បញ្ហា​ប្រឈម​៖​ ​អ្នក​ផលិត​អំបិល​កំពុង​ព្រួយបារម្ភ​អំពី​ទីផ្សារ​ ​ខណៈ​សហគមន៍​​ត្រូវ​បាន​រំលាយ​

0

​ដោយ​ ​វិសេស​

​កំពត​៖​ ​ឆ្នាំ២០១៩​ ​អំបិល​ខេត្តកំពត​អាច​ផលិត​បាន​ជា​ធម្មតា​ឡើងវិញ​ ​ដោយសារ​អាកាសធាតុ​អំណោយ​ផង​ ​ប៉ុន្តែ​អ្នក​ផលិត​អំបិល​កំពុងតែ​ព្រួយបារម្ភ​អំពី​ទីផ្សារ​ ​ព្រោះ​សហគមន៍​អ្នក​ផលិត​អំបិល​ ​កំពត​ ​កែប​ ​ត្រូវ​បាន​រំលាយ​ ​ហើយ​អំបិលដែល​នាំចូល​ពី​ប្រទេសក្រៅ​មានតម្លៃ​ថោកជាង​អំបិល​ក្នុង​ស្រុក​ ​។​ ​

​ម្ចាស់ការ​ដ្ឋាន​ផលិត​អំបិល​ ​លោក​ ​ងួន​ ​ចាន់​សុជាតា​ ​បាន​ប្រាប់ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៤​ ​មីនា​នេះ​ថា​ ​ឆ្នាំនេះ​អាកាសធាតុ​អំណោយផល​ ​ហើយ​ការផលិត​អំបិល​ ​មាន​ភាពល្អ​ប្រសើរ​។​ ​បើ​តាម​ការ​រំពឹង​ទុក ​ការដ្ឋាន​របស់​លោក​ ​នឹង​ផលិត​អំបិល​បាន ៤០០តោន​ ​។​ ​

លោក​បាន​បញ្ជាក់​ថា​ ​ការផលិត​អំបិល​ធ្វើឡើង​តាម​ធម្មជាតិ​ ​មានការ​លំបាក​ខ្លាំង​ណាស់​ ​ម្យ៉ាង​ខ្វះ​កម្លាំង​ពលកម្ម​ថែមទៀត​ផង​ ​បច្ចុប្បន្ន​លោក​បាន​ប្តូរ​ពី​ការប្រើ​កម្លាំង​កម្មករ​ ​មក​ប្រើគោ​យន្ត​វិញ​ ​ក្នុង​ការ​រៀប​ចំ​ថ្នាល់​បណ្តុះ​អំបិល​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​ខ្ញុំ​និង​អ្នក​ផលិត​អំបិល​ដទៃទៀត​ ​កំពុងតែ​ព្រួយបារម្ភ​ ​អំពី​តម្លៃ​ទីផ្សារ​អំ​បិត​ ​ព្រោះ​បច្ចុប្បន្ន​ ​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​ ​កែប​ ​ត្រូវ​បាន​រំលាយ​ ​ហើយ​តម្លៃ​អំបិលដែល​នាំចូល​ពី​ប្រទេស​ចិន​ ​មានតម្លៃ​ប្រហាក់​ប្រហែល​អំបិល​របស់​កម្ពុជា​ ​ធ្វើឲ្យ​ការប្រកួត​ប្រហែង​ទីផ្សារ​មានការ​លំបាក​ ​។​ ​លោក​ស្នើ​ឲ្យ​មន្ត្រី​តាម​ច្រកព្រំដែន​ ​រិត​បណ្តឹង​លើ​ការ​យន្ត​ពន្ធ​នៃ​ការ​នាំ​អំបិល​ចូល​”​។​

​ប្រធាន​សភា​ពាណិជ្ជកម្ម​មណ្ឌល​កំពត​ ​តាកែវ​ ​និង​កែប​លោក​ឧកញ៉ា​ហាក់​ ​វណ្ណា​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ទីផ្សារ​អំបិល​កម្ពុជា​ ​គឺជា​រឿង​សំខាន់ណាស់​ ​សម្រាប់​សភា​ពាណិជ្ជកម្ម​ ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែក​ ​និង​ស្វែង​ដំណោះស្រាយ​ទីផ្សារ​ឲ្យបាន​កាន់តែ​ល្អ​ ​ព្រោះ​អំបិល​កម្ពុជា​មាន​សារធាតុ​ចិញ្ជឹម​ ​និង​មានគុណ​ភាពល្អ​ ​ជួល​ដល់​សុខភាព​អ្នកទទួល​ទាន​ ​។​ ​

លោក​បាន​បន្ត​ថា​ ​សភា​ពាណិជ្ជកម្ម​កន្លងមក​ ​មិន​ហ៊ាន​លូកដៃ​ចូលក្នុង​កិច្ចការ​ទីផ្សារ​អំបិល​ទេ​ ​ដោយសារ​មាន​សហគមន៍​អ្នក​ផលិត​អំបិល​ ​ទទួលខុស​អំពី​រឿង​នេះ​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយពេល​ ​សហគមន៍​ត្រូវ​បាប​រំលាយ​ ​សភា​ពាណិជ្ជកម្ម​ ​និង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​តម្លៃ​អំបិល​កម្ពុជា​ ​ភាពល្អ​ប្រសើរ​ជាង​មុន​។​ ​

​លោក​បន្ត​ថា​ ​“​សភា​ពាណិជ្ជកម្ម​នឹង​បង្តើ​ត​វេ​ទិ​ការ​មួយ​ ​ដែល​មា​នការចួល​រួម​ពី​មន្ត្រី​មន្ទីរ​ ​និង​ក្រសួង​ជំនាញ​ ​និង​ពាក់ព័ន្ធ​ ​ដើម្បី​​ស្វែងរក​ដំណោះស្រាយ​ ​តម្លៃ​ទីផ្សារ​អំបិល​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​”​។​ ​

​លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​ផលិត​អំបិល​ទាំងអស់​ ​ប្រឹងប្រែង​ផលិត​អំបិល​ ​និង​មានទំនុក​ចិត្តជឿ​ជាក់​ ​លើ​ថ្នាក់​ដឹង​នាំ​ខេត្ត​ក្នុង​ការ​រក​ទីផ្សារ​ ​និង​ស្វែងរក​ដៃគូ​ ​អ្នកមាន​បច្ចេកទេស​ក្នុង​ការផលិត​អំបិល​ឲ្យ​កាន់តែ​ទទួល​បាន​ទិន្នផល​ច្រើន​ ​និង​មានគុណ​ភាព​ ​សម្រាប់​ផ្គត់ផ្គង់​ការប្រើ​ប្រាស់​អំបិល​ទូទាំង​ប្រទេស​។​ ​

​ការប្រើ​អំបិល​ទូទាំង​ប្រទេស​ក្នុង​មួយឆ្នាំ​ ​អស់​ប្រមាណ ១០ម៉ឺន​តោន​ ​ហើយ​ការផលិត​អំ​បិត​ ​របស់​ខេត្តកំពត​កែប​ ​អាច​ផលិត​បាន​រង្វង់​ពី១៥​ ​ទៅ​ ​១៦ម៉ឺន​តោន​ ​បើ​អាកាសធាតុ​អំណោយផល​៕​

កាស្សាក់ស្ថាន​ចាប់អារម្មណ៍​វិនិយោគ និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយកម្ពុជា

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​កាហ្សាក់ស្ថាន​បាន​បង្ហាញ​ពី​បំណង​លើក​កំពស់​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ជំរុញ​ការ​វិនិយោគ​ ​និង​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ ​នៅ​វិមានរដ្ឋ​សភា​ ​ព្រឹក​ថ្ងៃទី១៤​ ​ខែមីនា​នេះ​ ​លោក​ ​BeKerzhan​ ​Zhumakhanov​ ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន​ប្រចាំ​នៅ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ ​ចង់​ឃើញ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​នយោបាយ​ ​ការទូត​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិស័យ​ទេសចរណ៍​ ​រវាង​ប្រទេស​កាហ្សាក់ស្ថាន​ ​និង​កម្ពុជា​ ​មាន​ភាព​ប្រសើរ​ឡើង​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​លោក​កែវ​ ​ពិសិដ្ឋ​ ​នាយក​ខុទ្ទកាល័យ​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​នៅ​ក្រោយ​ជំនួប​នេះ​។​

​លោក​បាន​បន្ត​ថា​ ​នៅចំពោះមុខ​សម្តេច​ពញា​ចក្រី​ហេង​ ​សំ​រិន​ ​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ ​បាន​សម្តែង​ការ​គាំទ្រ​ ​ដល់​ក្រុម​មិត្តភាព​នៃ​សភា​ប្រទេស​កម្ពុជា​-​កាហ្សាក់ស្ថាន​ ​ដែល​ត្រូវ​បង្កើត​ឡើង​ ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ ​លើ​គ្រប់​វិស័យ​។​

​ជា​ការ​ឆ្លើយតប​ ​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​មានប្រសាសន៍​ថា​ ​រដ្ឋសភា​កម្ពុជា​មានការ​ពេញចិត្ត​ ​និង​គាំទ្រ​រាល់​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា​និង​កាហ្សាក់ស្ថាន​ ​ដោយ​សម្តេច​បាន​បញ្ជាក់​ពី​បំណងប្រាថ្នា​ ​ចង់​ឃើញ​នូវ​ការ​អ​ភិ​វ​ឌ្ឍ​ថ្មី​ៗ​ទៀត​ ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វា​ប្រទេស​ទាំងពីរ​។​ ​ទន្ទឹមគ្នា​នេះ​ ​សម្តេច​ពញា​ចក្រី​ ​ក៏បាន​ស្នើ​លោក​ ​ឯកអគ្គ​រដ្ឋទូត​បន្ត​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ​និង​ប្រជាជន​កាហ្សាក់ស្ថាន​មក​ធ្វើ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យតែ​ច្រើនឡើង​ថែមទៀត​។​

​ជាមួយគ្នា​នេះ​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​បាន​ឯកភាព​តាម​ការ​អញ្ជើញ​របស់​ប្រធាន​សភា​កាហ្សាក់ស្ថាន​ ​ដែល​មានការ​គាំទ្រ​ពី​ប្រធាន​សភា​ឌូ​ម៉ា​រុស្ស៊ី​ ​និង​ប្រធាន​សភា​កូរ៉េ​ ​ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​សភា​អឺរ៉ុប​-​អាស៊ី​ ​(​អឺ​រ៉ា​ស៊ី​)​លើក​ទី៤​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​៕​

អភិបាលខេត្ត​កោះកុង​គាំទ្រ​ការរៀបចំ​ ​Caravan​ ​ឆ្លង​ប្រទេស​ចំនួន​បី​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​អភិបាលខេត្ត​កោះកុង​លោកជំទាវ​ ​ភូ​ថង​ ​មិថុនា​ ​បាន​ប្រកាស​គាំទ្រ​ខ្សែ​ទស្សនាចរណ៍​តាម​រថយន្ត​ឆ្លង​កាន់​ប្រទេស​ចំនួន​បី​ដែល​នឹង​ចាប់ផ្តើម​នៅដើម​ខែមេសា​ខាងមុខនេះ​។​

​លោក​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​ជា​អ្នកដឹកនាំ​ខ្សែ​ទស្សនកិច្ច​នេះ​ ​បាន​ជួប​ជាមួយ​លោកជំទាវ​អភិបាលខេត្ត​កោះកុង​នា​ព្រឹក​ថ្ងៃទី១៤​ ​មិនា​នេះ​ ​និង​បាន​មានប្រសាសន៍​ថា​ ​អភិបាលខេត្ត​កោះកុង​ ​និង​រដ្ឋបាល​ខេត្ត​ទាំងមូល​បាន​គាំទ្រ​លើ​គំរោង​ ​Caravan​ ​for​ ​Sustainable​ ​Tourism​ ​Development​ ​ដែល​សហការ​រៀបចំ​ដោយ​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​ក្រសួងទេសចរណ៍​ ​សមាគម​ទេសចរ​ ​ណ៍​ខេត្ត​ត្រា​ត​ ​និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កាន់​ធើ​ ​ប្រទេស​វៀតណាម​។​

​Caravan​ ​for​ ​sustainable​ ​Tourism​ ​development​ ​ជា​ខ្សែ​ទស្សនាចរណ៍​របស់​ប្រទេស​ទាំង​បី​តាមរយៈ​រថយន្ត​ ​គឺ​កម្ពុជា​ ​វៀតណាម​ ​និង​ប្រទេស​ថៃ​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី២​ ​ដល់​ថ្ងៃទី៧​ ​មេសា​ខាងមុខនេះ​។​

​លោក​ ​ធួន​ ​ស៊ី​ណាន​ ​បាន​បន្ត​ថា​ ​កម្មវិធី​នៃ​ដំណើរ​កំសាន្ត​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ចំនួន៣​ ​រួមមាន​ ​ទី១​ ​ផ្សព្វផ្សាយ​ទេសចរណ៍​បៃតង​ ​តាមរយៈ​ការ​លើក​កំពស់​អនាម័យ​ ​និង​បរិស្ថាន​ ​ទី២​ ​ផ្សព្វផ្សាយ​ការ​អ​ភិ​វ​ឌ្ឈ​ន៍​ទេសចរណ៍​នៅ​តាម​ព្រំដែន​ ​ទី៣​ ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​វិស័យ​ទេសចរណ៍​ ​ទី៤​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ ​និង​ទី៥​ ​លើក​កំពស់​ការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ ​ទើប​យើង​រៀបចំ​កម្មវិធី​នេះ​។​លោក​បន្ត​ថា​ ​“​នៅ​កម្ពុជា​អ្នកចូលរួម​នឹង​ជួបជុំគ្នា​នៅ​ភ្នំពេញ​ ​និង​ទៅ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ ​និង​ពេល​រាត្រី​នៅ​លើ​ភ្នំបូកគោ​ក្នុង​ខេត្តកំពត​ ​មុន​ចេញដំណើរ​ទៅកាន់​វៀតណាម​ ​ជាមួយ​ក្រុម​អ្នក​ទេសចរណ៍​ថៃ​ ​ហើយ​ធ្វើដំណើរ​ទៅ​ភ្នំដិន​ ​ក្នុង​ខេត្តតាកែវ​ ​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​”​។​ ​លោក​បន្ត​ថា​ ​“​ដំណើរ​ទស្សនាចរណ៍​នេះ​ ​មានតម្លៃ៣១០ដុល្លារ​អាមេរិក​សំរាប់​មនុស្សម្នាក់​”​។​

​លោក​បាន​បន្ត​ថា​ ​ខ្សែ​ទស្សនកិច្ច​នេះ​ ​នឹង​សម្រាក​នៅ​ខេត្ត​កាន់​ធើ​ ​ប្រទេស​វៀតណាម​ ​និង​ដើរ​កំសាន្ត​នៅ​កាន់​ខេត្ត​នេះ​ ​ហើយ​បន្ទាប់មក​ទៅ​ទីក្រុង​អាងយ៉ាង​ ​ខេត្ត​ហា​ទៀង​ ​ត្រលប់​មកកាន់​ខេត្ត​កែប​ ​និង​សំរាក​នៅ​ខេត្តកំពត​ជាថ្មី​ ​ហើយ​បន្ទាប់មក​ទើប​ទៅកាន់​តំបន់​ពាន​ក្រសោប​ ​ខេត្តកោះកុង​ ​និង​ធ្វើ​យុទ្ឋ​នា​ការ​សំអាត​ទីក្រុង​ ​នៅ​ខេត្តកោះកុង​ ​មុន​ឆ្ពោះទៅ​កាន់​ខេត្ត​ត្រា​ត​ ​ប្រទេស​ថៃ​ ​ដោយ​ជិះកង់​កំសាន្ត​នៅ​ខ្ល​ងយ៉ៃ​មុន​ទៅកាន់​ទីរួមខេត្ត​ត្រា​ត​ ​ប្រទេស​ថៃ​៕​

ស្វែងយល់​ពី​សុពលភាព​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចំនួន ៦យ៉ាង

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ ​ឬ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ​ ​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​យក​មក​ប្រើប្រាស់​ជា​មូលដ្ឋាន​ច្បាប់​ ​និង​ប្រើប្រាស់​ជាឯក​សារ​ទិញ​លក់​អចលនទ្រព្យ​នានា​ ​ថ្ងៃនេះ​គេហទំព័រ​ ​Propertyarea.asia​ ​សូម​លើកយក​នូវ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចំនួន៦​ ​ដែល​នៅ​មានការ​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាប់​កាប់​ប្រើប្រាស់​ដីធ្លី​ ​និង​ប្លង់​ស្លាបមាន់​

​ប័ណ្ណ​នេះ​គឺជា​ប្លង់​បញ្ជាក់​ពី​ការ​កាន់កាប់​ ​ដែល​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដំបូង​គេ​ ​ក្រោយពី​សម័យ​សង្រ្គាម​ ​បន្ទាប់ពី​ការ​ចេញ​នូវ​សេចក្តី​ណែនាំ​អនុវត្តន៍​លេខ០៣​ ​សណន​ ​ចុះ​ថ្ងៃទី៣​ ​មិថុនា​ ​ឆ្នាំ១៩៨៩​។​ ​ប័ណ្ណ​នេះ​បាន​ចេញ​ឲ្យ​ប្រើប្រាស់​នៅចន្លោះ​ឆ្នាំ១៩៨៩​ ​ដល់​ឆ្នាំ១៩៩៣​ ​ដោយ​អាជ្ញា​ធ​រសូរិ​យោ​ដី​របស់​រដ្ឋកម្ពុជា​។​ ​ប័ណ្ណ​នេះ​ផង​ដែរ​ ​គឺ​នៅ​មាន​សុ​ ​ពលភាព​អាច​កាន់​កាប់​ ​ប្រើប្រាស់​ ​ចាត់ចែង​ ​លក់ដូរ​ ​ផ្ទេរ​កម្ម​សិទ្ឋ​បាន​ស្របតាម​ច្បាប់​។​

​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​
​ប្លង់​ឬ​ប័ណ្ណ​នេះ​ ​គ៏​ជា​ប្លង់​បញ្ជា​ក់​ពី​សិទ្ឋ​កាន់កាប់​របស់​ម្ចាស់ដី​ធ្លី​ដែរ​ ​ហើយ​ប្លង់​នេះ​ភា​ ​គ​ច្រើន​គេ​ឃើញ​មាន​ប្រើប្រាស់​នៅក្នុង​ឆ្នាំ១៩៩២​ ​ដោយ​អាជ្ញា​ធ​រសូរិ​យោ​ដី​របស់​រដ្ឋកម្ពុជា​ផង​ដែរ​។​ ​ប្លង់​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​ទេ​ ​ហើយ​ប័ណ្ណ​នេះ​ជា​ប័ណ្ណ​មួយ​ប្រភេទ​​ប្លង់​ឬ​ប័ណ្ណ​នេះ​ដែរ​ ​វា​មាន​ចំណងជើង​ស្រដៀងគ្នា​នឹង​ប័ណ្ណ​ ​L​ ​Map​ ​ដែល​វា​ធ្វើឲ្យ​មានការ​ច្រឡំ​គ្នា​ ​ប្រសិនជា​យើង​មិនបាន​ឃើញ​រូបភាព​ ​ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្លង់​អិ​លម៉ាប​ ​ព្រោះ​ប្លង់​នេះ​ ​វា​មាន​ទម្រង់​ជា​ប័ណ្ណ​បញ្ជាក់​កម្មសិទ្ឋិ​កាប់​កាប់​តែប៉ុណ្ណោះ​។​

​ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​អចលនវត្ថុ​ឬ​ប្លង់​ដាច់​ដោយ​ដុំ​
​ប័ណ្ណ​សម្គាល់​សិទ្ឋ​កាន់កាប់​អចលនវត្ថុ​ ​ឬ​ប្លង់​ដាច់​ដោយ​ដុំ​ ​គឺជា​ប័ណ្ណ​បញ្ជា​ក់​ពី​សិទ្ឋិ​កាន់កាប់​មួយ​ប្រភេទ​ ​ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​រាជធានី​ ​ខេត្ត​។​ ​ប្លង់​នេះ​យើង​ឃើញ​ភាគច្រើន​ចេញ​ឲ្យ​ប្រើប្រាស់​ពីឆ្នាំ១៩៩៨​ ​មកដល់​បច្ចុប្បន្ន​។​ ​ប័ណ្ណ​ឬ​ប្លង់​រ៉ឹង​ប្រភេទ​នេះ​ ​វា​កើត​ចេញពី​ការ​ស្នើសុំ​ធ្វើ​ ​ដោយ​ម្ចាស់​កម្ម​សិទ្ឋ​ឯកជន​ដោយឡែក​តែម្នាក់ឯង​ ​ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​គោល​បំណង​រៀង​ៗ​ខ្លួន​។​ ​សោហ៊ុយ​ឬ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ប្លង់​នេះ​ ​ជា​បន្ទុក​របស់​ម្ចាស់​កម្ម​សិទ្ឋ​ឯកជន​។​

​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ឬ​ប័ណ្ណ​កម្ម​សិទ្ឋ​រួម​
​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ ​ឬ​ប័ណ្ណ​កម្ម​សិទ្ឋ​រួម​ ​គឺជា​ប្រភេទ​ប័ណ្ណ​កម្ម​សិទ្ឋ​ថ្មី​មួយ​ ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ២០១០​ ​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​ ​ប័ណ្ណ​កម្ម​សិទ្ឋ​នេះ​ ​គឺជា​ប្លង់​បញ្ជា​ក់​ពី​សិទ្ឋ​កម្ម​សិទ្ឋ​លើ​ចំណែក​ឯកជន​របស់​អ្នក​ស្នាក់នៅ​ ​លើ​អាគារ​សហ​កម្ម​សិទ្ឋ​ (​ខុន​ដូ​)​ ។​ ​ប្លង់​នេះ​ជា​ទម្រង់​ថ្មី​មួយ​ ​នៃ​កម្ម​សិទ្ឋ​ហើយ​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​កាន់កាប់​អចលនទ្រព្យ​ ​ដោយ​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន​ ​ចាប់ពី​ជាន់ទី១ឡើង​ទៅ​។​

​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឬ​ប្លង់​រ៉ឹង​
​វា​ជា​ប័ណ្ណ​កម្ម​សិទ្ឋ​ពេញលេញ​ ​ហើយ​មាន​ភាព​រ៉ឹង​មាំ​ផ្នែក​ផ្លូវច្បាប់​ជា​ប័ណ្ណ​ផ្សេងទៀត​ទាំងអស់​ ​និង​ជា​ប័ណ្ណ​កម្ម​សិទ្ឋ​ដែល​ផ្តល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​រាជធានី​ ​ខេត្ត​ ​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ស្របតាម​គោ​លនុ​បាយ​របស់​រដ្ឋាភិបាល​។​ ​ប័ណ្ណ​ឬ​ប្លង់​នេះ​ ​វា​ជា​ប័ណ្ណ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ចុងក្រោយ​គេ​ ​បង្អស់​ ​និង​ទំនើប​ជាងគេ​។​

​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​មាន​ភ្ជាប់​ ​Q​ ​Code​ ​
​នៅ​ថ្ងៃទី១​ ​មករា​ ​ឆ្នាំ២០១៩ខាងមុខ​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​នឹង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ថ្មី​មួយទៀត​ ​ដែល​មាន​ដាក់បញ្ចូល​ ​Q​ ​Code​ ​នៅ​លើ​សន្លឹក​ប័ណ្ណ​ជំនួស​ប្លង់​កម្ម​សិទ្ឋ​ចាស់​ទាំងអស់​ ​ដែល​បាន​ចេញ​ជាច្រើន​ដំណាក់កាល​នា​ពេល​កន្លងមក​។​

​លោក​មេធា​វី​ឡុង​ ​សុវិជ្ជា​មាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ឋ​អចលនវត្ថុ​ទាំង៦ខាងលើ​សុទ្ឋ​តែ​មាន​សុពលភាព​ខាង​ផ្លូវច្បាប់​ ​ព្រោះ​រដ្ឋាភិបាល​មិនទាន់​បាន​ធ្វើ​មោឃភាព​លើ​ប័ណ្ណ​ឬ​ប្លង់​ណាមួយ​នោះ​ទេ​ ​ប៉ុន្តែ​ប័ណ្ណ​ឬ​ប្លង់​កម្ម​សិទ្ឋ​មិនមែន​ប័ណ្ណ​អិល​ ​ម៉ា​ប​ ​ជា​ប័ណ្ណ​ដែល​ម្ចាស់​អចលនវត្ថុ​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​ផ្លូវច្បាប់​ ​ច្រើនជាង​ប័ណ្ណ​អិល​ ​ម៉ា​ប​ ​ឬ​ប្លង់​រ៉ឹង​ ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​៕​

អ្នកជំនាញ​ប្រាប់​ពី​វិធី​សាស្រ្ត​ចំនួន៥​ ​ដើម្បី​ទិញ​ដី​លក់​ឆាប់​ដាច់​ ​និង​បាន​ចំណេញ​ច្រើន​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​អ្នកណា​ក៏​ចង់​ចំណេញ​ច្រើន​ ​និង​លក់​ដី​ឆាប់​ដាច់​ដែរ​ ​នៅពេល​អ្នក​វិនិយោគ​ស្វែងរក​ផល​ចំណេញ​ ​ប៉ុន្តែ​ការទិញ​ដី​ទាំង​ប្រថុយប្រថាន​គ្មាន​ជំនាញ​ច្បាស់លាស់​ ​នឹង​មិន​ធ្វើឲ្យ​ការ​វិនិយោគ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​។​

​គេហទំព័រ​ ​Propertyarea.asia​ ​សូម​លើកយក​គំនិត​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​រយៈពេល​ជាង២ទសវត្សរ៍​មក​បង្ហាញ​ ​ហើយ​​លោក​តែង​ទទួល​បាន​ជោគជ័យ​នូវ​ការទិញ​លក់​ដីធ្លី​ជាប្រចាំ​។​

​លោក​ ​កាង​ ​សុធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Land​ ​Station​ ​Real​ ​Estate បាន​លើកយក​គំនិត​ជាច្រើន​សម្រាប់​ពិចារណា​ ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដីធ្លី​ ​ដើម្បី​លក់​ឆាប់​ដាច់​ ​និង​ទទួល​បានផល​ចំណេញ​ច្រើន​។​

​ត្រូវ​រក​ទិញ​ដី​មានតម្លៃ​ទាប​ជាង​ទីផ្សារ​
​ការ​រកបាន​ដី​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ ​គឺ​ទទួល​បាន​ជោគជ័យ​មួយ​ជំ​ហ៊ាន​រួចហើយ​ ​ប៉ុន្តែ​ការ​រក​ដី​បែបនេះ​បាន​គឺ​ត្រូវ​ព្យាយាម​ ​និង​អត់ធ្មត់​ ​ហើយ​អ្នកទិញ​ត្រូវ​ធ្វើការ​ជាមួយ​ភ្នាក់ងារ​អចលនទ្រព្យ​ច្រើន​ ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាដើម​។​ ​ការ​រកបាន​ដី​បែបនេះ​ ​ជួល​កាល​ត្រូវ​ចំណាយពេល១ខែ​យូរ​ ​ឬ​ឆាប់​ជាង​នេះ​អាស្រ័យ​លើ​ការ​ព្យាយាម​របស់​យើង​។​

​ការទិញ​ដី​ឲ្យ​មានតម្លៃ​ទាប​ជាង​ទីផ្សារ២០ភាគរយ​ ​ឬ៣០ភាគរយ​ពិតជា​ល្អ​ប្រសើរ​ ​ហើយ​យើង​នឹង​លក់​ចេញ​បាន​លឿន​ ​និង​ត្រូវ​ទុក​ឳ​កាស​ឲ្យ​អ្នក​វិនិយោគ​បន្ទាប់​ចំណេញ​ផង​ ​កុំ​ចង់​ចំណេញ​តែម្នាក់ឯង​។​

​ទិញ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​
​តំបន់​អភិវឌ្ឍន៍​ដែល​មាន​រោងចក្រ​ ​សហគ្រាស​ ​ឬប្រជាជន​រស់នៅ​ច្រើន​ជា​ប្រភេទ​ដី​រស់​ ​មានន័យថា​មាន​ចរន្ត​នៃ​តម្រូវការ​ជាប្រចាំ​។​ ​ហេតុនេះ​ការទិញ​ដី​ឲ្យបាន​តម្លៃ​ល្អ​ ​និង​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​ពិតជា​ល្អ​ប្រសើរ​ ​ដែល​ធ្វើឲ្យ​យើង​ងាយ​លក់​ចេញ​ ​និង​ចំណេញ​បាន​លឿន​។​

​ទិញ​ដី​ដែល​មាន​សណ្ឋានដី​ល្អ​
​រូបរាង​ដី​មាន​សណ្ឋាន​ខុស​ៗ​គ្នា​ ​ហេតុនេះ​ការទិញ​ដី​ដែល​រូបរាង​ស្អាត​(​មើលតាម​ប្លង់​)​ក៏​ជា​ដី​ ​ដែល​ផ្តល់​ឳ​កាស​ឲ្យ​អ្នក​វិនិយោគ​ងាយស្រួល​លក់​ចេញ​ ​និង​ចំណេញ​ផង​ដែរ​ ​ប៉ុន្តែ​ដី​នៅក្នុង​ចំណុច​ទី៣នេះ​ ​ត្រូវ​មាន​រួមបញ្ចូល​នូវ​ចំណុច​ទី១និង​ទី២ខាងលើ​ផង​ដែរ​។​

​ទិញ​ដី​នៅ​តាមផ្លូវ​ធំ​ ​និង​ជា​ផ្លូវ​វែង​
​តម្លៃ​ដី​ក៏​មានការ​ប្រែប្រួល​លើ​ទាក់ទង​នឹង​ទំហំ​ ​និង​ទាក់ទង​នឹង​ប្រវែង​ផ្លូវ​ផង​ដែរ​ ​ព្រោះ​ដី​នៅ​តំបន់​ផ្លូ​វតូចៗ​ ​និង​ផ្លូវទាល់​មិន​ងាយ​ឡើងថ្លៃ​ ​និង​ពិបាក​រក​អតិថិជន​ផង​ដែរ​។​ ​ប្រសិនជា​យើង​ទិញ​ដី​នៅ​លើ​ផ្លូវ​ទ័ល​ ​ផ្លូវ​តូច​ចង្អៀត​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​ ​និង​ទទួល​បានផល​ចំណេញ​នោះ​ទេ​។​

​ទិញ​ដី​នៅ​តំបន់​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​
​ការ​ដឹង​ព៌​ត​មាន​លឿន​ ​និង​មុនគេ​ ​ជា​ជំ​ហ៊ាន​ជោគជ័យ​មួយ​រួច​ទៅ​ហើយ​ ​ប៉ុន្តែ​ការ​ទទួល​បា​នព៌​ត​មាន​លឿន​ ​ពី​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ ​និង​វិស័យ​ឯកជន​ជា​រឿង​ពិបាក​មួយ​ ​ដែល​ទាមទារ​ឲ្យ​យើង​តាម​ដា​នព៌​ត​មាន​ ​និង​មាន​ប្រភព​ស្និ​ទ្ឋ​នឹង​រដ្ឋាភិបាល​ ​ព្រោះ​មានតែ​មន្រ្តី​រដ្ឋាភិបាល​ទេ​ ​ដែល​អាច​ដឹងរឿង​នេះ​បាន​មុនគេ​និង​ឆាប់រហ័ស​។​ ​

​ដូច្នេះ​បើ​យើង​ទិញ​ដី​ស្ថិតនៅ​ក្នុង​តំបន់​ ​ដែល​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​បាន​ឆាប់រហ័ស​ ​និង​ជា​គំរោង​ដែល​មិន​ចំណា​យេ​ពេល​យូរ​ដើម្បី​ចាប់ផ្តើម​ ​យើង​នឹង​ទទួល​បាន​ផល​ចំ​នេញ​លឿន​ ​និង​លក់​ឆាប់​ដាច់​ផង​ដែរ​៕​

អ្នកជំនាញ​អះអាង​ថា​ ​ទីផ្សារ​អា​ផា​ត​ម៉ិន​ឆ្នាំ២០១៩​ ​កាន់តែ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន​

0
​អ្នកនាង​ ​Grace​ ​Rachny​ ​Fong / ​អ្នកនាង​ ​អាន​ ​សុធី​តា

ដោយ​ ​រ៉ា​ណេត​

ភ្នំពេញ​៖​ ​ខុសគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​ ​សម្រាប់​ឆ្នាំ២០១៩នេះ​ ​ទីផ្សារ​អា​ផា​ត​ម៉ិន​មាន​ភាព​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ​ខណៈ​ដែល​សកម្មភាព​នៃ​ការសាងសង់​គ​ម្រោ​ង​ថ្មី​ៗ​ក៏​នៅតែ​កើតមាន​ជាបន្តបន្ទាប់​ ​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​។​ ​

​ទីផ្សារ​នៃ​ការជួល​អា​ផា​ត​ម៉ិន​ ​សម្រាប់​ស្នាក់នៅ​ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បញ្ជាក់​ប្រាប់​ថា​ ​មានការ​បែងចែក​ចេញ​ជា៣ប្រភេទ​ ​រួមមាន​កម្រិតA​ ​កម្រិតB​ ​និង​កម្រិត​ ​C​ ​។​ ​ដោយឡែក​ចំពោះ​តម្រូវការ​នៃ​ជួល​ស្នាក់នៅ​ទៀត​ ​សោត​ក៏​មាន​សន្ទស្សន៍​ខុសគ្នា​ផង​ដែរ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទីតាំង​ ​ទំហំ​បន្ទប់​ ​បរិ​កាស​ ​ជាពិសេស​គឺ​តម្លៃ​។​

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៣​ ​មិនា​កន្លងមក​ថា​ ​សម្រាប់​ទីផ្សារ​អា​ផា​ត​ម៉ិ​ននៅ​ឆ្នាំ២០១៩នេះ​ ​គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ទៀត​ ​។​ ​នាយិកា​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ​កាលពី​ឆ្នាំ២០១៨​ ​អា​ផា​ត​មិនដែល​ដាក់​សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​គឺ​មាន​ចំនួន២០៤៣​ ​Units​ ​ក្នុង​នោះ​ ​កម្រិតA​ ​មាន​ចំនួន១១៣៥​ ​Units​ ​ហើយ​ចំពោះ​កម្រិតB​ ​មាន​ចំនួន៩០៨​ ​Units​ ​។​ ​

​ដោយឡែក​សម្រាប់​ឆ្នាំ២០១៩នេះ​ ​វា​អាច​នឹង​កើនឡើង​រហូតដល់​ចំនួន២៧៣៦​ ​Units​ ​ដែល​ការ​កើនឡើង​នេះ​ ​ក៏​ព្រោះតែ​បំពេញ​ទៅតាម​តម្រូវការ​ ​ដែល​កំពុងតែ​កើតមាន​ ​និង​បន្ត​ទៅ​ថ្ងៃ​អនាគត​។​ ​

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​ក៏បាន​បញ្ជាក់​ទៀត​ថា​ ​ជាទូទៅ​ចំពោះ​តម្លៃ​នៃ​ការជួល​ស្នាក់នៅ​ប្រភេទ​ ​Great​ ​A​ ​អាច​មានតម្លៃ​ប្រមាណ២៥ដុល្លារ​សហរដ្ឋអាមេរិក​។​ ​កម្រិតB​ ​វិញ​អាច​មានតម្លៃ​ប្រមាណ១៨ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ដែល​វា​អាស្រ័យ​ទៅលើ​ទីតាំង​របស់​អា​ផា​ត​មិន​ ​ទំហំ​នៃUnitនី​មួយ​ៗ​ ​ក៏​ដូច​ជា​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​នានា​ផង​ដែរ​។​ ​

​ស្រដៀងគ្នា​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ​នាយិកា​ក្រុមហ៊ុន​ ​Century21​ ​Cambodia​ ​អ្នកនាង​ ​Grace​ ​Rachny​ ​Fong​ ​ក៏​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ ​ជា​ការពិត​ ​ទីផ្សារ​អា​ផា​ត​មិន​បច្ចុប្បន្ន​នេះ​ ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​ ​ដែល​សូម្បីតែ​តម្លៃ​នៃ​ការជួល​ក៏​ទទួល​បាន​ល្អ​ដែរ​។​ ​

ហេតុផល​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អា​ផា​ត​មិន​មានការ​ផុលផុស​ខ្លាំង​ ​ក៏​ព្រោះតែ​តម្រូវការ​នៃ​ការ​ស្នាក់នៅ​មានការ​កើនឡើង​ ​ដែល​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​បរទេស​ប្រមាណ​ជាង៩០ភាគរយ​ ​ដូចជា​ការ​លំហូរ​ចូល​នៃ​វត្តមាន​វិ​យោគិន​ក្រៅ​ស្រុក​ ​បុគ្គលិក​ដែល​បម្រើការ​ងារ​ក្រុមហ៊ុន​បរទេស​ ​ក៏ដូចជា​បុគ្គលិក​ដែល​បម្រើការ​ងារ​នៅ​តាម​បណ្តា​អង្គការ​នានា​ជាដើម​។​ ​

​អ្នកនាង​បន្ត​ថា​ ​ការ​ស្នាក់នៅ​អា​ផា​ត​ម៉ិន​ ​គឺ​ទទួល​បាន​ភាព​កក់ក្ដៅ​ ​មាន​សុវត្ថិភាព​ ​មាន​សេវាកម្ម២៤ម៉ោង​ ​ជាពិសេស​រាល់​គ្រឿង​បរិ​ក្ខា​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​គឺ​មាន​ភាព​ទំនើប​ ​ដែល​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្នាក់នៅ​”​៕​

សម្តេច​តេជោ​ប្រកាស​ពង្រីក​ផ្លូវជាតិ​លេខ​ ​៤៨ជា​ហាយ​វេ​ ​និង​បង្ហាញ​មោទនភាព​​នៃ​ការ​រីកចម្រើន​ខេត្តកោះកុង​

0

ដោយ​ ​គង់​ ​សូ​រិយា​

​កោះកុង​៖​ ​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​មោទនភាព​ ​ចំពោះ​ការ​រីកចម្រើន​ខេត្តកោះកុង​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បន្ទាប់ពី​បាន​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​ ​វិស័យ​ឧស្សាហកម្ម​កាន់តែ​មា​នប្រសិទ្ឋ​ភាព​។​

​សម្តេច​បាន​មានប្រសាសន៍​ក្នុង​ពេល​ ​អញ្ជើញ​ជួប​ ​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ​ ​កម្មការិនី​ចំនួន ១៣,៨៦៦ នាក់​ ​មក​ពី​ ​រោងចក្រ​ ​សហគ្រាស​ ​ចំនួន៧​ ​នៅក្នុង​ខេត្តកោះកុង​ ​ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ ​ពិសេស​ខេត្តកោះកុង​ ​ស្ថិតនៅ​ភូមិ​នាង​កុក​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌលសីមា​ ​ខេត្តកោះកុង​នា​ព្រឹក​ថ្ងៃទី១៣​ ​មិនា​នេះ​ថា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ដែល​មាន​ភាព​ខុស​ឆ្ងាយ​ពីអ​តី​ត​កាល​។​ ​កាលពីមុន​ខេត្តកោះកុង​គឺ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ​ជាពិសេស​ផ្លូវ​ធ្វើដំណើរ​គឺ​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ​ ​ក៏ប៉ុន្តែ​ពេល​បច្ចុប្បន្ន​នេះ​ ​ការ​ធ្វើដំណើរ​ពី​ភ្នំពេញ​មក​ ​ខេត្តកោះកុង​គឺ​មាន​ភាព​ងាយស្រួល​ជាង​មុន​ឆ្ងាយណាស់​។​ ​

​សម្តេច​បន្ត​ថា​ ​“​ភាព​រីកចម្រើន​ទាំងអស់​នេះ​ ​គឺ​ដោយសារតែ​ ​កម្ពុជា​បានសម្រេច​ជោគជ័យ​ ​នៃ​ការ​ដាក់ចេញ​នូវ​នយោបាយ​ ​ឈ្នះ​-​ឈ្នះ​។​ ​បន្ទាប់ពី​ការ​ដាក់ចេញ​នូវ​នយោបាយ​ ​ឈ្នះ​-​ឈ្នះ​ ​រួចហើយ​នោះ​ ​គឺ​កម្ពុជា​បាន​កំណត់​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ពីរ​សំខាន់​គឺ​ ​ទី១​ ​ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ក្តៅ​ទាំងអស់​ឲ្យ​ទៅជា​តំបន់​ទីផ្សារ​ ​និង​តំបន់​អភិវឌ្ឍន៍​ ​និង​ទី២​ ​ការ​ប្រែ​ក្លាយ​​តំបន់​ព្រំដែន​កម្ពុជា​ជាមួយ​បណ្តា​ប្រទេសជិតខាង​ ​អោយ​ទៅជា​តំបន់​ដែល​មាន​សន្តិភាព​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​”​។​ ​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​នៅ​ថ្ងៃខាងមុខ​នេះ​ ​ផ្លូវ​លេខ៤៨ពី​ខេត្តកោះកុង​ ​ទៅ​ខេត្ត​ព្រះ​សីហនុ​ ​នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ​ ​(​Hight​ ​Way​)​ ​ដ៏​សំខាន់​មួយ​សំរាប់​បំរើ​ ​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​យើង​ ​ដែល​ផ្លូវ​នេះ​នឹង​ត្រូវ​ស្ថាបនា​ឡើង​ដោយ​ជំនួយ​សាធារណរដ្ឋ​កូរ៉េ​។​ ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​យើង​ក៏​មានផ្លូវ​ចេញពី​ខេត្ត​កោះកុង​ ​ទៅ​តំបន់​ ​ថ្មដា​ ​នៃ​ខេត្ត​ពោធិ​សាត់​ ​និង​ខេត្តបាត់ដំបង​ទៀតផង​ ​ដើម្បីអោយ​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​យើង​កាន់តែ​ងាយស្រួល​ ​និង​ចំណេញ​ទាំង​ពេលវេលា​ ​និង​ថវិកា​៕​

លោក​ ​Jack​ ​Ma​ ​សម្លឹងឃើញ​កម្ពុជា​ជាទី​ផ្សារ​មាន​សក្តា​នុ​ពល​សំរាប់​ពង្រីក​ទីផ្សារ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មហាសេដ្ឋី​ដែល​ជា​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Alibaba​ ​លោក​ ​Jack​ ​Ma​ ​បាន​ប្រាប់​សារ​ព៌​ត​មាន​មួយ​ថា​ ​លោក​ចាប់អារម្មណ៍​ជាពិសេស​ចំពោះ​ការពង្រីក​ទីផ្សារ​ទៅកាន់​ប្រទេស​ចំនួន៥​ ​ក្នុង​នោះ​មាន​កម្ពុជា​មួយ​ផង​ដែរ​។​

​ថ្លែង​ប្រាប់​សារ​ព៌​ត​មាន​ ​The​ ​Nation​ ​របស់​ប្រទេស​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​Jack​ ​Ma​ ​បាន​សរសើរ​ប្រទេស​ថៃ​ ​និង​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​មាន​ប្រទេស​ចំនួន៥ដែល​លោក​យកចិត្ត​ទុកដាក់​ជាពិសេស​ ​គឺ​ប្រទេស​ថៃ​ ​ម៉ាគី​ស្ថាន​ ​ហ្វីលីពីន​ ​វៀតណាម​ ​និង​ប្រទេស​កម្ពុជា​ ​ដោយសារ​ប្រទេស​ទាំងនេះ​មាន​អ្នក​ទេស​ចរ​ណ៍​ក្មេង​ៗ​ច្រើន​។​

​លោក​ ​Jack​ ​Ma​ ​បាន​មកដល់​កម្ពុជា​កាលពី​រាត្រី​ថ្ងៃទី១១​ ​មិនា​កន្លងមក​នេះ​ ​ដើម្បី​ទស្សនា​ប្រាសាទ​នានា​នៅ​រមណីយដ្ឋាន​អង្គរ​។​ ​លោក​បាន​មកកាន់​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Helicopter​ ​Cambodia​ ​និង​បាន​ស្នាក់នៅ​រយៈពេល​ពីរ​យប់​នៅ​សណ្ឋាគារ​អា​ម៉ាន់​សា​រ៉ា​ ​នាទី​ក្រុង​សៀមរាប​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។​

​លោកស្រី​បន្ត​ថា​ ​“​ប្រសិនបើ​លោក​ ​Jack​ ​Ma​ ​មក​វិនិយោគ​នៅ​កម្ពុជា​ ​នឹង​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន​ ​និង​ជំរុញ​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​អន្តរជាតិ​ថែមទៀត​នៅ​កម្ពុជា​”​៕​

រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​៖​ ​កម្ពុជា​ត្រូវ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ ​និង​លើកកម្ពស់​​ភាព​ប្រកួតប្រជែង​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា​ ​ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោយ​បរិ​យា​ប័ន្​ន​ ​នឹង​ឈាន​ឆ្ពោះទៅ​តាម​ចក្ខុវិស័យ​រដ្ឋាភិបាល​ចាំ​បាត់​ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ក្នុង​ការ​ជ​ម្រុ​ញ​ធ្វើ​ពិពិធ​កម្ម​ ​និង​ការ​លើក​ ​កម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​ ​និង​ការ​ជ​ម្រុ​ញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​។​

​លោក​បណ្ឌិត​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ ​គោលនយោបាយ​និង​ទិសដៅ​ ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​កាលពី​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​កម្ពុជា​មិន​ត្រឹមតែ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​កម្ពុជា​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ​ពី​ប្រទេស​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម​ ​ទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ ​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​។​ ​

​ប៉ុន្តែ​ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ​ប្រកប​ដោយ​បរិ​យា​ប័ន្​ន​ ​និង​ឈាន​ឆ្ពោះទៅ​នូវ​ចក្ខុវិស័យ​ ​រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ក្នុង​ការ​ជ​ម្រុ​ញ​ធ្វើ​ពិពិធ​កម្ម​ ​និង​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​ ​ជាពិសេស​ការ​ជ​ម្រុ​ញ​អ​ភិវ​ ​ឌ្ឍ​ន៍​សេដ្ឋកិច្ច​ឌីជីថល​ ​ដែល​ជាមុ​ខ​សញ្ញា​យ៉ាង​សំខាន់​ ​នៅក្នុង​គោលនយោបាយ​ជ​ម្រុ​ញ​សេដ្ឋកិច្ច​ជាតិ​ ​។​

​លោក​បន្ត​ថា​ ​នៅក្នុង​រយៈពេល​ជាង២ទស្ស​វត្ស​ចុងក្រោយ​នេះ​ ​ជាមួយ​ស្ថិរភាព​នយោបាយ​ ​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​កម្ពុជា​ ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ជាទី​កត់សម្គាល់​ជាមធ្យម៧,៧​%​ ​ក្នុង​មួយឆ្នាំ​ ​និង​បាន​ប្រែ​ ​ក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប​ ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ ​កាលពី​ឆ្នាំ២០១៥​ ​កន្លងមក​ ​។​ ​

​លោក​បន្ត​ថា​ ​“​កំណើន​រឹងមាំ​ ​និង​ប្រកប​ដោយ​បរិ​យា​ប័ន្​ននេះ​ ​បាន​ចួល​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ជីវភាពរស់នៅ​ ​ការកាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​ការ​បង្កើន​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​”​។​

​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់​ ​បាន​កើនឡើង​ប្រមាណ៤ដង​ ​ពោល​គឺ​ពី​ប្រមាណ៤១៧​ ​ដុល្លារ​ ​ក្នុង​ឆ្នាំ​២០០៤​ ​មកដល់​ប្រមាណ១,៥៦២ដុល្លារ​សំរាប់​មនុស្សម្នាក់​នៅ​ឆ្នាំ២០១៨​ ​ហើយ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី៥៣​%​ ​នៅ​ឆ្នាំ២០០៤​ ​មក​នៅ​ត្រឹម​ប្រមាណ១៣,៤​%​ ​ក្នុង​ឆ្នាំ២០១៤​ ​និង​តាម​ការ​ប៉ាន់ស្មាន​អាច​ធ្លាក់​បន្តម​ក​ ​នៅក្នុង​រង្វង់១០​%​នៅក្នុង​ឆ្នាំ២០១៨​៕​

ព័ត៌មានលំអិតមួយចំនួនទាក់ទងនឹងមហាសេដ្ឋី Jack Ma ដែលបានចាកចេញពីកម្ពុជានៅថ្ងៃនេះ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញ ៖ មហាសេដ្ឋី Jack Ma ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Alibaba បានចាកចេញពីប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីស្នាក់នៅកម្ពុជារយៈពេលពីរយប់នៅក្នុងខេត្តសៀមរាប។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រ​សាសន៍ឲ្យដឹងដឹងតាមប្រព័ន្ឋ Telegram នាព្រឹកថ្ងៃទី១៣ មិនានេះថា លោក Jack Ma បានមកទស្សនកិច្ចកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍  HELICOPTERS Cambodia និងបាន​ស្នាក់នៅសណ្ឋាគារអាម៉ាន់សារ៉ា នាទីក្រុងសៀមរាប។ លោកស្រីបន្តថា លោក Jack Ma បានចាកចេញពីកម្ពុជានៅថ្ងៃទី១៣ ខែមិនា នេះហើយ។

លោកស្រីបន្តថា គោលបំណងរបស់លោកគឺមកទស្សនាខេត្តសៀមរាប និងអាចមករកឳកាសវិនិយោគនៅកម្ពុជាផងដែរ ដោយសារលោកចូលតាមច្រកទ្វារធម្មតា ទោះជាគេរៀបចំឲ្យលោកចូលមកកម្ពុជាតាមច្រកទ្វារ VIP ក្តី អញ្ចឹងប្រហែលជាលោកចង់មើលអ្វីមួយ។

លោក Jack Ma ចាប់អារម្មណ៍ទីផ្សារកម្ពុជា

ជាមួយគ្នានេះ លោក Jack Ma បានមានប្រសាសន៍ប្រាប់សារព៌តមាន The Nation ថា ប្រទេសក្នុងតំបន់អាស៊ីចំនួន៥ ដែលលោកយកចិត្តទុកដាក់ក្នុងការពង្រីកទីផ្សារ រួមមានប្រទេសថៃ វៀតណាម ប៉ាគីស្ថាន ហ្វីលីពីន និងប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាសម្បូរអ្នកទេសចរណ៍វ័យក្មេង៕