វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​​ចាប់ផ្តើម​​រីកចម្រើន​​ខ្លាំង​​នៅ​​ក្រុង​បាវិត​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ស្វាយរៀង​៖​ ​ស្រប​ពេល​កំនើ​ននៃ​ការ​វិនិយោគ​ ​ពីសំណាក់​អ្នក​វិនិយោគ​អន្តរជាតិ​ ​ពិសេស​ជនជាតិ​ចិន​ ​បាន​ធ្វើឲ្យ​ទីក្រុង​បាវិត​ផ្លាស់​ប្តូរ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ​ពិសេស​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​។​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​ពេល​ចុះ​ពិនិត្យ​ពី​ដំណើរ​វិវត្តន៍​ ​នៃ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​នា​ថ្ងៃអាទិត្យ​ទី១០​ ​មិនា​កន្លងមក​ថា​ ​វិស័យ​សំណង់​ ​ពិសេស​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ខេត្ត​ពិតជា​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ​ដែល​ធ្វើឲ្យ​ទីក្រុង​នេះ​នឹង​ក្លាយជា​ទីក្រុង​ដ៏​ ​ស៊ីវិល័យ​មួយ​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​ជាក់ស្តែង​កំណាត់ផ្លូវ​ជាតិ​លេខ១​ ​ក្នុង​ក្រុង​បាវិត​បាន​និង​កំពុង​ពង្រីក​ផ្លូវ​ជា​ពីរ​គន្លង​ទៅ​ ​ពីរ​គន្លង​មក​ ​ដោយមាន​ការ​កសាង​សួនច្បារ​នៅ​ចំ​កណ្តាល​ ​និង​ផ្លូវ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​បាន​ពង្រីក​ទំហំ​រហូតដល់៣០ទៅ៦០ម៉ែត្រ​ ​ដែល​ជា​សក្តា​នុ​ពល​មួយ​សំរាប់​ទាក់ទាញ​ការ​វិនិយោគ​ ​និង​ជំរុញ​ការ​រីកចម្រើន​ក្នុង​ទីក្រុង​នេះ​កាន់តែ​ឆាប់រហ័ស​។​

​លោក​បន្ត​ថា​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​ពន្លឿន​ការ​កសាង​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សាធារណៈ​នេះ​ ​ខេត្ត​បាន​និង​កំពុង​ក្រុង​បាវិត​បាន​ ​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ទៀត​ ​ដូចជា​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខ​ ​ឆាប់​ៗ​នេះ​។​

​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​បន្ត​ថា​ ​ការ​កសាង​ក្រុង​បាវិត​ ​ពិតជា​លឿន​ ​ហើយ​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​គឺ​ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ដឹកជញ្ជូន​កាន់តែ​មានតម្លៃ​ទាប​ ​ហើយ​ពេល​តម្លៃ​ដឹកជញ្ជូន​ទាប​ ​ក៏​ធ្វើឲ្យ​តម្លៃបន្ថែម​កើនឡើង​ ​និង​ជួយ​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​បន្ថែម​ទៀត​។​

​លោក​ ​Eric​ ​Luu​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Empire​ ​World​ ​ដែល​បាន​និង​កំពុង​ត្រៀម​សាងសង់​ទីក្រុង​រណប​ដ៏​ធំ​មួយ​នៅ​ទីក្រុង​បាវិត​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​ថា​ ​ការ​រីកចម្រើន​ក្រុង​បាវិត​នឹង​លឿន​លើស​ការ​រំពឹង​ទុក​ ​ខណៈ​ទីក្រុង​នេះ​ស្ថិតនៅ​ស្រប​ជាមួយ​ផ្លូវជាតិ​លេខ១​ ​ដែល​ជា​ច្រករបៀង​ផ្នែក​ខាងត្បូង​អាស៊ាន​ ​និង​ស្ថិតនៅ​ក្នុង​ប្រព័​ន្ឋ​នៃ​ផ្លូវ​ខ្សែ​ក្រ​វ៉ាត់១​ ​ផ្លូវ១របស់​ចិន​ ​ដែល​នឹង​សាងសង់​មកដល់​នា​ពេល​ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​“​ក្រុង​បាវិត​ជាទី​ក្រុង​ពិសេស១​ ​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់​ចូលក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​និង​ជាទី​ក្រុង​មួយ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​សេដ្ឋកិច្ច​ ​ដែល​ជា​ចំណុច​កណ្តាល​តភ្ជាប់​រវាង​ទី​ក្រុង​ហូ​ ​ជី​ម៉ិញ​ ​និង​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​”​៕​

មុន​ចូល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​​ត្រូវ​សិក្សា​​ចំណុច​​ចំនួន៦​នេះ​​ជាមុន​សិន​

0

​ដោយ​ ​រ៉ា​វី​

​ភ្នំពេញ​៖​ ​ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ ​មាន​មនុស្ស​កាន់តែ​ច្រើន​ ​បាន​ចាប់​អារម្មណ៍​ ​និង​ចង់​ប្រជ្រៀត​ខ្លួន​នៅក្នុង​វិស័យ​មួយ​នេះ​ ​ដែល​ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​ចំណាយ​ដើមទុន​ក្នុងនាម​ជា​អ្នក​វិនិយោគ​ ​ហើយ​អ្នកខ្លះ​ទៀត​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ក្នុងនាម​ជា​ភ្នាក់ងារ​ដើម្បី​ទទួល​បា​នក​ម្រៃជើង​សារ​។​ ​

​ប៉ុន្តែ​ ​សំណួរ​សួរ​ថា​ ​តើ​អ្នក​ចង់​រកស៊ី​ក្នុង​វិស័យ​នេះ​ ​ត្រូវ​មានចំណេះ​ដឹង​ ​និង​ជំនាញ​អ្វីខ្លះ​ ​ទើប​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​CVEA​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ ​និង​ចំណេះដឹង​ក្នុង​វិស័យ​នេះ​ ​ដោយ​លោក​បាន​ថ្លែង​ថា​ ​“​ដើម្បី​រកស៊ី​ក្នុង​វិស័យ​នេះ​បាន​ជោគជ័យ​លុះត្រាតែ​មានចំណេះ​ដឹង​ ​ជំនាញ​ ​បទពិសោធន៍​ ​និង​ការ​ចេះ​ប្រើ​ធនធានមនុស្ស​ ​បន្ថែម​ពីលើ​ធនធាន​ថវិកា​លើ​ការ​ត្រៀម​វិនិយោគ​”​។​

​អ្វី​ជា​ចំណេះដឹង​?​

​ចំណេះដឹង​ ​ជា​ការ​សំដៅលើ​ការ​ចេះ​ ​ប្រមូល​ព័ត៌មាន​យ៉ាងដូច​ម្តេច​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ​និង​ត្រូវ​ពង្រាយ​កំលាំង​យ៉ាង​ម៉េច​ឲ្យបាន​គ្រប់កន្លែង​ ​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​បើកផ្លូវ​ ​និង​ព័ត៌មាន​ពាក់​ព័ន្​ឋ​ក្នុង​វិស័យ​ដែល​យើង​ត្រូវ​ផ្តល់​សេវាកម្ម​ ​ឬ​វិនិយោគ​។​

​ស្គាល់​ខ្លួនឯង​

​យើង​ក៏​ត្រូវ​យល់ដឹង​ពី​ខ្លួនឯង​ឲ្យបាន​ច្បាស់​ថា​ ​ខ្លួន​យើង​ជា​អ្នកណា​ ​មាន​ជំនាញ​បែប​ណា​ ​និង​ចង់​វិនិយោគ​លើ​វិស័យ​អ្វី​?​ ​ឧទាហរណ៍​ថា​ ​ចង់​វិនិយោគ​លើ​ដី​ ​យើង​ត្រូវ​ដឹង​ថា​ដី​កន្លែងណា​ល្អ​ ​និង​ងាយ​ចំណេញ​ប្រាក់​។​ ​ប្រសិនជា​មាន​លុយ​តិច​ ​ហើយ​ចង់​វិនិយោគ​ ​យើង​ត្រូវ​វិនិយោគ​លើ​អចលនទ្រព្យ​ណា​ ​ដែល​មាន​ចំណូល​រៀងរាល់​ខែ​ ​គឺ​អាច​ទិញ​ផ្ទះ​ ​ឬ​ទិញ​ខុន​ដូ​សម្រាប់​ជួល​ ​អាច​បាន​ចំណូល​ប្រចាំខែ​ ​ប៉ុន្តែ​ប្រសិនជា​ទិញ​ដី​អាច​កប់ដើម​ ​មិន​មាន​ប្រាក់​បង្វិល​ ​ព្រោះ​ការទិញ​ដី​មិន​ត្រូវ​កន្លែង​អាច​កប់ដើម​ ​មិន​មាន​ទុន​បង្វិល​ ​ហើយ​ប្រសិនជា​ជំពាក់ប្រាក់​ធនាគារ​ ​និង​គ្មាន​ទុន​បង្វិល​ ​ដែល​អាច​ប្រឈមមុខនឹង​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​។​

​ប្រឹក្សា​យោបល់​

​ប្រសិនបើ​ដឹង​ថា​ខ្លួន​មិនសូវ​ចេះ​ ​និង​មិន​មាន​ជំនាញ​ ​ដូច្នេះ​គួរតែ​ត្រូវ​ធ្វើការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ ​ដែល​មាន​ជំនាញ​ ​និង​បទពិសោធន៍​ជាមុន​ ​ដើម្បី​ផ្តល់​តំ​បូ​ន្មាន​ថា​ ​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ ​រៀបចំ​យ៉ាងម៉េច​ ​ដើម្បីឲ្យ​ការ​បំពេញ​ការងារ​ ​ឬ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​មាន​ភាពល្អ​ប្រសើរ​ ​និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​។​ ​អ្នក​ត្រូវ​ចេះ​ប្រមូល​ព័ត៌មាន​ ​និង​ផ្តល់​ការ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​អចលនទ្រព្យ​ ​ដើម្បី​យក​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ ​មុន​ធ្វើការ​សម្រេចចិត្ត​ថា​ ​តើ​ការសម្រេច​ចិត្ត​របស់​យើង​មាន​ភាព​ត្រឹមត្រូវ​ ​ឬ​យ៉ាងណា​។​

​កសាង​ទំនុកចិត្ត​

​ធ្វើជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​អ្វី​ដែល​សំខាន់​បំផុត​ ​និង​មុនដំបូង​គេ​ ​គឺ​ត្រូវ​ក​សាង​កេរ្​ត៍​ឈ្មោះ​ ​ព្រោះ​កេរ្​ត៍​ឈ្មោះ​ជា​រឿង​ចាំបាច់​សម្រាប់​ជោគជ័យ​រយៈពេល​វែង​។​ ​នៅក្នុង​ក្រុមហ៊ុន​មួយ​ ​មុន​ចេញទៅ​ធ្វើការ​ ​បុគ្គលិក​ត្រូវតែ​ទទួល​បានការ​បណ្តុះ​បណ្តាល​ជាមុន​សិន​ ​ដូចជា​ ​ជំនាញ​ក្នុង​ការ​និយាយ​ ​ជំនាញ​ក្នុង​ការ​ទំនាក់ទំនង​ភ្ញៀវ​ ​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ ​និង​ជំនាញ​ក្នុង​ការទិញ​ ​លក់​ ​ជួល​ ​ដោយ​ជោគជ័យ​។​ ​ដូច្នេះ​ដើម្បី​ធ្វើឲ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ ​មានចំណេះ​ ​ជំនាញ​ ​និង​បទពិសោធន៍​ដែល​អាច​ធ្វើការ​បាន​ក្នុង​វិស័យ​នេះ​ ​គឺ​ត្រូវការ​ការ​បណ្តុះបណ្តាល​ ​និង​ពង្រីក​ភ្នាក់ងារ​ឲ្យបាន​ច្រើន​ ​ដើម្បី​ពង្រីក​វិសាលភាព​ការងារ​ឲ្យបាន​ទូលំទូលាយ​។​

​ត្រូវ​មាន​ឯកទេស​អ្វីមួយ​ជាក់លាក់​

​វិស័យ​អចលនទ្រព្យ​មាន​ផ្នែក​ជា​ច្រើន​ខុស​ៗ​គ្នា​ ​ហេតុនេះ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ ​ឬ​ចង់​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ត្រូវ​មាន​ជំនាញ​អ្វីមួយ​ជាក់លាក់​ ​ទើប​យើង​អាច​ធ្វើ​បាន​តាម​គោលដៅ​របស់​យើង​ ​ទទួល​បាន​ប្រាក់ចំណេញ​ ​និង​បញ្ចៀស​បាន​នូវ​ហានិភ័យ​ចំពោះមុខ​។​

​បញ្ហា​ប្រឈម​

​នៅក្នុង​វិស័យ​អ្វីមួយ​ក៏ដោយ​តែងតែមាន​ហានិភ័យ​ ​ដូច្នេះ​ភ្នាក់ងារ​ ​គឺ​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ ​ហេតុនេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​ ​និង​ការបាត់បង់​ទំនុកចិត្ត​ ​គឺ​ត្រូវតែ​មាន​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ដែល​មាន​តួនាទី​ជា​ភ្នាក់ងារ​ទៅលើ​ក្រម​សីល​ធ៌ម​ ​ដូចជា​ការ​ផ្តល់​ព័ត៌មាន​ដោយ​ស្មោះត្រង់​ ​អាច​ជឿជាក់​បាន​ ​និង​មិន​បំប៉ោង​តម្លៃ​។​ ​ស៊ូ​ចំណេញ​តិច​ ​តែ​បាន​រយៈពេល​យូរ​​ ​ដើម្បី​សន្សំ​ក្រេ​ឌីត​ ​ចៀសវាង​ចំណេញ​ច្រើន​ ​ប៉ុន្តែ​ត្រឹម​រយៈពេល​ខ្លី​ត្រូវ​បាត់បង់​ទៅវិញ​ ​ជាពិសេស​ត្រូវ​បង្កើន​ទំនុកចិត្ត​ឲ្យ​អតិថិជន​ឲ្យ​មាន​ជំនឿ​ជឿជាក់​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ជាចាំបាច់​។​

​ទាំងអស់​នេះ​គឺជា​អ្វី​ដែល​លោកអ្នក​គួរតែ​ត្រៀម​ ​និង​រៀបចំ​ឱ្យ​រួចជាស្រេច​មុន​ពេល​បោះ​ជំ​ហ៊ាន​ឈាន​ចូល​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​៕​

វិស័យ​សេវាកម្ម​ម្ហូបអាហារ​ ​ភេសជ្ជៈ​កាន់តែ​រីក​ដុះដាល​នៅ​ក្រុង​បាត់ដំបង​

0

ដោយ​ ​វិសេស

បាត់ដំបង​៖​ ​ស្រប​ពេល​កំណើន​ប្រជាពលរដ្ឋ​ ​និង​ប្រាក់ចំណូល​របស់​ពួកគេ​បាន​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​បាន​ធ្វើឲ្យ​ខេត្តបាត់ដំបង​ ​ពិសេស​នៅក្នុង​ក្រុង​ ​មានការ​រីកចម្រើន​លើ​វិស័យ​ហាង​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​ល្បីល្បាញ​លំដាប់​អន្តរជាតិ​ ​ក៏បាន​កើតឡើង​រីក​ដុះដាល​យ៉ាង​ផុសផុល​ទៀតផង​។​

​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​លោក​ ​អ៊ុច​ ​អ៊ុ​ភា​នី​ស្សា​រ៉ា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ទី១០​ ​មិនា​កន្លងមក​ថា​ ​ដោយមាន​ការរៀបចំ​សណ្ដាប់ធ្នាប់​ល្អ​របស់​អាជ្ញាធរ​ខេត្ត​ ​បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​មកលេង​កម្សាន្ត​នៅ​បាត់ដំបង​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​និង​ដើម្បី​ទ្រទ្រង់នូវ​កំណើន​ ​នៃ​ភ្ញៀវ​ទេសចរណ៍​នេះ​ ​បាន​ធ្វើឲ្យ​អាជីវករ​ក្នុង​ខេត្ត​ ​ក្រៅ​ខេត្ត​ ​និង​បរទេស​ ​បាន​បើកហាង​បម្រើសេវា​កម្ម​ទេសចរណ៍​កើនឡើង​នឹង​ស្មាន​មិនដល់​ ​ពិសេស​វិស័យ​ហាង​ម្ហូបអាហារ​ ​និង​ភេសជ្ជៈ​ជា​លក្ខ​ណៈ​ស្ដ​ង់​ដារ​។​

​ ​លោក​ក៏បាន​អំពាវនាវ​ ​ដល់​គ្រប់​ម្ចាស់​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ ​ត្រូវ​រៀបចំ​ទីកន្លែង​ផ្ដល់​សេវា​ ​ឬ​ម្ហូបអាហារ​ឲ្យ​មាន​អនាម័យ​ល្អ​ ​និង​ប្រជាពលរដ្ឋ​សូម​បន្ត​ជួយ​ថែរក្សា​សណ្ដាប់ធ្នាប់​អនាម័យ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ​ដើម្បីឲ្យ​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ ​មកលេង​កម្សាន្ត​នៅ​បាត់ដំបង​កាន់តែ​ច្រើនឡើង​ ​និង​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​ខេត្ត​ ​និង​សង្គមជាតិ​ទាំងមូល​។​

​ស្រប​ពេល​កំណើន​វិស័យ​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង​ ​កំពុង​កើតឡើង​ជាបន្តបន្ទាប់​ ​លោក​បាន​ ​ឆេង​ឡុង​ ​បាន​បោះទុន​ជាង៣០ម៉ឺន​ដុល្លារ​អាមេរិក​ ​បើកហាង​កាហ្វេ​ដ៏​ធំ​មួយ​ឈ្មោះ​ ​ហ្សា​រ៉ា​កាហ្វេ​ ​(​ZARA​ ​COFFE​)​ ​នៅ​ខេត្តបាត់ដំបង​ ​ដែល​រាល់​ផលិតផល​ទាំងអស់​មាន​កាហ្វេ​រសជាតិ​ដើម​ ​ដែល​នាំចូល​មក​ពី​ប្រទេស​អូស្ត្រាលី​ ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ការ​បើកហាង​កា​ហ្វេ​រនេះ​ ​ដោយសារ​មើលឃើញ​មានការ​កើនឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ​ ​ហើយ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មានការ​រីកចម្រើន​ខ្លាំង​ ​និង​បូករួម​ទាំង​កំណើន​ទេសចរណ៍​ផង​ដែរ​”​។​

​យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យដឹង​ថា​ ​បាត់ដំបង​មាន​សណ្ឋាគារ៤៩កន្លែង​ ​ផ្ទះ​ភ្ញៀវ៨៥កន្លែង​ ​ផ្ទះ​ស្នាក់២កន្លែង​,​ ​ភោជនីយដ្ឋាន​ ​និង​អាហារដ្ឋាន៦៩កន្លែង​ ​រង្គសាល៣កន្លែង​ ​ខារ៉ាអូខេ២១កន្លែង​ ​ម៉ាស្សា​ ​និង​ស្ប៉ា៧ កន្លែង​ ​ទីភ្នាក់ងារ​ទេសចរណ៍៤កន្លែង​ ​និងកីឡា​ទេសចរណ៍៣កន្លែង​។​

​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បា​ ​ន​មានប្រសាសន៍​ថា​ ​ខេត្តបាត់ដំបង​ ​ជា​ខេត្ត​ពិសេស​មួយ​ដែល​មាន​សក្តា​នុ​ពល​ ​និង​ផលិតផល​ទេសចរណ៍​សម្បូរ​បែប​ ​រាប់ទាំង​តំបន់​វប្ប​ធ៌ម​ ​ប្រវត្តិ​សាស្រ្ត​ ​រមណីយដ្ឋាន​ធម្មជាតិ​ ​និង​ផលិតផល​ទេសចរណ៍​ជាច្រើន​ទៀត​ ​ពិសេស​សំណង់​សម័យ​អាណានិគម​ ​បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​ពិសេស​ភ្ញៀវ​ទេសចរណ៍​បារាំង​។​

​លោក​បន្ត​ថា​ ​“​ទោះជាយ៉ាងណា​សេវាកម្ម​បដិសណ្ឋារ​កិច្ច​ក្នុង​ខេត្ត​ ​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​អ្នក​ប្រកបរបរ​នានា​ទាក់ទង​វិស័យ​នេះ​ ​គួរ​ពង្រឹង​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​មានគុណ​ភាព​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម​ ​និង​ស្នាក់នៅ​កាន់តែ​យូរ​”​៕​

ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៥​ ​ស្វែង​យល់​អំ​ពី​សក្តា​នុ​ពល​​វិនិយោគ​​ក្នុង​ខេត្ត​ព្រះសីហនុ​

0

​ដោយ ​វុត្ថា

​ព្រះសីហនុ​៖​ ​ក្រុមហ៊ុន​យក្ស​ចិន​ចំនួន​ ​៥​ ​ចុះ​សិក្សា​ស្វែងយល់​អំពី​គោលនយោបាយ​វិនិយោគ​របស់​ប្រទេស​កម្ពុជា​ព្រមទាំង​ព័ត៌មាន​អំ​ពី​សក្តា​នុ​ពល​ ​និង​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ជាពិសេស​សុំ​ការ​គាំទ្រ​និង​ការ​លើកទឹកចិត្ត​ពីអ​ភិបាល​ខេត្ត​ព្រះសីហនុ​ ​សម្រាប់​គោលបំណង​បណ្តាក់​ទុន​ថ្មី​បន្ថែម​នៅ​លើ​វិស័យ​មួយចំនួន​រួមមាន​ឧស្សាហកម្ម​ ​ថាមពល​ ​ទេសចរណ៍​ ​និង​សេវាកម្ម​ផង​ដែរ​។​



​ក្នុង​ជំនួប​ជាមួយ​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី៨​ ​ខែមីនា​ឆ្នាំ​ ​២០១៩​ ​លោក​ ​Sun​ ​Jianjun​ ​តំណាង​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​ ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​៖​ ​១​.​ ​កែច្នៃ​កាកសំណល់​សំរាម​ ​ឲ្យ​ក្លាយទៅជា​ថាមពល​អគ្គិសនី​ ​២​.​ ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ ​ប្រើ​ថាមពល​ព្រះអាទិត្យ​ ​៣​.​ ​ក្រុមហ៊ុន​ផលិត​ខ្សែកាប​ ​៤​.​ ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​៥​.​ ​ក្រុមហ៊ុន​ផលិត​ទូក​ទេសចរណ៍​ ​គឺ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​មាន​ទុន​វិនិយោគ​ ​និង​មានបទពិសោធន៍​នៅ​ប្រទេស​ចិន​។​

​លោក​ថា​ ​ខេត្ត​ព្រះសីហនុ​ ​គឺ​ពិតជា​មាន​សក្ដានុពល​ល្អ​ហើយ​ពួកគេ​បាន​ប្រមើល​ឃើញថា​៖​ ​នៅ​ថ្ងៃខាងមុខ​មិនយូរ​ទេ​ខេត្ត​ព្រះសីហនុ​ ​នឹង​ក្លាយទៅជា​ក្រុង​ដ៏​ទំនើប​ជឿនលឿន​ ​និង​ស៊ីវិល័យ​មួយ​។​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ក្រុម​អ្នក​វិនិយោគិន​ថ្មី​ទាំងអស់​ ​ដែល​មានបំណង​ចង់​មក​បណ្ដាក់ទុន​នៅ​ខេត្ត​ព្រះសីហនុ​។​ ​លោក​បង្ហាញ​ជំហរ​ថា​ ​ក្នុងនាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​សូមស្វាគមន៍​និង​ធានា​ការ​ការពារ​ដល់​អ្នក​វិ​និ​យោ​គិ​ន​ល្អ​ៗ​ទាំងនោះ​ដោយ​ច្បាប់​។​

​លោក​យន្ត​ ​មីន​បន្ត​ថា​ ​ខេត្ត​ព្រះសីហនុ​ ​គឺជា​ខេត្ត​ដែល​មាន​សក្កា​នុ​ពល​មាន​អំណោយផល​ពី​ធម្មជាតិ​ ​មាន​ឆ្នេរសមុទ្រ​ស្អា​តៗ​ ​មាន​កោះ​ចំនួន​ ​៣២​ ​មាន​ទឹកធ្លាក់​ ​ផ្លូវដែក​ ​ផ្លូវគោក​ ​និង​ផ្លូវអាកាស​ ​ដែ​លព្រ​លាន​យន្តហោះ​អន្តរជាតិ​កំពុងតែ​ពង្រីក​ឲ្យ​កាន់តែ​ធំ​ ​និង​មានផ្លូវ​សមុទ្រ​មាន​កំពង់ផែ​ទឹកជ្រៅ​ ​ដែល​អាច​ធ្វើឲ្យ​នា​វា​ធំៗ​ឆ្លងកាត់​ ​និង​ដឹកទំនិញ​ចេញ​-​ចូល​ទៅក្រៅ​ប្រទេស​បាន​យ៉ាង​ទូលំទូលាយ​។​

​លោក​បន្ថែម​ថា​ ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​ ​គឺ​ពឹង​ទៅលើ​វិស័យ​ឧស្សាហកម្ម​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​សេវាកម្ម​ ​និង​កសិកម្ម​ខ្លះ​ដែរ​។​ ​រយៈកាល​ចុងក្រោយ​នេះ​ ​ខេត្ត​ព្រះសីហនុ​ ​បាន​ប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ចាត់ទុកថា​ ​ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ចំបង​តែមួយគត់​របស់​កម្ពុជា​។​ ​ជា​ទស្សនៈ​វិ​ស័យូ​រ​អង្វែង​ខេត្ត​នេះ​បាន​ជំរុញ​អ្នក​វិនិយោគ​មក​ពី​តំបន់​នានា​ពិសេស​មក​ពី​ប្រទេស​ចិន​ ​បាន​មក​បណ្ដាក់ទុន​រកស៊ី​ច្រើនជាង​គេ​ ​និង​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ ​និង​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​ខ្ពស់​ ​គឺ​ប្រមាណ​ ​8,7​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ​២០០៧​ ​ហើយ​ ​GDP​ ​របស់​ប្រជាជន​ម្នាក់​ ​មាន​ប្រមាណ​ជា​ ​៣៣៥៣ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​ដោយឡែក​អត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​គឺ​បាន​ធ្លាក់​មក​នៅ​ត្រឹម​ ​១១​ ​ភាគរយ​ប៉ុណ្ណោះ​។​



​លោក​អភិបាលខេត្ត​ថា​ ​ការ​រីកចម្រើន​ដ៏​គួរ​ជា​ទី​មោទ​នៈ​នេះ​គឺ​ ​ជា​លទ្ធផល​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ក្រោម​គោលនយោបាយ​និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​ដែល​បាន​ធ្វើឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព​ ​ស្ថិរភាព​ ​សន្តិសុខ​ល្អ​ ​និង​មានឱកាស​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​។​ ​



​ម៉្យាងទៀត​វា​ក៏​ជា​ការ​ស្របគ្នា​ ​ទៅ​នឹង​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី​ ​ចិន​-​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ​-​ដែល​បាន​ ​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​ ​ដែល​បាន​ជំរុញ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ឲ្យ​ចូល​មក​បណ្ដាក់ទុន​រកស៊ី​ ​និង​ធ្វើការ​ស្វែងយល់​ ​អំ​ពី​សក្តា​នុ​ ​ពល​នឹង​បាន​ចូល​មក​បណ្ដាក់ទុន​ ​នៅ​ខេត្ត​នេះ​ជាបន្តបន្ទាប់​ហើយ​បាន​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​មានការ​ប្រែ​មុខមាត់​យ៉ាង​ឆាប់រហ័ស​គួរ​ជាទី​កត់សម្គាល់​។​ ​ក្នុង​នោះ​ដែរ​លោក​បាន​បន្ថែម​ថា​ ​ខេត្ត​នានា​របស់​ប្រទេស​ចិន​ ​ចំនួន​ ​១៦​ ​បាន​ក្លាយទៅជា​ខេត្ត​បងប្អូន​ ​ឬ​ខេត្ត​សម្ព័ន្ធ​មេត្រីភាព​ ​ជាមួយ​និង​ខេត្ត​ព្រះសីហនុ​៕​

អស់​បញ្ហា​!​ ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​កសិករ​ក្នុង​ខេត្ត​ ​៤​ ​​មាន​សិទ្ធិ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​

0

ដោយ​វុត្ថា

​ក្រចេះ​៖ ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​អនុញ្ញាតិ​ឲ្យ​កសិករ​ក្នុង​ខេត្ត​ចំនួន​ ​៤​ ​តាម​ព្រំដែន​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​នាំចេញ​កសិផល​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ដោយ​មិនបាច់​ស្នើសុំ​ ​(​CO​)​ ​ទម្រង់​ ​ឌី​ ​(​D​) ​តាម​ប្រពន្ធ័​ស្វ័យប្រវត្តិ​កម្ម​នៅទេ​ ​។​ ​

​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ថ្ងៃទី​ ​០៩​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ធ្វើ​ប្រតិភូកម្ម​សេវា​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ ​(​CO​)​ ​ទម្រង់​ ​ឌី​ ​(​D​)​ ​តាម​ប្រពន្ធ័​ស្វ័យប្រវត្តិ​កម្ម​ ​ជូន​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ត្បូងឃ្មុំ​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​និង​ខេត្តមណ្ឌលគិរី​ដើម្បី​សម្រួល​ដល់​កសិករ​ក្នុង​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​ក្នុង​ពិធី​ប្រកាស​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សេវា​ ​CO​ ​ទម្រង់​ ​D​ ​នៅ​ ​ខេត្តក្រចេះ​នេះ​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​ឲ្យដឹង​ថា​ ​នេះ​ ​គឺ​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការអនុវត្ត​ក្របខណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ​ ​និង​វិស​ហម​ជ្ឈ​ការ​ ​ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​សំដៅ​ធានា​ឱ្យ​មានការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ ​និង​ប្រកបដោយ​និរន្តរភាព​ ​អាច​ឆ្លើយតប​តម្រូវការ​អ​ទិ​ភាព​របស់​ប្រជាពលរដ្ឋ​ ​និង​គោលការណ៍​អភិបាលកិច្ច​ល្អ​ ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។​ ​

​លោក​រដ្ឋមន្ត្រី​ ​បន្ត​ថា​ ​“​កន្លងមក​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ធ្វើ​ប្រតិភូកម្ម​សេវា​ ​CO​ ​ទម្រង់​ ​D​ ​នេះ​ ​ទៅដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្ត​ចំនួន​ ​៥​ ​ដូចជា​ ​ប៉ៃលិន​ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​ឧត្តរមានជ័យ​ ​និង​រតនគិរី​ ​រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​២​ ​នៅក្នុង​ខេត្តស្វាយរៀង​គឺ​ ​Manhattan​ ​តាយ​សេង​ ​និង​សាន​ដុង​-​សាន់​សែល​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ជាពិសេស​ការនាំចេញ​កសិផល​របស់​ប្រជាកសិករ​ខ្មែរ​”​។​ ​

​លោក​ ​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរការ​សេវា​ ​CO​ ​ទម្រង់​ ​D​ ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​ក្រចេះ​ ​ស្ទឹងត្រែង​ ​និង​ខេត្តមណ្ឌលគិរី​ ​ថ្ងៃនេះ​ ​គឺ​ដោយសារតែ​ជា​ខេត្ត​អាទិភាព​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ ​លើ​ការកាត់បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​ក៏ដូចជា​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ​នៅក្នុង​ខេត្ត​ទាំងបួន​នេះ​។​

​ការ​ធ្វើ​ប្រតិភូកម្ម​នេះ​ ​គឺ​មិន​ត្រឹមតែ​ជា​ការផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ​ ​ថែមទាំង​ជា​ការទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ ​និង​ការអនុវត្ត​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ ​និង​តម្លាភាព​ ​ជាពិសេស​ការ​ចេញ​ ​CO​ ​ទម្រង់​ ​D​ ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​ជូន​អ្នកនាំ​ចេញ​ ​ដើម្បី​សម្រួល​ដល់​ការនាំចេញ​កសិផល​ ​ជៀសវាង​បាន​នូវ​ភាព​អសកម្ម​នានា​ ​និង​ការ​កកស្ទះ​ដោយ​ប្រការ​ណាមួយ​។​ ​
​កាលពី​ឆ្នាំ២០១៨​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ ​ទៅកាន់​ទីផ្សារ​បរទេស​ក្នុងទឹក​បា្រក់​ ​១២,៨៩៥លាន​ដុល្លារ​អាមេរិក​ ​បាន​កើនឡើង​ ​១៣.៧០​%​ ​បើ​ប្រៀបធៀប​ឆ្នាំ២០១៧​ ​ដែល​មាន​ទឹក​បា្រក់​ត្រឹមតែ​ ​១១,៣៤១លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក​ការនាំចេញ​កសិផល​ ​តាមរយៈ​ ​CO​ ​ទម្រង់​ ​D​ ​ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន​ ​ក៏​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ​គឺ​បាន​កើន​ពី​ទឹក​បា្រក់​ ​៧២៨លាន​ដុល្លារ​អាមេរិក​ក​ ​ក្នុង​ឆ្នាំ២០១៦​ ​ដល់​ទឹកប្រាក់​ ​១,៤០៦លាន​ដុល្លារ​អាមេរិក​ ​នៅក្នុង​ឆ្នាំ២០១៨​៕

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ​ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្តរជាតិ​ ​និង​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ ​ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​សង្គម​កម្ពុជា​។​



​អនុក្រឹត្យ​លេខ​ ​៤០​ ​អន​ក្រ​:​ ​បក​ ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយ​ក​រដ្ឋី​មន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ​៧​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​នេះ​ថា​ ​គឺ​ក្នុង​គោលដៅ​កំណត់​វិធាន​ ​និង​យន្តការ​ក្នុង​ការបង្កើត​ ​និង​គ្រប់គ្រង​តំបន់​ទេសចរណ៍​ពិសិដ្ឋ​។​

​អនុក្រឹត្យ​ដែល​មាន​ ​៦​ ​ជំពូក​ ​និង​ ​៥​ ​មាត្រា​ ​នេះ​ ​បន្ត​ថា​ ​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្កើត​ឡើង​នៅ​លើទឹក​ដី​នៃ​កម្ពុជា​ ​នៅ​តាម​តំបន់​សក្តា​នុ​ពល​ទេសចរណ៍​សមស្រប​ ​ប្រកបដោយ​យុទ្ធសាស្ត្រ​ ​ស្របតាម​ច្បាប់​ជាធរមាន​ ​និង​ការសម្រេច​របស់​ ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​អនុក្រឹត្យ​។​

​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​ឲ្យដឹង​ដែរ​ថា​ ​ការបង្កើត​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​បន្ថែម​ទៀត​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ​មកលេង​កាន់តែ​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​

​លោកស្រី​បន្ត​ថា​ ​“​បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេសជិតខាង​យើង​ ​ពី​មួយឆ្នាំ​ ​ទៅ​មួយឆ្នាំ​គេ​ព្យាយាម​បង្កើត​តំបន់​ទេសចរណ៍​កាន់តែ​ច្រើន​ ​ហើយ​សម្រាប់​កម្ពុជា​គួ​តែ​ដល់ពេល​វេលា​ដែល​យើង​ត្រូវ​បង្កើត​ផលិតផល​ពិ​សេស​ៗ​បន្ថែម​ទៀត​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មកលេង​បន្ថែម​ទៀត​”​។​

​លោកស្រី​បន្ថែម​ថា​ ​ការបង្កើត​នេះ​ ​គឺ​ចង់​អោយ​ភ្ញៀវ​ដែល​មកលេង​ ​ហើយ​មក​ម្តង​ទៀត​ជា​លើក​ទី​ ​២​ ​ឬទី​ ​៣​ ​ហើយ​នៅពេល​ពួកគេ​ត្រឡប់មកវិញ​ ​មិន​ត្រឹមតែ​បាន​មកលេង​កម្សាន្ត​ដែល​ធ្លាប់​មកលេង​នៅ​ផលិតផល​ដដែល​ទេ​ ​ថែមទាំង​បាន​ទៅលេង​កម្សាន្ត​នៅ​ទីកន្លែង​ដែល​ថ្មី​ៗ​ជាច្រើន​ទៀត​ ​និង​ជួយ​ជ​ម្រុ​ញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​តាមរយៈ​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ​។​



​លោកស្រី​បញ្ជាក់​ទៀត​ថា​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​យើង​ក៏អាច​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន​ផ្សេងទៀត​ ​រួម​ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ដូចជា​សេ​វា​ស្នា្​កក់​នៅ​ ​ភោជនីយដ្ឋាន​ ​ការ​ដឹកជញ្ជូន​ ​នាំ​អោយ​ផលិតផល​ក្នុង​ស្រុក​កាន់​ច្រើន​ ​ជាពិសេស​នឹង​ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ជីវភាព​កាន់តែ​ធូ​ធា​បន្ថែម​ទៀត​៕​

កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ឈានមុខ​​គេ​លើ​គំរោង​​កែ​លំ​អរ​បរិស្ថាន​និង​ទីក្រុង​ស្អាត​

0

​ដោយ​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​៖​ ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែល​មាន​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​ ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​ឈាម​មុខ​គេ​ ​លើ​ការ​អភិវឌ្ឍ​គម្រោង​កែ​លម្អ​បរិស្ថាន​ស្អាត​ ​ទីក្រុង​ស្អាត​ ​ដែល​ហើយ​ក្នុង​នោះ​ទីក្រុង​ភ្នំពេញ​ ​និង​ក្រុង​សៀមរាប​ ​បាន​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ឈានមុខ​គេ​ ​ដែល​អាច​ក្លាយជា​គំរូ​មួយ​ល្អ​ ​សម្រាប់​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​យកតម្រាប់តាម​។​ ​

​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​លោ​ក​ស្រ៊ី​ ​ថា​មរុង្គ​បាន​ប្រាប់​ឱ្យ​ដឹង​បន្ទាប់ពី​ជំនួប​ជាមួយ​សម្ដេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​ជាមួយ​លោក​ ​Pierre​ ​Baillet​ ​លេខាធិការ​អចិន្ត្រៃយ៍​នៃ​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​កាលពី​ថ្ងៃទី៨​ ​មិនា​កន្លងមក​ថា​ ​ដើម្បី​រៀបចំ​មហាសន្និបាត​របស់​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅដើម​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​លោក​ ​Pierre​ ​Baillet​ ​បាន​លើកឡើង​ពី​លទ្ធភាព​ជាក់ស្ដែង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​របស់​កម្ពុជា​។​

​លោក​ក៏បាន​កោតសរសើរ​ពី​លទ្ធផល​ដ៏​ល្អ​នៃ​គម្រោង​អភិវឌ្ឍន៍​នានា​ ​ដែល​បាន​អនុវត្តន៍​កន្លងមក​ ​និង​គម្រោង​ដែល​ត្រូវ​អភិ​ ​វឌ្ឍន៍​ ​នៅពេល​ខាងមុខ​ជាមួយនឹង​ជំនួយ​ ​ដែល​បាន​មក​ពី​សហគមន៍​ ​និយាយ​ភាសា​បារាំ​ ​ង​ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​កែ​លម្អ​បរិស្ថាន​ ​ទីក្រុង​កាកសំណល់​ ​ទឹក​ស្អុយ​ ​ឬក៏​ទឹកដក់​ ​នៅ​តាមផ្លូវ​ជាដើម​។​

​លោក​បន្ត​ទៀត​ថា​ ​លេខាធិការ​អចិន្ត្រៃយ៍​ ​នៃ​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​បាន​លើកឡើង​យ៉ាង​ច្បាស់​ថា​ ​កម្ពុជា​ជា​គំរូ​ ​ជាពិសេស​ទីក្រុង​ភ្នំពេញ​ ​និង​ទីក្រុង​សៀមរាប​ ​អាច​ជា​គំរូ​នៅក្នុង​ការ​អភិវឌ្ឍ​នូវ​គម្រោង​ទាំងនេះ​ ​សម្រាប់​បណ្ដា​ប្រទេសជិតខាង​ ​មាន​ដូចជា​ទីក្រុង​វៀងចន្ទន៍​ ​ប្រទេស​ឡាវ​ ​និង​ទីក្រុង​ ​នៃ​ប្រទេស​វៀតណាម​ជាដើម​។​ ​

​សមាគម​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ ​នឹង​ត្រៀម​រៀបចំ​ធ្វើ​សន្និបាត​ ​ដែល​មានការ​ចូលរួម​ពីអ​ភិបាល​ក្រុង​អភិបាល​ប៉ារីស​ ​នា​ដើមខែ​ធ្នូ​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​នៅ​ទីក្រុង​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​ដែល​ក្នុង​ឱកាស​នោះ​ ​នឹង​រំលេច​នូវ​ភាព​ជោគជ័យ​ ​នៃ​ការអនុវត្ត​គម្រោង​នានា​ ​នៅ​កម្ពុជា​ ​ជាពិសេស​នៅ​ ​រាជធានី​ភ្នំពេញ​ ​និង​ខេត្តសៀមរាប​ ​ដែល​នឹង​បង្ហាញ​ឱ្យ​សមាជិក​មក​ពី​ទ្វីប​ទាំង៥នៅ​លើ​សាកលលោក​ ​ដែល​មាន​អភិបាលក្រុង​ប្រចាំ​ប្រទេស​នី​មួយ​ៗ​បានដឹង​ពី​កម្ពុជា​៕​

មន្ត្រី​ជាន់ខ្ពស់​ព្រមាន​ថា​ ​បើ​កម្ពុជា​មិនបាន​រៀបចំផែនការ​​នគរូបនីយកម្ម​​ត្រឹមត្រូវ​​នឹង​ខាតបង់​ធំ​នា​ពេល​អនាគត​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ ​វិស័យ​នគរូបនីយកម្ម​ ​មាន​អត្រាកំណើន​ខ្ពស់​ ​និង​មានសន្ទុះ​អ​ភិ​ឌ្ឍ​ន៍​លឿន​ ​ក្នុង​នោះ​ប្រសិនបើ​យើង​មិនបាន​រៀបចំផែនការ​ ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ​និង​ផែនការ​វិនិយោគ​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់ជ្រុងជ្រោយ​នោះ​ទេ​ ​យើង​នឹង​ត្រូវ​ទទួលរង​ការ​ខាត់​បង់​ធំ​ទៅ​ពេល​អនាគត​។​

​លោ​ក​វង្សី​ ​វិស្សុត​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ស្តី​ពី​ ​“​ការរៀបចំ​យុទ្ធ​សាស្រ្ត​ភាពជា​ដៃគូ​ ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ២០១៩​-​២០២៣​”​ ​ជាមួយ​ភាគី​ ​ADB​ ​ដែល​ដឹកនាំ​ដោយ​លោកជំទាវ​ ​Sunniya​ ​Durrani​-​Jamal​ ​នាយិកា​ស្ថាន​តំណាងADBប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី៧​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​វិស័យ​នគរូបនីយកម្ម​ ​ជា​វិស័យ​មួយ​មាន​អត្រាកំណើន​ខ្ពស់​ ​និង​មានសន្ទុះ​អ​ភិ​ឌ្ឍ​ន៍​លឿន​ ​ដូចនេះ​ប្រសិនបើ​យើង​មិនបាន​ធ្វើ​ផែនការ​អភិវឌ្ឍន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​គ្រប់ជ្រុងជ្រោយ​ទេ​ ​យើង​នឹង​ត្រូវ​ទទួលរង​ការ​ខាត់​បង់​ធំ​ទៅ​ថ្ងៃក្រោយ​ជាក់ជា​មិនខាន​។​ ​

​លោក​បន្ត​ថា​ ​“​ដូចនេះ​ការ​ផ្តល់​ហិរញ្ញប្បទាន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​ ​ចាំបាច់​តម្រូវ​ឱ្យ​មាន​ផែនការមេ​អភិវឌ្ឍ​ទីក្រុង​ ​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ​និង​ផែនការ​វិនិយោគ​”​។ ​លោក​បន្ត​ថា​ ​“​នៅ​គ្រប់​គម្រោង​វិនិយោគ​ទាំងអស់​ ​ត្រូវតែ​ជា​គម្រោង​ដែល​អាច​ធ្វើ​ទៅ​បាន​ ​និង​មាន​ចិរភាព​ ​ជាពិសេស​គឺ​មានការ​គិតគូរ​លើ​ផែនការ​ ​ប្រមូល​ចំណាយ​គម្រោង​មក​ ​ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌​ ​រវាង​អ្នក​រស់នៅ​ទីក្រុង​ ​និង​អ្នក​រស់នៅ​ជនបទ​ ​ហើយ​អាច​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជនទូទៅ​”​។​

​លោ​ក​វង្សី​ ​វិស្សុត​បាន​បន្ត​ថា​ ​ចំណែក​ការ​វិនិយោគ​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ ​ក៏​ចាំបាច់​តម្រូវ​ឱ្យ​មាន​ផែនការមេ​នៃ​វិស័យ​ដឹកជញ្ជូន​ផង​ដែរ​ ​ប្រសិនបើ​យើង​គ្រប់គ្រង​ ​បែងចែក​ ​និង​ប្រើប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ត្រឹមត្រូវ​ ​ថែមទាំង​មាន​អភិបាលកិច្ច​ទៀត​នោះ​ ​កម្ពុជា​នឹង​មាន​អនាគត​កាន់តែ​ល្អ​ប្រសើរ​។​

លោក​បន្ត​ថា​ ​កម្ពុជា​ចង់​កំណត់​អាទិភាព​នៃ​ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ពី​ ​ADB​ ​ឱ្យ​កាន់តែ​ច្បាស់លាស់​ ​និង​ចំ​ទិសដៅ​ ​គឺ​ផ្អែក​តាម​ក្របខ័ណ្ឌ​យុទ្ធ​សាស្រ្ត​ ​ក្របខ័ណ្ឌ​គោលនយោបាយ​ ​និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ ​ពិសេស​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ​និង​ចក្ខុវិស័យ​ឆ្នាំ២០៣០​។​ ​ក្រៅពី​ការ​គិតគូរ​លើ​ប្រសិទ្ធភាព​នៃ​ការប្រើ​ប្រាស់​កម្ពុជា​ចង់​ផ្តោត​លើក​ត្តា​ចីរភាព​នៃ​គម្រោង​ថែមទៀត​ ​ដើម្បី​ធានា​បាន​ថា​ ​ធនធាន​ដែល​កម្ពុជា​ទទួល​បាន​ ​ADB​,​ ​ពិតជា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ​៕​

អ្នក​វិនិយោគ​ក្នុង​ស្រុក​បោះទុន​ជិត​ ​២លាន​ដុល្លារ​នាំចូលកប៉ាល់​ទេស​ចរ​ណ៍​ខ្នាត់​អន្តរជាតិ​

0

ដោយ​ ​វុត្ថា

​ព្រះសីហនុ​៖​ ​ក្រុមហ៊ុន​កោះ​រ៉ុង​ដាយ​សិន​ធឺរ​ ​ទូក​ហែប​ភី​បូត​ខេត្ត​ព្រះសីហនុ​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នាវា​ទេសចរណ៍​តម្លៃ​ ​១,៨៥​ ​លាន​ដុល្លា​អា​មេ​រិច​ ​សម្រាប់​ដឹក​អ្នកដំណើរ​ឆ្លង​ទៅលេង​កម្សាន្ត​នៅ​នៅ​កោះ​រ៉ុង​ខេត្ត​ព្រះសីហនុ​។​



​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ថ្លែង​នៅក្នុង​ពិធី​កាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ ​ឱ្យ​ប្រើប្រាស់​នូវ​នាវា​ទេសចរណ៍​នេះ​ ​កាលពី​ថ្ងៃទី​ ​៨​ ​ខែមីនា​ម្សិលមិញ​នេះ​ថា​ ​នាវា​ទេសចរណ៍​នេះ​ ​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការបម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ពិសេស​ការ​ដឹកជញ្ជូន​តាម​ ​ផ្លូវទឹក​ទៅកាន់​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ ​កាន់តែ​ទំនើប​ ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​ ​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ ​។​ ​

​លោក​បន្ត​ថា​ ​ក្រុមហ៊ុន​នឹង​នាំ​នាវា​ទេស​ចរ​ណ៍​ទំនើប​ៗ​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតប​ ​ទៅ​នឹង​តម្រូវការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ​ ​ម្យ៉ាងទៀត​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​មាន​សារៈសំខាន់​ណាស់​ ​ធ្វើ​ឱ្យ​ភ្ញៀវ​មានទំនុក​ចិត្ត​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ ​។​

​លោក​ ​សេង​ ​ហួលា​ង​ ​តំណាង​ក្រុមហ៊ុន​ ​កោះ​រ៉ុង​ដា​យសឺន​ធឺរ​ ​មាន​ឲ្យដឹង​ដែរ​ថា​ ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ដែល​មាន​សក្តា​នុ​ពល​ផ្នែក​ទេសចរណ៍​ ​ម្យ៉ាង​ភ្ញៀវ​ទេសចរ​កើនឡើង​ ​ជាពិសេស​ខេត្ត​មានការ​អភិវឌ្ឍ​មានសន្ទុះ​យ៉ាង​លឿន​ ​គួបផ្សំ​នឹង​ចរាចរណ៍​ផ្លូវទឹក​ ​មានការ​មមាញឹក​ ​ក្រុមហ៊ុន​នាំ​នាវា​ទំនើប​មក​បន្ថែម​ទៀត​ ​។​ ​

​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​នាវា​ទំនើប​ចំនួន​ ​០៤គ្រឿង​ ​គួបផ្សំ​នឹង​ទូក​ឈើ​ជិត១០គ្រឿង​ ​ក៏ប៉ុន្តែ​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​ភ្ញៀវ​ទេសចរ​ ​។​ ​នាវា​អាច​ផ្ទុក​មនុស្ស​បាន​រហូតដល់​ ​៤៥០នាក់​ ​ក្នុង​នោះ​ក៏​មាន​ភេសជ្ជៈ​ ​ម្ហូបអាហារ​ ​មាន​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ ​បន្ទប់ទឹក​ ​ធានា​សុវត្ថិភាព​ ​ដើម្បី​បម្រើ​ឱ្យ​ទាន់សម័យ​ទាំង​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ដូច​ប្រទេសជិតខាង​ ​។​ ​



​នាវា​ទំនើប​នេះ​ ​ជួយ​បង្កើន​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​ ​រីក​លូត​ ​លាស់​ដូច​ប្រទេសជិតខាង​ ​ដើម្បី​លើកមុខ​លើក​មាត់​ខេត្ត​ ​ក៏ដូចជា​ប្រទេសជាតិ​ផង​ដែរ​ ​។​ ​ពេលនេះ​យើង​មាន​នាវា​របស់​ខ្មែរ​ខ្នាត​ធំ​បម្រើភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ ​ក៏​ដូច​ ​ជា​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ទៅលេង​កម្សាន្ត​តាម​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ពិសេស​ប្រជុំ​កោះ​រ៉ុង​សន្លឹម​ ​៕​

ចំណេះដឹង! តើពន្ធនិងអាករលើទំនិញនាំចេញនាំចូលត្រូវគណនាដូចម្តេច?

0

​ដោយវុត្ថា

​ភ្នំពេញ៖ នៅថ្ងៃនេះគេហទំព័រ propertyarea.asia សូមលើកយកចំណេះដឹងទូទៅ ទាក់ទងនឹងនិតិវិធីនាំចេញនាំចូល ដើម្បីឲ្យលោក លោកស្រី អ្នកអានទាំងអស់បានជ្រាប ដើម្បីធ្វើជាចំណេះដឹងសំរាប់ខ្លួន។

​សូមចាប់ផ្តើមអាន និងឆ្លើយសំណួរពាក់ព័ន្ឋមួយចំនួន ដូចជា
​សំណួរៈ តើពន្ឋនិងអាករលើទំនិញនាំចេញ នាំចូលត្រូវគណនាយ៉ាងដូចម្តេច?

ចម្លើយៈ ពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ត្រូវបាន​គណនាតាមវិធីសាស្ត្រដូចខាងក្រោម៖

ក. ចំពោះទំនិញទូទៅ
ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

• ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
• អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់
អាករពិសេស)

ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ A នាំចូលស្រាបៀរចំនួន​ 20 កេស​ ដែលមានតម្លៃគិតពន្ធគយស្មើ​ 4លានរៀល​។​ តើប្រាក់ពន្ធ​ និងអាករសរុប​ដែលត្រូវបង់ស្មើប៉ុន្មាន​ ?
ចម្លើយៈ​ ការនាំចូលស្រាបៀរ​ ត្រូវជាប់ពន្ធនាំចូល​តាមអត្រា 35%​ អាករពិសេស ​25%​ និង​អាករលើតម្លៃបន្ថែម​
10% ។​ ការគណនាប្រាក់ពន្ធ​ និងអាករ​ មានដូចខាងក្រោម៖
• ពន្ធនាំចូល​ = 4,000,000 x 35% = 1,400,000រៀល
• អាករពិសេស​ = (4,000,000 + 1,400,000) x 25% = 1,350,000​រៀល
• អាករលើតម្លៃបន្ថែម​ = (4,000,000 + 1,400,000 + 1,350,000) x 10%
= 675,000 រៀល
​​​ ដូចនេះ​ ប្រាក់ពន្ធ​ និងអាករសរុបដែលត្រូវបង់​ = 1,400,000 + 1,350,000 + 675,000
= 3,425,000 រៀល​។

ខ. ចំពោះ​ប្រេងសាំង​ ឬម៉ាស៊ូត
ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករបន្ថែម​ អាករពិសេស​ និងអាករលើតម្លៃបន្ថែម។​
• ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
• អាករបន្ថែម​ = បរិមាណ (ចំនួនលីត្រ) x 0.02$ x អត្រាប្តូរប្រាក់​ (ចំពោះប្រេងសាំង)
ឬ = បរិមាណ (ចំនួនលីត្រ) x 0.04$ x អត្រាប្តូរប្រាក់​ (ចំពោះប្រេងម៉ាស៊ូត)
• អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករបន្ថែម​) x អត្រាអាករពិសេស
• អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករបន្ថែម + អាករពិសេស) x ១០%
ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករបន្ថែម​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​
ឧទាហរណ៍ៈ​ ក្រុមហ៊ុន​ B នាំចូលប្រេងសាំង​ 100 លីត្រ ដែលមានតម្លៃគិតពន្ធគយស្មើ​ 250,000រៀល​។​ តើប្រាក់ពន្ធ​ និងអាករសរុប​ដែលត្រូវបង់ស្មើប៉ុន្មាន​ ? ដោយដឹងថា​ អត្រាប្តូរប្រាក់​ 1$ = 4,000 រៀល។
ចម្លើយៈ​ ការនាំចូលប្រេងសាំង​​ ត្រូវជាប់ពន្ធនាំចូល​តាមអត្រា 35%​ អាករបន្ថែម​ 0.02$ ក្នុង 1លីត្រ អាករពិសេស ​
33.33%​ និង​អាករលើតម្លៃបន្ថែម ​10% ។​ ការគណនាប្រាក់ពន្ធ​ និងអាករ​ មានដូចខាងក្រោម៖
• ពន្ធនាំចូល​ = 250,000 x 35% = 87,500រៀល
• អាករបន្ថែម​ =​ 100 x 0.02 x 4000 = 8,000 រៀល
• អាករពិសេស​ = (250,000 + 87,500 + 8,000) x 33.33% = 115,155.15 ​រៀល
• អាករលើតម្លៃបន្ថែម​ = (250,000 + 87,500 + 8,000 + 115,155.15) x 10%
= 46,065.52 រៀល
​​​ ដូចនេះ​ ប្រាក់ពន្ធ​ និងអាករសរុបដែលត្រូវបង់​ = 87,500 + 8,000 + 115,155.15 + 46,065.52
= 256,721 រៀល​៕