ប្រធាន​ CREA​ ប្រាប់​វិធីសាស្ត្រ​លក់​ដី​ឆាប់​ដាច់​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ចំពោះតែ​ភ្នាក់ងារ​អចលនទ្រព្យ​ ក៏ដូចជា​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​ដោយ​ផ្ទាល់​នោះ​ទេ​ សុទ្ធតែ​មានបំណង​ចង់​លក់​ឱ្យ​ឆាប់​ដាច់​ និង​ទទួល​បាន​តម្លៃ​ខ្ពស់​ទាំងអស់​ ទាស់​ត្រង់ថា​ តើ​គួរ​ធ្វើបែប​ណា​ទើប​អាច​សម្រេច​បំណង​ទាំងនេះ​បាន​។

ចង់​ដឹង​ថា​វិធីសាស្ត្រ​ដែល​ល្អ​ និង​អាច​ទទួល​បាន​លទ្ធផល​ជោគជ័យ​លើ​ការ​លក់​ សូម​ស្វែងយល់​ទាំងអស់គ្នា​ ក្រោម​ការចែក​រំលែក​ពីសំណាក់​អ្នកជំនាញ​លើ​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលន្រព្យ​កម្ពុជា​ (CREA​) លោក​ ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ គ្រប់គ្នា​ទាំងអស់​ដែល​មានបំណង​លក់​ដី​ (ទ្រព្យ​រយៈពេល​វែង​) គឺ​សុទ្ធតែ​ចង់បាន​តម្លៃ​ខ្ពស់​ និង​លក់​ឆាប់​ដាច់​ដូចគ្នា​។ លោក​បាន​បញ្ជាក់​ទៀត​ថា​ យើង​មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​បាន​លឿន​ ដែល​នៅក្នុង​នោះ​ការ​ផ្សព្វផ្សាយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​។

លោក​បាន​បន្ត​ទៀត​ថា​ ការ​ផ្សព្វផ្សាយ​ត្រូវ​បាន​ធ្វើឡើង​ច្រើន​រូបភាព​ ដូចជា​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​អេឡិចត្រូនិក​ (Facebook​) ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​ ដើម្បី​ជំរុញ​ដំណឹង​ឱ្យទៅ​ដល់​អតិថិជន​គោលដៅ​។ ជាមួយគ្នា​នេះ​ការ​ផ្សព្វផ្សាយ​ តាមរយៈ​បណ្តាញ​មិត្ត​ភ័ក្តិ្រក៏​ជា​វិធីសាស្ត្រ​មួយ​ ដែល​អាច​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​។

លោក​ឃាង​ ពុទ្ធី​បាន​បន្ត​ទៀត​ថា​ វិធីសាស្ត្រ​មួយទៀត​ គឺ​ការចូលរួម​និង​ផ្សព្វផ្សាយ​ពី​គម្រោង​របស់​ខ្លួន​ នៅក្នុង​ចង្កោម​អ្នក​វិនិយោគ​ក្នុង​វិស័យ​រួមគ្នា​ ដែល​មាន​ដូចជា​សមាគម​ជាដើម​។ នៅ​ប្រទេស​គេ​ជឿង​លឿន​ ក៏ដូចជា​បណ្តា​ប្រទេសជិតខាង​របស់​យើង​មួយចំនួន​ ដូចជា​ប្រទេស​ថៃ​ និង​សាំងហ្គាពួរ​ ជាដើម​ ពួកគេ​មាន​សមាគម​ជាច្រើន​រហូតដល់​ជាង១០០សមាគម​ ដែល​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​ពី​គម្រោង​នៃ​ការ​លក់​។

​ដោយឡែក​នៅ​កម្ពុជា​ សមាគម​បែបនេះ​គឺ​មាន​ចំនួន​តិច​នៅឡើយ​ ហើយក៏​មិនសូវ​មានការ​ចូលរួម​ពីសំណាក់​ អ្នក​ដែល​វិនិយោគ​ក្នុង​វិស័យ​រួមគ្នា​ដែរ​ ដែល​ចំណុច​នេះ​ក៏​ត្រូវ​យក​មក​ពិចារណា​ផង​ដែរ​។ លោក​បន្ត​ថា​ សម្រាប់​អ្នក​ដែល​មិន​ចូលរួម​ក្នុង​សមាគម​ ក៏​មាន​វិធីសាស្ត្រ​ក្នុង​ការជំរុញ​ការ​លក់​របស់​ខ្លួន​ ឱ្យ​ឆាប់​ទទួល​បាន​ជោគជ័យ​ផង​ដែរ​ ដូចជា​ការ​ពិពណ៌នា​លម្អិត​ពីទី​តាំង​ និង​ទម្រង់ដី​ដែល​ដាក់​លក់​, បញ្ជាក់​ពី​ចំណុច​ពិសេស​ ដូចជា​គម្រោង​ និង​គោលនយោបាយ​លើ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​គម្រោង​ដី​ដែល​យើង​ត្រូវលក់​ មានការ​បោះបង្គោល​ព្រំប្រទល់​ដី​ឬធ្វើ​របង​ ដែល​បញ្ជាក់​ថា​ ដី​មិន​មាន​ពាក់ព័ន្ធ​នឹង​វិវាទ​ ជាពិសេស​ត្រូវ​បង្ហាញ​ពី​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ដើម្បី​ងាយ​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពីសំណាក់​អតិថិជន​។

លោក​បន្ត​ទៀត​ថា​ វិធីសាស្ត្រ​នៃ​ការ​លក់​យ៉ាងណា​ដើម្បី​បាន​តម្លៃ​ខ្ពស់​ ទទួល​បាន​ចំណេញ​ច្រើន​។ ចំណុច​នេះ​អ្នកណា​ក៏​ចង់បាន​ ប៉ុន្តែ​ការកំណត់​តម្លៃ​ក៏​ត្រូវ​ធ្វើឡើង​ឱ្យ​សមស្រប​ទៅ​នឹង​តម្លៃ​លើ​ទីផ្សារ​ផង​ដែរ​។ មិន​គួរ​ដាក់​តម្លៃ​ថ្លៃ​ហួសហេតុ​ពេក​ទេ​ ដែល​អាច​ធ្វើ​ឱ្យ​ការ​លក់​ជួប​ហានិភ័យ​ជាប់​គាំង​ក្នុងរយៈពេល​យូរ​”៕

ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ធំៗ​របស់​កូរ៉េ​ខាងត្បូង​កំពុង​ពង្រីក​ខ្លួន​មកកាន់​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ហិរញ្ញ​វត្ថុ​ធំៗ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ កំពុង​ប្រញាប់​ប្រញាល់​បង្កើត​សាខា​នៅ​កម្ពុជា​ ជាផ្នែក​មួយ​នៃ​យុទ្ធ​សាស្រ្ត​រួមគ្នា​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​តំបន់​អាស៊ាន​។

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ចំនួន៥​ បាន​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ភ្នាក់​សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ (FSS​) ដែល​ជា​និយ័ត​ករ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។

យោង​តាម​របាយការណ៍​ខាងលើ​បានឱ្យ​ដឹង​ថា​ ធនាគារ​ឧស្សាហកម្ម​កូរ៉េ​ ធនាគារ​ Woori​ ធនាគារ​ Daegu​ ធនាគារ​ Nonghyup​ និង​ធនាគារ​ Kookmin​ Card​ បាន​បង្កើត​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​។

លោក​ Shin​ Chang​ Moo​ ប្រធាន​ក្រុមហ៊ុន​ PPCBank​ បាន​មានប្រសាសន៍​ថា​ “សក្ដានុពល​នៃ​វិស័យ​ធនាគារ​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ គឺ​មាន​ភាព​ទាក់ទាញ​ចំពោះ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​”។

ក្រុមហ៊ុន​ JB​ Financial​ Group​ Co​ Ltd​ ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​កូរ៉េ​បាន​ទិញ​ភាគហ៊ុន​ភាគច្រើន​នៃ​ធនាគារ​PPCBank​ កាលពី​ឆ្នាំ២០១៦​ មុន​ពេល​ធនា​គារ​ផ្សេង​ៗនៅ​កូរ៉េ​ខាងត្បូង​កំពុង​ចូល​ទីផ្សារ​កម្ពុជា​។ បន្ទាប់ពី​ការទិញ​យក​ភាគហ៊ុន​ខាងលើ​ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Jeonbuk​ Bank​ Co​ Ltd​ របស់​ក្រុមហ៊ុន​ JB​ Financial​ បាន​ទិញ​យក​ភាគហ៊ុន​ភាគច្រើន​ ៥០​ ភាគរយ​ និង​ក្រុមហ៊ុន​JB​ Woori​ Capital​ Ltd​ ទិញ​ភាគហ៊ុន១០ភាគរយ​។

ក្រុមហ៊ុន​ Apro​ Financial​ Co​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ទិញ​ភាគហ៊ុន​ ៤០​ ភាគរយ​ដែល​នៅសល់​។

លោក​ Shin​ Chang​ Moo​ បាន​និយាយ​ថា​ “កម្ពុជា​នៅ​មាន​កន្លែង​ជាច្រើន​ ដើម្បី​រីកចម្រើន​នៅក្នុង​វិស័យ​នេះ​ ហើយ​ក្រុមហ៊ុន​កូរ៉េ​មិន​ចាំបាច់​ប្រកួតប្រជែង​ ជាមួយ​ធនាគារ​ផ្សេងទៀត​ទេ​”។ លោក​បន្ថែម​ថា​ “យើង​អាច​ចូលរួម​ក្នុង​ទីផ្សារ​ដើម្បី​រីក​លូតលាស់​ទាំងអស់គ្នា​”។

ក្រុមហ៊ុន​ JB​ Financial​ Group​ Co​ Ltd​ មាន​មូលដ្ឋាន​នៅ​ទី​ខេត្ត​ Jeonju​ ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ជា​ខេត្ត​តូច​មួយ​នៅក្នុង​តំបន់​ភាគ​ខាងត្បូង​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​។

លោក​ Shin​ Chang​ Moo​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បាន​បង្កើត​វត្តមាន​នៅ​កម្ពុជា​ ដោយសារ​គ្មាន​ឱកាស​ក្នុង​ពង្រីក​ខ្លួន​ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ខ្លួន​ ដែល​មាន​អ្នកប្រកួត​ប្រជែង​ច្រើន​នៅ​ទីនោះ​។លោក​ពន្យល់​ថា​ ក្រុមហ៊ុន​ JB​ Financial​ Group​ មាន​មូលដ្ឋាន​ទី​តាំ​តូច​បំផុង​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​។ ពួកគេ​គឺ​តូចជាង​ដៃគូ​ប្រកួតប្រជែង​របស់​ពួកគេ​ ដូច្នេះ​ពួកគេ​ចង់​ស្វែងរក​លទ្ធភាព​ពង្រីក​ទីផ្សារ​ថ្មី​។

សារៈសំខាន់​របស់​កូរ៉េ​ខាងត្បូង​ ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ទំហំ​ធំ​។ ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​ទីពីរ​ បន្ទាប់ពី​ប្រទេស​ចិន​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

រហូតមកដល់​ពេលនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន២១២​ គម្រោង​ដែល​មានតម្លៃ ៤​,៥៦ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ជិត៣០០ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ដោយ​បង្កើត​ការងារ​ដល់​ប្រជាជន​រាប់ពាន់​នាក់​។

កាលពី​ខែមីនា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​មកកាន់​កម្ពុជា​ ជាផ្នែក​មួយ​នៃ​គោលនយោបាយ​ថ្មី​ នៃ​ភាគ​ខាងត្បូង​របស់​ខ្លួន​ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​និង​សេដ្ឋកិច្ច​ជាមួយ​អាស៊ី​អាគ្នេយ៍​។

លោក​ប្រធានាធិបតី​ Moon​ នៅ​ឯកិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាលពីដើម​ឆ្នាំនេះ​ បាន​និយាយ​ថា​ “ប្រទេស​កម្ពុជា​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើនជាង​មុន​ ហើយ​កម្ពុជា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​បំផុត​មួយ​ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ​នេះ​”។

ក្រុម​អ្នកវិភាគ​រំពឹង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​នា​ពេល​ខាងមុខ​ នឹង​ជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ប្រទេស​ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​ ដូចជា​ ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ពន្លឿន​នូវ​ភាព​ចាំបាច់​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​តំបន់​អាស៊ាន​។

ប្រទេស​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) សរុប​ចំនួន ២​,៤ពាន់​ពាន់​លាន​ដុល្លារ​ ធ្វើ​ឱ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​”។

​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករណ៍​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០៥០​៕

ទូ​រទស្សន៍​ដ៏​ល្បី​របស់​អាមេរិក​ CNN​ ចុះផ្សាយ​ពី​កោះ​ស្អាត​ដូច​ឋានសួគ៌​ទាំង៧​ របស់​កម្ពុជា​

0

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖ ថ្មី​ៗនេះ​ទូ​រទស្សន៍​ដ៏​ល្បី​របស់​អាមេរិក​ CNN​ នៅក្នុង​កម្មវិធី​ទេសចរណ៍​របស់​ខ្លួន​បាន​ចុះផ្សាយ​ថា​ មាន​កោះ​ចំនួន​ ៧នៅ​កម្ពុជា​ទទួល​បានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​យ៉ាង​ខ្លាំង​ ដោយ​កោះ​ទាំង៧នោះ​ វា​ហាក់ដូចជា​ឋានសួគ៌​សម្រាប់​មនុស្សលោក​។

១) កោះ​រ៉ុង​ – ល្អ​បំផុត​សម្រាប់​ការជប់លៀង​ និង​ជួបជុំ​ក្នុង​

ពេល​កន្លង​ផុត​មិនយូរ​ប៉ុន្មាន​នោះ​ឡើយ​ កោះ​រ៉ុង​មាន​តែ​បឹង​ហ្គា​ឡូ​បែប​សាមញ្ញ​ដែល​ស្ថិតនៅ​ក្នុង​ព្រៃ​ក្រាស់​ និង​មាន​ចម្ងាយ​ឆ្ងាយ​។ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​កោះ​ដែល​ធ្លាប់តែ​ស្ងាត់​បាន​កែប្រែ​មុខមាត់​របស់​ខ្លួន​ ដោយមាន​ការ​កសាង​រី​សត​ និង​កន្លែង​កំសាន្ត​ជាច្រើន​ដើម្បី​បម្រើ​ដល់​ភ្ងៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​និយម​មក​ទស្សនា​ទីនេះ​។ សម្រាប់​ការ​កំសាន្ត​បែបជា​ក្រុម​ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​គេ​និយម​ជ្រើសរើស​កោះ​រ៉ុង​។

២) កោះ​រ៉ុង​សន្លឹម​ – ល្អ​បំម​ផុត​សម្រាប់​ការសម្រាក​លំហែកាយ

​កោះ​នេះ​ជា​កោះ​មួយ​ដ៏​ស្រស់​ស្អាត​និង​មាន​ទីតាំង​ស្ថិតនៅ​លើ​បន្ទាត់​តែមួយ​ជាមួយ​កោះ​រ៉ុង​។ នៅ​លើ​កោះ​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ ហើយ​មាន​រី​សត​ជាច្រើន​ដែល​ពោរពេញ​ទៅ​ដោយ​ការ​តុបតែង​ប្រកបដោយ​ភាព​ទាក់ទាញ​។

នៅ​លើ​កោះ​នេះ​មាន​ភូមិ​នេសាទ​មួយ​ដែលគេ​ហៅថា​ ម្ភៃ​បី​ ដែល​នៅ​លើ​ភូមិ​នេះ​មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​ភ្ងៀវ​ជាមួយ​តម្លៃ​យ៉ាង​សមរម្យ​បំផុត​។ អ្វី​ដែល​ត្រូវ​ដឹង​គឺ​នៅ​លើ​កោះ​នេះ​មិនសូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បានទេ​ នេះ​ជាហេតុ​ផល​ដែល​កោះ​នេះ​សមស្រប​សម្រាប់​ការសម្រាក​លំហែ​។

៣) កោះ​សង្សារ​ – ជា​កោះ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ប្រណិត

​កោះ​សង្សារ​ជា​កោះ​មួយ​ដែល​មានការ​រៀបចំ​ទេសភាព​បាន​យ៉ាង​ស្អាត​។ ប្រសិន​អ្នកមាន​គូរ​សង្សារ​ អាច​ចំណាយពេល​នៅ​ទីនោះ​បាន​យ៉ាង​ផ្អែមល្ហែម​ឲ្យ​សម​ទៅ​នឹង​ឈ្មោះ​នៃ​កោះ​នេះ​។ ចំណែក​តម្លៃ​វិញ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ​ គឺ​រី​សត​នៅ​ទីនោះ​អាច​មានតម្លៃ​រហូត​ទៅដល់​ ៣០០០​ ដុល្លា​ក្នុង​មួយ​យប់​។

ប៉ុន្តែ​បើ​គិត​ឲ្យបាន​ស៊ីជម្រៅ​ទៅ​តម្លៃ​ប៉ុណ្ណឹង​គឺ​វា​សម​ហេតុផល​ណាស់​ចំពោះ​សេវាកម្ម​ និង​ការ​ផ្ដល់​ជូន​នៅ​ទីនោះ​។

៤) កោះ​ថ្មី​ – ជា​កោះ​ដែល​ល្អ​សម្រាប់​ការ​ទស្សនា​ធម្មជាតិ​

កោះ​នេះ​មាន​ប្រមូលផ្ដុំ​ទៅ​ដោយ​សត្វ​បក្សី​ ល្មូន​ និង​ សត្វ​ជាច្រើន​ប្រភេទ​ផ្សេង​ៗទៀត​។ អ្នកទស្សនា​ដែល​បាន​មកដល់​ទីនេះ​ហើយ​តែងតែ​ចាប់​អាម្មណ៍​ទៅលើ​ការ​ដើរ​គយគន់​សម្រស់​យ៉ាង​ស្រស់បំព្រង​នៅ​ទីនេះ​។ ចំណែក​ការ​ស្នាក់នៅ​លើ​កោះ​នេះ​វិញ​គឺ​មាន​តែ​បឹង​ហ្គា​ឡូ​តែមួយគត់​ហើយ​មាន​បន្ទប់​ប្រមាណ​ ៧ តែប៉ុណ្ណោះ​។

៥) កោះ​តា​គៀវ​ – ជា​កន្លែង​សម្រាកលំហែ​កាយ​បែបចង់​ដេក​អង្រឹង​លេង​

កោះ​នេះ​មិនសូវ​មាន​អ្វី​ដែល​គួរឲ្យ​ទាក់ទាញ​ និង​មិនសូវ​មាន​អ្ន​ទស្សនា​ប៉ុន្មាន​ទេ​។ វា​មាន​សកម្មភាព​មួយចំនួន​ដែល​អាច​ឲ្យ​អ្នកទស្សនា​ទីនេះ​ធ្វើ​បាន​ដែល​មាន​ដូចជា​ ការ​លេង​លើ​ឆ្នេរខ្សាច់​ ការ​ដើរព្រៃ​ និង​ មុជទឹក​លេង​។ នៅ​លើ​កោះ​នេះ​មាន​ម៉ាស៊ីនភ្លើង​សម្រាប់​បំភ្លឺ​ប៉ុន្តែ​បន្ទាប់ពី​ព្រះអាទិត្យ​លិច​បាត់​ទៅ​នៅ​លើ​កោះ​នេះ​ពោរពេញ​ទៅ​ដោយ​ភាព​ងងឹត​។ នៅ​ទីនេះ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​បោះ​ជំរុំ​ដោយសេរី​នោះ​ឡើយ​ លោកអ្នក​អាច​ជួល​តង់​ ឬ អង្រឹង​សម្រាប់​សម្រាក​ក្រោម​ពន្លឺ​ដួង​ចន្ទ​នា​ពេល​រាត្រី​បាន​។

៦) កោះតាង​ – ជាទី​តាំង​ល្អ​សម្រាប់​ការ​មុជទឹក

​កោះ​នេះ​ធ្លាប់​ជាទី​តាំង​ដែល​ទ៧ព​អាមេរិក​ និង​ខ្មែរក្រហម​ប៉ះទង្គិច​គ្នា​។ ក្រោយពី​ការ​អភិ​ឌ្ឍ​ន៍​កោះ​នេះ​មាន​សម្រស់​យ៉ាង​ស្រស់​ស្អាត​ ជាពិសេស​នោះ​គឺ​ជីវចម្រុះ​នៅក្នុង​បាតសមុទ្រ​រស់នៅ​តពូជ​ ដោយ​មិន​មានការ​រំខាន​អ្វី​ឡើយ​។ នេះ​ជាហេតុ​ធ្វើឲ្យ​កោះ​នេះ​មាន​លក្ខណៈ​ពិសេស​សម្រាប់​ការ​មុជទឹក​ និង​គយគន់​សម្រស់​បាតសមុទ្រ​។

៧) កោះ​ទទឹង​ – ជា​កោះ​ដែល​អាច​ឲ្យ​អ្នក​ជៀស​ផុត​ពី​ទម្លាប់​ប្រចាំថ្ងៃ​

អ្នកតែង​តែ​ប្រើប្រាស់​ទូរស័ព្ទ​ និង​ អ៊ី​នធឺ​ណែ​តជាប្រចាំ​ប៉ុន្តែ​ពេល​អ្នក​មកដល់​ទីនេះ​វា​នឹងអាច​ផ្លាស់​ប្តូរ​។ នៅ​លើ​កោះ​នេះ​មាន​រី​សត​តែមួយ​ប៉ុណ្ណោះ​ដែល​បម្រើសេវា​កម្ម​ស្នាក់នៅ​ ហើយ​វា​ក៏​មិន​មាន​អគ្គិសនី​សម្រាប់​ប្រើ​នោះ​ឡើយ​ដូច្នេះ​អ្នក​អាច​ប្រើ​ពេលវេលា​សម្រាក​លើ​កោះ​នេះ​ដោយ​ភាព​រីករាយ​៕

តើ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​នឹង​ប្រែប្រួល​ដូចម្តេច​ក្រោយពេល​ព្រលា​នយន្តហោះ​ថ្មី​សាងសង់​រួច​

1

ដោយៈ​ រ៉ា​ណេត​

សៀម​រា​បៈ​ ដូច​ទៅ​នឹង​គម្រោង​ដែល​បាន​គ្រោងទុក​ ពេល​នេះ​ព្រលា​នយន្តហោះ​ថ្មី​នៅ​លើទឹក​ដី​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ បាន​ចាប់ផ្តើម​ដំណើរការ​ជា​បណ្តើរ​ៗហើយ​ ដោយ​គំរោង​ដំណាក់កាល​ទីមួយ​បាន​និង​កំពុង​ចាប់ផ្តើម​សាងសង់​ហើយ​។

ខេត្ត​ដែល​មាន​ភាព​ល្បីល្បាញ​ផ្នែក​វិស័យ​ទេសចរណ៍​នេះ​ បាន​និង​កំពុង​បង្ហាញ​សក្តា​នុ​ពល​បណ្តើរ​ៗ ជាមួយ​គំរោង​វិ​និ​យោ​គធំៗ​ជាច្រើន​ ពិសេស​បុរី​លំនៅ​ដ្ឋាន​បាន​កើនឡើង​នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៤​ ខែឧសភា​ នេះ​ថា​ ពេលនេះ​ដំណើរការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​ នៃ​ខេត្តសៀមរាប​ បាន​ចាប់ផ្តើម​មាន​សកម្មភាព​ហើយ​ ដោយក្រុម​ហ៊ុន​ដែល​ទទួល​សាងសង់​ បាន​និង​កំពុងតែ​ធ្វើការ​ឈូស​ឆាយដី​។

លោក​បាន​បញ្ជាក់​ថា​ “សម្រាប់​ការសាងសង់​ពេលនេះ​ គឺជា​ការអនុវត្ត​ទៅតាម​ការសិក្សា​ និង​ផែនការ​ដូចដែល​បាន​គ្រោង​ជា​ដំណាក់កាល​ទី១​ នៅក្នុងចំណោម​ដំណាក់​ទាំង៣​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជាទូទៅ​សម្រាប់​ការ​សាង​សង់​ព្រលា​នយន្តកម្រិត​អន្តរជាតិ​គឺ​ត្រូវ​សិក្សា​យ៉ាង​លម្អិត​ និង​តម្រូវ​ចំណាយ​រយៈពេល​យូរ​ ជាក់ស្ដែង​ដូចជា​ដំណាក់កាល​ទី១នៃ​ការសាងសង់​នា​ពេលនេះ​យ៉ាងហោចណាស់​ត្រូវ​ចំណាយពេល​យ៉ាង៥ឆ្នាំ​ឡើង​ទៅ​ទើប​អាច​បញ្ចប់​”។

​;លោក​សិរី​វុត្ថា​បាន​បញ្ជាក់​ទៀត​ថា​ ជា​ជំហាន​ដំបូង​ដែល​ស្ថិតនៅ​ក្នុង​ដំណាក់​ទី១​ ព្រលា​នយន្តហោះ​មួយ​នេះ​ អាច​អនុញ្ញាត​ទទួលការ​ចុះចត​របស់​យន្តហោះ​ប្រភេទ​4E​ ដែល​ជា​ប្រភេទ​យន្តហោះ​ខ្នាត​ធំ​ ហើយនឹង​អាច​ឈាន​ទៅដល់​ការសាងសង់​ដំណាក់កាល​ទី២​ និង​ទី៣បន្ថែម​ទៀត​។ អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ប្រភេទ​ 4F​ ដែល​ជា​ប្រភេទ​យន្តហោះ​ខ្នាត​ធំ​បំផុត​ ខណៈ​បើ​មើលឃើញ​ថា​តម្រូវការ​នៃ​ការ​ដឹកជញ្ជូន​ ក៏ដូចជា​ចំនួន​ភ្ញៀវ​ទេសចរ​មាន​កំណើន​ខ្ពស់​ដូចដែល​បាន​សិក្សា​ និង​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​។ ជាទូទៅ​ ការកំណត់​ពី​ភាព​ចាំបាច់ក្នុង​ការសាងសង់​ដំណាក់​នី​មួយ​ៗ ត្រូវ​ធ្វើឡើង​ក្នុងរយៈពេល​ប្រមាណ​ជា៥ឆ្នាំ​ឡើង​ ទៅ​បន្ទាប់ពី​បាន​ដាក់​ដំណើរ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ដំណាក់កាល​ទីមួយ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា​ វា​ជា​រឿង​ដ៏​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ព្រោះ​តាម​រយៈ​ព្រលា​នយន្តហោះ​ថ្មី​ នៃ​ខេត្តសៀមរាប​មួយ​នេះ​ នឹង​កាន់តែ​បង្កើន​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ក្រោយពេល​បើក​ដំណើរការ​ឱ្យ​ប្រើប្រាស់​ ព្រលា​នយន្តហោះ​ថ្មី​មួយ​នេះ​ នឹង​ធ្វើឲ្យ​ខេត្តសៀមរាប​ កាន់តែ​មានការ​ប្រែប្រួល​កាន់តែ​អស្ចារ្យ​ រហូត​អាច​ក្លាយជា​តំបន់​គំរូ​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ន៍​ មក​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកលលោក​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ ភាគច្រើន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ ជា​ជនបរទេស​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​។

លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​មាន​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ ការ​កែប្រែ​ និង​ការ​អភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នឹង​កើតមាន​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ទេសចរណ៍​ និង​អ្នក​វិនិយោគ​បាន​កាន់តែ​ច្រើន​”។

ងណាក៏ដោយ​ បើ​ទោះជា​វិស័យ​ទេសចរណ៍​ នឹង​មាន​ភាព​រីកចម្រើន​បន្ទាប់ពី​ដាក់​ដំណើរ​ការ​ព្រលា​នយន្តហោះ​ថ្មី​ នៅ​ថ្ងៃ​អនាគត​ក៏ដោយ​ លោកស្រី​ក៏បាន​ទទូច​សុំ​ឱ្យ​បណ្តា​មគ្គុ​ទេស​ទាំងអស់​ គម្បី​ទទួលការ​បណ្តុះបណ្តាល​ជំនាញ​ និង​វិជ្ជាជីវៈ​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​សមត្ថភាព​ និង​គុណភាព​អាជីព​នៅក្នុង​វិស័យ​នេះ​។

ជាមួយគ្នា​នេះ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ ក៏បាន​សាទរ​ជាមួយនឹង​ដំណឹងល្អ​នេះ​ ហើយ​លោក​មើលឃើញ​ថា​ សន្ទុះ​នៃ​ការ​រីកចម្រើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ក្នុង​ខេត្តសៀមរាប​កំពុង​ដើរ​លើ​ផ្លូវ​វិជ្ជមាន​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ក្ដី​សាទរ​ជាមួយ​ នឹង​ដំណើរ​នៃ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ថ្មី​មួយ​នេះ​ផង​ដែរ​ថា​ ជា​ដំណឹង​ដ៏​ល្អ​ ព្រោះ​នៅពេល​មា​នព្រ​លាន​យន្តហោះ​ខ្នាត​អន្តរជាតិ​ ដែល​អាច​ទទួលការ​ចុះចត​នូវ​ប្រភេទ​យន្តហោះ​ខ្នាត​ធំ​បាន​ នោះ​បណ្តា​ភ្ញៀវ​ទេសចរ​ជាច្រើន​ប្រទេស​ នឹង​មកកាន់​កម្ពុជា​បាន​កាន់តែ​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​អ្នក​វិនិយោគ​នានា​មក​ជាមួយផងដែរ​។

លោក​បាន​បន្ត​ថា​ “ជា​ធម្មតា​នៅពេល​ដែល​មា​នកំនើ​នភ្ញៀ​វកាន់​តែ​ច្រើន​ នោះ​តម្រូវការ​នៃ​ការ​ស្នាក់នៅ​នឹង​មាន​កាន់តែ​ច្រើន​ ជាពិសេស​ផ្នែក​សណ្ឋាគារ​ជាដើម​ ដែល​ទាំង​កត្តា​អស់នេះ​ សុទ្ធតែ​ជះឥទ្ធិពល​ល្អ​ដល់​វិស័យ​សំណង់​ និង​វិស័យ​អលន​ទ្រព្យ​”។ លោក​បន្ត​ថា​ “នៅពេល​មានការ​អភិវឌ្ឍ​ផ្នែក​វិស័យ​សំណង់​ មានន័យថា​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​នឹង​កើតមាន​ ហើយ​វា​នឹង​ជម្រុ​ញឱ្យ​តម្លៃ​មានការ​កើនឡើង​ជាក់ជា​មិនខាន​»។

ព្រលា​នយន្តហោះ​ថ្មី​នៅ​លើទឹក​ដី​ខេត្តសៀមរាប​មួយ​នេះ​ ស្ថិត​ក្នុង​ស្រុក​សូទ្រនិគម​ មាន​ចម្ងាយ​ប្រមាណ៥១គីឡូម៉ែត្រ​ ពីទី​រួម​ខេត្ត​នៅ​លើ​ផ្ទៃដី​ទំហំ៧០០ហិ​កតា​ ត្រូវ​បាន​សាងសង់​ដោយក្រុម​ហ៊ុន​ចិន​ YUNAN​ Development​ Group​ នៅក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន៩០០លាន​ដុល្លារ​ ក្នុង​កិច្ចសន្យា​រយៈពេល៥៥ឆ្នាំ​៕

ADB​ ផ្តល់​កម្ចី​ ៧,៦៤លាន​ដុល្លារ​ជួយ​ទាញ​យក​អគ្គិសនី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្ត​កំពង់ឆ្នាំង​

0
រូបភាពតំណាង

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ប្រាក់កម្ចី​ចំនួន៧​,៦៤លាន​ដុល្លារ​ ដែល​បាន​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ហិរញ្ញវត្ថុ​ ដើម្បី​សាងសង់​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​មាន​សមត្ថភាព​បង្កើត​ថាមពល​អគ្គ​សនី១០០​ មេ​ហ្គា​វ៉ាត់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។ នេះ​យោង​ចេញផ្សាយ​របស់​ ADB​ នៅ​ថ្ងៃនេះ​។

លោក​ Pradeep​ Tharakan​ អ្នកឯកទេស​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់​ ADB​ បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ “ការ​មាន​ប្រភព​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​ប្រកបដោយ​និរន្តរភាព​ និង​មាន​តំលៃ​សមរម្យ​ មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ប្រទេស​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ប្រទេស​កម្ពុជា​។

លោក​បន្ថែម​ថា​ “ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ មិន​ត្រឹមតែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ថាមពល​ចម្រុះ​ដល់​កម្ពុជា​ តាមរយៈ​ការអភិវឌ្ឍន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ ថែមទាំង​ជួយ​ប្រទេស​កម្ពុជា​ ឱ្យ​សម្រេច​គោលដៅ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ​”។

ប្រាក់កម្ចី​នេះ​ នឹង​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កញ្ចប់​ ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​គំរោង​ថាមពល​ព្រះអាទិត្យ​ជាតិ​ ដែល​នឹង​រួមបញ្ចូល​ជាមួយ​ប្រាក់កម្ចី១១លាន​ដុល្លារ​ផ្សេងទៀត​ ហើយ​មាន​ទឹកប្រាក់៣លាន​ដុល្លារ​ជា​ជំនួយឥតសំណង​ចំនួន​ និង៥០ម៉ឺន​ដុល្លារ​ជា​ជំនួយឥតសំណង​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។

អគ្គិសនី​កម្ពុជា​ នឹង​ចាប់ផ្តើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ ផ្លូវថ្នល់​ ប្រព័ន្ធ​ហ៊ុមព័ទ្ធ​ និង​ប្រព័ន្ធ​បង្ហូរទឹក​សម្រាប់​រោងចក្រ​ថាមពល​នៅ​ខេត្ត​កំពង់ឆ្នាំង​។

យោង​តាម​ ADB​ បានឱ្យ​ដឹង​ថា​ គម្រោង​រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ “នឹង​ត្រូវ​ដាក់ដេញថ្លៃ​ ឲ្យ​ទៅ​អ្នក​ផលិត​ថាមពល​ឯកជន​ ដោយ​បែងចែក​ជា​ពីរ​ដំណាក់កាល​ ហើយ​ដំណាក់កាល​ដំបូង​ គឺ​មាន​សមត្ថភាព​ផលិត​ថាមពល​បាន៦០មេ​ហ្កា​វ៉ាត់​៕

កម្ពុជា​-ថៃ​នឹង​ចុះហត្ថលេខា​លើ​កម្ចី​ហិរញ្ញប្បទាន​ ២៦.៤២លាន​ដុល្លារ​ដើម្បី​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​

0
ស្ពានស្ទឹងបត់មើលពីលើអាកាស។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​ថៃ​បាន​ចុះហត្ថលេខា​លើ​កម្ចី​ហិរញ្ញប្បទាន​សម្បទាន​ចំនួន២៦.៤២លាន​ដុល្លារ​សហរដ្ឋ​អមេ​រិក​ សម្រាប់​ការសាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥របស់​កម្ពុជា​នៅជា​ផ្លូវការ​ថ្ងៃនេះ​ ខណៈ​ការដ្ឋាន​សាងសង់​ត្រូវ​បាន​សម្ពោធ​កាលពី​កន្លងទៅ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ការសាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ បាន​ណង​អៀន​ និង​សាងសង់​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ វិញ​ រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ២៦.៤២លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាងសង់​អគារ​ច្រក​ទ្វារ​ត្រួតពិនិត្យ​ព្រំដែន​ និង​ផ្លូវ​តភ្ជាប់​ សំណង់​អគារ​អន្តេវាសិក​ដ្ឋាន​ ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់​ «ឃ្លាំង​ និង​ទីលាន​កុង​តែ​ន័រ​» ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​ និង​សំណង់​កាត់បន្ថយ​គ្រោះ​ទឹកជំនន់​។

បន្ទាប់ពី​គម្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-បាន​ណង​អៀន​ និង​ការ​តភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ដាក់​ឱ្យ​ដំណើរការ​តំបន់​ប៉ោយប៉ែត​នឹង​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាង​ខ្លាំង​ ជា​មជ្ឈមណ្ឌល​ស្តុក​និង​ចែកចាយ​ទំនិញ​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បង្កើត​ជា​សក្តា​នុ​ពល​រូប​វ័ន្ត​ដ៏​រឹងមាំ​ សម្រាប់​ទ្រទ្រង់​ដល់​គម្រោង​វិនិយោគ​នានា​ក្នុង​ស្រុក​ និង​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។

ថ្លែង​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ កាលពី​ថ្ងៃទី​ ២២​ ខែមេសា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចាត់ទុកថា​ វឌ្ឍនភាព​តាម​ព្រំដែន​ ក៏ដូចជា​ប្រទេស​កម្ពុជា​ពេលនេះ​ គឺ​កើតឡើង​ដោយសារតែ​សន្តិភាព​។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កន្លងមក​នេះ​ថា​ ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មីនេះ​ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន២៤ខែ​ ដោយ​គិត​ចាប់ពី​ខែមេសា​ ឆ្នាំ២០១៩​ នេះ​តទៅ​។ លោក​បាន​បន្ថែម​ថា​ ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-បាន​ណង​អៀន​ថ្មីនេះ​ គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-ថៃ​ និង​ដើម្បី​ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ផង​ដែរ​។

លោក​រដ្ឋ​មន្ត្រី​ន្ថែ​មទៀ​តថា​ គម្រោង​សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ស្ទឹង​បត់​-បាន​ណង​អៀន​ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ធ្វើឡើង​ខណៈ​ដែល​ច្រកព្រំដែន​ប៉ោយប៉ែត​-អរញ្ញ​ប្រ​ថេ​ត មានការ​ឆ្លងកាត់​ទំនិញ​ និង​ទេសចរណ៍​កាន់តែ​មមាញឹក​យ៉ាង​ខ្លាំង​ ហើយ​ពេលខ្លះ​ មានការ​កកស្ទះ​ចរាចរណ៍​អស់​ជាច្រើន​ម៉ោង​ទៀតផង​។ទន្ទឹម​នេះ​ការ​កកស្ទះ​នៅ​ច្រក​នាំចេញ​ នាំចូល​ទំនិញ​ជា​កត្តា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ នៃ​ប្រទេស​ទាំងពីរ​៕

តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នៅ​កោះ​នរា​កំពុង​កើនឡើង​ ក្រោយពី​ OCIC​ គ្រោង​បង្កើត​កោះ​មាស​

1

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ បន្ទាប់ពី​មានដំណឹង​ពី​ការ​វិនិយោគ​ទីក្រុង​មាស​ នៅ​តំបន់​កោះ​នរា​ដោយក្រុម​ហ៊ុន​ OCIC​ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ បាន​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​តម្លៃ​ដី​នៅ​ទីនេះ​កំពុង​មាន​ភាព​ពុះកញ្ជ្រោល​ជា​បណ្តើរ​ៗហើយ​។

មុន​នេះ​បន្តិច​មានការ​ទម្លាយ​ព័ត៌មាន​ពី​ប្រភព​ដែល​គួរទុកចិត្ត​បាន​ថា​ នៅពេល​ខាងមុខនេះ​ តាម​ច្រាំងទន្លេ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​កោះ​នរា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ នឹង​ផុស​ឡើង​នូវ​កោះ​សិប្បនិម្មិត​ដ៏​អស្ចារ្យ​មួយ​ដោយមាន​ឈ្មោះ​ «កោះ​មាស​» ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ OCIC​ ធ្វើជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ និង​ជាទី​ក្រុង​រណប​ដ៏​លេចធ្លោ​មួយទៀត​បន្ទាប់ពី​ទីក្រុង​កោះ​ពេជ្រ​ ខណៈ​ដែល​នៅក្នុង​គម្រោង​មួយ​នេះ​ នឹង​ត្រូវ​ចាក់​ដី​បំពេញ​តាម​ច្រាំង​ចូលទន្លេ​ប្រមាណ៤០០ម៉ែត្រ​ ដែល​មាន​បណ្តោយ​ប្រមាណ២០០០ម៉ែត្រ​។

សហ​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Advance​ Real​ Estate​ លោក​ ប៉ូ​ អ៊ា​វគង់​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែឧសភា​ នេះ​ថា​ ជាទូទៅ​ នៅពេល​ដែល​មានដំណឹង​ពី​ការសិក្សា​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ តំបន់​នោះ​គឺ​រមែង​តែង​មានការ​កើនឡើង​នូវ​តម្លៃ​ដី​ជាប្រក្រតី​។ លោក​បាន​បន្ត​ថា​ ការ​ឡើង​តម្លៃ​នេះ​ មិនមែន​ជា​ការកំណត់​ដោយ​អ្នកជំនាញ​ណាមួយ​នោះ​ទេ​ ប៉ុន្តែ​នៅពេល​ដែល​មានដំណឹង​ស្ដីពី​ការសិក្សា​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ ម្ចាស់​អចន​ទ្រព្យ​គាត់​តម្លើង​ថ្លៃ​ទ្រព្យ​ដោយខ្លួនឯង​បើ​ទោះជា​មិនទាន់​ច្បាស់​ការណ៍​ថា​ គម្រោង​សិក្សា​ទាំងនោះ​អាច​លេចចេញ​ជារូបរាង​ក៏ដោយ​។

​លោក​បន្ត​ថា​ “តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​កោះ​នរា​ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់​ច្រាំងទន្លេ​ ជាទូទៅ​គឺ​មានតម្លៃ​ទាប​ជាង​តំបន់​ដទៃ​ ដោយសារតែ​តំបន់​ជាប់​ច្រាំងទន្លេ​ ទទួលរង​នូវ​គ្រោះ​ហានិភ័យ​ដោយ​ការ​បាក់​ដី​ចូលទន្លេ​”។

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​ ដី​នៅ​តំបន់​ងាយ​រងគ្រោះ​នេះ​ អាច​មានតម្លៃ​ត្រឹម​ប្រមាណ៦០០ដុល្លារ​ចុះក្រោម​រហូតដល់​ត្រឹម២០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​ទាប​ជាង​នេះ​ (តាម​ទំហំ​ ទីតាំង​ និង​ស្ថានភាព​ដី​)។ ប៉ុន្តែ​បើ​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​ និង​មាន​សុវត្ថិភាព​អាច​មានតម្លៃ​ចាប់ពី៤០០​-៦០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ (ដី​ទំហំ​) ហើយ​ដី​ដែល​មាន​ទំហំ​តូច​អាច​មានតម្លៃ​ថ្លៃជាង​នេះ​។

​លោក​បាន​បញ្ជាក់​ថា​ “ប្រសិនបើ​គម្រោង​ដែល​បាន​លើកឡើង​ខាងលើ​នេះ​កើតមាន​មែន​នោះ​ តំបន់​មួយ​នឹង​នឹង​ទទួល​បាន​ឥទ្ធិពល​ល្អជា​ច្រើន​ ដែល​មានការ​អភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ ថែមទាំង​ជម្រុ​ញឱ្យ​តម្លៃ​ដី​ និង​អចលនទ្រព្យ​មានការ​កើនឡើង​កាន់តែ​ខ្លាំង​”។

លោក​ ទូច​ សំណាង​ អគ្គនាយករង​ក្រុមហ៊ុន ​OCIC​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គំរោង​កសាង​ទីក្រុង​រណប​ថ្មី​មួយ​នៅ​តំបន់​កោះ​នរា​ ពិតជា​មាន​មែន​ ហើយ​គំរោង​នេះ​ស្ថិតនៅ​ក្នុង​ដំណើរការ​រៀបចំ​និ​តិ​វិធី​នានា​ ដើម្បី​ឈាន​ទៅ​សម្រេច​សាងសង់​គំរោង​នេះ​ ប៉ុន្តែ​លោក​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ថា​ គម្រោង​នេះ​នឹង​សាងសង់​នា​ពេលណា​ឡើយ​។

លោក​បន្ត​ថា​ “គំរោង​នេះ​មាន​សណ្ឋាន​ និង​ការរៀបចំ​ស្រដៀងគ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​”។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នៃ​ការបង្កើត​កោះ​សិប្បនិម្មិត​ ដើម្បី​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​បែប​ទំនើប​ ដែល​ប្រសិទ្ធ​​នាម​ថា​ «កោះ​មាស​» ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​ មន្ត្រី​ជាន់ខ្ពស់​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភក្ដី​ បាន​មានប្រសាសន៍​ឲ្យ​ផង​ដែរ​ថា​ គម្រោង​មួយ​នេះ​លោក​ធ្លាប់​បានឮ​គេ​និយាយ​ ប៉ុន្តែ​ព័ត៌មាន​ជា​ផ្លូវការ​ ដែល​អាច​លេចចេញ​ជារូបរាង​នៅពេល​ណា​នោះ​ លោក​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា​ “រាល់​គម្រោង​អភិ​វឌ្ឍ​ផ្សេង​ៗទាំងអស់​ សុទ្ធតែ​ជា​ការចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ក៏ដូចជា​រាជ​ធា​នី​ភ្នម​ពេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​ប្រទេសជាតិ​ រាប់​ទាំង់​ការ​លើកស្ទួយ​កម្ពស់ជីវភាព​ប្រជាពលរដ្ឋ​ ក៏ដូចជា​លើកស្ទួយ​មុខ​មាត់​របស់​រាជធានី​ភ្នំពេញ​ផង​ដែរ​”។ លោក​បន្ត​ថា​ “គម្រោង​នៃ​ការ​អភិវឌ្ឍ​ទាំងអស់​ កើត​ចេញពី​ជ្រុង​មួយ​នៃ​សង្គម​ និង​ប្រទេស​​ជាតិ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីកចម្រើន​ មាន​ស្ថិរភាព​នយោបាយ​ និង​សន្តិសុខ​សង្គម​។

យ៉ាងណាក៏ដោយ​ លោក​ម៉េ​ត មាស​ភក្ដី​ បាន​សុំ​មិន​ធ្វើការ​អត្ថា​ធិប្បាយ​បញ្ជាក់​លម្អិត​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នៃ​ការបង្កើត​កោះ​សិប្បនិម្មិត​ ឬមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បែប​ទំនើប​ «កោះ​មាស​» នេះនោះ​ទេ​ ដោយ​លោក​បាន​បញ្ជាក់​ថា​ វា​ជា​ព័ត៌មាន​ដែល​មិនទាន់​ជា​ផ្លូវការ​នៅឡើយ​៕

មន្ត្រី​ជាន់ខ្ពស់​ចិន​សន្យា​នឹង​បន្ត​ជំរុញ​ការ​វិនិយោគ​ និង​បើក​ទីផ្សារ​ដល់​កសិផល​របស់​កម្ពុជា​បន្ថែម​ទៀត​

0
សម្តេច​តេជោ​ ហ៊ុន​ សែន និងលោក លោក Wang Yajun។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ លោក​ Wang​ Yajun​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​គូសបញ្ជាក់​ថា​ ចិន​ នឹង​បន្ត​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ ដោយ​ជំរុញ​ការ​វិនិយោគ​និង​ការ​បើក​ទីផ្សារ​ដល់​កសិផល​ និង​ផលិត​ផល​​របស់​កម្ពុជា​បន្ថែម​ទៀត​។

នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ​ ២០១៩នេះ​ លោក ​Wang​ Yajun​ ថា​ នឹង​ទៅ​ធ្វើទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហ​កម្ម​ផ្សេង​ៗដែល​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្រុង​ព្រះសីហនុ​។ លោក​បន្ត​ថា​ ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​របស់​លោក​ វ៉ាង​ យ៉ា​ជុ​ននា​ពេលនេះ​ គឺ​ដើម្បី​ជំរុញ​នឹង​បន្ត​ការ​ធ្វើការ​រាល់​កិច្ចការ​ទាំងឡាយ​ ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ ដែល​មាន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ប្រធានាធិបតី​ចិន​ស៊ី​ ជី​នពីង​ បាន​ចុះហត្ថលេខា​នា​ពេល​កន្លងមក​។

លោក​បាន​បញ្ជាក់​ថា​ “កម្ពុជា​និង​ចិន​គឺជា​មិត្ត​ដែកថែប​ ហើយ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​នៅពេល​នេះ​ស្ថិតនៅ​លំដាប់​ល្អ​បំផុត​”។ លោក​បន្ត​ថា​ ឯកសារ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​ នៅពេល​កន្លងមក​នៅក្នុង​កិច្ចប្រជុំ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​នៅ​ប្រទេស​ចិន​នា​ គឺ​នឹង​ជំរុញ​ទំនាក់​ទំ​នរ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ថែមទៀត​ ជាពិសេស​គឺ​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​និង​ប្រទេស​ទាំងពីរ​ ដែល​នឹង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​ការ​អោយ​កាន់តែ​រឹងមាំ​ថែមទៀត​”។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន​ និង​បាន​យល់ស្រប​ទាំងស្រុង​ចំពោះ​ការ​លើកឡើង​របស់​ លោក​ វ៉ាង​ យ៉ា​ជុន​ ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​ផង​ ជាមួយ​នឹង​សក្តា​នុ​ពល​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ផង​ ជាពិសេស​ឈរ​លើ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​រួចហើយ​នោះ​ ដែល​ជាឯក​សារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ទៅ​នឹង​សហគមន៍​មួយ​ ជោគវាសនា​មួយ​ ដែល​បាន​ចុះហត្ថលេខា​នៅពេល​កន្លងមក​។

សម្ដេច​តេជោ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ប្រទេស​ចិន​ជា​មិត្ត​ក្នុង​ការ​ជួយ​ជំរុញ​ការ​វិនិយោគ​ចិន​ឲ្យបាន​កាន់តែ​ច្រើន​មកកាន់​កម្ពុជា​ ស្រប​ពេល​នឹង​ការ​ជួយ​ជ្រោមជ្រែង​បើក​ចំហរ​ទីផ្សារ​កសិផល​ និង​ផលិត​ផល​ផ្សេង​ៗជាច្រើន​ទៀត​របស់​កម្ពុជា​ទៅ​កាន់​​ទីផ្សារ​របស់​ប្រទេស​ចិន​នោះ​៕

ប្រតិភូ​វិនិយោគចិន​ធំៗ​គ្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ប្រតិភូ​វិ​និ​យោ​គ​ធំៗ​មក​ពីទី​ក្រុង​ប៉េកាំង​-ហុងកុង​របស់​ប្រទេស​ចិន​ បាន​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ ខណៈ​ដែល​វិស័យ​មួយ​នេះ​ ជា​វិស័យ​អាទិភាព​របស់​កម្ពុជា​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ តូច​ ចាន់​កុសល​ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ កាលពី​ថ្ងៃទី​ ២៣​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ខណៈ​ប្រតិភូ​វិនិយោគិន​ ប៉េកាំង​-ហុងកុង​ ដែល​ដឹកនាំ​ដោយ​ លោក​ Wang​ Hongneun​ អគ្គនាយករង​ នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ប៉េកាំង​ និង​លោកស្រី​ Regina​ Lai​ ប្រធាន​ផ្សព្វផ្សាយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ បាន​ឲ្យដឹង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ មកកាន់​ប្រទេស​កម្ពុជា​ គឺ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​។

លោក​ តូច​ ចាន់​កុសល​ បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ស្ថានភាព​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដែល​កំពុង​ស្ថិត​ក្រោម​ការពិចារណា​ រួមមាន​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ គម្រោង​រថភ្លើង​ក្រោម​ដី​ (Subway​) និង​គម្រោង​នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគ​តផ្សេង​ៗ ទៀត​។

លោក​បាន​បង្ហាញ​ពី​គម្រោង​នា​ពេល​អនាគត​ ដែល​អាច​ជា​ឱកាស​វិនិយោគ​ សម្រាប់​គណៈប្រតិភូ​ ដែល​បាន​គូសបញ្ជាក់​ដូចជា​គម្រោងការ​អភិវឌ្ឍ​ទីក្រុង​ ទីក្រុង​វៃឆ្លាត​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ និង​ការ​តភ្ជាប់​ផ្លូវ​ផង​ដែរ​។

ប្រតិភូវិនិយោគិនធំៗមកពីទីក្រុងប៉េកាំង-ហុងកុងរបស់ប្រទេសចិន។ រូបថត៖ សហការី

លោក​ តូច​ ចាន់​កុសល​ បាន​បន្ថែម​ថា​ក្រសួង​រីករាយ​ស្វាគមន៍​ និង​សហការ​គាំទ្រ​ដល់​ការ​វិនិយោគឯកជន​ ក្នុង​វិស័យ​សាធារណការ​ និង​ការ​ដឹកជញ្ជូន​ ក្នុង​លក្ខណៈ​ជា​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ ឬ វិនិយោគ​ប្រភេទ​ BOT ​(កសាង​ ប្រតិបត្តិ​ ផ្ទេរ​) ៕

ថៃ​គ្រោង​ផ្តល់​កម្ចី​ហិរញ្ញវត្ថុ​ដល់​ការអភិវឌ្ឍន៍​កម្ពុជា​

0

ដោយ​ យុទ្ធ​

បាង​កកៈ​ ភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​ដែល​មាន​ដ្ឋាន​នៅ​ប្រទេស​ថៃ​បាន​កែសម្រួល​ការអនុវត្ត​ន៍​ការ​ផ្តល់​ប្រាក់កម្ចី​ទៅដល់​កន្លែង​គម្រោង​ចំនួន​ ២០​ នៅក្នុង​ប្រទេសជិតខាង​ដូចជា​ កម្ពុជា​ មីយ៉ាន់ម៉ា​ និង​ឡាវ​។

ការ​កែសម្រួល​ការអនុវត្ត​ន៍​ក្នុង​ការ​ផ្តល់​ហិរញ្ញវត្ថុ​នឹង​ធ្វើឡើង​ដល់ទី​កន្លែង​ជាជាង​ឱ្យ​ការ​រង់ចាំ​សំណើ​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ហរិ​ញ្ញ​វត្ថុ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​។

លោក​ Perames​ Vudthitornetiraks​ ប្រធាន​ភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​ បាន​ថ្លែង ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ គម្រោង​ទាំងនេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ថៃ​ និង​ប្រទេស​មីយ៉ាន់ម៉ា​ ឡាវ​ និង​កម្ពុជា​។

លោក​ បាន​និយាយ​ថា​ គម្រោង​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​របស់​ភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​ក្នុងរយៈពេល​ពី​ ៥ ទៅ​ ១០​ ឆ្នាំខាងមុខ​នេះ​។បណ្តា​ប្រទេស​នៅ​ជិតខាង​នឹង​ស្នើ​ឱ្យ​មានការ​ផ្តល់​មូលនិធិ​ដល់​គម្រោង​របស់​ខ្លួន​ពី​ភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​។

ការស្ទង់មតិ​មន្ត្រី​ និង​ក្រុមហ៊ុន​រដ្ឋ​នៃ​ភ្នាក់ងារ​សហ​ប្រតិ​បត្ដិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​នៅក្នុង​ខេត្ត​ព្រំដែន​ចំនួន​ ១០​ដើម្បី​ស្វែងរក​គម្រោង​ណាមួយ​នៅក្នុង​ប្រទេសជិតខាង​ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​តំបន់​ព្រំដែន​របស់​ថៃ​។

លោក​ Perame​s បាន​និយាយ​ថា​ ការស្ទង់មតិ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​កំណត់​ផែនការ​ក្នុង​ការពង្រីក​ទីតាំង​ហិរញ្ញវត្ថុ​។ លោក​ បាន​បន្ត​ថា​ ភ្នាក់ងារ​នឹង​ចាប់ផ្តើម​ជាមួយនឹង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​បន្ទាប់ពី​ផ្តល់​កម្ចី​ជាមួយ​អត្រា​ការប្រាក់​ទាប​ដល់​កម្ពុជា​ និង​ឡាវ​៕