ដំណឹងល្អ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលេខមួយរបស់ចិនបានឈានជើងចូលទីផ្សារកម្ពុជាហើយ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហើបឱ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងចក្រផលិតរថយន្ដម៉ាក BYD នឹងចាប់ផ្តើមដំណើរការផលិតរថយន្តនៅកម្ពុជា ដែលសមត្ថភាពផលិតរថយន្ដចំនួន១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា ចំពោះការដំឡើងផលិតរថយន្ដ ក្រុមហ៊ុន BYD នឹងអាចដំឡើងរថយន្ដចន្លោះពី១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយផលិតចំនួន២ប្រភេទរថយន្ដ រួមមានរថយន្ដ BYD ដើរដោយថាមពលអគ្គិសនីសុទ្ធសាធ និងរថយន្ដ BYD ដែលអាចប្រើប្រាស់ទាំងសាំង និងថាមពលអគ្គិសនី។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់បន្ថែមថា “ក្នុងដំណាក់កាលដំបូង រោងចក្រផលិតរថយន្ដរបស់ក្រុមហ៊ុនចិន BYD នឹងធ្វើការចែកចាយនៅលើទីផ្សារកម្ពុជាជាមុនសិន ដោយសារតែរថយន្ត EV ត្រូវបានផលិតនៅក្នុងប្រទេសនីមួយៗតែម្ដង”។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងដំណាក់កាលដំបូង រោងចក្រនេះជារោងចក្របង្គុំ ដែលនាំចូលគ្រឿងបង្គុំមកពីក្រៅប្រទេស ដើម្បីផលិតជារថយន្ត។ ប៉ុន្តែ រោងចក្រនេះនឹងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជារោងចក្រផលិតគ្រឿងបង្គុំផលិតដោយខ្លួនឯងនាពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា “យើងគិតថា នៅពេលដែលរោងចក្រអាចផលិតរថយន្ដ EV បាន នោះយើងក៏អាចផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំដើម្បីលក់ចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតដែរ”។

មន្ដ្រីជាន់ខ្ពស់រូបនេះបានអះអាងឱ្យដឹងបន្ដថា មូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសដាក់មូលដ្ឋានផលិតកម្មក្នុងខេត្តព្រះសីហនុ ដោយសារវាផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនខ្នាតយក្សមួយនេះក្នុងការនាំចូលគ្រឿងបន្លាស់ និងគ្រឿងបង្គុំតាមរយៈកំពង់ផែក្រុងព្រះសីហនុ។

គម្រោងនៃការបង្កើតរោងចក្រផលិតរថយន្តម៉ាក BYD នៅកម្ពុជាត្រូវបានបង្ហើបកាលពីដំណាច់ចុងឆ្នាំ២០២៤។ ដូច្នេះ ការឈានជើងចូលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ដ៏ល្បីល្បាញរបស់ប្រទេសចិន ជាជោគជ័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដើរទាក់ម៉ូយឱ្យចូលមកបោះទុនវិនិយោគនៅកម្ពុជា៕

រដ្ឋាភិបាលកំពុងរៀបចំដោះស្រាយដើម្បីត្រៀមសាងសង់ផ្លូវទំហំ៦០ម៉ែត្រថ្មីមួយខ្សែនៅតំបន់ 7NG

0

ដោយ: គង់ លាងហួរ
កណ្ដាល: លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានទុកឱសានវាទដល់ប្រជាពលរដ្ឋ ដែលមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុក B2 ដែលរងប៉ះពាល់ដោយគម្រោងផ្លូវ៦០ម៉ែត្រឱ្យយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោក គួច ចំរើន បានគូសបញ្ជាក់ថា មន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធអង្គុយរង់ចាំក្នុងតង់នៅទីតាំងដែលត្រូវផ្លាស់ប្ដូរថ្មី ដើម្បីឲ្យប្រជាពលរដ្ឋដែលរង់ផលប៉ះពាល់ចំនួន៣៩នាក់ មកពិនិត្យផ្ទៀងផ្ទាត់ឯកសារជាក់ស្ដែង។ ប៉ុន្ដែ បែរជាមិនឃើញអ្នកដែលរងផលប៉ះពាល់ទៅវិញ។

ក្នុងអំឡុងពេលចុះពិនិត្យមើលទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ លោកអភិបាលខេត្តបានលើកឡើងថា ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោងផ្លូវហេដ្ឋារចនាសម្ព័ន្ធ ឬផ្លូវ៦០ម៉ែត្រសូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូននូវទីតាំងដីឡូតិ៍ថ្មីទាំង២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកអះអាងថា “ឥលូវ ខ្ញុំខំប្រឹងដោះ ក្ដៅផង ត្រជាក់ផង ដល់បានដីឲ្យអត់មកយកទៀត ឥលូវវាពិបាកខ្ញុំដដែល ហើយបងប្អូនមន្ត្រីចាំឡើងមុខខ្មៅអស់ហើយ ហើយចាំយ៉ាងយូរដល់ថ្ងៃទី១៨ទេ, ឲ្យមន្ត្រីយើងមកអង្គុយចាំរហូតម៉េចកើត ពួកគាត់ត្រូវធ្វើការផ្សេងទៀតដែរ ដូច្នេះសូមអំពាវនាវអ្នកដែលមិនទាន់មកយកដី សូមរូតរះមកឲ្យបានមុនថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីធ្វើនីតិវិធីយកដីដែលបានបាត់បង់គ្រប់ចំនួន និងទំហំវិញ”។

ពលរដ្ឋដែលបានមកទទួយកដីសំណងនេះ បានសម្ដែងនូវការកោតសរសើរចំពោះយុទ្ធសាស្ត្រដ៏ល្អរបស់លោកអភិបាលខេត្ត ដែលបានខិតខំរកដំណោះស្រាយយ៉ាងល្អប្រសើរជូនពួកគាត់ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់លោកអភិបាលខេត្ត និងសុំដឹងគុណព្រោះរឿងរ៉ាវដីធ្លីនេះ កើតមានបញ្ហាជាយូរមកហើយទើបតែមកដល់ជំនាន់លោក គួច ចំរើន ទេ ទើបរឿងដីធ្លីក្ដៅនេះ ដោះស្រាយជូនបានយ៉ាងត្រចះត្រចង់៕

ប្រធានរដ្ឋសភាកម្ពុជាឡាវពិភាក្សារគ្នាពីការជំរុញការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះ សម្តេចតេជោ ដែលត្រូវបាន បោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបង្ហាញ ឱ្យឃើញពីការទុកចិត្តនិងការគាំទ្រ របស់គណបក្ស និងប្រជាជនកម្ពុជា លើការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ និងបទពិសោធន៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា នាពេលនេះ មានសារៈសំខាន់បំផុត ដែលនាំមកនូវមេត្រីភាព មិត្តភាព ក្នុងនាមប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងជាអ្នកជិតខាងល្អ ព្រមទាំង ការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់ សម្តេច និងគណៈប្រតិភូ។

សម្តេចតេជោ បានជូនពរ ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងប្រជាជនឡាវ ប្រកបដោយ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ក្នុងឱកាសចូលឆ្នាំសកល២០២៥។ សម្តេចពិតជារីករាយដែលបានជួបឯកឧត្តម ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបចុងក្រោយ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាស បំពេញទស្សនកិច្ចផ្លូវការនៅឡាវ ក្នុងនាមជានាយករដ្ឋមន្រ្តី។

សម្តេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និងរដ្ឋាភិបាលឡាវ ដែលសម្រេចបានដោយជោគជ័យតួនាទីជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ACMECS លើកទី១០។

សម្តេចតេជោ បានថ្លែងពីការផ្តាំផ្ញើសួរសុខទុក្ខ និងអរគុណរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅនាមហាសន្និបាត AIPA លើកទី៤៥។

សម្តេចតេជោ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេចជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។

សម្តេចតេជោ បានជម្រាបជូន ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ ពីការវិវត្តនៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ ពីភាពជោគជ័យនៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេនជំនាន់ក្រោយនៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយ សម្តេចមិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរ អំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ។

សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយ រយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថាអ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។

សម្តេចតេជោ បានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជាជាប្រទេសផលិតសម្រាប់ការនាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេច បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺការទូតសភាដែលជាការរួមចំណែកជាមួយរដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍ពិភពលោកស្មុគស្មាញនិងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសយើងទាំងពីរ តាមស្មារតី “ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង” ដែលសម្តេចបានបង្កើតឡើងពីឆ្នាំ២០១៩ ជាមួយនឹងឯកឧត្តម ថោងលន់ ស៊ីសុលីត និងចាត់ទុកថាជាជោគជ័យ និងផែនទីបង្ហាញផ្លូវសម្រាប់បន្តកិច្ចសហប្រតិបត្តិការប្រទេសយើងទាំងពីរ ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ។

សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេច ជារដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សម្តេចតេជោ បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល…ដោយស្ថាប័ននីតិប្បញ្ញត្តិត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។

ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចតេជា បានអញ្ជើញ ឯកឧត្តម ប្រធានរដ្ឋសភាឡាវ ទៅទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការវាយតម្លៃល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និង ចែករំលែកពីស្ថានការណ៍របស់ប្រទេសកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។

ឯកឧត្តម បានសម្តែងនូវក្តីរីករាយចំពោះស្នាដៃនៃការដឹកនាំរបស់គណបក្សប្រជាជនសម្រេចបានសមិទ្ធផលលេចធ្លោ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍នៃប្រទេសឡាវ ដែល ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មានសន្តិភាព ស្ថិរភាព និង សម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦% នៅឆ្នាំ២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈការតភ្ជាប់ផ្លូវដែក ជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។

ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថាទំនាក់ទំនងឡាវ-កម្ពុជា មានភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូននិងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។

ឯកឧត្តម បានបន្តថាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ បានបន្តសហការផ្លាស់ប្តូរទស្សនកិច្ចកម្រិតប្រតិភូជាន់ខ្ពស់ និងជំនាញ និងបន្តពូនជ្រំ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិផងដែរ។

ឯកឧត្តម សង្ឃឹមថា កិច្ចខិតខំព្យាយាមក្នុងការបន្តអនុវត្ត MoU និងកិច្ចព្រមព្រៀងនានា ជាពិសេសលើវិស័យថាមពល និងសាងសង់ផ្លូវដែកតភ្ជាប់រវាងប្រទេសយើងទាំងពីរ នឹងផ្តល់កាលានុវត្តភាពដល់ទំនាក់ទំនងនិងការជំរុញពាណិជ្ជកម្មយើងទាំងពីរបន្ថែមទៀត។

សម្តេចតេជោ និង ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ។

ជាចុងក្រោយនៃជំនួប ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានជូនពរ សម្តេចតេជោ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕ ប្រភព៖ hotnews-asia.com

បណ្តាក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ចាប់ផ្តើមប្រកួតប្រជែងលក់សំបុត្រក្នុងតម្លៃសមរម្យ ក្រោយកើតគ្រោះថ្នាក់ធ្លាក់យន្តហោះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមសង្គ្រាមប្រកួតប្រជែងលក់សំបុត្រយន្តហោះក្នុងតម្លៃសមរម្យ ដើម្បីជំរុញតម្រូវការជើងហោះហើរឡើងវិញ ស្របពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារករណីគ្រោះថ្នាក់នាពេលកន្លងទៅ។

ក្រុមហ៊ុន Jeju Air និងក្រុមហ៊ុន Air Busan កំពុងផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើនលើការលក់សំបុត្រយន្តហោះ ខណៈការលក់នាពេលថ្មីៗនេះបាននិងកំពុងធ្លាក់ចុះ ក្រោយពីករណីគ្រោះថ្នាក់យន្តហោះ ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សរាប់រយនាក់។

កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុន Jeju Air បានស្រុតចុះយ៉ាងគំហុក បន្ទាប់ពីករណីសោកនាដកម្មធ្លាក់យន្តហោះកាលពីខែធ្នូឆ្នាំមុន ដែលបានឆក់យកអាយុជីវិតអ្នកដំណើរលើយន្តហោះរបស់ក្រុមហ៊ុន Jeju Air ចំនួន១៧៩នាក់។ការណ៍នេះនាំឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុនដាំក្បាលចុះ ព្រោះអតិថិជនបានសម្រុកលុបចោលសំបុត្រជើងហោះហើរ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។

យោងតាមទិន្នន័យពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូងបានឱ្យដឹងថា ចំនួនអ្នកដំណើរ ដែលបានទិញសំបុត្រជិះយន្តហោះរបស់ក្រុមហ៊ុន Jeju Air បានដាំក្បាលចុះ២៩,៣ភាគរយក្នុងរយៈពេល២៦ថ្ងៃកន្លងមកនេះ ដោយរាប់ចាប់ពីព្រឹត្តិការណ៍ធ្លាក់យន្តហោះដ៏រន្ធត់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ឆ្លើយតបទៅនឹងការដាំក្បាលចុះនៃតម្រូវការ ក្រុមហ៊ុន Jeju Air បានសម្រេចចិត្តលក់សំបុត្រយន្តហោះក្នុងតម្លៃថោកបំផុត ដោយបានបញ្ចុះតម្លៃអស់យ៉ាងច្រើន។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះកំពុងប្រកាសលក់សំបុត្រជើងហោះហើរក្នុងស្រុករវាងទីក្រុងសេអ៊ូល និងទីក្រុង Jeju ក្នុងតម្លៃចំនួន២០.០០០វ៉ុន ឬស្មើនឹង១៣,៨៥ដុល្លារ ថយចុះជាង២ដងបើធៀបនឹងតម្លៃលក់ធម្មតា មុនកើតឧបទ្ទវហេតុ។

ជាមួយគ្នានេះ ក្រុមហ៊ុន Air Busan កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយអាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនAir Busan បានឆេះ មុនពេលហោះហើរកាលពីខែមករាកន្លងទៅ។

ករណីគ្រោះថ្នាក់របស់ក្រុមហ៊ុនទាំង២ខាងលើនេះ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រនៅក្នុងតម្លៃសមរម្យ (Low-cost carrier)ផ្សេងទៀតផងដែរ ស្របពេលដែលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកដំណើរ។

ជាក់ស្ដែង ចំនួនអ្នកដំណើររបស់ក្រុមហ៊ុន Jin Air និងក្រុមហ៊ុន T’way Air បានធ្លាក់ចុះ១០,៤ភាគរយ និង៥,៦ភាគរយរៀងគ្នាក្នុងអំឡុងរយៈពេលដូចគ្នានេះ ដោយសារអារម្មណ៍នៃការភ័យខ្លាចរបស់អតិថិជនបានឈានឡើងដល់កម្រិតកំពូល៕ប្រភព: Korea Times៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្តី​ព្រួយបារម្ភ​ចំពោះសង្គ្រាម​ពាណិជ្ជកម្ម​ បាន​ជំរុញ​ឱ្យ​បណ្តាក្រុមអ្នកវិនិយោគសម្រុកងាកទៅទិ​ញមាសទុក ដើម្បីរក្សាសុវត្ថិភាពនៃការវិនិយោគរបស់ខ្លួន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៩ភាគរយដល់២៨៦៧,៥១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៤ភាគរយដល់២៨៨៩,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់១០៧,៧៥ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៦៩ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥២ភាគរយដល់៣២,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៥២ភាគរយដល់១០២៧,៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២ភាគរយដល់៩៩៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី

0

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួត​ពិនិត្យ​វឌ្ឍនភាព​នៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការ​អភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។

សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយ​ចន្ទីច្រើនជាងគេ។

ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដី​ប្រមូល​ផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹង​ប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សួន​ឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី​ ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត​១៣​គីឡូម៉ែត្រ។

របាយការណ៍របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ប្រមាណ ៧០​ ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រហែល ៥៨ម៉ឺនហិកតា​កំពុង​ប្រមូល​ផល និង​ប្រហែល​ ១២ម៉ឺនហិកតា​ទៀត​ជា​ដី​ទើប​ដាំដុះថ្មី។​ ចំណែក​ទិន្នផល​ប្រមូល​បាន គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី ៨០-​១០០​ម៉ឺន​តោន​ក្នុង១ឆ្នាំ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ​ន​ ៨៥ម៉ឺនតោន ​កើនឡើង២៦ភាគរយ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិត​ស្វាយ​ចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។

ក្នុងនោះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៨១៥,០០០តោន កើនឡើង២១ភាគរយ ទទួលបានថវិកាចំនួន​ ១,១៥០លានដុល្លារ កើនឡើង២៦.១៥ភាគរយ។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕ ប្រភព៖ freshnewsasia.com

តើឧស្សាហកម្មសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាបមានស្ថានភាពបែបណានៅឆ្នាំ២០២៥នេះ?

0

ដោយៈ គង់ សូរិយា

សៀមរាប៖ គិតត្រឹមដើមឆ្នាំ 2025 ឧស្សាហកម្មសណ្ឋាគារនៅខេត្តសៀមរាបកំពុងជួបប្រទះនូវអន្តរកម្មយ៉ាងស្វាហាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ។ រដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ដោយមានបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥ លាននាក់មកខេត្តសៀមរាបនៅឆ្នាំ ២០២៥ ដែលអាចបង្កើតការងារបានចំនួន ៩៤០,០០០ និងបង្កើតប្រាក់ចំណូលបន្ថែមចំនួន ៦ ពាន់លានដុល្លារ។

ការ​សម្ពោធ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​នាពេល​ថ្មីៗ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង។ បុគ្គលិកសណ្ឋាគារឈានមុខគេមានសុទិដ្ឋិនិយម ដោយរំពឹងថានឹងមានការបង្កើនការតភ្ជាប់ជើងហោះហើរដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានលទ្ធភាពចូលទៅកាន់ទីផ្សារថ្មីៗ។

ទាក់ទងនឹងការអភិវឌ្ឍន៍សណ្ឋាគារ មានវិធីសាស្រ្តប្រុងប្រយ័ត្ន។ នៅឆ្នាំ 2024 មិនមានសណ្ឋាគារលំដាប់ផ្កាយ 5 ថ្មីត្រូវបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាទេ ដោយចំនួនបន្ទប់សណ្ឋាគារផ្កាយ 4 និងផ្កាយ 3 សរុបនៅក្នុងរាជធានីភ្នំពេញនៅសល់ចំនួន 9,800 និង 4,200 រៀងគ្នា។ ការកំណត់ដោយចេតនាក្នុងការផ្គត់ផ្គង់ថ្មីនេះត្រូវបានគេមើលឃើញជាវិជ្ជមាន ព្រោះវាអនុញ្ញាតឱ្យតម្រូវការដែលមានស្រាប់ដើម្បីស្រូបយកសមត្ថភាពលើសនៅក្នុងទីផ្សារ។

ដោយសារការវិវឌ្ឍន៍ទាំងនេះ តុល្យភាពរវាងការផ្គត់ផ្គង់បន្ទប់សណ្ឋាគារ និងតម្រូវការក្នុងខេត្តសៀមរាប មានភាពប្រសើរឡើង។ ការរួមបញ្ចូលគ្នានៃការកើនឡើងចំនួនភ្ញៀវទេសចរ និងការអភិវឌ្ឍន៍សណ្ឋាគារថ្មីដែលរារាំង បង្ហាញថា តម្រូវការអាចនឹងស្របគ្នានឹងការផ្គត់ផ្គង់ ឬលើសពីការផ្គត់ផ្គង់ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ លំនឹងនេះនឹងអាស្រ័យលើការធ្វើឱ្យចំនួនភ្ញៀវទេសចរដែលបានព្យាករណ៍ និងសមត្ថភាពរបស់ឧស្សាហកម្មក្នុងការសម្របខ្លួនទៅនឹងលក្ខខណ្ឌទីផ្សារដែលកំពុងវិវត្ត។

តើសំណើអភិវឌ្ឍន៍តំបន់ Gaza ទៅជាទីក្រុងមាត់សមុទ្ររបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ នឹងមានជោគវាសនាបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វាមិនមែនជារឿងចម្លែកទេ ប្រសិនបើគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដាក់បញ្ចូលរបៀបវារៈនៃការជួយដល់ការអភិវឌ្ឍន៍អចលនទ្រព្យ នៅពេលដែលម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយក្លាយទៅជាប្រធានាធិបតីអាមេរិក។

ការសន្និដ្ឋាននេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានដាក់សំណើដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការកាន់កាប់តំបន់ Gaza ដើម្បីប្រែក្លាយតំបន់ជម្លោះដ៏រាំរ៉ៃនេះទៅជារមណីយដ្ឋានកំសាន្តសម្រាប់ប្រជាជនទាំងអស់នៅលើពិភពលោក ដែល លោក ត្រាំ បានហៅថាជា“Riviera of the Middle East”។

ការដាក់សំណើត្រួត​ត្រា​​តំបន់​ Gaza ពីសំណាក់ប្រធានាធិបតី​អាមេរិក​លោក ដូ ណាល់​ត្រាំ ត្រូវបាន​ប្រកាសឡើង នៅ​ក្នុង​សន្និសីទ​សារព័ត៌មានរួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​នៃប្រទេសអុីស្រាអែលលោក Benjamin Netanyahu នៅឯសេតវិមាន។

លោក ត្រាំ ធ្លាប់​ជា​អ្នក​ជំនួញ​​ និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារក្នុង​វិស័យ​អចលនទ្រព្យ​​។ ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលលោកមានបំណងប្រែក្លាយ​តំបន់​​ Gaza ​ទៅជាទី​​ក្រុង​មាត់សមុទ្រ ជា​មួយ​គម្រោង​អចលនទ្រព្យដ៏​ធំមួយនា​ពេល​អនាគត។

លោក ត្រាំ​ បាន​ស្នើ​ផ្ទេរ​ប្រជាជនប៉ាឡេស្ទីនជាង២លាននាក់​ក្នុងតំបន់​​ Gaza ឱ្យ​ទៅ​រស់​នៅ​ក្នុងបណ្តាប្រទេសផ្សេងទៀត ដូច​ជាប្រទេស​អេហ្ស៊ីប និង​ប្រទេសហ្សកដានី។ យ៉ាងណាមិញប្រទេស​ទាំង២បាន​ចេញមុខបដិសេធ​រួច​ហើយ​ចំពោះសំណើនេះ។

សំណើនេះក៏បានបង្កឱ្យមានការតវ៉ាពីសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមអ្នករិះគន់ក្នុងជួរគណបក្សប្រជាធិបតេយ្យផងដែរ។

លោក Troy Carter សមាជិកសភាបក្សប្រជាធិបតេយ្យនៃរដ្ឋ Louisiana បានរិះគន់ថា “ការអភិវឌ្ឍន៍ទឹកដីដែលហែកហួរដោយសារសង្រ្គាមមួយនេះ មិនមែនជាផែនការសន្តិភាពទេ។វាជាការប្រមាថ”។

ទោះជាយ៉ាងណាក្តី នេះមិនមែនជាលើកទីមួយទេ ដែលលោក ដូ ណាល់ត្រាំ បានចាត់ទុកស្ថានភាពគោលនយោបាយការបរទេសថា ជាឱកាសអាជីវកម្មដ៏អស្ចារ្យមួយ។

តួយ៉ាង ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលោក Kim Jong Un ប្រធានាធិបតីកូរ៉េខាងជើងក្នុងឆ្នាំ២០១៨ លោកប្រធានាធិបតី ត្រាំ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសនេះ ដែលលោកអះអាងថា នៅថ្ងៃណាមួយ ទីនោះអាចមានសណ្ឋាគារល្អបំផុត។

ក្តីសុបិន្តប្រកបដោយមហិច្ឆតានោះបានរលាយបាត់ទៅវិញ ហើយចក្ខុវិស័យរបស់លោក ត្រាំ ចំពោះតំបន់ Gaza អាចនឹងជួបជោគវាសនាដូចគ្នា។

ប៉ុន្តែ សំណើអភិវឌ្ឍន៍តំបន់ Gaza របស់លោក ត្រាំ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះដំណោះស្រាយរដ្ឋពីរសម្រាប់ស្ថានភាពនៅប៉ាឡេស្ទីន៕ប្រភព: BBC៕

រដ្ឋាភិបាលឥណ្ឌូនេស៊ី​អនុម័តគម្រោងសាងសង់​ជញ្ជាំងសមុទ្រ​ខ្នាតយក្សដើម្បី​ទប់ទល់​នឹង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រនៅកោះជ្វា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត VNA បានរាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានអនុម័តគម្រោងសាងសង់ជញ្ជាំងសមុទ្រដ៏ធំមួយប្រវែង៧០០គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីខេត្ត Banten ដល់ខេត្ត East Java។

យោងតាមប្រភពពីប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហើបឱ្យដឹងថា គម្រោងប្រកបទៅដោយមហិច្ឆិតានេះមានគោលបំណងការពារការជន់លិចវាលស្រែនៅឆ្នេរសមុទ្រភាគខាងជើងនៃកោះជ្វា(Java) ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo Subianto បានបង្ហាញការយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សាធារណៈជនអំពីការជន់លិចទីក្រុង ជាពិសេសការគំរាមកំហែងដែលបង្កឡើងដោយការកើនឡើងនៃកម្រិតទឹកសមុទ្រចំពោះប្រជានេសាទឥណ្ឌូនេស៊ី។

លោក Hashim Djojohadikusumo
ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ផែនការសាងសង់ជញ្ជាំងសមុទ្រដ៏ធំនេះ បានរៀបចំឡើងចាប់តាំងពីឆ្នាំ១៩៩៤ ដោយសាររដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលស្គាល់ពីគ្រោះថ្នាក់ដែលបណ្តាលមកពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រនៅពេលនោះ។

ទោះ​បីជា​យ៉ាង​ណា​ក្តី គម្រោង​នេះ​មិន​ទាន់លេចចេញជារូបរាងទេ។ យោងតាម​ការ​ព្យាករ​ណ៍បង្ហាញថា ការ​សាងសង់​កំពែង​ជញ្ជាំងសមុទ្រ​ខ្នាតយក្ស​នេះអាច​ចំណាយ​ពេល​ចន្លោះពី១០ឆ្នាំទៅ២០ឆ្នាំ។

ជាមួយគ្នានេះ លោកប្រធានាធិបតី Prabowo បានណែនាំឱ្យក្រុមមន្ត្រីត្រួតពិនិត្យឡើងវិញនូវផែនការសាងសង់ជញ្ជាំងសមុទ្រដ៏ធំ ដែលលាតសន្ធឹងពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Cirebon ដែលជាផ្នែកមួយនៃកម្មវិធីយុទ្ធសាស្រ្តជាតិ (National Strategic Programme) នៅក្នុងឆ្នាំ២០២៥។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានកត់សម្គាល់ថា ការសាងសង់គម្រោងជញ្ជាំងសមុទ្រយក្សពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Cirebon នឹងតភ្ជាប់ជាមួយទំនប់គ្រប់គ្រងទឹកជំនន់ និងជំនោរដែលមានស្រាប់នៅក្នុងទីក្រុង Semarang និងខេត្ត Central Java៕ប្រភព: VNA ៕

វិភាគ: ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-ចិននៅក្នុងឆ្នាំ២០២៥ នឹងកាន់តែរឹងមាំ និងសម្រេចបានផ្លែផ្កាជាច្រើន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិននៅឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងមានទស្សនវិស័យកាន់តែល្អប្រសើរ បន្ទាប់ពីប្រទេសទាំង២បានសម្រេចសមិទ្ធិផលជាច្រើនពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅឆ្នាំ២០២៤។

ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ចិនឈរលើមូលដ្ឋាននៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងកាន់តែជិតស្និទ្ធជារៀងរាល់ឆ្នាំ។ជាលទ្ធផល ភាពជាដៃគូរវាងប្រទេសទាំង២នាពេលបច្ចុប្បន្ននេះមានសភាពរឹងមាំ និងមិនអាចបំបែកបាន។

ក្នុងចំណោមដៃគូនានានៅលើពិភពលោករបស់ខ្លួន ប្រទេសចិនត្រូវបានចាត់ទុកជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ដោយផ្តល់ការគាំទ្រឥតងាករេដល់កម្ពុជាស្ទើរតែគ្រប់វិស័យទាំងអស់។

ជាក់ស្តែង នៅឆ្នាំ២០២៤ ភាពជាដៃគូដ៏រឹងមាំនេះបានផ្តល់លទ្ធផលជាផ្លែផ្កា ខណៈដែលប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

កិច្ចព្រមព្រៀងនានាដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ប្រទេសចិនជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។ លើសពីនេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាប្រភពភ្ញៀវទេសចរណ៍បរទេសធំជាងគេទី៣ចូលមកកាន់កម្ពុជា។ ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។

ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងត្រី និងស្រូវ ព្រមទាំងឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យនានាដូចជា ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខស្បៀង ទេសចរណ៍ និងវប្បធម៌។

លើសពីនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន (BRI) បានផ្តល់នូវធនធានដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍន៍រីកចម្រើននៅកម្ពុជា។

គម្រោងធំៗស្ថិតក្រោមគំនិតផ្តួចផ្តើម BRI រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់កម្ពុជា។

តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរបានជំរុញការតភ្ជាប់របស់កម្ពុជាទៅនឹងទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនមធ្យោបាយធ្វើដំណើរចូលទៅកាន់រមណីយដ្ឋានបុរាណអង្គរ និងបានជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកកំសាន្តកាន់តែច្រើន។

ចំពោះឆ្នាំ២០២៥នេះវិញ ទំនាក់ទំនងកម្ពុជា-ចិននឹងបន្តត្រូវបានពង្រឹងបន្ថែមទៀត ខណៈប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”ដោយសង្កត់ធ្ងន់លើការពង្រឹងទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

ជាងនេះទៅទៀត អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃខេត្តកណ្តាលគ្រោងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលជាសមិទ្ធិផលដ៏សំខាន់មួយទៀតនៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។

ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិននៅតែមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្រ ដោយបានបង្កើតការងារក្នុងស្រុករាប់សែនកន្លែងនៅកម្ពុជា។

ស្របពេលដែលទំនាក់ទំនងទ្វេរភាគីកាន់តែមានភាពស៊ីជម្រៅ កម្ពុជា និងចិនកំពុងដើរនៅលើផ្លូវមួយឆ្ពោះទៅកសាងសហគមន៍កម្ពុជា-ចិនដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹងអនាគតរួមគ្នា។

ទំនាក់ទំនងកាន់តែស្អិតរមួតរវាងកម្ពុជា និងចិន មិនត្រឹមតែនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ផងដែរ។

ដោយឡែក កាសែត South China Morning Post បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមកបដិសេធចំពោះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា ដែលអះអាងថា ចិនបានដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនតេជោរបស់រដ្ឋាភិបាលកម្ពុជា។

ស្ថានទូតចិនបានច្រានចោលការចុះផ្សាយដែលថា ប្រទេសចិន​នឹង​ឈប់ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ហើយ​គម្រោង​ព្រែកជីក​ហ្វូណនតេជោនឹង​ត្រូវ​បរាជ័យ ដែល​ប៉ះពាល់​ដល់​ចំណង​មិត្តភាព​ដែកថែបរវាង​ចិន និង​កម្ពុជា។ ស្ថានទូតចិនបានចាត់ទុកថា ការចុះផ្សាយបែបនេះជារឿងមិនសមហេតុផលទាល់តែសោះ៕ប្រភព: Xinhua & SCMP៕