សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ចំនួន២​ បន្ថែម​ទៀត​ ត្រៀម​សាងសង់​ក្នុង​ក្រុង​ព្រះសីហនុ​

0
រូបតំណាង

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​ ក្រុង​ព្រះសីហនុ​ បាន​កែប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ជាពិសេស​សំណង់​អគារ​ខ្ពស់​ៗយ៉ាង​ស្អេកស្កះ​។ បន្ថែម​ពីនេះ​ វិស័យ​បដិសណ្ឋារ​កិច្ច​ក៏​មាន​ភាព​រីកចម្រើន​ផង​ដែរ​ ជាមួយនឹង​វត្តមាន​សណ្ឋាគារ​ទំនើប​ៗលំដាប់​ផ្កាយ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​។

នៅ​ត្រឹម​រយៈពេល៧ខែ​ដើមឆ្នាំ២០១៩កន្លង​នេះ​ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​ នៅ​តាម​តំបន់​លំ​ហែរ​កាយ​នានា​នៅក្នុង​ក្រុង​ព្រះសីហនុ​ ជាពិសេស​ ទេសចរ​ចិន​នៅតែ​បន្ត​កើនឡើង​ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មានការ​ធ្លាក់ចុះ​បន្តិច​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ជាមួយនឹង​ភាពល្អ​ប្រសើរ​នេះ​ វិស័យ​សណ្ឋាគារ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ដែល​រហូតមកដល់​ពេលនេះ​មាន​ប្រមាណ​ជិត១០០កន្លែង​សម្រាប់​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ស្នាក់នៅ​។ ជាក់ស្ដែង​នៅ​ត្រឹម​ចុងខែ​សីហា​ ឆ្នាំ២០១៩នេះ​ សណ្ឋាគារ​ដ៏​ទំនើប​លំដាប់​ផ្កាយ៥​ ចំនួន២បន្ថែម​ទៀត​ នឹង​ចូល​បង្ហាញ​រូបរាង​នៅក្នុង​វិស័យ​មួយ​នេះ​។

គម្រោង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ចំនួន២​ ដែល​នឹង​ត្រៀមខ្លួន​មក​បំពេញ​តម្រូវការ​ស្នាក់នៅ​របស់​បណ្តា​ភ្ញៀវ​ទេសចរ​មាន​ដូចជា​ គម្រោង​ទី១ត្រូវ​បាន​អភិវឌ្ឍ​ដោយក្រុម​ហ៊ុន​ HAI​ GANG​ GRAND​ HOTEL​ CO​., LTD​ ដែល​មាន​ចំនួន៥០០បន្ទប់​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន១៥៣លាន​ដុល្លារ​ និង​ផ្តល់​ការងារ​ចំនួន៩៨១កន្លែង​ ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​។ ទី២​ គំរោង​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ XIGANG​ V-CONTINENT​ INTERNATIONAL​ INVESTMENT​ CO​., LTD​មាន​បន្ទប់​ចំនួន​ ១១១១​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ ចំនួន២២៦លាន​ដុល្លារ​ ផ្តល់​ការងារ​ចំនួន​ ១៦៦៨​ កន្លែង​ មាន​ទី​តាំង​ស្ថិ​ននៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​។

ប្រធានមន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែសីហា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ សណ្ឋាគារ​គ្រប់​កម្រិត​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន៩៣​ ស្មើនឹង​ប្រមាណ៧០០០បន្ទប់​ ដែល​កំពុងតែ​បម្រើសេវា​កម្ម​។ លោក​បាន​បន្ត​ទៀត​ថា​ សព្វថ្ងៃ​នេះ​ចំនួន​ផ្ទះសំណាក់​ជាច្រើន​ ត្រូវ​បាន​បាត់បង់​ ប៉ុន្តែ​មាន​កំណើន​ផ្នែក​សណ្ឋាគារ​ ដែល​ភាគច្រើន​វិនិយោគ​ដោយ​ជនជាតិ​ចិន​”។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​ជាក់ស្តែង​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ ដែល​ចូល​មក​កម្សាន្ត​នៅ​តាម​តំបន់​លំ​ហែរ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ​គឺ​មានការ​ធ្លាក់ចុះ​ ប៉ុន្តែ​ចំពោះ​ភ្ញៀវ​បរទេស​គឺ​មានការ​កើនឡើង​ប្រមាណ៣៥ភាគរយ​”។

ជាមួយគ្នា​នេះ​ លោក​ តាំង​ សុចិត្រ​គ្រឹះ​ស្នា​ ក៏បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​វត្តមាន​សណ្ឋាគារ​លំដាប់​ផ្កាយ៥ទាំង២ខាងលើ​នេះ​ ដែល​កាន់តែ​ជួយ​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល​៕

រដ្ឋាភិបាល​កំពុង​ដាក់ចេញ​ផែនការ​ភស្តុភារ​កម្ម​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋា​ភបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​នឹង​កំពុង​រៀបចំផែនការ​មេជាតិ​ភស្តុភារ​កម្ម​ ដើម្បី​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​ និង​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រចាំឆ្នាំ​ប្រកបដោយ​ស្ថិរភាព​ និង​មានទំនុក​ចិត្ត​ខ្ពស់​។

ផែនការមេ​ជាតិ​ភស្តុ​រកម្មនេះ​ ក៏បាន​ឆ្លើយតបទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​ តាមរយៈ​ការ​អភិវឌ្ឍ​និង​ធ្វើ​ទំនើបកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់​ ផ្លូវដែក​ ផ្លូវទឹក​ ស្ពាន​ និង​កំពង់ផែ​ ជាដើម​ ឱ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ នៅ​គ្រប់​ច្រកល្ហក​ សំដៅ​ឱ្យ​សង្វាក់​នៃ​ការ​ដឹកជញ្ជូន​ប្រព្រឹត្តទៅ​ដោយ​រលូន​។

យោង​តាម​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​ភស្តុភារ​កម្ម​ (គ.ជ.ភ​) កាលពី​ថ្ងៃទី​ ២៩​ ម្សិលមិញ​នេះ​ បាន​ពិភាក្សា​ផ្តោត​ជា​សំខាន់​លើ​ការ​ប្រមូល​ធាតុ​ចូល​បន្ថែម​ ក៏ដូចជា​កែសម្រួល​ពាក្យពេចន៍​ ឃ្លាឃ្លោង​ ខ្លឹមសារ​នូវ​រាល់​ចំណុច​ខ្វះខាត​ ដើម្បី​ធានា​ឱ្យ​ផែនការមេ​ជាតិ​ភស្តុភារ​កម្ម​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ស្របតាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ មុននឹង​ដាក់​ជូន​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភស្ដុ​ភារ​កម្ម​ពិនិត្យ​នៅមុន​ដំណាច់ឆ្នាំ២០១៩នេះ​។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ អរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដែល​រួមចំណែក​យ៉ាង​ផុលផុស​ក្នុង​ការ​ផ្ដល់​ធាតុ​ចូល​ដ៏​មាន​សារសំខាន់​ ដើម្បី​ធានា​ឱ្យ​ផែនការមេ​ជាតិ​ភស្តុភារ​កម្ម​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ លើ​ថ្លៃ​សេវា​នៃ​ការ​ដឹកជញ្ជូន​ប្រកបដោយ​ ប្រសិទ្ធភាព​ និង​សុវត្ថិភាព​។

យោង​តាម​របាយការណ៍​ការសិក្សា​ផែនការមេ​ស្តី​ពី​ ការ​កែ​លម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​ នៅ​កម្ពុជា​បាន​បង្ហាញថា​ កម្ពុជា​បាន​ធ្វើឲ្យ​មានការ​រីកចម្រើន​ដ៏​ល្អ​ ក្នុង​ការ​កែ​លម្អ​វិស័យ​ភា​ស្តុ​ភារ​កម្ម​ ប៉ុន្តែ​លទ្ធផល​អនុវត្តន៍​ភស្តុភារ​កម្ម​របស់​កម្ពុជា​ស្ថិត​ក្នុង​កម្រិតទាប​ ជាង​មធ្យម​នៅឡើយ​។ នេះ​បើ​តាម​របាយការណ៍​អនុវត្ត​ភស្តុភារ​កម្ម​អន្តរជាតិ​ និង​/ឬសូចនាករ​ទាំងឡាយ​ដូចជា​ របាយការណ៍​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សាកល​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ សន្ទស្សន៍​ប្រកួតប្រជែង​ពិភពលោក​របស់​វិទ្យាស្ថាន​គ្រប់គ្រង​អន្តរជាតិ​ និង​សន្ទស្សន៍​លទ្ធផល​ អនុវត្ត​ភស្តុភារ​កម្ម​ របស់​ធនាគារពិភពលោក​។

តាម​ទស្សនវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ពិន្ទុ​មធ្យម​របស់​កម្ពុជា​ គឺ​នៅ​ទាប​ជាង​បន្តិច​ ពី​ចំណុច​មធ្យម​នី​មួយ​ៗ ដូច្នេះ​មានន័យថា​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​ចាត់ទុកថា​ ទាប​ជាង​ពិន្ទុ​កំណត់​បន្តិច​ ហើយ​ត្រូវ​មានការ​កែ​លម្អ​បន្ថែម​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​បច្ចុប្បន្ន​ និង​អនាគត​។ តាម​ទស្សន​ស្ថាប័ន​ និង​គោលនយោបាយ​កម្ពុជា​ ត្រូវ​បាន​វាយតម្លៃ​ថា​ បាន​អនុវត្ត​ក្នុង​កម្រិត​ខ្សោយ​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​នានា​ ដែល​ទាក់ទង​ទៅ​នឹង​អភិបាលកិច្ច​ និង​តម្លាភាព​។

ទោះបីជា​នីតិវិធី​អេឡិចត្រូនិក​ ត្រូ​បាន​ដាក់​ឱ្យ​អនុវត្ត​ក៏ដោយ​ ក៏​ពាណិជ្ជកម្ម​ករ​ និង​អ្នក​ផ្តល់​សេវា​ នៅតែ​មានការ​តវ៉ា​អំពី​លក្ខណ​ខណ្ឌ​តម្រូវ​ខាង​ឯកសារ​ និង​អធិការកិច្ច​លើ​ការនាំចេញ​-ចូល​ដដែល​។ លទ្ធផល​អនុវត្ត​របស់​អ្នក​ផ្តល់​សេវា​ភស្តុភារ​កម្ម​ និង​ពាណិជ្ជករ​វិស័យ​ឧស្សាហកម្ម​ ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ និង​ក្រុមហ៊ុន​បញ្ជូន​ទំនិញ​បាន​កែ​លម្អ​ ​; ដោយអនុលោមទៅតាម​សន្ទស្សន៍​អន​វត្តន៍​ ភស្តុភារ​កម្ម​ ប៉ុន្តែ​ត្រូវ​មានការ​កែ​លម្អ​បន្ថែម​ជាចាំបាច់​ ដើម្បី​ឱ្យ​សម្រេច​បាន​បរិយាកាស​ ពាណិជ្ជកម្ម​ និង​ភស្តុភារ​កម្ម​ ដែល​ដូចគ្នា​ទៅ​នឹង​បរិយាកាស​ពាណិជ្ជកម្ម​ និង​ភស្តុភារ​កម្ម​របស់​ថៃ​ និង​វៀតណាម​។

កម្ពុជា​រងគ្រោះ​ពី​ការ​ចំណាយ​ខ្ពស់​ លើ​ភស្តុភារ​កម្ម​ក្នុង​ថ្លៃ​លក់​ បើ​ធៀប​នឹង​ប្រទេស​ថៃ​ និង​វៀតណាម​។ ថ្លៃ​ចំណាយ​លើ​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​ មាន​អត្រា​ខ្ពស់​ជាងគេ​បំផុត​ បន្ទាប់ពី​ថ្លៃ​ចំណាយ​លើ​ការអនុវត្ត​សារពើ​ភណ្ឌ​ ហើយ​ថ្លៃ​ចំណាយ​លើ​សេវា​ឃ្លាំង​ស្តុក​ក៏​ខ្ពស់​ផង​ដែរ​។ ថ្លៃ​ចំណាយ​ខ្ពស់​លើ​សារពើ​ភណ្ឌ​ គឺជា​ផលវិបាក​ ដែល​កើត​ចេញពី​ភាព​មិន​ទុកចិត្ត​បាន​នៃ​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅក្នុង​ប្រទេស​៕

លោក​ Donald​ Trump​ មិន​មាន​ឆន្ទៈ​លះបង់​សង្គ្រាម​ពាណិជ្ជកម្ម​ ខណៈ​ចិន​បង្ហាញ​ផ្លូវ​ឆ្ពោះទៅ​រក​សន្តិភាព​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​រំពឹង​ថា​នឹង​ទាក់ទង​ជាមួយ​ចិន​ លើ​បញ្ហា​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ ខណៈ​ចិន​បាន​ផ្តល់​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​ដោយសន្តិវិធី​។

លោក​ Trump​ និយាយ​តាមវិទ្យុ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ “មានការ​ពិភាក្សា​មួយ​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃនេះ​ក្នុង​កម្រិត​ខុសគ្នា​”។ លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ “មើល​អ្វី​ដែល​ជា​ផលិតផល​ចុងក្រោយ​ នោះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​វិនិច្ឆ័យ​វា​”។

លោក​ Trump​ ហាក់ដូចជា​បើកទូលាយ​ចំពោះ​ការ​ចរ​ចារ​ បន្ទាប់ពី​ការ​លើកឡើង​ប្រកបដោយ​សុទិដ្ឋិនិយម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

អ្នកនាំពាក្យ​ក្រសួង​បាន​និយាយ​ថា​ ចិន​មាន​ឆន្ទៈ​ក្នុង​ការចរចា​ និង​ធ្វើការ​រួមគ្នា​ជាមួយ​អាមេរិក​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ផ្តើម​ចេញ​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

អាមេរិក​ និង​ចិន​បាន​ជាប់​គាំង​នៅក្នុង​សង្គ្រាម​ពន្ធគយ​ ដែល​បាន​កើតឡើង​ និង​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​គិត​ពន្ធ​រាប់ពាន់​លាន​ដុល្លារ​ លើ​ទំនិញ​ទាំង​អាមេរិក​ និង​ចិន​។

លោក​ Trump​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​មិន​មាន​ឆន្ទៈ​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​ ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​ មិន​ទទួល​បាន​សម្បទាន​ចាំបាច់​លើ​ពាណិជ្ជកម្ម​ពី​រដ្ឋាភិបាល​ចិន​។

នៅក្នុង​បទសម្ភាសន៍​តាមវិទ្យុ​ អ្នកសម្របសម្រួល​បាន​សួរ​លោក​ Trump​ អំពី​ការរិះគន់​ក្នុង​ស្រុក​ ដូចជា​ សមាជិកព្រឹទ្ធសភា​អាមេរិក​លោក ​Pat​ Toomey​ ដែល​បាន​និយាយ​ថា​ គ្មាន​សំនួរ​ត្រូវ​សួរ​ទេ​ សង្គ្រាម​ពាណិជ្ជកម្ម​កំពុងតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​។

លោក​ Trump​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា​ “ដូច្នេះតើ​លោក​ Pat​ Toomey​ ចង់​អោយ​ខ្ញុំ​ធ្វើអ្វី​? តើ​គាត់​ចង់​អោយ​ខ្ញុំ​និយាយ​ថា​អោយ​ខ្ញុំ​លើកដៃ​ ហើយ​អោយ​ចិន​បន្ត​ហែកហួរ​យើង​ឬ?។

លោក​ Trump​ បាន​បន្ថែម​ថា​ “ខ្ញុំ​គិតថា​ពួកគេ​ចង់​ធ្វើ​កិច្ច​ព្រមព្រៀង​។ ខ្ញុំ​គិតថា​ពួកគេ​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​”៕

ក្រុមហ៊ុន​ IT​ ថៃ​ល្បីឈ្មោះ​មួយ​គ្រោង​នឹង​ឈាន​ចូល​កម្ពុជា​នៅ​ឆ្នាំក្រោយ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Advice​ IT​ Infinite​ ដែល​ជា​ក្រុមហ៊ុន​លក់រាយ​ផលិតផល​ និង​គ្រឿងបន្លាស់​អាយ​ធី​ គ្រោង​នឹង​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​ថៃ​នៅ​ត្រីមាស​ទី៣ឆ្នាំក្រោយ​ ខណៈ​ក្រុមហ៊ុន​កំពុង​សម្លឹង​មើល​ ការពង្រីក​ការ​លក់​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បន្ថែម​ទៀត​រួម​ទាំង​កម្ពុជា​ និង​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ២០២០​។

លោក ​Chukkrit​ Watcharasaksilp​ ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​ បាន​ប្រាប់​កាសែត​ The​ Nation​ ថា​ ក្រុមហ៊ុន​នឹង​ជំរុញ​ការ​លក់​ តាមរយៈ​ហាង​លក់ដុំ​ និង​លក់រាយ​ដល់​ប្រមាណ១៣ពាន់​លាន​បាត​នៅ​ចុងឆ្នាំ​នេះ​ ដោយ​ទីកន្លែង​លក់​ពីរ​បាន​រួមចំណែក៥០ភាគរយ​។ ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណូល​ចំនួន១២​,៧ ពាន់​លាន​បាត​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​នឹង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ទៅកាន់​កម្ពុជា​ និង​មីយ៉ាន់ម៉ា​នៅ​ឆ្នាំក្រោយ​ បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​អាជីវកម្ម​ចំនួន២០នៅក្នុង​ប្រទេស​ឡាវ​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន ៧០លាន​បាត​ ក្នុង​សកម្មភាព​ទីផ្សារ​ និង​ការ​ជួសជុល​សាខា​ក្រុមហ៊ុន​ដើម្បី​ជំរុញ​ទីផ្សារ​ និង​កំណើន​ប្រាក់ចំណូល​ឱ្យ​បាន៥ភាគរយ​រៀងរាល់​ឆ្នាំ​។

បច្ចុប្បន្ន​នេះ​មាន​សាខា១១២សាខា​ និង​មាន​ហាង ​Franchise​ ២៣០​ នៅ​ទូទាំង​ប្រទេស​។ សាខា​ចំនួន២០ទៀត​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំនេះ​ ដែល​ផ្គត់ផ្គង់​នូវ​ផលិតផល​អាយ​ធី​ និង​គ្រឿងបន្លាស់​ជាង១០​,០០០​ មុខ​ក្នុង​ទីផ្សារ​។

សាខា​ថ្មី​ភាគច្រើន​នឹង​មាន​ទីតាំងនៅ​ទីក្រុង​បាងកក​ និង​តំបន់​ជុំវិញ​របស់​ខ្លួន​នៅ​តាម​ហាង​លក់​ទំ​និញ​ទំនើប​ៗដូចជា​ ផ្សារ​ទំនើប​ Central​ និង​ផ្សារ​ទំនើប​ Big​ C៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ក្រុង​បាវិត​ទំហំដី​ជាង​ ១លាន​ម៉ែត្រការ៉េ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​ បាវិត​ នឹង​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃដី​ទំហំ​ ១,២៧០,២០០​ ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ចក្រ​ម្ទេស​ និង​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ខណៈ​ក្រុង​មួយ​នេះ​ មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្ពស់​។

យោង​តាម​កិច្ចប្រជុំ​អន្តរក្រសួង​ កាលពី​ថ្ងៃទី​ ២៩​ ខែសីហា​ ម្សិលមិញ​នេះ​ បាន​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ​ (ESIA​) លើ​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​ បាវិត​ បាន​បញ្ជាក់​ថា​ ជា​របស់​ក្រុមហ៊ុន​ តាយ​សេង​ បាវិត​ អេស​អ៊ី​ហេ្ស​ត ខូ​អិល​ធី​ឌី​ (ម្ចាស់​គម្រោង​) ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ស៊ី​ ប៊ី​ ស៊ី​ស៊ី​ (RCBCC​ CO​.,LTD​.)។

ជា​លទ្ធផល​ អង្គប្រជុំ​ បានសម្រេច​ ដូច​ខាងក្រោម​៖

១-សូម​គាំទ្រ​គម្រោង​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ តាយ​សេង​ បាវិត​ទាំង​តំបន់​ទី១​ និង​តំបន់​ទី២​ ព្រោះថា​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

២-ទន្ទឹម​នេះ​ ស្នើសុំ​ឱ្យ​ម្ចាស់​គម្រោង​វិនិយោគ​នេះ​ គោរពច្បាប់​ជាធរមាន​ ជាពិសេស​គោរព​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​រៀបចំផែនការ​ក្នុង​តំបន់​ឱ្យ​បាន​ច្បាស់លាស់​ ដោយ​កំណត់​ប្រភេទ​គម្រោង​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ និង​កាត់បន្ថយ​ហានិភ័យ​។

៣-ក្រុម​ហ៊ុន​មា្ចស់​គម្រោង​ ត្រូវ​ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​បែប​ជីវៈ​សាស្រ្ត​ និង​អាង​ប្រព្រឹត្ត​កម្ម​បែប​គីមី​សាស្រ្ត​។

៤-ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ស្នើសុំ​ឱ្យធ្វើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ជំរុញ​ឱ្យ​រោងចក្រ​នី​មួយ​ៗត្រូវ​មាន​អាង​ប្រព្រឹត្ត​កម្ម​សំណល់រាវ​បឋម​របស់​ខ្លួន​មុន​បង្ហូរ​ចូល​អាង​ប្រព្រឹត្ត​កម្ម​សំណល់រាវ​រួម​របស់​តំបន់​។

៥-ក្រុមហ៊ុន​ម្ចាស់​គម្រោង​ ត្រូវ​ញែក​ប្រព័ន្ធ​លូ​ទឹក​កខ្វក់​ និង​លូ​ទឹកភ្លៀង​ឱ្យ​ដាច់ដោយឡែក​ពីគ្នា​។ ម្ចាស់​គម្រោង​ត្រូវ​មាន​កន្លែង​សម្រាប់​សំរាក​របស់​កម្មករ​ និង​រោង​បាយ​ ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​។ លើស​ពីនេះ​ ម្ចាស់​គម្រោង​ត្រូវ​មាន​ផែនការ​គ្រប់គ្រង​សំណល់រឹង​ សំណល់​គ្រោះថ្នាក់​ និង​សំណល់​ថង់​ប្លាស្ទិក​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រមទាំង​សហការ​ជាមួយ​អ្នក​ដឹកជញ្ជូន​ឱ្យ​បាន​ច្បាស់លាស់​។ លើស​ពីនេះ​ ម្ចាស់​គម្រោង​អាច​រៀបចំ​ទីលាន​ចាក់សំរាម​ និង​បង្កើត​ឡដុត​សំរាម​របស់​ខ្លួនឯង​ផ្ទាល់​តែម្តង​។ ក្នុង​នេះ​ដែរ​ ម្ចាស់​គម្រោង​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​អជ្ញា​ធរ​មូលដ្ឋាន​ ដើម្បី​លើ​ប៉ាន់​ណូ​អប់រំ​បរិស្ថាន​ ពាក់ព័ន្ធ​អំពី​ការ​វេច​ខ្ចប់​ ការគ្រប់គ្រង​សំណល់​ថង់​ប្លាស្ទិក​ ធ្វើ​យ៉ាងណា​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ ចុះ​ណែនាំ​អប់រំ​អំពី​ផល​ប៉ះពាល់​សំណល់​ថង​ប្លាស្ទិក​នេះ​។

៦-ម្ចាស់​គម្រោង​ ត្រូវ​រៀបចំ​ឱ្យ​មាន​ចំណត​សម្រាប់​រថយន្ត​ដឹក​កម្មករ​នៅ​ខាងក្នុង​តំបន់​ ផ្ទៃ​បៃតង​ និង​ទីតាំង​លក់ដូរ​ក្នុង​តំបន់​។

៧-ម្ចាស់​កម្រោ​ង ត្រូវ​មាន​ផែនការ​ប្រើប្រាស់​ដី​ឱ្យ​បាន​ច្បាស់លាស់​ យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការបង្កើត​ និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​។

៨-ម្ចាស់​គម្រោង​ ត្រូវ​សហការ​ជាមួយ​ក្រសួងធនធានទឹក​ និងឧតុនិយម​ និង​អជ្ញា​ធរ​ដែនដី​ ក្នុង​ការរៀបចំ​កន្លែង​រំដោះ​ទឹក​យូរអង្វែង​ ដោយឡែក​ដាច់​រវាង​ទឹកភ្លៀង​ និង​ទឹ​កលូរ​៕

CDC​ អនុម័ត​គម្រោង​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារ​កិច្ច​ និង​ថាមពល​អគ្គិសនី​ក្នុងទឹក​ប្រាក់​ជិត៥០០លាន​ដុល្លារ​

0
អគារ CDC។ រូបថត៖ សហការី

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន៤​ ដែល​បាន​ដាក់ស្នើ​សុំ​ការអនុញ្ញាត​កាលពី​ពេល​កន្លងទៅ​ ពេលនេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បានសម្រេច​អនុម័ត​ចុះបញ្ជី​ និង​ផ្តល់​អាជ្ញា​បណ្ណ​តាម​សំណូមពរ​ ដើម្បី​ដំណើរការ​ចាប់ផ្តើម​សាងសង់​ និង​បង្កើត​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ ក្រុង​ ផ្សេង​ៗពីគ្នា​ រួមមាន​ខេត្ត​កំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់​ និង​ក្រុង​ព្រះសីហនុ​ ។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “HAI​ GANG​ GRAND​ HOTEL​ CO​., LTD​.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន៩០០បន្ទប់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន​ ១៥៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៩៨១កន្លែង​។

២- “XIGANG​ V-CONTINENT​ INTERNATIONAL​ INVESTMENT​ CO​., LTD​” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន១.១១១បន្ទប់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ១​ សង្កាត់​លេខ៣​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២២៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៦៦៨កន្លែង​។

៣- “SCHNEITEC​ SUSTAINABLE​ CO​., LTD​” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ កម្លាំង៦០​ មេ​ហ្គា​វ៉ាត់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្ស​ក្តាម​ ឃុំ​ស្នាអន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣៥កន្លែង​។

៤- “SCHNEITEC​ SUSTAINABLE​ CO​., LTD​” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ កម្លាំង៦០​ មេ​ហ្គា​វ៉ាត់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រមាស​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្ត​កំពង់ឆ្នាំង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣៥កន្លែង​៕

គណៈរដ្ឋ​មន្ត្រី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” នៅ​ថ្ងៃនេះ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃនេះ​ បាន​និង​កំពុង​ចាប់ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​ខ្លឹមសារ​សេចក្តី​ព្រាង​ “ច្បាប់​ស្តី​ពី​សំណង់​” នៅ​ថ្ងៃទី​ ៣០​ ខែសីហា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​វិស័យ​សំណង់​ បាន​ដើរតួ​នាទី​ជាស​សរ​ស្ដម្ភ​មួយ​ ជាមួយ​សសរស្ដម្ភ​ដែល​ជំរុញ​កំណើន​ ៣ទៀត​ គឺ​វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ និង​វិស័យ​ឧស្សាហកម្ម​ ដោយ​ចូលរួម​រៀបចំ​ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​វិស័យ​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ឯកជន​ ពិសេស​រចនាសម្ព័ន្ធ​ផលិតកម្ម​ឧស្សាហកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ កសិកម្ម​ សេវាកម្ម​ និង​ទេសចរណ៍​ ព្រមទាំង​ចូលរួម​អភិវឌ្ឍ​លំនៅឋាន​ និង​សំណង់​ផ្សេងទៀត​ សម្រាប់​បម្រើ​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​ និង​ផាសុ​ខភាព​។

រយៈពេល​ជាង​មួយ​ទស្ស​វត្សរ៍​ចុងក្រោយ​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​កំណើន​ជា​ទៀងទាត់​ និង​នៅ​តែ​បបន្ត​រីកចម្រើន​ជាលំដាប់​ ជាពិសេស​ការសាងសង់​សំ​ណង់​ធំៗ​ ខ្ពស់​ៗ ដូចជា​ អាគារ​ស្នាក់នៅ​រួម​ អាគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អាគារ​ការិយាល័យ​ សណ្ឋាគារ​ អាគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅឋាន​ ភូមិគ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ​ ធនាគារ​ រោងចក្រ​ ឃ្លាំង​ ស្ថានីយ​ប្រេងឥន្ធនៈ​។ល។

ក្នុង​សន្ទុះ​នៃ​ការ​រីកចម្រើន​របស់​វិស័យ​សំណង់​ តម្រូវការ​នៃ​ការ​ពង្រឹង​ការគ្រប់គ្រង​រាល់​ដំណើរការ​ និង​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សំណង់​ និង​អ្នក​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​កាន់តែ​មាន​ភាព​ចាំបាច់​ជា​សារ​វ័ន្ត​។ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុគ្រ​ស្មាញ​ កាន់តែ​ទាមទារ​ឱ្យ​ការអនុវត្ត​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុត្ត​ បច្ចេកវិទ្យា​ ស្ដ​ង់​ដារ​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោភណភាព​ និង​ចីរភាព​នៃ​សំណង់​ រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ផង​ និង​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​ និង​ភាព​សុខដុមរមនា​នៅក្នុង​សង្គម​ផង​។

ឆ្លើយតប​នឹង​តម្រូវការ​នេះ​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ ឆ្នាំ២០៥០​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ២០១៩​-២០២៣​ និង​គោលនយោបាយ​ជាតិ​ស្ដីពី​ការរៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១១​ បាន​កំណត់​ឱ្យ​រៀបចំ​ច្បាប់​ស្ដីពី​សំណង់​។ ​

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​នេះ​ត្រូវ​បាន​តាក់តែង​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ២០១៧​ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​មានការ​ចូលរួម​ផ្ដល់​មតិយោបល់​ និង​ធាតុ​ចូល​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេដ្ឋារចនាសម្ព័ន្ធ​ ដឹកជញ្ជូន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។

សេចក្ដីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​មក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់​ និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​វប្បធម៌​ នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃទី២៣​ ទី២៤​ និង​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៩​ និង​កិច្ចប្រជុំ​អន្តរក្រសួង​នៅ​ថ្ងៃទី៦​ និង​ទី៧​ ខែសីហា​ ឆ្នាំ២០១៩​។

ក្រសួង​យុត្តិធម៌​បាន​ជួយ​ពិនិត្យ​កែសម្រួល​លើ​បណ្ដា​មាត្រា​មួយចំនួន​ក្នុង​ជំពូក​ពាក់ព័ន្ធ​នឹង​នីតិវិធី​ និង​ទោ​សប្ប​ញ្ញ​ត្តិ​ ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជាមួយ​ច្បាប់​ជាធរមាន​ដទៃទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្ដីព្រាង​ច្បាប់​នេះ​ក៏​ត្រូវ​បាន​ដាក់​ឆ្លង​ការពិភាក្សា​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ កាលពី​ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩​ ផង​ដែរ​៕

ប្រទេស​ចិន​ថ្កោលទោស​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយសន្តិវិធី​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​របស់​ចិន​បាន​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ស្ងប់ស្ងៀម​ ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ដែល​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​កាលពី​សប្តាហ៍​មុន​។

លោក​ Gao​ Feng​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “យើង​ច្រានចោល​យ៉ាង​ដាច់ខាត​ នូវ​ការ​កើតឡើង​សង្គ្រាម​ពាណិជ្ជកម្ម​ ហើយ​យើង​មាន​ឆន្ទៈ​ក្នុង​ការចរចា​ និង​សហការ​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ឥរិយាបថ​ស្ងប់ស្ងាត់​”។

អ្នកនាំពាក្យ​រូប​នេះ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ មន្រ្តី​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នៅតែ​មាន​ទំនាក់ទំនង​។

អាមេរិក​ និង​ចិន​បាន​ឆ្លើយតប​គ្នា​ទៅវិញទៅមក​ នៅក្នុង​សេចក្តី​ប្រកាស​ជាច្រើន​ចាប់តាំងពី​ថ្ងៃសុក្រ​ ដោយ​សន្យា​ថា​នឹង​ដាក់​ពន្ធគយ​រាប់ពាន់​លាន​ដុល្លារ​ លើ​ទំនិញ​របស់​គ្នា​ទៅវិញទៅមក​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បោះជំហាន​មួយ​ជំហាន​មុន​ ហើយ​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផលិត​អាមេរិក​ចាកចេញ​ពី​ចិន​។

អ្នកនាំពាក្យ​មិនបាន​បញ្ជាក់​ថា​ តើមាន​កិច្ចចរចា​ណាមួយ​ ដែល​បាន​គ្រោងទុក​នៅពេលអនាគត​ទេ​។

សេដ្ឋវិទូ​អាមេរិក​ Jefferey​ Sachs​ បាន​និយាយ​ក្នុង​បទវិចារណកថា​មួយ​ថា​ “លទ្ធផល​សេដ្ឋកិច្ច​ នៃ​អាកប្ប​កិរិយា​មិន​ចេះ​រីងស្ងួត​របស់​លោក​ Trump​ គឺ​ធ្វើឲ្យ​មាន​អស្ថិរភាព​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក​ និង​សកលលោក​ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ដែល​នឹង​កើតមានឡើង​”។

លោក​ Sachs​ បាន​បន្ថែម​ទៀត​ថា​ “ការផ្សះផ្សា​របស់​លោក​ Trump​ នៅ​ថ្ងៃនេះ​នឹង​ផ្តល់​ឱ្យ​នូវ​ការវាយប្រហារ​ថ្មី​មួយ​ ជាពិសេស​នៅពេល​គាត់​ជឿជាក់​ថា​ ចិន​នឹង​ធ្វើតាម​យុទ្ធសាស្ត្រ​សម្ពាធ​ខ្ពស់​របស់​គាត់​ ប៉ុន្តែ​ចិន​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួន​នឹង​មិន​ជាប់​គាំង​ទេ​”៕

រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​ទីក្រុង​បូកគោ​ថ្មី​ឲ្យ​មាន​មណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​តំបន់​នៅក្នុង​ទីក្រុង​បូកគោ​ថ្មី​ និង​តំបន់​ជុំវិញ​ជា​មជ្ឈមណ្ឌល​កំសាន្ត​តាម​ស្តង់​ដា​អន្តរជាតិ​ ជា​មួ​យកន្រ្ត​កយោង​នៅ​តាម​ចង្កេះភ្នំ​ដ៏​ខ្ពស់​នេះ​ ដែល​អនុញ្ញាត្ត​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​អាច​ទស្សនា​កំសាន្ត​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​តំបន់​ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​នេះ​។

គម្រោង​បង្កើត​តំបន់​កម្សាន្ត​ ត្រូវ​បាន​បែងចែក​ជាច្រើន​តំបន់​ ដូចជា​ តំបន់​អេកូ​ទេសចរណ៍​ តំបន់​ទេសចរណ៍​ខ្សែកាប​ ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​អង្គុយ​គយគន់​ទេសភាព​ធម្មជាតិ​ពីលើ​អាកាស​យ៉ាង​ត្រជាក់​ភ្នែក​ ដែល​ធ្វើជា​និមិត្តរូប​នៃ​តំបន់​ទេសចរណ៍​ប្រចាំ​ខេត្តកំពត​។ មាន​តំបន់​ទេសចរណ៍​ចម្រុះ​សម្រាប់​អ្នកមាន​ចំណូល​តិច​ និង​មធ្យម​។

កន្លែង​លំ​ហែរ​កាយ​ពហុ​បំណង​ ដែល​ជាទី​ក្រុង​ស្អាត​ បរិស្ថាន​ល្អ​ និង​គ្មាន​ប្លា​ស្ទីក​។ សារមន្ទីរ​ធម្មជាតិ​តំបន់​ភ្នំ​លេខ១​ និង​មាន​សួនសត្វ​ចម្រុះ​។ កន្លែង​មើល​ផ្កាយ​ក្នុង​ដែន​កាឡាក់ស៊ី​ពីលើ​កំ​ពូ​ លភ្នំ​បូកគោ​។

បង្កើត​តំបន់​ទេសចរណ៍​វប្បធម៌​ សាសនា​ ដែល​ជា​បេះដូង​នៃ​ការ​អភិវឌ្ឍ​នៅ​លើកំពូល​ភ្នំ​នេះ​។ បន្ថែម​ពីនេះ​ នៅ​មានការ​រៀបចំ​ជា​តំបន់​រមណីយ​ដ្ឋាន​ផ្សេង​ៗទៀត​ ដើម្បី​កាន់តែ​បង្កើន​ភាព​ទាក់ទាញ​ទេសចរ​។

ការប្រកាស​ពី​គំរោង​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​សម្បូរ​បែបនេះ​ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​។

នៅក្នុង​ប្លង់​មេ​នៃ​គម្រោង​អភិវឌ្ឍ​ទីក្រុង​បូកគោ​ ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ប្រចាំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​មានការ​បែងចែក​នូវ​តំបន់​អភិវឌ្ឍ​ចំនួន៨​ ដោយ​ត្រូវ​ធ្វើឡើង​ទៅតាម​ដំណាក់កាល​នី​មួយ​ៗយ៉ាង​ជាក់លាក់​។ ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ ក៏​មាន​គម្រោង​បង្កើត​មណ្ឌល​ និង​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន​ទីតាំង​ ដើម្បី​បង្កើន​កម្លាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​ចូល​មកកាន់​តំបន់​មួយ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ថា​ គម្រោង​បង្កើត​តំបន់​ទេសចរណ៍​កែច្នៃ​បន្ថែម​ ពី​សម្រស់​ធម្មជាតិ​ដែល​មានស្រាប់​ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​ការ​វិនិយោគ​ ពីសំណាក់​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​គម្រោង​ និង​ក្រុមហ៊ុន​ផ្សេងទៀត​។

លោកស្រី​បន្ត​ថា​ ចំពោះ​គម្រោង​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​វិញ​ នឹង​ត្រូវ​ធ្វើឡើង​បែប​តំបន់​អេ​កូរ​ទេសចរណ៍​លេខ១​ នៅ​តំបន់​ភ្នំ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​នៅ​ប្រទេស​អាស៊ាន​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោ​កហូ​ វណ្ឌី​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយ​គម្រោង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ និង​មណ្ឌល​កម្សាន្ត​ទាំងអស់​ខាងលើ​ ប៉ុន្តែ​លោក​ទទូច​ឱ្យ​មានការ​កំណត់​ ពី​សេវាកម្ម​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ទេសចរណ៍​។

លោក​បាន​មានប្រសាសន៍​ថា​ “វា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ ប្រសើ​នបើ​គម្រោង​ទាំងអស់​នេះ​អាច​លេចចេញ​ជារូបរាង​”។ លោក​បន្ត​ថា​ “គម្រោង​ទាំងនេះ​អាច​ធ្វើ​ទៅ​បាន​ទាល់តែ​មានការ​ចូលរួម​ និង​ការ​ប្តេជ្ញា​ពីសំណាក់​ក្រុមហ៊ុន​ឯកជន​ ក្រោម​ការជំរុញ​និង​គាំទ្រ​ពី​រដ្ឋាភិបាល​ ដោយ​ការកំណត់​គោលដៅ​ឱ្យ​ប្រាកដ​”។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ នៅពេល​គម្រោង​ទេសចរណ៍​ទាំងនេះ​កើតឡើង​វា​មិនមែន​បាន​ចំណូល​តែ​រដ្ឋាភិបាល​ ឬក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍន៍​នោះ​ទេ​ ប៉ុន្តែ​វា​បាន​ចាក​ស្រោច​ ចំណូល​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដែល​អាស្រ័យផល​តាមរយៈ​វិស័យ​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “អ្វី​ដែល​សំខាន់​បំផុត​ ក្រោយពេល​គម្រោង​ទាំងនេះ​បាន​កើតឡើង​ គឺ​ការកំណត់​ និង​ការ​ប្តេជ្ញា​ជាថ្មី​ ដោយ​ត្រូវ​បង្កើន​គុណភាព​សេវាកម្ម​ និង​ប្រសិទ្ធភាព​នៃ​សុវត្ថិភាព​ ទើប​អាច​រក្សា​បាន​នូវ​និរន្ត​ភាព​បាន​បាន​”។

យ៉ាងណាក៏ដោយ​ លោ​កហូ​ វណ្ឌី​បាន​សង្កត់ធ្ងន់​ផង​ដែរ​ទៅលើ​កត្តា​តម្លៃ​នៃ​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ដីធ្លី​ផង​ដែរ​ ដែល​សុទ្ធតែ​អាច​ជះឥទ្ធិពល​ ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ជាពិសេស​ករណី​វិនិយោគ​ទិញ​ដី​ស្តុក​ ក្នុង​រូបភាព​ទិញ​ដី​ទុក​ជួល​ ឬលក់​បន្ត​ក្នុង​តម្លៃ​ថ្លៃ​ ដែល​ជា​ឧបសគ្គ​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍ​ក្នុង​វិស័យ​ទេសចរណ៍​៕

គម្រោង​ Naga3​ ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ​ ៣,៥ពាន់​លាន​ដុល្លារ​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៥​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ NagaCorp​ មានបំណង​ធ្វើការ​ពង្រីក​ការ​វិ​និ​យោ​គម្រោង​ Naga​3 របស់​ខ្លួន​ឲ្យ​មាន​ទំហំ​ធំជាង​មុន​ គម្រោង​ Naga​3 ដែល​បាន​ប្រកាស​ពី​ផែនការ​នៅ​ខែ​ មេសា​ ជាមួយនឹង​ទុន​វិនិយោគ​ ៣,៥ពាន់​លាន​ដុល្លារ​ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០២៥​។ នេះ​បើ​យោង​តាម​គេហទំព័រ​ CalvinAyre​។

ការពង្រីក​គម្រោង​គម្រោង​ Naga​3 នេះ​នាំមក​នូវ​ភាព​ថ្មី​ និង​ជម្រើស​ល្បែង​ជាច្រើន​ទៀត​ដើម្បី​ទាក់ទាញ​មនុស្ស​កាន់តែ​ច្រើន​ ស្រប​ពេល​គម្រោង​នេះ​ទទួល​បានការ​គាំទ្រ​ពី​ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន​ ដែល​ឥឡូវនេះ​បាន​ផ្តល់​ការយល់ព្រម​ សម្រាប់​ការពង្រីក​ចាប់ផ្តើម​។

ប្រតិបត្តិ​ករ​សណ្ឋាគារ​ និង​កាស៊ីណូ​ដែល​ចុះបញ្ជី​នៅ​ហុងកុង​នេះ​ បាន​បើក​កិច្ចប្រជុំ​ទូទៅ​មួយ​នា​ពេល​ថ្មី​ៗនេះ​ ដោយ​អញ្ជើញ​ម្ចាស់ភាគហ៊ុន​ភាគតិច​ឱ្យ​ថ្លឹងថ្លែង​លើ​គម្រោង​នេះ​។ អ្នកចូលរួម៩៨ភាគរយ​នៃ​អ្នក​ដែល​បាន​ចូលរួម​បាន​និយាយ​ថា​ ណា​ហ្គា​ខប​គួរតែ​ឈានទៅមុខ​។ ម្ចាស់ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន​ និង​ជានា​យក​ប្រតិបត្តិ​របស់​ខ្លួន​ផង​ដែរ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​បោះឆ្នោត​ដោយ​អះអាង​ថា​ ការ​ខ្វះ​ការចូលរួម​របស់​គាត់​គឺ​សម្រាប់​គោលបំណង​អភិបាលកិច្ច​ល្អ​។

​លោក​ Chen​ Lip​ Keong​ ម្ចាស់​ហ៊ុន​ធំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ចំណាយ​ពាក់កណ្តាល​លើ​គម្រោង​នេះ​។

ការ​វិនិយោគ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​អាគារ៤២ជាន់​ចំនួន៤​ ដែល​នឹង​មាន​សណ្ឋាគារ​ កន្លែង​ស្នាក់នៅ​ កន្លែង​សន្និបាត​ កន្លែង​បរិភោគ​អាហារ​ ហាង​លក់រាយ​ក ន្លែង​កម្សាន្ត​ និង​កន្លែង​ជាច្រើន​ទៀត​ ក៏ដូចជា​ជាន់​កាស៊ីណូ​ធំ​មួយ​ផង​ដែរ​។ ជា​បន្ទប់​សណ្ឋាគារ​ដែល​មាន​ចំនួន​សរុប៤.៧២០​ នឹង​ត្រូវ​បន្ថែម​ដែល​ជា​ការ​ឆ្លើយតបទៅនឹង​ការ​រំពឹង​ទុក​ថា​ រាជធានី​ភ្នំពេញ​ នឹង​មាន​សណ្ឋាគារ ១០០​,០០០​ បន្ទប់​នៅ​ឆ្នាំ​ ២០២៥​ ។

គម្រោង ​Naga3​ នឹង​ធំជាង​បីដង​ បើ​ធៀប​នឹង​ Naga1​ និង​ Naga2​ ។ ការងារ​អចិន្រ្តៃយ៍​ចំនួន ១៨​,០០០​ នឹង​ត្រូវ​បាន​បន្ថែម​ ហើយ​នៅពេល​បញ្ចប់​ការសាងសង់​គម្រោង​ គម្រោង​នេះ​ផ្តល់​ការងារ​ប្រហែល ៥០​,០០០​កន្លែង​ក្នុង​ដំណាក់កាល​សាងសង់​។ ជាមួយនឹង​ការ​ដាក់បញ្ចូល​ Naga3​ បរិវេណ​ NagaWorld​ នឹង​ក្លាយជា​ការ​វិនិយោគ​វិស័យ​ឯកជន​ធំ​បំផុត​នៅ​កម្ពុជា​។

ថ្មី​ៗនេះ​កម្ពុជា​បាន​ប្រកាសហាម​ឃាត់​ ការ​លេងល្បែង​តាម​អ៊ី​នធើ​ណេត​ ដែល​នឹង​ធ្វើ​ឱ្យ​គម្រោង​នេះ​កាន់តែ​ទាក់ទាញ​។ ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ នឹងអាច​បន្ត​ប្រតិបត្តិ​ការ​របស់​ពួកគេ​ ប៉ុន្តែ​នឹង​ត្រូវ​ស្វែងរក​អ្វី​ផ្សេងទៀត​ ដើម្បី​ធ្វើ​នៅពេល​អាជ្ញាប័ណ្ណ​ផុតកំណត់​៕