រដ្ឋមន្ត្រី​សាធារណៈការ៖ ផ្លូវជាតិ​លេខ៤ គ្រោង​នឹង​ចាប់ផ្តើម​ពង្រីក​នៅ​ដើមឆ្នាំ២០២០ខាងមុខនេះ

0

ដោយ ​វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ នឹង​ដឹកជញ្ជូន​បាន​គូសបញ្ជាក់​សារជាថ្មី​ថា ផ្លូវជាតិ​លេខ៤ គ្រោង​នឹង​ចាប់ផ្តើម​ពង្រីក​ចាក់​កៅស៊ូ​អម​សងខាង​ផ្លូវ​នៅ​ដើមឆ្នាំ ២០២០ ខាងមុខនេះ ក្រោម​ថវិកា​កម្ចី​ឥណទាន​ពី​ធនាគារពិភពលោក​ចំនួន១១០ លាន​ដុល្លារ​អាមេរិក។

លោក ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ចំនួន​ពីរ​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នេះ​ថា បច្ចុប្បន្ននេះ​ផ្លូវជាតិ​លេខ៤ បាន​ចាក់​កៅស៊ូ​បានត្រឹមតែ៧ម៉ែត្រ​ប៉ុណ្ណោះ ដែល​នៅ​សេសសល់​នៅ​ក្រហម​នៅ​សងខាង​ផ្លូវ។

លោក​ស៊ុន ចាន់ថុល​បន្តថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៤នេះ ត្រូវបាន​សិក្សា​ចប់សព្វគ្រប់​រួចរាល់​អស់ហើយ  និង​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ​ស្ថាបនា នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៩ ខាងមុខនេះ ហើយនឹង​បើក​ការ​រដ្ឋា​ន​សាងសង់​នៅ​ដើមឆ្នាំ២០១២០​ផងដែរ។

លោក​រដ្ឋមន្ត្រី​បន្ថែមថា ថវិកា១១០លាន​ដុល្លារ​នេះ នឹងត្រូវ​ចំណាយ​លើ​ការចាក់​កៅស៊ូ​នៅលើ​ផ្លូវ​គ្រួស​ក្រហម​នៅ​អម​សង់ខាង​ផ្លូវ និង​ស្តារ​ផ្លូវជាតិ​លេខ៤នេះ​ឡើងវិញ​ដើម្បី​សម្រួល​ដល់​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះ​ចរាចរណ៍ ដែល​ធ្វើដំណើរ​នៅតាម​បណ្តោយ​ផ្លូវ​នេះ។

បើតាម​លោក​រដ្ឋមន្ត្រី ការពង្រីក​ផ្លូវជាតិ​លេខ៤នេះ នឹងត្រូវ​ប្រើពេល​ប្រមាណ៤៨ ខែ ពោលគឺ​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២២ ។

ផ្លូវជាតិ​លេខ៤ជា​ផ្លូវ​សេដ្ឋកិច្ច និង​ជា​សរសៃឈាម​ក្នុងការ​ដឹកជញ្ជូន ហើយ​ការកែលម្អ​ពង្រីក​ផ្លូវ​នេះ គឺ​មិន​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នោះទេ ដោយសារតែ​ផ្លូវ​ល្បឿន​លឿន​ជាការ​វិនិយោគ ដោយ​ក្រុមហ៊ុន​ចិន​ទៅលើ​ខ្សែ​ផ្លូវ​ថ្មី​ផ្សេង​មួយទៀត។

កាលពីដើម​ខែកក្កដា ឆ្នាំ២០១៨នេះ ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្ដល់​ឥណទាន​សម្បទាន សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី២ ជា​ហិរញ្ញប្បទាន​បន្ថែម​លើ​គម្រោង​បច្ចុប្បន្ន ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ១១០លាន​ដុល្លារ សម្រាប់​វិនិយោគ​លើ​ការស្តារ និង​ពង្រីក​ផ្លូវជាតិ​លេខ៤ពី​រាជធានី​ភ្នំពេញ ដល់ទី​រួម​ខេត្ត​ព្រះសីហនុ ក្នុង​ប្រវែង​សរុប២០៦គីឡូម៉ែត្រ ដោយ​ពង្រីក​តួ​ផ្លូវ​បច្ចុប្បន្ន​ពី​ទំហំ៧ម៉ែត្រ ឱ្យដល់​១១​ម៉ែត្រ និង​ចាក់​អ៊ុត​កៅស៊ូ​ប្រភេទ Asphalt Concret – AC ៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម៖ កម្ពុជា​ចង់បាន​ការវិនិយោគ​ជ​ប៉ុន​លើ​ការផលិត​គ្រឿង​បង្គុំ​ដើម្បី​ពង្រឹង​វិស័យ​កម្មន្តសាល

0
កម្ពុជា​ចង់បាន​ការវិនិយោគ​ជ​ប៉ុន​លើ​ការផលិត​គ្រឿង​បង្គុំ​ដើម្បី​ពង្រឹង​វិស័យ​កម្មន្តសាល
កម្ពុជា​ចង់បាន​ការវិនិយោគ​ជ​ប៉ុន​លើ​ការផលិត​គ្រឿង​បង្គុំ​ដើម្បី​ពង្រឹង​វិស័យ​កម្មន្តសាល

ដោយ ​ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បានស្នើ​ឯកអគ្គរាជទូត ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Horinouchi Hidehisa ជួយ​កៀងគរ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន មក​បណ្តាក់ទុន​លើ​ការផលិត​គ្រឿង​បង្គុំ និង​សម្ភារ​ទោចក្រយាន ដើម្បី​លើកស្ទួយ​ឧស្សាហកម្ម​កម្មន្តសាល និង​ជំរុញ​ការនាំចេញ​ផលិតផល​សម្រេច ទៅកាន់​ទីផ្សារ​អន្តរជាតិ។

កម្ពុជា​ចង់បាន​ការវិនិយោគ​ជ​ប៉ុន​លើ​ការផលិត​គ្រឿង​បង្គុំ​ដើម្បី​ពង្រឹង​វិស័យ​កម្មន្តសាល
កម្ពុជា​ចង់បាន​ការវិនិយោគ​ជ​ប៉ុន​លើ​ការផលិត​គ្រឿង​បង្គុំ​ដើម្បី​ពង្រឹង​វិស័យ​កម្មន្តសាល

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ដែល​បាន​ចប់​អាណត្តិ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​អង្គារ​ទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោក​ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​ភាគី​ជប៉ុន អំពី​កំណែទម្រង់ និង​វិធាន​ការសម្រួល​ពាណិជ្ជកម្ម ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ឱកាស​ធុរកិច្ច ដែល​វិនិយោគិន​ជប៉ុន​អាច​កើប​យកប្រាក់​ចំណេញ​ពី​ការផលិត និង​នាំចេញ​ទៅកាន់​ប្រទេស​ទី​បី។

លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា «កម្ពុជា គឺជា​ប្រទេស​នាំចេញ​កង់​ធំ​បំផុត​លំដាប់​ទី២ក្នុង​ពិភពលោក ទៅកាន់​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​សម្ភារៈ​និង​គ្រឿង​បង្គុំ​មួយចំនួន ត្រូវ​នាំចូល​ពី​ប្រទេស​ក្នុង​តំបន់ ដូច្នេះ​បើសិន​មាន​ក្រុមហ៊ុន​ផលិត​កង់​ដូចជា Shimano មក​វិនិយោគ​លើ​ឧស្សាហ​កម្មនេះ​ពិតជា​រឿង​ប្រសើរ​បំផុត! ពីព្រោះ​យើង​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ប្រើប្រាស់​កម្លាំង ទៅជា​ប្រើប្រាស់​ជំនាញ ដើម្បី​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច ដូច​បានកំណត់ នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥»។

ជាការ​ឆ្លើយតប ឯកឧត្តម ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា បាន​សម្តែង​សេចក្តី​សោម​ន្ស ចំពោះ​វឌ្ឍនភាព​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​កម្ពុជា-ជប៉ុន និង​បាន​កោតសរសើរ​អំពី​កំណែទម្រង់​មុត​ស្រួច ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួល​ការធ្វើ​ធុរកិច្ច​របស់​វិនិយោគិន​ជប៉ុន ជាពិសេស​ការនាំ​ចូល​ទំនិញ​នៅតាម​មាត់ច្រក​ព្រំដែន។

លោក​ឯកអគ្គរាជទូត ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​អនាគត​របស់​ប្រទេស​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការជំរុញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់​ច្រើន​ថែមទៀត ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ៕

សារព័ត៌មាន​អន្តរជាតិ​និយាយ​ពី​ដំណើរ​វិវឌ្ឍន៍​កម្ពុជា​ដើម្បី​ឈានទៅ​បង្កើត​ទីក្រុង​វៃឆ្លាត

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បណ្តា​ប្រទេស​នានា​ជាច្រើន​នៅលើ​សាកលលោក សុទ្ធតែ​បានបង្ហាញ​ពី​ការទទួលស្គាល់​ពី​ភាព​រីកចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ជាពិសេស​នៅត្រឹម​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយនេះ​តែម្ដង ប៉ុន្តែ​សម្រាប់​ដំណើរការ​នៃ​ការវិវត្តន៍​គោលដៅ​ចំនួន៣កន្លែង ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ​ហាក់​នៅមាន​ភាពយឺតយ៉ាវ​បន្តិច។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន The Asian Post កាលពីពេល​កន្លងទៅ។

នៅក្នុង​ការចេញ​របស់​បណ្តាញសារព័ត៌មាន​ខា​ង​លើ​នេះ​បាន​លើកឡើងថា ចាប់ពីពេលនេះ​ទៅ កម្ពុជា​កំពុង​ប្រែក្លាយ​ខ្លួន​ទៅជា​ទីក្រុង​ឆ្លាត​វៃ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការអភិវឌ្ឍ​ជាស​កល។ អ្នកជំនាញ​ជាច្រើន​បាន​មើលឃើញ​ពី​សក្តានុពល​របស់​កម្ពុ​ជា និង​ដាក់​ការវាយតម្លៃ​ខ្ពស់​ថា​ឥឡូវនេះ ជា​ដំណាក់កាល​ចាំបាច់​ដែល​កម្ពុជា ត្រូវ​ផ្លាស់ប្តូរ​ទៅជា​ទីក្រុង​ឆ្លាត​វៃ។

ក្រោម​កិច្ច​អនុលោម​ទៅតាម​ក្របខណ្ឌ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន ដែល​តម្រូវឱ្យ​បណ្តា​ប្រទេស​មួយចំនួន​ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ធ្វើការ​អភិវឌ្ឍ​ឱ្យមាន​ទីក្រុង​វៃឆ្លាត​សរុប​ចំនួន២៦ទីក្រុង ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី ប្រព័ន្ធ​ឌីជីថល​ធ្វើជា​មធ្យោបាយ រួម​ជាមួយនឹង​មធ្យោបាយផ្សេងៗទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​របស់​ទីក្រុង និង​ធ្វើយ៉ាងណា​អាចជួយ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន​ទូទៅ ក៏ដូចជា​បង្កើន​ឱកាស​ថ្មី​បន្ថែមទៀត​ផងដែរ។

ប្រទេស​កម្ពុជា បាន​ជ្រើស​រើ​ទីក្រុង​ចំនួន៣ ធ្វើជា​ទីក្រុង​ឆ្លាត​វៃ រូ​ម​មាន​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង់។ ជាមួយគ្នានេះ ដើម្បី​ស​ម្រ​ច​បាន​ផែនការ​អភិវឌ្ឍ​ទីក្រុង​វ័យឆ្លាត​នេះ កម្ពុជា​ត្រូវ​ទាមទា​ជាដំបូង​ឱ្យមាន​ផែនការមេ និង​គោលនយោបាយ​ច្បាស់លាស់ ដែលមាន​លក្ខណៈ​សមាហរណកម្ម និង​អនុវត្តតាម​គោលការណ៍​ត្រឹមត្រូវ ដើម្បី​ធានាបាន​ផលប្រយោជន៍​ពិតប្រាកដ​ពី​គម្រោង​នេះ។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី “ទីក្រុង​ឆ្លាត​វៃ និង​អនាគត​នៃ​ការអភិវឌ្ឍ​ទីក្រុង” ដែល​ត្រូវបាន​សហការ​រៀបចំ និង​គ្រប់​គ្រង់​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង អចលនទ្រព្យ​អន្តរជាតិ CBRE  ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ DFDL និង​ក្រុមហ៊ុន​ផ្នែក​សំណង់ Archetype កាលពីពេល​កន្លងទៅនេះ។

លោក Guillaume Massin សហ​អគ្គនាយក​ក្រុមហ៊ុន DFDL បាន​សង្កត់ធ្ងន់​ទៅលើ​ភាពមិនច្បាស់លាស់​មួយ ពាក់ព័ន្ធ​ទៅនឹង​កញ្ចប់​ថវិកា​សម្រាប់​គម្រោង​ទីក្រុង​ឆ្លាត​វៃ និង​ថា​តើ​គម្រោង​នេះ នឹង​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ឬ​ក្រុមហ៊ុន​ឯកជន ឬ​ដោយ​ការសហការ​គ្នា​រវាង​ឯកជន និង​រដ្ឋ។

ទោះយ៉ាងណា ការ​អភិ​ឌ្ឍ​ក្នុង​ទីក្រុង​ភ្នំពេញ បានចាប់ផ្តើម​ដើរ​តាម​គម្រោង​អ​ភ​វិ​ឌ្ឍ​ដ៏​វៃឆ្លាត​ជាបណ្តើរៗ ពោល​គឺមាន​កំណើន​លឿន​រហ័ស និង​ត្រូវបាន​ផ្លាស់ប្តូរ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​រស់​រវើក​មួយ។

លោក Guillaume Massinបាន​លើកឡើងថា “កាលពី១០ឆ្នាំមុន យើង​ស្ទើរតែ​មិនដែល​ស្រមៃ​ផង​ថា សំណង់​ផ្សារ​ទំនើបធំៗ និង​អគាខ្ពស់ៗនឹង​លេច​រូបរាង​ដូច​ពេលនេះ។ លោក​បន្តថា “ការអភិវឌ្ឍ​គម្រោង​ថ្មី និង​ការសាងសង់​អាកាស​យាន្ដ​ដ្ឋា​ន​អន្តរជាតិ​ថ្មី​ជាដើម សុទ្ធសឹង​ធ្វើតាម​គោល​គំនិត​ទីក្រុង​ឆ្លាត​វៃ ហើយ​គម្រោង​ជាច្រើន​ទៀត​នឹង​ចូលមក ប៉ុន្តែ​កម្ពុជា​ត្រូវតែ​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ផ្សេង។

ជាមួយនឹង​ដំណើរការ​នៃ​ការអនុវត្ត គម្រោង​ទីក្រុង​វៃឆ្លាត​នៅ​កម្ពុជា មាន​បណ្តា​ប្រទេស​ជា​មិត្ត​ជាច្រើន​បាន​ស្ម័គ្រ ចូលរួម​ជំរុញ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ដែល​ក្នុងនោះ​រួមមាន​ដូចជា ប្រទេស​វៀតណាម​បាន​ចូលរួម​ជាមួយគ្នា​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ដូចជា​ការគ្រប់គ្រង​សំរាម ការបំពុល​បរិស្ថាន និង​បទ​ឧក្រិដ្ឋកម្ម​ជាដើម។

ក្នុងពេល​ជាមួយគ្នានេះ ប្រទេស​កូរ៉េ បាន​ចូលខ្លួន​មក​ធ្វើ​កិច្ចសហប្រតិបត្តិការ​ប្រែក្លាយ​ទីក្រុង​កំពង់ផែ​ក្រុងព្រះសីហនុ ទៅជា​ទីក្រុង​ដ៏​ឆ្លាត​វៃ​មួយ។ ដោយ​ផ្នែក​លើ​បច្ចេកវិទ្យា​កូរ៉េ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​ទឹក​បែប​ទំនើប ការដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​ក្រុងព្រះសីហនុ ខណៈដែល​ក្រុមហ៊ុន​ឯកជន​មួយ​មកពី​ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់ថា​នឹងធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​កសាង​ទីក្រុង​ឆ្លាត​មួយ​ទំហំ​មួយ​គីឡូ​ម៉ែត្រការ៉េ​មួយ នៅ​រាជធានី​ភ្នំពេញ​ដែល​ផ្តោត​សំខាន់ បណ្តាញ​ចែកចាយ​អគ្គិសនី និង​ប្រព័ន្ធ​ផ្លូវ​ចរាចរណ៍។

ដោយឡែក​សម្រាប់​ភាគី​ខាង​ប្រទេស​ជប៉ុន ក៏បាន​សន្យា​ចូលរួម​ជួយ​ដល់​ប្រទេស​កម្ពុជា​បង្កើត​ទីក្រុង​ឆ្លាត​វៃ​ផងដែរ ដោយ​ការព្យាយាម​យក​ភាពអវិជ្ជមាន​ដែល​ខ្លួន​ធ្លាប់​ជួបប្រទះ​ធ្វើជា​គំរូ ហើយ​បញ្ចៀស​កម្ពុជា​កុំឱ្យ​ជួប​បញ្ហា​ដូច​ប្រទេស​របស់ខ្លួន ទាំង​វិស័យ​បរិស្ថាន ចរាចរណ៍ និង​វិស័យ​លំនៅដ្ឋាន​ផងដែរ៕

រដ្ឋាភិបាល​កំពុង​សិក្សា​លើ​គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ធំ​ចំនួន ៣បន្ថែមទៀត

0

ដោយ​ វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​សិក្សា​ហេ​ដ្ឋា​ន​ដឹកជញ្ជូនធំៗចំនួន       ៣ ដើម្បី​ឆ្លើយតប​ទៅនឹង​ការឡើង​នៃ​ការដឹកជញ្ជូន​ទំនិញ ការធ្វើ​ចរាចរណ៍ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានឱ្យដឹង​នៅក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ចំនួន​ពីរ​ខ្សែ គឺ​ផ្លូវ​លេខ១៤៦បេ​ប្រវែង៣៥៨០ម៉ែត្រ និង​ផ្លូវ​លេខ១៤៨ ប្រវែង២៣២០ម៉ែត្រ ដោយ​ក្រាល​កៅស៊ូ DBST នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នេះ​ថា ហេដ្ឋារចនាសម្ព័ន្ធធំៗដែល​ក្រសួង​បាន​នឹង​កំពុង​សិក្សា​រួមមាន ផ្លូវ​ក្រវាត់ក្រុង​ទី៤ ផ្លូវ​ក្រវ៉ាត់​ក្រុង​សៀមរាប និង​ពង្រីក​កំពង់ផែ​ស្វា​យ័​ត​ក្រុងព្រះសីហនុ​ដើម្បីឱ្យ​កា​ប៉ាល់ធំៗអាច​ចុះចត​បាន។

លោក​ស៊ុន ចាន់ថុល​បន្តថា ការសិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​នាពេលនេះ ក្នុង​ការត្រៀម​អនុវត្ត​នាពេលខាងមុខ​ដ៏​ខ្លី ដើម្បីឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​នៅ​កម្ពុ​ជាមាន​តម្លៃថោក ដោយសារ​តម្លៃ​ដឹកជញ្ជូន​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​មានតម្លៃ​ថ្លៃ ហើយ​មានការ​ចំណាយពេល​យូ​ក្នុងការ​ដឹកជញ្ជូន និង​ថវិការ​ច្រើន​លើ​បញ្ហា​នេះ។

លោក​បន្តថា ដូច្នេះហើយ​បាន​រដ្ឋាភិបាល​បាន​ស្វែងរក​ថវិកា និង​និតិ​វិធី​ដើម្បី​កាត់បន្ថយ​ទាំង​ការចំណាយ​ថវិកា និង​ពេលវេលា​ដើម្បីឱ្យ​ការដឹក​ទំនិញ​របស់​ក​ម្ពុ​ជា​អាច​ទៅ​យកទៅលក់​នៅក្រៅ​ប្រទេស​ឱ្យបាន​ទាន់ពេលវេលា។

លោក​ស៊ុន ចាន់ថុល​បាន​បន្ថែមថា មាន​ទំនិញ​ខ្លះ​មិនបាន​ឡើងលើ​កា​ប៉ាល់​ទេ ហើយ​កា​ប៉ាល​ចេញ​ចោល ដោយសារតែ​រថយន្ត​ដឹកទំនិញ​មានការ​កកស្ទះ មិនបាន​ទៅ​ទាន់ពេលវេលា ហើយ​នេះ​គឺជា​ការខាតបង់​ថវិការ​ជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ ដូច្នេះ ហើយ​បានជា​រដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​ស្វែងរក​ថវិកា​ទាំង​កម្ចី និង​ជំនួយ​ពី​បរទេស​ដើម្បី​យកមក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នា នៅ​កម្ពុជា​អោយ​ល្អ​មួយកម្រិត​ថែមទៀត។

ក្រៅពីនេះ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​ជុស​ជួល និង​ស្តារឡើងវិញ និង​ត្រៀម​សម្ពោធ​កសាង់​ផ្លូវ​សំខាន់​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ រួមជាមួយ​ការដឹកជញ្ជូន​ទំនិញ​កាន់តែ​លឿន​មួយកម្រិត​ទៀត៕

កម្ពុជា​ស្នើ​ឡាវ​ព​ន្លឿ​ន​ការអនុវត្ត​កិច្ចព្រមព្រៀង​ទិញ-លក់​អគ្គីសនី​ដើម្បី​ធានា​ស្ថិរភាពវិស័យ​ថាមពល​កម្ពុជា

0

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ប្រទេស​ឡាវ​ជួយ​សម្របសម្រួល​និង​ព​ន្លឿ​ន​ការបញ្ជូន​អគ្គិសនី​មកកាន់​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ទិញ-លក់​អគ្គីសនី ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា កាលពី​កំឡុង​ខែមីនា ឆ្នាំ២០១៩ ដើម្បី​ធានា​ស្ថិរភាព​ការប្រើប្រាស់​វិស័យ​ថាមពល នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ប៉ាន សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក Amphay KIDAVONG ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បាន​ថ្លែងអំណរគុណ​ភាគី​ឡាវ ដែល​បាន​ឯកភាព​ជួយ​បំពេញតម្រូវការ​ប្រើប្រាស់​ថាមពលអគ្គីសនី​នៅក្នុង​ប្រទេស ខណៈដែល​កម្ពុជា​កំពុង​សម្រុក​សាងសង់​រោង​ចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម៧០០មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​ព្រះសីហនុ និង​រោងចក្រ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ២៤០មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ពោធិ៍សាត់ ដើម្បី​ដាក់ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

លោក​បន្តថា “ក្រៅពី​គម្រោង​ខាងលើ កម្ពុជា​ក៏បាន​ទិញ​ម៉ាស៊ីនភ្លើងធំៗចំនួន​ពីរ ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​អាល្លឺម៉ង់ ដើម្បី​បង្ការ​មិន​ឱ្យមាន​បញ្ហា​កង្វះ​អគ្គិសនី​កើតឡើង​ឆ្នាំក្រោយ ហើយ​នៅ​ថ្ងៃ​អនាគត បើសិនជា​យើង​មាន​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់ លើសពី​តម្រូវការ យើង​នឹង​លក់​ថាមពល​អគ្គិសនី ដែល​សល់​ពី​ការប្រើប្រាស់​ក្នុងស្រុក ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ។

បន្ថែម​លើ​នោះ​ទៀត លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ភាគី​ឡាវ ពិចារណា​បើក​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា និង​ជំរុញ​ការដោះដូរ​ទំនិញ និង​សេវាកម្ម​ដ៏​មាន​សក្តានុពលផ្សេងៗ តាមរយៈ​ព្រឹត្តិការណ៍​ធុរកិច្ច និង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ។

លោក Amphay KIDAVONG ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​បានឱ្យដឹង​ដែរ​ថា នៅក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​សន្យា​ជួយ​សម្របសម្រួល ការបញ្ជូន​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ មកកាន់​ប្រទេស​កម្ពុជា ឱ្យបាន​ទាន់ពេលវេលា​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

ចង់​ពង្រីក​ចំណេះដឹង​បន្ថែម ស្វែងរក​ឱកាស និង​បង្កើត​ឱកាស​សាលា​អចលនទ្រព្យ​ជាទី​តាំង​ដែល​លោក អ្នក​អាច​ទទួលបាន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្របទៅនឹង​បរិបថ​ដ៏​ល្អប្រសើរ​នៃ វិស័យ​អចល​ទ្រព្យ​កម្ពុជា​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាងខ្លាំង​ត្រឹម​រយៈពេល​ខ្លី បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ងាក​មក​ចាប់អារម្មណ៍ និង​ចាប់ផ្តើម​ចូលខ្លួន​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ តាម​រូបភាពផ្សេងៗ​ពីគ្នា។ ជាមួយគ្នានេះ​ផងដែរ អ្នកជំនាញ​ជាច្រើន​នាក់​បាន​សហការ ចងក្រង​ជា​សម្ព័ន្ធ​មួយ​ដ៏​ធំ បង្កើត​សាលា​បណ្តុះ​បណ្តាល​​អាជីព​ផ្នែក​អចលនទ្រព្យ ដើម្បី​គាំទ្រ​ដល់​វិស័យ​មួយ​នេះ។

សាលា​អចលនទ្រព្យ​កម្ពុជា ជា​ស្ថាប័ន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​អចលនទ្រព្យ ដែល​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​សមាគម​អចលនទ្រព្យ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ម្ចាស់​អចលនទ្រព្យ ធនាគារ ក្រុមហ៊ុន​វិនិយោគ អ្នកវិនិយោគ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ សាលា​អចលនទ្រព្យ ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ។ ក្រៅពីនេះ​នៅមាន​កិច្ចទំនាក់ទំនង និង​ផ្សារភ្ជាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​ច្បាប់ និង​អជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បង្កើន​គុណភាព​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ បង្កើន​ប្រាក់ចំណូល​បាន​លឿន​សម្រាប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​កសាង​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ភាព​រីកចម្រើន និង​កម្ពុជា​ក្លាយជា​ប្រទេស​អ្នក​មានបាន​ឆាប់រហ័ស។

លោក​ខាត់ បូរ៉ា​នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​បានលើកឡើង​នូវ​ចក្ខុវិស័យ និង​សកម្មភាព​យុទ្ធសាស្ត្រ​ស្នូល​របស់​សាលា​ថា បេសកកម្មសំខាន់ៗចំនួន៥ ដែល​សាលា​ត្រូវធ្វើ​រួមមាន​ដូចជា ទី១ សិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​អចលនទ្រព្យ ( Research about Real Estate Industry) ៖ ច្បាប់ គោលនយោបាយ វីដេអូ​សំភាសន៍​បុគ្គលិកសំខាន់ៗអំពី​វិស័យ​អចលនទ្រព្យ ឯកសារ​ព័ត៌មាន ឯកសារ​ពាក់ព័ន្ធ​ជាដើម។

ទី២ ផ្សព្វផ្សាយ​លើកកម្ពស់​វិស័យ​អចលនទ្រព្យ (Promote Real Estate Industry) ៖ Facebook Page, YouTube , Website និង​សិក្ខាសាលា​ផ្សព្វផ្សាយ។ ទី៣. បង្កើត​ស្តង់ដារ​សម្រាប់​វិស័យ​អចលនទ្រព្យ (Develop Standard for Real Estate Industry) ៖ គោលការណ៍ និង​នីតិវិធី​សម្រាប់​បុគ្គលិក គ្រប់គ្រង​បុគ្គលិក ស្តង់ដារ​កំណត់​ប្រភេទ​អចលនទ្រព្យ។ ទី៤. បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព (Education and Capacity Building on Real Estate Industry) ៖ កម្មវិធី​បណ្តុះបណ្តាល​ជាប្រចាំ និង​សិក្ខាសាលា​ប្រចាំខែ និង​ទី៥. ពង្រីក​បណ្តាញ​ទំនាក់ទំនង​ក្នុង​វិស័យ​អចលនទ្រព្យ (Connection and Networking in Real Estate Industry) ៖ ការ​ជ្រោមជ្រែង​គ្នា សហការគ្នា​ជួយ​គ្នា​ទៅវិញទៅមក បង្កើតជា​ឱកាស​ក្នុង​ការលក់ បង្កើត​ឱកាស​ក្នុងការ​វិនិយោគ​រួមគ្នា។

បន្ទាប់ពី​បាន​ឆ្លងកាត់​នូវ​ការសិក្សា ស្វែងយល់​ពីចំណុចខ្លាំងៗ ដូច​ការរៀបរាប់​ដែល​សកម្មភាព​គោលដៅ​របស់​សាលា​អចលនទ្រព្យ​កម្ពុជា លោក​អ្នកនឹង​ទទួលបាន​ពន្លឺ និង​ចំណេះដឹង​ជាច្រើន​លើសពី​ការរំពឹងទុក។

អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ចង់​ពង្រីក​បណ្តាញ​ ចង់​ពង្រឹង​សមត្ថភាព​ និង​ពង្រីក​ឱកាស​ជោគជ័យ​កាន់តែ​ធំ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ 077​ 456​ 001​/ 081​ 456​ 001​/088​ 2000​ 168​៕

CDC សម្រេចអនុម័តលើគម្រោងបង្កើតរោងចក្រចំនួន៣បន្ថែមទៀត ក្នុងទំហំទឹកប្រាក់សរុបជាង១៦លានដុល្លារ

0
អគារ CDC។ រូបថត៖ សហការី

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៣ដែលបានដាក់ស្នើសុំការអនុញ្ញាតកាលពីពេលកន្លងទៅ ពេលនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តចុះបញ្ជី និងផ្តល់អជ្ញាបណ្ណតាមសំណូមពរ ដើម្បីដំណើរការបង្កើតរោងចក្រស្ថិតនៅក្នុងខេត្តផ្សេងៗពីគ្នា រួមមានខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៣ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៩០កន្លែង។

២- “YU YUE HANDBAG CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៤៧កន្លែង។

៣- “YA ZHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង ៕

ការសិក្សា​ថ្មី៖ សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អឺរ៉ុប​ជិត​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច

0

ដោយ Donald Lee

ភ្នំពេញៈ យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ ដោយ​ធនាគារកណ្តាល​អាល្លឺម៉ង់ Bundesbank បានឱ្យដឹងថា ការធ្លាក់​ចុះ​ជា​បន្តបន្ទាប់​នៃ​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់ ដោយសារតែ​ការធ្លាក់ចុះ​នៅក្នុង​វិស័យ​ផលិតកម្ម ឧស្សាហកម្ម​របស់ខ្លួន​អាច​មានន័យថា សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប​កំពុង​ធ្លាក់ចុះ។

យោងតាម​ធនាគារកណ្តាល​នេះ​បានឱ្យដឹងថា វិស័យ​ផលិតកម្ម​រថយន្ត​ដ៏​សំខាន់​របស់​អាឡឺម៉ង់ បាន​ធ្លាក់ចុះ​ចាប់​តាំងពីដើម​ឆ្នាំនេះ ដោយសារ​កង្វះខាត​តម្រូវការ​នៅ​បរទេស។

ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​ឡឺ​ម៉​ង់​បាន​ធ្លាក់ចុះ ០,១ ភាគរយ​ពី​ខែមេសា ដល់​ខែ មិថុនា ហើយ​អ្នកជំនាញ​យល់ស្រប​ជាមួយ​ធនាគារកណ្តាល​ថា វិស័យ​ផលិតកម្ម​នឹងមិន​កើនឡើង​នៅ​ត្រីមាស​បន្ទាប់​ឆ្នាំនេះ​ទេ។

ធនាគារកណ្តាល​នេះ​បានបញ្ជាក់​ទៀតថា “សេដ្ឋកិច្ច​ទូទៅ​អាច​ធ្លាក់ចុះ​បន្តិចម្តង។ ចំណុចកណ្តាល​នៃ​បញ្ហា​នេះ​គឺជា​ការធ្លាក់ចុះ​នៅក្នុង​ឧស្សាហកម្ម។

ធនាគារ​បាន​បន្ថែមថា “ខណៈដែលអ្វីៗកំពុង​លេចឡើង​នាពេល​បច្ចុប្បន្ននេះ វា​មិន​ច្បាស់​ទេ​ថា​តើ​ការនាំចេញ និង​ការពង្រីក​ឧស្សាហកម្ម នឹង​វិលត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ មុនពេល​សេដ្ឋកិច្ច​ក្នុងស្រុក​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ។

ប្រសិនបើ​ការព្យាករណ៍​របស់​ធនា​គារ​កណ្តាល សម្រាប់​ត្រីមាស​ទី​បី​បង្ហាញថា​ជាការ​ពិត​នោះ ប្រទេស​អាល្លឺម៉ង់​នឹង​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច ក្នុង​រយៈពេល​មួយ​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់​គ្នា៕

រដ្ឋាភិបាល​រក​ចំណូល​ពី​លក់​លេខ​ចុះបញ្ជីរ​រថយន្ត​កើន​ដល់ ៦១.២៩%

0

ដោយ ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ប្រមូល​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជីរ​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​កើនឡើង​ចំនួន ៦១.២៩%គិត​ត្រឹម​ខែ កក្កដា​ឆ្នាំ២០១៩ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨ ។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់​គណៈ កម្ម​ការ​អន្តរក្រសួង​កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ​នេះ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្តោតជាសំខាន់ លើ​ការ​ពិនិត្យមើល​របាយការណ៍​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត និង​ការពិភាក្សា​លើ​ពង្រាង​នៃ​សេចក្តីប្រកាស​អន្តរក្រសួង​ស្ដីពី ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន និង​បញ្ហាផ្សេង។

លោកស្រី​បន្តថា ដោយមាន​ការកែសម្រួល​លើ​តម្លៃ​លេខ​មួយចំនួន និង​ផ្ល​ល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ ក្រសួង​បានចេញ​នូវ​ប្រកាស​អន្តរក្រសួង​ថ្មី​លេខ.៦៨៦ សហវ.ប្រក​ស្តីពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត គ្រួសារ និង​រថយន្ត​ធុន​ស្រាល ចុះ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែល​នឹងត្រូវ​អនុវត្ត​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បី​ប្រមូល​ចំណូល មិនមែន​សារពើពន្ធ​បង្កើន​ចំណូល​រដ្ឋ​បន្ថែម និង​ដើម្បី​ផ្តល់​ជម្រើស​កាន់តែ​សំបូ​បែប​ជូន​ប្រជាពលរដ្ឋ។

លោកស្រី​រដ្ឋលេខាធិការ បាន​ជំរុញ​ឱ្យ​សមាជិក​សមាជិកា​គណៈកម្មកា​រ​អន្តរ ក្រសួង ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល ជជែក​ពិភាក្សា​ឱ្យបាន​លម្អិត និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ​ពង្រាង​នៃ​សេចក្តីប្រកាស​អន្តរក្រសួង​ស្ដីពី ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន អាច​ធានាបាន​នូវ​ប្រសិទ្ធភាព និង​រួមចំណែក​ដល់​ការប្រមូល​ប្រាក់ចំណូល​ជាតិ​ប្រកបដោយ​តម្លាភាព៕

ក្រុមហ៊ុន Huawei បោះទុន ៨០០លាន​ដុល្លារ​សាងសង់​រោងចក្រ​នៅ​ប្រេ​ស៊ី​ល

0

ដោយ ​វុត្ថា

ប្រទេស​ចិនៈ ក្រុមហ៊ុន​ Huawei Technologies Co Ltd  បានសម្រេច​បោះទុន​វិនិយោគ៨០០លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​មួយ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែលជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​ទី៤ នៅលើ​ពិភពលោក​នៅ​ឆ្នាំ​២០២២​ខាងមុខ។

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ china.org.cn កាលពី​កន្លងទៅថ្មីៗនេះ​ថា រោងចក្រ​នេះ ស្ថិតនៅ​ភាគខាងត្បូង​ឈាង​ខាងកើត​នៃ​រដ្ឋ ​Sao Paulo ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​បង្កើន​វត្តមាន​របស់​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ​បរទេស។

លោក ​Joao Doria អភិបាលរដ្ឋ​ Sao Paulo  នៅក្នុង​ដំណើរ​ទស្ស​កិច្ច​ទៅកាន់​ទីក្រុង​សៀង​ហៃ និង​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei កាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា ក្រុមហ៊ុន Huawei កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​សាងសង់​រោងចក្រ​នេះ ខណៈ​ប្រទេស​ប្រេ​ស៊ី​ល​នឹងធ្វើ​ការដេញថ្លៃ​ 5G របស់ខ្លួន​នៅ​ខែមីនា ឆ្នាំ២០២០ខាងមុខ ដែលជា​ការដេញថ្លៃ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​Hauwei បាន​បង្ហើប​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​លទ្ធភាព នៃ​ការផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នៅ​រោងចក្រ​ថ្មី​នេះ ដោយបាន​និយាយថា“ ផ្អែកលើ​លទ្ធផល​នៃប្រតិបត្តិ​ការ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​Huawei នឹង​ពិចារណា​សាងសង់​រោងចក្រ​មួយ​នៅ​រដ្ឋ Sao Paulo នាពេលខាងមុខ។

សារព័ត៌មាន​ China Daily ធ្លាបបាន​ចុះផ្សាយ​ថា ក្រុមហ៊ុន ​Huawei ទំនងជា​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ទាក់ទង​ទៅនឹង​ 5G នៅក្នុង​រោងចក្រ​នេះដែរ រួមទាំង​ស្មា​ត​ហ្វូ​ន 5G និង​មូលដ្ឋាន​ស្ថានីយ៍។

ក្រុមហ៊ុន Huawei បាន​ដំណើរការ​នៅក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​អស់​រយៈពេល​ជាង​ពីរ​ទសវត្ស​មកហើយ។ នៅក្នុង​ខែឧសភា​ក្រុមហ៊ុន​នេះ បានដាក់​បង្ហាញ​ម៉ូ​ដែល​ទូរស័ព្ទ P30 Pro និង P30 Lite របស់ខ្លួន​ជាមួយនឹង​កាមេរ៉ា ដែលមាន​គុណភាព​បង្ហាញ​ខ្ពស់​នៅក្នុង​ប្រទេស​នេះ។

ប្រេ​ស៊ី​ល​ជា​ប្រទេសមួយ​ដែលមាន​អាជីវកម្ម​ព័ត៌មាន និង​បច្ចេកវិទ្យា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ហើយក៏​ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​មួយ សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផងដែរ។ សមាគម​កម្ម software ប្រេ​ស៊ី​ល ABES ព្យាករណ៍​ថា នឹងមាន​ការកើនឡើង១០,៥ ភាគរយ លើ​ការចំណាយ​ផ្នែក​ព័ត៌មានវិទ្យា នៅក្នុង​ប្រទេស​នៅ​ឆ្នាំនេះ ដែល​ខ្ពស់ជាង​កំណើន ៩,៨ ភាគរយ​កាលពី​ឆ្នាំ ២០១៨កន្លងមកនេះ។

ទោះបីជា​ក្រុមហ៊ុន Huawei កំពុង​ប្រឈម​នឹង​ឧបសគ្គ​ខ្លះ​នៅលើ​ទីផ្សារ​បរទេស​ចំ​ពេលដែល​ភាពមិនប្រាកដប្រជា នៃ​ពាណិជ្ជកម្ម​ពិភពលោក បច្ចុប្បន្ននេះ​បានទទួល​ការគាំទ្រ​ពី​ប្រទេស​ជាច្រើន​រួមទាំង​ប្រទេស​ប្រេ​ស៊ី​ល។

លោក​ Hamilton Mourao មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​ប្រេ​ស៊ី​ល​ធ្លាប់បាន​ឱ្យដឹងថា ក្រុមហ៊ុន ​Huawei នឹងមិន​ត្រូវបាន​ហាមឃាត់ មិនឱ្យ​ដំណើរការ​បណ្តាញ​ទូរគមនាគមន៍​ចល័ត ​5G នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នោះទេ ព្រោះ​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវធ្វើ​សមាហរណកម្ម​តាមបែប​ឌីជីថល៕