ដំណឹង​ល្អ៖ តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ធ្លាក់​ចុះមក​នៅត្រឹម ៣២០០រៀល

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ ស្របពេល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី០១ ដល់១៥ ខែមករា ឆ្នាំ២០១៩ តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត តាម​បណ្តា​ស្ថានីយធំៗទូទាំងប្រទេស​បាន​បន្ត​ធ្លាក់ចុះ​ត្រឹមតែ៣.២០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ស្តីពី ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ៍​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២ ខែមករា​នេះ​ថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន៤សេន ឬ​ស្មើ២០០រៀល​ក្នុង​មួយ​លីត្រ ដែល​ធ្វើ​ឲ្យ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នឹងត្រូវ​លក់៣.២០០រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង៣.២០០រៀល ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត។

ក្រសួងពាណិជ្ជកម្ម​មិនមែន ជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង-ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​បង្ហាញ​ស្រាប់។

គួរ​រម្លឹក​ទៀតថា ក្នុង​ចន្លោះ​ថ្ងៃទី១៦ ដល់៣១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ (ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត) ថ្លៃ ៣.៣៥០រៀល នៅក្នុង​មួយ​លីត្រ៕

អ្នកវិនិយោគមួយក្រុមវិនិយោគលើរមណីយដ្ឋានធម្មជាតិនិងដីសម្រាប់សាងសង់ផ្ទះលំហែរកាយ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: អ្នកវិនិយោគមួយក្រុមបានសម្រេចចិត្តបោះទុនរួមគ្នា លើទឹកប្រាក់ប្រមា​ណ​៦០ម៉ឺនដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គំរោងរមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងប្រភេ​ទដីឡូត៍ធំៗ សម្រាប់សាងសង់ផ្ទះលំហែរកាយនាជាយក្រុងសៀមរាប។

​លោកម៉ោង ម៉ាតាំងសហស្ថាបនិក និងក្រុមភាគហ៊ុនិកនៃគំរោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិស្រះខ្វាវ និងដីឡូត៍ សម្រាប់សាងសង់ផ្ទះលំហែរកាយ បានមានប្រសាសន៍ឲ្យ​ដឹងនាព្រឹក ថ្ងៃទី២ មករានេះថា គំរោងនេះស្ថិតនៅលើផ្ទៃដីជាង២៣ហិកតា ក្នុងនោះផ្ទៃដីជាង៤ហិកតានឹងត្រូវរៀបចំជារំណីយដ្ឋានធម្មជាតិ ដោយមានអាងហែលទឹក ផ្ទះលំហែរ កន្លែងបោះតង់ សួនច្បារ ស្ពានសម្រាប់ទស្សនាព្រៃសហគមន៍ជាដើម។

លោកបន្តថា គំរោងនេះមានទីតាំងជាប់ផ្ទះសំណាក់បៃតង និងគំរោងរមណីយដ្ឋានធម្មជាតិស្រះដូនរីក ដែលអភិវឌ្ឍន៍ដោយទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)។
​គំរោងនេះស្ថិតនៅក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសៀមរាប។

​លោកម៉ោង ម៉ាតាំងបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងគោលដៅអភិ​វឌ្ឍន៍ ដោយឈរលើការអភិវឌ្ឍនិងអភិរ័ក្សធនធានធម្មជាតិ យើងមានផ្ទះគំរូសម្រាប់អ្នកទិញ​ដីឡូត៍ក្នុងគំរោងនេះ ដែលដីឡូត៍មានទំហំចាប់ពី១០គុណនឹង៣០ម៉ែត្រ និងទំហំធំជាងនេះ ដោយលក់ក្នុងតម្លៃចាប់ពី៦៩០០ដុល្លារអាមេរិកឡើងទៅ ប៉ុន្តែបើអតិថិជនទិញចន្លោះថ្ងៃទី១ ដល់ទី១៥មករាខាងមុខនេះ នឹងទទួលបានការបញ្ចុះតម្លៃ២០០០ដុល្លារអាមេរិក ហើយបើអតិថិជនទិញបង់រំលោះ នឹងមានការបង់រំលស់ឥតការប្រាក់រយៈពេល៤ឆ្នាំ ប៉ុន្តែបើអតិថិជនទិញបង់ផ្តាច់ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៣០០០ដុល្លារអាមេរិក។

​អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ០៧៨ ៤៩៩​៥៩៩និងលេខមួយខ្សែទៀត ០៨៧ ៣៣៣ ៤៦៦។

​ទាក់ទងនឹងក្តានុពលគំរោងនេះ លោកម៉ោង ម៉ាតាំងបានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះមានលក្ខណៈពិសេ​ស ដោយមានព្រៃសហគមន៍នៅជុំវិញ មានរមណីយដ្ឋានធម្មជាតិពីរកន្លែង ដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាលំហែរ ពិសេសនៅពេលរសៀល គេ​អាចគយគន់ទេសភាពដ៏ស្រស់ស្អាត នៃជួរភ្នំគូលែនផងដែរ​។

លោកបន្តថា បច្ចុប្បន្នប្រជា​ពលរដ្ឋក្រុងសៀមរាប ក៏ដូចជា បណ្តាទីក្រុងផ្សេងទៀតបានចេញលំហែរ និងសម្រាកកំ​សាន្តនៅជាយក្រុង ដើម្បីគយគន់ទេសភាព ក៏ដូចជាសម្រាកលំហែរកាយជាមួយក្រុមគ្រូ​សារមិត្តភ័ក្តិ បន្ទាប់ពីបំពេញការងារនឿយហត់ពេញមួយសប្តាហ៍។

​លោកបន្តថា “រមណីយដ្ឋានធម្មជាតិស្រះខ្វាវ ពិតជាស័ក្ខិសមសម្រាប់ការសាងសង់ផ្ទះលំហែរផ្ទាល់ខ្លួន ឬសម្រាប់ជួលជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលអាចទទួ​លបានប្រាក់ចំណូលជាប្រចាំផងដែរ”។លោកបន្តថា “យើងមានផ្ទះគំរូសំរាប់អ្នកទិញដីក្នុងគំរោងនេះ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ឬប្រក់ស្លឹក ដែលបន្ស៊ីគ្នាជាមួយធម្មជាតិជុំវិញ​ដ៏ស្រស់ត្រកាល”។

​ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានមានប្រសាស​ន៍ថា ការអភិអភិវឌ្ឍរមណីយដ្ឋានធម្មជាតិនានា ជាផ្នែកមួយនៃផលិតផលទេសចរណ៍ ដែលទាក់ទាញឲ្យភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា និងស្នាក់នៅកាន់តែយូរនៅខេត្តសៀមរាប ហើយការវិនិយោគរមណីយដ្ឋានបែបនេះ កាន់តែច្រើនកាន់តែល្អ ព្រោះភ្ញៀវអន្តរជាតិស្នាក់នៅខេត្តសៀមរាប ពួកគេកម្រស្នាក់នៅលើសពី៣យប់ណា​ស់។

លោកបន្តថា សូម្បីនៅប្រទេសចិន គេដាំតែចម្ការផ្កា ក៏អាចទាក់ទាញភ្ញៀវបានរាប់ពាន់នាក់ និងអាចេកលុយបានរាប់ម៉ឺនដុល្លារដែរ ព្រោះអ្នកទេសចរណ៍ចង់បានអ្វីជាចំណី​ចក្ខុរបស់ពួកគេ និងអ្វីដែលប្លែក។

​លោកបន្តថា “យើងត្រូវតែបង្កើតគោលដៅទេសចរណ៍ថ្មីៗ ឬផលិតផលទេសចរ​ណ៍ថ្មីៗឲ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវឲ្យស្នាក់នៅយូរ និងចំណាយប្រាក់ច្រើននៅកម្ពុជា”។

​លោកចៅ សេងថៃអគ្គនាយកក្រុមហ៊ុនGaol Property Serviceបានមានប្រសា​សន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នមានអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ បានចាប់អារម្មណ៍វិនិយោគគំរោងបែបនេះច្រើន ដែលជាការផ្តល់ជម្រើសឲ្យភ្ញៀវទេសចរណ៍កាន់តែច្រើន អាចទៅសម្រាកលំហែរ និងស្នាក់នៅយូរក្នុងខេត្តសៀមរាប។

​លោកបន្តថា”គំរោងបែបនេះនឹងទទួលបានជោគជ័យ សំខាន់គឺទស្សនវិស័យរបស់​អ្នកអភិវឌ្ឍន៍ចង់ចាប់យកអតិថិជនប្រភេទណា”៕

ស្វែងយល់ពីអាស៊ាន! ទីផ្សារវិនិយោគអលនទ្រព្យនៅសឹង្ហបុរីឈរលំដាប់លេខរៀង២ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

0

ដោយវុត្ថា
សឹង្ហបុរី: ទីផ្សារវិនិយោគអចលនទ្រព្យរបស់ប្រទេសឹង្ហបុរី បានឈរនៅក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់អាំស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ដោយសារតែមានកិច្ចព្រមព្រៀងទិញ លក់មានចំនួនច្រើន ពីសំណាក់អ្នកវិនិយោ​គក្រៅស្រុក និងក្នុងស្រុកច្រើនជាងគេ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានរៀបចំដែន Urban Land Institute និងក្រុមហ៊ុន PrincewaterhouseCoopers (PwC) ចេញផ្សាយកាលពីពេលថ្មីៗនេះ ដែលមានចំណងជើងថា “និន្នាការដែលកំពុងរីកចម្រើន ក្នុងវិស័យអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិ​កឆ្នាំ 2019” ថា ការចុះបញ្ជីទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងចំនួន៥ ស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានការវិនិយោគ និងការអភិវឌ្ឍនៅក្នុងឆ្នាំ2019 មានការរីកចម្រើនជាងគេដូចជាទីក្រុងមែលប៊ន ទីក្រុងសឹង្ហបុរី ទីក្រុងស៊ីដនី ទីក្រុងតូក្យូ និងទីក្រុងអូសាកា។

របាយការណ៍នេះ បានបង្ហាញផងដែរថា ប្រទេសសឹង្ហបុរីបន្តងើបឡើងវិញពីកម្រិតទាបកាលពី២ឆ្នាំមុន ដោយឈរមកនៅលំដាប់លេខរៀងទី២ កើនឡើងពីលេខ៣ កាលពីឆ្នាំមុន ដោយសារការជួលការិយាល័យបានកើនឡើងយ៉ាងខ្លាំង។

​លោក Pauline Oh នាយកប្រតិបត្តិនៃក្រុមហ៊ុន ULI Singapore បាននិយាយថា ការរីកចម្រើន នៅក្នុងទីផ្សារការិយាល័យរបស់ប្រទេសសិង្ហបុរី ត្រូវបានគេមើលឃើញថាអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់លាក់ បន្ទាប់ពីមានការធ្លាក់ចុះមកឈរលេខរៀងទី២១ នៅក្នុងរបាយការណ៍ឆ្នាំ២០១៧។

លោកYeow Chee Keong នាយកប្រតិបត្តិសណ្ឋាគារ និងអចលនទ្រព្យ PwC Singaporeបានបន្ថែមថា បរិយាកាសពាណិជ្ជកម្មសម្រាប់ប្រទេសសិង្ហបុរី និងការកើនឡើងនៃកត្តាប្រជាសាស្រ្ត បានដាក់ប្រទេសទាំងមូលជាទីផ្សារទាក់ទាញអ្នកអភិរ័ក្សវិស័​យអចលនទ្រព្យ។


ទីផ្សារលំនៅដ្ឋានរបស់ប្រទេសសឹង្ហបុរី នៅតែមានភាពរ៉ឹងមាំ បើទោះបីជាវិធានការណាមួយពីអជ្ញាធរ ដែលបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏កំណើនសេដ្ឋកិច្ចនៅតែរឹងមាំ និងចំនួនអ្នកទេសចរណ៍នៅកើនឡើងខ្ពស់ ក្នុងជួយទ្រទ្រង់ដល់ការជួលស្នាក់នៅ និងការិយាល័យធ្វើការដើម។

របាយការណ៍នេះ ដកស្រង់ផ្អែកលើទស្សនៈរបស់អ្នកជំនាញអចលនទ្រព្យចំនួន ៣៥០រូប រួមទាំងវិនិយោគិន អ្នកអភិវឌ្ឍន៍តំណាងក្រុមហ៊ុនអចលនទ្រព្យ អ្នកផ្តល់ប្រាក់កម្ចី ឈ្មួញកណ្តាលនិងអ្នកពិគ្រោះយោបល់ ដោយផ្តល់នូវទស្សនវិស័យមួយស្តីពីការវិនិ​យោគអចលនទ្រព្យ និងនិន្នាការអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក ហិរញ្ញវត្ថុអចលនទ្រព្យនិងទីផ្សារមូលធន និងនិន្នាការលើវិស័យអចលនទ្រព្យនិងទីក្រុងនៅក្នុងតំបន់៕

រមណីយដ្ឋាន​បែប​បូ​ទិ​កមួយ​បើក​ដំណើរការ​នៅ​ខេត្តសៀមរាប

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រមណីយដ្ឋាន​បែប​បូ​ទិ​កមួយ​បាន​បើក​ដំណើរការ​ក្នុង​ខេត្តសៀមរាប ដែលជា​ការផ្តល់សេវា​ក​ម្ម​បែប​បដិសណ្ឋារកិច្ច​ថ្មី​មួយ សម្រាប់​ខេត្ត​ដ៏​ទាក់ទាញ​ទេសចរណ៍​មួយ​នេះ។

លោក ឡាយ សំណាង ម្ចាស់​ភូមិឋាន​សំណាង​បានឱ្យដឹង​ក្នុង​ពិធី​សម្ភោ​ធ​គំរោង​របស់លោក​មានឈ្មោះ One Boutique កាលពី​ថ្ងៃទី១ មករា​កន្លងមកនេះ​ថា ការអភិវឌ្ឍ​ភូមិឋាន​សំណាង​ក្លាយជា​បូ​ទិ​ក និង​សំណង់​នានា គឺ​ដើម្បី​បំពេញតម្រូវការ​ប្រជា​ពលរ​ដ្ធ​ខ្មែរ ដែល​ចង់​រស់នៅក្នុង​បែប​ស៊ី​វិ​ល័យ។ លោក​បន្តថា គម្រោង​ភូមិឋាន​សំណាង ខេត្តសៀមរាប គឺ​គម្រោង​ទីមួយ ដែល​បាន​ចេញលក់​ប្រកបដោយ​ជោគជ័យ ដែលមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន។

ក្នុងឱកាស​នោះដែរ ម្ចាស់​ភូមិឋាន​សំណាង បាន​បរិច្ចាគ​ដី​ចំនួន១២ឡូ​តិ៍ ដល់​វីរ​សិល្បករ និង​សិល្បការិនី និង​បណ្ឌិតសភា​ល្បុក្កតោ សម្រាប់​បង្វឹក​ហាត់​កុលបុត្រ​ខ្មែរ ផងដែរ ដែលមាន​ផ្ទៃដី​ចំនួន៦៥០ម៉ែត្រក្រឡា​សុ​រប​ជា​ទឹកប្រាក់​ចំនួន១៤ម៉ឺន​ដុល្លារ។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​លោក ជំទាវ​យូ អយ​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ភោ​ធ​គំរោង​ខាងលើ​ថា គំរោង​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​កំពុងមាន​សក្ដានុពល​រីកលូតលាស់​ឥតឈប់ឈ​រ​ក្នុង​ការសាងសង់​សំណង់​នៅ​កម្ពុជា ក្នុង​ភាព​ស៊ីវីល័យ ដើម្បី​បំពេញតម្រូវការ​ប្រជាជន​ទាំងមូល។

លោកជំទាវ​បន្តថា “បច្ចុប្បន្ននេះ​វិស័យ​អចលនទ្រព្យ កាន់តែ​រីកចម្រើន​សម្បូរបែប ដោយមាន​ក្រុមហ៊ុន​អន្ដរជាតិ​មក​ដាក់ទុន​វិនិយោគ​ជា​បន្ដបន្ទាប់”៕

អ្នកជំនាញ៖ សុខភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែមាន​ភាពល្អប្រសើរ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​សម្តែង​សុទិដ្ឋិនិយម​ថា សុខភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ បានសម្រេច​ល្អប្រសើរ​សម្រាប់​ឆ្នាំ២០១៨ និង​នៅតែមាន​ភាពល្អប្រសើរ​ស​ម្រា​ប់​ឆ្នាំ២០១៩នេះ ដោយសារ​កំនើន​ឥណទាន​និង​ប្រាក់​បញ្ញើរ​នៅតែ​កើនឡើង។

ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​លោក​ឧកញ៉ា ហួត អៀង​តុង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២ មករា​នេះ​ថា សុខភាព​ក្នុង​វិស័យនេះ​មាន​ភាពល្អ​មែនទែន​សម្រាប់​ឆ្នាំ២០១៨ ដែល​ទើប​បញ្ចប់​នាពេលថ្មីៗនេះ ហើយ​ឆ្នាំ២០១៩ លោក​រំពឹងថា វិស័យនេះ​នឹង​បន្ត​មាន​ភាពល្អប្រសើរ ដោយសារ​កត្តា​សុខសន្តិភាព ស្ថេរភាព នយោបាយ កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ​របស់​កម្ពុជា។លោក​បន្តថា ស្ថានភាព​បែបនេះ បាន​គាំទ្រ​ដំនើរ​រីកចម្រើន​ក្នុង​វិស័យនេះ ដោយសារ​ចំនួន​អតិថិជន​មិនមាន​ការប្រែប្រួល​ទេ។

លោក​បន្តថា “សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កសិករ នឹង​ផ្តោតលើ​គោលដៅ​អតិថិជនថ្មីៗ និង​ឆ្លើយតប​តាម​តម្រូវការ​អតិថិជន ដោយ​យើង​បាន​សិក្សា​ពី​ទីផ្សារ​រួចហើយ ហេតុនេះ ក្រុមហ៊ុន​នឹង​ពង្រីក​សក្តានុពល​របស់​ខ្លួន​នៅ​ឆ្នាំ២០១៩នេះ។លោក​បន្តថា “បច្ចុប្បន្ន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កសិករ លីមីត​ធី​ត​មាន​ការិយាល័យ​សរុប​ចំនួន១៧៨ និង​មាន​បុគ្គលិក​ជាង៤០០០នាក់​នៅ​ទូទាំងប្រទេស។

រីឯ​លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ឥណទាន​របស់​ស្ថាប័ន​នេះ​មាន​កំនើន​ល្អប្រសើរ ដោយ​គិត​មកដល់​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ ទំហំ​ឥណទាន​បាន​កើន​ពី៦៩០លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៧ ដល់៧៨៨លាន​ដុល្លារ​អាមេរិក និង​ទំហំ​ប្រាក់​បញ្ញើរ​បាន​កើន​ពី៣៥០លាន​ដុល្លារ​ដល់៤៤៥លាន​ដ​ល្លារ​អាមេរិក។លោក​បន្តថា កំនើន​នៃ​ផ្នែក​ទាំងពីរ​នេះ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​របស់​អ​ម្រិ​ត ប៉ុន្តែ​ទីផ្សារ​ហាក់​កាន់តែ​មានការ​ប្រកួតប្រជែង​គ្នា​តានតឹង​ជាង​មុន ដែល​តម្រូវ​ឲ្យ​លោក​ត្រូវធ្វើ​ពិពិធ​កម្ម​សេវាកម្ម និង​ផលិតផល​របស់ខ្លួន​នា​ឆ្នាំ២០១៩នេះ។

លោក​បន្តថា “អ​ម្រិ​ត​នឹង​វិនិយោគ​ទៅលើ​ធនាគារ​ចល័ត និង​សហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ដៃគូ​ជាច្រើន​ទៀត ដើម្បី​ពង្រីក​ទីផ្សារ​និង​ផ្តល់ជូន​អតិថិជន​ប្រើប្រាស់​សេវាកម្ម​របស់​យើង​កាន់តែ​ងាយស្រួល​ជាង​មុន។លោក​បន្តថា “យើង​ត្រូវ​វិនិយោគ​ច្រើន​លើ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា ដើម្បី​បង្កើន​ការ​គ្របដណ្តប់​ទីផ្សារ និង​ពង្រីក​សក្តានុពល​ទីផ្សារ​របស់​យើង”៕

ក្រុមហ៊ុនម៉ាកាវគ្រោងវិនិយោគរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្រុងម៉ាកាវ ប្រទេសចិនបានប្រកាសវិនិយោគរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប ដែលជាគំរោងគ្របដណ្តប់លើផ្ទៃដីជាង១០០០ហិកតា។
ក្រុមហ៊ុន Macau Legend Development Limited ដែលមាន​​​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ក្រុង​ហុងកុង​បាន​ប្រកាស​កាល​ពី​ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨កន្លងមក​​ថា ក្រុមហ៊ុននេះ​​បាន​ទិញ​ភាគហ៊ុន​ទាំង​​អស់​របស់​​​​ក្រុមហ៊ុនHowing Enterprises ​នៅ​​​​កម្ពុជា​​ក្នុង​តម្លៃ៩០​ លាន​ដុល្លារ ​ក្នុង​គោល​​បំណង​​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​​ (IR)​ នៅ​ខេត្ត​សៀម​រាប​​។​
យោង​តាម​ឯកសារ​​​​ចេញ​ផ្សាយ​​​​​​ លើ​គេហទំព័រ​ផ្សារហ៊ុន​ក្រុង​​​ហុងកុង (HKEX)​ហើ​យត្រូវបានចុះផ្សាយ ដោយកាសែតភ្នំពេញប៉ុស្ត៍បានឲ្យដឹងថា ​ក្រុមហ៊ុន​ Howing គឺ​ជា​​​ក្រុមហ៊ុន​ដែល​​កាន់​កាប់​ដី​ជា​ច្រើន​កន្លែង​ ដែល​មាន​ចំនួន​សរុប១២០០ហិកតា។ ដី​នេះ​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ Macau Legend Development តាម​រយៈ​ការ​ផ្ទេរ​ភាគហ៊ុន​ដែល​ត្រូវ​បាន​លក់​នេះ​​ទៅ​ឲ្យ​ក្រុមហ៊ុន​ Sky Force ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​។​
​ប្រធាន​នាយក​ប្រតិបត្តិ​ Macau Legend Development លោក Chow Kam Fai បាន​ឲ្យ​ដឹង​​​ថា ការ​ទិញ​ដី​នេះ​​មាន​បំណង​​សាងសង់​ និង​អភិវឌ្ឍ​រមណីយដ្ឋាន​សមាហរណ​កម្ម​នៅ​ខេត្ត​សៀមរាប​ ​ដែល​អាច​ឲ្យ​​ក្រុមហ៊ុន​ចូល​រួម​​ និង​ទទួល​នូវ​​អត្ថ​ប្រយោជន៍​ពី​ឧស្សា​ហ​កម្ម​ទេសចរណ៍​ដែល​កំពុង​រីក​​ចម្រើន​​របស់​​កម្ពុជា​។​
លោក​ឲ្យ​ដឹងបន្ត​ថា​ “​​ក្រុម​ប្រឹក្សា​ភិបាល​​​​ចាត់​ទុក​ថា លក្ខខណ្ឌ​​នៃ​ការ​ទិញ​លក់​​នេះ​ត្រឹម​ត្រូវ​ និង​សម​ហេតុផល​ ហើយ​ការ​ទិញ​នេះ​ស្ថិត​​ក្នុង​ផល​ប្រយោជន៍​របស់​ក្រុមហ៊ុន​ និង​ភាគទុនិក​ទាំង​អស់​​របស់​ខ្លួន​”។​
ទោះជាយ៉ាងណា​ក្រុមហ៊ុន​​រៀបចំ​ផែន​ការ​​​​ប្រើប្រាស់​ដី ​ដើម្បី​អភិវឌ្ឍ​​រមណីយដ្ឋាន​ សមាហរណ​កម្ម​នៅ​សៀម​រាប​ក្តី ក៏​​​ក្រុមហ៊ុន​នេះ​មិន​បាន​បញ្ជាក់​នោះ​ទេ​​ថា តើ​រមណីយដ្ឋា​ន​​នេះ ​នឹង​មាន​សកម្មភាព​កាស៊ីណូ​ឬ​ការ​ភ្នាល់​​ល្បែង​ឬ​អត់នោះទេ ប៉ុន្តែតាមមន្រ្តីជំនាញបានអះអាងថារដ្ឋាភិបាលមិនអនុញ្ញាត្តឲ្យមានការបើកកាស៊ីណូ និងល្បែងភ្នាល់ណាមួយ​នៅខេត្តសៀមរាបនោះទេ៕

ក្រសួងពាណិជ្ជកម្មអំពាវនាវផលិតករ និងអ្នកនាំចេញរួសរាន់ចុះបញ្ជី

0
ច្បាប់កម្មសិទ្ធិបញ្ហា

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រសួងពាណិជ្ជកម្មកម្ពុជាបានស្នើដល់អ្នកផលិតករ និងអ្នកនាំចេញទាំងអស់អញ្ជើញមកដាក់ពាក្យសុំចុះឈ្មោះ ក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួង ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើមជំនួសឱ្យការប្រើប្រាស់ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់A ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹង នាថ្ងៃទី១ ធ្នូ ឆ្នាំ​២០១៨នេះថា យោងតាមបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានធ្វើវិសោធនកម្មចុងក្រោយ និងដោយផ្អែកតាមប្រកាសអន្តរក្រសួងនាចុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មស្តីពី ការកែសម្រួលនីតិវិធីក្នុងការបំពេញបែបបទនាំចេញទំនិញទៅក្រៅប្រទេស ក្នុងគោលបំណងសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយបន្ទុកចំណាយរបស់អ្នកនាំចេញ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតក្រោមគម្រោង “ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វា​វុធ (EBA)” រួមទាំងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវេស ប្រទេសស្វីស និងប្រទេសទួរគី មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ របស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម ជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ លើប្រភពដើមទំនិញទម្រង់A៕

កែប, កំពត, កំពង់សោម ទទួលភ្ញៀវទេសចរជិតកន្លះលាននាក់នៅរាត្រីឆ្លងឆ្នាំ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ខេត្តចំនួន៣ ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរចំនួន៤ បានទទួលភ្ញៀវទេស​ចរជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ប្រមាណកន្លះលាននាក់សម្រាប់រាត្រីឆ្លងឆ្នាំសាកល ឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩នេះ។


លោក ស៊យ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងឲ្យដឹងនៅថ្ងៃដដែលថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តកំពតជិត១០ម៉ឺននាក់ ដែលមាន​កំនើនជិត២៧ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវអន្តរជាតិកើន៣៧ភាគរយ។ លោកបន្តថា ខេត្តកំពត បានស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិជាង១០កន្លែង ជាមួយបន្ទប់ស្នាក់នៅជាង៣០០០បន្ទប់។
លោកបន្តថា “បញ្ហាតម្លៃបន្ទប់មិនចោទជាបញ្ហាធំដុំនោះទេ ព្រោះអ្នកផ្គត់ផ្គង់បានចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីនិរន្តរភាពទេសចរណ៍ខេត្ត”។


ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានមានប្រសាសន៍ឲ្យដឹងតាម​ទូរស័ព្ទនារសៀលថ្ងៃទី១ មករា ឆ្នាំ២០១៩នេះថា ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តកែបបានកើនឡើងប្រមាណ៤០ភាគរយ ដោយចំនួនភ្ញៀវបានកើនពី១១ម៉ឺននាក់ មកដល់១៥ម៉ឺននាក់នៅឆ្នាំនេះ។លោកបន្តថា បើគិតពីកំនើនប្រចាំឆ្នាំចំនួនភ្ញៀវ​ទេសចរជាតិ អន្តរជាតិមានកំនើនប្រមាណ៥ភាគរយ ដោយឆ្នាំ២០១៧ខេត្តទទួលបានភ្ញៀវទេសចរសរុប១,៦២លាននាក់ ប៉ុន្តែឆ្នាំ២០១៨ចំនួនភ្ញៀវបានកើនដល់សរុប១,៦៧លាននាក់។


លោកបន្តថា “កំនើនភ្ញៀវទេសចរមកទស្សនាខេត្តកែប ដោយសារការផ្លាស់ប្តូរ គោលដៅពីខេត្តព្រះសីហនុ និងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបានល្អប្រសើរ”។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា បើគិតពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចេញដើរកំសាន្តក្នុងខេត្ត ដើម្បី​ប្រារពពិធីបុណ្យឆ្លងឆ្នាំសាកល ខេត្តទទួលបានភ្ញៀវចំនួនជាង២២ម៉ឺននាក់ កើនឡើង១២ភាគរយ ប៉ុន្តែបើគិតតែភ្ញៀវទេសចរក្នុងស្រុកគឺថយចុះ១៨ភាគរយ ធៀបរយៈពេល​ដូចចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា ចំណែកភ្ញៀវទេសចរអន្តរជាតិបានកើន១២ភាគរយ ដោយសារខេត្តបានរៀបចំសកម្មភាពកំសាន្តច្រើន ទាំងការបោះតង់ ការតាំងពិព័រណ៍ការប្រគំតន្រ្តីជាដើម។ លោកបន្តថា “ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកំសាន្តនៅខេត្តឆ្នាំ២០១៨មានប្រមាណ២លាននាក់”៕

 

កម្ពុជាទទួលបានចំណូលជាង១១៦លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆ្នាំ២០១៨

0

​ដោយគង់ សូរិយា
​សៀមរាបៈ រដ្ឋាភិបាលក​ម្ពុជាទទួលបានចំណូល១១៦,៦៤លានដុល្លារអាមេរិក ក្នុងឆ្នាំ​២០១៨កើនឡើង៨ភាគរយ ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនារមណីយ​ដ្ឋានអង្គរ។
យោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះបានឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,​៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង៥.៤៥ភាគរយ។របាយការណ៍​ដដែលបានឲ្យដឹងថា ចំណូលជាង១១៦លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន៥,១៨១,៦៣០លានដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ប្រាសាទអង្គរត្រូវបានគេហទំព័រTrip Advisorបោះឆ្នោតជាប់ជាប្រាសាទដែលមាន​ភាពអស្ចារ្យជាងគេ និងជាសំណង់ប្រាសាទធំជាងគេ និងជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈការបោះឆ្នោតពីអ្នកធ្វើ​ដំណើរទេសចរណ៍ ទូទាំងពិភពលោកកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ៕

កម្ពុជាត្រូវពង្រីកការសាងសង់ព្រលានយន្តហោះដើម្បីឈានទៅទទួលអ្នកដំណើរ៣០លាននាក់

0

ដោយ​ស៊ីវ​ ​ម៉េ​ង​
​ភ្នំពេញ​:​ ​មន្ត្រី​ជាន់ខ្ពស់​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ថា​ ​កម្ពុជា​ត្រូវ​ពង្រីក​និង​សាង​សង់​ព្រលា​នយន្​ត​ហោះ​បន្ថែម​ទៀត​ ​ដើម្បី​អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​។​

​រដ្ឋលេខាធិការ​ប្រចាំការ​ ​នៃ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​លោក​ ​ជា​ ​អូន​ ​បាន​ថ្លែង​ឲ្យដឹង​ក្នុង​ពិ​ណ៌​សមិទ្ធិ​ផល​នៅ​វិមាន​ឈ្នះ​ ​ឈ្នះ​កាលពី​ថ្ងៃទី៣១​ ​ធ្នូ​កន្លងមក​ថា​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀ​ត​ព្រលា​នយន្​ត​ហោះ​ទាំងអស់​ ​នឹង​ត្រូវ​បន្ត​ជុល​ជូល​សាងសង់​ពង្រីក​បន្ថែម​ ​ដើម្បី​ជ​ម្រុ​ញការ​ទទួលភ្ញៀវ​អោយ​បាន៣០លាន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ២០៣០​។​

​លោក​បន្ត​ថា​ ​បន្ទាប់ពី​ពង្រីក​ការសាងសង់​អស់​លទ្ធភាព​ហើយ​ ​កម្ពុជា​នឹង​សាង​សង់​ព្រលា​នយន្​ត​ចំនួន៣កន្លែង​បន្ថែម​ទៀត​ ​រួមមាន​ ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​នៅ​ខេត្តសៀមរាប​ ​ការ​សាង​សង់​ព្រលា​ន​ចំណុះ​របស់​រាជធានី​ភ្នំពេញ​ ​និង​ការ​ពង្រីក​ព្រលា​នយន្​ត​ហោះ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​ទទួល​យន្តហោះ​ដែល​ហោះ​ឆ្លង​ទ្វីប​ទៅកាន់​សហរដ្ឋ​អា​មេ​រិច​ ​និង​សហ​គម​អឺរ៉ុប​។​

​លោក​ជា​ ​អូន​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​បើ​យោង​តាម​ស្ថាន​ភា​ពព្រលា​ន​ធំ​ចំនួន​បី​កន្លែង​ដែល​កំពុង​មាន​បច្ចុប្បន្ន​ ​គឺ​ព្រលា​នយន្​ត​ហោះ​នៅ​រាជធានី​ភ្នំពេញ​ ​មានលទ្ធភាព​ផ្ទុក​មនុស្ស​ចេញចូល​បាន​ប្រមាណ៥លាន​នាក់​ ​ពោល​គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ព្រលា​នយន្​ត​ហោះ​នៅ​ខេត្តសៀមរាប​ ​ហើយ​អនាគត​ប្រសិនបើ​កម្ពុជា​នៅតែ​រក្សា​កំណើន​ភ្ញៀវ​ចេញចូល១៦ភាគរយ​រៀងរាល់​ឆ្នាំ​នោះ​ ​វា​នឹង​ជ​ម្រុ​ញ​ឱ្យ​ព្រលា​នយន្​ត​ហោះ​នេះ​មាន​ស្ថានភាព​ចង្អៀត​ណែន​។​

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ព្រលា​នយន្​ត​ហោះ​និ​មួយ​ៗ​ ​មាន​យន្តហោះ​ចុះចត​កើនឡើង​ប្រមាណ៨០ទៅ១០០ដង​ ​ខណៈ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​ ​បាន​កើនឡើង​ជាបន្តបន្ទាប់​”​។​

​លោក​ពេជ្រ​ ​សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ការហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​ព្រលា​នយន្​ត​ហោះ​កងកេង​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​ពង្រីក​នៅ​ត្រីមាស​ទី១ឆ្នាំនេះ​ ​ដែល​ធ្វើឲ្យ​ផ្លូវ​រត់​ព្រលា​នយន្​ត​ហោះ​នេះ​មាន​សមត្ថភាព​ទទួល​យន្តហោះ​ចុះចត​ ​ស្មើ​នឹង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃ​នេះ​។​លោក​បន្ត​ថា​ ​តាមពិត​បើ​គិតដល់​ឆ្នាំ២០៣០​ ​យើង​អាច​ទទួល​អ្នកដំណើរ​ច្រើនជាង៣០លាន​នាក់​ ​ហើយ​សមត្ថ​ភា​ពព្រលា​នយន្​ត​ហោះ​បច្ចុប្បន្ន​អាច​ទទួល​អ្នកដំណើរ​បាន​ ​ពិ​សេ​សព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​និង​សៀមរាប​បច្ចុប្បន្ន​អាច​ទទួល​អ្នកដំណើរ​បាន១០លាន​នាក់​ ​សម្រាប់​ព្រលា​ននិ​មួយ​ៗ​។​

​លោក​បន្ត​ថា​ ​“​ចំ​ណែ​ក​ព្រលា​នយន្​ត​ហោះ​ក្រុង​ព្រះសីហនុ​ ​យើង​ត្រូវ​ពង្រីក​កាន់តែ​ធំ​ ​តាមអ្វី​ដែល​ជា​ការ​ចង់បាន​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​”​៕​