វិនិយោគិន​ចិន​ធំៗ​ជាង​ ១០០នាក់​ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

0

​ដោយ​ ៖ វុត្ថា​

ភ្នំពេញ​ ៖ ជាមួយនឹង​លំហូរ​នៃ​បណ្តា​ក្រុមហ៊ុន​ចិន​ធំៗ​កំពុង​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ ជាមួយ​ការ​ទទួល​បានផល​វិជ្ជមាន​នោះ​ កាលពី​ថ្ងៃម្សិលមិញ​នេះ​ មាន​ វិនិយោគិន​ និង​ធុរជន​ចិន​ប្រមាណ​ជាង​ ១០០នាក់​ទៀត​ ដែល​មក​ពីរ​ដ្ឋ​ធានី​ប៉េកាំង​ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ (នាគ​អាស៊ី​)។

នៅក្នុង​កិច្ច​ជំនួប​ស្វាគមន៍​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​ថ្លែងអំណរគុណ​ និង​សម្ដែង​ការ​រាក់ទាក់​ចំពោះ​គណៈប្រតិភូ​វិនិយោគ​ហុងកុង​ និង​ប៉េកាំង​ ដែល​ដឹកនាំ​ដោយ​លោក​ Peter​ Wong​ នាយក​ក្រុមប្រឹក្សា​អភិវឌ្ឍ​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​អាស៊ី​ខាងត្បូង​ និង​លោក​ Li​ Hengqing​ ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង​ និង​បណ្តា​វិនិយោគិន​នៅ​កម្ពុជា​ ដោយ​បញ្ជាក់​ថា​ នេះ​គឺជា​ជំនួប​លើក​ទី២​ បន្ទាប់ពី​ជំនួប​លើក​ទី១​ ខែ្ស​ក្រវាត់​ និង​ផ្លូវ​ ស្តី​ពី​កិច្ចពិភាក្សា​តុមូល​លើ​ការ​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា​ ដោយ​ទទួល​បាន​ជោគជ័យ​នៅ​ទីក្រុង​ហុងកុង​កន្លងមក​។

លោក​បាន​ថ្លែង​បន្ត​ថា​ ៖ «ឆ្នាំនេះ​មិន​ត្រឹមតែ​ជា​ឆ្នាំ​ពិសេស​សម្រាប់​ខួប​ ៦១ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​ចិន​ប៉ុណ្ណោះទេ​ តែ​ក៏​ជា​ឆ្នាំ​ប្រកាស​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ​។ កម្ពុជា​មាន​ផែនការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ជាង​ ៧លាន​នាក់​ នៅ​ឆ្នាំ២០២០​ (ក្នុង​នោះ​ទេសចរ​ចិន​ប្រមាណ​ ៣លាន​នាក់​) »។

ជាមួយគ្នា​នេះ​ លោក​ ថោង​ ខុន​ ក៏បាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន​មក​ពីទី​ក្រុង​ហុងកុង​ និង​ប៉េកាំង​ ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​ ពិសេស​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ ដោយ​ឈរ​លើ​គោលការណ៍​ស្អាត​បៃតង​ ការ​ច្នៃប្រឌិត​ (Creative​) និង​និ​វានុ​វត្តន៍​ (Innovative​ ) ក្នុង​យុគ​សម័យ​ឌីជីថលូ​បនី​យក​ម្ម​ (Digitalization​) ។

ភាគីចិន និងកម្ពុជាថតរូបអនុស្សាវរីយ៍។ រូបថត៖ សការី

ជា​លទ្ធផល​នៃ​កិច្ច​ជំនួប​ជា​ដៃគូ​វិនិយោគ​ពី​ក្រុង​ហុងកុង​ និង​ក្រុង​ប៉េកាំង​ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ និង​ជឿជាក់​លើ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ ជាពិសេស​វិស័យ​ទេសចរណ៍​ ដោយ​ពួកគេ​បាន​សម្ដែង​នូវ​ឆន្ទៈ​ពិត​ចេញពី​បេះដូង​លើ​ស្ថានភាព​រីកចម្រើន​របស់​កម្ពុជា​ សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ និង​បាន​សន្យា​ជួយ​សិក្សា​លទ្ធភាព​រៀបចំ​គម្រោង​វិនិយោគ​ពាក់ព័ន្ធ​ ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ទេសចរណ៍​បៃតង​ និង​ឆ្លាតវៃ​ (Green​ &​ Smart​ Tourism​ City​)៕

តំបន់​ទួលទំពូង​ប្រែ​ពណ៌​ពី​តំបន់​លំនៅ​ដ្ឋាន​ស្ងៀមស្ងាត់​មក​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​

1
អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម​​នៅតំបន់ទួលទំពូង។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​តំបន់​ដែល​មាន​ផ្លូ​វតូចៗ​ ស្ងប់ស្ងាត់​កាលពី៥ឆ្នាំមុន​ ប៉ុន្តែ​ពេលនេះ​តំបន់​ទួលទំពូង​បា​នប្រែព៌​ណហើយ​ ដោយ​បច្ចុប្បន្ន​តំបន់​នេះ​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ បណ្តុំ​ដោយ​ហាង​កា​ហ្វេ​ល្បី​ៗ អាហារ​រហ័ស​ទាន់ចិត្ត​ អាគារ​ខុន​ដូ​ អា​ផា​តម៉ិន​ ការិយាល័យ​រីក​ដូច​ផ្សិត​។

អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​អះអាង​ និង​បញ្ជាក់​ប្រាប់​ថា​ តំបន់​ទួលទំពូង​មិន​ឯកា​ដូច​កាលពី​រយៈពេល៣ឆ្នាំមុន​ទៀត​នោះ​ទេ​ ផ្ទុយទៅវិញ​តំបន់​មួយ​នេះ​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​លើ​វិស័យ​សំណង់​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​ និង​អចលនទ្រព្យ​មា​នកំនើន​ខ្ពស់​ ដែល​អាច​និយាយ​បាន​ថា​ វា​កំពុងតែ​បោះជំហាន​ដើរតាម​ពីក្រោយ​តំបន់​បឹងកេងកង១ជា​បណ្តើរ​ៗហើយ​ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Pointer​ Property​ Co​,. Ltd​ លោក​ ងួន​ ឆាយ​លាង​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​ថា​ ទួលទំពូង​ពេលនេះ​កាន់តែ​មាន​សក្ដានុពល​ និង​បង្ហាញ​ពី​ភាព​ទាក់ទាញ​ខ្លាំង​ជាង​បណ្តា​តំបន់​ជិតខាង​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​រួមគ្នា​។ លោក​បាន​បន្ត​ទៀត​ថា​ ទឹកដី​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​ទួលទំពូង១​ នៅពេល​បច្ចុប្បន្ន​មានការ​រីក​ចម្រើ​ និង​អភិវឌ្ឍ​ទៅលើ​វិស័យ​សំណង​ជាច្រើន​ ដូចជា​អគារ​ខុន​ដូ​ អា​ផា​តមិន​ អគា​រិយា​ល័យ​ ដែល​ភាគច្រើន​ តម្រូវ​ទៅតាម​ទីផ្សារ​នៃ​ជនបរទេស​ច្រើនជាង​ជនជាតិ​ខ្មែរ​ ដែល​ប្រៀបបានទៅ​នឹង​ស្ថានភាព​ម្ដុំ​បឹងកេងកង១កាលពី៣ឆ្នាំមុន​យ៉ាង​ដូច្នេះ​។

លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះតែ​ជា​ប្រភេទ​អគារ​ស្នាក់​ ឬអគារ​ការិយាល័យ​នោះ​ទេ​ សូម្បីតែ​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​ ក៏​មានការ​កកើត​ឡើង​នូវ​ហាង​បែប​បស្ចឹម​ប្រទេស​ជាច្រើន​កន្លែង​ផង​ដែរ​ ខណៈ​ដែល​កំណើន​នៃ​ចំនួន​ជនជាតិ​បរទេស​ដែល​មក​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ដែល​មក​ស្នាក់​នៅ​ក្នុ​រយៈពេល​ខ្លី​ បាន​និង​កំពុងតែ​កើនឡើង​ជាបន្តបន្ទាប់​”។

លោ​កងួន​ ឆាយ​លាង​បាន​បន្ត​ទៀត​ថា​ ហេតុផល​ទាំងអស់​នេះ​ហើយដែល​ជា​កក្តាមួ​យជំរុញ​ឱ្យ​មាន​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ដើម្បី​អភិវឌ្ឍ​ជា​ប្រភេទ​អគារ​ស្នាក់នៅ​បាន​កើនឡើង​ខ្ពស់​។ ជាក់ស្ដែង​ពេលនេះ​ មាន​អ្នក​វិនិយោគ​មួយចំនួន​ បាន​និង​កំពុង​ប្រែក្លាយ​ពី​ប្រភេទ​ផ្ទះ​វីឡា​ ឬដី​ទំនេរ​ដែល​មាន​ទំហំ​តូចល្មម​ ធ្វើការ​អភិវឌ្ឍ​ចេញ​ជា​សំណង់​អគារ​ខ្ពស់​ៗ ដែល​មាន​កម្ពស់​ចាប់ពី១០ជាន់ឡើង​យ៉ាង​ព្រោងព្រាត​។

​លោក​បញ្ជាក់​ថា​ ៖ ដី​ដែល​ស្ថិតនៅ​តាមផ្លូវ​ធំ​ អាច​មានតម្លៃ​ប្រមាណ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ដី​នៅ​ទីតាំង​ដដែល​នេះ​ មានតម្លៃ​ត្រឹម៣​,០០០ដុល្លារ​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ដី​ ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វតូចៗ​អាច​មានតម្លៃ​ក្នុង​ចន្លោះ២​,៥០០​-៣,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លើកឡើង​ស្រដៀងគ្នា​នេះ​លោក​ឧក​ញ៉ា ​តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ R Investment​ Group​ បាន​ទទួលស្គាល់​ថា​ តំបន់​ទួលទំពូង​នា​ពេល​បច្ចុប្បន្ន​ពិតជា​បាន​អភិវឌ្ឍ​ខ្លួន​លើ​វិស័យ​សំណង់​យ៉ាង​ពិតប្រាកដ​មែន​។ទួលទំពូង​គឺ​មាន​ភាពល្អ​ប្រសើរ​ទៅលើ​ភូមិសាស្ត្រ​ ជាពិសេស​ជា​តំបន់​ទេសចរណ៍​ប្រចាំ​រាជធានី​ភ្នំពេញ​ ដោយសារតែ​ភាគច្រើន​ភ្ញៀវ​ទេសចរ​បរទេស​ បាន​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​របស់​ផ្សារ​មួយ​នេះ​ថា​ ( Russia​ Market​) តាំងតែ​ពួកគេ​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​ម៉្លេះ​ ទើប​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន​។

លោក​បន្ត​ទៀត​ថា​ “ផ្សារ​ទួលទំពូង​ភាគច្រើន​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​ ដោយសារតែ​ផ្សារ​មួយ​នេះ​ មាន​លក់​វត្ថុ​អនុស្សាវរីយ៍​បែប​វប្បធម៌​ខ្មែរ​ ជា​ផ្សារ​លក់​ផលិតផល​ដែល​ផលិត​ឡើង​នៅក្នុង​ស្រុក​ច្រើន​”។ លោ​កបន​ន្ត​ថា​ “នៅពេល​តំបន់​ណា​ដែល​មាន​អត្រា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន​ គឺ​ត្រូវតែ​មានការ​តម្រូវការ​លើ​ការ​ផ្គត់​ផ្គត់​ផ្នែក​សេវា​ស្នាក់នៅ​ជាចាំបាច់​ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​ត្រូវតែ​មាន​សេវា​ផ្សេងទៀត​ផង​ដែរ​ ដូចជា​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​ជាដើម​”។

ទិដ្ឋភាពមើលពីលើផ្សារទួលទំពូង។ រូបថត៖ សហការី

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ទួលទំពូង​ពេលនេះ​ ប្រៀបបានទៅ​តំបន់​បឹងកេងកង១កាលពី២​-៣ឆ្នាំមុន​ ហើយ​មិនយូរ​ទៀត​នោះ​ទេ​ នឹង​បន្ត​អភិវឌ្ឍ​ខ្លួន​ដូច​បឹងកេងកង១នា​ពេល​បច្ចុប្បន្ន​នេះ​ជាមិនខាន​ ជាក់ស្ដែង​ពេលនេះ​ចំពោះ​តម្លៃ​ដីធ្លី​នៅ​ទីតាំង​មួយចំនួន​ក្នុង​តំបន់​ទួលទំពូង១​ អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៣​,៥០០​-៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​រួច​ទៅ​ហើយ​៕

ស្ថាប័ន​ពីរ​រួមគ្នា​ប្រមូល​ទិន្នន័យ​សម្រាប់​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​

0

ដោយ​ នៅ​ វឌ្ឈ​នា​

ភ្នំពេញ៖​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ជា​តិ​ធំៗ​ចំនួន​ពីរ​ បាន​និង​កំពុងធ្វើការ​រួមគ្នា​ ដើម្បី​ប្រមូល​ ទិន្នន័យ​ ដើម្បី​ឈាន​ទៅ​ស្វែងរក​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ប្រកបដោយ​និរន្តរភាព​ និង​កំនើ​នរ៉ឹង​មាំ​ឡើងវិញ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ បាន​ជួប​ជាមួយ​លោក​បណ្ឌិតសភា​ចារ្យ​ សុខ​ ទូច​ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ថ្ងៃទី២៣​ ឧសភា​កន្លងមក​នេះ​ដើម្បី​ បើក​កិច្ចពិភាក្សា​គ្នា​ ដើម្បី​ប្រមូល​ទិន្នន័យ​ជាឯក​សារ​ សម្រាប់​ការ​ស្រាវជ្រាវ​បឋម​លើ​គម្រោង​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ផ្តោត​លើ​កិច្ចពិភាក្សា​ មួយចំនួន​ដូចជា​៖ បញ្ហា​សហគមន៍​ទេសចរណ៍​, បញ្ហា​ធនធានមនុស្ស​ និង​ការ​បណ្តុះបណ្តាល​, បញ្ហា​ដឹកជញ្ជូន​, បញ្ហា​ម្ហូបអាហារ​, បញ្ហា​ទីផ្សារ​និង​ការ​ផ្សព្វផ្សាយ​, បញ្ហា​ស្តង់ដារ​ទេសចរណ៍​, បញ្ហា​អនាម័យ​និង​សំរាម​ បញ្ហា​ទីក្រុង​ស្អាត​ និង​ទីក្រុង​ទំនើប​។

លោក​បណ្ឌិត​ សុខ​ ទូច​ បាន​ថ្លែង​ថា​ ក្នុងនាម​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ដែល​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ លោក​នឹង​យក​នូវ​អ្វី​ដែល​ក្រសួង​ទេ​ចរណ៍​បាន​ធ្វើកន្លង​មក​ ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ ដើម្បី​ផ្តល់​ងាយស្រួល​រក​ធាតុ​ចូល​ ព្រមទាំង​គាំទ្រ​ចំណុច​យុទ្ធសាស្ត្រ​នានា​ ដែល​ក្រសួង​បាន​ដាក់ចេញ​ ដែល​ជា​ចំណុច​សំខាន់​ក្នុង​កិច្ចការ​ចូលរួម​ដំណើរការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ស្របតាម​ចក្ខុវិស័យ​ឆ្នាំ២០៣០ដោយ​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​បាន១៥លាន​នាក់​ មក​ទស្សនា​កម្ពុជា​។

លោក​បន្ត​ថា​ “កត្តា​ទាំងនេះ​ក្រសួង​ទេ​ចរណ៍​ត្រូវ​ដាក់​នូវ​ផែនការ​ណាមួយ​ ដើម្បី​ទទួល​បាន​ចំនួន​ទេសចរណ៍​ ប្រកបដោយ​គុណភាព​ ភាព​ទាក់ទាញ​ ហើយ​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​វិស័យ​ទេសចរណ៍​ ត្រូវតែ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍភាព​ក្រីក្រ​ផង​ដែរ​”។

ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​ ក៏បាន​ស្នើសុំ​ដល់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា​ បើ​អាច​រាជបណ្ឌិត្យ​សភា​ បើក​សាលា​បច្ចេកទេស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួមគ្នា​ លើ​វិស័យ​ទេសចរណ៍​ ដោយ​រក​ដៃគូ​ជាមួយ​ប្រទេស​សិង្ហបុរី​ ព្រមទាំង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រសួងទេសចរណ៍​ផង​ដែរ​ ដោយសារតែ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ មាន​វិទ្យាស្ថាន​ខុងជឺ​ ដែល​មាន​ជំនាញ​ក្នុង​ការ​បណ្តុះបណ្តាល​ភាសា​ចិន​ ដើម្បី​សហការ​ជាមួយ​ក្រសួង​ និង​រៀបចំ​បកប្រែ​ឯកសារ​មួយចំនួន​ជា​ភាសា​ចិន​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

លោក​ថោង​ ខុន​ បាន​ថ្លែង​ថា​ ក្រសួងទេសចរណ៍​ មាន​ផែនការ​យុទ្ធសាស្ត្រ​កំណត់​ច្បាស់លាស់​ ហើយ​ជាពិសេស​ គឺ​ផែនការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ដែល​បាន​កំណត់​ជា​មុំ​អាទិភាព​ទាំង៤​ និង​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដែល​មាន​កា​លានុ​វឌ្ឍ​ភាព​ ការ​ពង្រឹងគុណភាព​តាម​យុទ្ធនាការ​សេវា​មួយ​ ស្តង់ដារ​មួយ​ ការ​ពង្រឹងគុណភាព​ធនធានមនុស្ស​ តាមរយៈ​បុគ្គល​ម្នាក់​ជំនាញ​មួយ​ និង​ការជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​វៃឆ្លាត​ផង​ដែរ​៕

ចិន​គ្រោង​វិនិយោគ​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​-អង្ករ​នៅ​កម្ពុជា​

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំពេញ​៖ ប្រតិភូ​ធុរជន​ចិន​ខេត្ត​ហឺ​ណាន់​ បាន​បង្ហាញ​ចេតនា​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ស្រូវ​-អង្ករ​នៅក្នុង​ប្រទស​កម្ពុជា​ ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ជាតិ​ ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ​ និង​កាត់​បន្ថយ​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ព្រមទាំង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

រូបភាពកិច្ចប្រជុំ

នៅក្នុង​ជំនួប​ជាមួយ​ លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​រសៀល​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៩​ លោក​BI​ Guangmin​ ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន​ Henan​ Yuguang​ International​ Economic​ &​Technical​ Cooperation​ បាន​ប្រាប់​រដ្ឋមន្ត្រី​អំពី​សាវ​តា​ និង​ គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ និង​ឡសម្ងួត​ ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​សើម​ រហូតដល់​ទៅ ១៣ពាន់​តោន​ក្នុង​មួយថ្ងៃ​ ហើយ​អាច​ស្តុក​ស្រូវ​-អង្ករ​ស្ងួត​បាន​ដល់ទៅ១លាន​តោន​។

លោក​ BI​ Guangmin​ បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​លោក​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​ នៅក្នុង​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ផលិត​ស្រូវ​-អង្ករ​ ហើយ​នៅពេល​ការសាងសង់​បញ្ចប់​ នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​មួយឆ្នាំ៥០ម៉ឺន​តោន​។ លោក​ប្រធាន​ក្រុមប្រឹក្សា​រូប​នេះ​ ក៏បាន​ស្នើសុំ​គាំទ្រ​ និង​អនុសាសន៍​បន្ថែម​ ពីរ​ដ្ឋ​មន្ត្រី​ ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ និង​ឡសម្ងួត​នេះ​ អាច​អនុវត្តន៍​បាន​ក្នុង​ពេល​ឆាប់​ៗ។

ជា​ការ​ឆ្លើយតប​ លោក​ប៉ាន​ សូរ​ស័ក្តិ​ បាន​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ ចំពោះ​គម្រោង​ខាងលើ​ និង​បាន​ជម្រាប​ជូន​ភាគី​ចិន​ អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ (CTIS​) និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-អង្ករ​ ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​អតិបរិមា​។

លោក​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ សហការ​ជាមួយ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដ ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម​ និង​សាងសង់​ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-ចិន​ ព្រមទាំង​កិច្ច​ព្រមព្រៀង​ស្តី​ពី​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការគ្រប់គ្រង​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ និង​ការថែទាំ​គម្រោង​ ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​។

ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍

កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ដែល​ក្នុង​នោះ​ភាគី​កម្ពុជា​ តំណាងដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ខណៈ​ភាគី​ចិន​តំណាងដោយ​ក្រុមហ៊ុន​ Henan​ Yuguang​ International​ Economic​ &​ Technical​ Cooperation​, ធនាគារ​នីហរ័ណ​-អាហរ័ណ​ចិន​ និង​ក្រុមហ៊ុន​ស៊ី​ទី​កហ្គ្រុប​។ នៅក្នុង​អនុស្សរណៈ​ ក្រុមហ៊ុន​ Henan​ Yuguang​ International​ Economic​ &​ Technical​ Cooperation​ នឹង​ទទួលការ​ងារ​សាងសង់​ឡសម្ងួត​ និង​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ នៅក្នុង​ប្រទេស​កម្ពុជា​៕

ចំណេះដឹង​! តើ​អ្វី​ជា​ពន្ធលើប្រាក់ចំណេញ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ពន្ធលើប្រាក់ចំណេញ​ត្រូវ​បាន​កំណត់​លើ​អ្នកជាប់ពន្ធ​និ​វាសន​ជន​ ចំពោះ​ប្រាក់ចំណូល​ប្រភព​កម្ពុជា​ និង​ប្រាក់​ចំណូល​​ប្រភព​បរទេស​។ សម្រាប់​អ្នកជាប់ពន្ធ​អនិ​វាសន​ជន​ ពន្ធលើប្រាក់ចំណេញ​កំណត់​តែ​លើ​ប្រាក់ចំណូល​ប្រភព​ កម្ពុជា​ប៉ុណ្ណោះ​។

ប្រាក់ចំណេញ​ជាប់ពន្ធ​

ប្រាក់ចំណេញ​ជាប់ពន្ធ​ គឺជា​ប្រាក់ចំណេញ​សុទ្ធ​ ដែល​បាន​មក​ពី​លទ្ធផល​ទាំងអស់​នៃ​ប្រតិបត្តិ​ការ​អារ​ជីវកម្ម​គ្រប់​ ប្រភេទ​រួម​ បញ្ចូល​ទាំង​ចំណេញ​មូលធន​ដែល​សម្រេច​បាន​ក្នុង​ពេល​កំពុង​ប្រកប​អាជីវកម្ម​ ឬនៅ​ពេល​បញ្ចប់​ អាជីវកម្ម​ព្រមទាំង​ប្រាក់​ ចំណូល​ពី​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ ឬទ្រព្យសកម្ម​វិនិយោគ​ការប្រាក់​ថ្លៃឈ្នួល​ និង​សួយសារ​ផង​។ ប្រាក់ចំណេញ​ជាប់ពន្ធ​ក៏​រួម​ បញ្ចូល​ផង​ដែរ​នូវ​ចំណេញ​មូលធន​ទាំងអស់​ ពីអ​ចលនទ្រព្យ​ទ្រព្យ​ហិរញ្ញវត្ថុ​ ឬទ្រព្យ​វិនិយោគ​ ដែល​សម្រេច​បាន​មក​ពី​ប្រតិបត្តិ​ ការ​នានា​ក្រៅពី​ប្រតិបត្តិ​ការ​អាជីវកម្ម​។

អត្រាពន្ធ​លើ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​មាន​ដូចតទៅ​៖

១- ២០​% : ចំពោះ​ប្រាក់ចំណេញ​ដែល​សម្រេច​បាន​ដោយ​នីតិបុគ្គល​។

២- ៣០​% : ចំពោះ​ប្រាក់ចំណេញ​ ដែល​សម្រេច​បាន​ក្រោម​កិច្ចសន្យា​ បែងចែក​ផលិតផល​ប្រេងកាត​ និង​ឧស្ម័ន​ធម្មជាតិ​ ឬសម្រេច​បាន​ពី​ការ​ធ្វើអាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​រួម​ទាំង​ ព្រៃឈើ​ រ៉ែ​ មាស​ ឬត្បូងថ្ម​មានតម្លៃ​នានា​។

៣- ៩% : ចំពោះ​ប្រាក់ចំណេញ​របស់​គម្រោង​វិនិយោគ​ មាន​លក្ខណៈ​សម្បតិ្ត​គ្រប់គ្រាន់​ដែល​ទទួលស្គាល់​ដោយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រាប់​រយៈពេល​អន្តរកាល៥ឆ្នាំ​ ដោយ​គិត​ចាប់ផ្តើម​ពី​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ស្តី​ពី​ វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៤- 0% : ចំពោះ​ប្រាក់ចំណេញ​របស់​គម្រោង​វិនិយោគ​ មាន​លក្ខណៈ​សម្បតិ្ត​គ្រប់គ្រាន់​ដែល​ស្ថិតនៅ​ក្នុងរយៈ​ ពេល​លើកលែង​ពន្ធ​ដែល​កំណត់​ ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

៥- តាម​តារាងអត្រា​ពន្ធ​កំណើន​តាម​ថ្នាក់​ខាងក្រោម​ ចំពោះ​ប្រាក់ចំណេញ​ដែល​សម្រេច​បាន​ដោយ​រូបវន្ត​បុគ្គល​ និង​ចំណែក​ដែល​ត្រូវ​បែងចែក​ឱ្យ​សមាជិក​ម្នា​ក់ៗ​ របស់​ក្រុម​អាជីវកម្ម​ ដែល​មិន​ត្រូវ​បាន​ចាត់ទុកជា​ នីតិបុគ្គល​ ៖

ភាគ​នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ដែល​ត្រូវ​ជាប់ពន្ធ​ ​; អត្រាពន្ធ​

ពី  0 ៛  ដល់  ៦.០០០.០០០ ៛  ០%

ពី  ៦.០០០.០០១ ៛  ដល់  ១៥.០០០.០០០ ៛  ៥%

ពី  ១៥.០០០.០០១ ៛  ដល់  ១០២.០០០.០០០ ៛  ១០%

ពី  ១០២.០០០.០០១ ៛  ដល់  ១៥០.០០០.០០០ ៛  ១៥% លើសពី   ១៥០.០០០.០០០ ៛  ២០%

៦- ចំពោះ​សហគ្រាស​ដែល​មាន​សកម្មភាព​ជា​សំខាន់​ ក្នុង​ការធានា​រ៉ាប់រង​ឬ ធានារ៉ាប់រង​បន្ត​លើ​ជីវិត​ ទ្រព្យសម្បត្តិ​ ឬហា​និ​ភ័យ​ផ្សេង​ៗ ពន្ធលើប្រាក់ចំណេញ​ត្រូវ​បាន​កំណត់​ខាងក្រោម​ ៖

ក. ៥% នៃ​បុព្វលាភ​ធានារ៉ាប់រង​ដុល​ដែល​ទទួល​បាន​នៅក្នុង​ឆ្នាំ​ជាប់ពន្ធ​ ចំពោះ​ការធានា​រ៉ាប់រង​ ឬធានារ៉ាប់រង​បន្ត​ នូវ​ហានិភ័យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ខ. តាម​អត្រា​ទាំងឡាយ​ដូច​មាន​ចែង​ក្នុង​ចំណុច​ ១-២-៣-៤និង៥​ ខាងលើ​ចំពោះ​សកម្មភាព​ដទៃទៀត​ដែល​ មិនមែន​ជា​ការធានា​រ៉ាប់រង​ ឬធានារ៉ាប់រង​បន្ត​៕

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​៖ តើ​ក្រុមហ៊ុន​ Huawei​ ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​នៅតែ​អាច​ផ្តល់​បច្ចេកវិទ្យា 5​G ដល់​កម្ពុជា​ឬទេ​?

0

ដោយ​ Donald​ Lee

ភ្នំ​ពេញៈ​ អ្វី​គ្រប់យ៉ាង​ហាក់ដូចជា​ល្អ​សម្រាប់​ក្រុមហ៊ុន​ Huawei​ Technologies​ Co​. Ltd​. កាលពីដើម​ឆ្នាំនេះ​។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Huawei​ Technologies​ Cambodia​ Ltd​ លោក​ David​ Li​ បាន​ប្រកាស​ដោយ​មោទនភាព​ នៅ​ឯវេ​ទិ​ការ​ឌីជីថល​កម្ពុជា​ឆ្នាំ២០១៩​ ថា​ ក្រុមហ៊ុន​ Huawei​ គឺជា​អ្នកផ្គត់ផ្គង់​ឧស្សាហកម្ម​តែមួយគត់​ ដែល​អាច​ផ្តល់​នូវ​ប្រព័ន្ធ​ហ្វា​យជី​ (5G) ។

លោក​បាន​មានប្រសាសន៍​នៅពេល​នោះ​ថា​ “ខ្ញុំ​ជឿ​ថា​ឆ្នាំ២០១៩​ នេះ​គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ​សម្រាប់​បច្ចេកវិទ្យា​ 5G នៅក្នុង​ប្រទេស​កម្ពុជា​”។

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​នេះ​ ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ 5G នៅ​កម្ពុជា​និង​ផ្តល់​សេវា​តភ្ជាប់​នៅ​ឆ្នាំក្រោយ​។

លោក​ Li​ Jin​ Ge​ ប្រធាន​ក្រុមហ៊ុន​ Huawei​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា​ “ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​អាស៊ាន​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ 5G”។

ការប្រែប្រួល​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​

ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​រីក​រាលដាល​នៅ​ខែ​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​ ដូ​ណាល់​ ត្រាំ​ (Donald​ Trump​) បាន​ដាក់​ក្រុមហ៊ុន​ Huawei​ ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ ហើយ​បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​មិន​ឱ្យធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នេះ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន​បានប្រៀប​ធៀប​ ពី​ការ​ធ្វើបែប​នេះ​ស្មើ​ទៅ​នឹង​ “ការ​កាត់ទោស​ប្រហារជីវិត​” សម្រាប់​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា​នេះ​ ដែល​មូលដ្ឋាន​នៅ​ទីក្រុង​ Shenzhen​ ។

ការ​ហាមប្រាម​របស់​អាមេរិក​ នឹង​កាត់​ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក​សំ​ខាន់​ៗ របស់​សហរដ្ឋអាមេរិក​ និង​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ទូរគមនាគមន៍​និង​ទូរស័ព្ទ​ឆ្លាត​ 5G ។ ស្ទើរតែ​ ២០ភាគរយ​ នៃ​សមាសធាតុ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ Huawei​ គឺ​បាន​មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ Qualcomm​ ក្រុមហ៊ុន​ Intel​ និង​ Micron​ Technology​ ដែល​ផ្តល់​នូវ​ microchips​ ដែល​បាន​ប្រើ​នៅក្នុង​បណ្តាញ5​G និង​ម៉ូឌឹម​។

ការសម្រេច​ចិត្ត​ក្នុង​បញ្ជីខ្មៅ​ បាន​ចាប់ផ្តើម​ពី​ដំណឹង​អាក្រក់​មួយ​សម្រាប់​ក្រុមហ៊ុន​យក្ស​របស់​ចិន​នេះ​។ នៅ​សប្តាហ៍​នេះ​ក្រុមហ៊ុន​Google​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​មិន​ផ្តល់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​Android​ សម្រាប់​ទូរស័ព្ទ​ Huawei​ ដែល​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ តៃវ៉ាន់​ និង​ចក្រភព​អង់គ្លេស​ ដោយ​លុបចោល​ការ​បញ្ជាទិញ​មុន​ទូរស័ព្ទ​ឆ្លាតវៃ​ ដែល​ប្រតិបត្តិ​ការ​ដោយ​ប្រព័ន្ធ​ 5G។

ស្ថាបនិក​ក្រុមហ៊ុន​ Huawei​ លោក​ Ren​ Zhengfei​ ត្រូវ​បាន​ទាមទារ​ឲ្យ​បង្ហាញខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចិន​ នៅ​ចំ​ពេល​ដែល​មាន​មតិ​ជាច្រើន​ថា​ “មហិច្ឆតា​នៃ​ការ​ដាក់ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា5​G ជាសាកល​របស់​ក្រុមហ៊ុន​នេះ​ អាច​នឹង​មិនកើត​ឡើង​បន្ទាប់​ការ​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​របស់​លោ​កប្រធានា​ធិប​តេយ្យ​ ត្រាំ​”។

លោក​ Ren​ Zhengfei​ បាន​និយាយ​ថា​ “យើង​បាន​ចំណាយ​ញើស​ឈាម​ដែល​មានការ​ចូលរួម​បុគ្គល​ម្នា​ក់ៗ​ និង​ក្រុម​គ្រួសារ​របស់​យើង​ ដើម្បី​ជា​ប្រយោជន៍​ដល់​គោលគំនិត​មួយ​ដើម្បី​ឈរជើង​នៅ​លើ​ពិភពលោក​។ លោក​បន្ថែម​ថា​ “សម្រាប់​ឧត្តមគតិ​នេះ​ វា​នឹង​មានការ​ប៉ះទង្គិច​ជាមួយ​ និង​អាមេរិក​មិនយូរ​មិនឆាប់​នា​ពេល​ខាងមុខនេះ​”។

លោក​បាន​បន្ត​ថា​ សកម្មភាព​របស់​រដ្ឋាភិបាល​អាមេរិក​នៅពេល​នេះ​ កំពុង​មើលស្រាល​សមត្ថភាព​របស់​យើង​។ ស្ថាបនិក​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ ក្រុមហ៊ុន​នេះ​មិន​អាច​មាន​បញ្ហា​ទេ​ ដោយសារតែ​ក្រុមហ៊ុន​មាន​ microchip​ ទាក់ទង​នឹង​បច្ចេកវិទ្យា 5​G ហើយ​គ្មាន​ក្រុមហ៊ុន​ផ្សេងទៀត​ មិន​មានលទ្ធភាព​ដែល​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ ដែល​មាន​បច្ចេកវិទ្យា5​Gនេះ​ ក្នុងរយៈពេល​ពីរ​ទៅ​បី​ឆ្នាំខាងមុខ​នេះ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ ក៏​នឹង​ត្រូវ​ខូចខាត​ផង​ដែរ​ ប្រសិនបើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​នៅតែ​បន្ត​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ Information​ Technology​ &​ Innovation​ Foundation​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​អាមេរិក​ អាច​បាត់បង់​ប្រាក់ចំណូល​រហូតដល់​ទៅ​ ៥៦​,៣ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៥​ ឆ្នាំ​ ដោយសារតែ​ពន្ធគយ​ និង​ការ​ហាមឃាត់​ការនាំចេញ​បច្ចេកវិទ្យា​ទាក់ទង​នឹង​ក្រុមហ៊ុន​ Huawei​ និង​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​។

ជិត ៨២ភាគរយ​ នៃ​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​អ៊ី​នធឺ​ណេត​ និង​ប្រហែល ៧លាន​នាក់​ប្រើប្រាស់​ហ្វេ​សប៊ុ​ក។ យោង​តាម​តួលេខ​ជា​ផ្លូវការ​ក្នុង​ខែមករា​ឆ្នាំនេះ​ បានឱ្យ​ដឹង​ថា​ ចំនួន​ស្មា​តហ្វូ​ន (ទូរស័ព្ទ​ឆ្លាតវៃ​) បាន​កើនឡើង​ដល់​ ១៩​,៥ លាន​គ្រឿង​។

ក្រៅពី​អនុស្សរណៈ​យោគយល់​ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Huawei​ ដើម្បី​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​រដ្ឋ​ ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ 5G ក្រុមហ៊ុន​ Cellcard​ ដែល​ជា​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ក៏បាន​ប្រកាស​ផែនការ​អភិវឌ្ឍ​បច្ចេកវិទ្យា5​G ផង​ដែរ​។

លោក​ Ian​ Watson​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Cellcard​ បាន​ប្រាប់​សារព័ត៌មាន​ Nikkei​ Asian​ Review​ ថា​ ដំណាក់កាល​ដំបូង​នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​ 5G នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​ និង​មាន​ជាង១​,០០០ពាន់​ស្ថានីយ​ ដែល​នឹង​បំពាក់​ដោយ​ប្រព័ន្ធ​ 5G នៅ​ទី​ក្រុង​ភ្នំ​ពេ​ សៀមរាប​ និង​ព្រះសីហនុ​។

ចំណែក​ក្រុមហ៊ុន​ Smart​ Axiata​ ដែល​ជា​កម្មសិទ្ធិ​របស់​ម៉ាឡេស៊ី​ និង​ក្រុមហ៊ុន​ Metfone​ ដែល​ជា​ក្រុមហ៊ុន​វៀតណាម​ ក៏បាន​ប្រកាស​ផែនការ​សម្រាប់​ការសាកល្បង​ 5G នៅ​ឆ្នាំនេះ​ផង​ដែរ​៕

បណ្តា​ប្រទេស​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​ អាស៊ី​ចាប់ផ្តើម​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ វិនិយោគិន​របស់​ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​ របស់​សាធារណរដ្ឋ​បេ​ឡា​រុស​ នឹង​មក​សិក្សា​ស្វែង​ឪកាស​វិនិយោគ​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​ទាប​នៅឡើយ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ​ ២០១៩​ នេះ​ លោក​ Vlafimir​ Goshin​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​បេឡា​រុ​សប្រ​ចាំ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ លោក​នឹង​ដឹកនាំ​គណៈប្រតិភូ​ប្រទេស​បេ​ឡា​រុស​ មក​ប្រទេស​កម្ពុជា​ ដើម្បី​មក​សិក្សា​ស្វែងយល់​ពី​បរិយាកាស​សេដ្ឋកិច្ច​ដោយ​ផ្ទាល់​ អោយ​បាន​កាន់តែ​ច្បាស់លាស់​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​លើក​ឡើ​លោក​ឯកអគ្គ​រដ្ឋទូត​ ក្នុង​ការដឹកនាំ​ធុរជន​ប្រទេស​បេ​ឡា​រុស​ មកកាន់​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​ ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​បេ​ឡា​រុស​ វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម​ ដូចជា​ការ​ដាំដុះ​ និង​ការបង្កើត​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​ និង​ជម្រុ​ញឲ្យ​មានការ​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា​ ព្រោះ​កម្ពុជា​មាន​វិស័យ​ទេសចរណ៍​ ដែល​មាន​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ ផង​ដែរ​ ដែល​សុទ្ធតែ​ជា​ វិស័យ​មាន​សក្តា​នុ​ពល​នៅ​ប្រទេស​កម្ពុជា​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បញ្ជាក់​ថា​ ដោយសារ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​បេ​ឡា​រុស​ មានត្រឹមតែ៦លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ដូច្នេះហើយ​បាន​ជាឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​បេឡា​រុ​សប្រ​ចាំ​កម្ពុជា​ គ្រោង​នឹង​ដឹកនាំ​ប្រតិភូ​ពាណិជ្ជ​ករបស់​ប្រទេស​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​ តែ​មិនទាន់​កំណត់ពេលវេលា​ជាក់លាក់​នោះ​ទេ​ ។

លោក​បន្ត​ថា​ “ទីផ្សារ​នៃ​ប្រទេស​បេ​ឡា​រុស​ គឺ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​នេះ​ ជាស​មា​ជិ​ករបស់​សមាជិក​សភាព​សេដ្ឋកិច្ច​អឺរ៉ុប​ អាស៊ី​ ដែល​មាន៥ប្រទេស​ជាស​មា​ជិ​ក រួមមាន​ សហភាព​រុស្ស៊ី​ សាធារណៈ​រដ្ឋ​បេ​ឡា​រុស​ សាធារណៈ​រដ្ឋ​កាហ្សាក់ស្ថាន​ សាធារណៈ​រដ្ឋ​មេ​នី​ និង​សាធារណៈ​រដ្ឋ​កៀហ្ស៊ី​ស៊ី​ស្ថាន​ ដែល​អនុញ្ញាត​កម្ពុជា​នាំ​ផលិតផល​ជាង៤ពាន់​មុខ​ ក្នុង​នោះ​ទំនិញ​មួយចំនួន​ គឺ​កម្ពុជា​អាច​នាំចេញ​ដោយ​រួច​ពន្ឋ​បាន​៕

រដ្ឋសភា​កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​

0
អគាររដ្ឋសភាកម្ពុជាមើលពីលើ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​កម្ពុជា​បាន​ជម្រុ​ញឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​ កម្ពុជា​ វៀតណាម​ និង​ឡាវ​ ក្នុង​ការអភិវឌ្ឍន៍​តំបន់​ត្រីកោណ​ឲ្យ​កាន់តែ​ មានការ​រីកចម្រើន​ឡើង​ថែមទៀត​។

លោក​ ឈាង​ វុន​ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ២០១៩​ បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​តំណាង​​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ៗ ព្រមទាំង​តំណាង​ខេត្តមណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ និង​ខេត្តក្រចេះ​ ដើម្បី​សិក្សា​ឈ្វេង​យល់​ ពី​ដំណើរការ​អភិវឌ្ឍន៍​របស់​តំបន់ត្រីកោណ​កម្ពុជា​ ឡាវ​ វៀតណាម​នា​ រយៈពេល​កន្លងមក​។

លោក​បន្ត​ថា​ “ការ​អញ្ជើញ​ក្រសួង​ ក៏ដូចជា​ខេត្ត​ដែល​ជាប់ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ប្រទេស​ទាំង​បី​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ មក​ជួប​ប្រជុំ​នា​ពេលនេះ​ គឺ​ចង់​ដឹង​អំពី​ដំណើរការ​វិវត្ត​របស់​តំបន់ត្រីកោណ​ ដើម្បីឲ្យ​សមាជិក​ សមាជិកា​ រដ្ឋសភា​ ព្រឹទ្ធសភា​កម្ពុជា​ មាន​ទិន្នន័យ​ជា​មូលដ្ឋាន​សម្រាប់​ការ​ជួបពិភាក្សា​ ជាមួយ​សមាជិក​សមាជិកា​សភា​នៃ​ប្រទេស​ឡាវ​ និង​វៀតណាម​ នា​ពេល​ខាងមុខ​ ពិសេស​ក៏​ដើម្បី​ជួយ​ជំរុញ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​ ក្នុង​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​អោយ​កាន់តែ​ មានការ​រីកចម្រើន​ឡើង​ថែមទៀត​”។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ នៅក្នុង​ផែនការ​សកម្មភាព​នៃ​រដ្ឋាភិបាល​ប្រទេស​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ដែល​បាន​បង្កើត​ឡើង​នូវ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​បី​ គឺ​មាន​គោលគំនិត​នៃ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ សំដៅ​បង្កើន​ការសម្រប​សម្រួល​ ឲ្យ​មាន​ភាព​រលូន​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​កម្ពុជា​ ឡាវ​ និង​វៀតណាម​ នៅក្នុង​វិស័យ​ចំ​បងៗ​ ដូចជា​ ស្ថាប័ន​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ជាប់​ប្រជាជន​និង​ប្រជាជន​ជាដើម​។

លោក​បន្ត​ថា​ ទន្ទឹម​នឹង​នោះ​ ការ​តភ្ជាប់​សេដ្ឋកិច្ច​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ក៏​ត្រូវ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ លើ​ឯករាជ្យ​ភាព​ អធិបតេយ្យ​ភាព​ និង​បូរណភាពទឹកដី​ ព្រមទាំង​គាំទ្រ​គ្នា​ និង​ផ្ដល់​កិច្ច​សម្របសម្រួល​ដល់​ការអភិវឌ្ឍន៍​ទៅវិញទៅមក​។

លោក​បន្ថែម​ថា​ ម៉្យាងទៀត​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​ នៃ​ប្រទេស​ទាំង​បី​កម្ពុជា​ ឡាវ​ វៀតណាម​ ក៏​មាន​គោលបំណង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​ភាព​អំណោយផល​ ភាព​ច្បាស់លាស់​ផ្នែក​ស្ថាប័ន​ វប្បធម៌​ ទេសចរណ៍​ និង​ការ​យោគយល់​គ្នា​រវាង​ប្រជាជន​ក្នុង​ប្រទេស​ទាំង​បី​ សំដៅ​ពង្រឹង​ និង​ធ្វើ​ទំនើបកម្ម​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ កសិកម្ម​ ថាមពល​ និង​ការ​ទំនាក់ទំនង​សម្រួល​ចរាចរណ៍​ទំនិញ​ និង​មនុស្ស​ឆ្លងកាត់​ព្រំដែន​ អោយ​កាន់តែ​ងាយស្រួល​ ស្របតាម​ច្បាប់​ និង​បទប្បញ្ញត្តិ​របស់​ប្រទេស​នី​មួយ​ៗ ក៏ដូចជា​លើកកម្ពស់​ការដោះដូរ​ទំនិញ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី​។

តំបន់ត្រីកោណ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​បី​ ត្រូវ​បាន​បង្កើត​ឡើង​ តាម​គំនិត​ផ្តួចផ្តើម​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​-ឡាវ​-វៀតណាម​កាលពី​ឆ្នាំ១៩៩៩​ នៅក្នុង​កិច្ចប្រជុំ​កំពូល​នាទី​ក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ផែនការមេ​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​ សង្គម​ ធនធាន​ សក្តា​នុ​ពល​ ព្រមទាំង​រចនាសម្ព័ន្ធ​ និង​យន្តការ​សម្រាប់​សម្របសម្រួល​ការអភិវឌ្ឍន៍​រួម​ និង​ដោយឡែក​របស់​ប្រទេស​ទាំង​បី​ ដែល​ក្នុង​នោះ​ខាង​កម្ពុជា​មាន​៖ ខេត្តក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ចំណែក​ឯប្រទេស​ឡាវ​ មាន​ខេត្ត​ចំប៉ា​សាក់​ អា​តា​ពើ​ សេកុង​ សា​រា​វ៉ាន់​ និង​ប្រទេស​វៀតណាម​វិញ​ មាន​ខេត្ត​កូន​ទុំ​ ចា​ឡៃ​ ប៊ិញ​ផឹក​ ដា​កឡាក់​ និង​ដា​កណង​៕

គំរោង​ជំនួយ​ជប៉ុន​ដើម្បី​ប្រែក្លាយ​ភាគ​ខាងត្បូង​រាជធានី​ជា​តំបន់​បៃតង​បាន​ចាប់ផ្តើម​ចេញដំណើរ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ គំរោង​ជំនួយ​ជប៉ុន​ចំនួន២៧លាន​ដុល្លារ​អាមេរិក​ ដើម្បី​ប្រែក្លាយ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ជា​តំបន់​បៃតង​ និង​មិន​មានការ​បំពុលបរិស្ថាន​បាន​ចុះហត្ថលេខា​ដើម្បី​ចេញដំណើរ​ហើយ​។

នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៣ខែឧសភា​ ឆ្នាំ២០១៩នេះ​ តំណាង​ភាគី​ខាង​រដ្ឋាភិបាល​ជប៉ុន​ និង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ កម្ពុជា​បាន​ចុះហត្ថលេខា​រួមគ្នា​ចាប់ផ្តើម​ដំណើរ​សាងសង់​លូ​បង្ហូរទឹក​ និង​ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ហើយ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​នូវ​កិច្ចពិភាក្សា​ស្ដីពី​ ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ និង​ធ្វើ​លូ​បង្ហូរទឹក​ស្អុយ​ចេញពី​រាជធានី​ភ្នំពេញ​ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន២៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ហៅ​កាត់​ JICA​ កាលពី​ពេល​កន្លងទៅ​នោះ​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៣​ ខែឧសភា​នេះ​ តំណាង​ភាគី​ជប៉ុន​ និង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​ចុះហត្ថលេខា​រួមគ្នា​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​។

អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួង​ ស្រេង​ បាន​សម្ដែង​នូវ​ក្ដី​សាទរ​ និង​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​សហការ​ អង្គការ​JICA​ ដែល​តែងតែ​ជួយ​ដល់​កិច្ច​ដំណើរការ​ ក៏ដូចជា​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ជាក់ស្ដែង​ដូចជា​ គម្រោង​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​បរិស្ថាន​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ និរន្តរភាព​ និង​ការពារ​បរិស្ថាន​ព្រមទាំង​បាន​លើកកម្ពស់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ ក៏ដូចជា​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ នៅក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុកភាព​ ជាពិសេស​ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​ថែមទៀត​។

លោក​បន្ត​ថា​ “រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅតែ​បន្ដ​ចាប់ដៃ​គូ​អភិវឌ្ឍ​ន៏​ដ៏​ល្អជា​មួយ​ក្រុមការងារ​គម្រោង​របស់​JICA​រួម​ជាមួយ​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន​ស៊ី​ធី​អាយ​ (CTI​) ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល១២ខែ​ រហូត​បាន​បញ្ចប់​ការសិក្សា​ និង​ដាក់ចេញ​ជារ​បាយ​ការណ៍​បញ្ចប់​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​ នៅ​បឹង​ជើងឯក​ហើយ​ឈាន​មកដល់​ការ​ចុះហត្ថលេខា​ លើ​ព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​នា​ពេលនេះ​។

តំណាង​ភាគី​ជប៉ុន​ លោក​បណ្ឌិត ​lto​ Minpei​ បាន​មានប្រសាសន៍​លើកឡើង​ថា​ ជាតិពុល​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​បឹង​បួរ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំងក្លា​។ តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ការ​ស្តារ​បរិស្ថាន​ឡើងវិញ​ គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើនលើស​ពី​ការ​វិនិយោគ​។ បញ្ហា​នេះ​ចំណុច​សំខាន់​យើង​ត្រូវ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​តំណា​ក់​កាល​បឋម​ ដើម្បី​ទប់ទល់​ការ​ចំណាយ​ច្រើន​នេះ​។

លោក​បន្ត​ទៀត​ថា​ “គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​ នៅ​បឹង​ជើងឯក​នេះ​ អាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ក្នុង​មួយថ្ងៃ​៥០០០ម៉ែត្រគីប​។ ក្រៅពី​ការ​អភិវឌ្ឍ​ផ្នែក​ខាងត្បូង​ហើយ​ផ្នែក​ខាងជើង​យើង​ក៏​នឹង​ចូលរួម​ធ្វើការ​អភិវឌ្ឍន៍​ផង​ដែរ​»។

គម្រោង​អភិ​វិ​ឌ្ឍ​ន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ នឹង​ត្រូវ​ក្លាយជា​គម្រោង​គំរូ​ដំបូងបង្អស់​ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លើ​ការ​កែ​ឆ្នៃ​ទឹក​កខ្វក់​ក្នុង​បរិមាណ៥​,០០០​ ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​ ដែល​មាន​តួនាទី​សំខាន់​ ក្នុង​ការកាត់បន្ថយ​ការ​បំពុលបរិស្ថាន​មួយ​កម្រិត​ធំ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​៕

ក្លឹប​អ្នកជំនួញ​ដំបូង​គេ​របស់​កម្ពុជា​វាយលុក​ទីផ្សារ​អាមេរិក​

0
លោ​ក អោម​ សេង​បូរ៉ា​ ស្ថាបនិក និងជាអគ្គនាយកនៃ CEO Master Club (កណ្ដាល)។ រូបថត៖ សហការី

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្លឹប​អ្នកជំនួញ​ដំបូង​គេ​នៅ​កម្ពុជា​ គឺ​ CEO​ Master​ Club​ បាន​ចាប់ផ្តើម​វាយលុក​ទីផ្សារ​អាមេរិក​ តាមរយៈ​ការ​បើក​ការិយាល័យ​នៅ​អាមេរិក​ ដើម្បី​ពង្រីក​បណ្តាញ​ទៅកាន់​ពិភពលោក​។

លោ​កអោម​ សេង​បូរ៉ា​ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​ CEO​ Master​ Club​ បាន​មានប្រសាសន៍​ឲ្យដឹង​មុន​ពេល​ចេញ​ដំ​ណើរ​រទៅកាន់​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​ថា​ ការពង្រីក ​CEO​ Master​ Club​ International​ នៅ​អាមេរិក​ ជា​ការពង្រីក​បណ្តាញ​ទៅកាន់​ពិភពលោក​ ព្រោះ​នៅ​អាមេរិក​មាន​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​នៅ​ទីនោះ​។ ហេតុនេះ​មានតែ​យើង​ទៅ​ឈរជើង​នៅ​ទីនោះ​ ទើប​អាច​ពង្រីក​បណ្តាញ​ទៅកាន់​ពិភពលោក​។

លោក​បន្ត​ថា​ “យើង​បាន​ទទួលការ​គាំទ្រ​ និង​ជ្រោមជ្រែង​យ៉ាង​កក់ក្តៅ​ពីសា​លា​ក្រុង​ Nashville​ នៃ​រដ្ឋ Tennessee ​នៅ​សហរដ្ឋអាមេរិក​ ក្នុង​ការបង្កើត​ CEO​ Master​ Club ​នៅ​ទីនោះ​”។ លោក​បន្ត​ថា​ “យើង​ពង្រីក​បណ្តាញ​របស់​យើង​ទៅកាន់​ពិភពលោក​ ហើយ​យើង​កំពុង​ឆ្ពោះទៅ​មុខ​ តាមរយៈ​ទស្សនទាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ក្លាយជា​អ្នកមាន​”។

លោ​ក អោម​ សេង​បូរ៉ា​ បាន​បន្ត​ថា​ មានតែ​ជួយ​អ្នកជំនួញ​របស់​យើង​ឲ្យ​រីកចម្រើន​ទេ​ ទើប​យើង​អាច​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​បាន​កាន់តែ​លឿន​ ព្រោះ​ពេលណា​អ្នកជំនួញ​រីកចម្រើន​ ពួក​គេ​មាន​លទ្ឋ​ភាព​ផ្តល់​ការងារ​ និង​ផ្តល់​ប្រាក់ចំណូល​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាមេរិក​នេះ​ ក៏​ជា​ការ​ជួយ​ជំរុញ​ឲ្យ​សមាជិក​គ្រួសារ​ CEO​ Master​ Club ​អាច​ពង្រីក​បណ្តាញ​ជំនួញ​របស់​ពួកគេ​ផង​ដែរ​៕