អ្នកជំនាញ​៖ ការទិញ​ខុន​ដូ​សម្រាប់​ជួល​មានឱកាស​ទទួល​បាន​ចំណូល​ច្រើនជាង​ផ្ទះល្វែង​

0
ខុនដូមួយនៅកោះពេជ្រ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ ការទិញ​ខុន​ដូ​ទុក​សម្រាប់​ជួល​ គឺ​មានឱកាស​អាច​ទទួល​បាន​ចំណូល​ច្រើនជាង​ការទិញ​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​កម្រិតមធ្យម​សម្រាប់​ជួល​ ប៉ុន្តែ​ឱកាស​នៃ​ការ​ទទួល​បាន​ចំណូល​នេះ​ នៅ​ទាប​ជាង​ការទិញ​ដី​ទុក​សម្រាប់​វិនិយោគ​បន្ត​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់​កាលពី​ល្ងាច​ថ្ងៃ​ទ២០​ ខែឧសភា​ ឆ្នាំ២០១៩ថា​ បើ​ធ្វើការ​ប្រៀបធៀប​ទៅលើ​ឱកាស​ នៃ​ការ​ទទួល​បាន​ចំណូល​ពី​ការជួល​រវាង​ខុន​ដូ​ និង​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​កម្រិតមធ្យម​ ភាគរយ​ច្រើន​គឺ​ខុន​ដូ​មានឱកាស​ខ្ពស់​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ ជា​ការពិត​ ចំពោះ​ភាគរយ​ដែល​ទទួល​បាន​ចំណូល​ត្រឡប់មកវិញ​ តបនឹង​ការ​វិនិយោគ​ដោយ​ការជួល​ (Return​ of​ Investment​) រវាង​ផ្ទះល្វែង​ ឬជា​ប្រភេទ​ផ្ទះ​វីឡា​ គឺ​មាន​អត្រា​ទាប​ជាង​ខុន​ដូ​។

​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​កម្រិតមធ្យម​ ដែល​ជា​ប្រភេទ​លំនៅ​ដ្ឋាន​ ទិញ​ក្នុង​តម្លៃ​ជាង២០​-៣០ម៉ឺន​ដុល្លារ​ អាច​ដាក់​ជួល​បាន​ត្រឹម​តម្លៃ​យ៉ាងច្រើន៧០០ទៅ៨០០ដុល្លារ​ ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​ ប៉ុន្តែ​បើ​ចំពោះ​ខុន​ដូ​ ដែល​ទិញ​ត្រឹម​ប្រមាណ​ជាង១០​-១៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​យូនី​ត អាច​ជួល​បាន​រហូតដល់១០០០​-១៥០០ដុល្លារ​ក្នុង​មួយ​ខែ​ ដូច្នេះ​ការ​វិនិយោគ​ទៅលើ​ខុន​ដូ​នៅតែ​មានឱកាស​ខ្ពស់​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ បើ​ទោះជា​ការជួល​ខុន​ដូ​ តម្រូវ​ចំណាយ​ខ្ពស់​ជាង​ការជួល​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​ ក៏​ការជួល​ខុន​ដូ​នៅតែ​មាន​ប្រជាប្រិយ​ភាព​ ជាពិសេស​ពីសំណាក់​ជនបរទេស​ ដោយសារ​វា​មាន​កក្តា​ល្អជា​ច្រើន​ដូចជា​ មាន​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ខ្ពស់​ មានការ​សម្អាត​បរិស្ថាន​ជុំវិញ​បាន១០០ភាគរយ​ មាន​កន្លែង​ហាត់ប្រាណ​ ក៏ដូចជា​ការ​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​ផង​ដែរ​។ អ្វី​ដែល​ជា​ចំណុច​ពិសេស​ ខុន​ដូ​ភាគច្រើន​ត្រូវ​បាន​សាងសង់​ឡើង​នៅ​កណ្តាល​ក្រុង​ ដែល​ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជ​ និង​ជា​កន្លែង​ធ្វើការ​ ដែល​ខុសប្លែក​ពី​ផ្ទះល្វែង​ ឬផ្ទះ​វីឡា​ ដែល​ភាគច្រើន​ត្រូវ​បាន​គេ​អភិវឌ្ឍ​ក្នុង​បុរី​ ដែល​ស្ថិតនៅ​តំបន់​ឆ្ងាយ​ពី​ក្រុង​ ឬតំបន់​ជាយក្រុង​»។

អគ្គ​នាយិកា​ក្រុមហ៊ុន​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃជា​មួយ​គ្នា​នេះ​ថា​ ឱកាស​នៃ​ការ​ទទួល​បាន​ចំណូល​ពី​ការជួល​ ខុន​ដូ​ អាច​បាន​ច្រើនជាង​ផ្ទះល្វែង​ពិតមែន​ ប៉ុន្តែ​មិន​មានន័យថា​ គ្រប់​ខុន​ដូ​ទាំងអស់​សុទ្ធតែ​មានឱកាស​ល្អ​ដូចគ្នា​នោះ​ទេ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ៖ «ខុន​ដូ​ដែល​អាច​ជួល​បាន​ក្នុង​តម្លៃ​ល្អ​ ភាគច្រើន​គឺ​មានតែ​នៅ​ម្ដុំ​បឹងកេងកង១តែប៉ុណ្ណោះ​ ដែល​អាច​ជួល​បាន​ប្រមាណ១៥០០​-២០០០​ដុល្លារ​​ក្នុង​មួយ​ខែ​ ដោយសារតែ​នៅ​តំបន់​នេះ​ មាន​ប្រមូល​ម្ដុំ​ដោយ​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។

​លោកស្រី​បន្ត​ថា​ បើ​នៅ​តំបន់​ផ្សេង​ ដូចជា​ នៅ​ម្តុំ​បឹងទំពុន​ ទួលទំពូង​ជាដើម​ អាច​ជួល​បាន​ត្រឹម​ ៥០០​-៧០០​ ដុល្លារ​ក្នុង​មួយ​ខែ​តែប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ផ្ទះល្វែង​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ទីប្រជុំជន​ ឬក្បែរ​សាលារៀន​ ក៏អាច​ទទួល​បាន​ចំណូល​ច្រើន​គួរសម​ដែរ​ ដែល​យ៉ាងហោចណាស់​ក៏​ទទួល​បាន​ប្រមាណ១០០០ដុល្លារ​ក្នុង​មួយ​ខែ​ដែរ​៕

ពិព័រណ៍​អន្ដរ​ជាតិ​សម្រាប់​វិស័យ​សំណង់​ ស្ថាបត្យកម្ម​លំដាប់​អន្តរជាតិ​នឹង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ពិព័រណ៍​អន្ដរ​ជាតិ​លើក​ទី៤ស្តី​ពី​សម្ភារ​សំណង់​ ស្ថាបត្យកម្ម​ រចនា​ផ្ទៃ​ខាងក្នុង​ គ្រឿង​សង្ហា​រឹម​ និង​ការ​តុបតែង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី៨​ ខែមិថុនា​ឆ្នាំ​ ២០១៩​ នៅ​កោះ​ពេជ្រ​។

ពិធី​ពិព័រណ៍​ Cambodia​ Architect​ &​ Decor​ ​ដែល​រៀបចំ​ដោយក្រុម​ហ៊ុន​ ICVeX​ ខូ​អិល​ធី​ឌី​ដែល​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ និង​មានការ​គាំទ្រ​ពី​សមាគម​ស្ថាបត្យករ​កម្ពុជា​ គឺជា​វេទិកា​ឈានមុខ​គេ​សម្រាប់​ឱកាស​ពាណិជ្ជកម្ម​ ការអប់រំ​ចំណេះដឹង​ និង​ការចែក​រំលែក​ចំណេះដឹង​ ក៏ដូចជា​ប្រភព​ប្រមូល​ផ្តុំ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកផ្គត់ផ្គង់​ សំភារៈ​សាងសង់​ស្ថាបត្យកម្ម​រចនា​ផ្ទៃ​ខាងក្នុង​គ្រឿង​ សង្ហា​រឹម​ និង​ការ​តុបតែង​។

ពិព័រណ៍​នេះ​ផ្តល់​ជូន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ការ​តុបតែង​ និង​ស្ថាបត្យកម្ម​ដើម្បី​ពង្រីក​បណ្តាញ​របស់​ខ្លួន​និង​ជួប​ជាមួយ​អ្នក​ផលិត​ ឧស្សាហកម្ម​ និង​អ្នកផ្គត់ផ្គង់​ឈានមុខ​គេ​ជាង​ ១០០ក្រុមហ៊ុន​ នៅ​ទូទាំង​អាស៊ី​រួមមាន​ប្រទេស​កម្ពុជា​ ចិន​ កូរ៉េ​ ម៉ាឡេស៊ី​ និង​ថៃ​។

រយៈពេល៤ឆ្នាំ​ជាប់​ៗគ្នា​ ពិធី​ពិព័រណ៍​ Cambodia​ Architect​ &​ Decor​ គឺជា​ពិព័រណ៍​នាំមុខ​គេ​ សម្រាប់​អ្នកជំនាញ​ផ្នែក​ស្ថាបត្យកម្ម​និង​ស្ថាបត្យកម្ម​ និង​អ្នកជំនាញ​ផ្នែក​សំណង់​ដែល​ធ្វើការ​ជាមួយ​រោង​ចក្រ​ធំៗ​ ហើយដែល​កំពុង​ជះឥទ្ធិពល​និង​ការ​តម្រង់​ ទិស​នា​ពេល​អនាគត​នៃ​ស្ថានភាព​អចលនទ្រព្យ​ និង​រចនា​ដែល​កំពុង​វិវត្ត​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​។

លើស​ពីនេះ​ទៀត​ពិធី​ពិព័រណ៍​ Cambodia​ Architect​ &​; Decor​ បាន​គូសបញ្ជាក់​ និង​យកចិត្ត​ទុកដាក់​លើ​វិស័យ​ស្ថាបត្យកម្ម​ និង​តុបតែង​ ដែល​មាន​សារៈសំខាន់​ក្នុង​ការបង្កើត​ភាព​ស្រស់​ស្អាត​ និង​ការប្រើ​ប្រាស់​ជាក់ស្តែង​ក្នុង​ការរចនា​ និង​ទីក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ​ចំនួន​នៃ​ក្រុមហ៊ុន​ផលិត​ និង​អ្នកផ្គត់ផ្គង់​ដែល​បាន​តាំងពិព័រណ៍​នៅ​កម្ពុជា​ស្ថាបត្យករ​និង​ដេ​គ័រ​បាន​កើនឡើង​ជាលំដាប់​៕

ដំណឹងល្អ​! ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​ក្នុង​ខេត្ត​កំពង់ស្ពឺ​បើក​ការដ្ឋាន​សាងសង់​ហើយ​

0
គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ស្ពាន​អាកាស​ថ្មើរជើង​ដំបូងបង្អស់​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ថ្ងៃនេះ​ក្រោម​អធិបតីភាព​លោក​វ៉ី​សំណាង​អភិបាល​នៃ​គណ:អភិបាលខេត្ត​កំពង់ស្ពឺ​និង​លោកស្រី​ឧកញ៉ា​បណ្ឌិត​សៀង​ចាន់​ហេង​អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។

ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ដោយមាន​ប្រវែង៣០ម៉ែត្រ​កម្ពស់៥​,២ម៉ែត្រ​ទទឹង៣ម៉ែត្រ​ធ្វើ​ពី​បេតុង​អា​មេ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោកជំទាវ​សៀង​ចាន់​ហេង​អគ្គនាយក​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ក្នុង​តម្លៃ​សាងសង់ ៣៤​ម៉ឺន​​ដុល្លារ​អាមេរិក​ហើយ​ចំណាយពេល​សាងសង់​ជិត​មួយឆ្នាំ​។

វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​វ៉ី​សំណាង​បាន​ធ្លាប់​បាន​ឲ្យដឹង​ថា​នៅ​ត្រឹម​ថ្ងៃទី២០ខែឧសភា​ខាងមុខនេះ​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នឹង​ត្រូវ​សម្ពោធ​បើក​ការដ្ឋាន​ហើយ​ក្រោម​ជំនួយ​របស់​សប្បុរសជន​ដែល​គិតជា​ទឹកប្រាក់​ជិត៤០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បាន​បន្ត​ទៀត​ថា​៖«កន្លងមក​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​ស្ពាន​ថ្មើរជើង​ដែល​ស្ថិត​ទីប្រជុំជន​ចំណតរថយន្ត​នៅ​ផ្សារ​កំពង់ស្ពឺ​នេះ​គឺ​តែង​មាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​”។

ដោយឡែក​ក្រោយពេល​មាន​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នេះ​វា​នឹង​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​តែង​កើតមាន​បាន​មួយ​កម្រិត​។ស្ពាន​មួយ​នេះ​មាន​កម្ពស់៥​,២ម៉ែត្រ​,ទំហំ​ទទឹង៣ម៉ែត្រ​និង​មាន​ប្រវែង៣០ម៉ែត្រ​ដែល​ត្រូវ​ចំណាយពេល​សាងសង់​រយៈ​ពេល​​កន្លះ​ឆ្នាំ​ទើប​រួចរាល់​ជាស្ថាពរ​»។

លោក​ក៏បាន​បង្ហើប​ផង​ដែរ​ថា​សម្រាប់​ថ្ងៃខាងមុខ​នេះ​រដ្ឋបាល​ខេត្ត​នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន២​បន្ថែម​ទៀត​ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​វិទ្យាល័យ​កំពង់ស្ពឺ​ហើយ​ទីតាំង​មួយ​កន្លែង​ទៀត​ស្ថិតនៅ​មុ​ខបណ្តុំ​រោងចក្រ​៕

តើ​ទីផ្សារ​ឃ្លាំង​ជួល​ប្រែប្រួល​ដូចម្តេច​ ខណៈ​សាលាក្រុង​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​ចេញទៅ​តំបន់​ជាយក្រុង​

0
ឃ្លាំងជួលមួយកន្លែងនៅជាយក្រុង​ភ្នំពេញ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ តើ​ឃ្លាំង​សំរាប់​ជួល​នៅក្នុង​រាជធានី​ភ្នំពេញ​ មានការ​ប្រែប្រួល​ដូចម្តេច​? ខណៈ​កាលពីដើម​ឆ្នាំ​ ២០១៩​ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ បានសម្រេច​ចេញ​សេចក្ដីប្រកាស​ជា​ផ្លូវ​ការណ៍​ដោយ​តម្រូវ​ឱ្យ​បណ្តា​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ទាំងឡាយ​ត្រូវ​ជំរុញ​ទៅកាន់​តំបន់​ជាយក្រុង​។

លោក​ ឌឹត​ ចណ្ណា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lucky​ Realty​ Co​., Ltd​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២០​ ខែឧសភា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ដំណើរការ​ និង​សកម្មភាព​ទីផ្សារ​ឃ្លាំង​ជួល​ នៅក្នុង​ក្រុង​ហាក់​មិនទាន់​មាន​អ្វី​ប្រែប្រួល​ខ្លាំង​នោះ​ទេ​ដោយសារតែ​ភាគច្រើន​ឃ្លាំង​ទាំងនោះ​ នៅ​ជាប់​កិច្ចសន្យា​ដែ​លប​ន្សល​ទុក​ពីឆ្នាំ​ចាស់​នៅឡើយ​។

លោក​បាន​បញ្ជាក់​ថា​ “ឃ្លាំង​មួយចំនួន​តូច​ដែល​បាន​បញ្ចប់​កុងត្រា​ ជាមួយ​អ្នក​វិនិយោគ​នានា​បាន​រើចេញ​ ទៅ​តាំងនៅ​តាម​តំបន់​ជាយក្រុង​ជា​បណ្តើរ​ហើយ​ ប៉ុន្តែ​ភាគច្រើន​នៅ​មិនទាន់​មានការ​រុះរើ​នោះ​ទេ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ឥឡូវនេះ​ មាន​អ្នក​វិនិយោគ​មួយចំនួន​បាន​បញ្ឈប់​ការជួល​ឃ្លាំង​ ហើយ​ងាក​ទៅ​សង់​ឃ្លាំង​ខ្លួនឯង​ ប៉ុន្តែ​ចំពោះ​ករណីនេះ​មាន​តិចតួច​តែ ប៉ុណ្ណោះ​”។

ទីផ្សារ​ឃ្លាំង​ជួល​គឺ​នៅតែ​មាន​តម្រូវ​ខ្ពស់​ដដែល​ ហើយ​តម្លៃ​នៃ​ការជួល​ក៏​នៅតែ​រក្សា​ដដែល​ ដោយ​មួយ​ម៉ែត្រការ៉េ​អាច​មាន តម្លៃ​ចាប់ពី​ជាង១ដុល្លារ​ឬជាង២ដុល្លារ​ ដែល​វា​អាស្រ័យ​ទៅតាម​ប្រភេទ​ឃ្លាំង​មាន​ស្ដ​ង់​ដា​ ឬមិន​មាន​ស្ដ​ង់​ដា​ ក៏ដូចជា​ទំហំ​ និង​ទីតាំង​ផង​ដែរ​។

អគ្គនាយក​ក្រុមហ៊ុន​ Camtop​ Property​ Group​ លោក​ ខាត់​ សុវណ្ណ​ ធ្លាប់​បាន​លើកឡើង​ថា​ ការ​វិនិយោគ​លើ​ឃ្លាំង​សម្រាប់​ជួល​ ជា​ការ​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​ផង​ដែរ​ ប៉ុន្តែ​ហាក់​មិនសូវ​មានការ​ពេញនិយម​ច្រើន​នោះ​ទេ​ ខណៈ​តម្រូវការ​លើ​ឃ្លាំង​សម្រាប់​ជួល​កើនឡើង​ជាប្រចាំ​ និង​អាច​រក​ប្រាក់ចំណេញ​បាន​ច្រើន​ បើ​ធៀប​នឹង​ការ​វិនិយោគ​លើ​វិស័យ​អចលន​វត្ថុ​ផ្សេង​ៗទៀត​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​លើ​ឃ្លាំង​សម្រាប់​ជួល​ ប្រសិនជា​ឃ្លាំង​មិន​មាន​ស្តង់​ដា​ អាច​ជួល​បាន​ចន្លោះ​ពី១​,២ ទៅ​ ២ដុល្លារ​ ប៉ុន្តែ​ឃ្លាំង​មាន​ស្តង់​ដា​អាច​ជួល​បាន​ចន្លោះ​ពី​ ២ ទៅ​ ៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

លោក​បន្ត​ថា​ ការ​វិនិយោគ​លើ​ឃ្លាំង​ជួល​ អ្នក​វិនិយោគ​អាច​ទទួល​បាន​ចំណូល​ ២ផ្នែក​ផ្សេង​ៗគ្នា​ គឺ​បាន​ចំណេញ​ពី​ការជួល​ឃ្លាំង​ និង​ចំណេញ​ពី​ការ​ឡើងថ្លៃ​តម្លៃ​ដី​។ ឃ្លាំង​មិន​មាន​ស្តង់​ដា​សំដៅ​ដល់​ឃ្លាំង​ ដែល​សាងសង់​តែ​រោង​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​។ ចំណែក​ឃ្លាំង​មាន​ស្តង់​ដា​ ជា​ឃ្លាំង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ដូចជា​ ទឹក​ ភ្លើង​ ផ្លូវ​ បន្ទប់​ការិយាល័យ​ និង​ប្រព័ន្ធ​ខ្សល់​ត្រឹមត្រូវ​៕

លោក​ ខាត់​ សុវណ្ណ​ បាន​បន្ត​ថា​ ៖ «អ្នក​វិនិយោគ​ឃ្លាំង​ក៏​ត្រូវ​មើល​លើ​ចំណុច​អាទិភាព​ចំនួន៣ផង​ដែរ​ ដើម្បី​ឱ្យ​ការសាង សង់​ឃ្លាំង​របស់​ខ្លួន​ទទួល​បាន​អតិថិជន​ឆាប់រហ័ស​ ដូចជា​ ទី១​ ត្រូវ​គិត​ពី​ច្រកចេញ​ចូល​ឃ្លាំង​ភ្ជាប់​មក​ផ្លូវ​ឱ្យ​មាន​ភាព​ងាយស្រួល​ ទី២​ ត្រូវ​គិត​ពី​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ ទឹក​ ភ្លើង​ ហើយ​ទី៣​ ត្រូវ​គិត​អំពី​កត្តា​ប្រជា​សាស្រ្ត​ថា​ មាន​ប្រជាជន​រស់នៅ​ជុំវិញ​តំបន់​នោះ​ ឬអត់​ ព្រោះ​ប្រសិនជា​អ្នក​វិនិយោគ​ចង់បើ​ករោងចក្រ​ តែ​មិន​មាន​កំលាំង​ពលកម្ម​ច្រើន​ ក៏​ពួកគេ​អាច​មិន​សម្រេចចិត្ត​ជួល​ឃ្លាំង​នៅ​តំបន់​នោះ​ផង​ដែរ​»៕

កូរ៉េ​ខាងត្បូង​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​រហូតដល់​ជាង​ ៤៥០០លាន​ដុល្លារ​អាមេរិក​

0
ប្លង់អភិវឌ្ឍតំបន់កាំកូស៊ីធី

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​ទីពីរ​នៅ​ពីក្រោយ​ប្រទេស​ចិន​ ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។ រហូតមកដល់​ពេលនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​លើ​គម្រោង​វិនិយោគ​កូរ៉េ​ចំនួន២១២​ ដែល​មានតម្លៃ៤​,៥៦ពាន់​លាន​ដុល្លារ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ធុរកិច្ច​កូរ៉េ​ខាងត្បូង​ ជិត៣០០នាក់​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​បង្កើត​ការងារ​ដល់​ប្រជាជន​រាប់ពាន់​នាក់​ និង​រំពឹង​ការ​វិនិយោគ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​កើនឡើង​ថែមទៀត​ បន្ទាប់ពី​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ Moon​ Jae​-in​ បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល៣​ ថ្ងៃ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ខែ​មិនា​កន្លងមក​នេះ​។

លោក​ប្រធានាធិបតី​ Moon​ Jae​-in​ នៅ​ឯកិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ឆ្នាំនេះ​ បាន​និយាយ​ថា​ “ប្រទេស​កម្ពុជា​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ច្រើនជាង​មុន​ ហើយនឹង​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់​បំផុត​មួយ​ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ​នេះ​”។

លោក​បន្ត​ថា​ “ក្រុមហ៊ុន​កូរ៉េ​កំពុង​បង្កើន​ការ​វិនិយោគ​ និង​ប្រតិបត្តិ​ការ​របស់​ពួកគេ​នៅ​ទីនេះ​ផង​ដែរ​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ លោក​ឧកញ៉ា​ពុង​ ឃា​វសែ​ប្រធាន​សមាគម​អ្នកសាង​សង់​និង​ជា​អគ្គនាយក​នៃ​សហគ្រាស​កា​ណា​ឌី​យ៉ា​ ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​សាងសង់​កូ​រ៉េ​ធំៗ​ និង​ក្រុម​អ្នក​វិនិយោគ​កូរ៉េ​ចាប់ផ្តើម​ត្រលប់​មក​វិនិយោគ​នៅ​កម្ពុជា​ឡើងវិញ​ហើយ​ បន្ទាប់ពី​ក្រុមហ៊ុន​មួយចំនួន​បាន​ចាកចេញ​ក្រោយពេល​វិបត្តិសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០១៨​។

លោក​គិត​ ម៉េ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មានប្រសាសន៍​នៅ​ឯកិច្ចប្រជុំ​កំពូល​ធុរកិច្ច​កម្ពុជា​-កូរ៉េ​ថា ​“ដោយយោងទៅ​តាម​ការ​វិវឌ្ឍ​ថ្មី​ៗនៅ​កម្រិត​អន្តរជាតិ​ រួម​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​-ចិន​ និង​គោលនយោបាយ​អាស៊ាន​ថ្មី​របស់​កូរ៉េ​ ខ្ញុំ​សូម​លើកទឹកចិត្ត​ប្រជាជន​កូរ៉េ​ឱ្យមក​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​”៕

រដ្ឋាភិបាល​កូរ៉េ​គ្រោង​បង្កើន​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​

0

ដោយ​ ដន

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ គ្រោង​នឹង​បង្កើន​ជំនួយ​ទ្វេដង​ដល់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន៦​ រួមមាន​ប្រទេស​កម្ពុជា​ផង​ដែរ​នៅ​ត្រឹម​ឆ្នាំ​ ២០២៣​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​កូរ៉េ ​(KOICA​) ។

ទីភ្នាក់ងារ​ (KOICA​) នឹង​បង្កើន​ជំនួយ​សរុប​ដល់​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន​គិត​ជា​ទឹកប្រាក់ ១៥១លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៣​ ដែល​ជាផ្នែក​មួយ​ នៃ​គោលនយោបាយ​ថ្មី​ខាងត្បូង​របស់​ខ្លួន​ និង​ជា​គំនិត​ផ្តួច​ផ្តើម​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ និង​សេដ្ឋកិច្ច​ជាមួយ​អាស៊ី​អាគ្នេយ៍​ និង​ឥណ្ឌា​។

លោក​ Lee​ Mi​-kyung​ ប្រធាន​ទីភ្នាក់ងារ​ (KOICA​) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កំឡុង​ពេល​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “KOICA​ នឹង​បង្កើន​ទំហំ​ជំនួយ​អភិវឌ្ឍន៍​ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​២០ភាគរយ​ ជា​រៀងរាល់​ឆ្នាំ​ និង​ជំរុញ​ការ​ធ្វើស​មា​ហរ​ណកម្ម​ ឲ្យ​មានប្រសិទ្ធភាព​នៃ​ជំនួយ​នេះ​ តាមរយៈ​ការ​សហការ​ជាមួយ​ដៃគូ​ក្នុង​ និង​ក្រៅប្រទេស​”។

ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន៦៣២លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​ ១៩៩៦​ ដល់​ឆ្នាំ​ ២០១៨​ ជិត​ពាក់​កណ្ដាល​នៃ​ជំនួយ​សរុប​របស់​ខ្លួន​។ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​សម្បទាន​ចំនួន២០០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា​ដែល​នឹង​ត្រូវ​ផ្តល់​ឱ្យ​រហូតដល់​ឆ្នាំ២០២៣​។

ការ​ផ្តោត​លើ​ការ​យកចិត្ត​ទុកដាក់​ជាថ្មី​ របស់​ប្រទេស​កូរ៉េ​ខាងត្បូង​លើ​អាស៊ាន​បាន​និង​កំពុង​លេចឡើង​ ដោយសារតែ​ប្រទេស​ចិន​បាន​ពង្រឹង​ភាពរឹងមាំ​របស់​ខ្លួន​នៅក្នុង​តំបន់​នេះ​ដែល​មានការ​វិនិយោគ​ដោយ​ផ្ទាល់​យ៉ាង​ធំ​សម្បើម​ និង​ជាផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ក្រ​វ៉ាត់​ និង​ផ្លូវ​មួយ​ និង​ប្រាក់កម្ចី​សម្បទាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។

បណ្តា​ប្រទេស​អាស៊ាន​ មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក​ (GDP​) មាន​សរុប​ចំនួន២​,៤ ពាន់​ពាន់​ដុល្លារ​ធ្វើ​ឱ្យ​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​មូលនិធិ​រូបិយវត្ថុ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​បួន​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ២០៥០​៕

អ្នកជំនាញ​៖ ដង្កោ​ជា​ខណ្ឌ​ស័ក្ដិសម​នឹង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​

1
ដីមួយកន្លែងនៅតំបន់ខណ្ឌដង្កោ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​គេ​មើលឃើញ​ថា​ ការ​ជួញ​ដូរ​អល​ចន​វត្ថុ​នៅក្នុង​តំបន់​ខណ្ឌដង្កោ​ ជាពិសេស​ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​មាន​សកម្មភាព​ផុលផុស​គួរ​ឱ្យ​កត់សម្គាល់​ រហូត​ធ្វើ​ឱ្យ​អ្នកជំនាញ​លើ​វិស័យ​នេះ​ចាត់ទុកថា​ ជា​តំបន់​ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​ បើ​ធៀប​ជាមួយ​បណ្តា​ខណ្ឌ​ដទៃទៀត​ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​។

អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​ប្រាប់ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ដង្កោ​ គឺជា​ខណ្ឌ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ជាពិសេស​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដោយសារតែ​ខណ្ឌ​មួយ​នេះ​ មាន​សណ្ឋានដី​ល្អ​ច្រើន​ និង​ស្ថិតនៅ​គៀក​ក្រុង​។ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ នៅក្នុង​ខណ្ឌ​នេះ​ មាន​ភាពល្អ​ប្រសើរ​ច្រើន​ទើប​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ និង​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ សម្លឹង​មើលឃើញ​ពី​សក្ដានុពល​ និង​ឱកាស​ដែល​ទទួល​បាន​ភាព​វិជ្ជមាន​ពី​ការ​វិនិយោគ​។

​លោក​ឧកញ៉ា​បន្ដ​ថា​ “បច្ចុប្បន្ន​នេះ​ នៅក្នុង​ខណ្ឌដង្កោ​បាន​និង​កំពុងតែ​មានការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​បែប​បុរី​ តូច​ធំ​ជា​ច្រើន​ ដូចជា​ បុរី​ ប៉េង​ហួត​ បុរី​ ជីព​ម៉ុង​ បុរី​ពិភព​ថ្មី​ ដែល​ជា​ការ​វិនិយោគ​ លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ ហើយ​ក្រៅពី​នេះ​ ក៏​មាន​ក្រុមហ៊ុន​មួយចំនួន​ទៀត​កំពុង​វិនិយោគ​ លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិត​ក្រោម​មធ្យម​ផង​ដែរ​”។

លោក​ឧកញ៉ា​បន្ត​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​តំបន់​ភាគ​ខាងត្បូង​ នៃ​រាជធានី​ភ្នំពេញ​មាន​សក្ដានុពល​ ព្រោះតែ​តំបន់​នេះ​មានការ​តភ្ជាប់​ប្រព័ន្ធ​ទឹក​ ភ្លើង​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ ដែល​អាច​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​តំបន់​នេះ​ មាន​ភាព​ងាយស្រួល​ធ្វើ​ចរាចរណ៍​ នៅ​ជិត​ផ្លូវ​សម្ដេច​តេជោ៦០ម៉ែត្រ​ មានផ្លូវ​ចេញទៅ​កាន់​ផ្លូវជាតិ​លេខ២​ និង​មួយ​ខ្សែ​ទៀត​ចេញទៅ​កាន់​ផ្លូវជាតិ​លេខ៣​ ដែល​ជា​ចរ​ន្ដ​មួយ​ធ្វើ​ឱ្យ​ខណ្ឌ​នេះ​មាន​សក្ដានុពល​នៃ​ការ​ធ្វើ​ចរាចរណ៍​”។

​លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ ក្រៅពី​នេះ​នៅ​មាន​រោងចក្រ​ ឧស្សាហកម្ម​ និង​ផែស្ងួត​ក៏​ត្រូវ​បាន​អភិវឌ្ឍ​នៅ​ទីនោះ​ដែរ​ ដែល​​ជា​មូលហេតុ​ធ្វើ​ឱ្យ​តម្លៃ​អចលនវត្ថុ​នៅក្នុង​តំបន់​នេះ​មានការ​កើនឡើង​។ ម្យ៉ាងទៀត​ ទិសដៅ​នៃ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​នឹង​ឆ្ពោះទៅ​រក​តំបន់​ជាយក្រុង​ ដែល​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ចម្ងាយ៣០គីឡូម៉ែត្រ​ ព្រោះ​បច្ចុប្បន្ន​តំបន់​កណ្ដាល​ក្រុងភ្នំពេញ​ស្ទើរតែ​អស់​ដី​ ក្នុង​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​ទៅ​ហើយ​។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ លោក​ យ៉ែន​ សុ​ខលីន​ នាយក​ទីផ្សារ​នៃ​បុរី ​VIP​ ដែល​កំពុង​មាន​ភាព​សកម្ម​ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​នោះ​បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ទី២០​ ខែឧសភា​នេះ​ថា​ ខណ្ឌដង្កោ​ ពិតជា​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​មែន​ ជាក់ស្ដែង​ពេលនេះ​បុរី​VIP​ របស់​លោក​បាន​ធ្វើការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ជូន​អតិថិជន​រហូតដល់​គម្រោង​ទី៥ហើយ​។

លោក​បញ្ជាក់​ទៀត​ថា​ “ដី​នៅក្នុង​ខណ្ឌ​មួយ​នេះ​ នៅ​មាន​វិសាលភាព​ទូលាយ​ច្រើន​ ហើយ​តម្លៃ​ក៏​មិនសូវ​ខ្ពស់​ដូច​ខណ្ឌ​មួយ​ចំនួន​ ដែល​ស្ថិតនៅ​ជិត​កណ្តាល​ក្រុង​ដែរ​ ដូច្នេះ​វា​មាន​ភាព​ងាយស្រួល​ ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ និង​ក្រោម​មធ្យម​ ដែល​ស័ក្ដិសម​ទៅ​នឹង​ការ​ចង់បាន​របស់​អតិថិជន​ភាគច្រើន​”។ លោក​បន្ត​ទៀត​ថា​ “ លំនៅ​ដ្ឋាន​ដែល​ក្រុមហ៊ុន​បុរី​ VIP​ ធ្វើការ​អភិវឌ្ឍ​ និង​លក់​ចេញ​គឺ​មានតម្លៃ​ត្រឹម​ជាង៣ម៉ឺន​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ល្វែង​ ហើយ​ខ្ពស់​បំផុត​ត្រឹមតែ​ជាង៧ម៉ឺន​ដុល្លារ​ “។

លោក​សុខ​លី​នបា​នប​ន្ថែម​ថា​ លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ទាំងនេះ​មាន​តម្រូវ​ខ្ពស់​ ជាក់ស្ដែង​គ្រាន់តែ​គម្រោង​អភិវឌ្ឍ​របស់​បុរី ​VIP​ ត្រូវ​បាន​សាងសង់​ និង​លក់​ជូន​អតិថិជន​បាន​រហូតដល់​ទៅ​ជាង ២០០០ខ្នង​៕

ស្ថានភាព​អចលនទ្រព្យ​នៅ​តំបន់​កួ​ស្រូវ​មានការ​ប្រែប្រួល​ខ្លាំង​

2

ដោយ​ ៖ ម៉ា​ណេត

​ភ្នំ​ពេញៈ​ អ្នកជំនាញ​ និង​អ្នក​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​អះអាង​ថា​ តំបន់​អចលនទ្រព្យ​ និង​ការ​អភវិ​ឌ្ឍ​ន៍​លំនៅ ឋាន​​នៅ​តំបន់​កួ​ស្រូវ​ដែល​ស្ថិត​លើ​ផ្លូវ​លេខ២​ និង​ជា​ផ្លូ​វាត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៣​ មានការ​ប្រែប្រួល​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​នេះ​។

លោក​ ឌឹត​ ចណ្ណា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lucky​ Realty​ Co​., Ltd​ ឲ្យដឹង​ថា​ ស្ថានភាព​អចល​ទ្រព្យ​នៅ​តំបន់​កួ​ស្រូវ​មានការ​ប្រែប្រួល​ច្រើន​ បើ​ធៀប​និង​ឆ្នាំមុន​ដោយ​ឃើញ​ការអភិវឌ្ឍន៍​ច្រើន​ ។

លោក​ និយាយ​ថា​ “តំបន់​កួ​ស្រូវ​មានសន្ទុះ​គួរឲ្យ​កត់សម្គាល់​នៅ​រយៈពេល​ឆ្នាំ​ចុងក្រោយ​នេះ​ យើង​ឃើញ​មាន​រោងចក្រ​ និង​សហគ្រាស​នៅ​ប្រមូល​ផ្តុំ​នៅ​នោះ​ច្រើន​ ហើយ​មាន​គម្រោង​បូរី​ខ្លះ​បាន​ទៅ​ដាក់​ការ​វិនិយោគ​នៅ​ទីនោះ​ផង​ដែរ​ និង​សួន​ឧស្សាហកម្ម​”។

លោក​ឲ្យដឹង​ទៀត​ថា​ “តម្លៃ​ដី​នៅ​តំបន់​កួ​ស្រូវ​មានការ​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំមុន​ ហើយនឹង​បន្ត​កើនឡើង​ទៀត​ ព្រោះ​មាន​គម្រោង​ពិភព​ថ្មី​ និង​គៀក​នឹង​ផ្លូវ​ក្រ​វ៉ាត់​ទី៣​។ យើង​ឃើញ​មាន​អ្នកទិញ​ច្រើន​ចុះទៅដី​នៅ​ទីនោះ​”។ នៅ​តាមផ្លូវ​ធំ​តម្លៃ​ដី​មាន​ចាប់ពី​ ១៥០​ ទៅ​ ២០០​ ដុល្លារ​ក្នុង​មួយ​មែ​ត្រ​ការ៉េ​ ហើយ​នៅ​លើ​ផ្លូវលំ​មានតម្លៃ​រង្វង់​ ១០០​ ដុល្លារ​ ហើយ​តម្លៃ​លំនៅ​ឋាន​នៅ​តាម​បូរី​មានតម្លៃ​ចាប់ពី៤០,០០០​ ទៅ​ ៦០,០០០​ ដុល្លារ​។

លោក​ ចណ្ណា​ បន្ថែ​ថា​ “តំបន់​កួ​ស្រូវ​នេះ​នា​ពេល​អនាគត​នឹង​មានការ​អភិវឌ្ឍន៍​ចំរុះ​ដោយមាន​ការអភិវឌ្ឍន៍​លំនៅឋាន​ រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ជាដើម​ ហើយ​តំបន់​នេះ​នឹង​មាន​សក្តា​នុ​ពល​កាន់​ខ្លាំង​ ព្រោះ​វា​ភ្ជាប់​ជាមួយ​ផ្លូវជាតិ២​ និង៣​ និង​នា​ពេល​អនាគត​តំបន់​នឹង​នៅ​ក្បែរ​ព្រលា​នយន្តហោះ​ភ្នំពេញ​អន្តរជាតិ​ថ្មី​មួយទៀត​”។

លោក​ ងែត​ ពិសិ​ទ្ឋិ​ ជំនួយការ​អគ្គ​នី​យក​បូរី​ពិភព​ថ្មី​ ឲ្យដឹង​ថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​តំបន់​ដោយសារ​ក្រុមហ៊ុន​សម្លឹងឃើញ​អលន​ទ្រព្យ​នៅ​តំបន់​កួ​ស្រូវ​នៅ​មានតម្លៃ​សមរម្យ​សម្រាប់​ធើ្វ​ការ​វិនិយោគ​។

លោក​ ឲ្យដឹង​ថា​ “ដំបូង​ឡើយ​ការ​វិនិយោគ​របស់​យើង​នៅ​ខាង​ហ្នឹង​អត់មាន​ទាក់ទង​ និង​មិនដឹង​ថា​នឹង​មា​នព្រ​លាន​យន្តហោះ​មក​ខាង​ហ្នឹង​ទេ​។ ទី១គឺ​ទាក់ទង​និង​តម្លៃ​អចលនទ្រព្យ​ធូរ​ថ្លៃ​ ហើយ​នៅ​តំបន់​នេះ​មិនទាន់​ការ​វិនិយោគ​ច្រើន​មក​ដែរ​ ដូច្នេះ​ក៏​ក្រុមហ៊ុន​សម្រេច​ដាក់​ទុន​វិនិយោគ​នៅ​តំបន់​នេះ​។

ដំបូង​ឡើយ​តម្លៃ​ត្រឹមតែ​ជា​ ៣០​ ដុល្លារ​ក្នុង​មួយ​ម៉េ​ត្រ​ការ៉េ​ ឥឡូវ​តម្លៃ​ឡើងថ្លៃ​ចាប់ពី​ ១០០​ ទៅ២០០​ ដុល្លារ​មួយ​ម៉េ​ត្រ​ការ៉េ​”។

លោក​ បន្ត​ថា​ “ការ​លក់​ផ្ទះនៅ​ក្នុង​គម្រោង​បូរី​ពិភព​ថ្មី​នៅ​តំបន់​កួ​ស្រូវ​ទទួល​បាន​គាំទ្រ​ច្រើន​ពីសំណាក់​អតិថិជន​”។

លោក​ ចាប​ ពៅ​ ភា​គហ៊ុនិ​ក និង​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​មហាមិត្ត​ Property​ ដែល​បាន​និង​កំពុងធ្វើការ​វិនិយោគ​លើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​តំបន់​កួ​ស្រូវ​ ឲ្យដឹង​ថា​ តំបន់​នេះ​កំពុង​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នក​វិនិយោគ​ ដោយ​សារ​តំបន់​នេះ​តភា្ជប់​ជាមួយ​ជាមួយ​ផ្លូវ​សំ​ខាន់​ៗ និង​គម្រោង​ជាច្រើន​បាន​បោះទុន​វិនិយោគ​នៅ​តំបន់​នេះ​លោក​ ឲ្យដឹង​ថា​ “តំបន់​មាន​សក្តា​នុ​ពល​ខ្លាំង​នៅ​តំបន់​កួ​ស្រូវ​នេះ​ ដោយមាន​ផ្លូវ៦០ម៉ែត្រ​តភ្ជាប់​ទៅដល់​តំបន់​កួ​ស្រូវ​នេះ​ និង​ជា​ផ្លូវលំ​ដាប់​អន្តរជាតិ​ ដច្នេះ​វា​ធ្វើ​តំបន់​កួ​ស្រូវ​គៀក​តំបន់​តំបន់​ផ្លូវ៦០ម៉ែត្រ​”។

លោក​ ថា​ “តំបន់​នេះ​ក៏​នៅ​គៀក​ព្រលា​នយន្តហោះ​ថ្មី​ ជិត​ផ្លូវ​ក្រ​វ៉ាត់​ទីក្រុង​ទី៣​ ហើយ​មានការ​ពង្រីក​ផ្លូវជាតិ​លេខ​ ២ ហើយក៏​មានការ​អភិវឌ្ឍន៍​បូរី​ដូចជា​ បូរី​ពិភព​ថ្មី​កួ​ស្រូវ​ទី១​ និង២​ បូរី​ហ្វា​យស្តារ​ និង​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី៣នៅ​ក្បែរ​តំបន់​នេះ​ដែរ​”៕

ខេត្ត​កែប​កំពុង​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ខណៈ​ផែនការ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​

1
ទិដ្ឋភាពសាលាខេត្តកែបមើលពីលើ​អាកាស។ រូបថត៖ ហ្វេសប៊ុក​សាលាខេត្ត

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ខេត្ត​កែប​ដែល​ជា​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​បាន​ និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ខណៈ​​រដ្ឋាភិបាល​កំពុង​រៀបចំ​ខេត្ត​នេះ​ជា​តំបន់​ទេសចរណ៍​លំហែ​រក​ម្រិ​តខ្ពស់​។

អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​., Ltd​ លោក​ ម៉ម​ សិរី​បញ្ញា បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២០​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ទោះជា​ខេត្ត​នេះ​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ក្តី​ តែ​លោក​មិនទាន់​មាន​ឃើញ​ការសាងសង់​សណ្ឋាគារ​ ឬផ្ទះសំណាក់​ថ្មី​ សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ទេ​ គឺ​នៅក្នុង​ស្ថានភាព​ដដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ តែ​នៅពេលអនាគត​នឹងអាច​មាន​អគា​រថ្មីៗ​បន្ថែម​ទៀត​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ទេសចរណ៍​មកលេង​ក្នុង​ខេត្ត​នេះ​មានការ​កើនឡើង​ តែ​បញ្ហា​សំខាន់​គឺ​ផ្លូវ​សម្រាប់​ធ្វើដំណើរ​កំពុង​ជួប​មាន​បញ្ហា​ ដោយសារ​ផ្លូវ​មួយចំនួន​បាន​នឹង​កំពុង​ជួសជុល​។

លោក​បន្ត​ថា​ “សម្រាប់​វិស័យ​ដីធ្លី​នៅក្នុង​បន់​សំ​ខាន់​ៗ នៅក្នុង​ខេត្ត​មានតម្លៃ​រហូតដល់​ជិត១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ តែបើ​និយាយ​ពី​តម្លៃ​ទីផ្សារ​ គឺ​មិន​មាន​ទីផ្សារ​ពិតប្រាកដ​នោះ​ទេ​ ព្រោះ​វា​ជា​តំបន់ឆ្នេរ​មិនសូវ​មាន​ដី​ អាស្រ័យ​លើ​ម្ចាស់ដី​ចង់​លក់​ក្នុង​កម្រិត​តម្លៃ​ណាមួយ​”។

លោក​បញ្ជាក់​ថា​ តម្លៃ​ដី​នៅ​តំបន់​នេះ​កើនឡើង​ទ្វេដង​ តែ​មិន​ប្រាកដ​ចន្លោះ​ពី​តម្លៃ​ប៉ុន្មាន​ទៅ​ប៉ុន្មាន​នោះ​ទេ​ អាស្រ័យ​លើ​ម្ចាស់​ដី​ដាក់​តែប៉ុណ្ណោះ​ តែ​យ៉ាងណាក៏ដោយ​មាន​អ្នក​វិនិយោគ​នៅក្នុង​ស្រុក​ជាច្រើន​ បាន​មក​ចាប់ផ្តើម​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​នេះ​ជា​បណ្តើរ​ៗ តាមរយៈ​ការ​ពុះ​ដី​ឡត៍​លក់​ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​។

ចំណែក​អ្នកជំនាញផ្នែកអភិវឌ្ឍអចលនទ្រព្យ ផុន បញ្ញា អគ្គនាយក​ក្រុមហ៊ុន​ 5Bright​ Sibling​ Construction​ Co​,.td​.បានមានប្រសាសន៍ថា អចលនទ្រព្យក្នុងខេត្តកែបកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ អន្តរជាតិ និងក៏មានអ្នកពុះដីឡូត៍លក់ផងដែរ។

អភិបាលខេត្ត​កែប​ លោក​កែន​ សត្ថា​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ខេត្ត​កែប​កំពុង​មាន​សក្តា​នុ​ពល​ទាក់ទាញ​ការ​វិនិយោគ​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ខេត្ត​មិនទាន់​មានការ​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិ​និ​យោ​គធំៗ​ទាំង​ជាតិ​ និង​អន្តរជាតិ​មក​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ណាមួយ​នៅឡើយ​ទេ​។លោក​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ ដើម្បី​បំរើ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ ខេត្ត​នេះ​ឲ្យបាន​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “យើង​ស្វាគមន៍​ការ​វិនិយោគ​ ព្រោះ​ខេត្ត​នៅ​មិនទាន់​មាន​គំរោង​វិ​និ​យោ​គធំៗ​ ពិសេស​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅឡើយ​ទេ​”។

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ រដ្ឋាភិបាល​នឹង​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ដោយ​មិន​អនុញ្ញាត្ត​ឲ្យ​មាន​កាស៊ីណូ​ និង​រោងចក្រ​ ឧស្សាហកម្ម​នោះ​ទេ​៕

មន្ត្រី​ជំនាញ៖ ការ​ប្រកួតប្រជែង​ទីក្រុង​ស្អាត​របស់់​អាស៊ាន​នឹង​ចូលរួម​ចំណែក​លើក​កំពស់​វិស័យ​ទេសចរណ៍​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ មន្រ្តី​ជំនាញ​ និង​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​បាន​អះអាង​ថា​ ការ​ដាក់បញ្ចូល​ទីក្រុង​ចំនួន​ចូលក្នុង​ការប្រកួត​ប្រជែង​ទីក្រុង​ស្អាត​កម្រិត​អាស៊ាន​ នឹង​ចូលរួម​លើក​កំ​ពស់់​បរិស្ថាន​ស្អាត​ បៃតង​ និង​លើក​កំពស់​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តកំពត​ លោក​សយ​ ស៊ី​ណុ​លបាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០​ ឧសភា​នេះ​ថា​ រដ្ឋបាល​ខេត្ត​បាន​បង្កើត​គោលនយោបាយ​ទីក្រុង​ស្អាត​ និង​បៃតង​ដើម្បី​ប្រកួតប្រជែង​ការប្រកួត​ប្រជែង​ទីក្រុង​ស្អាត​ លោក​ទីពីរ​របស់​អាស៊ាន​។លោក​បន្ថែម​ថា​ យើង​បាន​ចូលរួម​ប្រឡង​ពីរ​ដង​រួចមក​ហើយ​ ជាមួយ​ការប្រកួត​ប្រជែង​ទីក្រុង​ស្អាត​នៅ​ថ្នាក់​ជាតិ​ ហើយ​យើង​បាន​ទទួល​ផ្ការំដួល​បី​នៅក្នុង​ការប្រកួត​លើក​ទី២នៃ​ការប្រកួត​ប្រជែង​ទីក្រុង​ស្អាត​។

លោក​ឲ្យដឹង​ទៀត​ថា​ “គណៈកម្មាធិការ​បាន​ដាក់​លក្ខណ​សម្បត្តិ​ចំនួន៧០​ សម្រាប់​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ ហើយ​ទីក្រុង​របស់​យើង​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​ទាំងអស់​ ខណៈ​ដែល​មាន​លក្ខណៈ​វិនិច្ឆ័យ​ចំនួន១០៨​ ដែល​បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​ទីក្រុង​ស្អាត​របស់​អាស៊ាន​”។លោក​បន្ថែម​ថា​ “ជាមួយនឹង​បទ​ពិសោធ​ដែល​យើង​មាន​មន្ទី​ និង​រដ្ឋបាល​ខេត្ត​ បាន​បង្កើត​ផែនការ​ដើម្បី​ធ្វើឲ្យ​ទីក្រុង​ស្អាត​ និង​បៃតង​ដើម្បី​បំពេញ​តាម​លក្ខណៈ​សម្បត្តិ​ប្រកួតប្រជែង​របស់​ទីក្រុង​ស្អាត​របស់​អាស៊ាន​”។

លោក​ស៊ី​ណុល​ បាន​មានប្រសាសន៍​ថា​ “ការប្រកួត​ប្រជែង​នេះ​មិន​ត្រឹមតែ​ផ្តោត​លើ​ភាព​ស្អាត​ និង​បៃតង​ប៉ុណ្ណោះទេ​ ថែម​ទាំង​សន្តិសុខ​និង​សុវត្ថិភាព​ ហើយ​យើង​បន្ត​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ភាព​ស្អាត​ និង​បៃតង​នៅក្នុង​ទីក្រុង​របស់​យើង​”។

នៅ​ឆ្នាំ​ ២០១៨​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហែល១​,៦លាន​នាក់​ដែល​បាន​មក​ទស្សនា​ខេត្ត​នេះ​ ហើយ​ក្នុង​នោះ​មាន១០ភាគរយ​ជា​អ្នកទេសចរ​អន្តរជាតិ​។

លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​សមាគម​កម្ពុជា​អាស៊ី​ប៉ាស៊ីហ្វិក​ មានប្រសាសន៍​ថា​ ការប្រកួត​ប្រជែង​ទីក្រុង​ស្អាត​របស់​អាស៊ាន​ នឹង​ជំរុញ​ទីក្រុង​នានា​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការប្រកួត​ប្រជែង​ ដើម្បី​ផ្លាស់​ប្តូរ​ទីក្រុង​របស់​ពួកគេ​ទៅជា​ទីក្រុង​ស្អាត​ និង​បៃតង​។លោក​បន្ត​ថា​ មាន​ទីក្រុង​ជាច្រើន​ដូចជា​ខេត្តសៀមរាប​ បាត់ដំបង​ និង​មណ្ឌលគិរី​ដែល​អាច​ទៅ​ប្រកួតប្រជែង​ហើយ​ខេត្ត​ទាំងនេះ​ មាន​សម្រស់​ស្រស់​ស្អាត​ និង​បៃតង​ ប៉ុន្តែ​ការ​ជ្រើសរើស​ទីក្រុង​ខាងលើ​ គឺ​ដើម្បីរំលឹក​ឲ្យ​អាជ្ញាធរ​ទីក្រុង​ទាំងនោះ​ ដើម្បី​ពង្រឹង​ភាព​ស្អាត​និង​ភាព​ស្រស់​ស្អាត​របស់​ពួកគេ​។

លោក​ឲ្យដឹង​ទៀត​ថា​ “នេះ​គឺជា​យុទ្ធ​សាស្រ្ត​ដ៏​ល្អ​មួយ​ ដែល​រដ្ឋាភិបាល​បាន​ជំរុញ​ទីក្រុង​នានា​ដូចជា​ កំពង់ឆ្នាំង​ និង​តាខ្មៅ​ដែល​មិន​មាន​ភាព​ល្បីល្បាញ​ នៅក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​រៀបចំ​ទីក្រុង​របស់​ពួកគេ​សម្រាប់​ការប្រកួត​ប្រជែង​នេះ​ ហើយ​មាន​គោលបំណង​បង្ហាញថា​ ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​មាន​ទីក្រុង​មួយចំនួន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ទីក្រុង​ជាច្រើន​ដែល​មាន​សក្តា​នុ​ពល​ សម្រាប់​វិស័យ​ទេសចរណ៍​”។

កាលពី​ឆ្នាំមុន​កម្ពុជា​បាន​ដាក់​ចូល​ទីក្រុង​ចំនួន៧​ ចូលរួម​ប្រកួតប្រជែង​ផ្នែក​ទេសចរណ៍​ស្អាត​អាស៊ាន​ – រាជធានី​ភ្នំពេញ​ សៀមរាប​ កំពត​ កែប​ ក្រុង​ព្រះសីហនុ​បាត់​ ដំបង​ និង​កំពង់ចាម​។ ទីតាំង​ទាំងអស់​នេះ​ បាន​ស្ថិតនៅ​លើកំពូល​នៅក្នុង​ការប្រកួត​ប្រជែង​ទីក្រុង​ស្អាត​ថ្នាក់​ជាតិ​។ ជាល​ទ្ឋ​ផល​ទីក្រុង​បី​នៅ​កម្ពុជា​ដូច​ បាត់ដំបង​ កែប​ និង​សៀមរាប​បាន​ទទួល​ពានរង្វាន់​ទេសចរណ៍​ទីក្រុង​ស្អាត​អាស៊ាន​ នៅ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០១៨​ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ឈៀង​ម៉ៃ​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន​។

“ក្រុង​-ខណ្ឌ​ចំនួន៦​ ជា​បេក្ខភាព​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី២​” នៅ​ឆ្នាំ២០១៩នេះ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​លិខិត​លេខ​ ១៤៧៥​ សជណ.ផក​ ចុះ​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០១៨​ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ចេញ​សេចក្ដីជូនដំណឹង​ ស្ដីពី​ “នីតិវិធី​វាយតម្លៃ​នៃ​ចល​នា​ប្រ​ឡប្រណាំង​ ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ លើក​ទី២​ សម្រាប់​កម្ពុជា​” ជូន​បេក្ខភាព​ទីក្រុង​-ខណ្ឌ​បេក្ខភាព​ឆ្នើម​ថ្មី​ចំនួន៦ដែល​ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​ថ្នាក់​ជាតិ​ ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី២​ (សុពលភាព​ ២០១៨​-២០២១​) ជា​បេក្ខភាព​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី២​ រួមមាន​ ក្រុង​កំពត​ (ខេត្តកំពត​), ខណ្ឌដូនពេញ​ (រាជធានី​ភ្នំពេញ​), ក្រុង​កំពង់ចាម​ (ខេត្ត​កំពង់ចាម​), ក្រុង​ពោធិ៍សាត់​ (ខេត្តពោធិ៍សាត់​), ក្រុង​តាខ្មៅ​ (ខេត្តកណ្តាល​), និង​ក្រុង​កំពង់ឆ្នាំង​ (ខេត្ត​កំពង់ឆ្នាំង​)៕

ការ​ជូនដំណឹង​នេះ​ ដើម្បីឲ្យ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​បាន​រួចរាល់​ និង​ឈាន​ឆ្ពោះទៅ​រក​ជ័យលាភី​ ក្នុង​ការ​ប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី២​ សម្រាប់​ឆ្នាំ២០២០​-២០២២​ ដែល​គ្រោង​នឹង​ប្រកាស​លទ្ធផល​ក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ (ATF​) នៅ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម​ នា​ដើមខែ​មករា​ ក្នុង​ឆ្នាំ២០២០​៕