ច្បាប់​ប្រេងកាត​នឹង​អនុម័ត​នៅ​ពេល​ឆាប់់​ៗនេះ​ខណៈ​ដំណក់​ប្រេង​លើកដំបូង​នឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ២០២០​

0
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនៅកម្ពុជា

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​នៅ​កម្ពុជា​ នឹង​ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ពិភាក្សា​ និង​អនុម័ត​នា​ពេល​ខាងមុខ​ ខណៈ​ដំណក់​ប្រេង​លើកដំបូង​ ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​អះអាង​ថា​ នឹង​ទទួល​បាន​នៅក្នុង​ឆ្នាំ២០២០​។

លោក​ជំទាវនិន​ សា​ផុន​ ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា​ បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នៅ​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​ ២០១៩នេះ​ថា​ ការប្រជុំ​សិក្សា​ផ្ទៃក្នុង​គណៈកម្មការ​ ការរៀបចំ​សិក្ខាសាលា​ ក៏ដូចជា​ការប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ ជាបន្តបន្ទាប់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​ គឺ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សេចក្តី​ព្រាងច្បាប់​នេះ​ ដែល​នឹង​អនុម័ត​នៅពេល​ដ៏​ខ្លី​ខាងមុខ​ ស្រប​ទៅ​នឹង​បរិបទ​ និង​សង្គម​កម្ពុជា​ ជាពិសេស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ទទួល​បានផល​ប្រយោជន៍​ជា​អតិបរមា​ដល់​សង្គម​ និង​ប្រជាពលរដ្ឋ​។

លោកជំទាវ​បន្ត​ថា​ “សេចក្តី​ព្រាងច្បាប់​នេះ​ ពិតជា​មាន​សារៈសំខាន់​ និង​ចាំបាច់​សម្រាប់​កម្ពុជា​ ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៦នៃ​រដ្ឋសភា​ ក្នុង​ការពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ តាមរយៈ​ការជំរុញ​ការ​អភិវឌ្ឍ​ធនធាន​រ៉ែ​ប្រេងកាត​ ដើម្បី​ប្រែក្លាយ​ធនធាន​នេះ​ ឱ្យទៅ​ជា​ប្រភព​ចំណូល​ថ្មី​និង​សំខាន់​មួយទៀត​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​”។

លោកជំទាវ​បន្ត​ថា​ “ការ​ទទួល​បាន​នូវ​ដំណក់​ប្រេង​នេះ​នឹង​ជួយ​រដ្ឋាភិបាល​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ និង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​លឿន​ សំដៅ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ និង​សេដ្ឋកិច្ច​ជាតិ​”។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​លោ​កស៊ុយ​ សែ​មបាន​ឲ្យដឹង​ដែរ​ថា​ សេចក្តី​ព្រាងច្បាប់​ ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​ តាក់តែង​ឡើង​ដើម្បី​ឱ្យ​ស្រប​នឹង​បរិបទ​នៃ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា​ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​ និង​ប្រសិទ្ធភាព​ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។

លោក​បន្ត​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​បាន​រៀបចំឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ KrisEnergy​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​កាលពី​ឆ្នាំ២០១៧​ សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅក្នុង​ប្លុក​A នៃ​ដែនសមុទ្រ​កម្ពុជា​។

លោក​រដ្ឋមន្រ្តី​បន្ថែម​ថា​ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​ បូរណភាពទឹកដី​ និង​អធិបតេយ្យ​នៃ​កម្ពុជា​ រួម​ទាំង​បាតសមុទ្រ​ និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ព្រមទាំង​តំបន់​ផ្សេង​ៗទៀត​។

លោក​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​ បាន​តាក់តែង​ឡើង​ស្របតាម​បទដ្ឋាន​ និង​ឧត្តមា​នុ​ភាពជា​អន្តរជាតិ​ក្នុង​វិស័យ​រ៉ែ​ ព្រមទាំង​បានការ​ពារ​ដល់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព​។

ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះ​ ក៏​មានការ​ជួយ​គំា​ទ្រ​ផ្នែក​បច្ចេកទេស​ពី​អ្នកជំនាញ​ការ​ច្បាប់​ ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ដែល​មាន៩ជំពូក​ និង៧២មាត្រា​។

លោ​កម៉េ​ង ស័ក្តិ​ធា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​អះអាង​កន្លងមក​ថា​ កម្ពុជា​នឹងអាច​ទាញ​ចេញ​ផល​ប្រេង​នៅ​ចុងឆ្នាំ២០១៩​ និង​អាច​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នៅ​ឆ្នាំ២០២០ខាងមុខនេះ​៕

ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ពាណិជ្ជកម្ម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​កើនឡើង៥ភាគរយ​

0

ដោយ​ វុត្ថា​

អា​ស៊ីៈ​ ក្រុមហ៊ុន​ផ្តល់​យោបល​ JLL​ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេលថ្មីនេះ​ថា​ ទំហំ​ប្រតិបត្តិ​ការ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ រួមមាន​សួន​ឧស្សាហកម្ម​ និង​ភស្ត​ភារ​ (Logistic​)ជាដើម​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ២០១៩នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង ៥ភាគរយ​ បើ​ទោះបី​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​នឹង​ថយ​ចុះ​ក៏ដោយ​។

លោក​ Stuart​ Crow​ ប្រធាន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ JLL​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យដឹង​ថា​ ក្នុង​វដ្ត​សេដ្ឋកិច្ច​ អ្នក​វិនិយោគ​កំពុង​ប្រជែង​ជាមួយនឹង​ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ភាព​មិន​ច្បាស់លាស់​នៃ​ភូមិសាស្ត្រ​នយោបាយ​ ដូចជា​ ការ​កើនឡើង​អត្រា​ការប្រាក់​ ​ការ​បន្ត​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន​ ក៏ដូចជា​ភាព​តានតឹង​នៅក្នុង​សហភាព​អឺរ៉ុប​ ដែល​បណ្តាល​មក​ពី​ការចរចា​ Brexit​ ​របស់​ចក្រភព​អង់គ្លេស​។

លោក​បន្ត​ថា​ “ក្នុង​ស្ថានភាព​នេះ​អចលនទ្រព្យ​ប្រភេទ​នេះ​ នៅតែ​មាន​ភាព​ទាក់ទាញ​ នៅក្នុង​តំបន់​អាស៊ាន​ និង​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​ ជាមួយនឹង​អត្ថ​ប្រយោជន៍​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​ថ្មី​ បើ​ធៀប​ទៅ​នឹង​ប្រភេទ​ទ្រព្យសកម្ម​ផ្សេងទៀត​”។

នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ តម្រូវការ​អចលនទ្រព្យ​នឹង​បន្ត​ត្រូវ​បាន​ជំរុញ​ដោយ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាសាស្ត្រ​ដ៏​រឹងមាំ​។ ប្រជាជន​ក្នុង​តំបន់​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​កើនឡើង​លើស​ពី ៤០០លាន​នាក់​នៅ​ឆ្នាំ​ ២០២៧​ ខណៈ​ដែល​ប្រជាជន​ដែល​មាន​អាយុ​ចាប់ពី៦៥​ ឡើង​ទៅ​នឹង​កើនឡើង​ដល់ ១៤៦លាន​នាក់​ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ​នេះ​។ នៅ​ឆ្នាំ​ ២0២១​ ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ដល់១​,៦ ពាន់​ពាន់​លាន​ដុល្លារ​។

លោក​បណ្ឌិត​ Megan​ Walters​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ ​JLL​ និយាយ​ថា​ ​ថ្វីបើ​មានការ​ព្រួយបារម្ភ​ខ្លះ​ក៏ដោយ​ យើង​នៅតែ​ជឿ​ថា​ឱកាស​នៃ​តំបន់​នេះ​នឹង​កាត់បន្ថយ​ហានិភ័យ​ដែល​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ បន្ត​សម្លឹង​មើលក្នុង​វិស័យ​អចលនទ្រព្យ​។ ​វិនិយោគិន​ក្នុង​ស្រុក​ និង​បរទេស​កំពុង​ផ្តោត​លើ​អចលនទ្រព្យ​ក្នុង​តំបន់​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កំណើន​ដែល​រំពឹង​ទុក​នា​ពេល​អនាគត​។

យោង​តាម​របា​ការណ៍​របស់​ ក្រុមហ៊ុន ​JLL ​បាន​បង្ហាញថា​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ សម្រេច​បាន​ទំហំ​ នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ចំនួន ៤៥​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ នៃ​ឆ្នាំ២០១៩​ នេះ​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨​ មាន ២៥.៤ពាន់​លាន​ដុល្លារ​៕

ការពង្រីក​និង​ចាក់កៅស៊ូ​បន្ថែម​លើ​ផ្លូវជាតិ​លេខ៤តម្លៃ១០០លាន​ដុល្លារ​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​

0
ផ្លូវជាតិលេខ៤

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ចដឹង​ថា​ ការពង្រីក​និង​ចាក់កៅស៊ូ​បន្ថែម​លើ​ផ្លូវជាតិ​លេខ៤​ ដែល​មាន​ប្រវែង២២៤គីឡូម៉ែត្រ​ នឹង​បើក​ការដ្ឋាន​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ហើយ​ ជាមួយនឹង​ការ​ចំណាយ​ទឹកប្រាក់​រហូតដល់១០០លាន​ដុល្លារ​អាមេរិក​។

លោក​វ៉ា​ស៊ី​ម សូ​រិយា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ នា​រសៀល​ថ្ងៃទី១០​ មិថុនា​នេះ​ថា​ លោក​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ ហើយ​លោក​បញ្ជាក់​ថា​ការ​ចាក់កៅស៊ូ​បន្ថែម​ និង​លើក​កំពស់​តួ​ផ្លូវជាតិ​លេខ៤​ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​ហើយ​។លោក​បន្ត​ថា​ គំរោង​នេះ​ត្រូវ​ចំណាយ​អស់​ថវិកា១០០លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​។

លោក​បន្ត​ថា​ “ក្រោយពេល​ពង្រីក​ និង​ចាក់កៅស៊ូ​បន្ថែម​ នឹង​ធ្វើឲ្យ​ទំហំ​ផ្លូវ​នេះ​មាន​ចាប់ពី៩ម៉ែត្រ​ ដល់១១ម៉ែត្រ​ទទឹង​”។លោក​បន្ត​ថា​ “ខ្ញុំ​មិនទាន់​មា​នព៌​តមាន​លំអិត​ទាក់ទង​នឹង​ការ​លើក​កំពស់​តួ​ផ្លូវ​មាន​ប្រវែង​ប៉ុណ្ណា​នៅឡើយ​ទេ​”។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បន្ត​ថា​ ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ នៅពេល​ចាក់កៅស៊ូ​ចប់​នឹង​ធ្វើឲ្យ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ដោយសារ​ទំហំ​ផ្លូវ​ធំជាង​មុន​។លោក​បន្ត​ថា​ បច្ចុប្បន្ន​ធនាគារពិភពលោក​ កំពុងតែ​ធ្វើការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ ដើម្បី​ស្ថាបនា​ពង្រីក​ និង​ចាក់កៅស៊ូ​លើ​ផ្លូវ​នេះ​៕

ក្រុមហ៊ុន​ជប៉ុន​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ពី​កម្ពុជា​បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​

1

ដោយ​ Donald​ Lee​

ភ្នំពេញ​ ក្រុមហ៊ុន​ជប៉ុន​កំពុង​ជ្រើសរើស​ប្រជាជន​កម្ពុជា​យ៉ាងសកម្ម​ ដើម្បី​ធ្វើការ​នៅ​ជប៉ុន​ ដោយសារតែ​ខ្លួន​កំពុង​ជួបប្រទះ​ការ​ថយ​ចុះ​កម្លាំង​ការងារ​យ៉ាង​ខ្លាំង​។

ប្រទេស​ជប៉ុន​កំពុង​ប្រឈមមុខ​ នឹង​កង្វះខាត​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​នៅក្នុង​វិស័យ​ទាំងអស់​ ជាពិសេស​វិស័យ​សំណង់​ និង​កសិកម្ម​។

យោង​តាម​ក្រសួងសុខាភិបាល​របស់​ជប៉ុន​បាន​ឲ្យដឹង​ថា​ កម្លាំង​ពលកម្ម​របស់​ប្រទេស​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ថយ​ចុះ​ជិត១៣លាន​នាក់​ក្នុងរយៈពេល២០ឆ្នាំខាងមុខ​។ ប្រជាជន​ជប៉ុន​ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ពី១២៧លាន​នាក់​ មក​នៅ​ត្រឹម១១០លាន​នាក់​ត្រឹម​ឆ្នាំ២០៤០​។

ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ធ្លាក់ចុះ​កម្លាំង​ពលកម្ម​រយៈពេល​យូរ​ និង​ប្រឈមមុខនឹង​វិបត្តិ​នេះ​ រដ្ឋាភិបាល​ជប៉ុន​បាន​កែប្រែ​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ កាលពី​ខែមេសា​ ដើម្បី​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ “កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​” របស់​ខ្លួន​។ ក្រោម​ច្បាប់​ថ្មី​ រដ្ឋាភិបាល​ជប៉ុន​រំពឹង​ថា​នឹង​ផ្តល់​ទិដ្ឋាការ​ចំនួន៣៤ម៉ឺន​ ក្នុងរយៈពេល​ប្រាំ​ឆ្នាំខាងមុខ​ ដែល​ភាគច្រើន​ផ្តល់​ទិដ្ឋាការ​ជួន​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។

យោង​តាមច្បាប់​ដែល​បាន​កែសម្រួល​នេះ​ អ្នក​ដែល​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជំនាញ​ភាសា​ជប៉ុន​ និង​បច្ចេកទេស​សម្រាប់​ទិដ្ឋាការ​ “ប្រភេទ​ទី​ ១”នឹងអាច​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​រហូតដល់៥ឆ្នាំ​។ ការ​ធ្វើតេស្ត​ទិដ្ឋាការ​ប្រភេទ​ “ប្រភេទ​ ១” នឹង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ចិន​ ម៉ាឡេស៊ី​ ម៉ុងហ្គោលី​ មីយ៉ាន់ម៉ា​ នេប៉ាល់​ ហ្វីលីពីន​ ថៃ​ និង​វៀតណាម​។

អ្នកដាក់ពាក្យ​សុំ​ធ្វើការ​ក្នុង​វិស័យ​សាងសង់​ និង​សាងសង់​នាវា​នឹង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​ប្រភេទ​”ប្រភេទ​ទី២​” ដែល​នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នា​ក់ៗ​ បន្ត​ទិដ្ឋាការ​របស់​ពួកគេ​ជា​អចិន្ត្រៃ​ ហើយ​នាំ​សមាជិក​គ្រួសារ​របស់​ពួកគេ​ទៅ​ប្រទេស​ជប៉ុន​។

ក្រុមហ៊ុន​ដូចជា​ One​ Visa​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​ កំពុង​ព្យា​យាយ​ទាញ​យក​ផល​ចំណេញ​ ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​របស់​ជប៉ុន​។ នេះ​បើ​យោង​តាម​ Nikkei​ Asian​ Review​ ។

ក្រុមហ៊ុន​នេះ​បាន​បើក​សាលារៀន​មួយ​នៅ​ជាយក្រុងភ្នំពេញ​ ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​កម្ពុជា​ និង​សម្របសម្រួល​សេវាកម្ម​ផ្តល់​ទិដ្ឋាការ​តាម​អ៊ីនធឺណិត​ និង​គ្រោង​នឹង​បញ្ជូន​អតិថិជន​ទៅ​ប្រទេស​ជប៉ុន​នៅ​ចុងឆ្នាំ​នេះ​។

កន្លងមក​ប្រទេស​ជប៉ុន​បាន​បិទផ្លូវ​សំ​ខាន់​ៗនៅក្នុង​ការ​ផ្គត់ផ្គង់​កម្មករ​ ទៅ​ប្រទេស​ជប៉ុន​ពី​ប្រទេស​ជាច្រើន​បាន​កើតឡើង​ផង​ដែរ​ ដូចជា​ប្រទេស​កម្ពុជា​ជាដើម​។

យោង​តាម​ក្រសួង​យុត្តិធម៌​របស់​ប្រទេស​ជប៉ុន​បាន​ឲ្យដឹង​ថា​ ឈ្មួញកណ្ដាល​ការងារ​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​ចោទប្រកាន់​ថា​ ខុសច្បាប់​ចំពោះ​ការ​ទាមទារ​ប្រាក​ពី​អ្នកដាក់ពាក្យ​សុំ​ទិដ្ឋាការ​ ដែល​មានកម្រៃ​សេវា​ហួសប្រមាណ​ សម្រាប់​សេវាកម្ម​របស់​ពួកគេ​ ដែល​មានតម្លៃ​រហូតដល់​ទៅ ១០​,០០០ដុល្លារ​ឬច្រើនជាង​នេះ​៕

កម្ពុជា​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេ​កិច្ច​ជាមួយ​ហុងគ្រី​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​

0

ដោយ​ ៖ វុត្ថា​

ភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុងគ្រី​ និង​ចូលរួម​សន្និសីទកំពូល​លើក​ទី៥ស្តី​ពី​ “អន្តរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​” នៅ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ ចាប់ពី​ថ្ងៃទី១៣​-១៥​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៅ​ព្រឹក​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​លោកនាយក​រដ្ឋមន្ត្រី​ វី​កទ័រ​ អ័​របា​ន (Viktor​ Orbán​) សម្តេច​ តេជោ​ នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ នៅ​សាធារណរដ្ឋ​ហុងគ្រី​ ពី​ថ្ងៃទី១៣​ ដល់១៤​ ខែមិថុនា​។ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ សម្តេច​ តេជោ​នាយក​រដ្ឋមន្ត្រី​ នឹង​ជួប​សម្តែង​ការ​ គួរសម​ដោយឡែក​ពីគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ហុងគ្រី​ និង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុងគ្រី​ លើ​បញ្ហា​ជាច្រើន​សំដៅលើ​កកម្ពស់​ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មានស្រាប់​ ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​នៅ​លើ​វេទិកា​ពហុភាគី​នានា​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯកសារ​ពីរ​គឺ​ កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​កម្មវិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំ​នឹង​ត្រូវ​ចុះហត្ថលេខា​។

ក្រសួង​ការបរទេស​បាន​បន្ត​ទៀត​ថា​ កិច្ចប្រជុំ​កំពូលCICAលើក​ទី៥​ សម្តេច​ តេជោ​ នាយក​រដ្ឋមន្ត្រី​ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ និង​មាន​ជំនួប​ទ្វេភាគី​។

ដោយឡែក​ តប​តាម​ការ​អញ្ជើញ​របស់​លោក​ Emomali​ Rahmon​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​ និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​លើក​ទី៥​ នៃ​សន្និសីទ​ស្តី​ពី​អន្ត​រស​ កម្ម​ភាព​ និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​ (5th​ CICA​ Summit​) ពីឆ្នាំ២០១៨​ ដល់២០២០​ សម្តេច​ តេជោ​ នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​ 5th​ CICA​ Summit​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទី​ក្រុង​ឌូស្ហាន់​បេ​ សាធារណរដ្ឋ​តាជី​គី​ស្ថាន​នៅ​ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ​ ២០១៩​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ សម្តេច​ តេជោ​ នឹង​ថ្លែង​សុន្ទរកថា​ ដ៏​សំខាន់​មួយ​ដោយ​ ផ្តោត​លើ​បញ្ហា​គន្លឹះ​ជាច្រើន​ ដែល​ជា​ការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី​ និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា​ អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ​ សេដ្ឋកិច្ច​ និង​នយោបាយ​ តាមរយៈ​ការ​ពង្រឹង​ជំនឿ​ទំនុកចិត្ត​ និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជាស​មា​ជិ​ក CICA​។

ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ​ សម្តេច​តេជោ​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ ជាមួយ​លោក​ អ៊ី​ម៉ូ​ម៉ាលី​ រ៉ា​ម៉ុន​ ប្រធានាធិបតី​តាជី​គី​ស្ថាន​ និង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួន​ដែល​អញ្ជើញ​មក​ពី​ប្រទេស​សមាជិក​ផ្សេងទៀត​។

CICA​ គឺជា​វេទិកា​ពហុភាគី​ ដែល​មានបំណង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់​ខ្លួន​ក្នុង​វិស័យ​មួយចំនួន​ ដូចជា​ សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​នៅ​អាស៊ី​ និង​ពិភពលោក​ទាំងមូល​។ បច្ចុប្បន្ន​ សន្និសីទ​នេះ​ មាន​សមាជិក​អចិន្រៃ្តយ៍​ចំនួន​ ២៦​ ប្រទេស​ ហើយ​កម្ពុជា​បាន​ចូល​ជាស​មា​ជិ​កនៅ​ឆ្នាំ២០១១​ ៕

អ្នកជំនាញ​៖ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​នឹង​អភិវឌ្ឍ​លឿន​ស្រដៀងនឹង​តំបន់​ភ្នំពេញថ្មី​

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ត្រឹម​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​ បន្ទាប់ពី​មាន​សេចក្ដីប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹង​តា​ម៉ោក​ រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​ បច្ចុប្បន្ន​ស្ថានភាព​នៃ​តម្លៃ​ដី​នៅ​តំបន់​នេះ​ កំពុង​មានសន្ទុះ​ខ្លាំង​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​ចាប់ផ្តើម​កើនឡើង​។

នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះ​ថា​ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​ នា​ពេល​បច្ចុប្បន្ន​នេះ​លែង​ជា​តំបន់​ឯកា​ និង​ដាច់​ស្រ​យ៉ា​លពី​ក្រុង​ទៀតហើយ​ ខណៈ​ដែល​បណ្តាញ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សាធារណៈ​ កាន់តែ​មានការ​អភិវឌ្ឍ​យ៉ាងច្រើន​។ លោក​បាន​បន្ត​ទៀត​ថា​ បើ​ទោះជា​មិន​មាន​សេចក្ដីប្រកាស​ស្ដីពី​ គម្រោង​អភិវឌ្ឍ​ក្នុង​ប្លង់​មេ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏ដោយ​ ក៏​តំបន់​បឹង​តា​ម៉ោក​នៅតែ​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​នោះ​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​បឹង​តា​ម៉ោក​ ជា​តំបន់​មាន​អំណោយផល​លើ​កក្តា​ភូមិសាស្ត្រ​ ងាយស្រួល​អភិវឌ្ឍ​ស្រដៀងគ្នា​ទៅ​នឹង​តំបន់​ភ្នំពេញថ្មី​ដែរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ប៉ុន្តែ​នៅពេល​មាន​គម្រោង​អភិវឌ្ឍ​ពីសំណាក់​រាជរដ្ឋាភិបាល​ វា​ជាច​លក​រមួយ​ជួយ​ជម្រុ​ញឱ្យ​តម្រូវការ​ទីផ្សារ​លំនៅ​ដ្ឋាន​ ក្នុង​តំបន់​នេះ​កាន់តែ​មាន​ភាព​ពុះកញ្ជ្រោល​ ជាក់ស្ដែង​ចាប់តាំងពី​ដើមឆ្នាំ២០១៩រហូត​មក​ដល់ពេលនេះ ចំនួន​ប្រជាជននៅ​តំបន់​នេះ​មានការ​កើនឡើង​យ៉ាង​គំហុក​”។

បឹង​តា​មោឃ​ ស្ថិត​ក្នុង​ខ័ណ្ឌ​ព្រែកព្នៅ​ ខ័ណ្ឌ​ព្រែកព្នៅ​ និង​មាន​ភូមិ​សាស្រ្ត​ជាប់​ជាមួយ​ស្រុក​អង្គ​ស្នូល​ និង​ស្រុក​ពញ្ញា​ឮ ខេត្តកណ្តាល​។

លោ​កង៉ែ​ង ជូ​បាន​បន្ត​ថា​ “នៅពេល​មាន​កំណើន​ប្រជាសាស្ត្រ​ តម្រូវការ​វិស័យ​លំនៅ​ដ្ឋាន​នឹង​កើនឡើង​ ហើយ​វា​នឹង​ជម្រុ​ញឱ្យ​តម្លៃ​អចលនទ្រព្យ​ ជាពិសេស​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​”។

លើកឡើង​ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា​ នៅពេល​ដែល​ក្រឡេក​មើល​ពី​ស្ថានភាព​ជាក់ស្ដែង​ តំបន់​ជុំវិញ​បឹង​តា​ម៉ោក​ពេលនេះ​ ពិតជា​ភ្ញាក់ផ្អើល​បើ​ប្រៀបធៀប​ទៅ​នឹង​កាល​ពី​ប្រមា​ន ២-៣ ឆ្នាំមុន​។

​លោកស្រី​បន្ត​ទៀត​ថា​ “មានផ្លូវ​ជាច្រើន​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការ​ធ្វើដំណើរ​ផ្សារភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​តំបន់​នេះ​”។

លោកស្រី​បន្ថែម​ថា​ “ពេលនេះ​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​មួយចំនួន​ បាន​ចាប់ផ្តើម​ធ្វើសកម្មភាព​សាងសង់​ សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ជា​បណ្តើរ​ៗហើយ​”។

លោកស្រី​តាំង​ ហួរ​បាន​បន្ត​ទៀត​ថា​ ភាគច្រើន​នៅ​តំបន់​នេះ​ ការ​ធ្វើជំនួញ​លើ​វិស័យ​ដីធ្លី​កំពុងតែ​ផុលផុស​ខ្លាំង​ ជាពិសេស​ក្នុង​រូបភាព​ជា​ការ​ពុះ​លក់​ជា​ដី​ឡូ​តិ៍​ ហើយ​អ្នកទិញ​ដី​ឡូ​តិ៍​មួយចំនួន​ក៏​ចាប់ផ្តើម​សាងសង់​លំនៅ​ដ្ឋាន​ ជា​លក្ខណៈ​កម្មសិទ្ធិ​ឯកជន​ផង​ដែរ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ តម្លៃ​ដី​នៅក្នុង​តំបន់​នេះ​ បើ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​អាច​មានតម្លៃ​ក្នុង​ចន្លោះ២០០​-២៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ (ដី​ទំហំ​ធំ​) និង​តម្លៃ​ចន្លោះ​ពី​ ៣០០​-៣៥០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ (ដី​ដែល​មាន​ទំហំ​តូច​) ហើយ​នៅ​ថ្ងៃ​អនាគត​ វា​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​។

​លោកស្រី​បាន​បន្ត​ថា​ “តម្លៃ​ដី​នៅ​តំបន់​នេះ​ហាក់​ខ្ពស់​បន្តិច​ វា​អាច​ជា​ឧបសគ្គ​សម្រាប់​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ និង​មធ្យម​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ វា​ក៏​ជា​ឱកាសល្អ​ ចំពោះ​បណ្តា​អ្នក​អភិវឌ្ឍ​មួយចំនួន​ ដែល​បាន​វិនិយោគ​លើ​វិស័យ​ដីធ្លី​ក្នុង​ជំហាន​ដំបូង​រួច​ទៅ​ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​”។

តំបន់​បឹង​តា​ម៉ក​ត្រូវ​បាន​រាជរដ្ឋាភិបាល​ សម្រេច​ប្រកាស​គម្រោង​ធ្វើការ​អភិវឌ្ឍ​ជា​ផ្សារ​បោះ​ដុំ​បន្លែ​ និង​ចំណតរថយន្ត​ខ្នាត​ធំ​ ដោយ​តម្រូវ​ចាក់​ដី​លុប​បឹង​ទំហំ២០ហិ​កាត​ រួម​ជាមួយនឹង​គម្រោង​សាងសង់​អាងទឹក​ដ៏​ធំ​ប្រចាំ​តំបន់​។ ក្រៅពី​នេះ​ក៏​មាន​គម្រោង​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ឆ្ពោះទៅ​កាន់​តំបន់​នេះ​ផង​ដែរ​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ទីផ្សារ​ដែល​កំពុង​មាន​ភាព​ពុះកញ្ជ្រោល​នៅ​តំបន់​នេះ​៕

រដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ប្រាក់ឧបត្ថម្ភ​ធន​ ៣៦០លាន​ដុល្លារ​ទិញ​ថយន្ត​ក្រុង​អគ្គិសនី​ដើម្បី​លើក​កំពស់​បរិស្ថាន​

0

ដោយ​ វុត្ថា​

ឥណ្ឌាៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​ គ្រោង​ផ្តល់​ប្រាក់ឧបត្ថម្ភ​ធន​ចំនួន៣៦០លាន​ដុល្លារ​ក្នុង​ការទិញ​រថយន្តក្រុង​ប្រើប្រាស់​អគ្គិសនី​ សម្រាប់​ប្រើប្រាស់​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​ទីក្រុង​មួយចំនួន​ ជាផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ការ​បំពុល​ផ្សែង​ក្នុង​ទីក្រុង​នានា​។

យោង​តាម​ការ​ចេញផ្សាយ​នូវ​ឯកសារ ​(Expression​ of​ interest​ )ពី​ក្រសួង​ឧស្សាហកម្ម​ធន​ធំ​ និង​សហគ្រាស​សាធារណៈ​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ខ្លួន​បាន​ទទួលការ​ស្នើសុំ​ពីរ​ដ្ឋ​ ខុទ្ទកា​រិយា​ល័យ​រដ្ឋាភិបាល​ នាយកដ្ឋាន​ដឹកជញ្ជូន​ អង្គភាព​ក្រុង​ ក្នុង​ការ​បញ្ជាការ​ទិញ​រថយន្តក្រុង​អគ្គិសនី​ សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីក្រុង​ចំនួន៤០​ នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​។

របាយការណ៍​នេះ​ឲ្យដឹង​ថា​ “ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​នេះ​ នឹង​ត្រូវ​ផ្តល់​ជូន​ក្រុមហ៊ុន​ដឹកជញ្ជូន​ និង​ផលិត​រថយន្ត​Hybrid​ &​Electric​ នៅ​ប្រទេស​ឥណ្ឌា​ ឬគម្រោង​ FAME​-II​ សម្រាប់​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទីក្រុង​ និង​ដោយសារតែ​កំណើន​របស់​ប្រជាជន​នៅក្នុង​មានការ​កើនឡើង​ច្រើន​”។

គំរោង​នេះ​នឹង​ផ្តល់​រថយន្ត៣០០គ្រឿង​ សំរាប់​ទីក្រុង​មាន​ចំនួន​ប្រជាជន​រស់​នៅ​ចាប់់​ពី៤លាន​នាក់​។ ហើយ​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​រស់​ជាង១លាន​នាក់​ នឹង​ទទួល​បាន​ រថយន្តក្រុង​ចំនួន១០០គ្រឿង​។

ផែនការ​ FAME​-II​ ត្រូវ​បាន​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​ ដើម្បី​គាំទ្រ​ដល់​ការប្រើ​ប្រាស់​អគ្គិសនី​ នៃ​ការ​ដឹកជញ្ជូន​សាធារណៈ​។ ទីភ្នាក់ងារ​ដឹកជញ្ជូន​រដ្ឋ​មួយចំនួន​បាន​ប្រកាស​រួចហើយ​ ពី​ផែនការ​បើករថយន្ត​ក្រុង​អគ្គិសនី​នេះ​ នៅក្នុង​ទីក្រុង​របស់​ខ្លួន​រួមមាន​នៅក្នុង​ទី​ក្រុង​បុ​មបៃ​ និង​បេង​ហ្គា​ឡូ​ ជាដើម​។

រដ្ឋាភិបាល​ឥណ្ឌា​ កំពុងតែ​ជំរុញ​ឱ្យ​មាន​ប្រព័ន្ធ​ដឹក​ជញ្ចូន​អេ​ឡិច​ត្រូ​និច​ ហើយ​ផែនការ​នេះ​ ត្រូវ​បាន​កំណត់​គោលដៅ​ជាលើកដំបូង​ លើ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​។ រដ្ឋាភិបាល​ឥណ្ឌា​គ្រោង​នឹង​ដាក់​ការ​ហាមប្រាម​ លើ​ការ​លក់​ម៉ូតូ​កង់​បី​ ដែល​ប្រើ​ម៉ាស៊ីន​ចំហេះ​ នៅ​ត្រឹម​ខែមីនា​ឆ្នាំ២០២៣​៕

មន្ត្រី​ពាណិជ្ជកម្ម​ថៃ​៖ កម្ពុជា​នៅតែ​ជា​ប្រទេស​ដែល​បន្ត​ទាក់ទាញ​វិនិយោគិន​បរទេស​

0
អគារខ្ពស់ៗជាច្រើនកំពុងបង្ហាញខ្លួននៅកណ្ដាលក្រុង​ភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ កម្ពុជា​នៅតែ​ជា​ប្រទេស​ដ៏​ទាក់ទាញ​ សម្រាប់​វិនិយោគិន​បរទេស​ ដោយ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ នេះ​បើ​តាម​មន្រី្ត​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​។

លោក​ Jirawuth​ Suwanna​-arj​ ទីប្រឹក្សា​នាយក​ពាណិជ្ជកម្ម​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ប្រាប់​កាសែត​ The​ Nation​ ដែល​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី៩​ មិថុនា​កន្លងមក​ថា​ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ២០១៣​។

លោក​ Jirawth​ បាន​ថ្លែង​ថា​ ”កម្ពុជា​នៅតែ​ទាក់ទាញ​វិនិយោគិន​បរទេស​ ទោះបីជា​សហភាព​អឺរ៉ុប​នឹង​ត្រូវ​កែតម្រូវ​ របស់​ខ្លួន​លើ​ប្រទេស​នេះ​នៅ​ឆ្នាំនេះ​ក៏ដោយ​”។

កាលពី​ឆ្នាំ២០១៧​ ប្រទេស​នេះ​ ទទួល​បាន​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ ៦២៩​,៧ លាន​ដុល្លារ​ពោល​គឺ​កើនឡើង៩​,១២ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់ ១១៣​,៩ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ​ ពោល​គឺ​កើនឡើង៣៣​,៦៣ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​បាន​ថ្លែង​ថា​ “ប្រទេស​ចិន​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី១​ ដែល​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​ បន្ទាប់មក​គឺ​កូរ៉េ​ខាងត្បូង​ និង​អង់គ្លេស​។ ប្រទេស​ថៃ​ស្ថិតនៅ​លំដាប់​លេខ​ប្រាំបួន​លើ​ការ​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក​ Nontwaris​ Jatepiyawat​ នាយក​ក្រុមហ៊ុន​ Kingsmen​ CMTI​ (Cambodia​) Co​ Ltd​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​នេះ​បាន​រក​ប្រាក់ចំណូល​សរុប​ចំនួន៨​ លាន​បាត​នៅក្នុង​ប្រតិបត្តិ​ការ​ដំបូង​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​ គ្រោង​នឹង​សម្រេច​បាន២០​ លាន​បាត​នៅ​ឆ្នាំនេះ​ និង៣០លាន​បាត​នៅ​ឆ្នាំ២០២០​ ដោយសារ​មាន​កំណើន​យ៉ាង​ខ្លាំង​នៅក្នុង​ទីក្រុង​កម្ពុ​ជា​ធំៗ​ នៅ​ទីក្រុង​ភ្នំពេញ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​។

ដោយមាន​ការពង្រីក​ទៅកាន់​មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ក្រុមហ៊ុន​ Kingsmen​ CMTI​ Plc​ បាន​កត់ត្រា​ប្រាក់ចំណូល​សរុប​ចំនួន ២​,១៣ពាន់​លាន​បាត​ កាលពី​ចុងឆ្នាំ​មុន​កើនឡើង​ ៨៦​,៨ ភាគរយ​ បើ​ធៀប​នឹង​ ១,១៤ពាន់​លាន​បាត​សម្រាប់​ឆ្នាំ​ ២០១៧​។

នៅ​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​បាន​បង្កើត​ក្រុមហ៊ុន​ Kingsmen​ CMTI​ (ខេម​បូ​ឌា​) កាលពី​ឆ្នាំមុន​ ដោយមាន​ទុន​ចុះបញ្ជី​ចំនួន៣០ម៉ឺន​ដុល្លារ​។

ក្រុមហ៊ុន​ Kingsmen​ CMTI​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ កំពុង​បង្កើន​សេវាកម្ម​របស់​ខ្លួន​នៅ​មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ដោយសារ​ការពង្រីក​អាជីវកម្ម​របស់​វិនិយោគិន​ថៃ​ និង​បរទេស​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​។ នេះ​បើ​តាម​សម្តី​របស់​លោក​ Sunisa​ Ratnanenya​ អនុប្រធាន​ក្រុមហ៊ុន​ Kingsmen​ CMTI​៕

កត្តា​សំ​ខាន់​ៗចំនួន១០ នឹង​ធ្វើឲ្យ​ក្រុង​បាវិត​ក្លាយ​ជាទីក្រុង​ស៊ីវិល័យ​មួយ​នា​ពេល​អនាគត​

0
លោកសោម កែវម៉ាលីដា (Andy)

ដោយ​ស៊ីវ​ ម៉េ​ង

ស្វាយ​រៀងៈ​ គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​បាន​ និង​កំពុង​រៀបចំ​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ជាទី​ក្រុង​ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ ក្នុង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ដ៏​ធំ​មួយ​នា​ពេល​អនាគត​។

អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ លោក​សោម​ កែវ​ម៉ាលី​ដា​(Andy​) បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១០​ មិថុនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ក្រុង​បាវិត​បាន​ និង​កំពុង​ពង្រីក​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ ដោយសារ​ការពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើ​នវិ​និ​យោគ​ផ្ទាល់​ពី​បរទេស​កំពុង​កើនឡើង​។

លោក​បន្ត​ថា​ មាន​សក្តា​នុ​ពល​ធំៗ​ចំនួន១០​ ដែល​បាន​និង​កំពុង​ប្រែក្លាយ​ទីក្រុង​នេះ​ ជាទី​ក្រុង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ស៊ីវិល័យ​មួយ​នា​ពេល​អនាគត​។ សក្តា​នុ​ពល​ទាំងនោះ​មាន​ដូចជា​ ទី១​ ដោយសារ​រដ្ឋាភិបាល​បាន​និង​កំពុង​ពង្រីក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដោយ​ពង្រីក​ផ្លូវជាតិ​លេខ១ចាប់់​ពី​គីឡូម៉ែត្រ១៥៩​ ដល់​គីឡូម៉ែត្រ​លេខ១៦៤​ ជា​ផ្លូវ​ពីរ​គន្លង​ដោយមាន​ទំហំ៦០ម៉ែត្រ​ និង​មាន​សួនច្បារ​នៅ​ចំ​កណ្តាល​ ទី២​ ផ្លូវ​ថ្មី​ជា​ផ្លូវ​សំរាប់​រថយន្ត​កុង​ទី​ណ័រ​ឆ្លងកាត់​មាន​ទំហំ៦០ម៉ែត្រ​ ជា​ផ្លូវ​ពុះ​កាត់​កណ្កា​លក្រុង​ ដែល​បាន​និង​កំពុង​សាង​សង់់​យ៉ាងសកម្ម​។

ទី៣​ ផ្លូវ​ក្រ​វ៉ាត់​ព្រំដែន​កម្ពុជា​ វៀតណាម​ នៅ​ច្រក​ព្រៃតាអី​ ឆ្ពោះ​មកកាន់​តំបន់​ធ្លក​ និង​ភ្ជាប់​ជាមួយ​ផ្លូវ​កុង​ទី​ណ័​រថ្មី​ ដែល​ផ្លូវ​នេះ​នឹង​តភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ដែល​នឹង​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​ ទី៤​ វិស័យ​ឯកជន​បាន​និង​កំពុង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​កើនឡើង​ ​; ដែល​ទីក្រុង​នេះ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​ទៀត​នឹង​បើក​ដំណើរការ​នា​ពេល​ខាងមុខ​ ទី៥​ ការ​វិនិយោគ​លើ​សណ្ឋាគារ​ កាស៊ីណូ​ រមណីយ​ដ្ឋាន​ថ្មី​ៗកំពុង​កើនឡើង​ ទី៦​ មាន​ផែស្ងួត​សំរាប់​ផ្ទុក​កុង​ទី​ណ័​រកើន​ឡើង​កាន់តែ​ច្រើន​ ទី៧​ ជាមួយ​នេះ​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ក៏​កំពុង​មានការ​សាងសង់​កើនឡើង​យ៉ាងច្រើន​ ។

ទី៨​ ទីក្រុង​រណ​បថ្មីៗ​ចំនួន​ពីរ​ គឺទី​ក្រុង​រណប​ហេង​ ហេង​ និង​ទីក្រុង​រណប ​Empire​ World ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ទី៩​ ជាមួយគ្នា​នេះ​ ក្រុង​បាវិត​មានការ​រៀបចំ​នូវ​ឯកសារ​បទដ្ឋាន​គិត​យុត្តិ​ ផ្នែក​នគរូបនីយកម្ម​ សូរិ​យោ​ដី​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​មិន​មាន​បញ្ហា​ជម្លោះដីធ្លី​កើតឡើង​ច្រើន​ឡើយ​ ទី១០​ កំនើ​ននៃ​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​កើនឡើង​ដូចជា​ អ្នក​វិនិយោគ​ចិន​ កូរ៉េ​ ជប៉ុន​ អាមេរិក​ជាដើម​បាន​ចូល​ទៅ​វិនិយោគ​នៅ​ទីក្រុង​នេះ​កាន់តែ​ច្រើន​។

ក្នុង​ឳកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ពី​ផែនការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ទៅកាន់​ព្រំដែន​បាវិត​ ខេត្តស្វាយរៀង​នា​ពេល​អនាគ​តឆាប់​ៗខាងមុខ​ផង​ដែរ​។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ បាន​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗនេះ​ ហើយ​ពួកគេ​បាន​បង្ហើប​ថា​ ក្រុមហ៊ុន​នឹង​ទទួលបន្ទុក​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​នា​ពេល​ខាងមុខ​ផង​ដែរ​។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ក្រុង​បាវិត​ ជាមួយ​ទីក្រុង​ពីរ​ទៀត​គឺ​ក្រុង​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ ជា​តំបន់​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​៕

អ្នក​ជំនា​ញៈ​អ្នកមាន​ផ្ទះនៅ​កណ្តាល​ក្រុង​ដែល​គ្មាន​ចរន្ត​សេដ្ឋកិច្ច​គួរ​លក់​ដើម្បី​ យក​ប្រាក់​វិនិយោគ​

0
អគ្គនាយក​ក្រុមហ៊ុន VITRUST​ GROUP លោក​គុយ​ វ៉ា​ត

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ អ្នកមាន​ផ្ទះនៅ​កណ្តាល​ក្រុង​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ តែ​មិន​អាចប​ង្កើត​ចរន្ត​សេដ្ឋកិច្ច​បាន​ល្អ​ គួរ​លក់​ផ្ទះ​ទាំងនោះ​ ដើម្បី​យក​ទៅ​ទិញ​ផ្ទះនៅ​ជាយក្រុង​ និង​សល់​លុយ​សំរាប់​វិនិយោគ​ដែល​អាចប​ង្កើត​លុយ​បាន​ច្រើន​។

អគ្គនាយក​ក្រុមហ៊ុន VITRUST​ GROUP លោក​គុយ​ វ៉ា​តបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អ្នក​ មាន​ដី​ និង​ផ្ទះនៅ​ទីតាំង​ល្អ​ ដូចជា​តំបន់​បឹងកេងកង១​ តំបន់​ទួលទំពូង​និង​តំបន់​មួយចំនួន​ ក្នុង​ខ័ណ្ឌ​ដូនពេញ​ជាដើម​ គួរ​លក់​ផ្ទះ​ឬដី​របស់​ខ្លួន​ បើសិនជា​អចលនទ្រព្យ​នោះ​មិន​អាចប​ង្កើត​សកម្មភាព​សេដ្ឋកិច្ច​បាន​ល្អ​។ ការ​លក់​ផ្ទះនៅ​ក្នុង​ក្រុង​បាន​តម្លៃ​ថ្លៃ​ និង​អាចយ​កទៅ​ទិញ​ផ្ទះ​ល្អ​ៗនៅ​តាម​បុរី​នានា​នៅ​ជាយក្រុង​ ហើយ​អាច​សល់​លុយ​ច្រើន​ ដើម្បី​វិនិយោគ​ដូចជា​ទិញ​ដី​យកចំណេញ​បាន​ ដែល​ពួកគាត់​អាចប​ង្កើត​លុយ​បាន​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “ម្ចាស់់​ផ្ទះ​មួយចំនួន​មិន​លក់់​ តែបើ​គាត់​លក់​ហើយ​យក​ប្រាក់​ទៅ​វិនិយោគ​ ពួកគេ​នឹងអាច​មាន​លុយ​កាន់តែ​ច្រើន​”។លោក​បន្ត​ថា​ “អ្នកជំនាញ​របស់​យើង​អាច​ពន្យល់​ពួកគេ​ពី​រឿង​នេះ​ ដើម្បីឲ្យ​ពួកគេ​មាន​ឳកាស​រកចំណូល​បាន​ យក​លុយ​បង្កើត​លុយ​បាន​”។

លោក​គុយ​ វ៉ា​តបាន​បន្ត​ថា​ នៅ​ប្រទេស​គេ​ក៏​មាន​ចរន្ត​បែបនេះ​ដែរ​ អ្នកមាន​ផ្ទះនៅ​កណ្កា​លក្រុង​ ដែល​មិន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​បាន​ ពួកគេ​លក់​ហើយ​ទៅ​រស់នៅ​ជាយក្រុង​ ដែល​មាន​អាកាសធាតុ​ល្អ​ លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ និង​មាន​ភាព​ស៊ីវិល័យ​។

លោក​បន្ត​ថា​ ស្ថានភាព​ទីក្រុង​ភ្នំពេញ​ក៏​ដូចគ្នា​ ពេល​សេដ្ឋកិច្ច​រីកចម្រើន​តម្លៃ​ដី​កើនឡើង​ខ្ពស់​ ធ្វើឲ្យ​អ្ន​មាន​ដី​ឬផ្ទះ​អាច​លក់​បាន​លុយ​ច្រើន​ ដែល​អា​ចមានលទ្ឋ​ភាព​វិនិយោគ​បន្ត​បាន​ ហើយ​ការ​ចេញ​មក​រស់នៅ​ជាយក្រុង​ ក៏​មិន​ស្ងាត់ជ្រងំ​ដូច​ពីមុន​ដែរ​ ព្រោះ​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ហាង​ទំនើប​ៗ ភោជនីយ​ដ្ឋាន​ស្តង់់​ដា​ និង​សេវា​កម្ម​ផ្សេង​ៗបាន​ពង្រីក​ទៅ​កាន់​តំបន់់​ជាយក្រុង​ស្ទើរគ្រប់​ច្រកល្ហក​រួច​ទៅ​ហើយ​៕