វិស័យ​អាកាសចរណ៍​កម្ពុជា​កាន់តែ​ធ្វើ​ពិពិត​កម្ម

0

ដោយ​វុត្ថា

ហ្វីលីពីន៖ ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines (PAL) បានប្រកាសថា ខ្លួន នឹងដាក់​ឪ្យ​ដំណើរការ​ជើង​ហើរ​ត្រង់​ថ្មី​មួយ​បន្ថែមទៀត នៅ​ដើមខែ​មេសា ឆ្នាំ២០១៩ ខាង​មុ​នេះ ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ានីល មកកាន់​ទីក្រុង​ភ្នំពេញ។

លោក Jaime Bautista ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Philippine Airlines បាន​ថ្លែងប្រាប់​ព័ត៌មាន​ក្នុងស្រុក​កាលពី​ម្សិលមិញ​នេះ​ថា ក្រុមហ៊ុន​នឹង​ពង្រីក​ជើងហោះហើរ​របស់​ខ្លួន​ទៅ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ហាន់​ណូយ​ស្របតាម​យុទ្ធសាស្ត្រ​ទស្សនវិស័យ​ដែល​បានដាក់​ចេញ គឺ​ធ្វើឱ្យ​ប្រទេស​ហ្វីលីពីន​ក្លាយជា​ច្រកទ្វារ​ចូល​ដ៏​ពិតប្រាកដ​មួយ​នៅ​ទ្វីបអាស៊ី ដោយ​នឹងដាក់​ដំណើរការ​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ម៉ានីល មក​រាជធានី​ភ្នំពេញ របស់​កម្ពុជា និង​ទៅកាន់​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម។

លោក​បន្តថា សម្រាប់​ជើងហោះហើរ​ទីក្រុង​ភ្នំពេញ-ម៉ា​នី​ស ក្រុមហ៊ុន​គ្រោង​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ដែល​អាច​ផ្ទុក​អ្នកដំណើរ ១៥៦នាក់ និង Airbus A321 ដែល​ផ្ទុក​អ្នកដំណើរ​បាន ១៩៩នាក់ ដោយ​ក្នុង​ម​យ​សប្ដាហ៍ នឹងមាន​ជើងហោះហើរ​ចំនួន ៥ជើង ពោលគឺ ថ្ងៃ​ចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង សៅរ៍។

លោក​ប្រធាន​ក្រុមហ៊ុន​រូបនេះ បញ្ជាក់ទៀតថា ក្រុមហ៊ុន​ក៏​គ្រោង​បើក​ដំណើរការ​ឡើងវិញ ជើងហោះហើរ​ទៅ​ទីក្រុង​ញូ​ដេលី និង​ប្រទេស​ឥណ្ឌា បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​កាលពី​ឆ្នាំ២០១៣កន្លងមកនេះ ។

លោក ធួន ស៊ីណាន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា និង​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការហោះហើរ​ត្រង់នេះ ព្រោះ​ទីផ្សារ​ហ្វីលីពីន​មិនតូច​នោះទេ ដោយ​កន្លងមកនេះ មានតែ​ហោះ​ត្រង់​ទៅ​ក្រុង​សៀមរាប តែ​នៅពេល​មាន​ជើងហោះហើរ​ត្រង់​មក​ភ្នំពេញ​បែបនេះ រឹតតែ​ល្អ​ថែមទៀត ក្នុងការ​ពង្រីក​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ ហើយ​មិនមែន​ត្រឹមតែ​ជនជាតិ​ហ្វីលីពីន​មក​កម្ពុជា​នោះទេ វា​អាច​ជនជាតិខ្មែរ​ទៅ​ហ្វីលីពីន​វិញ។ លោក​បន្តថា បន្ថែម​ពីនេះ នឹង​បង្កើន​ជំនួញ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹង​មុំ​ា​ច្រើន​ថែមទៀត ព្រោះ​វិស័យ​ទាំងពីរ​នៅមានកម្រិត​នៅឡើយ។

លោក ហូ វណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​ឪ្យ​ដឹង​ដែរ​ថា បើសិន​ជាមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង​ចឹ​ង​មែន​នោះ ប្រជាជន​ខ្មែរ​នឹង​ស្គាល់​ទីក្រុង​ម៉ានីល​ច្រើន ហើយ​ប្រជាជន​ហ្វីលីពីន​ក៏​ស្គាល់​កាន់​កម្ពុជា​ក៏​ច្រើន​ដូចគ្នា ជាពិសេស​ភ្ញៀវ​ទេសចរណ៍​ក៏​ដែល​មកពី​ប្រទេស​ទី ៣ ឆ្លងកាត់​ទីក្រុង​ម៉ានីល​ក៏មាន​ចិត្ត​ត្រេកអ​រដែរ ។ បន្ថែម​ពីនេះ ក៏​នឹង​ជួយ​ជម្រុញ​ទេសចរណ៍ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​មួយកម្រិត​ទៀតផង​ដែរ៕

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃនឹងចូលរួមសម្ពោធតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែន

0

ដោយវុត្ថា
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសថៃនឹងចូលរួមសម្ពោធដាក់ឪ្យដំណើការជាផ្លូវការនូវផ្លូវរថភ្លើងរត់ឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនៅក្នុងអំឡុងឆ្នាំ ២០១៩នេះ ក្រោយពីភាគីទាំងពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានពិភាក្សារួចរាល់កាលពីអំឡុងឆ្នាំ ២០១៨ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឪ្យដឹងកាលពីម្សិលមិញនេះ ថា នឹងអញ្ជើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងនាយករដ្ឋមន្ត្រីថៃ ឪ្យជិះរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃតាមផ្លូវដែក យើងធ្វើកិច្ចព្រមព្រៀងជាមួយភាគីថៃរួចរាល់អស់ហើយ តែមិនទាន់ចុះហត្ថលេខាជាផ្លូវការ។ លោកស៊ុនចាន់ថុលបន្តថា “ខ្ញុំទទួលបានសិទ្ធិប្រទានពីនាយករដ្ឋមន្ត្រីរួចហើយ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ តែយើងរងចាំភាគីថៃដោយមិនដឹងពេលណាគេសម្រេចចុះហត្ថលេខាបាននោះទេ”។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ធ្លាប់បានឱ្យដឹងថា ការតភ្ជាប់ ផ្លូវរថភ្លើងរវាងថៃ និងកម្ពុជានេះ នឹងត្រូវបើកដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើ ដំណើរឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដើម្បីឱ្យប្រជាជន អាជីវករ ពាណិជ្ជករនៃប្រទេស ទាំងពីរដឹក ជញ្ជូនទំនិញ ផលិតផលផ្សេងៗ ចេញ ចូល កាន់តែលឿនឆាប់រហ័ស និងផ្ដល់ភាពងាយស្រួល ថែម ទៀត។

កម្ពុជា- ថៃ កាលពីកន្លងទៅនេះ បានឯកភាពគ្នា លើការបញ្ចប់នីតិវិធី និងបែបបទក្នុងការបើកដាក់ឱ្យដំណើរការផ្លូវរថភ្លើង សម្រាប់ធ្វើដំណើរឆ្លង កាត់តាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីឈានទៅចុះហត្ថលេខា និងបើកសម្ពោធបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងថៃ នាពេលខាងមុខនេះ ។ ភាគីទាំងពីរបានដោះស្រាយចំណុច ដែលនៅសេស សល់ធំៗចំនួន៣ចំណុច បានរួចរាល់ហើយទាក់ទងនឹងការរៀបចំចំណតស្ថានីយ៍ អន្ដរជាតិក្នុងការឆ្លងការព្រំដែនប្រទេសទាំងពីរតាមផ្លូវរថភ្លើង នីតិវិធី និងបែបបទក្នុងការរៀបចំ ស្ថានីយរថភ្លើង និងចំណុចមួយទៀតគឺការអនុញ្ញាតិផ្ដល់ដី និងទីកន្លែងសម្រាប់សាងសង់ស្ថានីយរថ ភ្លើងតាម ព្រំដែន រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរប្រទេសថៃនឹងផ្ដល់ដែកប្រវែងជាង ៦០គីឡូម៉ែត្រមកកម្ពុជា ដើម្បីយកមកផ្លាស់ប្ដូរ ផ្លូវរថភ្លើងណាចាស់ៗ និងជួសជុលឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យផ្លូវរថភ្លើង មានភាពរឹងមាំបន្ថែមទៀត៕

អស្ចារ្យ! ទីក្រុង​រណប​តម្លៃ​រាប់រយ​លាន​ដុល្លារ​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ក្រុង​បាវិត​នា​ថ្ងៃ​នេះហើយ

0

ដោយ​វុត្ថា

ក្រុង​បាវិត៖ ទីក្រុង​រណប​តម្លៃ​រាប់រយ​លាន​ដុល្លារ​បានចាប់ផ្តើម​បុកគ្រឹះ​បើក​ការដ្ឋាន​សាងសង់​ក្នុង​ក្រុង​បាវិត​នា​ថ្ងៃនេះ​នៅលើ​ទំហំ​ដី​ជាង ១០០០ហិកតា តែ​ក្នុងដំណាក់កាល​ដំបូង​ខាង​ក្រុមហ៊ុន​សាងសង់​នៅលើ​ទំហំ​ទំហំ​ដី ៥៧ ហិកតា។

អគ្គនាយក​ក្រុមហ៊ុន Empire World លោក Eric Loo ដែលជា​អ្នកវិនិយោគ​គំរោង​ទីក្រុង​រណប​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​បាន​សិក្សា​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ទីក្រុងសំខាន់ៗរបស់​កម្ពុជា ទើប​ចុងក្រោយ​សម្រេច​វិនិយោគ​គំរោង​ទីក្រុង​រណប​នេះ​ឡើង ដែលជា​គំរោង​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ ដែលមាន​ផ្ទៃដី​ជាង១០០០ហិកតា ប៉ុន្តែ​ដំណាក់​ល​កាល​ទី១ យើង​អភិវឌ្ឍន៍​ទីក្រុង​នេះ​លើ​ផ្ទៃដី៥៧ហិកតា។

លោក​បន្តថា “ទីក្រុង​រណប​នេះ​មាន​រួមបញ្ចូល​នូវ​កាស៊ីណូ សណ្ឋាគារ​កម្រិត​ផ្កាយ៥ អា​ផាត​ម៉ិ​ន​ប្រណីត បណ្តុំ​នៃ​ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា ដើម្បី​ធ្វើយ៉ាងណា​ជួយ​រដ្ឋាភិបាល​គ្រប់គ្រង Game Online នៅ​កម្ពុជា។លោក​បន្តថា “រហូតមកទល់​ពេលនេះ​មាន​ក្រុមហ៊ុន​ចំនួន​ជាង៤០ហើយ បាន​សហការ​ជាមួយ​យើង និង​ហាង​អាហារ និង​ភេ​ជ្ជៈល្បីៗប្រមាណ១០០បាន​ចុះ​កុងត្រា ដើម្បី​បើក​នៅក្នុង​គំរោង​នេះ​រួចហើយ។

ក្រៅពី​ទីក្រុង​រណប​នេះ ក្រុមហ៊ុន​របស់​ចិន​មួយទៀត ក៏បាន​បើក​ដំណើរការ​សាងសង់​ទីក្រុង​រណប​លើ​ផ្ទៃដី៧ហិកតា នៅក្នុង​ទីក្រុង​បាវិត​រួចហើយ ដោយ​ដាក់ឈ្មោះ​ទីក្រុង​ហេង​ហេង។

លោក Eric Loo បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ក្រុង​បាវិត​មាន​លក្ខណៈពិសេស​ជាច្រើន ដោយ​ស្ថិតនៅក្នុង​គំរោង​ខ្សែក្រវ៉ាត់១ ផ្លូវ​មួយ​របស់​ចិន និង​មាន​ទីតាំងនៅ​កៀក​នឹង​ក្រុង​ហូ ជី​ម៉ិ​ញ​ប្រទេស​វៀតណាម ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​និង​ពង្រីក​ការតភ្ជាប់​លើ​វិស័យ​ពាណិជ្ជកម្ម។

តាម​ព៌​ត​មាន​ជាក់លាក់​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ជនជាតិ​ចិន និង​អ្នកវិនិយោគ​ចិន​ប្រមាណ៥០,០០០នាក់ បាននិងកំពុង​ធ្វើការ និង​វិនិយោគ​នៅ​ទីក្រុង​នេះ ដែល​នៅ​ឆ្នាំ២០២៥ខាងមុខ ទីក្រុង​បាវិត​នឹងមាន​មនុស្ស​រស់នៅ​ប្រមាណ២០ម៉ឺន​នាក់។

លោក Eric Loo បាន​បន្តថា គោលដៅ​នៃ​ការអភិវឌ្ឍ​ទីក្រុង​រណប​នេះ យើង​នឹង​សហការ​ជាមួយ​ដៃគូ​វិនិយោគ​អន្តរជាតិ​ដទៃទៀត ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កាន់តែច្រើន​បាន​ចាប់អារម្មណ៍ ក្រៅពី​ដៃគូ​ដែល​យើង​មាន​ប្រមាណ៤០ក្រុមហ៊ុន​រួចហើយ។

រដ្ឋាភិបាល​កម្ពុជា​បានដាក់​ក្រុង​បាវិត ជា​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ – ២០២៥ ជាមួយ​ទីក្រុង​ពីរ​ផ្សេងទៀត គឺ​ខេត្ត​ព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត។

ក្រុង​នៃ​ឧស្សាហកម្ម មានន័យថា​រដ្ឋាភិបាល​នឹង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទាំង​ផ្នែក​រ៉ឹង និង​ផ្នែក​ទន់ ដើម្បី​ប្រែក្លាយជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក។

លោក Eric Loo បាន​បន្តថា ហេតុដែល​យើង​វិនិយោគ​នៅ​ទីក្រុង​រណប​នេះ ដោយសារ​វា​ជាទី​ក្រុង​បែប​យុ​ទ្ឋ​សាស្ត្រ ដែល​ស្ថិត​នៅជាប់​ព្រំដែន​អន្តរជាតិ ដែល​កម្ពុ​ជាមាន​ព្រំដែន​លំដាប់​អន្តរជាតិ​ចំនួន​ពីរ គឺ​ព្រំដែន​បាវិត និង​ប៉ោយប៉ែត ដែល​រដ្ឋាភិបាល​មិនអាច​បិទ​បានទេ ដោយសារ​វា​ជា​ផ្នែក​មួយ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។លោក​បន្តថា យើង​មិន​ត្រឹមតែ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​រ៉ឹង​នោះទេ តែ​យើង​នឹង​ចូលរួមចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ផងដែរ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​មិនទាន់ មាន​ធនធានមនុស្ស​គ្រប់គ្រាន់​នៅឡើយ​ទេ ហេតុនេះ​នៅក្នុង​ក្រុង​រណប​នេះ យើង​ក៏មាន​សាងសង់​សាលារៀន​លំដាប់​អន្តរជាតិ​ផងដែរ។

ទីក្រុង​បាវិត ពិសេស​ផ្លូវជាតិ​លេខ១ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន និង​ស្ថិតនៅក្នុង​យុ​ទ្ឋ​សាស្ត្រ​ត្បូង ត្បូង ដើម្បី​អភិវឌ្ឍន៍ និង​ត​ភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាស៊ាន៕

អ្នកវិនិយោគក្នុងស្រុកបោះទុន១២០លានដុល្លារសាងសង់បុរីនៅក្រុងព្រះសីហនុ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: បុរីនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មស្ថិតនៅលើផ្ទៃដី៦០ហិកតាបានបើកការដ្ឋានសាងសង់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរទីក្រុងព្រះសីហនុជា​ផ្លូវការហើយ។


បុរីដែលមានតម្លៃសមរម្យ និងផ្តោតលើប្រជាជនមានជីវភាពមធ្យម និងមធ្យមកម្រិតទាបនេះ មានទីតាំងនៅ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ាវ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនន VIP បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់គំរោងនេះបានថ្លែងថា គម្រោងសាងសង់បុរី និងផ្សារនៅក្នុងតំបន់ព្រៃនប់ គឺជាគម្រោងទី២ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីប៉ុន្មានខែមុន ក្រមហ៊ុនក៏បានបុកគ្រឹះសាងសង់ខុនដូកម្ពស់ជិត ២០ជាន់ នៅកណ្ដាលក្រុងព្រះសីហនុ ដើម្បីទុកជួលអោយភ្ញៀវខ្មែរ និងបរទេស ដែលទៅកម្សាន្តនៅខេត្តព្រះសីហនុជួលក្នុងតម្លៃមួយទាប ជាប្រយោជន៍អោយអ្នកទេសចរណ៍ក្នុងស្រុក ចង់ឡើងចុះខេត្តព្រះសីហនុអោយច្រើនឡើង។


លោកបន្តថា សម្រាប់គម្រោងសាងសង់បុរី ដែលជាលំនៅដ្ឋានទ្រង់ទ្រាយធំនេះវិញ បាននិងកំពុងវិនិយោគប្រមាណ១២០លានដុល្លារ ដោយមានសំណង់ផ្ទះបីប្រភេទសរុបជាង ៤ពាន់ល្វែង មានទាំងផ្សារ និងសួនលម្ហែកាយ។ គម្រោងនេះមានដីសរុបជាង ៦០ហិកតា ដោយតាមផែនការនឹងពង្រីកអោយដល់ជាង១០០ហិកតា ដើម្បីបំពេញតម្រូវការបស់ប្រជាពលរដ្ឋ។

លោក ហម រ៉ន ដៃសហភាគហ៊ុននិកនៃបុរីវីអាយភីបានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃបើកសម្ពោធបុកគ្រឹះសាងសង់ សំណង់នៅបុរី VIP ក្នុងខេត្តព្រះសីហនុលក់អស់ជាង១ពាន់ល្វែងហើយ ដោយក្នុងនោះអ្នកទិញភាគច្រើន គឺអ្នកនៅភ្នំពេញ កំពង់សោម និងតាមបណ្ដាខេត្តនានា។ លោកថា “សំណង់បុរីនេះនឹងផ្ដោតជាសំខាន់លើពលរដ្ឋ ដែលមានចំណូលមធ្យម និងក្រោមមធ្យម ដោយតម្លៃមានចាប់ពីជាង២ម៉ឺនដុល្លារ ហើយធានានូវគុណភាពសំណង់ពាក់ព័ន្ធនឹងរឿងប្រេះ និងជ្រាបទឹក មិនអោយមានបញ្ហា”។


លោកថា គម្រោងនៅខេត្តព្រះសីហនុ លក់ដាច់មិនចាញ់គម្រោងបុរីវីអាយភី នៅភ្នំពេញនោះទេ ទើបលោកបង្ហាញសុទិដ្ឋិនិយមបោះទុន អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុអោយកាន់តែខ្លាំងថែមទៀតក្នុងពេលបន្តបន្ទាប់ ដើម្បីរួមចំណែកលើកកម្ពស់ទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ អោយមានកំណើនវិនិយោគអោយកាន់តែខ្លាំង។

ប្រធានផ្នែកទីផ្សារនៃបុរីវីអាយភីលោកយ៉ែន សុខលីនបានមានប្រសាសន៍ថា ជាមួ​យនឹងការពង្រីកទីផ្សារ និងទទួលបានការគាំទ្រយ៉ាងរ៉ឹងមាំពីអតិថិជន បានធ្វើ​ឲ្យក្រុមហ៊ុន ខិតខំបំពេញការងារកាន់តែប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួល​បានជោ​គជ័យទាំងអស់គ្នា គឺជោគជ័យទាំងក្រុមហ៊ុននិងជោគជ័យទាំងអតិថិជន ព្រោះគោលដៅរបស់យើង មិនមែនស្វែងរកប្រាក់ចំណេញតែមួយមុខនោះទេ តែយើងផ្តោតលើ​ការសាងសង់លំនៅដ្ឋានប្រកបដោយគុណភាព ផាសុខភាព ដើម្បីលើកកំពស់ជីវភាព ក៏ដូចជាសុភមង្គលរបស់គ្រួសារនិមួយៗ។

លោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងលោ​ក​យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុមិនអាចខ្វះការចូលរួមវិនិយោគ ពីអ្នកវិនិយោគទុនក្នុងស្រុកបានទេ ដើម្បីអោយការវិនិយោគទាំងមូលមាននិរន្តភាពច្បាស់លាស់ហើយរឹងមាំ។ លោកថា តំបន់ទេសចរណ៍ពិតជាត្រូវការបំផុតរាល់ការវិនិយោគពីសំណាក់ជនបរទេស ប៉ុន្តែបើគ្មានគម្រោងតូចធំរបស់ក្រុមវិនិយោគក្នុងស្រុក ក៍មិនមែនជាសេចក្ដីត្រូវការរបស់ខេត្តនោះដែរ ដោយសារតែក្រុមអ្នកវិនិយោគក្នុងស្រុក ទើបយល់ពីសេចក្ដីត្រូវការរបស់អតិថិជន ក្នុងស្រុកបានច្បាស់លាស់ជាងបើធៀបនឹងការវិនិយោគរបស់ជនបរទេស។


លោកបង្ហាញការកោតសរសើរ ចំពោះគម្រោងសាងសង់បុរី របស់ក្រុមហ៊ុនបុរីវីអា​យភី ដែលបានសម្រេចចិត្តបោះទុនសាងសង់បុរីរហូតដល់រាប់ពាន់ល្វែង លើទឹកដីខេត្តព្រះសីហនុ ដែលចរន្តនៃការបោះទុននេះ កំពុងធ្វើអោយសក្កានុពលរបស់ខេត្តទាំងមូល ក្លាយជាយុទ្ធសាស្ត្រ នៃការចាប់អារម្មណ៍ពីក្រុមវិនិយោគក្នុងស្រុកផ្សេងទៀត។ ក្នុងនោះវត្តមានរបស់សំណង់បុរីដ៍ធំរបស់ក្រុមហ៊ុន VIP ក៏បានបង្ហាញខ្លួនស្របគ្នានឹងខេត្តព្រះសីហនុ កំពុងត្រូវការលំនៅដ្ឋានប្រកបដោយស្ដង់ដារ និងភាពជឿជាក់នាពេលបច្ចុប្បន្នផងដែរ៕

ដំណឹងល្អៈរដ្ឋាភិបាលបង្កើតតំបន់ការពារទេសភាព “បឹងលំកុដ” នៅខេត្តរតនគិរី

0

ដោយវុត្ថា
ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាសម្រេចចេញអនុក្រឹត្យ បង្កើតតំបន់ការពារទេសភាព បឹងលំកុដ ដែលមានទំហំផ្ទៃដី១១០,៩១ ហិកតា ដែលស្ថិតក្នុងភូមិសាស្រ្ត ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។


យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែមករាឆ្នាំ ២០១៩ បានគូសបញ្ជាក់ថា ការបង្កើតតំបន់ការពារទេសភាពបឹងលំកុដនេះ ធ្វើឡើងដើម្បីធានាការថែករក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌។ ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។

លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណៈជនក្នុងការរួមចំណែកដលការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់។ ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន។ និងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។

មាត្រា៣ នៃនៃអនុក្រឹត្យនេះ បញ្ជាក់ថា “ផ្ទៃដីអនុក្រឹត្យតំបន់ការពារទេសភាព បឹងលំកុដ នេះ មានរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ”។


លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិចំនួន និងរបៀងអភិរក្សជីវៈចម្រុះសរុបជិត ៦០ កន្លែងមានផ្ទៃដីទំហំ៧, ៥ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការចាំបាច់នានាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅទៀត”៕

ក្រុមហ៊ុនK Cementបោះទុនជិត២២លានដុល្លារធ្វើអាជីវកម្មពីដីឥដ្ឋ

0

ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនកំពតស៊ីមេន ខូ អិល ធី ឌីបានសម្រេចបោះទុនជិត២២លានដុល្លា​រអាមេរិក លើអាជីវកម្មដីឥដ្ឋក្នុងទំហំ៦៧,១២ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិព្រៃធំ និងភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។


រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោងនេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ កន្លងមកថា ផែនការអាជីវកម្មនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល១៨ឆ្នាំ (២០១៨-២០៣៥) ក្នុងបរិមាណសរុប២៧៨,៧៨៧ តោន។

លោកបន្តថា “គម្រោងពីវិស័យឯកជននេះ គឺជាដៃគូដែលមិនអាចខ្វះបាន ម្យ៉ាងវិញទៀត គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងដំណើរការផលិតស៊ីម៉ងត៍ សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារសំណង់ក្នុងស្រុក និងជួយជំរុញកំនើនសេដ្ឋកិច្ចជាតិ និងបានចូលរួមចំណែកកាត់បន្ថយ ភាពក្រីក្រដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា”។


ជាមួយគ្នានោះ លោកបានស្នើរឲ្យក្រុមហ៊ុននេះ ពិចារណាធ្វើផ្លូវបេតុងកាត់ភូមិដែលមានចម្ងាយប្រមាណជាង២គ.ម ដើម្បីឱ្យសហគមន៍មូលដ្ឋានពេញចិត្តនឹងគម្រោង យកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការបំពុលគុណភាពទឹកលើដី-ក្រោមដី និងត្រូវយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពកម្មករ ដោយត្រូវមានកន្លែងសង្គ្រោះបឋម និងបណ្ណ ប.ស.ស។

លោកក៏បានណែនាំឱ្យអ្នកបើកបររបស់ក្រុមហ៊ុននេះ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយត្រូវមានបណ្ណបើកបរ ដឹកមិនលើសទម្ងន់ គ្របតង់និងបោសសម្អាតអាចម៍ដី ដែលជ្រុះធ្លាក់លើផ្លូវថ្នល់ជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងការពារគ្រោះថ្នាក់នានា ។


ក្រុមហ៊ុនក៏ត្រូវមានផែនការដាំដើមឈើជាបណ្តើរៗ នូវប្រភេទដើមឈើក្រញូង បេង ធ្នង់ ជាដើម នៅតាមព្រំប្រទល់ និងសងខាងផ្លូវចេញចូលទីតាំងគម្រោង ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តកំពត។ ត្រូវអនុវត្តឱ្យបានតាមរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ ចៀសវាងមានបញ្ហានានានៅក្នុងដំណើរការធ្វើអាជីវកម្មដីឥដ្ឋ៕

សម្តេចតេជោ: រដ្ឋាភិបាលបង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋដើម្បីពង្រីកការអភិវឌ្ឍទៅកាន់បណ្តាខេត្តនានា

0

ដោយគង់ សូរិយា
​ភ្នំពេញ:​ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រដ្ឋាភិបាលបង្កើ​នការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ ដើម្បីពង្រីកការវិនិយោគទៅកាន់បណ្តាខេត្តនានា។


​ក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ មករាកន្លងមកថា បច្ចុប្បន្នផ្លូវជាតិលេខ៣នេះ បាននឹងកំពុងពង្រីកទៅជា៤គន្លង ដែលនៅពេលខាងមុខនេះ នឹងដាក់ឲ្យដំណើរការ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ ហើយក៏នឹងកាន់តែទាក់ទាញនូវវិនិយោគផ្សេងៗជាច្រើនបន្ថែមទៀតពីបរទេស។សម្តេចបន្តថា ការរីកចម្រើនទាំងអស់នេះគឺកើតឡើងបានក្រោយ ពីយើងបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ជាតិ។

​ជាមួយគ្នានេះសម្តេចតេជោ ក៏បានលើកឡើងពីការពង្រីកផ្លូវជាតិលេខ២ ដែលនឹងធ្វើឡើងនៅពេលឆាប់ៗនេះផងដែរ ដើម្បីពង្រីកការតភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងប្រ​ទេសកាន់តែបានល្អប្រសើរថែមទៀត។

ជាមួយនឹងការលើកឡើងនូវសក្តានុពលខេត្តតាកែវ សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា “បុប្ផាលាក់ខ្លួន” ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការ នៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ខេត្តតាកែវនេះ ក៏ជាខេត្តមួយដែលមានសក្តានុពលខ្លាំង ជាពិសេសមានរោងចក្រ សហគ្រាស រីកចម្រើនកើតមានឡើងបន្តបន្ទាប់ជាច្រើន ដែលកំពុងជំរុញវិស័យឧស្សាហកម្ម និងផ្តល់ការងារដល់ប្រជាពលរដ្ឋជាច្រើន។


ផ្លូវជាតិលេខ៣ ជាផ្លូវដ៏សំខាន់មួយដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្ត​កំពត ដែលមានប្រវែង១៤៨គីឡូម៉ែត្រឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និង
ខេត្តកំពត។

​អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាធ្លាប់បាន​មានប្រសាសន៍ថា ផ្លូវជាតិសំខាន់នេះបានបើកការដ្ឋានសាងសង់រួចហើយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះ។

ផ្លូវនេះនឹងត្រូវពង្រីកជា៤គន្លងរថយន្ត និងមានសួនច្បារចំកណ្តាល ប៉ុន្តែទំហំផ្លូវ៤គន្លងនេះនឹងសាងសង់ចាប់ពីរាជធានីភ្នំពេញ ទៅតំបន់បាយគូស ដែលជាចំណុចផ្លូវបំបែករវាងខេត្តកំពត និងខេត្តកែបប៉ុណ្ណោះ។លោកបន្តថា ចាប់ពីតំបន់បាយគូសទៅដល់ក្រុងកំពត ផ្លូវនេះនឹងពង្រីកទំហំពី៩ម៉ែត្រទៅ១១ម៉ែត្រប៉ុណ្ណោះ។


​ជាមួយគ្នានេះសម្តេ​ច ក៏ប្រកាសពង្រីកការសាងសង់ផ្លូវជាតិលេខ៤៨ សម្រាប់រថយន្ត៤គន្លង និងពង្រីកការលើកកំពស់ផ្លូវជាតិលេខ៤ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុជាដើម៕

រាជរដ្ឋាភិបាល​លើកលែង​ពន្ធ​សម្រាប់​វិស័យ SME រយៈពេល ៣ឆ្នាំ ទៅ ៥ឆ្នាំ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កំណត់​ការអនុគ្រោះ​លើកលែង​ពន្ធ លើ​ប្រាក់ចំណូល​ចំពោះ​វិស័យ SME ចំនួន ៣ឆ្នាំទៅ ៥ឆ្នាំ ចំពោះ​សហគ្រាស​ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក ចាប់ពី ៦០%ឡើង និង​ការបង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច ២០% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម។

នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី “ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ស​ម្រា ប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព” នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ឯកឧត្តម ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ គឺ​ការផ្សព្វផ្សាយ​ឱ្យ​សាធារណៈជន ជាពិសេស​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ជ្រាប​ជា​ព័ត៌មាន និង​អាច​ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែលជា​ចលករ​មួយ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច បង្កើត​ការងារ​បន្ថែម​និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក។

ឯកឧត្តម​បន្តថា វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ រួមមាន ផលិតផល​កសិកម្ម ឬ​ក​សិ-ឧស្សាហកម្ម ផលិត និង​កែច្នៃ​ម្ហូបអាហារ កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ផ្នែក​កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច​ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​លក្ខណៈ​នវានុវត្តន៍ និង​សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ និង​ជា​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នោះ។

សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​រៀបរាប់​ខាងលើ អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត ក្នុងនោះ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន៣ឆ្នាំ និង​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល៥ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់ សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​ដូចគ្នា។ ការលើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អ​ប្បរមា ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រួមជាមួយ​ការលើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ដូចជា ការអនុញ្ញាត​កាត់កង​ចំណាយ ២០០% ចំពោះ​ចំណាយ​លើ​ការប្រើប្រាស់​បញ្ជីរ​គណនេយ្យ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ការអនុញ្ញាត​កាត់កង​ចំណាយ២០០% ចំពោះ​ចំណាយ​លើ​ការបណ្តុះបណ្តាល ការ​កាន់​បញ្ជី​គណនេយ្យ និង​អនុញ្ញាត​កាត់កង​ចំណាយ១៥០% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន ឬ​ឧបករណ៍​បច្ចេកវិទ្យា ដែលមាន​លក្ខណៈ​នវានុវត្តន៍ សម្រាប់​បម្រើ​និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម៕

រដ្ឋមន្ត្រី​ធា​រណការ៖ ក្បាលរថភ្លើង​បី​គ្រឿង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័តព្រះសីហនុ​ហើយ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈកា​រការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្បាលរថភ្លើង​បី​គ្រឿង ត្រូវបាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ ហើយ​បាន​ស្ទូច​ដាក់​លើផ្លូវ​រថភ្លើង​ទាំងបី​គ្រឿង រួចរាល់​នៅ​ព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ។

លោក​ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ ក្រោយពី​ធី​បើក​សន្និបាទ​បូកសរុប​ការងារ​សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៩ នៅ​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៩នេះ។លោក​បន្តថា យើង​បាន​រង់ចាំ​រថភ្លើង៣គ្រឿង​នេះ រាប់​ខែ​ហើយ តែ​ឥឡូវ​បាន​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ ដូច្នេះ​យើងខ្ញុំ​នឹង​សុំ​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា អញ្ជើញ​ចូលរួម​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នាពេល​ខាងមុខនេះ។

ទាក់ទង​ផ្លូវដែក​នេះ ដែរ​កម្ពុជា​កំពុង​ជម្រុញ​ការចចារ នូវ​កិច្ចព្រមព្រៀង​សម្បទាន ជាមួយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន Royal Railway Cambodia ក្នុងការ​គ្រប់គ្រង​ផ្លូវដែក​នៅ​កម្ពុជា។

រថភ្លើង​ធុន​ស្រាល សេរី​ទំនើប ដែល​ក្រុមហ៊ុន Royal Railway Cambodia ទិញ​ពី​ប្រទេស​ម៉ិ​ក​ស៊ី​កូ បាន​មកដល់​កម្ពុ​ជាកា​លពី​រសៀល​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ម្សិលមិញ​នេះ។ រ​ភ្លើង​សេរី​ទំនើប​នេះ នឹង​យកមកប្រើ​ប្រាស់​សម្រាប់​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វា​ទំនើប​ជាង​រថភ្លើង​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ដោយ​រត់​បាន​ល្បឿន​លឿន​ពោល​ចំណាយពេល​ត្រឹមតែ២៥នាទី​ប៉ុណ្ណោះ​ពី​ស្ថានីយ ទៅ​ព្រលានយន្តហោះ ។

រថភ្លើង​នេះ​មាន​ក្បាលម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ ជា​បច្ចេកវិទ្យា​ចុងក្រោយ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែតម្រូវ​ទៅតាម​ចិត្ត មាន​បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥ​វ៉ាន់​នៅ​ខាងលើ​អ្នកដំណើរ និង​មាន Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​តាម​វីដេអូ៕

សម្តេច​តេ​ជោ៖ ការពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ទាក់ទាញ​អ្នកវិនិយោគផ្សេងៗកាន់តែច្រើន

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា ការពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ខណៈ​ការសាងសង់​ពង្រីក​ផ្លូវ​នេះ​បាននិងកំពុង​ធ្វើឡើង​យ៉ាងសកម្ម។

ក្នុង​ឳ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី៩ មករា​នេះ​ថា បច្ចុប្បន្ន​ផ្លូវជាតិ​លេខ៣នេះ បាន​នឹង​កំពុង​ពង្រីក​ទៅជា៤គន្លង ដែល​នៅពេល​ខាងមុខនេះ នឹងដាក់​ឲ្យ​ដំណើរការ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ និង​អាជីវករ ហើយក៏​នឹង​កាន់តែ​ទាក់ទាញ​នូវ​វិនិយោគផ្សេងៗជាច្រើន​បន្ថែមទៀត​ពី​បរទេស។សម្តេច​បន្តថា ការរីកចម្រើន​ទាំងអស់នេះ​គឺ​កើតឡើង​បាន​ក្រោយ ពី​យើង​បានដាក់​ចេញ​នូវ​គោលនយោបាយ ឈ្នះ ឈ្នះ ដែល​ក្នុង​រយៈពេល២០ ឆ្នាំ​កន្លងមកនេះ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មានឱកាស​គ្រប់គ្រាន់ ក្នុង​ការកសាង​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន​របស់​ជាតិ។

ជាមួយនឹង​ការលើកឡើង​នូវ​សក្តានុពល​ខេត្តតាកែវ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ហៅ​តំបន់​រោងចក្រ​ក្នុង​ខេត្តតាកែវ​នេះ​ថា​ជា “បុប្ផា​លាក់ខ្លួនព្រោះ​នៅក្នុង​តំបន់​រោងចក្រ​នេះ មាន​ផលិត​នូវ​ផលិតផល​ដែលជា​តម្រូវការ នៅលើ​ពិភពលោក​ផងដែរ​ដូចជា ម៉ូ​ទ័​រ និង​បង្គុំ​ទូរស័ព្ទដៃ​ជាដើម។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា ខេត្តតាកែវ​នេះ ក៏​ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខ្លាំង ជាពិសេស​មាន​រោងចក្រ សហគ្រាស រីកចម្រើន​កើតមានឡើង​បន្តបន្ទាប់​ជាច្រើន ដែល​កំពុង​ជំរុញ​វិស័យ​ឧស្សាហកម្ម និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន។

ផ្លូវជាតិ​លេខ៣ ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​រវាង​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត ដែលមាន​ប្រវែង១៤៨គីឡូម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ និងខេត្តកំពត។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក​វ៉ា​ស៊ីម សូរិយា​ធ្លាប់បាន​មានប្រសាសន៍ថា ផ្លូវជាតិ​សំខាន់​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​រួចហើយ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២១ខាងមុខនេះ។ ផ្លូវ​នេះ​នឹងត្រូវ​ពង្រីក​ជា៤គន្លង​រថយន្ត និង​មាន​សួនច្បារ​ចំ​កណ្តាល ប៉ុន្តែ​ទំហំ​ផ្លូវ៤គន្លង​នេះ​នឹង​សាងសង់​ចាប់ពី​រាជធានី​ភ្នំពេញ ទៅ​តំបន់​បាយ​គូស ដែលជា​ចំណុច​ផ្លូវបំបែក​រវាង​ខេត្តកំពត និង​ខេត្ត​កែប​ប៉ុណ្ណោះ។លោក​បន្តថា ចាប់ពី​តំបន់​បាយ​គូស​ទៅដល់​ក្រុង​កំពត ផ្លូវ​នេះ​នឹង​ពង្រីក​ទំហំ​ពី៩ម៉ែត្រ​ទៅ១១ម៉ែត្រ​ប៉ុណ្ណោះ៕