លោក​ង៉ែត​ ជូ​៖ បង្ហាញ​វិធីសាស្ត្រ​ចំនួន​ពីរ​សម្រាប់​យុវជន​មុននឹង​សម្រេច​ជ្រើសរើស​អាជីព​ការងារ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ វិធី​សាស្រ្ត​ជ្រើសរើស​ការងារ​របស់​យុវជន​ និង​ការ​ចាប់​អាជីព​មាន​សារៈសំខាន់​ណាស់​សំរាប់​អនាគត​របស់​ពួកគេ​ ហេតុនេះ​តើ​យុវជន​គួរ​ជ្រើសរើស​អាជីព​ការងារ​បែប​ណា​។

លោក​ង៉ែត​ ជូ​ដែល​ជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​បាន​សរសើរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ថា​ យុវជន​គួរ​ជ្រើសរើស​ ឬផ្តោត​លើ​ការងារ​ណា​ដែល​ផ្តល់​នូវ​ឱកាស​ពង្រឹង​សមត្ថភាព​និង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​។ យុវជន​គួរ​ជ្រើសរើស​ការងារ​ពីរ​យ៉ាង​ ទី១ជ្រើសរើស​យក​ការងារ​ដែល​អ្នកមាន​ឱកាស​អភិវឌ្ឍ​សមត្ថភាព​ និង​ផ្តល់​បទ​ពិសោធ​ន៍​ល្អ​ៗ ជាជាង​ជ្រើសរើស​យក​ការងារ​ដែល​មាន​លំនឹង​ ឬការងារ​ដែល​មាន​កុងត្រា​រយៈពេល​វែង​ (Capacity​ development​ versus​ Job​ Security​)។

ពោល​គឺ​ផ្តោត​លើ​ការងារ​ណា​ ដែល​អាច​ជួយ​អោយ​អ្នកមាន​សមត្ថភាព​ពេញលេញ​អាច​ក្លាយ​ខ្លួន​ជា​អ្នកធ្វើ​ជំនួញ​ ឬជា​អ្នក​វិនិយោគ​បាន​នា​ពេល​អនាគត​។ អ្នក​មិន​គួរ​ផ្តោត​លើ​ការ​ងារ​ដែល​មាន​លំនឹង​ ហើយ​គ្មាន​ឱកាស​រៀនសូត្រ​ ឬមានឱកាស​រៀនសូត្រ​តិចតួច​នោះ​ទេ​ ព្រោះ​អ្វី​ដែល​អ្នក​ត្រូវការ​គឺ​សមត្ថភាព​ ហើយ​មុន​ និង​ក្រោយ​អ្នក​នឹង​ប្រែក្លាយ​ខ្លួន​ជា​ម្ចាស់​ជំនួញ​ឬអ្នក​វិនិយោគ​ ដូច្នេះ​កុំ​ខ្លាច​បាត់បង់​ការងារ​ឬអត់​ការងារ​ធ្វើ​។

ទី២​ ជ្រើសរើស​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ ជាជាង​ការងារ​ដែល​ផ្តល់​កញ្ចប់​ផល​ប្រយោជន៍​ច្រើន​ (High​ salary​ versus​ Good​ compensation​ package​)។ អ្នកធ្វើការ​ងា​រប​ណ្តើ​ឆ្លៀត​ធ្វើជំនួញ​ ឬវិ​និ​យោ​គបណ្តើ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ ដូច្នេះ​អ្នក​គួរ​ផ្តោត​យក​ការងារ​ណា​ ដែល​មិន​ត្រឹមតែ​ផ្តល់​ឱកាស​អោយ​ អ្នក​បា​នរ​រៀន​បទ​ពិសោធ​ន៍​ល្អ​ៗនោះ​ទេ​ អ្នក​ក៏​គួរ​ផ្តោត​លើ​ការងារ​ណា​ដែល​ទទួល​បាន​ប្រាក់ខែ​ច្រើន​ ព្រោះ​បើ​ទទួល​បាន​ប្រាក់ខែ​ច្រើន​ អ្នក​ក៏អាច​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​ធ្វើជា​ដើមទុន​បាន​ច្រើន​ដែរ​។

លោក​បន្ត​ថា​ “ពេល​វាយតម្លៃ​កម្ចី​ ធនាគារ​គេ​មើលតែ​លិខិតបញ្ជាក់​ប្រាក់ខែ​ប៉ុណ្ណោះ​ គេ​មិន​ខ្វល់​ថា​ក្រុមហ៊ុន​ ឬស្ថាប័ន​ដែល​អ្នកធ្វើការ​ផ្តល់​ធានារ៉ាប់រង​សុខភាព​ សា​ហ៊ុយ​ធ្វើដំណើរ​ ឬចំណាយ​បេសកកម្ម​របប​សាំង​ ឬឯកសណ្ឋាន​ប៉ុន្មាន​កុំ​ប្លេ​ក្នុង១ឆ្នាំ​នោះ​ទេ​”។ លោក​បន្ត​ថា​ “ម្យ៉ាង​ បើ​អ្នក​ចង់​ច្នៃ​ខ្លួន​អោយ​ក្លាយជា​អ្នកធ្វើ​ជំនួញ​ ឬជា​អ្នក​វិនិយោគ​ អ្នក​មិន​គួរ​គ្រាន់តែ​សំលៀកបំពាក់​ (ឯកសណ្ឋាន​) និង​ផល​ប្រយោជន៏​ទាំងនេះ​ ក៏​ត្រូវការ​ក្រុមហ៊ុន​ឬស្ថាប័ន​ចាត់ចែង​អោយ​ដែរ​នោះ​ទេ​”៕

រដ្ឋាភិបាល​ចាប់ផ្តើម​ពិភាក្សា​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្រោម​ដី​តម្លៃ​ ៦០លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ទឹកប្រាក់ ៦០លាន​ដុល្លារ​អាមេរិក​ លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្រោម​ដី​ ដើម្បី​លើក​កំពស់​បរិស្ថាន​និង​សោភ័ណភាព​ក្រុង​ព្រះសីហនុ​ ដែល​កំពុង​ប្រឈម​ការ​បំពុលបរិស្ថាន​ ខណៈ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​នេះ​មានការ​រីកចម្រើន​យ៉ាង​លឿន​។

តាមរយៈ​កិច្ចប្រជុំ​សមាជិក​គណ:កម្មការ​អន្តរក្រសួង​ និង​សមាជិក​គណ:កម្មការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ចាប់ផ្តើម​ពិភាក្សា​ដើម្បី​សម្របសម្រួល​គម្រោង​វិនិយោគ​ស្តារ​ និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ឋ័​លូ​ និង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ​ និង​ពិភាក្សា​បញ្ហា​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​នេះ​ ត្រូវ​បាន​ធ្វើ​នៅ​ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩នេះ​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រោម​អធិបតីភាព​ លោក​បណ្ឌិតសភា​ចារ្យ​អូន​ ព័ន្ធ​មុនី​រត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្តុ​។

កិច្ចប្រជុំ​នេះ​ បាន​ពិនិត្យបញ្ហា​មួយចំនួន​ដូចជា​ បញ្ហា​ប្រឈម​កំពុង​ជួបប្រទះ​ចំពោះមុខ​ ដំណោះស្រាយ​បញ្ហា​ទឹក​កខ្វក់​បន្ទាន់​ ផែនការ​រយ:ពេល​ខ្លី​ មធ្យម​ និង​រយៈពេល​វែង​ និង​ពិ​និ​ត្យលទ្ឋ​ភាព​កញ្ចប់​ថវិកា​បន្ទាន់​ មធ្យម​ និង​វែង​ អោយ​ស្របតាម​ផែនការមេ​។

យោង​តាម​កា​សិក្សា​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ ប្រាប់​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​ពិ​ចុះ​ពិនិត្យ​ស្ថានភាព​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗនេះ​ ថា​ អាច​នឹង​ចំណាយ​ថវិកា​ប្រមាណ៦០លាន​ដុល្លារ​អាមេរិក​ បន្ថែម​ទៅ​សាងសង់​ស្ថានីយ​បូមទឹក​មួយចំនួន​បន្ថែម​ទៀត​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​បរិស្ថាន​ស្អាត​ ប្រកបដោយ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​អន្តរជាតិ​។

ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារតែ​មានការ​ហូរ​ចូល​នូវ​វិនិយោគ​ចម្រុះ​ និង​ពហុ​បំណង​តាមរយៈ​ការសាងសង់​អគារ​ ខុន​ដូ​ រមណីយដ្ឋាន​ និង​អគារ​ពាណិជ្ជកម្ម​ ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន​ ។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​នេះ​ បរិមាណ​ទឹក​កខ្វក់​មានការ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​។

ស្ថានីយ​ប្រព្រឹត្តិ​កម្ម​តាម​បែប​ធម្មជាតិ​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ជា​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់​ធំ​ទី២​ បន្ទាប់ពី​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កខ្វក់​ តាម​បែប​ធម្មជាតិ​ក្រុង​សៀមរាប​ ខេត្ត​សៀ​មរ​រាប​៕

តើ​អ្នកជំនួញ​ត្រូវ​បែងចែក​ពេលវេលា​ និង​គ្រប់គ្រង​មុខ​ជំនួញ​ច្រើនយ៉ាង​ដូចម្តេច​ក្នុង​ពេល​តែមួយ​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ពេលវេលា​គឺជា​បញ្ហា​សំខាន់​បំផុត​សម្រាប់​អ្នកជំនួញ​គ្រប់រូប​ ជាពិសេស​អ្នកមាន​មុខ​ជំនួញ​ច្រើន​នៅក្នុង​ដៃ​ ដែល​ចាំបាច់​ត្រូវតែ​មានការ​បែងចែក​ និង​គ្រប់គ្រង​ឱ្យ​ច្បាស់លាស់​ ដើម្បី​ដំណើរការ​ប្រកបដោយ​ភាព​រលូន​ និង​ជោគជ័យ​។

​ចង់​ដឹង​ទេ​ថា​ ការគ្រប់គ្រង​ និង​បែងចែក​ពេលវេលា​ដែល​ល្អ​បំផុត​ ត្រូវ​ធ្វើឡើង​យ៉ាងដូចម្ដេច​នោះ​ សូម​ស្វែងយល់​ជាមួយ​ការ​បង្ហើប​ពី​លោក​បណ្ឌិត​ Michael​ S.Nhim​ ដៃគូ​វិនិយោគ​ក្រុមហ៊ុន​ Care​ Group​ និង​ជា​អ្នក​ដែល​មានមុខ​ជំនួញ​ច្រើន​ដំណើរការ​រួមគ្នា​ក្នុង​ពេល​តែមួយ​។

លោក​បណ្ឌិត​ Michael​ S.Nhim​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ​មិនថា​ចំពោះតែ​អ្នក​ដែល​មានមុខ​ជំនួញ​ច្រើន​ប្រភេទ​ ឬមាន​ក្រុមហ៊ុន​ច្រើន​ដែល​កំពុង​ដំណើរការ​រួមគ្នា​នៅក្នុង​ពេល​តែមួយ​នោះ​ទេ​ ដែល​ត្រូវ​មានការ​បែងចែក​ពេលវេលា​ក្នុង​ការគ្រប់គ្រង​ ក្នុង​នោះ​សូម្បីតែ​អ្នក​ដែល​មាន​ក្រុមហ៊ុន​តែមួយ​ ឬមុខ​ជំនួញ​តែមួយ​ក្នុង​ដៃ​ក៏​ត្រូវតែ​មាន​ភាព​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រង​ពេលវេលា​នេះ​ផង​ដែរ​។

​លោក​បន្ត​ថា​ “នៅពេល​មានការ​បែងចែក​ពេលវេលា​ និង​ការគ្រប់គ្រង​ទៅលើ​មុខ​ជំនួញ​មិនបាន​ត្រឹមត្រូវ​ នោះ​មានន័យថា​ ដំណើរការ​របស់​ក្រុមហ៊ុន​ក៏​មិន​មាន​ភាព​ច្បាស់លាស់​ គ្មាន​ភាព​រលូន​ ដែល​អាច​ឈាន​ដល់​ភាព​បរាជ័យ​លើ​មុខ​ជំនួញ​យ៉ាង​ប្រាកដ​”។ លោក​បាន​បន្ត​ទៀត​ថា​ “អ្នកជំនួញ​ដែល​មាន​ក្រុមហ៊ុន​ច្រើន​នៅក្នុង​ដៃ​ និង​កំពុងតែ​ដំណើរការ​ព្រមគ្នា​ ចំពោះ​ការគ្រប់គ្រង​ និង​បែងចែក​ពេលវេលា​ដែល​ល្អ​បំផុត​នោះ​ គឺ​ត្រូវតែ​មានការ​កត់ត្រា​កាលវិភាគ​សម្រាប់​ប្រតិបត្តិ​ការ​ និង​ការ​បំពេញភារកិច្ច​យ៉ាង​ត្រឹមត្រូវ​ច្បាស់លាស់​ដោយខ្លួនឯង​ ឬអាច​មាន​អ្នកជំនួយ​ការ​ ដែលគេ​ហៅថា​លេខា​ផ្ទាល់ខ្លួន​ធ្វើ​កំណត់ត្រា​ជាប្រចាំ​ ហើយនឹង​អនុវត្ត​ទៅតាម​ការ​កត់ត្រា​ទាំងនោះ​ជាបន្តបន្ទាប់​”។

លោក​បណ្ឌិត​ Michael​ S.Nhim​ បាន​បន្ត​ទៀត​ថា​ ក្រៅពី​មានការ​បែងចែក​ពេល​វេលា​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ ការគ្រប់គ្រង​លើ​ដំណើរការ​នៃ​ប្រតិបត្តិ​ការ​ក្រុមហ៊ុន​ក៏​សំខាន់​ដូចគ្នា​ ដើម្បី​អាច​រីកចម្រើន​លូតលាស់​ និង​ជោគជ័យ​។ គ្មាន​អ្នកណា​ម្នាក់​ដែល​អាច​ធ្វើការ១០ប្រភេទ​ នៅក្នុង​ពេល​តែមួយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​នោះ​គឺ​ការ​ចេះ​គ្រប់គ្រង​ និង​ការ​ចេះ​ប្រើ​មនុស្ស​តាម​ប្រព័ន្ធ​ Digital​។

លោក​បន្ត​ថា​ អ្នកគ្រប់គ្រង​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ ត្រូវតែ​ផ្តល់​ភារកិច្ច​បន្ត​ទៅ​ឱ្យ​មនុស្ស​ក្រោម​ឱវាទ​ ដែល​មាន​ជំនាញ​ច្បាស់ លាស់​អនុវត្តន៍​ ជំនួស​ជាមួយនឹង​ការ​ផ្តល់​នូវ​សិទ្ធិ​អំណាច​ក្នុង​ការសម្រេច​ចិត្ត​ដល់​ពួកគាត់​ ហើយ​រង់ចាំ​ទទួល​ និង​ពិនិត្យ​របាយការណ៍​។ នៅពេល​មាន​របាយការណ៍​ដែល​បង្ហាញ​ពី​ការ​ជួប​ឧបសគ្គ​ ក្នុងនាម​ជា​អ្នកដឹកនាំ​ និង​គ្រប់គ្រង​ត្រូវតែ​មាន ការ​សម្រេចចិត្ត​ខ្ពស់​ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​បន្ទាន់​ ដើម្បី​កែប្រែ​ស្ថានការណ៍​ឱ្យមក​រក​ភាពល្អ​ប្រសើរ​វិញ​ ហើយ​នៅពេល​អ្នក​ក្រោម​ឱវាទ​អនុវត្ត​ប្រកបដោយ​គុណភាព​ និង​ជោគជ័យ​ទៅលើ​ភារកិច្ច​ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ក៏​ត្រូវ​មានការ​លើកទឹកចិត្ត​ផង​ដែរ​។

យ៉ាងណាក៏ដោយ​ លោក​ Michael​ S.Nhim​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​រៀបរាប់​ខាងលើ​នេះ​ គឺ​គ្រាន់តែ​ជា​វិធីសាស្ត្រ​មួយ​ ក្នុងចំណោម​វិធីសាស្ត្រ​ជាច្រើន​ទៀត​ ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ប្រភេទ​ និង​ទំហំ​នៃ​មុខ​ជំនួញ​ផង​ដែរ​៕

ផ្សារ​ទំនើប​ដំបូង​គេ​តម្លៃ​ជិត​ ១០លាន​ដុល្លារ​នៅ​ក្រុង​ព្រះសីហនុ​នឹង​បើក​ដំណើរការ​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​

1

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ផ្សារ​ទំនើប​ដំបូង​គេ ​FURI​ TIME​ SQUARE ​តម្លៃ​ជិត១០លាន​ដុល្លារ​អាមេរិក​នៅ​ក្រុង​ព្រះសីហនុ​ នឹង​បើក​ដំណើរការ​នៅ​កំ​ឡុងចុង​ចខែកញ្ញា​ខាងមុខនេះ​ ខណៈ​គំរោង​នេះ​បាន​ទទួលការ​ជួល​អស់​ជាង ៩០ភាគរយ​រួចហើយ​។

កញ្ញា​លឹម​ សុខា​ដា​វី​ននា​យក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FUTRI​ Real​ Estate ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​រសៀល​ថ្ងៃទី ២១​ ឧសភា​នេះ​ថា​ តាមរយៈ​ការ​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ល្ងាច​ថ្ងៃទី២០​ ឧសភា​កន្លងមក​នេះ​ យើង​បាន​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​ ដោយសារ​ផ្សារ​នេះ​ផ្តោត​លើ​ការរៀបចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

​កញ្ញា​ដា​វី​នបា​នប​ន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ត​ថា​ “រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”។

ផ្សារ​ទំនើប​ FURI​ TIME​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​ Sky​ Bar ​ទំនើប​ជាងគេ​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​គ្រាន់តែ​Sky​ Bar​នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។

កញ្ញា​លឹម​ សុខា​ដា​វី​នបា​នប​ន្ត​ថា​ ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​កំណើន​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើឲ្យ​គំរោង​នេះ​សម្រេច​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក​ ដោយពេល​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​ ទីតាំង​លក់ទំនិញ​ និង​សេវាកម្ម​ប្រមាណ៨០ភាគរយ​នឹង​បើក​ដំណើរការ​ រួម​ទាំង​រោងភាពយន្ត​ផង​ដែរ​។

កាលពី​ពេល​ថ្មី​ៗនេះ​ ផ្សារ​ទំនើប​នេះ​បាន​ទទួល​ពានរង្វាន់​ជា​ផ្សារ​ដែល​មាន​ការ​ឌី​សាញ​ដ៏​ទាក់ទាញ​បំផុត​ពី​កម្មវិធី​Cambodia​ Property​ Award​ ដែល​បា​នប្រារព​ឡើង​នៅ​រាជធានី​ភ្នំពេញ​។

អតិថិជន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ០១១​ ២៩៩​ ៩៧៥សម្រាប់​ការជួល​ស្តង់​លក់​បន្ថែម​នៅ​ផ្សារ​ទំនើប​ដំបូង​គេ​នេះ​៕

វិស័យ​កាត់ដេរ​កម្ពុជា​នឹង​ទទួល​បានផល​ចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

0
កម្មការិនីកំពុងដេរសម្លៀកបំពាក់នៅក្នុងរោងចក្រមួយ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ដន​

ភ្នំពេញ​: ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​រាលដាល​អ្នកលក់​រាយ​អាមេរិក​ដូចជា​ក្រុមហ៊ុន​ Nike​ និង​ Adidas​ បាន​ព្រមាន​ថា​ បញ្ជី​ពន្ធគយ​ថ្មី​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​ និង​បញ្ជូន​រោងចក្រ​កាត់ដេរ​ និង​ស្បែកជើង​ទៅ​ប្រទេស​នៅក្នុង​តំបន់​ដូចជា​កម្ពុជា​ជាដើម​។

អ្នក​ចែកចាយ​ និង​លក់រាយ​ស្បែកជើង​អាមេរិក​ (FDRA​) ដែល​ជា​អង្គភាព​ពាណិជ្ជកម្ម​ឧស្សាហកម្ម​រួម​ទាំង​ក្រុមហ៊ុន ​Nike​ និង​ Adidas​ បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូ​ណាល់​ ត្រាំ​ ដោយ​ជំរុញ​ឲ្យ​លោក​ ដូ​ណាល់​ ត្រាំ​ មិន​ឲ្យ​ដំឡើង​ពន្ធគយ​លើ​ស្បែកជើង​ដែល​នាំចូល​ពី​ប្រទេស​ចិន​ ហើយ​ថា​ការ​ផ្លាស់​ប្តូរ​បែបនេះ​អាច​បង្ក​ការខូចខាត​ដល់​ក្រុមហ៊ុន​នានា​។

FDRA​ បាន​សរសេរ​នៅក្នុង​លិខិត​ជូន​ ចំពោះ​លោក​ប្រធានាធិបតី​ ដូ​ណាល់​ ត្រាំ​ ថា​ “ពន្ធ​បន្ថែម​នឹង​គំរាមកំហែង​ដល់​ភាព​ជោគជ័យ​ នៃ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ជាច្រើន​ នៅក្នុង​ឧស្សាហកម្ម​របស់​យើង​”។

កាលពី​សប្តាហ៍​មុន​លោក​ ដូ​ណាល់​ ត្រាំ​ បាន​ចេញ​បញ្ជី​ពន្ធ​ថ្មី​មួយ​ដែល​មានតម្លៃ​ ៣០០ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​ ដែល​​អាច​ស្មើ​និង​ចំនួន២៥ភាគរយ​ ដែល​រួមមាន​ទំនិញ​ស្បែកជើង​។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ ប្រសិនបើ​ពន្ធគយ​នេះ​ដាក់​ចូលជាធរមាន​ ក្រុមហ៊ុន​ឧស្សាហកម្ម​កាត់ដេរ​ពួកគេ​ នឹង​មិន​មាន​ជម្រើស​​ទេ​ក្រៅតែ​ពី​ស្វែងរក​កន្លែង​ ផលិតកម្ម​ជំនួស​ដូចជា​នៅ​ប្រទេស​កម្ពុជា​ វៀតណាម​ និង​មីយ៉ាន់ម៉ា​។

លោ​កអាល់​ប៊ើ​ត តាន់​ ហេរញ្ញិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ដែល​តំណាង​ឱ្យ​រោងចក្រ​នាំចេញ​សំលៀកបំពាក់​ និង​ស្បែកជើង​ចំនួន៦០០រោងចក្រ​ កន្លែង​បាន​និយាយ​ថា​ “ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម​ កាន់តែ​ខ្លាំង​ឡើង​មាន​ចំណាប់​អារម្មណ៍​មួយចំនួន​ពី​ក្រុមហ៊ុន​នានា​ ដោយ​ផ្លាស់មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ចិន​”។

លោក​បន្ត​ថា​ “ខណៈ​អាមេរិក​ដាក់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​កើនឡើង​ នោះ​នឹង​មានការ​កើនឡើង​ នៃ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការផលិត​កម្ម​ ផ្លាស់​ប្តូរ​ទៅ​កម្ពុជា​ និង​វៀតណាម​”។

ជា​ការពិត​ ក្រុមហ៊ុន​ល្បី​របស់​អាមេរិក​បាន​កាត់បន្ថយ​ការ​បញ្ជាទិញ​ សម្លៀកបំពាក់​ពី​ប្រទេស​ចិន​ចាប់តាំងពី​ខែសីហា​ ឆ្នាំ​ ២០១៧​ នៅពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បើក​ការស៊ើបអង្កេត​លើ​ ការអនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន​។ លើស​ពីនេះ​ទៀត​តម្លៃ​ផលិតកម្ម​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ទ្វេដង​ ដោយសារតែ​ការ​បង្កើន​ថ្លៃ​ពលកម្ម​។

តម្លៃ​នៃ​ការ​លក់រាយ​សម្លៀកបំពាក់​ ដែល​ផលិត​នៅ​ចិន​ឥឡូវនេះ​មានតម្លៃ​ ៦៩​,៥០​ ដុល្លារ​ក្នុង​មួយ​ឯកតា​ដោយ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ការសិក្សា​របស់​សាកល​វិទ្យាល័យ​ Delaware​ លើ​ឧស្សាហកម្ម​កាត់ដេរ​សកល​ដែល​បាន​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​។ នៅ​វៀតណាម​តម្លៃ​បាន​កើនឡើង​នៅ​ឆ្នាំនេះ​ពី២០​ ដុល្លារ​ក្នុង​មួយ​យូនី​តដល់​ ៣៤​,៨០​ ដុល្លារ​ ដោយសារតែ​ថ្លៃ​ពលកម្ម​កើនឡើង​។

តម្លៃ​នៅ​កម្ពុជា​នៅតែ​ស្ថិតនៅ​តម្លៃ​ទាប​បំផុត​ និង​មានការ​ប្រកួតប្រជែង​ខ្ពស់​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ក្រោម​ ២០​ ដុល្លារ​ក្នុង​មួយ​ឯកតា​។

លទ្ធផល​នេះ​គឺជា​ព័ត៌មាន​ស្វាគមន៍​មួយ​ដោយ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​កម្ពុជា​ដែល​ជាស​សរ​ស្តម្ភ​ដ៏​សំខាន់​ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​កំពុងតែ​រំជើបរំជួល​ពី​ការ​បន្ត​ព័ត៌មាន​ពី​ការ​ដក​ពន្ធ​ពី​អឺរ៉ុប​ និង​ការ​ដក​ពន្ធ​ពី​ការ​អាមេរិក​។ យោង​តាម​ GMAC​ រោងចក្រ​ថ្មី​ចំនួន២៥​ បាន​ចូលរួម​ក្នុង​សមាគម​រោងចក្រ​នៅក្នុង​ត្រីមាស​ទីមួយ​ នៃ​ឆ្នាំនេះ​បាន​ធ្លាក់ចុះ​ជិត៥០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​ និង​អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ក៏បាន​សង្កត់ធ្ងន់​ថា​ ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​នឹង​កើត​មាន​ឡើង​ដណ្តើរៗ​ ដោយសារ​គុណសម្បត្តិ​សំ​ខាន់​ៗនៃ​បច្ចេកវិទ្យា​ និង​កម្លាំង​ពលកម្ម​ជំនាញ​របស់​ប្រទេស​ចិន​។

FDRA​ បាន​សរសេរ​ទៀត​ថា​ “មាន​សំណូមពរ​ថា​ ឧស្សាហកម្ម​នានា​គួរតែ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​របស់​ខ្លួន​ ទៅ​ប្រទេស​ផ្សេង​ក្រៅពី​ប្រទេស​ចិន​ បន្ទាប់ពី​មានការ​គំរាមកំហែង​ពន្ធ​បន្ថែម​”។

FDRA​ បន្ត​ថា​ “ខណៈ​ពេល​ដែល​ឧស្សាហកម្ម​របស់​យើង​ កំពុង​ផ្លាស់​ប្តូរ​ចេញពី​ប្រទេស​ចិន​ ក្នុងរយៈពេល​ណាមួយ​ពី​ឥឡូវនេះ​ វិស័យ​ស្បែកជើង​គឺ​ជា​ផែ្ន​កមួយ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ដើមទុន​ ដោយមាន​ផែនការ​ជាច្រើន​ឆ្នាំ​ និង​តម្រូវ​ឱ្យ​មានការ​សម្រេចចិត្ត​វិនិយោគ​ និង​ក្រុមហ៊ុន​មិន​អាច​ផ្លាស់​ប្តូរ​រោងចក្រ​ឱ្យ​សម្រប​ខ្លួន​ ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ទេ​”៕

គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​តម្លៃ​ ៥០០លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ​ត្រៀម​ចាប់ផ្តើម​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​បាន​ជួប​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ តម្លៃ៥០០លាន​ដុល្លារ​អាមេរិក​ នៅ​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​។

គណ​កម្មការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ពិភាក្សា​ពី​គំរោង​អភិវឌ្ឍន៍​នេះ​ ដែល​គំរោង​នេះ​គ្រោង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ក្រោម​អធិបតីភាព​លោក​ នុត​ អ៊ុន​វ័​ណរ៉ា​ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​វិយោគ​កម្ពុជា​ (គវក​)។

ក្រុមហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. ដែល​វិនិយោគ​លំដាប់​អន្តរជាតិ​ បានសម្រេច​បោះទុន​វិនិយោគ​ តម្លៃ៥០០លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ​ គឺ​ដើម្បី​សាងសង់​មណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ប្រាប់​គេហទំព័រ​ propertyarea.asia​កន្លងមក​នេះ​ថា​ គឺ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ប្រមាណ៥០០លាន​ដុល្លារ​ ប៉ុន្តែ​នៅ​ក្នុង​តំណា​ក់​កាល​ដំបូង​ក្រុមហ៊ុន​ទាំងនេះ​ នឹង​ចំណាយ​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ​ នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១០០ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ដែល​នឹង​បញ្ចប់​គម្រោង​សាងសង់​ទាំងស្រុង​ត្រឹម​រយ៥ឆ្នាំ​ ដើម្បី​ដំនើ​រកា​រឱ្យ​ទាន់​គម្រោង​សាងសង់​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​”។

លោក​បាន​បន្ត​ទៀត​ថា​ “មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​លើកដំបូង​ប្រចាំ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​ធ្វើការ​បែងចែក​ចេញ​ជាច្រើន​ផ្នែក​ ដូចជា​ តំបន់​ក្មេង​លេង​ទឹក​ តំបន់​សម្រា់​មនុស្ស​ពេញវ័យ​កម្សាន្ត​ជាមួយ​ឧប​ករណ៍​ទំនើប​ៗ តំបន់​សម្រាប់​មនុស្សចាស់​លំហែ​រកា​យតា​មល​ក្ខ​ណៈ​ធម្មជាតិ​ និង​តំបន់​ជិះ​កង​ហាត់ប្រាណ​ដែល​មាន​ទំហំ​រហូតដល់៤គីឡូម៉ែត្រ​ រួម​ជាមួយ​ការ​ធ្វើជា​កសិដ្ឋាន​បន្លែ​ចម្រុះ​ និង​ស្រូវ​សម្រាប់​បង្ហាញ​ជូន​ដល់​បណ្តា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​”។

​ក្រៅពី​នេះ​ នៅ​មាន​កា​សាងសង់​ជា​ផ្ទះសំណាក់​លំ​ហែរ​កាយ​ កម្រិត​ផ្កាយ៥សម្រាប់​ទទួលស្វាគមន៍​បណ្តា​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ដែល​មក​ពី​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​។

ជាមួយនឹង​គម្រោង​ដ៏​មហិមា​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ លោក​បាន​សម្ដែង​នូវ​ក្ដី​សាទរ​ ដែល​អាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​កន្លែង​៕

ក្រសួងទេសចរណ៍​គ្រោង​បង្កើត​ក្រុមការងារ​ដើម្បី​បង្កើនផលិតផល​កសិកម្ម​បម្រើ​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​

0
លោកថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍

ដោយៈ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងទេសចរណ៍​នឹង​បង្កើត​ក្រុមការងារ​មួយ​ ដើម្បី​បង្កើនផលិតផល​កសិកម្ម​ ដើម្បី​បម្រើ​ទីផ្សារ​ក្នុង​ស្រុក​សម្រាប់​វិស័យ​ទេសចរណ៍​ ខណៈ​គំរោង​នេះ​នឹង​ជំរុញ​ភោជនីយដ្ឋាន​ សណ្ឋាគារ​ និង​រមណីយដ្ឋាន​នានា​ដើម្បី​ប្រើប្រាស់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ជាជាង​នាំចេញ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​កាល​ពី​ថ្មី​ៗនេះ​ថា​ ក្រសួង​ពាក់ព័ន្ធ​ ដូចជា​ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​ឧស្សាហកម្ម​ កំពុង​ព្យាយាម​ធ្វើការ​ស្របតាម​គោលនយោបាយ​របស់​ខ្លួន​ ដើម្បី​ជំរុញ​ផលិតកម្ម​កសិកម្ម​ និង​សិប្បកម្ម​លើកទឹកចិត្ត​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SMEs​) ដើម្បី​បង្កើន​ផលិតកម្ម​។

លោក​បន្ត​ថា​ “រដ្ឋាភិបាល​បាន​ផ្តល់​ភារកិច្ច​នេះ​ ដល់​ក្រសួងទេសចរណ៍​ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ បាន​យល់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ប៉ុន្តែ​យើង​ត្រូវតែ​មាន​យន្តការ​ជាក់លាក់​”។ លោក​បន្ត​ថា​ “នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​សេដ្ឋកិច្ច​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាជន​ តាមរយៈ​វិស័យ​ទេសចរណ៍​ និង​ដើម្បី​កាត់បន្ថយ​ការ​លេច​ធ្លាយ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​ និង​បង្កើន​តម្លៃ​ផលិតផល​ក្នុង​ស្រុក​”។

លោក​ថោង​ ខុន​ បាន​បន្ត​ថា​ “ខ្ញុំ​នឹង​រៀបចំ​ក្រុមការងារ​ពិសេស​ដោយ​ផ្តោត​តែ​លើ​ការងារ​នេះ​អំពី​ការ​លេច​ធ្លាយ​នៅក្នុង​វិស័យ​ទេសចរណ៍​ ហើយនឹង​ធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ម្តង​ក្នុងរយៈពេល​បី​ខែ​”។

ការ​លេច​ធ្លាយ​ក្នុង​វិស័យ​ទេសចរណ៍​គឺ​សាមញ្ញ​។ នៅ​ឆ្នាំ២០១៨​ ការ​លេច​ធ្លាយ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ មាន២៥ភាគរយ​ ក្នុង​នោះ១៥​ ភាគរយ​នៃ​ការ​លេច​ធ្លាយ​ គឺជា​រឿង​សាមញ្ញ​ពីព្រោះ​ជាឧទាហរណ៍​កម្ពុជា​មិន​អាច​ផលិត​ស្រា​វី​ស្គី​ និង​ស្រា​ដែល​មានតម្លៃ​ថ្លៃ​បានទេ​។

លោក​ឲ្យដឹង​ទៀត​ថា​ “បើ​យើង​អាច​កាត់បន្ថយ​ការ​លេច​ធ្លាយ​បាន១០ភាគរយ​យើង​ទទួល​បាន​ពី៣០០​ ទៅ៤០០លាន​ដុល្លារ​ ព្រោះ​យើង​ប៉ាន់ស្មាន​ថា​ចំណូលជាតិ​នៅក្នុង​វិស័យ​ទេសចរណ៍​មាន​ប្រហែល៤ពាន់​លាន​ដុល្លារ​”។ លោក​បាន​បន្ថែម​ថា​“យើង​នឹង​ជំរុញ​សហគមន៍​កសិកម្ម​ និង​សន្ទុះ​វិនិយោគ​ក្នុង​សហគមន៍ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដើម្បី​កាត់បន្ថយ​ការនាំចេញ​ទៅ​ប្រទេស​ដទៃទៀត​”។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ ធួន​ ស៊ី​ណាន​ ឲ្យដឹង​ថា​ រដ្ឋាភិបាល​ត្រូវ​ជំរុញ​បន្ថែម​ប្រជាជន​ទាក់ទង​ និង​កិច្ចការ​នេះ​ ព្រោះ​វា​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិ​។

លោក​បន្ត​ថា​ “រដ្ឋាភិបាល​ត្រូវ​ជំរុញ​ការ​បង្រៀន​បន្ថែម​ ក៏ដូចជា​ផ្តល់​ជំនួយ​ដល់​កសិករ​ក្នុង​ផលិតផល​កសិកម្ម​ឲ្យបាន​ច្រើន​ ព្រោះ​វា​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រជាជន​ និង​កាត់បន្ថយ​ការនាំចូល​ជាជាង​ការនាំចេញ​”។

កសិករកំពុងមើលថៃទាំបន្លែសាលាដ។ រូបថត៖ ម៉ៃ វីរៈ

លោក​ស៊ី​ណា​បាន​ឲ្យដឹង​ទៀត​ថា​ “បើស​ម្រេច​បាន​កិច្ច​នេះ​ មិន​ត្រឹមតែ​ប្រជាជន​ទទួល​បានផល​ប្រយោជន៍​ទេ​ ថែម​ភ្ញៀវ​ក៏​រីករាយ​ជាមួយ​ផលិត​កសិកម្ម​ ដែល​មាន​សុវត្ថិភាព​ ព្រោះ​អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​វិស័យ​ទេសចរណ៍​”៕

តម្លៃ​ដីធ្លី​កើន​ចន្លោះ១០ទៅ១៥ភាគរយ​ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ​នេះ​

2
ទិដ្ឋភាពផ្លូវ ៦០ម៉ែត្រ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​លើកឡើង​ថា​ នៅដើម​ឆ្នាំ២០១៩នេះ​តម្លៃ​ដីធ្លី​ឆ្នាំនេះ​មា​នកំនើន​ជា​វិជ្ជមាន​ ដោយ​តម្លៃ​បាន​កើនឡើង​ចន្លោះ១០ទៅ១៥ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ទិដ្ឋភាពផ្លូវ ៦០ម៉ែត្រ។ រូបថត៖ ម៉ៃ វីរៈ

ការ​កើនឡើង​នេះ​បាន​គ្រប​ដណ្តប់​គ្រប់់​តំបន់​ ពិសេស​តំបន់​ជាយក្រុង​ភ្នំពេញ​ ខណៈ​ដី​នៅ​តំបន់​កណ្តាល​ក្រុង​ តម្លៃ​ដីធ្លី​សម្រេច​បា​នកំនើន​តិចតួច​ ដោយសារ​តម្លៃ​បាន​កើនឡើង​ខ្ពស់​រួច​ទៅ​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២១​ ខែឧសភា​ នេះ​ថា​ ជាទូទៅ​ចំពោះ​វិស័យ​ដីធ្លី​ ទោះ​តិច​ ឬច្រើន​ គឺ​តែង​មានការ​កើនឡើង​ជាប់​ជាប្រចាំ​។

លោក​បាន​បន្ត​ទៀត​ថា​ “មិនថា​ទោះជា​នៅ​តំបន់​ណា​នោះ​ទេ​ ចំពោះ​តម្លៃ​ដីា​តែង​មានការ​កើនឡើង​ជាប្រចាំ​ឆ្នាំ​ ជាពិសេស​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ជាយក្រុង​ ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​”។

​;លោក​បាន​បន្ត​ទៀត​ថា​ ដី​នៅក្នុង​តំបន់​ក្រុង​សម្រាប់​ដើមឆ្នាំ២០១៩នេះ​ ហាក់​មិនសូវ​ជា​មានការ​ប្រែប្រួល​នោះ​ទេ​ ព្រោះ​តម្លៃ​ដី​ ក៏ដូចជា​អចលនទ្រព្យ​ផ្សេង​មានការ​កើនឡើង​ខ្ពស់​ដល់​កំពូល​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើ​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ជាយ​ក្រុង​គឺ​មានឱកាស​ឡើងថ្លៃ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ​ថា​ មិនថា​ចំពោះតែ​វិស័យ​ដីធ្លី​នោះ​ទេ​ នៅដើម​ឆ្នាំ២០១៩នេះ​ តម្លៃ​អចលនទ្រព្យ​ទាំងអស់​សុទ្ធតែ​មានការ​កើន​ឡើង​ ខណៈ​ដែល​កំណើន​នៃ​ការសាងសង់​ ក៏​មានការ​កើនឡើង​រហូតដល់​ប្រមាណ១៨​,១ ភាគរយ​។

អ្នកនាង​បន្ត​ទៀត​ថា​ “បើ​និយាយ​តែ​ចំពោះ​វិស័យ​ដីធ្លី​ គឺ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​ដី​ដែល​ស្ថិត​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​តែម្ដង​ ដោយសារតែ​នៅ​តំបន់​នេះ​មានការ​អភិវឌ្ឍ​ច្រើន​លើ​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​”។ អ្នកនាង​បន្ត​ថា​​“នៅ​ភាគ​ខាងត្បូង​នេះ​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​ខ្លាំង​ ដែល​ក្រៅពី​មាន​ភាពល្អ​ប្រសើរ​ពី​មហាវិថី​សម្តេច​តេជោ​៦០​ម៉ែត្រ​​ដែល​មាន​គំរោង​ផ្សារ​ទំនើប​ និង​បុរី​លំនៅ​ដ្ឋាន​ជាច្រើន​នៅ​តំបន់​នោះ​”។

ទីតាំងផ្សារទំនើបរបស់ក្រុមហ៊ុន​ប៉េង ហួត។ រូបថត៖ ម៉ៃ វីរៈ

​អ្នកនាង​អាន​ សុធី​តា​បាន​បន្ត​ថា​ បច្ចុប្បន្ន​គម្រោង​ផ្សារ​ទំនើប​ AEON3​ គម្រោង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ ប៉េង​ហួត​ និង​គម្រោង​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ ដែល​មានតម្លៃ​រាប់​លាន​ដុល្លារ​នោះ​ជាពិសេស​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​ ក៏​មានការ​សាងសង់​ផ្លូវ​ជាច្រើន​ខ្សែ​ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​ កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ជាង​តំបន់​ជាយក្រុង​ដទៃ​ទៀត​៕

តើ​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​គេ​នៅក្នុង​ទ្វីបអាស៊ី​មាន​លុយ​ប៉ុន្មាន​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ទ្វីបអាស៊ី​ក្នុង​សតវត្សរ៍​ទី២១​ បាន​និង​កំពុង​ក្លាយជា​តំបន់​ដែល​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក​ ដោយសារ​ការ​កើនឡើង​នៃ​មហាអំណាច​ចិន​ និង​បណ្តា​ប្រទេស​នានា​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​លឿន​នា​ពេល​បច្ចុប្បន្ន​នេះ​។

តើ​អ្នកណា​កំពុង​មាន​លុយ​ច្រើនជាង​គេ​ និង​កំពុង​លេចធ្លោ​ក្នុង​ពិភព​ជំនួញ​?

លោក​ Mukesh​ Dhirubhai​ Ambanini​ កើត​នៅក្នុង​ឆ្នាំ១៩៥៧​ គឺជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ និង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​ជាង​ម្ចាស់ភាគហ៊ុន​ដ៏​ធំ​បំផុត​របស់​ក្រុមហ៊ុន​ Reliance​ Industries​ Limited​ ( RIL​) ដែល​បច្ចុប្បន្ន​លោក​មាន​ក្រុ​ហ៊ុន​ប្រមាណ៥០០​ នៅ​ទូទាំង​ពិភពលោក​ (Fortune​ Global​ 500​) ហើយក៏​ជា​ក្រុមហ៊ុន​ដែល​មានតម្លៃ​បំផុត​របស់​ប្រទេស​ឥណ្ឌា​។

យោង​តា​មទ​ស្សា​នា​វដ្តី​ Forbes​ របស់​សហរដ្ឋអាមេរិក​បាន​ចុះផ្សាយ​ថា​ លោក​ Mukesh​ ជា​មហ​សេដ្ឋី​ ដែល​មាន​លុយ​ច្រើនជាង​គេ​នៅក្នុង​តំបន់​អាស៊ី​ និង​ឈរ​នៅ​លំ​ដាល់​លេខរៀង​ទី១៣​ នៅ​លើ​អភិ​ពលោ​កសម្រាប់​ឆ្នាំ២០១៩​ នេះ​។

លោក​ Ambani​ កើត​ក្នុង​តំបន់​ Aden​ ប្រទេស​យ៉េ​មែនហើយ​បាន​មក​រស់នៅ​ និង​ធំ​ដឹងក្តី​នៅក្នុង​ទីក្រុង​មុម​បៃ​ ប្រទេស​ឥណ្ឌា​។ មហាសេដ្ឋី​រូប​នេះ​ បាន​ទទួល​សញ្ញាបត្រ​វិស្វកម្ម​គីមី​សាស្ត្រ​ (Chemical​ Engineering​) ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីមី​សាស្ត្រ​ នៅក្នុង​ដើមឆ្នាំ​ ១៩៧០​។

នៅក្នុង​ឆ្នាំ១៩៨១​ គាត់​បាន​ចាប់ផ្តើម​ធ្វើការ​ឲ្យ​ឪពុក​របស់​លោក​ លោក​ Dhirubhai​ Ambani​ នៅក្នុង​ក្រុមហ៊ុន​ Reliance​ ជា​លក្ខណៈ​គ្រួសារ​ ។ ក្រុមហ៊ុន​នេះ​ផ្តោត​សំខាន់​លើ​ការ​លក់​ប្រេងសាំង​ និង​ហ្គាស់​ជាដើម​។

បន្ទាប់មក​ក្រុមហ៊ុន​នេះ​ បាន​ប្តូរ​ទៅជា​ក្រុមហ៊ុន​ Reliance​ Retail​ Ltd​ វិញ​ដែល​ក្លាយ​ពី​ក្រុមហ៊ុន​លក្ខ​ណៈ​ក្រួសា​រទៅជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ និង​សេវា​លើ​វិស័យ​ប្រេង​ និង​ហ្គាស​ដល់​អតិថិជន​ជាច្រើន​ផ្សេងទៀត​ ដូចជា​ ទីផ្សារ​លក់រាយ​និង​ទូរគមនាគមន៍​នៅក្នុង​ប្រទេស​ឥណ្ឌា​។

ក្រុមហ៊ុន​ Reliance​ នេះ​ បាន​ទទួល​បាន​ចំណាត់ថ្នាក់​កំពូល​ទាំង​ប្រាំ​ នៅក្នុង​សេវា​ទូរគមនាគមន៍​របស់​ប្រទេស​ឥណ្ឌា​ ចាប់តាំងពី​ដំណើរការ​ជា​សាធារណៈ​របស់​ខ្លួន​ នៅ​ថ្ងៃទី​ ៥ ខែកញ្ញា​ឆ្នាំ​ ២០១៦កន្លងមក​នេះ​។

នៅ​ឆ្នាំ២០១៦​ លោក​Ambani​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ៣៨​ ហើយ​បាន​រក្សា​តំណែង​ជា​អ្នកមាន​បំផុត​របស់​ឥណ្ឌា​នៅ​លើ​បញ្ជី​ទស្សនាវដ្តី​ Forbes​ អស់​រយៈពេល១០ឆ្នាំ​មក​ហើយ​។ លោក​គឺជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​តែមួយគត់​ នៅ​លើ​តារាង​ទស្សនាវដ្តី​ Forbes​ ក្នុងចំណោម​មនុស្ស​ដែល​មានអំណាច​បំផុត​នៅ​លើ​ពិភពលោក​។

គិត​ត្រឹម​ខែមករា​ឆ្នាំ​ ២០១៨​ លោក​ Mukesh​ Ambani​ ត្រូវ​បាន​ជាប់​ចំ​ណាច់​ថ្នាក់​ដោយ​ទស្សនាវដ្តី​ Forbes​ ថា​ជា​មនុស្ស​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទី១៨​ នៅ​លើ​ពិភពលោក​ដោយ​បាន​វ៉ា​ដាច់​លោក​Jack​ Ma​ ប្រធានប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Alibaba​ Group​ ហើយ​ក្លាយជា​អ្នកមាន​បំផុត​នៅ​អាស៊ី​។

លោក​មានទ្រព្យ​សម្បត្តិ​សរុប ៤៤​,៣ ពាន់​លាន​ដុល្លារ​នៅក្នុង​ខែកក្កដា​ឆ្នាំ​ ២០១៨​ និង​ជាង ៥០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ខែ​ មីនា​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ ។លោក​ក៏​ជា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​បំផុត​ នៅ​ក្រៅប្រទេស​ដែល​រួមមាន​នៅ​អាមេរិក​ខាងជើង​ និង​អឺរ៉ុប​។

យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ Hurun​ របស់​ប្រទេស​ចិន​នៅ​ឆ្នាំ២០១៥​ លោក​ Ambani​ ជាប់​ចំណាត់ថ្នាក់​ទី៥​ ដែល​ត្រូវ​បាន​តែងតាំង​ជានា​យក​ធនាគារ​នៃ​អាមេរិក​ (Bank​ of​ America​) ហើយ​លោក​ក្លាយ​ជា​ប្រ​ធា​មក្រុម​ប្រឹក្សា​ភិបាល​ នៃ​ធន​គារ​នេះ​ដែល​មិនមែន​ជជន​ដើម​អាមេរិក​។

តាមរយៈ​ ក្រុមហ៊ុន​ Reliance​ លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ Indian​ Premier​ League​ និង​ជា​ស្ថាបនិក​ឥណ្ឌា​ប្រេន​ឆាយ​ Super​ League​ ដែល​ជាលី​កបាល់ទាត់​នៅ​ឥណ្ឌា​។ ក្នុង​ឆ្នាំ២០១២​ ទស្សនាវដ្តី​ Forbes​ បាន​ដាក់ឈ្មោះ​របស់​លោក​ផ្នែក​កីឡា​មួយ​ក្នុងចំណោម​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​។

លោក​រស់នៅ​ក្នុង​អគារ​Antilia​ ដែល​ជា​លំនៅ​ដ្ឋាន​ឯកជន​មួយ​ថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​ដែល​មានតម្លៃ​រហូតដល់ ១ពាន់​លាន​ដុល្លារ​៕

គំរោង​ខុន​ដូ​កប់​ពពក​ថ្មី​មួយ​កំពុង​សាងសង់​នៅ​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ​ក្បែរ​កោះ​ពេជ្រ​

1

ដោយ ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​បាន​ និង​កំពុង​បើក​ការដ្ឋាន​សាងសង់​យ៉ាងសកម្ម​ ដើម្បី​ប្រណាំងប្រជែង​ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ខុន​ដូ​ខ្ពស់​នៅក្នុង​តំបន់​កោះ​ពេជ្រ​។

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។ គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគា​រ Bali​ Scenary​ និង​អាគារ​ The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

នាយក​គ្រប់គ្រង​គំរោង​នេះ​បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​ ប៉ុន្តែ​កម្មករ​កំពុង​សាងសង់​គំរោង​នេះ​បាន​ប្រាប់​ថា​ វា​ជា​គំរោង​ខុន​ដូ​ទំនើប​លំដាប់​ផ្កាយ៥​។

តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​កោះ​ពេជ្រ​បច្ចុប្បន្ន​បាន​ និង​កំពុង​កើនឡើង​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ខណៈ​គំ​រោង​ធំៗ​និង​មាន​កំពស់​កប់​ពពក​ជាច្រើន​ទៀត​កំពុង​សាងសង់​ និង​ត្រៀម​បង្ហាញ​គម្រោង​របស់​ពួកគេ​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong ​បាន​មានប្រសាសន៍​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​កោះ​ពេជ្រ​បាន​ និង​កំពុង​ក្លាយជា​Business​ Hub​មួយ​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។ គំរោង​ជាច្រើន​កំពុង​បាន​ធ្វើឲ្យ​តំបន់​នេះ​កាន់់​តែ​ទាក់ទាញ​ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​។

បច្ចុប្បន្ន​បណ្តា​ហាង​កា​ហ្វេ​ល្បី​ៗ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ AEON​ MALL1 ​ផ្សារ​ទំនើប​នៃ​គំរោង​ The​ Bridge​, ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មក​ពី​សឹង្ហ​បុរី​នឹង​បើ​កដំនើ​រកា​រនៅ​ក្នុង​គំរោង​ The​ PeAk ​និង​ផ្សារ​ទំនើប​ស្ថិត​ក្នុង​គំរោង​ THE​ ID​ RIVIERA​ បាន​និង​កំពុង​ត្រៀម​បើក​ដំណើរការ​នា​ពេល​ខាងមុខ​ផង​ដែរ​៕