អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​​នឹង​ចាប់ផ្តើម​​សាងសង់​​នៅដើម​ឆ្នាំ​២០២៤​

0

​ដោយ​ ​ស៊ីវ ម៉េង

​ភ្នំពេញ​៖​ ​អគ្គនាយក​ក្រុមហ៊ុន​ ​OCIC​ ​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បានឱ្យ​ដឹង​ថា​ ​បើ​មិន​មានការ​ជួប​បញ្ហា​វិវាទ​ដីធ្លី​នោះ​ទេ​ ​ចំណតអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ​ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទឹកដី​រវាង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​និង​ទន្លេបាទី​ ​ខេត្តតាកែវ​នោះ​ ​នឹង​ចាប់ផ្តើម​សាងសង់​នៅដើម​ឆ្នាំ២០២៤​។​


​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​OCIC​ ​បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៥មីនានេះថា​ ​យ៉ាង​យូរ​នៅដើម​ឆ្នាំ២០២៤​ ​ខាងមុខនេះ​ ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស​ ​និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា​ទៀត​ ​នឹង​ចាប់ផ្តើម​ដំណើរការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ​ប្រសិនបើ​មិន​មាន​វិវាទ​ ​ឬ​បញ្ហា​ដីធ្លី​ពាក់ព័ន្ធ​ក្នុង​បរិវេណ​គម្រោង​ត្រូវ​បាន​ដោះស្រាយ​។​ ​

លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បាន​បញ្ជាក់ទៀត​ថា​ ​៖​ ​«​នៅពេល​បច្ចុប្បន្ន​នេះ​ ​តំបន់​ដែល​នឹង​ត្រូវ​បាន​សាង​សង់​ព្រលា​នយន្ត​ហោះ​នោះ​ ​គឺ​កំពុង​បាន​ដំណើរការ​រ៉ាវ​រក​គ្រប់​មីន​ ​និង​គ្រាប់​អា​វុធ​យុទ្ធ​ភ័​ណ្ឌ​នានា​ទៀត​ ​ដែល​ក្នុង​មួយថ្ងៃ​គឺ​គេ​អាច​រ៉ាវ​រក​គ្រាប់មីន​បាន​ក្នុង​ទំហំដី​ពី៥ទៅ៦ហិច​តា​ ​ហើយ​ក្នុង​ទំហំដី​ដែល​គ្រោង​សាង​សង់​ព្រលា​ន​គឺ​មាន​ប្រមាណ​ជាង២៦០០ហិ​ក​តា​ ​គឺ​ត្រូវ​រ៉ាវ​មីន​រយៈពេល៨ខែ​ទើប​រួចរាល់​។​



​ឧកញ៉ា​ ​ពុង​ ​ឃាវ​ ​សែ​ ​បាន​បន្ត​ថា​ ​ដី​សាង​សង់​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​លំដាប់​ ​4F​ ​នេះ​ ​បច្ចុប្បន្ន​ ​ប្រមូល​ដី​បាន​ប្រមាណ​ជាង១,០០០ហិច​តា​ហើយ​ ​ពោល​គឺ​ប្រមូល​បាន៤០​%​ ​នៅសល់៦០​%​ទៀត​ ​កំពុង​រៀបចំ​ដោះស្រាយ​។​ ​សម្រាប់​ការ​សង់​ព្រលា​នយន្តហោះ​នៅក្នុង​ទឹកដី​ស្រុក​កណ្តាល​ស្ទឹង​ ​និង​ស្រុក​បាទី​នោះ​ ​កន្លងមក​ ​មាន​ក្រុម​ហ៊ុន​ធំៗ​បី​នៅក្នុង​ពិភពលោក​ ​បាន​ដេញថ្លៃ​សាងសង់​ ​ប៉ុន្តែ​ចុងក្រោយ​ ​កម្ពុជា​ ​សម្រេច​អោយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស​ជា​អ្នកទទួល​សាងសង់​៕

រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​ស្ថាបនា​​ឡើងវិញ​ផ្លូវជាតិ​លេខ​ ​៧១c​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ដឹកនាំ​គណប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព​ ​និង​សិក្សា​លទ្ធភាព​ក្នុង​ការសាងសង់​ពង្រីក​ ​និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​ ​៧១c​ ​។​



​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន​ ​១១៤,៦២គីឡូម៉ែត្រ​ ​បែកចេញ​ពី​ផ្លូវជាតិ​លេខ​ ​៧១​ ​ត្រង់​ចំណុច​ផ្សារ​ចំការលើ​ ​ស្រុកចំការ​លើ​ ​ខេត្ត​កំពង់ចាម​ ​ឆ្លងស្ពាន​ស្ទឹងត្រង់​ ​ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​។​ ​



​គម្រោង​សាងសង់​លើកកម្ពស់​គុណភាព​ផ្លូវ​នេះ​ ​ត្រូវ​បាន​សិក្សា​ដោយក្រុម​ហ៊ុន​សៀងហៃ​ ​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សិក្សា​បន្ថែម​ត្រង់​ចំណុច​ដែល​ទទួលរង​ដោយ​គ្រោះ​ទឹកជំនន់​ ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ ​សំដៅ​ធានា​ឱ្យ​បាន​គុណភាព​ខ្ពស់​។​



​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផ្លូវ​នេះ​គ្រោង​នឹង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​ ​បន្ទាប់ពី​ការសិក្សា​លទ្ធភាព​ចប់​សព្វគ្រប់​៕

ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​ ​នឹង​ពង្រីក​ជើងហោះហើរ​ពី​ភ្នំពេញ​ទៅកាន់បាងកក​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​ ​(​Emirates​)​ ​នៃ​ប្រទេស​អារ៉ាប់រួម​ ​គ្រោង​នឹង​បើក​ជើងហោះហើរ​ថ្មី​ ​ដើម្បី​តភ្ជាប់​រាជធានី​ភ្នំពេញ​ ​ទៅកាន់​រាជធានី​បាងកក​ប្រទេស​ថៃ​ ​ដោយ​ចាប់ពី​ដើមខែ​កក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​ទាំងអស់​ ​នូវ​ការ​ធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព​ ​ជាមួយ​ជម្រើស​ជើងហោះហើរ​ប្រចាំថ្ងៃ​កាន់តែ​ច្រើន​ ​បន្ថែម​លើ​ការហោះហើរ​ទៅកាន់​គោលដៅ​ជាង​ ​១៥០កន្លែង​ ​នៅក្នុង​ប្រទេស​ចំនួន​ ​៨៣​។​



​នៅក្នុង​ជំនួប​ជាមួយ​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នាទី​ស្តី​ការក្រ​សួង​ ​កាលពី​រសៀល​ថ្ងៃទី១៤​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​អាប់​ឌុល​ឡា​ ​អេ​ត​ណាន់​ ​(​Abdulla​ ​Adnan​)​ ​នាយក​ក្រុមហ៊ុន​អេ​មី​រ៉ាត់​ ​ប្រចាំ​ប្រទស​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​«​អេ​មី​រ៉ាត់​»​ ​ចង់​ធ្វើ​ឱ្យ​ទីក្រុង​ឌុយបៃ​ ​ក្លាយជា​វេទិកា​តភ្ជាប់​ប៉ែក​ខាងកើត​ ​ទៅកាន់​ខាងលិច​ ​ហើយ​តាមរយៈ​ជើងហោះហើរ​ថ្មីនេះ​ ​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​ធុន​បូ​អីង​ ​៧៧៧​ ​និង​អ៊ែ​បើស​ ​A៣៨០​ ​ដើម្បី​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ​ទៅកាន់​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ២០២០​ ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ ​គ្មាន​ទំនាញផែនដី​។​



​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​សម្តែង​ការ​ស្វាគមន៍​ ​ចំពោះ​ការ​បើក​ឱ្យ​មាន​ជើង​ហើរ​ថ្មី​ ​របស់​ក្រុមហ៊ុន​អេ​មី​រ៉ាត់​ ​ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ ​និង​វិនិយោគិន​ ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃឡង់​ដ៏​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប់រួម​ ​ដែល​បាន​គាំទ្រ​ ​និង​ជួយ​សម្រប​សមួ​លការ​ចូលរួម​របស់​កម្ព​ជា​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ២០២០​ ​នា​ពេល​ខាងមុខ​។​

​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​បង្ហាញ​ជំនឿ​ថា​ ​តាមរយៈ​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ២០២០​ ​ប្រទេស​ទាំងពីរ​នឹងអាច​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​លើ​វិស័យ​សំ​ខាន់​ៗ​ដូចជា​៖​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​កសិកម្ម​ ​បច្ចេកវិទ្យា​ ​និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ហើយ​ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​រង់ចាំ​សម្របសម្រួល​រាល់​គម្រោង​វិនិយោគ​ ​ស្នើ​ដោយ​រដ្ឋាភិបាល​ ​ឬ​វិនិយោគិន​ ​នៃ​ប្រទេស​អារ៉ាប់រួម​។​


​សូមជម្រាប​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​ ​បាន​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ ​មកកាន់​រាជធានី​ភ្នំពេញ​ដំបូង​ ​នៅក្នុង​ខែកក្កដា​ ​ឆ្នាំ២០១៧​ ​ដែល​គិត​មកទល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ ​បាន​ដឹក​អ្នកដំណើរ​ប្រមាណ​ ​១០ម៉ឺន​នាក់​ ​និង​បាន​ឈ្នះ​ពានរង្វាន់​ជាប់គ្នា​យ៉ាងច្រើន​។​ ​ជាក់ស្តែង​កាលពី​ឆ្នាំមុន​ ​ក្រុមហ៊ុន​អេ​មី​រ៉ាត់​ ​បាន​ទទួល​ពានរង្វាន់​ឆ្នើម​ចំនួន​ ​៣​ ​នៅក្នុង​ពិព័រណ៍​អន្តរជាតិ​ ​APEX​ ​Asia​ ​និង​បាន​ជាប់​ឈ្មោះ​ជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំឆ្នាំ២០១៨​ ​សម្រាប់​ពានរង្វាន់​ការ​ដឹកជញ្ជូន​តាមយន្តហោះ​៕​

ទំនាក់ទំនង​កម្ពុជា​ ​កូរ៉េ​ ​នឹង​ផ្លាស់​ប្តូរ​កាន់តែ​​ខ្លាំង​​ដែល​​ហុច​​ផល​ប្រយោជន៍​​ដល់​ប្រទេស​ទាំងពីរ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​ ​និង​កូរ៉េ​នឹង​មានការ​ផ្លាស់​ប្តូរ​ជា​ប្រវត្តិ​សាស្រ្ត​ ​តាមរយៈ​ការពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​​ទាំងពីរ​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ម៉ូន​ ​ជេ​អ៊ី​ន​មក​កម្ពុជា​រយៈពេល​បី​ថ្ងៃ​ ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី​ ​១៤ដល់១៦មិនា​ខាងមុខ​។​

​នៅ​ថ្ងៃនេះ​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​និង​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​រួមគ្នា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ ​កូរ៉េ​ជាលើកដំបូង​នៅ​កម្ពុជា​។​

លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ព្រលប់​ថ្ងៃទី១៤​ ​មិនា​កន្លងមក​ថា​ ​វេទិកា​ធុរកិច្ច​កម្ពុជា​ ​កូរ៉េ​ដែល​ចាប់ផ្តើម​នា​ថ្ងៃនេះ​ ​មាន​ចំណុច​វិជ្ជមាន​ជាច្រើន​ ​ដែល​កូរ៉េ​កំពុង​សហប្រតិបត្តិ​ការ​ជាយុ​ទ្ឋ​សាស្រ្ត​យូរអង្វែង​តាមរយៈ​ការ​តភ្ជាប់​ការ​ផ្លាស់​ប្តូរ​ហិរញ្ញវត្ថុ​ ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ព៌​ត​មាន​វិទ្យា​ ​ការ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​ការជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅវិញទៅមក​។​ ​ហេតុនេះ​យើង​សង្ឃឹមថា​ ​អ្នក​វិនិយោគ​កូរ៉េ​នឹង​មក​វិនិយោគ​កម្ពុជា​កាន់តែ​ច្រើន​។​

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​“​ការ​មក​វិនិយោគ​នៅ​កម្ពុជា​លើ​សក្តា​នុ​ពល​ ​និង​ធនធាន​កម្ពុជា​មានស្រាប់​ដែល​កម្ពុជា​មាន​និង​មិនទាន់​ទាញ​យក​អស់​សក្តា​នុ​ពល​មក​ប្រើប្រាស់​អស់​នៅឡើយ​”​។​ ​

​កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ដូចជា​ ​ផ្នែក​ទេសចរណ៍​ ​យើង​មាន​តំបន់ឆ្នេរ​ ​និង​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​ ​ទី២​ ​ផលិតផល​កសិកម្ម​ ​ដែល​អ្នក​វិនិយោគ​កូរ៉េ​អាចប​ង្កើត​រោងចក្រ​កែច្នៃ​ដើម្បី​នាំចេញ​ ​ទី៣​ ​យើង​មាន​ធនធាន​រ៉ែ​ច្រើន​ ​ដែល​មិនទាន់​កែច្នៃ​ ​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​វិនិយោគ​ ​និង​ទី៤​ ​កូរ៉េ​កំពុង​មាន​ទិសដៅ​ឆ្ពោះ​មកកាន់​តំបន់​អាស៊ាន​ ​ព្រោះ​អាស៊ាន​មាន​ទីផ្សារ​ធំ​ណាស់​ ​ដែល​កូរ៉េ​ក៏​ជាស​មា​ជិ​ក​អាស៊ាន​បូក​ ​អាស៊ាន​បូក​ចិន​ជាដើម​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​បន្ត​ថា​ ​“​នៅ​កម្ពុជា​មាន​ចិន​ ​និង​ជប៉ុន​កំពុង​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ ​ហេតុនេះ​គាត់​(​កូរ៉េ​)​មិន​អាច​នៅ​ស្ងៀម​បាន​នោះ​ទេ​ ​គាត់​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​”​។​

​ជាមួយគ្នា​នេះ​លោក​ ​ឈាង​ ​វណ្ណា​រិទ្ឋ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​មានប្រសាសន៍​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោ​ក​ម៉ូន​ ​ជេ​អ៊ី​ន​ជា​ការ​ឆ្លុះ​បញ្ជាំ​ង​ទំនាក់ទំនង​ដ៏​ល្អ​លើ​វិស័យ​សេដ្ឋកិច្ច​ ​កា​ទូត​រវាង​ប្រទេស​ទាំងពីរ​ ​ព្រោះ​លោ​ក​ម៉ូន​ ​ជេ​អ៊ី​នបាន​ជ្រើសរើស​ប្រទេស​តែ៣ប៉ុណ្ណោះ​ក្នុង​តំបន់​អាស៊ាន​ ​ដើម្បី​ធ្វើទស្សនកិច្ច​។​

​ជាមួយគ្នា​នេះ​ ​ប្រទេស​កូរ៉េ​បាន​ជាប់​ជា​ប្រទេស​ឈានមុខ​គេ​រួច​ទៅ​ហើយ​ ​ដែល​អ្នក​វិនិយោគ​មក​ពី​ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​មុខមាត់​កម្ពុជា​ ​តាមរយៈ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​។​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ថា​ ​វត្តមាន​លោ​ក​ម៉ូន​ ​ជេ​អ៊ី​ន​មិន​ត្រឹមតែ​ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​សំរាប់​ទំនាក់ទំនង​ជា​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​នោះ​ទេ​ ​តែ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ការ​លើកទឹកចិត្ត​អ្នក​វិនិយោគ​កូរ៉េ​ ​ឲ្យ​បន្ត​និង​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ថែមទៀត​ ​ព្រោះ​កាលពី​កំឡុង១ទសវត្សរ៍​កន្លងមក​ ​អ្នក​វិនិយោគ​កូរ៉េ​បាន​ឈរ​លំដាប់​លេខ១ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ ​និង​អចលនវត្ថុ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​មុន​ពេល​អ្នក​វិនិយោគ​ចិន​មក​ឈរ​ចំណាត់ថ្នាក់​លេខ១ក្នុង​វិស័យ​នេះ​វិញ​។​

​លោក​បន្ត​ថា​ ​ក្រុមហ៊ុន​កូ​រ៉េ​ធំៗ​ជាច្រើន​នៅតែ​បង្ហាញ​វត្តមាន​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​ ​ដូចជា​ក្រុមហ៊ុន​ ​YUNWOO​ ​ដែល​កំពុង​សាងសង់​បញ្ចប់​អាគារ​ ​៤២ជាន់​ ​ក្រុមហ៊ុនBOOYOUNG​ ​កំពុង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​លំនៅ​ដ្ឋាន​នៅ​លើ​មហាវិថី​សហ​ព័ន្​ឋ​រុស្ស៊ី​ ​ក្រុមហ៊ុន​ ​World​ ​City​ ​កំពុង​សាងសង់​ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​ជាដើម​។​

​លោក​បន្ត​ថា​ ​“​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ខ្ញុំរំពឹង​ថា​អ្នក​វិនិយោគ​កូរ៉េ​នឹង​បន្តម​កវិ​និ​យោគ​កាន់​តែ​ច្រើន​នៅ​កម្ពុជា​បន្ថែម​ទៀត​ ​ពិសេស​វិស័យ​សំណង់​និង​អចលនទ្រព្យ​”​។​

​លើកឡើង​ស្រដៀងគ្នា​នេះ​ ​លោក​ឧកញ៉ា​ពុង​ ​ឃា​វ​សែ​ប្រធាន​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​OCIC​ ​បាន​មាន​ប្រសា​សន្យ​ដឹង​បន្ទាប់ពី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សមាគមពាណិជ្ជ​កម្ម​ក្រៅប្រទេស​កូរ៉េ​ ​(​KOTRA​)​ ​កាលពី​ថ្ងៃទី១៤​ ​មិនា​កន្លងមក​ថា​ ​ក្រុមហ៊ុន​សាងសង់​កូរ៉េ​នឹង​បន្ត​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​ ​កាន់តែ​ច្រើន​ថែមទៀត​ ​បន្ទាប់ពី​ពួកគេ​បាន​ចាកចេញ​ ​ក្រោយពេល​វិបត្តិសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សាកល​ឆ្នាំ២០០៨​ ​កន្លងមក​នេះ​។​

​លោក​ឧកញ៉ា​បាន​បន្ត​ថា​ ​“​នៅ​ក្រោយពី​ចុះហត្ថលេខា​លើ​អនុសារណៈ​កិច្ច​ព្រមព្រៀង​រវាង​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​(​CCA​)​ ​និង​ទីភ្នាក់ងារ​លើក​កំពស់​ពាណិជ្ជកម្ម​និង​វិនិយោគ​កូរ៉េ​ ​(​KOTRA​)​ ​ថ្ងៃទី១៤​ ​ខែមីនា​នេះ​ថា​ ​នៅ​ពេល​ឆាប់​ៗ​នេះ​ ​កម្ពុជា​នឹង​ទទួល​ក្រុមហ៊ុន​វិនិយោគ​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​មក​បណ្តាក់​ទុន​វិនិយោគ​ច្រើនឡើង​វិញ​”​។​

​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បាន​បន្ត​ថា​ ​កាលពី​អំឡុង​បណ្តា​ប្រទេស​លើ​ពិភពលោក​ ​បាន​ជួប​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨​ ​មាន​ក្រុមហ៊ុន​ ​និង​អ្នកវិនិយោគទុន​កូរ៉េ​មួយចំនួន​ធំ​ ​បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ​ហើយ​ពេលនេះ​បណ្តា​អ្នក​វិនិយោគ​ទាំងនោះ​ ​បាន​កំពុង​ត្រឡប់​មក​ស្វែងរក​ការ​វិនិយោគទុន​ឡើងវិញ​ ​ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ​កំពុង​រក្សា​កំណើន៧ភាគរយ​៕​

ដឹង​ទេ​ថា​តម្លៃ​ដី​និង​អចលនទ្រព្យ​នៅ​ផ្លូវ​កម្ពុជាក្រោម​មានកម្រិត​ខ្ពស់​យ៉ាងណា​?​

0

ដោយ ​រ៉ា​ណេត​

​ភ្នំពេញ៖​ ​ជាទូទៅ​ចំពោះ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​ត្រូវ​បាន​អ្នកជំនាញ​ ​ក៏ដូចជា​ ​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​លើកឡើង​ថា​ ​មានតម្លៃ​ថ្លៃ​ខ្លាំង​ ​ហើយ​មានផល​លំបាក​ក្នុង​ការទិញ​ដើម្បី​អភិវឌ្ឍ​គម្រោង​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ផ្លូវ​មុនីវង្ស​ ​ផ្លូវ​ម៉ៅសេទុង​ ​និង​ផ្លូវ​ព្រះ​នរោត្តម​ជាដើម​។​ ​

​ដោយឡែក​ចំពោះ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជាក្រោម​ ​ក៏​មានតម្លៃ​មិន​ទាប​នោះ​ដែរ​ ​ហើយ​ដី​នៅ​លើ​បណ្តោយ​ផ្លូវ​នេះ​បាន​ក្លាយទៅជា​តំបន់​ដែល​ពិបាក​រក​ទិញ​ដើម្បី​អភិវឌ្ឍ​ដោយសារ​អស់​ដី​ទំនេរ​រួច​ទៅ​ហើយ​។​ ​

​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​នាយក​ក្រុមហ៊ុន​ ​អចលនទ្រព្យ​ ​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ ​ខូ​អិល​ធី​ឌី​ ​បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី១៤​ ​មិនា​កន្លងមក​ថា​ ​ទីផ្សារ​ដីធ្លី​ ​ក៏ដូចជា​អចលនទ្រព្យ​នៅ​តាមផ្លូវ​កម្ពុជាក្រោម​ ​គឺ​មានតម្លៃ​ខ្ពស់​ ​ព្រោះ​វា​ជា​តំបន់​ដី​កម្រ​។​ ​

ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ ​ឬ​ស្ថិតនៅ​តំបន់​ក្បែរ​ៗ​ផ្លូវ​នេះ​គឺ​កម្រមាន​ទំនេរ​ណាស់​ ​ដែល​ភាគច្រើន​សុទ្ធតែ​ជា​ផ្ទះល្វែង​ទាំង​អស់​ ​ហើយ​បើ​ចំពោះ​តម្លៃនៅលើទីផ្សារ​ ​ដែល​គិតជា​មធ្យម​ ​គឺ​មួយ​ជុង​អាច​ក្នុង​ចន្លោះ​ចាប់ពី៦០​-​៧០ម៉ឺន​ដុល្លារ​ឯណោះ​ ​ដែល​តម្លៃ​នេះ​វា​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​ទៅ​នឹង​តម្លៃ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រះមុនីវង្ស​ដែរ​។​ ​

​ ​លោក​ថា​ ​“​បើ​គិត​ត្រឹមតែ​តម្លៃ​ដី​ ​គ្រាន់តែ​យក​តម្លៃ​នៃ​សំណង់​មួយ​ជុង​ដែល​លក់​ក្នុង​តម្លៃ​ខាងលើ​នេះ​ ​ហើយ​ដក​នឹង​តម្លៃ​នៃ​តួ​សំណង់​ចេញ​ ​នោះ​យើង​នឹង​ដឹងពី​តម្លៃ​ដី​ហើយ​ ​ដែល​យ៉ាងហោចណាស់​ក៏​ក្នុងរង្វង់៥​ ​ទៅ៦៦០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។​

​ដោយឡែក​សំណួរ​សួរ​ថា​ ​តើ​ហេតុផល​អី​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ទីនេះ​មានកម្រិត​ខ្ពស់​យ៉ាងនេះ​?​ ​ចម្លើយ​ ​គឺ​ដោយសារតែ​ផ្លូវ​នេះ​ ​ជា​ផ្លូវ​សេដ្ឋកិច្ច​ដែល​អាច​ធ្វើអាជីវកម្ម​ចម្រុះ​បាន​យ៉ាង​ប្រសើរ​ ​គេ​អាច​ធ្វើអាជីវកម្ម​ផង​ ​ហើយ​អាច​រស់​នៅ​ផង​ ​ម៉្យាង​វា​ក៏​ជា​តំបន់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​ ​ដែល​ជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។​ ​

​ជាមួយគ្នា​នេះ​ ​លោ​ក ​ស៊ា​ ​ឆៃ​លីន​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តម្លៃ​ខាងលើ​នេះ​ ​នៅ​មិនទាន់​ដល់​ចំណុចកំពូល​នៅឡើយ​នោះ​ទេ​ ​ខណៈ​ដែល​ជាទូទៅ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នេះ​ ​តែង​មានការ​កើនឡើង​ក្នុងរង្វង់​ចាប់ពី​ ​១០ទៅ១៥ភាគរយ​ប្រចាំឆ្នាំ​៕​

បុណ្យ​ទន្លេ​ចាប់ផ្តើម​ជាមួយ​ស្តង់​ចំនួន​ ​៣៤០បង្ហាញ​ផលិតផល​ចម្រុះ​

0

ដោយ​ ​វិសេស​

​ភ្នំពេញ​៖​ ​ពិធីបុណ្យ​ទន្លេ​ជាលើកដំបូង​ដែល​បាន​ធ្វើ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ហើយ​ ​ដោយមាន​ការ​តាំង​លក់​ផលិតផល​ចម្រុះ​រហូតដល់​ ​៣៤០ស្តង់​ ​សម្រាប់​ទាក់ទាញ​អ្នកដើរ​ទិញទំនិញ​ក្នុង​ពិធីបុណ្យ​នេះ​។​

​ក្រុម​អាជីវករ​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ ​និង​បុគ្គ​លឹ​ក​ក្រុមហ៊ុន​មួយចំនួន​បាន​និង​កំពុង​រៀបចំ​តុបតែង​ស្តង់​របស់​ខ្លួន​ ​អ្នកខ្លះ​បាន​រៀបចំ​សម្ភារៈ​ដាក់​តាំង​លក់ដូរ​ចាប់តាំងពី​ថ្ងៃនេះ​ទៅ​ហើយ​។​ ​ដោយឡែក​ស្តង់​ដែល​បាន​រៀបចំ​សម្ភារៈ​លក់ដូរ​រួចរាល់​នោះ​ ​គឺ​មាន​ប្រមាណ​ជាង៨០​%​ហើយ​ ​និង​បាន​ដំណើរការ​លក់ដូរ​ជា​ហូរហែរ​ផង​ដែរ​ ​ក្នុង​នោះ​គេ​ក៏​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ ​បាន​ចូល​ទិញទំនិញ​តាម​ស្តង់​ផង​ដែរ​។​

​ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ឆ្នាំង​ ​លោក​ ​ឈួរ​ ​ចាន់​ថន​បាន​មាន​ប្រសា​សន៍​ឲ្យ​ដឹ​នា​ព្រឹក​ថ្ងៃទី១៤​ ​មិនា​កន្លងមក​ថា​ ​នៅក្នុងចំណោម​ស្តង់​ទាំង៣៤០ស្តង់​នោះ​ ​គឺ​មាន​ស្តង់​ ​VIP​ ​គឺ​មាន​ទីតាំងនៅ​មុខ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ ​សំរាប់​ដាក់​តាំង​បង្ហាញ​នូវ​សមិទ្ធិ​ផល​ដែល​ជា​អត្តសញ្ញាណ​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ដូចជា​ ​សកម្មភាព​តម្បាញ​ក្រ​ម៉ា​ ​តម្បាញ​កន្ទេល​ក្រហម​ ​សកម្មភាព​ស្មូន​ដី​ទាំង​បែប​បូរាណ​ខ្មែរ​ ​និង​សម័យ​ដើម្បី​ធ្វើ​ឆ្នាំង​ ​ក្អម​ ​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ ​បង្ហាញ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ព្រមទាំង​ថ្នាក់​ដឹកនាំ​បាន​ទស្សនា​ស្នាដៃ​ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​។​

​ក្រៅពី​ស្តង់​ពិសេស​នេះ​ ​គឺ​នៅ​មាន​ស្តង់​របស់​មន្ទីរ​កសិកម្ម​ ​រុ​ក្ខាប្រ​ម៉ាញ់​ ​និង​នេសាទ​ខេត្ត​នៅ​ក្បែរ​នោះ​ ​ដោយ​ត្រូវ​ដាក់​តាំង​បង្ហាញ​ ​នូវ​ផ​លិ​ផល​កសិកម្ម​ពី​តាម​បណ្តា​សហគមន៍​ទាំង៧០នៅក្នុង​ខេត្ត​ដូចជា​បន្លែ​ ​អង្ករ​ ​កសិផល​ផ្សេង​ៗ​ ​និង​ត្រ​សាច់​ដែល​ជា​ប្រភេទ​ផលិតផល​សុវត្ថិភាព​គ្មាន​សារធាតុគីមី​។​ ​

​ដោយឡែក​ស្តង់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​វិញ​ ​បាន​តំឡើង​នៅ​តាម​បណ្តោយ​សួន​វិមានឯករាជ្យ​ចំនួន២ជួរ​ ​ដោយមាន​ដាក់​តាំង​លក់​នូវ​ផលិតផល​នានា​ជាច្រើន​ ​ហើយក៏​មាន​ស្តង់​របស់​ក្រុមហ៊ុន​ ​និង​ស្តង់​អាជីវករ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ ​ក្នុង​នោះ​មាន​មក​ពីទី​ក្រុងភ្នំពេញ​ ​ខេត្តបាត់ដំបង​ ​កំពង់ចាម​ ​សៀមរាប​ ​ពោធិ​សាត់​ ​កំពង់ធំ​ ​ប៉ោយប៉ែត​។​ល​។​ ​ដែល​ក្នុង​ស្តង់​ទាំងនោះ​លក់​ចំណីអាហារ​ ​សំលៀកបំពាក់​ ​ស្បែកជើង​ ​កាបូប​ ​ពូក​ខ្នើយ​ ​និង​សម្ភារៈ​ផ្ទះ​បាយ​ទំនើប​ៗ​។​

​លោក​ ​ឈួរ​ ​ចាន់​ថន​ ​បាន​បន្ត​ថា​ ​ទាក់ទង​នឹង​ការរៀបចំ​ស្តង់​ពិ​ពណ៌​នេះ​ ​គឺ​មានការ​លំ​បា​ក​ខ្លះ​ៗ​ផង​ដែរ​ ​ដោយសារតែ​បងប្អូន​អាជីវករ​មួយចំនួន​ ​មិនបាន​រៀបចំ​លក់​មុខទំនិញ​ទៅតាម​គោលការណ៍​ ​និង​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ ​ក៏ដូចជា​គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​៕​

ខេត្ត​កំពង់ស្ពឺ​ចាប់ផ្តើម​បញ្ចេញ​សក្តា​នុ​ពល​ក្នុង​វិស័យ​អចលនទ្រព្យ​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​មាន​ទីតាំងនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​បាន​និង​កំពុង​ចាប់ផ្តើម​បង្ហាញ​សក្តា​នុ​ពល​ផ្នែក​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​ជា​បណ្តើរ​ៗ​ ​ខណៈ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ត្រៀម​ចាប់ផ្តើម​ ​និង​សកម្មភាព​វិនិយោគ​មួយចំនួន​បាន​លេចចេញ​ជារូបរាង​។​

​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​លោក​ ​វ៉ា​ ​វីរៈ​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century21​ ​Fortuna​ ​Investment​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៤មិនា​កន្លងមក​ថា​ ​ខេត្ត​កំពង់ស្ពឺ​ ​កំពុងតែ​បញ្ចេញ​សក្ដានុពល​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជា​បណ្ដើរ​ៗ​ហើយ​ ​ជាពិសេស​បន្ទាប់ពី​គម្រោង​រុញច្រាន​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​និង​ឃ្លាំង​ធំៗ​ ​ចេញពី​តំបន់​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​តំបន់​ផ្លូវជាតិ​លេខ៤​ ​រួម​ជាមួយនឹង​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​ ​ព្រះសីហនុ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​លោក​បន្ត​ថា​ ​“​ពេលនេះ​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ហើយ​អាច​នឹង​កែប្រែ​មុខមាត់​ខេត្ត​មួយ​នេះ​ ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ក្នុង​ពេល​ដ៏​ខ្លី​”​។​ ​លោក​បន្ថែម​ថា​ ​“​កំពង់ស្ពឺ​ ​គឺ​វា​មាន​សក្ដានុពល​ផ្សេង​ៗ​ពីគ្នា​ដែល​អាស្រ័យ​ទៅតាម​តំបន់​”​។​

​ចំពោះ​តំបន់​ដែល​ស្ថិតនៅ​ជាប់​ខេត្តកណ្តាល​ ​ឬ​ជាប់​ជាយក្រុង​ ​ដូចជា​តំបន់​ផ្លូវ​លេខ៤១​ ​ផ្លូវ​លេខ៥១​ ​និង​តំបន់​ដែល​នៅ​ជាប់​ផ្លូវជាតិ​លេខ៤​ ​គឺ​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ​ជាក់ស្ដែង​ពេលនេះ​គម្រោង​ពុះ​ដី​ឡូ​តិ៍​កើតមាន​ព្រោងព្រាត​ ​ហើយ​គម្រោង​សាងសង់​រោងចក្រ​ ​និង​ឃ្លាំង​ជាច្រើន​ក៏​កំពុងតែ​បាញ់​ឆ្ពោះ​ ​ទៅ​តំបន់​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ​ហើយ​ចំពោះ​តំបន់​ ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៣​ ​បើ​ទោះជា​មិនសូវ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដូច​តំបន់​ជាប់​ផ្លូវជាតិ​លេខ៤ក៏​ពិតមែន​ ​ប៉ុន្តែ​តម្រូវការ​នៃ​ការ​វិនិយោគ​នៅតែ​មាន​ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ជាលំដាប់​។​ ​ដោយឡែក​ចំពោះ​តម្លៃ​ដីធ្លី​វិញ​ ​យើង​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ជា​រួម​បាន​នោះ​ទេ​ ​ព្រោះ​វា​អាស្រ័យ​ទៅតាម​តំបន់​ ​ទីតាំង​ដី​ ​និង​ទំហំ​ ​ឬ​ប្រភេទ​ដី​។​ ​

​អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​ទទួលស្គាល់​ពី​ភាពល្អ​ប្រសើរ​ ​និង​ភាព​រីកចម្រើន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ទាំងមូល​ ​ខណៈ​ដែល​ទំហំ​នៃ​ការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​ជាពិសេស​ក្រុមហ៊ុន​ចិន​តែម្ដង​ ​កាន់តែ​មានការ​កើនឡើង​ឥត​ឈប់ឈរ​។​ ​លោក​បន្ត​ថា​ ​វា​មានក​ត្តា​ជាច្រើន​ដែល​ជំរុញ​ ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​មានការ​កើនឡើង​ ​ដែល​ក្នុង​នោះ​ចំពោះ​តម្រូវការ​នៃ​ការប្រើ​ប្រាស​ដីធ្លី​ក៏​មាន​ខ្ពស់​។​ ​

​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ ​និង​កំពុង​ដំណើរការ​នៅក្នុង​ខេត្ត​ ​ដោយឡែក​គ្រាន់តែ​រោងចក្រ​ ​មាន​រហូតដល់​ទៅ​ជាង២០០រោងចក្រ​ ​ហើយ​ចំពោះ​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ ​មាន​រហូតដល់៦៤០០មូលដ្ឋាន​ ​ដែល​ផ្តល់​ការងារ​ដល់​កម្លាំង​ជំនាញ​រហូតដល់​ជាង១២ម៉ឺន​នាក់​ ​ស្មើនឹង​ចំណូល​ប្រមាណ១២ម៉ឺន​លាន​រៀល​ក្នុង​មួយ​ខែ​។​ ​លោក​បន្ត​ថា​ ​កត្តា​ទាំងអស់​នេះ​ហើយ​ ​ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ស្ពឺ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ​ហើយ​កា​រកើនម​ឡើង​នេះ​នឹង​នៅតែ​បន្ត​ទៅមុខ​ទៀត​៕​

ឧកញ៉ា​ពុង​ ​ឃា​វ​សែ​៖​ ​ក្រុមហ៊ុន​សំណង់​ប្រទេស​កូ​រ៉​ជាច្រើន​​បាន​ចាប់ផ្តើម​មក​​វិនិយោគ​នៅ​កម្ពុជា​

0

​ដោយ​ ​វិសេស​

​ភ្នំពេញ​៖​ ​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​សមាគម​អ្នកសាង​សង់​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​សំណង់​កូរ៉េ​កាន់តែ​ច្រើន​បាន​ ​និង​កំពុង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​ជាថ្មី​ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​ ​និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំងពីរ​។​ ​

​លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​ ​នៅ​ក្រោយពី​ចុះហត្ថលេខា​លើ​អនុសារណៈ​កិច្ច​ព្រមព្រៀង​រវាង​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​(​CCA​)​ ​និង​ទីភ្នាក់ងារ​លើក​កំពស់​ពាណិជ្ជកម្ម​និង​វិនិយោគ​កូរ៉េ​ ​(​KOTRA​)​ ​ថ្ងៃទី១៤​ ​ខែមីនា​នេះ​ថា​ ​នៅ​ពេល​ឆាប់​ៗ​នេះ​ ​កម្ពុជា​នឹង​ទទួល​ក្រុមហ៊ុន​វិនិយោគ​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​មក​បណ្តាក់​ទុន​វិនិយោគ​ច្រើនឡើង​វិញ​។​

លោក​បន្ត​ថា​ ​កាលពី​អំឡុង​បណ្តា​ប្រទេស​លើ​ពិភពលោក​ ​បាន​ជួប​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨​ ​មាន​ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគទុន​កូរ៉េ​មួយចំនួន​ធំ​ ​បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ត្រឡប់ទៅ​ប្រទេស​គេ​វិញ​ ​ហើយ​ពេលនេះ​បណ្តា​អ្នក​វិនិយោគ​ទាំងនោះ​ ​បាន​កំពុង​ត្រឡប់​មក​ស្វែងរក​ការ​វិនិយោគទុន​ឡើងវិញ​ ​ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ​កំពុង​រក្សា​កំណើន៧ភាគរយ​។​

​លោក​បន្ត​ថា​ ​នៅ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​រវាង​វិស័យ​ឯកជន​កម្ពុជា​ ​កូរ៉េ​នេះ​ ​យើង​មាន​គោល​សំ​ខាន់​ផ្តល់​ព៌​ត៌​មាន​អោយ​គ្នា​ ​ទៅវិញទៅមក​អំពី​ព័ត៌មាន​ឱកាស​វិនិយោគទុន​នៅ​កម្ពុជា​ ​និង​នៅ​កូរ៉េ​”​។​

​ទីភ្នាក់ងារ​ ​KOTRA​ ​របស់​កូ​រ៉​ខាងត្បូង​ ​បច្ចុប្បន្ន​មាន​ស្នាក់​ការ​តំបន់​ចំនួន១០​ ​និង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន១២៧ប្រទេស​ ​និង​នៅក្នុង​ប្រទេស​ចំនួន៨៦​។​ ​ដោយសារតែ​បញ្ហា​នេះ​ ​ទើប​ជ​ម្រុ​ញ​អោយ​ទីភ្នាក់ងារ​មួយ​នេះ​ក្លាយជា​ទី​ភ្នាក់​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​មួយ​ ​ដែល​ជ​ម្រុ​ញកា​រនាំ​ចេញ​ដ៏​ធំ​មួយ​របស់​ប្រទេស​កូរ៉េ​។​

​ជាមួយគ្នា​នេះ​ប្រធានាធិបតី​កូរ៉េ​ ​លោ​ក​ម៉ូន​ ​ជេ​អ៊ី​នបា​ននិង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​ចាប់ផ្តើម​ពី​ថ្ងៃទី​១៤​ ​ដល់១៦មិនា​ខាងមុខនេះ​ ​ដែល​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សំរាប់​ប្រទេស​ទាំងពីរ​។​

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​កូ​រ៉េ​ធំៗ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ ​មាន​ដូចជា​ក្រុមហ៊ុន YUNWOO​,​ ​BOOYOUNG​ ​ជាដើម​ ​ដែល​ពួកគេ​កំពុង​វិនិយោគ​គំ​រោង​ធំៗ​នៅ​កម្ពុជា​ ​ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​ដើមឆ្នាំ​នេះ​ ​យើង​មិនទាន់​ឃើញ​ក្រុមហ៊ុន​កូរ៉េ​ច្រើន​ចូល​មក​វិនិយោគ​នៅឡើយ​ទេ​។​ ​

​អ្នកនាង​បន្ត​ថា​ ​“​ប៉ុន្តែ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ ​ប្រធានាធិបតី​កូរ៉េ​មក​កម្ពុជា​ ​នា​ពេលនេះ​ ​ខ្ញុំ​គិតថា​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ ​និង​រំពឹង​ថា​ក្រុមហ៊ុន​កូរ៉េ​កាន់តែ​ច្រើន​នឹង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​”​៕​

ការ​រីកចម្រើន​អចលនទ្រព្យ​បាន​ធ្វើឲ្យ​ការ​ប្រមូល​ពន្ធ​ដា​របស់​ខេត្តកំពត​មា​នកំនើន​ខ្ពស់​

1

​ដោយ​ ​វិសេស​

​កំពត​៖​ ​មន្រ្តី​ជំនាញ​និង​ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​អះអាង​ថា​ ​ការី​ក​ចម្រើន​សេដ្ឋកិច្ច​និង​សង្គម​ ​ពិសេស​វិស័យ​ការ​រីកចម្រើន​អចលនទ្រព្យ​ក្នុង​ខេត្ត​ ​បាន​ធ្វើឲ្យ​ការ​ប្រមូល​ពន្ឋ​របស់​ពន្ឋ​ដា​ខេត្តកំពត​មានការ​កើនឡើង​យ៉ាង​ល្អ​ប្រសើរ​។​

​យោង​តាម​របាយការណ៍​របស់​សា​ខា​ពន្ឋ​ដា​ខេត្តកំពត​ ​បាន​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី១៣​ ​មិនា​កន្លងមក​បាន​ឲ្យដឹង​ថា​ ​ការ​ប្រមូល​ពន្ធ​ដា​របស់​សាខា​ពន្ធ​ដា​ខេត្តកំពត​ ​នៅក្នុង​ឆ្នាំ២០១៨​ ​ប្រមូល​បាន៣២ពាន់​លាន​រៀល​ ​គឺ​កើន​ឡើង​ទ្ធេរ​ដង​ ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ដែល​មាន​ចំនួន១៦ពាន់​លាន​រៀល​។​ ​ការ​កើនឡើង​នេះ​ ​ដោយសារ​ខេត្ត​មានការ​អភិវឌ្ឍ​រីកចម្រើន​ ​ពិសេស​ចរន្ត​នៃ​ការ​កាន់កាប់​ ​ផ្លាស់​ប្តូរ​ម្ចាស់​អចលនទ្រព្យ​មានដំណើរ​ការ​ល្អ​។​

​ប្រធាន​សាខា​ពន្ធ​ដា​ខេត្តកំពត​ ​លោក​ ​អ៊ូច​ ​គឹ​ម​ស៊ាន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​គណៈ​កម្ម​ការ​​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​ធនាគារ​ ​និង​សវនកម្ម​ ​នៃ​ព្រឹទ្ធសភា​ ​(​គណៈកម្មការ​ទី២​)​ថា​ ​នៅក្នុង​រយៈពេល​ពី​ខែ​ដើម​ឆ្នាំ​២០១៩​នេះ​ ​ការ​ប្រមូល​ពន្ធ​បាន​ចំនួន​ជាង៤ពាន់​លាន​រៀល​ ​បើ​ធៀប​រយៈ​ដូចគ្នា​នៅ​ឆ្នាំ២០១៨​ ​កើន​ឡើង​២៩.៥​ភាគរយ​។​ ​ការ​កើន​ឡើង​នៃ​ការ​ប្រមូល​ពន្ធ​នេះ​ ​ដោយសារ​ចលនា​ ​ឬ​ចរន្ត​នៃ​កា​រប្តូ​ដៃ​ម្ចាស់​អ​លន​ទ្រព្យ​ច្រើន​ ​ពី​ម្នាក់​ទៅ​ម្នាក់​ញឹកញាប់​ជាប់​ជា​ហូរហែរ​។​

​លោក​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​កំពត​បាន​លើកឡើង​ថា​ ​មូលហេតុ​នៃ​កំណើន​ការ​ប្រមូល​ពន្ធ​នេះ​ ​ដោយសារ​ការ​អភិវឌ្ឍ​រីកចម្រើន​ ​និង​លទ្ធផល​ការងារ​សំ​ខាន់​ៗ​ ​ដែល​រដ្ឋបាល​ខេត្តកំពត​សម្រេច​បាន​ ​ដោយ​អនុវត្ត​តាមកម្ម​វិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤របស់​រាជរដ្ឋាភិបាល​។​ ​ខេត្តកំពត​ ​មាន​សក​ត្តា​នុ​ពល​ច្រើន​ ​និង​មានការ​អ​វិ​ភវ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​កសិកម្ម​ ​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​។​

លោក​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​កំពត

​ជាមួយគ្នា​នេះ​លោក​ ​ជា​ ​ជេដ្ឋ​ ​ប្រធាន​គណៈកម្មការ​ទី២​ ​នៃ​ព្រឹទ្ធសភា​ ​បាន​ថ្លែង​ថា​ ​ខេត្តកំពត​ ​កំពុងតែ​មាន​កិត្តិស័ព្ទ​ល្បី​រន្ទឺ​ ​ហើយ​អ្នក​វិនិយោគ​ជាតិ​ ​និង​បរទេស​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ហើយ​ពេល​ខាងមុខ​ដ៏​ខ្លី​ខេត្ត​នេះ​ ​រំពឹង​ថា​នឹង​កាន់តែ​រីកចម្រើន​។​ ​បើ​តាម​សិក្សា​ស្វែងយល់​ជាមួយ​អាជ្ញាធរ​ដែនដី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​និង​ ​មន្ទីរ​ជំនាញ​ ​អង្គភាព​ពាក់ព័ន្ធ​ ​ក្នុង​ខេត្ត​កំពត​ស្ដីពី​ ​ការងារ​អនុវត្តន៍​ថវិកា​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​ ​និង​ការ​ផ្ដល់​សេវា​សាធារណៈ​ ​នៅ​ថ្នាក់ក្រោម​ជាតិ​មាន​ភាព​ល្អ​ប្រសើរ​៕​

ខ័ណ្ឌ​ទួលគោក​ផ្លាស់​ប្តូរ​ពី​តំបន់​​លំនៅ​ដ្ឋាន​​ទៅ​ជា​​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​យ៉ាង​លឿន​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ការ​រីកចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ ​មិន​ថមថយ​ល្បឿន​នោះ​ទេ​ ​ជាក់ស្តែង​ខ័ណ្ឌ​ទួលគោក​បាន​ផ្លាស់​ប្តូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​ផ្លាស់​ប្តូរ​ពី​តំបន់​លំនៅ​ដ្ឋាន​ ​ទៅជា​តំបន់​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក​។​

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​កាលពី​ចុងឆ្នាំ​មុន​បាន​រក​ឃើញថា​ ​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​នៅ​តំបន់​នេះ​ ​ពិសេស​ការ​កសាង​ខុន​ដូ​ ​អា​ផា​ត​ម៉ិន​ ​និង​អាគារ​ពាណិជ្ជកម្ម​នានា​បាន​ធ្វើ​ឲ្យ​តម្ល​ដីធ្លី​ ​នៅក្នុង​ខ័ណ្ឌ​ទួលគោក​កើនឡើង​រហូតដល់៥៦ភាគរយ​ ​កាលពី​ឆ្នាំមុន​ ​ធៀប​នឹង​ឆ្នាំ២០១៧កន្លងមក​។​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​តំបន់​ទួលគោក​បាន​ផ្លា​សប្តូ​រយ៉ា​ង​លឿន​ ​ដោយសារ​ការ​កើនឡើង​ ​នូវ​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​(​CBD​)​ ​នៅក្នុង​មូលដ្ឋាន​នេះ​កើនឡើង​ច្រើន​ ​ពិ​សេ​សកំនើ​ននៃ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​ជនបរទេស​ ​ដែល​បាន​ប្រែក្លាយ​តំបន់​នានា​ក្នុង​ខ័ណ្ឌ​ទួលគោក​ ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​រស​រវើក​។​

​អ្នកនាង​បន្ត​ថា​ ​“​ការ​រីកចម្រើន​នេះ​ ​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​កាន់តែ​ផ្តោត​លើ​តំបន់​នេះ​ ​ហើយ​នា​ពេល​អនាគត​តម្លៃ​លំនៅ​ដ្ឋាន​ ​និង​ដីធ្លី​នឹង​មា​នកំនើន​ខ្ពស់​ថែមទៀត​”​។​ ​អ្នកនាង​បាន​បន្ត​ថា​ ​“​បច្ចុប្បន្ន​គំរោង​ខុន​ដូ​ ​អា​ផា​ត​ម៉ិន​ជាច្រើន​បាន​បញ្ចប់​ការសាងសង់​ ​និង​កំពុង​សាងសង់​នៅ​តំបន់​នេះ​ ​ដែល​វា​ជា​តំបន់​ទី២បន្ទាប់ពី​ខ័ណ្ឌ​ចំការមន​ ​ខ័ណ្ឌ៧មករា​និង​ខ័ណ្ឌ​ដូនពេញ​”​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ច្រឹក​ ​សុ​ខ​នី​ម​បាន​មានប្រសាសន៍​ថា​ ​ការ​រីកចម្រើន​ខ័ណ្ឌ​ទួលគោក​ ​មួយ​ផ្នែក​ដោ​យសារឥទ្ឋិ​ពល​ចេញពី​ខ័ណ្ឌ​ចំការមន​ ​ដូនពេញ​ ​និង​ខ័ណ្ឌ​ ​៧មករា​ ​ពិសេស​តម្លៃ​នៅ​ទីនោះ​មាន​ភាព​សមស្រប​ងាយស្រួល​វិនិយោគ​កាលពី​កំឡុង៣ទៅ៥ឆ្នាំមុន​ ​ប៉ុន្តែ​តម្លៃ​ដី​ក្នុង​តំបន់​ពាណិជ្ជកម្ម​រស​រវើក​នៅក្នុង​ខ័ណ្ឌ​នេះ​នា​ពេល​បច្ចុប្បន្ន​ ​មានតម្លៃ​ចន្លោះ៣៥០០ទៅ៤៥០០ដុល្លារ​ ​ដី​នៅ​តំបន់​លំនៅ​ដ្ឋាន​មាន​ចន្លោះ២០០០​ ​ទៅ៣៥០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​និង​ដី​នៅ​តាម​ផ្លូ​វតូចៗ​អាច​មានតម្លៃ​ទាប​ជាង​នេះ​។​

​លោក​បន្ត​ថា​ ​“​ទោះជាយ៉ាងណា​បើ​គិត​ពី​តំលៃ​ជួល​អា​ផា​ត​ម៉ិន​ ​នៅ​តំបន់​ទួលគោក​ ​ធៀប​នឹង​ខ័ណ្ឌ​ចំការមន​ ​តំបន់​ទួលគោក​មានតម្លៃ​ទាប​ជាង​ប្រមាណ១៥ភាគរយ​ ​តែបើ​ធៀប​តែ​តំបន់​បឹងកេងកង១​ ​តម្លៃ​ខុសគ្នា​រហូតដល់​ប្រមាណ​ ​៣០ភាគរយ​”​។​
​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ថា​ ​តំបន់​ទួលគោក​នឹង​បន្ត​រីកចម្រើន​ថែមទៀត​ ​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​របស់​ជន​បរទេស​ ​កត្តា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ​និង​ភាព​ទាក់ទាញ​ដែល​មានស្រាប់​នៅ​តំបន់​នេះ​ ​ពិសេស​តង់​ស៊ី​តេ​ប្រជាជន​មា​នកំនើន​ខ្ពស់​នៅក្នុង​ខ័ណ្ឌ​មួយ​នេះ​ ​ដែល​វា​ជា​ខ័ណ្ឌ​មាន​ភាព​រីកចម្រើន​បន្ទាប់ពី​ខ័ណ្ឌ​បី​ទៀត​ ​គឺ​ចំការមន​ ​ដូនពេញ​ ​និង​ខ័ណ្ឌ៧មករា​៕​