កម្ពុជា កូរ៉េនឹងរៀបចំកម្មវិធីពិសេសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

0

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា កូរ៉េនឹងរៀបចំកម្មវិធីពិសេសមួយនៅខែតុលាខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ប្រធានសមាគមមិត្តភាពកម្ពុជា កូរ៉េលោកបណ្ឌិត Park Sang Won បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី៩ សីហាកន្លងមកថា សមាគមមិត្តភាពកម្ពុជា កូរ៉េ នឹងរៀបចំកម្មវិធីពិសេសមួយនៅសណ្ឋាគារកាំបូឌីយ៉ាណាចាប់ពីថ្ងៃទី១៤ ដល់១៨តុលាខាងមុខនេះ ដើម្បីធ្វើការជួបជុំរវាងអ្នកវិនិយោគកូរ៉េ និងកម្ពុជា ដើម្បីស្វែងរកឪកាសវិនិយោគ និងធ្វើពាណិជ្ជកម្មរួមគ្នាសំដៅលើកកំពស់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកបន្តថា “អ្នកវិនិយោគកូរ៉េធំៗចំនួន៣០រូប នឹងចូលរួមក្នុងកម្មវិធីនេះ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើ​វិស័យកសិកម្ម​ គ្រឿងសំអាង និងផលិតផលដទៃទៀត”។

លោកបណ្ឌិត Park Sang Won បានមានប្រសាសន៍ឲ្យដឹងទៀតថា កម្មវិធីនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកលោកងួន សុខា លោកទី សុគន្ឋរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ និងលោកជា សំណាងទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តីយឹម ឆៃលីប្រធានក្រុមប្រឹក្សាស្តារ​និងអភិវឌ្ឍន៍វិស័យ​កសិកម្មកម្ពុជា ស្ថានទូតកូរ៉េប្រចាំកម្ពុជាផងដែរ៕

អាជ្ញាធរសម្រេចផ្អាកការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣ដោយសារជំនន់ទឹកភ្លៀង

0

ដោយៈ រ៉ាណេត

កំពតៈ នៅត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរ និងសមិត្ថកិច្ច បានសម្រេចផ្អាកការធ្វើចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ចាប់ពីចំណុចរង្វង់មូលវាលរេញ ដល់ស្ពានកំពង់ស្មាច់ បន្ទាប់ពីមានការកើនឡើងនូវជំនន់ទឹកភ្លៀងយ៉ាងគំហុកកាលពីយប់មិញនេះ។

ដោយឡែកនៅក្នុងក្រុងកំពតវិញ តាមការពិនិត្យស្ថានភាពទឹកជាក់ស្តែងគឺផ្លូវជាច្រើនខ្សែត្រូវរងការលិចលង់ជាច្រើនផ្លូវ ហើយលំនៅឋានប្រជាពលរដ្ឋនៅតាមបណ្តោយដងព្រែកកំពត ក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ក៏រងការលិចលង់មួយចំនួនដែរផងដែរ។

ជាមួយគ្នានេះ ជាការការពារសុវត្ថិភាព អាជ្ញាធរបានប្រកាសឱ្យអ្នកធ្វើដំណើរដែលឆ្លងកាត់ផ្លូវជាតិទាំង៣បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងស្ថិតនៅក្នុងតំបន់ប្រឈម ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ៕

លោកស្រី​តាំង ហួរ៖ ចង់​ជោគជ័យ​លើ​អចលនទ្រព្យ​ត្រូវ​ឈរលើ​គោលការណ៍ ៦ចំណុច

0
តាំង ហួរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ៖ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ គ្រប់គ្នា​សុទ្ធតែ​មានបំណង និង​ក្ដី​ប្រាថ្នា​ទទួលបាន​ផ្លែផ្កា​ពី​ការងារ ហេតុនេះ​អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ខ្ពស់ និង​កំពុងមាន​ភាពលេច​ធ្លោ​នាពេល​បច្ចុប្បន្ននេះ​បញ្ជាក់​ប្រាប់ថា បើ​ចង់​ទទួលបាន​ភាពជោគជ័យ​លើ​មុខ​ជំនួញ​មួយ​នេះ អ្នក​ត្រូវតែ​ប្រកាន់ខ្ជាប់ និង​ឈ​នៅលើ​គោលការណ៍សំខាន់ៗចំនួន ៦ជាដាច់ខាត។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service និង​ជា​អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោកស្រី​តាំង ហួរ​បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ថា វា​មិនមែន​រឿង​ងាយស្រួល ដែល​អាច​ទទួលបាន​ភា​ព​ជោគជ័យ​នោះទេ ដែល​ទម្រាំ​អាច​ទទួលបាន​ទំនុក​ពី​អតិថិជន​ចាំបាច់ អ្នក​ត្រូវតែមាន​ភាពស្មោះត្រង់ និង​អាច​ផ្តល់នូវ​ប្រយោជន៍​ដល់​អតិថិជន​របស់ខ្លួន រួមជាមួយ​នឹង​ចំណុច​សំខាន់​មួយចំនួន​ដែល​ត្រូវតែ​ប្រកាន់​យកមកអនុវត្ត។

លោកស្រី​បន្តថា “ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​ទទួលបាន​ជោគជ័យ ភ្នាក់ងារ​នោះ ត្រូវមាន​គុណសម្បត្តិ​ចំនួន ៦ចំណុច ដូចជា សុច្ច​រឹត​ភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញ​ជាក់លាក់ ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាត​វៃ។ លោកស្រី​បន្តថា “អ្វី​សំខាន់ គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវខិតខំ​បង្វឹក​ខ្លួនឯង ប៉ុន្តែ​សំខាន់ បំផុត​ត្រូវមាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ទើប​ទទួលបាន​នូវ​គុណ​តម្លៃ និង​ទទួលជោគជ័យ​ក្នុង​អាជីព​នេះ។

លោកស្រី​បន្តថា “អតិថិជន​នឹង​ជឿជាក់​លើ​គាត់ ប្រសិនជា​គាត់​មាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ប៉ុន្តែ​អ្នកមាន​ចំណុច២ នេះ​ពិបាក​រក​ណាស់ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យនេះ ត្រូវ​គិតពី​ផល​រយៈពេល​វែង។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​កំពុងតែ​ទទួលបាន​ចំណែក​ទីផ្សារ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​រូបនេះ​បាន​បន្ត ទៀតថា លើសពីនេះ​ភ្នាក់ងារ​ត្រូវមាន​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​ជា​សាកល ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់​ក្នុងការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធផ្សេងៗ ដើម្បី​ផ្តល់​ភាពងាយស្រួល និង​ទទួលបាន​ទំនុក​ពី​សំណាក់​អតិថិជន​ផងដែរ។

នៅពេល​ពួកគាត់​មាន​ចំណុច​សំខាន់​ទាំងអស់ ដូច​បាន​រៀបរាប់​ជូន​ខាងលើនេះ នោះ​ពួកគាត់​អាច​នឹងមាន​ឱកាស​ច្រើន ក្នុង​ទទួលបាន​ចំណែក​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ ដែល​អាច​ឈានទៅរក​ភាពជោគជ័យ​នៅលើ​មុខ​ជំនួញ​មួយ​នេះ​ជា​មិ​ខាន៕

តើ​អ្វី​នៅ​ពីក្រោយ​បុរស​ខ្លាំង វ្លា​ឌី​មៀ ពូ​ទីន ក្នុង​ការនាំ​សុបិន​ប្រជាជន​រុស្ស៊ី​ទៅកាន់​ភាព​រ៉ុង​រឿង

0
វ្លា​ឌី​មៀ ពូ​ទីន

ដោយ Donald Lee

ភ្នំពេញៈ កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ ក្នុង​រយៈពេល ២០ឆ្នាំមុន ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន​បានចាប់ផ្តើម​ឡើងអំណាច ក្នុងនាម​ជា​ប្រទេស​ដែលមាន​ទំហំ​ផ្ទៃដី​ធំជាងគេ នៅលើ​ពិភពលោក ដែល​លាតសន្ធឹង​ពី​អឺរ៉ុប​ខាងកើត រហូតដល់​អាស៊ី និង​មាន​ប្រជាជន ១៤៥លាន​នាក់។

 វ្លា​ឌី​មៀ ពូ​ទីន

ដើមកំណើត​របស់លោក​នៅ​ទីក្រុង​មូ​ស្គូ និង​បានចាប់ផ្តើម​ការងារ​នៅ​ការិយាល័យ​ការទូត ក្នុង​នាយកដ្ឋាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រធានាធិបតី។ ក្រោយមក​គាត់​បាន​ឡើង​ឋានៈ ដើម្បី​ក្លាយជា​ប្រធាន​អង្គភាព​ស៊ើបការណ៍ ក្នុងស្រុក​របស់​សហព័ន្ធ គឺ​សេវា​សន្តិសុខ​សហព័ន្ធ(FSB) មុនពេល​ក្លាយជា​នាយករដ្ឋមន្ត្រី ដែល​តែងតាំង​ដោយ​ប្រធានាធិបតី​រុស្ស៊ី Boris Yeltsin នៅ​ថ្ងៃទី៩ ខែសីហា​ឆ្នាំ១៩៩៩ ។

ប្រជាប្រិយភាព​របស់​ពូ​ទីន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​ការឡើង​កាន់​អំណាច​របស់គាត់​ដែរ។

នៅ​រដូវក្តៅ​ឆ្នាំ១៩៩៩ ការ​បំផ្ទុះ​គ្រាប់បែក​ភេរវកម្ម នៅ​អគារ​លំនៅដ្ឋាន​ជាច្រើន​នៅក្នុង​ទីក្រុង​នានា​ទូទាំងប្រទេស​រុស្ស៊ី ដោយបាន​សម្លាប់​មនុស្ស​រាប់រយ​នាក់ និង​ធ្វើ​ឲ្យ​ប្រជាជនមាន​ភាពភ័យខ្លាច និង​ភាព​ភិតភ័យ។

ទីក្រុង​ម៉ូស្គូ​ទី ក្រុង​Buynaksk និង​ទីក្រុង​Volgodonsk បាន​រងគ្រោះ​ពី​ការ​បំផ្ទុះ​គ្រាប់បែក ដែល​បាន​គ្រោងទុក​ដែល​បានសម្លាប់​មនុស្ស​ជាង៣០០ នាក់ និង​របួស៨០០ នាក់​កាលពី​ខែកញ្ញា​ឆ្នាំ ១៩៩៩ ។

សាធារណជន​មានការ​ងឿងឆ្ងល់ ចំពោះ​អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ និង​អ្វីដែល​ជំរុញ​បុគ្គល​ឬ​ក្រុម​ធ្វើ​ដូច្នេះ។

អាជ្ញាធរ​រុស្ស៊ី​បាន​បន្ទោសភ្លាមៗ ទៅលើ​ក្រុម​ភេរវ​ករ​អ៊ិ​ស្លាម ហើយ​បាន​ភ្ជាប់​ការលើកទឹកចិត្ត​ដល់​ក្រុម​អ៊ិ​ស្លាម ដែល​បាន​កេណ្ឌ​នៅ​តំបន់ Chechnya ។

លោក ពូ​ទីន បាន​ដឹកនាំ​កម្លាំងយោធា​រុស្ស៊ី​យ៉ាង​លឿន ដើម្បី​ទម្លាក់​គ្រាប់បែក​នៅ​សាធារណរដ្ឋ Chechnya។

លោកពូ​ទីន បាន​និយាយ​នៅពេលនោះ​ថា “យើង​នឹង​តាមរក​ភេរ​វករ​នៅ​គ្រប់​ទីកន្លែង។លោក​បាន​បន្ថែមថា “ប្រសិនបើ​ពួកគេ​នៅ​ព្រលានយន្តហោះ ក្នុង​អាកាសយានដ្ឋាន នោះ​មានន័យថា​លើកលែងទោស​ភាសា​របស់​ខ្ញុំ ប្រសិនបើ​ពួកគេ​នៅលើ​បង្គន់ យើង​នឹង​កម្ចាត់​ពួកគេ​ទាំងអស់។

កងកម្លាំង​រុស្ស៊ី​បាន​កាន់កាប់​ទីក្រុង Chechnya ពេញលេញ​នៅ​ខែធ្នូ​ឆ្នាំ១៩៩៩ ។

ប្រាំ​មួយខែ​បន្ទាប់ពី​លោក Boris Yeltsin បានតែងតាំង​លោក ពូ​ទីន ជា​នាយករដ្ឋមន្ត្រី លោក​ Yeltsin បាន​បោះបង់ ចោល​តំណែង​ប្រធានាធិបតី និង​បានតែងតាំង​លោក ពូ​ទីន ជា​ប្រធានាធិបតី​រុស្ស៊ី​នៅ​ថ្ងៃទី៣១ ខែធ្នូ​ឆ្នាំ១៩៩៩ ខណៈ​ប្រជាប្រិយភាព​របស់លោក ពូ​ទីន បាន​កើនឡើង ដោយសារតែ​ការចាត់ចែង​ការវាយប្រហារ​ភេរវកម្ម។

សេដ្ឋកិច្ច​រុស្ស៊ី

ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​រុស្ស៊ី​មិនបាន​នៅ​ខ្ពស់​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការធ្លាក់ចុះ​នៃ​គុណភាព​ជីវិត។

យោងតាម​ទិន្នន័យ​ចែកចាយ​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​ទ្វេដង នៃ​សេវាកម្ម​ស្ថិតិ​របស់​រដ្ឋ​របស់​រុស្ស៊ី (Rosstat) ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មុន កម្មករ​រុស្ស៊ី​ចំនួន៥០ភាគរយ​រកបាន​តិចជាង៥៥០ដុល្លារ​ក្នុង​មួយខែ។

បើ​ប្រៀបធៀប​ទៅនឹង​ប្រាក់​ឈ្នួល​កម្មករ​ជា​មធ្យម នៅ​សហរដ្ឋអាមេរិក​ដែលជា​គូប្រជែង​សកល​របស់​រុស្ស៊ី​រកបាន​ជា​មធ្យម ៣,៦០០ដុល្លារ​កាលពី​ឆ្នាំមុន​ក្នុង​មួយខែ។ នេះ​បើ​យោងតាម​ទិន្នន័យ ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​សហរដ្ឋអាមេរិក។

សេ​ក្តី​បញ្ចប់

អាណត្តិ​បច្ចុប្បន្ន​របស់​លោកពូ​ទីន ក្នុងឋានៈ​ប្រធានាធិបតី នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២។ លោក​មាន​អាយុ៦៦ឆ្នាំ ហើយ​ប្រហែលជា​កំពុង​ព្យាយាម​រក​មធ្យោបាយ ដើម្បី​កាន់អំណាច​របស់លោក​ប​ន្ត​ទៀត។

នៅ​ឆ្នាំ២០០៨ លោក ពូ​ទីន បាន​វិល​ត្រឡប់មក​តួនាទី​ជា​នាយករដ្ឋមន្ត្រី​វិញ ដើម្បី​កំណត់​ជុំវិញ អាណត្តិ​កំណត់​របស់រ​ដ្ឋ​ធម្មនុញ្ញ​រុស្ស៊ី​សម្រាប់​ប្រធានាធិបតី។

អ្នកវិភាគ​ជឿជាក់ថា ការធ្វើ​បែបនេះ​មិន​ទំនង​ទេ ប៉ុន្តែ​លោកពូ​ទីន​អាច​នឹង​នាំមក​នូវ​ស្ថាប័ន​មួយ​ផ្សេងទៀត​ដើម្បី​រក្សា​អំណាច។

 វ្លា​ឌី​មៀ ពូ​ទីន

លោក Gregory Bovt អ្នកវិភាគ​មួយរូប​នៅលើ​កញ្ចក់​ទូរទស្សន៍​បារាំង បាន​និយាយថា “ក្រុម​សមូហភាព​មួយចំនួន នឹង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដឹកនាំ​ប្រទេស ហើយ​លោក ពូ​ទីន នឹង​នៅតែ​បន្ត​ដឹកនាំ។

លោក Bovt បាន​មានប្រសាសន៍ថា “គាត់​នឹង​នៅតែ​ឃ្លាំមើល​ប្រទេស។ ភារកិច្ច​របស់គាត់ គឺ​ដើម្បី​បំពេញបេសកកម្ម​ប្រវត្តិសាស្ត្រ​របស់គាត់”៕

ចំណេះដឹង! សំនួរ-ចម្លើយសំខាន់ៗពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនវត្ថុ​ដែលលោក អ្នក​ត្រូវ​ដឹង?

0
កាន់កាប់​អចលនវត្ថុ

ដោយ វុត្ថា

ភ្នំពេញៈ បញ្ហាដីធ្លី នៅតែ​ជា​រឿងចម្រូងចម្រាស់​មួយ​នៅ​ប្រទេស​កម្ពុជា។ របប​កម្មសិទ្ធិ​ចាស់​មុន​ឆ្នាំ១៩៧៩ ត្រូវបាន​លុប​ចោល។ អ្នក​ដែល​កាន់កាប់អចលនវត្ថុ ក្រោយ​ឆ្នាំ១៩៧៩ នៅតែមាន​ច្រើន ដែល​កាន់កាប់​ដោយ​គ្មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ។ វិវាទ​បានកើត​ឡើងជា​ញឹកញាប់​ជុំវិញ​បញ្ហាដីធ្លី​នេះ។

ខាងក្រោម​នេះ គឺ​សំនួរចម្លើយ ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​បណ្ណ​កម្មសិទ្ធិ។

សំណួរ ១-ខ្ញុំ​កាន់កាប់​ដី​មួយកន្លែង​តាំងពី​ឆ្នាំ ១៩៧៩មក។ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់ ក៏ប៉ុន្តែ មិនមាន​ប័ណ្ណកម្មសិទ្ធិ។ តើ​ខ្ញុំ​មាន​សិទ្ធិ​ជា​អ្វី​លើដី​នេះ?

ចម្លើយៈ អ្នក​ដែល​បាន​កាន់កាប់​ដី ឬ​អចលនវត្ថុ​ផ្សេងទៀត​ពី​ឆ្នាំ១៩៧៩មក បើសិនជា​មិនទាន់មាន​ប័ណ្ណកម្មសិទ្ធិ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ អ្នកនោះ​មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នេះ​ទេ គឺមាន​សិទ្ធិ​ត្រឹមតែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។

សំណួរ២-ក្នុងឋានៈ​ជា​ភោគី តើ​ខ្ញុំ​មាន​សិទ្ធិ​អ្វីខ្លះ​លើដី​នេះ?

ចម្លើយៈ ភោគី​មាន​សិទ្ធិ​ប្រហាក់ប្រហែល​នឹង​ម្ចាស់​កម្មសិទ្ធិ​ដែរ ពោល​គឺមាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​នៅ ដាំ​ដុះ ប្រវាស់ ជួល បញ្ចាំ លក់ ឬ​ផ្ទេរ​ទៅ​ឲ្យ​កូនចៅ ។ល។នៅក្នុង​ករណី​មានការ​ផ្ទេរកម្មសិទ្ធិ នេះ អ្នកទទួល​អចលនវត្ថុ​ពី​ភោគី គឺ​ទទួល​បាន​ត្រឹមតែ​សិទ្ធិ​ជា​ភោគី​ដដែល មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​នោះទេ។

ភោគី និង​កម្មសិទ្ធិករ មាន​ទំហំ​សិទ្ធិ​ដូចគ្នា។ អ្វីដែល​ខុសគ្នា គឺ​នៅត្រង់ថា សិទ្ធិ​ជា​កម្មសិទ្ធិករ​គឺជា​សិទ្ធិ​ស្ថាពរ ហើយ​អាច​ទទួល​បានការ​គាំពារ​ពី​ច្បាប់ ដោយ​ពេញលេញ។ ចំណែក​សិទ្ធិ​ជា​ភោគី​វិញ គឺជា​សិទ្ធិ ដែលមាន​លក្ខណៈ​បណ្ដោះអាសន្ន ដែល​អាចមាន​ការជំទាស់​តវ៉ា​បាន ទៅ​ថ្ងៃក្រោយ។

សំណួរ៣-តើ​ភោគី​អាច​ក្លាយជា​កម្មសិទ្ធិករ​បាន​ដែរឬទេ?

ចម្លើយៈ​បាន! ប្រសិនបើ​ការកាន់កាប់​នេះ ធ្វើឡើង​ដោយ​ស្របច្បាប់ ដោយ​គោរព​តាម​ល័ក្ខខ័ណ្ឌ ៥៖

-កាន់កាប់​ដោយ​ពិតប្រាកដ ពោលគឺ​មិនមែនជា​ការកាន់កាប់​ក្នុងឋានៈ​ជា​អ្នក​ចាំ​ដី ចាំផ្ទះ​ឬ​ចាំចម្ការ​ឲ្យ​គេ។

-កាន់កាប់​ដោយ​គ្មាន​ហិង្សា ពោលគឺ​មិន​ប្រើ​កម្លាំង​ចូលទៅ​ដណ្តើម​កាន់កាប់។

-កាន់កាប់​ដោយមាន​ការដឹង​ឮជា​សាធារណៈ ពោលគឺ​មិនមែន​ចូលកាន់​កាប់​ដោយ​លួចលាក់​មិន​ឲ្យ​គេ​ដឹង។

-កាន់កាប់​ដោយ​គ្មាន​ការអាក់ខាន ពោលគឺ​មិនបាន​បោះបង់​អចលនវត្ថុ​នេះ​ចោល ក្នុង​គម្លាត​មួយ​ធំ។

-កាន់កាប់​ដោយ​សុចរិត ពោលគឺ​ពេល​ចូលកាន់​កាប់ ភោគី​មិនបាន​ដឹងថា អចលនវត្ថុ​នេះ​មាន​ម្ចាស់​រួចទៅហើយ​នោះទេ។

ភោគី​ដែល​បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ទាំង៥ខាងលើនេះ អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​បាន ក្រោយពី​បាន​កាន់កាប់​អចលនវត្ថុ រយៈពេល៥ឆ្នាំជាប់ៗគ្នា​ឥត​ដាច់។

សំណួរ៤- ក្រោយពី​បាន​កាន់កាប់​តាម​ល័ក្ខខ័ណ្ឌ និង​គ្រប់​រយៈពេល ដែល​កំណត់ដោយ​ច្បាប់​ហើយ តើ​ខ្ញុំ​អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​ឬទេ?។

ចម្លើយៈ​សិទ្ធិ ជា​កម្មសិទ្ធិករ មិនអាច​ទទួលបាន​ដោយ​ស្វ័យប្រវត្តិ​នោះទេ។ ភោគី អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្ថាពរ លុះត្រាតែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចេញ​ប័ណ្ណ សម្គាល់​កម្មសិទ្ធិ​ឲ្យ ក្រោយ​មានការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។

សំណួរ៥-ក្នុងពេល​រង់ចាំ ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ តើ​ភោគី​អាច​ទទួលបាន​ប័ណ្ណ​អ្វី ដែល​សម្គាល់​ការកាន់កាប់​អចលនវត្ថុ​នេះដែរ​ឬទេ?

ចម្លើយៈ បានអាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៅ​ឲ្យ​ភោគី ដែល​កាន់កាប់​ស្រប់​ច្បាប់។ ក៏ប៉ុន្តែ​ប័ណ្ណ​នេះ គ្រាន់តែ​ជា​ភស្តុតាង​បញ្ជាក់​អំពី​សិទ្ធិ​កាន់កាប់​ប៉ុណ្ណោះ មិនមែនជា​ប័ណ្ណកម្មសិទ្ធិ ដែល​តវ៉ា​មិនបាន​នោះទេ។

សំណួរ៦-ប្រសិនបើ​ខ្ញុំ​ឃើញ​មាន​អចលនវត្ថុ​ទំនេរ​គ្មាន​ម្ចាស់ តើ​ខ្ញុំ​អាច​ចូល​កាន់កាប់​ធ្វើជា​ភោគី​បាន​គ្រប់ពេល​ឬ?

ចម្លើយៈ ការកាន់កាប់ អចលនវត្ថុ​ក្នុងនាម​ជា​ភោគី ដែល​ច្បាប់​ទទួលស្គាល់ គឺ​មានតែ​ការកាន់កាប់ មុនពេល​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន​ប៉ុណ្ណោះ ពោលគឺ​មុន​ឆ្នាំ២០០១ ។ រាល់​ការចូល​កាន់កាប់​អចលនវត្ថុ នៅក្រោយ​ច្បាប់​ភូមិបាល​ចូល​ជា​ធរមាន គឺជា​ការកាន់កាប់​ខុសច្បាប់ ដែល​អាច​ទទួលទោស​ព្រហ្ម​ទ័​ណ្ឌ។

ប្រជាជន​ក្រីក្រ ដែល​ចង់បាន​ដី​ត្រូវតែ​ធ្វើ​ពាក្យសុំ​ទៅ​អាជ្ញាធរ តាមរយៈ​យន្តការ “សម្បទាន​ដី​សង្គមកិច្ច”៕

សេដ្ឋកិច្ច​ប្រទេស​អង់គ្លេស​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ ខណៈ​វិបត្តិ​សេដ្ឋកិច្ចពិភពលោកកំពុង​កើតឡើង

0
វិបត្តិសេដ្ឋកិច្ចពិភពលោក

ដោយ Donald Lee

ភ្នំពេញៈ សេដ្ឋកិច្ច​ប្រទេស​អង់គ្លេស គឺជា​សេដ្ឋកិច្ច​ធំ​ចុងក្រោយបង្អស់ ដែល​កំពុង​ទទួលរង​នូវ​ការធ្លាក់ចុះ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក ចិន​បន្ត​ជះឥទ្ធិពល​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​អង់គ្លេស​នៅ​ត្រីមាស​ទី២ធ្លាក់ចុះ មក​ត្រឹម ០,២ ភាគរយ។ នេះ​គឺជា​ការធ្លាក់ចុះ​ដំបូង ដែល​សេដ្ឋកិច្ច​អង់គ្លេស​បាន​ជួបប្រទះ​ចាប់តាំងពី​ឆ្នាំ២០១២មក។

ប្រសិនបើ​សេដ្ឋកិច្ច​អង់គ្លេស រង​ការធ្លាក់ចុះ​ជាមួយនឹង​ការធ្លាក់ចុះ​ផ្សេងទៀត នៅក្នុង​ត្រីមាស​ទី​បី ប្រទេស​នេះ​នឹង​ធ្លាក់ចូល​វិបត្តិ​សេដ្ឋកិច្ច។

ក្រុមអ្នកវិភាគ​ជឿជាក់ថា សេដ្ឋកិច្ច​អង់គ្លេស​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ធ្លាក់ចុះ។

ប្រធាន​សេដ្ឋវិទូ​នៅ IHS Markit បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា “ចក្រភព​អង់គ្លេស កំពុង​ដើរ​ថយក្រោយ​ដោយ​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច៖ GDP ធ្លាក់ចុះ ០,២ភាគរយ​នៅក្នុង​ត្រីមាស​ទី ២ (ការធ្លាក់ចុះ​លើក​ទី ១ ចាប់តាំងពី​ឆ្នាំ ២០១២) និង PMI (ស​ន្ទ​ស្សន៍​អ្នកគ្រប់គ្រង​ការទិញ) និយាយថា​រហូតមកដល់​ពេលនេះ យើង​រំពឹងថា​នឹង​នៅ​ទ្រឹង​ក្នុង​ត្រីមាស​ទី៣។

ការធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម បានរួម​ចំណែក​ភាគច្រើន​ដល់​ការធ្លាក់ចុះ​របស់​អង់គ្លេស។ វិស័យសំខាន់ៗបាន​ធ្លាក់ចុះ ២,៣ ភាគរយ​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស​នៅក្នុង​ត្រីមាស​ទី២ ។

ចំណែក​សេដ្ឋកិច្ច​ប្រទេស​សឹង្ហ​បូរី បានទទួល​ជោគវាសនា​ប្រហាក់ប្រហែលគ្នា​នៅក្នុង​ត្រីមាស​ទី២ ដោយសារ​ការធ្លាក់ចុះ​នៃ​វិស័យ​ផលិតកម្ម ដែល​អាចធ្វើឱ្យ​សេដ្ឋកិច្ច​របស់ខ្លួន​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ចុង​ត្រីមាស​បន្ទាប់។

ប្រធាន​ធនាគារកណ្តាល​សិង្ហ​បុរី​លោក Ravi Menon បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយថ្មីៗនេះ​ថា “ជម្លោះ​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​រវាង​អាមេរិក និង​ចិន​ធ្វើឱ្យប៉ះពាល់​ដល់​ផលិតកម្ម​ពាណិជ្ជកម្ម និង​ការវិនិយោគ​សកល។

វិបត្តិសេដ្ឋកិច្ចពិភពលោក

របាយការណ៍​សេដ្ឋកិច្ច​របស់ Bloomberg បាន​ប៉ាន់ប្រមាណ​ថា ការចំណាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​អាចមាន​ទំហំ​ទឹកប្រាក់​ដល់ ១,២ពាន់​ពាន់​លាន​ដុល្លារ ដែល​ប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក៕

រាជធានី ខេត្ត​ចំនួន៥ របស់​កម្ពុជា​កំពុងមាន​សក្តានុពល​លើ​ការអភិវឌ្ឍ​ផ្នែក​ភស្តុភា​រកម្ម

0
​ភស្តុភា​រកម្ម

ដោយ ​វុត្ថា

ភ្នំពេញ៖ ការសិក្សា​ផែនការមេ​ស្តីពី ការកែលម្អ​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន ចេញ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​បាន​បង្ហាញថា តម្រូវការ​ភស្តុភារ​កម្ម​នៅ​ទីតាំង​ចំនួន៥ នៃ​ប្រទេស​កម្ពុជា​កំពុងមាន​ការកើនឡើង​ខ្ពស់ ស្រប​ទៅ​កំណើនសេដ្ឋកិច្ច សេវាកម្ម ដឹកជញ្ជូន និង​ប្រជាពលរដ្ឋ​ដែល​រួមមាន៖ ទីក្រុង​ភ្នំពេញ ក្រុង ព្រះសីហនុ  ច្រកព្រំដែន​គោក ច្រករបៀង​បាត់ដំបង-កំពង់ចាម និង​តំបន់​ឦ​សាន្ត។

១) រាជា​ធានី​ភ្នំពេញ

ឧស្សាហកម្មចម្បងៗនៅក្នុង ឬ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ គឹជា​ឧស្សាហកម្ម​ធុន​ស្រាយ​ល​ដូចជា រោងចក្រ​កាត់ដេរ និង​រោងចក្រ​ផលិត​ស្បែកជើង សម្រាប់​ការនាំ​ទៅកាន់​ទីផ្សារ​ទាំង​ឡាយ​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ ទោះ​មាន​កំណើន​ថ្លៃ​ផលិតកម្ម ជាពិសេស​កំណើន​ថ្លៃ​ពលកម្ម ដែ​នឹង​បង្កង​ផល​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ទាំងនេះ ក្នុង​រយៈពេល​ខាងមុខ​ក្តី​ការអភិវឌ្ឍថ្មីៗ ដែល​កំណត់​ទ្រង់ទ្រាយ​ឧស្សាហកម្ម ក្នុង​រាជធានី​ភ្នំពេញ ទំនងជា​ជា​ត្រូវ​រាប់បញ្ចូល​ទាំង១) កំណើន​ទំនើបកម្ម នៃ​ឧស្សាហកម្ម​ធុន​ស្រាល​បច្ចុប្បន្ន ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ឧស្សាហ​កម្មនេះ អាចឆ្លើយតប​ទៅនឹង​តម្រូវឱ្យមាន​ប្រសើរ​ជាង​មុន ២) ការធ្វើ​ពិពិធ​កម្ម​នៃ​វិស័យ​កម្មន្តសាល ឆ្ពោះទៅរក​ឧស្សាហកម្ម​ដែល​តម្រូវឱ្យមាន​បំណែក និង​វត្ថុធាតុដើមថ្មីៗសម្រាប់​ផលិតកម្ម ៣)វិស័យ​កម្មន្តសាល​ជំនួស​ការ​នាំចូល​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ជាពិសេស​សម្រាប់​ប្រជាជន​ក្នុង​ក្រុង។

គេ​រំពឹងថា​កំណើនសេដ្ឋកិច្ច​ជា​បន្ត​នេះ នឹង​បង្កើន​ប្រាក់ចំណូល​ក្នុង​រាជធានី​ភ្នំពេញ​ដែល​កំណើន​ប្រាក់ចំណូល​នេះ នឹង​បង្កើន​ទំហំ​និង​បរិមាណ​នៃ​ទំនិញ​ពាណិជ្ជកម្ម (សម្រាប់​អ្នកប្រើប្រាស់ និង​អាជីវកម្ម)។ ជាទូទៅ​ប្រជាជន​នៅក្នុង​ទីក្រុង​ដូចជា​ទីក្រុង​ភ្នំពេញ​នឹងមាន​ទ្រព្យធន​កាន់តែច្រើន​ដូច្នេះ ពួកគេ​នឹង​ប្រើប្រាស់​ផលិតផល​កាន់តែច្រើន​ប្រភេទ និង​មាន​ត​ម្លៃកាន់តែ​ខ្ពស់ ដែល​តម្រូវឱ្យមាន​ភស្តុរ​ភារ​កម្ម​ច្រើន​ប្រភេទ និង​តម្លៃ​កាន់តែច្រើន ស្របទៅតាម​កំណើន​នៃ​ភាពស្មុកស្មាញ និង​ភាពទំនើប​នៃ​ឧស្សាហកម្ម។ កម្ពុជា​នឹងត្រូវ​ការ​វិស័យ​ភស្តុភា​រកម្ម ដើម្បី​ផ្តល់​សេវា​ជាច្រើន​ដែល​ឆ្លើយតប ទៅនឹង​កំណើន​តម្រូវការ​ដ៏​ច្រើន​ដូចជា ទំហំ តម្លៃ ល្បឿន ភាព​ញឹកញាប់ និង​សេវា​ទាន់ពេលវេលា។

២) ក្រុងព្រះសីហនុ

រោងចក្រ​ភាគច្រើន​នៅក្នុង​ក្រុងព្រះសីហនុ គឺជា​ឧស្សាហកម្ម​ធុន​ស្រាល ដែល​ផលិត​សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ។ រោងចក្រ​ទាំងនេះ ប្រើ​សេវា​កំពុងផែ​ក្រុងព្រះសីហនុ​ក្រុងព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន២ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែលមាន​រោងចក្រ​កម្មន្តសាល​ប្រភេទ​ថ្មី ដែល​ផលិតផល​តូច ស្រាល និង​តម្លៃបន្ថែម​ខ្ពស់​ផងដែរ។

ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ​កើនឡើង​ជាប្រចាំ ស្របទៅតាម​កំណើនសេដ្ឋកិច្ច​និង​កំណើនប្រជាជន​នៃ​ប្រទេស​កម្ពុជា។ កំពង់ផែ​ក្រុងព្រះសីហនុ​នឹងត្រូវ​ពង្រីក​សមត្ថភាព​និង​ភាព​អាច​បត់បែន​បាន​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់។

ខេត្តកំពត​ដែល​នៅក្បែ​នោះបាន​ផលិតផល​ស៊ីម៉ង់ត៍ ដោយ​ប្រើប្រាស់​ថ្មកំបោរ​ដែល​បានមក​តំបន់​ជុំវិញ​ខេត្ត នឹង​បង្កើត​ប្រភព​ទាំង​ទំនិញ​ល្អ​ស្រាប់​ខ្សែ​ផ្លូវដែក​ភាគខាងត្បូង។

ក្រសួងទេសចរណ៍​បាន​ព្យាយាម​ធ្វើ​ពិពិធ​កម្ម ទិសដៅ​ទេសចរណ៍ ឧទាហរណ៍​ក្រុងព្រះសីហនុ​ត្រូវបាន​កំណត់​យក និង​ជំ​រុញឱ្យ​ក្លាយទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ​មួយ។មជ្ឈមណ្ឌល​ចែកចាយ(ឧទាហរណ៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម)អាច​បម្រើ​សេចក្តីត្រូវការ​ខាង​ទេសចរណ៍​តាមរយៈ​ការផ្តល់​ទំណិញ​ចាំបាច់​ឱ្យបាន​គ្រប់គ្រាន់។

៣) ច្រកព្រំដែន​គោក

ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត គឺជា​ច្រកព្រំដែន​គោ​ដ៏​សំខាន់​របស់​កម្ពុជា ដែល​ច្រក​ទាំងពីរ​នេះ ស្ថិតនៅតាម​អនុ​ច្រករបៀង​ភាគ​កណ្តាល នៃ​ច្រករបៀង​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ​ភាគខាងត្បូង។ យើង​អាចបែងចែក​ទំនិញ​ឆ្លងកាត់​តាម​ច្រក​ទាំងពីរ​នេះ ទៅជា២ប្រភេទ៖ ១) បំណែក/វត្ថុធាតុដើម​មកពី​រោងចក្រ​មេ​ក្នុងប្រទេស​ថៃ និង​វៀតណាម និង២)ទំនិញ​ឆ្លងកាត់​មកពី​ប្រទេស​ថៃ និង​វៀតណាម​ទៅកាន់​រាជធានី​ភ្នំពេញ។

ការ​បម្លាស់​ផលិតកម្ម​កម្មន្តសាល​ចេញពី​ប្រទេស​ថៃ និង​វៀតណាម​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ដែល​គេ​រំពឹងថា ទំហំ​និង​ប្រភេទ​ទំនិញ​នឹង​បន្ត​កើនឡើង ស្របតាម​កំណើន​នោះដែរ។

៤) ច្រករបៀង​បាត់ដំបង-កំពង់ចាម

តំបន់​ភាគខាងត្បូង​នៃ​បឹង​ទន្លេសាប ជា​តំបន់​ដែលមាន​ឈ្មោះ​ល្បី​ខាង​ការផលិត​ស្រូវ​អង្ក ដែលមាន​គុណភាព​ខ្ពស់។ អង្ករ​នាំចេញ​តែងតែ​ត្រូវការ​ដឹកជញ្ជូន​តាមរ​ថ​យន្ត​ទៅកាន់​រាជធានី​ភ្នំពេញ និង​ដឹកជញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស តាមរយៈ​កំពង់ផែ​ក្រុងព្រះសីហនុ ឬ​ការដឹកជញ្ជូន​តាមផ្លូវ​ទន្លេ។ ការនាំចេញ​អង្ករ​បាន​កើនឡើង​ក្នុង​អត្រា​ថេរ និង​ត្រូវបាន​រំពឹងថា នឹង​បន្ត​កើនឡើង​ដោយសារ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល។ លើសពីនេះ​ទៀត​ខេត្តបាត់ដំបង ផលិត​ផលិតផល​ស៊ីម៉ងត៍​ដែលជា​ប្រភេទ​ទំនិញ មាន​សក្តានុពល​សម្រាប់​ប្រតិបត្តិការ​ខ្សែ​ផ្លូវដែក ភាគ​ខាងជើង​ផងដែរ។

៥) តំបន់​ភាគ​ឦ​សាន្ត

តំបន់​ឦ​សាន្ត​ភាគ​ខាងក្រោម​មាន​ចំការ​ដំឡូង​មី និង​ចំការកៅស៊ូ​ជាច្រើន ដែល​គេ​រំពឹងថា នឹង​ក្លាយទៅជា​ផលិតផល​នាំចេញ​ដ៏​សំខាន់ ជាពិសេស​ទៅកាន់​ប្រទេស​ចិន ដោយ​ពឹង​ផ្អែកលើ​ការដឹកជញ្ជូន​តាមផ្លូវ​ទន្លេ។ ដោយសារ​ផលិតផល​ដំឡូង​មី និង​ជ័រកៅស៊ូ កើនឡើង​ស្របតាម​លក្ខណ​អំណោយផល​នៃ​ទីផ្សារ តម្រូវការ​ភស្តុភារ​កម្ម​ដែល​ទាក់ទង​នឹង​កសិផល​ទាំងនេះ នឹង​កើនឡើង​ស្របទៅតាម​កំណើន​ទាំង​នោះដែរ។

តំបន់​ឦ​សាន្ត​មាន​រ៉ែ​ធម្មជាតិ​ដែលមាន​សក្តានុពល​រួមមាន៖ អត់​ទី​ម៉ូ​ន (ជា​ប្រភេទ​ដែក​កម្រ) រ៉ែ​ប៊ុ​ក​ស៊ីដ ធ្យូងថ្ម និង​មាស ក្នុង​ខេត្តក្រចេះ ព្រះវិហារ រតនៈគិរី និង​ខេត្តស្ទឹងត្រែង។ ការអភិវឌ្ឍ​ភស្តុភារ​កម្ម​អាច​ចូលរួមចំណែក​ក្នុងការ​ពង្រឹង ការអភិវឌ្ឍ​អាជីវកម្ម​រ៉ែ តាមរយៈ​ការផ្តល់​បណ្តាញ​ផ្លូវថ្នល់​ចូល ចេញពី​ការដ្ឋាន​រ៉ែ និង​ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន។

ក្រសួងទេសចរណ៍​មាន​គោលដៅ បង្កើន​ចំនួន​ទេសចរណ៍​បរទេស ឱ្យ​កើន​ដល់៧លាន​នាក់​ក្នុង​ឆ្នាំ២០២០ ហើយ​ក្នុងពេលថ្មីៗនេះ ក្រសួង​បាន​ពង្រឹង​ការទាក់ទាញ​ទេសចរណ៍​ក្នុង​តំបន់​ពាយ័ព្យ​ចេញពី​តំបន់​បេតិកភណ្ឌ​អង្គរ។ គម្រោង​កែលម្អ​ផ្លូវថ្នល់ និង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ចែកចាយ ដែល​អាច​គាំទ្រ​ដល់​គោលដៅ​នយោបាយ​ទាំងនេះ៕

រដ្ឋាភិបាល​ប្រកាស​ផ្អាក​លែងឱ្យ​មានការ​ធ្វើចរាច​រណ៍​តាម​ផ្លូវជាតិ​លេខ៤ ជា​បណ្ដោះអាសន្ន

0

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ អាស្រ័យ​ដោយមាន​ការជួប​គ្រោះ​ជំនន់​ដោយ​ទឹកភ្លៀង​យ៉ាងគំហុក ដែល​បង្ក​ឱ្យ​ប៉ះពាល់ និង​ខូច​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ ពេលនេះ​អជ្ញាធរ​បានប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ និង​ដឹកជញ្ជូន​គ្រប់​ប្រភេទ​តាមផ្លូវ​ជាតិ​លេខ៤ ត្រូវ​ផ្អាក​បណ្តោះ ដោយ​ជំនួស​ទៅកាន់​ផ្លូវជាតិ​លេខ ៣វិញ ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ៤ និង​លេខ៤៨ បាន​រងគ្រោះ ដោយសារ​ភ្លៀង ធ្លាក់​ជោកជាំ​ច្រើន​ថ្ងៃជាប់ៗគ្នា បណ្ដាល​ឲ្យ​ផ្នែក​មួយចំនួន​នៃ ផ្លូវជាតិ​លេខ៤ និង​លេខ៤៨ ទទួលរង​ខូចខាត ។

យោងតាម គេហទំព័រ ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង សាធារណការ នៅ​រសៀល​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ៤ ចំណុច PK១៧៣-១៧៤ រងគ្រោះ​ដោយ​ទឹក ភ្លៀង បាន​ហូរ​កាត់​ផ្លូវ កំពស់​លិច ប្រមាណ ១០-១៥Cm នឹង បង្ក​ឲ្យ ច្រោះ​ចិញ្ចើម និង​ខូច​ផ្ទៃ​មួយ ចំនួន ដែល​តម្រូវ​ឲ្យ​ក្រុមការងារ​បាន ត្រៀម​និង​ដាក់ បាវ​និង​ដី ខ្សាច់ សំរាប់ ជួយ​ទប់​បន្ថយ កំលាំង​ទឹក​ហូរ ដែល​នាំ​ច្រោះ​បាក់​ចិញ្ចើម ។ បើ​ភ្លៀង នៅ បន្ត​ធ្លាក់ ឥត​ឈប់​បែបនេះ ចំណុច​មួយចំនួនទៀត ក៏​នឹង​អាច​រង​នូវ​ជន់​លិច​ផងដែរ ។

ចំណែក ផ្លូវជាតិ​លេខ៤៨ ចំណុច PK១៣១-១៣២ ទឹក ភ្លៀង ហូរ លើ​ភ្នំ​កាត់ ផ្លូវ​បង្ក​អោយ​ច្រោះ ចិញ្ចើម និង​ខូច​ផ្ទៃ​កៅស៊ូ(តួ​ថ្នល់)។ ក្រុមការងារ​បាន ចល័ត Excavator និង​ត្រៀម បាវ និង ដី ខ្សាច់ និង​បាន​កាយ​ផ្លូវ​រំដោះ​ទឹក សំរាប់​ជួយ​ទប់​បន្ថយ​កំលាំង​ទឹក​ហូរ ដែល​នាំ​ច្រោះ​បាក់​ចិញ្ចើម​និង​តួ​ថ្នល់ ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី៩ សីហា​នេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​វេលា​ម៉ោង ១៤ រសៀល​ថ្ងៃទី៩ ខែសីហា​នេះ ភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាងខ្លាំង​បណ្តាលឱ្យ​ជំនន់​ទឹកភ្លៀង បាន​ជន់​លិច​តាម​ទីតាំង​មួយចំនួន​ដូចជា៖ កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ

១៧១-១៧៣ ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស​ធ្វើ​ចាំង ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ទឹក​លិច​កម្ពស់ ១ ម៉ែត្រ ប្រវែង២០០ ម៉ែត្រ ចំណុច​ស្ពាន​លេខ ១១ ព្រំប្រទល់​ឃុំ​កែវផុស និង​ឃុំ​តា​នៃ​ទឹក​លិច​កម្ពស់​ប្រមាណ ១ ម៉ែត្រ ប្រវែង ១០០ ម៉ែត្រ នៅ​ផ្លូវជាតិ​លេខ៣ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ទឹក​លិច​ថ្នល់​កម្ពស់ ០,៦ ម៉ែត្រ ប្រវែង ៥០០ ម៉ែត្រ។

ក្នុង​ពេលនេះ លោក​គណៈ​អភិបាលខេត្ត បាននិងកំពុង​ដឹកនាំ​ពិនិត្យ​ស្ថានភាព​ដោយ​ចាត់ចែង រដ្ឋបាល​ស្រុក​ព្រៃនប់ ព្រមទាំង​កងកម្លាំង​មាន​សមត្ថ​កិច្ចសហការ ជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​ការលិចលង់ ផ្ទះសម្បែង​មកកាន់​ទីទួល​សុវត្ថិភាព និង​ត្រៀម​បង្ការ​ឆ្លើយតប ចំពោះ​គ្រោះមហន្តរាយ​នានា​ដែល​នឹង​អាច កើតឡើង​ជាយថាហេតុ។

រដ្ឋបាលខេត្ត​បញ្ជាក់ថា “ដូចនេះ​ដើម្បី​រក្សា​សុវត្ថិភាព​អ្នកធ្វើដំណើរ រដ្ឋបាលខេត្ត​ព្រះសីហនុ សូមឱ្យ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ សាធារណៈជន និង​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដោយ​រថយន្ត​ទាំងអស់ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៣ វិញ។ បន្ថែម​លើ​នោះ​ដើម្បី​រក្សា​គុណភាព​ផ្លូវ រថយន្ត​ដឹកជញ្ជូន​កុង​តេ​ន័​រ និង​រថយន្ត​ធុន​ធ្ងន់ ត្រូវ​រង់ចាំ​រយៈពេល ១ថ្ងៃ ក្រោយ​ទឹក​ស្រក​អស់​ទើប​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ឆ្លង​កាត់​បាន ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ សាធារណៈជន និង​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដោយ​រថយន្ត ជ្រាប​ជា​ព័ត៌មាន” ៕

រដ្ឋមន្ត្រី​ពានិជ្ជកម្ម៖ កម្ពុជា​ប្តេជ្ញា​ជំរុញ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

0
​ដៃគូ​សេដ្ឋកិច្ច

ដោយ ម៉ាណេ​ត

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាន់​ជំហរ​គាំទ្រ និង​ជំរុញ​ឱ្យ​បញ្ចប់​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែលជា​ប្លុក​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ និង​មាន​សារៈសំខាន់​បំផុត នៅ​ចុងឆ្នាំ២០១៩នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម។

​ដៃគូ​សេដ្ឋកិច្ច

នៅក្នុង​ជំនួប​ពិភាក្សា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេរ​ភាគី​ជាមួយ លោក Yoonjong Chun អគ្គនាយក​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ព្រឹក​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ​លោក ​ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដឹកនាំ និង​សម្របសម្រួល​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង RCEP ដើម្បី​ទប់ទល់​ជាមួយ​វិបត្តិ​នានា ដែល​កើត​ពី​សង្គ្រាម​ពាណិជ្ជកម្ម។

លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ភាគី​កូរ៉េ អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា គោលនយោបាយ​គាំពារ​វិនិយោគ និង​កំណែទម្រង់ថ្មីៗដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​របស់​ក​ម្ពុ​ជា និង​ទាក់ទាញ​វិនិយោគ​ពី​បរទេស​បន្ថែមទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ។

ជាការ​ឆ្លើយតប លោក Yoonjong Chun បាន​កោត​ស​សើរ​អំពី​វឌ្ឍនភាព​របស់​កម្ពុជា ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ។លោក​អគ្គនាយក បាន​គូសបញ្ជាក់ថា សាធារណរដ្ឋ​កូរ៉េ មាន​ទិសដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជាមួយ​កម្ពុជា និង​មាន​ជំហរ​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​គាំទ្រ និង​ជំរុញ​ឱ្យ​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង RCEP អាច​បញ្ចប់ នៅត្រឹម​ចុងឆ្នាំ២០១៩នេះ។

​ដៃគូ​សេដ្ឋកិច្ច

RCEP ជាទី​ផ្សារ​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ ដែលមាន​ចំនួន១៦ប្រទេស គឺ​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន៦ រួមមាន​ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ណូ​វ៉ែល​ហ្សេ​ឡង់ ដែលមាន​ប្រជាជន​ស្មើនឹង​ប្រមាណ៤៥%នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក និង​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ៤០% នៃ​ពាណិជ្ជកម្ម​ពិភពលោក៕

លំហូរ​ទុនវិនិយោគ​ជាង ៥ពាន់​លាន​ដុល្លារ កំពុងតែ​ផ្តល់​ផល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

0
​វិស័យ​អចលនទ្រព្យ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ស្របទៅនឹង​ការព្យាករណ៍​ទុក​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ធនាគារពិភពលោក​ដែល​លើកឡើងថា នៅ​ដំណាច់ឆ្នាំ២០១៩នេះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែមាន​ភាពល្អប្រសើរ និង​អាច​រក្សាបាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៧ភាគរយ ដែល​ចំនួន​នេះ​វា​គឺជា​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ និង​បន្តទៅ​ឆ្នាំ​បន្ទាប់​ខាងមុខ​ទៀត។

ផ្អែក​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានឱ្យដឹងថា នៅត្រឹម​ឆមាស​ទី១ ឆ្នាំ២០១៩ តាមរយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា បានសម្រេច​ឯកភាព​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន ១៥៣គម្រោង ក្នុងនោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ១១០គម្រោង និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៤៣គម្រោង។ នៅក្នុង​ចំណោម​គម្រោង​ទាំង ១៥៣ខាងលើនេះ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ ៥១៨១ លាន​ដុល្លារ​អាចបង្កើត​ការងារ​បាន​ជាង ១៦៧,៣៣០កន្លែង។

លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​ថា រយៈពេល៦ខែ​នៅក្នុង​ឆ្នាំនេះ ក៏ដូចជា​ពេញ​មួយឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ច​នៅតែ​រក្សាបាន​លំនឹង​ធម្មតា ហើយ​ការវិនិយោគ​នៅតែមាន​ចូល​បន្ថែម ខណៈដែល​គម្រោងចាស់ៗ ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស ក៏​មិនមាន​ភាព​អសកម្ម​នោះដែរ ពោលគឺ​មានតែ​ខ្វះ​រោងចក្រ​ជួល​ថែម​ទៀតផង។ លោក​ឧកញ៉ា​បាន​បន្តទៀតថា “នៅក្នុង​គម្រោង​វិនិយោគ​បរទេស ដែល​ចូល​មកកាន់​កម្ពុជា វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ឈានមុខ​គេ បន្ទាប់មក​គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​ទេសចរណ៍​និង​កម្សាន្ត ដែល​រួមមាន​ដូចជា​ការវិនិយោគ​លើ​ផ្នែក​សណ្ឋាគារ និង​កាស៊ីណូ​ជាដើម ”។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង​របស់​វិនិយោគិន​មកកាន់​កម្ពុជា។ លោកស្រី​បាន​បន្តទៀតថា “នៅពេលដែល​កំណើនសេដ្ឋកិច្ច​មាន​ភាពរឹងមាំ វា​គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ហើយ​វា​នឹង​ជួយ​អូសទាញ​កម្លាំង​វិនិយោគ​ពី​បរទេស​បន្ថែមទៀត​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់។

លោកស្រី​បាន​បន្តទៀតថា “ចំនួន​គម្រោង​ស្នើសុំ​វិនិយោគ​ដែល​ត្រូវបាន​អនុម័ត​ពី CDC កាន់តែច្រើន​មានន័យថា តម្រូវការ​ប្រើប្រាស់​ដី​នឹងមាន​កាន់តែច្រើន​សម្រាប់​សាងសង់​រោងចក្រ និង​សហគ្រាស ក៏ដូចជា​ឃ្លាំង​ផ្ទុកទំនិញ​ជាដើម ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​តាមផ្លូវ​ក្រវ៉ាត់​ក្រុង និង​តំបន់​ជាយក្រុង។

ផ្អែក​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia បាន​បង្ហាញថា នៅក្នុង​ឆមាស​ទី១នៃ​ឆ្នាំ២០១៩នេះ ទីតាំង​ជួល​ការិយាល័យ​ថ្មី​ទំហំ ៦,៥០០ ម៉ែត្រការ៉េ ត្រូវបាន​ជួល ។ ចំនួន​នេះ​គឺមាន​ការកើនឡើង​ទ្វេ​រដង បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅនេះ ហើយ​បើ​បូក​បញ្ចូល​ទាំង​អគារ​ការិយាល័យ​បង្កើត​ថ្មី និង​អគារ​ដែលមាន​ស្រាប់ ចំនួន​ការិយាល័យ​សរុប​នៅ​ភ្នំពេញ​បាន​កើន​ឡើងដល់​ជិត ៣៦០,០០០ ម៉ែត្រការ៉េ​គិត​ត្រឹម​ចុងខែ​មិថុនា​ឆ្នាំ ២០១៩ នេះ ៕