CDC អនុម័តលើគម្រោងវិនិយោគ​ទឹកប្រាក់សរុបជិត ​៤២លានដុល្លារ ​របស់ក្រុមហ៊ុន​ចំនួន៦

0
CDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគទឹកប្រាក់សរុបចំនួន ៤១.៨ លានដុល្លារ របស់ក្រុមហ៊ុនចំនួន៦ ដែលវិនិយោគទៅលើខេត្ត ក្រុងផ្សេងគ្នា រួមមាន ខេត្តកណ្តាល តាកែវ ព្រះសីហនុ និងរាជធានីភ្នំពេញ។

តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៦ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖

១- “NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៩កន្លែង។
២- “CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ព្រះសីហនុ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៧កន្លែង។
៣- “CHENGHAOSHIYE (CAMBODIA) FASHION CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៥កន្លែង។
៤- “NEW EAST SOLAR ENERGY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
៥- “THE PRESTIGE HOSPITAL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ១៦,១៧ និង១៨ ផ្លូវលេខ ២១ និងលេខ ០៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។
៦- “CHAMATHARN CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង៕

CDC អនុម័តគម្រោងCDC អនុម័តគម្រោងCDC អនុម័តគម្រោងCDC ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC អនុម័តគម្រោងCDC អនុម័តគម្រោង

អគារ​ពហុមុខ​ងារ​ ​Morgan​ ​The​ ​Pure​ ​Bay​ ​កំពស់​ ​៣៥ជាន់​ ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​

0
Morgan The Pure Bay
អគារ Morgan​ The​ Pure​ Bay

ដោយ​ វុត្ថា

​ព្រះសីហនុ​៖ អគារពហុមុខងារ Morgan​ The​ Pure​ Bay របស់​ក្រុមហ៊ុន​ អេវើ​ អឹ​សេន​ ឌី​វេ​ឡុប​ម៉ិន​ ឯ.ក​ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ក្រោម​អធិបតីភាព​ លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

អគារ Morgan​ The​ Pure​ Bay
លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់

លោក​ ជា​ សុ​ផា​រ៉ា​ បានឱ្យ​ដឹង​ដែរ​ថា​ ការ​បើ​ករ​ដ្ឋាន​សាងសង់​អគារ​មួយ​នេះ​ ពិតជា​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់តែ​មាន​សន្ទុះ​រី​ចចំរើន​ ព្រោះ​ការសាងសង់​អគារ​ ​Morgan​ The​ Pure​ Bay​​ នៅ​លើ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​របស់​កម្ពុជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ គម្រោង​សាងសង់​អគារ​ Morgan​ The​ Pure​ Bay​​ ក៏​ជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​មានការ​រីក​ចំរើន​បន្ថែម​ទៀត​ តាមរយៈ​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ អាគារ​ពហុមុខ​ងារ​ Morgan​ The​ Pure​ Bay​ មាន​កំពស់​ជាង​ ១២៦ម៉ែត្រ​ ដែល​ស្មើ​ នឹង​ ៣៥ជាន់​ នៅ​លើ​ផ្ទៃ​នៃ​អគារ​ជិត​ ៤៥ម៉ឺន​ក្រឡា​ ។

លោក​បន្ត​ថា​ ពិធី​បើក​ការដ្ឋាន​សាងសង់​អាគារ​ Morgan​ The​ Pure​ Bay​ គឺជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការអភិវឌ្ឍន៍​​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ផ្តល់​ការងារ​យ៉ាងច្រើន​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ទទួល​បាន​នូវ​ការកាត់បន្ថយ​នូវ​ភាព​ក្រីក្រ​ ស្របតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និ​តិ​កាល​ទី៦​ នៃ​រដ្ឋា​សភា​ដើម្បី​កំណើន​ការងារ​ និង​សមធម៌​។

អគារ Morgan​ The​ Pure​ Bay - លោក​ គួច​ ចំរើន
លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ

លោក​បន្ត​ថា​ ខេត្ត​ព្រះសីហនុ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ទទួល​បានការ​វិនិយោគ​ពី​បរទេស​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ជា​ពិ​សេ​វិនិយោគិន​ជនជាតិ​ចិន​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​មានសន្ទុះ​អភិវឌ្ឍន៍​រីក​ចំរើន​យ៉ាង​ឆាប់​រហ័​យស្ទើ​គ្រប់​វិស័យ​ ។

ផ្អែក​ទៅលើ​កត្តា​រីក​ចំរើន​ទាំងនេះ​ បាន​ធ្វើ​ឱ្យ​លំហូ​ចូល​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេ​ត្ត​ផ្សេង​ៗមក​ធ្វើការងារ​ និង​ប្រកប​មុខរ​បរ​ផ្សេង​ៗទៅតាម​ជំនាញ​របស់​ខ្លួន​។ លោក​អភិបាលខេត្ត​បន្ត​ថា​ វិ​និ​យោ​ទុន​ភាគច្រើន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ភាគច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​ សេវាកម្ម​ ពាណិជ្ជកម្ម​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​ជាដើម​។

វិស័យ​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​រីកចម្រើន​យ៉ាង​គំហុក​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដោយ​គិត​ចាប់​ពី​ឆ្នាំ២០០៧​ រហូតដល់​ខែកក្កដា​ ឆ្នាំ​ ២០១៩​ មាន​ សំណង់​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​ច្បាប់​សាង​សង​មាន​ចំនួន​ ៨១៩​ គម្រោង​ ក្នុង​នោះ​អគារ​រាប់​ពី​កំពស់​ ៥ ជាន់ឡើង​ដល់​ ៤០​ ជាន់​មាន​ ២១៨​ គម្រោង​៕

លំហូរ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​ចិន​ជំរុញ​ការ​រីកចម្រើន​ផ្នែក​សំណង់​នៅ​កម្ពុជា

0

​ដោយ​ ប៊ី​

ភ្នំពេញ​៖ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានការ​ហូរ​ចូល​នៃ​វិនិយោគិន​ និង​អ្នកជំនួញ​មក​ពី​ចិន​ដែល​បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​សម្រាប់​សេវាកម្ម​លំនៅ​ដ្ឋាន​ និង​បដិសណ្ឋារ​កិច្ច​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

ជនជាតិ​ចិន​ចំនួន​ ២ លាន​នាក់​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​ដែល​កើនឡើង​ប្រហែល​ ៦៧​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៧​។ ចំនួន​អ្នកទេសចរ​ចិន​មាន​ប្រហែល​មួយភាគបី​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​។ ជិត​មួយ​ភាគ​បួន​នៃ​ជនជាតិ​បាន​មក​កម្ពុជា​ដើម្បី​ធ្វើអាជីវកម្ម​។ នេះ​បើ​យោង​តាម​ធនាគារពិភពលោក​។

លោក​ Timothy​ McNally​ ប្រធាន​ក្រុម​ហ៊ុន​ណា​ហ្គា​ខបដែល​បាន​ចុះបញ្ជី​នៅ​ហុងកុង​ដែល​ជា​សណ្ឋាគារ​ ប្រតិបត្តិ​ករ​ល្បែង​ និង​កម្សាន្ត​ធំជាង​គេ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ “ បរិយាកាស​អាជីវកម្ម​មាន​លក្ខណៈ​អំណោយផល​ រួម​ជាមួយ​បរិយាកាស​នយោបាយ​មាន​ស្ថេរ​ភាព​បាន​នាំមក​នូវ​វិនិយោគិន​ និង​អ្នកធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​”។

ចិន​គឺជា​អ្នក​ផ្តល់​ជំនួយ​ និង​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ដែល​បាន​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ជា​ជំនួយ​អភិវឌ្ឍន៍​ និង​ប្រាក់កម្ចី​តាមរយៈ​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ដែល​មាន​គោលបំណង​ជំរុញ​ការ​តភ្ជាប់​ផ្លូវគោក​ និង​សមុទ្រ​ជាមួយ​អាស៊ី​អាគ្នេយ៍​ អាស៊ី​កណ្តាល​ មជ្ឈឹ​មបូព៌ា​ អឺរ៉ុប​ និង​អាហ្វ្រិក​។

គំនិត​ផ្តួចផ្តើម​នេះ​បាន​ជំរុញ​ឱ្យ​អ្នកធ្វើ​ជំនួញ​មួយចំនួន​ធំ​មក​កម្ពុជា​ដែល​ជាហេតុ​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​ផ្នែក​សំណង់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​កំណើន​អាជីវកម្ម​នៅ​ទូទាំង​ប្រទេស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។ ទីផ្សារ​ការងារ​ដែល​រីក​លូតលាស់​ជា​លទ្ធផល​នៃ​សេដ្ឋកិច្ច​រីក​ចំរើន​បាន​ជំរុញ​ឲ្យ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​។

អ្នកសង្កេតការណ៍​ទីផ្សារ​ និយាយ​ថា​ ប្រការ​នេះ​បាន​ជំរុញ​ឱ្យ​ទិន្នផល​ជួល​កើនឡើង​ដល់​ ៨ ទៅ​ ១០​ ភាគរយ​ ហើយ​ការ​បង្កើន​ទ្រព្យ​ដល់​ ១៥​ ភាគរយ​ក្នុង​មួយឆ្នាំ​ដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​នេះ​ក្លាយជា​កន្លែង​វិនិយោគ​ដ៏​ល្អ​បំផុត​សម្រាប់​វិនិយោគិន​ចិន​ដែល​កំពុង​ស្វែងរក​ទ្រព្យសម្បត្តិ​ក្រៅប្រទេស​ដែល​ជា​ការ​ការពារ​ប្រឆាំង​នឹង​ការ​ធ្លាក់ចុះ​ប្រាក់​យន់​។

លោក​ McNally​ បាន​ថ្លែង​ថា​ “ប្រសិនបើ​អ្នក​ថត​រូ​បណាហ្គាវើ​លក្នុង​ឆ្នាំ​ ២០០៩​ អ្នក​នឹង​ឃើញ​អាគារ​មួយ​ហើយ​ នៅ​ពីក្រោយ​យើង​ត្រង់​ចំណុច​នោះ​ពួកគេ​គ្រាន់តែ​ជា​ការ​កសាង​ក្រសួង​ការបរទេស​ និង​រដ្ឋសភា​ប៉ុណ្ណោះ​។ អ្វី​ៗនៅ​ជុំវិញ​យើង​គឺ​គ្រាន់តែ​ជា​ដី​ទំនេរ​តែប៉ុណ្ណោះ​”៕

រយៈពេល៧ខែ​ កម្ពុជា​នាំ​ចេ​ញក​សិ​កផល​ទៅកាន់​ពិភពលោក​ជាង​ ២លាន​តោន​

0

ដោយ​ ៖ រ៉ា​ណេត

​ភ្នំពេញ​ ៖ អាច​និយាយ​បាន​ថា​ជា​មោទនភាព​ថ្មី​មួយទៀត​របស់​កម្ពុជា​ ដែល​ត្រឹម​រយៈពេល៧ខែ​ អាច​សម្រេច​បានការ​នាំចេញ​ផលិតផល​ផ្នែក​កសិកម្ម​ទៅកាន់​ពិភពលោក​បាន​រហូតដល់​ប្រមាណ​ ២,៣៧លាន​តោន​។ នេះ​បើ​តាម​ការ​ថ្លែង​ឱ្យ​ដឹងពី​សំណាក់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កាលពី​ម្សិលមិញ​នេះ​។

នៅក្នុង​ពិធី​ជំនួប​ពិភាក្សា​ការងារ​ និង​ពង្រីក​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ តំណាងដោយ​លោក​ Eldeen​ Hasaaini​ bin​ Mohd​ ឯកអគ្គ​រដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ល្ងាច​ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៩​ម្សិលមិញ​នេះ​ លោក​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​ ជា​មោទនភាព​របស់​កម្ពុជា​ ដែល​នៅ​ត្រឹម​រយៈពេល៧ខែ​ អាច​នាំចេញ​កសិផល​ទៅកាន់​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រហូតដល់​ ២,៣៧លាន​តោន​។

លោក​ វេង​ សា​ខុន​ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អជា​មួយ​កម្ពុជា​ និង​តែងតែ​គាំទ្រ​ដល់​ផលិតផល​កសិកម្ម​ដែល​នាំចេញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​កន្លងមក​។

ពាក់ព័ន្ធ​នឹង​ការនាំចេញ​ផលិតផល​កសិកម្ម​ រដ្ឋមន្ត្រី​រូប​នេះ​បាន​គូសបញ្ជាក់​ថែមទៀត​ថា​ គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩នេះ​ កម្ពុជា​បាន​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង​ ២,៣៧លាន​តោន​។ សមិទ្ធផល​ដ៏​ធំធេង​មួយទៀត​ ការនាំចេញ​ចេកអំបូង​លឿង​កម្ពុជា​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ចិន​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ស្នើ​ដល់​ភាគី​ម៉ាឡេស៊ី​ពិនិត្យ​វឌ្ឍនភាព​ និង​ជំរុញ​ការអនុវត្ត​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​នៃ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​ និង​ក្រសួង​កសិកម្ម​ និង​ឧស្សាហកម្ម​ដែល​មាន​មូលដ្ឋាន​ផ្នែក​កសិ​-ឧស្សាហកម្ម​នៃ​ម៉ាឡេស៊ី​ ដើម្បី​ជំរុញ​ឱ្យ​មានការ​គាំទ្រ​បន្ថែម​ទៀត​ទៅលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។

ឯកអគ្គ​រដ្ឋទូត​ប្រទេស​ម៉ាឡេស៊ី​ ប្រចាំ​នៅ​កម្ពុជា​ លោក​ Eldeen​ Hasaaini​ bin​ Mohd​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ក៏ដូចជា​វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លងមក​ ក៏ដូចជា​បច្ចុប្បន្ន​។ ក្នុង​ឱកាស​នោះ​ លោក​ក៏បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការ​ស្នើសុំ​ពាក់ព័ន្ធ​នឹង​ការងារ​ពង្រឹង​ និង​ពង្រីក​ការ​វិនិយោគ​ពី​ម៉ាឡេស៊ី​មក​លើ​វិស័យ​កសិកម្ម​ និង​ការកែច្នៃ​ផលិតផល​កសិកម្ម​។

លោក​បាន​បញ្ជាក់​ថា​ ក្នុង​អំឡុង​ខែកញ្ញា​ខាងមុខនេះ​ ក្រុមហ៊ុន​វិនិយោគ​ម៉ាឡេស៊ី​មួយចំនួន​នឹង​មក​ទស្សនកិច្ច​សិក្សា​ ស្វែងយល់​បន្ថែម​អំ​ពី​សក្តា​នុ​ពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​។

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ភាគី​ម៉ាឡេស៊ី​រីករាយ​ចំពោះ​ការ​បង្កើន​បរិមាណ​នៃ​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ ដោយ​ភាគី​ម៉ាឡេស៊ី​បានសម្រេច​បង្កើន​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ហើយ​កំពុង​មាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ផលិតផល​ដទៃទៀត​ ដូចជា​ម្រេច​ តាង៉ែន​ និង​ប្រេងដូង​ ៕

សាលា​អចលនទ្រព្យ​ចាប់ផ្តើម​បើក​សិក្ខាសាលា​ទាក់ទង​ការ​វិនិយោគ​ដី​ឡូត៍​

0

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី៣១​ ខែក​ក្ដ​ដា​ ឆ្នាំ២០១៩នេះ​ សាលា​អចលនទ្រព្យ​កម្ពុជា​ ដោយមាន​ការ​សហការ​គាំទ្រ​ពី​ ក្លឹប​អ្នកលក់​ដី​ឡូ​តិ៍​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ស្ដី​អំពី​ « វិធីសាស្ត្រ​ត្រៀមខ្លួន​ក្លាយជា​អ្នកលក់​ដី​ឡូ​តិ៍​អាជីព​ជោគជ័យ​» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ជប៉ុន​-កម្ពុជា​ (CJCC​) ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ និង​ចំណេះដឹង​ជូន​ដល់​អ្នកលក់​ដី​ឡូ​តិ៍​ ព្រម​ទាំង​អុ្ន​ករ​កស៊ីក្នុង​វិស័យ​ដីធ្លី​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត​។

លោក​ ខាត់​ បូរ៉ា​ នាយក​ប្រតិបត្តិ​សា​លា​អល​ចន​ទ្រព្យ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ សិក្ខាសាលា​នេះ​នឹង​មានការ​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ និង​ចំណេះដឹង​ពី​វាគ្មិន​ជំ​នាញៗ​ មក​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​ចំនួន៥រូប​ ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដូចជា​៖ គន្លឹះ​ជោគជ័យ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ ច្បាប់​ស្តី​ពី​ការ​ពុះ​ដី​ឡូ​តិ៍​ ក្រមសីលធម៌​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនទ្រព្យ​ ការរៀបចំ​បង្កើត​គម្រោង​ដី​ឡូ​តិ៍​ ការ​ពុះ​ដី​ឡូ​តិ៍​ របៀបផ្ទេរ​កម្មសិទ្ធិ​ ការប្រើ​ប្រាស់​ព័ត៌មាន​ និង​ទិន្នន័យ​ទីផ្សារ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ រួម​ជាមួយនឹង​រៀបចំ​គម្រោង​ដី​ឡូ​តិ៍​ លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​មាន​សក្តា​នុ​ពល​ខ្ពស់​។

លោក​បាន​បន្ថែម​ថា​៖ គោលបំណង​សំ​ខាន់​ៗក្នុង​សិក្ខាសាលា​នេះ​រួមមាន​ ទី១​ ចែករំលែក​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ ទី២ចែករំលែក​គន្លឹះ​ជោគជ័យ​ក្នុង​ការរៀបចំ​បង្កើត​គម្រោង​ដី​ឡូ​តិ៍​ ទី៣​ ចែករំលែក​អំពី​គន្លឹះ​ក្នុង​ការប្រើ​ប្រាស់​ព័ត៌មាន​ និង​ទិន្នន័យ​ទីផ្សារ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ និង​រៀបចំ​គម្រោង​ដី​ឡូ​តិ៍​ និង​ទី៤​ ធ្វើការ​ចែករំលែក​អំពី​ច្បាប់​ក្នុង​ការ​ពុះ​ដី​ឡូ​តិ៍​ និង​របៀបផ្ទេរ​កម្មសិទ្ធិ​។

លោក​ ញ៉ែម​ សុទ្ធា​ ប្រធាន​ក្លឹប​អ្នកលក់​ដី​ឡូ​តិ៍​កម្ពុជា​ក៏​ដែល​ជា​ជា​ក្លឹប​ប្រមូល​ផ្តុំ​សមាជិក​បណ្តាញ​អ្នកលក់​ដី​ឡូ​តិ៍​ទូទាំង​ប្រទេស​ ដែល​ក្នុង​នោះ​សមាជិក​ទាំងអស់​នឹង​ទទួល​បានការ​បណ្តុះបណ្តាល​អំពី​អាជីព​ជា​អ្នកលក់​ដី​ឡូ​តិ៍​ដ៏​មាន​វិជ្ជ​ជីវៈ​ ការ​ប្រឹក្សា​ផ្លូវច្បាប់​អំពី​ការ​លក់​ដី​ឡូ​តិ៍​ និង​ឱកាស​ទទួល​បាន​គម្រោង​ដី​ឡូ​តិ៍​លក់​ទូទាំង​ប្រទេស​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​រីកចម្រើន​ប្រកបដោយ​ចិរភាព​ ក៏បាន​មានប្រសាសន៍​ថា​កម្មវិធី​សិក្ខាសាលា​ថ្ងៃនេះ​ ពិតជា​កម្មវិធី​ពិសេស​ និង​មាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​បងប្អូន​ដែល​ជា​អ្នកលក់​ដី​ឡូ​តិ៍​ និង​បងប្អូន​ដែល​ជា​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​។

សាលា​អចលនទ្រព្យ​កម្ពុជា​ គឺជា​ស្ថាប័ន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​អចលនទ្រព្យ​ដែល​សហការ​យ៉ាង​ជិ​តស្និ​ទ​ជាមួយ​សមាគម​អចលនទ្រព្យ​ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ម្ចាស់​អចលនទ្រព្យ​ ធនាគារ​ ក្រុមហ៊ុន​វិនិយោគ​ អ្នក​វិនិយោគ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ សាលា​អចលនទ្រព្យ​ ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ ក្រុមហ៊ុន​ស្ថាបត្យកម្ម​ ក្រុមហ៊ុន​សាងសង់​ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ភ្នាក់ងារ​អចលនទ្រព្យ​ ក្រុមហ៊ុន​ច្បាប់​ និង​អជ្ញា​ធរ​ពាក់ព័ន្ធ​ ដើម្បី​បង្កើន​គុណភាព​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ​ បង្កើន​ប្រាក់ចំណូល​បាន​លឿន​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ចូលរួម​កសាង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាព​រីកចម្រើន​ និង​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​។

អំពី​លក្ខណៈ​ពិសេស​របស់​សាលា​អចលនទ្រព្យ​កម្ពុជា​៖

1.កម្មវិធី​សិក្សា​តាម​ស្តង់ដារ​ និង​ឆ្លើយតប​នឹង​តម្រូវការ​ពិត​ជាក់ស្តែង​ក្នុង​ទីផ្សារ​កម្ពុជា​។
2.គ្រូបង្វឹក​មានបទពិសោធន៍​ខ្ពស់​ យូរឆ្នាំ​ ក្នុង​អាជីព​ និង​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​។
3.សាលា​មានការ​គាំទ្រ​ពីទី​ប្រឹក្សា​និង​វា​គ្មិន​ល្បី​ៗ ដែល​មានបទពិសោធន៍​ និង​ស្នាដៃ​ក្នុង​ការ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​។
4.ការសិក្សា​ផ្សារភ្ជាប់​ជាមួយនឹង​ការអនុវត្ត​ផ្ទាល់​។
5.ទទួល​បាន​ទម្រង់​ និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​អាច​ប្រើប្រាស់​បាន​។

ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​៖

1.បង្កើន​គុណភាព​ធនធានមនុស្ស​នៅ​កម្ពុជា​ក្នុង​វិស័យ​អចលនទ្រព្យ​អោយ​មាន​សមត្ថភាព​ពេញលេញ​ រក​ប្រាក់ចំណូល​បាន​ខ្ពស់​ និង​កំ​ណើន​សេ​ដ្ច​កិច្ច​ជាតិ
​2.ជួយ​ឲ្យ​ការ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​រីកចម្រើន​បាន​ឆាប់រហ័ស​ និង​មាន​ស្ថេរ​ភាព​។
3.ជួយ​ដោះស្រាយ​បញ្ហា​ និង​កាត់បន្ថយ​បញ្ហា​ក្នុង​ការ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​។

អត្ថ​ប្រយោជន៍​របស់​សមាជិក​សាលា​អចលនទ្រព្យ​កម្ពុជា៖

​1.បង្វឹក​អោយ​ក្លាយជា​អ្នក​ពូកែ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​កំរិត​កំពូល​។
2.ពង្រីក​បណ្តាញ​ទិញ​លក់​អចលនទ្រព្យ​ឲ្យ​កាន់តែ​ទូលាយ​ និង​បង្កើន​ប្រាក់ចំណូល​កាន់តែ​លឿន​។
3.ទទួល​បានការ​បង្វឹក​ឡើងវិញ​ពេញ​មួយ​ជីវិត​ដោយ​មិនបាច់​បង់ថ្លៃ​សិក្សា​។
4.ទទួល​បានការ​ប្រឹក្សា​ពីសា​លាជា​បន្តបន្ទាប់​ដោយ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​។
5.មាន​បណ្តាញ​សមាជិក​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ជួយ​គាំទ្រ​ជ្រោមជ្រែង​គ្នា​សហការ​គ្នា​ទៅវិញទៅមក​។
6.វិនិយោគ​ថវិកា​តិច​ ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង​ការ​ចូល​បង្វឹក​តាម​វគ្គ​នី​មួយ​ៗ។
7.ក្លាយជា​សមាជិក​ផ្សារណាត់​អចលនទ្រព្យ​ Estate​ Xchange​៕

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្រោម​ដី​មាន​សារៈសំខាន់​ដូចម្តេច​ក្នុង​ការ​លើក​កំពស់​គុណភាព​ជីវិត​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​ក្នុង​វិស័យ​អភិវឌ្ឍន៍​លំនៅឋាន​ ដែល​ផ្តោត​លើ​បទដ្ឋាន​នគរូបនីយកម្ម​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បែប​សហគមន៍​អេកូ​បៃតង​ គឺជា​ទស្សនទាន​ថ្មី​មួយ​ដែល​ត្រូវ​គិត​គូ​ យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន​ និង​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​ផាសុកភាព​ និង​សុខមាលភាព​ ទើប​អាច​ជំរុញ​ឲ្យ​មាន​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ ។

លោក​បណ្ឌិត​ សេង​ ប៊ុ​នរិទ្ឋ​ ទីប្រឹក្សា​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ RLS​ International​ បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​កន្លងមក​ថា​ នៅ​តាម​បណ្តា​ទីក្រុង​របស់​កម្ពុជា​ភាគច្រើន​ មិនទាន់​គិត​គូ​ពី​ការ​បែង​ចែ​កប្រព័​ន្ឋ​ញែក​រវាង​លូ​ទឹកភ្លៀង​ និង​លូ​ទឹក​ស្អុយ​នៅឡើយ​ទេ​ ដោយសារ​កង្វះខាត​ធនធានមនុស្ស​ និង​ធនធាន​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ការ​រៀប​ចំ​ប្រព័​ន្ឋ​បែបនេះ​គួរតែ​ធ្វើឡើង​ឲ្យបាន​គ្រប់​ខេត្ត​ ក្រុង​ នៃ​ទីក្រុង​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​លើក​កំពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ ​“ការ​បែង​ចែ​កប្រព័​ន្ឋ​លូ​បង្ហូរទឹក​ភ្លៀង​ និង​ទឹក​ស្អុយ​ដាច់​ពីគ្នា​ គឺ​មានផល​ប្រយោជន៍​ផ្សេង​ៗគ្នា​ ព្រោះ​ពេល​គេ​សិក្សា​ និង​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង​គេ​ត្រូវ​គិត​ពី​កំពស់​ទឹកភ្លៀង​ដែល​នឹង​ធ្លាក់ចុះ​មក​ ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​កុំ​ឲ្យ​មានការ​លិចលង់​នៅ​តំបន់​ណាមួយ​”។ លោក​បន្ត​ថា​ “ករណី​ចៃដន្យ​អាក្រក់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​តំបន់​ ឬ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ណាមួយ​ដែល​គ្មាន​ការបែងចែក​រវាង​ទឹកភ្លៀង​ និង​ទឹក​ស្អុយ​ជាមុន​ នឹង​បណ្តាល​ឲ្យទឹក​ស្អុយ​ខ្ពុរចេញ​ពី​លូ​ឡើង​មក​ខាងលើ​លាយ​លំ​ជាមួយ​ទឹកភ្លៀង​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​រស់នៅ​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​រួមមាន​ សោភណភាព​ ក្លិនស្អុយ​ និង​ការ​ចម្លង​មេរោគ​ជាដើម​”។

ការបែងចែក​រវាង​លូ​ទឹកភ្លៀង​ និង​លូ​ទឹក​ស្អុយ​ ក៏​នឹង​ជួយ​បង្កា​ពី​ផល​ប៉ះពាល់​លើ​គុណភាព​ទឹក​ក្រោម​ដី​ និង​ទឹក​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។ ផ្ទុយទៅវិញ​ វា​នឹង​មាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់​ ប្រសិនជា​ទឹក​ស្អុយ​មិន​ត្រូវ​បាន​ចំរោះ​ ព្រោះ​តាមរយៈ​ការសិក្សា​បាន​រក​ឃើញថា​ ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព​ ប្រសិនបើ​ពួកគាត់​បាន​ជីក​អណ្តូង​យក​ទឹក​មក​ប្រើប្រាស់​ ព្រោះ​ពួកគាត់​ប្រើប្រាស់​អាង​ផ្ទុក​លាមក​ ឬ អាងទឹក​ក្រោម​បង្គន់​ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដោយ​គ្រាន់តែ​ជា​អាង​ធ្វើតាម​នឹកឃើញ​ និង​មិនបាន​បិទ​បាត​អាង​ ដែល​បង្ក​ឲ្យទឹក​ស្អុយ​ជ្រាបចូល​ប្រភព​ទឹក​នៅ​ខាងក្រោម​ដី​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់​។

លោក​បណ្ឌិត​ សេង​ ប៊ុ​នរិទ្ឋិ​ បាន​បញ្ជាក់​ថា​ ការរៀបចំ​គំរោង​អភិវឌ្ឍន៍​បែបនេះ​ ពិតជា​ល្អ​ខ្លាំង​ណាស់​ ដោយសារ​មានការ​បង្កប់​ខ្សែភ្លើង​ក្រោម​ដី​ដែល​មិន​បារម្ភ​ពី​ការ​ទាក់​ដាច់​ និង​ការ​ឆក់​ ព្រមទាំង​ជួយ​លើក​កំពស់​សោភ័ណភាព​ក្នុង​គំរោង​នេះ​។ ពិសេស​ការ​រៀប​ចំ​ប្រព័​ន្ឋ​លូ​ចែក​ដាច់​ពីគ្នា​ និង​មាន​ទំហំ​លូ​ទំហំ១​.២០ម៉ែត្រ​ នឹង​មិន​ធ្វើឲ្យ​គំរោង​នេះ​ប្រឈម​ការ​ជន់​លិច​នៃ​ទឹកភ្លៀង​ឡើយ​ ។ លោក​បន្ត​ថា​ គំរោង​នេះ​អាច​ចាត់ទុកជា​គំរោង​គំរូ​ដំបូង​មួយ​នៅ​រាជធានី​ភ្នំពេញ​ ពិសេស​គំរោង​នេះ​មា​នប្រ​ព័ន្ឋប្រព្រឹត្តិ​កម្ម​ចម្រោះ​ទឹក​ស្អុយ​ ដែល​អាច​ចម្រោះ​ទឹកបាន​ប្រមាណ៣០០ម៉ែត្រគីប​ ក្នុង​មួយថ្ងៃ​។

លោក​បន្ត​ថា​ “អ្នកទិញ​គំរោង​ដី​ឡូ​តិ៍​ ឬ លំនៅឋាន​ណាមួយ​ គាត់​គួរ​ពិនិត្យ​ និង​ស៊ើបសួរ​ពី​សិក្សា​ និង​រៀន​ចំ​ប្រព័​ន្ឋ​លូ​ក្រោម​ដី​ឲ្យបាន​ច្បាស់លាស់​ ព្រោះ​តាមខ្ញុំ​ឃើញ​មាន​គំរោង​អភិវឌ្ឍន៍​លំនៅឋាន​ និង​ពុះ​ដី​ឡូត៍​លក់​ភាគច្រើន​មា​នប្រ​ព័ន្ឋលូ​ ដែល​មាន​ទំហំ​មិន​សមស្រប​តាម​បទដ្ឋាន​ និង​មិនដឹង​ត្រូវ​បង្ហូរទឹក​ទៅ​ទីណា​នោះ​ទេ​”។

លោក​ ជា​ ប៊ុ​នស៊ាង​ ស្ថាបត្យករ​សិក្សា​ប្លង់​អាគារ​សន្តិភាព​ និង​ជា​សាស្រ្តា​ចារ្យ​ផ្នែក​នគរូបនីយកម្ម​ និង​ស្ថាបត្យកម្ម​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​ថ្លែង​ថា​ អ្វី​ដែល​លោក​ផ្តោត​ គឺ​រៀបចំ​សហគមន៍​មួយ​ដែល​គិត​គូ​ដល់​បរិស្ថាន​ និង​សុភមង្គល​របស់​អ្នក​រស់នៅ​ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តាម​បុរី​ ឬគំរោង​អភិវឌ្ឍន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន​ មិនទាន់​បាន​គិត​គូ​ពី​បញ្ហា​នេះ​នៅឡើយ​។

លោក​បន្ត​ថា​ “ការ​សាង​សង់​ប្រព័​ន្ឋ​លូ​រួមបញ្ចូល​គ្នា​រវាង​ទឹកភ្លៀង​ និង​ទឹក​ស្អុយ​ដែល​ពេល​ភ្លៀង​មក​មាន​ទឹក​ស្អុយ​ពេញ​ថ្នល់​ ខ្វះ​អនាម័យ​និង​ចម្លង​មេរោគ​ដូចជា​ រោគ​សើរ​ស្បែក​ និង​ជំងឺ​ផ្តាសាយ​ជាដើម​”៕

ផ្សារ​ទំនើប​ដ៏​ធំ​នៅ​ក្រុង​ព្រះសីហនុ​ស្វាគមន៍​គ្លីនិក​ជំនាញ​ផ្នែក​កែសម្ផស្ស​ដ៏​ល្បីឈ្មោះ​ Dr​. Professional​ Clinic​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ពិតជា​ដំណឹង​ដ៏​រីករាយ​មួយ​ ដែល​គ្លីនិក​មាន​ជំនាញ​ផ្នែក​ថែរក្សា​ និង​កែសម្ផស្ស​ដោយ​មិន​វះកាត់​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​ប្រចាំ​ប្រទេស​ និង​សាយភាយ​ទៅដល់​បណ្តា​ប្រទេសជិតខាង​នានា​ Dr​. Professional​ Clinic​ នឹង​បង្ហាញ​វត្តមាន​របស់ខ្លួន​នៅ​ក្រុង​ព្រះសីហនុ​ ក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ និង​លើកដំបូង​នៅ​បំណាច់​ចុងខែ​តុលា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខនេះ​។

Dr​. Professional​ Clinic​ ត្រូវ​បាន​មនុស្ស​ទូទៅ​ទទួលស្គាល់​ថា​ជា​គ្លីនិក​ ដែល​មាន​ជំនាញ​ច្បាស់​ក្នុង​ការ​ផ្តល់​សេវា​ថែរក្សា​ និង​កែសម្ផស្ស​ជាមួយនឹង​បច្ចេកទេស​ទំនើប​ប្រកបដោយ​គុណភាព​ខ្ពស់១០០ភាគរយ​ តាំងពី​អំឡុង​ឆ្នាំ២០១៣មក​ម៉្លេះ​ ក្រោម​កិច្ចសហការ​បង្កើត​រួមគ្នា​ពីសំណាក់​អ្នកជំនាញ​ដែល​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​។

លោក​ យ៉ែម​ មនោ​រ័ត្ន​ សហ​ស្ថាបនិក​ និង​ជានា​យក​គ្រប់គ្រង​ទូទៅ​បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ កក្កដា​កន្លងមក​ថា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​កិច្ច​ដំណើរការ​ផ្តល់​សេវា​ផ្នែក​សម្ផស្ស​នេះ​ Dr​. Professional​ Clinic​ ទទួល​បាន​ភាព​ជោគជ័យ​គួរ​ជា​ទី​មោទ​នៈ​ ក្រោម​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ទូទៅ​ទាំង​ជាតិ​ និង​អន្តរជាតិ​ រហូត​បាន​ពង្រីក​សាខា​របស់​ខ្លួន​ជាបន្តបន្ទាប់​ ដូចជា​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន៤សាខា​ នៅ​ក្រុង​សៀមរាប១សាខា​ នៅ​ក្រុង​កំពង់ចាម​មាន១សាខា​ និង​មួយ​សាខា​ទៀត​នឹង​ចាប់​បើក​ដំណើរការ​នៅក្នុង​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ “មូលហេតុ​ដែល​គណ​អ្នកគ្រប់គ្រង​ និង​ដឹកនាំ​ Dr​. Professional​ Clinic​ សម្រេចចិត្ត​ពង្រីក​សាខា​នៅ​ក្រុង​ព្រះសីហនុ​ ក៏​ព្រោះតែ​ក្រុង​មួយ​នេះ​មាន​ប្រជាសាស្ត្រ​ច្រើន​ និង​និយម​ភាព​ទាន់សម័យ​ មាន​ជីវភាព​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ ជាពិសេស​មានការ​សំណូមពរ​ច្រើន​ពីអ​តិថិ​ជន​ដែល​កំពុង​រស់នៅ​ទីនេះ​តែម្ដង​”។

លោក​បន្ត​ថា​ ជាមួយនឹង​ការ​បង្ហាញ​វត្តមាន​ថ្មី​ នៅក្នុង​ផ្សារ​ទំនើប​លើកដំបូង​គេ​ខាងមុខនេះ​ អតិថិជន​ទាំងអស់​នឹង​កាន់តែ​បាន​ស្គាល់​ច្បាស់​ពី​គុណ​តម្លៃ​នៃ​ Dr​. Professional​ Clinic​ ដែល​ផ្តល់​សេវា​ជូន​ក្រោម​ភាព​ជំនាញ​ របស់​អ្នកឯកទេស​ជា​ជនជាតិ​ខ្មែរ​ ដែល​សុទ្ធតែ​ទទួល​បានការ​បណ្តុះបណ្តាល​នៅ​សហរដ្ឋអាមេរិក​ និង​ប្រទេស​កូរ៉េ​ ជាពិសេស​ លោក​វេជ្ជបណ្ឌិត​ សែម​ រតនា​ ដែល​មាន​ជំនាញ​ខ្ពស់​ខាង​ផ្នែក​វះកាត់​កែសម្ផស្ស​ និង​សើរ​ស្បែក​ រួម​ជាមួយនឹង​ការប្រើ​ប្រាស់​ឧបករណ៍​ទំនើប​ ទាន់សម័យ​ ហើយ​រាល់​ផលិតផល​ទាំងអស់​ភាគច្រើន​គឺ​ការ​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ទាំងអស់​។

ផ្សារ​ទំនើប​កំពស់៥ជាន់ ​FURI​ TIME​ SQUARES​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​ លឹម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ហាង​អាហារ​ ភេសជ្ជៈ​ហាង​លក់​សម្លៀកបំពាក់​ និង​ផលិតផល​ម៉ា​កល្បី​ៗជាង២០ក្រុមហ៊ុន​ហើយ​ បាន​ចុះ​កុងត្រា​លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​ កំពុងតែ​ដំណើរការ​និ​តិ​វិធី​ដើម្បី​ជួល​ទីតាំង​លក់រាយ​។

កញ្ញា​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ជាមួយនឹង​វត្តមាន​នៃ​ក្រុម​ហ៊ុន​ធំៗ​ និង​ល្បី​ៗទាំងអស់​នេះ​ Furi​ Times​ Square​ ក៏​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​ដែល​ជា​អ្នកជួល​ផង​ដែរ​ ដោយសារ​ផ្សារ​នេះ​ ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​ ជាពិសេស​ ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​ផ្សារ​ទំនើប​មួយ​នេះ​ មិនបាន​គិតទៅ​លើ​ប្រាក់ចំណេញ​ក្នុងរយៈពេល​ខ្លី​នោះ​ទេ​ ប៉ុន្តែ​បាន​ផ្តោត​សំខាន់​លើ​ការ​វិនិយោគ​ក្នុងរយៈពេល​វែង​ប្រកបដោយ​ភាព​ជោគជ័យ​៕

ចំណេះដឹង​! តើ​ក្របខ័ណ្ឌ​គតិ​យុត្ត​ជាតិ​ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​មាន​លក្ខណៈ​ដូចម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្របខ័ណ្ឌ​គតិ​យុត្ត​ជាតិ​ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​មាន​ដូចតទៅ​៖តាមច្បាប់​ជាតិ​៖ ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ១៩៩៤​ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ វិនិយោគ​ ឆ្នាំ​ ២០០៣​ មិន​មានការ​កំណត់​និយមន័យ​បាន​ច្បាស់លាស់​ទេ​ មាន​ប្រើពាក្យ​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ គឺជា​គម្រោ​គវិនិយោគ​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​។

តាម​ការកំណត់​នៃ​ខ្លឹមសារ​នៃ​ច្បាប់​អាច​កំណត់​និយមន័យ​ថា​ វិនិយោគ​ជា​ប្រតិបត្តិ​ការ​មួយ​ ដែល​ធ្វើឡើង​ដោយ​ប្រើប្រាស់​ដើមទុន​ ដើម្បី​អនុវត្ត​គម្រោង​មួយ​ឬច្រើន​ ជា​លក្ខណៈ​សេដ្ឋកិច្ច​ ដែល​គម្រោង​នេះ​អាច​ផ្តល់​ឲ្យ​អ្នក​បោះទុន​ ទទួល​បាន​នូវ​ការ​ចំណេញ​ឬខាត​។

តាមច្បាប់​អន្តរជាតិ​៖ វិនិយោគ​សំដៅលើ​ទ្រព្យសម្បត្តិ​ ដែល​បាន​ដាក់​សម្រាប់​វិនិយោគ​ ដោយ​ជនជាតិ​ នៃ​ភាគី​ជាប់​កិច្ចសន្យា​មួយ​លើទឹក​ដី​ នៃ​ភាគី​ជាប់​កិច្ចសន្យា​ម្ខាងទៀត​ និង​ទទួលស្គាល់​ទៅតាមច្បាប់​ និង​បញ្ញា​ត្តិ​នានា​របស់​ភាគី​ចុះ​កិច្ចសន្យា​ដោយ​រាប់បញ្ចូល​៖

• ចលនទ្រព្យ​ និង​អចលនទ្រព្យ​ ការ​ដាក់បញ្ចាំ​ដើម្បី​ធា​នា​ប្តា​ក់​ខ្ចី​

• ​សិទ្ធិ​ជា​ភាគហ៊ុន​ ប័ណ្ណធានា​ ឬផល​ប្រយោជន៍​ផ្សេង​ៗ

• ​កម្មសិទ្ធិ​បញ្ញា​ ក្បួន​បច្ចេកទេស​ ជំនួញ​ ស្នាដៃ​យល់ដឹង​

• សម្បទាន​ធុរកិច្ច​ មានតម្លៃ​សេដ្ឋកិច្ច​ទទួលស្គាល់​ដោយ​ច្បាប់​ ឬតាម​កិច្ចសន្យា​ទាក់ទង​នឹង​វិនិយោគ​ ។

នៅក្នុង​ក្រប​ខ័ណ្ឌា​មា​ហរ​ណកម្ម​អាស៊ាន​ ក្នុង​គោលបំណង​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ ពិសេស​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ជំរុញ​អ្នក​វិនិយោគ​ ប្រកបដោយ​សន្តិសុខ​ តម្លាភាព​ ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង​ក្នុង​បណ្តាល​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​។

ដូ​ច្នេះ​យើញ​ឃើញថា​ ក្នុង​ក្របខ័ណ្ឌ​គតិ​យុត្ត​ជាតិ​ និង​ក្នុង​ក្របខ័ណ្ឌ​គតិ​យុត្ត​អន្តរជាតិ​ ត្រូវតែ​យក​មក​អនុវត្ត​ក្នុង​សមាជិក​អាស៊ាន​ ដើម្បីឲ្យ​មាន​តម្លាភាព​ និង​សន្តិសុខ​សង្គម​បា​នប្រ​សើ​ ព្រមទាំង​មានការ​ធានា​លើ​សន្តិសុខ​ និង​ស្ថេរ​ភា​ពន​យោ​បាល​សម្រាប់​អ្នក​វិនិយោគ​ទុន​គ្រប់​ៗរូប​៕

ប្រទេស​ថៃ​នឹង​ចចារ​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ជាថ្មី​បន្ទាប់ពី​ផ្អាក​កំឡុង​រដ្ឋប្រហារ​

0

ដោយ​ Donald​ Lee​

បាងកក​៖​ ប្រទេស​ថៃ​ និង​សហគមន៍​អឺរ៉ុប​នឹង​ធ្វើការ​ចរចា​ពាណិជ្ជកម្ម​សេរី​ជាថ្មី​ម្តង​ទៀត​ បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល ៥ឆ្នាំ​កន្លង​នេះ​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​របស់​ប្រទេស​ថៃ​។

សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី៣របស់​ប្រទេស​ថៃ​។ ប៉ុន្តែ​កិច្ចចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ បាន​ជាប់​គាំង​អស់​រយៈពេល៥ឆ្នាំ​ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ក្នុង​ឆ្នាំ២០១៤​ សហភាព​អឺរ៉ុប​បាន​លុបចោល​ រាល់​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ទាំងអស់​។

លោក​ Auramon​ Supthaweethum​ អគ្គនាយក​នៃ​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃច័ន្ទ​ថា​ “នេះ​ធ្វើតាម​ការណែនាំ​ពី​ឧបនាយក​រដ្ឋមន្រ្តី​ថ្មី​ និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ Jurin​ Laksanavisit​ ដែល​បាន​ប្រកាស​នៅក្នុង​សភា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ ប្រទេស​ថៃ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ការចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ជាមួយ​អឺរ៉ុប​ ដែល​បាន​ជាប់​គាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ដោយសារតែ​បញ្ហា​នយោបាយ​”។

យោង​តាម​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ​និង​អឺរ៉ុប​បាន​កើនឡើង ៦​,៥ភាគរយ​កាលពី​ឆ្នាំមុន​ ដែល​ស្មើនឹង​ដល់ ៤៧​,៣ពាន់​លាន​ដុល្លារ​។ ការនាំចេញ​ថៃ​ទៅកាន់​អឺរ៉ុប​បាន​កើនឡើង៥​ ភាគរយ​ ស្មើនឹង ២៥ពាន់​លាន​ដុល្លារ​ និង​ការនាំចូល​ថៃ​ពី​អឺរ៉ុប​មានតម្លៃ ២២​,៣ពាន់​លាន​ដុល្លារ​។

ការនាំចេញ​សំ​ខាន់​ៗរបស់​ថៃ​ទៅកាន់​អឺរ៉ុប​ រួមមាន​ គ្រឿង​កុំព្យូទ័រ​ គ្រឿងបន្លាស់​រថយន្ត​ គ្រឿងអលង្ការ​ និង​គ្រឿងអគ្គិសនី​។

ការនាំចូល​សំ​ខាន់​ៗពី​សហភាព​អឺរ៉ុប​រួមមាន​ យន្ដ​ហោះ​ Gliders​ ផលិតផល​គីមី​ ការ​ផ្គត់ផ្គង់​វេជ្ជ​សាស្រ្ត​ និង​ពេជ្រ​។

ថ្មី​ៗនេះ​ អឺរ៉ុប​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ជាមួយ​បណ្តា​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​គឺ​សិង្ហបុរី​ និង​វៀតណាម​៕

តើ​អ្វីទៅ​ជា​អតិផរណា​?

0

ប្រែ​សម្រួល​ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ អតិផរណា​ គឺជា​ការ​កើនឡើង​នៃ​កំរិត​ថ្លៃ​រួម​ ហើយ​វា​កើតឡើង​នៅពេល​ដែល​ថ្លៃ​ទំនិញ​ជាច្រើន​កើន​ឡើង​ព្រម​ៗគ្នា​។ យើង​វាស់​អតិផរណា​ដោយ​ពិនិត្យមើល​ទៅលើ​ចំនួនជា​ច្រើន​នៃ​ទ្រព្យ​ និង​សេវា​ ហើយ​គណនា​វា​ជាមធ្យម​នូវ​ការ​កើនឡើង​នៃ​ថ្លៃ​របស់​វា​ក្នុងរយៈ​កាលណា​មួយ​នោះ​។

ប៉ុន្តែ​មិនមែន​សុទ្ធតែ​ថ្លៃ​ទំាង​អស់​កើនឡើង​ បង្កើត​បាន​ជា​អតិផរណា​នោះ​ទេ​។ ថ្លៃ​នៃ​ទ្រព្យ​ និង​សេវា​ ណា​នោះ​ត្រូវ​បាន​កំណត់​តាម​វិ​ធី​ផ្សេង​ៗគ្នា​។

ឧទាហរណ៍​ ស្ថានភាព​អតិផរណា​នៅ​កម្ពុជា​គិត​ខែមេសា​ ឆ្នាំ២០១៩​។

តាម​ប្រភព​ទិន្នន័យ​ផ្លូវការ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ (NIS​)បាន​បង្ហាញថា​ នៅ​ខែមេសា​ ឆ្នាំ២០១៩នេះ​ជា​រួម​ សន្ទស្សន៍​ថ្លៃ​ទំនិញ​ និង​សេវា​ប្រើប្រាស់​គ្រប់មុខ​ នៅ​រាជធានី​ភ្នំពេញ​ មានការ​កើនឡើង​ប្រមាណ​ ០,៣% ធៀប​នឹង​ខែមុន​។

សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​និង​សេវាកម្ម​ ស្ទើរតែ​ទាំងអស់​ មានការ​ប្រែប្រួល​បន្តិចបន្តួច​ ជាពិសេស​ សន្ទស្សន៍​ថ្លៃ​ទំនិញ​ ផ្ទះសំបែង​ ទឹក​ អគ្គិសនី​ ឧស្ម័ន​ និង​ឥន្ធនៈ​ដទៃទៀត​ (កើន​ ០,១%) គ្រឿង​សង្ហា​រឹម​ សម្ភារៈ​ប្រើប្រាស់​ និង​ការថែទាំ​ (កើន​ ០,១%) សុខាភិបាល​ (កើន​ ០,០២​%) អាហារ​ ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង​ (កើន​ ០,៦%) ទំនិញ​ និង​សេវា​ដឹកជញ្ជូន​ (កើន​ ១,៥%) បើ​ធៀប​នឹង​ខែមីនា​កន្លងទៅ​។

​រី​ឯសន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​មុខទំនិញ​ និង​សេវាកម្ម​មួយចំនួន​មានការ​ថយ​ចុះ​ ជាពិសេស​ ភេសជ្ជៈ​មាន​ ជាតិ​ស្រវឹង​ និង​ថ្នាំជក់​ (-០,១%) គមនាគមន៍​ (-០,២%) និង​ភោជនីយដ្ឋាន​ (-១,៥%) បើ​ធៀប​នឹង​ខែមីនា​កន្លងទៅ​៕