សម្តេច​តេ​ជោ៖ នយោបាយ​ឈ្នះ ឈ្នះ ធ្វើឱ្យ​ដី​ឡើងថ្លៃ​គ្រប់​ទីកន្លែង

0

ដោយ វុត្ថា
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ក្នុង​យៈ​ពេល ២០ឆ្នាំ​កន្លងមកនេះ បានធ្វើឱ្យ​វិស័យ​ដីធ្លី​នៅ​ទូទាំងប្រទេស​បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍ ។


សម្តេច​តេ​ជោ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «នយោបាយ​ឈ្នះ ឈ្នះ» និង​អបអរសាទរ​ខួប ២០ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២៩ ខែធ្នូ​នេះ ថា ដោយឡែក​នៅ​តំបន់​ប៉ោយប៉ែត​ដែល​កាលពីមុន​ពោ​ពេញ​ទៅដោយ​សង្គ្រាម និង​ស្ងាត់​ស្រ​ងំ និង​គ្មាន​ការ​អភិឌ្ឍន៍ តែ​មកដល់ពេលនេះ តម្លៃ​ដីធ្លី​ឡើងថ្លៃ​គួរឱ្យកត់សម្គាល់ ហើយ​មាន​អ្នក​សម្រុក​ទៅ​ទិញ​ដី​នៅ​ទីនោះ​យ៉ាង​ផុលផុស​ជាទីបំផុត។

ប្រការនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​សម្តេច​សង្កត់ធ្ងន់​ថា នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ទ​ទូល​បាន​ប្រាក់ចំណូល​ជា​មធ្យម ១៦០០ដុល្លារ ហើយ​បន្ត​កើនឡើង​ប្រាប់​ចំណូល​កម្រិត​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ២០៣០។


សម្តេច​តេ​ជោ​បាន​ប្តេ​ជ្ងា​អភិវឌ្ឍន៍​តំបន់​អតិ​ត​សាមរ​ភូមិ​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​ជាពិសេស​នៅ​ប៉ែក​ខាងលិច​នៃ​ប្រទេស​ឱ្យមាន​ការ​អភិឌ្ឍន៍ និង​រីកចម្រើន​ឱ្យក្លាយ​ទៅជា​តំបន់​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទៅលេង​កម្សាន្ត​ថែមទៀត​ផងដែរ។

កម្ពុជា អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ប្រវត្តិសាស្ត្រ​នៃ វិមាន ឈ្នះ ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ។ វិមាន​ឈ្នះ ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល។

វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុតពី​សង្គ្រាម ឈ្នះ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុតពី​ភាពក្រីក្រ និង​ឈ្នះ​រួច​ផុតពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេលនេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ​ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ៕

ស្វែងយល់ពីអាស៊ី ! បច្ចកវិទ្យាថ្មីបានរកឃើញភាពអស្ចារ្យជាច្រើនទៀត នៃមហាកំផែងចិន

0

ដោយវុត្ថា
ប្រទេសចិន: មហាកំផែងចិន ឬហៅថា «Great Wall» ជាអច្ឆរិយៈវត្ថុ និងជាមរតកមនុស្សជាតិដ៏ហាសាលដ៏អស្ចារ្យមួយរបស់ប្រទេសចិន ដែលត្រូវបានសាងសងឡើងនៅចន្លោះឆ្នាំ២២០ដល់២០៦មុនគ្រិស្តសករាជ ដោយព្រះចៅអធិរាជទីមួយ របស់ចិន Qin Shi Huang។


ការកសាងមហាកំផែងនេះ ធ្វើឡើងក្នុងគោលបំណងការពារការចូលឈ្លានពានទឹកដីពីសត្រូវទាំងឡាយ មកលើទឹកដីដ៏មានអានុភាពមួយនេះ។ បន្ថែមពីនេះ បើតាមប្រភពនានារបស់ចិនអះអាងថា មហាកំផែងនេះ ចិនកសាងឡើងដើម្បីទប់ទល់នឹងសត្រូវដែលប្រើអាវុធតូច ដូចជាដាវឬលំពែងជាដើម។

កំផែងយក្សនេះ លាតសន្ធឹងពីក្រុងShanhaiguan នៅភាគខាងកើតដល់ទន្លេLop Nurភាគខាងលិច។


យោងតាមការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើបបានរកឃើញថា មហាកំផែងទាំង​មូល រួមទាំងដៃផ្សេងទៀតរបស់វាមានប្រវែង សរុបដល់ទៅ៨៨៥១.៨គីឡូម៉ែត្រ។ ក្នុងនោះបើគិតតែកំផែងសុទ្ធ មានប្រវែង៦២៥៩.៦គីឡូម៉ែត្រ រន្ធចូលទៅក្នុងដីមានប្រវែង៣៥៩.៧គីឡូម៉ែត្រ និងរបាំងធម្មជាតិ ដូចជា ទួលឬទន្លេមានប្រវែង២២៣២.៥គីឡូម៉ែត្រ​។មហាកំផែងទាំងអស់មានកម្ពស់និងទទឹងផ្សេងៗគ្នា តែភាគច្រើនមានកម្ពស់ពី៥ទៅ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ។

នៅសម័យកសាងវា គេពិបាកក្នុងការរកវត្ថុធាតុដើម ដូច្នេះចិនត្រូវយកដីឥដ្ឋ ថ្មភ្នំ និងឈើមកកសាង។ យោងតាមការប៉ាន់ស្មាន មានកម្មករជាង១លាននាក់បានស្លាប់នៅក្នុងការកសាងមហាកំផែងនេះ។


កាលពី២០១៤កន្លងទៅ មានទីតាំងដែលជាផ្នែកមួយ តភ្ជាប់ជាមួយមហាកំផែងចិន ដែលមានអាយុកាលប្រមាណ៧០០ឆ្នាំនេះ បានបាក់អស់មួយចំនួនធំ ដោយសារអាយុកាល និងសភាពទ្រុឌទ្រោមកាន់តែកើនឡើងជារៀងរាល់ឆ្នាំ។ ចំនួនភ្ញៀវទេសចរជាច្រើនរាប់លាននាក់ តែងតែអញ្ជើញមកទស្សនាមហាកំផែង «Great Wall» ក្នុងប្រទេសចិន។

កន្លែងដែលបាក់ស្រុតនោះ ស្ថិតនៅត្រង់ចំណុចដំណាក់ព្រៃ ឬហៅថា «Wild section» ដែលមានជញ្ជាំងកំផែងវែងចម្ងាយប្រមាណ៩,០០០គីឡូម៉ែត្រ គឺជាទីពេញនិយ​មមួយរបស់ភ្ញៀវទេសចរក្នុងការថតរូប។ ដោយសារទីតាំងនោះ គឺពោរពេញទៅដោយធម្មជាតិ ស្រស់ស្អាតគួរជាទីទាក់ទាញបំផុត។


នៅខែធ្នូឆ្នាំ១៩៨៧ និមិត្តរូបដ៏មានអំណាចរបស់ប្រជាជនចិនមួយនេះ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូនេស្កូUNESCO ព្រោះវាគឺជាសំណង់សាងសង់ដោយមនុស្សតែមួយគត់ ដែលមិនអាចមើលឃើញពីលើអាកាសដោយភ្នែកទទេបាន ប្រសិនជាមិនមានជំនួយពីឧបករណ៍នោះឡើយ។

បច្ចុប្បន្នប្រទេសចិនដែលមានឈ្មោះពេញថា សាធារណៈរដ្ឋប្រជាមានិតចិនមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ពោលគឺមានចំនួន១,៣៨៦លាននាក់ តាមស្ថិតិឆ្នាំ២០១៧។ ប្រទេសនេះជាប្រទេសធំបំផុតលំដាប់ទី៤ នៅលើពិភពលោក ដែលមានផ្ទៃដីសរុប៩,៦០០,០០០ ម៉ែត្រការ៉េ និងមានសេដ្ឋកិច្ចលំដាប់លូតលាស់ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេសអាមេរិក៕

អ្នកវិនិយោគ! ក្រុងប៉ោយប៉ែតកំពុងខ្វះខាតការិយាល័យធ្វើការនិងធនធានមនុស្ស

0

​ដោយគង់ សូរិយា
​ភ្នំពេញ: ស្របពេលការហូរចូលអ្នកវិនិយោគលឿន បានធ្វើឲ្យក្រុងប៉ោយប៉ែតកំពុងជួបប្រទះកង្វះខាតការិយាល័យធ្វើការ និងកង្វះធនធានមនុស្សជាចម្បង ដែលនេះជាឳកាសសមស្របសម្រាប់ការវិនិយោគនៅទីនោះ។


​ស្ថាបស្ថាបនិកក្រុមហ៊ុន  star plus four លោកសួង សុខហ៊ាងបានមានប្រសាសន៍​ឲ្យដឹងនាព្រឹកថ្ងៃទៅ២៨ ធ្នូកន្លងមកថា បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងជួបកង្វះខាតនូវធន​ធានមនុស្ស និងបន្ទប់សំរាប់ធ្វើការ ដោយសារលំហូរចូលអ្នកវិនិយោគចិន ជប៉ុន និងជនជាតិដទៃទៀតកើនឡើងយ៉ាងគំហុក។លោកបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគនៅរាជធានីភ្នំពេញ ទៅវិនិយោគនៅក្រុងប៉ោយប៉ែត ដើម្បីបំពេញតម្រូវការនូវសេវាកម្មការិ​យាល័យ សេវាកម្មស្នាក់នៅ។

​លោកបន្តថា “ការវិនិយោគនៅក្រុងប៉ោយប៉ែតនាពេលនេះ នឹងធ្វើឲ្យអ្នកវិនិយោគ​ទទួលបានផលចំណេញច្រើន ដោយសារការផ្គត់ផ្គង់មិនទាន់ឆ្លើយតបតម្រូវការនៅឡើយ​”។លោកបន្តថា “បច្ចុប្បន្នក្រុងប៉ោយប៉ែតមានប្រជាជនរស់នៅជាង២០ម៉ឺននាក់ ក្នុងនោះជាង៥ម៉ឺននាក់ជាជនបរទេស”។

​អភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូរបានមានប្រសាសន៍ថា ទីក្រុងប៉ោយប៉ែត​មានការអភិវឌ្ឍលឿន ដោយសារកំនើននៃអ្នកវិនិយោគអន្តរជាតិ ហើយប​ច្ចុប្បន្នទីក្រុងនេះ​មានមនុស្សរស់នៅកាន់តែច្រើន និងមានកំនើនប្រជាជនជាប្រចាំ។ ហេតុនេះហើយទើបទីក្រុងនេះកំពុងប្រឈមកង្វះការិយាល័យធ្វើការ ខ្វះបន្ទប់សម្រាប់ស្នាក់នៅ ហេតុនេះ​ការវិនិយោគលើសេវាកម្មទាំងអស់នេះ មានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។


​លោកបន្តថា ជាមួយនឹងល្បឿននៃការអភិវឌ្ឍនេះ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានការ​ផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ដោយបច្ចុប្បន្នអាគារចាប់ពីកំពស់៥ ដល់៣០ជាន់មានប្រមា​ណ៦០អាគារហើយ”។លោកបន្តថា តម្លៃដីធ្លីនៅក្រុងប៉ោយប៉ែត ក៏បានកើនឡើងយ៉ាងគំ​ហុកផងដែរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យកំនើនវិនិយោគិនកាន់តែច្រើន”៕

តោះ! មកស្វែងយល់ពីសក្តានុពល និងតម្លៃដីធ្លីនៅក្រុងតាខ្មៅ

0

​ដោយរ៉ាវី
ភ្នំពេញ: បន្ទាប់ពីរាជធានីភ្នំពេញ ការអភិវឌ្ឍលើវិស័យអចលនទ្រព្យនាពេលបច្ចុ​ប្បន្នត្រូវបានរីកដុះដាលដល់ទឹកដីក្រុងតាខ្មៅ ដែលកំពុងតែសន្ទុះយ៉ាងខ្លាំងរួមជាមួយនឹងសកម្មភាពនៃការសាងសង់សំណង់នានាយ៉ាងស្អេកស្កះ។

បច្ចុប្បន្នក្នុងទឹកដីក្រុងតាខ្មៅមានបុរីប្រមាណ១០ បាននិងកំពុងសាងសង់ និងគំរោងខ្លះបានបញ្ចប់ការសាងសង់។ ក្រៅពីបុរីក្រុងតាខ្មៅក៏មានការសាងសង់មណ្ឌលពា​ណិជ្ជកម្ម ខុនដូ និងអាផាតមិនជាដើម ដែលជាកត្តាជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់នេះមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលទើបតែជាប់ជាបេក្ខភាពប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ អាណត្តិទី៦ បានបង្ហើបឱ្យកាលពីរសៀលថ្ងៃទី២៨ ធ្នូលន្លងមកថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅក្រុងតាខ្មៅ រាប់ទាំងវិស័យសំណង់ ក៏ដូចជាតម្លៃដីធ្លី គឺមានសន្ទុះយ៉ាងខ្លាំង ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សំណង់លំនៅដ្ឋានតែម្ដង។

លោកថា “ក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាទីតាំងដែលមានអំណោយផលយ៉ាងប្រសើរ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ”។លោកបន្តថា អាស្រ័យដោយរាជធានីភ្នំពេញពោរពេញ ទៅសំណង់អា​គារធំៗស្អេកស្កះ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះ បានជម្រុញឱ្យកត្តាប្រជាសាស្រ្តងាកទៅរកតំបន់ជិតខាង ដែលមានភាពទូលាយដើម្បីស្នាក់នៅ”។

ជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ មានសំណង់លំនៅដ្ឋានជាច្រើន ក៏ដូចជាបុរីផងដែរ បាន និងកំពុងធ្វើការអភិវឌ្ឍជាហូរហែរ រហូតកើតមានជាសំណង់អាផាតមិន និងខុនដូផងដែរ។


ដោយសារតែតម្រូវការទាំងអស់នេះហើយ បានជម្រុញឱ្យតម្លៃដីនៅក្នុងតំបន់តាខ្មៅកើនឡើងយ៉ាងខ្លាំង ដូចជានៅតំបន់មណ្ឌលពាណិជ្ជកម្ម តម្លៃដីអាចមានសន្ទុះចាប់ពី 800-1300 ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះ ចំពោះតំបន់ពិសេសមួយចំនួនតូច។ ដោយឡែកសម្រាប់តម្លៃដីនៅតំបន់សំណង់លំនៅដ្ឋានវិញ អាចមានសន្ទុះចាប់ពី 250-400 ក្នុងមួយម៉ែត្រការ៉េ។ សម្រាប់តម្លៃដីដូចដែលបានបង្ហាញជូនខាងលើនេះ វាជាតម្លៃនៅលើទីផ្សារនាពេលបច្ចុប្បន្ន បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ គឺមានកំណើនជាមធ្យមប្រមាណ១០ទៅ១៥ភាគរយ ហើយវានៅនឹងតែបន្តមានកំណើនបន្ថែមទៀតនៅឆ្នាំខាងមុខនេះ។

​ជាមួយគ្នានេះផងដែរ លោក ច្រឹក សុខនីម ក៏បានបន្ថែមឱ្យដឹងទៀតថា យ៉ាងយូរនៅរយៈពេលប្រមាណ៥ឆ្នាំទៀត ក្រុងតាខ្មៅទាំងមូល នឹងក្លាយជាតំបន់ដ៏ពេញនិយមមិនចាញ់រាជធានីភ្នំពេញឡើយ ដោយសារតែក្រុងតាខ្មៅមានអំណោយផលយ៉ាងពិសេស ដែលក្រៅពីមានភូមិសាស្ត្រល្អ ទីតាំងជាប់រាជធានីភ្នំពេញ មានភាពងាយស្រួលក្នុងការធ្វើដំណើរដែលចំណាយពេលមិនលើស15នាទី ចេញពីតាខ្មៅ ចូលក្នុងរាជធានីភ្នំពេញតាមមហាវិថីសម្ដេច តេជោ (ផ្លូវ60ម៉ែត្រ) មានកំណើនប្រជាសាស្ត្រ និងមានភាពងាយស្រួលក្នុងការចាកចេញទៅតាមបណ្តាខេត្តនានាផងដែរ។

​លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​មានប្រសាសន៍ឲ្យដឹងថា ដោយសារកំនើនប្រជាសាស្រ្ត និងការអភិវឌ្ឍ ទើបឃុំចំនួន៤ ក្នុងស្រុកជុំវិញទីក្រុងនេះ ត្រូវបានកាត់បញ្ចូលមកដាក់ក្នុងរដ្ឋបាលក្រុងតាខ្មៅ។លោកបន្ត​ថា ការដាក់បញ្ចូលនេះ នឹងធ្វើឲ្យមូលដ្ឋាននោះមានការអភិវឌ្ឍ ហើយប្រជាជននៅមូល ដ្ឋា​នមានកាន់តែមានជីវភាពល្អប្រសើរឡើង ដោយសារមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ​ល្អប្រសើរ និងផែនការអភិវឌ្ឍន៍ច្បាស់លាស់។

​លោកបន្តថា “ប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលអនុម័តរួចហើ​យ ហេតុនេះវានឹងធ្វើឲ្យក្រុងតាខ្មៅមានការអភិវឌ្ឍលឿន ហើយតម្លៃដីធ្លីក៏មានកំនើនខ្ពស់​ផងដែរ”៕

ក្រុមហ៊ុន Huawei រំពឹងរកចំណូលបាន១០៩ពាន់លានដុល្លារនៅឆ្នាំនេះ

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រុមហ៊ុន Huawei Technologies ត្រូវបានរំពឹងថា នឹងទទួលបានប្រាក់ចំណូល២១ភាគរយសម្រាប់ឆ្នាំ២០១៨នេះ ពោលគឺក្នុងទំហំទឹកប្រាក់ចំនួន១០៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ មានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេល២ឆ្នាំកន្លងមក បើទោះបីមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណា​ក់ពិភពលោករាល់សកម្មភាពរបស់ខ្លួនយ៉ាងណាក្តី។


ក្រុមហ៊ុនបានប្រកាសកាលពីដើមខែនេះថា ប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងលើស១០០ពាន់លានដុល្លារជាលើកដំបូង ហើយថាខ្លួនបានទទួលកិច្ចសន្យាពាណិជ្ជកម្មប្រើប្រាស់5Gកាន់តែច្រើនថែមទៀត ដែលនឹងក្លាយជាក្រុមហ៊ុនលក់ 5G ធំជាងគេនៅក្នុងពិភពលោក។ កាលពីខែសីហាឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Huawei បានព្យាករណ៍ថា ខ្លួននឹងលក់ទូរស័ព្ទស្មាតហ្វូន បានចំនួនលើស២០០លានគ្រឿងសម្រា​ប់ឆ្នាំនេះ។
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកលក់ស្មាតហ្វូនធំបំផុតលំដាប់ទីពីរ។ បើទោះបីស្ថិតនៅក្រោមសម្ពា​ធអន្តរជាតិនៅឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងអូស្ត្រាលី និងនូវែលហ្សេឡង់ បានចាប់ផ្តើមរារាំងឧបករណ៍របស់ចិន ចូលទៅក្នុងប្រទេសរបស់ខ្លួនដោយសារតែមានការព្រួយបារម្ភថា ជាចារកម្មរបស់ប្រទេសចិន។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei បានទទូចដដែលៗថា រដ្ឋបាលក្រុងប៉េកាំងមិនមានឥទ្ធិពលអ្វីមកលើក្រុមហ៊ុននោះទេ។

លោកស្រី Sabrina Meng ប្រធានហិរញ្ញវត្ថុ និងជាកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុនHauwei ផងដែរនោះត្រូវបានចាប់ខ្លួន និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ នៅប្រទេសកាណាដាកាលពីដើមខែនេះ ដោយសារតែសហរដ្ឋអាមេរិកបានចោទប្រកាន់លោកស្រីថា បានបោកប្រាស់ធនាគារនានាជាមួយប្រតិបត្តិការអ៊ីរ៉ង់។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បត៍ ដោយដកស្រង់ប្រភពនានាថា សេតវិមានកំពុងពិចារណាលើបទបញ្ជាប្រតិបត្តិមួយ នៅដើមខែមករាដែលនឹងរារាំងក្រុមហ៊ុនអាមេរិក មិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ដែលជាការវាយប្រហារចុងក្រោយបំផុតទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតពីររបស់ចិន៕

ក្រុមហ៊ុនចិនធំៗចាប់អារម្មណ៍វិនិយោគលើការបង្កើតរោងចក្រផ្គត់ផ្គង់សម្ភារៈ សំណង់នៅកម្ពុជា

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ក្រុមហ៊ុនចិនធំៗបានចាប់អារម្មណ៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ពិសេសគំរោងវិនិយោគសាងសង់រោងចក្រ ផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា ខណៈកម្ពុជានាំចូលសម្ភារៈសំណង់ភាគច្រើនពីបរទេស។


ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោក ឃាង ពុទ្ឋី បានមានប្រសាស​ន៍ឲ្យដឹង បន្ទាប់ពីត្រលប់មកពីទស្សនកិច្ចប្រទេសចិន រយៈពេល៦ថ្ងៃនៅទីក្រុងសៀងហៃ, ឈីងតាវ និងទីក្រុងជេជាំង កាលពីសប្តាហ៍មុនថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗជាច្រើន រួមមាន Qingjian International Group , Weixing New Building Materials, Wold Steel Mall, Zhejiang Haitian Gasជាដើម។ លោកបន្តថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះ បានចាប់អារម្មណ៍វិនិយោគលើការបង្កើតផលិតផល សម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា។


លោកបន្តថា “អ្នកវិនិយោគចិនធំៗនៅតែចាប់អារម្មណ៍ និងមានសុទិដ្ឋិនិយមពីទី​ផ្សារអចលនវត្ថុកម្ពុជា ពិសេសគម្រោងវិនិយោគបង្កើតរោងចក្រ ដើម្បីផលិតសម្ភារៈសំ​ណង់ ដើម្បីផ្គង់ផ្គង់ទីផ្សារសំណង់នៅកម្ពុជា ដែលមានការរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ននេះ”។លោកបន្តថា “ក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅកម្ពុជានាពេលអនា​គត ហើយសមាគមអ្នកជំនាញអចលនទ្រព្យ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញការអភិ​វ ឌ្ឍវិស័យអចលនទ្រព្យប្រកបដោយចីរភាព”។
ជាមួយគ្នានេះ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នឹងឈានទៅចុះ MOU ជាមួយក្រុមហ៊ុន និងសមាគមអចលនទ្រព្យមួយចំនួននៅប្រទេសចិននាពេលខាងមុខផង
ដែរ។


វិស័យសំណង់ និងអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេល​មួយទសវត្សរ៍ចុងក្រោយនេះ ហើយបច្ចុប្បន្នអ្នកវិនិយោគចិន បានឈរចំណាត់ថ្នាក់លេខ១ បន្ទាប់មកអ្នកវិនិយោគកូរ៉េ។ ទុនវិនិយោគក្នុងឆ្នាំ២០១៨មានទំហំទឹកប្រាក់៥២០០លានដុល្លារ ខណៈឆ្នាំ២០១៧ ទុនវិនិយោគមក្នុងវិស័យសំណង់ និងអចលនទ្រព្យមានទំហំទឹកប្រាក់រហូតដល់៦៤០០លានដុល្លារអាមេរិច៕

ម្តងទៀត! រដ្ឋមន្ត្រីក្រសួង​រ៉ែ​រំពឹងថា​កម្ពុជា​នឹង​ទទួលបាន​ដំណក់​ប្រេង​នៅ​ចុងឆ្នាំ២០១៩

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា កម្ពុជា​នឹង​ទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង នៅ​ចុងឆ្នាំ២០១៩ និង​ដើមឆ្នាំ២០២០ខាងមុខនេះ ក្រោម​គម្រោង​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​នៅ​តំបន់​ប្លុក​A របស់​ក្រុមហ៊ុន KRISENERGY ចេញពី​ដែនសមុទ្រ​របស់​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លោក​ស៊ុយ សែម បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល និង​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា សមិទ្ធផល​ប្រេងកាត ក្រោយពី​បញ្ចូល​អាជ្ញាធរ​ប្រេងកាត​កម្ពុជា មក​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​បាន​បន្ត​ជម្រុញ​ការអភិវឌ្ឍន៍​ប្រេងកាត ដោយបាន​ចុះ​កិច្ចព្រមព្រៀង​តំបន់​ប្លុក​Aទៅ​ឲ្យ​ក្រុមហ៊ុន Kris Energy ប្រទេស​សឹង្ហ​បុរី ធ្វើការ​អភិវឌ្ឍន៍​ក្នុង​ដំណើរការ​ឆ្ពោះទៅ​ផលិត​ប្រេង​ឆៅ​នៅ​កម្ពុជា។

លោក​បន្តថា “សមិទ្ធផល​ថ្មី​មួយ​ខាងលើនេះ ក្រសួង​បាន​តាមដាន​ជាប្រចាំ នៅ​រាល់​របាយការណ៍​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Kris Energy និង​នៅ​គ្រប់​សំណាក់​កាល ដោយបាន​បញ្ជាក់​គ្មាន​ការយឺតយ៉ាវ នៅក្នុង​គម្រោង​អភិវឌ្ឍន៍​នោះឡើយ។លោក​បន្តថា “កម្ពុជា នឹង​ទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង នៅ​ចុងឆ្នាំ២០១៩ និង​ដើមឆ្នាំ២០២០ ខាងមុខ​តាម​ផែនការ​របស់​រដ្ឋាភិបាល។

លោក​ស៊ុយ សែម​បន្ត​ឲ្យ​ដឹងថា ក្រៅពី​គម្រោង​អភិវឌ្ឍន៍​អណ្តូង​ប្រេងកាត​ខាងលើ ក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា ទាំង​ដែនសមុទ្រ និង​ដែន​គោក និង​មាន​ក្រុមហ៊ុនផ្សេងៗទៀត បានមក​ចរចារ​ជា​បន្តបន្ទាប់​ផងដែរ ដោយ​ក្រសួង​បាន​ថ្លឹងថ្លែង និង​ពិនិត្យមើល​លទ្ធភាព​យ៉ាង​ល្អិតល្អន់ នៅលើ​កេរ​ឈ្មោះ និង​ចរន្ត​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំងនោះ មុននឹង​អនុញ្ញាតិ​ទទួលយក​ឲ្យ​សិក្សា​ស្រាវជ្រាវ ដើម្បី​ឈានទៅរក​ការអភិវឌ្ឍន៍៕

ក្រសួងបរិស្ថាន​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​តំបន់​អូរ​ឈូង ខេត្តមណ្ឌលគិរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងបរិស្ថាន​បានប្រកាស​គាំទ្រ គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ នៅ​តំបន់​អូរ​ឈូង លើ​ផ្ទៃដី​ទំហំ១៨២គីឡូម៉ែត្រ​ក្រឡា ឬ​ស្នើ​នឹង១៨,២០០ហិកតា ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា និង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី។

តំបន់​នេះ​មួយផ្នែក​ស្ថិតនៅ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ របស់ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជា​ម្ចាស់​គម្រោង​ក្រោយពី​បាន​សិក្សា និង រៀបចំ របាយការណ៍ វាយ តម្លៃ ដោយ​ក្រុម ហ៊ុន ទីប្រឹក្សា E & A Consultant Co., Ltd.។

លោក​សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​វាយតម្លៃ ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA)កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​គាំទ្រ​គម្រោង សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​លោហៈ​នេះ ដើម្បី​ទទួលបាន​ទិន្នន័យ​នៃ​សក្តានុពល​ធនធាន​រ៉ែ​លោហៈ។ លោក​ក៏​ជំរុញ​ខាង​ក្រុមហ៊ុន ត្រូវ​ប្រើប្រាស់​ទិន្នន័យ​របស់​ជាតិ​ជា​គោល ត្រូវ​ស្វែងរក​បន្ថែម​នូវ​ទិន្នន័យ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ព្រេច និង​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ២០០៦-២០១៦ ត្រូវ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​សំណល់​រឹង-រាវ​ចេញពី​ការ​ខួង និង​ជំរុំ កម្មករ ដើម្បី​កាត់បន្ថយ​ការបំពុល​គុណភាព​ទឹក​លើដី-ក្រោម​ដី។

លោក​រដ្ឋលេខាធិការ ក៏​ជម្រុញ​បន្ថែម​ឪ្យ​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ លើ​សុខុមាលភាព និង​សុវត្ថិភាព​កម្មករ ពិសេស​ការបង្ការ ជម្ងឺគ្រុនចាញ់ និង​ជម្ងឺផ្សេងៗ ត្រូវ​រៀបចំ​ផែនការ​គ្រប់គ្រង​បរិស្ថាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធិភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ហេតុ​ប៉ះពាល់​បរិស្ថាន​ដែល​អាច​នឹង​បង្កឡើង ដោយ​គម្រោង ក្រុមហ៊ុន​ផ្តល់​ថវិកា​មូលនិធិ​បរិស្ថាន និង​សង្គម​ចំនួន១៥.០០០ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង១ឆ្នាំ សម្រាប់​រយៈពេល​សិក្សា​ស្រាវជ្រាវ​ចំនួន៣ឆ្នាំ។

ជាមួយនេះ​ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស ធម្មជាតិ មន្ទីរ បរិស្ថាន ខេត្តមណ្ឌលគិរី និង​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ក្នុងការ​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ នៅក្នុង​តំបន់​សិក្សា​ស្រាវជ្រាវ និង​ត្រូវ​កែសម្រួល​ទៅតាម​មតិយោបល់​របស់​មតិ​អង្គប្រជុំ​ដែល​បានលើកឡើង៕

CBC នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​រាយការណ៍​ព័ត៌មាន​ឥណទានជា​លក្ខណៈ​ក្រុមហ៊ុន

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ការិយាល័យ​ឥណទាន​កម្ពុជា​ហៅ​កាត់ CBC នឹង​ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​ឥណទាន​របាយការណ៍​ព៌​ត​មាន​ឥណទាន ជា​លក្ខណៈ​និតិ​បុគ្គល​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។  

ប្រធាន​នាយក​ប្រតិបត្តិ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​លោក អឿ សុធា​រ័ត្ន​បាន​មានប្រសាសន៍ ក្នុងជំនួប​ជាមួយ​ក្រុម​អ្នក​សារ​ព៌​ត​មាន​នា​ព្រឹក​ថ្ងៃទី២៧ ធ្នូ​កន្លងមក​ថា​អស់​រយៈពេល​ជាង៦ឆ្នាំ​ហើយ ដែល​ស៊ី​ប៊ី​ស៊ី​បាន​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​ទាំង១៥៨ស្ថាប័ន អាច​ឆែក​របាយការណ៍​ឥណទាន​លក្ខណៈ​បុគ្គល (Credit Report) តាមរយៈ​ប្រព័ន្ធ​របស់​ស៊ី​ប៊ី​ស៊ី។ តាមរយៈ​ប្រព័ន្ធ​នេះ វា​បាន​ជួយ​រួមចំណែក ដល់​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដល់​ស្ថាប័ន​ជា​សមាជិក​ក្នុងការ​សម្រេចចិត្ត ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងរក​ឥណទាន និង ជួយ​ដល់​សេ្ថ​រ​ភាព​វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ទាំងមូល។

លោក​បន្តថា ដោយ​មើលឃើញ​អត្ថប្រយោជន៍ និង​ភាពចាំបាច់​នៃ​ប្រព័ន្ធ ទើប​នៅ​ឆ្នាំ២០១៨នេះ ការិយាល័យ​ឥណទាន​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​ជា​សមាជិក​និង​ស្ថាប័ន​ដៃគូរ​ពាក់ព័ន្ធ​នានា ក្នុងការ​បង្កើត​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន(និ​តី​បុគ្គល)។ លោក​បាន​បន្តថា ជា​លទ្ធផល យើង​មាន​មោទនភាព​ក្នុងការ​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ រាយការណ៍​ព័ត៌មាន​ឥណទាន​លក្ខណៈ​ក្រុមហ៊ុន (និ​តី​បុគ្គល) ចាប់ពី​ខែមករា ឆ្នាំ២០១៩តទៅ ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក​អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ឥណទាន​បាន»។

ជាមួយគ្នានេះ​លោកស្រី ស៊ីសុវត្ថិ រស្មី នាយិកា​អភិវឌ្ឍ​អាជីវកម្ម បានបង្ហាញ​ពី​សេវា​ដំណោះស្រាយ​អាជីវកម្ម​នៃ​CBC ដែល​ជួយ​ដល់​ស្ថាប័ន​ជា​សមាជិក ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន។ ជាពិសេស​ចាប់ពី​ឆ្នាំ២០១៩តទៅ ការិយាល័យ​ឥណទាន​កម្ពុជា នឹង​ដាក់អោយ​ដំណើរការ​នូវ​ប្រព័ន្ធ​របាយការណ៍​ឥណទាន ក្រុមហ៊ុន​ដែល​អនុញ្ញាតអោយ​ស្ថាប័ន​ជា​សមាជិក អាចធ្វើ​ការ​ឆែក​របាយការណ៍​ឥណទាន​របស់​ក្រុមហ៊ុន ដែល​ស្នើសុំ​ឥណទាន​អាជីវកម្ម។

ការិយាល័យ​ឥណទាន​កម្ពុជា គ្រោង​នឹងដាក់​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ «សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ (Financial Health Check) តាមរយៈ​ការសហការ​ដៃគូរ​ជាមួយ ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ​អឹម​ខេ ដែល​អនុញ្ញាតអោយ​អតិ​ថ​ជន អាច​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​បាន ចាប់ពី​ខែមករា​ឆ្នាំ២០១៩តទៅ នៅតាម​សាខា​មួយចំនួន​របស់​ស្ថាប័ន​ទាំងពីរ។ សេវា​កម្មនេះ នឹង​ពង្រីក​បន្ថែម​ជាមួយ​ស្ថាប័ន​ដៃគូរ​ក្នុង​គោលដៅ​គ្របដណ្តប់ គ្រប់​សាខា​ទូទាំងប្រទេស​ក្នុង​ឆ្នាំ២០១៩ ផងដែរ៕

សម្តេច​តេ​ជោ៖ វិមាន​ឈ្នះ ឈ្នះ តំណាង​ឲ្យ​ការ​រួច​ផុតពី​ភាពក្រីក្រ និង​រួច​ផុតពីការ​អុចអាល​ដោយ​បរទេស

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​អះអាងថា សំណង់​វិមាន ឈ្នះ​ឈ្នះ​គឺ​បាន​តំណាង​ឲ្យ​កម្ពុជា​រួចផុត​ពី​ភាពក្រីក្រ​និង​រួច ផុតពី​ការ​អុចអាល​ពី​បរទេស ដូច្នេះ​ក្នុង​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​ខាងមុខនេះ គប្បី​បងប្អូន​ជនរួមជាតិ​ទៅ​ចូលរួម​ឲ្យ​បាន​កុះករ។

ថ្លែង​តាមរយៈ​សង្គម​ហ្វេ​ប​សុក​ផ្ទាល់​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​លើកឡើងថា កម្ពុជា​អបអរសាទរ​ចំពោះ​ស​មិ​ទ្ឋ​ផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន​ឈ្នះ​ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ នៅលើ​ទឹកដី​សុវណ្ណ​ភូមិ។ វិមាន​ឈ្នះ​ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល។

សម្តេច​បាន​ថ្លែងថា “វិមាន​ឈ្នះ ឈ្នះ​គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួមគ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុតពី​សង្គ្រាម ឈ្នះ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុតពី​ការបែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុតពី​ភាពក្រីក្រ និង​ឈ្នះ​រួច​ផុតពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេលនេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេសជាតិ ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ។

យ៉ាងណាក៏ដោយ ខណៈ​វិមាន​ឈ្នះ​ឈ្នះ​នៅសល់តែ​មួយថ្ងៃ​ទៀត នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​ហើយ​នោះ សម្តេច​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវ​អន្តរជាតិ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ផងដែរ។ ដោយ​សម្តេច​បាន​ថ្លែងថា សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលរួម​សម្ពោធ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (រយៈពេល៣ថ្ងៃ) នៅ មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នៅ​តំបន់​អភិវឌ្ឍ​ន៌ លី​យ៉ុង​ផាត់។

វិមាន​ឈ្នះ ឈ្នះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​ទំហំ​ដី៨ហិច​តា ស្ថិតនៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ហើយនឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​ចំនួន​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២៩ដល់​ថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៨ខាងមុខនេះ និង​ចំ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រារ​ព្ឋ​ពិធី​ខួប២០ឆ្នាំ​នៃ​ន​យ​បាយ​ឈ្នះ ឈ្នះ​ផងដែរ។ដោយ​កម្មវិធី​នេះ ក៏មាន​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ប្រទេស​ចំនួន​បួន ចូលរួម​អបអរ​សារ​ទ​ដែរ​ដោយ​ថ្នាក់ដឹកនាំ​ទាំងនោះ​មាន​ប្រទេស​ចិន ថៃ ឡាវ និង​វៀតណាម៕