ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​នៅតែ​ជា​កង្វល់​បន្ទាប់ពី​ការវាយប្រហារ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​

0

ដោយ​ Donald​ Lee​

អា​រ៉ា​ប៊ី​សា​អូ​ឌីតៈ​ តម្លៃ​ប្រេង​មាន​ស្ថេរ​ភាព​ បន្ទាប់ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​ការវាយប្រហារ​មី​ស៊ី​លបា​នរំ​ខាន​ ដល់ទី​តាំង​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ នៅ​តំបន់​ Abqaiq​ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ខណៈ​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ រោងចក្រ​ទាំងនេះ​នឹង​ដំណើរការ​ ហើយ​ដំណើរការ​ក្នុងរយៈពេល​មួយ​ខែ​ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​និយាយ​ថា​ ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក​មាន​គ្រោះថ្នាក់​ ស្រព​ពេល​ធុង​ផ្ទុក​ប្រេង​អាច​នឹង​មិន​អាច​ផ្គត់ផ្គង់​តំរូវការ​ពិភពលោក​ ប្រសិនបើ​មានការ​រំខាន​មួយផ្សេងទៀត​។

ការវាយប្រហារ​នេះ​បាន​បង្អាក់​ជិត៥ភាគរយ​ នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ទាំងមូល​របស់​ពិភពលោក​។

ក្រុមហ៊ុន​ Saudi​ Aramco​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បានឱ្យ​ដឹង​ថា​ ខ្លួន​មាន​ប្រេង​ជិត​ ៥០លាន​បារ៉ែល​នៅក្នុង​ស្តុក​ ពេល​មានការ​វាយប្រហារ​ ហើយ​មាន​ប្រមាណ ៨០លាន​បារ៉ែល​ នៅ​បណ្ដា​កំពង់ផែ​អន្ដរ​ជាតិ​ទូទាំង​ពិភពលោក​។

ប៉ុន្តែ​ដើម្បី​រក្សា​កម្រិត​នៃ​ការនាំចេញ​ អោយ​បាន​ទាន់ពេល​វេលា​ ក្រុមហ៊ុន​ Aramco​ កំពុង​ទាញ​យក​ប្រេង​ពី​ស្តុក​ប្រេង​ចំនួន ៥០លាន​បារ៉ែល​របស់​ខ្លួន​។

អ្នកវិភាគ​អះអាង​ថា​ ប្រសិនបើ​អារ៉ាប៊ីសាអ៊ូឌីត​ មិន​អាចយ​កកន្លែង​កែច្នៃ​របស់​ខ្លួន​ត្រឡប់​មករ​កភាព​ដើម​វិញ​បានទេ​ ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ តម្លៃ​ប្រេង​នៅ​ជុំវិញ​ពិភពលោក​អាច​នឹង​កើនឡើង​។

ក្រុមហ៊ុន​ Commerzbank​ បានឱ្យ​ដឹង​កាលពី​ថ្ងៃសុក្រ​ថា​ “ផល​ប៉ះពាល់​យូរអង្វែង​ពិតប្រាកដ​ នៃ​ការវាយប្រហារ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​ របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅតែ​ពិបាក​វិនិច្ឆ័យ​”៕

ចំណេះដឹង​! តើ​សេដ្ឋកិច្ច​នយោបាយ​ជា​អ្វី​?

0

ដោយ វុត្ថា

ភ្នំពេញ​៖ សេដ្ឋកិច្ច​នយោបាយ ​(Political​ economy​) គឺជា​ការសិក្សា​អំពី​ផលិតកម្ម​និង​ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​របស់​ពួកវា​ជាមួយ​ទំនៀមទម្លាប់​រដ្ឋាភិបាល​ និង​ច្បាប់​។

សេដ្ឋកិច្ច​នយ​បាយ​នេះ​ ជា​ការសិក្សា​និង​ការប្រើ​ប្រាស់​ពី​របៀប​ ដែល​ទ្រឹ​ស្តី​ និង​វិធីសាស្ត្រ​សេដ្ឋកិច្ច​ មាន​ឥទ្ធិពល​និង​អភិវឌ្ឍ​ប្រព័ន្ធ​សង្គម​ និង​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗដូចជា​ មូលធននិយម ​(capitalism​) សង្គមនិយម ​(socialism​) និង​កុម្មុយនិស្ត​(communism​)។

វា​ក៏​វិភាគ​ផង​ដែរ​អំពី​របៀប​ ដែល​គោលនយោបាយ​សាធារណៈ​ ត្រូវ​បាន​បង្កើត​និង​អនុវត្តន៍​។ ដោយសារ​បុគ្គល​និង​ក្រុម​ផ្សេង​ៗ មាន​ចំណាប់​អារម្មណ៍​ខុសគ្នា​ អំពី​របៀប​ដែល​ប្រទេស​មួយ​ ឬសេដ្ឋ​កិច្ច​ត្រូវ​អភិវឌ្ឍ​ សេដ្ឋកិច្ច​នយោបាយ​ គឺជា​វិន័យ​មួយ​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ ដែល​គ្រប​ដណ្តប់​លើ​ផលប្រយោជន៍​ប្រកួតប្រជែង​ ដែល​មាន​សក្តា​នុ​ពល​៕

អង់គ្លេស​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ជួយ​ដល់​អ្នកទេសចរ​ខ្លួន​បន្ទាប់ពី​ក្រុមហ៊ុនទេសចរណ៍​យក្ស​មួយ​ដួល​រលំ​

0

ដោយ​ Donald​ Lee

​ក្រុង​ឡុងដ៍​៖ អ្នកដំណើរ​អង់គ្លេស​ជាង​ ១៥​ ម៉ឺន​នាក់​ត្រូវ​បាន​ទុកចោល​នៅ​ជុំវិញ​ពិភពលោក​ បន្ទាប់ពី​ក្រុមហ៊ុនទេសចរណ៍​ Thomas​ Cook​ បាន​ដួល​រលំ​កាលពី​ថ្ងៃ​ ចន្ទ​។

ក្រុមហ៊ុនទេសចរណ៍ Thomas​ Coo ដែល​មាន​អាយុ​ ១៧៨​ ឆ្នាំ​ និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ សណ្ឋាគារ​ និង​រមណីយដ្ឋាន​នានា​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ផលប័ត្រ​របស់​ខ្លួន​ត្រូវ​បាន​ជាប់​គាំង​ជាមួយនឹង​បំណុល​ជាង​ ១,២​ ពាន់​លាន​ដុល្លារ​ នៅពេល​ដែល​ការចរចា​របា​នប​រា​ជ័យ​ជាមួយ​ម្ចាស់បំណុល​កាលពី​ថ្ងៃច័ន្ទ​ ដោយ​បាន​បង្កើត​ប្រតិកម្ម​ខ្សែ​សង្វាក់​ដែល​បាន​ធ្វើ​ឱ្យ​យន្តហោះ​ និង​សណ្ឋាគារ​ដែល​បិទទ្វារ​ ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​អង់គ្លេស​ ១៥០,០០០​ នាក់​មិន​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បាន​។

លោក​ Peter​ Fankhauser​ នាយក​ប្រតិបត្តិ​បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​សូមអភ័យទោស​ដល់​អតិថិជន​រាប់​លាន​នាក់​ និង​និយោជិក​ អ្នកផ្គត់ផ្គង់​ និង​ដៃគូ​រាប់ពាន់​នាក់​ដែល​បាន​គាំទ្រ​ពួក​យើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​”។

រដ្ឋាភិបាល​អង់គ្លេស​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ និង​បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​ការ​ធ្វើដំណើរ​តាមរយៈ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថា​ “ក្រុមហ៊ុន​ Thomas​ Cook​ បាន​បញ្ឈប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ដូច្នេះ​រាល់​ការហោះហើរ​របស់​ក្រុមហ៊ុន​ Thomas​ Cook​ ត្រូវ​បាន​លុបចោល​”។

រដ្ឋាភិបាល​អង់គ្លេស​បាន​យក​យន្ដ​ហោះ​ចំនួន​ ៤៥​ គ្រឿង​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ជួយ​ដល់​អ្នកទេសចរ​ដែល​ជាប់​គាំង​នៅក្នុង​ផែនការ​ជួយសង្គ្រោះ​មួយ​ដែល​មានឈ្មោះ​ថា​ Operation​ Matterhorn​៕

សភា​ពាណិជ្ជកម្ម​កម្ពុជា​គ្រោង​ពង្រីក​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​នៅ​អឺរ៉ុប​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​គោលដៅ​នៃ​ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ ទៅកាន់​ទូទាំង​សាកលលោក​ឱ្យ​កាន់តែ​ឆាប់រហ័ស​ និង​ល្អ​ប្រសើរ​ សភា​ពាណិជ្ជកម្ម​កម្ពុជា​គ្រោង​បើក​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ ជាពិសេស​នៅក្នុង​ប្រទេស​ប៉ែក​អឺរ៉ុប​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៣​ កញ្ញា​នេះ​ថា​ វិស័យ​ពាណិជ្ជកម្ម​ គឺ​ចាំបាច់​បំផុត​ត្រូវ​មាន​កិច្ច​ទំនាក់ទំនង​ល្អ​ និង​ទូលាយ​ជាមួយ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ក្នុ​តំបន់​ ក៏ដូចជា​នៅ​លើ​សាកលលោក​ជា​សំខាន់​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ក្រោម​ការកិច្ច​គាំទ្រ​ និង​ការ​ចង្អុលបង្ហាញ​ពីសំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ព្យាយាម​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ និង​ឱកាសល្អ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​ ទៅកាន់​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​សាកលលោក​”។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បន្ត​ថា​ បច្ចុប្បន្ន​នេះ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ កំពុងតែ​ធ្វើតាម​ផែនការ​យុទ្ធសាស្ត្រ​ ដែល​បាន​ដាក់ចេញ​ និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជំរុញ​ និង​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​មានឱកាស​ និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​ដៃគូ​វិនិយោគ​របស់​ខ្លួន​ ក្រោម​ការ​ជួយ​សម្របសម្រួល​កំណែទម្រង់​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ព្យាយាម​ធ្វើការ​ជាមួយ​តំណាង​រដ្ឋាភិបាល​ ក្នុង​ការសម្រប​សម្រួល​ដល់​វិស័យ​ឯកជន​ជាច្រើន​ដោយ​បាន​បង្កើត​ក្រុមការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​រហូតដល់១៣ក្រុម​ ដោយមាន​រដ្ឋមន្ត្រី​ចំនួន១៣ក្រសួង​ចូលរួម​យ៉ាងសកម្ម​ផង​ដែរ​”។ លោក​បន្ត​ថា​ រដ្ឋាភិបាល​បានសម្រេច​លុបចោល​​នូវ​​នីតិវិធី​មួយចំនួន​ដែល​អាច​បង្ក​ភាព​រាំងស្ទះ​ និង​ឧបសគ្គ​ដល់​អ្នក​វិនិយោគ​ ដ៏​ដូចជា​ការនាំចេញ​ នាំចូល​ផលិតផល​នានា​ដើម​ ជាក់ស្ដែង​ដូច​បញ្ហា​គយ​ បញ្ហា​ការិយាធិបតេយ្យ​ ត្រូវ​បាន​លុបចោល​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​នានា​ នៅ​ទូទាំង​សាកលលោក​ឱ្យ​កាន់តែ​ទូលាយ​ និង​ឆាប់រហ័ស​ សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ចាប់​អនុវត្ត​គោលការណ៍​ចម្បង​ ដោយ​ការ​ដាក់​ពង្រាយ​ការិយាល័យ​តំណាង​នៅ​តាម​បណ្តា​ប្រទេស​នានា​ ជាពិសេស​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ និង​ជឿនលឿន​ ដូចជា​ប្រទេស​ចិន​ ជប៉ុន​ សហរដ្ឋអាមេរិក​ បារាំង​ អង់គ្លេស​ ​សាំងហ្គាពួរ​ អូស្ត្រាលី​ និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​យើង​បាន​ដាក់​ទីតាំងនៅ​ក្នុង​ប្រទេស​កាណាដា​ រួច​ទៅ​ហើយ​។

​លោក​លឹម​ ហេង​បាន​បញ្ជាក់​ថា​ “យើង​មាន​គម្រោង​ដាក់​ការិយាល័យ​តំណាង​នៅ​តាម​តំបន់​ និង​រដ្ឋ​ទាំងឡាយ​ណា​ ដែល​មាន​វត្តមាន​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ច្រើន​ ជាពិសេស​ ដូចជា​សហរដ្ឋអាមេរិក​ និង​បារាំង​ជាដើម​ ដែល​មាន​បងប្អូន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន​”។

អ្នកជំនាញ​សិក្សាស្រាវជ្រាវ​​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​នឹង​គោលការណ៍​ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ និង​គាំទ្រ​ដោយ​រដ្ឋាភិបាល​ខាងលើ​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “វា​ជា​រឿង​ល្អ​ប្រសិនបើ​យើង​អាច​ធ្វើ​ទៅ​បាន​ ដែល​វា​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ និង​ផ្តល់​ព័ត៌មាន​លម្អិត​ពី​កម្ពុជា​ទៅកាន់​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ទាំងអស់​នោះ​”។

លោក​បាន​បញ្ជាក់​ថា​ “នៅពេល​មាន​ការិយាល័យ​តំណាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​នៅក្នុង​ប្រទេស​ណាមួយ​ មានន័យថា​ កម្ពុជា​ត្រូវ​បាន​ស្ថិតនៅ​ក្នុង​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នោះ​”។

លោក​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​នោះ​ គឺ​ភាព​ប្រាកដប្រជា​ថា​អ្នកតំណាង​ការិយាល័យ​ត្រូវតែ​មាន​ភាព​ច្បាស់លាស់​ និង​យល់ដឹង​ស៊ីជម្រៅ​ពី​ទិដ្ឋភាព​វិនិយោគ​ ទិដ្ឋភាព​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​ ក៏ដូចជា​កិច្ច​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ និង​ប្រទេស​។ ប៉ុន្តែ​ប្រសិនបើ​អ្នកតំណាង​ការិយាល័យ​មាន​ភាព​មិន​ច្បាស់​ការណ៍​ទាក់ទង​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ វា​នឹង​ក្លាយទៅជា​បន្ទុក​បន្ថែម​របស់​រដ្ឋាភិបាល​៕

ក្រុង​ព្រះ​សី​ហនុ​មាន​ផ្សារ​ទំនើប​ដុះ​កាន់តែ​ច្រើន​ មិនចាញ់​ទីក្រុង​ភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ ក្រុង​ព្រះសីហនុ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ មានការ​ទាក់ទាញ​លើ​ការ​វិនិយោគ​ផ្សារ​ទំនើប​ៗជាច្រើន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុ​បប្ប​ន្ន​ មិនចាញ់​ទីក្រុង​ភ្នំពេញ​ និង​បណ្តាល​ខេត្ត​-ក្រុង​នានា​ឡើយ​។

លោក​ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេ​ត្ដ​ព្រះសីហនុ​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ​ ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​ ក្រុង​ព្រះសីហនុ​មាន​ផ្សារ​ទំនើប​ដែល​មាន​ម្ចាស់​ និង​គ្រប់គ្រង​ដោយ​ខ្មែរ​មាន​ Orange​ Mall​ ​និង​ Lemon​ Mall​ ជាដើម​ និង​មាន​ផ្សារ​ទំនើប​ដែល​គ្រប់គ្រង​ដោយ​របរ​ទេស​ ហើយ​គ្រោង​នឹង​សាងសង់​ផ្សារ​ទំនើប​ធំៗ​មាន​ចំនួន៣កន្លែង​ថែមទៀត​។

ជាមួយគ្នា​នេះ​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ថ្មី​មួយ​ FURI​ Time​s Square​ ​នឹង​បើក​ដំណើរការ​នៅ​កំឡុង​ចុងឆ្នាំ​នេះ​ផង​ដែរ​។ ផ្សារ​ទំនើប​នេះ​វិនិយោគ​ក្នុងទឹក​ប្រាក់​ជាង៩លាន​ដុល្លារ​អាមេរិក​ ដោយ​នាំទៅ​ជាមួយ​នូវ​ផលិត​ផលល្បីៗ​ជាច្រើន​ ដើម្បី​ឆ្លើយតប​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​។

នាយក​គ្រប់គ្រង​ផ្នែក​ទីតាំង​ជួល​ផ្សារ​ទំនើប​ FURI​ Time​s Square​ លោក​ កង​ ដា​វីត​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ដោយសារតែ​មាន​កំណើន​នៃ​ការ​វិនិយោគ​ជាច្រើន​គម្រោង​លើ​គ្រប់​វិស័យ​ បាន​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើស​ការ​រំពឹង​ទុក​។

​លោក​បាន​បន្ត​ទៀត​ថា​ “កំណើន​នៃ​ការ​វិនិយោគ​ បាន​ធ្វើ​ឱ្យ​ប្រជាជន​ចូល​មក​រស់នៅ​ និង​ប្រកបការងារ​នៅក្នុង​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​ ជាពិសេស​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​កាន់តែ​ធ្វើ​ឱ្យអំណាច​នៃ​ការទិញ​កាន់​ តែ​មាន​ទំហំ​ធំ​”។លោក​បន្ត​ទៀត​ថា​ “តាម​ការពិនិត្យ​ឃើញជាក់ស្ដែង​ បច្ចុប្បន្ន​នេះ​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ មាន​មណ្ឌល​លក់ទំនិញ​បែប​ទំនើប​មាន​ចំនួន​តិច​នៅឡើយ​ ខណៈ​ដែល​តម្រូវការ​របស់​អតិថិជន​ ដែល​មាន​ជីវភាព​កម្រិតមធ្យម​មាន​ចំនួន​ច្រើន​”។

ដោយសារតែ​មើលឃើញ​សក្ដានុពល​លើ​ការ​ផ្គត់ផ្គង់​ខាងលើ​នេះ​ មាន​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ដែល​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ លំដាប់​អន្តរជាតិ​បាន​បង្ហាញខ្លួន​ព្រោងព្រាត​ ជាមួយនឹង​ក្ដី​រំពឹង​ថា​ អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ប្រកបដោយ​ភាព​ជោគជ័យ​។

លោក​កង​ ដា​វីត​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​ផ្សារ​ទំនើប​ដ៏​ធំ​ ដែល​ទើបតែ​មាន​លើកដំបូង​គេ​បង្អស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ FURI​ Times​ Square​ មាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ស្ទើរគ្រប់​វិស័យ​បាន​បង្ហាញ​វត្តមាន​នៅក្នុង​ខេត្ត​មួយ​នេះ​ រួមមាន​ដូចជា​ ក្រុមហ៊ុន​ KFC​ , ក្រុមហ៊ុន​ Starbucks​, ក្រុមហ៊ុន​ Amazone​ Caf​é , ក្រុមហ៊ុន​ KOI​ , ក្រុមហ៊ុន​ Dakasi​ Tea​, ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ LEVI​’s , ក្រុមហ៊ុន​ NIKE​ , ក្រុមហ៊ុន​ Samsonite​, ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ​ G-Shock​, ក្រុមហ៊ុន​លក់​រថយន្ត​ HGB​ Group​ រួម​ជាមួយ​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​”។

ក្រៅពីនោះ​ក៏​មាន​ផ្សារ​ទំនើប​មួយចំនួន​ទៀត​ បាន​នឹង​កំពុង​រៀបចំ​តុបតែង​ និង​កែ​លម្អ​ដែល​គ្រោង​ នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ឆាប់​ៗ នា​ពេល​ខាងមុខនេះ​ ​និង​មួយចំនួន​ទៀត​បាន​នឹង​កំពុង​បុក​គ្រឹះ​សាងសង់​។ សម្រាប់​ទីផ្សារ​នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​មាន​ផ្សារ​ទំនើប​ច្រើនបែប​នេះ​ ដែល​មាន​ចំនួន៥​ ទៅ៦កន្លែង​បែបនេះ​ គឺ​មាន​ទំហំ​ធំ​។

​លោក​ឃាង​ ភា​រម្យ​បាន​បន្ថែម​ថា​ ទាំង​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ និង​ចំណាកស្រុក​បាន​នឹង​កំពុង​មាន​ជីវភាព​ធូ​ធា​ឆ្ងាយ​ បើ​ធៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗ ដែល​អាច​ឆ្លើ​បត​ និង​អាច​ទទួលយក​បាន​នូវ​ការ​រីក​ចំរើន​ លើ​វិស័យ​ផ្សារ​ទំនើប​នៅក្នុង​ក្រុង​ទាំងមូល​។ តែ​យ៉ាងណា​ក៏​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ ក្នុង​កម្រិត​មួយ​ភាគ​តូច​ បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ខ្លះ​ដែរ​ ដោយសារតែ​ពួកគាត់​ជួល​អាគារ​ ឬផ្ទះ​សម្រាប់​ប្រកបមុខរបរ​រកស៊ី​ ព្រោះ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ខ្ពស់​។

ផ្អែក​ទៅលើ​កត្តា​រីក​ចំរើន​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​លំហូ​ចូល​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេ​ត្ត​ផ្សេង​ៗមក​ធ្វើការងារ​ និង​ប្រកប​មុខរ​បរ​ផ្សេង​ៗទៅតាម​ជំនាញ​របស់​ខ្លួន​។

សម្រាប់​វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​រីកចម្រើន​យ៉ាង​គំហុក​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដោយ​គិត​ចាប់ពី​ឆ្នាំ២០០៧​ រហូតដល់​ខែកក្កដា​ ឆ្នាំ​ ២០១៩​ មាន​សំណង់​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ចំនួន​៨១៩គម្រោង​ ក្នុង​នោះ​អគារ​រាប់​ពី​កំពស់៥ជាន់​ ឡើង​ដល់៤០ជាន់​មាន២១៨គម្រោង​៕

ក្រុមហ៊ុន​ជប៉ុន​ចំនួន៧​ ស្វែងរក​ឱកាស​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ និង​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖​ ក្រុមហ៊ុន​ចំនួន៧របស់​ជប៉ុន​បាន​ស្វែងរក​ឱកាស​វិនិយោគ​ លើ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ ប្រព្រឹត្តិ​កម្ម​សំណល់រឹង​-រាវ​ ឧស្សាហកម្ម​ឈើ​ អាហារ​សុខភាព​ និង​ការថែទាំ​មនុស្សចាស់​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​បរិស្ថាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​វិនិយោគិន​ជប៉ុន​ ដែល​មាន​តំណាង​ក្រុមហ៊ុន​ចំនួន៧​ ចូល​ជួបពិភាក្សា​ការងារ​ កាលពី​ថ្ងៃអាទិត្យ​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​។

លោក​សាយ​ សំ​អាល់​ បាន​ជម្រាប​ជូន​ភ្ញៀវ​ អំ​ពី​សក្តា​នុ​ពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​គាំទ្រ​អ្នក​វិនិយោគ​បរទេស​ រួម​ទាំង​គម្រោង​គ្រប់គ្រង​បរិស្ថាន​ ការ​ការពារ​ និង​អភិរក្ស​ជីវៈ​ចម្រុះ​នៅ​កម្ពុជា​។ លោក​រដ្ឋ​មន្រ្ដី​បាន​លើកឡើង​ពី​លទ្ធភាព​ រៀបចំ​សំណើ​គម្រោង​វិនិយោគ​នៅ​ក្រោម​ “យន្តការ​ឥណទាន​កាបូន​រួមគ្នា​” (Joint​ Crediting​ Mechanism​: JCM​) ផង​ដែរ​។

កម្ពុជា​បាន​ចូលរួម​ក្នុង ​JCM​ តាំងពី​ឆ្នាំ២០១៤​ ហើយ​បច្ចុប្បន្ន​កំពុង​អនុវត្តន៍​ដោយ​ជោគជ័យ​នូវ​គម្រោង​ ដែល​ប្រើ​បច្ចេកវិទ្យា​ជប៉ុន​ទំនើប​ៗចំនួន៦​ ទាក់ទង​នឹង​ការ​បំភ្លឺ​ផ្លូវ​សាធារណៈ​ ការផលិត​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ ប្រសិទ្ធភាព​ថាមពល​ ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។ ជាមួយគ្នា​នេះ​ដែរ​ លោក​ប្រធាន​តំណាង​ក្រុមហ៊ុន​ Green​ Power​ Techno​ បាន​ប្រគល់​ជូន​ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នូវ​ម៉ាស៊ីន​ចំហេះ​ក្រៅ​ “sterling​ engine​” ចំនួន២គ្រឿង​ ក្រុមហ៊ុន​ Angkor​ Bio​ Cogen​ បាន​ប្រគល់​ជូន​នូវ​វិញ្ញាបនបត្រ​ឥណទាន​កាបូន​ដែល​មានតម្លៃ២.០០០តោន​ សមមូល​ឧស្ម័ន​កាបូ​និក​ផង​ដែរ​។

ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ បាន​ឈរ​លំដាប់​ទី៤ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​។ ប្រទេស​វិនិយោគ​ច្រើនជាង​គេ​ទី១នៅ​កម្ពុជា​ គឺ​ប្រទេស​ចិន​ កូរ៉េ​ សឹង្ហ​បុរី​ និង​លេខរៀង​បន្ទាប់​គឺ​ប្រទេស​ជប៉ុន​៕

ហុងកុង​ជួប​ភាព​វឹកវរ​ម្តង​ទៀត​ ខណៈ​មេដឹកនាំ​បាតុកម្ម​បាន​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែងរក​ការ​គាំទ្រ​

0

ដោយ​ Donald​ Lee​

ហុង​កុងៈ​ ប៉ូលី​សហុង​កុង​បាន​បាញ់​គ្រាប់​កាំភ្លើង​ជ័រ​ និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ទៅលើ​ក្រុម​អ្នក​តវ៉ា​ ដែល​បាន​ដុតភ្លើង​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ និង​ផ្សារ​ទំនើប​នៅ​ចុង​សប្តាហ៍​នេះ​ ខណៈ​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញថា​ ខ្លួន​នឹង​ចាត់វិធានការ​ច្បាប់​ ដើម្បី​គាំទ្រ​ដល់​ការ​ប្រមូល​ផ្តុំ​រយៈពេល​ ១៦​សប្តាហ៍​នេះ​។

ក្រុម​អ្នក​តវ៉ា​ហុងកុង​ បាន​ផ្តោត​គោលដៅ​ទៅលើ​អាជីវកម្ម​ ដែល​គ្រប់គ្រង​ដោយ​ចិនដីគោក​នៅ​ឯផ្សារ​ទំនើប​ New​ Town​ Plaza​ នៅ​ភាគ​ខាងជើង​ទីក្រុង​សាន់​ទីន​។ ក្រុម​អ្នក​តវ៉ា​បាន​បំផ្លាញ​អាជីវកម្ម​ ដូចជា​ Starbucks​ និង​ Simply​ Life​ ដោយសារតែ​សមាគម​របស់​ខ្លួន​ជាមួយ​សមាគម​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ដែល​គាំទ្រ​រដ្ឋាភិបាល​។

មេ​បញ្ជា​កា​រប៉ូ​លី​សជាន់ខ្ពស់​បាន​និយាយ​ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ចុង​សប្តាហ៍​មុន​ថា​ “មន្ត្រី​របស់​យើង​មានការ​ព្រួយបារម្ភ​ថា​ អំ​ពើ​ហឹង្សាបាន​ឈាន​ដល់​កំរិត​មួយ​ ដែល​ពួកគេ​ប្រហែលជា​ត្រូវ​សំ​លាប់​នរណា​ម្នាក់​ រឺ​ក៏​សំ​លាប់​ខ្លួន​។ យើង​បាន​ទប់​កំហឹង​ខ្លាំង​ណាស់​ ប៉ុន្តែ​នៅចំពោះមុខ​អំ​ពើ​ហឹង្សា​បែបនេះ​ សម្ពាធ​នេះ​បាន​ក្លាយជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​”។

ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​លើកឡើង​ដោយ​សេចក្តី​ថ្លែងការណ៍​ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​សមាជិកសភា​អាមេរិក​ និង​ព្រឹទ្ធសភា​ដោយ​បញ្ជាក់​ថា​ ខ្លួន​នឹង​អនុម័ត​ច្បាប់​ដើម្បី​គាំទ្រ​ដល់​ការ​ប្រមូល​ផ្តុំ​ និង​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហុងកុង​ ប្រសិនបើ​រក​ឃើញថា​ មានការ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។

អ្នក​តវ៉ា​លេចធ្លោ​ពីរ​រូប​គឺ​លោក​ Joshua​ Wong​ និង​តារា​ប៉ុប​ Denise​ Ho​ បាន​ស្ថិតនៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ចុង​សប្តាហ៍​ ដើម្បី​ព្យាយាម​ផ្តល់​ការ​គាំទ្រ​ពី​អន្តរជាតិ​ដល់​ចលនា​បាតុកម្ម​របស់​ពួកគេ​។

លោក​ Denise​ Ho​ បាន​និយាយទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​នាង​ថា​ “ខ្ញុំ​គិតថា​នេះ​ជា​ស្ថានភាព​មួយ​ ដែល​អាច​នឹង​បន្ត​ទៅមុខ​ទៀត​ ហើយ​វិធី​មួយ​ដើម្បី​បញ្ឈប់​វា​ គឺ​ពិតជា​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​រួមគ្នា​ បញ្ចេញ​នូវ​កង្វល់​របស់​ពួកគេ​ចំពោះ​បញ្ហា​នេះ​”៕

ក្រុម​ហ៊ុន​ធំៗ​របស់​ឥណ្ឌូ​នេ​ស៊ី​គ្រោង​ពង្រីក​អាជីវកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ឥណ្ឌូ​នេ​ស៊ី​៖ ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​សន្យា​នឹង​មក​ពិនិត្យ​លទ្ធភាព​ពង្រីក​ការ​វិយោគ​ និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា​ ស្រប​នឹង​តម្រូវការ​នៃ​គម្រោង​អភិវឌ្ឍ​ន៍​ប្រព័​ន្ឋ​ផ្លូវដែក​នៅ​កម្ពុជា​។

យោង​តាម​ការ​ចុះផ្សាយ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​ ២៣​ ខែកញ្ញា​ នេះ​បានឱ្យ​ដឹង​ថា​ ការសន្យា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ការងារ​ របស់​ លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ រយៈពេល៤ថ្ងៃ​នៅ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ដែល​បាន​ស្នើ​ដល់​តំណាង​ក្រុមហ៊ុន​ទាំងនោះ​ ធ្វើដំណើរ​មក​កម្ពុជា​ ដើម្បី​ស្វែងរក​ឱកាស​និង​ដៃគូ​អាជីវកម្ម​និង​វិនិយោគ​។

ក្រុម​ហ៊ុន​ធំៗ​ទំា​ងនោះ​រួមា​ន៖

១​) ក្រុមហ៊ុន​ឧស្សាហកម្ម​ INKA​ (Indonesian​ Railway​ Industry​) ដែល​ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​ផ្លូវដែក​រដ្ឋ​ ដ៏​ធំ​របស់​សាធារណ​រដ្ឋ​ឥណ្ឌនេ​ស៊ី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ១៩៨១​ និង​ជា​ក្រុមហ៊ុន​ផលិត​រថភ្លើង​ គ្រឿង​បង្គំ​ធំ​ លក់​ និង​ផ្តល់​សេវា​មុនគេ​បង្អស់​នៅ​អាស៊ី​អគ្នេយ៍​ ដើម្បី​ពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក​។ ក្រុមហ៊ុន​ ឧស្ស​ហក​ម្ម​ផលិត​រថ​ភ្លើង​ឥណ្ឌូ​នេ​ស៊ី​នេះ​ ដែល​មាន​សមត្ថភាព​ពង្រីក​អាជីវកម្ម​ជាមួយ​ប្រទេស​ អូស្ត្រាលី​ បង់ក្លាដេស​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សឹង្ហ​បូរី​ ថៃ​ និង​អាហ្រិក​។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​ផ្លូវ​ដែ​កឥណ្ឌូ​នេ​ស៊ី​ មក​ជួបពិភាក្សា​ជាមួយ​ស្ថាប័ន​ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ ដើម្បី​ធ្វើការ​សិក្សា​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា​នឹង​បញ្ជូន​គណៈប្រតិភូ​មក​ពិនិត្យ​លទ្ធភាព​ពង្រីក​កិ​ច្ច​ហប្រ​តិប​ត្តិ​ការ​លើ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។

២) ក្រុមហ៊ុន​កំពង់ផែ​ PAL​ Indonesia​ ដែល​ជា​ក្រុមហ៊ុន​កំពង់ផែ​រដ្ឋ​ធំជាង​លំដាប់​ទី២​ របស់​ឥណ្ឌូ​នេ​ស៊ី​ បន្ទាប់ពី​ក្រុមហ៊ុន​កំពង់ផែ​ក្រុង​ហ្សាកាតា​ និង​ត្រូវ​បាន​បង្កើត​តាំងពី​ជំនាន់​រដ្ឋ​ការ​ឥណ្ឌូ​នេ​ស៊ី​ត្រួតត្រា​ ដោយ​ប្រទេស​ហូ​ឡង់​នៅក្នុង​ឆ្នាំ១៩៣៩​។

ក្រុមហ៊ុន​ PAL​ Indonesia​ ជា​ក្រុមហ៊ុន​កំពង់ផែ​លំដាប់​ពិភពលោក​ ដែល​មាន​ក្រុមហ៊ុន​សាខា​ជាច្រើន​ ហើយ​ក្រៅពី​មាន​នាទី​ជា​កំពង់ផែ​ ក្រុមហ៊ុន​នេះ​មាន​អាជីវកម្ម​ចំ​បងៗ​ មួយចំនួន​ទៀត​ ដូចជា​ អាជីវកម្ម​ផលិត​នាវាដឹកទំនិញ​ ផលិត​នាវា​ចម្បាំង​ និង​នាវាមុជទឹក​ចម្បាំង​ (Submarine​) នាវា​សណ្តោង​ ផលិត​នាវា​ផលិត​ថាមពលអគ្គីសនី​ ផលិត​គ្រឿងឧបករណ៍​សម្រាប់​កំពង់ផែ​និង​ចំណតនាវា​ វិស្វកម្ម​ទូទៅ​ និង​ផ្តល់​សេវា​ថែទាំ​ ជួសជុល​ និង​រុះរើ​នាវា​។ល។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ចាន់​ថុល​ ស្នើ​ដល់​កំពង់ផែ ​PAL​ Indonesia​ នេះ​ ពិភាក្សា​ជាមួយ​កំពង់ផែ​កម្ពុជា​ ដើម្បី​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ លើ​វិស័យ​កំពង់ផែ​រវាង​ភាគី​ទាំងពីរ​ដោយ​ផ្អែកលើ​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​អាជីវកម្ម​ នាវា​រវាង​ ភាគី​ទាំងពីរ​ទៅ​អនាគត​។ ក្រៅពី​នេះ​ លោក​ទេស​រដ្ឋមន្ត្រី​បាន​ជួប​ជាមួយនឹង​ថា្នក់​ដឹកនាំ​ និង​តំណាង​ក្រុមហ៊ុន​របស់​ប្រទេស​ឥណ្ឌេ​ស៊ី​ជាច្រើន​ផ្សេង​ ក្នុង​បង្ហាញ​ពី​ឪកាស​វិនិយោគ​របស់​កម្ពុជា​។

ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​នៅ​មាន​ទំហំ​តូច​នៅឡើយ​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។ នៅក្នុង​ឆ្នាំ២០១៨​ ពាណិជ្ជកម្ម​ទំនិញ​សរុប​រវាង​ប្រទេស​ទាំងពីរ​មានតែ៥៥៨​ លាន​ដុល្លារ​អាមេរិក​ មានការ​កើនឡើង​ចំនួន៣​% ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌូ​នេ​ស៊ី​មានតែ​ ៣៣​ លាន​ដុល្លារ​អាមេរិក​ និង​នាំចូល​ពី​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ ៥២៥​ លាន​ដុល្លារ​អាមេរិក​។ ចំពោះ​វិនិយោគ​វិញ​នៅ​មាន​កំរិត​តិចតួច​នៅឡើយ​។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់់​ថុ​លបាន​ឲ្យដឹង​ថា​ ប្រទេស​ទាំងពីរ​មាន​សក្តា​នុ​លពល​ធំធេង​សម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ ប៉ុន្តែ​កន្លងមក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ក៏ដូចជា​ ការ​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​នៅ​មាន​កំរិត​ រួម​ជាមួយ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​មិនល្អ​ពី​ប្រទេស​កម្ពុជា​ ដែល​បា​នប​ង្ករ​ឲ្យ​មិនសូវ​មាន​វិនិយោគ​ និង​ទេសចរ​ពី​ឥណ្ឌូ​នេ​ស៊ី​ មកកាន់​កម្ពុជា​៕

ផ្នត់គំនិត​វិជ្ជមាន​៖ មូលហេតុ​ដែល​ធ្វើអោយ​ពិភពលោក​សំបូរ​អ្នកក្រ​ និង​អ្នកមាន​ជីវភាព​មធ្យម​ច្រើនជាង​អ្នកមាន​

0

ដោយ​ ម៉ា​តាំង​

ភ្នំ​ពេញៈ​ ផ្នត់គំនិត​មាន​សារៈសំខាន់​ណាស់​ រហូតដល់​សាស្រ្តា​ចារ្យ​ឬអ្នកជំនាញ​ផ្នែក​លើកទឹកចិត្ត​បាន​អះអាង​ថា​ “ការ​គិត​ឬផ្នត់គំនិត​បែប​ណា​ នឹង​ទទួ​លបានលទ្ឋ​ផល​នោះ​ ហើយ​ភាព​មាន​ឬក្រីក្រ​ អាស្រ័យ​លើ​ផ្នត់គំនិត​ ជាជាង​ព្រេងវាសនា​។

ប្រសិនបើ​អោយ​ជ្រើសរើស​រវាង​ផ្លែ​មៀន១គីឡូក្រាម​ និង​កូន​មៀន១ដើម​ មនុស្ស​ភាគច្រើន​ នឹង​ជ្រើសរើស​យក​ផ្លែ​មៀន១ គីឡូក្រាម​ ព្រោះ​គេ​ត្រូវការ​ហូប​ភ្លាម​ៗ ហើយ​ប្រសិនបើ​ជ្រើសរើស​យកកូន​មៀន១ដើម​យក​ទៅ​ដាំ​ នោះ​ត្រូវការ​ពេលវេលា​យូរណាស់​ (រហូតដល់៣ឆ្នាំ​ឯណោះ​) ទើបបាន​ផ្លែ​ ម្យ៉ាង​ត្រូវការ​ការថែទាំ​ស្រោចទឹក​ ដាក់ជី​ និង​ជួបប្រទះ​នូវ​ហានិភ័យ​ជាច្រើន​ ដូចជា​ អោយ​ផល​តិច​ ដាំ​មិន​រស់​។ល។ ម្យ៉ាង​មនុស្សជា​ច្រើន​យកលេស​ថា​គ្មាន​ដី​ដាំ​។

ផ្ទុយទៅវិញ​ បើ​មនុស្ស​ជ្រើសរើស​យកកូន​មៀន១ដើម​យក​ទៅ​ដាំ​ និង​ថែទាំ​ នោះ​គេ​នឹង​បានផល​រយៈពេល​វែង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ បើ​ប្រៀបធៀប​ផ្លែ​មៀន១គីឡូក្រាម​ដែល​ហូប​អស់​ក្នុងរយៈពេល១ថ្ងៃ​។ ជា​ការពិត​មាន​ត្រូវការ​ពេល​រហូតដល់​ទៅ៣ឆ្នាំ​ ទើប​អោយ​ផល​ ប៉ុន្តែ​វា​មាន​អាយុ​ជាង ១០ឆ្នាំ​ឯណោះ​ ពោល​គឺ​មនុស្ស​អាច​ប្រមូល​ផល​ផ្លែ​មៀន​យ៉ាងតិច៦ឆ្នាំ​។ ជាមធ្យម​ មៀន១ដើម​អោយ​ផល២០០គីឡូក្រាម​ក្នុង១ឆ្នាំ​ និង​លក់​បាន​តម្លៃ៣ដុល្លា​ក្នុង១គីឡូក្រាម​។

ដូច្នេះ​មៀន១ដើម​អោយ​ផល​ប្រហែល ៣.៦០០ដុល្លា​ (២០០គីឡូក្រាម​ x ៣ដុល្លា​ x ៦ឆ្នាំ​)។ មានន័យថា​បើ​ដាំ​មៀន១ដើម​ នឹងអាច​បានផល​ជាមធ្យម៣៦០០ដុល្លា​ ក្នុងរយៈពេល១០ឆ្នាំ​។ រយៈពេល១០ឆ្នាំ​មាន​ចំនួន៣.៦៥០ថ្ងៃ​។ ដូច្នេះ​មៀន១ដើម​អោយ​ផល​ជិត១ដុល្លា​ក្នុង១ថ្ងៃ​ និង​រហូតដល់​រយៈពេល១០ឆ្នាំ​។ ជំនួស​អោយ​ការ​ចំណាយពេល​ថែទាំ​ ទទួលយក​ហានិភ័យ​ និង​ក្រោម​លេស​ថា​គ្មាន​ដី​សំរាប់​ដាំដុះ​ មនុស្សជា​ច្រើន​សុខចិត្ត​យក​មៀន១គីឡូ​កក្រាម​ ហើយ​ហូប​តែ១ពេល​អស់​។

ឥរិយាបថ​បែបនេះ​ហើយ​ ដែល​ធ្វើអោយ​មនុស្ស​ភាគច្រើន​ មិន​មាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​។ បើ១ថ្ងៃ​ មនុស្សម្នាក់​ត្រូវការ​ប្រាក់២០ដុល្លា​សំរាប់​ចាយ​ នោះ​ដាំ​មៀន២០ដើម​ក៏​មាន​ប្រាក់​គ្រប់គ្រាន់​សំរាប់​ចាយ​ដែរ​។

ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​មិន​លំបាក​ទេ​ ប្រសិនបើ​មនុស្ស​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ មាន​ភាព​ឧស្សាហ៍​ និង​ហ៊ាន​ទទួលយក​ហានិភ័យ​ ដោយ​លះបង់​ផលប្រយោជន៍​រយៈពេល​ខ្លី​។

ចូរ​ កុំ​រក១ថ្ងៃ​ គិត១ថ្ងៃ​ គួរគប្បី​រក១ថ្ងៃ​គិត១០ឆ្នាំទៅ​មុខ​៕

ក្រុង​ប៉េកាំង​ដាក់ចេញ​ផែនការ​អភិវឌ្ឍ​ថ្មី​ដើម្បី​ពន្លឿន​សេដ្ឋកិច្ច​របស់​ខ្លួន

0

​ដោយ​ Donald​ Lee​

ប៉េកាំង​៖ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅតែ​បន្ត​បង្កើត​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ទីផ្សារ​នៅ​ជុំវិញ​ពិភពលោក​ ចិន​ផ្តោត​លើ​ដំណាក់កាល​អភិវឌ្ឍន៍​ដែល​ត្រូវ​បាន​គេ​ហៅថា​ ល្បឿន​របស់​ចិន​។ នេះ​បើ​យោង​តាម​ការ​អត្ថា​ធិប្បាយ​ដែល​បាន​ចេញផ្សាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ថ្មី​ៗនេះ​។

“ល្បឿន​របស់​ចិន​” ២.០​ បាន​បង្ហាញ​ទស្សនៈ​យ៉ាង​ច្បាស់​ថា​ កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​ គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អគារ​ខ្ពស់​ៗ គឺជា​សូចនាករ​តែមួយគត់​នៃ​សេដ្ឋកិច្ច​ដែល​មាន​សុខភាព​ល្អ​ និង​រីកចម្រើន​។អត្ថបទ​អត្ថា​ធិប្បាយ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ បានឱ្យ​ដឹង​ថា​ “ល្បឿន​របស់​ចិន​ (China​ Speed​) ឡូវ​នេះ​គឺ​តិច​ជាង​ល្បឿន​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ឬល្បឿន​សាងសង់​ផ្លូវថ្នល់​ស្ពាន​និង​អា​គារ​ខ្ពស់​ៗ។

ផ្ទុយទៅវិញ​ វា​កាន់តែ​ច្រើន​អំពី​របៀប​ដែល​សេដ្ឋកិច្ច​ចិន​មាន​ទំហំ​យ៉ាង​លឿន​យក​វិធី​សាស្រ្ត​អភិវឌ្ឍន៍​ថ្មី​មួយ​មក​ប្រើ​”។
ខណៈ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នៅតែ​បន្ត​កើតមាន​ខ្លាំង​នោះ​ ចិន​កំពុងតែ​មិនសូវ​ចាប់អារម្មណ៍​នឹង​ពាណិជ្ជកម្ម​ ហើយ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​ក្នុង​ស្រុក​របស់​ខ្លួន​ ដូចជា​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ ភស្តុភារ​បច្ចេកវិទ្យា​ 5G​ និង​ការ​កែ​លម្អ​ស្តង់ដារ​បរិស្ថាន​។

សេចក្តី​អត្ថា​ធិប្បាយ​ខាងលើ​ បាន​បន្ថែម​ “នៅ​ពីក្រោយ​មុខ​ថ្មី​នៃ​”ល្បឿន​របស់​ចិន​”គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាពរឹងមាំ​ឡើងវិញ​ជា​ចក្ខុវិស័យ​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​សេដ្ឋកិច្ច​ទំនើប​ដែល​បញ្ចូល​គុណភាព​ល្អ​ប្រសើរ​ ប្រសិទ្ធភាព​ខ្ពស់​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ និង​បើកទូលាយ​”។

ការ​ផ្លាស់​ប្តូរ​ការ​ផ្តោត​អារម្មណ៍​នេះ​កើតឡើង​នៅពេល​ដែល​អាមេរិក​កំពុង​ដាក់​សម្ពាធ​ដែល​មិន​ចេះ​រីងស្ងួត​ទៅលើ​ចិន​ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ខ្លួន​ដែល​មាន​ទឹកប្រាក់​ចំនួន​ ៤០០​ ពាន់​លាន​ដុល្លារ​។ ជា​លទ្ធផល​នេះ​គឺជា​មហន្តរាយ​ និង​កំពុង​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​។

របាយ​កា​រណ៍​ថ្មី​ៗនេះ​របស់​ Bloomberg​ បាន​ប៉ាន់ស្មាន​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ខាតបង់​ទឹកប្រាក់​ជិត​ ៥៨៥​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​ ដោយសារ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។អាមេរិក​មិនបាន​ផ្តល់​ការ​ចង្អុលបង្ហាញ​ថា​ ខ្លួន​នឹង​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​សម​ហេតុផល​នោះ​ទេ​។

អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Mike​ Pence​ បាន​និយាយ​ថា​ គោលនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ គឺ​មាន​គោលបំណង​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​អាមេរិក​ក្នុង​ការ​ចំណាយ​ដល់​សេដ្ឋកិច្ច​ចិន​។

លោក​ Pence​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​វិនិយោគិន​ថា​ “អ្វី​ដែល​ប្រធានាធិបតី​ Trump​ កំពុង​ធ្វើជា​មួយ​ចិន​គឺ​ការពារ​សេដ្ឋកិច្ច​អាមេរិក​ការពារ​ផលប្រយោជន៍​របស់​អាមេរិក​ ហើយ​ជំហររឹង​មាំ​ដែល​លោក​បាន​ប្រកាន់យក​យើង​ជឿជាក់​ថា​ មានផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​”៕