនធាន​ឱ្យ​បាន​ប្រមាណ១០ភាគរយ​ប្រចាំ​ ដែល​ក្នុង​នោះ​អាច​ជា​ការ​បង្កើន​ទ្រព្យ​ដោយ​ការ​វិនិយោគ​ ឬប្រកប​អាជីវកម្ម​ក្នុង​រូបភាព​ណាមួយ​។

លោ​បន្ត​ថា​ ក្នុង​គ្រាដែល​លោក​ អ្នក​មិន​អាច​មានលទ្ធភាព​ ឬអាចយ​កទ្រព្យសម្បត្តិ​ដែល​គ្រួសារ​មាន​ទាំងអស់​ទៅ​វិនិយោគ​បាន​ដោយហេតុថា​ ការ​ចំណាយ​របស់​ប្រចាំ​របស់​គ្រួសារ​មាន​តំរូវការ​ជា​មូលដ្ឋាន​ខ្ពស់​នោះ​ លោក​ អ្នក​ត្រូវតែ​បែងចែក​រវាង​ការ​ចំណាយ​អាទិភាព​ និង​ការ​ចំណាយ​មិន​ចាំបាច់​។ ប្រសិនបើ​ស្ថិត​ក្នុង​ស្ថានភាព​គ្រួសារ​ មិនសូវ​សម្បូរ​ធនធាន​ ឬទ្រព្យសម្បត្តិ​ច្រើន​ តើ​គួរ​ធ្វើ​យ៉ាងដូច​ម្តេច​ ទើប​អាច​តាមទាន់​ស្ថាន​ការ​នៃ​ភាព​រីកចម្រើន​របស់​សង្គម​បាន​។

ជា​ដំណោះស្រាយ​ លោក​ ង៉ែត​ ជូ​ បាន​ពន្យល់​ថា​ យ៉ាងហោចណាស់៥០ភាគរយ​នៃ​ទ្រព្យសម្បត្តិ​ គួរតែ​យក​ទៅ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ច្រើនជាង១០ភាគ​ក្នុង១ឆ្នាំ​ៗ ប្រសើរ​ជាង​ការ​សន្សំទុក​នៅតែ​ក្នុង​ប្រអប់​ ដោយ​គ្មាន​ចរន្ត​សាច់ប្រាក់​។លោក​បាន​លើក​ជាឧទាហរណ៍​មួយចំនួន​ដូចជា​ ទី១​ ប្រសិនបើ​គ្រួសារ​ទី១មានទ្រព្យ​សរុប១០ម៉ឺន​ដុល្លារ​អាមេរិក​ គ្រួសារ​នោះ​គប្បី​រស់នៅ​ផ្ទះ​ និង​ជិះរថយន្ត​ដែល​មានតម្លៃ​សរុប​មិន​លើស​ពី៥ម៉ឺន​ ដុល្លារ​អាមេរិក​នោះ​ទេ​។

ប៉ុន្តែ​ប្រសិនបើ​យក​ទ្រព្យសម្បត្តិ​ ដែល​មានតម្លៃ៥ម៉ឺន​ដុល្លារ​អាមេរិក​ (៥០ភាគរយ​) ទៅ​វិនិយោគ​ក្នុងរយៈពេល១០ឆ្នាំ​ ដោយ​ទទួល​បានផល​ចំណេញ​ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ​ នោះ១០ឆ្នាំក្រោយ​គ្រួសារ​នោះ​នឹង​មានទ្រព្យ​សរុប​តម្លៃ​ជាង២០ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​មិនរាប់​បញ្ចូល​តម្លៃ​ផ្ទះ​ដែល​កំពុង​រស់នៅ​នោះ​ទេ​។

ទី២​ ប្រសិនបើ​គ្រួសារ​ទី២​ មានទ្រព្យ​សម្បត្តិ២០ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​យក​ទ្រព្យ៥០ភាគរយ​ ទៅ​វិនិយោគ​ដូច​គ្រួសារ​ទី១​ (រយៈពេល១០ឆ្នាំ​ នឹង​ទទួល​បាន​កំណើន​ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ​ដូចគ្នា​) នោះ១០ឆ្នាំក្រោយ​គ្រួសារ​នេះ​ នឹង​មានទ្រព្យ​សម្បត្តិ​ទ្វេរ​ដង​នៃ​គ្រួសារ​ទី១គឺ​ជាង៤០ម៉ឺន​ដុល្លារ​។

ទី៣​ ប្រសិនបើ​គ្រួសារ​ទី៣​ មានទ្រព្យ​សម្បត្តិ៣០ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​យក​ទ្រព្យ៥០ភាគរយ​ ទៅ​វិនិយោគ​ដូច​គ្រួសារ​ទី១​ និង​គ្រួសារ​ទី២​ (រយៈពេល១០ឆ្នាំ​ នឹង​ទទួល​បាន​កំណើន​ផ្គួប​ប្រចាំឆ្នាំ១៥ភាគរយ​ដូចគ្នា​) នោះ១០ឆ្នាំក្រោយ​គ្រួសារ​នេះ​នឹង​មានទ្រព្យ​សម្បត្តិ​រហូតដល់​ជាង៦០ម៉ឺន​ដុល្លារ​អាមេរិក​។

ផ្ទុយទៅវិញ​ ប្រសិនបើ​គ្រួសារ​ទាំង៣​ សង្វាត​តែរ​ថយន្ត​ទំនើប​ៗ ផ្ទះ​ធំៗ​ និង​ជីវិត​ស៊ី​វី​ល័យ​ នោះ​ជីវភាព​គ្រួសារ​នឹង​មិន​មានការ​រីកចម្រើន​ និង​បង្កើន​ទ្រព្យ​ទៅមុខ​នោះ​ទេ​៕

ប្រាក់ចំណូល​របស់​មនុស្ស​ម្នា​ក់ៗ​នៅ​ខេត្ត​ព្រះសីហនុ​បាន​បាន​កើន​ដល់​ ៣.៧២៦ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ជាមួយនឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ ដោយសារ​ការ​ហូរ​ចូល​នូវ​ការ​វិនិយោគ​ពី​បរទេស​ ពិសេស​អ្នក​វិនិយោគ​ចិន​បាន​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ដល់៣៧២៦ដុល្លារ​អាមេរិក​ នៅក្នុង​ឆ្នាំ២០១៩នេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ស្របតាម​គោលនយោបាយ​ឧស្សាហកម្ម​ ២០១៥​-២០២៥​ ។ ខេត្ត​មួយ​នេះ​មាន​សក្កា​នុ​ពល​ ខាង​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ ទេសចរណ៍​ និង​សំណង់​ ដែល​ជា​វិស័យ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ក្នុង​នោះ​មាន​កំពង់ផែ​ទឹកជ្រៅ​ ផ្លូវដែក​ ព្រលា​នយន្តហោះ​ តំបន់​សេដ្ឋកិច្ច​ ឆ្នេរ​ កោះ​ និង​តំបន់​ឧទ្យានជាតិ​។

តាម​ការសិក្សា​ថ្មី​មួយ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​បង្ហាញថា​ ខេត្ត​ដែល​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ក៏​មាន​សក្ដានុពល​ និង​ទាក់ទាញ​ការ​វិនិយោគ​ ព្រះសីហនុ​កាលពី​ឆ្នាំ២០១៨​ កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត​មាន​ចំនួន ៨.៧ភាគរយ​ ជាមួយនឹង​ក្ដី​រំពឹង​ថា​នៅ​ឆ្នាំ២០១៩​ នេះ​កំណើន​សេដ្ឋកិច្ច​នឹង​បន្ត​កើនឡើង​ក្នុងរង្វង់១០ភាគរយ​។

សក្ដានុពល​សំ​ខាន់​ៗ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ រួមមាន​ដូចជា​ កំពង់ផែ​ទឹកជ្រៅ​ដែល​មាន​ជម្រៅ​ចាប់ពី១៣.៥០ម៉ែត្រ​ ហើយ​នៅ​ឆ្នាំ២០២៣​ កំពង់ផែ​នេះ​ នឹង​ត្រូវ​អភិវឌ្ឍ​ជម្រៅ​ទឹក​រហូតដល់១៤.៥០ម៉ែត្រ​ តភ្ជាប់​ជា​លក្ខណៈ​ជាតិ​ និង​អន្តរជាតិ​ មាន​ទំនិញ​កុងតឺន័រ​ឆ្លងកាត់៧៣ភាគរយ​ ។ ផ្លូវដែក​តភ្ជាប់​ពី​ខេត្ត​ព្រះសីហនុ​ ទៅ​ភ្នំពេញ​ ហើយ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បើក​សម្ពោធ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​មក​ខេ​ត្ត​ព្រ​សីហនុ​ ។

ផ្លូវអាកាស​វិញ​បច្ចុប្បន្ន​នេះ​កាន់តែ​មាន​ភាព​សកម្ម​ ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១៤បាន​ភ្ជាប់​ហោះហើរ​ ទៅកាន់​ទីក្រុង​ព្រះសីហនុ​ ដោយ​ក្នុង​មួយ​សប្តាហ៍១៣៣លើក​ មាន​ទិសដៅ​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ ជាពិសេស​ប្រទេស​ចិន​មាន​ចំនួន២៥ក្រុង​។

របាយការណ៍​ដដែល​បា​នប​នន្ត​ថា​ ខេត្ត​ព្រះសីហនុ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៥​ កំពុង​ដំណើរការ​ដែល​មាន​រោងចក្រ​តូច​-ធំ​ចំនួន២១០​ ។ វិស័យ​កសិកម្ម​ មាន​ដូចជា​ចំការ​ដូងប្រេង​ ចំការកៅស៊ូ​ និង​អំណោយផល​ផ្នែក​វារីវប្បកម្ម​ ដូចជា​ចិញ្ចឹម​ត្រី​ ក្តាម​ បង្គា​ ។ វិស័យ​ទេសចរណ៍​ឆ្នាំ​ ២០១៨​ មាន​ភ្ញៀវ​ទេសចរ​ជាង​ ២លាន​នាក់​ កើន​ ២.៦៣​ ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៧​។ ដោយឡែក​អចលនទ្រព្យ​រយៈពេល៣ឆ្នាំ​ចុងក្រោយ​ មានការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា​ផ្លូវ​តូច​ និង​ខូចខាត​ ក៏ប៉ុន្តែ​រដ្ឋបាល​ខេត្ត​កំពុង​កែ​លម្អ​។

ជាមួយនឹង​សមិទ្ធ​ផល​ថ្មី​ៗជាច្រើន​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ ក្រោម​ការអនុវត្ត​ តាម​គោលនយោបាយ​បើកចំហ​ររបស់​រដ្ឋាភិបាល​កម្ពុជា​ ទីក្រុង​ Fang​ Cheng​ Gang​ នៃ​ប្រទេស​ចិន​ដែល​មាន​កំពង់ផែ​ដ៏​ធំ​ និង​ជា​មូលដ្ឋាន​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​សេរី​ចិន​-អាស៊ាន​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលខ្លួន​មកកាន់​ខេត្ត​មួយ​នេះ​។

ទីក្រុង​ Fang​ Cheng​ Gang​ នៃ​ប្រទេស​ចិន​ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​ ខ្សែ​ក្រ​វ៉ាត់​មួយ​ និង​ផ្លូវ​មួយ​ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ នៃ​ឧស្សាហ​កម្ម​លីង​ហ្គាង​ នៃ​ឧស្សាហកម្ម​ឆ្នេរសមុទ្រ​ ជា​មូលដ្ឋាន​ផលិត​ដែក​ចំនួន ១០ លាន​តោន​ មាន​សួន​ឧស្សាហកម្ម​ ក៏​មាន​គម្រោ​ងធំៗ​ ដូចជា​មូលដ្ឋាន​អាលុយមីញ៉ូម​ អេកូឡូស៊ី​ បាន​បោះទីតាំង​នៅ​តំបន់​កំពង់ផែ​នោះ​។

វា​បាន​បង្កើត​សួន​ឧស្សាហកម្ម​សសរ​ស្តម្ភ​ចំនួន៦​ ក្នុង​វិស័យ​ធញ្ញជាតិ​ប្រេង​ ចំណីអាហារ​ ដែកថែប​ ដែក​ លោហៈ​ ប្រេងឥន្ធនៈ​ ព្រមទាំង​ការផលិត​ឧប​ករណ៍​ផ្សេង​ៗជាដើម​ ។ ជា​មូលដ្ឋាន​ផលិតកម្ម​ប្រេង​ធម្មជាតិ​ធំជាង​គេ​នៅ​ប្រទេស​ចិន​ និង​ជា​មូលដ្ឋាន​តំបន់​កែច្នៃ​ Phosphorate​ សម្រាប់​ការនាំចេញ​ និង​ជា​មូលដ្ឋាន​ថាមពល​ថ្មី​ ដ៏​សំខាន់​មួយ​នៃ​ភាគ​ខាងលិច​ប្រទេស​ចិន​។

តាមរយៈ​ទំនាក់ទំនង​ជាមួយ​សាលាខេត្ត​ព្រះសីហនុ​ សង្ឃឹមថា​អាច​នឹង​ជំរុញ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​ប្រស្រ័យ​ទាក់ទង​រវាង​វិស័យ​ដ៏​ទៃ​ទៀត​ ដើម្បី​បង្កើត​សមិទ្ធផល​យ៉ាងច្រើន​បន្ថែម​ទៀត​៕

តំបន់​ត្រពាំងរូង​ទទួល​បាន​ការ​គាំ​ទ្រ​ និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ តំបន់​ត្រពាំងរូង​ ស្ថិត​ក្នុង​ឃុំ​ត្រពាំងរូង​ ខេត្តកោះកុង​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ តាមរយៈ​គំរោង​វិនិយោគ​រមណីយដ្ឋាន​ថ្មី​មួយ​ដោយក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ក្នុង​ស្រុក​។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​ ជាមួយនឹង​ទេសភាព​ស្រស់​ត្រកាល​ មាន​ព្រែក​អម​សងខាង​ ទឹកព្រែក​៦ខែ​សាប​ និង៦ខែ​ប្រែជា​ទឹកប្រៃ​ បាន​ធ្វើឲ្យ​តំបន់​ត្រពាំងរូង​ ខេត្តកោះកុង​ កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​។

អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd ​លោក​ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ ក្នុង​ពិធី​ប្រកាស​បើក​បង្ហាញ​គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ឈ្មោះ​ “ឋានសួគ៌​ត្រពាំងរូង​” នា​ល្ងាច​ថ្ងៃទី២៣​ កញ្ញា​កន្លងមក​ថា​ ដោយ​បាន​សិក្សា​យ៉ាង​ច្បាស់​ ពី​សក្តា​នុ​ពល​ទីតាំងនៅ​តំបន់​ខាងលើ​នេះ​ ទើប​ក្រុមហ៊ុន​លោក​បាន​ទទួលយក​គំរោង​រមណីយដ្ឋាន​នេះ​ ពី​ក្រុមហ៊ុន​ Golden​ Pig​ Investment​ Co​, Ltd​ មក​លក់​។

លោក​បន្ត​ថា​ “តំបន់​ត្រាំ​ពាំង​រូង​មាន​លក្ខណៈ​ពិសេស​ បើ​ធៀប​នឹង​តំបន់​ដទៃទៀត​ក្នុង​ខេត្តកោះកុង​ ដោយ​តំបន់​នេះ​មាន​ព្រែក​ទាំងសងខាង​ ជាមួយនឹង​ទឹកថ្លា​ឆ្វង់​ និង​អាច​អុំទូក​កំសាន្ត​បាន​យ៉ាង​រីករាយ​”។ លោក​បន្ត​ថា​ “អ្វី​កាន់តែ​ពិសេស​តំបន់​នេះ​ ក៏​មាន​រមណីយដ្ឋាន​ បឹង​ហ្កា​ឡូត៍​លំ​ហែរ​កាយ​ និង​គំរោង​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ផង​ដែរ​”។

លោក​ម៉ម​ សិរី​បញ្ ញា​បាន​បន្ត​ទៀត​ថា​ ជាមួយ​លក្ខខ័ណ្ឌ​បង់ប្រាក់​សមរម្យ​ តម្លៃ​ដី​មាន​ភាពសមរម្យ​ ខេត្តកោះកុង​នឹង​មានការ​រីកចម្រើន​កាន់តែ​លឿន​ ពិសេស​ក្រោយ​ពេល​ព្រលា​នយន្តហោះ​តារា​សាគរ​បើក​ដំណើរការ​នា​ចុងឆ្នាំ​នេះ​។

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​ថ្លែង​ផង​ដែរ​ថា​ ខេត្តកោះកុង​ ពិសេស​តំបន់​ត្រពាំងរូង​ស័ក្តិសម​ជាទី​តាំង​ ដែល​សមស្រប​សំរាប់​អភិវឌ្ឍ​រមណីយដ្ឋាន​បាន​យ៉ាង​ល្អ​ប្រសើរ​ ​ដោយសារ​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​តំបន់​នេះ​ ពិសេស​ជា​តំបន់​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពីទី​រួម​ខេត្ត​ និង​ព្រលា​នយន្តហោះ​តារា​សាគរ​នោះ​ឡើយ​។

លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ទៅ​វិនិយោគ​នៅក្នុង​ខេត្តកោះកុង​កាន់តែ​ច្រើន​នា​ពេល​អនាគត​”។

ជាមួយគ្នា​នេះ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​សរសើរ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​គំរោង​បែបនេះ​ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ជំ​រុញ​សក្តា​នុ​ពល​អចលនទ្រព្យ​ក្នុង​ខេត្តកោះកុង​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​រួមចំណែក​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​ដី​ដែល​មានតម្លៃ​សមរម្យ​ មិន​បង្ក​ហានិភ័យ​ណាមួយ​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ​”។ លោក​បន្ត​ថា​ “គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ឋានសួគ៌​ត្រពាំងរូង​ ជា​គំរោង​ល្អ​ ព្រោះ​ជា​គំរោង​ដែល​មានការ​រៀបចំ​នូវ​Master​ Plan​ បាន​ត្រឹមត្រូវ​ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​”។

លោក​ឃាង​ ពុទ្ឋី​ បាន​បន្ត​ថា​ ការទិញ​ដី​ឬវិនិយោគ​លើ​ដីធ្លី​មានតម្លៃ​ទាប​បែបនេះ​ មិន​មាន​ហានិភ័យ​ដល់​អ្នក​វិនិយោគ​នោះ​ទេ​ ព្រោះ​ទោះបីជា​មាន​វិបត្តិ​អ្វី​កើតឡើង​ ក៏​តម្លៃ​ដី​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​មិន​ជាប់​គាំង​នោះ​ទេ​ ពិសេស​គំរោង​មាន​លក្ខណៈ​បែប​រមណីយដ្ឋាន​បែបនេះ​ នៅតែ​ល្អ​សំរាប់​វិ​និ​យោ​ ដោយសារ​វា​ជា​គំរោង​បែប​អេកូ​ទេសចរណ៍​ ដែល​ធម្មតា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​នៅតែ​បន្ត​ដើរ​កំសាន្ត​ នៅ​តាម​តំបន់​ធម្មជាតិ​បែបនេះ​៕