ស្វែងយល់​ពី​ចំណុច​ទាំង៤នេះ​ ​ដើម្បី​ទិញ​ដី​បាន​ចំណេញ​លឿន​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការទិញ​ដី​ដើម្បី​ទទួល​បានផល​ចំណេញ​ ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ​តែ​ក៏​មិន​លំបាក​រហូត​មក​អាច​ធ្វើ​បានទេ​ ​ហេតុនេះ​ការសិក្សា​លើ​ចំណុច​ទាំង៤ខាងក្រោម​នេះ​ ​នឹង​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​នូវ​មូលដ្ឋាន​ជាច្រើន​ ​ដើម្បី​វិភាគ​មុន​ធ្វើការ​សម្រេចចិត្ត​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​ជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​យិន​ ​លាង​គង់​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ការ​វិនិយោគ​លើ​អ្វីមួយ​សុទ្ឋ​តែ​មាន​ហានិភ័យ​ ​ប៉ុន្តែ​ការ​វិនិយោគ​ដោយ​ប្រើប្រាស់​ចំណេះដឹង​ ​ជា​មូលដ្ឋាន​ ​និង​ព៌​ត​មាន​គ្រប់ជ្រុងជ្រោយ​ពិតជា​អាច​កាត់បន្ថយ​ហានិភ័យ​បាន​។​ ​តើ​ការ​វិនិយោគ​បែប​ណា​អាច​កាត់បន្ថយ​ហានិភ័យ​?​។​

​ទិញ​ដីធ្លី​នៅ​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន​

​អចលនទ្រព្យ​ឡើងថ្លៃ​ ​ពិតជា​អាស្រ័យ​លើក​ត្តា​ប្រជា​សាស្រ្ត​ ​ព្រោះ​ការ​ឡើងថ្លៃ​ដីធ្លី​ ​ឬ​អចលនទ្រព្យ​ដទៃ​ពិតជា​ទាក់ទង​នឹង​ចរន្ត​មនុស្ស​។​ ​នៅ​ទីណា​មាន​មនុស្ស​រស់នៅ​ច្រើន​ទីនោះ​នឹង​មាន​សកម្មភាព​អាជីវកម្ម​ច្រើន​ ​ធ្វើឲ្យ​ចរន្ត​សេដ្ឋកិច្ច​តំបន់​នោះ​រីកចម្រើន​។​

​គេ​មិន​អាច​ទៅ​ទិញ​ដី​កណ្តាល​ព្រៃ​ ​ដែល​គ្មាន​មនុស្ស​រស់នៅ​ដើម្បីឲ្យ​តម្លៃ​ដី​កើនឡើង​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​នោះ​ទេ​។​

​ឧស្សាហ៍​អាន​ព័ត៌មាន​ ​

​នៅពេល​យើង​អាន​ព័ត៌មាន​ច្រើន​ ​យើង​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន​ពី​ការអភិវឌ្ឍន៍​ ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​កសាង​ផ្លូវ​ ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ឬ​គំរោង​អ​ភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល​ជាច្រើន​ទៀត​។​ ​នៅពេល​យើង​មានចំណេះ​ដឹង​ ​មាន​ព័ត៌មាន​ក្នុង​ដៃ​គ្រប់គ្រាន់​ហើយ​ ​មូលដ្ឋាន​នៃ​ការសម្រេច​ចិត្ត​របស់​យើង​ ​គឺ​មាន​ភាព​ត្រឹមត្រូវ​ជាជាង​ការ​វិនិយោគ​ដោយ​ប្រថុយប្រថាន​ ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។​

​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​ ​ប្រកបដោយ​ក្រមសីលធម៌​ ​ពិតជា​មូលដ្ឋាន​សំខាន់​ ​ដែល​អ្នក​វិនិយោគ​ត្រូវ​អាន​ ​ដើម្បី​យក​មក​ធ្វើជា​មូលដ្ឋាន​សំរាប់​ពិចារណា​ឲ្យបាន​គ្រប់​ជ្រុង​ ​ជ្រោយ​មុន​សម្រេចចិត្ត​ទិញ​ដី​នៅ​តំបន់​ណាមួយ​។​

​ឧទាហរណ៍​នៅ​តំបន់​ផ្លូវជាតិ​លេខ៥៥​ ​ពីមុន​ដី​នៅ​តំបន់​នោះ​គ្មាន​ហាងឆេង​ ​និង​គ្មាន​អ្នកចាប់​អារម្មណ៍​ទេ​ ​ប៉ុន្តែ​ក្រោយពេល​សាងសង់​ផ្លូច​រួច​ ​ដី​នៅ​តាម​តំបន់​នោះ​បាន​ឡើងថ្លៃ​យ៉ាង​គំហុក​ ​ហេតុនេះ​បើ​យើ​ងនឹងព៌​ត​មាន​ពី​ការសាងសង់​ផ្លូវ​ ​ហើយ​យើង​ទិញ​នៅពេល​ផ្លូវ​ចាប់ផ្តើម​សាងសង់​ ​ច្បាស់​ណាស់​យើង​នឹង​រក​ផល​ចំណេញ​បាន​លឿន​ ​និង​បាន​ឆាប់រហ័ស​។​

​តាមដាន​គោលនយោបាយ​របស់​រដ្ឋាភិបាល​

​រដ្ឋាភិបាល​តែងតែមាន​ចេញ​គោលនយោបាយ​ជាបន្តបន្ទាប់​ ​រៀងរាល់​ ​៣ទៅ​ ​៥ឆ្នាំ​ម្តង​ ​ដើម្បី​រៀបចំផែនការ​អភិវឌ្ឍន៍​ប្រទេស​ ​ហេតុនេះ​បើសិនជា​យើង​តាមដាន​ដឹងពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ជាមុន​ ​យើង​មានឱកាស​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​របស់​ខ្លួន​។​

​ឧទាហរណ៍​ជាក់ស្តែង​ ​កាលពី​ខែតុលា​ឆ្នាំ២០១៥​ ​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​អ​ភិ​វ​ឌ្ឈ​ន៍​ ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដោយ​ក្នុង​គោលនយោបាយ​នោះ​ ​រដ្ឋាភិបាល​បាន​ជ្រើសរើស​យក​ទីក្រុង២​ ​និង​ខេត្ត១ជា​តំបន់​សំរាប់​អ​ភិ​វ​ឌ្ឈ​ន៍​វិស័យ​ឧស្សាហកម្ម​ជាពិសេស​។​ ​ខេត្ត​នោះ​រួមមាន​ ​ខេត្ត​ព្រះសីហនុ​ ​ក្រុង​ប៉ោយប៉ែត​ ​និង​ក្រុង​បាវិត​។​

​ជាល​ទ្ឋ​ផល​ក្រុង​ព្រះសីហនុ​ ​ក្រុង​បាវិត​ ​និង​ក្រុង​ប៉ោយប៉ែត​ ​កំពុង​មានការ​រីកចម្រើន​និង​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ចូល​ទៅ​វិនិយោគ​យ៉ាងច្រើន​ ​ដែល​ធ្វើឲ្យ​គ្រប់គ្នា​ស្ទើរ​មិន​នឹង​ស្មាន​ដល់​។​

​ហេតុនេះ​ការ​តាមដាន​ ​ការ​អា​នព៌​ត​មាន​តាម​ទូរទស្សន៍​ ​វេ​ប​សាយ​ ​កាសែត​ ​ពិតជា​មាន​សារៈសំខាន់​ ​ដែល​អ្នក​វិនិយោគ​គ្រប់គ្នា​ត្រូវតែ​ដឹង​ ​ត្រូវតែ​អាន​ ​ដើម្បី​ដឹងពី​ផែនការ​ ​ដឹងពី​ដំណើរ​នៃ​ការ​អ​ភិ​វ​ឌ្ឈ​ន៍​ប្រទេសជាតិ​។​

​សិក្សា​កត្តា​ផ្លូវច្បាប់​​

​ទិដ្ឋភាព​និង​មូលដ្ឋាន​ច្បាប់​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​វា​ជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់​ ​ដែល​អ្នក​វិនិយោគ​ជាតិ​ ​ពិសេស​អ្នក​វិនិយោគ​អន្តរជាតិ​តែងតែ​សិក្សា​មុនគេ​ ​មុន​ចូល​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ​។​ ​ច្បាប់​ពន្ឋ​លើ​ប្រាក់​ចំណេញ​ ​ច្បាប់​វិនិយោគ​ ​ច្បាប់​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នានា​ ​សុទ្ឋ​តែ​ជា​កត្តា​សំខាន់​នៅក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​ឧទាហរណ៍​ ​ច្បាប់​វិនិយោគ​កម្ពុជា​បាន​អនុញ្ញាត​ ​ឲ្យ​ជនបរទេស​អាច​បណ្តាក់​ទុន​រកស៊ី១០០ភាគរយ​នៅ​កម្ពុជា​បាន​ ​ដោយ​មិន​ចាំបាច់​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​។​ ​ច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត​ ​ដែល​បាន​និង​កំពុង​ធ្វើឲ្យ​កម្ពុជា​ឈានឡើង​ ​និង​មានការ​រីកចម្រើន​យ៉ាង​លឿន​ហើយ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន​ ​ជាមធ្យម៧,៧ភាគរយ​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​មូលដ្ឋាន​ទាំងនេះ​ ​គឺ​នៅតែ​ឈរ​លើក​ត្តា​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​ស្ថេរ​ភាព​សង្គម​ ​និង​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​ ​ព្រោះ​បើ​ប្រទេសជាតិ​គ្មាន​ចំណុច​ប៉ុន្មាន​នេះ​ទេ​ ​តម្លៃ​អចលនទ្រព្យ​ ​និង​ការ​វិនិយោគ​ក៏​មិន​អាច​កើនឡើង​បាន​ដែរ​៕​

ដំណឹងល្អ​!​ ​កម្ពុជា​ទទួល​ថាមពល​អគ្គិសនី២០មេ​ហ្គា​វ៉ាត់​ថ្មីទៀត​ ​ពី​រោងចក្រអគ្គិសនី​ដើរ​​ដោយ​ពន្លឺ​ព្រះអាទិត្យ​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​កម្ពុជា​បាន​ទទួល​នូវ​ប្រភព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​ ​ពី​រោងចក្រអគ្គិសនី​ដើរ​ដោយ​ប្រព័ន្ធ​សូ​ឡា​ដែល​មាន​ទំហំ​ ​២០មេ​ហ្គា​វ៉ាត់​ ​ដែល​ជា​ការ​ជួយ​បំពេញ​កង្វះខាត​ថាមពល​អគ្គិសនី​បច្ចុប្បន្ន​ ​ខណៈ​ដែល​នៅ​រដូវប្រាំង​ឆ្នាំ២០១៩​ ​អាច​នឹង​បន្ត​អូស​បន្លាយ​រយៈពេល​យូរ​ទៅទៀត​។​

​បើ​តាម​ការ​សន្និដ្ឋាន​របស់​គណៈប្រតិភូ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​គណៈប្រតិភូ​អគ្គិសនី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី៤​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ ​ដែល​បាន​ចុះទៅ​ពិនិត្យ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​មាន​ទីតាំងនៅ​ត្មាត​ពង​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​បន្ទាប់ពី​បាន​ធ្វើតេស្ត​សាកល្បង​បញ្ជូន​អគ្គិសនី​ ​ចូល​ប្រព័ន្ធ​បណ្តាញ​ជាតិ​បាន​ដោយ​សុវត្ថិភាព​ ​និង​ជោគជ័យ​ ​អ្នក​បច្ចេកទេស​ ​បាន​បង្ហាញ​ជំនឿ​ជាក់​ថា​ ​ពួកគេ​នឹងអាច​ដាក់បញ្ចូល​អគ្គិសនី​ចូល​ប្រព័ន្ធ​បណ្តាញ​ជាតិ​ ​បាន​ចំនួន២០មេ​ហ្កា​វ៉ាត់​ទាំងស្រុង​តែម្តង​ ​នៅ​ដំណាក់កាល​ទី១​ ​នៅ​ថ្ងៃទី៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នេះ​។​

​យោង​តាម​សេចក្ដីប្រកាស​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​កាល​ថ្ងៃទី១៨​ ​មិនា​កន្លងមក​បាន​ឲ្យដឹង​ថា​ ​បញ្ហា​ខ្វះខាត​ថាមពល​អគ្គិសនី​ ​សម្រាប់​ផ្គត់ផ្គង់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បញ្ហា​ចម្បង​ ​បណ្តាល​មក​ពីក​ត្តា​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ​និង​ការ​ខ្វះ​ទឹក​ខុស​ប្រក្រតី​ធ្វើ​ឱ្យ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ២០១៩​ ​មានការ​កើនឡើង​យ៉ាង​គំហុក​លើស​ពី​ការ​រំពឹង​ទុក​។​ ​ដោយឡែក​ការ​ខ្វះខាត​ទឹក​នេះ​ ​បាន​ធ្វើ​ឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​ចេញ​វារីអគ្គិសនី​ថយ​ចុះ​ ​មិន​អាច​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ​បាន​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុងរដូវ​ប្រាំង​នោះ​ឡើយ​។​ ​

​ជា​ដំណោះស្រាយ​បញ្ហា​នេះ​ ​អគ្គិសនី​កម្ពុជា​បាន​ទាក់ទង​ប្រទេសជិតខាង​ឱ្យ​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា​។​ ​ជា​លទ្ធផល​ ​ប្រទេស​ថៃ​បាន​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម​ ​៨០MW​ ​ប្រទេស​ឡាវ​បន្ថែម​ ​១០WM​ ​និង​ប្រទេស​វៀតណាម​បាន​ជួយ​រក្សា​ការ​ផ្គត់ផ្គង់​ឱ្យ​នៅ​ដដែល​ ​ទោះបីជា​ភាគ​ខាងត្បូង​ ​នៃ​ប្រទេស​វៀតណាម​កំពុង​ជួប​បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​ដូចគ្នា​។​ ​

​សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​បន្ត​ថា​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​កម្ពុជា​នៅតែ​ខ្វះខាត​ថាមពល​ប្រមាណ១៣​%​ ​ដែល​តម្រូវ​ឱ្យ​អគ្គិសនី​កម្ពុជា​ធ្វើការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ខ្លះ​រហូត​រដូវវស្សា​ចូល​មកដល់​ ​ដោយ​ការ​បន្ថយ​ការ​ផ្គត់ផ្គង់​នេះ​ ​ត្រូវ​ធ្វើ​ឡើង​នៅពេល​ថ្ងៃ​ ​និង​តាម​កន្លែង​ឆ្លាស់គ្នា​ ​ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​ពេលយប់​ ​ដែល​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​ជាចាំបាច់​ប្រចាំថ្ងៃ​។​ ​

​ជាមួយនឹង​ការ​ខិតខំ​ស្វះស្វែង​រក​ប្រភព​បំពេញបន្ថែម​ ​នូវ​ថាមពល​អគ្គិសនី​នា​ពេលនេះ​ ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កំពុងតែ​រៀប​ចំផែនការ​ ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ ​រួមមាន​ ​វារីអគ្គិសនី​ ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ​និង​ប្រភព​ផ្សេង​ៗ​ទៀត​ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ជាដើម​។​ ​ដូច្នេះ​ទាំងអស់​នេះ​ ​ជា​សេចក្ដីប្រកាស​របស់​អគ្គិសនី​កម្ពុជា​ជូន​ប្រជាជន​កម្ពុជា​ ​ដែល​កំពុងតែ​ជួប​ភាព​លំបាក​ ​ក្នុង​ការប្រើ​ប្រាស់​អគ្គិសនី​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​៕​

Naga Corp គ្រោងវិនិយោគទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារសង់ Naga World3 នៅក្រុងភ្នំពេញ

0

ដោយ ណែត និងវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp Ltd គ្រោងសម្រេចបោះទុនប្រមាណ ៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ សណ្ឋាគារនិងកាស៊ីណូ Naga World3 ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយកាលពីថ្ងៃទី ៣ ខែមេសា ម្សិលមិញនេះ បានឲ្យ ដឹង​ថា អគារណាហ្គាទី៣នេះ នឹងត្រូវសាងសង់នៅលើទំហំដី១៦,៨៣៧ ម៉ែត្រការ៉េ ដែលនឹងផ្តល់ទាំងការកម្សាន្ត និងការ​លេងល្បែងលំដាប់ពិភពលោក និងសេវាកម្មកំសាន្តផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន Naga Corp Ltd ដែលមានឈ្មោះនៅក្នុងទីក្រុងហុងកុងមួយនេះបានទទួលអាជ្ញាប័ណ្ណតែ ១គត់ ដើម្បីបើក​ដំណើរ​ការបើកកាស៊ីណូនៅក្នុងទីក្រុងភ្នំពេញ និងនៅតំបន់ជុំវិញ។

ក្រុមហ៊ុនហ៊ុននេះបានចាប់ផ្តើមដំណើរការរកស៊ីរបស់ខ្លួន ដោយបានសាងសង់អគ្គារណាហ្គាទី១ ហើយបានសម្ពោធ​ដាក់​ឲ្យ​ដំណើរការជាផ្លូវការកាលពីឆ្នាំ ២០០៦ ។ អគារនេះនៅជិតអគ្គាណាហ្គាទី២ ដែលត្រូវបានពង្រីកកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងមកនេះ។ អគារណាហ្គាទី ១ និងអគ្គារណាហ្គាទី ២ ដែលនៅជ្រុងម្ខាងម្នាក់ ត្រូវបានភ្ញាប់ដោយផ្សារ​ទំនើប​ក្រោមដី ហើយត្រូវបានគេស្គាល់ថា NagaCity Walk។

មានប្រសាសន៍នៅក្នុងពិធីដាក់ពាក្យក្នុងផ្សារភាគហ៊ុន នៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃពុធ តំណាងក្រុមហ៊ុន ៤៧២០បន្ទប់ ដោយបានបែកចែកជា ៤អាគារ ដែលរួមមានកាស៊ីណូ សណ្ឋាគារ និងខុនដូ រួមជាមួយនឹងកន្លែងកម្សាន្តចម្រុះ​ជាច្រើនផង​ដែរ។ អគារណាហ្គាទី៣នេះ នឹងត្រូវសាងសង់នៅក្បែរអគារណាហ្គាទាំងពីរ ដែលដោយភ្ជាប់ទៅហ្នឹងផ្សារក្រោមដី NagaCity Walk។

ទីតាំងគំរោង Naga World3 ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ពោលគឺមានទីតាំងនៅខាង​ក្រោយ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ឋសភានិងអធិការកិច្ច (ស្ថិតនៅខាងក្រោយអាគារបូឌីញស) ។

ក្រោមអាជ្ញាប័ណ្ណកាស៊ីណូផ្តាច់មុខរបស់ក្រុមហ៊ុនណាហ្គាខប ក្រុមហ៊ុននេះមិនមានការរឹតបន្តឹងលើចំនួន នៃការលេងល្បែង​អេឡិចត្រូនិក (EGMs) និងទីលានហ្គេមទេ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនមានតួនាទីបន្ថែមតុល្បែងចំនួន ៨០០ និង​មាស៊ីន EGMs ចំនួន2 500 នៅក្នុងអគារ Naga3 ។ ការពង្រីកបន្ថែមថ្មីនេះ ក៏មានបំពាក់នូវសួនឌីជីថលក្នុង​បន្ទប់និង​កន្លែង​សម្រាប់ប្រជុំ និងកន្លែងកម្សាន្តផងដែរ។

សេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនកាស៊ីណូនេះបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជា​បាន​​ផ្តល់ការយល់ព្រម ជាគោលការណ៍សម្រាប់គម្រោងអគ្គារណាហ្គាទី៣នេះរួចហើយ ព្រមទាំងបានផ្តល់លិខិត​អនុញ្ញាត​សម្រាប់ការសាងសង់រួចផងដែរ លើលក្ខខណ្ឌអំណោយផល រួមទាំងដីសម្រាប់ការសាងសង់”។

នៅក្នុងឯកសារចុងក្រោយ Naga Corp បានឱ្យដឹងថា ក្រុមហ៊ុនមិនទាន់កំណត់តម្លៃសរុបនៃការអភិវឌ្ឍនៃគម្រោង​អគារ​ណាហ្គា៣ទេ ដោយខ្លួនកំពុងពិចារណាពីជម្រើសផ្សេងៗ ដើម្បីផ្តល់ថវិកាសម្រាប់ការអភិវឌ្ឍផ្នែកបន្ថែមថ្មី រួមទាំងថវិកា​ប្រហែល៥០ភាគរយនៃតម្លៃសរុបនៃការអភិវឌ្ឍ ដែលផ្តល់ដោយភាគទុនិករបស់ក្រុមហ៊ុន៕

អ្នកជំនាញ​ថា​តំបន់​ខាង​ជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​កំពុង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ តំបន់​ខាង​ជើង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​សែនសុខ​ នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​អ្នកជំនាញ​ និង​វិនិយោគ​ក្នុង​វិស័យ​នេះ​អះអាង​ថា​ កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ខណៈ​ដែល​វិស័យ​សំណង់​នៅ​តំបន់​នេះ​ក៏​កំពុង​មាន​ភាព​រីកចម្រើន​យ៉ាង​គំហុក​។

នាយិកា​ក្រុមហ៊ុន​ Amatak​ Property​ Service​ លោកស្រី​ តាំង​ ហួរ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៤​ មេសា​នេះ​ នៅក្នុងចំណោម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ ខណ្ឌ​សែនសុខ​ បាន​និង​កំពុង​បង្ហាញ​ពី​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​ ជាពិសេស​ចាប់ពី​តំបន់​ក្បែរ​ផ្សារ​ទំនើប​ AEON​ 2 និង​ផ្សារ​ Makro​ រហូត​ធ្លាយ​ទៅដល់​តំបន់​ទំនប់​កប់​ស្រូវ​។ លោក​កស្រី​បាន​បន្ត​ថា​ នៅ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​នៅ​ថ្ងៃខាងមុខ​វា​អាច​នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​មួយទៀត​ ដោយមាន​ផ្សារ​ទំនើប AEON​2 ផ្សារ​ Makro​ បុ​រី​ធំៗ​ ក៏ដូចជា​មណ្ឌល​ពាណិជ្ជកម្ម​មួយចំនួន​ បាន​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​រួចជាស្រេច​ ហើយក៏​មាន​មនុស្ស​កំពុងតែ​ចាប់អារម្មណ៍​ទៅ​រស់នៅ​ច្រើន​ដែរ​។

លោកស្រី​បន្ត​ថា​ “ភាព​ទាក់ទាញ​ទាំងនេះ​ បាន​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​ប៉ែក​ខាង​ជើង​ឈៀង​ខាងលិច​មួយ​នេះ​ មានការ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ជាទូទៅ​ស្ថិតនៅ​ក្នុង​តម្លៃ​ ជាង២០០០​ដុល្លារ​រក្នុង​មួយ​ម៉ែត្រការ៉េ​”។

ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បានឱ្យ​ដឹង​ថា​ សម្រាប់​តំបន់​ណា​ដែល​មាន​សក្ដានុពល​ ឬយ៉ាងណា​នោះ​ គឺ​ត្រូវ​បែងចែក​ជា២​ ដែល​គិត​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​នៅ​ថ្ងៃខាងមុខ​។ លោក​ថា​ រយៈពេល​ខ្លី​ បច្ចុប្បន្ន​នៅ​ទំ​បន់​ផ្លូវជាតិ​ជាយក្រុង​ជាប់​ផ្លូវជាតិ៤​ តំបន់​ AEON​2 គឺ​មាន​ល្អ​ប្រសើរ​ និង​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​មាន​ផ្សារ​ទំនើប​ មាន​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួច​ទៅ​ហើយ​។

ដោយឡែក​សម្រាប់​តំបន់​ ដែល​មាន​សក្ដានុពល​រយៈពេល​វែង​ គឺ​នៅ​តំបន់​តាមផ្លូវ​ជាតិ៦​ ជាពិសេស​ក្រោយពេល​ស្តាត​ពហុកីឡាដ្ឋាន​មរតក​សម្ដេច​តេជោ​ ត្រូវ​បាន​សាងសង់​រួច​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ចរាចរណ៍​ច្រើន​។

លោក​បន្ត​ថា ​”តំបន់​ដែល​មាន​មនុស្ស​ចរាចរណ៍​ច្រើន​ គឺ​ជំរុញ​ឱ្យ​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​អចលនទ្រព្យ​ ហើយ​ចរន្ត​តម្លៃ​ដី​ក៏​មានការ​ឡើងថ្លៃ​ដោយ​ស្វ័យប្រវត្តិ​”។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ (KFA​) ក៏បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ តំបន់​នោះ​បាន​រីកចម្រើន​ និង​អភិវឌ្ឍន៍​រួច​ទៅ​ហើយ​ ប៉ុន្តែ​វា​អាច​នឹង​បន្ត​រាលដាល​រហូតដល់​តំបន់​ជិតខាង​មួយចំនួន​ទៀត​ ដូចជា​នៅ​ប៉ែក​ខាង​សង្កាត់​ក្រាំងធ្នង់​ រហូត​អាច​ដល់​ទំនប់​កប់​ស្រូវ​ ហើយ​មួយ​ប៉ែក​ទៀត​អាច​ធ្លាយ​ទៅ​ខាង​តំបន់​ភ្នំ​ប្រសិ​ទ្ឋ​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​ គឺ​មិន​ខ្ពស់​ដូច​តំបន់​ដែល​មានការ​អភិវឌ្ឍ​រួចរាល់​នោះ​ទេ​៕

វិភាគ​សង្គម​៖ ប្រតិបត្តិ​វិន័យ ​និង​ច្បាប់​ តម្លៃ​ប្រជាជាតិ​មួយ​

0

ដោយ​ យិន​ លាង​គង់​ អគ្គនាយក​ Propertyarea.asia​

ភ្នំពេញ​៖ ជប៉ុន​បាន​ផ្តល់​វ៉ាក់សាំង​ថ្មី​មួយ​សម្រាប់​ប្រជាជាតិ​នេះ​ តើ​វា​ជា​កំហុស​របស់​ជប៉ុន​ឬដែល​ចង់​ឲ្យ​ប្រជាជាតិ​នេះ​មាន​វិន័យ​ និង​គោរពច្បាប់​ ខណៈ​ពួកគេ​មើលឃើញ​ថា​ប្រទេស​នេះ​ មានការ​អភិវឌ្ឍ​លឿន​លើ​ផ្នែក​សេដ្ឋកិច្ច​ ប៉ុន្តែ​ការ​អភិវឌ្ឍ​ផ្នត់គំនិត​នៅ​មានកម្រិត​នៅឡើយ​។

បន្ទាប់ពី​បើក​ដំណើរការ​ឡើងវិញ​ នូវ​ស្ពាន​មិត្តភាព​កម្ពុជា​ ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី១​)បាន​ធ្វើឲ្យ​មាន​មតិ​ចម្រូងចម្រាស​គ្នា​ជុំវិញ​ ការ​ដាក់​ខឿន​សំរាប់​ទោចក្រយាន​យន្ត​ និង​រថយន្ត​ដាច់ពីគ្នា​ ដែល​ជាល​ទ្ឋ​ផល​បាន​បណ្តាល​ឲ្យ​ប្រជាជន​មួយចំនួន​ ដែល​គ្មាន​វិន័យ​ បើកបរ​មិន​គោរពស្លាក​សញ្ញា​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់​ស្រាល​ យ៉ាង​គួរឲ្យ​សោក​ស្តាយ​។

កំហុស​បច្ចេកទេស​ឬយ៉ាងណា​?

បើ​យើង​គិត​តាម​បរិបទ​សង្គម​កម្ពុជា​ (ភាព​មិន​គោរព​ខ្លួនឯង​) ការសាងសង់​ទម្រង់​ផ្លូវ​ធ្វើដំណើរ​បែបនេះ​ជា​ការខុសឆ្គង​មួយ​ ប៉ុន្តែ​បើ​ផ្នែក​លើ​ទិដ្ឋភាព​វិន័យ​ និង​ច្បាប់​ជា​រឿង​មួយ​គួរតែ​ទទួល​បានការ​អបអរសាទរ​ ដោយសារ​ហេតុផល​ជាច្រើន​ ទី១​ ប្រជាជាតិ​មួយ​ ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ ដើម្បី​ក្លាយជា​ជនជាតិ​មួយ​ប្រកបដោយ​ភាព​ស៊ីវិល័យ​ ត្រូវតែ​ជា​ប្រជាជាតិ​មួយ​មាន​ក្រម​សីល​ធ៌ម​ គោរពវិន័យ​ និង​ច្បាប់​ ទី២​ ការ​បដិសេធ​នូវ​វិន័យ​ និង​ច្បាប់​ ជា​រឿង​អសោច​សំរាប់​ប្រជាជាតិ​មួយ​ ទី៣​ អ្នកធ្វើ​ដំណើរ​នានា​នៅ​កម្ពុជា​មួយ​ភាគ​បច្ចុប្បន្ន​ មិនបាន​គោរពច្បាប់​ ស្លាក​សញ្ញា​ ភ្លើង​សញ្ញា​ចរាចរណ៍​នោះ​ទេ​ ហេតុនេះ​ការ​ដាក់ឲ្យ​មានការ​ធ្វើដំណើរ​រវាង​ម៉ូតូ​ និង​រថយន្ត​នៅ​លើ​ស្ពាន​នេះ​ មិនមែន​ជា​កំហុស​បច្ចេកទេស​ទេ​ និង​ទី៤​ ការ​ដាក់​ផ្លូវ​ធ្វើដំណើរ​កាត់​ដាច់​ពីគ្នា​រវាង​រថយន្ត​ និង​ម៉ូតូ​ កង់​ ជប៉ុន​បាន​ដាក់​ស្លាក​សញ្ញា​រួចហើយ​ ដើម្បីឲ្យ​អ្នកបើកបរ​ដ៏​មហិមា​ទាំងឡាយ​មើល​ និង​ប្រតិបត្តិ​។

កំហុស​អ្នកណា​

ទាំង​រដ្ឋាភិបាល​ និង​ប្រជាជន​សុទ្ឋ​តែ​គួរ​កែតម្រូវ​ដូចគ្នា​ ។ ហេតុ​អី​ទើបត្រូវ​មានការ​កែតម្រូវ​? ព្រោះ​ទី១​ រដ្ឋាភិបាល​មិនទាន់​បាន​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ឲ្យបាន​ម៉ឺងមាត់​នៅឡើយ​ទេ​ ទោះបីជា​ច្បាប់​នេះ​បាន​អនុម័ត​រយៈពេល​ជិត​បី​ឆ្នាំ​ហើយ​ក្តី​ ទី២​ រដ្ឋាភិបាល​គួរ​ជំរុញ​ឲ្យ​ប្រជាជន​ត្រូវតែ​ចូល​សាលារៀន​បើកបរ​ នៅ​មិនទាន់​ត្រូវ​បាន​អនុវត្តន៍​ទេ​ ទី៣​ ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​ដូចជា​ វិទ្យុ​ ទូរទស្សន៍​នៅ​មានកម្រិត​តិចតួច​បំផុត​ ទី៤​ ការ​រឹត​បន្តឹង​ការ​ផាកពិន័យ​លើ​អ្នកបើកបរ​បំពានច្បាប់​ បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​ មិនទាន់​បាន​អនុម័ត​បាន​ទូលំទូលាយ​នៅឡើយ​ទេ​ ទី៥​ អ្នកបើកបរ​យានយន្ត​ដែល​មានអំណាច​មួយចំនួន​ បាន​បំពាន​ផ្លូវ​ បំពាន​សិទ្ឋ​អាទិភាព​ និង​បំពានច្បាប់​យ៉ាង​កំរោល​។

តើ​ប្រជាជន​ខុស​អ្វី​? ប្រជាជន​ប្រទេស​នេះ​ មិនសូវ​ចូលចិត្ត​ស្វែង​យល់​ពីព័ត៌មាន​ ពី​ច្បាប់​ ពី​វិន័យ​នោះ​ទេ​ ពួកគេ​ចូលចិត្ត​ធ្វើ​អ្វី​ៗតាម​គ្នា​ ធ្វើតាម​សភាវគតិ​ មិន​ចូលចិត្ត​រៀនសូត្រ​ ហ៊ាន​ជ្រុល​ ខ្លាច​ជ្រុល​។

បើកបរមិនប្រុងប្រយ័ត្ន និងមិនគោរពស្លាកសញ្ញា

ជាក់ស្តែង​គំនូស​សញ្ញា​ចរាចរណ៍​ ដែល​បាន​ដាក់លើ​ស្ពាន​ជ្រោយ​ចង្វា​រទី១​ អ្នកបច្ចេកទេស​ជប៉ុន​ ពួកគេ​បាន​សិក្សា​ច្បាស់​លាស់​រួចហើយ​ មុន​ពួកគេ​សម្រេច​សាងសង់​បែបនេះ​ ហើយ​ពួកគេ​ក៏បាន​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ផង​ដែរ​។ ហេតុ​អី​ពួកគេ​មិន​មើល​? មិន​ពិចារណា​? ហេតុ​អី​ភ្លើង​សញ្ញា​ចរាចរ​ណ៍ពណ៌ក្រហម​ហើយ​ ពួកគេ​នៅតែ​បន្ត​ឆ្លងកាត់​ទាំង​បំពាន​? វា​ជា​កំហុស​របស់​រដ្ឋាភិបាល​ឬកំហុស​របស់​ខ្លួនឯង​??។

ភាគច្រើន​ប្រជាជន​ទម្លាក់កំហុស​លើ​រដ្ឋាភិបាល​ ជាជាង​ពិនិត្យមើល​បច្ច័យ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ឬឧបទ្ទវហេតុ​កើតឡើង​លើ​ខ្លួនឯង​។

ប្រធានាធិបតី​អាមេរិក​ លោក ​ចក​ អេ​ហ្វ​ខេនឺ​ឌី ​បាន​មានប្រសាសន៍​ថា​ “អ្នក​មិន​ត្រូវ​សួរ​រដ្ឋាភិបាល​ថា​បាន​ធ្វើអ្វី​សម្រាប់​ខ្លួន​ទេ​ តែ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​វិញ​ថា ​តើ​អ្នក​បាន​ធ្វើអ្វី​ដើម្បី​សង្គម​របស់​អ្នក​?។

តើ​ត្រូវ​កែតម្រូវ​ស្ពាន​នេះ​ឡើងវិញ​ឬទេ​?

វា​ជា​វ៉ាក់សាំង​ចម្លែក​មួយ​សំរាប់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ថ្មី​សំរាប់​ប្រទេស​ជប៉ុន​ និង​ប្រទេស​អភិវឌ្ឍន៍​នានា​ឡើយ​។

សំណួរ​នៅ​ទីនេះ​ តើ​រដ្ឋាភិបាល​គួរតែ​កែ​លំ​អរ​លើ​ ចំណុច​គ្រោះថ្នាក់​នេះ​ឡើងវិញ​ឬទេ​? ហើយ​គួរឲ្យ​ប្រជាជាតិ​នេះ​នៅតែ​បើកបរ​ប្រសេចប្រសាច​ ដោយ​គ្មាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​បន្ត​ទៀត​ឬយ៉ាងណា​? ចម្លើយ​ បើ​រដ្ឋាភិបាល​កែ​លំ​អរ​ចំណុច​នេះ​ វា​ជា​ការ​បរាជ័យ​មួយ​ ក្នុង​ការ​កសាង​សន្តិភាព​ផ្លូវចិត្ត​ សំរាប់​ប្រជាជាតិ​ដែល​កំពុង​ជ្រើម​ជ្រួល​នេះ​។

តម្លៃ​ជីវិត​ មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​ តែ​តម្លៃ​វិន័យ​ និង​ច្បាប់​ជា​កត្តា​ស្លាប់រស់​របស់​ប្រជាជាតិ​មួយ​ ហេតុនេះ​ការពិចារណា​ឲ្យបាន​ម៉ត់ចត់​ គ្រប់ជ្រុងជ្រោយ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ​។

លោក​ ស្រុ​ន សម្បត្តិ​ សរសេរ​សារ​នៅ​លើ​ទំព័រ​បណ្តាញ​ ទំនាក់ទំនង​សង្គម​របស់​លោក​ចាន់​ សុផល​ដែល​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​ ដែល​មាន​និន្នាការ​កាលៈទេសៈ​និយម​ថា​ មិត្ត​ភ័ក្រខ្ញុំ​ម្នាក់​ ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​ជប៉ុន​ពន្យល់​ថា​ពាក្យ​ថា​ “ជប៉ុន​” មានន័យថា​ “គំរូ​” ។ ប្រសិនបើ​ធ្វើអ្វី​ខុស​គំរូ​ គឺ​គេ​កំណត់​ថា​ ខុស​ ព្រោះហេតុនោះ​ជនជាតិ​ជប៉ុន​ជា​មនុស្ស​ដែល​មាន​វិន័យ​ យក​គំរូ​ជា​មូលដ្ឋាន​។ស្ពាន​ជ្រោយចង្វា​ ដែល​ទើបតែ​ដាក់ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗនេះ​ គឺ​ជនជាតិ​ជប៉ុន​ធ្វើឡើង​ក្នុង​គោ​លំ​ណង​ថា​ ជនជាតិ​ខ្មែរ​ខ្វះ​វិន័យ​ ទើប​ធ្វើ​ផ្លូវ​ឲ្យ​មាន​គន្លង​ផ្សេងគ្នា​សម្រាប់​ដើរ​ ម៉ូតូ​ ឡាន​។

ប៉ុន្តែ​ជនជាតិ​ខ្មែរយើង​ មិនព្រម​ធ្វើការ​ឆ្លុះបញ្ចាំង​ខ្លួនឯង​ថា​ ជា​ជនជាតិ​ខ្វះ​វិន័យ​ទេ​ ទៅ​បន្ទោស​អ្នកធ្វើ​ស្ពាន​ថា​មាន​ខ្ពស់​ទាប​ ហើយ​ចង់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សារ​ថ្មី​។ ចំពោះ​ខ្ញុំ​យល់ថា​ មិន​គួរ​ធ្វើ​ស្ពាន​តម្រូវ​តាមចិត្ត​ជនជាតិ​ខ្មែរ​នោះ​ទេ​ ប៉ុន្តែ​គួរ​ជួយ​បង្រៀន​ជនជាតិ​ខ្មែរ​ឲ្យ​កាន់តែ​មាន​វិន័យ​ ទើប​ជា​ប្រយោជន៍​វែងឆ្ងាយ​។ យើង​ចង់​ដឹង​ដែរ​ថា​ “ប្រសិនបើ​ទូទាំង​ប្រទេស​ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍៤ទៅ៥នាក់​ក្នុង​មួយថ្ងៃ​ តើ​ស្ពាន​ជ្រោយចង្វា​ នឹង​សម្លាប់​មនុស្ស​ប៉ុន្មាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ?”។ ជនជាតិ​យើង​ គួរតែ​ទទួល​បាន​ឱកាស​រៀនសូត្រ​ចំណុច​ល្អ​ ពី​ជនជាតិ​ដទៃ​ មិន​គួរ​បន្ត​គំនិត​អាត្មានិយម​ដូច្នេះ​ទៀត​ទេ​។

លោក​បាន​លើក​ជា​សំណួរ​ថា​ “មនុស្ស​មានតែ​ចំណេះ​ ខ្វះ​វិន័យ​យក​ធ្វើ​អី​កើត​?”។

ដំណោះស្រាយ​

រដ្ឋាភិបាល​ជា​អ្នក​ត្រូវតែ​ដើរតួ​នាទី​មុនគេ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​ចាប់ផ្តើម​ពី​ការអប់រំ​ តាមរយៈ​វិទ្យុ​ ទូរទស្សន៍​ គេហទំព័រ​នានា​ តាមរយៈ​ការ​វិភាជន៍​ថវិកាជាតិ​ខ្លះ​ ដើម្បី​ជួល​ម៉ោង​ទូរទស្សន៍​ វិទ្យុ​ និង​បណ្តាញ​សារ​ព៌​តមាន​នានា​ ផ្សាយ​ពី​ការអប់រំ​លើច្បាប់​ចរាចរណ៍​ និង​ច្បាប់​ពាក់​ព័ន្ឋនានា​ ព្រោះ​ដើម្បី​សង្គម​មួយ​មាន​របៀបរៀបរយ​ ថ្លៃ​ថ្នូ​ ស៊ីវិល័យ​ ការអប់រំ​ពិតជា​មាន​សារៈសំខាន់​ណាស់​។

ចូរបើកបរគោរពស្លាកសញ្ញា

ទន្ទឹម​នឹង​នោះ​ការអនុវត្ត​ន៍​ច្បាប់​ ត្រូវតែ​ធ្វើឡើង​ដោយ​ខានមិនបាន​ ព្រោះ​ប្រទេស​ត្រូវតែ​មានច្បាប់​ ប្រជាជន​ត្រូវតែ​គោរពច្បាប់​ ហើយ​ក្នុង​ទិដ្ឋភាព​ច្បាប់​រដ្ឋាភិបាល​បង្កើត​ច្បាប់​ដើម្បីឲ្យ​ប្រជាជន​គោរព​ បើ​មិន​គោរព​ “ត្រូវតែ​ចាប់​ឲ្យ​គោរព​”។

ចំណែក​ប្រជាពលរដ្ឋ​វិញ​ ត្រូវតែ​ជា​ពលរដ្ឋ​ស៊ីវិល័យ​ ចូលចិត្ត​អាន​ ចូលចិត្ត​ស្វែងយល់​ពី​រឿង​ល្អ​ៗសំរាប់​ខ្លួនឯង​ និង​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​ ព្រោះ​ការ​អភិវឌ្ឍ​ខ្លួនឯង​មានន័យ​ស្មើនឹង​ស្រលាញ់​ខ្លួនឯង​ ស្រលាញ់​ប្រទេសជាតិ​របស់​ខ្លួន​ពិតប្រាកដ​ហើយ​។

ហេតុនេះ​ច្បាប់​និង​វិន័យ​ ពិតជា​ស្នូល​មួយ​ និង​ជា​ព្រលឹង​មួយ​សំរាប់​ខ្លួនឯង​ និង​ប្រជាជាតិ​របស់​ខ្លួន​ ហើយ​ការ​កែ​លំ​អរ​ស្ពាន​នេះ​ឡើងវិញ​ គួរតែ​ត្រូវ​បដិសេធ​ ព្រោះ​ការ​កែ​លំ​អរ​មានន័យ​ស្មើនឹង​ការ​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​គ្មាន​វិន័យ​ និង​មិន​គោរពច្បាប់​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​សមិទ្ឋិ​ផល​ធំៗ​ជូន​ជាតិនេះ​ជាច្រើន​ ដោយ​សម្តេច​បាន​ដាក់​ចេ​ញយុទ្ឋ​សាស្រ្ត​ឈ្នះ​ ឈ្នះ​ ដើម្បី​នាំ​ខ្មែរក្រហម​ចេញពី​ព្រៃ​ នាំមក​នូវ​សន្តិភាព​ កសាង​សេដ្ឋកិច្ច​សម្រេច​បា​នកំនើន​ជាមធ្យម៧​,៧ភាគរយ​ ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​ និង​ពេល​ថ្មី​ៗនេះ​បាន​ដាក់​ចេ​ញនូ​វយុទ្ឋ​នា​ការ​ថ្មី​ គឺ​ គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ តាមរយៈ​ការ​ពង្រាយ​យុវជន​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​បាន​ទទួលជោគជ័យ​។

ហេតុនេះ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គោរពច្បាប់​ និង​មាន​វិន័យ​ សម្តេច​តេជោ​គួរតែ​ដាក់ចេញ​នូវ​គោលនយោបាយ​ ឬយុទ្ឋ​នា​ការ​ថ្មី​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចូល​សិក្សា​នៅ​តាម​សាលា​បើកបរ​នានា​ ហើយ​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ អាច​ចូលរួម​លើ​ការងារ​នេះ​ តាមរយៈ​ការ​ដាក់​មន្រ្តី​ជួយ​បង្រៀន​ ដល់​ប្រជាពលរដ្ឋ​លើច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល៦ខែ​ ទៅ១ឆ្នាំ​នឹង​ទទួ​លបានលទ្ឋ​ផល​។

ការ​ទទួល​បាន​ប្រជាជាតិ​មួយ​មាន​វិន័យ​ មាន​សេចក្តី​ថ្លៃ​ថ្នូ​ បើកបរ​ចេះ​គោរពច្បាប់​ត្រឹមត្រូវ​ នឹង​ធ្វើឲ្យ​ប្រទេស​នេះ​មាន​ភាព​ស៊ីវិល័យ​ ហើយ​ប្រជាជន​នឹង​រឹងរឹតតែ​គោរព​ស្រលាញ់​សម្តេច​ប្រមុខ​រដ្ឋាភិបាល​ថែមទៀត​។

“វិន័យ​ និង​ច្បាប់​ជា​ព្រលឹង​របស់​ប្រជាជាតិ​មួយ​ ប៉ុន្តែ​ការ​គ្មាន​វិន័យ​និង​មិន​គោរពច្បាប់​ ក៏​ជា​ភាព​អាម៉ាស់​សម្រាប់​ជាតិ​មួយ​ផង​ដែរ​”៕

ក្រុង​ប៉ោយប៉ែត​កំពុង​ជួប​វិបត្តិ​ខ្វះ​បន្ទប់​សម្រាប់​ជួល​ធ្វើការ​និង​ស្នាក់នៅ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រុង​ប៉ោយប៉ែត​បាន​ ​និង​កំពុង​ជួប​វិបត្តិ​ខ្វះ​អាគារ​សម្រាប់​ជួល​ធ្វើការងារ​ ​និង​កន្លែង​ស្នាក់នៅ​ ​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ ​និង​ជនបរទេស​ដទៃទៀត​កាន់តែ​ច្រើន​។​

​លោក​សួង​ ​សុ​ខ​ហ៊ា​ង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ ​Fourth​ ​Stars​ ​Plus​ ​Four​ ​ដែល​មាន​គំរោង​វិនិយោគ​ជា​ច្រើន​នៅ​ទីក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​រសៀល​ថ្ងៃទី៤​ ​មេសា​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​កំពុង​ជួបប្រទះ​បន្ទប់​ជួល​ ​និង​បន្ទប់​ស្នាក់នៅ​នានា​យ៉ាង​ខ្លាំង​ ​ដែល​ធ្វើឲ្យ​តម្លៃ​បន្ទប់​ជួល​ទំហំ៤គុណ​នឹង៦ម៉ែត្រ​ ​បាន​កើន​ពី​តម្លៃ២០០០បាត​ ​ដល់១២០០០បាត​។​ ​

​លោក​បន្ត​ថា​ ​“​តម្លៃ​ដីធ្លី​មិន​កើន​ដូច​នៅ​ក្រុង​ព្រះសីហនុ​ទេ​ ​តែ​តម្លៃ​បន្ទប់​ជួល​បាន​កើនឡើង​ជាង​ក្រុង​ព្រះសីហនុ​ ​ហេតុនេះ​ខ្ញុំ​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ចូល​មក​វិនិយោគ​នៅ​ទីក្រុង​នេះ​ឲ្យបាន​ច្រើន​”​។​ ​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ជនជាតិ​ចិន​ដែល​បាន​មក​វិនិយោគ​ ​និង​ធ្វើការ​នៅ​ក្រុង​ប៉ោយប៉ែត​ ​បាន​ចេញទៅ​រក​ផ្ទះ​ជួល​ចម្ងាយ១០ទៅ១៥គីឡូម៉ែត្រ​ពី​ក្រុង​ប៉ោយប៉ែត​ ​ដោយសារតែ​គ្មាន​ជម្រើស​”​។​

​លោក​សួង​ ​សុ​ខ​ហ៊ា​ង​បាន​បន្ត​ថា​ ​អ្នកមាន​ផ្ទះល្វែង​ជួល​កាលពីមុន​ជួល​បាន១៥០ដុល្លារ​ក្នុង​មួយ​ខែ​ ​តែ​បច្ចុប្បន្ន​ជួល​បាន​តម្លៃ​ចន្លោះ១០០០ទៅ១៥០០ដុល្លារ​ក្នុង​មួយ​ខែ​។​ ​វា​ដល់ពេល​អាសន្ន​សំរាប់​បញ្ហា​កង្វះ​បន្ទប់​ជួល​ហើយ​។​ ​បច្ចុប្បន្ន​វា​អស់ជម្រើស​ហើយ​ ​ហេតុនេះ​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​គួរ​មក​វិនិយោគ​នៅ​ទីក្រុង​នេះ​។​

លោក​បន្ត​ថា​ ​បើ​នៅ​ក្រុង​សៀមរាប​ ​និង​ក្រុង​ប៉ោយប៉ែត​បើ​វិនិយោគ​តម្លៃ​ទឹកប្រាក់​ដូចគ្នា​ ​នៅ​ក្រុង​សៀមរាប​អាច​បាន​ប្រាក់ ៤០០០ ទៅ ៥០០០ដុល្លារ​ ​តែបើ​វិនិយោគ​អាគារ​ជួល​បាន៧០ទៅ៨០បន្ទប់​អាច​រកចំណូល​បាន​ចន្លោះ​ពី​៥០,០០0 ទៅ ៦០,០០០ដុល្លារ​អាមេរិក​។​

​អភិបាលក្រុង​ប៉ោយប៉ែត​ ​លោក​សាន​ ​ស៊ាង​ហូបា​ន​មានប្រសាសន៍​ដោយ​ទទួលស្គាល់​នូវ​បញ្ហា​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​មាន​ជនបរទេស​ចម្រុះ​ជាតិសាសន៍​ ​ពិសេស​អ្នក​វិនិយោគ​ចិន​ប្រមាណ ៤០,០០០នាក់​ ​និង​ប្រជាជន​ក្នុង​ស្រុក​ប្រមាណ១២០,០០០នាក់​ ​ដែល​បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​នេះ​។​ ​ពិសេស​ទីក្រុង​នេះ​ ​កំពុង​ទទួល​បា​នកំនើ​នប្រ​ជា​សាស្រ្ត​ជាប្រចាំ​ ​ដែល​ធ្វើឲ្យ​តម្លៃ​បន្ទប់​ស្នាក់នៅ​ ​និង​អចលនទ្រព្យ​កើនឡើង​ជាប្រចាំ​ផង​ដែរ​៕​

រដ្ឋា​ភិ​បាល​អាល្លឺម៉ង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ជាង​ ​៦០០លាន​ដុល្លារ​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

ភ្នំពេញ​៖​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ផ្តល់​ជំនួយឥតសំណង​ទ្វេរ​ភាគី​ ​ប្រមាណ​ជាង​ ​៦០០​ ​លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ប្រមាណ ៣​%​ ​នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់​ដែល​ផ្តល់​ដោយដៃ​គូ​អភិវឌ្ឍន៍​មកដល់​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ​៤​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ទំហំ​ហិរញ្ញប្បទាន​នេះ​មិនរាប់​បញ្ចូល​ហិរញ្ញប្បទាន​ ​ដែល​ភាគី​អាល្លឺម៉ង់​ផ្តល់​ដល់​កម្ពុជា​ ​តាម​រយៈ​​គម្រោង​ថ្នាក់​តំបន់​ ​និង​សកល​ ​សហភាព​អឺរ៉ុប​ ​អង្គការសហប្រជាជាតិ​ ​ស្ថាប័ន​ហិញ្​ញរ​ញ្ញ​វត្ថុ​អន្តរជាតិ​ ​និង​ស្ថាប័ន​ពហុភាគី​ដទៃទៀត​ឡើយ​។​ ​ជំនួយ​នេះ​គិត​ចាប់ពី​ឆ្នាំ​ ​១៩៩២​ ​ដល់​ ​ឆ្នាំ​ ​២០១៨​ ​ពោល​មាន​រយៈពេល​ ​២៦ឆ្នាំ​។​ ​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ​ជាមួយគ្នា​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក៏បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​ចំនួន៨​ ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​ដើម្បី​ពិភាក្សា​ ​និង​ឯកភាព​លើ​សេចក្តី​ព្រាង​របៀប​វរៈ​ ​កំណត់​ភារកិច្ច​របស់ក្រ​សួង​-​ស្ថាប័ន​តាមរបៀប​វារៈ​នី​មួយ​ៗ​ ​និង​បញ្ហា​ផ្សេង​ៗ​ ​ដើម្បី​សម្រាប់​កិ​ច្ច​ច​ចារ​ជាមួយ​ភាគី​មិត្ត​នា​ពេល​ខាងមុខ​ផង​ដែរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​អាល្លឺម៉ង់​ ​តែងតែ​រៀបចំ​កិ​ច្ច​ច​ចារ​ទ្វេភាគី​ស្តី​ពី​ ​កិច្ច​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ជា​រៀងរាល់២ឆ្នាំ​ម្តង​ ​ហើយ​កិ​ច្ច​ច​ចារ​នា​ឆ្នាំនេះ​ ​គឺជា​កិ​ច្ច​ច​ចារ​លើក​ទី១៣ក្នុង​គោលបំណង​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ ​និង​ភាពជា​ដៃគូ​ ​ក៏ដូចជា​ដើម្បី​ពិភាក្សា​ ​និង​ឯកភាព​ជា​លើក​ចុងក្រោយ​លើ​សំណើ​គម្រោង​/​កម្មវិធី​អភិវឌ្ឍន៍​ ​និង​ការសន្យា​ផ្តល់​ហិរញ្ញប្បទាន​ ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ដល់​កម្ពុជា​រយៈពេល២ឆ្នាំ២០១៩​-​២០២០​ ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៨​ ​កន្លងទៅ​។​

​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​នេះ​ ​ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​ចំនួន៣​ ​រួមមាន​ ​១​)​វិស័យ​សុខាភិបាល​ ​(​គាំពារ​សុខ​មាលភាព​សង្គម​ ​និង​សន្តិសុខ​ស្បៀង​ ​និង​អាហារូបត្ថម្ភ​)​ ​២​)​វិស័យ​អភិវឌ្ឍន៍​ជនបទ​ ​និង​ ​៣​)​ ​វិស័យ​អភិបាលកិច្ច​ ​ដែល​សុទ្ធសឹង​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​៕​

អ្នកជំនាញ​ប្រាប់​ពី​វិធីសាស្ត្រ​ចំនួន៣ ដើម្បី​អាច​ឈរជើង​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ស្រប​ពេល​ដែលគេ​មើលឃើញ​ថា​ ​កម្ពុជា​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ​បាន​ជំរុញ​ឱ្យ​មានការ​កើនឡើង​ ​នូវ​ក្រុមហ៊ុន​វិនិយោគ​ភ្នាក់ងារ​អចលនទ្រព្យ​ ​ក៏ដូចជា​អ្នក​ស្វែងរក​កម្រៃ​ជើង​សារ​ជាច្រើន​។​ ​

​ទោះជា​អ្នក​ទាំងនោះ​ ​បានសម្រេច​ចិត្ត​ចេញ​មក​ប្រកប​ជាមួយ​អាជីព​មួយ​នេះ​ ​ក៏ដោយ​ ​តែ​ភាព​ជាក់ស្តែង​ត្រូវ​បាន​គត់​សម្គាល់​ឃើញថា​ ​ក្នុងចំណោម​អ្នក​ទាំងនោះ​ ​គឺ​មាន​អ្នកជំនួញ​មួយ​អាច​សម្រេច​បាន​ភាពល្អ​ប្រសើរ​ ​និង​រីកចម្រើន​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​ ​ដោយឡែក​ក៏​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ ​ជួប​ភាព​បរាជ័យ​លើ​ការ​ធ្វើ​ជំនួយ​ក្នុង​វិស័យ​មួយ​នេះ​ទៅ​វិញ​។​ ​

​តើ​ភាព​បរាជ័យ​ ​និង​ភាព​ជោគជ័យ​ទាំងនោះ​ ​ត្រូវ​បាន​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​ដែល​ជា​អ្នកជំនាញ​ ​និង​ទទួល​បាន​ភាព​ជោគ​លើ​វិស័យ​នេះ​បាន​លើកឡើង​ថា​ ​ភាព​ជោគជ័យ​ឬ​បរាជ័យ​ក្នុង​វិស័យ​នេះ​ ​មាន​ជាប់​ព័ន្ធ​ទៅ​នឹង​ចំ​ណុច​ធំៗ​ចំនួន៣​ ​ដែល​វា​ជា​គ្រឹះ​ក្នុង​ការ​ប្រកប​ជំនួញ​ទិញ​-​លក់​អចលនទ្រព្យ​ ​។​ ​ដូច្នេះ​ ​ដើម្បី​​ឈរជើង​ ​និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង​ ​និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​។​ ​

​ស្វែងយល់​ពី​តម្រូវការ​

​នេះ​ជា​កិច្ចការ​ដំបូង​ ​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​តំបន់​និ​មួយ​ៗ​ក្នុង​ប្រទេស​របស់​អ្នក​ ​ជា​ពិសេស​តំបន់​កំពុង​អភិវឌ្ឍន៍​ ​និង​តំបន់​គ្រោង​អ​ភិវ​ ​ឌ្ឍ​ន៍​ ​នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ ​នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការទិញ​ឬ​លក់​ ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។​ ​អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ ​វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ​ជាពិសេស​ត្រូវ​ដឹង​ថា​ ​ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​?​

​ស្វែងរក​តំបន់​មាន​សក្តា​នុ​ពល​

​ជា​ការពិត​ណាស់​ ​នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ ​នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ​ដូច្នេះ​​អ្នក​​ត្រូវ​ដឹង​ថា​ ​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ​ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​?​ ​នៅពេល​ដែល​អ្នកដឹង​ថា​ ​តំបន់​ជាយក្រុង​ណាមួយ​ ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ ​នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ ​និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។​

​តាមដាន​ព័ត៌មាន​ពាក់​ព័ន្ធ

​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ​ឬ​ស្ថាប័នរដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ ​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រោះ​អ្នក​នឹង​ដឹង​ថា​ ​តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភិវ​ ​ឌ្ឍ​ន៍​ ​តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។​ ​មួយទៀត​ ​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ ​អ្នក​ក៏អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ ​គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​ក៏​ថា​បាន​ដែរ​។​

​ដូច្នេះ​ ​សម្រាប់​លោកអ្នក​ដែល​ចង់​ធ្វើការ​វិនិយោគ​ ​ឬ​ធ្វើជំនួញ​ក្នុង​វិស័យ​អ​ចន​ទ្រព្យ​គម្បី​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ចំណុច​គ្រឹះ​ទាំង3ខាងលើ​នេះ​។​

​ដើម្បី​ឈរជើង​ក្នុង​វិស័យ​នេះ​ ​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​ ​និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង​ ​និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​។​ ​

​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ពី​តម្លៃ​ជាក់ស្ដែង​ក្នុង​ស្រុក​ ​នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​តំបន់​នី​មួយ​ៗ​ក្នុង​ប្រទេស​របស់​អ្នក​ ​ជាពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ ​និង​តំបន់​គ្រោង​អភិវឌ្ឍន៍​ ​នៅពេល​ដែល​អ្នក​ដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ ​នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ​ឬ​ទិញ​ ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។​ ​អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ ​វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ​ជាពិសេស​ត្រូវ​ដឹង​ថា​ ​ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​?​

​សម្លឹង​ទៅ​តំបន់​ជាយក្រុង​ដែល​មាន​សក្ដានុពល​ ​៖​ ​ជា​ការពិត​ណាស់​ ​នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ ​នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ​ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​?​ ​នៅពេល​ដែល​អ្នកដឹង​ថា​ ​តំបន់​ជាយក្រុង​ណាមួយ​ ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ ​នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ ​និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។​

​តាមដាន​ព័ត៌មាន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ ​៖​ ​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ​ឬ​ ​ស្ថាប័នរដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ ​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រោះ​អ្នក​នឹង​ដឹង​ថា​ ​តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភវិ​ឌ្ឍ​ន៍​ ​តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។​ ​មួយទៀត​ ​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ ​អ្នក​ក៏អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ ​គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​ក៏​ថា​បាន​ដែរ​ ​។​
​ដូច្នេះ​ ​សម្រាប់​លោកអ្នក​ដែល​ចង់​ធ្វើការ​វិនិយោគ​ ​ឬ​ធ្វើជំនួញ​ក្នុង​វិស័យ​អ​ចន​ទ្រព្យ​គម្បី​ធ្វើការ​សិក្សា​លម្អិត​ទៅលើ​ចំណុច​គ្រឹះ​ទាំង3ខាងលើ​នេះ​ ​៕​

ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម​យក្ស​មក​ពី​ប្រទេស​​បារាំង​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​CONFORAMA​ ​ដែល​ជា​ក្រុមហ៊ុន​លំដាប់​លេខ១ផ្នែក​ផលិត​និង​ផ្គត់ផ្គង់​គ្រឿង​សង្ហារ​រឹម​មក​ពី​ប្រទេស​បារាំង​ ​បាន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​។​ ​

​លោកជំទាវ​ ​សុង​ ​ធីតា​ ​ប្រធាន​ក្រុមហ៊ុន​ ​LINDA​ ​GOLD​ ​CRUCIBLE​ ​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្សា​ហរ​ណៈ​យោគយល់​គ្នា​ ​ក្នុង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ ​LINDA​ ​GOLD​ ​CRUCIBLE​ ​កាលពី​ថ្ងៃទី៣​ ​ខែមេសា​ ​ឆ្នាំ​២០១៩​ ​កន្លងមក​បាន​ឲ្យដឹង​ថា​ ​នេះ​ពិត​មាន​មោទនភាព​ខ្លាំង​ណាស់​ ​ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​ផ្តាច់​មុខ​ជាមួយ​ក្រុមហ៊ុន​ ​CONFORAMA​ ​ពីព្រោះ​គឺជា​ក្រុមហ៊ុន​យក្ស​មួយ​ ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ១នៅ​ប្រទេស​បារាំង​ ​និង​ចំណាត់ថ្នាក់​លេខ​២​នៅ​អឺរ៉ុប​។​ ​នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ​ ​ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​មក​កម្ពុជា​។​ ​នេះ​ជា​ផ្លែផ្កា​នៃ​ការ​ខំប្រឹង​ប្រែង​អស់​រយៈពេល​ជាង២ឆ្នាំ​ ​ដែល​យើង​បាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ ​CONFORAMA​ ​នៅ​ទីក្រុង​ប៉ារីស​ ​ដោយ​បាន​ធ្វើការ​សិក្សា​ទីផ្សារ​យ៉ាង​ល្អិតល្អន់​ ​អស់​រយៈពេល​រាប់​ខែ​នៅ​កម្ពុជា​ ​ដោយមាន​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ ​CONFORAMA​។​ ​

​លោកស្រី​បន្ត​ថា​ ​“​លទ្ធផល​ទាំងនេះ​ ​ក៏​អាស្រ័យ​ជាបឋម​ដោយក្រុម​ការងារ​យុវជន​នៅ​ទ្វីបអឺរ៉ុប​ដឹកនាំ​ដោយ​លោក​ហួត​ ​ហាក់​ ​តាម​ការ​ចង្អុល​ទិស​ ​និង​ ​ការណែនាំ​ជាប្រចាំ​ពីសំណាក់​លោក​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​តែង​ប្រឹងប្រែង​គៀង​គរ​ក្រុមហ៊ុន​ឬ​វិនិយោគិន​ពីក្រៅ​ប្រទេស​ ​ដោយឡែក​ពី​ទ្វីបអឺរ៉ុប​ ​ឬ​ពី​ប្រទេស​បារាំង​ ​ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​”​។​ ​

​លោក​ ​STANISLAS​ ​CONSEILLER​ ​តំណាង​ក្រុមហ៊ុន​ ​CONFORAMA​ ​បាន​មានប្រសាសន៍​ថា​ ​ក៏ដោយ​បានឃើញ​មាន​ស្ថិរភាព​ខាង​កំណើន​សេដ្ឋកិច្ច​ ​និង​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​មិនឈប់ឈរ​ ​ដែល​ផ្តល់​ឪ​កាស​ឲ្យ​អតិថិជន​វ័យក្មេង​ ​សម្រាប់​តម្រូវការ​របស់​ខ្លួន​ ​នៅ​តាម​គេហដ្ឋាន​នូវ​គ្រឿង​សង្ហា​រឹម​ដែល​ទាន់សម័យ​ ​គុណភាព​ល្អ​ ​តម្លៃ​សមរម្យ​ ​ដែល​អាច​ជ​ម្រុ​ញ​ឲ្យ​មានសន្ទុះ​ជា​វិជ្ជមាន​ក្នុង​ការពង្រីក​ហាង​ ​CONFORAMAយ៉ាង​លឿន​នៅ​ទីនេះ​។​ ​

​លោ​ស្រី​ម៉ែ​ន​ ​សំ​អន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ ​និង​អធិការកិច្ច​បាន​ថ្លែង​ដែរ​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​កម្ពុជា​ ​និង​ក្រុមហ៊ុន​បារាំង​នា​ពេលនេះ​ ​បាន​បញ្ជាក់​ពី​ការលូតលាស់​ឥត​ឈប់ឈរ​ ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ប្រទេស​មហាអំណាច​សេដ្ឋ​កិ​ច្ច​ផ្សេង​ៗ​ដ៏​ទៃ​ទៀត​លើ​លោក​ ​។​ ​ចាប់ពី​ពេល​ទទួល​សន្តិភាព​ពេញលេញ​មក​ ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ប្រភព​ ​នៃ​អ្នកវិនិយោគទុន​បរទេស​ដ៏​មាន​សក្តា​នុ​ពល​ ​ព្រមទាំង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​ ​ព្រមទាំង​ក៏​ជា​ប្រទេស​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ ​ដែល​កំពុង​មក​ទស្សនា​កម្ពុជា​។​

​លោកស្រី​ឧបនាយក​រដ្ឋមន្រ្តី​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​រួមគ្នា​ ​ក្នុង​ការ​ចាប់ដៃ​គូ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​បរទេស​ ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​ហើយ​រាជរដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​បន្ទាប់ពី​ការ​សហការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ទាំងពីរ​ ​អតិថិជន​នឹង​បាន​អង់​សែន​ផ្សារ​ទំនើប​មួយ​ថ្មី​ ​ដែល​មាន​ផលិតផល​ថ្មី​ប្រកបដោយ​គុណភាព​ខ្ពស់​ ​និង​តម្លៃ​សមរម្យ​ ​។​ ​ផ្សារ​ទំនើប​ថ្មីនេះ​ ​នឹងអាច​បង្កើត​ការងារ​ ​និង​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​

​ក្រុមហ៊ុន​ ​CONFORAMA​ ​គឺជា​ក្រុមហ៊ុន​យក្ស​មួយ​ដ៏​ល្បីល្បាញ​នៅ​ទ្វី​ព​អឺរ៉ុប​ ​និង​ជាប់​ចំណាត់ថ្នាក់​លេខ១​ ​នៅ​ប្រទេស​បារាំង​ ​ខាង​លក់​ចែកចាយ​ក​ផលិតផល​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​ ​និង​សម្ភារៈ​គ្រប់​ប្រភេទ​សម្រាប់​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​មានតម្លៃ​សមរម្យ​ ​ដោយមាន​ការ​ជ្រើសរើស​យ៉ាង​ល្អប្រពៃ​សម្រាប់​តម្រូវការ​របស់​អតិថិជន​ ​និង​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​។​

​ក្រុមហ៊ុន​ ​CONFORAMA​ ​មាន​ហាង​ធំៗ​ ​៣៣៧​ ​ទីតាំង​ ​នៅ​ប្រទេស​បារាំង​ ​និង​ ​៨ប្រទេស​ផ្សេងទៀត​ ​លើ​ពិភពលោក​ដែល​មាន​បុគ្គលិក​ជាង​ ​១៤០០០នាក់​៕​

រដ្ឋមន្ត្រីទេសចរណ៍បានដាក់ចេញយុទ្ធសាស្ត្រ ៤ចំណុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ បន្ទាប់ពីបានពិគ្រោះពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងដើម្បីពិនិត្យ ដោះស្រាយនូវបញ្ហាប្រឈមនានា​ដែលបានកើតមានឡើងក្នុងវិស័យទេសចរណ៍ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និង​ទិសដៅអនុវត្តការងារសំខាន់ៗចំនួន ៤ ចំណុចសម្រាប់ត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩។

លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ​២០១៩កាលពីថ្ងៃទី៣ ខែមេសា ម្សិលមិញនេះថា ផែនការយុទ្ធសាស្រ្ត និងទិសដៅអនុវត្តការងារសំខាន់ៗចំនួន ៤ ចំណុច រួមមាន១- បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ (Creative & Innovative) នៅ​តាម​តំបន់គោលដៅទេសចរណ៍អាទិភាពទាំងបួន តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ និងការ​អនុវត្ត​យន្តការ 4Ps។ ២- ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ តាមទស្សនទាន សេវាមួយ ស្តង់ដាមួយ និង​អភិវឌ្ឍ ធនធានមនុស្ស តាមទស្សនទាន បុគ្គលិកម្នាក់ ជំនាញមួយ ៣- ពង្រឹងការឃោសនាផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជាទាំងក្នុង និងក្រៅប្រទេស និង ៤- ពង្រឹងការគ្រប់គ្រងទេសចរណ៍តាមប្រព័ន្ធ Online ( Smart Tourism)។

លោករដ្ឋមន្ត្រីបានកត់សំគាល់អំពីការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាក្នុងទស្សវត្សចុងក្រោយនេះ ដោយឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិបានប្រមាណ ៦,២លាននាក់ ក្នុងកំណើន ១០,៧% ដោយបាននាំមកនូវចំណូលជូនជាតិ ៤.៣៥៦លានដុល្លារអាមេរិក រួមចំណែក ១២,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយ​ផ្ទាល់​ប្រមាណ ៦២ម៉ឺននាក់។ ជាក់ស្តែង ក្នុងរយៈពេល ០២ខែ ដើមឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា​មាន​ចំនួន ១,២លាននាក់ ក្នុងកំណើន ៩,៣%។

លោករដ្ឋមន្ត្រីបន្តថា សមិទ្ធផលទាំងឡាយដែលក្រសួងទេសចរណ៍សម្រេចបាន នៅក្នុងរយៈពេលចុងក្រោយនេះ ដោយ​បានកសាងនូវឯកសារគតិយុត្តសំខាន់ៗមានដូចជា គោលនយោបាយជាតិអេកូទេសចរណ៍ អនុក្រឹត្យស្តីពីការកំណត់តំបន់​ទេសចរណ៍ពិសិដ្ឋ ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ។ ជាងនេះទៀត ក្រសួងក៏បានដាក់ចេញនូវ ស្តង់ដារ​សេវាកម្មវិថីលក់ម្ហូបអាហារ (Food Street) និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food) ដែលជាសូចនាការថ្មីមួយទៀតក្នុងស្តង់ដារទីក្រុងស្អាត និងចលនាប្រលងប្រណាំង ទីក្រុងស្អាតៈ ជាទីក្រុងដែលមាន វិថីម្ហូបអាហារស្អាត ជារៀងរាល់ឆ្នាំ។

លោករដ្ឋមន្ត្រីបន្តថា អង្គប្រជុំក៏បានពិនិត្យឃើញពីនិន្នាការប្រែប្រួលនៃស្ថានភាពទេសចរពិភពលោក តំបន់ និងកម្ពុជា ដែលទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ធ្វើការសិក្សា និងវិភាគទីផ្សារទេសចរណ៍អោយបានហ្មត់ចត់ និងស៊ីជម្រៅ និង​ពង្រឹង​ការឃោសនា ផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយ ដើម្បីរក្សាកំណើនទេសចរឲ្យបានពីរខ្ទង់ជារៀងរាល់ឆ្នាំ និងសម្រេចនូវ ចក្ខុវិស័យនៃកំណើនទេសចរអន្តរជាតិប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ ប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ខាងមុខ។

ជាមួយគ្នានោះក្រសួងទេសចរណ៍បានកំណត់គោលដៅជាយុទ្ធសាស្រ្តជាក់លាក់ អាណត្តិទី៦នេះគឺជាអាណត្តិនៃការ​ពង្រឹង​គុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផល និងសេវាកម្មទេសចរណ៍មាន​គុណភាព ធ្វើឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍មានការប្រែប្រួល លប់បំបាត់ការលក់វត្ថុអនុស្សាវរីយ៍​ក្លែងក្លាយជូនទេសចរ កាត់បន្ថយការធ្លុះធ្លាយ (ដោយខិតខំជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុកប្រកបដោយគុណភាព ជំនួសឲ្យការនាំចូល) ធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាការនាំចេញនៅនឹងកន្លែងដ៏មានប្រសិទ្ធភាព និងធ្វើឲ្យវិស័យ​ទេសចរណ៍​ផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ន និងសហគមន៍មូលដ្ឋាន។

បន្ថែមពីនេះ ក្រសួងក៏បានពិនិត្យឃើញពីបញ្ហាប្រឈម និងចំនុចសេសសល់មួយចំនួនក្នុងវិស័យទេសចរណ៍ (ដែលរួម​មាន កត្តាធនធានមនុស្សនៅមានកម្រិត ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅមានកម្រិត គុណភាពសេវាកម្ម​ទេសចរណ៍នៅមានកម្រិត ការឃោសនាផ្សព្វផ្សាយនៅមានកម្រិត កិច្ចសហការ និងការចូលរួមរបស់ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៅមានកម្រិត ការចុះពង្រឹងការអនុវត្តច្បាប់​ស្តីពី​ទេសចរណ៍​ដល់មូលដ្ឋានអាជីវកម្ម និងសេវាកម្មនានានៅមានកម្រិត ការធ្លុះធ្លាយនៃវិស័យទេសចរណ៍ កត្តាសន្តិសុខ សុវត្ថិភាពទេសចរ និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរនៅជួបបញ្ហាលំបាកខ្លះៗ ការកសាងលិខិតបទដ្ឋាន ឯកសារគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការចាំបាច់នានា នៅពុំទាន់ឆ្លើយតបទាន់ពេល​វេលា​ទៅនឹងនិន្នាការ និងសភាពការណ៍រីកចម្រើននៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត។

គួរកត់សំគាល់ ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗពីឆ្នាំ ២០១៩-២០២២៖
*ពិព័រណ៍ទេសចរណ៍​ម្ហូបអាហារ (Gastronomy Tourism) រួមជាមួយការតាំងពិព័រណ៍ទេសចរណ៍ក្នុងស្រុក
*ពិព័រណ៍ទេសចរណ៍កម្ពុជា (Cambodia Travel Mart-CTM) ជារៀងរាល់ឆ្នាំ
*ពិធីបុណ្យសមុទ្រឆ្នាំ២០១៩នៅខេត្តកំពត
*ការប្រណាំងកង់លំដាប់អន្តរជាតិសម្រាប់តំបន់ឆ្នេរ នាដើមឆ្នាំ២០២០
*វេទិកាទេសចរណ៍អាស៊ាន (ATF 2021) នាខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ
*សន្និសីទអន្តរជាតិស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្រ្ត ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប
*មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកលើកទី១៨ ឆ្នាំ២០២២ នៅខេត្តកោះកុង៕