បន្ទាប់ពី​ប្រកាស​គម្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​ ​ចរន្ត​នៃ​ការទិញ​-​លក់​ដីធ្លី​នៅ​ខេត្តមណ្ឌលគីរី​កំពុង​កម្រើក​

0

​ដោយ​ ​៖​ ​រ៉ា​ណេត​

មណ្ឌលគីរី​ ​៖​ ​បន្ទាប់​រាជរដ្ឋាភិបាល​ប្រកាស​គម្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​នៅក្នុង​ខេត្តមណ្ឌលគីរី​ ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​កំពុង​មាន​សកម្មភាព​យ៉ាង​ខ្លាំង​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Century21​ ​Cambodia​ ​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុ​ប្ប​ន្ននេះ​ចំពោះ​ការទិញ​-​លក់​អចលនទ្រព្យ​ ​ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​គឺ​មាន​សកម្មភាព​ជាង​ឆ្នាំមុន​ ​ហើយ​តម្លៃ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ​។​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​៖​ ​«​មណ្ឌលគីរី​ជា​ខេត្ត​មួយ​ដ៏​ល្អ​របស់​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ខុសពី​ខេត្ត​ដទៃទៀត​ ​និង​មិនទាន់​មានការ​អភិវឌ្ឍ​ឱ្យ​ផុសផុល​នោះ​ទេ​។​ ​ប៉ុន្តែ​ក្រោយពេល​ដែល​រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​ក្នុង​តំបន់​ដោយមាន​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​ ​វា​កាន់តែ​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ហើយក៏​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​កម្រើក​ផង​ដែរ​ ​ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​ ​សកម្មភាព​នៃ​ការទិញ​លក់​លើ​វិស័យ​ដីធ្លី​ក៏​កំពុង​កើតមាន​នៅ​តាម​តំបន់​មួយចំនួន​»​។​ ​

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ជា​ធម្មតា​នៅពេល​ដែល​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ច្រើន​ ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​កាន់តែ​ល្អ​ប្រសើរ​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​លទ្ធភាព​ធូរធារ​។​ ​ដោយឡែក​ជាមួយនឹង​វត្តមាន​នៃ​ព្រលា​នយន្ត​ហោះ​ ​វា​នឹង​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ​មានការ​អភិវឌ្ឍន៍​លឿន​ ​ដែល​អាច​គៀង​គរ​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ ​ក៏ដូចជា​ចំនួន​អ្នក​វិនិយោគ​ទៅកាន់​ខេត្ត​នេះ​កាន់តែ​ច្រើន​។​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​វិសាលភាព​សម្រាប់​អភិវឌ្ឍ​ជា​តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្មជាតិ​បាន​កើន​ឡើង​​ស្ទើរតែ​គុណ​នឹង២ដង​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លងទៅ​។​ ​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ធី​ ​បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​គម្រោង​នៃ​ការអភិវឌ្ឍន៍​សាង​សង់​ព្រលា​នយន្តហោះ​ខាងលើ​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​៖​ ​«​ជា​រឿង​ដែល​ល្អ​បំផុត​សម្រាប់​ខេត្ត​មណ្ឌលគីរី​ ​ហើយ​វត្តមាន​នៃ​ព្រលា​នយន្ត​ហោះ​នេះ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋ​ក្នុង​តំបន់​ ​ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​តាមរយៈ​ការ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ ​ក៏ដូចជា​វិនិយោគ​លើ​វិស័យ​ពាក់ព័ន្ធ​នានា​ផង​ដែរ​»​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ ​នៅពេល​មា​នព្រ​លាន​យន្តហោះ​ ​គឺ​ធ្វើ​ឱ្យ​មាន​លំហូរ​ចូល​នៃ​កំណើនប្រជាជន​ ​ក៏ដូចជា​មានការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ ​ដែល​ចាំបាច់​តម្រូវ​ឱ្យ​ការ​ផ្គត់ផ្គង់​ដូចជា​វិស័យ​លំនៅ​ដ្ឋាន​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ជាដើម​ ​។​ ​ប៉ុន្តែ​ការ​កើនឡើង​ ​និង​ការ​អភិវឌ្ឍ​នេះ​ ​គឺ​មាន​ត្រឹម​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ ​ដូច្នេះ​ចំពោះ​អ្នក​ដែល​វិនិយោគ​ ​ក៏ដូចជា​អ្នក​ដែល​មានបំណង​ធ្វើជំនួញ​ដីធ្លី​ក៏​គួរ​ពិចារណា​ ​និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រច​ចិត្ត​ទិញ​តំបន់​ណាមួយ​ជៀសវាង​មាន​ហានិភ័យ​»​។​ ​



​លោក​ ​គង់​ ​វិមាន​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគីរី​ ​បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ​៖​ ​«​បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​គឺ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ជាពិសេស​ផ្នែក​សំណង់​សម្រាប់​ផ្គត់ផ្គង់​លើ​ផ្នែក​ស្នាក់នៅ​ ​ដូចជា​ ​សំណង់​លំនៅ​ដ្ឋាន​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ភោជ​នី​ដ្ឋាន​ ​ក៏ដូចជា​ការបង្កើត​ជា​រមណីយ​ដ្ឋាន​កម្សន្ត​បែប​ធម្មជាតិ​កែច្នៃ​ផង​ដែរ​»​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​៖​ ​«​នៅក្នុង​ខេត្តមណ្ឌលគីរី​ ​គឺ​មាន​ប្រជាជន​រស់នៅ​ជាង ៨ម៉ឺន​នាក់​ ​មាន​សណ្ឋាគារ​ធំៗ​សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ចំនួន៨​ ​ផ្ទះសំណាក់​មាន​ចំនួន៤៥​ ​សរុប​ស្មើនឹង​ប្រមាណ១១៥១បន្ទាប់​»​៕​

ក្រុមហ៊ុនចំនួន២ បោះទុនរួមគ្នាលើទឹកប្រាក់ ៧០លានដុល្លារ វិនិយោគលើការជលវប្បដ្ឋាន និងសណ្ឋាគារនៅខេត្តសៀមរាប

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សមាគម​អ្នក​វិនិយោគ​អន្តរជាតិ​ថ្មី​មួយ​ក្រុម​នៃ​ក្រុមហ៊ុន​ ​អង្គរ​ ​វ៉ា​យដ៍​ឡាយ​ហ្វ៍​ ​&​ ​អឹ​ឃ្វា​រៀម​ ​ដែល​មាន​ក្រុមហ៊ុន​ខ្មែរ​និង​បរទេស​បាន​បោះទុន​ ​៧០លាន​ដុល្លារ​អា​មេ​រិ​រួមគ្នា​ចាប់ផ្ដើម​ការសាងសង់​ ​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​ ​ទឹកប្រៃ​ ​និង​ជម្រក​អភិរក្ស​សត្វ​ដ៏​ធំ​ ​និង​សណ្ឋាគារ​លំដាប់​ពិភព​លោ​របស់​ខ្លួន​នៅលើទំហំដី ១០០ហិកតា ក្នុង​ខេត្តសៀមរាប​។



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​៣០​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩នេះ​ថា​ ​ការសាងសង់​នឹង​ត្រូវ​សាងសង់​ជា​ ​៣ដំណាក់កាល​ ​ពោល​គឺ​ដំណាក់កាល​ទី១​ ​នៃ​គម្រោង​អភិវឌ្ឍន៍​នឹង​ចាប់ផ្ដើម​ក្នុង​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​និង​គ្រោង​បញ្ចប់​ក្នុង​ខែឧសភា​ ​ឆ្នាំ​ ​២០២១​។​ ​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ​ក្រុមហ៊ុន​ ​អង្គរ​ ​វ៉ា​យដ៍​ឡាយ​ហ្វ៍​ ​&​ ​អឹ​ឃ្វា​រៀម​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជា​ដៃគូ​រវាង​វិនិយោគិន​កម្ពុជា​ ​និង​វិនិយោគិន​ជប៉ុន​ក្រោម​កិច្ចសហការ​ជាមួយ​ ​ICM​ ​Inc​.​ ​(​International​ ​Concept​ ​Management​ ​Inc​.​)​ ​ពី​សហរដ្ឋអាមេរិក​ដែល​រៀបចំ​រចនា​ប្លង់​ ​គ្រប់គ្រង​គម្រោង​ ​និង​ប្រតិបត្តិ​ជល​វប្បដ្ឋាន​ ​និង​ឧទ្យាន​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​។​ ​

​ប្រភព​ដដែល​បន្ត​ថា​ ​ពីមុន​ ​ICM​ ​បាន​ចាប់ដៃ​គូ​ជាមួយនឹង​ ​Disney​(​ឌី​នី​)​,​ ​the​ ​San​ ​Francisco​ ​Academy​ ​of​ ​Sciences​ ​(​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សាន់​ហ្វ្​រាន់​ស៊ី​ស្កូ​)​,​ ​the​ ​Baltimore​ ​Aquarium​ ​(​ជល​វប្បដ្ឋាន​បាល​ទី​មល​)​ ​,​ ​the​ ​Osaka​ ​Aquarium​ ​(​ជល​វប្បដ្ឋាន​អូ​សា​កា​)​,​ ​Xcaret​ ​Park​ ​(​ជល​វប្ប​ដ្ឋាន​អិច​ស្កា​រេ​ត​)​ ​នៅ​ម៉ិកស៊ីកូ​ ​និង​ ​Loro​ ​Park​ ​(​ឧទ្យាន​ឡូ​រូ​)​ ​នៃ​កោះ​កា​ណា​រី​ ​Canary​ ​Islands​ ​។​ល​។​ ​

​លោក​ ​Roger​ ​R​.​ ​Reynolds​,​ ​ប្រធាន​ក្រុមហ៊ុន​ ​អង្គរ​ ​វ៉ា​យដ៍​ឡាយ​ហ្វ៍​ ​&​ ​អឹ​ឃ្វា​រៀម​ ​និង​ជា​ស្ថាបនិក​របស់​ ​ICM​ ​ឲ្យដឹង​នៅក្នុង​ពិធី​បើក​សម្ពោធ​សាងសង់​នូវ​គម្រោង​កាលពី​ថ្ងៃទី​ ​២៩​ ​ខែមេសា​ម្សិលមិញ​នេះ​ថា​ ​ជា​រួម​ ​គម្រោង​ក្រោម​ភាពជា​ដៃគូ​នេះ​មានបំណង​វិនិយោគ​ទឹកប្រាក់​ ​៧០​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​នៅក្នុង​ ​៣ដំណាក់កាល​ ​ ​-​ ​ដំណាក់កាល​ទី១​ ​នឹង​ចំណាយ​ទឹកប្រាក់​ ​១៨​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ខណៈ​ដែល ​(​ដំណាក់កាល​ទីII​)​ ​បន្ថែម​ភាព​ទាក់ទាញ​ ​ដោយ​បង្កើត​នូវ​ ​សួន​រុក្ខ​សាស្រ្ត​ ​សាល​តាំងពិព័រណ៍​ ​ជម្រក​ល្មូន​ ​និង​ ​ចុងបញ្ចប់​ ​គឺ​ការ​អភិវឌ្ឍ​សណ្ឋាគារ​លំដាប់​ពិភពលោក​ ​(​ដំណាក់កាល​ទី​ ​III​)​ ​ក្នុង​បំណង​ធ្វើឲ្យ​ ​ជល​វប្បដ្ឋាន​ក្រុង​អង្គរ​ ​និង​អាណាចក្រ​ជម្រក​សត្វ​ ​(​Angkor​ ​Aquarium​ ​&​ ​Animal​ ​Kingdom​)​ ​ក្លាយជា​គោលដៅ​បង្កើន​នូវ​ការ​ស្នាក់នៅ​ក្រុង​សៀមរាប​បាន​យូរថ្ងៃ​ផង​ដែរ​។​
​ ​
​លោក​បន្ត​ ​ថា​ ​ត្រឹមតែ​ដំណាក់កាល​ទីមួយ​ប៉ុណ្ណោះ​ ​ការបង្កើត​ភាព​ទាក់ទាញ​ថ្មី​ ​នឹង​ធ្វើឲ្យ​មាន​សក្ដានុពល​ជ​ម្រុ​ញ​ឲ្យ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្តសៀមរាប​បន្ត​ការ​ស្នាក់នៅ​ជាមធ្យម​ពាក់កណ្ដាល​ថ្ងៃ​ទៅ​ហើយ​។​ ​



​លោក​ថា​ ​«​យោង​តាម​ការពិភាក្សា​ដំបូង​បំផុត​របស់ខ្ញុំ​ជាមួយ​លោក​ ​ម៉េ​ង​ ​ហៀង​ ​ពួក​យើង​ទាំងពីរ​យល់ស្រប​គ្នា​ថា​ ​មានលទ្ធភាព​អស្ចារ្យ​គួរ​ជាទី​រំភើប​ក្នុង​ការ​នាំមក​នូវ​ ​មជ្ឈមណ្ឌល​ ​ជល​វប្បដ្ឋាន​ ​ត្រី​ទឹកសាប​ ​ទឹកប្រៃ​ ​និង​ព្រមទាំង​ជម្រក​អភិរក្ស​សត្វ​ ​ក្នុង​កា​រម្រើ​នូវ​សេចក្តី​តម្រូវការ​ ​និង​ការសិក្សា​អប់រំ​ ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​ ​និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ទស្សនា​ខេត្តសៀមរាប​»​៕​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ឱ្យ​ពាណិជ្ជករ​បរទេស ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​អំពាវនាវ​ដល់​សមាគម​ ​និង​ក្រុមហ៊ុន​បរទេស​ ​ធ្វើការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់​ខ្លួន​ ​ដោយ​យក​គំរូ​តាម​ស្រា​សំ​ប៉ាញ​ ​«​Champagne​»​ ​បារាំង​ ​ដើម្បី​ទទួល​បានការ​គាំពារ​ផ្លូវច្បាប់​ ​។​

​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ស្រា​សំ​ប៉ាញ​ ​របស់​គណៈកម្មការ​អន្តរ​អាជីព​នៃ​ស្រា​សំ​ប៉ាញ​ ​(​’​CIVC​’​)​ ​ប្រទេស​បារាំង​ ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បរទេស​ដំបូង​គេ​នៅ​កម្ពុជា​ ​ដែល​រៀបចំឡើង​នៅ​ស្ថានទូត​បារាំង​ ​កាលពី​រាត្រី​ថ្ងៃទី២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ថា​ ​ដោយសារតែ​កម្ពុជា​ ​គឺជា​សមាជិក​នៃ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ ​ដែល​មាន​ទាំង​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ជាច្រើន​ ​សម្រាប់​ការពារ​ទាំង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កម្ពុជា​ ​និង​បរទេស​។​

​លោក​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​លើក​កិច្ច​ឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​លើកស្ទួយ​វិស័យ​កម្មសិទ្ធិ​បញ្ញា​ជាតិ​ ​តាមរយៈ​ការ​ខិតខំ​ពង្រឹង​អនុវត្ត​ច្បាប់​ ​ការ​បណ្តុះបណ្តាល​ ​និង​បញ្ជ្រាប​កម្មសិទ្ធិ​បញ្ញា​ទៅ​ក្នុង​កម្មវិធី​អប់រំ​ ​ការរៀបចំ​ទិវា​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ ​និង​ការចូលរួម​កិ​ច្ច​ព្រៀម​ព្រៀង​អន្តរជាតិ​សំ​ខាន់​ៗ​ ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​។​

​លោក​រដ្ឋមន្ត្រី​ ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-​បារាំង​ ​និង​បាន​ស្នើសុំ​លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​ ​និង​ពាណិជ្ជករ​បារាំង​ ​បន្ត​ធ្វើ​ធុរកិច្ច​ ​និង​វិនិយោគ​ថែមទៀត​នៅ​កម្ពុជា​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ ​ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមជម្រាប​ថា​ស្រា​សំ​ប៉ាញ​ ​គឺជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដ៏​ល្បី​របស់​ប្រទេស​បារាំង​ ​ដែល​បង្កើត​ឡើង​ដោយ​តភ្ជាប់​កត្តា​ធម្មជាតិ​ ​និង​ប្រពៃណី​របស់​ជនជាតិ​បារាំង​។​ ​ស្រា​នេះ​ ​ត្រូវ​បាន​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ​នៅក្នុង​ឆ្នាំ២០១៥​ ​ដោយ​អង្គការ​ ​UNESCO​ ​និង​បាន​ចុះបញ្ជី​ការពារ​ម៉ាក​នៅក្នុង​ប្រទេស​ចំនួន​ ​១១៧​ ​ហើយ​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ស្រា​នេះ​បាន​ផ្តល់​នូវ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​ជាង​ ​៥ពាន់​លាន​អឺ​រ៉ូ​ ​ដល់​ប្រជាជន​ ​និង​ប្រទេស​បារាំង​៕​

អ្នកជំនាញ​ថា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ប្រៀប​ដូច​កូនក្រមុំ​ក្នុង​ក្រសែភ្នែក​អ្នក​អភិវឌ្ឍន៍​

0

​ដោយ​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​៖​ ​ពោធិ៍​សែន​ជ័យ​ ​គឺជា​ខណ្ឌ​មួយ​ដែល​ស្ថិតនៅ​តំបន់​ជាយក្រុង​ ​និង​ទទួល​បាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ​ពីសំណាក់​អ្នក​វិនិយោគ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​នានា​ ​ជាពិសេស​លើ​វិស័យ​លំនៅ​ដ្ឋាន​ដែល​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​ហៅ​ខ័ណ្ឌ​នេះ​ប្រៀប​ដូចជា​កូនក្រមុំ​មួយ​។​ ​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​ ​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ​ដោយសារ​ខណ្ឌ​នេះ​មាន​សណ្ឋាន​ដី​ល្អ​ ​មាន​ទីតាំងនៅ​ជិត​កណ្តាល​ក្រុង​ ​ហើយ​តម្លៃ​ដី​នៅ​ធូរ​ថ្លៃ​ ​ដែល​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ ​និង​រក​ប្រាក់ចំណេញ​បាន​។​ ​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​គម្រោង​លំនៅ​ដ្ឋាន​ ​ខុន​ដូ​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ ​បាន​រីកចម្រើន​នៅ​តំបន់​នេះ​ ​ដែល​ពង្រីក​សក្តា​នុ​ពល​ក្នុង​ខណ្ឌ​នេះ​កាន់តែ​ខ្លាំង​នា​ពេល​អនាគត​។​

​លោក​បន្ត​ថា​ ​តម្លៃ​ដី​នៅ​តំបន់​ពាណិជ្ជកម្ម​ ​មានតម្លៃ​ចន្លោះ​ពី៨០០ទៅ១៥០០ដុល្លារ​ ​និង​ដី​នៅ​តាម​ផ្លូ​វតូចៗ​ ​មានតម្លៃ​ចន្លោះ​ពី៤០០ទៅ៨០០ដុល្លារ​ ​តំបន់​មិនទាន់​សូវ​មានការ​អភិវឌ្ឍន៍​មានតម្លៃ​ក្រោម២០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​លោក​ច្រឹក​ ​សុ​ខ​នី​ម​បាន​បន្ត​ថា​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​សមស្រប​សម្រាប់​គំរោង​អ​ភិ​វ​ឌ្ឈ​ន៍​លំនៅ​ដ្ឋាន​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។​ ​ការ​រីកចម្រើន​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​ពិតជា​លឿន​ធៀប​នឹង​បណ្តា​ខណ្ឌ​ជាយក្រុង​ដទៃទៀត​ដែល​មានការ​រីកចម្រើន​យ៉ាង​លឿន​ផង​ដែរ​។​ ​

​ជាមួយគ្នា​នេះ​លោក​ឧកញ៉ា​ ​តេង​ ​រឹ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​R​ ​Investment​ ​Group​ ​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​និង​ការអភិវឌ្ឍន៍​មិន​ខុសពី​ពី​ខណ្ឌដង្កោ​នោះ​ទេ​ ​ដោយ​សារតែ​នៅក្នុង​ខណ្ឌ​មួយ​នេះ​មាន​លំហូរ​ ​នៃ​ចំនួន​ប្រជាជន​ចំណាកស្រុក​ចូល​មក​រស់នៅ​ច្រើន​ ​ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​លើ​ការ​លើ​ការ​ស្នាក់នៅ​ច្រើន​។​ ​

​លោក​ឧកញ៉ា​បន្ត​ថា​ ​“​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ ​មិនមែន​មានតែ​នៅក្នុង​ខណ្ឌ​នេះ​មួយ​នោះ​ទេ​ ​គឺ​វា​មានការ​កើនឡើង​ស្ទើរតែ​គ្រប់​ខណ្ឌ​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខណ្ឌ​នេះ​ ​មាន​តម្រូវការ​ស្នាក់នៅ​ច្រើន​ ​រហូត​មានការ​ចូលខ្លួន​មក​អភិវឌ្ឍន៍​ ​ពីសំណាក់​អ្នក​អភិវឌ្ឍ​ ​សំណង់​បុរី​ជាដើម​នោះ​ ​ក៏​ព្រោះតែ​ខណ្ឌ​មួយ​នេះ​ ​មាន​វិសាលភាព​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ ​ជា​ពិសេស​​តម្លៃ​ដីធ្លី​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​វា​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​បណ្តា​អ្នក​វិនិយោគ​ទាំងនោះ​”​។​ ​

​លោក​ឧកញ៉ា​ ​តេង​ ​រិទ្ឋី​ ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ ​បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​គឺ​បាន​កើនឡើង​មួយ​កម្រិត​ធំ​រួច​ទៅ​ហើយ​ ​ជាពិសេស​កន្លែង​ដែល​ជាទី​ប្រជុំជន​ ​និង​មានការ​អភិវឌ្ឍន៍​ ​៕​

បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ​ជា​បុរី​ទេស​ចរ​ណ៏​ ​វប្ប​ធ​ម៍​ ​និង​ធម្មជាតិ​​កំពុង​អង្រួន​បេះដូង​អតិថិជន​ ​នៅ​ខេត្ត​សៀមរាប

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​ ​ដែល​ផ្តោត​លើ​ការ​គិត​គូ​ដល់​បរិស្ថាន​ ​និង​ការរស់នៅ​ប្រកបដោយ​ផាសុ​ខ​ភាព​ ​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ​បាន​និង​កំពុង​ទទួលការ​ចាប់អារម្មណ៍​ពីអ​តិថិ​ជន​។​

​ជាមួយនឹង​គំរោង​ស្ថិតនៅ​ភូមិ​ ​ស​ណ្តាយ​ ​ឃុំ​ខ្នារស​ណ្តាយ​ ​ស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ​បាន​និង​កំពុង​ចាប់ផ្តើម​លក់​ផ្ទះ​ក្នុង​ដំណាក់កាល​ទី១​ ​ដែល​មានផ្ទះ​ចំនួន២២០ផ្ទះ​ ​និង​កំពុង​ចាប់ផ្តើម​ទទួលការ​បញ្ជាទិញ​ពីអ​តិថិ​ជន​យ៉ាងច្រើន​កុះករ​។​

​សហ​ភា​គ​ហ៊ុនិ​ក​នៃ​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ​និង​ជា​ស្ថាបត្យករ​អាស៊ាន​ ​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៩​ ​មេសា​នេះ​ថា​ ​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​បាន​និង​កំពុង​សាងសង់​ ​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពីអ​តិថិ​ជន​។​ ​

លោក​បន្ត​ថា​ ​គំរោង​នេះ​ផ្តោត​លើ​គោលគំនិត​ ​បៃតង​ ​និង​ខៀវ​ ​ដែល​មានន័យថា​ ​បៃតង​ជា​ផ្ទៃ​សួន​ ​ខៀវ​ជា​ផ្ទៃ​ទឹក​ ​ជា​អ្វី​ដែល​ក្រុមហ៊ុន​បាន​ផ្តោត​ដើម្បីឲ្យ​គំរោង​នេះ​គឺ​ធម្មជាតិ​ ​ដែល​រក្សា​ធាតុ​ត្រជាក់​សម្រាប់​អ្នក​រស់នៅ​ទាំងមូល​ ​និង​ចង់​អោយ​ក្លាយជា​គំរោង​គំរូ​គេ​នៅ​ខេត្តសៀមរាប​ ​និង​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​អារម្មណ៍​ ​ល្អ​ ​ត្រជាក់​ត្រជុំ​ ​និង​ប្រកបដោយ​ផាសុ​ខ​ភាព​ខ្ពស់​។​

​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​៤៨,៨៨៨ដុល្លារ​ ​(​ផ្ទៃដី១០គុណ៣០ម៉ែត្រ​)​ ​ដល់១៤៨,៨៨៨ម៉ឺន​ដុល្លារ​អាមេរិក​ ​(​មានផ្ទៃ​ដី៣៥គុណ៤០ម៉ែត្រ​)​ ​ដែល​តម្លៃ​នេះ​អាស្រ័យ​លើ​ទំហំដី​ ​និង​ទំហំ​ផ្ទះ​និ​មួយ​ៗ​ដែល​មាន​ភាព​ជាក់ស្តែង​នៅក្នុង​បុរី​ ​មាន​ទុក​ផ្ទៃដី​អោយ​ដាំដំណាំ​និង​សួន​បាន​។​ ​ការរចនា​ប្លង់​ខាងក្នុង​បន្ទប់​ ​គឺជា​របៀប​សណ្ឋាគារ​ប៊ូ​ទិ​ក​កំរិត​ផ្កាយ​បួន​។​ ​

​លោក​សាស្រ្តា​ចារ្យ​ទួស​ ​សា​ភឿន​បាន​បន្ត​ថា​ ​គំរោង​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ​មានផ្ទៃ​ដី​ទំហំ​ជាង២០០ហិ​ក​តា​ ​ក្នុង​នោះ​ដំណាក់​កាល​ទី១មាន​ទំហំ៤៥ហិ​ក​តា​ ​និង​ដំណាក់កាល​បន្តបន្ទាប់​ទៀត​មាន​ទំហំ​ដី​ខុស​ៗ​គ្នា​ ​សរុប​ចំនួន៥ដំណាក់កាល​ ​ដែល​គំរោង​​ទាំងមូល​នឹង​បញ្ចប់​ការសាងសង់​រយៈពេល​បី​ឆ្នាំ​ ​ដើម្បី​ឆ្លើយតប​នឹង​ផែនការមេ​របស់​គំរោង​ ​ក៏ដូចជា​ឆ្លើយតប​នឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​អតិថិជន​ ​ដែល​កំពុងតែ​មានការ​កើនឡើង​ ​និង​តម្រូវការ​ខ្ពស់​។​

​ដោយ​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ ​និង​គិត​គូ​ពី​សុខមាលភាព​សង្គម​ ​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​បាន​ឌី​សាញ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​តាម​រចនាបថ​ខ្មែរ​ទំនើប​ ​និង​ជា​លំនៅ​ដ្ឋាន​បែប​ថ្មី​ដែល​ឆ្លើយតប​នឹង​ការប្រែប្រួល​បរិយាកាស​របស់​ផែនដី​ ​ដែល​ចេះតែ​កើន​កំ​ដៅ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​

ហេតុនេះ​ ​ភាព​បៃតង​ជា​ផ្ទៃ​សួន​ ​និង​ខៀវ​ជា​ផ្ទៃ​ទឹក​ ​អាច​កាត់បន្ថយ​កំ​ដៅ​បាន​ ​គឺជា​អ្វី​ដែល​អ្នក​រចនា​ប្លង់​មេ​ ​វិនិយោគ​កំពុង​ផ្តោត​ ​និង​យកចិត្ត​ទុកដាក់​ជា​សំខាន់​ ​ដើម្បី​ធ្វើឲ្យ​ការ​អភិវឌ្ឍ​ ​គម្រោង​នេះ​ ​អោយ​មាន​និរន្តរភាព​ជាមួយ​និង​ការរស់នៅ​ ​និង​ធម្មជាតិ​។​

​អតិថិជន​ចាប់អារម្មណ៍​វិនិយោគ​លើ​គំរោង​នេះ​ ​ឬ​ទិញ​សំរាប់​រស់នៅ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ​097​ ​204​ ​6789​,​ ​092​/​16​ ​91​ ​6789​៕​

ឧកញ៉ា​ សៀ​ ​រិទ្ឋី​ ប្រាប់​វិធី​សាស្ត្រ​វិនិយោគ​ដី​ដើម្បី​ទទួល​បានផល​ចំណេញ​

0

ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​សៀ​ ​រិទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ ​World​ ​Bridge​ ​Group​ ​ដែល​បាន​វិនិយោគ​លើ​អាគារ​ខុន​ដូ​ ​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​បាន​បង្ហើប​ពី​យុទ្ឋ​សាស្រ្ត​ក្នុង​ការ​វិនិយោគ​លើ​ដីធ្លី​ ​ដើម្បី​ទទួល​បានផល​ចំណេញ​ខ្ពស់​។​

​លោក​ឧកញ៉ា​បាន​ថ្លែង​ឲ្យដឹង​នៅ​ពេល​ថ្មី​ៗ​នេះ​ថា​ ​លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​តំបូង​ជា​ ​ក្រុមហ៊ុន​បែប​ ​Logistic​ ​ដែល​បាន​និង​កំពុង​បន្ត​ ​ប៉ុន្តែ​លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ​ពិសេស​ការ​វិនិយោគ​លើ​ដីធ្លី​ ​ដែល​ធ្វើឲ្យ​លោក​ក្លាយជា​អ្នកមាន​ក្នុង​វិស័យ​នេះ​។​ ​

​លោក​បន្ត​ថា​ ​ដើម្បី​ទិញ​ដីធ្លី​ទទួល​បានផល​ចំណេញ​ខ្ពស់​ ​ត្រូវ​ឈរ​លើក​ត្តា​ចំនួន​បី​ ​ទី១​ ​វិនិយោគ​នៅ​តំបន់​ដែល​ស្ថិត​ក្នុង​ ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ ​ទី២​ ​ត្រូវ​ដឹងមុន​គេ​ ​និង​ទិញ​មុន​គំរោង​អភិវឌ្ឍន៍​ចាប់ផ្តើម​ ​ព្រោះ​បើ​ទិញ​នៅ​តំបន់​គេ​ដឹង​គ្រប់គ្នា​ហើយ​ ​យើង​មិន​ទទួល​បានផល​ចំ​ ​ណេញ​ច្រើន​នោះ​ទេ​ ​និង​ទី៣​ ​ទិញ​ដី​ដែល​មិន​មាន​បញ្ហា​ ​ព្រោះ​បើ​ទិញ​កន្លែង​មាន​បញ្ហា​ ​យើង​នឹង​មានរឿង​ឈឺក្បាល​ជាច្រើន​ត្រូវ​ដោះស្រាយ​។​

​នៅពេល​សួរ​ថា​ ​តើ​លោក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី​ ​ឬ​យ៉ាងណា​?​ ​លោក​ឧកញ៉ា​សៀ​ ​រិទ្ឋី​បាន​ថ្លែង​ថា​ ​“​បាទ​ ​ខ្ញុំ​ក្លាយជា​អ្នកមាន​ដោយសារ​ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​”​។​

​លោក​ឧកញ៉ា​សៀ​ ​រិទ្ឋី​បច្ចុប្បន្ន​បាន​និង​កំពុង​ក្លាយជា​អ្នក​វិនិយោគ​អចលនទ្រព្យ​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​ ​ដោយសារ​គំរោង​ ​The​ ​Bridge​,​ ​The​ ​PeAk​ ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ ​និង​មកំ​ពុង​វិនិយោគ​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​មួយទៀត​ឈ្មោះ​ ​The​ ​Palm​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ​ដែល​គម្រោង​ទាំង​បី​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១,០០០ លាន​ដុល្លារ​អាមេរិក​៕​​

ចំណេះដឹង​!​ ​តើ​អ្វី​ជា​អំពើ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​?​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ឬ​ជំនួញ​ផ្សេង​ៗ​ ​តែងតែមាន​ការប្រកួត​ប្រជែង​ដោយ​ខ្វះ​មិនបាន​ឡើយ​។​ ​ការប្រកួត​ប្រជែង​នេះ​ ​មាន​ទាំង​ការប្រកួត​ប្រជែង​ដែល​ប្រកបដោយ​ភាព​ស្មោះត្រង់​ ​និង​មិន​ស្មោះត្រង់​។​ ​តើ​អ្វី​ជា​អំពើ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​?​។​

​យោង​តាម​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ​អំពើ​នៃ​ការប្រកួត​ប្រជែង​ណា​ ​ដែល​ផ្ទុយពី​គោលការណ៍​នៃ​ការអនុវត្ត​ន៍​ទៀងទាត់​ ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​សេវាកម្ម​ ​ត្រូវ​ចាត់ទុកថា​ ​ជា​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​។​

​ទង្វើ​ទាំងឡាយ​ដូច​ខាងក្រោម​ ​ត្រូវ​ចាត់ទុកថា​ ​បាន​បង្កើត​នូវ​អំពើរ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​៖​

​ក​-​ ​ការបង្កើត​ឱ្យ​មានការ​ភាន់​ត​ច្រឡំ​តាមមធ្យោបាយ​ណាមួយ​ ​ជាមួយ​សហគ្រាស​ ​ជាមួយ​ទំនិញ​ ​ឬ​ជាមួយ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ ​ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង​។​

​ខ​-​ ​ការ​ពោលអះអាង​មិន​ត្រឹមត្រូវ​ក្នុង​ពាណិជ្ជកម្ម​ ​ដែល​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ ​សហគ្រាស​ ​ទំនិញ​ ​ឬ​សកម្មភាព​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ ​ឬ​សេវាកម្ម​នៃ​គូប្រកួត​ប្រជែង​។​

​គ​-​ ​ការ​បញ្ជាក់​ ​ឬ​ការ​ពោលអះអាង​ដែល​បាន​ប្រើប្រាស់​នៅក្នុង​ពាណិជ្ជកម្ម​ ​ហើយដែល​អាច​ធ្វើ​ឱ្យ​សាធារណជន​ភាន់ច្រឡំ​ ​អំពី​ប្រភេទ​ដំណើរការ​ផលិត​ ​លក្ខណៈ​ ​ភាព​សមស្រប​ ​សំរាប់​គោលបំណង​របស់​គេ​ ​ឬ​បរិមាណ​នៃ​ទំនិញ​៕​

តើ​ផែនការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​កំពុង​ដើរទៅ​មុខ​យ៉ាងដូច​ម្តេច​?​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រប​ពេល​កំនើ​នប្រ​ជា​សាស្រ្ត​ក្នុង​ទីក្រុង​ ​កំនើ​នយា​នយន្​ត​និង​មធ្យោបាយ​ដឹកជញ្ជូន​នានា​សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំផែនការ​ថ្មី​ ​សម្រាប់​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុងរយៈពេល​វែង​ខាងមុខ​ ​ដើម្បីឲ្យ​រាជធានី​នេះ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ឃួង​ ​ស្រេង​ ​កាលពី​ឆ្នាំមុន​បាន​ដាក់ចេញ​នូវ​ផែនការ​ថ្មី​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ឆ្លើយ​តបទៅនឹង​លំហូរ​ចរាចរណ៍​ ​ទេសចរណ៍​ ​សោភ័ណភាព​ ​និង​ការអភិវឌ្ឍន៍​រីក​ចំរើន​លើ​វិស័យ​នៅ​រាជធានី​ភ្នំពេញ​ ​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​សាធារណៈ​ ​សំណង់​គ្រឹះស្ថាន​ ​អគារ​នានា​ក្នុង​រាជធានី​នេះ​។​ ​គំរោង​នេះ​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ ​និង​សាលាក្រុង​ប៉ារីស​លើ​វិស័យ​នគរូបនីយកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បន្ត​ថា​ ​“​តំបន់​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​គឺជា​ទំហំ​នៃ​ការ​អភិវឌ្ឍ​ធំ​មួយ​ ​ដូច្នេះហើយ​ទើប​សាលាក្រុង​ប៉ារីស​ ​ដែល​ជាទី​ក្រុង​មានបទពិសោធន៍​ ​នៃ​ការរៀបចំ​ទីក្រុង​ឲ្យ​មាន​ភាព​ស្រស់បំព្រង​ចង់​ឲ្យ​តំបន់​នោះ​ ​ក្លាយជា​តំបន់​បៃតង​ ​ដែល​មាន​បរិស្ថាន​ល្អ​”​។​

​អភិបាល​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ឲ្យ​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ ​ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​សេវាកម្ម​សាធារណៈ​ ​សំណង់​គ្រឹះស្ថាន​ ​អគារ​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​ ​នឹង​កំណើនប្រជាជន​ទីក្រុង​ ​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់៣,២៥ភាគរយ​ក្នុង១ឆ្នាំ​ៗ​។​ ​

​យោង​តាម​ទិន្នន័យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​បច្ចុប្បន្ន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​ ​បាន​កើន​ឡើង​​រហូតដល់១,៧លាន​នាក់​ ​គឺ​ប្រមាណ​ជា៥៦ភាគរយ​នៃ​ប្រជាពលរដ្ឋ​ទីក្រុង​ ​ដែល​ជា​អ្នក​ចំណាកស្រុក​ ​ចូល​មក​សិក្សា​និង​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​។​

​តំណាង​សាលាក្រុង​ប៉ារីស​នៃ​សាធារណរដ្ឋ​បារាំង​ ​លោកស្រី​ ​អេ​ឡូ​ឌី​ ​គុយ​អង់​កា​បាន​ថ្លែង​ថា​ ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ ​ដែល​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​ជួបប្រទះ​ ​គឺ​មានការ​ងារ​អាទិភាព​ចំនួន​ពីរ​ត្រូវ​បាន​ដាក់ឲ្យ​សិក្សា​ ​ដូចជា​ទី១​ ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​ ​ដែល​សព្វថ្ងៃ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ​និង​ទី២​ ​ការ​ពង្រឹង​ការ​រំដោះ​និង​ការគ្រប់គ្រង​ច្រាំង​មាត់ទន្លេ​សាប​ ​ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។​

​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​ ​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​កណ្តាល​បាន​ថ្លែង​ថា​ ​នៅក្នុង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្តកណ្តាល​ ​និង​រាជធានី​ភ្នំពេញ​ ​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​ ​ព្រោះ​ប្លង់​គោល​ផ្តោត​សំខាន់​លើ​បញ្ហា​ផ្លូវ​ ​និង​ផែនការ​ប្រើប្រាស់​ដី​ ​ប៉ុន្តែ​ផែនការ​លំអិត​មិនទាន់​បាន​ធ្វើ​នៅឡើយ​ទេ​ ​ហេតុនេះ​វា​ទាមទារ​ឲ្យ​មានការ​សិក្សា​លំអិត​បន្ថែម​ទៀត​ ​នៅ​តាម​បណ្តា​ស្រុក​ ​ឬ​ក្រុង​និ​មួយ​ៗ​ ​ទៅតាម​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ​។​

​លោក​បន្ត​ថា​ ​“​អ្វី​សំខាន់​តើ​ដី​និ​មួយ​ៗ​មានការ​ចុះ​បញ្ជី​រ​ ​ប្រើប្រាស់​ដីធ្លី​បាន​ត្រឹមត្រូវ​ឬ​យ៉ាងណា​ ​និង​ចុះ​ជា​ប្រព័​ន្ឋ​យ៉ាងដូច​ម្តេច​ ​ដើម្បី​យើង​ដឹង​ប្រាកដ​ថា​តំបន់​នោះ​គួរ​ប្រើប្រាស់​ក្នុង​លក្ខខ័ណ្ឌ​អ្វី​ ​និង​គួរ​រៀបចំ​ទំហំ​ផ្លូវ​បែប​ណា​ ​ដើម្បី​មាន​ភាព​សមស្រប​នឹង​កំនើ​នប្រ​ជា​សាស្រ្ត​ ​និង​យានយន្ត​”​។​

​លោក​ម៉េ​ត​ ​មាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ថា​ ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​កំពុង​ដើរតាម​ផែនការមេ​ ​នៃ​ប្លង់​គោល​អភិវឌ្ឍន៍​ក្រុង​ឆ្នាំ២០១៥​ ​២០៣០​ ​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​ ​ហេតុនេះ​គំរោង​វិនិយោគ​នានា​ទាំង​របស់​រដ្ឋាភិបាល​ ​និង​របស់​វិស័យ​ឯកជន​ត្រូវតែ​ដើរតាម​ផែនការមេ​ ​ដែល​បាន​ដាក់ចេញ​ ​ជាក់ស្តែង​នៅ​ភាគ​ខាងត្បូង​រាជធានី​ ​គឺ​បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​កំពុងធ្វើការ​សហការ​ជាមួយ​អ្នកជំនាញ​បារាំង​ ​ដើម្បី​សិក្សា​ពី​លំហូរ​ចរាចរណ៍​ ​ពី​ការរៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​ដើម្បី​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​តំបន់​នេះ​ធ្វើឡើង​ប្រកបដោយ​ចីរភាព​ ​និង​ឆ្លើយ​ត​បកំនើ​នរី​ក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​នេះ​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ទទួល​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន២៥លាន​ដុល្លារ​ ​ដើម្បី​ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ ​ដើម្បី​ធ្វើឲ្យ​តំបន់​នេះ​មាន​ភាព​បៃតង​ ​និង​ជៀង​វាង​បាន​ពី​ការ​បំពុល​ដោយ​ទឹក​កខ្វក់​នា​ពេល​អនាគត​៕​

កម្ពុជា​ចាប់​ផ្តើម​ចាប់់​យក​ទីផ្សារ​ទេសចរណ៍​ទៅកាន់​បណ្តា​ប្រទេស​មជ្ឈឹ​មបូព៍ា​ និង​បណ្តា​ប្រទេស​មូស្លឹម​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ កម្ពុជា​បា​និង​កំពុងតែ​ជំរុញ​ការ​ផ្សព្វផ្សាយ​ ទេសចរណ៍​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​បណ្តា​ប្រទេស​មជ្ឈឹ​មបូព៍ា​ និង​បណ្តាល​ប្រទេស​មូស្លឹម​ តាមរយៈ​ការចូលរួម​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ Arabian​ Travel​ Market​ (ATM​ 2019​) នៅ​ទី​ក្រុង​ឌូ​បៃ​ សហភាព​អារ៉ាប់រួម​។

លោក​ កា​ទើ​ មហាំ​ម៉ា​ត់​ណោ​សស្រ៊ី​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ចាប់ពី​ថ្ងៃទី​ ២៨​ ខែមេសា​ ដល់​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៩បាន​ឱ្យ​ដឹង​ថា​ ព្រឹត្តិការ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ATM​ 2019​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ១៩៩៤​ ដែល​កាលនោះ​ទីតាំង​មាន​ទំហំ​តែ២.០០០ម៉ែត្រការ៉េ​ និង​មាន​អ្នកទស្សនា​ចំនួន​ប្រហែល៧.០០០នាក់​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ដោយឡែក​ព្រឹត្តិ​ការណ៍​ឆ្នាំ២០១៩នេះ​ មាន​ទីតាំង​ទំហំ​រហូតដល់២៦.០០០ម៉ែត្រការ៉េ​ មានការ​ចូលរួម​ជាង១៥០ប្រទេស​ និង​ជាង៩០០​ នៃ​ភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​ ពាណិជ្ជកម្ម​ អ្នកសារព័ត៌មាន​ និង​អ្នកទស្សនា​ជាង​ ២៨០០០​ នាក់​ ព្រមទាំង​អ្នកលក់​ជាង​ ២៥០០ក្រុមហ៊ុន​ អ្នកទិញ​ដ៏​មាន​សក្តា​នុ​ពល​ និង​អ្នកជំនាញ​មក​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិនានា​ ធ្វើ​បទ​បង្ហាញ​ស្តី​ពីៈ​ វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ និន្នាការ​នៃ​ការ​ធ្វើដំណើរ​ថ្មី​ ទេសចរណ៍​បែប​បច្ចេកវិទ្យា​ (Travel​ Tech​ Show​) និង​វេទិកា​ទេសចរណ៍​រវាង​សហភាព​ អារ៉ាប់​ជាមួយ​ចិន​ (Arabia​ China​ Tourism​ Forum​)ផង​ដែរ​។

លោក​បន្ថែម​ថា​ ATM​2019​ គឺជា​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​ដ៏​ធំ​សម្រាប់​ទីផ្សារ​ទេស​ចរ​ណ៍​មជ្ឈឹ​មបូព៌ា​ ដែល​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​ “កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ ផ្តល់​ភាព​កក់ក្តៅ​” និង​ផ្សព្វផ្សាយ​វេទិកា​ទេសចរណ៍​អាស៊ាន​ (ATF​ 2021​) ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ ព្រមទាំង​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍​ វិ​និ​យោ​គគិន​ និង​ភ្ញៀវ​ទេសចរ​ពីទី​ផ្សា​រម​ជ្ឈឹម​បូព៌ា​ ជាពិសេស​ទេសចរ​អារ៉ាប់រួម​ មក​ទស្សនា​ និង​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។

តាមរយៈ​ព្រឹត្តិ​ការណ៍​ ATM​ 2019​ នេះ​ ជា​កាលានុវត្ត​ភាព​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ចាប់​យក​ចំណែក​ទីផ្សារ​ ភ្ញៀវ​ទេសចរណ៍​បណ្តា​ប្រទេស​មជ្ឈឹ​មបូព៌ា​ និង​បណ្តា​ប្រទេស​មូស្លីម​ ហើយ​យើង​សង្ឃឹមថា​ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​មក​ពីទី​ផ្សា​រម​ជ្ឈឹម​បូព៌ា​ និង​មូស្លឹម​កាន់តែ​ច្រើន​ថែមទៀត​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ីវ​លី​នបាន​មានប្រសាសន៍​ថា​ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មានការ​ផ្សព្វផ្សាយ​ច្រើន​ពី​វិស័យ​ទេសចរណ៍​ទៅ​កាន់​មជ្ឈឹ​មបូព៍ា​នេះ​ តែ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​តិចតួច​ ពោល​គឺ​ទាក់ទាញ​បានតែ​ភ្ញៀវ​រាយ​មិនមែន​ភ្ញៀវ​ដុំ​នោះ​ទេ​ ដោយសារតែ​ប្រទេស​កម្ពុជា​មានការ​ឆ្លើយតប​ មិនទាន់​គ្រប់គ្រាន់​ទៅ​នឹង​សំណូមពរ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​នៅឡើយ​។

លោកស្រី​បន្ត​ថា​ សំណូមពរ​ពី​ភ្ញៀវ​ទេសចរណ៍​ មក​ពី​មជ្ឈឹ​មបូព៌ា​តម្រូវ​ឱ្យ​មាន​ស្ត​ងដារ​ខ្ពស់​ តា​រយៈ​ម្ហូបអាហារ​ ការ​ធ្វើដំណើរ​ និង​ការ​ទទួល​ពួកគេ​ តែ​សម្រាប់​ស្នាក់នៅ​មិនជា​បញ្ហា​អ្វី​នោះ​ទេ​ ។

លោកស្រី​បញ្ជាក់​ថា​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​និង​កំពុង​គិតគូរ​ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​នេះ​ តែ​ខាង​ឯកជន​មិនទាន់​បាន​ត្រៀមខ្លួន​រៀបចំ​រួចរាល់​ ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរណ៍​ទាំងនោះ​ ដែល​ទាមទារ​ឱ្យ​មានការ​ជជែក​ពិភាក្សា​ ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​ការ​ដាក់ចេញ​នូវ​វិធានការ​ជាក់​លក្ខណា​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ពី​មជ្ឈឹ​មបូព៌ា​មាន​សក្តា​នុ​ពល​ និង​មាន​លុយ​ច្រើន​ក្នុង​ការ​មកលេង​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​៕

ស្រុក​ចំនួន៦​ ​ក្នុង​ខេត្តកណ្តាល​កំពុង​ទាក់ទាញ​ការ​វិនិយោគ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រុក​ចំនួន៦​ ​ក្នុ​ខេត្តកណ្តាល​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ ​ខណៈ​មន្រ្តី​ជំនាញ​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំ​ប្លង់​គោល​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

​ស្រុក​ចំនួន៦​ ​នោះ​រួមមាន​ស្រុក​កៀនស្វាយ​ ​ស្រុក​ល្វាឯម​ ​ស្រុក​ពញ្ញា​ឮ​ ​និង​ស្រុក​អង្គ​ស្នូល​ ​និង​ស្រុក​មុខកំពូល​ ​ជា​បណ្តា​ស្រុក​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។​ ​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​សម្រាប់​ដី​នៅ​តាម​បណ្តា​ស្រុក​ទាំងនោះ​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ដែល​អាច​ផ្តល់​ឱកាស​យ៉ាង​ល្អ​ប្រសើរ​ទៅ​ដល់​បណ្តា​អ្នក​វិនិយោគ​នានា​ ​ទាំង​ការទិញ​-​លក់​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​លើ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​។​ ​ដ្បិត​ដី​នៅ​តំបន់​នេះ​ ​មាន​វិសាលភាព​ធំ​ទូលាយ​ ​តម្លៃ​នៅ​មានកម្រិត​ ​ជាពិសេស​មាន​អំណោយផល​ពី​ធម្មជាតិ​ ​ដូចជា​ ​មាន​ដងទន្លេ​នៅអម​ជាមួយ​ដែល​ផ្តល់​បរិយាកាស​រស់នៅ​យ៉ាង​គាប់ប្រសើរ​ ​មាន​ស្ពាន​ដែល​នឹង​តភ្ជាប់​ពី​តំបន់​ក្តី​តា​កុយ​ទៅ​អរិយក្សត្រ​ ​។​

​លោក​បន្ត​ថា​ ​តំបន់​នៃ​ស្រុក​ទាំងនោះ​ ​មាន​សក្តា​នុ​ពល​ដោយសារ​តំបន់​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​ធំ​ ​កំពង់ផែ​លំដាប់​អន្តរជាតិ​ ​និង​មាន​សក្តា​នុ​ពល​ផ្នែក​ភូមិ​សា​ស្រ្​ត​ខុស​ៗ​គ្នា​ជាច្រើន​ទៀត​”​។​

​ទាក់ទង​តម្លៃ​ដីធ្លី​វិញ​ ​លោក​សុ​ខ​នី​ម​បាន​ឲ្យដឹង​ថា​ ​ចំពោះ​តម្លៃ​ដី​វិញ​ ​បច្ចុប្បន្ន​នេះ​វា​អាស្រ័យ​ទៅតាម​ទី​តំបន់​ ​និង​ទំហំ​ធំ​ ​ឬ​តូច​។​ ​ចំពោះ​ដី​ដែល​មាន​ទំហំ​តូច​ ​និង​ស្ថិតនៅ​ទីប្រជុំជន​ ​ឬ​តំបន់​លំនៅ​ដ្ឋាន​ក្បែរផ្លូវ​ជាតិ១​ ​គឺ​អាច​មានតម្លៃ​ចាប់៣00ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​ចាប់ពី5ហិ​ក​តា​ឡើង​ទៅ​ ​អាច​មានតម្លៃ​ប្រមាណ​៧០​ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​។​ ​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​បណ្តា​​ស្រុក​នានា​ស្ថិតនៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ជា​ស្វ័យប្រវត្តិ​នឹង​ទទួល​ឥទ្ឋិ​ពល​នៃ​ការ​វិនិយោគ​ ​និង​ការ​រីកចម្រើន​ពី​រាជធានី​ជា​រឿង​ធម្មតា​ ​ជាក់ស្តែង​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​គឺ​ការ​អភិវឌ្ឍ​បាន​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កំពង់ស្ពឺ​ ​ផ្លូវជាតិ​លេខ៥​ ​នឹង​រីកចម្រើន​ដល់​តំបន់​ស្ពាន​ព្រែក​ក្តាម​ ​ផ្លូវជាតិ​លេខ១​ ​នឹង​មានការ​អភិវឌ្ឍ​រោងចក្រ​ ​ឧស្សាហកម្ម​ ​និង​លំនៅ​ដ្ឋាន​ដល់​តំបន់​អ្នកលឿង​ ​ផ្លូវជាតិ​លេខ៣​ ​នឹង​រីកចម្រើន​ដល់​តំបន់​អង្គតាសោម​នា​ពេល​អនាគត​។​

​លោក​បន្ត​ថា​ ​“​ដរាបណា​ប្រទេស​កម្ពុជា​នៅតែ​មាន​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំនើន​សេដ្ឋកិច្ច​ល្អ​បែបនេះ​ ​រដ្ឋាភិបាល​នឹង​មាន​លទ្ឋ​ភាព​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​ហើយ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នឹង​បន្ត​កើនឡើង​”​។​

លោក​បន្ត​ថា​ ​“​នៅពេល​ណា​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើ​ឡើង​ ​គួបផ្សំ​នឹង​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​នឹង​ធ្វើឲ្យ​វិស័យ​នេះ​មាន​តម្រូវការ​កើនឡើង​ជា​ស្វ័យប្រវត្តិ​”​។​

​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ថា​ ​តាម​រយៈ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ​និង​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ ​បច្ចុប្បន្ន​មន្ទីរ​ជំនាញ​បាន​និង​កំពុង​រៀបចំ​ប្លង់​គោល​នៅ​តាម​បណ្តា​ស្រុក​ទាំងអស់​ក្នុង​ខេត្តកណ្តាល​ ​ដើម្បី​ឆ្លើយតប​នឹង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ​ក៏ដូចជា​ឆ្លើយតប​នឹង​បញ្ហា​ស្មុគ្រ​ស្មាញ​ផ្នែក​នគរូបនីយកម្ម​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​លំអិត​ ​ជា​ការធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ភាព​ ​ពិសេស​ជា​ការបែងចែក​តំបន់​ប្រើប្រាស់​ដីធ្លី​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្បាស់លាស់​”​៕​