ក្រសួង​សាធារណៈការ​នឹងសិក្សា​ស្ថានភាព​ផ្លូវជាតិ​លេខ៤ ឡើងវិញ​ក្រោយ​រង​ការខូចខាត​ដោយ​ទឹកជំនន់

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន នឹង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សា​សាងសង់​ផ្លូវថ្នល់ ធ្វើការ​សិក្សា​នូវ​ផ្លូវជាតិ​លេខ៤ឡើងវិញ​នូវ​កន្លែង​ខ្លះ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​កាលពីថ្មីៗនេះ។

ក្រសួង​សាធារណៈការ​

លោក វ៉ា ស៊ីម​សូ​រិ​យ៉ា អ្នកនាំពាក្យ​ក្រសួង​សាង​ធា​រណៈការ និង​ដឹកជញ្ជូន បានឱ្យដឹង​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ នេះ​ថា នៅ​ឆ្នាំ២០១៨ ផ្លូវជាតិ​លេខ ៤នេះ បាន​រងគ្រោះ​ដោយ​ទឹកជំនន់ បណ្តាលឱ្យមាន​ការខូចខាត​កន្លែង​ខ្លះ ហើយ​បានឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សា​សាងសង់​ផ្លូវថ្នល់​សិក្សា​លើកកម្ពស់​បន្ថែម តែ​សម្រាប់​នៅ​ឆ្នាំ២០១៩ នេះ ក៏មាន​កន្លែង​ខ្លះ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្រសួង​នឹង​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើការ​សិក្សា​ឡើងវិញ​ដែរ។

លោក​បន្តថា “យើង​ឃើញ​ផ្លូវ​រងគ្រោះ​ដោយ​ទឹកជំនន់​ហើយ យើង​ឱ្យគេ​ទៅធ្វើ​ម្តេច​កើត។ ចឹ​ង​ទេ​ត្រូវតែ​សិក្សា​ឡើងវិញ​នៅ​កន្លែង​ដែល​ជន់​លិច​ហ្នឹង។

អ្នកនាំពាក្យ​នាំពាក្យ​រូបនេះ​បន្តថា ការសិក្សា​ស្ថាបនា​ពង្រីក​ផ្លូវជាតិ​លេខ៤ឡើងវិញ​នេះ​នឹង​អាច​ប្រើពេល​ពី៥ ទៅ៦ខែ​បន្ថែមទៀត​ទើប​ចប់ ហើយ​អាច​នឹង​ចំណាយ​ថវិកា​ច្រើន​លើ​ពី​ផែនការ ដែល​បាន​ដាក់ចេញ​ចំនួន១១០លាន​ដុល្លារ កាលពី​ឆ្នាំ២០១៨ កន្លងមកនេះ ដែលជា​កម្ចី​ថវិកា​របស់​ធនាគារពិភពលោក។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ឆ្នាំ២០១៨បាន​លើកឡើងថា ថវិកា​ដែល​គ្រោង​ចំណាយ​ក្នុងការ​ជួសជុល និង​ប​ង្រី​ក​ផ្លូវជាតិ​លេខ៤នេះ ជា​ថវិកា​កម្ចី​ពី​ធនាគារពិភពលោក ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១១០លាន​ដុល្លារ ដោយ​ពង្រីក​ទំហំ​ផ្លូវ​នេះ​ពី៧ម៉ែត្រ ដល់១១ម៉ែត្រ​ចេញ​សង់ខាង​ថែមទៀត ដោយ​ចាក់​កៅស៊ូ​ប្រភេទ​AC ។

ផ្លូវជាតិ​លេខ ៤ នេះ​គឺជា​ផ្លូវ​សេដ្ឋកិច្ច និង​ជា​សរសៃឈាម​ក្នុងការ​ដឹកជញ្ជូន ហើយ​ការកែលម្អ​ផ្លូវ​នេះ គឺ​មិន​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​នោះទេ ដោយសារតែ​ផ្លូវ​ល្បឿន​លឿន ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន   ទៅលើ​ខ្សែ​ផ្លូវ​ថ្មី​ផ្សេង​មួយទៀត។

ការកែលម្អ​ផ្លូវជាតិ​លេខ៤នេះ នឹងមិន​មានការ​ពង្រីក​បន្ថែម​ថ្មី​ទៀត​ទេ ប៉ុន្ដែ​អាច​ពង្រីក​អ៊ុត​កៅស៊ូ​នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហមខ្លះៗដែរ ជាពិសេស​ការកសាង​ស្ពាន​បន្ថែម ឬ​បើក​មុខទឹក​ឱ្យបាន​ធំ​ជាង​មុន ខណៈពេលដែល​បច្ចុប្បន្ន​មានការ​លិច​ទឹក​ហូរ​កាត់​តាម​ដងផ្លូវ​នៅ​កន្លែង​មួយចំនួន និង​បានកើត​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុងពេល​កន្លងមក៕

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អះអាងថា អគារខ្ពស់ៗមួយចំនួន​នៅ​មិនទាន់មាន​ច្រក​សុវត្ថិភាព​ពេល​មាន​គ្រោះ​អគ្គីភ័យ

0
មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​កាលពី​ព្រឹក​ថ្ងៃទី១២ ខែសីហា ព្រឹក​មិញ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា បច្ចុប្បន្ននេះ​អគារខ្ពស់ៗនៅ​កម្ពុជា​មួយចំនួន នៅ​មិនទាន់មាន​ច្រក​សុវត្ថិភាព សម្រាប់​រត់ចេញ​នៅពេល​មាន​គ្រោះ​អគ្គីភ័យ​នៅឡើយ ដែល​នេះ​ជា​បញ្ហា​ប្រឈម​យ៉ាងសំខាន់​ដែល​ត្រូវតែ​មានការ​រឹតបន្តឹង។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ សីហា​នេះ​ថា មន្ដ្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ បាន​រកឃើញ​អគារ និង​ផ្ទះជួល​មួយចំនួន​នៅ​កម្ពុជា មិនទាន់​ដាក់​សញ្ញា​សង្គ្រោះ ពេល​មាន​អគ្គីភ័យ​កើតឡើង​នៅឡើយ ដូច្នេះ ម្ចាស់​អគារ និង​ផ្ទះជួល​ទាំងអស់​ត្រូវដាក់​សញ្ញា​ស​ង្គ្រោះ និង​មាន​ច្រក​រត់ចេញ​ជាបន្ទាន់ ហើយក៏​ត្រូវមាន​ការធានា​រ៉ាប់រង​អគ្គីភ័យ​ផងដែរ។

លោក​បន្តថា “មកទល់​ម៉ោង​នេះ​អគារ​ខ្លះ មិនទាន់​បានធ្វើ​ច្រក​សង្គ្រោះ​ទេ អា​សញ្ញា​សង្គ្រោះ​ក៏​មិន​បំពាក់ សម្លេង​សា​រ៉ែ​ន​ក៏​អត់​បានដាក់ ចឹ​ង​ដល់ពេល​ឆេះ អ្នក​នៅក្នុង​អគារ​អត់​បានដឹង។ លោក​បន្ដថា “បន្ទាប់ពី​ការស្រាវជ្រាវ និង​សិក្សា​ដោយ​មន្ដ្រី​ជំនាញ​ផ្នែក​បង្ការ និង​ពន្លត់អគ្គីភ័យ​កាលពីពេលថ្មីៗនេះ បាន​រកឃើញថា អគារខ្ពស់ៗមួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅ​កម្ពុជា មិនមាន​ច្រក​សុវត្ថិភាព​សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ឡើយ។

ជាមួយគ្នានេះ​លោក​បាន​ទទួលស្គាល់ថា ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​តែងតែមាន​ផលប៉ះពាល់។

លោក​អ៊ុក គឹម​លេខ​បាន​បន្តថា នៅ​កម្ពុជា​សព្វថ្ងៃនេះ មាន​អគារ​ធ្វើ​រហូតដល់៦០ជាន់ ប៉ុន្ដែ​ឡានទឹក​បាញ់​បានត្រឹមតែ ៣-៤ជាន់ ដូច្នេះ​នេះ​ជា​បញ្ហា។ ម្ចាស់​អ្នកផ្ទះ និង​អ្នករស់នៅ​ប្រើប្រាស់​អគារខ្ពស់ៗ មួយចំនួន​ពួកគាត់​មិនទាន់​យល់ដឹង​ថា តើ​អ្វី​ទៅ​ដែល​បណ្ដាលឱ្យមាន​អគ្គីភ័យ? ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា ដែល​បណ្តាលឱ្យមាន​គ្រោះ​អគ្គីភ័យ​កើតឡើង ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​អ្នកជំនាញ ឯកទេស​ស្ថាបត្យករ​សំណង់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការបង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ នៅ​ពេលចេញ​គម្រោង​ប្លង់​របស់ខ្លួន។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ច្រក​សុវត្ថិភាព​ពេល​មាន​គ្រោះ​អគ្គីភ័យ ក្រៅពី​សំដៅលើ​ប្រព័ន្ធ​បាញ់​ទឹក​ដោយ​ស្វ័យប្រវត្តិ ដែល​ត្រូវបាន​បំពាក់​នៅក្នុង​តួ​អគារ ស្ថាបត្យករ​ត្រូវបាន​គេ​យកចិត្តទុកដាក់២ប្រភេទ គឺ​ច្រក​ជណ្ដើរ​ថ្មើរជើង និង​ច្រក​ជណ្ដើរយន្ត​សុវត្ថិភាព។

លោក​បាន​បញ្ជាក់ថា “សម្រាប់​ច្រក​ជណ្ដើរយន្ត​សុវត្ថិភាព គេ​ធ្វើឡើង​ជាមួយ​ប្រព័ន្ធ​អគ្គិសនី​ពិសេស (ប្រភព​ថាមពល​អគ្គិសនី​ទី២) ដើម្បី​ជំនួស​ប្រព័ន្ធ​អគ្គិសនី​ក្នុង​តួ​អគារ​ដែល​ត្រូវបាន​កាត់ផ្ដាច់​ដោយ​ស្វ័យប្រវត្តិ។

លោក​បន្តទៀតថា “ធម្មតា​នៅពេល​ដែលមាន​បញ្ហា​អគ្គីភ័យ​កើតឡើង ប្រព័ន្ធ​បញ្ជា​អគ្គិសនី ក្នុង​តួ​អគារ​ទាំងមូល​នឹង​ត្រូវបាន​កាត់ផ្តាច់​ដោយ​ស្វ័យប្រវត្តិភ្លាមៗ ហើយ​ជំនួស​ដោយ​បណ្តាញ​អគ្គិសនី​បម្រុង​ពិសេស ដែល​ស្ថិត​នៅក្រៅ​តួ​អគារ ដើម្បី​បន្តសកម្មភាព​របស់​ជ​ណ្ដើ​រ​យន្ត​សុវត្ថិភាព​ឱ្យ​ដំណើរការ។

លោក​ទួ​ស សា​ភឿន​បាន​បន្តទៀតថា  ភាគច្រើន​ប្រព័ន្ធ​បញ្ជា​អគ្គិសនី​ជំនួស​បែបនេះ ហាក់​មិន​ត្រូវបាន​ប្រើ​នៅតាម​អគារ​នានា ក្នុងប្រទេស​កម្ពុជា​នោះទេ ដោយហេតុថា ប្រភព​នៃ​បណ្តាញ​អគ្គិសនី​ហាក់​នៅ​ឆ្ងាយ​ពីគ្នា ហើយ​ផ្តល់​ភាពស្មុគស្មាញ​ច្រើន​ដល់​អ្នក​សាងសង់​គម្រោង ប៉ុន្តែ​បើ​នៅតាម​បណ្តា​ប្រទេសជិតខាង គឺ​គេ​មានប្រើ​គ្រប់គ្រាន់។

យ៉ាងណាក៏ដោយ លោក​បានបង្ហាញ​ពី​ក្ដី​រំពឹងថា នៅ​ថ្ងៃ​អនាគត​ខាងមុខនេះ គ្រប់​វត្តមាន​នៃ​សំណង់​អគារខ្ពស់ៗទាំងអស់​នៅ​កម្ពុជា នឹងមាន​ប្រើប្រាស់​បច្ចេក​ទេស​ទាំងនេះ នៅពេលដែល​ថាមពល​អ​គ្គិ​ស​នី​កម្ពុជា មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់ ហើយ​ការកំណត់​ពី​គុណភាព​ស្ដង់ដា​សំណង់ ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០១៩នេះ គ្រោះ​អគ្គីភ័យ​បាន​កើតឡើង​ចំនួន៤២៩ លើក សម្លាប់​មនុស្ស​ចំនួន១០នាក់ របួសធ្ងន់​ស្រាល់​ចំនួន៤៦នាក់ និង​ឆេះ​ផ្ទះ​ចំនួន៤១៨ខ្នង៕

ប្រទេស​ថៃ-ឡាវ​ចាប់ផ្តើម​ត​ភ្ជាប់​ផ្លូវដែកដឹកជញ្ជូនទំនិញជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

0
ប្រទេស​ថៃ-ឡាវ​ចាប់ផ្តើម​ត​ភ្ជាប់​ផ្លូវដែកដឹកជញ្ជូនទំនិញ,Property Area
ប្រទេស​ថៃ-ឡាវ​ចាប់ផ្តើម​ត​ភ្ជាប់​ផ្លូវដែកដឹកជញ្ជូនទំនិញ

ភ្នំពេញ៖ ប្រទេស​ថៃ-ឡាវ​ចាប់ផ្តើម​ត​ភ្ជាប់​ផ្លូវដែកដឹកជញ្ជូនទំនិញឆ្លងកាត់​ស្ពាន​មិត្តភាព​ឡាវ-ថៃ (Thai-Lao Friendship Bridge) ត​ភ្ជាប់​ពី​ស្ថាន​នី​យ៍​រថភ្លើង​ថៃ Nong Khai ទៅកាន់​ព្រំប្រទល់​ឡាវ។

មន្ត្រីជាន់ខ្ពស់​នៃ​ដឹកជញ្ជូន​ផ្លូវដែក​ថៃ លោក Worawut Mala បានឱ្យដឹង​កាលពី​កន្លងទៅថ្មីៗនេះ ថា​ការដាក់ឱ្យ​ដំណើរ​ផ្លូវដែកដឹកជញ្ជូនទំនិញនេះ គឺ​ស្របទៅនឹង​ផែនការ​អភិវឌ្ឍ​របស់​ប្រទេស​ទាំងពីរ លើ​វិស័យ​ដឹកជញ្ជូន​ពី​កំពង់ផែ Laem Chabang ទៅកាន់​មជ្ឈមណ្ឌល​ផ្ទុក​កុង​ទី​ណ័​រ Container Yard Center នៅ​ស្ថានីយ៍ Tha Na Laeng ក្នុង​ទីក្រុង​វៀង​ច័ន្ទ។

លោក Worawut បាន​បន្តថា សេវាកម្ម​រថភ្លើង​ដឹកទំនិញ​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​ដឹកជញ្ជូន​ផ្លូវដែក​ដែល​ទទួលបាន​ជោគជ័យ និង​អាច​រក្សា​ទំនាក់ទំនង​ប្រទេសជិតខាង​ទាំងពីរ និង​ស្រប​នឹង​ផែនការ​ប្រែក្លាយ​របស់​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ដឹកជញ្ជូន​សម្រាប់​ប្រទេស​នៅ​មហា​អនុតំបន់​មេគង្គ។

លោក Worawut បាន​បន្ថែមទៀតថា រថភ្លើង​ឆ្លងកាត់​ព្រំដែន​ដែល​រត់​លើផ្លូវ​ប្រវែង ៣.៥គីឡូម៉ែត្រ ដែល​ធ្លាប់តែ​ដឹក​អ្នកដំណើរ តែ​ចាប់ពីពេលនេះ​ទៅ​អាច​ដឹកទំនិញ​បាន​ផងដែរ​ដោយមាន​រថភ្លើង​ចំនួន ៤ ធ្វើដំណើរ​ជា​រៀងរាល់ថ្ងៃ។

មន្ត្រី​មកពី​នាយកដ្ឋាន​ផ្លូវដែក​ឡាវ លោក  Sengthavisay Malivanh បានឱ្យដឹង​ដែរ​ថា នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ផ្នែក​ដឹកជញ្ជូន និង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​ឡាវ​និង​ថៃ។ រថភ្លើង​នេះ​នឹង​ដំណើរការ​សេវាកម្ម​ប្រចាំថ្ងៃ​ឆ្លងកាត់​ទន្លេមេគង្គ​ហើយ​កុង​ទី​ណ័​រ​ប្រហែល​ពី ១០ ទៅ ២០ គ្រឿង​នឹងត្រូវ​ដឹកជញ្ជូន​ចេញចូល​ទៅក្នុង​ប្រទេស​ឡា​វ។

យោងតាម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​រវាង​រដ្ឋាភិបាល​ឡាវ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិត​ខាង (NEDA) របស់​ប្រទេស​ថៃ​បានឱ្យដឹងថា ការសាងសង់​ផ្លូវដែក​ពី​តំបន់ Thanaleng ទៅ​ស្ថានីយ៍​វៀងចន្ទន៍​ដែលមាន​ប្រវែង​ជាង ៧.៥ គីឡូម៉ែត្រ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ២៨ ខែកក្កដា​ឆ្នាំ ២០១៩កន្លងមកនេះ​នឹង​ចាប់ផ្តើម​នៅ​ខែតុលា​ឆ្នាំ ២០១៩ និង​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ ២០២១

នាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំងពីរ​បាន​សម្របសម្រួល​គ្នា​យ៉ាង​ជិតស្និត​ដើម្បី​សម្រួល​ដល់​គម្រោង​ដែល​ចាំបាច់​សម្រាប់​សេវាកម្ផ្លូវដែកដឹកជញ្ជូនទំនិញ​ចិន-ឡាវ និង​ចិន-ថៃ​ដែល​នឹង​មកដល់​បន្ទាប់ពី​ផ្លូវដែកដឹកជញ្ជូនទំនិញ​ចិន-ឡាវ​នឹងត្រូវ​បញ្ចប់​នៅ​ខែធ្នូ​ឆ្នាំ ២០២១៕

ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ស្នើសុំ​សិក្សា​លម្អិត​ពី​គម្រោង​ស្ថាបនាប្រព័ន្ធបង្ហូរទឹកនៅ​ក្រុងព្រះសីហនុ

0
គម្រោង​ស្ថាបនាប្រព័ន្ធបង្ហូរទឹក

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ខណៈពេលដែល​ខេត្ត​ព្រះសីហនុ ត្រូវបាន​វាយប្រហារ​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ នៅត្រឹម​ព្រឹក​ថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន​ចិន​ Yunnan បានបង្ហាញ​ពី​គោលបំណង​ស្នើសុំ​អជ្ញាធរ​សិក្សា​លម្អិត ដើម្បី​សាងសង់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ចេញពី​ក្រុង។

គម្រោង​ស្ថាបនាប្រព័ន្ធបង្ហូរទឹក

លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន Yunnan ចិន​មានបំណង​វិនិយោគ​លើ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដែល​ទាមទារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ពិសេស​ប្រព​ន្ធ័​ប្រឡាយ​លូ ដើម្បី​លើកកម្ពស់​សោ​ភ​ណ័​ភាព បរិស្ថាន​ទីក្រុង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍។

លោក Lu Guo Bing អគ្គនាយក​ក្រុមហ៊ុន​ Yunnan មានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក បានមក​សិក្សាខ្លះៗ នូវ​ប្រព​ន្ធ័​លូ​ទាំងពីរ​ប្រភេទ​នេះ នៅ​ក្រុងព្រះសីហនុ តាំងពី​ឆ្នាំ២០១៣ ក៏ប៉ុន្តែ​មិនទាន់បាន​លម្អិត​និង​ស៊ីជម្រៅ ប្រសិនជា​រដ្ឋបាលខេត្ត​អនុញ្ញាតិ ក្រុមហ៊ុន លោក​នឹងសិក្សា​ប្លង់​លម្អិត ដើម្បី​ដាក់ជូន​រដ្ឋបាលខេត្ត​ធ្វើការ​ពិនិត្យ។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ស្វាគមន៍​គម្រោង​វិនិយោគ​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ក្នុង​ក្រុងព្រះសីហនុ ក៏ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវមាន​ផែនការ​គម្រោង​ប្លង់គោល ថា​តើ​មាន​ប្រព័ន្ធ​លូទឹក​ភ្លៀង​ប៉ុន្មាន​គីឡូម៉ែត្រ លូទឹកកខ្វក់​ប៉ុន្មាន​គីឡូម៉ែត្រ ទំហំ​លូ​មុខកាត់​ប៉ុន្មាន​ម៉ែត្រ ស្ថានីយ​ចម្រោះ​ប៉ុន្មាន​កន្លែង បំពាក់​ម៉ាស៊ីន​ក្នុង​អាង​ចម្រោះ ហើយ​ការសាងសង់​រយៈពេល​ប៉ុន្មាន​ខែ ឆ្នាំ​និង​តម្លៃ ដើម្បី​រដ្ឋបាលខេត្ត​យក​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ វាយតម្លៃ។

គម្រោង​ស្ថាបនាប្រព័ន្ធបង្ហូរទឹក

លោក​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​សិក្សា​ឱ្យបាន​ចប់​មុន​ថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បី​យកទៅ​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច សិក្សា​វាយតម្លៃថា តើ​គម្រោង​នេះ អាច​ទទួលយកបាន ឬ​មិនបាន​តាម​លក្ខណ​ជាក់ស្តែង ដើម្បី​កែលម្អ​សោភ័ណភាព បរិស្ថាន​ក្រុង​ទេសចរណ៍​នា​ទិសនិរតី៕

មន្ត្រីជាន់ខ្ពស់​សហរដ្ឋ​អាមេរិក៖ សេដ្ឋកិច្ចពិភពលោក​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មួយ​ថ្មី​ទៀត

0
​វិបត្តិ​ហិរញ្ញវត្ថុ​សកល​

ដោយ Donald Lee

វ៉ាស៊ីនតោន៖ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​បាន​រុញច្រាន​សេដ្ឋកិច្ចពិភពលោក​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​កាលពី ១០ ឆ្នាំមុន។

នេះ​បើ​យោងតាម​អតីតរដ្ឋមន្ត្រី​ក្រសួងរ​ត​នាគារ​អាមេរិក លោក Lawrence Summers ក៏​ជា​អតីត​ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារពិភពលោក និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ក្រោម​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា។

លោក Summer បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​អាមេរិក​ថា “ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​បច្ចុប្បន្ន​គឺជា​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​គួរឱ្យ​សោកស្តាយ និង​ល្ងីល្ងើ។

ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​បន្ត​ភាពវឹកវរ​កាលពី​សប្តាហ៍​មុន អ្នកសេដ្ឋកិច្ច​ជឿថា ធនាគារកណ្តាល​របស់​ចិន​បាន​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការដំឡើង​ពន្ធ​ចុងក្រោយ​របស់លោក Trump ទៅលើ​ទំនិញ​ចិន​ដែលមាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ។

ពន្ធ​នេះ​នឹងត្រូវ​ដំឡើង​ដល់ ១០ ភាគរយ​នៅ​ថ្ងៃទី ១ ខែកញ្ញា ប៉ុន្តែ​អាច​នឹង​កើនឡើង​ខ្ពស់​ដល់ ២៥ ភាគរយ។

ក្រុមអ្នកវិភាគ​ជឿជាក់ថា ពន្ធគយ​ជុំ​ថ្មី​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​អតិថិ​ជន​អាមេរិក​បំផុត ព្រោះ​វា​នឹង​រួមបញ្ចូល​ទាំង​ទំនិញ​ពេញនិយម​ដូចជា ទូរស័ព្ទ​ចល័ត កុំព្យូទ័រ​យួរដៃ ប្រដាប់ប្រដា​ក្មេង​លេង និង​ឧបករណ៍​វីដេអូ​ហ្គេម​ជាដើម។

យោងតាម​គណៈកម្មាធិកា​រ​ពាណិជ្ជកម្ម​អន្តរជាតិ​អាមេរិក ទំនិញ​ដែលមាន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​នឹង​រួមបញ្ចូល​ទាំង​ទូរស័ព្ទដៃ​មានតម្លៃ ៤៤,៨ ពាន់​លាន​ដុល្លារ កុំព្យូទ័រ​យួរដៃ​ដែលមាន​តម្លៃ ៣៨,៧ ពាន់​លាន​ដុល្លារ​ប្រដាប់ប្រដា​ក្មេង​លេង​ដែលមាន​តម្លៃ ១១,៩ ពាន់​លាន​ដុល្លារ និង​ឧបករណ៍​វីដេអូ​ហ្គេម​មានតម្លៃ ៥,៤ ពាន់​លាន​ដុល្លារ។

លើសពីនេះ​ទៀត រដ្ឋាភិបាល​ចិន​បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បញ្ឈប់​រាល់​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក​ក្នុងការ​ឆ្លើយតប​ចំពោះ​សកម្មភាព និង​អាកប្បកិរិយា​របស់លោក Trump ក្នុងអំឡុងពេល​ចរចា​ពាណិជ្ជកម្ម។

ក្រុមអ្នកវិភាគ​បាន​ឯកភាពគ្នា​ថា សង្គ្រាម​ពាណិជ្ជកម្ម​កំពុងតែ​បំផ្លាញ​សេដ្ឋកិច្ចពិភពលោក​យ៉ាងធ្ងន់ធ្ងរ។

របាយការណ៍​សេដ្ឋកិច្ច​របស់ Bloomberg បាន​ប៉ាន់ប្រមាណ​ថា ការចំណាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​អាចឈាន​ដល់ ១,២ ពាន់​ពាន់​លាន​ដុល្លារ​ដែល​នឹង​ប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​សេដ្ឋ​កិច្ច​នៅ​ទូទាំង​ពិភពលោក។

ក្រុមអ្នកវិភាគ​ជឿជាក់ថា សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដូចជា​អង់គ្លេស និង​សឹង្ហ​បូរី​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្លាក់ចុះ​សេដ្ឋកិច្ច។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អង់គ្លេស​នៅ​ត្រីមាស​ទី ២ ធ្លាក់ចុះ ០,២ ភាគរយ។ នេះ​គឺជា​ការធ្លាក់ចុះ​ដំបូង​ដែល​សេដ្ឋកិច្ច​បាន​ជួបប្រទះ​ចាប់តាំងពី​ឆ្នាំ ២០១២ ។ ប្រសិនបើ​សេដ្ឋកិច្ច​អង់គ្លេស​រង​នូវ​ការប៉ះទង្គិច​មួយ​ផ្សេងទៀត​នៅ​ត្រីមាស​ទី ៣ ប្រទេស​នេះ​នឹង​ស្ថិត​ក្នុងការ​ធ្លាក់ចូល​វិបត្តិ។

សេដ្ឋកិច្ច​ប្រទេស​សឹង្ហ​បូរី​បានទទួល​ជោគវាសនា​ប្រហាក់ប្រហែលគ្នា​នៅក្នុង​ត្រីមាស​ទី ២ ដោយសារ​ការធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម​ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ចុង​ត្រីមាស​បន្ទាប់។

អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​និយាយថា អាមេរិក​គួរតែ​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ស្រដៀង​គ្នា ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​មិនត្រូវ​បានបញ្ចប់។

លោក Summers បាន​បន្ថែមថា “ខ្ញុំ​មិន​គិតថា មាន​សំណួរ​ណាមួយ​ដែលថា​តើ​កម្មករ​អាមេរិក​នឹង​កាន់តែ​ក្រីក្រ ក្រុមហ៊ុន​អាមេរិក​នឹង​ទទួលបាន​ផលចំណេញ​តិច​នោះទេ ហើយ​សេដ្ឋកិច្ច​អាមេរិក​នឹង​កាន់តែ​អាក្រក់ទៅៗ ដោយសារ​បញ្ហា​នេះ​នៅតែ​បន្ត”៕

រដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារសម្រាប់ស្តាហេដ្ឋារសម្ព័ន្ធបន្ទាប់ពីគ្រោះទឹកជំនន់ខេត្តព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានអះអាងថា រដ្ឋាភិបាល បាននឹងកំពុងត្រៀមថវិកាប្រមាណ ១០០ លានដុល្លារអាមេរិកសម្រាប់ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីគ្រោះទឹកជំនន់។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយាបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ នេះថា ឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានត្រៀមថវិកាប្រមាណ១០០ លានដុល្លារអាមេរិក សម្រាប់ធ្វើការជួសជុលហេដ្ឋារចនសម្ព័ន្ធក្នុងខេត្តព្រះសីហនុ តែមិនដឹងប្រភពថវិកាទាំងនេះ បានមកពីណាខ្លះនោះទេ។

លោកបន្តថា “លុយ១០០លានដុល្លារនេះ គឺសម្រាប់ត្រៀមស្តារ ជួសជុល និងសាងសង់ហេដ្ឋារសម្ព័ន្ធនានាមានទាំងផ្លូវ ដាក់លូ ស្តារប្រឡាយ និងព្រមទាំងហេដ្ឋសម្ព័ន្ធផ្សេងទៀតដែលរងការខូចខាតដោយសារទឹកជំនន់។ ការស្តារ នឹងជួសជុលនូវហេដ្ឋារចនសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនេះ អាចនឹងចាប់ផ្តើមនៅចុងខែនេះ ដើម្បីឆ្លើយតបអោយទាន់ពេលវេលា។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជាទីទៅក្រសួងមិនមែនត្រៀមថវិការរបស់ក្រសួងទេ ថវិកាទាំងនេះ គឹមានការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាថវិកាបន្ទាន់សម្រាប់ធ្វើការជួយជុលហេដ្ឋារចនសម្ព័ន្ធក្រោយមានការជន់លេចខូតខាតផ្លូវ។ សម្រាប់ខេត្តខ្លះមានមានថវិកាបម្រុងចំនួន ៤០០ លានដុល្លារ និងខេត្តខ្លះមាន ៦០០លានដុល្លារព្រមទាំងខេត្តខ្លះមានច្រើនជាងនេះទៅតាមទំហំតូចធំនៃផលប៉ះពាល់ ។

ជំនន់ទឹកភ្លៀង បានវាយលុកទីក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុត គួបផ្សំកក្តាហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន ការសាងសង់សំណង់គ្មានច្បាប់ ការគោករាក់ប្រឡាយទឹក ដែលជាហេតុនាំឱ្យទឹកហូរមិនទាន់។

នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រុមការងារចុះជួយថ្នាក់ជាតិជាច្រើនផ្នែកកាលពីចុងសប្តាហ៍កន្លងមកនេះបានចុះជួយដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងក្រុងព្រះសីហនុ ដោយបញ្ជាអោយដាក់គ្រឿងចក្រជួយកាយប្រឡាយឲ្យជ្រៅជាងមុនបានធំជាងមុន ដើម្បីរំដោះទឹកចេញពីក្រុងព្រះសីហនុបានឆាប់រហ័ស។

ខេត្តព្រះសីហនុជាតំបន់ឆ្នេរសមុទ្រ ដែលមានកំពង់ផែទឹកជ្រៅនារយៈពេល២-៣ឆ្នាំចុងក្រោយនេះ មានការវិនិយោគយ៉ាងគំហុក ពីសំណាក់វិនិយោគិនចិន និងវិនិយោគិនអន្តរជាតិផ្សេងទៀត ហើយបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍យ៉ាងលឿន ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងនូវការងនូវផលប៉ះដែលទាមទាឱ្យរដ្ឋាភិបាលដោះស្រាយបន្ទាប់៕

លោក​ប្រធានាធិបតី Donald Trump៖ អាមេរិក​មិនទាន់​ត្រៀមខ្លួន​ក្នុង​ការចរចា​ជាមួយ​ប្រទេស​ចិន​ទេ

0

ដោយ Donald Lee

ភ្នំពេញ៖ ប្រធានាធិបតី​អាមេរិក Donald Trump បាន​បញ្ជាក់ថា លោក​មិនបាន​ត្រៀមខ្លួន​ធ្វើ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ ខណៈដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​កំពុង​បន្ត​ធ្វើឱ្យប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក។

លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា “យើង​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ចិន។ យើង​មិនទាន់​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​ចរចារ​នោះទេ ប៉ុន្តែ​យើង​នឹង​ចាំមើល​មាន​អ្វី​នឹង​កើតឡើង។

លោក​បាន​បន្ថែមថា “ចិន​ចង់​ធ្វើ​អ្វីមួយ​ក្នុង​ការចរចា ប៉ុន្តែ​ខ្ញុំ​មិនទាន់​ធ្វើ​អ្វី​នៅឡើយ​ទេ។ ការរំលោភបំពាន​រយៈ​ពេល ២៥ ឆ្នាំ (ចិន)។ ខ្ញុំ​មិនទាន់​ត្រៀមខ្លួន​លឿន​ទេ។

លោក Trump ក៏បាន​ចេញ​នូវ​យោបល់​ថា លោក​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei ធ្វើ​អាជីវកម្ម​មានកំណត់​ជាមួយ​ក្រុមហ៊ុន​អាមេរិក។

នៅពេល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​បាន​កើនឡើង​នៅ​សប្តាហ៍​មុននេះ បច្ចុប្បន្ន​លោក Trump បានដាក់​បញ្ជីខ្មៅ​ក្រុមហ៊ុន Huawei ពេញលេញ​ឡើងវិញ​រហូត​ទាល់​តែមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​អាចធ្វើ​ទៅបាន​វ​វាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ របស់​ពិភពលោក។

លោក Trump បាន​និយាយថា “យើង​នឹងមិន​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន Huawei ទេ ហើយ​ខ្ញុំ​ពិតជា​បានធ្វើការ​សម្រេចចិត្ត​នេះ។

Trump បាន​បន្ថែមថា “វា​មិន​ងាយស្រួល​ទេ​ក្នុង​ការធ្វើ​ជំនួញ​ណាមួយ​ជាមួយ​ក្រុមហ៊ុន Huawei ។ នេះ​មិនមែន​មានន័យថា យើង​នឹងមិន​យល់ព្រម​លើ​អ្វី​នោះទេ ប្រសិនបើ ឬ​នៅពេលដែល​យើង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។

ក្រុមអ្នកវិភាគ ជឿជាក់ថា ការចុះ​ក្នុង​បញ្ជីខ្មៅ​ក្រុមហ៊ុន Huawei គឺជា​ការ​សងសឹក​ចំពោះ​ការបដិសេធ​របស់​ចិន​ក្នុង​ការទិញ​ទំនិញ​កសិកម្ម​របស់​អា​មេ​រិ​ក ជាពិសេស​សណ្តែកសៀង៕

អ្នកជំនាញ​និយាយ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការបង្កើត​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន​នៅ​កម្ពុជា

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ការធ្វើ​អាជីវកម្ម​ដោយ​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ផ្ទាល់ខ្លួន​នៅ​កម្ពុជា​កំពុងតែ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​បាន​ដំណើរការ​ដោយ​ស្របច្បាប់ ហើយ​អ្នក​ខ្លះទៀត​ប្រាសចាក​ពី​នីតិវិធី​ច្បាប់ ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ដំណើរ​អាជីវកម្ម​របស់​ខ្លួន។

អគ្គនាយក​ក្រុមហ៊ុន Luxury Smile Group លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ផ្ទាល់ខ្លួន​វា​គឺជា​រឿង​ល្អ​ដែល​ម្ចាស់ អាជីវកម្ម​គួរតែ​ធ្វើ។ ប៉ុន្តែ​ត្រូវតែ​ប្រាកដថា​ដំណើរការ​នៃ​ការបង្កើត​ម៉ាក​សញ្ញា​ទាំង​ង​អស់នោះ​ត្រូវបាន​ធ្វើឡើង ស្របច្បាប់ ដែល​កំណត់។ លោក​ឧកញ៉ា​បាន​បន្តទៀតថា “ការបង្កើត​ម៉ាក​សញ្ញា​ទៅលើ​ផលិតផល គឺជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុងការ​បង្កើន​ការចាប់អារម្មណ៍​និង​ងាយ​ធ្វើ​ឱ្យគេ​ឆាប់​ស្គាល់​ផលិតផល​នៅលើ​ទីផ្សារ។

លោក​បន្តទៀតថា “នៅក្នុង​ប្រទេស​កម្ពុជា គឺមាន​ការកំណត់​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួងពាណិជ្ជកម្ម និង​និង​ក្រសួងមហាផ្ទៃ​ទៅលើ​ការបង្កើត​ម៉ាក​សញ្ញា ប៉ុន្តែ​ភាគច្រើន​ត្រូវបាន​អាស្រ័យ​នៅ​ប្រទេសជិតខាង​ដើម្បី​ផលិត ជាពិសេស ប្រទេស​ថៃ ដោយសារតែ​នៅ​កម្ពុជា​មិនសូវមាន​រោងចក្រ​ជំនាញ។

លោក​បាន​បន្តទៀតថា “ការស្នើសុំ​ឯកសារ​ច្បាប់​ស្ដីពី​ការបង្កើត​ម៉ាក​សញ្ញា​ពី​ក្រសួង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​នីតិវិធី​មួយ ប៉ុន្តែ​ក៏ត្រូវ​ស្នើសុំ​សិទ្ធិ​ផលិត និង​ការត្រួតពិនិត្យ​គុណភាព​ពី​ស្ថាប័ន​ជំនាញ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ។ លោក​បន្តថា “បន្ថែម​ពីនេះ ក្រោយពេល​ផលិត​ចេញ​ជា​ផលិតផល​ស្របទៅតាម​ម៉ាក​សញ្ញា នៅ​មានការ​អនុវត្តតាម​នីតិវិធី​មួយចំនួនទៀត​ដើម្បី​ធ្វើការ​នាំចូល​មកកាន់​ក​ម្ពុ​ជា​ដើម្បី​ធ្វើការ​ចែកចាយ​ទៅលើ​ទីផ្សារ។

ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​នេះ​ផងដែរ បច្ចុប្បន្នកំពុង​តែមាន​សកម្មភាព​ផុសផុល​ជាច្រើន​ពី​សំណាក់​ម្ចាស់​អាជីវកម្ម ដែល​ក្នុង​ភាគច្រើន​ត្រូវបាន​ដាក់លក់​នៅតាម​បណ្តាញ Online ហើយ​ក៏មាន​អ្នកខ្លះ​មិនបាន​អនុវត្ត​ទៅតាម​ការកំណត់​របស់​ក្រសួង​ផងដែរ។

លោក​ឧកញ៉ា ចិត្រ សេរី​សុភ័ក្ត្រ ដែល​ម្ចាស់​ក្រុមហ៊ុន​ទទួល​ប្រឹក្សា និង​បង្កើត​ម៉ាក​សញ្ញា​ផលិតផល​បាន​មានប្រសាសន៍ថា “នៅក្នុង​ករណី​អនុវត្ត​មិនបាន​ត្រឹម​ទៅតាម​ការកំណត់​របស់​ក្រសួង​គឺ​មានន័យថា ខុសច្បាប់ និង​ត្រូវ​ប្រឈម​លើ​ការផាកពិន័យ ឬ​ទទួលទោសផ្សេងៗទៀត​អាស្រ័យ​ទៅតាម​ការកំណត់​របស់​ច្បាប់។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “ករណី​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ឬ​បង្កើត​ម៉ាក​សញ្ញា​ដោយ​មិនមាន​សុំ​ការអនុញ្ញាត គឺជា​ការធ្វើ​ជំនួញ ឬ​ធ្វើ​អាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន វា​ងាយស្រួល​ចំណេញ ប៉ុន្តែ​ក៏​ងាយស្រួល​ខាតបង់​ផងដែរ ជាក់ស្ដែង​កាលពីពេល​កន្លងទៅនេះ ធ្លាប់មាន​ការចុះ​បិត​ទីតាំង​ក្រុមហ៊ុន​មួយចំនួន​រួចមកហើយ​ដែល​លួច​បង្កើត​ម៉ាក​សញ្ញា​ខុសច្បាប់។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ការបង្កើត​ម៉ាក​សញ្ញា​ផលិតផល​ស្របច្បាប់ មិន​តម្រូវ​ចំណាយពេល ឬ​ថវិកា​ច្រើន​លើសលប់​នោះទេ ហើយ​ម្យ៉ាងទៀត ក្នុងករណី​ដែល​ម្ចាស់​អាជីវកម្ម​មិន​ជ្រាប់​ពី​នីតិវិធី​ច្បាប់ គឺ​ត្រូវ​ពឹង​អ្នកជំនាញ​ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​ស្របច្បាប់​ជា​ជំនួយ។ លោក​បន្តទៀតថា “ម្ចាស់​អាជីវកម្ម​ក៏​អាច​ទទួលបាន​ការជួយ​រៀបចំ​ផែនការអាជីវកម្ម​ប្រកបដោយ​និរន្ត​ភាព ទាំង​ផ្នែក​ហិរញ្ញវត្ថុ ការគ្រប់គ្រង​ធនធានមនុស្ស ក៏ដូចជា​យុទ្ធសាស្ត្រ​ក្នុងការ​ប​ញ្ជ្រៀ​ត​ផលិតផល​ចូលទៅក្នុង​ទីផ្សារ​ផងដែរ។

លោក​ឧកញ៉ា​បាន​សង្កត់ធ្ងន់ថា “បើ​ចង់​ធ្វើ​ជំនួញ​ដោយ​ភាគ​ជោគជ័យ និង​យូរអង្វែង ត្រូវ​ធ្វើតាម​គោលការណ៍​ច្បាប់​កំណត់ ជាពិសេស​សហការ​ជាមួយ​ក្រុមហ៊ុន​ជំនាញ ជៀសវាង​ការធ្វើ​អាជីវកម្ម​ទាំង​ភាព​ប្រថុយប្រថាន ដែល​ងាយ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់ ខាត់​បង់​ទាំង​ទ្រព្យសម្បត្តិ និង​ខូច​ទាំង​កេរ្តិ៍ឈ្មោះ”៕

ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ថ្មី​មួយ​ ស្ថិតនៅ​ប្រប​មាត់​ទន្លេសាប​នឹង​សាងសង់​នៅឆាប់ៗនេះ

0
ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម

ដោយ ម៉ា​ណេ​ត

ភ្នំពេញ៖ គម្រោង​ផ្សារ​ទំនើប​ខ្នាត​យក្ស​ភ្ជាប់​ជាមួយនឹង​អាគារ​ខុន​ដូ ៤៦ជាន់ របស់​ក្រុមហ៊ុន Yuetai នឹង​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី ២៣ ខែសីហា​នេះ ខណៈ​ក្រុមហ៊ុន​នេះ​អះអាងថា គម្រោង​នេះ​នឹងមាន​ភាព​ប្លែក​ជាងគេ​នៅ​កម្ពុជា ជាមួយ​មុន​ងារ និង​សេវាកម្ម​ពាណិជ្ជកម្ម​ចម្រុះ។

ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម

លោក ឈួ​រ ជុង​ឆាយ តំណាង​ផ្នែក​លក់ គម្រោង Yuetai Phnom Penh Harbour បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១២ ខែសីហា​នេះ​ថា គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បួន​ដំណាក់កាល ដោយ ដំណាក់កាល​ទី១ នឹងត្រូវ​សាងសង់​ចាប់ពី​ស្ពាន​ជ្រោយចង្វារ​រហូតដល់​អាគារ​រដ្ឋបាល​ចាស់​នៃ​កំពង់ ផែ​ស្វយ័ត​ភ្នំពេញ។ ដំណាក់កាល​ទី២ ចាប់ពី​អគារ​រដ្ឋបាល​ចាស់​នៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រហូតដល់​ជញ្ជាំង​ខាងត្បូង កំពង់​ដដែល​នេះ។

លោក បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ទីតាំង​អភិវឌ្ឍ​សម្រាប់​ដំណាក់កាល​ទី៣ គឺ​ចាប់ពី​កន្លែង​ជួសជុល​នាវាចម្បាំង​ទឹក​រហូតដល់ ជញ្ជាំង​ភោជនីយដ្ឋាន​ទន្លេបាសាក់។ និង​ទីតាំង​សម្រាប់​ការអភិវឌ្ឍ​ដំណាក់កាល​ទី៤ ចាប់ពី​ជញ្ជាំង​ភោជនីយដ្ឋាន​ទន្លេបាសាក់​រហូតដល់ ភោជនីយដ្ឋាន​ទី​តា​និក។

គម្រោង Yuetai Phnom Penh Harbour ដែល​ស្ថិត​នៅក្បែរ​ព្រះបរមរាជវាំង​ទាំងមូល​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី ១.១៧ លាន​ម៉ែត្រការ៉េ ដែលមាន​ទំហំ​អភិវឌ្ឍន៍ ១,១៧០,០០០ ម៉ែត្រការ៉េ។

លោក បាន​បន្តថា ដោយឡែក “គម្រោង​នេះ​នឹង​ចាប់ពី​គម្រោង​ទី ២ (បញ្ចប់​ការសាងសង់​ខែធ្នូ ឆ្នាំ ២០២២) និង​ទី៤ មុន​សិន ដោយសារ​គម្រោង​ទី ១ និង​ទី៣ត្រូវការ​ទាម​ការងារ​បច្ចេកទេស​ក្នុងការ​សាងសង់ ហើយ​ចាប់ផ្តើម​សាងសង់​ជា​បន្តបន្ទាប់។

លោក បាន​ថ្លែងថា “គម្រោង​នេះ​មាន​អមដោយ​ផ្សារ​ទំនើប​ខ្នាត​ធំ ទីធ្លា​សម្រាប់​គយគន់​មាត់ទន្លេ​សម្រាប់អ្នកទេសចរ ស្ថានីយ៍​អ្នកដំណើរ​តែមួយគត់ វប្បធម៌ និង​វិថី​វប្បធម៌​សិល្បៈ​ពាណិជ្ជកម្ម​តាម​មាត់ទន្លេ សាល​វិចិត្រសិល្បៈ​តំបន់​ទន្លេមេគង្គ​និង​វប្បធម៌​អង្គរ រចនាបថ​នៃ​វិថី​ពាណិជ្ជកម្ម​ទំនើប កន្ត្រ​កវិល កន្លែង​សម្ដែង​វប្បធម៌ និង​សិល្បៈ ឧទ្យាន​វប្បធម៌ និង​មជ្ឈមណ្ឌល​ទេសចរណ៍​នៃ​ទីក្រុង​ភ្នំពេញ។

គម្រោង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ខ្នាត​ធំ​ត្រូវបាន​រចនា​ឡើង​តាមបែប​ទាន់សម័យ​ជាមួយនឹង​រចនា​រចនា​បទ​បែប​ខ្មែរ ដែល​ផ្សា​រទាំង​មាន​ទំហំ​ជាង ១២០,០០០ ម៉ែត្រការ៉េ មាន​កន្លែង​ចត​ឡាន​ចំនួន ៣,៥០០ កន្លែង និង​ចំណត​ម៉ូតូ ២,០០០ កន្លែង។

ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម

លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment បាន​មានប្រសាសន៍​ឱ្យដឹង​ផងដែរ​ថា ការរីកចម្រើន​ផ្សារ​ទំនើប គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​កំណើន​អំណាច​នៃ​ការទិញ ដោយសារ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម​កម្ពុជា ពិសេស​អ្វីដែល​យើង​មើលឃើញ​គឺ​ចំនួន​ផ្សារ​ទំនើប ដែលមាន​បច្ចុប្បន្ន​នៅ​មិនទាន់​ច្រើន​នោះទេ បើ​ធៀប​ទៅនឹង​ទំហំ​ផ្សារ និង​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​មួយ​នេះ។

លោក​បន្តថា ៗបើ​យើង​មើល​មួយ​ភ្លេ​ត​គឺ​ផ្សារ​ហាក់​មាន​ចំនួន​ច្រើន ប៉ុន្តែ​បើ​យើង​មើល​កំណើនប្រជាជន និង​ការចាប់យក​ចំណែក​ទីផ្សារខុសៗគ្នា ពី​សំណាក់​អ្នកវិនិយោគ​នៅ​តំបន់​នោះ គឺ​ចំនួន​ផ្សារ​ទាំងនោះ​នៅ​មិនទាន់​ច្រើន​នោះទេ។

ម​ជ្ឍ​ម​មណ្ឌល​ពាណិជ្ជកម្ម

កាលពីថ្មីៗនេះ ក្រុមហ៊ុន ARB បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Chean Chhoeng Thai Group (CCTG) ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Guangzhou Yuetai Group Co Ltd ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ដំឡើង​បច្ចេកវិទ្យា​បច្ចេកវិទ្យា​ឆ្លាត​វៃ​តម្លៃ ១០០លាន​ដុល្លារ នៅក្នុង​គម្រោង​នៅ​ទីក្រុង​ភ្នំពេញ​រួមមាន អគារ​ការិយាល័យ ផ្សារ​ទំនើប ខុន​ដូ និង​សណ្ឋាគារ​ផ្កាយ​ប្រាំ។

ទីផ្សារ​លំនៅដ្ឋាន​កាណាដា​ចាប់ផ្តើម​ធ្លាក់ចុះ ៩.៦% ក្នុង​ខែកក្កដា

0
ទីផ្សារលំនៅដ្ឋាន

ដោយ វុត្ថា

កាណាដា៖ ទីផ្សារ​លំនៅដ្ឋាន​របស់​ប្រទេស​កាណាដា បានចាប់ផ្តើម​ធ្លាក់ចុះ​កាលពី​ខែ​មុន​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ការសាងសង់​លំនៅដ្ឋាន និង​អា​ផាត​ម៉ិ​ន។ ក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន Canada Mortgage and Housing Corp. បាន​សាងសង់​លំនៅដ្ឋាន​ចំនួន ២២២,០១៣យូ​នី​ត ត្រូវបាន​ចុះ ៩.៦ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​មិថុនា។

លោក Doug Porter ប្រធាន​សេដ្ឋវិទូ​នៅ​ធនាគារ Bank of Montreal បាន​ប្រាប់​សារព័ត៌មាន Bloomberg កាលពី​កន្លងទៅថ្មីៗនេះ​ថា ចំនួន​លំនៅដ្ឋាន​ក្នុង​ខែកក្កដា​គឺ​តិចជាង​ការគិត​របស់​យើង​បន្ទាប់ពី​ការកើនឡើង​កាលពី​ខែមិថុនា ដោយ​ជា​មធ្យម ២០៨,០០០យូ​នី​ត​នៅ​ឆ្នាំនេះ។

លោក Porter បាន​បន្តថា “សកម្មភាព​សាងសង់​លំនៅដ្ឋាន​នៅតែមាន​ភាពរឹងមាំ​នៅក្នុង​ប្រទេស​កាណាដា​ហើយ​រួមជាមួយ​សកម្មភាព​លក់​នៅតែ​បន្តធ្វើ​ជាប្រចាំ” ។

ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កាណាដា​កំពុងមាន​ស្ថេរភាព​បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ ២០១៨ ដែល​បាន​ឈានដល់​ត្រីមាស​ទី១ ។ ទីផ្សារ​អ​លន​ទ្រព្យ​ត្រូវបាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​កាន់​តែ​ខ្លាំង និង​ការធ្លាក់ចុះ​អត្រា​ការប្រាក់​ខ្ចី។

ការលក់​លំនៅដ្ឋាន​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ និង​ទីក្រុង Vancouver បាន​កើនឡើង ២៤ភាគរយ កាលពី​ខែ​មុន ហើយ​តម្លៃ​នៅតាម​ទីក្រុងធំៗ ជាច្រើន​កំពុង​កើន​ឡើងជា​លំដាប់។

ការកែលម្អ​នេះ​កំពុង​ឈានដល់​ទំនុកចិត្ត​អ្នកប្រើប្រាស់​ដែល​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ ដោយ​ផ្នែក​ខ្លះ​លើ​ការរំពឹងទុក​សម្រាប់​ការកើនឡើង​តម្លៃ​ផ្ទះ​បន្តទៀត៕