១០វិធី​នៃ​ការប្រើ​ប្រាស់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​ទទួល​បាន​ជោគជ័យ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​លើ​អចលនទ្រព្យ​អោយ​ទទួល​បាន​ប្រាក់ចំណេញ​ វា​មិនមែន​ងាយស្រួល​នោះ​ទេ​ សម្រាប់​អ្នក​ដែល​ទើបនឹង​ចាប់ផ្តើម​រៀន​វិ​និ​យោ​គថ្មី​ៗ ដែ​លល​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការសិក្សា​ស្រាវជ្រាវ​លើ​ការ​វិនិយោគ​នេះ​។

បើ​សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​ពិភពលោក​វិញ​ ដូចជា​ លោក​ Donald​ Trump​ , Sam​ Sell​ Eli​ Broad​, Selvin​ Simon​, Walter​ Shorenstein​, Rober​ T.Kiyosoaki​ និង​ លោក​ Li​ Ka​ Sing​ ភាព​ជោគជ័យ​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​គឺ​មាន​ភាព​ងាយស្រួល​បំផុត​។

តើ​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​ពិភពលោក​ទាំងនេះ​ មាន​អាថ៌កំបាំង​អ្វីខ្លះ​ ទើប​ធ្វើ​ឱ្យ​ពួកគាត់​ទទួល​បាន​ជោគ​ដ៏​មហាសាល​បែបនេះ​?

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ អគ្គនាយក​ ក្រុមហ៊ុន​ Premium​ Housing​ Co​.,Ltd​ ​បានឱ្យ​ដឹង​នៅក្នុង​វេទិកា​ស្តីអំពី​ “ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​” កាលពី​ចុង​សប្តាហ៍​កន្លងមក​ថា​ គ្មានអ្វី​ជាអាទិ៍​កំបាំង​នោះ​ទេ​ សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​ទាំងនោះ​ទេ​ ហើយ​ពួកគាត់​គ្មានអ្វី​ពិសេស​លើស​យើង​ដែរ​ វា​គ្រាន់​តែ​​ពួកគាត់​រាល់គ្នា​មាន​ចំ​ណុ​មួយចំនួន​ស្រដៀងគ្នា​ គឺ​ពួ​គគាត់​មាន​គោលការណ៍​ច្បាស់លាស់​ ដែល​ពួកគាត់​ប្រកាន់​ភ្ជាប់​ក្នុង​ការ​វិនិយោគ​ លើ​អចលនទ្រព្យ​រួមមាន ២០ចំណុច​។

តែ​គេហទំព័រ​ព័ត៌មាន​ propertyarea.sia​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ សូម​លើកយក​តែ១០ចំណុច​សំ​ខាន់​ៗ យក​មក​ចុះផ្សាយ​ទុកជា​ចំណេះដឹង​មុន​ធ្វើការ​វិនិយោគ​ដូច​ខាងក្រោម​គឺ​៖

១) ផ្តោត​ការ​វិនិយោគ​ជា​ចំបង​លើ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​

ផ្ទះ​ គឺជា​ប្រភេទ​អចលនទ្រព្យ​ដែល​ស័ក្តិសម​ជាងគេ​ សម្រាប់​ការ​វិនិយោគ​ដោយសារ​ផ្ទះ​គឺជា​ប្រភេទ​អចលនទ្រព្យ​ ដែល​មាន​​តម្រូវការ​កើនឡើង​គ្រប់ពេល​។ ហើយ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​អាច​ធ្វើ​កម្ចី​ ប្រាក់​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​បាន​ច្រើន​ ហើយ​មាន​រយៈពេល​យូរ​ និង​ការប្រាក់​ទាប​ទៀតផង​។ ពិសេស​ជាង​នេះ​ទៀត​ អចលនទ្រព្យ​ប្រភេទ​ផ្ទះ​នេះ​ អាច​អោយ​យើង​រក​កម្រៃ​បន្ថែម​ផ្សេងទៀត​បាន​ដូចជា​ ការជួល​ជាដើម​។

២) ចាប់ផ្តើម​វិនិយោគ​បន្តិចបន្តួច​ជាមុន​សិន​ មុននឹង​ធ្វើការ​បន្ថែម​ដើមទុន​អោយ​កើនឡើង​បន្តបន្ទាប់​

វិធី​នេះ​ គឺជា​វិធី​ល្អ​ ព្រោះ​វា​អាច​ជួយ​អោយ​យើង​បាន​ដក​ស្រង​ យក​បទពិសោធន៍​ពី​កំហុសឆ្គង​ ក្នុង​ការ​វិនិយោគ​នៅ​គ្រា​បន្តបន្ទាប់​ទៀត​ ហើយ​វា​ក៏អាច​ជួយ​អោយ​យើង​កាន់តែ​មាន​ជំនឿ​ចិត្ត​បន្ថែម​ទៀត​ ក្នុង​ការ​វិនិយោគ​លើ​កក្រោយ​ៗទៀត​។

៣) ជ្រើសរើស​ផ្ទះ​ដែល​មាន​អ្នកជិតខាង​ល្អ​ ប្រសើរ​ជាងផ្ទះ​ដែល​មាន​ទីតាំង​ល្អ​

ការ​មាន​អ្នកជិតខាង​ល្អ​ វា​ជួយ​អោយ​ផ្ទះ​មានតម្លៃ​ល្អ​ទៅ​ថ្ងៃក្រោយ​បាន​ ហើយ​វា​ក៏​ទាក់ទង​ទៅ​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ដែរ​។ ម្យ៉ាងទៀត​ផ្ទះ​ដែល​មាន​ទីតាំង​ល្អ​ហើយ​មាន​អ្នកជិតខាង​មិនល្អ​ មិន​ប្រកដ​ថា​ថ្ងៃក្រោយ​លក់​បាន​តម្លៃ​ខ្ពស់​នោះ​ដែរ​។

៤) ជ្រើសរើស​អចលនទ្រព្យ​ដែល​មនុស្ស​ភាគច្រើន​ចង់​រស់នៅ​ និង​មាន​តម្រូវការ​ជួល​ច្រើន​

ត្រូវ​ផ្តោត​លើ​អចលនទ្រព្យ​ ដែល​មាន​ទីតាំង​ផ្លូវ​ចេញចូល​ងាយស្រួល​ ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ទៅ​ធ្វើការ​ ងាយស្រួល​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ​ និង​មាន​បរិយាកាស​ល្អ​ ហើយ​សំខាន់​ជាងគេ​នោះ​ គឺ​ត្រូវ​គិត​ពី​ផល​ដែល​ទទួល​ត្រឡប់​វិញ​ ដូចជា​ ការរស់នៅ​ល្អ​ ហើយ​សំខាន់​គេ​នោះ​ គឺ​ត្រូវ​គិត​ពី​ផល​ដែល​ទទួល​បា្រក់​ត្រឡប់​វិញ​ ស្រប​ទៅ​នឹង​ប្រាក់​ដែល​យើង​បាន​វិនិយោគ​។

៥) ត្រូវ​ទិញ​អចលនទ្រព្យ​អោយ​បាន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ ដើម្បី​ឱ្យ​យើង​ចំណេញ​តាំងពី​យើង​ចាប់ផ្តើម​ទិញ​

យើង​ត្រូវ​ផ្តោត​លើ​អចលនទ្រព្យ​ដែល​អាច​ ឱ្យ​តម្លៃ​បាន​ដូចជា​ ផ្ទះ​ចាស់​ ឬម្ចាស់​អចលនទ្រព្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ដោយ​ព្យា​យាម​ចចារ​តម្លៃ​ឱ្យ​បាន​ទាប​ ​ដែល​យើង​ពេញចិត្ត​បំផុត​។ ត្រូវ​ចាំទុក​ថា​ តម្លៃ​លក់​ គឺជា​តម្លៃ​ដែល​អ្នកលក់​ស្នើ​ឡើងជា​លើក​ដំបូង​ប៉ុណ្ណោះ​។

៦) វិនិយោគ​លើ​អចលនទ្រព្យ​ដែល​នៅ​ជិត​យើង​

ពីព្រោះ​អចលនទ្រព្យ​ ដែល​មាន​ទីតាំងនៅ​ជិត​យើង​ គឺជា​ទីតាំង​ដែល​យើង​ស្គាល់​គ្រប់​ច្រក​ល្ហក់​ទាំងអស់​ យើង​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ទីតាំង​ ថា​វា​មាន​អ្វីខ្លះ​កើត​ឡើង​ថ្មី​ៗ ឬទេ​ ហើយ​វា​ងាយស្រួល​ក្នុង​ការស្រាវជ្រាវ​តម្លៃ​ទិញ​ លក់​នៅកន្លែង​នោះ​បាន​យ៉ាង​ច្បាស់​។

៧) អង្កេត​តាមដាន​អលន​ទ្រព្យ​គោលដៅ​គ្រប់ពេលវេលា​ ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​មុននឹង​សម្រេចចិត្ត​ទិញ​

ធ្វើ​ឱ្យ​ដូចជា​ តោ​ លប​ចាប់​ចំណី​ គឺ​តាមដាន​យ៉ាង​កៀក​កិត​បំផុត​ទាំង​ព្រឹក​ ថ្ងៃ​ ល្ងាច​ និង​ពេលយប់​ ដើម្បី​ឱ្យ​ដឹងពី​អ្វី​ដែល​បាន​កើនឡើង​ក្នុង​កន្លែង​នោះ​ ឬតំបន់​នោះ​ យើង​ត្រូវ​ដឹង​ឱ្យ​បាន​ថា​ តើ​នឹង​មាន​ហាងលក់ដូរ​ ឬអគារ​ខ្ពស់​កំពុង​សាងសង់​ដែរ​ឬទេ​ ឬក៏​មាន​គម្រោង​សាងសង់​អគារ​ផ្សេង​ៗ តូច​ធំ​ដែរ​ឬទេ​។

៨) ធ្វើ​ផែនការ​គ្រប់យ៉ាង​អោយ​បាន​ហ្មត់ចត់​ និង​ដំណើរការ​តាម​ជំ​ហ៊ាន​មួយ​ៗច្បាស់លាស់​

មុន​ពេល​សម្រេចចិត្ត​ វិនិយោគ​លើ​អចលនទ្រព្យ​គ្រប់ពេល​ យើង​ត្រូវតែ​គិត​តាម​ក្បួនខ្នាត​ឱ្យ​បាន​ល្អិតល្អន់​ជាមុន​។ យើង​ត្រូវ​គិតថា​ទិញ​យក​មក​ធ្វើអ្វី​ ? បានផល​តបស្នង​ត្រឡប់មកវិញ​ប៉ុន្មាន​? ត្រូវ​ថែមលុយ​អភិវឌ្ឍន៍​អស់​ប៉ុន្មាន​? ហើយ​បើ​លក់​វិញ​បាន​ប៉ុន្មាន​? យើង​ធ្វើ​របៀប​នេះ​ គឺ​ដើម្បី​បាន​តួលេខ​មួយ​ ដែល​យើង​យក​វា​ជាគោល​សម្រាប់​តម្លៃ​អល​ចន​ទ្រព្យ​ទាំងនោះ​។

៩) វិភាគ​លើ​អចលនទ្រព្យ​នោះ​

បើ​យើង​សម្លឹង​មើល​អចលនទ្រព្យ​ យើង​មិន​ត្រូវ​សម្លឹង​មើល​លើ​អ្វី​ដែល​អល​ចន​ទ្រព្យ​នោះ​ កំពុង​មាន​នោះ​ទេ​យើង​ត្រូវ​មើល​វា​អោយ​បាន​ស៊ីជម្រៅ​ថា​ អល​ចន​ទ្រព្យ​នោះ​អាច​ធ្វើអ្វី​បាន​ខ្លះ​? វា​អាច​ធ្វើ​ឱ្យ​មានប្រយោជន៍​ច្រើនជាង​ពេលនេះ​ដែរ​ឬទេ​? ឧទាហរណ៍​ ហើយ​មើល​អចលនទ្រព្យ​មួយ​ ជា​ផ្ទះ​ចាស់​មាន​ទំហំ ៥០០ម៉ែត្រការ៉េ​ យើង​ត្រូវ​មើល​អោយ​បាន​ស៊ីជម្រៅ​ជា​នេះ​គឺថា​ តើ​យើង​អាច​កែប្រែ​ក្លាយ​ដី​នេះ​ សាងសង់​ផ្ទះល្វែង​អគារ​ខ្ពស់​ ឬបន្ទប់​ជួ​បាន​ដែរ​ទេ​ ជាដើម​។ល។

១០​) យើង​គួរ​អភិវឌ្ឍន៍​អចលនទ្រព្យ​អោយ​តាម​តម្រូវការ​របស់​តំបន់​នោះ​

យើង​ត្រួ​វសិក្សា​ពីទី​តាំង​នោះ​ ស័ក្តសមជា​មួយ​នឹង​ការ​ធ្វើ​បន្ទប់​ជួល​យើង​ គួរ​ធ្វើ​បន្ទប់​ជួល​ យើង​មិន​គួរ​ធ្វើ​ផ្ទះល្វែង​នោះ​ទេ​ ហើយ​ផ្ទុយទៅវិញ​ បើ​ទីតាំង​នោះ​សាក​សម​ធ្វើ​ផ្ទះល្វែង​ យើង​មិន​គួរ​ធ្វើ​បន្ទប់​ជួល​នោះ​ទេ​ ប្រសិនបើ​យើង​មិន​គោរព​តាម​គោលការណ៍​នេះ​ទេ​ ក្រោយពី​អភិវឌ្ឍន៍​រួចហើយ​ វា​នឹង​មានផល​លំ​បា​កផ្សេង​ៗកើតឡើង​មកតាមក្រោយ​ផង​ដែរ​៕

តើ​គណនីចរន្ត​ និង​តុល្យភាព​គណនីចរន្ត​មានន័យ​ដូចម្តេច​?

0

ប្រែ​សម្រួល​ដោយ​ ប៊ី​

ភ្នំពេញ​៖ គណនីចរន្ត​ (Current​ account​) នៅក្នុង​ន័យ​សេដ្ឋកិច្ច​ គឺជា​ធាតុ​មួយ​ក្នុងចំណោម​ធាតុ​ដ៏​សំខាន់​ពីរ​ នៃ​តុល្យភាព​ប្រាក់ចំណាយ​ (Balance​ of​ payments​) ដែល​ធាតុ​មួយទៀត​ គឺ​គណនី​មូលធន​ (Capital​ account​)។

​គណនីចរន្ត​ គឺជា​ផលបូក​នៃ​តុល្យភាព​ពាណិជ្ជកម្ម​ (ការនាំចេញ​ ដក​ ការនាំចូល​) ចំណូល​សុទ្ធ​ (ការប្រាក់​ និង​ភាគលាភ​ជាដើម​) និង​ប្រាក់ចំណាយ​អាច​ផ្ទេរ​បាន​សុទ្ធ​ (ដូចជា​ជំនួយបរទេស​)។

“តុល្យភាព​គណនីចរន្ត​” គឺជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ពីរ​ សម្រាប់​វាស់វែង​ធម្មជាតិ​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​មួយ​ ដែល​មធ្យោបាយ​មួយទៀត​គឺ​លំហូរ​ចេញ​មូលធន​សុទ្ធ​(net​ capital​ outflow​)។ គណនីចរន្ត​លើស​បង្កើន​ទ្រព្យសកម្ម​បរទេស​សុទ្ធ​របស់​ប្រទេស​មួយ​។ ចំណែក​ឯឱនភាព​គណនីចរន្ត​ មាន​លក្ខណៈ​ផ្ទុយគ្នា​។ ទាំង​ប្រាក់​ចំណាយ​​របស់​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​គណនា​។ វា​ត្រូវ​បាន​ហៅថា​ជាគ​ណនី​ចរន្ត​ ព្រោះ​ទំនិញ​ និង​សេវាកម្ម​ ជា​ធម្មតា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​បច្ចុប្បន្ន​។

ការកាត់បន្ថយ​ឱនភាព​គណនីចរន្ត​

ដើម្បី​កាត់បន្ថយ​ឱនភាព​គណនីចរន្ត​ ជា​ធម្មតា​ត្រូវ​បង្កើន​ការនាំចេញ​ ឬកាត់បន្ថយ​ការនាំចូល​ ដែល​អាច​ធ្វើ​បាន​តាមរយៈ​ការ​រឹត​បន្តឹង​ការនាំចូល​ ការ​ដាក់កំណត់​ (quota​) ឬកាតព្វកិច្ច​ ឬឧបត្ថម្ភ​ការនាំចេញ​ (subsidize​ exports​)។ គេ​ក៏អាច​បញ្ចុះតម្លៃ​រូបិយវត្ថុ​ក្នុង​ស្រុក​ដើម្បី​ជំរុញ​ការនាំចេញ​ ដែល​អាច​នាំ​ដល់​ការ​បង្កើន​តុល្យភាព​ប្រាក់ចំណាយ​ផង​ដែរ​។ ក្រៅពី​នេះ​ការ​តម្រូវការ​ចំណាយ​របស់​រដ្ឋាភិបាល​ សម្រាប់​អ្នកផ្គត់ផ្គង់​ក្នុង​ស្រុក​ក៏​មានប្រសិទ្ធភាព​ផង​ដែរ​។

ការបង្កើត​សញ្ជ័យ​ក្នុង​ស្រុក​ ឬបន្ថយ​កម្ចី​ក្នុង​ស្រុក​ រួម​ទាំង​កម្ចី​ដោយ​រដ្ឋាភិបាល​ជាតិ​ ក៏​ជា​មធ្យ​បាយ​ជួយ​កាត់បន្ថយ​ឱនភាព​គណនីចរន្ត​ផង​ដែរ​៕

ប្រធាន​សមាគម​ CVEA​ ការ​កសាង​ទំនុកចិត្ត​ចាំបាច់​ត្រូវ​ផ្តើម​ចេញពី​ក្រមសីលធម៌​

0

ដោយ​​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​បង្កើត​ឡើង​ និង​ដើរតួ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ពី​វិស័យ​មួយ​នេះ​ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នោះ​គឺ​ការ​កសាង​ទំនុកចិត្ត​ពីសំណាក់​អតិថិជន​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​។

ស្រប​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​ កំពុងតែ​មាន​សកម្មភាព​ផុសផុល​ និង​ផ្តល់​ផលប្រយោជន៍​យ៉ាង​លើសលប់​នោះ​ បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ចាប់អារម្មណ៍​ និង​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​វិស័យ​មួយ​នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​នី​ក្នុង​អង្គ​វេទិកា​ស្ដីពី​ «ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​បាន​ចំណេញ​ខ្ពស់​» នៅ​សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ ការ​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ មានការ​ប្រកួតប្រជែង​ច្រើន​ ទម្រាំ​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​អនុវត្ត​ខុសពី​ក្រមសីលធម៌​ និង​មិន​ស្មោះត្រង់​ រហូត​ធ្វើ​ឱ្យ​អតិថិជន​បាត់បង់​ទំនុកចិត្ត​។

លោក​បាន​បន្ត​ថា​ “គ្រប់មុខ​ជំនួញ​ និង​ការងារ​ទាំងអស់​ ការ​ទទួល​បាន​ទំនុក​កចិត្ត​គឺជា​រឿង​សំខាន់​បំផុត​”។លោក​បន្ត​ទៀត​ថា​ “ជាទូទៅ​ការ​កសាង​នូវ​ទំនុក​គឺជា​ការ​សន្សំ​ចាប់ពី​ចំណុច​តូច​ឡើង​ទៅ​ និង​ត្រូវ​ចំណាយពេល​យូរ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ថា​ គ្រប់​ក្រុម​ហ៊ុន​ធំៗ​ទាំងអស់​ មុន​ពេល​ដែលគេ​ចូល​មក​សហការ​ជា​ដៃគូ​ គឺ​ពួក​គែ​សុទ្ធតែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត​ ដោយ​គេ​មិន​ធ្វើការ​ដោយ​ភាព​ប្រថុយប្រថាន​នោះ​ទេ​។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ទៀត​ថា​ ក្រុម​ហ៊ុន​ធំៗ​គឺ​គេ​ធ្វើការ​ជាមួយ​ដៃគូ​យូរអង្វែង​ជាមួយ​អ្នក​ដែល​មាន​ជំនាញ​ពិតប្រាកដ​ មានចំណេះ​ដឹង​ និង​មាន​ក្រមសីលធម៌​ខ្ពស់​។

លោក​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​នៅ​មិនទាន់​មានច្បាប់​ កំណត់​ពី​កម្រិត​នៃ​ការ​ទទួល​បាន​ផលប្រ​យោ​ន៍​ និង​ការកំណត់​តម្លៃ​កម្រៃ​ជើង​សារ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ត្រូវ​គោរព​ និង​ប្រកាន់យក​នោះ​ គឺ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ទៀត​ថា​ ការ​មិន​គោរព​តាម​ក្រមសីលធម៌​ និង​គ្មាន​វិជ្ជា​ជី​រៈ​ វា​នឹង​ជះឥទ្ធិពល​មកវិញ​ក្នុង​ពេល​ដ៏​ខ្លី​។ ចំពោះ​បណ្តា​ភ្នាក់ងារ​ទាំងឡាយ​ដែល​មិន​មាន​ក្រមសីលធម៌​ គ្មាន​វិជ្ជា​ជី​រៈ​ វា​ហាក់ដូចជា​ការ​បិតផ្លូវ​ និង​សម្លាប់​ខ្លួនឯង​នៅ​ថ្ងៃក្រោយ​យ៉ាង​ដូច្នោះ​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “នៅពេល​យើង​ធ្វើការ​ដោយ​ការ​ប្រកាន់​ នូវ​គោលការណ៍​ មាន​វិជ្ជាជីវៈ​ និង​គោរព​តាម​ក្រមសីលធម៌​ វា​គឺជា​ការ​បង្កើន​នូវ​ទំនុក​ទុកចិត្ត​ពីសំណាក់​អតិថិជន​យ៉ាង​ប្រាកដ​ ហើយ​វា​ក៏​ជា​គន្លឹះ​មួយ​ដែល​អាច​ពង្រីក​វិសាលភាព​ នៃ​ទីផ្សារ​របស់​ខ្លួន​បាន​កាន់តែ​ទូលាយ​”៕

ព្រលា​នយន្តហោះ​ថ្មី​ចំនួន៦​ វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នឹង​ជួយ​ជំរុញ​កំនើន​សេដ្ឋកិច្ច​កម្ពុជា​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ត្រៀម​វិនិយោគ​ និង​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូលរួម​សាង​សង់​ព្រលា​ន​យន្តហោះ​​ថ្មី​ៗចំនួន៦​ ជាម​ហិ​ច្ឆ​តា​ដ៏​ធំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​តភ្ជាប់​វិស័យ​ផ្លូវអាកាស​កាន់តែ​ទូលំទូលាយ​ ដែល​ជា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដ៏​សំខាន់​ ក្នុង​ការជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​កម្ពុជា​។

គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ចំនួន៦ រួមមាន​ ទី១​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិត​ក្នុងទឹក​ដី​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ ដែល​គ្រោង​វិនិយោគ​ដោយក្រុម​ហ៊ុន ​OCIC​ និង​ក្រុមហ៊ុន​ចិន​ ក្នុងទឹក​ប្រាក់១៥០០លាន​ដុល្លារ​អាមេរិក​ ទី២​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ខេត្តសៀមរាប​ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ​អាមេរិក​ ទី៣​ គម្រោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ក្នុង​ស្រុក​នៅ​ ខេត្តមណ្ឌលគិរី​។

ទី៤​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​តំបន់​តារា​សាគរ​ ក្នុង​ខេត្តកោះកុង​ដែល​គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២០​ខាងមុខ​ ទី៥ គំរោង​វិនិយោគ​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​ ដែល​សហការ​វិនិយោគ​ដោយក្រុម​ហ៊ុន​លី​ យ៉ុង​ផាត់​គ្រុប​ និង​ក្រុមហ៊ុន​ Bangkok​ Airway​ និង​ទី៦​ ការ​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​ ក្រុង​ព្រះសីហនុ​ឲ្យ​កាន់តែ​ធំ​ និង​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ​បាន​។

លោក​ ស៊ិន​ ចាន់​ស៊ិន​ចាន់​សេ​រី​វុត្ថា​ អ្នកនាំពាក្យ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៩​ កក្កដា​កន្លងមក​ថា​ រដ្ឋាភិបាល​បា​នឹង​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ មុននឹង​ចាប់ផ្តើម​សាងសង់​ ដែល​ត្រូវ​ប្រើ​ពេល​យ៉ាងហោចណាស់​ជាង១ឆ្នាំ​បន្ថែម​ទៀត​។ សម្រាប់​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ នៅ​ខេ​ត្ត​មព្រះសីហនុ​ និង​សៀមរាប​មិនជា​បញ្ហា​នោះ​ទេ​ តែ​សម្រាប់​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកណ្តាល​ និង​កោះកុង​បាន​នឹង​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ ដែល​ត្រូវ​ប្រើ​ពេល​យូ​ និង​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តមណ្ឌលគិរី​ មិនទាន់​ចាប់ផ្តើម​សាងសង់​នោះ​ទេ​ ប៉ុន្តែ​វា​ស្ថិត​ក្នុង​ផែនការ​របស់​រដ្ឋាភិបាល​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​ឱ្យ​ដឹង​ដែរ​ថា​ គម្រោង​សាង​សង់​ព្រលា​ន​យន្តហោះ​ថ្មី​ៗច្រើនបែប​នេះ​ គឺជា​ភាព​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា​ និង​ល្អ​សម្រាប់​វិស័យ​ឯកជន​ក្នុង​ការប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​។លោកស្រី​បន្ត​ថា​ ដូចដែល​យើង​ដឹង​ហើយ​ថា​ កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ និង​ត្រូវការ​ជើងហោះហើរ​ក្នុង​ស្រុក​ឱ្យ​មាន​ជំរើស​ច្រើន​ សម្រាប់​ភ្ញៀវ​ក្នុង​ការ​ធ្វើដំណើរ​ ទៅលេង​ឱ្យ​បាន​ច្រើន​កន្លែង​ ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរណ៍​ មិនបាន​ធ្វើដំណើរ​ទៅលេង​បាន​ច្រើន​កន្លែង​នោះ​ទេ​ ​ដោយសារ​ខ្វះ​ខាង​វិស័យ​ដឹកជញ្ជូន​ ហើយ​ពួកគេ​ទៅលេង​ម្តុំ​ណា​ដែល​មាន​យន្តហោះ​ចុះចត​បាន​ ដូចជា​ក្រុង​ព្រះសីហនុ​ សៀមរាប​ និង​ភ្នំ​ពញ​។

លោកស្រី​បន្ត​ថា​ “បើ​មាន​តែ​ព្រលា​នយន្តហោះ​ច្រើន​ តែ​អត់មាន​ជើងហោះហើរ​នេះ​ក៏​ជា​ខាតបង់​ផង​ដែរ​។ តែ​យ៉ាង​ណាក៏​ដោយ​ រដ្ឋាភិបាល​នឹង​មាន​ផែនការ​បង្កើន​ការហោះហើរ​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​”។

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា​ កម្ពុជា​នឹងអាច​ទទួលភ្ញៀវ​ទេសចរណ៍៧លាន​នាក់​នៅ​ឆ្នាំ២០២០ខាងមុខ​ និង​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវអាកាស ២០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​ផង​ដែរ​។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ នៃ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា​ លោក​ពេជ្រ​ សុ​ប៉ុន​តារា​បាន​មាន​ប្រសាសន៍​ថា​ ការព្យាករណ៍​របស់​រដ្ឋាភិបាល​ ពី​កំនើន​អ្នកដំណើរ​តាមផ្លូវអាកាស ២០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​ កម្ពុជា​ពិតជា​អាច​សម្រេច​បាន​តាម​ផែនការ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​កម្ពុជា​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវអាកាស​លើស​ផែនការ​ផង​ បើ​ការ​តភ្ជាប់​របស់​យើង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​មាន​ស្ថេរ​ភាព​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ​”។

លោក​បណ្ឌិត​ហុង​ វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បានឱ្យ​ដឹង​ថា​ គម្រោង​សាង​សង់​ព្រលា​ន​យន្តហោះ​ដែល​បាន​ដាក់ចេញ​នេះ​ គឺ​ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​លើ​តម្រូវការ​ផ្លូវអាកាស​កម្ពុជា​ ពិសេស​តាមរយៈ​កំណើន​ទេសចរណ៍​នៅក្នុង​ប្រទេស​មានការ​កើនឡើង​ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទេសចរណ៍​ទាំង​អោយ​ទៅដល់​គោលដៅ​ដែល​ខ្លួន​ចង់ទៅ​ទៅលេង​។

លោក​បន្ថែម​ទៀត​ “មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​វិ​និ​យោ​គព្រលា​នយន្តហោះ​ ក៏​នឹង​បង្ក​ភាព​ងាយស្រួល​ ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​បាន​ច្រើន​”។ លោក​បន្ត​ថា​ “និយាយ​ជា​រួម​ទៅ​វា​នឹង​បង្កើន​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ តាមរយៈ​ចំណូល​ពី​ការ​យកពន្ធ​ពី​ព្រលា​ន និង​ការនាំចូល​យន្តហោះ​មក​ប្រតិបត្តិ​ការ​ នៅក្នុង​ប្រទេស​កម្ពុជា​”៕

ចំណេះដឹង​! អ្វី​ជា​ការ​វិនិយោគ​?

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ តាមន័យ​សេដ្ឋកិច្ច​៖ វិនិយោគ​គឺជា​ការ​ធ្វើ​ប្រតិបត្តិ​ការ​ ដើម្បី​បង្កើត​មូលធន​ មាន​ដូចជា​ទ្រព្យ​ ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​និង​ចាំបាច់​។ការ​វិនិយោគ​នេះ​ មាន​គោលដៅ​ផង​ដែរ​ដើម្បី​បង្កើត​តម្លៃ​នៃ​បេតិកភណ្ឌ​។

តាមន័យ​នេះ​ ការ​វិនិយោគ​មាន​ដូចតទៅ​៖ ការបង្កើត​ជា​សហគ្រាស​ បរទេស​ដែល​មាន​បុត្រ​សម្ព័ន្ធ​ ការិយាល័យ​តំណាង​ និង​សាខា​ ។ ការទិញ​សហគ្រាស​ ដែល​មាន​រួចជាស្រេច​ ។ ចូលដើមទុន​សម្រាប់​សហគ្រាស​បង្កើត​ថ្មី​ និង​ចូលដើមទុន​ សម្រាប់​សហគ្រាស​ដែល​មានស្រាប់​។

តាមន័យ​គតិ​យុត្តិៈ​ វិនិយោគ​ជា​ប្រតិបត្តិ​ការប្រើ​ប្រាស់​នូវ​ឧបករណ៍​គតិ​យុត្ត​ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ក្នុង​សង្គម​ដំណើរការ​បាន​ល្អ​។ វា​អាច​ជា​កា​រន​ង្កើត​ឡើង​ តាមរយៈ​ប្រើប្រាស់​ទុន​ ឬហ៊ុន​ដែល​ជាដើម​ទុន​ សម្រាប់​បង្កើត​គ្រោង​សេដ្ឋកិច្ច​ ដែល​បាន​ផ្តល់​ឲ្យ​អ្នកវិនិយោគទុន​បាន​ទួល​នូវ​ផល​ចំណេញ​ ក្នុង​គម្រោង​របស់​អ្នក​វិនិយោគ​ទាំងនោះ​។

តាមច្បាប់​អន្តរ​ជា​តិៈ​ ការ​វិនិយោគទុន​គឺជា​ការ​ជាប់​កិច្ចសន្យា​ រវាង​វិនិយោគិន​បរទេស​និង​វិនិយោគិន​ខ្មែរ​ លើទឹក​ដី​ណាមួយ​តាម​កិច្ច​ព្រមព្រៀង​ជាមុន​ ទោះ​នៅ​ទីណា​ក៏ដោយ​ដោយ​អនុលោម​តាមច្បាប់​ និង​បញ្ញា​ត្តិ​របស់​ភាគី​ចុះ​កិច្ចសន្យា​។

វិនិយោគទុន​មាន​សារៈសំខាន់​ដូចតទៅ​៖

ការ​វិនិយោគទុន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​ សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​មួយ​ដែល​កំពុង​មានការ​អភិ​វឌ្ឈ​ន៍​ ក៏ដូចជា​ប្រទេស​អភិ​វឌ្ឈ​ន៍​ដែរ​។ ក្នុង​វិស័យ​ឯកជន​ត្រូវ​បាន​ចាត់ទុក​លើ​ការ​វិនិយោគ​យ៉ាង​សំខាន់​ ជាមួយ​វិស័យ​សាធារណៈ​ក្នុង​ការ​អភិ​វឌ្ឈ​ន៍​លើ​គ្រប់​វិស័យ​ ក្នុង​គោលបំណង​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ ឲ្យបាន​រីក​ចំរើន​ជាបន្តបន្ទាប់​ ។

ម្យ៉ាងវិញទៀត​ សារៈសំខាន់​នេះ​បាន​ជួយ​ ផ្តល់​ការងារ​ដល់​ពលរដ្ឋខ្មែរ​គ្រប់រូប​ និង​ជួយ​លើកតម្កើង​ជីវភាព​ពលរដ្ឋ​ក្រីក្រ​ ដើម្បីឲ្យ​មាន​ជីវភាព​ថ្កុំ​ថ្កើ​នដូច​អារិ​យប្រទេស​ក្នុង​ពិភពលោក​ នា​ពេល​បច្ចុប្បន្ន​ ដូចជា​ប្រទេស​ សឹង្ហ​បូរី​ជាដើម​៕

បទបញ្ជា​ក្តៅ​៖ ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ពន្លឿន​និ​តិ​វិធី​អនុញ្ញាត​ច្បាប់​សាងសង់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ចាប់ផ្តើម​ត្រួតពិនិត្យ​ និង​តាមដាន​លម្អិត​ទៅលើ​ករណី​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​មួយចំនួន​នៅ​កម្ពុជា​ថា​ តើ​ជា​កំហុស​របស់​ម្ចាស់​គម្រោង​ ឬបណ្តាល​មក​ពី​អំពើពុករលួយ​របស់​មន្ត្រី​ផ្ដល់​សេវា​ដែល​ពាក់ព័ន្ធ​។

រហូតមកដល់​ពេលនេះ​ ប្រធានបទ​ពាក់ព័ន្ធ​ទៅ​នឹង​គុណ​ភាណ​សំណង់​ និង​ការសាងសង់​សំណង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ នៅតែ​ជា​ចំណុច​មួយ​ដ៏​រសើប​ និង​យកចិត្ត​ទុកដាក់​ពីសំណាក់​រាជរដ្ឋាភិបាល​ដដែល​។ ជាក់ស្ដែង​នៅក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ មរតក​ តេជោ​ កាលពី​ព្រឹក​ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ សម្តេច​ តេជោ​ហ៊ុន​ សែន​បាន​ដាក់​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចុះ​ធ្វើការ​តាមដាន​ និង​ស្រាវជ្រាវ​លម្អិត​ទៅលើ​មូលហេតុ​ នៃ​ការសាងសង់​សំណង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

សម្តេច​បាន​មានប្រសាសន៍​ថា​ “ឯកឧត្តម​ជា​ សុ​ផា​រ៉ា​ត្រូវ​មើល​។បទពិសោធន៍​ចេញពី​ចាប់​មន្ត្រី៣នាក់​នៅ​ពោធិ៍សាត់​ បាន​ចង្អុលបង្ហាញ​ឱ្យ​ឃើញថា​ កន្លែង​ខ្លះ​សាងសង់​អត់ច្បាប់​ បណ្តាល​មក​ពី​មន្ត្រី​មិនព្រម​អនុម័ត​ឱ្យ​គេ​”។សម្តេច​បន្ត​ថា​ “អីចឹង​ត្រូវ​ពិនិត្យ​ផង​ដែរ​ នៅពេល​ខាងមុខ​។ ទៅ​ស្រាវជ្រាវ​មើល​កន្លែង​អត់ច្បាប់​ តើ​គេ​មានបាន​សុំច្បាប់​យើង​ឬអត់​?និង​ត្រូវ​ពិនិត្យ​ខ្លួនឯង​ផង​ដែរ​ អា​សំណង់​អត់ច្បាប់​។ បើ​គេ​បាន​សុំច្បាប់​យើង​ យើង​មិនបាន​ឆ្លើយ​ឱ្យ​គេ​ ហើយ​គេ​បែរជា​សាងសង់​អាហ្នឹង​មាន​ចំណែក​ខុសពី​យើង​ ដែល​យើង​មិនបាន​ឆ្លើយតប​ទៅ​គេ​”។

​សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “កន្លែង​ខ្លះ​សុំច្បាប់​វារ​វល់​ទារ​លុយ​ វា​មិនព្រម​ធ្វើ​ វា​កេក​កុក​ ដល់​អ៊ីចឹង​ ខ្លះ​គ្នា​ធ្វើ​ផ្ទះ​ ចាំ​ហ្អែង​យូរ​ពេក​ អញ​ធ្វើ​។ ជួនកាល​វា​មាន​ករណី​ហ្នឹង​ ដែល​បង្កើត​ឱ្យ​មានរឿង​អត់ច្បាប់​។ បើ​យើង​ពិនិត្យ​គេ​ឱ្យ​លឿន​ ហើយ​ផ្តល់​ការអនុញ្ញាត​ កែសម្រួល​ប្លង់​របស់​គេ​យ៉ាងម៉េច​ អី​យ៉ាងម៉េច​ ឱ្យ​បាន​ច្បាស់​”។

ករណី​សំណង់​ខុសច្បាប់​នៅ​កម្ពុជា​មួយចំនួន​ អាច​ជាប់ពាក់ព័ន្ធ​អំពើពុករលួយ​របស់​មន្ត្រី​ផ្តល់​សេវា​ ដែល​មិនព្រម​ចេញច្បាប់​សាងសង់​ ឬរកហេតុ​ផល​ផ្សេង​ៗបង្ក​ជា​ឧបសគ្គ​ក្នុង​ការ​សុំច្បាប់​សាងសង់​ ជាហេតុ​នាំ​ឱ្យ​ម្ចាស់​សំណង់​បង្ខំចិត្ត​សាងសង់​ទាំង​មិន​មានច្បាប់​អនុញ្ញាត​។ ជាក់ស្ដែង​ដូចជា​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​តាមដាន​ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​មន្ត្រី​សូរិ​យោ​ដី​ នៅ​ខេត្តពោធិ៍សាត់​ចំនួន៣រូប​ ដែល​មាន​តួនាទី​ជា​ប្រធានមន្ទីរ​ម្នាក់​ អនុប្រធាន​មន្ទីរ​ម្នាក់​ និង​មន្ត្រី​ថ្នាក់ក្រោម​ម្នាក់​ ពាក់ព័ន្ធ​ទៅ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ទារ​លុយ​ពី​អ្នក​វិនិយោគ​ ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ឱ្យ​សាងសង់​រោងចក្រ​។

លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ភា​គហ៊ុនិ​កគំរោង​បុរី​អង្គរ​លែ​នដ៏​ម៉ាក​បន្ទាយស្រី​ បាន​មានប្រសាសន៍​សាទរ​ និង​គាំទ្រ​ចំណាត់ការ​របស់​សម្ដេច​ តេជោ​ទាំងស្រុង​ ដោយ​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ រូបភាព​ពុករលួយ​ពីសំណាក់​មន្ត្រី​ដូច​ខាងលើ​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ ហើយ​វា​ស្ទើរតែ​ក្លាយទៅជា​ទម្លាប់​ទៅ​ហើយ​ ដែល​មន្ត្រី​ជំនាញ​ គួរតែ​ស៊ើបអង្កេត​ចាប់ពី​ថ្នាក់​ក្រសួង​ចុះ​មកដល់​ថ្នាក់​មូលដ្ឋាន​។

លោក​បាន​បន្ត​ទៀត​ថា​ “ការជំរុញ​ឱ្យ​មន្ត្រី​បម្រើសេវា​យកចិត្ត​ទុកដាក់​ និង​សម្រួល​ឯកសារ​អនុញ្ញាត​ច្បាប់​សាងសង់​ ដល់​បណ្តា​ម្ចាស់​គម្រោង​ និង​អ្នក​អភិវឌ្ឍ​ វា​គឺជា​រឿង​ចាំបាច់​ដែល​ត្រូវតែ​ធ្វើ​”។ លោក​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​រលូន​ វា​នឹង​ជួយ​លើកទឹកចិត្ត​អ្នក​អភិវឌ្ឍន៍​ ក៏ដូចជា​អ្នក​វិនិយោគ​មាន​កម្លាំងចិត្ត​បន្ថែម​ ហើយ​វា​ក៏​ជា​ចំណូល​មួយ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​”៕

សម្តេច​តេជោ​៖ ផ្លូវជាតិ​លេខ១០​ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ ផ្លូវជាតិ​លេខ១០នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​ «មរតក​តេជោ​» នា​ព្រឹក​ថ្ងៃទី២៩​ កក្កដា​នេះ​។សម្តេច​បន្ត​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ដូចជា​ផ្លូវថ្នល់​ ស្ពាន​ ភាគច្រើន​គឺជា​ជំនួយ​ពី​រដ្ឋាភិបាល​ចិន​។

សម្ដេច​បាន​មានប្រសាសន៍​ទៀត​ថា​ “នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ នឹង​ត្រូវ​ប្រកាស​បើក​ការដ្ឋាន​ ដែល​ថវិកា​សម្រាប់​សាងសង់​ក៏​ជា​កម្ចី​ពី​រដ្ឋាភិបាល​ចិន​ដែរ​”។ សម្តេច​បន្ត​ថា​ “តាមរយៈ​ផ្លូវជាតិ​លេខ១០មួយ​ខ្សែ​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​រវាង​ខេត្តកោះកុង​ ចេញ​តាម​តំបន់​ថ្មដា​ មក​ខេត្ត​បាត់​ដំ​បង់​ កាត់តាម​សំឡូត​ វាលវែង​”។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ ភ្ជាប់​ខេត្ត​ចំនួន២​ រវាង​ខេត្តបាត់ដំបង​ និង​ខេត្តកោះកុង​ ដែល​មាន​ប្រវែង​ ១៩៣​គីឡូម៉ែត្រ​ នឹង​ត្រូវ​ប្រកាស​បើក​ការដ្ឋាន​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​។

ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ គ្រោង​នឹង​បើក​ការដ្ឋាន​ព្រម​ជាមួយគ្នា​ ពិធីសម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ជាតិ​លេខ៥៥​ ក្រោយ​រដូវ​ធ្លាក់​ភ្លៀង​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ តេជោ​ ហ៊ុន​ សែន​ ។

លោក​បាន​បន្ត​ទៀត​ថា​ “ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង១៩៣គីឡូម៉ែត្រ​ ដែល​នឹង​ចំណាយ​ថវិកា​សាងសង់​ចំនួន១៨៣​ ជា​កម្ចី​ពី​រដ្ឋាភិបាល​ចិន​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “វត្តមាន​ផ្លូវជាតិ​លេខ១០មួយ​ខ្សែ​នេះ​ នឹង​ជួយ​សម្រួល​ដល់​វិស័យ​ដឹកជញ្ជូន​យ៉ាង​សំខាន់​ រវាង​ខេត្តកោះកុង​ ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ឧត្តមា​នជ័យ​ ក៏ដូចជា​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​” ៕

CDC​ អនុម័ត​លើ​គម្រោង​វិនិយោគ​លើទឹក​ប្រាក់​ជិត​ ៤០លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចំនួន​ ៧

0
CDC អនុម័ត​គម្រោង​វិនិយោគ
អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) បាន​អនុម័ត​គំរោង​វិនិយោគ​ទឹកប្រាក់​ជិត ៤០លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចំនួន៧​ ដែល​វិនិយោគ​ទៅលើ​ខេត្ត​ចំនួន​បី​ រួមមាន​ខេត្តកណ្តាល​ តាកែវ​ និង​ខេត្ត​កំពង់ស្ពឺ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​បាន​ប្រកាស​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ដែល​ចេញផ្សាយ​កាលពី​រសៀល​ថ្ងៃទី២៩​ កក្កដា​នេះ​បាន​ឲ្យដឹង​ថា​ គណកម្មា​ធិការ​វិនិយោគ​ នៃ​ CDC​ បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ទាំង៧វិនិយោគ​រួមមាន​ ទី១​ ក្រុមហ៊ុន​ “ZHEJIANG​ HAINIX​ SOFA​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិត​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​មាន​ទុន​វិនិយោគ​ប្រមាណ១​,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៣១៥កន្លែង​។

ទី២​) “T-NICE​ INTERNATIONAL​ PACKING​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ តម្លើង​ម៉ាស៊ីន​វេច​ខ្ចប់​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២៦កន្លែង​។ ទី៣​) “JIANZHONGRUI​ ELECTRONICS​ TECHNOLOHGY​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិ​ក្ខា​អេ​ឡិក​ត្រូ​និច​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៦៧កន្លែង​។

ទី៤​) ក្រុមហ៊ុន​ “PU​ ER​ TE​ CABINET​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ទូ​គ្រប់​ប្រភេទ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៥ លាន​ ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៣៨​ កន្លែង​។ ទី៥​)ក្រុមហ៊ុន​ “CAMBODIAN​ GOLDEN​ COAST​ WOOD​ PRODUCTS​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ ផលិត​ទូ​ដាក់​ឥវ៉ាន់​ ក្តារ​ប៉ាកេ​ ក្តារ​បន្ទះ​ និង​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន៥​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៥៦៥កន្លែង​។

ទី៦​) ក្រុមហ៊ុន​ “ECOTREND​ (CAMBODIA​) NEW​ BUILDING​ MATERIALS​ DEVELOPMENT​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​សាងសង់​ផ្ទះ​ និង​សម្ភារៈសំណង់​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន​ ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៥០​ កន្លែង​។ និង​ទី៧ក្រុមហ៊ុន​ “TB​ FLOORING​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ​ និង​ក្តារ​បន្ទះ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន​ ១៥លាន​ ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៤០៣កន្លែង​៕

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ពី​ទុនបម្រុង​ជាតិ​ អន្តរជាតិ​ដែល​កម្ពុជា​មាននៅ​ក្នុង​ដៃ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាលើកដំបូង​ហើយ​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ សែន​បាន​ប្រកាស​ឲ្យដឹង​ថា​ កម្ពុជា​មាន​ទុនបម្រុង​ក្នុង​ប្រទេស​ ជា​សាច់ប្រាក់​សុទ្ធ​ចំនួន ១លាន​លាន​រៀល​ស្មើនឹង​ប្រមាណ ៣៥០០លាន​ដុល្លារ​ និង​ទុនបម្រុង​ក្រៅប្រទេស​ចំនួន ១៥ពាន់​លាន​ដុល្លារ​។

ឆ្លើយតបទៅនឹង​មតិ​រិះគន់​រាជរដ្ឋាភិបាល​ថា​ មិន​មាន​ថវិកាជាតិ​គ្រប់គ្រាន់​ទៅ​នឹង​ការ​ចំ​ណាយ​ផ្សេង​ៗនៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​ចំណាយ​ជាប្រចាំ​ទៅលើ​មន្ត្រី​រាជការ​ និង​ការ​កសាង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ននា​នា​នោះ​ សម្តេច​ តេជោ​ ហ៊ុន​ សែន​ បាន​ប្រកាស​ក្នុង​ពិធី​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ​ នា​ព្រឹក​ថ្ងៃទី២៩កក្កដា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ថវិកាបម្រុង​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​តម្កល់​នៅ​រតនាគារជាតិ​ និង​ធនាគារជាតិ​កម្ពុជា​ មានសាច់​ប្រាក់សុទ្ធ​ចំនួន១លាន​លាន​រៀល​ ស្មើនឹង​ប្រមាណ៣៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​សម្ដេច​បញ្ជាក់​ថា​ “សាច់ប្រាក់​សុទ្ធតែ​ទាំងនេះ​ នៅ​មិនទាន់​រាប់បញ្ចូល​ថវិកាបម្រុង​នៅ​ក្រៅប្រទេស​ដែល​មាន​ចំនួន១៥ពាន់​លាន​ដុល្លារ​នោះ​ទេ​”។ សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ជាប្រចាំ​ខែ​កម្ពុជា​ត្រូវ​ចំណាយ​ប្រមាណ៣០០លាន​ដុល្លារ​ ខណៈ​ដែល​ចំណូល​ប្រចាំខែ​ មាន​ចំនួន​ច្រើនជាង៤០០លាន​ដុល្លារ​ ដែល​ចំនួន​ទាំងអស់​នេះ​វា​មិនមែន​ជា​សញ្ញា​អវិជ្ជមាន​នោះ​ទេ​”។

ជាមួយនឹង​ការ​ទទួល​បាន​ចំណូល​តាមរយៈ​ការ​ប្រមូល​ពន្ធ​ ចំណូល​ពី​វិស័យ​ទេសចរណ៍​ ក៏ដូចជា​ លំហូរ​ចូល​នៃ​ចំនួន​អ្នក​វិនិយោគ​លើ​គ្រប់​វិស័យ​នោះ​ រដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ចំណាយ​ទុន​ជាតិ​ផ្ទាល់​ ដើម្បី​ធ្វើការ​វិនិយោគ​ផង​ដែរ​ ដែល​យ៉ាងហោចណាស់​ក្នុង​មួយឆ្នាំ​មាន​ចំនួន​ចាប់ពី៧០០​-៨០០លាន​ដុល្លារ​ ដើម្បី​បម្រុងទុក​សម្រាប់​ស្ថាបនា​ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ផង​ដែរ​។សម្តេច​តេជោ​បញ្ជាក់ឲ្យដឹង​។

ដោយ​ពិនិត្យ​ឃើញ​ពី​ការយល់​ច្រឡំ​មួយចំនួន​ ពាក់ព័ន្ធ​នឹង​ទុនបម្រុង​អន្តរជាតិ​ ដែល​ជា​សូចនាករ​មួយ​ដ៏​សំខាន់​ បង្ហាញ​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ លោកជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិនៃកម្ពុជា​បាន​ពន្យល់​បន្ថែម​ពី​ទុនបម្រុង​អន្តរជាតិ​ ដែល​រួមមាន​ យោង​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ទុនបម្រុង​អន្តរជាតិ​នៃ​ប្រទេស​មួយ​ សំដៅលើ​ទ្រព្យសម្បត្តិ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ ដែល​ប្រទេស​មួយ​មាន​ និង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រូបិយវត្ថុ​ សម្រាប់​ប្រើ​ក្នុងករណី​ចាំបាច់​ ដូចជា​ ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ជញ្ជីងទូទាត់​ ប្រសិនបើ​មាន​តម្រូវការ​ ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរ​ប្រាក់​ដើម្បី​គ្រប់គ្រង​ការប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​ និង​ការ​រក្សា​ជំនឿ​ទុកចិត្ត​លើ​រូបិយវត្ថុ​និង​សេដ្ឋកិច្ច​ជាតិ​។

លោកស្រី​ពន្យល់​ថា​ “ទុនបម្រុង​អន្តរជាតិ​អាច​មាន​ទម្រង់​ជា​មាស​ និង​រូបិយប័ណ្ណ​នានា​ ដែល ​IMF​ ទទួលស្គាល់​ជា​អន្តរជាតិ​ (ដូចជា​ ប្រាក់​ដុល្លារ​អាមេរិក​ ប្រាក់​អឺ​រ៉ូ​ ផោន​អង់គ្លេស​ យេន​ជប៉ុន​ និ​ងយ៉ន់​ចិន​)”។

IMF​ តែងតែ​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​ រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ឱ្យ​បាន​គ្រប់គ្រាន់​។ ដើម្បី​កំណត់​កម្រិត​គ្រប់គ្រាន់​នេះ​ IMF​តែងតែ​ធ្វើការ​ប្រៀបធៀប​ទំហំ​ទុនបម្រុង​អន្តរជាតិ​ ទៅ​នឹង​ចំនួន​ខែ​នៃ​ការនាំចូល​ទំនិញ​ និង​សេវា​នៅ​គ្រា​ខាងមុខ​។ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​កម្ពុជា​ កម្រិត​គ្រប់គ្រាន់​អប្បបរមា​ នៃ​ទុនបម្រុង​អន្តរជាតិ​ដែល​គួរ​មាន​គឺ​ចំនួន៣ខែ​នៃ​ការនាំចូល​ទំនិញ​ និង​សេវា​នៅ​គ្រា​ខាងមុខ​។

មូលហេតុ​ដែល ​IMF​ និយម​ធ្វើការ​ប្រៀបធៀប​ទុនបម្រុង​អន្តរជាតិ​ ទៅ​នឹង​ការនាំចូល​ ដោយសារតែ​ការនាំចូល​ជា​តម្រូវការ​លើ​ទំនិញ​និង​សេវា​បរទេស​ ដែល​ប្រទេស​មួយ​ចាំបាច់​ត្រូវការ​ ដើម្បី​ផ្គត់ផ្គង់​ដល់​សេដ្ឋកិច្ច​ឱ្យ​បាន​គ្រប់គ្រាន់​ បន្ថែម​លើ​ការផលិត​ក្នុង​ស្រុក​។ ដូច្នេះ​ កម្រិតខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​ធៀប​នឹង​ការនាំចូល​ បង្ហាញ​ពី​លទ្ធភាព​ខ្ពស់​ដែល​ប្រទេស​មួយ​អាច​នាំចូល​បាន​ និង​ធានា​បាន​នូវ​ដំណើរការ​ល្អ​នៃ​សេដ្ឋកិច្ច​។

ចំពោះ​កម្ពុជា​ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​ជាលំដាប់​ និង​រក្សា​បាន​ក្នុង​កម្រិត​ ៥ខែ​នៃ​ការនាំចូល​ទំនិញ​និង​សេវា​ សម្រាប់​តម្រូវការ​ទំនិញ​នាំចូល​នា​ពេល​ខាងមុខ​ ពោល​គឺ​ខ្ពស់​ជាង៣ខែ​ ដែល​ជា​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​៕

តើ​អាស៊ាន​ និង​អាមេរិក​អាច​នាំមក​នូវ​សន្តិភាព​ដល់​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ដែរ​ឬទេ​?

0

ដោយ​ Donald​ Lee​

ក្រុង​បាង​កកៈ​ ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង​សង្ឃឹមថា​ មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ និង​អាមេរិក​អាច​ជួយ​ធ្វើឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ នៃជ​ម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប៉ុន​ នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​ប្រចាំឆ្នាំ​ នៅ​ទីក្រុង​បាងកក​ នៅ​សប្តាហ៍​ក្រោយ​។

ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ បាន​ជាប់ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ បន្ទាប់ពី​តុលាការ​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បង់ប្រាក់​ដល់​គ្រួសារ​ នៃ​ពលករ​កូរ៉េ​ ក្នុងអំឡុងពេល​ស្ថិត​ នៅ​ក្រោម​ការគ្រប់គ្រង​របស់់​ប្រទេស​ជប៉ុន​ ក្នុង​ចន្លោះ​ឆ្នាំ​ ១៩១០​ និង១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រតិកម្ម​ ដោយ​ការ​ហាមប្រាម​ការនាំចេញ​ទូរស័ព្ទ​ស្មា​តហ្វូ​ន និង​សម្ភារៈ​អេក្រង់​សំ​ខាន់​ៗ ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​កំពុង​រារាំង​ដល់​ចង្វាក់​ផ្គត់ផ្គង់​នៅក្នុង​វិស័យ​ផលិតកម្ម​ដ៏​សំខាន់​បំផុត​របស់​កូរ៉េ​ខាងត្បូង​។

មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​នឹង​ជួបគ្នា​ នៅ​ឯកិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី៥២​ (AMM​) នៅ​សប្តាហ៍​ក្រោយ​។

ក្រុម​មន្ត្រី​កូរ៉េ​ខាងត្បូង​សង្ឃឹមថា​ មេដឹកនាំ​មក​ពី​អាស៊ាន​អាច​ជួយ​បញ្ចុះបញ្ចូល​ជប៉ុន​ ឲ្យ​លុបចោល​ការ​ហាមប្រាម​លើ​សង្វាក់​ផ្គត់ផ្គង់​សំ​ខាន់​ៗ និង​ទប់ស្កាត់​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ពី​ការ​បំផ្លិច​បំផ្លាញ​ និង​ធ្វើឲ្យខូច​ដល់​សេដ្ឋកិច្ច​សកល​ ដែល​កំពុង​មាន​ភាពយឺត​យ៉ាវ​។

លោក​ Choi​ Yoon​-jung​ អ្នកស្រាវជ្រាវ​នៅ​នាយកដ្ឋាន​សិក្សា​ យុទ្ធសាស្ត្រ​ការទូត​នៅ​វិទ្យាស្ថាន​ Sejong​ របស់​កូរ៉េ​ខាងត្បូង​ បាន​ប្រាប់​សារព័ត៌មាន​ South​ China​ Morning​ Post​ ថា​ “យុទ្ធ​សាស្រ្ត​កូរ៉េ​ខាងត្បូង​ ដែល​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ក្នុង​ការ​ប្រឈមមុខ​ នឹង​ការ​រឹតត្បិត​ផ្នែក​ពាណិជ្ជកម្ម​របស់​ជប៉ុន​ សមស្រប​នឹង​ស្មារតី​អាស៊ាន​ ជាពិសេស​នៅពេល​ដែល​សមាគម​ កំពុង​សង្កត់ធ្ងន់​លើ​គោលការណ៍​ពាណិជ្ជកម្ម​សេរី​កាន់តែ​ច្រើន​ ដោយសារតែ​វា​កំពុង​រងគ្រោះ​ពី​ការ​បន្ត​ ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​”។

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោកស្រី​ Kang​ Kyung​-wha​ បាន​និយាយ​ថា​ លោកស្រី​ នឹង​បញ្ជាក់​ពីសា​រៈសំ​ខាន់​នៃ​ពាណិជ្ជកម្ម​សេរី​ និង​យុត្តិធម៌​ទៅកាន់​សម​ភាគី​ជប៉ុន​របស់​លោកស្រី​ នៅពេល​ពួកគេ​ជួបគ្នា​នៅ​ទីក្រុង​បាងកក​។

ទន្ទឹម​នឹង​នេះ​ដែរ​ អាមេរិក​ ដែល​នឹង​បញ្ជូន​មន្រ្តី​ជាន់ខ្ពស់​ ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​សង្ឃឹមថា​ នឹង​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​ រវាង​អ្នកដើរតួ​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ និង​សម្ព័ន្ធ​មិត្ត​សំខាន់​របស់​អាមេរិក​។

ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​និយាយ​ថា​ លោក​នឹងអាច​មានលទ្ធភាព​ធ្វើជា​អ្នកសម្រុះសម្រួល​ ប្រសិនបើ​មាន​សំណូមពរ​។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “ខ្ញុំ​គិតថា​ នៅពេល​ណា​ដែល​យើង​មាន​អាមេរិក​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅនឹង​កន្លែង​នោះ​ នឹង​មានបំណង​ចង់​ជួបជុំគ្នា​”៕