សម្តេច​តេជោ​នឹង​អញ្ជើញ​ចូលរួម​សន្និបាត​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ថៃ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ទៅកាន់​ទីក្រុង​បាងកក​នៅ​ថ្ងៃទី​ ២៧​ ខែឧសភា​ ឆ្នាំ២០១៩​ ដើម្បី​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី៧៥​ របស់​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​អង្គការសហប្រជាជាតិ​ សម្រាប់​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ (UN​-ESCAP​) ក្រោម​មូលបទ​ «ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន​ និង​ការធានា​នូវ​បរិ​យា​ប័ន្នភា​ព និង​សមភាព​»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ឱ្យ​ដឹង​ថា​ ការ​អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​របស់​សម្តេច​តេជោ​នា​ពេល​ខាងមុខនេះ​ តប​តាម​ការ​អញ្ជើញ​របស់​លោកជំទាវ​ អា​មី​ដា​ សាល​ស៊ីង​អាហ៍​ អា​លី​សចា​បា​ណា​ (Arinda​ Salsiah​ Aslisjahbana​) អគ្គលេខាធិការ​រង​អង្គការសហប្រជាជាតិ​ និង​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​ការ​ UN​-ESCAP​។

អញ្ជើញ​អមដំណើរ​ សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ រួមមាន​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ លី​ ធុជ​ ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក​ លោកជំទាវ​ អ៊ឹ​ង កន្ថា​ផា​វី​ រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​ ព្រម​ទាំ​ឥស្សរៈ​ជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយចំនួន​ទៀត​។

ដោយ​ទទួលស្គាល់​នូវ​សមិទ្ធិ​ផល​ដ៏​ធំធេង​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ UN​-ESCAP​ បាន​គោរព​អញ្ជើញ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​ពិធី​បើក​សន្និបាត​ ដោយ​ផ្តោត​ជា​សំខាន់​លើ​បទ​ពិសោធ​របស់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ ដែល​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​៕

ក្រុមហ៊ុន​​យក្សចិន​ត្រៀម​អភិវឌ្ឍ​រមណីយដ្ឋាន​ធំ​មួយ​ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​នៅ​ខេត្តសៀមរាប​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Macau​ Legend​ Development​ Ltd​ កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​កា​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ មកកាន់​ប្រទេស​កម្ពុជា​ក្រៅពី​ទឹកដី​របស់​ចិន​ ខណៈ​ក្រុមហ៊ុន​ក៏​កំពុង​សម្លឹង​ មើល​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ក៏ដូចជា​ ឡាវ​ (ដែល​ជា​កន្លែង​ដែល​ក្រុមហ៊ុន​មាន​វត្ត​ស្រាប់​) និង​វៀតណាម​។

ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅក្នុង​សន្និសីទ​ស្តី​ពី​ G2E Asia​ កាលពី​ពេល​ថ្មី​ៗនេះ​ រលោក​ Sheldon​ Trainor​-DeGirolamo​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Macau​ Legend​ បាន​បញ្ជាក់​ជាថ្មី​ពី​បំណង​របស់​ក្រុមហ៊ុន​លោក​ ក្នុង​ការពង្រីក​វិសាលភាព​របស់​ខ្លួន​នៅក្នុង​ប្រទេស​ឡាវ​ និង​អាច​ទៅ​ប្រទេស​កម្ពុជា​ និង​វៀតណាម​ផង​ដែរ​។

ក្រុមហ៊ុន​ Macau​ Legend​ ​; បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ នៃ​ស្នើសុំ​ការ​ទទួល​បាន​ដី​នៅក្នុង​ខេត្តសៀមរាប​ក្នុង​ប្រទេស​កម្ពុជា​។

ប្រតិបត្តិ​ករ​កាស៊ីណូ​ម៉ាកាវ​នេះ​នឹង​ទិញ​ដី​ទំហំ១​,២០០​ ហិ​កតា​នៅ​ខេត្តសៀមរាប​ពី​ក្រុមហ៊ុន​ Howing​ Enterprises​ Co​. Ltd​ សម្រាប់​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​សម្បូរ​បែប​។ ដី​នេះ​ នឹង​ត្រូវ​បាន​ទិញ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង៩០លាន​ដុល្លារ​ ដែល​ប្រាក់​ចំនួន​បាន​កក​ជាមួយ​ក្រុមហ៊ុន​ Howing​ Enterprises​ បន្ទាប់ពី​មាន​អនុស្សរណៈ​យោគយល់​គ្នា​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទាំងពីរ​កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៤​។

លោក​ Trainor​-DeGirolamo​ បាន​និយាយ​ថា​ “វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​នោះ​មាន​ភាពរឹងមាំ​ ហើយ​វា​អាច​ទៅរួច​ដែល​ក្រុមហ៊ុន​ អាច​ធ្វើ​គម្រោង​នៅ​ទីនោះ​ដោយ​គ្មាន​កាស៊ីណូ​ដោយ​បាន​កត់សម្គាល់​ថា​ កាស៊ីណូ​នេះ​អាច​ត្រូវ​ធ្វើ​បាន​នៅ​កន្លែង​​ផ្សេងទៀត​បាន​នៅក្នុង​ប្រទេស​នេះ​”។

ទីផ្សារ​កាស៊ីណូ​វៀតណាម​ មាន​ចំនួន​មាន​ទំហំ​ប្រមាណ​ជា១​,២ ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​អាជ្ញាធរ​នៅ​ទីនោះ​ជឿ​ថា​ វៀតណាម​បាន​បាត់បង់​ប្រាក់ចំណូល៨០០លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ពី​ប្រជាពលរដ្ឋ​ខ្លួន​ ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា​សម្រាប់​ការ​លេង​នៅ​កាស៊ីណូ​។

គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​ ប្រទេស​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​ចំនួន​ ១៥០​។ ប្រតិ​បត្ដិ​ករ​មាន​ត្រូវ​បាន​តម្រូវ​ឱ្យ​បង់ថ្លៃ​អាជ្ញាប័ណ្ណ​ ប្រចាំឆ្នាំ​ចំនួន៤ម៉ឺន​ដុល្លារ​។ ប្រជាពលរដ្ឋ​កម្ពុជា​ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលលេង​ល្បែង​ក្នុង​ស្រុក​។

លោក​ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍​ថា​ ដី​នៅក្នុង​ទីក្រុង​សៀមរាប​មាននៅ​សល់ទំនេរ​ច្រើន​ ហើយ​ការ​អភិវឌ្ឍ​ក្នុង​ទីក្រុង​ត្រូវតែ​មានការ​វិវត្ត​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ជា​រឿង​ធម្មតា​។ លោក​ឲ្យដឹង​ថា​ ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ កាន់តែ​ច្រើន​ថែមទៀត​មកកាន់​ខេត្តសៀមរាប​កាន់តែ​កើនឡើង​ថែមទៀត​។

លោក​បន្ត​ថា​ “នៅ​ខេត្តសៀមរាប​ចំនួន​សណ្ឋាគារ​មិនខ្វះទេ​ តែ​ក្រៅពី​ប្រាសាទបុរាណ​ មាន​រមណីយដ្ឋាន​ធម្មជាតិ​កែច្នៃ​នៅ​មានកម្រិត​ ហើយ​ការគ្រប់គ្រង​ក៏​មិនទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​ ដូចជា​រមណីយដ្ឋាន​ភ្នំ​គូលែន​ជាដើម​”។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​មានប្រសាសន៍​ស្វាគមន៍​គំរោង​ដ៏​ធំ​នេះ​ ដោយ​លោកស្រី​បាន​មានប្រសាសន៍​ថា​ ការពិត​ខេត្តសៀមរាប​មាន​ភាព​ទាក់ទាញ​ខ្លាំង​រួច​ទៅ​ហើយ​ លើ​សំណង់​ប្រាសាទ​ ប៉ុន្តែ​យើង​ត្រូវការ​ផលិតផល​ទេសចរណ៍​ដទៃទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ស្នាក់នៅ​ក្នុង​ខេត្តសៀមរាប​កាន់តែ​យូរ​។លោកស្រី​បន្ត​ថា​ ការ​មាន​ផលិតផល​ទេសចរណ៍​ច្រើន​ ពិតជា​ល្អ​ប្រសើរ​ ហើយ​យើង​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​រមណីយដ្ឋាន​កែច្នៃ​បន្ថែម​ ដើម្បី​ធ្វើឲ្យ​ខេត្ត​កាន់តែ​មាន​ផលិតផល​ទេសចរណ៍​ច្រើន​ក្រៅពី​សំណង់​ប្រាសាទ​។

លោកស្រី​បន្ត​ថា​ “ ការ​វិនិយោគ​លើ​រមណីយដ្ឋាន​កែច្នៃ​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ឲម្យ​ស្នា​ក់់​នៅ​កាន់តែ​យូរ​ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា​”៕

តើ​មហាសេដ្ឋី​អចលនទ្រព្យ​មាន​លុយ​ច្រើនជាង​គេ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​លុយ​ប៉ុន្មាន​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ លោក​ Robert​ Kuok​ Hock​ Nien​ មាន​ដើម​ដំណើ​តជា​ជនជាតិ​ចិន​ ដែល​មានឈ្មោះ​ជា​ភាសា​ចិន​ថា​ Gu​ō Hè Ni​án កើត​នៅ​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ​ ១៩២៣​ គឺជា​អ្នក​វិនិយោគ​ និង​ជំនួញ​ម៉ាឡេស៊ី​ដ៏​ល្បីល្បាញ​ ព្រមទាំង​ជា​អ្នកមាន​បំផុត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ទស្សនាវដ្តី​ Forbes​ របស់​សហរដ្ឋអាមេរិក​ដ៏​ល្បីល្បាញ​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ៦​ ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ថា​ មហាសេដ្ឋី​រូប​នេះ​មាន​លុយ​ប្រមាណ១២.៨​ ពាន់​លាន​ដុល្លារ​អាមេរិក​ បាន​ក្លាយជា​អ្នកមាន​បំផុត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​ជាប់​លំដាប់​ទី១០៤​ ក្នុង​ពិភពលោក​។

ទោះជាយ៉ាងណា​សារព័ត៌មាន​ Bloomberg​ បាន​ចុះផ្សាយ​ខុសពី​ទស្សនាវដ្តី​ Forbes​ ដោយ​អះអាង​ថា​ មហាសេដ្ឋី​រូប​នេះ​ មាន​លុយ​ប្រមាណ១៨​.ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ធ្វើឲ្យ​គាត់​ក្លាយជា​មនុស្ស​ទី៥៣​ ដែល​មាន​លុយ​ច្រើន​ក្នុង​ពិភពលោក​។

មហាសេដ្ឋី​រូប​នេះ​ គឺជា​ម្ចាស់​ក្រុមហ៊ុន​ Kuok​ Group​ ដែល​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ អចលនទ្រព្យ​ និង​លើ​មុខទំនិញ​ដូចជា​ប្រេង​ជាដើម​។ គាត់​បាន​សាងសង់​សណ្ឋាគារ​ Shangri​-la​ ដ៏​ល្បីឈ្មោះ​មួយ​នៅ​សិង្ហបុរី​ក្នុង​ឆ្នាំ១៩៧១​។

មហា​ដ្ឋី​រូប​នេះ​ មាន​សញ្ជាតិ​ជា​ជនជាតិ​ម៉ាឡេស៊ី​ ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​។

លោក​បា​នប​ញ្ចាប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ (Bachelor​ of​ Arts​ and​ Science​) ពី​មហា​វិ​សទ្យាល័យ​ Raffles​ College​ ។ លោក​បាន​ចាប់ផ្តើម​អាជីព​ដំបូង​ជា​អ្នក​ជួញ​អង្ករ​ ស្ករស​ និង​ស្រូវ​សាឡី​នៅក្នុង​ឆ្នាំ១៩៤៩​៕

តំបន់​ផ្លូវ​រោងចក្រ​ស្រា​បៀ​រថៃហ្គ័​រប្រែ​រូបរាង​ពី​ដីចម្ការ​លិច​ទឹក​មក​ជា​តំបន់​លំនៅ​ដ្ឋាន​

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ កំណាត់ផ្លូវ​លេខ១១៤​ ដែល​មនុស្ស​ភាគច្រើន​តែង​និយម​ហៅថា​ ផ្លូវ​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​ ដែល​ធ្លាប់តែ​ជា​តំបន់​ដីចម្ការ​ និង​លិចទឹក​ជា​រៀងរាល់​ឆ្នាំ​នោះ​ ពេលនេះ​បាន​ប្រែរូប​រាង​មក​ជា​តំបន់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ឃ្លាំង​ ក្រោម​ការ​វិនិយោគ​ពី​ណា​ក់​បណ្តា​អ្នក​អភិវឌ្ឍ​ចម្រុះ​ ដែល​ជំរុញ​ឱ្យ​ដី​នៅ​តំបន់​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែឧសភា​ នេះ​ថា​ បច្ចុប្បន្ន​មិនថា​ចំពោះ​តំបន់​មួយ​ណា​នោះ​ទេ​ ឱ្យ​តែ​នៅ​ជាប់​ជាយក្រុង​គឺ​សុទ្ធ តែ​មាន​សក្ដានុពល​ និង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​ដី​ទាំងអស់​។ លោក​បាន​បន្ត​ទៀត​ថា​ ដី​ដែល​ស្ថិតនៅ​ជាប់​កំណាត់ផ្លូវ​លេខ១១៤​ ឬផ្លូវ​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​ ដែល​បំបែកចេញ​ពី​ផ្លូវជាតិ​លេខ១​ ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង​រហូតដល់​រង្វង់​មូល​ គល់​ស្ពាន​គល់​ស្ពាន​ទន្លេបាសាក់​ គឺ​កំពុង​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ខ្លាំង​ ប៉ុន្តែ​ក៏​មានការ​បែងចែក​ជា​តំបន់​ដែរ​។

លោក​បន្ត​ថា​ “ចាប់ពី​ចំណុច​ផ្លូវបំបែក​ចេញពី​ផ្លូវជាតិ​លេខ១​ រហូតដល់​ចំណុច​រោងចក្រ​ផលិត​ស្រា​បៀ​រថៃហ្គ័រ​ ភាគច្រើន​ត្រូវ​បាន​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ ឬផ្ទះ​លំ​ហែរ​កាយ​របស់​អភិជន​រួច​ទៅ​ហើយ​”។

ដោយឡែក​ចាប់ពី​ចំណុច​រោងចក្រ​ផលិត​ស្រា​បៀ​រថៃហ្គ័រ​ រហូតដល់​ចំណុច​រង្វង់​មូល​ស្ពាន​ទន្លេបាសាក់​ គឺ​នៅ​មាន​ដី​ទំនេរ​ច្រើន​ ប៉ុន្តែ​មិន​មាន​ទំ​ហំ​ធំៗ​ដែល​អាច​ធ្វើជា​បុរី​នោះ​ទេ​ ហើយក៏​មានតម្លៃ​ថ្លៃ​ផង​ដែរ​។ ដី​ដែល​នៅ​ជាប់នឹង​ផ្លូវ​ធំ​នេះ​ មាន​សក្ដានុពល​ និង​អាច​អភិវឌ្ឍ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ ជាក់ស្ដែង​ដូចជា​នៅ​ក្បែរ​រង្វង់​មូល​គល់​ស្ពាន​ បច្ចុប្បន្ន​បាន​អភិវឌ្ឍ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ ភោជនីយដ្ឋាន​ និង​ឃ្លាំង​កម្រិត​តូច​និង​មធ្យម​ រួច​ទៅ​ហើយ​ ក្រៅពី​នេះ​ ក៏​មាន​ដី​ដែល​កំពុង​ពុះ​លក់រាយ​ជា​ប្រភេទ​ដី​ឡូ​តិ៍​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​នោះ​ ក៏បាន​មានប្រសាសន៍​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​តែមួយ​នេះ​ឱ្យ​ដឹង​ថា​ ភាគច្រើន​តំបន់​នេះ​ ជាពិសេស​ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ​គឺ​ស័ក្ដិសម​ទៅ​នឹង​បណ្តុំ​ផ្ទះល្វែង​ជាង​ការ​ធ្វើ​ឃ្លាំង​ ដោយសារតែ​ភាគច្រើន​ជា​ប្រភេទ​ដី​ដែល​មាន​ទំហំ​តូច​ និង​មានតម្លៃ​ថ្លៃ​រួច​ទៅ​ហើយ​។ លោក​ឧកញ៉ា​បន្ត​ថា​ នៅ​តំបន់​នេះ​មាន​គម្រោង​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​ទីលាន​វា​យកូន ហ្គោល​​ដ៏​ធំ​មួយ​ ហើយ​ក្រៅពី​នេះ​ក៏​មានការ​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​ របស់​អ្នក​វិនិយោគ​ទៅតាម​លទ្ធភាព​របស់​ពួកគេ​ ដែល​នៅ​មិនទាន់​គម្រោង​សំណង់​ជា​ប្រភេទ​បុ​រី​ធំៗ​នៅឡើយ​នោះ​ទេ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “តំបន់​នេះ​បច្ចុប្បន្ន​ហាក់​មាន​ភាព​លំបាក​ ក្នុង​ការ​អភិវឌ្ឍ​ជា​សំណង់​បុរី​ ដោយសារតែ​តម្លៃ​ដី​បាន​ឡើង​ខ្ពស់​រួច​ទៅ​ហើយ​ ដែល​យ៉ាងហោចណាស់​ដី​ដែល​នៅ​ជាប់​ផ្លូវ១១៤នេះ​ មានតម្លៃ​ក្នុងរង្វង់៣៥០​-៤៥០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​ទ្រង់ទ្រាយ​ និង​ទំហំដី​”។ លោក​បន្ត​ថា​ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​ ដែល​ស្ថិតនៅ​តំបន់​បោះ​អង្គា​ញ់​ មានតម្លៃ​ចាប់ពី​ ១៥០​ -២០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ថ្ងៃខាងមុខ​ តម្លៃនឹង​បន្ត​ឡើងថ្លៃ​ជាង​នេះ​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ “មិនថា​ចំពោះ​ដី​ដែល​ស្ថិត​ជាប់​ផ្លូវ​ ឬឆ្ងាយ​ពី​ផ្លូវ​ធំ​នោះ​ទេ​ដែល​មានតម្លៃ​ថ្លៃ​ សូម្បីតែ​ដីលិច​ទឹក​​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នេះ​ ក៏​មានតម្លៃ​ថ្លៃ​គួរសម​ដែរ​ ពោល​គឺ​ក្នុង​មួយ​ម៉ែត្រការ៉េ​អាច​តម្លៃ​ប្រមាណ២០ដុល្លារ​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើ​គិត​ពី​ការ​វិនិយោគ​ ដើម្បី​ទទួល​បាន​ចំណេញ​ពី​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ គិត​ចាប់ពី​បច្ចុប្បន្ន​ទៅ​រយៈពេល ៥ឆ្នាំ​ខាងមុខ​អាច​នៅ​មានឱកាស​នៅឡើយ​”៕

រដ្ឋាភិបាល​គ្រោង​លើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​តាមរយៈ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​គ្រោង​ស្នើដល់​ប្រមុខ​រដ្ឋាភិបាល​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មានការ​លើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ដែល​មានបំណង​មកលេង​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ (ក.ផ.ផ​) ក្រោម​អធិបតីភាព​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ កាលពី​ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បាន​ឲ្យដឹង​ថា​ គឺ​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ទាក់ទាញ​កំណើន​ទេសចរ​មក​កម្សាន្ត​នៅ​កម្ពុជា​បន្ថែម​ ពិសេស​គឺ​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​ខាងលើ​ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោង​ ខុន​ លើកឡើង​នូវ​មតិយោបល់​ចង់ឱ្យ​មានការ​លើកលែង​ទិដ្ឋាការ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

* កិច្ចការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ក្រៅប្រទេស​នានា​ ពិសេស​ត្រូវ​ត្រៀមខ្លួន​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ នៅ​ឆ្នាំ២០២១​ និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ដទៃទៀត​ ដូចជា​ CTM​ 2019​ ការ​ទទួលភ្ញៀវ​ទេសចរ​ចិន​ ២០០០នាក់​ នា​ពេល​ខាងមុខ​។

* កិច្ចការ​តភ្ជាប់​ជើងហោះហើរ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ពី​នាវា​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ ទៅកាន់​ខេត្តសៀមរាប​-អង្គរ​ ខណៈ​បច្ចុប្បន្ន​មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នេះ​នៅឡើយ​។ ម្យ៉ាងទៀត​ លោក​ក៏បាន​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​ផង​ដែរ​។

* កិច្ចការ​ពង្រីក​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា​ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ឥណ្ឌា​ និង​ទេសចរ​ទីបី​នៅ​ប្រទេស​ឥណ្ឌា​បន្ថែម​។

* កិច្ចការ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗឱ្យ​បាន​ច្រើន​នៅ​ខេត្តសៀមរាប​ ដើម្បី​បំពេញ​តម្រូវការ​កម្សាន្ត​ជូន​ភ្ញៀវ​ទេសចរ​ក្រៅពី​ប្រាសាទអង្គរវត្ត​ និង​ប្រាសាទ​សំខាន់​ដទៃទៀត​ ពិសេស​លោក​ក៏បាន​លើក​ពី​បំណង​ចង់​រៀបចំ​តំបន់​បឹងទន្លេសាប​ និង​តំបន់​ជួរភ្នំ​គូ​លែងឱ្យ​ទៅ​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​កម្ពុជា​ផង​ដែរ​។

* បញ្ហា​លក់​វត្ថុ​អនុស្សាវរីយ៍​ និង​ទំនិញ​នានា​ជូន​ភ្ញៀវ​ទេសចរ​ ខណៈ​ការ​ក្លែងបន្លំ​លក់ទំនិញ​ក្លែងក្លាយ​ និង​ទំនិញ​គ្មាន​គុណភាព​ឱ្យ​ភ្ញៀវ​នៅតែ​មាន​។

* បញ្ហា​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​នៅក្នុង​ក្រុង​សៀមរាប​ និង​នៅ​តាម​តំបន់​ទេសចរណ៍​មួយចំនួន​មិនទាន់​ត្រូវ​បាន​រៀបចំ​ឱ្យ​សមសួន​ និង​បង្ក​ការ​រុញរា​អំពី​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទស្សនា​នៅ​កម្ពុជា​។

ក្រៅពី​នេះ​នៅ​មាន​បញ្ហា​មួយចំនួន​ទៀត​ ដែល​ប៉ះពាល់​ដល់​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ ហើយ​អង្គប្រជុំ​បាន​ឯកភាព​គ្នា​នឹង​លើក​បញ្ហា​ទាំងនេះ​ទៅ​ពិភាក្សា​គ្នា​បន្តបន្ទាប់​ទៀត​ ហើយនឹង​ដាក់​ជូន​រាជរដ្ឋាភិបាល​ ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ដោះស្រាយ​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​៕

រំលឹក​ឡើងវិញ​៖ អាស៊ាន​-ចិន​ពង្រឹង​ការ​ពួតដៃគ្នា​ដើម្បី​សម្រេច​បាន​នូវ​ភាព​រ៉ឹង​មាំ​នៃ​សេដ្ឋកិច្ច​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អាស៊ាន​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​ព្រមព្រៀង​គ្នា​ពង្រឹង​ចំណងទាក់ទង​សេដ្ឋកិច្ច​ និង​ពិភាក្សា​អំពី​ទិសដៅ​នា​ពេល​អនាគត​ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ នៅក្នុង​កិច្ចពិភាក្សា​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ – ចិន​លើក​ទី២៥​។

ភាគី​ទាំងពីរ​បាន​បញ្ជាក់​ពីសា​រៈសំ​ខាន់​ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។ ប្រទេស​ចិន​បាន​អះអាង​ម្ដង​ហើយ​ម្ដងទៀត​ថា​ ខ្លួន​តែងតែ​ចាត់ទុកថា​អាស៊ាន​ជាអាទិភាព​មួយ​ នៅក្នុង​ការទូត​តាម​តំបន់​និង​គាំទ្រ​យ៉ាង​រឹងមាំ​ ដល់​ការ​កសាង​សហគមន៍​អាស៊ាន​និង​មជ្ឈមណ្ឌល​មជ្ឈិម​អាស៊ាន​ នៅក្នុង​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ី​បូព៌ា​។

ភាគី​ទាំងពីរ​បាន​ស្វាគមន៍​ការ​រីកចម្រើន​ ក្នុង​ការអនុវត្ត​ការសម្រេច​ចិត្ត​ដែល​ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន​ និង​ចិន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ – ចិន​លើក​ទី​ ២១​ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សិង្ហបុរី​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​ ២០១៨​ ។ មន្ត្រី​ជាន់ខ្ពស់​បាន​កត់សម្គាល់​ពី​ការ​រីក​ចំរើន​របស់​អាស៊ាន​និង​ចិន​ ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លងមក​ ដូចជា​ការ​តភ្ជាប់​ ការអប់រំ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វប្បធម៌​ និង​ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សេដ្ឋកិច្ច​ឌីជីថល​។

អាស៊ាន​ និង​ចិន​ ក៏បាន​ឯកភាព​បង្កើន​ចំណងទាក់ទង​សេដ្ឋកិច្ច​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​ទំហំ​ពាណិជ្ជកម្ម១ពាន់​ពាន់​លាន​ដុល្លារ​ និង​ការ​វិនិយោគ១៥០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២០​ រួម​ទាំង​តាមរយៈ​ការអនុវត្ត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ ចិន​ (ACFTA​) និង​ពិធីសារ​លើក​កំពស់​ ACFTA​ ។ ភាគី​ទាំងពីរ​បាន​រំលឹក​ឡើងវិញ​ពីសា​រៈសំ​ខាន់​នៃ​ការ​លើកកម្ពស់​ពាណិជ្ជកម្ម​សេរី​ និង​បើកចំហ​និង​បាន​ទន្ទឹងរង់ចាំ​ការ​បញ្ចប់​ការ​ចរ​ចារ​ស្តី​ពី​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ថ្នាក់​តំបន់​ក្នុង​ឆ្នាំនេះ​ ដើម្បី​ជំរុញ​កំណើន​ក្នុង​តំបន់​។

អាស៊ាន​និង​ចិន​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​អនុវត្តន៍​នូវ​សកម្មភាព​សំ​ខាន់​ៗនៃ​ផែនការ​សកម្មភាព​ ដើម្បី​អនុវត្ត​សេចក្តី​ប្រកាស​រួម​ស្តី​ពី​ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ – ចិន​សម្រាប់​សន្តិភាព​ និង​ភា​ពស​ម្បូ​រុងរឿង​សម្រាប់​ឆ្នាំ​ ២០១៦​-២០២០​ ។ កិច្ចប្រជុំ​បាន​កត់សម្គាល់​ថា​ ការបង្កើត​ផែនការ​សកម្មភាព​ដែល​មានជោគ​ជ័យ​ សម្រាប់​ឆ្នាំ​ ២០២១​-២០២៥​ នឹង​ត្រូវ​ប្រកាស​នៅ​ចុងឆ្នាំ​នេះ​។

ក្រុម​មន្រ្តី​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​ ទិសដៅ​អនាគត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​ – ចិន​ជាពិសេស​នៅក្នុង​វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ​។ ការ​តភ្ជាប់​ទីក្រុង​ស្មា​តឌីជីថល​សេដ្ឋកិច្ច​ឌីជីថល​ សមត្ថភាព​ផលិតភាព​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការអប់រំ​និង​អនុ​តំបន់​។

មន្រ្តី​ទាំងនោះ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​ បញ្ហា​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។ ភាគី​ទាំងពីរ​បាន​ស្វាគមន៍​ចំពោះ​ការវិវឌ្ឍន៍​វិជ្ជមាន​ នៅ​ឧបទ្វីប​កូរ៉េ​រួម​ទាំង​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ចំនួន​បី​ និង​កិច្ចប្រជុំ​កំពូល​ពីរ​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​កាលពី​ខែមិថុនា​ឆ្នាំមុន​នៅ​ប្រទេស​សិង្ហបុរី​ និង​នៅ​ហាណូយ​ប្រទេស​វៀតណាម​ក្នុង​ខែកុម្ភៈ​ឆ្នាំនេះ​។

កិច្ចប្រជុំ​នេះ​ក៏បាន​កត់សម្គាល់​ពី​ភាព​ចាំបាច់​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ ដូចជា​ ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​មិន​ដូច​ប្រពៃណី​ ដូចជា​ អំពើ​ភេរវកម្ម​ការ​ជួញដូរ​មនុស្ស​ ការរំលោភ​បំពាន​គ្រឿងញៀន​ខុសច្បាប់​ និង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត​៕

ចំណេះដឹង​! ហេតុអ្វី​ត្រូវ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ៖​ ផលប្រយោជន៍​នៃ​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ (បើ​ទោះបីជា​ច្បាប់​មិន​តម្រូវ​ក៏ដោយ​) គឺ​ទាក់ទង​នឹង​ភស្តុតាង​ នៅក្នុង​ករណី​មាន​វិវាទ​។ បើ​ធ្វើ​ត្រឹមតែ​ផ្ទាល់មាត់​ កិច្ចសន្យា​ទិញ​លក់​នេះ​មាន​សុពលភាព​ពេញលេញ​ពិតមែន​ ក៏ប៉ុន្តែ​នៅពេល​មាន​វិវាទ​ ការ​បង្ហាញ​ភស្តុតាង​ អំពីអ្វី​ ដែល​និយាយ​គ្នា​តែមាត់​ទទេ​ គ្មាន​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ វា​អាច​នឹង​មាន​បញ្ហា​ស្មុគស្មាញ​។

ម្យ៉ាងទៀត​ ការព្រមព្រៀង​គ្នា​ត្រឹមតែ​ផ្ទាល់មាត់​ វា​អាច​នាំឲ្យមាន​ភាព​ស្រពិចស្រពិល​ ការយល់​ច្រឡំ​ទៅលើ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ ឬក៏​ការ​ភ្លេចភ្លាំង​ជាដើម​។ បើ​សរសេរជា​លាយលក្ខណ៍​អក្សរ​ វា​អាច​ធ្វើឲ្យ​គូភាគី​យល់​ច្បាស់លាស់​ជាង​ អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

ដូច្នេះ​កិច្ចសន្យា​ទិញ​លក់​ បើ​ទោះបីជា​ច្បាប់​មិន​តម្រូវ​ក៏ដោយ​ ក៏​គូភាគី​គួរតែ​ពិចារណា​រៀបចំ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ដែរ​ ជាពិសេស​ចំពោះ​កិច្ចសន្យា​ ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ ឬក៏​មាន​លក្ខណៈ​ស្មុគស្មាញអាច​នាំឲ្យមាន​ការយល់​ច្រឡំ​ ឬយល់​មិន​ច្បាស់​អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

បើសិនជា​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​នេះ​ ចាំបាច់​ត្រូវ​រក​មេធាវី​ឲ្យ​សរសេរ​ឲ្យ​ សោហ៊ុយ​ធ្វើ​លិខិត​ ឬសោ​ហ៊ុយ​ផ្សេង​ៗទៀត​ ដែល​ចំណាយ​ក្នុង​ការ​ធ្វើ​កិច្ចសន្យាលក់​ទិញ​ ភាគី​ទាំងសងខាង​ត្រូវ​ចេញ​ស្មើគ្នា​ (ពាក់កណ្តាល​ម្នាក់​)។

ក៏ប៉ុន្តែ​បើសិនជា​គូភាគី​ព្រមព្រៀង​គ្នា​ ចង់​កំណត់​ផ្សេង​ក្រៅពី​នេះ​ ក៏​ច្បាប់​មិន​ហាមឃាត់​ដែរ​ (មាត្រា​ ៥២២​)។ ត្រង់​ចំណុច​នេះ​ យើង​សង្កេតឃើញ​ថា​ ក្រមរ​ដ្ឋ​ប្ប​វេណី​ខ្មែរ​ចែង​ខុសពី​ច្បាប់​បារាំង​ ព្រោះ​ក្រមរ​ដ្ឋ​ប្ប​វេណី​បារាំង​ចែង​កំណត់​ឲ្យ​អ្នកទិញ​ ជា​អ្នកទទួល​បន្ទុក​ លើ​សោហ៊ុយ​ក្នុង​ការ​ធ្វើ​លិខិត​ និង​សោហ៊ុយ​ពាក់ព័ន្ធ​ផ្សេងទៀត​ ក្នុង​ការ​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ គឺជា​បន្ទុក​របស់​អ្នកទិញ​ (មាត្រា១៥៩៣​ ក្រមរ​ដ្ឋ​ប្ប​វេណី​បារាំង​)។ ដូចជា​ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ អ្នកទិញ​ គឺជា​អ្នក​ត្រូវ​ទទួលបន្ទុក​បង់ថ្លៃ​ធ្វើ​លិខិតស្នាម​ផ្ទេរ​កម្មសិទ្ធិ​ ដែល​ត្រូវ​ធ្វើ​ដោយសា​ការី​ (Notaire​)។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ យើង​ឃើញ​នៅក្នុង​ការទិញ​លក់​ ពេលខ្លះ​មានការ​តម្រូវឲ្យ​អ្នកទិញ​កក់លុយ​ទុកជាមុន​។ តើ​ការ​បង់លុយ​កក់​នេះ​ មាន​ចែង​កំណត់​នៅក្នុង​ច្បាប់​ដែរ​ឬទេ​។

នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ ការ​បង់ប្រាក់​កក់​មិនមែន​ជា​កាតព្វកិច្ច​ ដែល​ត្រូវតែ​ធ្វើ​ទេ​ ក៏ប៉ុន្តែ​ ច្បាប់​ក៏​មិនបាន​ហាមឃាត់​ដែរ​ មានន័យថា​ វា​អាស្រ័យ​ទៅតាម​ការកំណត់​របស់​អ្នកទិញ​ និង​អ្នកលក់​។ ក្រមរ​ដ្ឋ​ប្ប​វេណី​មាន​ចែង​អំពី​រឿង​ប្រាក់កក់​នេះ​ គឺ​ចែង​ត្រង់​មាត្រា​ ៥១៨​ ដែល​ថា​ បើ​អ្នកទិញ​បាន​បង់ប្រាក់​កក់​ទៅ​ឲ្យ​អ្នកលក់​ អ្នកទិញ​អាច​រំលាយ​កិច្ចសន្យា​ទិញ​លក់​វិញ​ ដោយ​បោះបង់​ប្រាក់កក់​នេះ​ចោល​។ ចំពោះ​អ្នកលក់​វិញ​ ក៏អាច​រំលាយ​កិច្ចសន្យា​នេះ​បាន​ដែរ​ ដោយ​ត្រូវ​សង​ប្រាក់​ស្មើនឹង២ដង​ នៃ​ប្រាក់កក់​នេះ​មកវិញ​ (មានន័យថា​ ត្រូវ​ប្រគល់​ប្រាក់កក់​មក​ឲ្យ​អ្នកទិញ​វិញ​ ហើយ​ត្រូវ​បូកបន្ថែម​ពីលើ​ នូវ​ប្រាក់សំណង​ ដែល​ស្មើនឹង​ប្រាក់កក់​នេះ​)៕

លោកស្រី​តាំង​ ហួរ​៖ ចង់​ជោគជ័យ​លើ​អចលនទ្រព្យ​ និង​ទទួល​បាន​ភ្ញៀវ​ច្រើន​ត្រូវ​ឈរ​លើ​គោលការណ៍​ ៦ចំណុច​

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ គ្រប់គ្នា​សុទ្ធតែ​មានបំណង​ និង​ក្ដី​ប្រាថ្នា​ទទួល​បាន​ផ្លែផ្កា​ពី​ការងារ​ ហេតុនេះ​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ខ្ពស់​ និង​កំពុង​មាន​ភាព​លេចធ្លោ​នា​ពេល​បច្ចុប្បន្ន​នេះ​បញ្ជាក់​ប្រាប់​ថា​ បើ​ចង់​ទទួល​បាន​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​មួយ​នេះ​ អ្នក​ត្រូវតែ​ប្រកាន់​ខ្ជាប់​ និង​ឈនៅ​លើ​គោលការណ៍​សំ​ខាន់​ៗចំនួន៦ជាដាច់ខាត​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ថា​ វា​មិនមែន​រឿង​ងាយស្រួល​ ដែល​អាច​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ទេ​ ដែល​ទម្រាំ​អាច​ទទួល​បាន​ទំនុក​ពីអ​តិថិ​ជន​ចាំបាច់​ អ្នក​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ និង​អាច​ផ្តល់​នូវ​ប្រយោជន៍​ដល់​អតិថិជន​របស់​ខ្លួន​ រួម​ជាមួយនឹង​ចំណុច​សំខាន់​មួយចំនួន​ដែល​ត្រូវតែ​ប្រកាន់យក​មក​អនុវត្ត​។

លោកស្រី​បន្ត​ថា​ “ការ​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​ទទួល​បាន​ជោគជ័យ​ ភ្នាក់ងារ​នោះ​ ត្រូវ​មានគុណ​សម្បត្តិ​ចំនួន​ ៦ចំណុច​ ដូចជា​ សុ​ច្ច​រឹត​ភាព​ ភាព​ស្មោះត្រង់​ ចំណេះដឹង​ ជំនាញ​ជាក់លាក់​ ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាតវៃ​”។លោកស្រី​បន្ត​ថា​ “អ្វី​សំខាន់​ គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ ត្រូវ​ខិតខំ​បង្វឹក​ខ្លួនឯង​ ប៉ុន្តែ​សំខាន់​បំផុត​ត្រូវ​មាន​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ ទើប​ទទួល​បាន​នូវ​គុណ​តម្លៃ​ និង​ទទួលជោគជ័យ​ក្នុង​អាជីព​នេះ​”។

លោកស្រី​បន្ត​ថា​ “អតិថិជន​នឹង​ជឿជាក់​លើ​គាត់​ ប្រសិនជា​គាត់​មាន​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ ប៉ុន្តែ​អ្នកមាន​ចំណុច២នេះ​ពិបាក​រក​ណាស់​ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យ​នេះ​ ត្រូវ​គិត​ពី​ផល​រយៈពេល​វែង​”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ដែល​កំពុងតែ​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ លើស​ពីនេះ​ភ្នាក់ងារ​ត្រូវ​មានចំណេះ​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ជាសាកល​ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវច្បាប់​ក្នុង​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​ផ្សេង​ៗ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​ទទួល​បាន​ទំនុក​ពីសំណាក់​អតិថិជន​ផង​ដែរ​។ នៅពេល​ពួកគាត់​មាន​ចំណុច​សំខាន់​ទាំងអស់​ ដូច​បាន​រៀបរាប់​ជូន​ខាងលើ​នេះ​ នោះ​ពួកគាត់​អាច​នឹង​មានឱកាស​ច្រើន​ ក្នុង​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ​ ដែល​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​លើ​មុខ​ជំនួញ​មួយ​នេះ​ជាមិ​ខាន​៕

ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​របស់​ចិន​គ្រោង​នឹង​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​មកកាន់​ប្រទេស​កម្ពុជា​

0

ដោយ​ ដន​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​ទីពីរ​ លើ​ពិភពលោក​មួយ​កំពុង​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​ពីទី​ក្រុង​ស៊ីន​ជាំ​ង (Xinjiang​)នៃ​ប្រទេស​ចិន​ មក​បង្កើត​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ China​ Baowu​ Steel​ Group​ Corp​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​របស់​ចិន​ គ្រោង​នឹង​ផ្លាស់​ប្តូរ​រោងចក្រ​កែ​ផលិត​ដែក​ពីរ​កន្លែង​ និង​ម៉ាស៊ីន​បម្លែង​ពីរ​ដើម្បី​បង្វែរ​ដែក​ទៅជា​ដែកថែប​។

ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ក្លាយជា​ភស្តុភារ​ដ៏​ធំ​មួយ​។ សម្ភារៈ​បរិក្ខារ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​នៅ​ទីតាំង​ អា​កសួ​ (Aksu​) នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ដែល​មាន​ចំងាយ​ប្រហែល ២​,៤៨០​ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​សារ​ព័ត៏​មាន​ Reuters​។

អ្នកគ្រប់គ្រង​រូប​នេះ​បាន​និយាយ​ថា​ “ឧបករណ៍​នេះ​ អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ហួសសម័យ​នៅក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​វា​នៅតែ​មាន​ភាព​ជឿនលឿន​ នៅក្នុង​ប្រទេស​កម្ពុជា​”។

ការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ឈាន​ដល់​ជាង១​,៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១​ ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ត្រីមាស​មុន​ដែល​ការ​វិនិយោគ​ និង​គម្រោង​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​សញ្ញា​ថមថយ​។

ប្រទេស​កម្ពុជា​បាន​នាំចូល​ដែកថែប​ភាគច្រើន​ ពី​ប្រទេស​វៀតណាម​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗរួមមាន​ កំពង់ផែ​ ផ្លូវថ្នល់​ អចលនទ្រព្យ​លំនៅ​ដ្ឋាន​ និង​ពាណិជ្ជកម្ម​។

យោង​តាម​អគ្គនាយក​ដ្ឋាន​គយ​វៀតណាម​ ឧស្សាហកម្ម​ដែក​របស់​វៀតណាម​បាន​នាំចេញ​ដែកថែប​ចំនួន៧១៣លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​មកកាន់​កម្ពុជា​៕

តោះទស្សនាក្រុងប៉ោយប៉ែតកាលពី៣០ឆ្នាំមុន និងបច្ចុប្បន្ន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖  បើអ្នកលុកលុយចូលក្រុងប៉ោយប៉ែតកាលពី៣០ឆ្នាំមុន អ្នកត្រូវប្រឈមមុខនឹងគ្រាប់មីន និងរមាស់ពេញខ្លួនដោយសាររោលនឹងដើមត្រែង ហើយផ្ទៃដីពោរពេញដោយវាលភក់ តែបើចង់ទៅកាន់ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មនុស្សម្នាត្រូវប្រុងប្រយ័ត្ននឹងការ “រោយ ក” បើសិនជាពួកគេរវល់តែជក់មើលអាគារខ្ពស់ៗ ដែលបានបញ្ចប់ និងកំពុងសាងសង់នៅទីក្រុងនេះ។

ទិដ្ឋភាពកាលពីឆ្នាំ១៩៨៩ និងបច្ចុប្បន្នខុសគ្នាដូចមេឃនិងដី ទាំងស្ថានភាពទូទៅ ចំនួនប្រជាពលរដ្ឋរស់នៅ និងរូបភាពជាច្រើន ហើយការផ្លាស់ប្តូរដ៏សម្បើមនេះ បានកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

ក្លោងទ្វារច្រកព្រំដែនតភ្ជាប់រវាងកម្ពុជា និងប្រទេសថៃបានផ្លាស់ប្តូរពីទម្រង់ដើមទាំងស្រុង ប៉ុន្តែស្ពានដែលសម្តេចបានដើរឆ្លងកាត់កាលពី៣០ឆ្នាំមុន មិនប្រែប្រួលច្រើននោះទេ ហើយស្ពាននេះនៅបន្តដល់បច្ចុប្បន្ន ប៉ុន្តែវាបានក្លាយជាស្ពានដែលជាផ្លូវរបស់រថភ្លើងឆ្លងកាត់ជំនួសវិញ។

កាលពីឆ្នាំ១៩៨៩ ក្រុងប៉ោយប៉ែត ជាធ្លាប់ជាទឹកដីស្រុកអូរជ្រៅមានមនុស្សរស់នៅប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបើរាប់ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសចូលទៅរស់នៅ ធ្វើការ និងវិនិយោគមានសរុបប្រមាណ២០ម៉ឺននាក់។

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូរបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុងប៉ោយប៉ែត មានការរីកចម្រើនលឿន ដោយកំនើននៃការវិនិយោគពីបរទេស ពិសេសពីអ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន ថៃ ម៉ាឡេស៊ីជាដើម។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារពាណិជ្ជកម្ម និងលំនៅដ្ឋានកំពស់ចាប់ពី៥ជាន់ដល់ជាង៣០ជាន់ចំនួនប្រមាណ៦០គំរោងរួចហើយ។

កាលពីសប្តាហ៍មុន គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម កាស៊ីណូដែលវិនិយោគដោយក្រុមហ៊ុនប៊ុនម៉ាហេង បានបើកដំណើរការគម្រោងដ៏ធំរបស់ខ្លួន ដែលចំណាយទុនរហូតដល់៦៨លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ផ្សារទំនើបដ៏ធំរបស់ថៃ Big Cក៏បាននិងកំពុងសាងសង់ និងត្រៀមបើកដំណើរការនៅទីក្រុងប៉ោយប៉ែតជាលើកដំបូងផងដែរ។

អញ្ជើញជាអធិតបីក្នុងពិធីសម្ភោធចាក់បេតុង ច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀនជាមួយប្រមុខរដ្ឋាភិបាលថៃ លោកប្រាយុទ្ឋ ចាន់អូរចាកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរ ពីការរីកចម្រើនក្រុងប៉ោយប៉ែតលឿនស្ទើរមិននឹកស្មានដល់ ខណៈឆ្នាំ១៩៨៩ ពេ​ល​សម្តេចទៅទស្សនកិច្ចនៅទីនោះ គឺទីក្រុងប៉ោយប៉ែតបច្ចុប្បន្នមានតែព្រៃត្រែងប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចក៏បានចំអកដល់អ្នកមានជម្លោះដីធ្លីមួយចំនួន ដែលបានផ្ញើររបាយការណ៍ជូនសម្តេចថា ពួកគេបានកាន់កាប់ដីនៅទីក្រុងប៉ោយប៉ែតបច្ចុប្បន្ននេះ តាំងពីឆ្នាំ១៩៨៩ថា “ផេះ” ព្រោះពេលសម្តេចទៅទស្សនកិច្ចទីនោះនៅឆ្នាំ១៩៨៩ គឺស្ងាត់ឈឹង មិនមានមនុស្សរស់នៅ និងដីគឺសុទ្ឋតែជាព្រៃត្រែងប៉ុណ្ណោះ៕