ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​លើ​ការ​ផ្តល់​និ​តិ​វិធី​ច្បាប់​

0
លោក​ឃាង​ ពុទ្ធី​ / លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ឋ ពិសេស​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ជួយ​ពន្លឿន​និ​តិ​វិធី​ ឯកសារ​ពាក់​ព័ន្ឋឲ្យបាន​លឿន​ ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​។

លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គ​លេខាធិ​កា​រង​គណៈស្ថា​បត្យ​កកម្ពុជា​ បាន​មានប្រសាសន៍​ថា​ កាលពី​ព្រឹក​ថ្ងៃទី២៩​ ខែឧសភា​នេះ​ថា​ បច្ចុប្បន្ន​នេះ​នីតិវិធី​នៃ​ការ​រត់​ឯកសារ​ស្នើសុំ​ច្បាប់​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នានា​ គឺ​នៅ​មាន​ភាពយឺត​យ៉ាង​ខ្លាំង​ ហើយក៏​ជា​ការ​រាំងស្ទះ​ដល់​កិច្ច​ ដំណើរការ​អភិវឌ្ឍ​របស់​អ្នក​វិនិយោគ​ផង​ដែរ​។ លោក​បន្ត​ថា​ “រាល់ថ្ងៃ​នេះ​មាន​មន្ត្រី​គ្រាប់ល្ពៅ​ ដែល​ជា​អ្នកចាំ​ចាប់​យក​ឱកាស​ចំណេញ​ផ្ទាល់ខ្លួន​ច្រើន​ ដែល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​នយោបាយ​នៃ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​។

​លោក​បាន​បន្ត​ទៀត​ថា​ “បញ្ហា​ធំ​ដែល​កំពុងតែ​កើ​មាននៅ​ស្រុកខ្មែរ​ច្រើន​សព្វថ្ងៃ​នេះ​ រួមមាន​ដូចជា​ ទំនាស់​ដីធ្លី​ ហើយ​បញ្ហា​ដែល​រាំងស្ទះ​នៅក្នុង​ទំនាស់​ដីធ្លី​ និង​វិស័យ​អចលនទ្រព្យ​ក៏​មាន​ច្រើន​ដែរ​ បានន័យ​ថា​ ចំណុច​វិជ្ជមាន​ក៏​មាន​ ចំណុច​អវិជ្ជមាន​ក៏​មាន​”។លោក​បន្ត​ថា​ “ចំណុច​វិជ្ជមាន​នៅក្នុង​វិស័យ​មួយ​នេះ​ វា​បាន​ចូលរួម​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មាន​កម្លាំង​ និង​ខំប្រឹង​ប្រែង​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​ ប៉ុន្តែ​ចំណុច​អវិជ្ជមាន​គឺ​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួកគេ​មិនបាន​ និង​មិនទាន់ពេល​”។

លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​បាន​បន្ត​ថា​ ភាព​អវិជ្ជមាន​ ភាគច្រើន​កើត​ចេញពី​មន្ត្រី​ដែល​មានចំណេះ​ដឹង​ផ្នែក​ច្បាប់​នៅ​ មានកម្រិត​នៅឡើយ​ ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ស្នើសុំ​ ច្បាប់​អភិវឌ្ឍន៍​ និង​ច្បាប់​ដើម្បី​ដំណើរការ​សាងសង់​។ នៅក្នុង​កិច្ច​ដំណើរការ​ស្នើសុំ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ គឺ​មាន​ចាប់ពី​ច្បាប់​ស្នើសុំ​ធ្វើការ​ឈូស​ឆាយ​ ច្បាប់​លើកស្លា​កផ្សព្វផ្សាយ​ ហើយ​នីតិវិធី​ស្នើសុំ​ជាបន្តបន្ទាប់​ ម្ចាស់​ក្រុមហ៊ុន​ឬម្ចាស់​គម្រោង​ នឹង​ត្រូវ​ធ្វើឡើង​ជាបន្តបន្ទាប់​ជាមួយនឹង​អជ្ញា​ធរ​ក្នុង​តំបន់​ និង​ស្ថាប័ន​ពាក់ព័ន្ធ​។

​លោក​បាន​បន្ត​ថា​ “កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ មាន​មន្ត្រី​ចំរុះ​មួយ​ក្រុម​បាន​អនុវត្ត​ខុសពី​នីតិវិធី​ច្បាប់​ រហូត​ឈាន​ដល់​ការ​ផ្អាក​សកម្មភាព​អភិវឌ្ឍ​ របស់​គម្រោង​បុរី​មួយចំនួន​ដែល​ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប​ ក្រោម​ហេតុផល​លើកឡើង​ថា​ ក្រុមហ៊ុន​ធ្វើសកម្មភាព​អភិវឌ្ឍ​ទាំង​មិន​ស្របច្បាប់​”។ លោក​បន្ត​ថា​ “គ្មាន​អ្នក​វិនិយោគ​ណា​ដែល​យក​ដើមទុន​រាប់​លាន​ដុល្លារ​ មក​ធ្វើការ​វិនិយោគ​ទាំង​ភាព​ប្រថុយប្រថាន​ និង​ខុសច្បាប់​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ អ្វី​ដែល​ជា​បញ្ហា​ គឺ​និ​តិ​វិធី​នៃ​ការ​រត់​ឯកសារ​ត្រូវ​ចំណាយពេល​យូរ​ហួសហេតុ​ពេក​ ដែល​គ្រាន់តែ​ការ​ស្នើសុំ​កាត់​ប្លង់​ទន់​នៅ​សាលាស្រុក​ ត្រូវ​ចំណាយពេល​រហូតដល់៤ខែ​ សួរ​ថា​តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ខែ​ទៀត​ ដើម្បី​បាន​ប្លង់​រឹង​ និង​ប៉ុន្មាន​ខែ​ទៀត​ ដើម្បី​បាន​សិទ្ធិ​ច្បាប់​សាងសង់​គម្រោង​ផ្ទះ​បាន​ទៅ​។ បើ​ការ​ស្នើសុំ​ច្បាប់​យូ​រម្លឹងៗ​ តើ​ក្រុមហ៊ុន​ឯណា​មាន​កម្លាំងចិត្ត​មក​អភិវឌ្ឍ​បាន​។ អាជ្ញាធរ​ខេត្ត​ត្រូវតែ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដើម្បី​ជា​កំលាំង​ចិត្ត​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ មាន​ភាព​រលូន​ល្អ​ស្រប​ទៅតាម​គម្រោង​ប្លង់​មេ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ជំរុញឱ្យ​អជ្ញា​ធរ​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ពន្លឿន​នៅក្នុង​ការងារ​នីតិវិធី​រត់​ច្បាប់​ឯក​សារ​ផ្សេង​ៗ នៅក្នុង​ការសាងសង់​ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​សម្រាប់​វិស័យ​ឯកជន​។

​លោក​បាន​មានប្រសាសន៍​ទៀត​ថា​ “នីតិវិធី​នៃ​ការសម្រប​សម្រួល​ និង​សម្រេច​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​កាលពី​ពេល​កន្លងមក​ គឺ​មាន​ភាពយឺត​យ៉ាវ​ជា​ខ្លាំង​ ដែល​ជាហេតុ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ទៅដល់​ដំណើរការ​ និង​គម្រោង​អភិវឌ្ឍ​នានា​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​ការពិត​ នៅពេល​មានការ​ពន្លឿន​ ក្នុង​ការរៀបចំ​ឯក​សារ​ផ្សេង​ៗ ពិតជា​បាន​ចូលរួម​ជួយ​ដល់​រាជរដ្ឋាភិបាល​ ក្នុង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ ហើយក៏​ជា​ការ​ជួយ​ជំរុញឱ្យ​វិស័យ​សេដ្ឋកិច្ច​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ “ការ​ពន្លឿន​នីតិវិធី​នេះ​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួកគេ​។ នៅពេលនីតិវិធីយឺតយ៉ាវ ធ្វើឱ្យម្ចាស់គម្រោងមួយចំនួនបង្ខំចិត្តសាងសង់ និងលក់ដោយមិនសុំច្បាប់ឱ្យបានត្រឹមត្រូវ”។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជារូបនេះ ក៏បានអំពាវនាវឱ្យប្រជាជន ឬអតិថិជនមុននឹងសម្រេចចិត្តទិញ​គម្រោងអចលនទ្រព្យណាមួយ សូមពិនិត្យឯកសារ ប័ណ្ណកម្មសិទ្ធិ ច្បាប់សាងសង់ ច្បាប់លក់ឱ្យបានត្រឹមត្រូវផង៕

សម្តេច​តេជោ​ជំរុញ​ឱ្យ​ JETRO​ ជួយ​សម្រួល​ក្រុមហ៊ុន​ជប៉ុន​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​អង្គការ​ JETRO​ បន្ត​ជួយ​សម្របសម្រួល​ជាពិសេស​ជំរុញ​ធ្វើ​យ៉ាងណា​ ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នៅតែ​បង្កើត​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ជាពិសេស​នាំ​កសិផល​ពី​ប្រទេស​កម្ពុជា​មក​ទីផ្សារ​ជប៉ុន​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Nbuhiko​ Sasaki​ ប្រធាន​និង​ជានា​យក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (JETRO​) នៅ​ថ្ងៃទី​ ២៩​ ខែ​ ឧសភា​ឆ្នាំ​ ២០១៩​ នេះ​ សម្តេច​បាន​គូសបញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឡើង​ដល់​ជាង២ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​ប្រទេស​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​ជប៉ុន​មាន​ជាង១៦០០លាន​ដុល្លារ​ ហើយ​ជប៉ុន​នាំទៅ​កម្ពុជា​វិញ​មានតែ៩០០លាន​ប៉ុណ្ណោះទេ​។

សម្តេច​តេជោ​ក៏​ ជំរុញ​បន្ថែម​ទៀត​ ក្នុង​ការនាំចូល​ផលិតផល​កសិផល​របស់​កម្ពុជា​ជាពិសេស​នូវ​វត្ថុធាតុដើម​កែច្នៃ​ ពី​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​។សម្តេច​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ចរចា​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា​ ដែល​ជា​ចំណុច​សំខាន់​សំរាប់​អ្នក​វិនិយោគ​ និង​ទី២​ ពាក់ព័ន្ធ​ទៅ​នឹង​ពន្ធ​កាត់​ទុក​មួយភាគរយ​នេះ​ សម្តេច​នឹង​ពិចារណា​ក្នុង​ការលុបចោល​។

លោក​ Nbuhiko​ Sasaki​ ប្រធាន​ និង​ជានា​យក​ប្រតិបត្តិ​ថ្មី​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ​(JETRO​) បាន​សម្តែង​ការ​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​កែសម្រួល​បរិយាកាស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដែល​ការ​កែសម្រួល​ទាំងអស់​នោះ​គឺ​បាន​ចំណេញពេលវេលា​ច្រើន​ ដោយសារ​ការកាត់បន្ថយ​នូវ​ការ​ត្រួតពិនិត្យ​កាំកុងត្រូល​ និង​ថ្លៃ​សេ​វា​ផ្សេង​ៗ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​បាន​ចាត់ទុកថា​ភាគី​ជប៉ុន​ ពិតជា​រីករាយ​ក្នុង​ការ​មក​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ការ​ធ្វើ​លើ​វិស័យ​ដឹកជញ្ជូន​នេះ​។ លោក​បន្ត​ថា​ ការ​បើក​ការិយាល័យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១០​ ដែល​ពេលនោះ​មានតែ​ក្រុមហ៊ុន៤៥ទេ​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ តាម​ការ​កត់ត្រា​របស់​អង្គការ ​JETRO​ កើនឡើង​រហូតដល់២១៦ក្រុមហ៊ុន​។

លោក​ ណូ​ប៊ី​ហ៊ី​កូ​ សា​សា​គី​បាន​មានប្រសាសន៍​ថា​ លោក​មាន​ផែនការ​ក្នុង​ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) ផង​ដែរ​ ជាពិសេស​លោក​ផ្ទាល់​ និង​លោក​សុខ​ ចិន្តា​សោភា​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នឹង​ធ្វើការ​ជាមួយគ្នា​ ហើយនឹង​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​ជប៉ុន​ផង​ដែរ​ ជាពិសេស​ដើម្បី​ជំរុញ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​។

លោក​បាន​រំលឹក​កាលពី​ខែ​មិនា​ ឆ្នាំ២០១៩នោះ​ ជា​អ្វី​ដែល​អង្គការ​ JETRO​ បាន​ទទួល​បាន​នោះ​ គឺ​នៅពេល​ដែល​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ដឹកនាំ​នៃ​វេទិកា​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ដែល​បាន​កើត​នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អ​៕

ក្រុមហ៊ុន​ ​Royal​ Railway​ បញ្ជាទិញ​ក្បាលរថភ្លើង​ចំនួន​ ១០គ្រឿង​បន្ថែម​ទៀត​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​ Royal​ Railway​ របស់​អ្ន​កឧក​ញ្ញ៉ា​ គិត​ ម៉េ​ង បាន​បញ្ជាទិញ​ក្បាលរថភ្លើង​ចំនួន​ ១០គ្រឿង​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា​។

ប្រភព​ច្បាស់ការ​មួយ​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២៩​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ក្បាល​រថភ្លើង​ទាំង​ ១០​ នេះ​ បាន​បញ្ជាទិញ​ពី​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ក្បាលរថភ្លើង​មួយចំនួន​ត្រូវ​បាន​ដឹក​មកដល់​កម្ពុជា​ និង​មួយចំនួន​ទៀត​នឹង​ត្រូវ​ដឹក​មក​ជាបន្តបន្ទាប់​តាម​ក្រោយ​។

ក្រុមហ៊ុន​ Royal​ Railway​ គឺជា​ក្រុមហ៊ុន​ដ៏​ធំ​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​វិស័យ​រថភ្លើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ផ្អាក​ធ្វើអាជីវកម្ម​ម្តង​ តែ​ក្រោយមក​ក៏បាន​ប្រកាស​ឲ្យ​ដំណើរការ​ធម្មតា​ឡើងវិញ​ ដរាបណា​កិច្ច​ព្រមព្រៀង​ថ្មី​ និង​ដៃគូ​វិនិយោគ​ថ្មី​ មិនទាន់​មាន​ និង​មិនទាន់​បាន​ធ្វើឡើង​។

សម្តេច​តេជោ​បញ្ជាក់​ថា​ នៅពេល​ដែល​រក​ដៃគូ​វិនិយោគ​ថ្មី​បាន​ហើយ​នោះ​ ក្រុមហ៊ុន​ Royal​ Railway​ ក៏អាច​ចូល​ទុន​ក្នុង​គម្រោង​វិនិយោគ​ថ្មី​បាន​ ដើម្បី​មានឱកាស​ពង្រីក​វិសាលភាព​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ បាន​កាន់តែ​ទូលំទូលាយ​ ដោយ​សម្តេច​ចង់បាន​ផ្លូវដែក​ ដែល​មានដំណើរ​ការ​ដឹកជញ្ជូន​ មាន​ភាព​រស់រវើក​ និង​សកម្ម​។

ជាមួយគ្នា​នេះ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏បាន​សម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​រេ​វ៉េ​ (Royal​ Railway​) របស់​អ្នកឧកញ៉ា​ គិត​ ម៉េ​ង បន្ត​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ តាមផ្លូវ​ដែក​ភាគ​ខាងត្បូង​ដដែល​ (ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​) ។

ការ​ផ្តល់​បន្ត​ប្រតិបត្តិ​ឡើងវិញ​នេះ​ដោយសារ​ ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ ក្នុង​ការសិក្សា​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ លើ​លក្ខខណ្ឌ​គិត​យុត្តិ​ និង​បច្ចេកទេស​ ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ផ្លូវដែក​ ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​រេ​វ៉េ​បន្ត​ប្រតិបត្តិ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ តាមផ្លូវ​ដែក​ភាគ​ខាងត្បូង​ដដែល​។

ទន្ទឹម​នោះ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​នោះ​អាច​មានការ​ចូលរួម​ពី​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វ៉េ​ ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង​ និង​ភាគ​ខាងត្បូង​ ឲ្យ​សមស្រប​ទៅ​នឹង​តម្រូវការ​ ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ ក្រុមហ៊ុននាំចេញ​ និង​នាំចូល​ ពាណិជ្ជករ​ កសិករ​ និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់​ដា​អន្តរជាតិ​ និង​ធ្វើឲ្យ​ មាន​ភាព​ជឿជាក់​ មាន​សុវត្ថិភាព​ និង​មានតម្លៃ​សមរម្យ​។

ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​ រ៉េ​លវ៉េ​ បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​ប្តេជ្ញា​ខិតខំ​សហការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ទាំង​ការ​ដឹកជញ្ជូន​ ភ្ញៀវ​អ្នកដំណើរ​ ប្រេង​ សាំង​ ធ្យូងថ្ម​ និង​ទំនិញ​នានា​ជាច្រើន​មុខ​ទៀត​តាម​ទូ​ កុងតឺន័រ​ មិន​ឲ្យ​រាំងស្ទះ​ឡើយ​៕

រដ្ឋាភិបាល​ចំណាយ​ទឹកប្រាក់​ ៤០០លាន​ដុល្លារ​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ថ្មី​ៗមួយចំនួន​ ដែល​ចូលរួម​កាត់បន្ថយ​ ថ្លៃ​ចំណាយ​ធុរកិច្ច​របស់​អ្នក​វិនិយោគ​សរុប​ប្រមាណ​ជា​ ៤០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ សំដៅ​ចូលរួម​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​។

សម្តេច​តេជោ​ បាន​ថ្លែង​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-វិស័យ​ឯកជន​លើក​ទី១៨​ ដែល​វេទិកា​នេះ​ផ្ដល់​ឱកាស​ដល់​ផ្នែកឯកជន​លើកឡើង​នូវ​បញ្ហា​ប្រឈម​ និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​ និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​នៅ​ថ្ងៃទី​ ២៩​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ វិធានការ​ទាំង​ នោះ​ រួមមាន​៖

ក. ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​កាត់បន្ថយ​ចំណាយ​ធុរកិច្ច​

១- ការ​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ដោយ​រក្សាទុក​តែ​ភ្នាក់ងារគយ​ប៉ុណ្ណោះ​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ទីកន្លែង​ត្រួតពិនិត្យ​ ទំនិញ​ នាំចេញ​-នាំចូល​ ផ្សេងទៀត​។

២- ការលុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ ហៅ​កាត់​ថា​ កាំសាប​។

៣- ដូច​បាន​កំណត់​ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០១៥​-២០២៥​ យើង​បាន​ចាប់ផ្តើម​បញ្ចុះតម្លៃ​អគ្គិសនី​ជំហាន​ដំបូង​ចំនួន២សេន​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ សម្រាប់​អ្នកប្រើ​ប្រាស់​ប្រភេទ​ឧស្សាហកម្ម​ ចាប់ពី​ឆ្នាំ២០១៩នេះ​តទៅ​ និង​សិក្សា​លទ្ធភាព​បញ្ចុះ​ថ្លៃ​ជាបន្តបន្ទាប់​ទៀត​។

កន្លងទៅ​នេះ​យើង​ក៏​មានការ​សោក​ស្តាយ​ចំពោះ​ការរអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​តាម​បរិមាណ​ និង​គុណភាព​មិន​គ្រប់គ្រាន់​ដោយ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ ធ្វើ​ឱ្យ​ថាមពល​ដែល​មាន​ប្រភព​ពី​វារីអគ្គិសនី​ផលិត​ក្រោម​កម្រិត​ធម្មតា​។ នៅ​ឆ្នាំខាងមុខ​យើង​នឹង​បន្ថែម​ការ​ផ្គត់ផ្គង់​ក្នុង​បរិមាណ​ប្រមាណ​ ៥០០ម៉េ​ហ្គា​វ៉ាត់​ ពី​ប្រភព​នានា​រួម​ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។

៤- ការកាត់បន្ថយ​ ចំនួន​ថ្ងៃឈប់​សម្រាក​បុណ្យ​ និង​ទិវា​ពី​ ២៨ថ្ងៃ​ មក​ ២១ថ្ងៃ​ ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ឆ្នាំ២០២០តទៅ​។៥- ការ​បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត​ និង​ការ​មិន​តម្រូ​វឱ្យ​ស្កែ​នកុង​តឺន័​ររបស់​ក្រុមហ៊ុន​ដែល​មាន​អនុលោម​ភាពល្អ​ (Best​ trader​)។

ខ. ក្របខណ្ឌ​ច្បាប់​ស្ដីពី​ការ​វិនិយោគ​នៅ​កម្ពុជា​

ការ​បញ្ចប់​សេចក្ដីព្រាង​ច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឱ្យ​បាន​រួចរាល់​នៅ​ចុងខែ​មិថុនា​ ឆ្នាំ២០១៩នេះ​ ដែល​ច្បាប់​ថ្មី​ទាំងពីរ​នេះ​មាន​គោលបំណង​បង្កើន​ទំនើបកម្ម​ និង​ផលិតកម្ម​នៃ​ឧស្សាហកម្ម​ក្នុង​ស្រុក​ ពង្រឹង​ការ​តភ្ជាប់​ទៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​និង​សកល​ មាន​លក្ខណៈ​ប្រកួតប្រជែង​ និង​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​។

ជាពិសេស​ ច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​នេះ​ នឹង​ផ្ដល់​ការ​លើកទឹកចិត្ត​បន្ថែម​ចំពោះ​ បណ្ដា​សកម្មភាព​មួយចំនួន​លើស​ពី​ច្បាប់​ចាស់​ដូចជា​ សកម្មភាព​ ដែល​គាំទ្រ​ដល់​ការផលិត​ជំនួស​ការនាំចូល​ និង​ការ​ចំណាយ​ទៅលើ​សុខុមាលភាព​របស់​កម្មករ​ និយោជិត​ ដូចដែល​ក្រុមហ៊ុន​ជប៉ុន​ កន្លងមក​បាន​អនុវត្ត​ ប៉ុន្តែ​មិន​ទទួល​បានការ​លើកទឹកចិត្ត​។

ជាមួយគ្នា​នេះ​ កម្ពុជា​-ជប៉ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការចរចា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ សម្តេច​តេជោ​សង្ឃឹមថា​ ប្រទេស​យើង​ទាំងពីរ​នឹងអាច​បញ្ចប់​ការចរចា​កិច្ច​ព្រមព្រៀង​នេះ​ឱ្យ​បាន​ឆាប់រហ័ស​នា​ពេល​ខាងមុខ​។

កិច្ច​ព្រមព្រៀង​ និង​អនុស្សារ​ណៈ​យោគយល់​គ្នា​ទាំងនេះ​ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ និង​ទាក់ទាញ​ការ​វិនិយោគ​ ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​៕

រយៈពេល​ ២៥ឆ្នាំ​ កម្ពុជា​ទទួល​ទុន​វិនិយោគ​ជប៉ុន​ ២,៥ពាន់​លាន​ដុល្លារ

0
គម្រោងអគារខុនដូ Bodaiju

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ គិត​ពីឆ្នាំ១៩៩៤​ រហូតដល់​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ (រយៈពេល​ ២៥​ ឆ្នាំ​ ) ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​ គម្រោង​វិនិយោគ​ របស់​ក្រុមហ៊ុន​ជប៉ុន​ ចំនួន​ ១៣៧គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ ២,៥ពាន់​លាន​ដុល្លារ​អាមេរិក​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​ឲ្យដឹង​សិក្ខាសាលា​ ស្ដី​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី​ ២៩​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​គម្រោង​វិនិយោគ​ទាំងអស់​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេ​ឡិក​ត្រូ​និក​ គ្រឿង​បង្គុំ​រថយន្ត​ និង​សម្ភារៈ​បរិ​ក្ខា​បច្ចេកទេស​ កសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

ក្រៅពី​គម្រោង​វិ​និ​-យោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ ក៏​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ ធំ​ ទាំង​តូច​ ចំនួន​ប្រមាណ១.៧០០ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ ក្នុង​វិស័យ​ ជាច្រើន​ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ ភោជនីយដ្ឋាន​ ជាដើម​។

សម្តេច​បន្ថែម​ថា​ ចំពោះ​វិស័យ​ធនាគារ​ បច្ចុប្បន្ន​មាន​ធនាគារ​ដែល​មាន​ភាគហ៊ុន​ជប៉ុន​ចំនួន​ ៦ កំពុង​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ក្នុង​នោះ​ធនា​គា​រមីហ្ស៊ូហូ​ជា​ធនាគារ​ជប៉ុន​លំដាប់​អន្តរជាតិ​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។សម្តេច​តេជោ​បន្ថែម​ថា​ ចំណែក​វិស័យ​ទេសចរណ៍​ ក្នុង​ត្រីមាស​ទី១​ ឆ្នាំ​២០១៩​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ ជប៉ុន​ប្រមាណ​ជាង៦ម៉ឺន​នាក់​ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ ២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

កំណើន​នៃ​ប្រជាជន​កម្ពុជា​មក​ប្រទេស​ជប៉ុន​ក៏​មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ គឺ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​ នៅ​ឆ្នាំ២០១៨កន្លងទៅ​កំណើន​នៃ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​ ៣៤​%។

រាជរដ្ឋាភិបាល​ នីតិកាល​ ទី៦​ នៃ​រដ្ឋសភា​ និង​កំពុង​អនុវត្ត​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០១៥​-២០២៥​ ដែល​ ជា​ យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ថ្មី​ សំដៅ​ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ២០២៥​។

គោលនយោបាយ​នេះ​បាន​កំណត់​ប្រភេទ​ឧស្សាហកម្ម​អាទិភាព​ចំនួន៥រួមមាន​៖ ១) ឧស្សាហកម្ម​ ឬកម្មន្ត​សាល​ថ្មី​ៗដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់​ មាន​ភាព​ច្នៃប្រឌិត​ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​២) សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​៣) ផលិតកម្ម​ កសិ​-ឧស្សាហកម្ម​ដែល​បម្រើ​ឱ្យ​ការនាំចេញ​ និង​ទីផ្សារ​ក្នុង​ស្រុក​៤) ប្រភេទ​​ឧស្សាហកម្ម​គាំទ្រ​ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​កាត់ដេរ​ ព្រមទាំង​ឧស្សាហកម្ម​ បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ ដែល​ជា​ឧស្សាហកម្ម​តភ្ជាប់​ទៅ​ទីផ្សារ​ ឬខ្សែ​ចង្វាក់​តម្លៃ​សកល​៥) ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​៕

សម្តេច​តេជោ​សម្រេច​ដកចេញ​ ”ពន្ធកាត់​ទុក​ ១%“ ដើម្បី​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​

0

ដោយ ​វុត្ថា

ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​ដកចេញ​នូវ​ “ពន្ធ​កាត់​ទុក​” (១%) ដែល​បាន​តម្រូវ​អោយ​ពាណិជ្ជករ​បង់​មុន​ ទោះបី​ចំណេញ​ ឬខាត​ក៏ដោយ​។

នៅក្នុង​សិក្ខាសាលា​ស្ដី​អំពី​ ” បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​” ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៩​ ឧសភា​ ២០១៩​ សម្តេច​តេជោ​ បាន​ឲ្យដឹង​ថា ​“ពន្ឋ​កាត់​ទុក​” នេះ​គឺ​នឹង​ត្រូវ​លុបចោល​ ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​។

សម្តេច​បន្ត​ថា​ ដូច្នេះ​ការ​បញ្ចប់​ពន្ធ​កាត់​ទុក​នេះ​ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​ (១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការប្រកួត​ប្រជែង​ក្នុង​ការ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ហើយក៏​នឹង​ជួយ​ដល់​ផ្នែកឯកជន​ក្នុង​ការ​រក្សា​បាន​នូវ​ទុន​បន្ថែម​ ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​ ។

ចំពោះ​ពេលវេលា​នៃ​ការអនុវត្ត​ សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ សិក្សា​ផ្ដល់​យោបល់​។ ប៉ុន្តែ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ការអនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០១៩​ ឬក៏​ឲ្យបាន​លឿន​ជាង​នេះ​ តាមដែល​អាច​ធ្វើ​ទៅ​បាន​។

ទន្ទឹម​នឹង​ការ​ដកចេញ​នូវ​ “ពន្ឋ​កាត់​ទុក​” យើង​សង្ឃឹមថា​ក្រុមហ៊ុន​ឯកជន​នានា​នឹង​រកស៊ី​បង់​ពន្ឋ​អោយ​បាន​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល​ ដើម្បី​យើង​រីកចម្រើន​ទាំងអស់គ្នា​៕

កម្ពុជា​ចុះហត្ថលេខា​បង្កើន​វិស័យ​ទេសចរណ៍​ជាមួយ​ខេត្ត​ជា​លី​នរ​បស់​ចិន​

0

ដោយ ​វុត្ថា​

កោះ​កុងៈ​ ខេត្តកោះកុង​ដែល​ជា​ខេត្ត​មាត់សមុទ្រ​ និង​ជាប់​ព្រំដែន​ថៃ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ រវាង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ ជាមួយ​មន្ទីរ​វប្បធម៌​ និង​ ទេសចរណ៍​ ខេត្ត​ជា​លីន​ ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ធនធានមនុស្ស​ លើ​វិស័យ​ទេសចរណ៍​ឱ្យ​រីកចម្រើន​ ក្នុង​គោលដៅ​ផ្លាស់​ប្តូរ​មុខមាត់​ខេត្តកោះកុង​ ឱ្យ​ក្លាយទៅជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។

អភិបាលខេត្ត​កោះកុង​ លោកស្រី​មិថុនា​ ភូ​ថង​ បាន​ឲ្យដឹង​កិច្ចប្រជុំ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​អភិបាលខេត្ត​ជា​លីន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ខេត្តកោះកុង​ នៅ​តំបន់​តារា​សាគរ​ ស្ថិត​ក្នុង​ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ កន្លងមក​ខេត្តកោះកុង​ ទទួល​បាន​ក្រុមហ៊ុន​ជាច្រើន​ចូល​មក​ដាក់​ទុន​វិនិយោគ​ ហើយ​ខេត្ត​មាន​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ ពិតជា​មាន​សក្តា​នុ​ពល​អាច​បម្រើ​វិស័យ​សេដ្ឋកិច្ច​ និង​ទេសចរណ៍​។

លោកស្រី​បន្ត​ថា​ “ការបង្កើត​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហ​សប្រ​តិប​ត្តិ​ការ​រវាង​ខេត្ត​ជា​លី​ននៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ ខេត្តកោះកុង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឈាន​ដល់​ការ​ចងសម្ព័ន្ធ​មេត្រីភាព​ខេត្ត​ជា​បងប្អូន​ ។ កិច្ច​សហប្រតិបត្តិ​ការ​រវាង​ខេត្ត​ទាំងពីរ​ ដែល​នឹង​នាំមក​នូវ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​ ទេសចរណ៍​ ស្របតាម​គោលបំណង​របស់​ប្រទេស​ទាំងពីរ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បាន​ថ្លែង​កន្លងមក​នេះ​ថា​ ខេត្តកោះកុង​ជា​តំបន់​ ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ទៅជា​តំបន់ឧស្សាហកម្ម​ ដោយសារតែ​កត្តា​ភូមិសាស្ត្រ​អំណោយផល​ខ្លួនឯង​ផ្ទាល់​ ព្រំប្រទល់​ជាប់​ខេត្ត​ព្រះសីហនុ​ ជាពិសេស​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ ដែល​ជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​ការ​នាំ​ទំនិញ​ចេញចូល​ផង​ដែរ​។ បច្ចុប្បន្ន​មាន​មាន​វិនិយោគិន​ទាំង​ជាតិ​ និង​អន្តរជាតិ​បាន​ចំណាយ​លុយរាប់​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​គម្រោង​អភិ​វឌ្ឍ​ធំៗ​នៅ​ខេត្ត​នេះ​ផង​ដែរ​។

សម្តេច​បន្ត​ថា​ គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​ប្រែក្លាយ​ខេត្ត​ កោះកុង​ជា​តំបន់​អភិវឌ្ឍ​ជាបន្តបន្ទាប់​ ជាក់ស្តែង​ដូចជា​គម្រោង​ទីក្រុង​វិស្សមកាល​ ទេសចរណ៍​តារា​សាគរ​នេះ​ជាដើម​ ដែល​បាន​ប្រមូល​ផ្តុំ​ចំរុះ​ទៅ​ដោយ​ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សណ្ឋាគារ​ផ្កាយ៥​ ខុន​ដូ​ បឹង​កាឡូ​ អគារ​ការិយាល័យ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ទីលាន​វាយកូនគោល​ និង​សួន​កំសាន្ត​ខ្នាត​អន្តរជាតិ​ជាដើម​។ គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​នៅ​ខេត្តកោះកុង​ដ៏​ធំ​បែបនេះ​ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន​ថែមទៀត​មកកាន់​កម្ពុជា​។

ខេត្តកោះកុង​កំពុង​ប្រែក្លាយ​ខ្លួន​ ជា​តំបន់​អភិវឌ្ឍ​មួយ​កាន់តែ​មាន​សក្តា​នុ​ពល​ តាមរយៈ​គម្រោង​អភិវឌ្ឍ​នានា​។ ជាមួយគ្នា​នោះ​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​តាម​ច្រកព្រំដែន​កម្ពុជា​-ថៃ​ បាន​ធ្វើអោយ​លំហូរ​ទេសចរណ៍​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ជាពិសេស​បាន​ប្រែក្លាយ​តំបន់​ព្រំដែន​ ទៅជា​តំបន់​ដែល​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​ជានិច្ច​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​។ បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​ កំពុង​តភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​ ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​នេះ​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​៕

សម្តេច​តេជោ​៖ កម្ពុជា​ពិតជា​ត្រូវការ​អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​បន្ថែម​ទៀត​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យដឹង​ថា​ កម្ពុជា​ពិតជា​ត្រូវការ​ការ​វិនិយោគ​ពីជ​ប៉ុន​បន្ថែម​ទៀត​ ខណៈ​សកម្មភាព​ធុរកិច្ច​ និង​ក្រុមហ៊ុន​វិនិយោគ​ដែល​កំពុង​វិនិយោគ​ នៅ​នៅក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​មាន​សក្តា​នុ​ពល​ដែល​ផ្តល់​នូវ​បរិ​យា​កា​ និង​គុណភាព​ខ្ពស់​ផ្តល់​តំលៃ​បន្ថែម​ខ្ពស់​ និង​ផ្តល់​បរិស្ថាន​ការងារ​ល្អ​ដល់​កម្មករ​ និយោជិត​។

ថ្លែង​ក្នុង​សិក្ខាសាលា​ជាមួយ​អ្នក​វិនិយោគ​ជប៉ុន​ ដែល​រៀបចំ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សហការ​ជាមួយ​ JETRO​ នៅក្នុង​កំពុង​ពេល​សម្តេច​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នា​ព្រឹក​ថ្ងៃទី២៩​ ឧសភា​នេះ​ សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ ការ​វិនិយោគ​របស់​ជប៉ុន​ ក៏បាន​ផ្តល់​ជូន​នូវ​ការរស់នៅ​ជូន​ដល់​កម្មករ​ និយោជិត​កម្ពុជា​ដែល​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ផ្តល់​ឪកាស​ការងារ​សមរម្យ​ ​; រក្សា​កំណើន​សេដ្ឋកិច្ច​ និង​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ឧស្សាហកម្ម​នៅ​កម្ពុជា​។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ “ការ​វិនិយោគ​ទាំងនេះ​ មិន​ត្រឹមតែ​ផ្តល់​នូវ​ប្រាក់ចំណេញ​ដល់​អ្នក​វិនិយោគ​ប៉ុណ្ណោះទេ​ តែ​ជា​ការ​រួមចំណែក​ចូលរួម​ថែរក្សា​ស្ថេរ​ភាព​យូ​អង្វែង​នៅ​កម្ពុជា​ ក៏ដូចជា​ នៅក្នុង​តំបន់​ក្នុង​គ្រប់​បរិការណ៍​នៃ​ដំណើរការ​អភិ​ឌ្ឍ​ន៍​នៃ​ឧស្សាហកម្ម​របស់​ខ្លួន​”។សម្តេច​បន្ថែម​ថា​ “កម្ពុជា​ពិតជា​ត្រូវការ​វិនិយោគិន​ជប៉ុន​បន្ថែម​ និង​កាន់តែ​ច្រើន​ថែមទៀត​ លើ​គ្រប់​វិស័យ​ដូច​ការ​កែ​ឆ្នៃ​ម្ហូបអាហារ​ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​នៅក្នុង​ស្រុក​ អេកូ​ទេសចរណ៍​ ឧស្សាហកម្ម​តភ្ជាប់​ ខ្សែ​ចង្វាក់​ឧស្សាហកម្ម​ផលិតកម្ម​ នៅក្នុង​តំបន់​ និង​មជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​សម្រាប់​វិស័យ​ឧស្សាហកម្ម​កម្ពុជា​”។

សម្តេច​បញ្ជាក់​ថា​ យុទ្ធ​សាស្រ្ត​អាស៊ាន​បូក១​ (លប់​បំបាត់​កាំសាប​) របស់​រដ្ឋាភិបាល​កម្ពុជា​ នឹង​អា​ជួយ​ដល់​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​នៅ​ប្រទេស​ថៃ​ មីយ៉ាន់ម៉ា​ វៀតណាម​ និង​បណ្តា​ប្រទេស​ផ្សេងទៀត​ ឲ្យ​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ តែ​ក្នុង​ន័យ​នេះ​ គឺ​មិនមែន​មានន័យថា​ ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ដកខ្លួន​ ឬផ្ទេរ​រោង​ចក​ចក្រ​ចចេញ​ពី​ការ​វិយោគ​នៅក្នុង​បណ្តា​ប្រទេស​ទាំងនោះ​ទេ​ តែ​ខ្សែ​សង្វាក់​ផលិតកម្ម​អាច​ពង្រីក​មកកាន់​កាន់​កម្ពុជា​បាន​។

សម្តេច​ក៏បាន​ប្រកាស​ស្វាគមន៍​ អ្នក​វិនិយោគ​ទាំងអស់​ជា​ពិ​សេ​វិនិយោគិន​ជប៉ុន​ដែល​បាន​ម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ និង​បាន​ជ្រើសរើស​កម្ពុជា​ជាគោល​ដៅ​វិនិយោគ​ដ៏​មាន​សក្តា​នុ​ពល​ក្នុង​ការ​ចាប់ផ្តើម​ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ បន្ថែម​ពីនេះ​សម្តេច​ ក៏បាន​អំពាវនាវ​ក្រុមហ៊ុន​វិនិយោគ​ផ្សេងទៀត​ ជាពិសេស​វិនិយោគិន​ជប៉ុន​ដែល​មិនទាន់​បាន​មក​សិក្សា​ស្វែងរក​ឪកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ គួរតែ​មក​ស្វែងរក​ឪកាស​វិយោគ​បន្ថែម​ ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​នឹង​ជួយ​សម្រួល​ដល់​លិខិត​បទដ្ឋាន​ និង​ ការ​ងារ​ផ្សេង​ៗដើម្បីឲ្យ​មាន​ភាព​ងាយស្រួល​កាន់​ល្អ​បន្ថែម​ទៀត​។

លោក​ឧកញ៉ា​លឹម​ ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការ​អញ្ជើញ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នៅ​ប្រទេស​ជប៉ុន​ នឹងអាច​ទាក់ទាញ​អ្នក​វិនិយោគ​ជន​ប៉ុន​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ និង​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ “ការនាំចេញ​ពី​កម្ពុជា​ ទៅកាន់​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ ហើយ​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ ក៏បាន​និង​កំពុង​កើនឡើង​ផង​ដែរ​”។

បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា​មាន​ច្រើនជាង​គេ​ គឺ​វិស័យ​វាយ​ណភ័​ណ្ឌ​ អចលនទ្រព្យ​ មណ្ឌល​ពាណិជ្ជកម្ម​ ទេសចរណ៍​ សេវាកម្ម​សុខាភិបាល​៕

លោក​ឧកញ៉ា​លឹម​ ហេង​ បង្ហើប​ពីក​ត្តា​ចំនួន៣ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​វិស័យ​ជំនួញ​ មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួម​ប្រឡូក​ សុទ្ធតែ​ប្រាថ្នា​ចង់បាន​លទ្ធផល​ល្អ​ប្រសើរ​ និង​ភាព​ជោគជ័យ​ ប៉ុន្តែ​ទាស់​ត្រង់ថា​តើ​គួរ​ធ្វើអ្វី​ខ្លះ​ដើម្បី​ទទួល​បាន​ភាពល្អ​ប្រសើរ​លើ​មុខ​ជំនួញ​ទាំងនោះ​។

លោក​ឧកញ៉ា​ លឹម​ ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហើប​ប្រាប់​ថា​ ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​ អ្នក​វិនិយោគ​ទាំងអស់​ត្រូវ​ចេះ៣ចំណុច​ជាចាំបាច់​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​ មិនថា​ចំពោះតែ​ក្រុមហ៊ុន​តូច​ ឬ ធំ​នោះ​ទេ​ គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​មាន​ចក្ខុវិស័យ​ និង​យុទ្ធសាស្ត្រ​ ក្នុង​ការអនុវត្ត​ច្បាស់លាស់​ ហើយ​ដាច់ខាត​ត្រូវតែ​ប្រាកដ​ថា​មាន​លទ្ធផល​ល្អ​ដល់​ក្រុមហ៊ុន​។

លោក​ឧកញ៉ា​បន្ថែម​ថា​ “មុខ​ជំនួញ​មួយ​អាច​ដំណើរការ​ទៅមុខ​ ប្រកបដោយ​ភាព​រលូន​ជាមួយនឹង​ការ​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​បាន​ គឺ​អាស្រ័យ​ទៅលើ​ចំណុច៣សំ​ខាន់​ៗ រួមមាន​ ការ​ចេះ​ចាប់​ឱកាស​ ការ​ចេះ​បង្កើត​ឱកាស​ និង​ការ​ចេះ​ផ្តល់​ឱកាស​”។

ការ​ចេះ​ចាប់​ឱកាស

ជាទូទៅ​ការ​ប្រកប​មុខ​ជំនួញ​ គឺ​សុទ្ធតែ​មានការ​អនុគ្រោះ​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​ផ្តល់​ឱកាស​ និង​អនុគ្រោះ​ដល់​វិស័យ​ឯកជន​ទាំងអស់​។ ដូច្នេះ​សម្រាប់​អ្នកជំនួញ​ត្រូវតែ​ចេះ​សង្កេតមើល​ និង​ចាប់​យក​ឱកាសល្អ​ ដើម្បី​អនុវត្ត​នូវ​ផែនការអាជីវកម្ម​របស់​ខ្លួន​ នៅ​លើ​ទីផ្សារ​ឱ្យ​បាន​ទាន់ពេល​ ព្រោះ​ឱកាស​ដែល​អាច​អំណោយផល​ដល់​អាជីវកម្ម​និ​មួយ​ៗ មិនមែន​សុទ្ធតែ​មាន​គ្រប់ពេលវេលា​ទាំងអស់​នោះ​ទេ​ ។

ការ​ចេះ​បង្កើត​ឱកាស​

​ការ​ចេះ​បង្កើត​ឱកាស​វា​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ សម្រាប់​គ្រប់​អ្នកជំនួញ​ទាំងអស់​ ដែល​ក្នុង​នោះ​រាប់ទាំង​អស់​ប្រកប​អាជីវកម្ម​ខ្នាត​តូច​ផង​ដែរ​។ គ្មាន​ឱកាស​ណា​ដែល​រត់​មករ​កអ្នក​ ឬរង់​ចាំ​អ្នកនោះ​ទេ​ ប្រការ​ដែល​សំខាន់​ គឺ​ការ​ចេះ​បង្កើត​វា​ដោយខ្លួនឯង​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ក៏ដូចជា​ដៃគូ​វិនិយោគ​នានា​ ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​។ មានន័យថា​ នៅក្នុង​ដំណើរ​អាជីវកម្ម​មួយ​ត្រូវតែ​មានការ​ណែនាំ​ពី​ខ្លួន​ ណែនាំ​ពី​ផលិតផល​របស់​ក្រុមហ៊ុន​ទៅកាន់​ទីផ្សារ​រួម​ ដើម្បី​អាច​ទទួល​បានការ​គាំទ្រ​ និង​សហការ​ពី​បណ្តា​ដៃគូ​ផង​ដែរ​។

ការ​ចេះ​ផ្តល់​ឱកាស​

ក្រុមហ៊ុន​មួយ​ដែល​មានការ​រីកចម្រើន​ និង​អាច​ដំណើរការ​ប្រកបដោយ​ភាព​ជោគជ័យ​ គឺ​មិនមែន​មានតែ​អ្នកដឹកនាំ​ ឬម្ចាស់​អាជីវកម្ម​ធ្វើឡើង​តែម្នាក់ឯង​នោះ​ទេ​ គឺ​ត្រូវតែ​មានការ​ចូលរួម​ពី​សមាសភាព​មនុស្ស​ ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងអស់​។ ដូច្នេះ​គ្រប់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ត្រូវតែ​ចេះ​ចែករំលែក​ និង​ផ្តល់​ឱកាស​ទៅដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​ដៃគូ​វិនិយោគ​រួមគ្នា​ ដើម្បី​អាច​ទទួល​បានផល​វិជ្ជមាន​ទាំងអស់គ្នា​។

ការ​ទទួល​បានផល​រួមគ្នា​នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ វា​ជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​នៅក្នុង​ដំណើរ​ប្រតិបត្តិ​ការ​ ក៏ដូចជា​បើក​ទីផ្សារ​ឱកាន់តែ​ធំ​ទូលាយ​។ ធ្វើ​រួមគ្នា​ ដំណើរការ​រួមគ្នា​ ជោគជ័យ​លើ​មុខ​ជំនួញ​ទាំងអស់គ្នា​៕

រក​ឃើញ​ទឹកជ្រោះ​ដ៏​ស្រស់​ស្អាត​ចំនួន​ពីរ​ទៀត​នៅ​រមណីយដ្ឋាន​គិរីរម្យ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ទឹកធ្លាក់​និង​ទឹកជ្រោះ​ដ៏​ស្រស់​ស្អាត​ចំនួន​ពីរ​ទៀត​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឧទ្យានជាតិ​ព្រះកុសុមៈ​គិរីរម្យ​ ដែល​សណ្ឋាន​ទឹកហូរ​មួយ​កន្លែង​មាន​ភាព​ស្រដៀងគ្នា​នឹង​ទឹកឈូ​នៅ​ខេត្តកំពត​ និង​មួយ​កន្លែង​ទៀត​មាន​ទឹក​ធ្លា​ក់់​កំពស់​ប្រហែល២ម៉ែត្រ​។

នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ដែល​កំពុង​វិនិយោគ​នៅ​រមណីយដ្ឋាន​គិរីរម្យ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី២៩​ ឧសភា​នេះ​ថា​ ទឹកជ្រោះ​ទាំងពីរ​ ទើបបាន​រក​ឃើញ​កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​ទឹកជ្រោះ​ទី១​ មាន​ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ពី​ vKirirom​ Pine​ Resort​ ដែល​បច្ចុប្បន្ន​គេ​អាច​ធ្វើដំណើរ​ទៅ​កំសាន្ត​បាន​។

ចំណែក​ទឹកធ្លាក់​កណ្តាល​ព្រៃ​ជ្រៅ​មួយ​កន្លែង​ទៀត​ មាន​ចម្ងាយ​ប្រមាណ១៥គីឡូម៉ែត្រ​ ជាទី​តាំង​ដែល​ពិបាកធ្វើ​ដំណើរ​ទៅដល់​ ហើយ​មានតែ​អ្នកដើរ​ព្រៃ​នៅ​តំបន់​នេះ​ ទើប​ស្គាល់ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ដ៏​ស្រស់​ស្អាត​នេះ​។

លោល​ហ៊ិ​ន សុ​ជាតិ​បាន​មានប្រសាសន៍​បន្ត​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន ​A2A​ Town​ Cambodia ​កំពុង​ឈូស​ផ្លូវ​ទៅកាន់​ទឹកធ្លាក់​ទី១​ និង​នា​ពេល​ខាងមុខនេះ​ ក្រុមហ៊ុន​នឹង​ឈូស​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ទី២ផង​ដែរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​។

រមណីយដ្ឋាន​គិរីរម្យ​ ដែល​ស្ថិត​ក្នុង​ឧទ្យានជាតិ​ព្រះកុសុមៈ​ ជា​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ជាងគេ​មួយ​នៅ​កម្ពុជា​ ដោយសារ​មាន​ចម្ការ​ស្រល់​ដ៏​ស្រស់​ស្អាត​ មាន​អាកាសធាតុ​ត្រជាក់​ និង​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង​ ដែល​គួរឲ្យ​គយគន់​និង​ចង់ទៅ​ទស្សនា​៕