ខេត្ត​មួយ​របស់​ចិន​វិនិយោគ​ទឹកប្រាក់៣៣៥លាន​ដុល្លារ​នៅ​កម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកវិនិយោគ​មកពី​ខេត្ត​ជាំ​ង​ស៊ូ នៃ​ប្រទេស​ចិន​លើ​គំរោង​ចំនួន៤៦ និង​មាន​ទុនវិនិយោគ៣៣៥លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា ខណៈ​អ្នកវិនិយោគ​ចិន​បាននិងកំពុង​ក្លាយជា​អ្នកវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា។

យោងតាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ការវិនិយោគ​របស់​ជាំ​ង​ស៊ូរ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៧ មាន​ចំនួន ៤៦គម្រោង មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៣៣៥លាន​ដុល្លារ​អាមេរិក។ គំរោង​វិនិយោគ​ទាំងនោះ​ផ្តោតលើ​វិស័យ​ជាច្រើន ដូចជា​វិស័យ កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​ឧស្សាហកម្ម​ដទៃទៀត។

លោក​ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ដឹង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ដ​ជាំ​ង​ស៊ូ ដឹកនាំ​ដោយ​លោក គូ វ័ន​ហ្វឹ​ង (Gu WanFeng) អនុរដ្ឋមន្ដ្រី​នៃ​នាយកដ្ឋាន​កិច្ចការ​ជួរមុខ នៃ​គណៈកម្មាធិការ​ខេត្ដ​ជាំ​ង​ស៊ូ មក​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យា និង សំណង់​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា​ម្សិលមិញ​ថា ប្រទេស​កម្ពុ​ជាមាន​ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ ជាពិសេស ស្ថិរភាព​នយោបាយ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ កំណើនសេដ្ឋកិច្ច​ជា​មធ្យម៧.៧ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង ២ទសវត្សរ៍​កន្លងទៅ។

លោក​បន្តថា “កំណើន​ដ៏​រឹងមាំ​នេះ​បានធ្វើឱ្យ​កម្ពុជា ធ្វើដំណើរ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ផ្ដល់​ទំនុកចិត្ដដ​ល់​អ្នកវិនិយោគ​បរទេស ឱ្យ​បណ្តាក់ទុន​លើ​គ្រប់​វិស័យ។

លោក​ជា វុទ្ធី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ចិ​ត្ដ របស់​អ្នកវិនិយោគ​ខេត្ដ​ជាំ​ង​ស៊ូ ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ ដ៏​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្ដើម​ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន។

លោក​គូ វ័ន​ហ្វឹ​ង បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច​ស្វាគមន៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហើយ​បានទទួល​ស្គាល់ និង​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការ​ដឹកនាំ​ប្រទេស​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​លូតលាស់ និង​មាន​កំណើន​យ៉ាងខ្លាំង។ លោក​បាន​សន្យា​នឹង​ខិតខំ​ធ្វើការ​ទាក់ទាញ និង​ផ្សព្វផ្សាយ​ឱ្យ​អ្នកវិនិយោគ​ជាំ​ង​ស៊ូ ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដើម្បី​បន្ត​រឹតចំណង​មិត្តភាព​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ៕

ចំណេះដឹង​ថ្មី! តើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣នៅ​ប្រទេស​សិង្ហ​បុរី​និយាយ​ពីអ្វី​ខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖  ជាថ្មី​ម្តងទៀត​ប្រទេស​សឹង្ហ​បុរី កំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជា​លក្ខណៈ​វិលជុំ ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់​សម្រាប់​តំបន់​ដែលមាន​ប្រជាជន​ជាង៦៣០លាន​នាក់ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដ៏​លឿន​នេះ។

តើ​មេដឹកនាំ​កំពូល​អាស៊ាន​ទាំង១០ និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​នឹង​ផ្តោត​កិច្ចពិភាក្សា​លើ​បញ្ហា​អ្វីខ្លះ Propertyarea.asia នឹង​បង្ហាញត្រួសៗនូវ​ព៌​ត​មាន​ដ៏​មាន​សារៈសំខាន់​នេះ។

ការពិត​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្រោម​ប្រធានបទ «ការកសាង​នវានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន» ដែល​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ​សាន់​តិច សាធារណរដ្ឋ​សិង្ហ​បុរី ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ាន ក្រោម​កិច្ច​ស្វាគមន៍​ពី លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ផងដែរ។

លោក​លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​គូសបញ្ជាក់ អាស៊ាន​មាន​សមត្ថភាព​ចូលរួម និង​សហការ​ជាមួយ​បណ្ដា​ប្រទេសធំៗ និង​អង្គការ​អន្តរជាតិ​នានា រួមទាំង​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​នានា ដូចជា​អាស៊ាន​បូក​បី និង EAS ជាដើម។ នៅថ្ងៃនេះ​អាស៊ាន​គឺជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅក្នុង​ពិភពលោក។ ជាមួយនឹង​កំណើន​យុវជន​វ័យ​កណ្ដាល និង​យុវជន​វ័យ​ពេញ​ធ្វើការ អាស៊ាន​នឹង​កា្ល​យ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី៤ នៅលើ​ពិភពលោក​នៅ​ឆ្នាំ២០៣០ ពោលគឺ​អនាគត​អាស៊ាន​កំពុងមាន​ភាពភ្លឺស្វាង។

លោក​លី​បន្តថា “នៅពេលនេះ យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​ប្រឈមថ្មីៗដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​ថ្មី និង​ការផ្លាស់ប្ដូរសំខាន់ៗតាមរយៈ​បច្ចេកវិទ្យា​ឌីជីថល។ បច្ចេកវិទ្យា​ឌីជីថល​បាន​រំខាន​ដល់​សេដ្ឋកិច្ច​របស់​យើង និង​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ការរស់នៅ​ការធ្វើការ និង​ការទំនាក់ទំនង​របស់​យើង រួមមាន​ទាំង​ការវាយប្រហារ​តាម​ព័ត៌មានវិទ្យា​ទៀតផង។ លោក​បន្តថា “ព្រម​ពេល​ជាមួយគ្នានេះ ការគំរាមកំហែង​ពី​ភេរវកម្ម និង​ការប្រែប្រួល​អាកាសធាតុ​ក៏​ជា​ក្ដីកង្វល់​របស់​យើង​ផងដែរ។ ភេរវកម្ម​គឺ​មិនមែន​ត្រឹមតែ​គំរាមកំហែង​ដល់​សន្តិសុខ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បង្ក​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជាតិ​សាសន៍​នានា និង​សាសនា​ជាច្រើន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។

បញ្ហា​បម្រែបម្រួល​អាកាសធាតុ កំពុង​ធ្វើឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួន​ងាយ​រងគ្រោះ​នឹង​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ។ ការកើនឡើង​សីតុណ្ហភាព និង​កំដៅ​ផែនដី កំពុង​បង្ក​ផលប៉ះពាល់​ជាមួយនឹង​ការបង្ក​ជា​ជំងឺ​តំបន់​ត្រូ​ពិ​ក ដែល​គំរាមកំហែង​ដល់​អាយុជីវិត និង​ការរស់នៅ​របស់​ប្រជាជន។ ទាំងអស់នេះ​មានន័យថា​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​គឺមាន​សារៈសំខាន់ និង​ជាបន្ទាន់​បំផុត​ជាងពេលណាៗទាំងអស់។ ការប្រឈមមុខ​នឹង​បញ្ហា​រួម​នេះ គឺមាន​ភាពស្មុគស្មាញ​នឹងមិន​ធ្លាប់មាន ហើយ​ដំណោះស្រាយ​ក៏​មិនមាន​ប្រទេស​ណាមួយ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ តែម្នាក់ឯង​បាន​នៅឡើយ​ដែរ។ ពោលគឺ​យើង​ត្រូវតែ​រួមចិត្ត​រួម​កម្លាំង ដោះស្រាយ​បញ្ហា​ទាំងនេះ​ជាមួយគ្នា។ នេះហើយ​គឺ​មូលហេតុ​រុញឱ្យ​ប្រទេស​សិង្ហ​បុរី​ជ្រើសរើស​ភាពរឹងមាំ និង​ការច្នៃប្រឌិត​ជា​មូលដ្ឋាន​សម្រាប់​អាស៊ាន​របស់​យើង។លោក​លី​បញ្ជាក់។

លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី បាន​សម្តែង​ការកោតសរសើរ​ចំពោះ ប្រទេស​ជា​សមាជិក​ទាំងអស់ បាន​អនុវត្តន៍​ទ្វេ​ឡើង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​បានសម្រេច​ចេញ​នូវ​ដំណោះស្រាយ​ដ៏​ល្អប្រសើរ​នានា ដែល​បង្ហាញ​អំពី​លទ្ធផល​នៃ​ការរួបរួម ប្រសិទ្ធភាព និង​សម្ព័ន្ធភាព​ក្នុងនាម​ជា​អាស៊ាន។ ទន្ទឹមនឹង​នោះដែរ អាស៊ាន​បានបញ្ជាក់​ឡើងវិញ​នូវ​ការ  ប្តេជ្ញា​ធ្វើ​ពាណិជ្ជកម្ម​ពហុភាគី និង​បោះជំហាន​ទៅមុខ​ឲ្យ​បាន​លឿន ឆ្ពោះទៅរក​ការបញ្ចប់​កិច្ចចរចា​នានា ទៅលើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ប្រកបដោយ​ផ្លែផ្កា។ បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​របស់​អាស៊ាន(ASCN) នឹង​ក្លាយជា​វេទិកា​សម្រាប់​ទីក្រុង​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ធ្វើការ​ផ្សាយ​ភ្ជាប់​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ធ្វើ​ការងារ​រួមគ្នា​ដើម្បី​លើកស្ទួយ​គុណភាព​រស់នៅ​ដែលជា​ប្រយោជន៍​របស់​ប្រជាជន។

លោក​លី សៀន​ឡុង​បាន​បន្តថា “យើង​បាន​ពង្រឹង​មូលដ្ឋាន សម្រាប់​បរិស្ថាន​តំបន់​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន ជាមួយនឹង​ការសន្និដ្ឋាន​នៃ​សន្ធិសញ្ញា បណ្តោះអាសន្ន​ជា​គំរូ​របស់​អាស៊ាន។ យើង​បាន​បង្កើន​ភាពជា​ដៃគូ​សកម្ម​រួមគ្នា​របស់​យើង ប្រឆាំងនឹង​ការគំរាមកំហែង​ឆ្លងដែន រួមទាំង​ការវាយប្រហារ​តាម​អ៊ី​ន​ធើ​ណេ​ត និង​ការប្រែប្រួល​អាកាសធាតុ។ លទ្ធផល​ទាំងនេះ បង្ហាញ​ពី​ជំនឿ​យ៉ាងរឹងមាំ​របស់​អាស៊ាន ចំពោះ​គំនិត​បែប​ពហុភាគី​និយម គឺជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​សម្រាប់​ការរីកចំរើន និង​ស្ថេរភាព​នៃ​តំបន់”៕

ដំណឹង​ល្អ! កម្ពុជា ថៃ ច្រកទ្វារព្រំដែន២៤ម៉ោង​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ ៣ថ្ងៃ

0

ដោយ​ដែន ចែងចាំង

ភ្នំពេញ៖ ក្នុង​គោលដៅ​សម្រួលការ​ធ្វើដំណើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ប្រទេស​កម្ពុជា និង​ថៃ​គ្រោង​បើក​ច្រកទ្វារព្រំដែន២៤ម៉ោង ក្នុង​រយៈពេល​បី​ថ្ងៃ ដែលជា​ថ្ងៃ​កម្ពុជា​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង។

អភិបាលខេត្ត​កោះកុង​លោកជំទាវ​ មិថុនា ភូ​ថង​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី១៣ វិច្ឆិកា​កន្លងមក​ថា កម្ពុជា និង​ភាគី​ថៃ នឹង​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ២៤ម៉ោង លើ២៤ម៉ោង រយៈពេល៣ថ្ងៃ​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ។ ការបើក​ច្រកទ្វារ​យ៉ាង​ដូច្នេះ ធ្វើឡើង​ដើម្បី​អនុញ្ញាត​សម្របសម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​ក្នុង​ពិធី ប្រសិនបើ​មានការ​ខ្វះខាត​ទីកន្លែង​ស្នាក់នៅ។

លោកជំទាវ​បាន​បន្តថា “នេះ​ជា​រឿង​ដ៏​ល្អប្រសើរ និង​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ឋ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​ប្រសើរឡើង។

ជាមួយគ្នានេះ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ៤៨ថា អាជ្ញាធរ​ខេត្តកោះកុង កំពុងតែ​ទំនាក់ទំនង​សម្របសម្រួល​ជាមួយ​អាជ្ញាធរខេត្ត​ត្រាត ប្រទេស​ថៃ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​បានចេញ​ចូ​លលេ​ង​កម្សាន្ត និង​ស្នាក់នៅ អំឡុង​ថ្ងៃបុណ្យ​សមុទ្រ៣ថ្ងៃ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ចាំ​យាម។

លោក​បន្តថា “ការពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេសជិតខាង​ទាំងពីរ នឹងធ្វើ​ឲ្យ​ការអភិវឌ្ឍន៍​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ពិតជា​រឿង​ប្រសើរ។

ពិធីបុណ្យ​សមុទ្រ​លើក​ទី៧ ជុំ​ទី២ នៅ​ខេត្តកោះកុង នឹង​ប្រព្រឹត្តឡើង​ទៅតាម​ការត្រៀម​ទុក រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមាន​ការអញ្ជើញ​ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន បាន​សម្តែង​សុទិដ្ឋិនិយម​ថា ពិធីបុណ្យ​សមុទ្រ​ក្នុង​ខេត្តកោះកុង នឹង​អាចមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចន្លោះ​ពី២៥ម៉ឺន​នាក់ ដល់៣០ម៉ឺន​នាក់​មកលេង​កម្សាន្ត៕

រយៈពេល៩ខែ​ការវិនិយោគ​នៅ​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ទំហំ​ទុនវិនិយោគ​នៅ​កម្ពុជា ក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ដែល​គំរោង​វិនិយោគ​ទាំង​នោះបាន​បង្ហាញថា អ្នកវិនិយោគ​ចិន​នៅតែ​នាំមុខគេ​នៅ​កម្ពុជា។

យោងតាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) បានឱ្យដឹង​នា​ព្រឹក​ថ្ងៃទី១៤ វិច្ឆិកា​នេះ​ថា កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន១៧០ នៅក្នុង​រយៈពេល៩ខែ​ដើមឆ្នាំ២០១៨នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង៤,៧ពាន់​លាន​ដុល្លារ។ ក្នុងចំណោម​គំរោង​វិនិយោគ​នោះ មាន​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន១១៤ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន៤ពាន់​លាន​ដុល្លារ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន៥៦គម្រោង ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ជិត៧រយ​លាន​ដុល្លារ។

គម្រោង​នៃ​ការវិនិយោគ​ឆ្នាំនេះ មានការ​កើនឡើង​ចំនួន២៨គម្រោង ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ គំរោង​វិនិយោគ​ទាំងនេះ​បាននិងកំពុង​បង្កើត​ការងារ​ចំនួន​ជិត៣៦០០០កន្លែង​នៅ​កម្ពុជា​ផងដែរ។ ក្នុងចំណោម​គំរោង​វិនិយោគ​នេះ អ្នកវិនិយោគ​ក្នុងស្រុក​បាន​គ្របដណ្តប់៣៥ភាគរយ នៃ​ទុនវិនិយោគ​សរុប។

ទិន្នន័យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​គំរោង​វិនិយោគ​ឆ្នាំនេះ កា​រវិ​និ​យោ គ​លើ​គម្រោង​ឧស្សាហកម្ម និង​កម្មន្តសាល គឺជា​គម្រោង​ដែល​អ្នកវិនិយោគ​ចាប់អារម្មណ៍​ច្រើនជាង ដែលមាន​រហូតដល់១៤៥គម្រោង គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មា​ន​ចំនួន១២គម្រោង។ ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍​មាន១៣គម្រោង។

របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា ទោះជា​គម្រោង​វិនិយោគ​ឆ្នាំនេះ មាន​កំនើន​ចំនួន២៨គម្រោង ប៉ុន្តែ​ទំហំ​ទុនវិនិយោគ​មានការ​ធ្លាក់ចុះ​ជាង១ពាន់​លាន​ដុល្លារ។

អ្វីដែល​គួរ​ឲ្យ​កត់សំគាល់ គឺ​ទិន្នន័យ​នេះ​បាន​បង្ហាញថា ប្រទេស​ចិន​នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​នេះ​បាន​ក្តោប​ក្តាប់​ការវិនិយោគ​ចំនួន​ជាង៦០ភាគរយ និង​តាម​ពីក្រោយ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ជប៉ុន ថៃ ម៉ាឡេស៊ី និង​អង់គ្លេស​ជាដើម៕

កម្មវិធី​ពានរង្វាន់​អ​ចនទ្រ​ព្យ​អាស៊ី​ផ្តល់​ពានរង្វាន់​ចំនួន៦ដល់​បុរី​ប៉េង​ហួត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្មវិធី​ប្រកាស​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Property Guru បានផ្តល់​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន៦ ដល់​ប​រី​ប៉េង ហួត ដែលជា​បុរី​ធំជាងគេ​នៅ​កម្ពុជា។

កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ The Athenee Hotel នាទី​ក្រុង​បាងកក​ប្រទេស​ថៃ  ដែលមាន​ការចូលរួម​ពី១៧ប្រទេស ហើយ​ក្រុមហ៊ុន​ប៉េង​ហួត​គ្រុប ទទួលបាន​ជ័យលាភី​ចំនួន៦ បន្ទាប់ពី​គណកម្មការ​ផ្តល់​ពានរង្វាន់​បានធ្វើ​ការសិក្សា ពិនិត្យ​លក្ខ​ខ័​ណ្ឌ​គុណភាព​សំណង់ សោភ័ណភាព រចនាបទ​របស់​បុរី​នេះ។

ពានរង្វាន់​ទាំង៦នោះ​រួមមាន ទី១ ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា Best Developer (Cambodia) ទី២ ពាន​អភិវឌ្ឍន៍​ខុន​ដូ​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា The Star Polaris 23: Best Condo Development (Cambodia) ទី៣ពានរង្វាន់​អភិវឌ្ឍន៍​ចំរុះ​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា Greater Euro Ville: Best Mixed Use Development (Cambodia) ទី៤ ពានរង្វាន់​ឌី​ហ្សា​ញ​ផ្នែក​ក្នុង​លំនៅ
ឋាន​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា The Star Platinum Euro Ville (Housing): Best Housing Interior Design (Cambodia)

ទី៥ ពានរង្វាន់​ឌី​ហ្សា​ញ ផ្នែក​ក្នុង​ខុន​ដូ ប្រចាំ​ប្រទេស​កម្ពុជា The Star Polaris 23 (Condo): Best Condo Interior Design (Cambodia) និង​ទី៦ ពានរង្វាន់​ស្ថាបត្យកម្ម​ឌី​ហ្សា​ញ​ទេសភាព​គម្រោង​ពាណិជ្ជកម្ម​ល្អ​ជាងគេ ប្រចាំ​ប្រទេស​កម្ពុជា Euro Park (Commercial): Best Commercial Landscape Architectural Design (Cambodia)។

លោក​ឧកញ៉ា​ថៃ ម៉េង​លី​អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង ហួត​គ្រុប​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង ហូត​ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេសជាតិ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិតពី​បរិស្ថាន សួន​បៃតង និង​រចនា​ផ្ទះ​ដែលស្អាតៗជូន​អតិថិជន​ទាំងអស់។ យើង​ចង់​ឲ្យ​ខ្មែរ​មាន​មោទនភាព​ថា ខ្មែរ​យើង​ក៏​អាច​សាងសង់​ផ្ទះ​បានល្អ ដូច​ប្រទេសផ្សេងៗបានដែរ។

លោក​បន្តថា “អ្វីដែល​យើង​ផ្តោត គឺ​អតិថិជន​ចាប់ពី​អ្នកមាន​ជីវភាព​មធ្យម រហូតដល់​អ្នកមាន​ជីវភាព​លំដាប់​ខ្ពស់។ លោក​បន្តថា “អ្វីដែល​ជោគជ័យ​រហូតមកទល់​ពេលនេះ ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង ហូត តែងតែ​ធ្វើ​អ្វី​លើសពី​ការរំពឹងទុក​របស់​អតិថិជន។ មានន័យថា អ្វី​យើង​និយាយ​គឺ​ធ្វើ ហើយ​យើង​បានធ្វើ និង​ធ្វើបាន​ស្អាត​ជាង​អ្វីដែល​យើង​បាន​សន្យា”៕

ឧកញ៉ាទៀ វិចិត្របោះទុនជាង១៤លានដុល្លារសាងសង់សណ្ឋាគារនៅខេត្តព្រះសីហនុ

0

ដោយវុត្ថា

ភ្នំពេញ : លោកឧកញ៉ា ទៀ វិចិត្របានបោះទុនវិនិយោគ១៤លានដុល្លារសាងសង់ សណ្ឋាគារកំពស់១៨ជាន់ មានបន្ទប់ស្នាក់នៅជាង៣០០នៅក្រុងព្រះសីហនុ ដែលជាខេត្តកំពុងមានតម្រូវការបន្ទប់ស្នាក់នៅកើនឡើងខ្ពស់។

លោកឧកញ៉ាទៀ វិចិត្រដែលជាកូនប្រុសសម្តេចពិជ័យសេនាទៀ បាញ់បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សណ្ឋាគារនេះ នាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា ក្រៅពីការវិនិយោគលើសណ្ឋាគារប្រណីតខាងលើ លោកក៏គ្រោងបំពាក់បន្ថែមនូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀត ដែលមានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងគោលបំណងដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមជាមួយគ្នានេះលោកឧញ៉ា ក៏នឹងសាងសង់អាគារផ្សារទំនើបលំដាប់អន្តរជាតិមួយកន្លែងទៀត នៅក្បែរសណ្ឋាគារប្រណីតនោះទៀតផងដែរ។


លោកឧកញ៉ាបន្តថា សណ្ឋាគារនេះ គ្រោងចំណាយពេលសាងសង់រយៈពេល២ឆ្នាំ ហើយការវិនិយោគសាងសង់សណ្ឋាគារខ្នាតធំនេះ ក៏ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ស្របពេលបច្ចុប្បន្នភាព ខេត្តទេសចរណ៍មជាប់សមុទ្រមួយនេះ កំពុងខ្វះបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវទេសចរ ដែលចូលមកទស្សនាខេត្តព្រះសីហនុ មានការខ្វះខាត ជាពិសេសក៏ស្របពេលកំណើនអ្នកវិនិយោគពីបរទេស បានកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ។


លោកឧកញ៉ាទៀ វិចិត្របានបញ្ជាក់ថា នេះជាគម្រោងទី២ ក្នុងវិស័យទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុនរបស់លោក បានស្ថាបនារមណីយដ្ឋាន”ម៉ាហ្វីយ៉ារីហ្សត” មានទីតាំងនៅឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង និងកំពុងបើកបំរើសេវាស្នាក់នៅជូនភ្ញៀវទេសចរសម្រុះជាតិសាសន៍។ សម្រាប់ប្រតិបត្តិការសេវាកម្មសណ្ឋាគារសាងសង់ថ្មីនេះ លោកឧកញ៉ា បញ្ជាក់ថា ធ្វើឡើងដោយផ្តោតជាសំខាន់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុនាថ្ងៃខាងមុខ។


លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជារឿយៗបានអំពាវនាវឲ្យអ្នកវិនិយោគជាតិ អន្តរជាតិបន្តវិនិយោគសាងសង់សណ្ឋាគារក្នុងខេត្តនេះដើម្បីឆ្លើយតបកង្វះបន្ទប់សណ្ឋាគារ ដែលតែងតែកើតឡើងជាប្រចាំ ព្រោះសណ្ឋាគារភាគច្រើនក្នុងខេត្តត្រូវបានជួលឲ្យក្រុមហ៊ុនចិន ដើម្បីធ្វើជាកាស៊ីណូនិងរមណីយដ្ឋានកំសាន្តនានា៕

ស្វែងយល់​ពី​អាស៊ាន! ក្រុមហ៊ុន​ថៃ​សម្ពោធ​ផ្សារ​ទំនើប​តម្លៃ១៦០០លាន​ដុល្លារ

0

ដោយ វុត្ថា

ភ្នំពេញ៖ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ ដែល​បោះទុន​វិនិយោគ១៦០០លាន​ដុល្លារ ត្រូវបាន​ប្រទេស​ថៃ​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​ផ្សារ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា Iconsiam ។

ផ្សារ​ទំនើប​ដ៏​ធំ​នេះ បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​សៅ​រិ៍​ចុង​សប្តាហ៍​កន្លងទៅនេះ​ដែលមាន​ទីតាំង​ស្ថិត នៅ​ខាងលិច​នា​មាត់ទន្លេរ Chao Phrya ដែលជា​តំបន់​ដែលមាន​ការប្រកួតប្រជែង​បំផុត​នៅក្នុង​ទីក្រុង​បាកក។

ផ្សារ​ទំនើប Iconsiam ត្រូវ​កសាង​សង់​រយៈពេល៦ឆ្នាំ នៅលើ​ទំហំ​ដី៥២៥,០០០ ម៉ែត្រការ៉េ ដែល​ធំ​ជាង​ផ្សារ​ទំនើប Central World នៅ​កណ្តាល​ទីក្រុង​បាងកក។ ផ្សារ​ទំនើប​នេះ ជា​ប្រភេទ​ផ្សារ​លក់រាយ និង​អភិវឌ្ឍន៍​ដោ​ក្រុមហ៊ុន Siam Piwat ដែលជា​ម្ចាស់ និង​ប្រតិបត្តិ​ករ​នៃ​ផ្សារ Siam Paragon  និង​ផ្សារ​ទំនើប Bangkok។

បន្ថែម​ពីនេះ​ក៏មាន​ក្រុមហ៊ុន Charoen Pokphand Group និង Magnolia Guality Development ចូលរួម​អភិវឌ្ឍន៍​ផងដែរ។

លោក Chadatip Chutrakul អគ្គនាយក​នៃ​ក្រុមហ៊ុន Siam Piwat និង​ជា​ប្រធាន​ផ្សារ​Icon siam បាន​បញ្ជាក់ថា ផ្សារ​ទំនើប​នេះ​ផ្តល់នូវ​ភាពសប្បាយ​រីករាយ និង​ការដើរ​ទិញ​ឥ​វ៉ាន់​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍។ លោក​បន្តថា ផ្សារ​ទំនើប​នេះ​មាន​ស្តង់ ៥០០ ភោជនីយដ្ឋាន១០០ រោងកុន១៤ទីតាំង។ អគារ​អា​ផាត​មិន​ទំនើប និង​កន្លែង​លេង​កម្សាន្ត​ជាច្រើន​ផ្សេងទៀត។

លោក​រំពឹងថា ផ្សារ​ទំនើប​Icon siam នឹង​ទទួល​អ្នក​មកលេង​កម្សាន្ត​និង​ដើរ​ផ្សារ​ចំនួន១៥០,០០០នាក់​ជា​រៀងរាល់ថ្ងៃ នៅក្នុង​នោះ៦៥ ទៅ៧០ភាគរយ ជា​ប្រជាពលរដ្ឋ​ក្នុងស្រុក និង៣០ ទៅ៣៥ ភាគរយ​ជា​ជនបរទេស៕

ធនាគារពិភពលោក៖ ទីក្រុង​ភ្នំពេញ​កំពុង​ប្រឈម​បញ្ហាធំៗចំនួន៦ ខណៈ​អ្នកជំនាញជំរុញ​ឲ្យ​សិក្សា​លំអិត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ណ​គ​រូបនីយកម្ម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ផែនការ​ប្រើប្រាស់​ដី​លំអិត​នៅតាម​សង្កាត់​និមួយៗ ខណៈ​ធនាគារពិភពលោក​បានលើកឡើង​បញ្ហា​ប្រឈមធំៗចំនួន៦ ដែល​ត្រួវ​ត្រូវ​ដោះស្រាយ។

យោងតាម​ការសិក្សា​រប​ស់​ធនាគារពិភពលោក​ស្តីពី ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំមុន​បាន​ឲ្យ​ដឹងថា ការរីកលូតលាស​ដ៏​ឆាប់រហ័ស​នៃ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ ពិត​ជាមាន​រួមចំណែក​យ៉ាងច្រើន ក្នុងការ​បង្កើត​ឳ​កាស​ការងារ ប៉ុន្តែ​ទន្ទឹមនឹង​ការអភិវឌ្ឍ​ទីក្រុង​នេះ មាន​បញ្ហា​ប្រឈម​ជាច្រើន ក្នុង​ការផ្តល់​សេវាកម្ម​មូលដ្ឋាន ដែល​រួមមាន​ប្រ​ព័​ន្ឋ​បង្ហូរ​ទឹកស្អុយ ស្ថានីយ៍​កែច្នៃ​ទឹកស្អុយ សេវាកម្ម​សាធារណៈ ការ​គ្រប់ គ្រង​កាកសំណល់​រឹង ការគ្រប់គ្រង និង​ការផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ទីក្រុង ការពង្រឹង​អភិបាលកិច្ច និង​និង​ការគ្រប់គ្រង​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជា​រឿង​ចាំបាច់។

ឆ្លើយតប​នឹង​កង្វល់​នេះ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ចំនួន៤ចំណុច ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នេះ​ប្រកបដោយ​ភាព​សុខដុម ដូចជា ត្រូវ​កែលំអរ ស្ថាប័ន និង​អភិបាលកិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅបាន ប្រកបដោយ​ភាព​សុខដុម និង​មាន​ប្រ​សិទ្ឋិ​ភាព​ជាង​មុន។ ត្រូវ​កែលំអរ​ផែនការ​រៀបចំ​ទីក្រុង និង​ការអនុវត្តន៍​ផែនការ​តាមរយៈ ការបង្កើត​បទដ្ឋាន​គ​តិ​យុ​ត្តិ ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែលមាន​ស្រាប់។ ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទីក្រុង ប្រកបដោយ​និរន្តរភាព​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅ និង​ការប្រកួតប្រជែង​និង​ត្រូវ​ធានាថា​ការរៀបចំ​ទីក្រុង ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជៀសវាង​វិសមភាព។

ទីក្រុង​ភ្នំពេញ​បានរៀបចំ​ផែនការមេ​រួចហើយ សម្រាប់​ឆ្នាំ២០១៥ ២០៣៥ ដែល​បាននិងកំពុង​អនុវត្តន៍ ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញថា ការអភិវឌ្ឍន៍​ទីក្រុង​នេះ​តាម​ផែនការមេ​មិនបាន​ធ្វើ​ដោយ​រលូន​នៅឡើយ​ទេ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​កាលពី​ឆ្នាំ២០១៣ បាន​រកឃើញថា តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​មាន​ចំនួន ២៨០០នាក់ ក្នុង​មួយ​គីឡូម៉ែត្រ ខណៈ​ទីក្រុង​បាងកក​មាន៨០០០នាក់ និង​ទីក្រុង​ហូ​ជី​ម៉ិ​ញ ប្រទេស​វៀតណាម​មាន៤០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១២ វិច្ឆិកា​កន្លងមក​ថា ក្រុងភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​លឿន ហេតុនេះ​បញ្ហា​ប្រឈម​ក៏​កើតមាន​ទន្ទឹមគ្នា ដែល​ទាមទារ​ឲ្យ​ក្រុង​នេះ រៀបចំ​ផែនការ​ប្រើប្រាស់​ដី​លំអិត នៅតាម​សង្កាត់ និង​ខ័​ណ្ឌ​និមួយៗ ព្រោះ​ប្លង់គោល​របស់​ទីក្រុង​នេះ ដែល​ផ្តោតលើ​ចន្លោះ​ឆ្នាំ២០១៥ ២០៣០ជា​ប្លង់ច្បោលៗ គ្មាន​ភាពជាក់លាក់​នោះទេ។

លោក​បន្តថា “ការសិក្សា​ពី​ផែនការ​ការប្រើប្រាស់​ដី​លំអិត យើង​ចំណេញ​និង​អាច​ដឹងថា​បញ្ហា​អ្វីដែល​កើតឡើង​ចំពោះមុខ ជាជាង​អង្គុយចាំ​នៅពេល​បញ្ហា​កើតឡើង។លោក​បន្តថា “ការប្រើប្រាស់​ដីធ្លី និង​ទាញយក​សេដ្ឋកិច្ច​ពី​ដីធ្លី នឹងមិន​អាច​បាន​អស់​សក្តានុពល​នោះទេ បើសិនជា​គ្មាន​ផែនការ​ប្រើប្រាស់​ដី​លំអិត នៅតាម​មូលដ្ឋាន​និមួយៗឲ្យ​បានច្បាស់លាស់”៕

ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋទាក់ទាញការវិនិយោគទៅកាន់តំបន់ជាយក្រុងសៀមរាប

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសផ្លូវក្រវ៉ាត់ក្រុងទី២នៃក្រុងសៀមរាប បានធ្វើឲ្យសកម្មភាពអភិវឌ្ឍន៍គំរោងធំៗជាច្រើន បាននិងកំពុងពង្រីកទៅកាន់តំបន់ជាយក្រុង ដែលធ្លាប់តែជាទឹកដីវាលស្រែនេះយ៉ាងលឿន។

អគ្គនាយកក្រុមហ៊ុនGoal Property Service Co, Ltd លោកចៅ សេងថៃបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះថា ពីមុនបើគិតចម្ងាយពី៣ ទៅ៥គីឡូម៉ែត្រ ចេញពីកណ្តាលក្រុងសៀមរាប តំបន់នោះពិតជាមានភាពស្ងប់ស្ងាត់ និងជាតំបន់សល់ដីទំនេរច្រើន ប៉ុន្តែដោយសារហេដ្ឋារចនាសម្ព័ន្ឋត្រូវបានតភ្ជាប់ និងពង្រីកជាបន្តបន្ទាប់ ជាមូលហេតុធ្វើឲ្យតំបន់ជាយក្រុងនេះមានការអភិវឌ្ឍយ៉ាងលឿន។

លោកបន្តថា តំបន់ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប មានការអភិវឌ្ឍលឿនជាងគេ ដោយសារកត្តាជាច្រើនដូចជា ទី១ មានសណ្ឋាគារកម្រិតផ្កាយ៥ មន្ទីរពេទ្យជប៉ុន និងស្ថិតនៅក្បែរព្រលានយន្តហោះ ទី២ អ្នកវិនិយោគចិនកំពុងរៀបចំគំរោងសាងសង់ទីក្រុងបែបបៃតងនៅតំបន់នេះ ទី៣ វិថីសម្តេចប៊ុន រ៉ានីហ៊ុន សែនបានសាងសង់បញ្ចប់ ហេតុនេះអ្នកទិញដីឡូត៍ ដែលធ្វើឡើងតាមការបំពុលព៌តមានមួយចំនួន ពិតជាមិនគួរធ្វើនោះទេ ព្រោះការវិនិយោគដែលគ្មានមូលដ្ឋានព៌តមានត្រឹមត្រូវ និងច្បាស់លាស់អាចប្រឈមមុខនឹងហានិភ័យច្រើន។


លោកសេងថៃបានបន្តថា យ៉ាងណាដីឡូត៍នៅតំបន់ជាយក្រុងសៀមរាប បាននិងកំពុងមានតម្លៃកើនឡើង ដែលនាពេលអនាគត អតិថិជនមិនអាចស្វះស្វែងរកទិញដីឡូត៍ក្នុងតម្លៃប្រមាណ៥០០០ដុល្លារក្នុងមួយឡូត៍នោះទេ ដោយសារតំបន់ជាយក្រុងនានាមានការអភិវឌ្ឍលឿន ព្រោះកំនើននៃការវិនិយោគរបស់អ្នកវិនិយោគចិន និងអ្នកវិនិយោគ អន្តរជាតិដទៃទៀត។

បច្ចុប្បន្នផ្សារទំនើបចំនួនពីរបាននិងកំពុងដំណើរការ ដូចជា Heritage Walkបានបើកដំណើរការរួចហើយនៅក្រុងសៀមរាប និងផ្សារទំនើបសម្រាប់ទិញទំនិញធំមួយទៀត គឺផ្សារMAKRO នឹងបើកដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំ២០១៩ខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ក្រុងសៀមរាបឲ្យតែចេញផុតពីតំបន់ ដែលស្ថិតក្នុងការអភិរ័ក្សរបស់អាជ្ញាធរអប្សរា ជាតំបន់មានការអភិវឌ្ឍលឿន ប៉ុន្តែល្បឿននៃការអភិវឌ្ឍក្រុងសៀមរាប មិនលឿនដូចក្រុងព្រះសីហនុ ឬក្រុងប៉ោយប៉ែតនោះទេ តែការអភិវឌ្ឍបាននិងកំពុងធ្វើឡើងដោយសន្សឹមៗ។លោកបន្តថា ដោយសារក្រុងសៀមរាប កាន់តែមានការអភិវឌ្ឍលឿន ការកកស្ទះចរាចរណ៍កំពុងកើនឡើង ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋទៅតំបន់ជាយក្រុង ជាដំណោះស្រាយសមស្របមួយ។


លោកបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល អភិវឌ្ឍន៍នៅតំបន់ណាតំបន់នោះនឹងទាក់ទាញការវិនិយោគ និងធ្វើឲ្យតម្លៃដីធ្លីកើនឡើងផងដែរ”៕

Property Management ជួយ​ឲ្យ​អ្នកវិនិយោគ​ទទួលបាន​ជោគជ័យ​ដូចម្តេច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​កម្ពុជា​មិនទាន់មាន​ក្រុមហ៊ុន​ច្រើន មាន​ជំនាញ​ខាង​ការ​គ្រប់ គ្រង​អចលនទ្រព្យ (Property Management) អ្នក​អភិ​វ​ឌ្ឈ​ន៍​មួយចំនួន​មិនសូវមាន​ការយល់ដឹង ពី​ផ្នែក​ដ៏​មាន​សារៈសំខាន់​នេះនោះ​ទេ ខណៈ​សេវា​គ្រប់គ្រង​អចលនទ្រព្យ គឺជា​សេវា​មួយ​ដែល​បាន​ជួយផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​ការវិនិយោគ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពីពេលថ្មីៗនេះ​ថា បើ​អាគារ​ខុន​ដូ អាគារ​កា​រិ​យា ល័យ ឬ​អា​ផាត​ម៉ិ​ន​ណាមួយ​មាន​អ្នកជំនាញ​គ្រប់គ្រង​បានល្អ ផ្តល់​សុវត្ថិភាព ផ្តល់​ការ​ថែ​រទាំ នឹងធ្វើ​ឲ្យ​អចលនទ្រព្យ​កើនឡើង និង​ធ្វើ​ឲ្យ​អាគារ​នោះ​មាន​ភាព​ថ្មី​ជានិច្ច ព្រោះ​សេវា​គ្រប់គ្រង​អចលនទ្រព្យ នឹង​ផ្តល់​ការ​ថែ​រទាំ ជួល​ជុស​អាគារ​នោះ។

អ្នកនាង​បន្តថា “ការ​មាន​ក្រុមហ៊ុន​ជំនាញ​ធ្វើការ​លើ​ផ្នែក​នេះ នឹងធ្វើ​ឲ្យ​អចលន​ទ្រ ព្យ​នោះ​ទាក់ទាញ​អ្នក​ជួល និង​ទាក់ទាញ​អ្នកទិញ​អាគារ​នោះ​កាន់តែច្រើន ប៉ុន្តែ​យ៉ាងណាក៏ដោយ​នៅ​កម្ពុជា មិនសូវមាន​ក្រុមហ៊ុន​ជំនាញ​គ្រប់គ្រង​អចលនទ្រព្យ​បែបនេះ​ច្រើន​នៅឡើយ។

អ្នកនាង អាន សុធី​តា បាន​បន្តថា ការផ្តល់សេវា​គ្រប់គ្រង​អាគារ​ឬ​អចលនទ្រព្យ​ណាមួយ ធ្វើឡើង​ដោយមាន​កិច្ចព្រមព្រៀង​រវាង​ម្ចាស់​អាគារ និង​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ ដែល​យក​កម្រៃ​សេវាកម្ម​ពី​អ្នកស្នាក់នៅ​លើ​អាគារ តាម​តម្លៃ​សមរម្យ​មួយ ដែលមាន​ការឯកភាព​រវាង​អ្នកគ្រប់គ្រង និង​អ្នកវិនិយោគ ហើយ​ថវិកា​នោះ នឹង​បែង​ចែង​ប្រើប្រាស់​លើ​ការ​ថែ​រទាំ ការជួសជុល​អាគារ និង​បែងចែក​ភាគលាភផ្សេងៗទៀត ដល់​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​នោះ៕