ក្រុមហ៊ុន​កូរ៉េ​បោះទុន​ ​២.៦ពាន់​លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម​នៅ​​ក្នុង​ប្រទេស​ចិន​

0

ដោយ​ ​វុត្ថា

​សេអ៊ូល​៖​ ​ក្រុមហ៊ុន​ ​Lotte​ ​Group​ ​សម្រេច​បោះទុន​ប្រមាណ​ ​២.៦ពាន់​លាន​ដុល្លារ​អាមេរិក​វិនិយោគ​អាគារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ចិន​ ​បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​ ​បាន​ផ្អាក់​នៅ​បណ្តោះអាសន្ន​កាលពី​ឆ្នាំ​ ​២០១៧​ ​កន្លងមក​នេះ​។​

​យោង​តាម​ការ​ចុះផ្សាយ​តាម​សារព័ត៌មាន​ ​NIKKEI​ ​របស់​ប្រទេស​ជប៉ុន​កាល​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​អាច​លន​ទ្រព្យ​ដ៏​ធំ​របស់​កូរ៉េ​មួយ​នេះ​ ​បាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ដែល​រួមមាន​ផ្សារ​ទំនើប​ ​សណ្ឋាគារ​ ​ការិយាល័យ​ធ្វើការ​ ​និង​អា​ផា​ត​មិនជា​ដើម​នៅក្នុង​ទីក្រុង​ ​Shenyang​ ​របស់​ប្រទេស​ចិន​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ក្ន​ង​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​។​

​អាជ្ញាធរ​នៃ​ប្រទេស​ចិន​ ​បាន​ផ្អាក​គម្រោង​សាងសង់​ ​និង​សកម្មភាព​នានា​របស់​ក្រុមហ៊ុន​ ​ក្រោម​ការ​ត្រួតពិនិត្យ​សុវត្ថិ​ប្រព័ន្ធ​ភ្លើង​ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​អះអាង​ ​សកម្មភាព​នេះ​ភ្ជាប់​ទៅ​នឹង​មិន​ពេញចិត្ត​របស់​ចិន​ ​ដែល​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ដី​មួយ​កន្លែង​របស់​ក្រុមហ៊ុន​ទៅ​អោយ​សហរដ្ឋអាមេរិក​ ​ដាក់​ប្រព័ន្ធ​មី​ស៊ី​លការ​ពារ​តាំងពី​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៧​ ​កន្លងមក​នេះ​។​

​សារព័ត៌មាន​នេះ​បន្ត​ទៀត​ថា​ ​អាជ្ញាធរ​ក្រុង​ ​Shenyang​ ​បាន​ផ្តល់​ការអនុញ្ញាត​សាង​សាង​ឡើងវិញ​នៅក្នុង​ពាក់កណ្តាល​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​ហើយ​ការសាងសង់​ឡើងវិញ​នៅក្នុង​ពាក់កណ្តាល​ខែឧសភា​ ​នា​ពេល​ខាងមុខ​ដ៏​ខ្លី​។​

​តំណាង​ក្រុមហ៊ុន​ ​Lotte​ ​Group​ ​ឲ្យដឹង​ថា​ ​នេះ​គឺជា​រឿង​ល្អ​ដែល​ដែល​ក្រុមហ៊ុន​អាច​បន្ត​គម្រោង​របស់​ខ្លួន​ឡើងវិញ​នៅ​ ​Shenyang​ ​បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ ​ហើយ​ក្រុម​ហ៊ុម​សង្ឃឹមថា​ ​សញ្ញា​វិជ្ជមាន​នេះ​អាច​ជំរុញ​តំបន់​ពាណិជ្ជកម្ម​ផ្សេងទៀត​ដូចជា​វិស័យ​ទេសចរណ៍​នា​ពេល​អនាគត​ ​ឲ្យ​មានការ​រីក​ច្រើន​បន្ថែម​ទៀត​រវាង​ប្រទេស​កូរ៉េ​ ​និង​ចិន​៕​

ហេតុអ្វី​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​​ក្នុង​ប្រទេស​​កម្ពុជា​​ទទួល​​បាន​​ចំណេញ​ច្រើនជាង​ប្រទេស​ក្នុង​តំបន់​

0
អគារខ្ពស់ៗដែលបានសាងសង់ និងកំពុងសាងសង់នៅទីក្រុង​ភ្នំពេញ។ រូបភាព៖ ម៉ៃ វីរៈ

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​អ្នកជំនាញ​ជាតិ​ ​និង​អន្តរជាតិ​បាន​ឲ្យដឹង​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ ​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​(​Return​ ​of​ ​Investment​)​ ​ច្រើនជាង​ប្រទេស​ក្នុង​តំបន់​។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ​៣​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​ថា​ ​មានក​ត្តា​ជាច្រើន​ ​ដែល​ធ្វើឲ្យ​មានការ​ចំណេញ​ច្រើន​ ​ដោយសារតែ​ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ ​ដី​នៅ​មានលទ្ធភាព​ទិញ​ក្នុង​ការអភិវឌ្ឍន៍​សាងសង់​អគារ​ខ្ពស់​ ​ស្ថេរ​ភាព​នយោបាយ​ ​ភាព​ជឿជាក់​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រមទាំង​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មានការ​រីកចម្រើន​។​

​លោក​បន្ត​ថា​ ​“​កត្តា​ទាំងអស់​នេះ​ ​ហើយ​បាន​ធ្វើឲ្យ​ប្រជាជន​ ​និង​ជនបរទេស​បាន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជា​កាន់់​តែ​ច្រើន​”​ ​។​ ​លោក​បន្ត​ថា​ ​“​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​មានតម្លៃ​ទាប​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​ ​ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​ទទួល​បានផល​ ​និង​មានលទ្ធភាព​ច្រើន​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​”​។​

​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទទួល​បានផល​ចំណេញ​ចន្លោះ៧ទៅ​ ​៨ភាគរយ​ ​ខណៈ​ប្រទេស​ថៃ​ទទួលផល​ចំណេញ​ចន្លោះ៣ទៅ៤ភាគរយ​ ​ម៉ាឡេស៊ី​ចំណេញ៣ទៅ៤ភាគរយ​ក្នុង​មួយឆ្នាំ​ជាដើម​។​

​ជាមួយគ្នា​នេះ​លោក​ ​Jame​ ​Hodge​ ​អនុប្រធាន​ក្រុមហ៊ុន​ ​CBRE​ ​Cambodiaបាន​ឲ្យដឹង​ដែរ​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​រាជធានី​ភ្នំពេញ​ ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ក្នុងរយៈ​ពេល​វែង​ ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​ច្រើន​នោះ​ទេ​ ​ដែល​បណ្តាល​ឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ទទួល​បានផល​ច្រើន​ ​និង​យូ​អង្វែង​។​

​លោក​បន្ត​ថា​ ​“​មានក​ត្តា៥ដែល​អ្នក​វិនិយោគ​ ​ទទួល​បានផល​ចំណេញ​ច្រើន​ ​លើ​ការ​វិនិយោគ​លើ​វិស័យ​នេះ​ ​ពោល​គឺ​តម្លៃ​ដីធ្លី​នៅ​ទាប​ ​ប្រជាពលរដ្ឋ​វ័យក្មេង​ច្រើន​ ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ខ្លាំង​ ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​មាន​រយៈ​ពេល​វែង​ ​និង​តម្រូវការ​អចលនទ្រព្យ​ច្រើន​ ​ជាពិសេស​លំនៅ​ដ្ឋាន​”​។​ ​

​លោក​បញ្ជាក់​ទៀត​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​នេះ​ ​តម្រូវការ​អចលនទ្រព្យ​ពីសំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​កើនឡើង​ខ្ពស់​ ​និង​ច្បាប់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ងាយស្រួល​ដល់​វិនិយោគិន​បរទេស​ ​ដែល​ធ្វើឲ្យ​វិ​ស័យ​អល​ចន​ទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ ​មានការ​កើន​ឡើ​ជាលំដាប់​រហូតមកដល់​ពេលនេះ​ ​បាន​ធ្វើឲ្យ​អ្នក​វិយោគ​ក្នុង​វិស័យ​នេះ​ ​ទទួល​បានផល​ច្រើនជាង​បណ្តាល​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​។​

​លោក​ ​David​ ​Kim​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Informax​ ​បាន​សម្តែង​ការយល់​ស្រប​នឹង​ការ​លើ​ក​ឡោះ​ង​ខាងលើ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ទទួល​បានផល​ប្រយោជន៍​ ​ដោយសារ​ប្រទេស​កម្ពុជា​ប្រើប្រាស់​ប្រាក់​ដុល្លារ​ ​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ទាប​ ​ចំនួន​ប្រជាជន​មាន​កំណើន​លឿន​ ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មានដំណើរ​ល្អ​ ​និង​ការ​កើនឡើង​នូវ​ផលិតផល​ក្នុង​ស្រុក​ ​(​GDP​)​ ​មាន​ស្ថានភាព​ល្អ​ ​។​
​លោក​បន្ត​ថា​ ​“​កត្តា​ទាំងនេះ​ហើយ​ ​បាន​ធ្វើឲ្យ​មាន​អ្នក​វិនិយោគ​មក​ពីក្រៅ​ស្រុក​ ​និង​ក្នុង​ស្រុក​កើនឡើង​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ​ ​ក្នុង​ប្រទេស​កាន់តែ​ច្រើនបែប​នេះ​”​៕​

មន្ត្រី​ជាន់ខ្ពស់​ជប៉ុន​ថា​ ​កម្ពុជា​ជា​ប្រទេស​ដែល​មានការ​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ​ ​វុត្ថា

​ជប៉ុន​៖​ ​មន្ត្រី​ជាន់ខ្ពស់​ប្រទេស​ជប៉ុន​ ​បាន​អះអាង​ឲ្យដឹង​ថា​ ​កម្ពុជា​ជា​ប្រទេស​ដែល​មានឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​ប្រកបដោយ​ក្តី​សង្ឃឹម​ ​ហើយ​ប្តេជ្ញា​ជំរុញ​លំហូរ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។​

​លោក​ ​Kenji​ ​YAMADA​ ​អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​ការបរទេស​ជប៉ុន​នៅក្នុង​មហោស្រព​កម្ពុជា​ឆ្នាំ២០១៩​ ​(​Cambodia​ ​Festival​ ​2019​)​ ​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី៣​ ​ដល់​ថ្ងៃទី៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ថា​ ​កម្ពុជា​ជា​ប្រទេស​ដែល​មានឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​ ​និង​សម្បូរ​ដោយ​កម្លាំង​ពលកម្ម​វ័យក្មេង​ ​ប្រកប​ដោយសក្តានុពល​ ​និង​ប្រកបដោយ​ក្តី​សង្ឃឹម​ ​ហើយ​ជាមួយនឹង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ដ៏​យូរលង់​រវាង​ប្រទេស​ទាំងពីរ​ ​ជប៉ុន​ប្តេជ្ញា​ជំរុញ​លំហូរ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។​

​ឆ្នាំ២០១៩​ ​នេះ​ជា​ខួប​លើក​ទី៦៦​ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​ ​ហើយ​បច្ចុប្បន្ន​ជប៉ុន​មិន​ត្រឹមតែ​មាន​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះទេ​ ​តែ​ក៏​មាន​ស្ថាន​កុង​សុល​នៅ​ខេត្តសៀមរាប​ផង​ដែរ​។​ ​

កាលពី​ឆ្នាំ២០១៨កន្លងទៅ​នេះ​ ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​ ​៦.២លាន​នាក់​ ​ក្នុង​កំណើន​ ​១០.៧​%​ ​ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង​ ​២១ម៉ឺន​នាក់​ ​ក្នុង​កំណើន​ ​៣.៥​%​ ​ហើយ២ខែ​ដើមឆ្នាំ២០១៩នេះ​ ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​ ​១,២លាន​នាក់​ ​ក្នុង​នោះ​ទេសចរ​ជប៉ុន​ ​ជិត៤ម៉ឺន​នាក់​ ​ក្នុង​កំណើន​ ​៣.១​%​។​



​ទេសចរ​ជប៉ុន​តែង​ស្ថិត​ក្នុងចំណោម​ ​ប្រភព​ទីផ្សារ​ទេស​ចរ​ណ៍​ធំៗ​ទាំង១០​ ​របស់​កម្ពុជា​។​ ​ឆ្នាំ២០១៩​ ​នេះ​ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​ជប៉ុន​ប្រមាណ​ជាង​ ​២៣ម៉ឺន​នាក់​ផង​ដែរ​៕​

អ្នក​ជំនាញ​៖​ ​លើ​លោក​នេះ​គ្មាន​ក្រុមហ៊ុន​ណា​ផ្តល់​អតិថិជន​ជូន​ភ្នាក់ងារ​លក់​​អចលនទ្រព្យ​ទាំងអស់​ទេ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ទីប្រឹក្សា​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​សៅ​ ​សា​ខុំ​បាន​មានប្រសាសន៍​ថា​ ​លើ​ពិភពលោក​នេះ​គ្មាន​ក្រុមហ៊ុន​ណា​ ​ដែល​ផ្តល់​អតិថិជន​ជូន​ ​ភ្នាក់ងារ​លក់​ទាំងអស់​ទេ​ ​គឺ​ ​មានតែ​យើង​ជា​ភ្នាក់ងារ​លក់​ទេ​ ​ដែល​ប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​ ​និង​ក្រម​សិល​ធម៌​វិជ្ជាជីវៈ​ដើម្បី​បង្កើត​ភ្ញៀវ​។​

​លោក​បាន​មានប្រសាសន៍​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​ ​ដែល​បាន​រៀបចំ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​“​ខ្ញុំ​មិនមែន​ជា​គ្រូបង្រៀន​ទេ​ ​តែ​ខ្ញុំ​ជា​អ្នកបង្ហាត់​ ​បង្ហាញ​ ​និង​ចែករំលែក​ចំ​ណេះ​ដឺង​ ​និង​បទពិសោធន៍​ ​បរាជ័យ​ ​និង​ជោគជ័យ​ជូន​អ្នក​ទាំងអស់គ្នា​ ​អ្នក​ទាំង​អស់គ្នា​”​។​លោក​បន្ត​ថា​ ​“​ត្រូវ​ចាំ​ថា​ ​មិនមែន​អ្នក​ទាំងអស់គ្នា​ ​មិន​ចេះ​ ​មិនដឹង​ ​មិន​ជោគជ័យ​នោះ​ទេ​ ​គឺ​មក​ពី​អ្នក​ទាំង​អស់គ្នា​ ​មិនទាន់​ចេះ​ ​មិនទាន់​ដឹង​ ​និង​មិនទាន់​ជោគជ័យ​”​។​ ​

​លោក​បន្ត​ថា​ ​អ្នក​ទាំងអស់គ្នា​ត្រូវ​ចងចាំ​ថា​ ​លើ​ពិភពលោក​នេះ​គ្មាន​គ្រូ​ណា​ដែល​បង្រៀន​អ្នក​អោយ​ដឺ​ងនិង​ក្លាយជា​មហា​សេដ្ឋី​ទេ​ ​គឺ​មានតែ​បង្ហាញផ្លូវ​អោយ​អ្នក​ជោគជ័យ​ក្លាយជា​មហាសេដ្ឋី​ប៉ុណ្ណោះ​ ​ធ្វើ​បាន​ឬមិន​បាន​សំខាន់​ខ្លួន​យើង​ទេ​។​

​លោក​បន្ត​ថា​ ​ជា​ភ្នាក់ងារ​អចលនវត្ថុ​ ​ត្រូវ​ប្រកាន់​ខ្ជាប់​គោល​កា​រណ៍​គ្រឺះ​ទាំង5​ ​ចំណុច​ ​នៃ​ក្រម​សិល​ធម៌​វិជ្ជាជីវៈ​អោយ​បាន​ខ្ជាប់ខ្ជួន​ ​ដើម្បី​កុំ​អោយ​អាប់ឱន​ដល់​វិជ្ជាជីវៈ​៕​

អ្នកជំនាញ​ថា​ដី​ឡើងថ្លៃ​មិន​ប៉ះពាល់​ទេ​ ​តែ​អ្នកសាង​សង់​លំនៅ​ដ្ឋាន​ថា​ប៉ះពាល់​ដល់​​ការ​ភិ​វ​ឌ្ឍ​

0
​លោក​ឧញ៉ា​ ​លី​ ​ហួរ​ - ​លោក​ ​គាម​ ​សៀ​ក​ឡុង - ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​មិនថា​នៅ​តំបន់​ណា​ ​ខេត្ត​ណា​នោះ​ទេ​ ​តម្លៃ​ដីធ្លី​ត្រូវ​បាន​គេស​ម្លឹង​ឃើញថា​មានការ​កើនឡើង​នូវ​តម្លៃ​ជាបន្តបន្ទាប់​ ​ខណៈ​ដែល​មានការ​វិនិយោគ​ ​និង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​កាន់តែ​ច្រើន​។​

​ប្រការ​នេះ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ ​ប្រសិនបើ​ចរន្ត​នៃ​ការ​ឡើងថ្លៃ​កាន់តែ​ខ្លាំង​ ​អាច​នឹងអាច​ធ្វើ​ឱ្យ​ជះឥទ្ធិពល​ ​ដល់​ដំណើរ​នៃ​ការ​វិនិយោគ​យ៉ាង​ពិតប្រាកដ​ ​ប៉ុន្តែ​ចំពោះ​តម្លៃ​ដី​នា​ពេល​បច្ចុប្បន្ន​នេះ​ ​នៅ​មិនទាន់​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​នោះ​ទេ​។​ ​

​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Century21​ ​Dream​ ​Property​ ​លោក​ ​គាម​ ​សៀ​ក​ឡុង​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នេះ​ថា​ ​ជា​ការពិត​ណាស់​ ​កាលណា​តម្លៃ​ដី​កាន់តែ​ឡើងថ្លៃ​វា​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​ដោយ​ស្វ័យប្រវត្តិ​។​ ​

ជាទូទៅ​តម្លៃ​ដី​ចេះតែ​កើនឡើង​ ​ប៉ុន្តែ​បើ​ចំពោះ​តម្លៃ​សំណង់​ ​គឺ​មិនសូវ​ជា​មានការ​ប្រែប្រួល​នោះ​ទេ​ ​ព្រោះ​ការសាងសង់​នៅតែ​អាច​រក្សា​បាន​នូវ​តម្លៃ​ដើម​ដដែល​ ​បើ​ទោះ​ឡើង​ក៏​ធ្លាក់ចុះ​ក៏​មានកម្រិត​តិចតួច​ដែរ​។​ ​នៅពេល​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់​ ​ធ្វើ​ឱ្យ​តម្លៃ​សំណង់​សម្រេច​ក្រោយ​ការសាងសង់​រួច​ ​ពេល​លក់​ចេញទៅ​វិញ​ក៏​ត្រូវតែ​ទាមទារ​ឱ្យ​មានការ​ឡើងថ្លៃ​ផង​ដែរ​ ​ដោយសារតែ​តម្លៃ​ដើម​របស់​ដី​បាន​ឡើងថ្លៃ​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​តម្លៃ​ដី​បាន​បន្ត​ឡើងថ្លៃ​ពិតមែន​ ​ប៉ុន្តែ​ការ​កើនឡើង​ទាំងនេះ​ ​បើ​ប្រៀបធៀប​នៅ​លើ​ទីផ្សារ​ដីធ្លី​ ​ក្នុង​ប្រទេស​​ដែល​កំពុង​អភិវឌ្ឍ​ ​គឺ​វា​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​វា​មិនទាន់​ឡើង​ខ្ពស់​ដល់កម្រិត​នោះ​ទេ​”​។​ លោក​បន្ត​ថា​ ​“​ការ​កើនឡើង​ ​ក៏​ព្រោះតែ​មាន​តម្រូវការ​ក្នុង​ការអភិវឌ្ឍន៍​ ​ដូច្នេះ​ចំពោះ​អ្នក​វិនិយោគ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​គឺ​នៅតែ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ចំណេញ​ត្រឡប់មកវិញ​ ​ដែល​វា​នៅ​មិនទាន់​មាន​សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​នោះ​ទេ​”​។​ ​

​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​បាន​មានប្រសាសន៍​ថា​ ​ធម្មតា​ទេ​ ​តែ​ប្រទេស​មានការ​អភិវឌ្ឍន៍​ ​មានការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច​ ​មាន​ស្ថេរ​ភាព​នយោបាយ​ល្អ​ ​វា​គឺជា​ចំណុចខ្លាំង​មួយ​ដែល​ទាក់ទាញ​មនុស្ស​គ្រប់តំបន់​ ​គ្រប់​ជាតិសាសន៍​ចូល​មក​រស់នៅ​ ​និង​រកស៊ី​រួមគ្នា​ដើម្បី​ទទួល​បាន​ប្រយោជន៍​។​ ​ការ​ហូរ​ចូល​នូវ​ចំនួន​មនុស្ស​ ​ក៏ដូចជា​ចំនួន​អ្នក​វិនិយោគ​នានា​ ​បាន​ជំរុញ​ឱ្យ​កើតមាន​តម្រូវការ​ប្រើប្រាស់​ដី​ច្រើន​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​ដី​មានតម្លៃ​ឡើង​។​ ​

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​“​បើ​ទោះ​ជា​តម្ល​ដី​ឡើងថ្លៃ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ ​ប៉ុន្តែ​វា​មិនទាន់​បង្ក​ឱ្យ​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ទៅដល់​អ្នក​វិនិយោគ​ ​ឬ​អ្នក​អភិវឌ្ឍ​ធ្ងន់ធ្ងរ​នៅឡើយ​នោះ​ទេ​”​។​លោក​បន្ត​ថា​ ​“​របត់​សង្គម​បាន​ផ្លាស់ប្ដូរ​ពី​អាក្រក់​មក​ជា​ល្អ​ប្រសើរ​ ​ជំរុញ​ឱ្យ​ប្រជា​ជា​ពលរដ្ឋ​អាច​រកចំណូល​បាន​ច្រើន​ ​ដែល​អាច​ធ្វើ​ឱ្យ​លទ្ធភាព​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ​ដូច្នេះ​ពោះ​តម្លៃ​មុខទំនិញ​ចម្រុះ​ផ្សេង​ៗ​ ​ក៏ដូចជា​តម្លៃ​លំនៅ​ដ្ឋាន​ដែល​ឡើង​ខ្ពស់​ក្រោម​ឥទ្ធិពល​នៃ​ការ​កើនឡើង​ ​នៃ​តម្លៃ​ដី​នោះ​ហាក់​មិនជា​បញ្ហា​ចោទ​នោះ​ទេ​”​។​ ​

​ផ្ទុយពី​ការ​លើកឡើង​របស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ខាងលើ​នេះ​ ​លោក​ឧញ៉ា​ ​លី​ ​ហួរ​ ​ដែល​ជា​អ្នក​វិនិយោគ​ ​និង​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​នោះ​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ​បើ​និយាយចំ​ពោះ​អ្នក​វិនិយោគ​ ​ដែល​ជា​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​គឺ​ពិតជា​ប៉ះពាល់​ខ្លាំង​នៅពេល​ដែល​តម្លៃ​ដី​ឡើងថ្លៃ​។​ ​លោក​បន្ត​ថា​ ​ដី​កំពុងតែ​ឡើងថ្លៃ​វា​ពិតប្រាកដ​ណាស់​ហើយ​ ​ពិបាក​រក​ទិញ​ ​ហើយ​បើ​ទិញ​បាន​ក៏​មិន​មាន​ទំហំ​ធំ​នោះ​ដែរ​។​ ​ដី​នៅក្នុង​ក្រុង​ពិបាក​រក​ទិញ​យក​មក​អភិវឌ្ឍ​ជា​បុរី​ណាស់​ ​ព្រោះតែ​តម្លៃ​ថ្លៃ​ពេក​ ​ហើយ​ទៅ​អភិវឌ្ឍ​នៅ​តំបន់​ឆ្ងាយ​ៗ​ ​២០​-​៣០​ ​គីឡូម៉ែត្រ​ពី​រាជធានី​ ​ក៏​មានផល​ពិបាក​ដែរ​ដោយសារតែ​ប្រពន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ជាពិសេស​បណ្តាញ​ទឹក​ស្អាត​នៅ​មិនទាន់​ទៅដល់​នៅឡើយ​។​ ​

​លោក​បន្ត​ថា​ ​“​ដី​ដែល​អាចយ​កម​ក​ធ្វើការ​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បាន​ល្អ​ ​ដែល​អាច​ទទួល​បាន​ចំណេញ​ ​គឺ​មានតម្លៃ​ត្រឹម ៣០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ចុះក្រោម​ ​ប៉ុន្តែ​បើ​លើស​ពី៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​គឺ​ពិបាក​ក្នុង​ការ​យក​មក​អភិវឌ្ឍ​ណាស់​”​៕​

ក្រសួង​ដែនដី​៖​ ​ការចុះបញ្ជី​ដី​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​ ​៥,២លាន​​ក្បាល​ហើយ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​ប្រកាស​ថា​ ​ជា​លទ្ធផល​គិត​ត្រឹម​ដំណាច់ខែ​មេសា​ឆ្នាំ​ ​២០១៩​ ​នេះ​ការចុះបញ្ជី​ដីធ្លី​ទូទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ ៥,២​លាន​ក្បាលដី​ស្មើរ​ ​៧៤​%​ ​នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប​ ​៧លាន​ក្បាលដី​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ​ក្នុង​នោះ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន៤,៦លាន​ក្បាលដី​ ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន៦សែន​ក្បាលដី​។​ ​សម្រាប់​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ ​ក្រសួង​ទទួល​បាន​ពាក្យ​បណ្តឹង ១០,០៧៨​​ករណី​ ​ក្នុង​នោះ​បាន​ដោះស្រាយ​បញ្ចប់៨០៦២​ ​ករណី​ ​និង​កំពុង​ដោះស្រាយ​ ​២០១៦​ ​ករណី​ ។​ ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន២៤សហគមន៍​ ​ស្មើនឹង៩៨៤ក្បាលដី​។​

​តាម​ផែនការ​ ​ការចុះបញ្ជី​ដី​ទូទាំង​ប្រទេស​ ​រួម​ទាំង​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​នឹង​ឈាន​ទៅ​សម្រេច​បាន​១០០​%​​នៅក្នុង​ឆ្នាំ២០២១​។​

​ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី​ ​ការគោរព​សិទ្ធិ​របស់​ប្រជា​ពល​ ​រដ្ឋ​លើ​បញ្ហា​ដីធ្លី​ ​ការ​លើកកម្ពស់​កម្រិតជីវភាព​ ​ការ​កាត់បន្ថយ​ភាព​ក្រី​ក្រ​ជូន​ប្រ​ ​ជា​ពលរដ្ឋ​ ​សន្តិសុខ​ស្បៀង​ ​និង​ភា​ពសុដុ​មនៃ​សង្គម​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ជា​សេនាធិការ​បាន​ខិតខំ​រៀបចំ​នូវ​បទដ្ឋាន​គតិយុត្តិ​សមស្រប​ ​និង​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់ស្តែង​ចំ​រុញ​ការចុះបញ្ជី​ដីធ្លី​ទូទាំង​ប្រទេស​ ​និង​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ​រួមមាន​ ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​-​ថ្នាក់​ខេត្ត​ ​អ​ជ្ញា​ធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ​យន្តការ​ដោះស្រាយ​វិវាទ​តាម​ប្រព័ន្ធ​តុលាការ​ ​និង​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ឈរ​លើ​គោ​ការណ៍​ច្បាប់​ជាធរមាន​ ​មិន​មានការ​បង្ខិតបង្ខំ​ ​គំរាមកំហែង​ ​ឬ​ ​បំភិតបំភ័យ​គូភាគី​ណាមួយ​ឡើយ​៕​

អាស៊ាន​កំពុង​ទប់ទល់​នឹង​វិបត្តិ​លំហូរ​សាច់ប្រាក់​ជាស​កល​

0

​ប្រែ​សម្រួល​ដោយ​៖​ ​Property​ ​Area​

ភ្នំពេញ​៖​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​បាន​ឲ្យដឹង​ថា​ ​បណ្តា​ប្រទេស​អាស៊ាន​ ​ចិន​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​កំពុង​ទប់ទល់​នឹង​វិបត្តិ​នៃ​លំហូរ​សាច់ប្រាក់​ងាយស្រួល​ទូទាត់​ (​Liquidity​) ​ជាស​កល​ ​ដោយមាន​កិច្ចប្រឹងប្រែង​រួមគ្នា​ដើម្បី​ពង្រឹង​រូបិយប័ណ្ណ​ ​និង​ទីផ្សារ​មូលបត្រ​បំណុល​ក្នុង​ស្រុក​។​

​យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​ ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ ​តំបន់​នេះ​មាន​មូលបត្រ​បំណុល​ ​ក្នុង​ស្រុក​ប្រហែល១២.៧​ ​ពាន់​ពាន់​លាន​ដុល្លារ​ ​ជិត​ស្មើនឹង​ចំនួន​មូលបត្រ​បំណុល​ ​ដែល​មានតម្លៃ​គិតជា​ប្រាក់​អឺ​រ៉ូ​នៅ​សហភាព​អឺរ៉ុប​។​

​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បូក៣​ ​បាន​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​បំណុល​របស់​ខ្លួន​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ ​1997​ ​1998​ ​ដែល​បាន​បង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ខាង​រចនាសម្ព័ន្ធ​នៅក្នុង​សេដ្ឋកិច្ច​។​ ​

​ជាមួយគ្នា​នេះ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​មូលបត្រ​បំណុល​អាស៊ី​អាស៊ាន​បូក៣​ ​ចាប់​តាំង​ពី​ឆ្នាំ២០០២​ ​ដែល​បាន​ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​សញ្ញា​មូលប័ត្រ​កណ្តាល​ ​និង​ក្របខ័ណ្ឌ​ចេញផ្សាយ​ឆ្លងកាត់​ព្រំដែន​។​

​លោក​ ​Yasuyuki​ ​Sawada​ ​ប្រធាន​សេដ្ឋវិទូ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ថ្លែង​ថា​ ​“​កំណើន​មូលបត្រ​បំណុល​រូបិយប័ណ្ណ​ ​ក្នុង​ស្រុក​មានន័យថា​ ​ក្រុមហ៊ុន​អាច​ទទួល​បាន​មូលនិធិ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក​ជា​ញឹកញាប់​ ​សម្រាប់​រយៈពេល​វែង​ជាង​មុន​ ​ដោយ​ជៀសវាង​ការប្រែប្រួល​រូបិយវត្ថុ​ ​និង​ភាព​ចាស់ទុំ​ដែល​ធ្វើ​ឱ្យ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​កាន់តែ​ធ្ងន់ធ្ងរ​”​។​

​ទីផ្សារ​មូលបត្រ​បំណុល​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​ ​គឺជា​ទីផ្សារ​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​៕​

ក្រុម​វិស្វករ​កូរ៉េ​ ​និង​ថៃ​ចាប់ផ្តើម​ចុះ​សិក្សា​ដើម្បី​ត្រៀម​សាងសង់​ផ្សារ​បណ្តែត​ទឹកជា​លើកដំបូង​នៅ​ខេត្តសៀមរាប​

0

​ដោយ​ ​គង់់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ក្រុម​វិស្វករ​ជំនាញ​របស់​កូរ៉េ​ ​និង​ថៃ​បាន​ចុះ​សិក្សា​ពីទី​តាំង​និង​ថ​រៀបចំផែនការ​ ​ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​រមណីយដ្ឋាន​ ​និង​ផ្សារ​បណ្តែត​ទឹកជា​លើកដំបូង​នៅក្នុង​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​។​

លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​សហ​ភា​គ​ហ៊ុនិ​ក​នៃ​ក្រុមហ៊ុន​វិនិយោគ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ប្រព័​ន្ឋ​តេឡេក្រាម​មុន​នេះ​បន្តិច​ថា​ ​ថ្ងៃនេះ​ដៃគូ​ជា​ក្រុម​វិនិយោគ​ថៃ​ ​និង​កូរ៉េ​ខាងត្បូង​ ​ដឹកនាំ​ក្រុម​ជំនាញ​ ​វិស្វករ​ ​ស្ថាបត្យករ​ ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​ ​ផ្សារ​បណ្តែត​ទឹក​ ​រី​សត​ ​និង​សួនសត្វ​សិប្ប​និ្ន​មិត្ត​ ​និង​សួន​ផ្កា​រ​ជាង៥ពាន់​ពូជ​ចម្រុះ​ ​ក្នុង​គម្រោង​ទីតាំង​បុរី​អង្គ​រលែន​ម៉ា​ក្ស​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​ដើម្បី​រៀបចំ​ទីតាំង​ចាប់​ដំណើ​ការសាងសង់​គ​ម្រោ​ង​ឆាប់​ៗ​ខាងមុខនេះ​។​

លោក​បន្ត​ថា​ ​“​យើង​បាន​និង​កំពុង​សុំច្បាប់​ទៅ​រដ្ឋាភិបាល​ ​ដើម្បី​សាងសង់​គំរោង​នេះ​ ​ដែល​រំពឹង​ថា​ក្រុមហ៊ុន​នឹង​បើក​ការដ្ឋាន​សាងសង់​នា​ពេល​ឆាប់​ៗ​នេះ​”​។​

ខេត្តសៀមរាប​ក្រៅពី​ទេស​ចរ​ណ៏​បេ​តិ​ក​ភណ្ឌ័​វប្បធម៌​ ​និង​ធម្មជាតិ​ ​ឥឡូវ​យើង​មាន​ទេសចរណ៍​ ​បែប​សិប្ប​ន្និ​មិត្ត​បន្ថែម​ទៀត​អោយ​សម្បូរ​បែប​ ​ហើយ​វត្តមាន​គម្រោង​នេះ​ ​និង​ជួយ​លើក​តំលៃ​កិត្យានុភាព​ទេសចរណ៍​នៅ​កម្ពុជា​កាន់តែ​ល្បីល្បាញ​ឡើង​។​

គំរោង​រមណីយដ្ឋាន​ ​ ​និង​ផ្សារ​បណ្តែត​ទឹក​តម្លៃ​ ​ ​២០០លាន​ដុល្លារ​នៅ​ខេត្តសៀមរាប​គ្រោង​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ ​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​ ​សា​ភឿន​ ​សហ​ភា​គ​ហ៊ុនិ​ក​នៃ​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ ​ដែល​បាន​នាំ​ ​ក្រុមហ៊ុន​ថៃ​ធំៗ​ចំនួន៣មក​វិនិយោគ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​បន្ត​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រត់ការ​ច្បាប់​ដើម្បី​សាងសង់​គំរោង​នេះ​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ប្រសិន​ជា​អ្វី​ៗ​ដំណើរការ​បាន​តាម​ការ​គ្រោងទុក​។​លោក​បន្ត​ថា​គំរោង​រមណីយដ្ឋាន​និង​ផ្សារ​បណ្តែត​ទឹក​លើកដំបូង​នៅ​កម្ពុជា​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី៥០ហិ​ក​តា​។​

លោក​បន្ត​ថា​“​គំរោង​នេះ​គ្រោង​បោះទុន​វិនិយោគ​ជាង​ ​២០០លាន​ដុល្លារ​អាមេរិក​ដែល​ជា​គំ​រោង​សម្ប​និម្មិត​ធំ​មួយ​និង​ជា​គំរោង​លើកដំបូង​នៅ​កម្ពុជា​ក៏ដូចជា​ក្នុង​ខេត្តសៀមរាប​”​។​ ​លោក​បន្ត​ថា​“​គំរោង​នេះ​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ស្នាក់នៅ​និង​កំសាន្ត​ក្នុង​ខេត្តសៀមរាប​កាន់តែ​យូរ​ថែមទៀត​”​។​

ក្រុមហ៊ុន​ថៃ​ទាំង​បី​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​វិនិយោគ​គំរោង​នេះ​រួមមាន​ក្រុមហ៊ុន​ ​SinCorp​ ​ក្រុមហ៊ុន​ ​Chang​ ​Siem​ ​Corporation​ ​និង​ក្រុមហ៊ុនTPI​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ត៍​ខន​គ្រីត​ធំជាង​គេ​នៅ​ប្រទេស​ថៃ​។​

លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​បាន​បន្ត​ថា​គំរោង​នេះ​មាន​ភាព​ចម្រុះ​ដោយមាន​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ភោជនីយដ្ឋាន​​ផ្សារ​បណ្តែត​ទឹកដែល​នឹង​សាងសង់​លើ​ផ្ទៃដី​ ​៥០ហិ​ក​តា​ហើយ​វា​នឹងជា​ផ្សារ​បណ្តែត​ទឹកធំ​ជាងគេ​នៅ​កម្ពុក​ជា​និង​សួន​សប្ប​និម្មិត​ស្ថិតនៅ​លើ​ផ្ទៃដី​ ​២០ហិ​ក​តា​ដែល​សួន​នេះ​នឹង​មាន​សត្វ​ចម្រុះ​ដែល​ផុតពូជ​ពី​ពិភពលោក​នេះ​។​

លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ថា​ ​“​ក្រុមហ៊ុន​របស់​យើង​នឹង​ចុះ​ ​MOU​ ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​នៅ​ថ្ងៃទី២០​ ​កម្ភៈ​នេះ​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍន៍​គំរោង​នេះ​ដែល​វា​ជា​គំរោង​ទី១នៅក្នុង​ខេត្តសៀមរាប​”​៕

រដ្ឋមន្ត្រី​ការបរទេស​៖​ ​អាស៊ាន​ជាទី​ផ្សារ​ធំ​ទី៣របស់​កម្ពុជា​

0

​ដោយ​ ​នី​ ​វឌ្ឍនា

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​អះអាង​ថា​ ​អាស៊ាន​ជាទី​ផ្សារ​ធំ​លំដាប់​ទី៣របស់​កម្ពុជា​ ​ហើយ​កម្ពុជា​បាន​ទទួល​នូវ​ផលប្រយោជន៍​ ​ផ្នែក​សេដ្ឋកិច្ច​យ៉ាងច្រើន​ពី​ការ​ចូល​ជាស​មា​ជិ​ក​នៃ​ក្រុម​គ្រួសារ​អាស៊ាន​ ​ដែល​ធ្វើឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​ ​សេដ្ឋកិច្ច​ខ្ពស់​រហូតដល់ ៧.៥ភាគរយ​។​

​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋ​មន្ដ្​រី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការ​អន្ដរ​ជាតិ​ ​បាន​ថ្លែង​ក្នុង​ឱកាស​ខួប២០ឆ្នាំ​ ​នៃ​ការ​ចូល​ជាស​មា​ជិ​ក​អាស៊ាន​របស់​កម្ពុជា​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ព្រឹក​ថ្ងៃទី៣​ ​ខែឧសភា​នេះ​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​អាស៊ាន​ ​គឺជា​ទីផ្សារ​ធំជាង​គេ​ទី៣របស់​កម្ពុជា​ ​បន្ទាប់ពី​សហ​ភាព​អ៊ឺ​រ៉ុប​ ​និង​សហរដ្ឋអាមេរិក​។​

​លោក​បន្ថែម​ថា​ ​អាស៊ាន​បាន​ជួយ​សម្រួល​ដល់​ដំណើរការ​សេដ្ឋកិច្ច​ ​ការ​វិនិយោគ​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ ​និង​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ ​ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​ទីផ្សារសេរី​ ​និង​កិច្ច​ព្រមព្រៀង​ជាច្រើន​ទៀត​ជាមួយ​ដៃគូ​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ក៏​កំពុង​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​ ​ទៅ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ ​និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០​។​

​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​ ​សមាជិក​អាស៊ាន​ដទៃទៀត​បាន​កើនឡើង​ពី៤ភាគរយ​នៅ​ឆ្នាំ១៩៩៩​ ​ដល់​ជាង២០ភាគរយ​នៅ​ឆ្នាំ២០១៨​៕​

ធនាគារ​ថៃ​មួយ​គាំទ្រ​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​របស់​ខ្លួន​ក្នុង​ការពង្រីក​ខ្លួន​មក​កម្ពុជា​

0

ប្រែ​សម្រួល​ដោយ​ ​Property​ ​Area​

​បាងកក​៖​ ​ធ​នាគា​ថៃ​ធំ​មួយ​ ​Exim​ ​Thailand​ ​បាន​និង​កំពុង​ពង្រីក​ទីផ្សារ​ចូល​មកកាន់​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ស្ថិត​ក្នុង​តំបន់ CLMV ដទៃទៀត​នា​ពេល​ខាងមុខនេះ​។​ ​

​លោក​ ​Pisit​ ​Serewiwattana​ ​ប្រធាន​ក្រុមហ៊ុន​ ​Export​-​Import​ ​Bank​ ​of​ ​Thailand​ ​(​Exim​ ​Thailand​)​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ ​The​ ​Nation​ ​របស់​ប្រទេស​ថៃ​ដោយ​លោក​បាន​សន្យា​បន្ត​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​(​SMEs​)​ ​ក្នុង​ផែនការ​ពង្រីក​របស់​ខ្លួន​នៅ​ប្រទេសជិតខាង​ ​ទោះបីជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ត្រូវ​ទទួល​សបន្​ទុក​លើ​ការ​ចំណាយ​។​

​លោក​ ​Pisit​ ​បាន​និយាយ​ថា​ ​“​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ប្រទេស​ ​CLMV​ ​និង​អំពី​ឱកាស​នាំចេញ​ ​និង​វិនិយោគ​របស់​ថៃ​នៅក្នុង​ប្រទេស​ទាំងនេះ​”​។​ ​លោក​បាន​បន្ត​ថា​ ​“​ការនាំចេញ​របស់​ថៃ​ទៅកាន់​ក្រុមហ៊ុន​ ​CLMV​ ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ពីរ​ដង​នៅ​ឆ្នាំនេះ​ ​ដោយសារ​កាលពី​ឆ្នាំមុន​មានការ​កើនឡើង​ ​១៦,៦​ ​ភាគរយ​”​។​

​លោក​បន្ថែម​ថា​ ​ទំនិញ​ដែល​រំពឹង​ថា​មានការ​លូតលាស់​ដ៏​រឹងមាំ​ ​រួមមាន​ ​ទំនិញ​ដើមទុន​ដូចជា​ ​ឧបករណ៍​មេកានិច​ ​និង​ផ្នែក​ផ្សេង​ ​ម៉ាស៊ីន​កសិកម្ម​ ​វត្ថុធាតុដើម​ដូចជា​ ​ប្លាស្ទិក​គីមី​ ​និង​សម្ភារៈសំណង់​ ​និង​ទំនិញ​ប្រើប្រាស់​ដូចជា​ភេសជ្ជៈ​ផ្លែឈើ​ស្រស់​ ​អាហារ​ ​សម្លៀកបំពាក់​ ​គ្រឿងសំអាង​ ​និង​គ្រឿងសម្ភារៈ​។​

​ក្រុមហ៊ុន​ ​Exim​ ​ប្រទេស​ថៃ​បាន​បង្កើត​ការិយាល័យ​តំណាង​ ​នៅ​ទី​ក្រុ​ងយ៉ាំងហ្គោន​ ​វៀង​ចាន់​ ​និង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ជួយ​អតិថិជន​របស់​ខ្លួន​ឱ្យ​ចាប់​យក​ឱកាស​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ឡាវ​ ​និង​កម្ពុជា​។​

​លោក​ ​បាន​និយាយ​ក្នុង​សន្និ​សិទ្ធ​កាសែត​មួយ​ថា​ ​“​យើង​មានបំណង​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដើម្បី​នាំចេញ​និង​វិនិយោគ​បន្ថែម​ទៀត​ ​នៅក្នុង​ទីផ្សារ​ទាំងនេះ​។​ ​ប៉ុន្តែ​យើង​ទទួលស្គាល់​ថា​យើង​ត្រូវ​ទទួលបន្ទុក​លើ​ការ​ចំណាយ​មួយចំនួន​”​។​

​ធនាគារ​បច្ចុប្បន្ន​នេះ​ផ្តល់​ប្រាក់កម្ចី​ ​ដល់​វិនិយោគិន​ផ្តោត​សំខាន់​លើ​វិស័យ​ថាមពល​ ​បដិសណ្ឋារ​កិច្ច​ ​និង​វិស័យ​ផលិតកម្ម​។​ ​លោក​ ​Pisit​ ​បាន​ទទួលស្គាល់​ថា​ ​កំណើន​ប្រាក់កម្ចី​ក្នុង​ការ​គាំទ្រ​ដល់​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ទាំងនេះ​ ​មិនបាន​កើន​ឡើង​​ដូច​អ្វី​ដែល​លោក​រំពឹង​ទុក​នោះ​ទេ​។​

​លោក​បាន​និយាយ​ថា​ ​ឧប​សគ្គ​ចម្បង​ៗ​ ​ដែល​សហគ្រិន​ប្រឈមមុខ​ ​គឺ​កង្វះខាត​ដើមទុន​ ​និង​កង្វះ​ចំណេះដឹង​និង​ជំនាញ​ទាក់ទង​នឹង​នីតិវិធី​ ​និង​នីតិវិធី​នាំចេញ​ ​ការគ្រប់គ្រង​ហានិភ័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​សម​ភាគី​ពាណិជ្ជកម្ម​អនាគត​។​
​ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ ​ក្រុមហ៊ុន​ ​Exim​ ​Thailand​ ​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សហគ្រិន​ ​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ទីផ្សារ​ទាំងនេះ​។​ ​

លោក​ ​Pisit​ ​ក៏បាន​ប្រកាស​អំពី​ការ​បើក​ដំណើរការ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ថ្មី​ផង​ដែរ​។​ ​ទាំងនេះ​រួមបញ្ចូល​ឥណទាន​ ​EXIM​ ​CLMV​ ​SMEs​ ​ដែល​ជា​ឥណទាន​ប្តូរ​មុន​ ​និង​ក្រោយ​ការ​ដឹកជញ្ជូន​សម្រាប់​ ​SMEs​ ​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ ​CLMV​ ​ជាមួយនឹង​កម្រិត​ឥណទាន​រហូតដល់​ ​២​ ​លាន​បាត​ ​(​ជាង​ ​៦២,៤៤១​ ​ដុល្លារ​)​ ​ក្នុង​មួយ​អ្នកនាំ​ចេញ​ក្នុង​អត្រា​ការប្រាក់​អត្រា​ការប្រាក់​គោល​ ​១,៧៥​ ​ភាគរយ​ក្នុង​មួយឆ្នាំ​ ​ឬ៤,៥​ ​ភាគរយ​ដោយ​ផ្អែកលើ​អត្រាកំណើន​បច្ចុប្បន្ន​នៃ​ ​៦,២៥​ ​ភាគរយ​។​ ​ធនាគារ​ក៏​ផ្តល់​ការ​បញ្ចុះ​អត្រា​ការប្រាក់០.៥ភាគរយ​ផង​ដែរ​ដើម្បី​នាំចេញ​ដោយមាន​ធានារ៉ាប់រង​ឥណទាន​អតិថិជន​។​

​លោក​បន្ត​ថា​ ​ធានារ៉ាប់រង​ឥណទាន​អតិថិជន​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​កន្លែង​ឥណទាន​សម្រាប់​បង្វែរ​ប្រាក់ចំណូល​ ​និង​ការធានា​រ៉ាប់រង​ដើម្បី​ការពារ​ហានិភ័យ​ពី​ការ​មិន​បង់ប្រាក់​របស់​អ្នកទិញ​បរទេស​ដោយ​ភ្ជាប់​ជាមួយ​កិច្ចសន្យា​ប្តូរ​ប្រាក់​បរទេស​ដែល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បាន​អនុម័ត​។​ ​

​កន្លែង​ឥណទាន​នេះ​ ​អាច​ត្រូវ​បាន​ធានា​ដោយ​លិខិតធានា​ពីសា​ជីវកម្ម​ធានា​ឥណទាន​ថៃ​ ​(​TCG​)​ ​និង​ការធានា​ផ្ទាល់ខ្លួន​។​ ​ការ​អនុម័ត​ឥណទាន​ត្រូវ​បាន​ផ្តល់​រហូតដល់​ដំណាច់ឆ្នាំ​។​

​ធនាគារ​ក៏បាន​បង្កើត​ផលិតផល​ធានារ៉ាប់រង​នាំចេញ​ ​ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម​ងាយស្រួល​ ​ដើម្បី​បម្រើ​ដល់​សហគ្រិន​ ​ដែល​មាន​ផែនការ​នាំចេញ​ក្នុង​ទំហំ​តូច​មួយ​ក្នុង​ការ​ដឹកជញ្ជូន​មួយ​ជើង​។​ ​កន្លែង​ធានារ៉ាប់រង​នេះ​ ​គ្រប​ដណ្តប់​ជាង១៤០ប្រទេស​រួម​ទាំង​ប្រទេស​ ​CLMV​។​ ​

​ក្រុមហ៊ុន​ ​Exim​ ​Thailand​ ​កាល​ពី​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​អំពី​លទ្ធផល​ប្រតិបត្តិ​ការ​របស់​ខ្លួន​សម្រាប់​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​ ​នៅពេល​ដែល​ប្រាក់កម្ចី​សរុប​របស់​ធនាគារ​បាន​កើនឡើង១៨,៥៧ភាគរយ​ ​ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​គឺ​កើនឡើង​ដល់​ ​១០៦,៦​ ​ពាន់​លាន​បាត​ ​(​ជាង​ ​៣.៣២​ ​ពាន់​ដុល្លារ​)​ ​។​

​ក្នុងចំណោម​ប្រាក់កម្ចី​សរុប​ ​SMEs​ ​មាន​ចំនួន៤០,៩​ ​ពាន់​លាន​បាត​ ​(​ជាង​ ​១.២៧​ ​ពាន់​លាន​ដុល្លារ​)​ ​ដែល​មាន​កំណើន ១២,៤២​ ​ភាគរយ​ ​ក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​។​

​សមាមាត្រ​ប្រាក់កម្ចី​មិន​ដំណើរការ​ ​របស់​ធ​នា​ការ​មា​នប្រ​ម៉ា​ណ៤,២៦ភាគរយ​។​ ​លោក​ ​Pisit​ ​បានឱ្យ​ដឹង​ថា​ ​អតិថិជន​មួយចំនួន​មិន​អាច​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ ​និង​ការប្រកួត​ប្រជែង​យ៉ាង​ឆាប់រហ័ស​ ​ជាហេតុ​ធ្វើ​ឱ្យ​បំណុល​ខូច​កើនឡើង​។​ ​លោក​បាន​បន្ថែម​ថា​ប្រាក់ចំណេញ​សុទ្ធ​របស់​ធនាគារ​នៅ​ត្រីមាស​ទីមួយ​គឺ៣៣៤លាន​បាត​ ​(​ជាង១០.៤២​ ​លាន​ដុល្លារ​)​ ​ដែល​រួមចំណែក​ដល់​តុល្យភាព​ដ៏​រឹងមាំ​៕​