ប្រទេស​ចិន​ចាប់ផ្តើម​ត្រួតពិនិត្យ​ធនាគារ​នៅ​ទីក្រុង​ចំនួន៣២ ចំពោះ​ការអនុវត្ត​គោលនយោបាយ​ឥណទាន​អចលនទ្រព្យ

0

ដោយ វុត្ថា

ប្រទេស​ចិនៈ ប្រទេស​ចិន​នឹង​បើក​ការត្រួតពិនិត្យ លើ​អាជីវកម្ម​ធនាគារ​ទាំង​ឡាយ ដែល​ទាក់ទង​នឹង ការអនុវត្ត​គោល​នយោបាយ​ឥណទាន​​អចលនទ្រព្យ នៅក្នុង​ទីក្រុង​ចំនួន៣២ រួមមាន​ទីក្រុង​ប៉េកាំង ទីក្រុង​សៀង​ហៃ និង​ទីក្រុង​ហ្សិ​ន​សិន​ជាដើម ដើម្បី​ពិនិត្យ​មើលថា តើ​គោលនយោបាយ​ឥណទាន​របស់​ធនាគា​ទាំងនោះ ស្របតាម​បទបញ្ញត្តិ​របស់ រដ្ឋាភិបាល​ដែរឬទេ។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Xinhau កាលពី​ចុង​សប្តាហ៍​នេះ​ថា គណៈកម្មការ​មូលប្បទានប័ត្រ​ធនាគារ និង​ធានារ៉ាប់រង​ចិន (CBIRC) បានចេញ​សារាចរ​មួយ​កាលពីពេលថ្មីៗនេះ ដោយបាន​បញ្ជាក់​ពី​ភារកិច្ចសំខាន់ៗ សម្រាប់​ការត្រួតពិនិត្យ​នេះ រួមទាំង​ការពិនិត្យ​មើល​គោលនយោបាយ​ឥណទាន​អចលនទ្រព្យ របស់​ធនាគារ​ដែល​ត្រូវបាន​អនុវត្ត​នាពេល​កន្លងមក។

សារព័ត៌មាន​បន្តថា និយតករ​របស់​ចិន នឹង​ពិនិត្យ​ពិចារណា​លើ​សេវាកម្ម​ហិរញ្ញប្បទាន​របស់​ធនាគារ សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ និង​ដីធ្លី ដើម្បី​ការពារ​ប្រាក់កម្ចី​ដល់​ក្រុមហ៊ុន ឬ​គម្រោង​ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក៏ដូចជា ការអនុវត្ត​គោលនយោបាយ​ឥណទានខុសៗគ្នា​សម្រាប់​លំនៅដ្ឋាននីមួយ។

សារព័ត៌មាន​ដដែល​បន្ថែ​ថា ការចាប់ផ្តើម​ពិនិត្យ​ត្រូវបាន​ធ្វើឡើង នៅពេលដែល​ធនាគារកណ្តាល​របស់​ប្រទេស​ចិន កាលពី​ដើមខែ​នេះ បាន​អំពាវនាវ​ឱ្យ​ធនាគារ​រក្សា​ប្រាក់កម្ចី​របស់​ពួកគេ នៅក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​កម្រិត​សម​ហេតុផល ខណៈ​ធនាគារ​នានា​បាន​បង្កើន​ការគាំទ្រ​ឥណទាន សម្រាប់​តំបន់សំខាន់ៗ និង​វិស័យ​ណា​ដែលមាន​ភាពទន់ខ្សោយ។

ធនាគារកណ្តាល​បាន​សង្កត់ធ្ងន់ថា ធនាគារ​គួរតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ “ផ្ទះ​គឺ​សម្រាប់​ការរស់នៅ មិនមែន​សម្រាប់​ទុក​វិនិយោគ​នោះទេ” ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​រចនាសម្ព័ន្ធ​ឥណទាន និង​អនុវត្ត​យន្តការ​រយៈពេល​វែង ដើម្បី​រក្សា​ការអភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ឱ្យបាន​ល្អ។

ទិន្នន័យមុនៗបាន​បង្ហាញថា ប្រាក់កម្ចី​របស់​ចិន ចំពោះ​វិស័យ​អចលនទ្រព្យ​បាន​កើនឡើង ក្នុង​ល្បឿន​យឺត​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ដោយសារ​ការ​រឹតបន្តឹង​ការទិញ​របស់​រដ្ឋាភិបាល​នៅតែមាន​នៅក្នុង​ទីក្រុងធំ។

យោងតាម​ទិន្នន័យ​ពី​ធនាគារកណ្តាល​បានឱ្យដឹងថា នៅ​ចុងបញ្ចប់​នៃ​ត្រីមាស​ទី២ ប្រាក់កម្ចី ដែល​មិនទាន់​សង​សម្រាប់​វិស័យ​អចលនទ្រព្យ មាន​ទំហំ​រហូតដល់​ចំនួន១១,០៤ពាន់​ពាន់​លាន​យន់ (ប្រហែល១,៥៧ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក) កើនឡើង ១៤,៦ ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ៕

ចំណេះដឹង! តើ​ដំណើរការ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ធ្វើឡើង​ដូចម្តេច?

0
​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​

ដោយ ​វុត្ថា

ភ្នំពេញៈ ការផ្ទេរ​សិ​ទ្ធិអចលនវត្ថុ​ជា​រឿង​មួយ​មិនមែន​សាមញ្ញ​នោះទេ បើសិនជា​យើង​ធ្វេសប្រហែស​លើ​និតិ​វិធី​មួយចំនួន វា​នឹងមាន​បញ្ហា​នាពេល​អនាគត ហេតុនេះ​ការស្វែងយល់​ពី​រឿងនេះ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​បង្ការ​ហានិភ័យ​នាពេល​ក្រោយ។

ចំពោះ​អចលនវត្ថុ​ប្លង់​ទន់ ដោយហេតុថា​ប្លង់​ទន់​នៃ​អចលនវត្ថុ ពុំមាន​ការកំណត់​ទទួលស្គាល់​ពេញលេញ​តាមផ្លូវ​ច្បាប់។ ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​ដែលមាន​ប្លង់​ទន់ តាម​ធម្មតា ធ្វើឡើង​តាមរយៈ​សេចក្តីបញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ចាប់ពី​កម្រិត​រដ្ឋបាល​ថ្នាក់ភូមិ ឬ​ឃុំ/សង្កាត់ ឬ​រហូតដល់​ស្រុក/ខណ្ឌ។

ជាទូទៅ​ដំណើរការ​ផ្ទេរសិទ្ធិ​បែបនេះ មាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច ដោយសារ​បច្ចុប្បន្ន​ពុំទាន់​មាន​យន្តការ សម្រាប់​ប្រមូល​ពន្ធ​លើ​ការផ្ទេរសិទ្ធិ​ក្នុង​ប្លង់​ទន់​ទេ ប៉ុន្តែ​ទន្ទឹមនឹងនេះ ភាគី​អ្នកទទួល​ការផ្ទេរ​អចលនវត្ថុ​នោះ នឹងត្រូវ​ទទួលយក​ហានិភ័យ​នានា ដែល​ពាក់ព័ន្ធ​នឹង​ភាពស្រពេចស្រពិល នៃ​សិទ្ធិ​ក្នុង​ប្លង់​ទន់ ព្រមទាំង​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ។

ចំពោះ​អចលនវត្ថុ​ដែលមាន​ប្លង់រឹង​វិញ គូភាគី​អាច​តាក់តែង​កិច្ចសន្យា ដែលមាន​ចែង​អំពី​លក្ខខណ្ឌ​សិទ្ធិ និង​កាតព្វកិច្ច​របស់​គូភាគី​យ៉ាង​លម្អិត រាប់បញ្ចូល​ទាំង​ដំណាក់កាល​បង់ប្រាក់​ថ្លៃ​ទិញ​អចលនវត្ថុ ដោយ​អនុលោម​ទៅតាម​ដំណាក់កាល នៃ​ការចាត់ចែង​ផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែ​កិច្ចសន្យា​បែបនេះ គ្រាន់តែ​ជា​ឯកសារ​នៃ​ការព្រមព្រៀង​គ្នា ជា​លក្ខណៈ​ឯកជន​រវាង​គូភាគី​តែប៉ុណ្ណោះ ដោយ​មិនអាច​យកទៅ​ចាត់ចែង​ផ្ទេរកម្មសិទ្ធិ​បានឡើយ។

ដើម្បី​ចាត់ចែង​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​បាន គូភាគី​ត្រូវ​បំពេញបែបបទ​លើ​លិខិតយថាភូត របស់​រដ្ឋបាល​សុរិយោដី និង​ផ្តិត​ស្នាម​មេដៃ នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច។

ឯកសារ​គាំទ្រ ដែល​ត្រូវការ​នៅក្នុង​ដំណើរការ​ផ្ទេរសិទ្ធិ​នេះ រួមមាន​ជាអាទិ៍​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ណាមួយ​ផ្សេងទៀត ដែល​អាជ្ញាធរ​សុរិយោដី​អាច​ទទួលយកបាន ហើយ​ក្នុងករណី​ដែល​ភាគី​ណាមួយ ជា​នីតិបុគ្គល​ក្រុមហ៊ុន ម្ចាស់​ហ៊ុន​ត្រូវធ្វើ​លិខិត​ប្រគល់​សិទ្ធិ ដើម្បី​អនុញ្ញាតឱ្យ​អ្នកតំណាង​ជា​រូបវ័ន្ត​បុគ្គល បំពេញ​កិច្ច​ក្នុងនាម​នីតិបុគ្គល ដែល​អាច​តម្រូវឱ្យមាន​ការបញ្ជាក់​ពី​មេធាវី និង/ឬ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់។

នៅពេល​មន្ត្រី​សុរិយោដី​បំពេញ​នីតិវិធី និង​បែបបទ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​រួចហើយ ច្បាប់​តម្រូវឱ្យ​បង់ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ (ដែល​បច្ចុប្បន្ន​អត្រាពន្ធ​គឺ4%នៃ​តម្លៃ​អចលនវត្ថុ ដែល​វាយតម្លៃ​ដោយ​អាជ្ញាធរ​ពន្ធដារ)។

ក្រោយពី​បាន​បង់ពន្ធ​ត្រឹមត្រូវ​រួចរាល់​ហើយ អាជ្ញាធរ​សុរិយោដី​នឹង​បញ្ចប់​នីតិវិធី​នៃ​ការផ្ទេរសិទ្ធិ ដោយ​ធ្វើការ​ចុះបញ្ជី​ការផ្ទេរ​នេះ​ក្នុង​កំណត់ត្រា​ផ្លូវការ និង​ចារ​និទ្ទេស​ន៍​សម្គាល់ នូវ​ការផ្ទេរសិទ្ធិ​នៅលើ​ឯកសារ​ប័ណ្ណកម្មសិទ្ធិ ជាការ​បញ្ចប់​ដំណើរការ​ផ្ទេរសិទ្ធិ​ជា​ផ្លូវការ និង​ដោយ​ស្របច្បាប់៕

បាតុករ​នៅ​ទីក្រុង​ហុងកុង​នៅតែ​បន្ត ខណៈ​ស្ថានភាព​កាន់តែ​គួរ​ឲ្យ​បារម្ភ

0

ប្រែ​សម្រួល​ដោយ ប៊ី (ប្រភព CNN)

ហុងកុងៈ  រយៈពេល៩សប្តាហ៍​ហើយ ដែល​បាតុករ​នៅតែ​បន្ត​តវ៉ា​តាម​ដងផ្លូវ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​មាន​ភាពច្របូកច្របល់ ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពិភពលោក​ពិបាកធ្វើ​ជំនួញ​នៅ​ហុងកុង។

បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បាន​ឡោមព័ទ្ធ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​អាស៊ី ដែល​បង្ខំ​ឲ្យ​ហាង​នានា​បិទទ្វារ​រំខាន ដល់​ការដឹកជញ្ជូន​សាធារណៈ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ហុងកុង។

ភាពច្របូកច្របល់​កំពុង​បង្ហាញ ពី​ការប៉ះពាល់​ដល​ប្រាក់ចំណូល​របស់​ក្រុមហ៊ុនធំៗនៅ​ហុងកុង។ ក្រុមហ៊ុន Disney, HSBC, Prada, Swatch និង Cathay Pacific ស្ថិតក្នុង​ចំណោម​អាជីវកម្ម​ដែល​ទទួលរង​ផលប៉ះពាល់។

ជាមួយនឹង​ការធ្វើ​បាតុកម្ម​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយដោយ​សារ​ដល់ ចុង​សប្តាហ៍​នេះ សហគមន៍​ពាណិជ្ជកម្ម​កំពុង​ព្រមាន​ពី​ការដួលរលំ​បន្ថែមទៀត ពី​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូលីស និង​បាតុករ។

ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ក្រុមមន្ត្រី​ហុងកុង​បាន​ព្រមាន​ថា ការរំខាន​នេះ​អាច​ជះឥទ្ធិពល​យូរអង្វែង​ដល់​សេដ្ឋកិច្ច​ទីក្រុង ជាង​ការ​ផ្ទុះឡើង​នៃ​វីរុស​ SARS ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​កាលពី​ឆ្នាំ២០០៣ ដែល​បាន​បំផ្លាញ​ពាណិជ្ជកម្ម​ទេសចរណ៍ ជា​វិស័យ​ដែល​រកប្រាក់​ចំណេញ​បាន​ច្រើន។ ហុងកុង​ទើបតែ​បាន​រាយការណ៍​ពី​កំណើនសេដ្ឋកិច្ច​ទាប​បំផុត ប្រចាំត្រីមាស​របស់ខ្លួន ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។

ក្រុម​អ្នកជំនួញ​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហឹ​ង្សា ដែល​កំពុង​កើតឡើង​នៅក្នុង​សប្តាហ៍ថ្មីៗនេះ។

សភាពាណិជ្ជកម្ម​ហុងកុង បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​មុននេះ​ថា “វា​មិន​ត្រឹមតែ​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ហុងកុង ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​ការប៉ះពាល់​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ ហើយ​អ្វីដែល​សំខាន់បំផុត​នោះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ហុងកុង​ធម្មតា។

ទីក្រុង​នេះ​ជា​កន្លែង​របស់​ក្រុមហ៊ុន Fortune Global 500 ចំនួន៧ ហើយ​ប្រតិបត្តិការ​ជា​មូលដ្ឋាន​នៅ​អាស៊ី សម្រាប់​សាជីវកម្ម​ពហុ​ជាតិ និង​ធនាគារធំៗដែល​ទ​ទួ​លាប​ប្រព័ន្ធ​ច្បាប់​ពាក់កណ្តាល​ស្វយ័ត និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិនដីគោក។

សភាពាណិជ្ជកម្ម​អាមេរិក​នៅ​ហុងកុង បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា ក្រុមហ៊ុន​ជាច្រើន បាន​រាយការណ៍​ពី​ផលវិបាក​ធ្ងន់ធ្ងរ ពី​ការរំខាន​រួមមាន​ការខាតបង់​ប្រាក់​ចំណូល​រំខាន​ដល់​សង្វាក់​ផ្គត់ផ្គង់ និង​ការវិនិយោគ​ដែល​ត្រូវបាន​ទុកចោល៕

សញ្ញា​ព្រមាន៖ ការលក់​លំនៅដ្ឋាន​កំពុងមាន​ការធ្លាក់ចុះ​ជាង ១០ភាគរយ​នៅ​ឆ្នាំនេះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្ទុយ​ពី​សកម្មភាព​នៃ​ការអភិវឌ្ឍ​សាងសង់ សំណង់​លំនៅដ្ឋាន​ព្រោងព្រាត​នាពេល​បច្ចុប្បន្ន តែ​បច្ចុប្បន្ន​ការលក់​លំនៅដ្ឋាន​ជាក់ស្ដែង នៅលើ​ទីផ្សារ​នៅ​ដើមឆ្នាំ២០១៩នេះ មានការ​ធ្លាក់​ប្រមាណ​ជាង១០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​បណ្ឌិត តាន់ មុនី​វណ្ណ អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​លំនៅឋាន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា នៅ​ដើមឆ្នាំ២០១៩កន្លងទៅនេះ វិស័យ​សំណង់​នៅ​កម្ពុជា​ពិត​មានការ​កើនឡើង ហើយ​ភាគច្រើន​ជា​ប្រភេទ​វិស័យ​សំណង់​លំនៅដ្ឋាន។ លោក​បាន​បន្តទៀតថា ភាគច្រើន​គ​គម្រោង​សំណង់​ដែល​កំពុង​តែមាន​សកម្ម​ភាព​សាងសង់ ជា​គំរោង​សល់​ពី​គម្រោង​ចាស់​កាលពី​ឆ្នាំមុន​តែប៉ុណ្ណោះ។

លោក​បាន​បន្តទៀតថា “គម្រោង​វិនិយោគ និង​ការសាងសង់​នៅតែមាន​សកម្មភាព​បន្ត​ទៅមុខ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ ប៉ុន្តែ​ចំពោះ​ការទិញ-លក់ គឺមាន​ភាព​ថមថយ​បន្តិច។ លោក​បាន​បន្តទៀតថា “នៅត្រឹម​ឆមាស​ទី១ដើមឆ្នាំ២០១៩នេះ ការទិញ-លក់​សំណង់​លំនៅដ្ឋាន មានការ​ធ្លាក់ចុះ​ប្រមាណ​ជាង១០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ។

លោក​បន្ត​ដោយ​ពន្យល់ថា ការធ្លាក់ចុះ​នេះ​គឺ​ភាគច្រើន​ជាទី​ផ្សារ​ក្នុងស្រុក ប៉ុន្តែ​ចំពោះ​តម្រូវការ​លំនៅដ្ឋាន​រប​ស់ជន​បរទេស ដែល​ចូល​មកកាន់​កម្ពុជា គឺមាន​ការកើនឡើង។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា ទំហំ​ទុនវិនិយោគ​សរុប នៅក្នុង​ឆមាស​ទី១ឆ្នាំ២០១៩នេះ​មាន​ចំនួន៣៣៩២លាន​ដុល្លារ និង​មាន​គម្រោង​ចំនួន២០៤៧ និង​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​ប្រមាណ៧លាន​ម៉ែត្រការ៉េ ដែល​ក្នុងនោះ​គម្រោង​សាងសង់​ចំនួន១៥៤ ស្មើនឹង​ទឹកប្រាក់​វិនិយោគ​ប្រមាណ៣.០៧ ពាន់​លាន​ដុល្លារ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

ដោយឡែក​គម្រោង​ចំនួន១៨៩៣ ស្មើនឹង​ទំហំ​ទឹកប្រាក់​វិនិយោគ​ប្រមាណ៣១៨លាន​ដុល្លារ ស្ថិតនៅក្រោម​ការគ្រប់គ្រង​ថ្នាក់ក្រោម​ជាតិ ដែល​រួមមាន​រដ្ឋបាលខេត្ត-ក្រុង ជា​សេនាធិកា​ទទួលបន្ទុក។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត ហុង វណ្ណៈ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ផងដែរ​ថា ការធ្លាក់ចុះ​នៃ​ទីផ្សា​លំនៅដ្ឋាន​នៅពេលនេះ វា​មិនមែនជា​ការបង្ហាញ​ពី​សញ្ញា​អវិជ្ជមាន​នៅក្នុង​វិស័យនេះ​នោះទេ។ លោក​បាន​បន្តទៀតថា “ប្រជាជន​កម្ពុជា នៅមាន​តម្រូវការ​លំនៅដ្ឋាន​ស្នាក់នៅ​សមរម្យ រាប់សិប​ម៉ឺន​ខ្នង​បន្ថែមទៀត ជាពិសេស​ប្រភេទ​សំណង់​លំនៅដ្ឋាន​ក្រោម​មធ្យម ដែល​ស្របទៅនឹង​ចំណូល និង​កម្រិតជីវភាព​ប្រចាំថ្ងៃ។

លោក​បាន​បន្តទៀតថា  “ខ្ញុំ​គិតថា​នៅ​ដើម​ឆ្នាំនេះ​ការទិញ-លក់ បាន​បង្ហាញថា​មានការ​ធ្លាក់ចុះ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ខាងមុខនេះ វា​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​ជាមិនខាន ខណៈដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅតែ​អាច​រក្សាបាន​កំណើន​ក្នុង​រង្វង់៧ភាគរយ។លោក​បន្តថា កំនើនសេដ្ឋកិច្ច​ធ្វើ​ឲ្យ​ចំណូល​ប្រជាជនមាន​ការកើនឡើង ដែល​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការទទួលបាន​ការងារ​ធ្វើ ក្រោម​ទុនវិនិយោគ​បន្ថែម​របស់​ក្រុម​ហ៊ុម​បរទេស​ដែល​មកកាន់​កម្ពុជា”៕

ក្រសួងពាណិជ្ជកម្ម​ពន្យល់​ពី​ផលវិបាក​នៃ​ពី​ការបំពានច្បាប់​កម្មសិទ្ធិ​បញ្ញា

0
ច្បាប់កម្មសិទ្ធិបញ្ហា

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្យ​ល់​ថា ការបំពាន​កម្មសិទ្ធិបញ្ញា មិន​ត្រឹមតែ​ធ្វើឱ្យ​អាជីវកម្ម​បរាជ័យ ខូច​កេរ្តិ៍ឈ្មោះ និង​កិត្តិយស ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សហគ្រិន​ដែលជា​ម្ចាស់ នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត បើសិន​ជាមាន​ករណី​ប្តឹងផ្តល់​កើតឡើង។

ច្បាប់កម្មសិទ្ធិបញ្ហា

រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា​បាន​មានប្រសាសន៍ថា កម្ពុជា គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ដែលមាន​ការប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា។ លោក​បាន​បន្តទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ពង្រឹង និង​យកចិត្តទុកដាក់​ជាខ្លាំង ក្នុងការ​ពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា ដើម្បី​ការពារ​អត្ថប្រយោជន៍​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ តាមរយៈ​ការ​ចងក្រង និង​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ការចូលរួម​សន្ធិសញ្ញា និង​កិច្ច​ព្រៀម​ព្រៀង​អន្តរជាតិ និង​ការបញ្ជ្រាប​វិស័យ​កម្មសិទ្ធិបញ្ញា ទៅក្នុង​ប្រព័ន្ធ​អប់រំ​ជាតិ​ជាដើម។

ជាមួយគ្នានេះ លោក រាជ រ៉ា ក៏បាន​មានប្រសាសន៍​បន្ត​ឱ្យដឹង​ថែមទៀត​ថា  រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​បណ្តា​សាធារណៈជន​ទូទៅ ជាពិសេស​ម្ចាស់​សហគ្រិន​ទាំងអស់ ស្វែងយល់​ពី​សារៈសំខាន់​នៃ​កម្មសិទ្ធិបញ្ញា និង​ចូលរួម​អនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកស្ទួយ​សហគ្រិនភាព ដែលជា​មូលដ្ឋានគ្រឹះ នៃ​ការធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ចជាតិ ដូច​មានចែង​នៅក្នុង​មុំ​ទី៣ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​ជំពូក​ទី៦ នៃ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ជំនា​ន់ទី៤ ឆ្នាំ២០១៩-២០២៣ ។

បច្ចុប្បន្ននេះ​ក្រសួងពាណិជ្ជកម្ម បាន​លើកយក​ប្រធានបទសំខាន់ៗជាច្រើន ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ទៅដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ដែល​ក្នុងនោះ​រួមមាន​ដូចជា ៖ ច្បាប់​កម្មសិទ្ធិបញ្ញា សិ​ទិ្ធ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ច្បាប់​ស្តីពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ប្រកាសនីយបត្រ​តក្កក​ម្ម វិញ្ញាបនបត្រ​ម៉ូ​ដែលមាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ព្រមទាំង​ទោសទណ្ឌ​ចំពោះ​ការរំលោភ​កម្មសិទ្ធិបញ្ញា៕

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដាក់​ផែនការ​ដើម្បី​បញ្ចប់​គ្រោះទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ

0

ដោយ រ៉ាណេត

ភ្នំពេញ៖ ដោយសារ​ក្រុងព្រះសីហនុ កំពុងមាន​សន្ទុះ​ខ្លាំង​ទៅលើ​វិស័យ​សំណង់ ដែល​សំណង់​ស្ទើរ​ទាំងអស់ មកពី​ក្រុម​វិនិយោគ​ចិន​បាននិងកំពុង​សាងសង់​អគារ ខុន​ដូ និង​លំនៅដ្ឋាន ដូច្នេះហើយ​ទើប​ផ្លូវ និង​ប្រព័ន្ធ​លូ ប្រព័ន្ធ​បង្ហូរទឹក ត្រូវតែ​ពង្រីក និង​យកចិត្តទុកដាក់​ខ្លាំង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ថ្ងៃនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចុះទៅពិនិត្យ​ស្ថានភាព​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ក្រុងព្រះសីហនុ ដែល​កំពុង​ជួប​ការលិចលង់​ក្រោយ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ធ្វើ​ឲ្យ​លិច​ផ្លូវ និង​ផ្ទះសម្បែង​ប្រជាជន​ខ្លាំង​ជាង​សព្វមួយដង ។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានដាក់ចេញផែនការដើម្បី​បញ្ចប់គ្រោះទឹកជំនន់​នៅក្នុង​​ខេត្ត​ព្រះសីហនុផង។

ប្រជាជន​សង្ឃឹមថា ក្រោយ​វត្តមាន​ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ចុះទៅ​ចង្អុលបង្ហាញ និង​ណែនាំ​មន្ត្រី​ដឹកនាំ​ក្នុង​ខេត្ត ពិសេស​លោក គួច ចំរើន អភិបាលខេត្ត​ថ្មី នឹងមាន​ភាពប្រសើរ និង​សម្រួល​ដល់​ការរំដោះ​ទឹក និង​រចនាសម្ព័ន្ធ​ទូទាំង​ខេត្ត​ផងដែរ ៕

វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្លាយជា​កំលាំងចលករ​ស្នូល​ជំរុញ​ផលិតផលក្នុងស្រុក​សរុប​របស់​កាណាដា

0

ដោយ Donald Lee

ភ្នំពេញៈ យោងតាម​ការិយាល័យ​ស្ថិតិ​រដ្ឋាភិបាល​កាណាដា​បានឱ្យដឹងថា ទីផ្សារ​អចលនទ្រព្យ ដែល​កើនឡើង​ខ្លាំង​នៅ​ប្រទេស​កាណាដា កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ​នេះ ខណៈ​វិស័យ​អចលនទ្រព្យ​និង​សំណង់ បានរួម​ចំណែក​ពាក់កណ្តាល​នៃ​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ។

ទិន្នន័យ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​ចុងក្រោយ ពី​ប្រទេស​កាណាដា​បាន​បង្ហាញថា អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​ក្នុង​ខែ ឧសភា បាន​កើនឡើង ១,៣៧ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ពាក់កណ្តាល​​នៃ​កំណើន​នេះ​ត្រូវបាន​ជំរុញ​ដោយ​វិស័យ​អចលនទ្រព្យ និង​សំណង់។

ផលិតផល​ក្នុងស្រុក​សរុប​កាណាដា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១,៩៧ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ខែ ឧសភា បន្ទាប់ពី​កំណើន​កើនឡើង ៤.៥២ពាន់​លាន​ដុល្លារ សម្រាប់​ខែ​នេះ។

វិស័យ​ជួល និង​ការជួល​អចលនទ្រព្យ ដែលមាន​កំណើន​ខ្លាំង​បានរួម​ចំណែក​ដល់​កំណើន ២៤,២៤ភាគរយ និង​វិស័យ​សំណង់​មាន​ជាង២៧ភាគរយ។ ស្ថិតិ​ទាំងពីរ​រួមបញ្ចូល​គ្នា គឺជា​ការចូលរួមចំណែក​ធំ​បំផុត​ដល់​សេដ្ឋកិច្ច​កាណាដា និង​ចូលរួមចំណែក​ជាង ៥១ភាគរយ នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅក្នុង​ខែ ឧសភា។ នេះ​បើ​យោងតាម​ស្ថិតិ​កាណាដា។

ក្រុមអ្នកវិភាគ​ជាច្រើន​បារម្ភ​ថា ការ​ពុះកញ្ជ្រោល​ទ្រព្យសម្បត្តិ​នៅ​កាណាដា នឹង​អាច​ធ្លាក់ចុះ នៅពេល​តម្លៃ​ផ្ទះ​បាន​កើនឡើង ខណៈដែល​ប្រាក់ចំណូល​មធ្យម​នៅ​ថេរ។

យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កាណាដា​បានដាក់​ចេញ​នូវ​វិធានការណ៍​នានា ដើម្បី​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ចុះ​ទាប និង​អាចធ្វើ​ឲ្យ​ទីផ្សារ​ធ្លាក់ចុះ​បន្តិច​ក្នុង​ខែ កក្កដា​នេះ។

បើ​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) “បន្ទាប់ពី​ការឡើង​ថ្លៃ​មួយរយៈ ទីផ្សារ​លំនៅដ្ឋាន​របស់​កាណាដា​កំពុង​ធ្លាក់ចុះ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​បន្ថែមទៀតថា “វិធានការណ៍​ដែល​បានរៀបចំ​ឡើង​នេះ​ដើម្បី​ពង្រឹង​ស្ថេរភាព​ហិរញ្ញវត្ថុ ដូចជា​ការធ្វើ​សាកល្បង​កាន់តែ​តឹងរឹង ទៅលើ​សមត្ថភាព​របស់​អ្នក​ខ្ចី​ក្នុង​ការសង​ប្រាក់កម្ចី​របស់​ពួកគេ រួមជាមួយ​នឹង​អត្រា​ការប្រាក់​ខ្ពស់​រួមផ្សំ​គ្នា​ដើម្បី​ធ្វើឱ្យ​ហិរញ្ញប្បទាន​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​មានតម្លៃ​ថ្លៃ​ជាង។

ទោះយ៉ាងណា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា ទីផ្សារ​លំនៅឋាន​ហួស​កម្រិត និង​ការពឹងផ្អែក​របស់​កាណាដា​លើ​វិស័យនេះ សម្រាប់​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​អាចធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ភាពវឹកវ​រ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សន្និដ្ឋានថា “អតុល្យភាព​ទីផ្សារ​លំនៅដ្ឋាន​នៅតែ​ជា​កត្តា​ហានិភ័យ​ក្នុងស្រុក​ដ៏​សំខាន់។

របាយការណ៍​នេះ​បាន​បន្ថែមទៀតថា “ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ចំពោះ​តម្លៃ​ទីផ្សារ​ផ្ទះ ជាពិសេស ប្រសិនបើ​មានការ​កើនឡើង​នៃ​ភាព​អត់​ការងារ​ធ្វើ និង​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​របស់​ប្រជាជន អាច​បង្ក​ហានិភ័យ​បន្ថែមទៀត​ដល់​ស្ថេរភាព​ហិរញ្ញវត្ថុ និង​កំណើន”៕

វិនិយោគិន​ជប៉ុន​ចាប់ផ្តើម​ចាប់់អារម្មណ៍​វិនិយោគ​កាន់តែច្រើន​នៅ​កម្ពុជា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន​អន្តរជាតិ Fitch Solutions Macro Research បាន​បង្ហាញថា កម្ពុជា​បានក្លាយ​ទៅជា​គោលដៅ​ចំណាប់អារម្មណ៍​នៃ​ការវិនិយោគ ដោយផ្ទាល់​បន្ថែម​ពី​សំណាក់​ប្រទេស​ជប៉ុន ខណៈដែល​ប្រទេស​ចិន​បាន និង​កំពុងតែ​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​ការចាក់​ទុនវិនិយោគ​នៅ​កម្ពុជា។

Fitch Solutions Macro Research ដែលជា​ស្ថាប័ន​ជំនាញ​ផ្នែក​ខាង​សិក្សា​ស្រាវជ្រាវ​លំដាប់​អន្តរជាតិ និង​មាន​ការិយាល័យ​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​ដូចជា សិង្ហ​បុរី អង់គ្លេស ជ​ប៉ុង ហុងកុង អារ៉ាប់​រួម អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​អាហ្វ្រិក​ខាងត្បូង​នោះ បានបង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ននេះ បើ​ទោះ​ប្រទេស​ចិន​បាន​ដើរតួ​ឈានមុខ​គេ នៅក្នុង​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏ពិតមែន ប៉ុន្តែ​ភាគី​ជប៉ុន​ក៏​កំពុងតែ​សម្លឹងមើល​ពី​គោលដៅ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ខណៈដែល​កាលពីពេល​កន្លងទៅ​នេះ​វត្តមាន​នៃ​ក្រុមហ៊ុន​ជប៉ុនធំៗមួយចំនួន​បានបង្ហាញ​ខ្លួន​នៅ​កម្ពុជា​រួចទៅហើយ​នោះ។

នៅក្នុង​របាយការណ៍​ដ​ដែល​ក៏បាន​បង្ហាញ​ផងដែរ​ថា តាម​ការព្យាករណ៍​នៅក្នុង​ឆ្នាំ២០១៩នេះ កម្ពុជា​នឹង​នៅតែ​រក្សាបាន​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច និង​រក្សាបាន​នូវ​កំណើន​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ប្រមាណ១៤ភាគរយ ហើយ​នៅ​ឆ្នាំ​បន្ទាប់​នឹង​នៅតែ​អាច​រក្សាបាន​កំនើន​ដដែល ដែល​គិត​ជា​មធ្យម​ក្នុង​រង្វង់១១ភាគរយ។

អ្នកជំនាញ​ផ្នែក​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត ហុង វណ្ណៈ បាន​មានប្រសាសន៍ថា គោលបំណង​របស់​ប្រទេស​ជប៉ុន​មកកាន់​កម្ពុជា មាន​ជា​យូរណាស់​មកហើយ មិនមែន​ទើបតែ​មាន​ពេលនេះ​នោះទេ។ លោក​បាន​បន្ត​ឱ្យដឹងទៀតថា ជប៉ុន​ជា​ប្រទេសមួយ​ដែលមាន​អត្តចរិត​នឹងនរ និង​ប្រាកដនិយម ដែល​មុននឹង​សម្រេចចិត្ត​សហការ​វិនិយោគ​ជាមួយ​ប្រទេស​ណាមួយ​នោះ គឺ​ត្រូវបាន​ឆ្លងកាត់​ការសម្រេចចិត្ត​យ៉ាងច្បាស់ ក្រោម​ការសិក្សា​លម្អិត​ទៅលើ​លក្ខខណ្ឌ​ជាច្រើន​ដូចជា កត្តា​ភូមិសាស្ត្រ គោលនយោបាយ និង​ចរិត​នៃ​ការដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ជាដើម។

លោក​បណ្ឌិត​បានបញ្ជាក់​ថា “កន្លងមក​ជប៉ុន​បាន​ជួយ​កម្ពុជា​ជា​ហូរហែ ក្នុង​រូប​ភាពជា​ជំនួញ​សម្រាប់​សាងសង់ និង​ស្តារ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ជាពិសេស​លើ​វិស័័យ​អប់រំ។ លោក​បាន​បន្តទៀតថា “ជប៉ុន​មាន​គោលបំណង​ក្រសោប​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន ជាក់ស្ដែង​ដូចជា​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ថៃ ដែល​ជប៉ុន​បាន​ចាក់​ទុនវិនិយោគ​យ៉ាងច្រើន។

លោក​វណ្ណៈ​បាន​បន្តថា  “តាម​ចរិត​ជប៉ុន សម្រាប់​កម្ពុជា​ហាក់​នៅ​មិនទាន់​ដល់​ពេលដែល​ទទួលបាន​ការវិនិយោគ​ផ្ទាល់​ច្រើន​នោះទេ ដែល​វា​ត្រូវការ​ពេលវេលា​ជាច្រើន​ក្នុងការ​សម្រេចចិត្ត។

យ៉ាងណាក៏ដោយ លោក​បានបង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ថា ប្រសិនបើ​ជប៉ុន​ចាក់​បង្ហូរ​ទុនវិនិយោគ​ដោយផ្ទាល់​មកកាន់​កម្ពុជា ស្របពេល​គ្នា​ជាមួយ​ប្រទេស​ចិន វា​ជា​រឿង​ដ៏​ល្អ​របស់​កម្ពុជា ដែល​អាច​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ​បាន​កាន់តែ​ប្រសើរ។

សេដ្ឋវិទូ​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​សម្តែង​សុទិដ្ឋិនិយម​ផងដែរ ដោយ​លោក​បាន​មានប្រសាសន៍ថា ជប៉ុន​បានរៀបចំ​មូលដ្ឋាន សំរាប់​ការវិនិយោគរ​យៈ​ពេល​វែង​នៅ​កម្ពុជា​រួចហើយ ដោយ​អ្នកវិនិយោគ​ប្រទេស​នេះ​បាន​វិនិយោគ​លើ​វិស័យ​ជាច្រើន​ដូចជា ទីលាន​វាយ​កូន​ហ្គោល អា​ផាត​ម៉ិ​ន ខុន​ដូ សំ​ណ្ឋា​គារ ផ្សារ​ទំនើប មន្ទីរពេទ្យ​ជាដើម។

លោក​បន្តថា“ ទំនាក់ទំនង​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ចកម្ពុជា ជប៉ុន​បាន​ផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​ហើយ បន្ទាប់ពី​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន​ម​កម្ពុជា កាលពី​ឆ្នាំមុន”៕

កំពង់ផែសៀងហៃជាប់ចំណាត់ថ្នាក់កំពូលតារាងក្នុងចំណោមកំពង់ផែលំដាប់ពិភពលោក

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កំពង់ផែទីក្រុងផែសៀងហៃរបស់ប្រទេសចិន បានជាប់ចំណាត់ថ្នាក់កំពូ​លនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) 2019 នៃកំពង់ផែដែលមានការតភ្ជាប់ល្អបំផុត នៅលើពិភពលោកនៅឆ្នាំ២០១៩ នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថា កំពង់ផែសៀងហៃទទួលបានពិន្ ទុ១៣៤ កំពង់ផែសិង្ហបុរីបានពិន្ទុ ១២៤,​៦៣  កំពង់ផែប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូង ទទួលបានពិន្ទុ ១១៤,៤៥  និងកំពង់នីងបូរបស់ប្រទេសចិនទទួលបានពិន្ទុ ១១៤,៣៥ ពិន្ទុ។

នាយកផ្នែកបច្ចេកវិជ្ជា និងដឹកជញ្ចូនរបស់ UNCTAD លោកស្រី Shamika N Sirimanne បានឱ្យដឹងថា ការអនុវត្តកំពង់ផែកុងតឺន័រ គឺជាកត្តាសំខាន់មួយដែលអាចកំ​ណ​ត់ថ្លៃដើមដឹកជញ្ជូន និងពង្រីកការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។ លោកស្រីបន្តថា កំពង់ផែកុងតឺន័រដែលមានប្រសិទ្ធភាព និងតភ្ជាប់ល្អបានបើកដំណើរការដោយសេវាកម្មដឹកជញ្ជូន គឺមានមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រៅពីកំពង់ផែអាស៊ីកំពង់ផែផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជីកំពូលគឺកំពង់ផែ Antwerp នៅប្រទេសបែលហ្ស៊ិកទទួលបាន ៩៤ ពិន្ទុ និងកំពង់ផែ Rotterdam នៅក្នុងប្រទេសហូឡង់ទទួលបាន៩៣ពិន្ទុ។

ទិន្នន័យបានបង្ហាញថាការវិនិយោគ តាមបណ្តាញដឹកជញ្ជូនកំពុងទាក់ទាញសេវាកម្មបន្ថែមដូចជាកំពង់ផែ Piraeus នៅក្នុងប្រទេសក្រិក ដែលប្រតិបត្តិការដោយក្រុមហ៊ុន COSCO មកពីប្រទេសចិនបានក្លាយជាកំពង់ផែ ដែលមានបណ្តាញតភ្ជាប់ល្អបំផុតនៅសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំ២០១៩។

ទិន្នន័យសន្ទស្សន៍ការតភ្ជាប់ទំនិញ តាមកំពង់ផែរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) 2019 អាចឱ្យអាជីវកម្ម និងរដ្ឋាភិបាលកំណត់និន្នាការដឹកជញ្ជូនតាមសមុទ្រ និងមុខងាររបស់កំពង់ផែផ្សេង។

តាមទិន្ន័យនេះបានបង្ហាញថា ដល់ពេលនេះមានកំពង់ផែជាង៩០០។ ទិន្នន័យចុងក្រោយបំផុតនេះ គឺបំពេញបន្ថែមលើស្ថិតិ និងសូចនាករដែនសមុទ្រដទៃទៀត ដែលបានផ្តល់ដោយ UNCTAD ដើម្បីវាស់សមិទ្ធិផល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

រដ្ឋាភិបាលបន្តជំរុញឲ្យមានការត្រួតពិនិត្យគុណភាពសំណង់ក្នុងការដ្ឋាន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំឱ្យម្ចាស់សំណង់ ដែលទទួលខុសត្រូវចាត់ចែងឱ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ ឬស្ថាបត្យករ វិស្វករត្រួតពិនិត្យគុណភាពសំណង់នៅគ្រប់ការ​ដ្ឋា​នសាងសង់ក្នុងភូមិរាជធានី-ខេត្ត នៅទូទាំងប្រទេសកម្ពុជា។

យោងតាមលិខិតលេខ២៦០២ ដនស ចុះហត្ថលេខាដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃ៨ ខែសីហា ឆ្នាំ ២០១៩ បានឱ្យដឹងថា ដើម្បីធានាគុណភាព សោភ័ណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខាមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន ព្រមទាំងបរិស្ថានល្អសម្រាប់ការស់នៅប្រកបដោយចីរភាព ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ ស្នើ ឯកឧត្តម លោក ជំទាវ ណែនាំដល់ម្ចាស់សំណង់ទាំងអស់ទទួលខុសត្រូវចាត់ចែងលើការងារសំខាន់ៗចំនួន៤ចំណុច ដូចជា

ទី១ ឱ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់នៅគ្រប់ការដ្ឋានសាងសង់ ស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទី២ ឱ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ ឬរូបវន្តបុគ្គលជាវិស្វករ ឬស្ថាបត្យករ ត្រួតពិនិត្យគុណភាពសំណង់ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅគ្រប់ការដ្ឋានសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ទី៣ ឱ្យមានតម្កល់លិខិតអនុញ្ញាតសាងសង់ ភ្ជាប់ជាមួយប្លង់ស្ថាបត្យកម្ម និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ភ្ជាប់ជាមួយប្លង់គ្រឿងផ្គុំសំណង់ និងប្លង់បច្ចេក​ទេសចាំបាច់តាមមុខជំនាញនៃការងារសំណង់ និងឯកសារពាក់ព័ន្ធនៅក្នុងការដ្ឋានសាងសង់។ និងទី៤ ឱ្យមានផ្ទាំងគំនូរសំណង់ ជាអាទិ៍ ឈ្មោះគម្រោងសាងសង់ ឈ្មោះក្រុមហ៊ុនទទួលសាងសង់ ឈ្មោះម្ចាស់សំណង់ ឈ្មោះស្ថាបត្យករ និងវិស្វករ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន  អាស័យដ្ឋានទីតាំងសាងសង់ និងលេខទូរស័ព្ទទំនាក់ទំនងបិតនៅមុខការដ្ឋានសាងសង់។

ឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ក្នុងករណីពិនិត្យឃើញថា ការដ្ឋានសាងសង់ណាពុំបានបំពេញនូវកាតព្វកិច្ចខាងលើ រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវិធានការផ្អាកការដ្ឋានជាបណ្តោះអាសន្ន រហូតដល់ម្ចាស់សំណង់បានបំពេញលក្ខខណ្ឌខាងលើនេះ ទើបអនុញ្ញាតឱ្យបន្តដំណើរការសាងសង់ទៀត៕