សេដ្ឋកិច្ច​វៀតណាម​នឹង​មាន​ទំហំ​ធំជាង​សិង្ហបុរី​ក្នុងរយៈពេល១០ឆ្នាំខាងមុខ​

0
សេដ្ឋកិច្ច

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​វៀតណាម​អាច​នឹង​កើន​លើស​ប្រទេស​សិង្ហបុរី​ក្នុងរយៈពេល១០ឆ្នាំខាងមុខ​នេះ​។ នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​ ដែល​បាន​ចុះផ្សាយ​ដោយ​ធនាគារ​ DBS​ Bank​ LTD​ ដែល​ជា​សាជីវកម្ម​ហិរញ្ញវត្ថុ​ និង​សេវា​ពហុជាតិ​ដែល​មាន​ទីស្នាក់ការ​នៅ​សិង្ហបុរី​។

សេដ្ឋវិទូ​ Irvin​ Seah​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា​ “ប្រសិនបើ​វៀតណាម​ អាច​ទ្រទ្រង់​កំណើន​លូតលាស់​បាន​ថេរ​ សេដ្ឋកិច្ច​វៀតណាម​នឹង​មាន​ទំហំ​ធំជាង​ទំហំ​សេដ្ឋកិច្ច​សិង្ហបុរី​ក្នុងរយៈពេល១០ឆ្នាំខាងមុខ​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​វៀតណាម​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ជាមធ្យម៦​ ទៅ៦​,៥ភាគរយ​ក្នុងរយៈ ពេល ១០ ឆ្នាំខាងមុខ​នេះ​ ដោយសារតែ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ និង​កំណើន​ផលិតកម្ម​។

ប្រទេស​វៀតណាម​ និង​កម្ពុជា​ទំនងជា​នឹង​ទទួល​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

លោក​ Seah​ បាន​បន្ថែម​ថា​ “ប្រទេស​វៀតណាម​ស្ថិតនៅ​ក្នុង​ទីតាំង​អំណោយផល​ដើម្បី​ទទួល​បានផល​ប្រយោជន៍​ពីជ​ម្លោះ​ពាណិជ្ជកម្ម​ ដែល​កំពុងតែ​កើតមានឡើង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​។ សេដ្ឋកិច្ច​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ឧស្សាហកម្ម​”។

ផលិតផល​ក្នុង​ស្រុក​សរុប​វៀតណាម​ នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន២២៤ពាន់​លាន​ដុល្លារ​ប្រហែល៧០ភាគរយ​ នៃ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​។ ប្រទេស​នេះ​បាន​ក្លាយទៅជា​អ្នកនាំ​ចេញ​ទំនិញ​អេ​ឡិច​ត្រូ​និច​ លំដាប់​ទីពីរ​នៅក្នុង​អាស៊ាន​ ដោយសារ​មានតម្លៃ​កម្លាំង​ពលកម្ម​ទាប​ ដែល​ស្មើនឹង​មួយភាគបី​នៃ​ប្រាក់ឈ្នួល​ ជាមធ្យម​របស់​ប្រទេស​ចិន​។

សេដ្ឋកិច្ច

ប្រទេស​វៀតណាម​ក៏បាន​វិនិយោគ​ជិត​ ៦ ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) របស់​ខ្លួន​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទ្រទ្រង់​កំណើន​រយៈពេល​វែង​របស់​ខ្លួន​៕

ចំណេះដឹង​! តើ​អ្វី​ជា​កិច្ចសន្យា​ជួលផ្ទះ​មាន​សារៈសំខាន់​ដូចម្តេច​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ កិច្ចសន្យា​ជួលផ្ទះ​ជាឯក​សារ​ផ្លូវការ​មួយ​ ដែល​កំណត់​អត្តសញ្ញាណ​ម្ចាស់ផ្ទះ​ (ភតិបតី​) អ្នកជួល​ (ភតិកៈ​) និង​អចលនទ្រព្យ​ជួល​នោះ​។ ឯកសារ​នេះ​បញ្ជាក់​ពី​រយៈពេល​ជួល​ថ្លៃ​ជួល​ និង​លក្ខខណ្ឌ​លម្អិត​ នៃ​កិច្ចសន្យា​ជួល​។

នៅក្នុង​កិច្ចសន្យា​ជួលផ្ទះ​ ម្ចាស់ផ្ទះ​ជួល​យល់ព្រម​អនុញ្ញាត​ឱ្យ​អ្នកជួល​ប្រើប្រាស់​ផ្ទះ​ និង​ទទួល​បាន​ប្រាក់ចំណេញ​ពី​ផ្ទះ​ជួល​ ហើយ​អ្នកជួល​ផ្ទះ​យល់ព្រម​បង់ថ្លៃ​ជួលផ្ទះ​។ អ្នកជួល​ផ្ទះ​នានា​ ត្រូវ​បានការ​ពារ​យ៉ាង​ពិសេស​ដោយ​ច្បាប់​ស្តី​ពី​ ការ​ការពារ​កិច្ចសន្យា​ជួលផ្ទះ​។

រយៈពេល​នៃ​កិច្ចសន្យា​ជួលផ្ទះ​ ត្រូវ​មាន​យ៉ាងតិច២ឆ្នាំ​។ ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​ជួល​ ដែល​រយៈពេល​ជួលផ្ទះ​មិនបាន​កំណត់​ ឬបាន​កំណត់​រយៈពេល​តិច​ជាង២ឆ្នាំ​នោះ​ ​រយៈពេល​នៃ​កិច្ចសន្យា​ជួល​បែបនេះ​ ត្រូវ​ចាត់ទុកថា​មាន​រយៈពេល​យ៉ាងតិច២ឆ្នាំ​ ដរាបណា​អ្នកជួល​ផ្ទះ​ត្រូវការ​។

ក្នុងករណី​ដែល​កិច្ចសន្យា​ត្រូវ​បាន​បន្ត​ធ្វើថ្មី​ឡើងវិញ​នោះ​ រយៈពេល​នៃ​កិច្ចសន្យា​ជួល​ត្រូវ​មាន​រយៈពេល២ឆ្នាំ​ ហើយ​អ្នកជួល​ផ្ទះ​អាច​ជូនដំណឹង​ដល់​ម្ចាស់ផ្ទះ​ជួល​ នៅពេល​ណាមួយ​អំពី​ការ​បញ្ចប់​កិច្ចសន្យា​នេះ​។

តើ​អ្នកណា​គួរតែ​ធ្វើ​កិច្ចសន្យា​ជួល​?

នៅពេល​ម្ចាស់ផ្ទះ​ទទួល​បាន​អ្នកជួល​ ម្ចាស់ផ្ទះ​ត្រូវ​រៀបចំ​កិច្ចសន្យា​ជា​លក្ខណៈ​លាយលក្ខណ៍​អក្សរ​ ហើយ​ត្រូវតែ​ជា​កិច្ចសន្យា​ស្របច្បាប់​ គឺ​ចាំបាច់​ត្រូវ​ធ្វើឡើង​ទាំងស្រុង​ដោយ​ម្ចាស់ផ្ទះ​ និង​អ្នកជួល​ដើម្បី​ឱ្យ​ភាគី​ទាំង​ ពីរ​យល់​ច្បាស់​អំពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​ខ្លួន​។

កិច្ចសន្យា​នេះ​ ក៏​បញ្ជាក់​ផង​ដែរ​ថា​អ្នកជួល​មាន​សិទ្ធិ​រស់នៅ​ លើ​អចលនទ្រព្យ​ជា​បណ្ដោះអាសន្ន​ ជា​ថ្នូរ​នឹង​ការ​បង់ថ្លៃ​ជួល​ឱ្យ​ម្ចាស់​កម្មសិទ្ធិ​។ ជាពិសេស​ ភាគី​ទាំងពីរ​ត្រូវតែ​ច្បាប់​ចម្លង​ កិច្ចសន្យា​នេះ​ដើម្បី​ប្រើប្រាស់​នៅពេល​មានការ​សង្ស័យ​ ឬបញ្ហា​អ្វីមួយ​កើតឡើង​។

នៅក្នុង​កិច្ចសន្យា​នេះ​ភាគី​ទាំងពីរ​ អាចប​ង្កើត​នូវ​ខសន្យា​ដើម្បី​ការពារ​ខ្លួន​ ប្រសិនបើ​ស្ថានភាព​ណាមួយ​ត្រូវ​ផ្លាស់​ប្តូរ​ ដែល​នេះ​មាន​សារៈសំខាន់​សម្រាប់​ទាំង​ម្ចាស់ផ្ទះ​ និង​អ្នកជួល​ ហើយ​ខសន្យា​ទាំងនេះ​ក៏អាច​ ជា​ដំណោះស្រាយ​ល្អ​មួយ​ប្រសិនបើ​កាលៈទេសៈ​ណាមួយ​មិនល្អ​បាន​កើតឡើង​៕

តម្លៃ​ជួល​អចលនទ្រព្យ​កើនឡើង​នៅ​ទីក្រុង​រ៉ង់ហ្គូន​ប្រទេស​ភូមា​

0
តម្លៃជួល

ប្រែ​សម្រួល​ ដោយ​ យុទ្ធ

យ៉ាំ​ងហ្គោ​នៈ​ ទីផ្សារ​ជួល​អចលនទ្រព្យ​ដែល​ជា​សំខាន់​មួយ​ នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​ងើបឡើង​វិញ​ នៅក្នុង​អំឡុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​ ដោយ​ការ​ជួល​អល​ចន​ទ្រព្យ​បាន​កើនឡើង​ ខណៈ​ការ​លក់​ចេញ​បាន​ធ្លាក់ចុះ​។

ទោះជាយ៉ាងណា​ក៏ដោយ​អ្នកវិភាគ​ និង​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ឲ្យដឹង​ថា​ បរិយាកាស​ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​គឺ​នៅ​ទ្រឹង​។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​ iMyanmarHouse.com​ លោក​U Nay​ Min​ Thu​ បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ កាលពី​ចុងខែ​មេសា​ ការជួល​អា​ផា​តមិន​នៅក្នុង​ទីក្រុង​សំខាន់​នេះ​ បាន​កើនឡើង​ ជាពិសេស​ទី​តាំ​ដែល​ជួល​ក្នុង​តម្លៃ៣២៨ដុល្លារ​ ក្នុង​មួយ​ខែ​ ស្មើនឹង៥០ម៉ឺន​គី​យ៉ាត​ (រូបិយវត្ថុ​មីយ៉ាន់ម៉ា​)។

ទោះជាយ៉ាងណា​លោក​បាន​កត់សម្គាល់​ឃើញថា​ តម្រូវការ​អា​ផា​តមិន​ និង​ខុន​ដូ​ដែល​មានតម្លៃ​ជាង៣២៨ដុល្លារ​ ស្មើនឹង៥០ម៉ឺន​គី​យ៉ាត​មួយ​ខែ​នៅតែ​មាន​ល្បឿន​ថេរ​។

លោក​ U Nay​ Min​ Thu​ និយាយ​ថា​ ចំនួន​មនុស្ស​ដែល​ចង់​ជួល​អា​ផា​តម៉ិន​ តម្លៃ​ទាប​ជាង៣២៨​ ដុល្លារ​ ឬ៥០គី​យ៉ាត​ ក្នុង​មួយ​ខែ​បាន​កើនឡើង​ ដូច្នេះ​ការជួល​ក៏បាន​កើនឡើង​។

លោក​បន្ត​ថា​ “ខណៈ​អ្នក​អភិវឌ្ឍន៍​សាងសង់​អា​ផា​តម៉ិន​ច្រើន​ ដែល​មានតម្លៃ​មធ្យម​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ ហើយ​ចំនួន​ប្រជាជន​បាន​កើនឡើង​ ធ្វើឲ្យ​អត្រាតម្លៃ​ជួល​មានការ​កើនឡើង​”។

យោង​តាម​ទីភ្នាក់ងារ​អចលនទ្រព្យ​ Tun​ Tauk​ Real​ Estate​ ឲ្យដឹង​ថា​ នៅក្នុង​ទីផ្សារ​បច្ចុប្បន្ន​ តម្រូវការ​ខ្ពស់​បំផុត​សម្រាប់​អា​ផា​តម៉ិន​ ដែល​មានតម្លៃ​ពី​ជាង១៣០ដុល្លារ​ ឬ ២០​ ម៉ឺន​គី​យ៉ាត​ឬតិច​ជាង​នេះ​ក្នុង​មួយ​ខែ​។

ក្នុងចំណោម​ទីប្រជុំជន​ ក្នុង​តំបន់​ទី​ក្រុ​ងយ៉ាំងហ្គោន​ តំបន់​សាន​ឆាង​ កេ​យី​មីន​ដាង​ និង​បា​ហាន​មាន​អត្រាតម្លៃ​ជួល​ខ្ពស់​បំផុត​។

ទន្ទឹម​នឹង​នេះ​ដែរ​ នៅក្នុង​ទីផ្សារ​ជួល​សម្រាប់​ជនបរទេស​ ខុន​ដូ​ដែល​មានតម្លៃ​ចាប់ពី​ជាង៤៥៦ដុល្លារ​ ឬ៧០ម៉ឺន​គី​យ៉ាត​ដល់៦៥១ដុល្លារ​ ឬ១លាន​គី​យ៉ាត​ក្នុង​មួយ​ខែ​ កំពុង​មើលឃើញ​មាន​តម្រូវការ​ច្រើន​បំផុត​។

លោក​ U Aung​ Kyaw​ Zin​ នៃ​ក្រុមហ៊ុន​ Master​ Real​ Estate​ Co​ បាន​និយាយ​ថា​ ថ្វីបើ​ប្រតិបត្តិ​ការ​ជួញដូរ​មាន​និន្នាការ​ថយ​ចុះ​ ក្នុងអំឡុងពេល​បី​ខែ​នៃ​រដូវ​ចូលវស្សា​ (ព្រះពុទ្ធ​សាសនា​) ដែល​ប្រជាជន​ភាគច្រើន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ជៀសវាង​ការ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ និង​ការ​ជួញដូរ​ក្នុងអំឡុងពេល​នេះ​ ប៉ុន្តែ​ទីផ្សារ​ជួល​សម្រាប់​ជនបរទេស​គឺ​មិន​មាន​ប៉ះពាល់​ធំដុំ​នោះ​ទេ​។

រដូវ​ចូលវស្សា​នៅ​មីយ៉ាន់ម៉ា​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១៦​ ខែកក្កដា​ជា​រៀងរាល់​ឆ្នាំ​៕

តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២១កំពុង​កើនឡើង​ ខណៈ​ស្ថានភាព​ផ្លូវ​កាន់តែ​ប្រសើរ​

1
តម្លៃដី
ផ្លូវជាតិលេខ២១។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ក្រុង​តា​ខ្មៅៈ​ បន្ទាប់​ផ្លូវជាតិ​លេខ២១ត្រូវ​បាន​ពង្រីក​ និង​មានការ​រៀបចំ​យ៉ាង​រលូន​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ ស្រប​ពេល​អ្នក​វិនិយោគ​គំរោង​បុរី​នានា​បាន​ និង​កំពុង​ពង្រីក​ទៅកាន់​តំបន់​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​តាខ្មៅ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Focus​ Property​ លោក​ ប៉ូ​ អ៊ា​វគង់​ បាន​មាន​ប្រសា​សន៍ឲម្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២៨​ ឧសភា​នេះ​ថា​ ពេលនេះ​ មិនថា​ដី​នៅ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២១​ ឬនៅ​តំបន់​ផ្លូវ​លេខ២១​A នោះ​ទេ​ គឺ​តម្លៃ​ដីធ្លី​ និង​អចលនទ្រព្យ​មួយចំនួន​ បាន​និង​កំពុងតែ​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ ដោយសារ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើន​សេដ្ឋកិច្ច​នៅតែ​រ៉ឹង​មាំ​។

​លោក​បន្ត​ថា​ ដី​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ២១​ ដែល​មាន​ចម្ងាយ​ចន្លោះ​ពី៥ទៅ៧​ គីឡូម៉ែត្រ​ គិត​ចាប់ពី​ចំណុច​តំបន់​ទួល​ក្រសាំង​ ឆ្ពោះទៅ​កាន់​តំបន់​ស្រុក​ស្អាង​ ពេលនេះ​គឺ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ជាពិសេស​តំបន់​ដែល​នៅ​ជិត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​។ លោក​បន្ត​ទៀត​ថា​ “នៅ​តំបន់​នេះ​សព្វថ្ងៃ​គឺ​កំពុងតែ​ចាប់ផ្តើម​ មាន​សកម្មភាព​អភិវឌ្ឍ​ទៅលើ​វិស័យ​សំណង់​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិត​ក្រោម​មធ្យម​ សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ រួម​ជាមួយនឹង​គម្រោង​នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ កម្រិតមធ្យម​របស់​ម្ចាស់​គម្រោង​មួយចំនួន​ទៀត​ដែរ​។ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​ ខណៈ​ដែល​កំណើន​នៃ​កក្តា​ប្រជាសាស្ត្រ​ក៏​មានការ​កើនឡើង​។

លោ​កប៉ូ​ អ៊ា​វគង់​បាន​ទៀត​ថា​ “ ធម្មតា​នៅពេល​ដែល​មាន​តម្រូវការ​លើ​ផ្នែក​សំណង់​ វា​នឹង​ជម្រុ​ញឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​។ តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​ ជាពិសេស​ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ​ មានតម្លៃ​ក្នុង​ចន្លោះ​ពី១៥០​-២០០​ ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ ដី​នៅ​តំបន់​ដដែល​នេះ​មានតម្លៃ​ត្រឹមតែ​ប្រមាណ​ ៨០​-១២០​ ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

​;ដោយឡែក​ចំពោះ​ដី​ធ្លាប់តែ​ជា​តំបន់​វាលស្រែ​ និង​ជា​តំបន់​ទឹក​លិច​ ដែល​កាលពី​ឆ្នាំមុន​មានតម្លៃ​ត្រឹម១៥​ ទៅ២៥ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ​ ពេលនេះ​បាន​កើនឡើង​រហូតដល់​ក្នុង​ចន្លោះ​ចាប់ពី៥០​-៦០​ ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​។

នាយក​ក្រុមហ៊ុន​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ទទួលស្គាល់​ថា​ តំបន់​ខាងលើ​នេះ​ពិតជា​មាន​​ភាព​ទាក់ទាញ​ក្នុង​ការ​អភិវឌ្ឍ​ ប៉ុន្តែ​វា​នៅ​មិនទាន់​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ ដូចជា​តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​ជាយ​ក្រុង​តាម​បណ្តា​ផ្លូវ​ជា​តិ​ធំៗ​នោះ​នៅឡើយ​។ លោក​បាន​បន្ត​ថា​ បើ​ប្រៀបធៀប​តំបន់​ជាយក្រុង​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​ធំ​នានា​ តំបន់​ខាងលើ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ២១​A ហាក់​នៅ​មានកម្រិត​នៅឡើយ​ ប៉ុន្តែ​យើង​ទទួលស្គាល់​ថា​ ពិតជា​មានការ​កើនឡើង​នូវ​តម្លៃពិត​ប្រាកដ​មែន​។

លោក​បាន​បន្ត​ទៀត​ថា​ ​ដី​ដែល​ស្ថិតនៅ​ក្បែរ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ អាច​នឹង​មានការ​ទាក់ទាញ​ខ្លះ​លើ​វិស័យ​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​មួយចំនួន​ ដោយហេតុថា​ ដី​នៅ​ទីនេះ​តម្លៃ​នៅ​ទាប​នៅឡើយ​ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ផ្សេង​ៗដែល​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ដូចគ្នា​។ លោក​បន្ត​ថា​ ថ្វី​ត្បី​តតែ​តំបន់​នេះ​ហាក់​មាន​ចម្ងាយ​ឆ្ងាយ​ពី​តំបន់​មួយចំនួន​ទៀត​ ដែល​អាស្រ័យ​ដល់​ការ​ដឹង​ជញ្ជូន​ទៅតាម​ផ្លូវជាតិ​លេខ៣​ ឬផ្លូវជាតិ​លេខ៤ក៏​ពិតមែន​ តែ​ការ​ធ្វើដំណើរ​តាមផ្លូវ​នេះ​ មិន​តម្រូវឲ្យ​ចំណាយពេល​យូរ​ក្នុង​ការ​ដឹកជញ្ជូន​នោះ​ដែរ​។ ដូច្នេះ​ អ្នក​វិនិយោគ​ក្នុង​ផ្នែក​រោងចក្រ​ ក៏ដូចជា​សហគ្រាស​មួយចំនួន​អាច​នឹង​សម្លឹងឃើញ​ពី​ភាពល្អ​ប្រសើរ​ដែល​អាច​ទទួល​បាន​៕

ក្រុមហ៊ុន​ជប៉ុន​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​

0
កំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ KAMIGUMI​ Co​., Ltd​ និង​សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ ដែល​ជា​ម្ចាស់​ចំណែក​ភាគហ៊ុន​ នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​)បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។

លោក​ Masami​ KUBO​ ប្រធាន​ និង​នាយក​តំណាង​ក្រុមហ៊ុន​ KAMIGUMI​ Co​., Ltd​ និង​លោក​ Kenji​ HOKAZONO​ ជា​ប្រធាន​ និង​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ International​ Port​ នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​បាន​បង្ហាញ​នូវ​បំណង​ចង់​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ជាមួយនឹង​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​ពាណិជ្ជករ​ផ្នែក​ដឹកជញ្ជូន​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ “ក្រុមហ៊ុន​ទាំងពីរ​នេះ​ គឺជា​ម្ចាស់​ចំណែក​ភាគហ៊ុន​ នៃ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​)”។

ក្រុមហ៊ុន ​KAMIGUMI​ Co​., Ltd​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៨៦៧​ នៅ​ទីក្រុង ​Kobe​ ប្រទេស​ជប៉ុន​ និង​ជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​ ផ្នែក​ដឹកជញ្ជូន​តាម​កំពង់ផែ​របស់​ជប៉ុន​។ សាជីវកម្ម​កំពង់ផែ​អន្តរជាតិ​ Kobe​-Osaka​ International​ Port​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​អន្តរជាតិ​នៃ​កំពង់ផែ​Hanshin​ (កំពង់ផែ​ Kobe​ និង​កំពង់ផែ​ Osaka​) តាមរយៈ​ការជំរុញ​ការគ្រប់គ្រង​កំពង់ផែ​ ប្រកបដោយ​ប្រសិទ្ធភាព​៕

កម្ពុជា​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​បន្ថែម​ក្នុង​កំឡុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នៅ​ប្រទេស​ជប៉ុន​

0
សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ចេញដំណើរទៅកាន់ប្រទេសជប៉ុន។ រូបថត៖ ហ្វេសប៊ុកសម្ដេច

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ គណៈប្រតិភូ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃស្អែក​ នឹង​មាន​ភារកិច្ច​ និង​បេសកកម្ម​សំខាន់​មួយ​ដើម្បី​ធ្វើការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​។

យោង​តាម​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោ​កស៊ីន​ហ្សូ​ អាបេ​ នៅក្នុង​ថ្ងៃខាងមុខ​នេះ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​ ៥ ស្តី​ពីអ​នាគ​តនៃ​អាស៊ី​។

គណៈប្រតិភូ​ដែល​អមដំណើរ​ជាមួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ រួមមាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ប៉ាន​ សូរ​ស័ក្តិ​ លោក​ឧកញ៉ា​គិត​ ម៉េ​ងប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក​សុខ​ ចិន្តា​សោភា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​សមាជិករដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​ទៀត​។

ថ្នាក់ដឹកនាំ​ធុរកិច្ច​ដែល​អមដំណើរ​ជាមួយ​ នឹង​សម្តេច​តេជោ​ហ៊ុន​ សែន​ នឹង​មាន​ភារកិច្ច​នាំ​យក​វិនិយោគិន​ជប៉ុន​មកកាន់​កម្ពុជា​។ ដើម្បី​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ សម្តេច​សម្តេច​នាយក​រដ្ឋមន្ត្រី​ គ្រោង​ធ្វើ​សុន្ទរកថា​នៅក្នុង​សិក្ខាសាលា​ ជាមួយ​អ្នក​វិនិយោគ​ជប៉ុន​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន​ (JETRO​)។

នេះ​នឹងជា​សន្និសីទ​ស្តី​ការ​វិនិយោគ​ទី​ ២ ដែល​រៀបចំ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំនេះ​។

​កាលពី​ខែមីនា​ លោក​ សុខ​ ចិន្តា​សោភា​ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជួប​ជាមួយ​វិនិយោគិន​ជប៉ុន​ចំនួន ២០០នាក់​ នៅ​ទីក្រុង​តូក្យូ​ និង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា​ និង​កាត់បន្ថយ​ក្តី​បារម្ភ​ ពី​ការ​វិនិយោគ​ចិន​គ្រប​ដណ្តប់​លើ​សេដ្ឋកិច្ច​កម្ពុជា​។

លោក​ ចិន្តា​សោភា​ បាន​ប្រាប់​វិនិយោគិន​ជប៉ុន​នៅក្នុង​វេទិកា​វិនិយោគ​កម្ពុជា​ នៅ​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃទី​ ៥ ខែមីនា​ថា​ “កម្ពុជា​មិនមែន​ជា​កន្លែង​ចំណុះ​របស់​ចិន​ទេ​ គឺទី​នេះ​បើកចំហ​រស​ម្រាប់​អ្នក​វិនិយោគ​ទាំងអស់​”។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ប្រទេស​ជប៉ុន​បាន​បង្កើន​ទុន​លើ​គម្រោង​វិនិយោគ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញថា​ ការ​បង្កើន​ទុន​វិនិយោគ​របស់​ជប៉ុន​មាន១១៩​,៧លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៦​ ហើយ​កើន​ដល់១៧១​,៨ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ប៉ាន់ស្មាន​ថា​ ប្រទេស​ជប៉ុន​នឹង​បង្កើន​ទុន​លើ​គម្រោង​វិនិយោគ​ ដែល​មានតម្លៃ២៤៩​,៤ លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។

បើ​ប្រៀបធៀប​ជប៉ុន​ ការ​វិនិយោគ​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ធ្លាក់ចុះ​នៅ​កម្ពុជា​។ ទុន​វិនិយោគ​របស់​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ពី៧០​,៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៤​ មក​ត្រឹម២៦​,៧លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

សហរដ្ឋអាមេរិក​បាន​ដាក់​ទុន​លើ​គម្រោង​វិយោគ​ដែល​មានតម្លៃ៩១​,៦ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៤​ និង​មានត្រឹមតែ​ ៣៥​,៧លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន​។

ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ជប៉ុន​បាន​កើនឡើង​ដល់៥៥៨​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ​ ដោយ​កើនឡើង ១៦​,៥ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​មុន​។

​យោង​តាម​ក្រុមហ៊ុន​ JETRO​ ការនាំចេញ​របស់​ជប៉ុន​មក​កម្ពុជា​ ក៏​កើនឡើង២០​ ភាគរយ​ផង​ដែរ​នៅ​ត្រីមាស​ទីមួយ​ ដែល​គិតជា​ទឹកប្រាក់១០៤​ លាន​ដុល្លារ​៕

រដ្ឋមន្ត្រី​ក្រសួងការងារ​ជំរុញ​ឱ្យ​មានការ​រៀបចំ​បច្ចេកវិទ្យា​ដើម្បី​ឈាន​ចូល​បដិ​វត្ដ​ន៍​ឧស្សាហកម្ម​ទី៤​

0
កម្មការិនីកំពុងកាត់ដេរសម្លៀកបំពាក់។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រសួងការងារ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​មួយ​ ដើម្បី​គូសបញ្ជាក់​ពីសា​រៈសំ​ខា​ ន់​នៃ​ការរៀបចំ​សម្រាប់​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ ដើម្បី​ជំនួស​ឲ្យ​ការងារ​ផលិតកម្ម​ដែល​មាន​ជំនាញ​ទាប​ដែល​ជា​ការ​ឈាន​ចូល​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​។

លោក​អ៉ិត សំ​ហេង​ រដ្ឋមន្រ្តី​ក្រសួងការងារ​ បាន​មានប្រសាសន៍​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “នៅពេលអនាគត​ ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នឹង​បង្កើត​ប្រភេទ​ការងារ​ថ្មី​ ហើយនឹង​ធ្វើឲ្យ​មានការ​ងារ​ធ្លាក់ចុះ​ការងារ​សម្រាប់​យុវជន​”។លោក​បន្ត​ថា​ “ឥឡូវនេះ​ផល​ប៉ះពាល់​នៃ​បច្ចេកវិទ្យា​មិនទាន់​ឃើញច្បាស់​នៅឡើយ​។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ពេល​អនាគត​ ហើយ​ជំហាន​ដំបូង​ គឺ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ជាមួយនឹង​ជំនាញ​ថ្មី​ សម្រាប់​យុគសម័យ​ឌីជីថល​”។

លោក​បាន​សំដៅ​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​) ដែល​លើកឡើង​ពី​តម្រូវការ​សម្រាប់​ការអប់រំ​ និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​នៃ​កម្លាំង​ពលកម្ម​នៅ​អាស៊ី​អាគ្នេយ៍​។

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ជាផ្នែក​មួយ​ របស់​អង្គការសហប្រជាជាតិ​បាន​ព្យាករណ៍​ថា៨៨ភាគរយ​នៃ​ការងារ​នៅក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើឲ្យ​លែង​មាន​តម្រូវការ​ដោយ​ស្វ័យប្រវត្តិ​។

អង្គការ​ពលកម្ម​អន្តរជាតិ​ឲ្យដឹង​ថា​ “បច្ចេកវិទ្យា​អាច​ប៉ះពាល់​ដល់​ប្រតិបត្តិ​ករ​ម៉ាស៊ីនដេរ​ស្ទើរតែ​កន្លះ​លាន​ ដែល​ជាទូទៅ​អនុវត្ត​ភារ​កិ​ច្ច​ដដែល​ៗ និង​ដោយដៃ​”។

ភាគច្រើន​នៃ​អ្នក​ដែល​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដែល​ជា​វិស័យ​មួយ​ដែល​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​ គឺ​ក្មេងស្រី​ដែល​ផ្ញើរ​ប្រាក់​ទៅ​គ្រួសារ​របស់​ពួកគេ​នៅ​តាម​ខេត្ត​។

របាយការណ៍​បាន​បង្ហាញថា​ “ផល​ប៉ះពាល់​ដោយ​ស្វ័យប្រវត្តិ​កម្ម​ នឹង​ត្រូវ​បាន​កើតឡើង​ដល់​ស្ត្រី​វ័យក្មេង​អាយុ​ពី១៥​ ទៅ២៤ឆ្នាំ​។ តាមការពិត​ ស្ត្រី​មាន​អត្រា​បាត់បង់​ការងារ​ច្រើនជាង​បុរស៥០ភាគរយ​”៕

ទុន​វិនិយោគ​ជិត​ ៦០០លាន​ដុល្លារ​បាន​ហូរ​ចូល​ខេត្ត​ព្រះសីហនុ​ក្នុងរយៈ​ពេល ៥ខែ​ដើមឆ្នាំ​នេះ​

1

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ​ទុន​វិនិយោគ​ជាង​ ៥៨២លាន​ដុល្លារ​ បាន​ហូរ​ចូល​ខេត្ត​ព្រះសីហនុ​ ជាមួយនឹង​គំរោង​វិនិយោគ ១៨៦​ ក្នុងរយៈ ពេល​៥ខែ​នៃ​ ឆ្នាំ២០១៩​ នេះ​។

ប្រធានមន្ទីរ​រៀបចំ​ដែនដី​ សំណង់​ និង​សូ​រី​យោ​ដី​ខេត្ត​ព្រះសីហនុ​ លោ​កចេង​ ស្រុង​ បាន​ឲ្យដឹង​នៅ​ថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំងនោះ​ ​;រួមមាន​ គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ចំនួន៥៩គម្រោង​ គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ចំនួន២២គម្រោង​ និង​គម្រោង​អនុម័ត​ដោយ​សមត្ថកិច្ច​ក្រុង​ ស្រុក​ចំនួន​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន១០៥គំរោង​។

លោក​បន្ត​ថា​សំណង់​ស្ទើរតែ​ទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ជា​ប្រភេទ​សណ្ឋាគារ​ ផ្ទះសំណាក់​ ខុន​ដូ​ និង​ ផ្ទះល្វែង​ជាដើម​ ព្រមទាំង​សំណង់​ដែល​ខ្ពស់​បំផុត​នៅក្នុង​ខេត្ត​មួយ​នេះ​គឺ​មាន​ចំនួន៤៣ជាន់​ ដែល​កំពុង​សាងសង់​ ហើយ​គិត​មកទល់​បច្ចុប្បន្ន​ គម្រោង​នេះ​បាន​បញ្ចប់​ប្រមាណ​ជាង១៤ជាន់​ហើយ​។

លោក​បន្ថែម​ថា​ ជាមួយគ្នា​នឹង​ការ​កើនឡើង​នៃ​សំណង់​នេះ​ដែរ​ ក៏​ធ្វើឲ្យ​មានការ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​បរិស្ថាន​ផង​ដែរ​ រួម​ជាមួយនឹង​ការ​ខ្វះ​មន្ត្រី​ជំនាញ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​កា​រដ្ឋា​សំណង់​នានា​ ។ លោក​បន្ត​ថា​ ដោយ​មាន​តការណែនាំ​របស់​អភិបាលខេត្ត​ សមត្ថកិច្ច​ មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ខេ​ត្ដ​ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់​ធ្លាប់​ នៅ​តាម​ការ​រដ្ឋា​នសំណង់​ និង​ ការសាងសង់​ខ្វះ​លក្ខណៈ​បច្ចេកទេស​ ដូចជា​ ការដ្ឋាន​គ្មាន​របង​បិទបាំង​ យក​ចិញ្ជើម​ផ្លូវ​ដាក់​សម្ភារៈសំណង់​ជាដើម​។

លោក​យន្ត​ មីន​ អភី​បាល​ខេត្ត​ព្រះសីហនុ​ ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​ថា​ វឌ្ឍនភាព​របស់​ខេ​ត្ដ​ នៃ​ការ​កើនឡើង​សំណង់​ និង​អ្នក​វិនិយោគ​នេះ​ គឺ​ដោយសារ​កត្ដា​ធំៗ​ពីរ​ ទី១​ កត្ដា​សន្ដិ​ភាព​ បាន​ផ្ដល់​នូវ​សុវត្ថិភាព​ក្នុង​ការ​កង​សាង​ និង​ប្រកបរបរ​រកស៊ី​ដោយសេរី​ និង​ទី២​ កត្ដា​ច្បាប់​ដែល​ផ្តល់​ការពារ​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគ​ប្រកបដោយ​ស្ថេរ​ភាពល្អ​ សម្រាប់​បរិស្ថាន​វិនិយោគ​នៅក្នុង​ខេ​ត្ដ​ព្រះសីហនុ​ ក៏ដូចជា​ទូទាំង​ប្រទេស​កម្ពុជា​។ កំណើន​សំណង់​នេះ​ ក៏បាន​បង្ហាញ​នូវ​ផល​វិជ្ជមាន​ច្រើន​ គឺ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ និង​សេដ្ឋកិច្ច​របស់​ខេ​ត្ដ​ ក្នុង​នោះ​ជី​ឌី​ភី​របស់​ប្រជាពលរដ្ឋ​ខេ​ត្ដ​ព្រះសីហនុ​ មាន​កំណើន​ជា​លំដាប់​ដែរ​ ជាក់ស្ដែង​ពលរដ្ឋ​ម្នាក់​ពី​ជាង១០០០ដុល្លារ​ រហូតដល់​ជាង២០០០ដុល្លារ​ក្នុង១ឆ្នាំ​។

សម្រាប់​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ចំនួន ៣៣៦គម្រោង​ និង​ទុន​វិនិយោគ​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក​ ដោយ​ក្នុង​នោះ​គម្រោង​ ដែល​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ជាតិ​មាន​ចំនួន​៦២​​ គម្រោង​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន៥៣​ និង​ថ្នាក់​ក្រុង​-ស្រុក​ចំនួន​ ១៦៦​ គម្រោង​៕

រដ្ឋាភិបាល​សម្រេច​ដាក់ចេញ​ផែនការ​អភិវឌ្ឍន៍​ដី​នៅ​ខេត្តបាត់ដំបង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ ដាក់ឲ្យ​ប្រើប្រាស់​ផែនការ​រៀបចំ​ដី​ខេត្តបាត់ដំបង​ ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០​ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

យោង​តាម​អនុក្រឹត្យ​លេខ​ ៨០​ អន​ក្រ.បក​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ៣ ខែមិថុនា​ ឆ្នាំ​ ២០១៨​ កន្លងមក​នេះ​ថា​ ផែនការ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង​ អាច​ធ្វើការ​កែសម្រួល​រយៈ​ពេល ៥ឆ្នាំ​ម្តង​ តាម​ករណី​ចាំបាច់​នៃ​ការអភិវឌ្ឍន៍​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ អនុក្រឹត្យ​នេះ​បន្ត​ថា​ ការ​កែ​សម្រួល​ផែន​ការ​រៀប​ចដែនដី​ ខេ​ត្ត​បាង់​ដំបង​ មុនពេលកំណត់​អាច​ប្រព្រឹត្តិ​ទៅ​បាន​ក្នុង​ករណីយ​ដែល​មាន​តម្រូវការ​ចាំបាច់​ សម្រាប់​បំរើ​ផលប្រយោជន៍​សាធារណៈ​ ឬផលប្រយោជន៍​ជាតិ​។ ការ​កែសម្រួល​ផែនការ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង​ ត្រូវ​អនុវត្ត​តាម​នីតិវិធី​ និង​លិខិត​បទដ្ឋាន​ គតិ​យុទ្ធ​ជាធរមាន​។

យោង​តាម​សៀវភៅ​គោល​ស្តី​ពី​ ផែនការ​រៀបចំ​ដែនដី​ខេត្ត​បាត់​ដំ​បង់​បាន​ឲ្យដឹង​ថា​ផ្អែកលើ​លទ្ធផល​នៃ​ការវិភាគ​បែប​វិទ្យាសាស្ត្រ​ លើ​សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ និង​បរិស្ថាន​ ផែនការ​រៀបចំ​ដែនដី​ខេត្តបាត់ដំបង​ បាន​កំណត់​នូវ​ចក្ខុវិស័យ​ឆ្នាំ២០៣០​ ប្រកបដោយ​ភាព​ច្បាស់លាស់​ និង​មាន​ប្រសិទ្ធិ​ភាព​អាច​អនុវត្ត​បាន​ ដោយ​បាន​កំណត់​នូវ​យុទ្ធសាស្ត្រ​តម្រង់​ទិស​អភិវឌ្ឍន៍​ និង​ផែនការ​សកម្មភាព​នៃ​គម្រោង​អាទិភាព​នា​នា​នដែ​លនឹង​ត្រូវ​ធ្វើឲ្យស​ម្រេច​ក្នុងរយៈពេល​ខ្លី​ ធម្យម​ និង​វែង​ចាប់ពី​ពេលនេះ​ រហូតដល់​ឆ្នាំ​ ២០៣០​ ស្របតាម​លក្ខណៈ​ពិសេស​នៃ​ភូមិសាស្ត្រ​ ហេដ្ឋារចនាសម្ព័ន្ធ​ ហេ​ដ្ឋា​សម្ព័ន្ធ​រូបវន្ត​ ធម្មជាតិ​ ប្រវត្តិសាស្ត្រ​ និង​វប្បធម៌​។

ផែនការ​នេះ​ គឺជា​ឧបករណ៍​គតិ​យុទ្ធ​ដ៏​សំខាន់​ សម្រាប់​តម្រង់​ទិស​ផែនការ​អភិ​ឌ្ឍ​នៅ​គ្រប់​កម្រិត​នៃ​តំបន់​នី​មួយ​ៗក្នុង​ខេត្ត​ និង​សម្រប់​សម្រួល​ជាមួយ​ផែនការ​ដទៃទៀត​ សំដៅ​ធានា​ការគ្រប់គ្រង​ ការពារ​ បែងចែក​ និង​ប្រើប្រាស់​ដី​ បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ប្រកបដោយ​ចីរភាព​។

ដូចនេះ​ ការ​ដាក់ឲ្យ​អនុវត្ត​នូវ​ផែនការ​រៀបចំ​ដែនដី​ ខេត្តបាត់ដំបង​ គឺជា​ការចាំបាច់​បំផុត​សម្រាប់​តម្រង់​ទិស​ការ​អភិវឌ្ឍ​ និង​អភិរក្ស​លើ​ផ្នែក​សង្គម​ សេដ្ឋកិច្ច​ និង​បរិស្ថាន​នៃ​ដែនដី​ខេត្ត​ទាំងមូល​ឲ្យ​ក្លាយជា​ “តំបន់​ស្នូល​សេដ្ឋកិច្ច​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​​កម្ពុជា​” និង​ផ្តល់​នូវ​ផលប្រយោជន៍​ ផ្នែក​សេដ្ឋកិច្ច​ដល់​តំបន់​ជុំវិញ​ក្នុង​ក្របខណ្ឌ​ជាតិ​ ​ក្របខណ្ឌ​តំបន់​ និង​ក្របខណ្ឌ​អន្តរជាតិ​ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន​សេដ្ឋកិច្ច​ និង​សង្គម​កម្ព​ជា​ទាំងមូល​ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ គឺ​ការ​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ មាន​ចំ​ណូល​ធម្យ​មក​ម្រិ​តខ្ពស់​នៅក្នុង​ឆ្នាំ​ ២០៣០​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​៕

អ្នកជំនាញ​ប្រាប់​វិធីសាស្ត្រ​គ្រប់គ្រង​សាច់ប្រាក់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​ដឹង​វិធី​សាស្រ្ត​គ្រប់គ្រង​សាច់ប្រាក់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​យើង​អា​ចមានលទ្ឋ​ភាព​ក្នុង​ការ​សន្សំ​ ការ​វិនិយោគ​ និង​ធ្វើឲ្យ​គុណភាព​ជីវិត​ប្រសើរ​ឡើង​។

អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​ លោក​ង៉ែត​ ជូ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ កាលពី​ម្សិល​ម៉ិញ​នេះ​ថា​ អ្នកឯកទេស​ផ្នែក​ចិត្តវិទ្យា​បាន​រក​ឃើញថា​ ជា​ទ្រឹ​ស្តី​មនុស្ស​រមែង​ចង់​អោយ​ខ្លួនឯង​ល្អ​ និង​ចំ​រ៉ុង​ចំរើន​។ ប៉ុន្តែ​មនុស្សជា​ច្រើន​ពិបាក​នឹង​ប្តូរ​ទម្លាប់​មិនល្អ​ណាស់​។ ដូចជា​យើង​តែង​ឮគំ​និ​តល្អ​ៗថា​ ដើម្បីអោយ​ឆាប់​មាន​សេរីភាព​ហិរញ្ញវត្ថុ​ត្រូវ​សន្សំ​ ឬវិនិយោគ​មុន​ចាយ​។ ប៉ុន្តែ​សួរ​ថា​ធ្វើ​ដូចម្តេច​ទើប​អាច​ប្តូរ​ពី​ទំ​លាប់​ចាយ​មុន​សន្សំ​ឬវិនិយោគ​?។

​លេស​ដដែល​ៗគឺ​បើ​ចាយ​មិនគ្រាន់​ផង​ តើ​ធ្វើ​ដូចម្តេច​ទើប​មាន​លុយ​សន្សំ​ឬវិនិយោគ​? រឿង​ទម្លាប់​នេះ​ ​មិនថា​តែ​លុយកាក់​ទេ​ ការ​ពិសារ​បារី​ និង​គ្រឿងស្រវឹង​ មនុស្ស​សុទ្ធតែ​ដឹង​ថា​មិនល្អ​ចំពោះ​សុខភាព​ និង​ចំណាយ​ប្រាក់​ឥតប្រយោជន៍​ ចុះ​ហេតុអ្វី​នៅតែ​ប្រព្រឹត្ត​? វិ​ធី​ងាយ​ៗបី​យ៉ាងដែល​អាច​ជួយ​ឲ្យ​ លោក​ អ្នកមាន​ទម្លាប់​ចាត់ចែង​លុយកាក់​មាន​ប្រសិទ្ធិ​ភាព​: ដូចជា​ ទី១​ រៀន​ពី​គំ​និ​តល្អ​ៗក្នុង​ការចាត់ចែង​លុយ​ (ឬហៅ​ថា​ចំណេះដឹង​ហិរញ្ញវត្ថុ​) (Learn​ financial​ literacy​): ចំនុច​នេះ​អាច​ជា​ការ​អាន​សៀវភៅ​ ការ​អាន​អត្ថ​បទ​ខ្លី​ៗស្តីអំពី​ការចាត់ចែង​លុយ​ ឬការ​វិនិយោគ​របស់​បុគ្គល​ជោគជ័យ​នានា​ (ដូចជា​លោក​វ៉ារិន​បា​ហ្វេ​រូ​ប៊ឺ​តគី​យូ​សា​គី​។ល។

លោក​បន្ត​ថា​ “ការចូលរួម​សិក្ខាសាលា​ និង​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​ ដែល​មានបទពិសោធន៍​ក្នុង​ការ​សន្សំ​ឬកា​រវិន៊ិ​យោគ​។ ត្រូវ​ចាត់ទុកថា​ ដរាបណា​អ្នក​នៅ​មានជីវិត​ អ្នក​ត្រូវ​រៀន​ជាប់​ជាប្រចាំ​”។ លោក​បន្ថែម​ថា​ “ចូរ​កុំ​គិតថា​ខ្លួន​មាន​សមត្ថភាព​ហើយ​ មិន​ចាំបាច់​រៀន​នោះ​ទេ​”។

​ទី២​ ចូលរួម​ក្នុង​បរិយាកាស​សង្គម​ ដែល​មាន​លក្ខណះ​អំណោយផល​ល្អ​ ក្នុង​ការចាត់ចែង​លុយ​និង​ការ​វិនិយោគ​ (choose​ enabling​ environment​) ពោល​គឺ​អ្នក​ត្រូវ​ចំណាយពេល​ចងមិត្ត​ជាមួយ​អ្នក​ ដែល​ពូកែ​ចាត់ចែង​លុយកាក់​ឬវិនិយោគ​ ចូលរួម​ជាស​មា​ជិ​កក្រុម​សន្សំ​មិត្ត​ជួយ​មិត្ត​ (Friends​ Help​ Friends​ Saving​ Group​) សមាជិក​ក្លឹប​អ្នក​វិនិយោគ​កម្ពុជា​ (Cambodia​ Investors​ Club​)។ល។ បើ​អ្នក​បាន​ចូលខ្លួន​សេពគប់​ជាមួយ​មនុស្ស​ក្នុង​បរិយាកាស​បែបនេះ​ នោះ​អ្នក​នឹង​រវល់​តែ​គិត​រឿង​សន្សំ​-វិនិយោគ​។ ពោល​គឺ​អ្នក​មិន​មាន​ពេល​គិត​ពី​ការ​ប្តូរ​ស៊េរី​រថយន្ត​ ប្តូរ​ទូរសព្ទ​ដៃ​ ដូច​ការ​ចូលក្នុង​ចង្កោម​មនុស្ស​ដែល​និយម​ជីវិត​បែប​ស៊ី​វី​ល័យ​នោះ​ទេ​។

ទី៣​ អនុវត្តន៍​ចំណេះដឹង​ដែល​ទទួល​បាន​ (practice​): ចាប់ផ្តើម​សន្សំ​ឬវិនិយោគ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​។ ការ​ដាក់​ហ៊ុន​វិនិយោគ​ប្រាក់​តិចតួច​រួមគ្នា​លើកដំបូង​ ក៏​ជាការល្អ​ដែរ​ ព្រោះ​អ្នក​នឹង​រៀន​ពី​បទពិសោធន៍​ជាក់ស្តែង​។ អ្នក​នឹង​រៀនធ្វើការ​សំរេចចិត្ត​ រៀនធ្វើការ​ជាមួយ​អ្នកដទៃ​ រៀន​ដោះស្រាយ​បញ្ហា​ រៀន​ទទួលយក​នូវ​ហានិភ័យ​ក្នុង​ការ​វិនិយោគ​។ល។

លោក​ង៉ែត​ ជូ​បាន​បន្ត​ថា​ ពី១គ្រា​ទៅ១គ្រា​ អ្នក​នឹង​កាន់តែ​មានបទពិសោធន៍​ ហ៊ាន​ធ្វើការ​សំរេចចិត្ត​វិនិយោគ​ធំជាង​មុន​ ហ៊ាន​ទទួលយក​ហានិភ័យ​ធំជាង​មុន​។ល។ សម​ដូច​សុភាសិត​ចិន១ឃ្លា​ថា​ “ដំណើរ​រាប់ពាន់​យោ​ជ៍​ចាប់ផ្តើម​ពី១ជំហាន​ដំបូង​។ ដើមឈើ​ទំហំ១អោប​រីក​លូតលាស់​ពី​កូន​រុក្ខជាតិ​ប្រវែង១ថ្នាំងដៃ​”។ មុននឹង​ឈាន​ដល់​មាន​សមត្ថភាព​គ្រប់គ្រង​ចាត់ចែង​ប្រាក់​រាប់​លាន​ដុល្លា​អាមេរិក​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ចាត់ចែង​ប្រាក់ខែ​ដែល​រកបាន​មក​ដោយ​លំបាក​ និង​ធ្វើការ​អោយ​គេ​ប្តូរ​អស់ជីវិត៣០ថ្ងៃ​ទើប​អាច​បើក​បាន​ម្តង​៕