សញ្ញាវិជ្ជមានៈរដ្ឋាភិបាលបង្កើនលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ជាង២៨០០មេហ្គាវ៉ាត់

0

ដោយវុត្ថា
ភ្នំពេញ:​ រាជរដ្ឋាភិបាលបានសម្រេចបង្កើនលទ្ធភាព ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ជាង២៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។

លោក វ៉ិចទ័រ ហ្ស៊ូណា អ្នកនាំពាក្យក្រសួងរ៉ែ និងពលបានឲ្យដឹងកាលពីព្រលប់ថ្ងៃទី៣ មករាកន្លងមកថា ការពង្រីកលទ្ធិភាពផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋរហូតដល់ជិត៣ពាន់មេហ្គាវ៉ាត់នេះ ដោយសារតែកំណើននៃការប្រើប្រាស់អគ្គិសនី ក្នុងរយៈពេលចុងក្រោ​យនេះ បានកើនឡើងយ៉ាងច្រើនហួសប្រមាណលើសពីការរំពឹងទុក ពិសេសការពង្រីកគម្រោងវិនិយោគនានាទំាងសំណង់ និងរោងចក្រសហគ្រាសដែលត្រូវការថាមពលអគ្គិសនីជាច្រើន។

លោកបន្តថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួ​ងទទួលបានប្រភពថាមពលបន្ថែម ពីរោងចក្រផលិតធ្យូងថ្មនៅខេត្តព្រះសីហនុ ការបើកអោយដំណើរការពេញលេញ នៃរោងចក្រផលិតថាមពលអគ្គិសនីវារីអគ្គិសនីសេសានក្រោម២ និងគម្រោងដាក់ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យនៅចុងឆ្នាំ២០១៩នេះ”។

ជាមួយគ្នានេះ កម្ពុជានៅតែត្រូវការនាំចូលប្រភពថាមពលអគ្គិសនីពីប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ចំនួន២៧៧ មេហ្គាវ៉ាត់ ពីថៃចំនួនជាង ១៣៥ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន៣០មេហ្គាវ៉ាត់។

លោកបន្ថែមថា ក្នុងផែនការបពង្រីកការផ្គត់ផ្គង់ ប្រភពថាមពលអគ្គិសនីជូនដល់ប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលក៏បានត្រៀមបញ្ចុះតម្លៃថ្លៃអគ្គិសនីផងដែរ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះទៅ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ។

យោងតាមតារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី៤៨០ រៀលនៅឆ្នាំ២០១៨ មកនៅ៣៨០ រៀលឆ្នាំ ២០១៩ និងឆ្នាំ២០២០ ការប្រើប្រាស់ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ក្នុង១ខែ នឹងត្រូវចុះពី៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ខណៈលំនៅឋានដែលប្រើចាប់ពី៥១ដល់២០០ គីឡូវ៉ាត់ក្នុង១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល។

លោកឆឹង ស៊ីណា តំណាងអគ្គិសនីជនបទបានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមជនបទ មានកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជិត២ដង ដោយសារការពង្រីកលំនៅដ្ឋានថ្មី និងការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចមានទូរទស្សន៍ កង្ហារ ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនត្រជាត់ជាដើម។ លោកបញ្ជាក់ថា ក្រុមសេវាករដែលជាសមាជិកនៃសមាគមអគ្គិសនីជនបទ នឹងខិតខំពង្រីកការតបណ្តាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្ងាយៗពី ខ្សែបណ្តាញជាតិ ដើម្បីអោយពួកគេមានលទ្ធភាពប្រើប្រាស់អគ្គិសនីដូចប្រជាពលរដ្ឋដ៏ទៃទៀត។

នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាបានប្រើប្រាស់ប្រភពថាមមពលអគ្គិសនីក្នុងទំហំជាង២៦៥០មេហ្គាវ៉ាត់ ដែលបានគ្រប់ដណ្តប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយនៅទូទាំងប្រទេស៕

សប្តាហ៍ទី១!CDCអនុម័តគំរោងវិនិយោគតម្លៃជាង៤លានដុល្លារ

0

​ដោយវុត្ថា
​ភ្នំពេញ:​ ទើបតែដើមសប្តាហ៍ទី១ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់CDC បានអនុម័តគំរោងវិនិយោគមានទឹកប្រាក់៤,០៧លានដុល្លារអាមេរិក ដែលជា​ការវិនិយោគរោងចក្រផលិតកាបូបនៅកម្ពុជា។

​យោងតាមសេចក្តីប្រកាសព៌តមាន លើគេហទំព័រCDCបានឲ្យដឹងកាលពីថ្ងៃទី៣មករាកន្លងមកថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន “IREACH FACTORY (CAMBODIA) CO.,LTD.”បោះទុនវិនិយោគប្រមាណ ៤,០៧ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៩កន្លែង។

អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកវីល្លៀម ហេដស៍ធ្លាប់បានមានប្រ​សា​សន៍ឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុញ្ញាត្តឲ្យកម្ពុជា នាំចូលផលិតផលធ្វើដំណើរ ដូចជា កាបូបស្ពាន វ៉ាលី ជាដើមក្នុងតម្លៃទឹកប្រាក់១០០លានដុល្លារកាលពីឆ្នាំ២០១៧ ខណៈសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពន្ឋនាំចេញលើផលិតផលសម្រាប់ធ្វើដំណើរដល់កម្ពុជាកំឡុងឆ្នាំ២០១៦កន្លងមកនេះ៕

ដំណោះស្រាយៈរដ្ឋាភិបាលចំណាយប្រាក់៣លានដុល្លារសំរាប់ស្ដារប្រព័ន្ធលូទឹកស្អុយនៅខេត្តព្រះសីហនុ

0

ដោយវុត្ថា
ភ្នំពេញ:​ ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រៀមចំណាយថវិកា ជាង៣លានដុល្លារសំរាប់ការស្ថាបនា និងស្ដារប្រព័ន្ធលូទឹកកង្វក់នានានៅក្នុងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ចូលទៅក្នុងសមុទ្រ ដើម្បីធានាការពា​រ​បរិស្ថានធ្វើអោយទឹកសមុទ្ររក្សាបាននៅភាពស្អាត។


លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអះអាងថា ក្រសួងមានថវិកាគ្រប់គ្រាន់ហើយ សម្រាប់ការស្ថាបនាប្រព័ន្ធលូចំរោះទឹកស្អុយមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការបង្ហូរទឹកស្អុយ ឬជាតិពុលអោយផ្ទាល់ចូលទៅក្នុងសមុទ្រ។លោកបន្តថា ការស្ថាបនាប្រព័ន្ធចំរោះទឹកកង្វក់នៅខេត្តព្រះសីហនុនេះ គឺដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបំពុលរិស្ថាននៅក្នុងខេត្តនេះ។

ជាក់ស្តែង បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានការបង្ហូរទឹកស្អុយចេញពីប្រព័ន្ធលូនានាដោយផ្ទាល់ចូលទៅក្នុងទឹកសមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រមានក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពស្បែកប្រជាពលរដ្ឋ ដែលមកមុជទឹកសមុទ្រ ក៏ដូចជាប៉ះពាល់ដល់កិត្តិយស និងកិត្តិនាម ដែលជាឆ្នេរសមុទ្រស្អាតរបស់កម្ពុជា។


លោកជា សុផារ៉ាបានបន្ថែមថា ក្រសួងនឹងជំរុញការសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកកង្វក់ចំនួន៤កន្លែង ឲ្យរួចរាល់មុនចូលឆ្នាំខ្មែរ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅកលេងកំសាន្តនៅខេត្តព្រះសីហនុអោយបានច្រើនឡើងវិញ។

ចាប់ពីពេលនេះទៅ ដើម្បីដោះស្រាយបញ្ហាការបំពុលទឹកកង្វក់ ដោយផ្ទាល់ចូលទៅក្នុងទន្លេ និងសមុទ្រ រាជរដ្ឋាភិបាលបានចេញគោលការណ៍ថ្មី ដោយតម្រូវអោយម្ចាស់សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន និងបុរី លំនៅដ្ឋានត្រូវ ត្រូវតែធ្វើប្លង់ប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរចូលលូសាធារណៈ ដើម្បីជួយកម្ចាស់ជាតិពុលចូលទៅក្នុងបរិស្ថាន៕

តម្លៃដីធ្លីបានកើនឡើងខ្ពស់ក្រោយផ្លូវជាតិល៥៥ទៅកាន់ស្រុកវាលវែងបានបញ្ចប់

0

​ដោយគង់ សូរិយា
​ភ្នំពេញ:​ តម្លៃដីធ្លីបានកើនឡើងខ្ពស់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលចេញពីក្រុងពោធិសាត់ ឆ្ពោះទៅស្រុកវាលវែងបានស្ថាបនារួចកាលពីឆ្នាំមុន។


ក្រោយបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ55 រាជរដ្ឋាភិបាលបានសម្រេចលើគម្រោងកសាងផ្លូវពីរខ្សែទៀត ចាប់ពីឆ្នាំ 2019នេះទៅ ដោយចាប់ផ្ដើមពីសំឡូតទៅកោះកុងឆ្លងកាត់ឃុំក្រពើពីរ ប្រម៉ោយ អូសោម និងមួយខ្សែទៀតពីកោះកុងទៅសំឡូត ឆ្លងកាត់ថ្មដា តំបន់សេដ្ឋកិច្ចពិសេសទៅសំឡូត ជាមួយនឹងគម្រោងសាងសង់ផ្លូវចាក់កៅស៊ូ ដែលបច្ចុ ​ប្បន្នបាន និងកំពុងធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យមួយចំនួនទាំងក្នុងស្រុក និងក្រៅស្រុកហក់ចូលមកសម្លឹងមើលទីកន្លែងដើម្បីវិនិយោគ។

​លោកហេង សុភាណា អភិបាលស្រុកវាលវែង បានទទួលស្គាល់អំពីស្ថានភាពតម្លៃដីនេះថា ពិតជាមានការប្រែប្រួលមែន ប៉ុន្តែលោកមិនលើកទឹកចិត្តឲ្យបងប្អូនលក់ដូរដីអស់នោះទេ តើដោយសារបារម្ភប្រជាជនបានប្រាក់ហើយចាយវាយខ្ជះខ្ជាយ និងទីបំផុតបាត់​បង់ដីស្រែ ចម្ការរបស់ខ្លួន ហើយធ្វើចំណាកស្រុក។

​លោកបន្តថា “ជាក់ស្ដែងផ្លូទៅដល់ណាក៏អភិវឌ្ឍន៍រីកចំរើន គឺទៅដល់នោះដូចជាស្រុកវាលវែង ជាស្រុកមួយ ដែលបានប្រែក្លាយពីទីលានប្រយុទ្ធ មកជាតំបន់សេដ្ឋកិច្ចពិសេសក្រោយនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា”។

តម្លៃដីធ្លីដែលពីមុនមិនសូវមានការនឹកនាដល់ ដោយសារផ្លូវលំបាក និងមានចម្ងា​យឆ្ងាយ ប៉ុន្តែបច្ចុប្បន្នដីនៅជាប់ផ្លូវកៅស៊ូ ក្នុងទីប្រជុំជនមួយម៉ែត្រនិងមានប្រវែងវែងមានតម្លៃជាង១ម៉ឺនដុល្លារ រីឯដីចំការមានដំណាំខ្លះក្នុងតំបន់មួយចំនួន១ហិចតា មានតម្លៃចន្លោះពី១ម៉ឺន ទៅ២ ម៉ឺនដុលារអាមេរិក។


លោកអភិបាលស្រុកហេង សុភាណាបានព្រមានឲ្យប្រជាជន ប្រុងប្រយ័ត្ននិងមានជំហរទទួលខុសត្រូវទាំងការអភិវឌ្ឍន៍ និងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើយ៉ាងណា ឱ្យមានការអភិវឌ្ឍន៍ហើយជីវភាពបងប្អូននៅទីនេះធូរធាទាំងអស់គ្នា ជាសវាងតម្លៃដ៏ខ្ពស់បងប្អូននាំគ្នាលក់ដីអស់ជាកត្តាមួយធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរ៕

ដំណឹងល្អ! ផ្លូវក្រវាត់ក្រុងទី៣តម្លៃវិនិយោគ២៥៩លានដុល្លារនឹងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលខែមករានេះ

0

​ដោយវុត្ថា
ភ្នំពេញ:​ ផ្លូវក្រវាត់ក្រុងទី៣ ដែលគ្រោងចំណាយថវិកាសាងសង់សង់២៥៩លានដុល្លារអាមេរិក នឹងត្រូវសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ ពិសេសផ្លូវក្រវាត់ក្រុងនេះ ក៏រត់កាត់ជិតគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ។ គម្រោងផ្លូវក្រវាត់ទី៣ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកពីភាគីចិន សម្រាប់គម្រោងសាងសង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។

ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ។ ពោលគឺផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងការជួយសម្រួលចរាចរណ៍ ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀតបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។

កិច្ចព្រមព្រៀងឥណទានសម្បទា នសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រក​បដោយបញ្ញាញាណ និងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រ​សាសន៍ឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងនេះ នឹងធ្វើចេញពីតំបន់អូរដឹម តាមបណ្តោយផ្លូវជាតិលេខ៤ និងបញ្ចប់នៅស្រុកកៀនស្វាយ មុននឹងឆ្លងទន្លេឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ៨ និងចុងបញ្ចប់មកភ្ជាប់គ្នានៅលើផ្លូវទំនប់កប់ស្រូវវិញ។

ជាមួយគ្នានេះ ស្ពានធំទី៣ដែលឆ្លងកាត់កោះអន្លង់ចិន ឆ្ពោះមកកាន់ឃុំឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បាននិងកំពុងរៀបចំបើកការដ្ឋានសាងសង់ផងដែរ៕

NBC កម្ពុជាអាចទទួលបានកំនើនវិនិយោគក្នុងវិស័យកម្មន្តសាលនិងកសិកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ: ការសិក្សាមួយដែលបានធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)បានឲ្យដឹងថា កម្ពុជាអាចទទួលបានកំនើនវិនិយោគលើវិស័យកម្មន្តសាល​ និងកសិកម្ម ដោយ​សារកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិន។

ការបង្ហាញនូវសញ្ញាសុទិដ្ឋិនិយមនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ។ របាយការណ៍បានអះអាងថា ជាក់ស្តែងការ​នាំចេញរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសផលិតផលកាត់ដេរ ត្រូវ​បានប៉ាន់ស្មានថាកើនឡើង២៤,៧ភាគរយ ស្របពេលដែលការនាំចេញផលិតផលមួយចំនួន បានកើនឡើងក្នុងអត្រាពីរទៅបីខ្ទង់ ដូចជាការនាំចេញអង្ករកើនឡើង២៣ភាគរយ ទោចក្រយានកើនឡើង១២ភាគរយ និងគ្រឿងបន្លាស់យានយន្តកើនឡើងបីដង។

របាយការណ៍ដដែលនេះបានបន្តឲ្យដឹងទៀតថា ថ្វីបើការនាំចេញផលិតផលកាត់ដេរនៅបន្តមានចំណែកធំ ប្រមាណ២ភាគ៣នៃការនាំចេញសរុបក៏ដោយ ក៏ចំណែកនេះ​បានថយចុះគួរឲ្យកត់សំគាល់ បើធៀបនឹងប្រមាណ៩៦ភាគរយនៃការនាំចេញកាលពី១០​ឆ្នាំមុន។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីធ្វើពិពីធកម្មសេដ្ឋកិច្ចកម្ពុជា ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​បន្តមានកំនើនរ៉ឹងមាំ និងធ្វើពិពិធកម្មផលិតផលនានា ដើម្បីនាំចេញទៅកាន់បរទេស។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា រដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥

២០២៥ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដោយសារកម្ពុជាមានសុខ​សន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ និងលក្ខខ័ណ្ឌអាកាសធាតុ និងផ្ទៃដីកម្ពុជា មានភាពអំណោយផលដល់ការវិនិយោគ ក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដើម្បីកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបរទេស ដែលបច្ចុប្បន្នយើងឃើញក្រុម​ហ៊ុនជាច្រើនបានចូលមកវិនិយោគក្នុងវិស័យទាំងពីរនេះ។

លោកបន្តថា “ខ្ញុំគិតថានៅបណ្តាឆ្នាំខាងមុខ កម្ពុជានឹងទទួលបានកំណើនវិនិយោគ​ក្នុងវិស័យកសិកម្ម ដោយសារកម្ពុជាមានភាពអំណោយផលជាច្រើន ពិសេសច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ ដែលអនុញ្ញាត្តឲ្យក្រុមហ៊ុនបរទេសអាចបោះទុន១០០ភាគរយវិនិយោគនៅកម្ពុជា”។លោកបន្តថា “ច្បាប់នេះរួមទាំងកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង”។

ទោះជាយ៉ាងណាលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា​ទបានថ្លែងឲ្យដឹងនៅថ្ងៃដដែលនេះថា កម្ពុជាមានកំនើនការវិនិយោគក្នុងវិស័យកសិកម្ម មួយៗនៅឡើយ ដោយសារប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋរបស់យើងមិនទាន់មានភាពអំណោយ​ផលនៅឡើយ ពិសេសតម្លៃដឹកជញ្ជូន និងថ្លៃទឹក ភ្លើងរបស់កម្ពុជាមានតម្លៃខ្ពស់ធៀបជា​មួយបណ្តាប្រទេសក្នុងតំបន់។

លោកបន្តថា “ទោះជាតម្លៃពលកម្មយើងទាប តែបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជារឿងមួ​យដែលត្រូវការពេលវេលាក្នុងការដោះស្រាយ”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន​មានប្រសាសន៍ថា សុខភាពសេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាល្អប្រសើរ តែបញ្ហាប្រឈម​

របស់យើងនៅនៅតែមានភាពដដែលៗ ដូចជា តម្លៃដឹកជញ្ជូនខ្ពស់ កង្វះធនធានមនុស្ស ការិយាធិបេតយ្យ ថ្លៃទឹកភ្លើងនៅមានតម្លៃថ្លៃ និងមិនទាន់មានគុណភាពជាដើម។

ទាក់ទងនឹងគោលនយោបាយឧស្សាហកម្ម លោកបណ្ឌិតបានថ្លែងថា សេដ្ឋកិច្ចរបស់យើងប្រៀបដូចជារថយន្តចាស់ ដែលយើងត្រូវធ្វើការជួសជុល ឬបន្ថែមគ្រឿង ដើម្បីឲ្យរថយន្តរបស់យើងរត់បានលឿន និងឆ្ងាយជាងមុន៕​

បុរីប៉េង ហួតបើកដំណើរការថ្មីនៃហាងកូវែតកាហ្វេក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍

0

ដោយរតនៈ

ភ្នំពេញ: ប្រសិនបើលោកអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ598 (ផ្លូវ ជាសុផារ៉ា) ចេញពីកាំកូស៊ីធី ប្រហែល10នាទី នោះលោកអ្នកនឹងបានឃើញគម្រោង បុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ ដែលស្ថិតនៅខាងឆ្វេងដៃ។

ដោយផ្តោតលើតម្រូវការរបស់លោក អ្នក ដែលរស់នៅក្នុងគម្រោង ក៏ដូចជាអ្នករស់នៅក្បែរៗទីតាំងនេះ ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប សូមណែនាំនិងស្វាគមន៍សមាជិកថ្មីដែលអាចជួយសម្រួលដល់ការរស់នៅ សម្រាប់អាហារ និងភេសជ្ជៈ ទាំងពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច នោះគឺ ហាងកូវែតកាហ្វេ។

ការបើកដំណើរការហាងកូវែតកាហ្វេ បានធ្វើឡើងកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 គឺជាថ្ងៃចាប់បើកដំណើរការសាកល្បង របស់ហាងកាហ្វេមួយនេះ។ ជាក់ស្តែង សម្រាប់ថ្ងៃដំបូងនេះ យើងឃើញមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលលើសពីការរំពឹងទុករបស់ម្ចាស់ហាង។ កាន់តែពិសេសទៀតនោះ សម្រាប់រយៈពេលនៃការបើកដំណើរការសាកល្បងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% សម្រាប់កាហ្វេ ភេសជ្ជៈ និងអាហារគ្រប់មុខ។

រយៈពេលដំណើរការសាកល្បង គឺចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 រហូតដល់ថ្ងៃទី6 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ30%។ សម្រាប់ការបើកលក់ផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី7 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 30% លើអាហារគ្រប់មុខ និង ទិញ1ថែម 1 សម្រាប់ភេសជ្ជៈ។

ហាងកូវែតកាហ្វេមានទីតាំងស្ថិតនៅជាន់ទី1 នៃអគារពាណិជ្ជកម្ម បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ (ផ្លូវ ជាសុផារ៉ា)៕

ផ្លូវ 271ក្លាយពីផ្លូវក្រវ៉ាត់ក្រុងទៅជាតំបន់ពាណិជ្ជកម្មដោយមិនដឹងខ្លួន

0

​ដោយរ៉ាវី​
​ភ្នំពេញ:​ ផ្លូវ271ពីមុនជាផ្លូវក្រវ៉ាត់ក្រុង និងជាផ្លូវទី១ដែលមានសភាពហុយទ្រលោ មកាលពីជាង1ទសវត្សរ៍មុន ប៉ុន្តែបច្ចុប្បន្នវាលែងជាផ្លូវក្រវ៉ាត់ក្រុងទៀតហើយ ដោ​យសារកំនើនប្រជាសាស្រ្តនិងការរីកចម្រើនសេដ្ឋកិច្ចសង្គម បានធ្វើឲ្យផ្លូវនេះក្លាយជាវិថី​ពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។


នៅក្នុងគម្រោងប្លង់មេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាបានកសាងផ្លូវ271 ត្រូវបានរៀបចំស្ថាបនាជាផ្លូវក្រវ៉ាត់ក្រុងទីខ្សែ1 ដែលគ្របដណ្ដប់ខណ្ឌចំនួន4 រួមមានខណ្ឌចំការមន ខណ្ឌ7មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយឆ្លងកាត់ផ្លូវទំនប់ផ្លូវ598 ផ្លូវ271 រហូតដល់តំបន់ក្បាល់ថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដោយយានយន្តធុនធ្ងន់​។ ប៉ុន្តែ ខណៈដែលការស្ថាបនាមិនទាន់ឈានដល់ការសម្រេច100%ផងនោះ ពេលនេះ ផ្លូវ271 បាន និងកំពុងតែរំលេចខ្លួនយ៉ាងឆាប់រហ័សក្លាយជាតំបន់ពាណិជ្ជកម្ម ។

លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate Co.Ltd បានទទួលស្គាល់ពីការរីកចម្រើន នៃវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវ 271 ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វារីកចម្រើនដោយតំបន់តែប៉ុណ្ណោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា “តាមពិតផ្លូវ271 មិនមែនទើបតែរីកចម្រើននោះទេ ពោលគឺវាជាបានអភិ​វ ឌ្ឍខ្លួនជាតំបន់ពាណិជ្ជកម្មតាំងពីប្រមាណ10ឆ្នាំមុនមកម៉្លេះ គ្រាន់តែថាការរីកចម្រើនទាំងនោះវាមិនទាន់បង្ហាញពីភាពធំដុំកំភួនដូចពេលបច្ចុប្បន្ន”។


លោកបានបន្តថា “ការរីកចម្រើន និងការប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មទាំងនេះ ក៏ព្រោះតែផ្លូវ271 មានសក្ដានុពលល្អជាងបណ្តាផ្លូវនានាមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដូចជា វាជាបណ្តុំនៃផ្លូវដែលត្រូវចេញទៅតាមតំបន់ជាយក្រុង និងមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ហើយលើសពីនេះទៅទៀតក៏ដោយសារតែតម្លៃដី ក៏ដូចជាអចលនទ្រព្យមួយចំនួននៅមានកម្រិតទាប ដែលអនុគ្រោះដល់អ្នកវិនិយោគ”។

​លើកឡើងស្រដៀងគ្នានេះលោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានឱ្យដឹងផងដែរថា វាជារឿងធម្មតាទេ នៅពេលដែលតំបន់ណាដែលមានមនុស្សចេញចូលច្រើន ធ្វើដំណើរឆ្លងកាត់ច្រើន គឺតែងកើតមានការធ្វើពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តាមបណ្តោយផ្លូវ 271 គឺវាបានអនុគ្រោះដល់ការធ្វើជំនួញជាច្រើនប្រភេទ ដែលក្នុងនោះរាប់ទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា “ការរីកចម្រើនសកម្មភាពអាជីវកម្មនៅលើផ្លូវនេះ អាស្រ័​យដោយតំបន់ ប៉ុន្តែតំបន់ជាច្រើនដែលស្ថិតនៅតាមបណ្តោយផ្លូវ 271 បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម បច្ចុប្បន្នតម្លៃដី ក៏ដូចជាអចលនទ្រព្យនានា បាន និងកំពុងតែមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់”។

លោកស្រីតាំង ហួរបានបន្តថា ដីនៅតំបន់ខ្លះ ដែលពោរពេញទៅដោយសំណង់អាគារពាណិជ្ជកម្ម សំណង់អាផាតមិន ក៏ដូចជាខុនដូរជាដើមនោះ អាចមានតម្លៃចន្លោះចាប់ពី3000 ទៅ4000ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះដីដែលមានភាពទូលាយនៅឡើយ ឬជាតំបន់តំបន់ឃ្លាំង អាចមានតម្លៃចន្លោះចាប់ 2800 – 3000 ដុល្លារ ឬអាចលើសពីនេះ ដែលវាអាស្រ័យតាមតំបន់។

​យ៉ាងណាក៏ដោយ អ្នកស្រី តាំង ហួរ ក៏បានធ្វើការកត់សម្គាល់បែបសុទិដ្ឋិនិយមផងដែរថា យ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ2019 ឬដើមឆ្នាំ2020 ខាងមុខនេះ នៅតាមបណ្តោយផ្លូវ271 ដែលជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់របស់រាជធានីភ្នំពេញ នឹងលេចចេញនូវវត្តមានសំណង់អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ មិនចាញ់ផ្លូវម៉ៅសេងទុងនាពេលបច្ចុប្បន្ននេះនោះឡើយ៕

ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០១៩នៅបន្តសញ្ញាវិជ្ជមានខណៈឆ្នាំ២០១៨ មានលទ្ឋផលគួរជាទីមោទន

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ បានបញ្ចប់ជាមួយលទ្ឋផលជាវិជ្ជមាន និងគួរជាទីមោទន ហើយទស្សនវិស័យសំរាប់សេដ្ឋកិច្ចឆ្នាំ២០១៩ នៅតែមានសញ្ញាវិជ្ជមាន។នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ មករាកន្លងមក​នេះ

របាយការណ៍ដដែលបានឲ្យដឹងថា “សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនគួរជាទីមោ​​។ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានភាពរ៉ឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក្តី។ វិស័យកាត់ដេរ សំណង់ និងទេសចរណ៍បន្តមានកំនើនក្នុងអត្រាពីរខ្ទង់ ក្នុងបរិយាកាសអំ ណោយផលនៃកំនើនសេដ្ឋកិច្ចពិភពលោក និងដោយមានការគាំទ្រពីគោលនយោបាយ​សាររពើវិត្ថារកម្ម គោលនយោបាយហិរញ្ញវត្ថុ និងផ្លែផ្កានៃវឌ្ឈនភាពនិងវិស័យធនាគារនិង​វិស័យដទៃទៀត។

របាយការណ៍ដដែលបានបន្តថា ទោះបីជាបានប្រឈមនឹងភាពតានតឹងផ្នែកពា​ណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ចិន និងឥទ្ឋិពលនៃប្រក្រតីកម្មនៃគោលនយោបាយហិរញ្ញវត្ថុ ក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ កំនើនសេដ្ឋកិច្ចពិភពលោក និងតំបន់មានភាពល្អ​ប្រសើរ និងបានផ្តល់កាលានុវត្តន៍ភាពល្អដល់សេដ្ឋកិច្ចកម្ពុជា។ លំហូរវិនិយោគផ្ទាល់ពី​បរទេសមកកម្ពុជា បន្តកើនឡើងក្នុងអត្រា១២ភាគរយ ពិសេសវិស័យធនាគារ អចលនទ្រព្យ និងវិស័យកាត់ដេរ ហើយបានគាំទ្រជញ្ជីងទូទាត់ឲ្យមានអតិរេកប្រមាណ៤,៥ភាគ​រយ នៃផលទុនជាតិសរុបក្នុងស្រុក។

អតិរេកជញ្ជីងទូទាត់ពាណិជ្ជកម្ម បានរួមចំណែកគរពូនទុនបង្រុងអន្តរជាតិរបស់កម្ពុជាដល់១០ពាន់លានដុល្លារអាមេរិក ដែលអាចធានាការនាំចេញទំនិញនិងសេវាសម្រាប់ឆ្នាំបន្ទាប់បាន៥,៤ខែ ដែលជាកម្រិតខ្ពស់ធៀបនឹងអកម្រិតអប្បរមា ដែលប្រទេស អភិវឌ្ឍន៍គួរមាន។

សំរាប់ទស្សនវិស័យឆ្នាំ២០១៩ របាយការណ៍នេះបានបញ្ជាក់ថា ទស្សនវិស័យ​សំ​រាប់ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជារំពឹងបន្តកំនើនក្នុងរង្វង់អត្រា៧ភាគរយ ហើយអតិផរណាបន្តស្ថិតក្នុងកម្រិតទាបក្នុងរង្វង់២,៦ ជាមួយនឹងស្ថេរភាពអត្រាប្តុឬប្រាក់៤០៥០រៀលក្នុងមួយដុល្លារអាមេរិក។ ចំណែកទុនបំរុងអន្តរជាតិរំពឹងកើនដល់១១,៣ពាន់លាន​ដុល្លារអាមេរិក ដែលអាចធានាដល់ការនាំចេញ និងសេវាបានរយៈពេល៥ខែ។

ម្យ៉ាងវិញទៀត ឥណទានធនាគាររំពឹងថា នឹងបន្តកើនឡើងក្នុងល្បឿន១៧,១ភាគរយ និងបរិយាប័ណហិរញ្ញវត្ថុនឹងបន្តកើនឡើងជាលំដាប់ ដែលកត្តាទាំងនេះនឹងបន្តរួមចំ​ណែកជំរុញការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានគាំទ្ររបាយការណ៍នេះ ដោយលោកបានមានប្រសាសន៍ថា នៅពេលណាយើងគ្រប់គ្រងបាន​នូវម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តន៍ច្បាប់បទដ្ឋានគតិយុត្តិនានាបានល្អ និងគោលនយោ​បាយលើកទឹកចិត្តចំពោះអ្នកវិនិយោគនានា វាជំរុញឲ្យមាន​ស្ថេរភាព និងកំនើសេដ្ឋកិច្ច ហើយកំណើននេះមិនត្រឹមតែសម្រេចបាននៅឆ្នាំ២០១៩នេះទេ តែអាចបន្តរុញកំនើនបន្តនៅឆ្នាំ២០២០ ឬឆ្នាំ២០២១បន្ថែមទៀត។

លោកបន្តថា “ជាមួយនឹងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនេះ នឹងជាការជំរុញឲ្យអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាកាន់តែច្រើន​ថែមទៀត”

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបានកំនើនក្នុងរង្វង់៧ភាគរយរយៈពេលវែងបន្តទៀត៕

ស្ថាប័នមីក្រូហិរញ្ញវត្ថុនានាចាប់ផ្តើមពង្រីកផែនការទីផ្សារថ្មីនៅឆ្នាំ២០១៩នេះ

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្ថាប័នមីក្រូហិរញ្ញវត្ថុនានាបានចាប់ផ្តើមដាក់ចេញនូវផែនការយុទ្ឋសាស្រ្តថ្មី ដើម្បីធ្វើពិពីធកម្មទីផ្សាររបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងឈានទៅរកការប្រកួតប្រជែងនៅក្នុងទីផ្សារ។

អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត លោកជា ផល្លារិនបានមានប្រសាស៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ មករាកន្លងមកថា អម្រិតទទួលបានភាពរីកចម្រើនទាំងផ្នែកឥណទាន និងប្រាក់បញ្ញើរកាលពីឆ្នាំមុន ប៉ុ​ន្តែទីផ្សារហាក់កាន់តែមានការប្រកួតប្រជែងគ្នាតា​ន​តឹងជាងមុន ដែលតម្រូវឲ្យលោកត្រូវធ្វើពិពិធកម្មសេវាកម្ម និងផលិតផលរបស់ខ្លួននាឆ្នាំ២០១៩នេះ។

លោកបន្តថា “យើងនឹងវិនិយោគទៅលើធនាគារចល័ត និងសហការក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូជាច្រើនទៀត ដើម្បីពង្រីកទីផ្សារនិងផ្តល់ជូនអតិថិជនប្រើប្រាស់សេវាកម្មរបស់យើងកាន់តែងាយស្រួលជាងមុន”។លោកបន្តថា “យើងត្រូវវិនិយោគច្រើនលើប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីបង្កើនការគ្របដណ្តប់ទីផ្សារ និងពង្រីកសក្តានុពលទីផ្សាររបស់យើង”។

ជាមួយគ្នានេះ លោក សាយ សូនីប្រធាននាយកដ្ឋានប្រតិបត្តិទីផ្សារនៃគ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុប្រាសាក់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៩នេះ យើងមានផែនការអនុវត្តយុទ្ធសាស្រ្ត នៃការរីកចម្រើនជាមួយគ្នារបស់យើង ជាមួយនឹងអតិថិជនសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានស្រាប់ និងការបង្កើនអត្ថប្រយោជន៍ជាអតិបរមា និងការផ្តល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជនប្រាក់បញ្ញើសន្សំ តាមរយៈការវិនិយោគទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ដូចជាពង្រីកការផ្តល់សេវាទូទាត់រហ័ស, CSS, បន្ថែមម៉ាស៊ីនឆូតកាត បន្ថែមអេធីអឹម និងសេវាធនាគារចល័ត និងពង្រីកសាខាឱ្យច្រើនបន្ថែមទៀតនៅទូទាំងប្រទេស។

លោកបន្តថា យើងក៏ប្តេជ្ញាចិត្តក្នុងការកែលំអសេវាអតិថិជន នាំមកនូវនាវនុវត្តន៍ និងការផ្ដល់ជូនសេវានិងផលិតផលថ្មីៗ ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង

លោកឧកញ៉ាហួត អៀងតុងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករលីមីតធីតបានមានប្រសា​សន៍ឲ្យដឹងផងដែរថា សុខភាពក្នុងវិស័យនេះ មានភាពល្អមែនទែនសម្រាប់ឆ្នាំ២០១៨ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ហើយឆ្នាំ២០១៩ លោករំពឹងថា វិស័យនេះនឹងបន្តមានភាពល្អប្រសើរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំរបស់កម្ពុជា។លោកបន្តថា ស្ថានភាពបែបនេះ បានគាំទ្រដំនើររីកចម្រើនក្នុងវិស័យនេះ ដោយសារចំនួនអតិថិជនមិនមានការប្រែប្រួលទេ។

សម្រាប់គោលដៅនៅឆ្នាំថ្មីនេះ លោកឧកញ៉ាហួត អៀងតុងបានឲ្យដឹងថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ នឹងផ្តោតលើគោលដៅអតិថិជនថ្មីៗ និងឆ្លើយតបតាមតម្រូវការអតិថិជន ដោយយើងបានសិក្សាពីទីផ្សាររួចហើយ ហេតុនេះ ក្រុមហ៊ុននឹងពង្រីកសក្តានុពលរបស់ខ្លួននៅឆ្នាំ២០១៩នេះ”៕